គម្ពីរស្លឹករឹតឬសាស្ត្រាស្លឹករឹត

សារវន្តកថា

គម្ពីរនេះកើតមាននៅប្រទេសកម្ពុជា អស់កាលយូរលង់ហើយ។ តាំងពីមានព្រះពុទ្ធសាសនា ផ្សាយចូលមកដល់ប្រទេសកម្ពុជាកាលណា គេឃើញមានគម្ពីរស្លឹករឹត តាំងពីពេលនោះមក។ ក្នុងសម័យដើមព្រះពុទ្ធវចនៈ ទាំងព្រះវិន័យ ព្រះអភិធម្ម ទាំងបាលី សម្រាយក្ដី ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្សន៍ទាយក្ដី ច្បាប់ផ្សេងៗ សម្រាប់គ្រប់គ្រងប្រទេស មានច្បាប់ “ជ័យជេដ្ឋា” ជាដើមក្ដី នៅក្នុងប្រទេសកម្ពុជា សុទ្ធតែគេចារចុះលើស្លឹករឹតឬក្រាំងទាំងអស់ ដោយគេនិយមថាជាថាវរវត្ថុជាប់រឹងមាំ តម្កល់ទុកបានយូរអង្វែង។

ឯរបៀបដែលធ្វើស្លឹករឹតឱ្យបានចារជាអក្សរ កើតមានដូចតទៅនេះ ៖

១- មុនដំបូងស្វែងរកដើមស្លឹករឹត

ស្លឹករឹត ជារុក្ខជាតិព្រៃ ដុះនៅលាយឡំជាមួយនឹងឫស្សីនិងរុក្ខជាតិផ្សេងៗ ជារុក្ខជាតិមានតែដើម ធាង ស្លឹក ដុះចេញមកជាកំពូលប៉ុណ្ណោះ គ្មានមែកទេ (សម្បូរជាងគេនៅខេត្តក្រចេះ)។ កាលណាគេត្រូវការប្រើប្រាស់ គេកាប់យកតែកំពូលរបស់វា មកកាត់ជាបីកំណាត់ ៖

– កំណាត់ខាងគល់ គេយកទ្រនុងចេញទ្រនុងយកទៅធ្វើជាខ្នួច ឬចំណងផ្សេងៗ រីឯស្លឹក គេយកទ្រនុងរបស់វាមកដេរភ្ជាប់ធ្វើជារនាំង សម្រាប់បាំងឬប្រក់។

– កំណាត់ខាងកណ្ដាល ធ្វើជាស្លឹករឹត សម្រាប់ចារ ឬសរសេរអក្សរជាគម្ពីរ ឬក្បួនច្បាប់ផ្សេងៗ ពីព្រោះវាស្មើ មិនរៀវ មិនក្រាស់ – ស្ដើង។

– កំណាត់ខាងចុង គេដេរភ្ជាប់ដោយទ្រនុងរបស់វាធ្វើជាភ្ជល់។

ចំពោះស្លឹករឹត ដែលគេយកមកចារជាអក្សរ ចារឹកជាគម្ពីរឬក្បួនច្បាប់ផ្សេងៗ មុនដំបូង គេត្រូវយកស្លឹករឹតទៅសក សកឱ្យអស់ទ្រនុង ចៀរឱ្យស្មើ យកទៅហាលថ្ងៃឱ្យស្ងួត រួចហើយយកទៅហាលសន្សើមពេលយប់ ដើម្បីឱ្យវាលាកត្រង់មកវិញ។ រួចគេធ្វើប្រដាប់សម្រាប់ចោះប្រហោង ២ លៃជា ៣ ភាគ ចម្ងាយពីគ្នា ២០ សង់ទីម៉ែត្រ ចោះប្រហោង ២ ចម្ងាយពីគ្នាដូចស្លឹករឹតដែរ យកឆ្អឹងឆត្រ ១ គូ សម្រួចឱ្យត្រង់ ដោតនៅប្រហោងក្របខាងក្រោម រួចយកស្លឹករឹតដែលចោះប្រហោង ២ ហើយ ទៅចុះស៊កចំដែកស្រួចទាំង ២។ លុះស៊កបាន ចំនួន ២០០ សន្លឹកហើយ ត្រូវយកក្របមួយទៀត ទៅដាក់ពីលើ ស៊កឱ្យចំប្រហោងទាំងពីរ រួចបញ្ចូលទៅក្នុងផ្នោះ – ឃ្នាប។ ផ្នោះនោះ គេធ្វើដោយឈើមានខ្លឹមរឹង មានប្រហោងទាំងពីរខាង ទំហំល្មមដាក់ស្លឹករឹតចូល បណ្ដោយក៏ប្រវែងស្លឹករឹតដែរ។ លុះបញ្ចូលទាំងស្លឹករឹត ទាំងក្របហើយ គេរឹតដោយដែកអង្គំឬស្នៀតឱ្យណែនរឹងដូចឈើ រួចហើយផ្ដេកផ្នោះច្រឹបស្លឹករឹតដែលលើសចោលទុកត្រឹមតែប្រវែង ៥៥ សង់ទីម៉ែត្រ រួចយកដែកឈូសដ៏មុត ឈូសឱ្យស្មើបណ្ដោះអាសន្នទើបដោះចេញពីផ្នោះ យកខ្សែទ្រនុងរឹតមកចងបណ្ដោះអាសន្នរួចយកទៅ ឆ្អើរភ្លើង ឆ្អើរល្មមហើយទើបបកពង្រាយយកទៅវាយបន្ទាត់ ជា ៥ ឬតាមតែលៃលក។

២- របៀបវាយបន្ទាត់

មុននឹងចារ គេត្រូវវាយបន្ទាត់លើស្លឹករឹតជាមុនសិន ទើបចារទៅវាត្រង់។ ឯរបៀបវាយបន្ទាត់ ដូចខាងក្រោមនេះ ៖

គេយកឈើបន្ទះទំហំ ៖ ទោល ២ សង់ទីម៉ែត្រ បន្ទារ ៣ សង់ទីម៉ែត្រ ឈូសឱ្យស្អាត យកមកវាយជាផ្នោះរាងបួនជ្រុងទ្រវែង បណ្ដោយប្រវែង ៧០ សង់ទីម៉ែត្រ ទទឹងប្រវែង ២០ សង់ទីម៉ែត្រ ឱ្យរឹងមាំ រួចអារ – ក្រិត ៦ គំនូសឃ្លាតពីគ្នា ១ សង់ទីម៉ែត្រ។ នៅចុងសងខាងផ្នោះ ត្រូវចោះប្រហោងទាំង ២ ខាងឱ្យធំ ខាងដើមមាន ៦ ខាងចុងមានតែ ១ យកឫស្សីបិតឱ្យមូលស្អាត ធ្វើរបួតស៊កចូលក្នុងប្រហោងនៅចុងសងខាងផ្នោះនោះ រួចយកខ្សែអំបោះដែលគេវេញឱ្យរឹងមាំ ឱ្យឆ្មារល្មមធ្វើ បន្ទាត់បាន ទៅចងរបួតម្ខាងដែលមានតែ ១ រួចយកចុងខ្សែម្ខាងទៀតទៅចងនឹង របួតទាំង ៦ ដែលនៅចុងផ្នោះម្ខាងទៀត។ គេចងរបៀបនេះ ដើម្បីងាយរឹតខ្សែទាំង ៦ ឱ្យតឹងស្មើគ្នា។ បើខ្សែណាមួយធូរ គេរឹតតែរបួតដែលចងខ្សែនោះ។ គេដាក់ខ្សែនីមួយៗ ឱ្យចំកម្រិតដែលអារអង្កន់ជាស្នាម រួចយកធ្យូងយ៉ាងខ្មៅ មកបុកឱ្យម៉ដ្ឋលាយជាមួយទឹកឱ្យខាប់ យកស្រកីដូងដំឱ្យទក់ជ្រលក់ទៅនឹងទឹកធ្យូង រួចលាបខ្សែបន្ទាត់ទាំង ៦ កូតទៅកូតមក ឱ្យសព្វ រួចយកស្លឹករឹត ទៅដាក់តម្រៀបលើក្ដារស្មើ រៀបឱ្យត្រឹមលើខ្សែបន្ទាត់ ទាំងផ្នោះដាក់ទទឹងស្លឹករឹតខាងដើមខាងចុង លៃទុក ៤ សង់ទីម៉ែត្រ វាយបន្ទាត់ ១ ទុកជាខ្នាតសិន រួចហើយទើបចាប់វាយបណ្ដោយស្លឹករឹត ៥ បន្ទាត់ ឬ ៦ បន្ទាត់ តាមតែពេញចិត្ត។

៣- របៀបចារអក្សរ

មុននឹងចារ ត្រូវមានឧបករណ៍ ៣ គឺ ៖

១- ឈើទ្រនាប់ ឈើទ្រនាប់សំប៉ែតប្រវែង ៣០ សង់ទីម៉ែត្រ បន្ទារប៉ុនស្លឹករឹត ឈូសឱ្យស្អាត យកសាច់សំពត់ដេរស្រោបពីក្រៅ ដើម្បីចារទៅទន់ផង ទប់កុំឱ្យរអិលផង។

២- ស្នាប់ដៃ ស្នាប់ដៃធ្វើដោយស្លឹករឹត ១ សន្លឹក រង្វង់ប៉ុនឈើទ្រនាប់សម្រាប់ស្រោបពីលើឈើទ្រនាប់ រួចច្រកស្លឹករឹតចូលក្នុងស្នាប់ដៃ ដើម្បីចារទៅកុំឱ្យរអិល។

៣- ដែកចារ ដែលចារដងឈើមូល ស្រួចដើមស្រួចចុង គេបង្កប់ដែកទាំងពីរខាង សំលៀងនឹងថ្មឱ្យមូល – មុត។ (គេច្រើនយកម្ជុលដេរយន្តខាងគល់ ពីព្រោះ វារឹងមុតស្អាតល្អ)។

ចាប់ផ្ដើមចារ ត្រូវយកស្លឹករឹតមួយសន្លឹកម្ដង បញ្ចូលក្នុងស្នាប់ដៃដាក់ស្នាប់ដៃនៅខាងលើបង្គាបមេដៃខាងឆ្វេង យកដែកចារកាន់ដៃខាងស្ដាំ ដាក់សង្កត់លើមេដៃ ខាងឆ្វេងលៃឱ្យល្មមទើបចាប់ផ្ដើមចារតទៅ ចារម្ខាងអស់ហើយ ត្រឡប់ចារម្ខាងទៀត។ ចុះលេខរៀងនៅដើមសន្លឹក ចួនកាលគេប្រើជាអក្សរ។

៤- របៀបលុបអក្សរ

កាលណាគេចារអក្សរឡើងស្លឹករឹតហើយ គេលែងហៅថា ស្លឹករឹតទៀតហើយ គឺហៅថា “សាស្ត្រា” វិញ។ ចារហើយត្រូវលុបអក្សរទៀត ទើបមើលបាន។

លុះអក្សរ គឺធ្វើអក្សរឱ្យមើលឃើញច្បាស់។ គេត្រូវរកធ្យូងម្រែងភ្លើងយ៉ាងខ្មៅ លាយជាមួយជ័រទឹកយ៉ាងថ្លា កូរឱ្យចូលគ្នាសព្វ រួចយកសាច់កំណាត់មកចងជាកញ្ចប់ជ្រលក់ក្នុងទឹកខ្មៅ យកជូតអក្សរលើស្លឹករឹត ជូតឱ្យពេញទាំងអស់ ទោះជាស្លឹករឹតទទេក៏ដោយ។ ជូតសព្វហើយ ត្រូវយកដីខ្សាច់ល្អិតម៉ដ្ឋស្អាត ទៅបាចលើស្លឹករឹត រួចយកកំណាត់ទៅជូត ដៃម្ខាងទ្រាប់កំណាត់ទាញស្លឹកសាស្ត្រា ដៃម្ខាងទៀតទ្រាប់កំណាត់ទប់។ ធ្វើដូច្នេះ ទាល់តែអស់ជ័រទឹកស្អាតរលីង រួចយកទៅហាលថ្ងៃឱ្យស្ងួតស្រួល ទើបប្រមូលយកមកតម្រៀបស្លឹកតាមលេខទំព័រ មួយកណ្ឌម្ដង ៗ ដរាបដល់ចប់មួយ​គម្ពីរ រួចហើយ រៀបចំឈូសដុសខាត់ឱ្យស្អាត ដើម្បីទឹបមាស។

៥- របៀបឈូសសម្អាត

លុះដល់អក្សរមើលឃើញច្បាស់ហើយ គេត្រូវឈូស ដុសខាត់ឱ្យស្អាតសម្រេច ដើម្បីទឹបមាស។ មុនដំបូង គេត្រូវឈូសឈើធ្វើក្រប ២ ទៀត សម្រេចមានទំហំ ៖ ទោល ប្រវែង ៥៥ សង់ទីម៉ែត្រ បន្ទារ ៥.៥ សង់ទីម៉ែត្រ ទោល ២ សង់ទីម៉ែត្រ ២ បន្ទះ ចោះប្រហោង ២ ដូចមុន រួចយកទ្រនុងរឹតយ៉ាងរឹងមាំ ១ គូ បិតឱ្យមូលស្អាត សម្រួចចុងដោតក្នុងប្រហោងក្របខាងក្រោមបញ្ឈរឡើងរួចយកស្លឹកទទេ ពីរសន្លឹកសិន ទើបស៊កស្លឹកដែលមានអក្សរជាបន្តបន្ទាប់ដល់ចប់ លុះចប់ហើយ ត្រូវស៊កសន្លឹកទទេ ២ សន្លឹកទៀត រួចទើបបញ្ចូលទៅក្នុងផ្នោះ រឹតឱ្យណែនរឹងដូចឈើ សំលៀងដែកឈូសឱ្យមុតស្មើ ឈូសឱ្យស្មើនឹងក្របទាំងពីរខាង យកក្រដាសខាត់សាច់ល្អិត ខាត់ឱ្យស្អាយឡើងរលោង រួចហើយទើបយកទឹកម្រក្សណ៍យ៉ាងថ្លា លាបពេញទាំងអស់ យកទៅហាលថ្ងៃមួយស្របក់ធំ រួចយកជាតិហិង្គុលពណ៌ក្រហម បុកឱ្យម៉ដ្ឋ លាយដោយ​ម្រក្សណ៍ លាបពីលើម្រក្សណ៍ទៀត ទុកឱ្យស្ងួតល្អ ទើបចាប់ផ្ដើមទឹបមាស។

៦- របៀបទឹបមាស

មុនដំបូង គេវាស់ចែកសាស្ត្រាជាបីភាគស្មើគ្នា ភាគខាងដើម និងខាងចុងគេទឹបមាស ភាគកណ្ដាល គេទុកនៅជាជាតហិង្គុលក្រហមដដែល។ មុននឹងទឹប គេយកមើមខ្ទឹមស ទៅមុខឱ្យល្អិតម៉ដ្ឋខៃ យកស្បៃមុងទៅខ្ចប់ រួចជូតឱ្យសព្វ ទើបយកមាសសន្លឹកសុទ្ធ ទៅបិទពីលើឱ្យរាបស្មើល្អ មួយសន្លឹកម្ដងៗ រួចហើយគ្របឱ្យជិតចំនួន ៧ ទៅ ១០ថ្ងៃ ទើបបករំគាយសន្លឹកចេញ រៀបចំស៊កខ្សែមួយកណ្ឌម្ដង ៗ។

៧- របៀបធ្វើខ្សែសាស្ត្រា

ខ្សែសាស្ត្រា គេធ្វើដោយអំបោះស្លាត់ ដែលមានជាតិរលោង – ទន់ គេយកទៅជ្រលក់ឱ្យមានពណ៌​ផ្សេងៗ រួចក្រងចាក់ជាកន្ទុយកណ្ដុរ ៤ ឬ ៥ ធ្លុង រឹតឱ្យណែន ម្ខាងទៀតទុកឱ្យមានកន្ទុយរំភាយ។ រួចហើយយកខ្សែទៅដោតនៅប្រហោងស្លឹកសាស្ត្រាខាងឆ្វេងតែមួយទេ ប្រហោងខាងស្ដាំទុកចោល។ មុនដំបូង ត្រូវដោតស្លឹកចំណងជើង បន្ទាប់មក ស្លឹកទទេ ២ សន្លឹកទៀត ស្លឹកដែលមានអក្សរ ខាងចុងបំផុត ស្លឹកទទេ ២ សន្លឹកទៀត រួចបញ្ចូលកន្ទុយខ្សែក្នុងកន្លះ រឹតឱ្យស្មើគ្រប់កណ្ឌ។ លុះចប់មួយគម្ពីរហើយ ត្រូវតម្រៀបពីកណ្ឌទី១ ដល់ចប់ រួចយកក្របទាំងពីរ ដាក់គាបគ្នា យកខ្សែអំបោះវេញឱ្យតឹង ២ ខ្សែដែលម្ខាងមានកន្លុះស៊កកន្ទុយខ្សែក្នុងកន្លុះ ទាំងពីរឆ្វេងស្ដាំ ពទ្ធ ២ – ៣ ជុំ រឹតឱ្យណែនស្មើគ្នាចងឱ្យជាប់ រួចហើយយកសម្បកគម្ពីរមករុំ។

៨- របៀបធ្វើសម្បកគម្ពីរ

សម្បកគម្ពីរ ជាគ្រឿងប្រដាប់ខាងក្រៅ គេធ្វើសម្រាប់រុំការពារគម្ពីរខាងក្នុងឱ្យល្អស្អាត ស្ថិតស្ថេរបានយូរ។ គ្រឿងប្រដាប់នេះ គេថ្វើដោយ ៖

– ដំបូង គេយកទ្រនុងរឹតរើសយកតែរឹង ៗ មកកាត់ប្រវែងគម្ពីរ បិតឱ្យស្មើស្អាត យកអំបោះមកវេញធ្វើខ្សែកម្រង ក្រងឱ្យញឹក ឱ្យបានទំហំធំជាងគម្ពីរ ៣ ដង។

– យកសាច់កំណាត់សស្អាត ទៅដេរស្រោបកម្រងទ្រនុង រឹតទុកជាយទាំងពីរខាង ប្រវែងល្មមបត់មកទល់គ្នា ឬលើសបន្តិចក៏បាន។

– យកសាច់សំពត់ល្អមានពណ៌ផ្សេងៗ ឬហូល។ល។ ស្រេះអង្កាំខ្លះផងក៏មាន រុំពីខាងក្រៅទៀត។

– មាន ខ្សែដែលដេរដោយសាច់សំពត់ល្អ – សំប៉ែតប្រហែលជា ១ សង់់ទីម៉ែត្រ ប្រវែងជាង ១ ម៉ែត្រ ដេរភ្ជាប់ទៅនឹងសាច់សំពត់ខាងក្រៅ សម្រាប់រុំ កុំឱ្យរាត់រាយ។

ថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ១៩៩៤
រៀបរៀងដោយ៖ សម្ដេចព្រះមង្គលទេពាចារ្យ អ៊ុម ស៊ុម
អគ្គាធិការនៃពុទ្ធិកសិក្សា
ចៅអធិការវត្តមហាមន្ត្រី
រាជធានី ភ្នំពេញ

 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments