ពិធី​ពលិការ​ព្រះ​ពិស្ណុការ (គឺ​ព្រះ​វិស្សកម្ម )

ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ
ព្រះ​មហា​ពិទូរ  ក្រសេម រៀប​រៀង
 
ពិធី​ពលិការ
ព្រះ​ពិស្ណុការ ដ៏​ជា​គ្រូ​ដើម​ខាង​វិជ្ជា​ជាង

ពាក្យ​ថា ពិស្ណុការ នេះ​ជា​ឈ្មោះ​អ្នក​ណា ? គួរ​ឱ្យ​ពិចារណា​ស្រាវជ្រាវ​រក។ តាម​ដែល​ធ្លាប់​ដឹង​មក​ពិស្ណុ​ជា​ឈ្មោះ​ព្រះ​នារាយណ៍ សឹង​ប្លែង​ចេញ​មក​ពី​ពាក្យ​ដើម​ថា ​វិស្ណុ នឹង​ថា​គេ​បូជា​ព្រះ​នារាយណ៍ មើល​ទៅ​ក៏​ដូច​ជា​មិន​មែន ព្រោះ​មិន​មាន​ប្រាកដ​ក្នុង​ទី​ណា​ថា ព្រះ​នារាយណ៍​ជា​ជាង​កសាង​ផ្ទះ​សម្បែង​ជា​ដើម​សោះ មាន​ប្រទះ​តែ​ថា ទេវ​បុត្រ​មួយ​​អង្គ​ឈ្មោះ​វិស្សកម្ម​ជា​ជាង​របស់​ព្រះ​ឥន្រ្ទ ដូច​មាន​ប្រាកដ​ក្នុង​គម្ពីរ​ព្រះ​ពុទ្ធ​សាសនា​ជា​ច្រើន​អន្លើ​ថា កាល​ព្រះ​ឥន្រ្ទ​ត្រូវ​ការ​នឹង​កសាង​អ្វី​រមែង​ត្រាស់​ប្រើ​ព្រះ​វិស្សកម្ម​ទេវបុត្រ ឱ្យ​ទៅ​កសាង​ជា​ដរាប សូម្បី​ពាក្យ​ថា​វិស្សកម្ម​នេះ​ក៏​ប្រែ​បាន​សេចក្ដី​សម​រឿង​ថា ការ​កសាង​ទី​លំនៅ​ឬ​ថា អ្នក​កសាង​ទី​លំនៅ។ ដោយ​សេចក្ដី​សន្និដ្ឋាន​ឃើញ​ថា​ដែល​ប្រើ​ជា​ពិស្ណុការ នោះ​គង់​ឃ្លៀងឃ្លាត​មក​ពី​ពាក្យ​ថា វិស្សកម្ម​នោះ​ឯង។

អំពី​នេះ​នឹង​ពណ៌នា​ពី​របៀប​បូជា​ព្រះ​ពិស្ណុការឬ​ព្រះ​វិស្សកម្ម​នោះ​ត​ទៅ ជាង​ខ្មែរ​កាល​នឹង​កសាង​របស់​ដែល​សំខាន់ ដូច​យ៉ាង​ប្រាសាទ វិហារ ផ្ទះ និង​ធ្វើ​ទូក​ធំ​ៗ​ជា​ដើម មាន​ទំនៀម​រៀប​ពលិការ​បូជា​ព្រះ​ពិស្ណុការ ដែល​ជា​គ្រូ​កសាង​ដើម​ដោយ​មាន​គតិ​កាន់ មនុស្ស​លោក​យើង​នេះ​ដែល​នឹង​ចេះ​ការ​វិជ្ជា​ជាង​ធ្វើ​សារពើ​កិច្ចការ​ទាំង​ពួង អាស្រ័យ​ដោយ​ព្រះ​ពិស្ណុការ​ឬ​ព្រះវិស្សកម្ម​ប្រសិទ្ធ​ប្រសាទឱ្យ​មក ហេតុ​នេះ​កាល​គេ​នឹង​ធ្វើ​អ្វី ​រមែង​បូជា​គ្រូ​ដើម​នោះ ដើម្បី​ឱ្យ​ការ​នោះ​សម្រេច​ទៅ​ដោយ​ស្រួល កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់ មាន​ធ្លាក់ឬ​មុត​ដៃ មុត​ជើងជា​ដើម ទំនៀម​នេះ​ក៏​ចេញ​មក​តែ​ពី​គតិ​ព្រហ្មញ្ញ​សាសនា​នោះ​ឯង។

ក៏​ឯ​របៀប​គ្រឿង​ពលិការ​នោះ តាម​ក្បួន​បុរាណ​លោក​កំណត់​ទុក​ជា​៣​យ៉ាង ផ្សេង​គ្នា​ដោយ​ធំ​និង​តូច​ដូច្នេះ ៖

របៀប​ទី​១

កាល​នឹង​ធ្វើ​ការ​ធំ​មាន​ប្រាសាទ វិហារ ជា​ដើម ត្រូវ​រៀប​ពលិការ​យ៉ាង​ធំ​តាម​នោះ​គឺ ៖

រាន​៥ ថ្នាក់​១ មាន​របស់​ពលិការ​ដាក់​បូជា​នៅ​រាន​នោះ បាយសី​៥​ថ្នាក់​១​គូ បាយសី​ប៉ាកឆាម​១​គូ ស្លា​ធម៌​៤ ជម​៤ ទឹក​អប់​៤ ទៀន​៥ ធូប​៥ ផ្កា​៥ លាជ​៥ សំពត់​ស​ក្រាល​រាន​៥​ហត្ថ ប្រាក់​៤​បាទ​ឬ​ក្រដាស​មាស ប្រាក់ ក្បាល​ជ្រូក​២ និង​មាន​ភ្លេង​ពិណពាទ្យ​១​វង់។

ដល់​វេលា​នឹង​ពលិការ ត្រូវ​យក​គ្រឿង​ប្រដាប់​ធ្វើ​ការ​ទាំង​ប៉ុន្មាន​នោះ មាន​ដឹង ដែក​ឈូស​ពន្លាក ជា​ដើម មក​រៀប​តាំង​នៅ​មុខ​រាន​ទេវតា។ មេ​ជាង​ផ្ដើម​សូត្រ​អារាធនា​អញ្ជើញ​ព្រះ​ពិស្ណុការ​ដ៏​ជា​គ្រូ​ជាងនិង​ទេវតា​ដែល​រក្សា​ទី​កន្លែង​ដែល​កសាង​នោះ សូម​ឱ្យ​អញ្ជើញ​មក​ទទួល​សេព​សោយ​គ្រឿង​ពលិការ និង​សូម​ឱ្យ​ជួយ​ប្រសិទ្ធីការ​នេះ ឱ្យ​សម្រេច​ទៅ​ដោយ​រួស​រាន់ កុំ​ឱ្យ​មាន​គ្រោះ​ថ្នាក់ មាន​មុត​ដៃ មុត​ជើង​ជា​ដើម​ឡើយ។ ចប់​ហើយ​អ្នក​ភ្លេង​លេង​ភ្លេង​៣​ដង តាម​ទំនៀម​ជា​សូរេច។

របៀប​ទី​២

កាល​នឹង​ធ្វើ​ការ​ជា​យ៉ាង​កណ្ដាល មិន​តូច មិន​ធំ ត្រូវ​រៀប​គ្រឿង​ពលិការ​យ៉ាង​កណ្ដាល មាន​ត​ទូក​ធំ​ជា​ដើម​ដូច្នេះ។

រាន​ទេវតា​៣​ថ្នាក់​១ មាន​គ្រឿង​ពលិការ គឺ​បាយសី ប៉ាកឆាម​៤ ស្លាធម៌​៤ ជម​៤ ទឹក​អប់​៤ ទៀន​៥ ធូប​៥ ផ្កា​៥ លាជ​៥ សំពត់​ស​៥​ហត្ថ និង​ប្រាក់​៦​ស្លឹង ឬ​ក្រដាស​មាស​ក្រដាស​ប្រាក់។ និង​មាន​សំពត់​ជាតី​២​បន្ទះ​ទំហំ​ទទឹង​បណ្ដោយ ១ហត្ថ ៤​ជ្រុង គូរ​ជា​យន្ត​ក្បាល​៤​បញ្ចុះ​អក្ខរ​សិម្ពលី វេលា​ធ្វើ​បាន​ជា​រាង​ហើយ​ឱ្យ​យក​ទៅ​បិទ​ត្រង់​ខ្ពនិង​មាត់​ត​គ្នា ខាង​ក្បាល​១ ខាង​កន្សៃ​១។ មេ​ជាង​ត្រូវ​រៀប​ពលិការ​ដូច​ពោល​ហើយ​ខាង​លើ។

របៀប​ទី​៣

កាល​នឹង​ធ្វើ​ផ្ទះ គប្បី​រៀប​គ្រឿង​ពលិការ​ដូច្នេះ ៖

រាន​ទេវតា​៣​ថ្នាក់​១ មាន​គ្រឿង​ពលិការ គឺ បាយសី​ប៉ាកឆាម​១​គូ ស្លា​ធម៌​១​គូ ជម​១​គូ ទឹក​អប់​១​គូ ទៀន​៥ ធូប​៥ ផ្កា​៥ លាជ​៥ សំពត់​ស​៥​ហត្ថ និង​ក្រដាស​មាស ក្រដាស​ប្រាក់។ និង​មាន​សំពត់​ជាតី​ប្រមាណ​១​ហត្ថ​៤​ជ្រុង​គូរ​យន្ត​ក្បាល​៤ តែ​តម្រា​ខ្លះ​ថា​ឱ្យ​គូរ​យន្ត​ក្រួច។ ឱ្យ​យក​សំពត់​យន្ត​នេះ​ទៅ​បិទ​ភ្ជាប់​នឹង​មេ​ដំបូល ស្រេច​ហើយ​ទើប​រៀប​ពលិការ​ដូច​ពោល​ហើយ​ខាង​លើ។

អំពី​នេះ នឹង​អធិប្បាយ​អំពី​សំពត់​យន្ត​បន្តិច​ត​ទៅ​ទៀត ដើម្បី​នឹង​បំបាត់​សេចក្ដី​សង្ស័យ​របស់​អ្នក​ខ្លះ ដែល​អាច​នឹង​កើត​សង្ស័យ​ឡើង​បាន ដ្បិត​មាន​ក្បួន​ខ្លះ​ថា ឱ្យ​គូរ​យន្ត​ក្បាល​៤ ក្បួន​ខ្លះ​ថា​ឱ្យ​គូរ​យន្ត​ក្រួច​បញ្ចុះ​បាលី​វដ្ដក​បរិត្ត ដើម្បី​ការពារ​កុំ​ឱ្យ​ភ្លើង​ឆេះ​ផ្ទះ​នោះ ដោយ​អាង​យក​រឿង​ក្នុង​វដ្ដ​កបរិត្ត​ដែល​ថា​កាល​ព្រះ​ពុទ្ធ​អង្គ​នៅ​ជា​ពោធិសត្វ កើត​ជា​កូន​សត្វ​ក្រួច វេលា​មួយ​នោះ​មាតា​បិតា​មិន​នៅ​ទទួល​មាន​ភ្លើង​ព្រៃ​ឆេះ មក​ដល់​ទៀប​សម្បុក​ កូន​ក្រួច​នោះ​ភ័យ​ក៏​ភាវនា​វដ្ដ​កបរិត្ត ភ្លើង​ក៏​រលត់​ទៅ​មិន​បាន​ឆេះ​ដល់​សម្បុក។

តាម​សេចក្ដី​សន្និដ្ឋាន​ថា យន្ត​ក្បាល​៤ នោះ​ជា​របស់​ដើម មាន​មក​អំពី​បុរាណ​កាល ដល់​មក​វេលា​ដែល​ខ្មែរ​កាន់​ព្រះ​ពុទ្ធ​សាសនា​ដេរដាស​ពេញ​ពាស​ស្រុក​ហើយ ទើប​កើត​មាន​ទំនៀម​ធ្វើ​យន្ត​ក្រួច​១​យ៉ាង​ឡើង​ទៀត ដោយ​សេចក្ដី​និយម​ដូច​ពោល​ហើយ។

សំពត់​នោះ​អ្នក​ខ្លះ​ហៅ​ថា សំពត់​នាង​លក្ខណ៍ ផ្ទះ​អ្នក​ខ្លះ​ហៅ​ថា សំពត់​ព្រះ​ភូមិ អ្នក​ខ្លះ​ហៅ​ថា​សំពត់​ព្រះ​ពិស្ណុការ។

ការ​ពលិការ​ព្រះ​ពិស្ណុការ​នេះ គេ​តែង​ធ្វើ​ក្នុង​វេលា​ដែល​នឹង​ប្រុង​របស់​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ពី​ព្រឹក​ត្រូវ​រៀប​បូជា​ព្រះ​ពិស្ណុការ ដល់​ថ្ងៃ​រសៀល​ត្រូវ​រៀប​បូជា​ក្រុង​ពលី។ តែ​បើ​នឹង​ធ្វើ​ក្នុង​វេលា​ដែល​ប្រមូល​គ្រឿង​ទព្វ​សម្ភារៈ​មក​សព្វ​គ្រប់​ហើយ ចាប់​ផ្ដើម​នឹង​ឈូស​សិទ្ធ​គ្រឿង​នោះ ក៏​ធ្វើ​ពិធី​ពលិការ​ព្រះ​ពិស្ណុការ​តែ​ម្ដង ដល់​វេលា​ឈូស​សិទ្ធ​ស្រេច​ហើយ​នឹង​ប្រុង ត្រូវ​សែន​ក្រុង​ពលី​ដូច្នេះ​វិញ ឃើញ​ទំនង​ជាង​និង​ពលិការ​ក្នុង​ថ្ងៃ​ជា​មួយ​គ្នា​តែ​ម្ដង ក្នុង​វេលា​ប្រុង​នោះ​ឃើញ​មិន​សូវ​សម ព្រោះ​ការ​បាន​ធ្វើ​មក​ពាក់​កណ្ដាល​ហើយ ទើប​មក​ធ្វើ​ជា​ក្រោយ បើ​នឹង​មាន​គ្រោះ​ថ្នាក់​អ្វី​អាច​នឹង​មាន​រួច​ទៅ​ហើយ​ក៏​បាន ព្រះ​ពិស្ណុការ​នឹង​ចាប់​ទោស​ថា មិន​អើ​ពើ​នឹង​បូជា​រំឭក​ដល់​លោក​ក៏​បាន ខ​នេះ​នឹង​គួរ​យ៉ាង​ណា អ្នក​រាប់អាន​ទំនៀម​ទម្លាប់​បុរាណ​គួរ​តែ​ពិចារណា​មើល​ចុះ។ 

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៨ ខ្សែទី១

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments