ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ
បទព្រហ្មគីតិ
(១) នេះបទព្រហ្មប្រាជ្ញប្រែ ប្រាយប្រាប់ខ្មែរទាំងប្រុសស្រី ឱ្យប្រិតប្រុងស្មារតី គួរគប្បីឱ្យឧស្សាហ៍ ។ កុំខ្ជិលកុំល្ងង់ពេក ខំរៀនលេខរៀនអក្ខរា រៀនគ្រប់សព្វធម៌អាថ៌ ប្រាជ្ញាផ្សំនឹងគំនិត ។ កំណើតកើតជាមនុស្ស មើលឱ្យធ្លុះទោះឆ្ងាយជិត ចេះស្ទាត់ប្រាកដពិត គិតការអ្វីបានគ្រប់យ៉ាង ។ មនុស្សល្ងង់មិនផ្អើលភ្ញាក់ ដូចភ្នែកខ្វាក់ទាំងសងខាង មានរូបគ្មានអ្វីអាង សាងបាបថោកកើតមកខ្លៅ ។
(៥) ពូជមនុស្សទោះខ្ពស់ទាប កាត់តាមភាពត្រកូលផៅ អាក្រក់ល្អសខ្មៅ កាត់កូនចៅដូចដូនតា ។ ពូជល្ងង់មិនបានបួស ទុកជាទោសនឹងសាសនា អ្នកបួសចេះធម៌អាថ៌ កូនសិក្សាខំរៀនសូត្រ ។ ពូជខ្លៅមិនសូវប្រាជ្ញ ពូជកោងកាចមិនសូវស្លូត ពូជត្រង់ៗរហូត ពូជភរភូតមិនផុតផៅ ។ ឪពុកម្តាយស្លូតត្រង់ ចិត្តមិនចង់ឱ្យកូនខ្លៅ ជេរវាយស្តីប្រេដៅ ឱ្យកូនចៅបានចេះដឹង ។ ឪពុកគ្មានតម្រិះ ឃើញកូនចេះមិនដែលខឹង ឃើញកូនខំប្រិតប្រឹង ឪពុកដឹងតែងត្រេកអរ ។
(១០) ដាស់តឿនក្រើនរំឭក ជេរល្ងាចព្រឹកខ្លាចកូនក្រ ចង់ឱ្យតែកូនល្អ លោមអង្វរឱ្យកូនខំ ។ កូនកាចបំពេញទុក្ខ ម្តាយឪពុកមានបារម្ភ កូនស្លូតដឹងគួរសម មេបាថ្កុំថ្កើងកេរ្តិ៍ឈ្មោះ ។ ឪពុកម្តាយខ្សត់ខ្សោយ កុំបណ្តោយឱ្យអាប់យស ខំរៀនឱ្យបានខ្ពស់ គ្រាន់សង្រ្គោះដល់មេបា ។ អ្នកល្ងង់ហេតុពីខ្ជិល ឥតមន្ទិលរឿងធម៌អាថ៌ គួរកូនចៅសិក្សា រៀនអក្ខរាទាំងប្រុសស្រី ។ កាលអង្គព្រះសាស្តា មានថេរាមានថេរី ភិក្ខុភិក្ខុនី ធម៌បាលីចេះចាំស្ទាត់ ។
(១៥) លោកសង្ឃខ្លះចេះស្ទើរ ចេះភ្លើៗធ្វើឱ្យភ្លាត់ ព្រះអង្គទ្រង់សន្មត សិក្ខាបទដល់ឥឡូវ ។ ទម្លាប់ទំនៀមខ្មែរ ខំធ្វើស្រែចង់បានស្រូវ អ្នករៀនច្បាប់ខុសត្រូវ ទុកជាផ្លូវភ្លឺប្រាជ្ញា ។ ស្រុកសៀមលាវបារាំង ចេះតតាំងពីដូនតា ចេះលេខចេះអក្ខរា សរសេរចារទាំងប្រុសស្រី ។ ជាតិខ្មែរមិនចេះខ្មាស នាំពីចាស់គំនិតខ្លី ល្ងង់ដប់ចេះពីរបី ចេះជួញក្តីមិនចេះច្បាប់ ។ មិនចេះលេខអក្សរ មុខមាត់ល្អប្រាជ្ញាអាប់ ឈ្មោះខ្លួនភ្នែកខ្លួនស្រាប់ គេសូត្រប្រាប់ទើបបានដឹង ។ ភ្នែកជាភ្លឺក្រឡែត ល្ងង់ព្រោះហេតុមិនខំប្រឹង
(២០) កើតទាស់មានចិត្តខឹង ពឹងរកគេសរសេរឱ្យ ។ មនុស្សក្រហេតុពីខ្ជិល មិនរមិលមើលមុខក្រោយ ម្យ៉ាងខ្សត់ពីព្រោះខ្សោយ ញឹងខាងឱ្យរង្វើលរក ។ ម្យ៉ាងក្រពីព្រោះល្ងង់ ជួញលិចលង់មិនលៃលក ទិញថ្លៃទៅលក់ថោក ចេះតែយកគិតមិនយល់ ។ អ្នកមានៗគំនិត ដេកដើរគិតកើតរវល់ ប្រាជ្ញាជាឫសគល់ កើតអំពល់អំពីទ្រព្យ ។ អ្នកល្ងង់និងអ្នកចេះ បើនឹងរិះរាយរៀបរាប់ អ្នកចេះប្រសើរគាប់ ល្ងង់ឥតភព្វអាប់រាសី ។ មានរូបមានជីវិត មិនចេះគិតចង់ដឹងអ្វី
(២៥) រូបប្រុសឫកដូចស្រី នឹងហ៊ានស្តីគ្មានគេស្តាប់ ។ ល្ងង់ម្យ៉ាងមានអំណាច ល្ងង់កោងកាចអាងចាក់កាប់ ឆាប់ខឹងមិនដឹងច្បាប់ កាលណាស្លាប់គេត្រេកអរ ។ អ្នកចេះតម្រិះដល់ អ្នកល្ងង់ឆ្ងល់មិនសល់ក្រ ចេះល្អិតចិត្តជាល្អ សួយអាករចូលមិនខ្វះ ។ ចេះម្យ៉ាងមានអំណាច អ្នកខ្លៅខ្លាចឱនសំពះ គេខុសជេរដៀលត្មេះ អ្នកខ្លៅខ្លះគេលបខឹង ។ ប្រាជ្ញម្យ៉ាងចេះសព្វសុស ប្រព្រឹត្តខុសនោះមិនដឹង មិនគិតពិនិត្យថ្លឹង ប្រាជ្ញប្រិតប្រឹងប្រដៅគេ ។
(៣០) កូនចៅទោះធំតូច ខុសខិលខូចខឹងវាយជេរ មារយាទខ្លួនខុសគេ មិនគ្នាន់គ្នេរកិរិយាឯង ។ កូនចៅទាំងស្រីប្រុស ការត្រូវខុសគួរគិតក្រែង គិតគ្រប់សព្វកន្លែង តែងនឹងមានរាល់រូបកាយ ។ ភ្នែកបើកភ្លឺមានពិត មើលឃើញជិតៗរៀងអាយ ភ្នែកធ្មេចមើលឃើញឆ្ងាយ សព្វសុសសាយមិនសេសសល់ ។ រៀនរកស៊ីលក់ទិញ ខាតចំណេញគិតឱ្យដល់ ឱ្យដឹងការកិច្ចកល ទើបកើតផលប្រយោជន៏ខ្លួន ។ ឱ្យរៀនលេខនព្វន្ត បូកហាគុណឱ្យមាំមួន ដីសនិងក្តារឆ្នួន ក្រែងចិនយួនបំបាត់បាន ។
(៣៥) ជញ្ជីងភ្នែកមានល្បាក់ មើលឱ្យជាក់កុំប្រមាណ ក្រែងខុសខាតមិនខាន ធ្លាប់រាប់អានកុំទុកចិត្ត ។ ភ្នែកមនុស្សធំរលីង ភ្នែកជញ្ជីងគេចុចល្អិត អ្នកល្អថ្លឹងប្រឹងប្រិត ព្រោះអាណិតខ្មែរល្ងង់ខ្លៅ ។ ចិនមានពីដូរលក់ ស្រូវកន្ទក់កន្តាំងតៅ របស់ទោះឆ្អិនឆៅ សំពត់អាវខោខ្មៅស ។ ខ្មែរអាងស្រូវក្នុងដោក ដូរថ្លៃថោកអាក្រក់ល្អ អស់ស្រូវទៅជាក្រ អង្វរចិនជឿស្រូវឯង ។ ធ្វើស្រែនឿយហត់ណាស់ ចិននៅផ្ទះដេកចំខែង ផ្ទះចិនពីរបីល្វែង មានកន្លែងជង្រុកស្រូវ ។
(៤០) ជាតិខ្មែរឥតគំនិត ស៊ីមិនគិតមើលខុសត្រូវ ជឿចិនរាល់រដូវ កេរម៉ែឪចិនអូសអស់ ។ ចិនមកពីស្រុកនាយ មានសម្ពាយជារបស់ មិនទាន់ចេះខ្មែរសោះ គ្មានកេរកោះស្រែចម្ការ ។ កែវកចង្រ្កានឆ្នាំង ផ្សំកម្លាំងនិងប្រាជ្ញា អំរែកជិះលើស្មា មានម្លូស្លាជាដើមទុន ។ ទំនិញមានគ្រប់មុខ ផ្ទាល់ផ្ទេរទុកដាក់ដោយធុន ចិនរែកមិនដែលពុន ស្រូវជោរជន់ពេញជង្រុក ។ ឈប់រែកដេកអង្គុយ រាប់កាក់លុយប្រមូលទុក ឪទិនស្រាពីមុខ ទុកជាធ្នាក់ទាក់កខ្មែរ ។
(៤៥) ចិនច្រើនខ្មាំងចិត្តខ្មៅ កន្តាំងតៅធ្វើជាស្រែ គ្មានត្បាល់គ្មានអង្រែ អង្ករខ្មែរចូលបាវចិន ។ ជាតិខ្មែរច្រើនឥតខ្មាស ស្រេកស្រាណាស់ផឹកជឿសិន គំនិតគិតមិនឆ្អិន ផឹកបង្ហិនតែទ្រព្យឯង ។ កំណើតអ្នកផឹកស្រា បែកប្រាជ្ញាច្រើនកន្លែង អ្នកម្យ៉ាងបែកខាងល្បែង មិនគិតក្រែងខ្លាចខ្លួនក្រ ។ អាម្យ៉ាងបែកលួចឆក់ មារយាទអាក្រក់មិនបានល្អ ផឹកចោលការរបរ ផឹកថ្មើរម៉ានចិនមិនគិត ។ ថាចិនមិនចេះកាញ់ ប្រាប់សម្លាញ់ពួកម៉ាកមិត្ត គូកនទោះឆ្ងាយជិត រឹតប្រមូលលុយឱ្យចិន ។
(៥០) ត្រូវស្រាចង់ស៊ីឆ្ងាញ់ ធុំឆាខ្លាញ់បក់ឆួលក្លិន ឃើញបាយសម្លឆ្អិន ផ្គាប់ចិត្តចិនយកបាយស៊ី ។ ផឹកទឹកបោយត្រឡោក មារយាទទាបថោកឫកសៀធី ចិនប្រើសែងរែកលី ស៊ីញយៗចិនមើលងាយ ។ ជាតិចិនកំណាញ់ស្វិត នឹកក្នុងចិត្តមិននិយាយ មារយាទខ្មែរច្រើនរាយមាយ រលាយទ្រព្យអភព្វខ្លួន ។ ស៊ីឆ្ងាញ់ឆ្អែតស្កប់ស្កល់ ទាបថោកដល់ប្រពន្ធកូន អាប់យសទាំងបងប្អូន ដល់តាដូនពូជពង្សខ្មែរ ។ ជាតិចិនសុទ្ធសឹងស មានទ័លក្រខ្សត់ខ្លះដែរ ស៊ីផឹកស្និទ្ធតាមសែ តមបាយខ្មែរមិនស៊ីសោះ ។
(៥៥) មានផ្ទះមានដំណាំ កាប់ដីដាំដោយកៀនកោះ ដំឡូងត្រាវចេកម្នាស់ ស៊ីមិនអស់ទុកលក់ដូរ ។ ខ្មែរច្រើនខ្ជិលប្រមឹក កែងកោងឫកអួតអម្បូរ ខ្វះលុយអង្គុយថ្ងូរ កើបបង្ហូរស្រូវជង្រុក ។ កូនអើយរឿងដំណាំ គួរតែដាំឱ្យគ្រប់មុខ ដីកេរម្តាយឪពុក មិនត្រូវទុកចោលទំនេរ ។ រាជការវាស់មានថ្លៃ ផ្តិតមេដៃផ្តាច់ជាកេរ មិនវាស់លេងទទេ រេរិះយកពន្ធរាល់ឆ្នាំ ។ ដូងស្វាយអំពៅចេក កុំខ្ជិលពេកដេកប្រចាំ ម្លូស្លាម្រេចខ្ទឹមថ្នាំ ត្រូវតែដាំកុំឱ្យខ្វះ ។
(៦០) ទេសឯកសំពត់ស ដីវាលល្អដាំកប្បាស កុំខ្ជិលតាមចាស់ៗ មនុស្សនឿយណាស់មិនដែលក្រ ។ បន្លែដាំគ្រប់មុខ យកគ្រាប់ទុកដាំបន្ត ចាក់ដីជាតិល្អៗ បង្ការស្លពេលល្ងាចព្រឹក ។ ម្លូស្លាថ្នាំខ្ទឹមម្រេច លូតលាស់លេចពីស្រោចទឹក បានផលផ្លែឬស្លឹក កុំឆ្មើងឫកវាក្រខ្លួន ។ ត្រីងៀតផ្អកប្រហុក ខ្មែរគ្រប់ស្រុកទិញដូរយួន អំបិលធូបក្រមួន ពីតាដូនតែងដូរទិញ ។ ដូរទុកដាក់តម្កល់ ស៊ីឱ្យដល់ខួបខែវិញ ឱ្យបរិបូរពោរពេញ ខាតចំណេញកុំទិញតិច ។
(៦៥) អំបិលទិញមួយចុង ច្រកពេញអុងអាងខាងលិច កុំទិញក្តោបខ្ចប់វេច អស់រំពេចគេចទិញទៀត ។ អំបិលមួយស្រូវបី វាល់នឹងល្អីទូលកណ្តៀត ខ្លួនក្រត្រដរឆ្លៀត មារយាទយ៉ាងហ្នឹងកុំប្រព្រឹត្ត ។ កូនចៅទាំងប្រុសស្រី គួរគប្បីប្រុងគំនិត ចិញ្ចឹមជន្មជីវិត គិតឱ្យវែងកុំគិតខ្លី ។ ទំនេរល្ហែធ្វើការ សូត្រធម៌អាថ៌ទាំងប្រុសស្រី ឱ្យត្រឹមត្រូវបាលី ដូចស្រដីខាងដើមស្រាប់ ។ រាល់រូបទាំងប្រុសស្រី កាលចេះស្តីព្រោះចេះស្តាប់ ម៉ែឪតម្រូវប្រាប់ កូនចៅត្រាប់តាមដូនតា ។
(៧០) ចាស់ម្យ៉ាងសាងសីលទាន មិនបំពានខុសពុទ្ធដីកា កូនកាត់តាមមេបា មិនទៅណាឆ្ងាយពីផ្លូវ ។ ចាស់ម្យ៉ាងសាងផលកម្ម ស្អប់សីលប្រាំដូចសត្រូវ កូនកាត់តាមម៉ែឪ អាស្រូវភាសវិនាសខ្លួន ។ មិនជឿមគ្គជឿផល ធ្លាក់ទៅដល់អបាយបួន កងកម្មចាំគុំកួន គេចវេះពួនមិនកំបាំង ។ ព្រះអង្គមានពុទ្ធដីកា ប្រៀបឧបមាជាទីតាំង ដូចគេមានកម្លាំង សម្រាំងទុកទឹមរទេះ ។ នឹងបរផ្លូវវៀចត្រង់ ឬនឹងចង់បរគេចវេះ កង់វិលមិនរបេះ ជិះជើងគេមិនឃ្លាតឃ្លា ។
(៧៥) រាល់រូបទាំងតូចធំ ចូលរូងភ្នំរូងគុហា យកថ្មផ្ទាំងរាំងទ្វារ កម្មវេរាតោងតាមបាន ។ កងសីលមានអង្គប្រាំ វេរាកម្មដិតដោយដាន នរកប្រេតតិរច្ឆាន ខានឃាត់ខាំងរាំងមគ្គផល ។ គួរខំសាងសីលទាន យកនិពា្វនជាត្រើយថ្នល់ យូរឆាប់គង់តែដល់ កុសលជួយចាកសង្សារ ។ កូនចៅរិះរេគិត មើលគំនិតចិត្តដូនតា ប្រព្រឹត្តខុសសាសនា គេចកិរិយាកុំធ្វើត្រាប់ ។ មើលចាស់ណាត្រឹមត្រូវ ចុះក្នុងផ្លូវកន្លងច្បាប់ ចាស់ស្តីគប្បីស្តាប់ ប្រិតប្រៀងប្រាប់ឱ្យប្រុងចាំ ។
(៨០) គោរពគុណទាំងបី សូត្របាលីតាមចំណាំ រក្សាអង្គសីលប្រាំ កម្មវេរាតាមមិនទាន់ ។ សាសនានៅវែងឆ្ងាយ កន្លងបា្លយជាងពីរពាន់ សព្វថ្ងៃលៃគ្នេរគ្នាន់ មិនទាន់គ្រប់ជាងប្រាំរយ ។ ឥឡូវចិតប្រាំបី នៅម្ភៃមួយខាងក្រោយ កូនចៅកុំបណ្តោយ ឱ្យលិចលង់ក្នុងសង្សារ ។ មានពាក្យចាស់ដំណាល ថាកណ្តាលព្រះសាសនា ទំនាយក្បួនតម្រា ថានឹងរៀវហើយរីកវិញ ។ ហេតុនេះអស់កូនចៅ ទោះល្ងង់ខ្លៅយ៉ាងណាមិញ ខំឧស្សាហ៍ទន្ទេញ បំពេញពាក្យពុទ្ធទំនាយ ។
(៨៥) តំណពីថ្ងៃនេះ រៀនតម្រិះកុំរាយមាយ កូនណាមិនស្វាធ្យាយ មិនរលាយរលត់ទុក្ខ ។ ដល់សាសនាគ្រប់គ្រាន់ ចួបប្រាំពាន់ទៅខាងមុខ ទំនាយរាយទំនុក ថាឪពុកម្តាយស្អប់កូន ។ ថាកើតអន្តរកប្ប គុំសម្លាប់គ្នាបងប្អូន មិនដឹងតាដឹងដូន សូន្យសីលទានមិនមានសល់ ។ គួរគិតកុំសាងកម្ម កាន់សីលប្រាំចាំតម្កល់ ខំសាងមគ្គសាងផល នឹងបានដល់ឋានសាន្តសុខ ។ នឹងរួចពីកាប់ចាក់ មិនបានធ្លាក់ទៅនរក ព្រះសិអារ្យត្រាស់ខាងមុខ រសាយទុក្ខសោករាល់ថ្ងៃ ។
(៩០) នេះហៅច្បាប់បណ្តាំ ថាពាក្យប្រាំៗមួយផ្ទូន បទព្រហ្មគ្រប់ឃ្លាបួន ចួនចែងចប់ម្ល៉េះហើយហោង ៕៚