ការិយាធិបតេយ្យ
(ន.) ប្រព័ន្ធរដ្ឋបាលរបស់អង្គភាពមួយដែលតាមរយៈប្រព័ន្ធនេះ ការបែងចែកការងារត្រូវបានគេរៀបចំជាឋានានុក្រម ដើម្បីអនុវត្ត ភារកិច្ចជំនាញដោយឈរលើមូលដ្ឋាននៃវិធានផ្ទៃក្នុង ព្រមទាំងនីតិវិធីរបស់អង្គភាពនេះ។ ពាក្យនេះត្រូវបានគេប្រើសំដៅទៅលើរដ្ឋបាលរបស់រដ្ឋាភិបាល និងជាពិសេសចំពោះមន្ត្រីរាជការនៅក្នុងជួររដ្ឋាភិបាល ព្រមទាំងមន្ត្រីបម្រើសេវាសាធារណៈផ្សេងៗ។ តាមន័យអវិជ្ជមានគេតែងប្រើពាក្យនេះដើម្បីសម្គាល់ប្រព័ន្ធរដ្ឋបាលសាំញ៉ាំ អនុញ្ញាតឱ្យមន្ត្រីរាជការឆ្លៀតយកអំណាចដែលរដ្ឋប្រគល់ឱ្យ ទៅបម្រើបុព្វសិទ្ធិផ្ទាល់ខ្លួន ដែលនាំឱ្យប៉ះពាល់ដល់ប្រយោជន៍ របស់អ្នកដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន :
ឧ. នៅសហរដ្ឋអាម៉េរិក ការិយាធិបតេយ្យនេះបានរីកដុះដាល ដែលធ្វើឱ្យខូចប្រយោជន៍របស់វណ្ណៈអធន ហើយបានដកហូតយកអំណាចពីវណ្ណៈនេះ។
♥ ដកស្រង់ចេញពី "សទ្ទានុក្រមពាក្យថ្មី" រៀបរៀងដោយសាស្ត្រាចារ្យ ទូច គីមស្រ៊ាង (សមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ)