បមាទាប្បមាទកថា

សារវន្តកថា
របស់​អាចារ្យ សេខ- ឈុន ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក

រៀប​រៀង

 

បមាទាបមាទបញ្ហារម្ភោ

នមត្ថុរតនត្តយស្ស

សូន​ក្រាប​ថ្វាយ​បង្គំ (ដោយ​គោរព) ចំពោះ​ព្រះ​រតនៈ​ទាំង​បី

គឺ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ។

វេលា​នេះ នឹង​ព៌ណនា​នូវ​ប្រស្នា នៃ​បមាទ​និង​អប្បមាទ​ធម៌ តាម​សេចក្ដី​ដែល​មាន​មក​ក្នុង​គម្ពីរ​ទាំងឡាយ មាន​គម្ពីរ​ព្រះ​ធម្មបទ​ជាដើម​ផង តាម​សេចក្ដី​យល់​ឃើញ​របស់​ខ្ញុំ​អ្នក​តែង​ដែល​បាន​សិក្សា​ក្នុង​គម្ពីរ​ឯ​ទៀត​ៗ​ផង មក​រួប​រួម​គ្នា​ធ្វើ​ជា​សេចក្ដី​មាន​ពីរ​ផ្នែក។ ផ្នែក​ទី ១ ជា​ពាក្យ​បុច្ឆាវិសជ្ជនា គឺ​សួរ​និង​ឆ្លើយ ផ្នែក​ទី ២ ជា​ពាក្យ​រាយ។

ផ្នែក​ទី ១

បុ. សួរ​ថា យើង​បាន​ឮ​ត​ៗ​មក​យូរ​ណាស់​មក​ហើយ​ថា​មាន​មហា​ឫសី ចេះ​ជប​​មនុស្ស​ស្លាប់​ឱ្យ​រស់​ឡើង​វិញ​មែន​ឬ ?

វិ. ឆ្លើយ​ថា បើ​តាម​ន័យ​ក្នុង​ព្រះ​ពុទ្ធសាសនា ថា​មហា​ឫសី​លោក​ចេះ​ជប​មនុស្ស​ឱ្យ​រស់​វិញ​មែន ប៉ុន្តែ​ជប​បាន​តែ​មនុស្ស​ស្លាប់ តែ​នៅ​មាន​ដង្ហើម​ចេញ​ចូល។

បុ. មនុស្ស​ពួក​ណា​ដែល​ស្លាប់​ហើយ តែ​នៅ​មាន​ដង្ហើម​ចេញ​ចូល ?

វិ. ពួក​មនុស្ស​ដែល​ប្រមាទ គឺ​ធ្វេស​ប្រហែស ឬ​ភ្លេច​ស្មារតី។

បុ. មហា​ឫសី​នោះ​គឺ​អ្នក​ណា ព្រោះ​ហេតុ​ដូចម្ដេច​បាន​ជា​ឈ្មោះ​ថា​មហា​ឫសី ?

វិ. មហា​ឫសី​នោះ​គឺ​ព្រះ​ពុទ្ធ បាន​ជា​ឈ្មោះ​ថា មហា​ឫសី​ព្រោះ​លោក​ស្វែង​រក​នូវ​គុណ​ដ៏​ធំ គឺ សីល សមាធិ បញ្ញា ដែល​ជា​ធម៌​ធ្វើ​ព្រះ​អង្គ​រួច​ចេញ​អំពី​កណ្ដាប់​ដៃ​នៃ​សេចក្ដី​ទុក្ខ​គ្រប់​យ៉ាង។

បុ. ព្រះ​ពុទ្ធ​ដែល​ជា​មហា​ឫសី ទ្រង់​ជប​មនុស្ស​ប្រមាទ​ឬ​ភ្លេច​សតិ​ដោយ​ឧបាយ​ដូចម្ដេច ?

វិ. ទ្រង់​ជប​ដោយ​ឧបាយ​ដើរ​ដាស់​តឿន​សតិ ឱ្យ​ផឹក​ថ្នាំ​ផ្សេងៗ។

បុ. ថ្នាំ​នោះ​គឺ​អ្វី បាន​ជា​ឈ្មោះ​ថា​ថ្នាំ​នោះ​តើ​ដោយ​ហេតុ​ដូចម្ដេច ?

វិ. ថ្នាំ​នោះ​គឺ​ធម៌ បាន​ជា​ឈ្មោះ​ថា​ថ្នាំ​នោះ​ដោយ​ហេតុ​ដែល​បាន​ធ្វើ​រោគ​របស់​សត្វ​បាន​សះ​ស្បើយ​ទៅ​បាន។

បុ. រោគ​របស់​សត្វ​មាន​ប៉ុន្មាន គឺ​អ្វី​ខ្លះ កើត​នៅ​ទីណា ?

វិ. រោគ​របស់​សត្វ​មាន ៨ យ៉ាង គឺ មិច្ឆាទិដ្ឋិ គំនិត​យល់​ខុស ១ មិច្ឆាសង្កប្បោ ត្រិះរិះ​ខុស ១ មិច្ឆាវាចា ១ និយាយ​សម្ដី​ខុស ១ មិច្ឆាកម្មន្តោ ធ្វើ​ការងារ​ខុស ១ មិច្ឆាអាជីវោ ចិញ្ចឹម​ជីវិត​ខុស ១ មិច្ឆាវាយាមា ប្រឹង​ប្រែង​ខុស ១ មិច្ឆា​សតិ រឭក​ខុស ១ មិច្ឆាសមាធិ ធ្វើ​ចិត្ត​ឱ្យ​នឹង​ខុស​ពី​កម្មដ្ឋាន​ទាំង ៤០ ប្រការ ១ (ទាំង ៨ នេះ) កើត​នៅ​ក្នុង​សន្ដាន​ចិត្ត​សត្វ។

បុ. សេចក្ដី​ខុស​ទាំង ៨ នេះ​ព្រោះ​ហេតុ​អ្វី​បាន​ជា​ហៅ​ថា​រោគ ចូរ​អធិប្បាយ​ប្រៀប​ធៀប​សេចក្ដី​ឱ្យ​ពិស្ដារ​មក​មក​មើល

វិ. សេចក្ដី​ខុស​ទាំង ៨ នេះ​បាន​ជា​ហៅ​ថា​រោគ ព្រោះ​ហេតុ​ដូច​គ្នា​នឹង​រោគ​កើត​នៅ​ខាង​ក្រៅ។ ធម្មតា​រោគ​ដែល​កើត​នៅ​កាយ​ខាង​ក្រៅ រមែង​ធ្វើ​រូប​ឱ្យ​កើត​វិបត្តិ​ផ្សេងៗ មាន​វិកល​វិការ បាក់​ដៃ បាក់​ជើង ខ្វាក់​ភ្នែក​ជាដើម​ខ្លះ ចួន​កាល​សេចក្ដី​ខុស​ទាំង ៨ នេះ រមែង​ធ្វើ​បដិសន្ធិ​វិញ្ញាណ​របស់​សត្វ​ឱ្យ​វិកល​វិការ ស្លាប់​កើត​ក្នុង​អបាយ​ភូមិ​ទាំង ៤ និង​ស្លាប់​កើត​ក្នុង​ភព​ទាំង ៣ មិន​ចេះ​ផុត​ខ្លះ ចួន​កាល​រោគ​នោះ​ខ្លាំង​ពេក​ហៅ​ថា និយតមិច្ឆាទិដ្ឋិ ធ្វើ​សត្វ​ស្លាប់​ពូជ​សេចក្ដី​ល្អ ខាន​បាន​ទៅ​ព្រះ​និព្វាន​ខ្លះ ដូច្នោះ​ឯង។

បុ. ថ្នាំ​សម្រាប់​កែ​រោគ ៨ យ៉ាង​នោះ មាន​ប៉ុន្មាន​មុខ គឺ​អ្វី​ខ្លះ? ចូរ​រាប់​ហើយ​អធិប្បាយ​មក​មើល

វិ. ថ្នាំ​សម្រាប់​កែ​រោគ ៨ យ៉ាង​នោះ មាន ៨ មុខ គឺ សម្មាទិដ្ឋិ គំនិត​យល់​ត្រូវ ១ សម្មាសង្កប្ប ត្រិះរិះ​ត្រូវ ១ សម្មាវាចា និយាយ​សម្ដី​ត្រូវ ១ សម្មាកម្មន្តោ ធ្វើ​ការងារ​ត្រូវ ១ សម្មាអាជីវោ ចិញ្ចឹម​ជីវិត​ត្រូវ ១ សម្មាវាយាមោ ព្យាយាម​ប្រឹង​ប្រែង​ត្រូវ ១ សម្មាសតិ មាន​សេចក្ដី​រឭក​ត្រូវ ១ សម្មាសមាធិ តម្កល់​ចិត្ត​ឱ្យ​នឹង​ត្រូវ​ទៅ​ក្នុង​កម្មដ្ឋាន​ទាំង ៤០ ប្រការ ១។

សេចក្ដី​អធិប្បាយ​ថា ថ្នាំ​ទាំងនេះ​ជា​ថ្នាំ​ពូកែ​ឆុត​ឆាប់ អាច​ធ្វើ​រោគ​ក្នុង​សន្ដាន​ចិត្ត​របស់​សត្វ​ដែល គឺ​ប្រតិបត្តិ​តាម ឱ្យ​ជា​សះស្បើយ​បាន តែ​ចំណែក​ពួក​សត្វ​ទាំងឡាយ ដែល​មិន​ផឹក​ថ្នាំ​នេះ គឺ​ប្រតិបត្តិ​តាម​នោះ បណ្ដាល​មក​អំពី​សេចក្ដី​ប្រមាទ​នោះ​ឯង។ ហេតុ​នោះ​ពួក​មនុស្ស​ដែល​ប្រមាទ ឬ​ភ្លេច​ស្មារតី​នោះ ចាត់​ថា​ជា​អ្នក​មាន​ពូជ​សេចក្ដី​ល្អ​ស្លាប់​គ្រប់​គ្នា សម​ដូច​ពុទ្ធភាសិត​នៃ​ព្រះ​អរហំ​សម្មា​សម្ពុទ្ធ ក្នុង​គម្ពីរ​ធម្មបទ ថា

អប្បមាទោ    អមតំ  បទំ      បមាទោ        មច្ចុនោ   បទំ

អប្បមត្តា       ន       មីយន្ត  យេ     បមត្តា យថា  មតា។

ឯតំ    វិសេសតោ     ញត្វា   អប្បមាទម្ហិ    បណ្ឌិតោ

អប្បមាទេ     បមោទន្តិ        អរិយានំ    គោចរេ    រតា។

តេ      ឈាយិនោ     សាតតិកា      និច្ចំ    ទឡ្ហបរក្កមា

ផុស្សន្តិធីរា    និព្វានំ  យោគក្ខេមំ    អនុត្តរន្តិ។

ធម៌​មិន​ប្រមាទ (នេះ) ជា​ឧបាយ ធ្វើ​មនុស្ស​ឱ្យ​ឆ្ងាយ​ពី​សេចក្ដី​ស្លាប់ ធម៌​ដែល​ប្រមាទ (មុខ​តែ​នឹង​ឆាប់) ធ្វើ​មនុស្ស​ឱ្យ​ស្លាប់​ជា​កិច្ច​ឧបាយ ជន​មិន​មាន​ធម៌​ប្រមាទ​ទាំងឡាយ ទោះ​ស្លាប់​ទៅ​ឆ្ងាយ​ហាក់​ដូច​រស់​នៅ ជន​ណា​ប្រមាទ​ទោះ​បី​រស់​នៅ ក៏​ព្រះ​ទ្រង់​ហៅ​ថា​ជា​មនុស្ស​ស្លាប់។ បណ្ឌិត​ដែល​មាន​ប្រាជ្ញា​ឆុត​ឆាប់ កាល​បើ​ដឹង​អប្បមាទធម៌​នេះ ដោយ​ហេតុ​ណា​មួយ​ដែល​យ៉ាង​វិសេស ហើយ​ចិត្ត​លោក​ចេះ​តែ​មាន​អំណរ ទៅ​ក្នុង​អារម្មណ៍​ពោល​គឺ​ព្រះ​ធម៌ ដែល​ជា​ទី​ចរ​នៃ​អរិយ។ ហើយ​កើត​សេចក្ដី​ត្រេកអរ​ឥត​អាក់ លើក​ចិត្ត​ទៅ​ដាក់​ក្នុង​អប្បមាទ បណ្ឌិត​ទាំងឡាយ​លោក​តែង​សង្វាត ព្យាយាម​ឱហាត​មាំ​ឥត​មាន​ដាច់ បាន​ដុត​កិលេស​ហើយ​ហើយ​បាន​សម្រេច​និព្វាន ផុត​ដាច់​ចាក​យោគ​ធម៌ (ដែល​គ្មាន​គ្រឿង​ប្រៀប​ដូច​គ្នា​នឹង​ស្ករ) ព្រោះ​ជា​ធម៌​ល្អ​លើស​ធម៌​ទាំងពួង។

បុ. អ្នក​មិន​ប្រមាទ​បើ​ទុក​ជា​ស្លាប់ ក៏​ហាក់​ដូច​ជា​រស់​នោះ តើ​ដោយ​ហេតុ​យ៉ាង​ណា ?

វិ. អ្នក​មិន​ប្រមាទ​បើ​ទុក​ជា​ស្លាប់​ហើយ ក៏​ហាក់​ដូច​ជា​រស់​នៅ​នោះ ដោយ​ហេតុ​ថា មនុស្ស​មិន​ភ្លេច​ខ្លួន  រមែង​ធ្វើ​ធម៌​ដែល កើត ចាស់ ឈឺ ស្លាប់ ឱ្យ​អស់​ទៅ ដោយ​អំណាច​ចម្រើន​នូវ​វិបស្សនា​ញាណ ហើយ​ចូល​ទៅ​ជ្រក​ក្នុង​អមតបូរី។

បុ. ពួក​ជន​ដែល​ភ្លេច​ខ្លួន បើ​ទុក​ជា​រស់​នៅ ក៏​ហាក់​ដូច​ជា​ស្លាប់​នោះ​តើ​យ៉ាង​ណា ?

វិ. ពួក​ជន​ដែល​ភ្លេច​ខ្លួន បើ​ទុក​ជា​រស់​នៅ ក៏​ហាក់​ដូច​ជា​ស្លាប់​នោះ ដ្បិត​ថា​មនុស្ស​ទាំង​នោះ បើ​គ្រហស្ថ​ក្ដី ក៏​ឥត​មាន​ចិត្ត​ណា​មួយ​គិត​ថា អញ​នឹង​ឱ្យ​ទាន រក្សា​សីល រក្សា​ឧបោសថ សោះ​ឡើយ ចំណែក​បព្វជិត​រក​គំនិត​គិត​ថា អញ​នឹង​បំពេញ​វត្តមាន​អាចរិយវត្ត​និង​ឧប្បជ្ឆាយវត្ត​ជាដើម អញ​នឹង​សមាទាន​នូវ​ធុតង្គ និង​ចម្រើន​មេត្តា​ភាវនា ដូច្នេះ​ក៏​មិន​មាន ពួក​ជន​ដែល​រស់​នៅ​យ៉ាង​នេះ ក៏​ហាក់​ដូច​ជា​ស្លាប់ ព្រោះ​គេច​មិន​ផុត​អំពី ជាតិ ជរា ព្យាធិ មរណៈផង មិន​មាន​គំនិត​ដូច​គ្នា​នឹង​ខ្មោច ឬ​ដើម​ឈើ ដែល​ឥត​វិញ្ញាណ​ផង។

បុ. មនុស្ស​ភ្លេច​សតិ នាំ​ឱ្យ​ខូច​ធម៌​ប៉ុន្មាន ឱ្យ​ចម្រើន​ធម៌​ប៉ុន្មាន​យ៉ាង ? គឺ​ធម៌​អ្វី​ខ្លះ ?

វិ. មនុស្ស​ភ្លេច​សតិ នាំ​ឱ្យ​ខូច​ធម៌ ៤ យ៉ាង គឺ​ឱ្យ​ខូច​សំវរៈ (ការ​សង្រួម​ឥន្រ្ទិយ​ទាំង​ប្រាំ​មួយ) ១ ឱ្យ​ខូច​សុចរិត ១ ឱ្យ​ខូច​សមថកម្មដ្ឋាន ១ ឱ្យ​ខូច​វិបស្សនាបញ្ញា ១ និង​ឱ្យ​ចម្រើន​ធម៌ ៤ យ៉ាង គឺ​ឱ្យ​ចម្រើន​អភិជ្ឈា​និង​ទោមនស្ស ១ ឱ្យ​ចម្រើន​ទុច្ចរិត ១ ឱ្យ​ចម្រើន​នីវរណ ១ ឱ្យ​ចម្រើន​អវិជ្ជា ១។

បុ. អភិជ្ឈា​និង​ទោមនស្ស​កើត​មក​អំពី​ធម៌​អ្វី ? ចូរ​អធិប្បាយ

វិ. អភិជ្ឈា​និង​ទោមនស្ស​កើត​មក​ពី​មិន​សង្រួម​ឥន្រ្ទិយ។ អធិប្បាយ​ថា ឥន្រ្ទិយ​ទាំង ៦ មាន​មុខ​ក្រសួង​ធំ​ដោយ​ចំណែកៗ គឺ​ភ្នែក​ធំ​ខាង​មើល​រូប ត្រចៀក​ធំ​ខាង​ស្ដាប់​សំឡេង ច្រមុះ​ធំ​ខាង​ស្រូប​ក្លិន អណ្ដាត​ធំ​ខាង​ដឹង​រសជាតិ កាយ​ធំ​ខាង​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍ ចិត្ត​ធំ​ខាង​ទទួល​យក​អារម្មណ៍​ដែល​ចូល​មក​តាម​ទ្វារ​ទាំង ៦។ ដូច​ភ្នែក​ឃើញ​រូប​ណា​មួយ​ជា​ទី​គួរ​ប្រាថ្នា​ចិត្ត​ដឹង​ច្បាស់​កាលណា​ក៏​កើត​ទៅ​ជា​អភិជ្ឈា គឺ​សេចក្ដី​លោភ​ចង់​បាន កាល​បើ​ឃើញ​រូប​មិន​ជា​ទី​ប្រាថ្នា ក៏​កើត​ទៅ​ជា​ទោមនស្ស គឺ​សេចក្ដី​ស្អប់គ្នាន់ក្នាញ់។ ឯ​សេចក្ដី​អធិប្បាយ​ក្នុង​ឥន្រ្ទិយ​ទាំង ៥ ទៀត​ក៏​ដូច​គ្នា​ដែរ។ កាល​បើ​ចិត្ត​កើត​ទៅ​ជា​អភិជ្ឈា​និង​ទោមនស្ស​ហើយ មុខ​តែ​នឹង​ប្រព្រឹត្ត​ធ្វើ​នូវ​ការ​អាក្រក់​មិន​លែង បើ​មិន​អាក្រក់​ដោយ​កាយ ក៏​អាក្រក់​ដោយ​សម្ដី ឬ​អាក្រក់​ដោយ​ចិត្ត។

បុ. អាក្រក់​ដោយ​មាន​កាយ​មាន​ប៉ុន្មាន អាក្រក់​ដោយ​សម្ដី​មាន​ប៉ុន្មាន អាក្រក់​ដោយ​ចិត្ត​មាន​ប៉ុន្មាន គឺ​អ្វី​ខ្លះ ចូរ​អធិប្បាយ

វិ. អាក្រក់​ដោយ​កាយ​មាន ៣ គឺ​សម្លាប់​សត្វ ១ លួច​ទ្រព្យ​គេ ១ ប្រព្រឹត្ត​ខុស​ក្នុង​កាម ១។ អាក្រក់​ដោយ​សម្ដី​មាន ៤ គឺ កុហក​គេ ១ និយាយ​ញុះញង់​គេ ១ និយាយ​ពាក្យ​ទ្រគោះ ១ និយាយ​ពាក្យ​ឥត​ប្រយោជន៍ ១។ អាក្រក់​ដោយ​ចិត្ត​មាន ៣ គឺ ចង់​បាន​របស់​គេ ១ ចង់​ធ្វើ​ឱ្យ​គេ​វិនាស ១ មាន​គំនិត​យល់​ឃ្វាង ១ សេចក្ដី​អធិប្បាយ​ដូច​មាន​ក្នុង​សៀវភៅ​គិហិបដិបត្តិ​ស្រាប់។

កាល​បើ​ទុច្ចរិត​ទាំង ៣ ប្រការ​កើត​បរិបូណ៌​ហើយ នឹង​ឱ្យ​ចម្រើន​នីវរណធម៌​ទៀត។

បុ. នីវរណធម៌ ប្រែ​ថា​ដូចម្ដេច ធម៌​នោះ​មាន​ប៉ុន្មាន​យ៉ាង​គឺ​អ្វី​ខ្លះ ? ចូរ​រៀប​រាប់​ឱ្យ​សព្វ​គ្រប់​មក​មើល

វិ. នីវរណធម៌ ប្រែ​ថា​ធម៌​សម្រាប់​រារាំង​គំនិត​សត្វ​លោក​ឱ្យ​កឿង​ជាប់​នៅ​ក្នុង​ភព​ទាំង ៣ គឺ កាម​ភព ១ រូប​ភព ១ អរូប​ភព ១។ ធម៌​នោះ​មាន ៥ យ៉ាង គឺ កាមច្ឆន្ទ សេចក្ដី​ពេញ​ចិត្ត​នឹង​កាម ១ ព្យាបាទ សេចក្ដី​ប៉ុន​ប៉ង​ឱ្យ​គេ​វិនាស ១ ថីនមិទ្ធ ងងុយ​ដេក ១ ឧទ្ធច្ចកុក្កុច្ច សេចក្ដី​អណ្ដែត​អណ្ដូង​និង​រាយ​មាយ​រសាប់រសល់​ចិត្ត ១ វិចិកិច្ឆា សេចក្ដី​សង្ស័យ​ក្នុង​គុណ​រតនត្រ័យ​មិន​ចេះ​ដាច់ ១ កាល​បើ​ធម៌​ទាំង ៥ នេះ​មាន​ហើយ​ជា​បច្ច័យ​ដល់​អវិជ្ជា​ទៀត។

បុ. អវិជ្ជា ប្រែ​ថា​ដូចម្ដេច ទុក​ជា​អ្វី ដូច​ពុទ្ធ​ភាសិត​យ៉ាង​ណា បើ​ចាត់​តាម​វត្ថុ​និង​អត្ថ​និង​ទោស មាន​ប៉ុន្មាន គឺ​អ្វី​ខ្លះ ? ចូរ​អធិប្បាយ​ឱ្យ​ពិស្ដារ

វិ. អវិជ្ជា ប្រែ​ថា មិន​ដឹង ទុក​ជា​ក្បាល​នៃ​អកុសល​ធម៌​ទាំងពួង ដូច​ពុទ្ធភាសិត​ដែល​ឆ្លើយ​ប្រស្នា​នឹង​អជិតមាណព​ថា អវិជ្ជាមុទ្ធាតិ ជានាហ៌ អ្នក​ឯង​ចូរ​ចាំ​ថា អវិជ្ជា​ជា​ក្បាល​អកុសល វិជ្ជាមុទ្ធាតិ បាតិនី លុះ​តែ​រក​វិជ្ជា​បាន​ទើប​ទៅ​ទម្លាក់​អវិជ្ជា​បាន[១]។ បើ​ចាត់​តាម​វត្ថុ​មាន ៨ គឺ ១- ទុក្ខេ អញាណំ មិន​ដឹង​កង​ទុក្ខ ២- ទុក្ខសមុទយេ អញាណំ មិន​ដឹង​ហេតុ​ដែល​នឹង​ឱ្យ​កើត​ទុក្ខ ៣- ទុក្ខនិរោធ អញានំ មិន​ដឹង​ឧបាយ​ដែល​រម្លត់​ទុក្ខ ៤- ទុក្ខនិរោធគាមិនីបដិបទាយ អញាណំ មិន​ដឹង​ផ្លូវ​ជា​ទី​ដើរ​ទៅ​កាន់​ឧបាយ​ដែល​រម្លត់​ទុក្ខ ៥- បុព្វន្តេ អញាណំ មិន​ដឹង​ទី​បំផុត​ខាង​ដើម​របស់​សង្សារ​វដ្ត ៦- អបរន្តេ អញាណំ មិន​ដឹង​ទី​បំផុត​ខាង​ចុង​នៃ​សង្សា​វដ្ត ៧- បុព្វន្តាបរន្តេ អញាណំ មិន​ដឹង​ទី​បំផុត​ខាង​ដើម​នឹង​ទី​បំផុត​ខាង​ចុង​នៃ​សង្សារ​វដ្ត ៨- បដិច្ចសមុប្បាទេ អញាណំ មិន​ដឹង​ធម៌​ដែល​ជា​បច្ច័យ​ឱ្យ​កើត​តៗគ្នា[២]។ បើ​ចាត់​ដោយ​អត្ថមាន ២៣ យ៉ាង​គឺ ១- អញាណំ មិន​ដឹង ២- អទស្សនិ មិន​ឃើញ ៣- អនភិសមយោ មិន​បាន​ត្រាស់​ដឹង ៤- អនុពោធោ មិន​ភ្ញាក់​រឭក ៥- អសម្ពោធោ មិន​ត្រាស់​ដឹង​ព្រម ៦- អប្បដិវេធោ មិន​ចាក់​ធ្លុះ​នូវ​មគ្គ​និង​ផល ៧- អសង្គាហណា កំណត់​មិន​បាន ៨- អបរិយោគាហណ ស្ទង់​ចុះ​មិន​បាន ៩- អសម្បេក្ខនា ឥត​មាន​ទំនង​គយ​គន់​មើល​បាន ១០- អបច្ចវេក្ខណ ឥត​មាន​ទំនង​ពិចារណា​ឃើញ​បាន ១១- អបច្ចក្ខកម្មំ ជា​អំពើ​មិន​ប្រាកដ ១២- ទុម្មេជ្ឈំ ឥត​ប្រាជ្ញា ១៣- ពាល្យំ មាន​សភាព​ល្ងង់ ១៤- អសម្បជញ្ញំ មាន​សភាព​មិន​ដឹង​ខ្លួន ១៥- បមោហា វង្វេង​ភាន់​ភាំង ១៦- សម្បមោហា វង្វេង​ជ្រប់ ១៧- អវិជ្ជោឃោ សេចក្ដី​ល្ងង់​ជា​អន្លង់​ឱ្យ​សត្វ​លិច​លង់ ១៨- អវិជ្ជាយោគោ អវិជ្ជា​ជា​គ្រឿង​ចង​សត្វ ១៩- អវិជ្ជានុសយោ អវិជ្ជា​ជា​ធម្មជាតិ​ដេក​នៅ​ក្នុង​ចិត្ត​សត្វ ២០ – អវិជ្ជោសវោ សេចក្ដី​ល្ងង់​ជា​គ្រឿង​ត្រាំ​សត្វ ២១- អវិជ្ជាបរិយុដ្ឋានំ សេចក្ដី​ល្ងង់​ជា​គ្រឿង​ស្ទាក់​ផ្លូវ ២២- អវិជ្ជាជាលំ សេចក្ដី​ល្ងង់​ជា​សំណាញ់ ២៣- មោហោ អកុសលមូលំ សេចក្ដី​ល្ងង់​ជា​ឫស​នៃ​អកុសល​ធម៌​ទាំងពួង[៣]។ បើ​ចាត់​តាម​ទោស​មាន ៥ គឺ ១- អនិច្ចត្ថេន ដោយ​សេចក្ដី​ថា​ញ៉ាំង​សត្វ​ឱ្យ​តាំង​នៅ​មិន​ទៀង ២- ទុក្ខត្ថេន ដោយ​សេចក្ដី​ថា​នាំ​សត្វ​ឱ្យ​កើត​ទុក្ខ ៣- អនត្តត្ថេន ដោយ​សេចក្ដី​ថា​ធ្វើ​ឱ្យ​បាន​តែ​ស្រាយៗ ៤- សន្តាបត្ថេន ដោយ​សេចក្ដី​ថា​ញ៉ាំង​សត្វ​ឱ្យ​ក្ដៅ​ក្រហាយ ៥- វិបរិណាមត្ថេន ដោយ​សេចក្ដី​ថា​ធ្វើ​សត្វ​ឱ្យ​ទ្រុឌ​ទ្រោម ប្រែ​ប្រួល​ទៅ​តាម​កាល​តាម​វេលា[៤]

ព្រោះ​ហេតុ​នោះ​បាន​ជា​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ត្រាស់​ថា អវិជ្ជា​នេះ ហើយ​ជា​ពូជ​នៃ​សេចក្ដី កើត ចាស់ ឈឺ ស្លាប់ មនុស្ស​ដែល​ប្រកប​ដោយ​អវិជ្ជា ឈ្មោះ​ថា​ជា​មនុស្ស​មាន​ពូជ​ស្លាប់​ពិត​ប្រាកដ។ អវិជ្ជា មាន​សេចក្ដី​ប្រមាទ ឬ​ភ្លេច​សតិ ជា​ឫស​ព្រោះ​អវិជ្ជា កើត​មក​ពី​នវរណៈ ៗ​ កើត​មក​អំពី​ទុច្ចរិត ៗ កើត​មក​ពី​អសំវរៈ ៗ កើត​មក​ពី​មិន​មាន​សតិ។ ឯ​ពាក្យ​ថា​មិន​មាន​សតិ​នឹង​ពាក្យ​ថា​ប្រមាទ​ក៏​ជា​សេចក្ដី​ជា​មួយ​គ្នា ហេតុ​នេះ​បមាទ​ធម៌​ចាត់​ជា​កំពូល​នៃ​អកុសល​ធម៌​ទាំងពួង ដូច​ពុទ្ធភាសិត​ដែល​ព្រះ​ភគវន្តមុនី​ទ្រង់​ត្រាស់​ទុក​មក​ថា សេយ្យថាបិ ភិក្ខវេ យានិ កានិចិ ជង្គលានំ បាណានំ បទជាតានិ សព្វានិ តានិ ហត្ថិបទេ សមោធានំ គុច្ឆន្តិ ហត្ថំបទំ តេសំ អគ្គមក្ខាយតិ យទិទំ មហន្តត្តេន ឯវមេវ ខោ ភិក្ខវេ យេ កេចិ អកុសលោ ធម្មា សព្វេ តេ បមាទមូលកា បមាទសមោសរណ បមាទោ តេសំ ធម្មានំ អគ្គមក្ខាយតិ (ប្រែ​ថា) ម្នាល​ភិក្ខុ​ទាំងឡាយ ស្នាម​ជើង​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ក៏​មក​ប្រជុំ​ចុះ​ក្នុង​ស្នាម​ជើង​ដំរី គឺ​ថា​តូច​ជាង​ស្នាម​ជើង​ដំរី​ទាំងអស់ ឯ​ស្នាម​ជើង​ដំរី តថាគត​ពោល​ថា ជា​កំពូល​របស់​ស្នាម​ជើង​សត្វ​ទាំងនោះ ព្រោះ​ថា​ស្នាម​ជើង​ដំរី​នោះ​ជា​ស្នាម​ជើង​ធំ​ជាង​គេ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ជា​អកុសល​ទាំងពួង ក៏​សឹង​តែ​មាន​បមាទ​ធម៌​ជា​ឫស តែង​មក​ប្រជុំ​ក្នុង​បមាទធម៌​ទាំងអស់ តថាគត​ហៅ បមាទធម៌ (នេះ) ថា​ជា​កំពូល​របស់​អកុសល​ធម៌​ទាំងនោះ។

មាន​ពុទ្ធភាសិត ១ ទៀត​សម្ដែង​ថា បមាទមនុយុញ្ជន្តិពាលា ទុម្មេធិនោ ជនា ប្រែ​ថា ជន​ដែល​ប្រកប​ដោយ​ប្រមាទ​ឈ្មោះ​ថា​ជា​ជន​ដែល​ល្ងង់​អប្ប​ឥត​ប្រាជ្ញា ព្រោះ​មិន​ដឹង​នូវ​ប្រយោជន៍​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ ធ្វើ​កាល​គឺ​វ័យ[៥] ទាំង ៣ ឱ្យ​កន្លង​ទៅ​ទទេៗ ព្រោះ​មិន​ឃើញ​ទោស​នៃ​សេចក្ដី​ប្រមាទ ដូច​បាន​ពណ៌នា​មក​ហើយ។ ឯ​ព្រះ​ពុទ្ធ​ជាមហា​ឫសី ទ្រង់​ជប​មនុស្ស​មាន​សេចក្ដី​ប្រមាទ​ឱ្យ​រស់​ឡើង ដូច​ភាសិត​ថា

បមាទំ អប្បមាទេន  យទា  នុទតិ  បណ្ឌិតោ

បញ្ញាបាសាទមារុយ្ហ  អសោកោ      សោកិនំ        បជំ

បព្វតដ្ឋោវ     ភុម្មដ្ឋេ ធីរោ   ពាលេ អវេក្ខតិ។

ប្រែ​ថា អ្នក​ប្រាជ្ញ​មានព្រះ​ពុទ្ធ​ជា​ដើម បាន​កម្ចាត់​បង់​នូវ​បមាទ​ធម៌ ដោយ​អប្បមាទ​ធម៌​ក្នុង​កាល​ឯណា​ហើយ លោក​ក៏​ឡើង​កាន់​ប្រាសាទ​ពោល​គឺ​បញ្ញា ជា​អ្នក​មិន​មាន​សេចក្ដី​សោក អាច​ក្រឡេក​មើល​នូវ​ពួក​មនុស្ស​ដែល​មាន​សេចក្ដី​សោក ព្រោះ (កើត ស្លាប់ គ្មាន​ឈប់) បាន​ក្នុង​កាល (ម្យ៉ាង​ទៀត) លោក​អ្នក​ប្រាជ្ញ (នោះ) តែង​រមិល​មើល​នូវ​មនុស្ស​ពាល​អប្ប​ឥត​ប្រាជ្ញា (កំពុង​កើត​ស្លាប់) ដូច​ជា​គេ​ដែល​ឈរ​លើ​កំពូល​ភ្នំ ហើយ​មើល​មក​មនុស្ស​ដែល​ឈរ​នៅ​ខាង​ក្រោម ឃើញ​បាន​ដោយ​សព្វ​គ្រប់។

បុ. មនុស្ស​ដែល​មិន​ប្រមាទ ឬ​ប្រកប​ដោយ​សតិ​នោះ អាច​កម្ចាត់​បង់​នូវ​ធម៌​ប៉ុន្មាន​យ៉ាង​បាន ធម៌​នោះ​គឺ​អ្វី​ខ្លះ ? ចូរ​អធិប្បាយ

វិ. មនុស្ស​ដែល​ប្រកប​ដោយ​សតិ​នោះ អាច​កម្ចាត់​បង់​នូវ​ធម៌ ៤ ប្រការ​បាន គឺ​លះ​អភិជ្ឈា​និង​ទោមនស្ស ១ លះ​ទុច្ចរិត​បី ១ លះ​នីវរណៈ​ប្រាំ ១ លះ​អវិជ្ជា ១ ហើយ​ធ្វើ​ធម៌​ទាំង ៤ ប្រការ​ឱ្យ​ចម្រើន​ឡើង​គឺ ១- សំវរៈ ២- សុចរិត ៣- សមថកម្មដ្ឋាន[៦] ៤- វិបស្សនាបញ្ញា[៧]។ អធិប្បាយ​ថា ការ​ដែល​សង្រួម​ឥន្រ្ទិយ​ទាំង ៦ បាន​អាស្រ័យ​ដោយ​សេចក្ដី​មិន​ធ្វេសប្រហែស គឺ​លើក​សតិ​ឡើង​ពិចារណា​នូវ កាយ វេទនា ចិត្ត ធម្មារម្មណ៍ ឱ្យ​ឃើញ​ថា​ជា​របស់​មិន​ទៀង ជា​ទុក្ខ និង​ជា​អនត្តា។ លុះ​ពិចារណា​ដូច្នេះ​ហើយ ជា​ហេតុ​ឱ្យ​លះ​បង់​នូវ​អភិជ្ឈា​និង​ទោមនស្ស​បាន កាល​បើ​អភិជ្ឈាន​និង​ទោមនស្ស​រលត់​ហើយ ទើប​បំពេញ​នូវ​សុចរិត​ទាំង​បី​បាន លុះ​បំពេញ​សុចរិត​បាន​ផូរផង់​ល្អ​ហើយ ទើប​ចម្រើន​នូវ​សមថកម្មដ្ឋាន​បាន ជា​បច្ច័យ​ឱ្យ​ចម្រើន​នូវ​វិបស្សនា​បញ្ញា​ទៀត វិបស្សនា​បញ្ញា​នេះ​ជា​គ្រឿង​កម្ចាត់​ពូជ​អកុសល​ពោល​គឺ អវិជ្ជា​បាន។

ហេតុ​នេះ សេចក្ដី​មិន​ប្រមាទ​ចាត់​ជា​កំពូល​នៃ​កុសល​ធម៌​ទាំងពួង ដូច​ពុទ្ធភាសិត​ទ្រង់​ត្រាស់​សម្ដែង​ទុក​មក​ថា សេយ្យថាបិ ភិក្ខវេ យានិ កានិចិ ជង្គលានំ បាណានំ បទជាតានិ សព្វានិ តានិ ហត្ថិបទេ សមោធានំ គច្ឆន្តិ ហត្ថិបទំ តេសំ អគ្គមក្ខាយតិ យទិទំ មហន្តត្តេន ឯវមេវ ខោ ភិក្ខវេ យេ កេចិ កុសលា ធម្មា សព្វេ តេ អប្បមាទមូលកា អប្បមាទសមោសរណ អប្បមាទោ តេសំ ធម្មានំ អគ្គមក្ខាយតិ (ប្រែ​ថា) ម្នាល​ភិក្ខុ​ទាំងឡាយ ស្នាម​ជើង​សត្វ​ដែល​នៅ​លើ​ផែនដី​ទាំង​ប៉ុន្មាន ក៏​មក​ប្រជុំ​ចុះ​ក្នុង​ស្នាម​ជើង​ដំរី គឺ​ថា​តូច​ជាង​ស្នាម​ជើង​ដំរី​ទាំងអស់ ឯ​ស្នាម​ជើង​ដំរី តថាគត​ពោល​ថា​ជា​កំពូល​របស់​ស្នាម​ជើង​សត្វ​ទាំងអស់ ព្រោះ​ថា​ស្នាម​ជើង​ដំរី​នោះ​ជា​ស្នាម​ជើង​ធំ​ជាង​គេ យ៉ាង​ណាមិញ ម្នាល​ភិក្ខុ​ទាំងឡាយ ធម៌​ជា​កុសល​ទាំងអស់ ក៏​សឹង​មាន​សេចក្ដី​មិន​ប្រមាទ​ជា​ឫស​តែង​មក​ប្រជុំ​ក្នុង​អប្បមាទ​ទាំងអស់ តថាគត​ហៅ​អប្បមាទ​ធម៌ (នេះ) ជា​កំពូល​របស់​កុសល​ធម៌​ទាំងនោះ។

ហេតុ​នេះ​អ្នក​មាន​ប្រាជ្ញា​មិន​គួរ​ធ្វេស​ប្រហែស​ឡើយ ចូរ​នាំ​គ្នា​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ក្នុង​លោក​នេះ នឹង​បរលោក​ឱ្យ​បាន​ហើយ​ត្រូវ​រក្សា​ទ្រព្យ​ទាំង​ពីរ​នោះ​កុំ​ឱ្យ​ខូច​អន្តរាយ ហើយ​ចូរ​ឱ្យ​ប្រកប​ដោយ​អប្បមាទ​ធម៌ ហើយ​នឹង​បាន​ចួប​ប្រទះ​នូវ​សេចក្ដី​សុខ​ដ៏​ធំ​ទូលាយ ពោល​គឺ​ព្រះ​និព្វាន (ក្នុង​លោក​ខាង​មុខ)។

ចប់ ផ្នែក​ទី ១។

ផ្នែក​ទី ២

ក្នុង​ផ្នែក​ទី ២ នេះ​ក៏​ត្រូវ​និយាយ​ពី​អប្បមាទ​ទៀត ប៉ុន្តែ​មិន​បាន​ធ្វើ​ជា​ពាក្យ​សួរ​ឆ្លើយ​ទេ ធ្វើ​ជា​សេចក្ដី​អធិប្បាយ​តាម​អត្តនោមតិ​ខ្លះ នឹង​ដក​ស្រង់​យក​គាថា​ជា​ភាសិត​យក​មក​ទុក​ប្រដាប់​សតិ​បញ្ញា​របស់​កុលបុត្រ​អ្នក​សិក្សា​បរិយត្តិ​ធម៌​ខ្លះ​ប៉ុណ្ណោះ​ដូច​មាន​សេចក្ដី​ហូរហែ​ត​ទៅ​នេះ

ក្នុង​អដ្ឋកថា​ធម្មបទ​ប្រាប់​សេចក្ដី​ថា សូម្បី​ការ​រៀន​ពុទ្ធវចនៈ​គឺ​ព្រះ​ត្រៃបិដក​ទាំងមូល​បាន​ចេះ​ចាំ​នោះ​ក៏​ដោយ ព្រោះ​តែ​អាស្រ័យ​សេចក្ដី​មិន​ប្រមាទ​ទាំងអស់ ហេតុ​នេះ​សេចក្ដី​មិន​ប្រមាទ​ចាត់​ថា​ជា​ធម៌​អាច​ជម្រុល​មនុស្ស​ប្រុស​ស្រី ឱ្យ​រៀន​សូត្រ​ចំណេះ​វិជ្ជា​ផ្សេងៗ ឱ្យ​ចេះ​ចាំ​ទៅ​បាន ព្រោះ​ហេតុ​នោះ​ការ​ចេះ​ដឹង​មាន​មូល​មក​អំពី​មិន​ប្រមាទ ឯ​ការ​ចេះ​ដឹង​ក៏​ជា​មូល​របស់​សេចក្ដី​ល្អ​អាក្រក់​គ្រប់​យ៉ាង ឯ​សេចក្ដី​ល្អ​អាក្រក់​គ្រប់​យ៉ាង​នោះ​ទៀត​សោត​ច្រើន​មាន​មក​តែ​ក្នុង​ភាសិត​ទាំង ៤​យ៉ាង[៨] ឯ​ភាសិត​ទាំង ៤ យ៉ាង​នោះ​សឹង​មាន​ជា​ភាសា​បាលី ឬ​ភាសា​សំស្ក្រឹត បើ​មាន​ចារិក​ក្នុង​ភាសា​ឯ​ទៀត ៗ ជា​ភាសា​សម្រាយ​គ្រប់​ប្រទេស​នោះ ក៏​មាន​តិច​តួច ហើយ​មិន​ទៀង​ទាត់​ដូច​ជា ភាសា​បាលី​និង​ភាសា​សំស្ក្រឹត​ឡើយ។ ក៏​ឯ​ភាសា​ទាំង​ពីរ​នោះ​ជា​ភាសា​លំបាក​ពេក​ណាស់ បើ​អ្នក​ដែល​មិន​រៀន​សូត្រ​ឱ្យ​ចេះ​ដឹង​បាលី​ទេ ក៏​មិន​អាច​នឹង​ដឹង​សេចក្ដី​បាន​ឡើយ លុះ​តែ​អ្នក​ដែល​ខំ​រៀន​សូត្រ​ឱ្យ​ចេះ​ដឹង​បាលី​ទើប​មើល​យក​សេចក្ដី​បាន។

ឯ​ភាសិត​ជា​ភាសា​បាលី​នោះ ខ្ញុំ​នឹង​ដាក់​បន្ត​ទៅ​ខាង​មុខ​នេះ ចំណែក​ភាសិត​ជា​ភាសា​សំស្រ្កឹត[៩] នោះ​មិន​បាន​ដាក់​មក​ផង​ទេ។      

(១)     អលសស្ស     កុតោ  សិប្បំ   អសិប្បស្ស    កុតោ  ធនំ

អធនស្ស       កុតោ  មិត្តំ     អមិត្តស្ស       កុតោ  សុខំ

អសុខស្ស      កុតោ  បុញ្ញំ    អបុញ្ញស្ស     កុតោ  និព្វានំ

មនុស្ស​ខ្ជិល​និង​មាន​សិល្បសាស្ត្រ​ពី​ណា មនុស្ស​មិន​មាន​សិល្បសាស្ត្រ នឹង​រក​ទ្រព្យ​ពី​ណា​បាន មនុស្ស​មិន​មាន​ទ្រព្យ នឹង​មាន​មិត្ត​សម្លាញ់​ពីណា មនុស្ស​មិន​មាន​មិត្ត​សម្លាញ់ នឹង​បាន​សេចក្ដី​សុខ​ពី​ណា មនុស្ស​មិន​មាន​សេចក្ដី​សុខ នឹង​មាន​បុណ្យ​ពី​ណា នឹង​បាន​ព្រះ​និព្វាន​ពី​ណា។

(២)     សិប្បសមធនំ នត្ថិ     សិប្បំ  ចោរា  នគណ្ហន្តិ

ឥធ    លោកេសិប្បំ  មិត្តំ    បរលោកេ     សុខាវហំ។

ទ្រព្យ​ទាំងអស់ (ក្នុង​លោក​នេះ) ស្មើ​ដោយ​សិល្បសាស្ត្រ​មិន​មាន​ឡើយ ដ្បិត​សិល្បសាស្ត្រ​ចោរ​លួច​យក​ទៅ​មិន​បាន ក្នុង​លោក​នេះ បាន​សិល្បសាស្ត្រ​ជា​មិត្ត​សម្លាញ់ ដល់​ទៅ​ក្នុង​បរលោក នឹង​នាំ​សេចក្ដី​សុខ​មក​ឱ្យ។

(៣)    ពោធ  បុត្ត    សទា  វិជ្ជំ       មា      ខេទាចរិយំ    គរុំ

សទេសសេ    បូជិតោ រាជា   ពុធោ  សព្វត្ថ បីជិតោ។

កូន​ចៅ​អើយ​ចូរ​អ្នក​ខំ​រៀន​វិជ្ជា គ្រប់​កាល កុំ​ឱ្យ​លំបាក គ្រូ​អាចារ្យ​លោក​ដាស់​តឿន ដ្បិត​ព្រះ​រាជា មាន​មនុស្ស​បូជា (រាប់​អាន) តែ​ក្នុង​ប្រទេស​របស់​ព្រះ​អង្គ​ទេ ឯ​អ្នក​ប្រាជ្ញ មាន​គេ​បូជា (រាប់​អាន) គ្រប់​កន្លែង។

(៤)     ពោធ  បុត្ត    កិមាលសេ      អពោធោ       ភារវាហកោ

ពោធកោ       បូជិតោ  លោកេ        ពោធ  បុត្ត    ទិនេ   ទិនេ។

កូន​ចៅ​អើយ ចូរ​អ្នក​ខំ​រៀន​កុំ​ខ្ជិល​ច្រអូស ព្រោះ​មនុស្ស​ល្ងង់​ច្រើន​ធ្វើ​ការ​ធ្ងន់​ៗ ក្នុង​លោក​គេ​រាប់​អាន​តែ​ប្រាជ្ញ​ទេ ចូរ​កូន​ចៅ​ឯង​ខំ​ឱ្យ​បាន​ជា​អ្នក​ប្រាជ្ញមួយ​ថ្ងៃ​បន្តិចៗ។

(៥)     សព្វសុតមធិយេថ      ហីនមុក្កដ្ឋមជ្ឈិមំ

សព្វស្ស   អត្ថំ ជានេយ្យ        ន  ច   សព្វំ   បយោជយេ។

គួរ​រៀន​ចំណេះ​វិជ្ជា​គ្រប់​យ៉ាង ទោះ​បែប​ថោក​ទាប ខ្ពស់​កណ្ដាល​ក៏​ដោយ នឹង​គួរ​ដឹង​ប្រយោជន៍​សេចក្ដី​ចេះ​ដឹង​គ្រប់​យ៉ាង តែ​មិន​គួរ​ប្រកប​កិច្ច​គ្រប់​យ៉ាង​ទៅ​ទេ។

(៦)     ន       លោកេសោភតេ       មូឡ្ហោ កេវលត្កបសំសកោ

អបិសិម្បិ       ហិតោ កូបេ    កតវិជ្ជោបកាសិតោ។

មនុស្ស​ល្ងង់​ចេះ​តែ​លើក​តម្កើង​ខ្លួន​ប៉ុណ្ណោះ មិន​បាន​រុង​រឿង​ក្នុង​លោក​ឡើយ មនុស្ស​ដែល​មាន​ចំណេះ​វិជ្ជា ទោះ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ​ក៏​នៅ​តែ (មាន​មនុស្ស​រាប់​អាន)។

(៧)    មទន្តមទនំ    សត្ថំ   ខលានំកុរុតេ  មទំ

ចក្ខុសង្ខារកំ   តេជំ    ឧលូកានមិវន្ធកំ។    

គម្ពីរ​គឺ​ក្បួន​ច្បាប់ អាច​បង្ហាត់​មនុស្ស​ដែល​ស្រវឹង​បាន តែ​មិន​អាច​នឹង​ធ្វើ​សេចក្ដី​ស្រវឹង​របស់​មនុស្ស​ពាល​ឱ្យ​អស់​ទៅ​ទេ ដូច​ជា​ភ្លើង​ឱ្យ​ពន្លឺ​ដល់​មនុស្ស​ដែល​មាន​ភ្នែក ចំណែក​សត្វ​មៀម​ទៅ​ជា​ងងឹត​ភ្នែក​វិញ។

(៨)     ភោជនំ   មេថុនំ       និទ្ទា   គវ      បោសេ ច       វិជ្ជតិ

វិជ្ជា    វិសេសោ       បោសស្ស       តំ       ហីនោ គោណសមោ ភវេ។

ការ​បរិភោគ មេថុន​កម្ម ដេក មាន​ទួទៅ​ទាំង​គោ​ទាំង​មនុស្ស តែ​វិជ្ជា​ធ្វើ​បុរស​ឱ្យ​វិសេស បើ​បុរស​ដែល​មិន​មាន​ចំណេះ​វិជ្ជា​ទុក​ស្មើ​ដូច​ជា​គោ។

(៩)     យោ   សិស្សោ   សិប្បលោភេន     ពហុំ   ពហុំ   វ        គណ្ហតិ

មូគោវ       សុបិនំ       ន       សក្កា  កថិតុំ  បរំ។

សិស្ស​ឯណា​លោភ​ក្នុង​សិល្បសាស្ត្រ រៀន​ម្ដងៗ ចង់​ឱ្យ​បាន​ច្រើនៗ កូន​សិស្ស​នោះ​ទុក​ដូច​ជា​មនុស្ស​គ​ដេក​យល់​សប្ដិ ព្រោះ​និយាយ​ប្រាប់​គេ​មិន​កើត។

(១០)   ឧដ្ឋាន ឧបដ្ឋានាវ      សុស្សូសា      បរិចារិកា

សក្កច្ចំ សិប្បុគ្គហណំ គរុំ      អារាធយេ     ពុធោ។

ការ​ក្រោក​ទទួល ១ ការ​ទំនុក​បម្រុង ១ ជឿ​ស្ដាប់ ១ កិច្ច​បម្រើ ១ រៀន​សិល្បសាស្ត្រ​ដោយ​គោរព ១ (កិច្ច​ល្អ​ទាំង ៥ នេះ) អ្នក​មាន​ប្រាជ្ញា​គួរ​ធ្វើ​គ្រូ​ឱ្យ​លោក​ប្រោស​ប្រាណ។

(១១)  ឧបជ្ឈាចរិយានញ្ច     មាតាបិតូនមេវ        ច

សក្កច្ចំ យោ   នុបដ្ឋាតិសុតោបិ        តស្ស  តាទិសោ។

អាចារ្យ​ឯណា​មិន​ទំនុក​បម្រុង​ឧបជ្ឈាយាចារ្យ និង​មាតា​បិតា​ដោយ​គោរព​ទេ សូម្បី​កូន​សិស្ស​គេ​ក៏​មិន​ទំនុក​បម្រុង​អាចារ្យ​នោះ​ដែរ។

(១២)  ឧបជ្ឈាចរិយានញ្ច     មាតាបិតូនមេវ        ច

សក្កច្ចំ យោ   ឧបដ្ឋាតិសុតោបិ        តស្ស  តាទិសោ។

អាចារ្យ​ឯណា​តែង​ទំនុក​បម្រុង​ឧបជ្ឈាយាចារ្យ និង​មាតា​បិតា​ដោយ​គោរព​ហើយ សូម្បី​កូន​សិស្ស​ក៏​ទំនុក​បម្រុង​អាចារ្យ​នោះ​ដែរ។

(១៣) សភាវសទិសំ វាក្សំ    សភាវសទិសំ បិយំ

សភាវសទិសំ កោធំ    យោ   ជានាតិស      បណ្ឌិតោ។

អ្នក​ណា​ចេះ​និយាយ​ក៏​សម​គួរ​តាម​ភាព​ខ្លួន ចេះ​ស្រឡាញ់​ក៏​សម​គួរ​តាម​ភាព​ខ្លួន ចេះ​ខឹង​ក៏​សម​គួរ​ភាព​ខ្លួន អ្នក​នោះ​ទើប​ហៅ​ថា បណ្ឌិត (អ្នក​ចេះ)។

(១៤)  ហិរញ្ញេន      មិគានំ   សុសីលេន     អសីលិនោ

អធម្មិកស្ស    ធម្មេន  ពាលានម្បិ    សុតេនកឹ។

ហ្វូង​ម្រឹគ​ឥត​មាន​ត្រូវ​ការ​អ្វី​ដោយ​ប្រាក់ មនុស្ស​មិន​មាន​សីល​ក៏​ឥត​ត្រូវ​អ្វី​ដោយ​សីល​ល្អ មនុស្ស​ឥត​ធម៌​ក៏​មិន​ត្រូវ​ការ​អ្វី​ដោយ​ធម៌ ចំណែក​មនុស្ស​ពាល ដូចម្ដេច​នឹង​ត្រូវ​ការ​ដោយ​សេចក្ដី​ចេះ​ដឹង។

(១៥)  អប្បសុតាយំ  បុរិសោពលិពទ្ធោ      វ        ជីរតិ

មំសានិតស្ស  វឌ្ឍន្តិ   បញ្ញា  តស្ស  ន       វិជ្ជតិ។

បុរស​មិន​មាន​សេចក្ដី​ចេះ​ដឹង រមែង​រេច​រិល​ដូច​ជា​គោ​ទឹម​រទេះ ដុំ​សាច់​របស់​វា​ចេះ​តែ​ចម្រើន តែ​ត្រង់​បញ្ញា​របស់​វា​មិន​ចម្រើន​ឡើយ។

(១៦)  អប្បស្សុតោ   សុតំ   អប្បំ   ពហុំ   មញ្ញតិ មានិកោ

សិទ្ធូទកំ        អប្បស្សន្តោរ  កូបេតោយំវ   មណ្ឌុកោ។

មនុស្ស​ចេះ​ដឹង​តិច មាន​មានៈ​សម្គាល់​សេចក្ដី​ចេះ​ដឹង​តិច​ថា​ជា​ច្រើន ដូច​ជា​សត្វ​កង្កែប​ដែល​មិន​បាន​ឃើញ​សមុទ្រ ចេះ​តែ​សម្គាល់​ទឹក​អណ្ដូង​តូច​ថា​ច្រើន​ជាង (ទឹក​សមុទ្រ)។

(១៧)  សីហមេទ      សុវណ្ណេន      ន       ច       តិដ្ឋន្តិ  រជតេ

បណ្ឌិតានំ     តថា   វាក្សំ     ន       ច       តិដ្ឋន្តិ  ទុជ្ជនេ។

ខ្លាញ់​សត្វ​សីហៈ មិន​ដក់​នៅ​ក្នុង​ឆ្នាំង​មាស​នឹង​ប្រាក់​យ៉ាង​ណា​មិញ ឯ​ពាក្យ​របស់​បណ្ឌិត​ក៏​មិន​ដក់​នៅ​ក្នុង​ចិត្ត​មនុស្ស​ទុរជន​ដូច្នោះ​ឯង។

(១៨)  មហាតេជោបិ តេជោយំ       មត្តិកំ  ន       មុទុំ     ករេ

អាបោ បាបេតិមុទុកំ   សាធុ  វាចា    ច       កក្ខឡំ។

ភ្លើង​នេះ​សូម្បី​មាន​តេជះ​មហិមា ក៏​ធ្វើ​ដី​ឱ្យ​ទន់​មិន​បាន មាន​តែ​ទឹក​ទើប​ធ្វើ​ដី​ឱ្យ​ទន់​បាន ឯ​វាចា​របស់​សាធុជន រមែង​ធ្វើ​មនុស្ស​ដែល​រឹង​រូស​ឱ្យ​ទន់​ទៅ​បាន។

(១៩)  មុទុនាវរិបុំ      ជេតិ    មុទុនា ជេតិ   ទារុណំ

នាសិទ្ធិ មុទុនា កិញ្ចិ    យតោតោ      មុទុនា ជយេ។

គេ​ឈ្នះ​សត្រូវ​ក៏​ដោយ​ពាក្យ​ទន់ ឈ្នះ​សេចក្ដី​អាក្រក់​ក៏​ដោយ​ពាក្យ​ទន់ អ្វីៗ​ដែល​មិន​សម្រេច​ដោយ​ពាក្យ​ទន់​មិន​មាន​ឡើយ ហេតុ​នោះ​គប្បី​ឈ្នះ​ដោយ​ពាក្យ​ទន់​គ្រប់​យ៉ាង​ចុះ។

(២០)   បត្តកល្លោទិតំ   អប្បំ វាក្យំ     សុភាសិតំ      ភវេ

ខុទ្ទិតស្ស       កទន្នម្បិភុត្តំ    សាទុរសោ     ភវេ។

ពាក្យ​តិច​តួច​ដែល​និយាយ​ត្រូវ​តាម​កាល ក៏​ចាត់​ជា​ពាក្យ​ពីរោះ​បាន មើល​តែ​អាហារ​ដែល​មិន​ឆ្ងាញ់​ចុះ បើ​ឃ្លាន​ស៊ី​ទៅ​គង់​ទៅ​តែ​ឆ្ងាញ់។        

(២១)  សត្ថកាបិ       ពហុវាចា       នាទរា ពហុភាណិនោ

សោបការម្បុទាសីនំ  ននុ   ទិដ្ឋំ     នទី     ជលំ។

មនុស្ស​និយាយ​ច្រើន (ហួស​កាល) សូម្បី​វាចា​ច្រើន​នោះ​ប្រកប​ដោយ​ប្រយោជន៍ ក៏​មិន​សូវ​មាន​អ្នក​ណា​អើពើ​ឡើយ មើល​ចុះ​ទឹក​ក្នុង​ទន្លេ សូម្បី​មាន​ឧបការ​ច្រើន ពួក​ទាសី​អ្នក​ដង​ទឹក ក៏​ឥត​ឃើញ​ឧបការ (ទឹក) ខ្លះ។   

(២២)  មាតា  ហីនស្ស        ទុព្ភាសាបិតា   ហីនស្ស        ទុក្រិយា

ឧភោ  មាតាបិតា      ហីនា    ទុព្ភាសា    ច  ទុក្រិយា។

ម្ដាយ​និយាយ​អាក្រក់ កូន​ក៏​និយាយ​អាក្រក់​តាម បិតា​កិរិយា​អាក្រក់ កូន​ក៏​មាន​កិរិយា​អាក្រក់​តាម បើ​មាតា​បិតា​ទាប​ថោក (អាក្រក់) ទាំង​ពីរ​នាក់ កូន​ក៏​និយាយ​អាក្រក់​និង​មាន​កិរិយា​អាក្រក់​តាម។

(២៣) មាតា  សេដ្ឋស្ស       សុភាសា        បិតា   សេដ្ឋស្ស       សុក្រិយា

ឧភោ  មាតាបិតា      សេដ្ឋា  សុភាសា   ច  សុក្រិយា។

មាតា​និយាយ​ពាក្យ​ប្រសើរ​សុភាព កូន​ក៏​និយាយ​ពាក្យ​ប្រសើរ​សុភាព​តាម បិតា​មាន​កិរិយា​ប្រសើរ​សុភាព កូន​ក៏​មាន​កិរិយា​ប្រសើរ​សុភាព​តាម បើ​មាតា​និង​បិតា​និយាយ​ពាក្យ​ប្រសើរ​និង​កិរិយា​សុភាព​ទាំង​ពីរ​នាក់ កូន​ក៏​និយាយ​ពាក្យ​ប្រសើរ​និង​មាន​កិរិយា​សុភាព​តាម។

(២៤)  បថវីភូសនំ    មេរុ      រត្តិយា ភូសនំ សសី

ជនានំ ភូសនំ រាជា   សេនានំ        ភូសនំ គជោ។

ភ្នំ​ជា​គ្រឿង​ប្រដាប់​របស់​ផែនដី ក្នុង​រាត្រី​មាន​ព្រះ​ចន្រ្ទ​ជា​គ្រឿង​ប្រដាប់ ស្ដេច​ជា​គ្រឿង​ប្រដាប់​របស់​ជន​ទាំងឡាយ ដំរី​ជា​គ្រឿង​ប្រដាប់​របស់​សេនា។

(២៥)  សីលតោ       សោភតេ       រូបំ      ចារិតា សោភតេ      កុលំ

សបុប្ផាសោភតេ       រញ្ញំ     សគជាសោភតេ       ពលំ។

រូប​មាន​សីល​ជា​គ្រឿង​លម្អ ត្រកូល​មាន​ការ​ប្រព្រឹត្ត​ល្អ​ជា​គ្រឿង​លម្អ ព្រៃ​មាន​ផ្កា​ជា​គ្រឿង​លម្អ ពល​មាន​ដំរី​ជា​គ្រឿង​លម្អ (ដូច​គ្នា)។

(២៦)  កោកិលានំ    សទ្ទំ    រូបំ       នារីរូបំ បតិព្វតំ

វិជ្ជា    រូបំ      អរូបានិ ខមា   រូបំ      តបស្សិនំ។

សំឡេង​ស្រណោះ​ជា​រូប​ល្អ​របស់​សត្វ​តាវ៉ៅ សេចក្ដី​ពិត​ត្រង់​នឹង​ស្វាមី​ជា​រូប​ល្អ​របស់​នាង​នារី វិជ្ជា​ជា​រូប​ល្អ​របស់​មនុស្ស​អាក្រក់ សេចក្ដី​អត់​ធន់​ជា​រូប​ល្អ​របស់​ព្រះ​យោគី។

(២៧)  ទីបកេ ទីបកោចន្ទោ   នារិកេ ទីបកោ        បតិ

តិលោកេ       ទីបកោ   ធម្មោសុបុត្តោ        កុលទីបកោ។

ព្រះ​ចន្ទ្រ​ជា​ប្រទីប​ក្នុង​ទ្វីប ប្ដី​ជា​ប្រទីប​របស់​នារី ធម៌​ជា​ប្រទីប​ក្នុង​ត្រៃលោក កូន​ដែល​ល្អ​ជា​ប្រទីប​របស់​ត្រកូល។

(២៨)  អបុត្ត  ឃរំ     សុញ្ញំ    ទេសំ  សុញ្ញំ  អរាជិកំ        

អបញ្ញាស្ស    មុខំ     សុញ្ញំ   សព្វសុញ្ញំ     ទលិទ្ទកំ។

ផ្ទះ​មិន​មាន​កូន ហៅ​ថា​ផ្ទះ​សូន្យ​ទទេ ប្រទេស​ដែល​មិន​មាន​ស្ដេច ហៅ​ថា​ប្រទេស​សូន្យ​ទទេ មាត់​របស់​មនុស្ស​ឥត​បញ្ញា ហៅ​ថា​មាត់​សូន្យ​ទទេ សេចក្ដី​ក្រ​លំបាក ហៅ​ថា​សូន្យ​ទទេ​គ្រប់​យ៉ាង។

(២៩)  សោតំ សុតេនេវ       ន       កុណ្ឌលេន

ទានេនន       បាណី ន      តុកង្កណេន

អាភាតិកាយោបុរិសុត្តមស្ស

បរោបការេន ន      ចន្ទនេន។

មាន​ត្រចៀក​ប្រយោជន៍​តែ​នឹង​ស្ដាប់ មិន​មែន​មាន​គ្រាន់​តែ​សម្រាប់​ពាក់​ទំហូ​ទេ មាន​ដៃ​ប្រយោជន៍​នឹង​ឱ្យ​ទាន មិន​មែន​មាន​គ្រាន់​តែ​សម្រាប់​ពាក្យ​ខ្សែ​ដៃ​ទេ កាយ​របស់​មនុស្ស​ខ្ពង់​ខ្ពស់ ដែល​រុង​រឿង​បាន​ដោយ​សារ​ធ្វើ​ឧបការៈ​ឱ្យ​អ្នក​ដទៃ មិន​មែន​មាន​គ្រាន់​តែ​លាប​ខ្លឹម​ចន្ទន៍​ទេ។

(៣០)  ទានំ   អត្ថចរិយាបិយ-        វាចា    អត្តសមំបិ     ច

សង្គហា        ចតុរោ ឥមេ   មុនិន្ទេន        បកាសិតា។

ការ​ចែក​វត្ថុ​ឱ្យ ១ ប្រព្រឹត្ត​ប្រយោជន៍ ១ មាន​វាចា​គួរ​ស្រឡាញ់ ១ មិន​កាន់​ខ្លួន ១ ទាំង ៤ នេះ​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ប្រកាស​ថា​ជា​ធម៌​សម្រាប់​យឹត​យោង​លោក។

(៣១) វនេ    មិគា   ន       លភន្តិ  មតាភយា     និទ្ទសុខំ

រាជានោបិ     ន       លភន្តិ  ឧត្តរថាមភីតតោ ។

សំសារភយភីតេន    ន        រមន្តិ   យេ     បណ្ឌិតា។

ហ្វូង​ម្រឹគ​នៅ​ក្នុង​ព្រៃ រមែង​ដេក​មិន​លក់​ស្និទ្ធ​ព្រោះ​ខ្លាច​សេចក្ដី​ស្លាប់ ស្ដេច​ទាំងឡាយ​ផ្ទំ​មិន​លក់​ស្និទ្ធ​ព្រោះ​ខ្លាច​សត្រូវ​ដែល​មាន​កម្លាំង ឯ​បណ្ឌិត​មិន​សូវ​មាន​សេចក្ដី​រីក​រាយ​ព្រោះ​ខ្លាច​ភ័យ​ក្នុង​សង្សារ។

(៣២) ខមាជាគរិយុដ្ឋានំ      សំវិភាគោទយិក្ខនា

នាយកស្ស    គុណា  ឯតេ   ឥច្ឆតព្វាហិតត្ថិនោ។

សេចក្ដី​អត់​ធន់ ១ ប្រុង​ប្រយត្ន ១ ការ​ចែក​ចាយ ១ សេចក្ដី​អាណិត ១ សេចក្ដី​ប៉ុន​ប៉ង​ល្អ ១ ទាំង​នេះ​ជា​គុណ​របស់​មនុស្ស​ជា​នាយក​អ្នក​ដែល​ត្រូវ​ការ​ដោយ​ប្រយោជន៍​គប្បី​ប្រាថ្នា​ចុះ។

(៣៣) បរិភូតោ        មុទុ     ហោតិ  អតិតិក្ខញ្ច     វេរវា

ឯតញ្ច ឧភយំ ញត្វា   អនុមជ្ឈំ        សមាចរេ។

ទន់​គឺ​ខ្លាច​ពេក ក៏​គេ​ជិះ​ជាន់ រឹង​គឺ​កោង​ពេក គេ​ក៏​ចង​ពៀរ (ហេតុ​នេះ​អ្នក​មាន​ប្រាជ្ញា) កាល​បើ​ដឹង​សេចក្ដី​ទាំង​ពីរ​នេះ​ហើយ គួរ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​ជា​កណ្ដាល ៗ។

(៣៤) នេកន្តមុទុនា  សក្កា   ឯកន្តាតិតិក្ខេន        វា

មហត្តេឋបិតុំ  អត្តំ      តស្មា  ឧភយាមាចរេ។

មនុស្ស​ដែល​ទន់​គឺ​ខ្លាច​តែ​ម្យ៉ាង​ក្ដី មនុស្ស​ដែល​រឹង​គឺ​កោង​តែ​ម្យ៉ាង​ក្ដី មិន​អាច​នឹង​ធ្វើ​ខ្លួន​ឱ្យ​ធំ​បាន​ទេ ព្រោះ​ហេតុ​នោះ (អ្នក​មាន​ប្រាជ្ញា) គួរ​ប្រព្រឹត្ត​ទាំង​ពីរ​យ៉ាង (គឺ​កុំ​ខ្លាច​ពេក កុំ​ហ៊ាន​ពេក)។

(៣៥) មហារុក្ខកស្ស ផលិនោ        អាមំ   ឆិន្ទនតិយោ   ផលំ

រសញ្ចស្ស     ន       ជានាតិ ពីជញ្ចស្ស     វិនស្សតិ។

ឈើ​ធំ​មាន​ផ្លែ​គ្រប់​ដើម អ្នក​ណា​បេះ​យក​ផ្លែ​ខ្ចី​ទៅ អ្នក​នោះ​ឈ្មោះ​ថា​មិន​បាន​ដឹង​ឬ​លិឍ​រស​របស់​ផ្លែ​​ឈើ​នោះ​ផង ឈ្មោះ​ថា​ធ្វើ​ពូជ​របស់​ឈើ​ឱ្យ​វិនាស​ទៅ​ផង។

(៣៦) មហារុក្ខបមំ   រដ្ឋំ       អធម្មេន        បសាសតិ

រសញ្ចស្ស     ន       ជានាតិ រដ្ឋញ្ចាបិ       វិនស្សតិ។

ដែន​ប្រៀប​ដូច​ជា​ឈើ​ធំ បើ​ស្ដេច​ណា​គ្រប់​គ្រង​មិន​ត្រូវ​តាម​ធម៌ (ច្បាប់) ស្ដេច​នោះ​ឈ្មោះ​ថា​មិន​បាន​សោយរាជ្យ​នូវ​រស​ជាតិ​គឺ​ការ​គ្រប់​គ្រង​ផង ឈ្មោះ​ថា​ធ្វើ​ដែន​ទាំង​មូល​ឱ្យ​វិនាស​ផង។

(៣៧) ទានំ   សីលំ  បរិច្ចាគំ អជ្ជវំ   មទ្ទវំ   តបំ

អក្កោធំអវិហឹសញ្ច     ខន្តឹ     ច       អវិរោធនំ។

ទាន ១ សីល ១ ការ​បរិច្ចាគ ១ ចិត្ត​ត្រង់ ១ ចិត្ត​ទន់ ១ តបៈ ១ មិន​ក្រោធ ១ មិន​បៀតបៀន ១ អត់​ធន់ ១ កាន់​មិន​ខុស​យុត្តិធម៌ ១ ធម៌​ទាំង ១០ នេះ ព្រះ​រាជា​ត្រូវ​កាន់​កុំ​ឱ្យ​ធ្វេស​ប្រហែស។

(៣៨) មហារុក្ខស្ស   ផលិនោបក្កំ    ឆន្ទិតិ  យោ   ផលំ

រសញ្ចស្ស     វិជានាតិពីជញ្ចស្ស     ន       នស្សតិ។

ឈើ​ធំ​រមែង​មាន​ផ្លែ​គ្រប់​ដើម អ្នក​ណា​បេះ​យក​ផ្លែ​ទុំ​ទៅ (អ្នក​នោះ) ឈ្មោះ​ថា​បាន​ដឹង​ឬ​លិឍ​របស់​ឈើ​នោះ​ផង ឈ្មោះ​ថា​ធ្វើ​ពូជ​របស់​ឈើ​នោះ​មិន​ឱ្យ​វិនាស​ទៅ​ផង។

(៣៩) មហារុក្ខបមំ   រដ្ឋំ       ធម្មេន យោ  បសាសតិ

រសញ្ចស្ស     រិជានាតិរដ្ឋញ្ចាបិ       ន       នស្សតិ។

ដែន​ប្រៀប​ដូច​ជា​ឈើ​ធំ ស្ដេច​ណា​គ្រប់​គ្រង​ត្រឹម​ត្រូវ​តាម​ធម៌ (ច្បាប់) (ស្ដេច​នោះ) ឈ្មោះ​ថា​បាន​សោយ​នូវ​រស​គឺ​ការ​គ្រប់​គ្រង​នោះ​ផង ឈ្មោះ​ថា​បាន​ធ្វើ​ដែន​ទាំងមូល​មិន​ឱ្យ​វិនាស​ផង។

(៤០)   យោ   ច       រាជា   ជនបទំ អធម្មេន        បសាសតិ

សព្វោសធីហ សោ    រាជា    វិរុទ្ធោ  ហោតិ ខត្តិយោ។

ស្ដេច​ណា​គ្រប់​គ្រង​ជនបទ​មិន​ត្រឹម​ត្រូវ​តាម​ច្បាប់ ស្ដេច​នោះ​ឈ្មោះ​ថា​ជា​ក្សត្រ​ខុស​នឹង​ផ្កាយ (គឺ​ពួក​ទេពតា) រក្សា​ព្រះ​អង្គ​គ្រប់ ៗ ដួង។

(៤១)  បុត្តោ  បាបំ   កតោ  មាតា   សិស្សោ        បាបំ   កតោ  គរុ

នាគរេហិ       កតោ  រាជា    រាជា   បាបំ   បុរោហិតោ។

កូន​ធ្វើ​អាក្រក់ ក៏​គេ​តិះដៀល​ដល់​មាតា សិស្ស​ធ្វើ​អាក្រក់ ក៏​គេ​តិះដៀល​ដល់​គ្រូ អ្នក​នគរ​ធ្វើ​អាក្រក់ ក៏​គេ​តិះដៀល​ដល់​ស្ដេច ស្ដេច​ធ្វើ​អាក្រក់ ក៏​គេ​តិះ​ដៀល​ដល់​បុរោហិត (អ្នក​ប្រដៅ​ស្ដេច)។

(៤២)  ពាលស្ស       ជីវិតំ   អប្បំ    បណ្ឌិតស្ស    ពហូតរំ

ជនកាយស្ស  រាជាវ    រាជធម្មោវ     រាជុនំ។

ជីវិត​របស់​មនុស្ស​ពាល​តិច​ពេក​ណាស់ ជីវិត​របស់​បណ្ឌិត​ច្រើន​ជាង ស្ដេច​ជា​ជីវិត​របស់​ពួក​ជន រាជធម៌ (១០ ប្រការ) ជា​ជីវិត​របស់​ស្ដេច។

(៤៣) កច្ឆបីនញ្ច     មច្ឆីនំ    កុក្កុដីនញ្ច     ធេនុនំ

បុត្តបោសោ   យថា  ហោតិ  តថា   មច្ចេសុរាជុនំ។

មេ​អណ្ដើក មេ​ត្រី មេ​មាន់ និង​មេ​គោ វា​ចិញ្ចឹម​កូន​យ៉ាង​ណា ព្រះ​រាជា​គប្បី​ចិញ្ចឹម​អាណាប្រជានុ​រាស្ត្រ​យ៉ាង​នោះ​ដែរ។

(៤៤)  កុលសេដ្ឋោ   សប្បញ្ញេ       ច        វុឌ្ឍិ    សូរោ  ច       សីលវា

ពហុស្សុតោ   ឧដ្ឋានោ        ច        ធីរោ   សុគតិគាមិនោ។

នវេត  សុជនាសេដ្ឋា  បាបត្តានំ       និវារយេ។

មនុស្ស​មាន​ត្រកូល​ខ្ពស់ ១ មនុស្ស​មាន​ប្រាជ្ញា ១ មនុស្ស​មាន​សេចក្ដី​ចម្រើន ១ មាន​សេចក្ដី​ក្លៀវ​ក្លា ១ មនុស្ស​មាន​សីល ១ មនុស្ស​មាន​សេចក្ដី​ចេះ​ដឹង​ច្រើន ១ មនុស្ស​មាន​ព្យាយាម ១ អ្នក​ប្រាជ្ញ ១ មនុស្ស​មាន​សុចរិត​ធម៌​នាំ​ទៅ​កាន់​សុគតិ ១ មនុស្ស​ល្អ​ប្រសើរ​ទាំង ៩ ពួក​នេះ គប្បី​នាំ​គ្នា​ធ្វើ​ខ្លួន​ឱ្យ​ផុត​ចាក​បាប។

(៤៥)  ពុទ្ធោ  បច្ចេកពុទ្ធោ   ច        អរហា អគ្គសាវកោ

មាតា  បិតា   គរុ      សត្ថា    ទាយកោ       ធម្មទេសកោ។

បណ្ឌិតតេហិ ឥមេ   ទស     ន       ទុព្ភន្តីតិជាតិយា។

ព្រះ​ពុទ្ធ ១ ព្រះ​បច្ចេក​ពុទ្ធ ១ ព្រះ​អរហន្ត ១ ព្រះ​អគ្គ​សាវក ១ មាតា ១ បិតា ១ គ្រូ ១ សាស្ត្រាចារ្យ ១ ទាយក ១ អ្នក​សម្ដែង​ធម៌ ១ ទាំង ១០ ពួក​នេះ បណ្ឌិត​ទាំងឡាយ​ត្រូវ​ដឹង​ថា​ជា​មនុស្ស​មិន​គួរ​ប្រទុស្ត។

(៤៦)  សតំ   ទីឃាយុកោ   សព្វ-    សត្តានំសុខការណំ

អសតំ បន    សព្វេសំទុក្ខហេតុ       ន       សំសយោ។

លោក​សប្បុរស បើ​មាន​អាយុ​វែង ជា​ហេតុ​ឱ្យ​សេចក្ដី​សុខ​ដល់​សព្វ​សត្វ ឯ​មនុស្ស​អសប្បុរស បើ​មាន​អាយុ​វែង ទៅ​ជា​ហេតុ​នាំ​ឱ្យ​កើត​សេចក្ដី​ទុក្ខ​ដល់​សព្វ​សត្វ​វិញ កុំ​បាច់​សង្ស័យ​អ្វី​ឡើយ។

(៤៧)  ទោសំ បរស្ស បស្សតិអត្តទោសំ      ន       បស្សតិ

តិលមត្តំ        បរទោសំ        នាឡិកេរំ       ន       បស្សតិ។

មនុស្ស​ដែល​ឃើញ​តែ​ទោស​របស់​គេ តែង​មិន​បាន​ឃើញ​ទោស​ខ្លួន​ឯង (ចួន​កាល) ទោស​របស់​អ្នក​ដទៃ​ប៉ុន​គ្រាប់​ល្ង​នៅ​តែ​មើល​ឃើញ ទោស​ខ្លួន​ឯង​ប៉ុន​ផ្លែ​ដូង ក៏​នៅ​តែ​មើល​មិន​ឃើញ។

(៤៨)  ន  ជច្ចា   វសលោ    ហោតិ  ន       ជច្ចា   ហោតិ ព្រាហ្មណេ

កម្មុនា វសលោ        ហោតិ កម្មុនា ហោតិ ព្រាហ្មណេ។

មនុស្ស​ខូច ព្រោះ​ជាតិ​ក៏​មិន​មែន ព្រាហ្មណ៍​គឺ​មនុស្ស​ល្អ ព្រោះ​តែ​ជាតិ​ក៏​មិន​មែន ដែល​ជា​មនុស្ស​ខូច ក៏​ព្រោះ​កម្ម ដែល​ជា​ព្រាហ្មណ៍​គឺ​មនុស្ស​ល្អ ក៏​ព្រោះ​កម្ម (ដ្បិត​មនុស្ស​ខូច​និង​មនុស្ស​ល្អ សឹង​មាន​គ្រប់​ជាតិ​គ្រប់​សាសន៍)។

(៤៩)  ហីនជច្ចោបិ   ចេ      ហោតិ  ឧដ្ឋាតាធីតិមា នរោ

សីលអាចាររសម្បន្នោ និសេ  អគ្គីវ   ភាសិត។

នរជន​សូម្បី​កើត​ក្នុង​ត្រកូល​ទាប​ក៏​ដោយ បើ​មាន​សេចក្ដី​ព្យាយាម (ខំ​រៀន​សូត្រ) គង់​បាន​ទៅ​ជា​អ្នក​ប្រាជ្ញ បរិបូណ៌​ដោយ​សីល​និង​មារយាទ​រុង​រឿង​ក្នុង​ទី​ប្រជុំ ដូច​ជា​ភ្លើង​ភ្លឺ​ក្នុង​ទី​ងងឹត។

គាថា​ទាំង​៤៩ ដែល​បាន​ដក​យក​មក​នេះ គ្រាន់​ជា​គ្រឿង​ដាស់​តឿន​ស្មារតី​របស់​សាធុជន​គ្រប់​គ្នា កុំ​ឱ្យ​ភ្លេច​ខ្លួន ព្រោះ​ការ​ភ្លេច​ខ្លួន (ប្រមាទ) ជា​ពូជ​សេចក្ដី​ល្ងង់ បើ​មិន​ភ្លេច​ខ្លួន គឺ​មិន​ប្រមាទ ទើប​មាន​ពូជ​សេចក្ដី​ចេះ​ដឹង ហេតុ​នេះ​ការ​ចេះ​ដឹង ក៏​គង់​មក​ពី​មិន​ប្រមាទ​ដែរ។

ចប់​ផ្នែក​ទី ២ តែ​ប៉ុណ្ណោះ។

 

[១] ខុទ្ទកនិកាយសុត្តនិបាត។

[២] ធម៌​ទី ១ ដល់​ធម៌​ទី ៤ ចូរ​មើល​ក្នុង​សៀវភៅ​អរិយសច្ច ធម៌​ទី ៥ ដល់​ធម៌​ទី ៧ មើល​ក្នុង​សៀវភៅ​អភិធម្មសង្គហ ត្រង់​និយាយ​ពី​វដ្ដ ៣ ប្រការ ធម៌​ទី ៨ ចូរ​មើល​ក្នុង​សៀវភៅ​បដិច្ចសមុប្បាទ​ធម៌។

[៣] អត្ថ​របស់​អវិជ្ជា ២៣ យ៉ាង​នេះ មាន​ក្នុង​គម្ពីរ​ខុទ្ទកនិកាយចុល្លនិទ្ទេស។ ២ មាន​ក្នុង​គម្ពីរ​បដិសម្ភិទា​មគ្គ។

[៤]  មាន​ក្នុង​គម្ពីរ​បដិសម្ភិទា​មគ្គ។

[៥] ចូរ​មើល​ក្នុង​សៀវភៅ​អគ្គានុសាសនី។

[៦] ចូរ​មើល​ក្នុង​សៀវភៅ​អភិធម្មត្ថសង្គហ​របស់​ព្រះ​ឧត្ដម​មុនី នឹង​មាន​និយាយ​អំពី​ចរិត​និង​របៀប​ចម្រើន​ដោយ​សព្វ​គ្រប់។

[៧] ចូរ​មើល​ក្នុង​សៀវភៅ​អភិធម្មត្ថសង្គហ​របស់​ព្រះ​ឧត្ដម​មុនី នឹង​មាន​និយាយ​អំពី​ចរិត​និង​របៀប​ចម្រើន​ដោយ​សព្វ​គ្រប់។

[៨] ពុទ្ធ​ភាសិត ១ សាវក​ភាសិត ១ ឥសី​ភាសិត ១ ទេវតា​ភាសិត ១។

[៩] ចូរ​មើល​ក្នុង​ភាសិត​ដែល​ព្រះតេជព្រះគុណ​ព្រះ​វិសុទ្ធិវង្ស បាន​រៀប​រៀង​បោះ​ពុម្ព​បញ្ចុះ​ជ្រំ​ជា​មួយ​គ្នា​នឹង​សៀវភៅ​នេះ​ចុះ។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី១២

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments