នានាភាសិត
ព្រះគ្រូមុនីសោភ័ណ សោម – ឡុច
ក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសបណ្ឌិត្យ រៀបរៀង
ក្នុងលោកនេះ មនុស្សទាំងអស់ ទោះប្រុសក្ដី ស្រីក្ដី ក្មេងក្ដី ចាស់ក្ដី រមែងប្រកបដោយទុក្ខច្រើន សុខតិច កម្រមាននរណានឹងឆ្លងផុតអំពីទុក្ខបានឡើយ កាលបើត្រូវទុក្ខជាទម្ងន់ណាមួយមកបៀតបៀនម្ដង ៗ ហើយក៏ភិតភ័យតក់ស្លុតញាប់ញ័រ ដូចជាស្លឹកឈើដែលត្រូវខ្យល់បក់ ខំស្រែកអំពាវនាវគេឱ្យជួយ នេះព្រោះតែជីវិតមួយនាំឱ្យព្រួយលំបាកដល់គេឯង ប្រសិនបើដឹងថាគ្នីគ្នាមានទុក្ខធុរៈគ្រោះថ្នាក់ជាទម្ងន់ហើយ ពួកមិត្តសម្លាញ់មិនត្រូវធ្វើតោះតើយព្រងើយទេត្រូវតែឈឺឆ្អាលយកចិត្តទុកដាក់ជួយដោះទុក្ខគ្នា ឱ្យបានឆាប់រួសរាន់ទាន់ពេលវេលា ទោះបីរស់ស្លាប់ជាមិនជា ក៏ត្រូវតែជួយសង្រ្គោះគ្នាឱ្យពេញបន្ទុក កុំមើលបំណាំ កុំរត់ចោលគ្នា ទើបបានហៅថាស្រឡាញ់រាប់អានគ្នីគ្នា ដោយចិត្តស្មោះត្រង់មែន។
មួយយ៉ាងទៀត ក្នុងលោកនេះ មានជនខ្លះស្រឡាញ់រាប់អានគ្នាត្រង់តែទ្រព្យរបស់ដែលឱ្យគ្នាទៅវិញទៅមកប៉ុណ្ណោះ ពេលណាគ្នាមានទុក្ខធុរៈជាទម្ងន់ ក៏វេះគេចបាត់ លែងនឹកនា លែងជួយ លែងរវល់សោះ ជនបែបនេះមិនត្រូវយកធ្វើជាមិត្តសម្លាញ់ទេ។ ការដែលរាប់អានស្រឡាញ់គ្នាដោយស្មោះត្រង់ល្អពិតប្រាកដនោះ មិនមែនបានតែត្រឹមឱ្យរបស់អ្វី ៗ ដល់គ្នីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ គឺសំដៅយករហូតដល់គ្នីគ្នាមានទុក្ខធុរៈគ្រោះថ្នាក់យ៉ាងធ្ងន់ ស្ទើរតែនឹងក្សិណក្ស័យជីវិត ហើយចេះគិតគូររកឧបាយជួយដោះទុក្ខគ្នាបាន យ៉ាងនេះឯង ទើបបានហៅថា រាប់អានស្រឡាញ់គ្នា ដោយចិត្តស្មោះត្រង់ពិតមែន រឿងនេះត្រូវគ្នានឹងភាសិតបុរាណដែលលោកបានពោលទុកមកថា « ដឹងគ្នាទាន់គ្រាក្រ សម្បុរល្អទាន់ខែកត្តិក » ពាក្យនេះមិនចាំបាច់អធិប្បាយទុកឱ្យពួកលោកអ្នកបញ្ញាទាំងឡាយពិចារណាមើលចុះ។ តពីនេះទៅ យើងសូមនាំនិទានមកដាក់បន្ទាប់ចុងសេចក្ដី ដើម្បីគ្រាន់បានជាមេគំនិតរបស់អស់លោកអ្នកគ្រប់គ្នា។
អំពីរឿងសត្វតិរច្ឆានជួយសង្រ្គោះគ្នា
សូមដំណាលរឿងនោះ ដោយសង្ខេបខ្លី តាមសេចក្ដីក្នុងកុរុង្គមិគជាតកទុកនិបាតថា « ក្នុងអតីតកាលកន្លងទៅហើយ គ្រានោះ មានសត្វប្រើស ១ អណ្ដើក ១ បក្សីរងាវកក ១ សត្វទាំង ៣ នេះជាសម្លាញ់នឹងគ្នានៅអាស្រ័យក្នុងព្រៃហិមពាន្ត អណ្ដើកនៅក្នុងស្រះ ប្រើសនៅក្នុងព្រៃក្បែរស្រះនោះ រងាវកកនៅលើចុងឈើក្បែរស្រះនោះដែរ។ ក្នុងសម័យមួយ មានព្រានម្នាក់ដើរស្វែងរកបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស្នាមជើងប្រើសចុះផឹកទឹកស្រះនោះថ្មីៗ ក៏យកអន្ទាក់ព្រត្រ ៣ ធ្លុងទៅដាក់ក្បែរកំពង់ទឹកនោះ លុះដល់បឋមយាមរាត្រី ប្រើសនោះចុះទៅផឹកទឹក ក៏ជាប់ក្នុងអន្ទាក់នោះបង្រាសរើខ្លួនមិនរួច ភ័យភិតខ្លាំងពេកណាស់ ក៏ស្រែកសម្រែកយ៉ាងខ្លាំងឮដល់ទៅអណ្ដើកនិងរងាវកកជាសម្លាញ់ សត្វទាំងពីរនោះក៏បានមកចួបជុំគ្នាគិតរកឧបាយជួយដោះ ឯរងាវកកនិយាយនឹងអណ្ដើកថា « នែអណ្ដើក ឥឡូវប្រើសសម្លាញ់យើងមានគ្រោះថ្នាក់ជាប់អន្ទាក់គេហើយ តើឯងគិតដូចម្ដេច ? អណ្ដើកថា « អញទាល់គំនិតមិនដឹងគិតផ្លូវណាទេវ៉ើយ » រងាវកកថា « បើដូច្នោះ សម្លាញ់ឯងសុខចិត្តធ្វើតាមអញឬទេ » អណ្ដើកថា « បើសម្លាញ់ឯងនិយាយត្រូវ អញធ្វើតាម បើនិយាយខុស អញមិនធ្វើតាមទេ » រងាវកកថា « ឯងចាំស្ដាប់ចុះ អញប្រាប់ឧបាយឱ្យយ៉ាងស្រួលថា អណ្ដើកឯងមានធ្មេញរឹងប៉ឹងគ្រាន់បើ អើចូរឯងទៅខាំអន្ទាក់នោះចុះ ឯខ្លួនអញគ្មានធ្មេញទេ មានតែចំពុះ ព្រោះហេតុនោះ ខាងឯធ្វើដំណើរមិនឱ្យព្រានមកដល់ឆាប់ ស្រេចលើរូបអញទាំងអស់ តើឯងយល់ព្រមឬទេ ? » អណ្ដើកថា « អើឯងគិតនេះពេញជាត្រូវណាស់ហើយ អញឥតយល់ទាស់ទេ ប៉ុន្តែថប់ក្រែងចួនជាខាំខ្សែអន្ទាក់នោះទៅវាក្រដាច់ក្ររបើក ហើយស្រាប់តែលេចព្រាននោះមកដល់ថ្លើម ខ្លួនអញជាអណ្ដើកមុខជានឹងស្លាប់ក្នុងកណ្ដាប់ដៃព្រាននោះមិនខានឡើយ រងាវកកថាសម្លាញ់ឯងខំប្រឹងប្រែងទៅចុះ កុំរួញរា ទោះបីមិនសម្រេចដូចប្រាថ្នាក៏គង់តែការនោះបានធូរខ្លះមិនខាន » អណ្ដើកនោះក៏ព្រមធ្វើតាមហើយក៏វារទៅខាំខ្សែអន្ទាក់នោះ។ ចំណែកខាងរងាវកក ក៏ហើរសំដៅទៅផ្ទះព្រាន លុះទៅដល់ក៏ទំលើចុងឈើក្បែរផ្ទះព្រាននោះ ដើម្បីឃ្លាំចាំមើលព្រាននោះតើនឹងចេញទៅតាមផ្លូវណា។ លុះវេលាបច្ចូសសម័យព្រានក៏ភ្ញាក់អំពីដំណេកក្រោកឡើងលុបមុខមាត់រួចស្រេចបាច់ហើយក៏លូកដៃចាប់ យកលំពែងចេញដើរតាមទ្វារខាងកើតផ្ទះ ដើម្បីនឹងទៅមើលអន្ទាក់ រងាវកកឃើញហើយក៏ហើរស្ទាក់ឆាបមុខមាត់ព្រាននោះមិនឱ្យធ្វើដំណើរទៅបានឡើយ ព្រានកើតមួម៉ៅក្ដៅចិត្តក៏និយាយស្ដីថា « អាសត្វកាឡកណ្ណី ហេតុអីបានជាឯងហើរមកស្ទាក់មុខអញទំនងជានឹងមានគ្រោះថ្នាក់ដល់អញទេដឹង ឬមួយយ៉ាងណា » ? ថាដូច្នោះហើយក៏ត្រឡប់វិលទៅដេកឯផ្ទះវិញ លុះដេកមួយស្របក់ភ្ញាក់ក្រោកឡើងទាញលំពែងកាន់ដើរចេញតាមទ្វារខាងលិចផ្ទះវិញ ឯរងាវកកឃើញហើយក៏ហើរទៅស្ទាក់ឆាបមុខមាត់ព្រាននោះទៀត ព្រានក្ដៅចិត្តខ្លាំងពេកដើរទៅមិនរួច ក៏ត្រឡប់វិលទៅដេកឯផ្ទះម្ដងទៀត។ ឈប់ស្លេះប៉ុណ្ណេះនឹងនិយាយអំពីអណ្ដើកឯណោះវិញ កាលក្រោយរងាវកកមកនោះ អណ្ដើកក៏ខំប្រឹងខាំខ្សែអន្ទាក់ដរាបទាល់តែឈាមធ្មេញអស់ដាច់បានតែត្រឹម ២ ធ្លុង នៅសល់ ១ ធ្លុង ក៏នឿយហត់អស់កម្លាំងនឹងខំប្រឹងខាំតទៅទៀតមិនបាន ឈឺខ្លួនប្រាណខ្លាំងពេកក៏ក្រាបដេកក្បែរអន្ទាក់នោះឯង។ លុះដល់វេលាព្រះអាទិត្យរះភ្លឺច្បាស់មេឃា ព្រានភ្លាក់ក្រោកឡើងម្នីម្នាប្រវាចាប់យកលំពែងកាន់ដើរចេញអំពីផ្ទះ ប្រាថ្នានឹងទៅមើលអន្ទាក់ម្ដងទៀត។ វេលានោះរងាវកកក៏ឈប់ហើរទៅឆាបមុខមាត់ព្រានទៀតហើយ ព្រោះគិតថាពេលថ្មើរណេះ ល្មមអណ្ដើកខាំខ្សែអន្ទាក់ដាច់អស់ហើយ ក៏ហើរទៅមុនព្រានដោយឆាប់ប្រញាប់ លុះទៅដល់ហើយទើបសួរទៅអណ្ដើកថា វ៉ើយសម្លាញ់ ឯងខាំខ្សែអន្ទាក់ដាច់អស់ហើយឬនៅ មិនទាន់បានដាច់អស់ទេសម្លាញ់ដាច់បានតែ ២ ធ្លុង នៅសល់ ១ ធ្លុងទៀត ឥឡូវឈាមហូរចេញអំពីធ្មេញអំពីមាត់អញៗ ខំប្រឹងខាំតទៅទៀតមិនបានទេ ណាមួយនឿយព្រួយអស់កម្លាំងពេកណាស់ អញឈប់សម្រាកបន្តិចសិន សម្លាញ់ឯងឈប់សម្រាកឯណាក៏បាន មិនបានទេ ព្រោះព្រានគាត់មកកាន់តែជិតដល់ហើយ ក្រែងវាស្លាប់ទាំងអស់គ្នាហ្នឹងទៅ ស្លាប់ក៏ស្លាប់ចុះមិនដឹងធ្វើម៉េចទេ ឱ្យខំខាំខ្សែអន្ទាក់ទៀត ឯណាក៏បាន បើគ្នាឈាមធ្មេញអស់ទៅហើយ បើអាសម្លាញ់ឯងគ្រាន់បើ ម៉េចក៏មិនទៅលបន្តិចមើល។ សត្វទាំងពីរកំពុងតែជជែកគ្នា មិនយូរប៉ុន្មាន ក៏ស្រាប់តែលេចព្រាននោះទៅដល់ ព្រាននោះក្រឡេកមើលទៅឃើញប្រើសជាប់អន្ទាក់ដូច្នោះក៏កាន់លំពែងស្ទុះទៅប្រុងនឹងចាក់ ប្រើសភ័យណាស់ក៏ប្រឹងលើកជើងកន្រ្ទាក់ខ្សែអន្ទាក់ក៏ដាច់អស់មួយរំពេច ហើយបោលវេះគេចចូលទៅក្នុងព្រៃ ព្រានក៏នឹកតូចចិត្តពេក ក្រឡេកមើលទៅឃើញអណ្ដើកដេកក្បែរទីនោះ ក៏ស្ទុះទៅចាប់រើសដាក់ក្នុងស្បោងហើយយកទៅពាក់លើដង្គត់ឈើ ឯប្រើសនោះងាកមើលមកក្រោយវិញ ឃើញព្រានកំពុងតែចាប់អណ្ដើកដាក់ក្នុងស្បោង យកទៅពាក់លើដង្គត់ឈើដូច្នោះក៏មានចិត្តអាណិតពេកណាស់ គិតថាឱសម្លាញ់អញ កាលអញមានទុក្ខទោស ចេះជួយដោះទុក្ខអញបាន ឥឡូវសម្លាញ់អញមានទុក្ខត្រូវតែអញជួយដោះទុក្ខគេវិញ គិតដូច្នោះហើយក៏ធ្វើហាក់ជាបោលតិចៗ ព្រានក៏រត់ដេញតាមប្រើសៗ បោលចូលក្នុងព្រៃជ្រៅ ព្រានតាមជ្រុលទៅខាងមុខ ប្រើសវេះគេចមកខាងក្រោយបោលវិលត្រឡប់មកវ័ធស្បោងនោះដាច់ធ្លុះធ្លាយធ្លាក់អណ្ដើកមកដល់ដី ហើយនាំយកអណ្ដើកបង្វេះគេចចូលទៅក្នុងព្រៃបាត់ លុះព្រាននោះតាមរកប្រើសមិនឃើញក៏ត្រឡប់វិលមកវិញ ដល់មកកន្លែងហើយក្រឡេកមើលទៅស្បោងលើដង្គត់ឈើ ក៏ធ្លាក់ដាច់ដោចអស់ ទាំងអណ្ដើកក៏បាត់រកមើលមិនឃើញក៏កើតទោមនស្សអន់ចិត្តវិលត្រឡប់ទៅផ្ទះវិញ។
គ្រាក្រោយមក សត្វទាំង ៣ ក៏បានមកចួបជុំគ្នា ស្រឡាញ់រាប់អានគ្នា ត្រាតែអស់ជីវិតរៀងខ្លួន។
ចប់រឿងការសង្រ្គោះគ្នា ប៉ុណ្ណេះ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ១ ឆ្នាំទី ១៧ ខ្សែទី ២ គ.ស. ១៩៤៥ ព.ស. ២៤៨៥