វីរិយ​កថា

សារវន្តកថា
អាចារ្យ សូរ ហាយ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក
រៀបរៀង

វីរិយ​កថា

អាចារ្យ សូរ ហាយ វត្ត​ឧណ្ណាលោម ភ្នំពេញ ក្រុម​ជំនុំ​ប្រែ​ព្រះ​ត្រៃបិដក ក្នុង​ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ នៅ​ព្រះ​រាជ​បណ្ណាល័យ​កម្ពុជា បាន​ដក​ស្រង់​ពី​គម្ពីរ​ផ្សេងៗ មាន​គម្ពីរ​សំយុត្ត​និកាយ​ជា​ដើម​មក​អធិប្បាយ។

នមត្ថុរតនត្តយស្ស

 វាយមេថេវ    បុរិសោ  យាវ   អត្ថស្ស   និប្បទា

 និប្ជន្នសោភណោ  អត្ថោ ខន្ត្យា  ភិយ្យោ  ន  វិជ្ជត។

ឥឡូវ​នេះ​និង​សម្ដែង​ព្រះ​សទ្ធម្ម​ទេសនា ពណ៌នា​អំពី​សេចក្ដី​ព្យាយាម ដែល​ជា​សាសន​ធម៌​របស់​ព្រះ​បរម​លោក​នាថ​មុនី ដើម្បី​ជា​ប្រយោជន៍​ដល់​សាសនិក​ជន អ្នក​ប្រាថ្នា​សេចក្ដី​សុខ សេចក្ដី​ចម្រើន និង​កុសល​សម្មា​បដិបត្តិ​តាម​សម​គួរ ដូច​សេចក្ដី​ដែល​និង​អធិប្បាយ​ពន្យល់​ផ្លូវ​ឱ្យ​កើត​សតិ​បញ្ញា​ត​ទៅ​នេះ។

ជន​ទាំងឡាយ​ដែល​កើត​មក​ក្នុង​លោក​នេះ មិន​រើស​ថា​ជន​ជាតិ​ណា​ឡើយ សុទ្ធ​តែ​មាន​ធុរៈ​មុខ​ការងារ​សម្រាប់​ខ្លួន​រាល់ៗរូប​ទាំងអស់ ជន​ជា​គ្រហស្ថ​ប្រុស​ស្រី​មាន​ធុរៈ​ធ្ងន់​ខាង​រក​ទទួល​ទាន​ចិញ្ចឹម​ជីវិត មាន​ស្រែ ចម្ការ លក់​ដូរ ឬ​ធ្វើ​រាជការ​ជា​ដើម ចំណែក​ខាង​អ្នក​បួស​ក៏​ត្រូវ​មាន​ធុរៈ​ផ្ទាល់​ខ្លួន ខាង​ផ្លូវ​សិក្សា​ប្រតិបត្តិ​ធម៌​វិន័យ​របស់​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់។ មនុស្ស​ទាំងអស់​ដែល​មាន​ប្រភេទ​ផ្សេង​គ្នា​ក្ដី ដូច​គ្នា​ក្ដី មាន​វ័យ​តិច​ច្រើន​ជាង​គ្នា​ក្ដី ជំនាន់​ដំណាល​គ្នា​ក្ដី  សុទ្ធ​តែ​ជា​អ្នក​មាន​បែរ​ឈម​មុខ​ទៅ​រក​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត ឬ​ផ្លូវ​សិក្សា​វិជ្ជា​សម្មាបដិបត្តិ​តែ​រាល់ៗខ្លួន ឥត​មាន​ទំនេរ​សោះ​ឡើយ ប៉ុន្តែ​ការងារ​ឬ​ផ្លូវ​សិក្សា​ទាំងនោះ​សោត ក្រ​ខ្លះ ងាយ​ខ្លះ ធ្ងន់​ខ្លះ ស្រាល​ខ្លះ សូម្បី​ធុរៈ​ដែល​ត្រូវ​ធ្វើ​នោះ​ប៉ុន​គ្នា ក៏​គង់​ផ្សេង​គ្នា​ដោយ​សេចក្ដី​ព្យាយាម​របស់​មនុស្ស​ដែល​ខ្លាំង​ខ្សោយ ឬ​មាន​ឧបាយ​អង់អាច​ជាង​គ្នា​មិន​ខាន។

មនុស្ស​ដែល​ជា​អ្នក​តាំង​ចិត្ត​ព្យាយាម​មាំ​មួន មិន​បណ្ដែត​បណ្ដោយ​ការងារ​ដែល​ខ្លួន​ត្រូវ​ធ្វើ​ត្រូវ​ប្រកប​នោះ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ក៏​ច្រើន។ មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ព្យាយាម ឬ​ក៏​ព្យាយាម​ធ្វើ​ទៅ​ដោយ​ខ្ជីខ្ជា ខ្ជិល​ច្រអូស​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ កម្រៃ​ផល​ដែល​កើត​អំពី​ការ​ព្យាយាម​របស់​គេ​នោះ​ក៏​ស្ដើង​ស្ដួច​តិច​ចុះ​តាម​ចំណែក។

សេចក្ដី​ព្យាយាម ឈ្មោះ​ថា​ជា​គុណធម៌​នាំ​ឱ្យ​សម្រេច​ផល​ប្រយោជន៍ តាម​និស្ស័យ​វាសនា​របស់​ខ្លួន ដូច​យ៉ាង​ប្រយោជន៍​បច្ចុប្បន្ន គឺ លាភ យស សរសើរ សុខ ជា​អារម្មណ៍​ដែល​អ្នក​ផង​គួរ​ប្រាថ្នា ដែល​យើង​ទាំងឡាយ​បាន​ប្រទះ​ឃើញ​ហើយ​ក្នុង​កាល​សព្វ​ថ្ងៃ​នេះ​ក្ដី ក្នុង​កាល​អនាគត​ដែល​មិន​ទាន់​មក​ដល់ តែ​គង់​និង​បាន​ឃើញ​ក្នុង​កាល​ខាង​មុខៗក្ដី លាភ យស សរសើរ សុខ ទាំង​នេះ​ដែល​និង​កើត​ឡើង​បាន សុទ្ធ​តែ​កើត​មាន​ឡើង​មក​អំពី​អំណាច​កម្លាំង​សេចក្ដី​ព្យាយាម​ទាំងអស់ មិន​មែន លាភ យស សរសើរ សុខ កើត​មាន​ឡើង​មក​អំពី​អំណាច​សេចក្ដី​ខ្ជិល​ច្រអូស​ឡើយ​ពណ៌នា​មក​ប៉ុណ្ណេះ​ឃើញ​ថា សេចក្ដី​ព្យាយាម​ពិត​ជា​ធម៌​បញ្ជូន​ឱ្យ​កើត​ប្រយោជន៍​យ៉ាង​ច្រើន មិន​មែន​តិច​ទេ។ សម​ដូច​ពុទ្ធ​ភាសិត​ដែល​បាន​លើក​ផ្ដើម​ទុក​មក​ខាង​ដើម​ថា “បុគ្គល​ជា​កូន​ប្រុស គួរ​ព្យាយាម​ឱ្យ​ណាស់ ទាល់​តែ​សម្រេច​ប្រយោជន៍ ឯ​ប្រយោជន៍​យ៉ាង​ថ្លៃ​ថ្លា​ដែល​សម្រេច​មក​ហើយ នោះ​មិន​មាន​ក្រៃលែង​ជាង​ខន្តី​ធម៌​ទេ”។

ព្រះ​ពុទ្ធ​ឱវាទ​នេះ​ហាក់​ដូច​ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់ ត្រាស់​ដាស់​តឿន​ឱ្យ​ព្យាយាម​ចំពោះ​តែ​បុរស មិន​ទួទៅ​ទៅ​ដល់​ស្ត្រី​ផង​ឡើយ ត្រង់​ណេះ​បើ​ប្រសិន​ណា​ជា​មាន​ពាក្យ​គេ​ឆ្លៀត​សួរ​មក​ថា ព្រោះ​ហេតុ​អ្វី​បាន​ជា​ពោល​ដាស់​តឿន​ចំពោះ​តែ​បុរស ? ឆ្លើយ​ថា មិន​មែន​ដូច្នោះ​ឡើយ ខាង​ស្ត្រី​ក៏​ព្រះ​អង្គ​ដាស់​តឿន​ឱ្យ​ព្យាយាម​ប្រកប​កិច្ច​ធុរៈ​ដែល​ល្មម​ធ្វើ​បាន​តាម​ចំណែក​ដូច​គ្នា ប៉ុន្តែ​បាន​ជា​ពោល​ប្រដៅ​យ៉ាង​នោះ ដោយ​ហេតុ​ថា​បុរស​នោះ​ពេញ​ទី​ជា​ភ្នាក់ងារ​នៃ​សេចក្ដី​ព្យាយាម​ជាង​ស្ត្រី ព្រោះ​ថា​ធម្មជាតិ​ជាតិ​ជា​បុរស​ជា​មនុស្ស​មាន​ទម្រង់​រាង​កាយ​ស្រលួត​ស្រឡះ​មាន​ឫកពា​ក្លៀវក្លា ទាំង​កម្លាំង​ក៏​រឹងប៉ឹង និង​ជា​អ្នក​ចេះ​អត់ ធន់​ទ្រាំ​ទ្រ​កិច្ចការ​ធ្ងន់ៗ គ្រាន់​បើ​ជាង​ស្ត្រី អាច​នឹង​ទទួល​ធុរៈ​ក្រ​លំបាក​ដែល​កើត​អំពី​ការ​ព្យាយាម​ប្រកប​កិច្ចការ​ទាំងពួង​ជាង​ស្ត្រី ម្យ៉ាង​ទៀត បុរស​ជា​មនុស្ស​មោះមុត​អង់​អាច​ជាង​ស្ត្រី ដូច​ការ​ស្វះ​ស្វែង​រក​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ​ក្នុង​លោក​នេះ​ក្ដី លោក​ខាង​មុខ​ក្ដី ក៏​បុរស​នេះ​ឯង​ជា​អ្នក​មាន​ទំនង​គួរ​ធ្វើ​ប្រយោជន៍​បាន​ច្រើន​យ៉ាង​ជាង​ស្ត្រី រួម​សេចក្ដី​ថា​បុរស​ជា​ប្រធាន​ឬ​ជា​ទី​តាំង​នៃ​សេចក្ដី​ព្យាយាម ហេតុ​ដូច្នោះ​ទើប​លើក​ឡើង​ដាស់​តឿន​ឱ្យ​ព្យាយាម​ជា​មុន។

ចំណែក​ស្ត្រី​ជា​មនុស្ស​មាន​រាង​កាយ​ទន់​ភ្លន់ កម្លាំង​ខ្សោយ​និង​សេចក្ដី​វាងវៃ​តិច មិន​សម​នឹង​ទទួល​កិច្ចការ​ក្រ​លំបាក​បាន​ងាយ​ដូច​បុរស ដូច​យ៉ាង​ពល​ទាហាន​ឬ​នាហ្មឺន​មុខ​មន្ត្រី​ធំៗ ក៏​សុទ្ធ​តែ​ប្រុស ព្រោះ​ឃើញ​ថា​ជា​អ្នក​ឈ្លាសវៃ​ជាង​ស្ត្រី បុរស​ឈ្មោះ​ថា​ជា​ភ្នាក់ងារ​ក្នុង​ការ​បង្ក្រាប​សត្រូវ ឈ្មោះ​ថា​ជា​អ្នក​មាន​តំណែង​ឥស្សរភាព​ច្រើន​ជាង​ស្ត្រី តែ​ស្ត្រី​ក៏​ត្រូវ​ព្យាយាម​ចាប់​ការងារ​តាម​ចំណែក​ដែល​ល្មម​ធ្វើ​បាន​ដូច​គ្នា។

ព្រោះ​ហេតុ​នោះ ជន​ទាំងឡាយ​ដែល​កើត​មក​ជា​កូន​ប្រុស​ត្រូវ​ប្រឹង​ប្រែង​ប្រកប​ការងារ​ក្នុង​ផ្លូវ​លោក​នេះ ដូច​ខំ​សិក្សា​ស្វែង​រក​វិជ្ជា​ណា​មួយ មាន​វិជ្ជា​ខាង​រដ្ឋបាល​ ​តុលាការ ​ឬ​វិជ្ជា​ខាង​ហត្ថកម្ម ការ​ជាង មាន​ជាង​មាស​ប្រាក់​ជា​ដើម ដែល​ខ្លួន​ស្មគ្រ​ចិត្ត​ធ្វើ​នោះ គឺ​ធ្វើ​ឬ​ប្រកប​ការ​នោះៗ ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​បណ្ដែត​បណ្ដោយ​ឡើយ ត្រូវ​តែ​ក្រវើន​ក្រតើន​ឡើង​ដើម្បី​នឹង​ធ្វើ​ដំណើរ​វិជ្ជា​សេចក្ដី​ឆ្លាស​របស់​ខ្លួន ឱ្យ​រូត​រះ​ឱ្យ​ទាន់​កាល​សម័យ​ព្រោះ​សម័យ ពោល​គឺ​របៀប​បែប​ផែន​ច្បាប់​ទម្លាប់​និង​ចំណេះ​វិជ្ជា​ជា​ដើម ក្នុង​កាល​ឥឡូវ​នេះ កាន់​តែ​ស្រូត​រូត​ជឿន​លឿន​ប្លែកៗ ទៅ​ជាង​ធម្មតា​ហើយ លុះ​តែ​ខំ​ព្យាយាម​ប្រឹង​កង្ខើញ​ឱ្យ​ណាស់ ទើប​នឹង​បាន​ស្រូប​ឡើង​ទាន់​កាល​សម័យ ក៏​បុគ្គល​ដែល​មាន​គំនិត​ភ្ញាក់​ឡើង​ទាន់​សម័យ​នេះ ចាត់​ថា​ជា​មនុស្ស​សប្បុរស​មួយ ហៅ​ថា កាលញ្ញុតា ប្រែ​ថា​អ្នក​ស្គាល់​កាល​សម័យ។

បុគ្គល​ដែល​មាន​គំនិត​លន់​លក់​មិន​ងើប​ឡើង​ចាប់​ព្យាយាម​ឱ្យ​ទាន់​កាល​សម័យ និង​វ័យ​របស់​ខ្លួន​នៅ​កំពុង​ចម្រើន ចេះ​តែ​បង្អង់ៗ​ទៅ មិន​ដឹង​កាល​វិនាស​កាល​ចម្រើន ដែល​កម្ម​បណ្ដាល​ឱ្យ​កើត​ឡើង ហៅ​ថា អកាលញ្ញុតា ប្រែ​ថា​អ្នក​មិន​ស្គាល់​កាល​ចាត់​ជា​អសប្បុរស​ម្យ៉ាង ន័យ​នេះ​មាន​ព្រះ​ពុទ្ធ​ឱវាទ​ដែល​ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ក្រើន​រំឭក​ទុក​មក​ថា

  ឧដ្ឋានកាលម្ហិ    អនុដ្ឋហានោ

  យុវា   ពលី   អាលសយំ    ឧបេតោ

  សំសន្នសង្កប្បមនោ  កិសីតោ

  បញ្ញាយ   មគ្គំ   អលសោ   ន   វិន្ទតិ។

សេចក្ដី​ថា បុគ្គល​មាន​វ័យ​គឺ​អាយុ​នៅ​ក្មេង កំពុង​មាន​កម្លាំង តែ​ផ្អែក​នឹង​ខ្ជិល​ច្រអូស​មិន​មាន​ព្យាយាម​រវៀស​​រវៃ​ក្នុង​កាល​ដែល​មាន​ទំនង​គួរ​រវៀស​រវៃ មាន​ចិត្ត​ត្រិះរិះ​ជាប់​ចំពាក់​មាំ​ក្នុង​កាម​គុណ មារយាទ​ព្រាំ​ព្រាល[១] ច្រអូស​កាយ​ច្រអូស​ចិត្ត​មិន​ដែល​បាន (ប្រទះ) នឹង​ផ្លូវ​បញ្ញា​ឡើយ។ ឱវាទ​នេះ​បំភ្លឺ​ឱ្យ​ឃើញ​ថា មនុស្ស​ប្រុស​ស្រី​ក្នុង​លោក​ដែល​កើត​មក​ហើយ មាន​រាង​កាយ​ធំ​ធាត់ ឥត​មាន​ពិការ​ខូច​អវយវៈ​ណា​មួយ មាន​កំបុត​ដៃ​ជា​ដើម​ទេ ទាំង​វ័យ​ក៏​នៅ​ក្មេង ល្មម​និង​ចាប់​ផ្ដើម​ព្យាយាម​ប្រកប​កិច្ចការ​ផ្លូវ​លោក​ឬ​ផ្លូវ​ធម៌ ឱ្យ​ទាន់​សម័យ​ដែល​ខ្លួន​កំពុង​ពេញ​កម្លាំង​នៅ​ឡើយ គួរ​តែ​ប្រញាប់​ប្រឹង​ប្រែង​កុំ​ឱ្យ​ហួស​សម័យ​នោះ​ទាន់ មិន​គួរ​នឹង​បណ្ដែត​បណ្ដោយ​ឱ្យ​វ័យ​អស់​ទៅ​តាម​យប់​និង​ថ្ងៃ​កន្លង​បាត់​ទៅ​ទទេ​ៗ​សោះ គួរ​ស្ដាយ​វ័យ​របស់​ខ្លួន​ណាស់ មិន​គួរ​បើ​និង​ដំអក់​ឱ្យ​ធ្លោយ​សោះ​ឡើយ ព្រោះ​ជាន់​បឋម​វ័យ រវាង​ពី​អាយុ ៦ ឬ ៧ ឆ្នាំ​ឡើង​ទៅ​ទល់​នឹង ៣០ ឆ្នាំ​នេះ​ជា​ឱកាស​ដ៏​ធំ​ទូលាយ​ងាយ​និង​ងាក​រេ​រក​កិច្ច​ធុរៈ ដែល​ខ្លួន​ស្មគ្រ​ចិត្ត ចំណែក​ខាង​គ្រហស្ថ ទោះ​បី​រៀន​អក្សរ រៀន​ច្បាប់​ទម្លាប់​ឬ​រៀន​ខាង​ហត្ថ​កម្ម​គឺ​ធ្វើ​ការ​ជាង មាន​ជាង​មាស ឬ​ជាង​ធ្វើ​រថយន្ត​ជា​ដើម ខាង​បព្វជិត និង​ចាប់​រៀន​សូត្រ​ព្រះ​បរិយត្តិ​ក៏​បាន​ងាយ ព្រោះ​កម្លាំង​កាយ កម្លាំង​ស្មារតី​នៅ​កំពុង​បរិបូណ៌។ វ័យ​ជាន់​ដំបូង​នេះ ពេញ​ហៅ​មាន​ទំនង​នាំ​ឱ្យ​កើត​ប្រយោជន៍​ត​វែង​ទៅ​មុខ​មិន​តិច​ឡើយ ទោះ​ជា​យ៉ាង​ណា​ក៏​ងាយ​និង​ត្រិះរិះ​រក​ឧបាយ​ផ្សេង​ៗ​ទៀត តែ​បើ​បណ្ដោយ​ឱ្យ​សេចក្ដី​ខ្ជិល​ច្រអូស​ឬ​សេចក្ដី​ស្រវឹង​ជ្រុល​ជ្រប់​ក្នុង​កាម​គុណ​ចូល​គ្រប​សង្កត់​បានហើយ សូម្បី​ចំណេះ​វិជ្ជា​ឬ​ប្រយោជន៍​អ្វី​មួយ ដែល​មាន​ទំនង​គួរ​និង​ចេះ គួរ​និង​បាន​មាន​កើត​ឡើង​ក៏​គង់​តែ​ត្រឡប់​វិនាស​ទៅ​វិញ​ពុំ​ខាន ឯ​សេចក្ដី​ខ្ជិល​នេះ មាន​អាការៈ​ជា​ទោស​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ច្រើន​យ៉ាង​ណាស់ ចំណែក​សេចក្ដី​ព្យាយាម​ជា​គុណ​ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សេចក្ដី​សុខ​ទាំង​លោក​នេះ​និង​ខាង​មុខ។ សម​ដូច​បាលី​ដែល​សម្ដែង​អំពី​តំណ​នៃ​សេចក្ដី​ខ្ជិល​និង​សេចក្ដី​ព្យាយាម​ថា

  អតិសិតំ        អតិឧណ្ហំ      អតិសាយមិទំ អហុ

  ឥតិ    វិស្សដ្ឋកម្មេន្ត អត្ថា   អច្ចេន្តិ មាណវេ    ប៉ុណ្ណេះ​ជា​ដើម

សេចក្ដី​ថា ប្រយោជន៍​ទាំងឡាយ តែង​កន្លង​ហួស មាណព​គឺ​មនុស្ស​កំលោះ ដែល​លះ​បង់​ការងារ​ត្រូវ​ធ្វើ​នោះ​ចោល​ដោយ​ទម្រន់​អាង​ថា ពេល​នេះ​រងា​ណាស់ នៅ​ក្ដៅ​ណាស់ ល្ងាច​ជ្រុល​ណាស់។ តែ​បើ​ជន​ឯណា កាល​ដែល​កំពុង​ធ្វើ​ការ​ដែល​បុរស​ត្រូវ​ធ្វើ​នោះ មិន​សម្គាល់​ត្រង់​ត្រជាក់ ត្រង់​ក្ដៅ (មក​ជា​ប្រមាណ) ដោយ​ក្រៃលែង​ជាង​ស្មៅ គឺ​ថា​ដាក់​ខ្លួន​ទុក​ដូច​ជា​ស្មៅ ជន​នោះ​នឹង​មិន​សាប​សូន្យ​អំពី​សេចក្ដី​សុខ​ឡើយ។

សេចក្ដី​នេះ​ពន្យល់​ឱ្យ​ឃើញ​ថា បុគ្គល​ដែល​ត្រូវ​ការ​ប្រារព្ធ​ព្យាយាម​យក​ចិត្ត​ទុក​ដាក់​ធ្វើ​កិច្ច​ការ​អ្វី​មួយ ត្រូវ​កុំ​ស្ដាយ​សាច់​ឈាម​ពណ៌​សម្បុរ កុំ​ទម្រន់ កុំ​ខ្លាច កុំ​រអា កុំ​រួញរា​នឹង​សេចក្ដី​ទុក្ខ​ព្រួយ​ហត់​នឿយ ដែល​កើត​អំពី​ការ​ព្យាយាម​នោះ​ឱ្យ​សោះ ព្រោះ​ថា​កិច្ចការ​ទាំងឡាយ​ក្នុង​លោក​នេះ ដែល​គេ​ត្រូវ​ព្យាយាម​គឺ​ថា​ត្រូវ​ចុះ​ដៃ​ធ្វើ ទោះ​បី​ធ្វើ​ដោយ​កម្លាំង​ឬ​ដោយ​កម្លាំង​តម្រិះ​គិត​គូរ តែង​តែ​និង​មាន​ឧបសគ្គ​គឺ​ឧបទ្រព​ទុក្ខ​ភ័យ​ចង្រៃ ចូល​មក​ច្រៀត​ជ្រែក​ប្រកួត​ប្រណាំង​គ្នា​នឹង​កិច្ច​ការ​នោះៗជា​ធម្មតា ការ​ចាប់​ផ្ដើម​ព្យាយាម​កិច្ច​ធុរៈ​នីមួយ​ៗ​នេះ​ដំបូង​ឡើយ តែង​ប្រទះ​ទុក្ខ​ព្រួយ​នឿយ​លំបាក​ខ្លះ​ជា​ទំនៀម សូម្បី​ព្យាយាម​ក្នុង​ផ្លូវ​កុសល​សុចរិត ក៏​គង់​បាន​ទុក្ខ​លំបាក​ដូច​គ្នា តែ​ទុក្ខ​លំបាក​នេះ​រមែង​ឱ្យ​ផល​មក​ជា​សុខ​ក្នុង​កាល​ខាង​ក្រោយ ហេតុ​ដូច្នោះ កាល​បើ​បុគ្គល​មាន​ព្យាយាម​ហើយ​ត្រូវ​ឱ្យ​មាន​ខន្តី សេចក្ដី​អត់​ធន់ មក​ជា​គូ​គ្នា​នឹង​វីរិយ ដើម្បី​ជា​ជំនួយ​វីរិយ ឱ្យ​តាំង​នៅ​មាំ​មួន ខន្តិ​ធម៌​នេះ​ជា​ធម៌​សម្រាប់​ជីក ឬ​ឆ្កឹះ​ចោល​នូវ​ទុក្ខ​ព្រួយ ឬ​ថា​ជា​ភាវៈ​ខាង​ជម្នះ​នូវ​ទុក្ខ ដែល​កើត​អំពី​សេចក្ដី​ព្យាយាម​នោះៗ ខន្តី​ធម៌​នេះ​រាប់​ថា​ជា​ជើង​សម្រាប់​ជួយ​ជ្រោមជ្រែង​ទប់​ទល់​វីរិយ​ទុក​កុំ​ឱ្យ​លើក​លះ​ចោល​កិច្ច​ធុរៈ ដែល​ត្រូវ​ធ្វើ​នោះ​ចេញ​បាន ឯ​វីរិយ​នេះ​កាល​បើ​មាន​ខន្តី​ជា​គូ​ហើយ​ទុក​ជា​ប្រទះ​អារម្មណ៍ ដែល​គួរ​ឱ្យ​កើត​ទុក្ខ​ភ័យ​ចូល​មក​រឹប​ជាន់​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​រុះ​រើ​លះ​កិច្ច​ធុរៈ​នោះ​ចោល​បាន ព្រោះ​មាន​ខន្តី​ធម៌​នេះ​ជា​កម្លាំង​ជួយ​គាំពារ វីរិយ​និង​ខន្តី ទាំង​ពីរ​នេះ​ជា​ធម៌​ជាន់​ខ្ពស់ មាន​គុណានិសង្ស​ធំ​ទូលាយ​យ៉ាង​ក្រៃលែង សូម្បី​ព្រះ​សម្មាសម្ពុទ្ធ​ក៏​ព្រះ​អង្គ​ទ្រង់​បាន​បំពេញ​មក​ហើយ​ដែល​ហៅ​វីរិយ​បារមី ខន្តី​បារមី​នោះ​ឯង។ មួយ​វិញ​ទៀត វីរិយនិង​ខន្តី​នេះ កាល​បើ​មាន​បុគ្គល​ណា​ហើយ តែង​នឹង​បបួល​ដឹក​អន្ទង​បុគ្គល​នោះ​ឱ្យ​ក្លាហាន ប្រកប​កិច្ច​ធុរៈ​គ្រប់​យ៉ាង ប្រមូល​សេចក្ដី​អធិប្បាយ​មក​ថា បុគ្គល​អ្នក​ប្រកប​ដោយ​វីរិយ​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​ហើយ​និង​ខន្តី​សេចក្ដី​អត់​ធន់ ដូច​ថ្លែង​មក​នេះ​អាច​និង​បដិសេធ​ទុក្ខ​ភ័យ​ទាំងពួង​បាន លែង​មាន​ញាប់​ញ័រ​តក់ស្លុត​នឹង​អារម្មណ៍​ដែល​ប៉ះ​ពាល់​មក​នោះ​ឡើយ លុះ​ខាង​ក្រោយ​មក ក៏​ឱ្យ​ផល​យ៉ាង​វិសេស ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​មាន​ឈ្មោះ​ល្បី​ល្បាញ​ឡើង ដោយ​អំណាច​វិជ្ជា​ដែល​កើត​អំពី​ការ​ប្រឹង​ប្រែង​អត់​ធន់​នោះ​មក កាល​បើ​សម្បូណ៌​ដោយ​វិជ្ជា​ហើយ ទោះ​បី​ធ្លាប់​ជា​អ្នក​កំព្រា​គ្មាន​មិត្រ​សម្លាញ់ ឬ​ជា​អ្នក​ក្រ​ទ្រព្យ​សម្បត្តិ​មក​អំពី​ដើម ឬ​ជា​អ្នក​ថោក​ទាប​ដោយ​រូប​សម្បត្តិ​យ៉ាង​ណា ក៏​គង់​ត្រឡប់​ទៅ​ជា​មនុស្ស​ថ្កុំថ្កើង​រុង​រឿង​គ្រប់​យ៉ាង​ទាំងអស់​បាន ព្រោះ​ហេតុ​ដូច្នោះ​ជន​ទាំងឡាយ​គ្រប់​គ្នា ទោះ​អ្នក​មាន​សម្បត្តិ​ស្ដុកស្ដម្ភ​ក្ដី ខ្សត់​ក្ដី គួរ​តែ​ខំ​ព្យាយាម​ស្វះ​ស្វែង​រក​វិជ្ជា​ដែល​ជា​គុណ​សម្បត្តិ គឺ​ជា​លម្អ​យ៉ាង​ខ្ពស់​សម្រាប់​ខ្លួន។ ឯ​បុគ្គល​មាន​ភោគ​សម្បត្តិនិង​រូប​សម្បត្តិ​ហើយ តែ​បើ​គ្មាន​វិជ្ជា​សម្បត្តិ​ទៀត ក៏​ទុក​ដូច​ជា​មនុស្ស​ក្រី​ក្រ​សម្បត្តិ ទុក​ដូច​ជា​មនុស្ស​ពិការ មិន​រុង​រឿង​ក្នុង​ត្រកូល​នោះ​ឡើយ សម​ដូច​សុភាសិត​ថា “រូបយោនព្វនសម្បន្នោ វិសាលកុសលសម្ភវោ វិជ្ជាហីនោ ន សោភេតិ និគន្ធា ឥវកឹសុកា” សេចក្ដី​ថា “បុគ្គល​បាន​កើត​ក្នុង​ត្រកូល​ខ្ពស់ បរិបូណ៌​ដោយ​រូប​និង​វ័យ​ហើយ (តែ​បើ) សាប​សូន្យ​ចាក​វិជ្ជា រមែង​មិន​ល្អ​ឡើយ ដូច​គ្នា​និង​ផ្កា​ជា (គ្រាន់​តែ​មាន​ពណ៌​ក្រហម​ច្រាល​មែន) តែ​រក​ក្លិន​ក្រអូប​គ្មាន។ ពុទ្ធ​ភាសិត​នេះ​គប្បី​ឃើញ​ថា​វិជ្ជា​នេះ​ពិត​ជា​គុណ​ជាតិ​វិសេស​មែន ដែល​ជា​ផល​បណ្ដាល​ចេញ​មក​ថ្មីៗអំពី​វីរិយ​និង​ខន្តី ដូច​ពណ៌នា​មក ឯ​ពាក្យ​ថា វិជ្ជា សំដៅ​យក​វិជ្ជា​ទាំង​ផ្លូវ​លោក​ផ្លូវ​ធម៌ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ​ប្រាស​ចាក​ទោស​ទុច្ចរិត​ទាំងអស់។

សេចក្ដី​ព្យាយាម​ខ្មីឃ្មាត​នេះ​ជា​ធម៌​ទាក់ទង​បែក​សាខា​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ប្រធាន​សូត្រ ព្រះ​លោក​នាថមុនី​ទ្រង់​សម្ដែង​ទុក​មក ដោយ​មហា​ករុណា ចង់​ឱ្យ​ពួក​ប្រជាជន​ក្នុង​លោក​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន ព្រះ​អង្គ​ទ្រង់​ដាស់​តឿន​ពន្យល់​ទុក​មក​បាលី​ថា “សំវរោ ច មហានព្ចា ភាវនា អនុរក្ខនា ឯតេ ចត្តារោ បធានា ទេសិតា ទិច្ចពន្ធុនា យេហិ ភិក្ខុ ឥធាតាបី ខយំ ទុក្ខស្ស បាបុណេ” អធិប្បាយ​ថា ” បធាន​គឺ​ធម៌​ជា​គ្រឿង​តាំង​ផ្ដួច​ផ្ដើម​ទាំងឡាយ ៤ យ៉ាង​នុ៎ះ​គឺ ”

១- សំវរោ ព្យាយាម​រារាំង​មិន​ឱ្យ​បាប​អកុសល​ដែល​នៅ​មិន​ទាន់​កើត កុំ​ឱ្យ​កើត​ឡើង​បាន គឺ​ប្រយត្ន​ឥន្ទ្រីយ៍​ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កុំ​ឱ្យ​កើត​សោមនស្ស ឬ​ទោមនស្ស ក្នុង​វេលា​ដែល​ភ្នែក​ឃើញ​រូប ត្រចៀក​ឮ​សំឡេង ច្រមុះ​ធុំ​ក្លិន អណ្ដាត​លិទ្ធ​រស កាយ​ពាល់​ត្រូវ ចិត្ត​ស្រាវ​ជ្រាវ​រក​អារម្មណ៍​តាម​ផ្លូវ​មនោ​ទ្វារ គួរ​ប្រយត្ន​ឥន្រ្ទិយ ៦ យ៉ាង​នេះ​កុំ​ឱ្យ​លុះ​អំណាច​ឬ​ចាញ់​បញ្ឆោត​អារម្មណ៍​ទាំង​នេះ​បាន កាល​បើ​ទូន្មាន​តន្រ្ទិយ​បាន​ហើយ បាប​អកុសល​ដែល​បម្រុង​នឹង​កើត​ឡើង​ក៏​កើត​មិន​បាន។

២- បហានំ ព្យាយាម​លះ​បាប​ដែល​កើត​ហើយ គឺ​បាប​ដែល​កើត​ឡើង​ព្រោះ​ខ្លួន​ល្ងង់​ខ្លៅ ឬ​កើត​ឡើង​ដោយ​រឹង​រូស​ចចេស​ធ្វើ​ក្នុង​កាល​មុន​ៗ ព្រោះ​មិន​ធ្លាប់​បាន​ស្ដាប់ មិន​ធ្លាប់​បាន​សិក្សា​ធម៌​វិន័យ​របស់​ព្រះ​អរិយ​ជា​ម្ចាស់ លុះ​ខាង​ក្រោយ​មក​កាល​បើ​គិត​ឃើញ​ហើយ គួរ​តែ​លះ​បង់​ចោល​អំពី​បាប​ទាំងនោះ​ឱ្យ​ស្រឡះ​ចេញ ត្រូវ​តាំង​ចេញ​ថា​និង​លែង​ប្រព្រឹត្ត​ល្មើស​ធ្វើ​ដូច្នោះ​ទៀត។

៣- ភាវនា ព្យាយាម​ញាំង​កុសល​ឬ​បំពេញ​ឱ្យ​មាន​ឡើង​ក្នុង​សន្ដាន កុសល​ដែល​នៅ​មិន​ទាន់​កើត​គួរ​ព្យាយាម​ធ្វើ​ឱ្យ​កើត​ឡើង ព្រោះ​បាប​អកុសល​ដែល​ជា​ចំណែក​ទុច្ចរិត​លះ​ចេញ​ទៅ​ហើយ​នោះ ត្រូវ​បំពេញ​កុសល​ដែល​ជា​ចំណែក​សុចរិត​ឱ្យ​មាន​ឡើង​ជំនួស ដើម្បី​កុំ​ឱ្យ​មាន​ឱកាស​ឱ្យ​បាប​មាន​ចន្លោះ​កើត​ឡើង​បាន​ទៀត។

៤- អនុរក្ខនា ព្យាយាម​រក្សា​កុសល​សេចក្ដី​ល្អ​របស់​ខ្លួន​ទុក ដែល​ខ្លួន​បាន​ធ្វើ​មក​ហើយ​ក្នុង​កាល​មុន មិន​ឱ្យ​សាប​សូន្យ​ទៅ​ដោយ​អាការ​ធ្វេស​ប្រហែស ព្រោះ​ថា​របស់​ឯណា​ដែល​បាន​ធ្វើ​កើត​ឡើង​ហើយ​ក្នុង​កាល​មុន ៗ ខាង​ក្រោយ​មក​ត្រូវ​រក្សា​វាំង​រឿយ ៗ ទើប​របស់​នោះ​ចម្រើន​ឡើង​បាន ឧទាហរណ៍ ដូច​យ៉ាង​ធម៌​អាថ៌​ឬ​វិជ្ជា​ច្បាប់​ទំលាប់​អ្វី​ក៏​ដោយ ដែល​ទន្ទេញ​ចាំ​ហើយ​ត្រូវ​តែ​ឧស្សាហ៍​សូត្រ​រឿយ ៗ ទើប​និង​ចាំ​ជាប់​នៅ​យូរ​បាន ប្រធាន​ទាំង ៤ យ៉ាង​នេះ ព្រះ​សម្ពុទ្ធ​ជា​ម្ចាស់​ព្រះ​អង្គ​ជា​អទិច្ចវង្ស[២] ទ្រង់​សម្ដែង​ហើយ ភិក្ខុ​ក្នុង​សាសនា​នេះ​ជា​អ្នក​តែង​តែ​បាន​ព្យាយាម​ធ្វើ​កិលេស​ឱ្យ​រីង​ស្ងួត​ដោយ​បធាន​ធម៌​ដែល​ពោល​មក​នេះ ទើប​និង​បាន​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ទាំងពួង​បាន។

សេចក្ដី​ព្យាយាម​នេះ កាល​បើ​បុរស​ស្ត្រី​ចេះ​ប្រកប​លៃលក​ត្រូវ​ផ្លូវ​ដែល​មាន​ទំនង​ត្រង់​ទៅ​រក​សេចក្ដី​ចម្រើន​ហើយ តែង​ញាំង​ប្រយោជន៍​ឱ្យ​សម្រេច​គ្រប់​យ៉ាង សម​តាម​សេចក្ដី​ប្រាថ្នា​របស់​ខ្លួន​ជា​ប្រាកដ ដូច​យ៉ាង​បុរស​អ្នក​បំរើ​របស់​ចុល្លកសេដ្ឋី កាល​ដើម​ដំបូង​រើស​បាន​កណ្ដុរ​ងាប់​មួយ យក​កណ្ដុរ​នោះ​ទៅ​លក់​ធ្វើ​ដើម​ទុន​ប្រកប​ការ​លក់​ដូរ សន្សំ​ឡើង​ម្ដង​បន្តិច ៗ មិន​យូរ​ប៉ុន្មាន​ក៏​បាន​ទ្រព្យ​សម្បត្តិ​កាន់​តែ​ច្រើន​ឡើង ទាល់​តែ​បាន​ជា​សេដ្ឋី​ធំ សម​ដូច​ពុទ្ធ​ភាសិត​គាថា ត្រាស់​សរសើរ​បុគ្គល​អ្នក​មាន​គំនិត​ល្អ​ថា

  អប្បកេនបិ    មេធាវី          បាភដេន       វិចក្ខណោ

  សមុដ្ឋាបេតិ   អត្តានំ          អណុំ  អគ្គឹវ   សន្ថមំ

សេចក្ដី​ថា បុរស​ស្ត្រី អ្នក​មាន​ប្រាជ្ញា ចេះ​កាញ់​គ្នេរ​ទ្រព្យ​សម្បត្តិ ប្រកប​កិច្ចការ​ចិញ្ចឹម​ជីវិត​សម​ហេតុ​ផល​ល្អ រមែង​តម្កល់​ខ្លួន​ឡើង​ទៅ​ជា​មនុស្ស​ខ្ពង់​ខ្ពស់​បាន ដោយ​សារ​ទ្រព្យ​ដើម​ទុន​តែ​បន្តិច​ប៉ុណ្ណោះ ដូច​ជា​មនុស្ស​អ្នក​បង្កាត់​ភ្លើង​រងើក​តូច​មួយ​គង់​បង្កាត់​ឱ្យ​ទៅ​ជា​ភ្លើង​ឆេះ​ធំ​ឡើង​បាន។ បុគ្គល​អ្នក​មាន​ព្យាយាម​ធ្វើ​ត​ៗ ទៅ​មិន​ដាច់​មិន​ស្រាក​ក្នុង​កិច្ចការ​របស់​ខ្លួន​តែង​បាន​សម្រេច​ប្រយោជន៍​ឃើញ​ទាន់​ហន់។

ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​រាល់​រូប កាល​បើ​នឹក​ឃើញ ថា​អាត្មា​អញ​ជា​អ្នក​ចៀស​វាង​ចេញ​ចាក​ការងារ​មិន​ផុត​ហើយ គួរ​តែ​ចុះ​ចាប់​ផ្ដើម​ព្យាយាម​ឱ្យ​មាំ​មួន កុំ​បី​ធ្វេស​ប្រហែស​ត្រូវ​តែ​តាំង​ចិត្ត​ឱ្យ​ក្លាហាន ក្នុង​ការ​ប្រឹង​ប្រែង​នេះ​កុំ​ទម្រន់​ឱ្យ​សោះ ត្រូវ​តែ​តាំង​ព្យាយាម​តម្កល់​ទុក​ចិត្ត​ឱ្យ​ជាប់​មាំ ប្រកប​ដោយ​អង្គ ៤ ដូច​បាលី​ថា កាមំ តចោ ន្ហារុ ប អដ្ឋិ ច អវស្សតុ អវស្សុស្សតុ មេ សរីរេ សព្វន្តំ មំសលោហតំ សេចក្ដី​ថា​សាច់​ឈាម​ទាំងអស់​ក្នុង​សរីរាង្គ​កាយ​របស់​អញ រីង​ស្ងួត​ស្វិត​ស្រពោន​ទៅ​ចុះ នេះ​ជា​អង្គ ១ សូម​នៅ​សល់​តែ​ស្បែក​ជា​អង្គ ១ សូម​ឱ្យ​នៅ​សល់​តែ​សរសៃ​ជា​អង្គ ១​ សូម​ឱ្យ​នៅ​សល់​តែ​ឆ្អឹង​ជា​អង្គ ១ កម្រៃ​ផល​ឯណា​ដែល​មិន​ទាន់​កើត​ឡើង​ដោយ​កម្លាំង​ប្រឹង​ប្រែង​ទេ អញ​នឹង​មិន​ត្រូវ​ឈប់​លែង​ចោល​ចាក​ព្យាយាម​ឡើយ។

បុគ្គល​ជា​អ្នក​បួស​ឬ​គ្រហស្ថ​ប្រុស​ស្រី​ក្មេង​ចាស់​ណា​មួយ កាល​បើ​ប្រកប​ព្យាយាម​មាំ​មួន​ដូច​ន័យ​ពោល​មក​នេះ​ហើយ បុគ្គល​នោះ​ឯង​គង់​នឹង​បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន​ក្នុង​លោក​នេះ​និង​លោក​ខាង​មុខ​ពុំ​ខាន ព្រោះ​សេចក្ដី​ព្យាយាម​នេះ​ជា​គន្លង​ហូរ​មក​នូវ​ផល​យ៉ាង​វិសេស​វិសាល ឃើញ​ជាក់​ច្បាស់។ ម្យ៉ាង​ទៀត​បុគ្គល​ដែល​ជា​អ្នក​មាន​ព្យាយាម ទោះ​បី​ទៅ​នៅ​ក្នុង​ប្រទេស​ណា សូម្បី​ប្រទេស​នោះ​ខ្សត់​ខ្សោយ​វិជ្ជា​សេចក្ដី​ចេះ​ដឹង​ពុំ​សូវ​មាន​មនុស្ស​រៀន​សូត្រ​ចេះ​ដឹង​ច្រើន ឬ​ក៏​ប្រទេស​នោះ​មាន​ព្រៃ​ឈើ​ញាតស្បាត ដី​ជង្ហុក​ថ្លុក​ក្រហេង​ក្រហូង មិន​ជា​ទី​សប្បាយ​យ៉ាង​ណា​ក៏​ដោយ ក៏​គង់​ត្រឡប់​ឡើង​ទៅ​មាន​មនុស្ស​ចេះ​ដឹង​ច្រើន ទៅ​ជា​ប្រទេស​ស្រឡះ​រាប​ស្មើ មាន​ទាំង​ផ្លូវ​ថ្នល់​ខ្វាត់​ខ្វែង ថ្កើង​រុង​រឿង​គួរ​ជា​ទី​រីករាយ​សប្បាយ​ទៅ​បាន (ដូច​យ៉ាង​ប្រទេស​ដី​ក្រុង​ភ្នំពេញ​ទាំង​មូល ឬ​សាលា​បាលី ព្រះ​រាជ​បណ្ណាល័យ​និង​ក្នុង​ទី​វត្ត​លង្កា ឧណ្ណាលោម​ជា​ដើម) ធៀប​មើល​ចុះ​ក្នុង​កាល​ពី​ដើមនិង​កាល​ឥឡូវ​នេះ​គង់​ឃើញ​បាន​ជា​សេចក្ដី​ចម្រើន​ដោយ​វិជ្ជា​ការ​ចេះ​ដឹង និង​ថ្កើង​រុង​រឿង​ក៏​កាន់​តែ​ស្ទុះ​ជឿន​លឿន​ឡើង​ប្លែក​ជាង​ពី​ដើម​ណាស់ ការ​ចេះ​ដឹង​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ខេត្ត ខណ្ឌ​នានា និង​ការ​រុង​រឿង​ដែល​កើត​ឡើង​ទាំងនេះ គឺ​កើត​មក​អំពី​កម្លាំង​ស្នាដៃ​របស់​លោក​អ្នក​មាន​ព្យាយាម​ម៉្យាង មិន​មែន​កើត​អំពី​មនុស្ស​ខ្ជិល​ច្រអូស​ឡើយ។ សេចក្ដី​ព្យាយាម​នេះ​មាន​គុណានិសង្ស​ជា​អនេក អាច​នឹង​នាំ​បណ្ដាល​ឱ្យ​សេចក្ដី​ចម្រើន​កុះ​ករ​ដោយ​ដោយ​វិជ្ជា​សេចក្ដី​ឈ្លាស​គ្រប់​យ៉ាង​ផង សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ដូច​ជា​ចន្ទល់ ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​សុខ​ក្សេមក្សាន្ត​ដល់​មនុស្ស​អ្នក​ប្រាថ្នា​ល្អ និង​បាន​កន្លង​បង់​នូវ​ទុក្ខ​គ្រប់​យ៉ាង​មាន​ទុក្ខ​និង​ក្រី​ក្រ​ទ្រព្យ​សម្បត្តិ​និង​ល្ងង់​ខ្លៅ​ជា​ដើម សេចក្ដី​ព្យាយាម​ឈ្មោះ​ថា​ជា​ទម្ពក់​ថ្ពក់​យក​នូវ​សេចក្ដី​សេចក្ដី​ចម្រើន ឱ្យ​ចូល​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្លួន​បាន សេចក្ដី​ព្យាយាម​នេះ​ព្រះ​សម្ពុទ្ធ​លោកុត្តមាចារ្យ ព្រះ​អង្គ​ទ្រង់​សម្ដែង​ទុក​មក​ឃើញ​ក្នុង​ធម៌​ច្រើន​ស្ថាន​ណាស់ ដូច​ក្នុង​ឥន្រ្តិយ ៥ ហៅ​ថា វីរិយិន្រ្ទិយំ ក្នុង​ពល ៥ ហៅ​ថា​វីរិយ​

ពលំ ក្នុង​ពោជ្ឈង្គ ៧ ហៅ​ថា វីរិយសម្ពោជ្ឈង្គោ ក្នុង​អង្គ​មគ្គ ៨ ហៅ​ថា សម្មាវាយាមា ក្នុង​វេសារជ្ជករណធម៌ ហៅ​ថា វិរិយំ សព្ទ​ទាំងអស់​នេះ រួម​មក​ហៅ​ថា ព្យាយាម​តែ​មួយ​ម៉ាត់​ប៉ុណ្ណេះ ក៏​ពាក្យ​ថា​ព្យាយាម គឺ​ជា​ពាក្យ​សំស្ក្រឹត​ក្លាយ​មក​ពី​ពាក្យ​ថា វ្យាយាម ប្រែ​ថា ឈាន​ទៅ​មិន​ឈប់ ក៏​ឯ​ពាក្យ​ថា​ព្យាយាម​នេះ មាន​សព្ទ​សម្គាល់​​ហៅ​ផ្លាស់​ប្ដូរ​តាម​លក្ខណៈ​ច្រើន​យ៉ាង​ទៅ​ទៀត ដូច​ពាក្យ​ថា វីរិយ ព្រោះ​ជា​ហេតុ​ក្លៀវ​ក្លា​មិន​រួញ​រា ឧដ្ឋាន ព្រោះ​ជា​ហេតុ​ខ្មីឃ្មាត​រលះ​រលាំង ធិតិ​ព្រោះ​ជា​ហេតុ​តាំង​នៅ​មាំ​មួន អដ្ឋិតិ ព្រោះ​ជា​ហេតុ​ខ្ជាប់​ខ្ជួន​មិន​បង្អង់ វាយាមៈ ព្រោះ​ជា​ហេតុ​ឈាន​ទៅ​មិន​ឈប់ បរក្កម ព្រោះ​ជា​ហេតុ​មិន​ត្រឡប់​ថយ​ក្រោយ បធានៈ ព្រោះ​ជា​ហេតុ​តាំង​ផ្ដួច​ផ្ដើម​មិន​ផ្អាក​ទុក​ទាំង​កណ្ដាល​ការ​ដែល​ត្រូវ​ធ្វើ បគ្គាហៈ ព្រោះ​ជា​ហេតុ​ផ្គូផ្គង​ជាប់​ត​ៗ​ទៅ សព្ទ​ទាំងនេះ​សុទ្ធ​តែ​ជា​លក្ខណៈ​​របស់​វីរិយ ជា​ពាក្យ​សម្រាប់​ប្រើ​ផ្លាស់​ប្ដូរ​កុំ​ឱ្យ​សាំ​ដដែលៗ តែ​ក៏​គង់​រួម​ខ្លី​មក​ហៅ​ថា ព្យាយាម ដូច​គ្នា​ក៏​បាន។

ព្រោះ​ហេតុ​ដូច្នោះ ជន​ទាំងឡាយ​គ្រប់​ចំពួក​គួរ​តែ​ខំ​ប្រឹង​ប្រែង ស្វះ​ស្វែង​រក​វិជ្ជា​សម្រាប់​ដៃ​របស់​ខ្លួន ឬ​ស្វែង​រក​ធនធាន​ទ្រព្យ​សម្បត្តិ​ឱ្យ​ត្រូវ​តាម​សម្មា​អាជីវៈ​ក្នុង​ផ្លូវ​សុចរិត​ទាំងអស់ មួយ​វិញ​ទៀត អ្នក​ដែល​មាន​កូន​ចៅ​ត្រូវ​តែ​ដាស់​តឿន​និង​ជួយ​ទំនុក​បម្រុង​ផ្ចុងផ្ដើម​កូន​ចៅ​បង​ប្អូន​របស់​ខ្លួន ឱ្យ​ខំ​សិក្សា​រៀន​សូត្រ​ឱ្យ​មាំ​មួន​ទាន់​វា​មាន​វ័យ​នៅ​ក្មេង កុំ​បណ្ដែត​បណ្ដោយ​តាម​ទំនើង​អំពី​ចិត្ត​ក្មេង​នោះ​ឡើយ។

សម្ដែង​រៀប​រាប់​ក្នុង​វីរិយ​កថា ក៏​សន្មត​ថា​ចប់​ដោយ​ប្រការ​ដូច្នេះ​ឯង។

[១]គំនិត​ឡេះឡោះ។

[២]ប្រែ​ជា​ពូជ​ពង្ស​នៃ​ព្រះ​អាទិត្យ ព្រោះ​សម័យ​ដើម​ពួក​ក្សត្រ​ប្រកាន់​ថា​គេ​ជា​វង្ស​ត្រកូល​នៃ​ព្រះ​អាទិត្យ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments