បញ្ចិមេភិក្ខវេអាទីនវាទន្តកដ្ឋស្សអខាទ នេកតមេបញ្ច អចភ្ខាស្សំ មុខំ ទុតទ្ធំ ហោតិ រសាហរណី យោនវិសុជ្ឈន្តិបិត្តំ សេហ្ហំ ភត្តំ ន បរិយោនទ្ធតិ ភត្ត មស្សនច្ឆាទេតិ ឥមេខោភិក្ខវេ បញ្ចាទីនវាទន្តកដ្ឋ ស្សអខាទនេ។
សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ ទោសទាំងឡាយ៥ប្រការនេះកើតមានប្រាកដក្នុងកិរិយាមិនទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលខ្ជិលច្រអូសមិនលាងលុបជម្រះមន្ទិលញើសក្អែលមុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឱ្យស្អាតហ្មត់ចត់ល្អ កតមេបញ្ច ម្នាលភិក្ខុទាំងឡាយទោសទាំង៥ប្រការនោះដូចម្ដេចខ្លះ។
ព្រះអង្គទ្រង់សម្ដែងវិសជ្ជនា ដោយព្រះអង្គឯង ថាទោសទាំង៥ប្រការនោះគឺ ៖
១- សេចក្ដីសាបសូន្យកើតឡើងដល់ភ្នែក បង្កើតឱ្យមានរោគងងឹត និងស្រវាំង ឈឺចាប់ក្នុងភ្នែក។
២- មាត់មានក្លិនស្អុយជាទីខ្ពើមរអើមដល់ខ្លួនឯង និងអ្នកដទៃ។
៣- សរសៃដែលជាទីទទួលនូវរសអាហារមិនស្អាតបរិសុទ្ធល្អ ជាហេតុឱ្យបរិភោគអាហារមិនមានរសជាតិឆ្ងាញ់ពិសាបរិសុទ្ធល្អ។
៤- ប្រមាត់ និងស្លេស្ម មិនគ្របសង្កត់រួបរឹតជក់យកនូវជាតិបាយ ទឹក ស្អាតល្អ។
៥- បុគ្គលនោះមិនឃ្លានបាយ បាយមិនគាប់ចិត្ត បរិភោគមិនសូវបាន កើតជារោគស្គមក្រហមលឿង។
ម្នាលភិក្ខុទាំងឡាយ ទោសទាំង៥ប្រការនេះបង្កើតមានពិតប្រាកដដល់បុគ្គលដែលខ្ជិលសម្អាតកាយ មានមិនលាងលុបជម្រះមុខមាត់មន្ទិលធ្មេញជាដើម ដោយឈើស្ទន់ ឬច្រាសឱ្យស្អាតល្អ។
អង្គសម្ដេចព្រះទសពលញាណ ទ្រង់សម្ដែងប្រាប់ទោសយ៉ាងនេះហើយ ព្រះអង្គទ្រង់សម្ដែងប្រាប់អានិសង្សជាខាងក្រោយ ដោយបាលីថា ៖
បញ្ចិមេ ភិក្ខុវេ អានិសំសាទន្តកដ្ឋស្សខាទនេ
កត មេបញ្ចចក្ខុស្សំមុខំទុគន្ធំ ន ហោតិ រសាហរណិ
យោវិសុជ្ឈន្តិ បិត្តំសេម្ហំភត្តំបរិយោនទ្ធតិ ភតមស្សច្ឆាទេតិ
ឥមេខោភិក្ខវេបញ្ចានិសំសាទន្តកដ្ឋស្សខាទនេ។
សេចក្ដីថា ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំងឡាយ ៥ ប្រការនេះ កើតមានប្រាកដក្នុងកិរិយាទំពាស៊ីនូវឈើស្ទន់ គឺថាបុគ្គលមានឧស្សាហ៍ព្យាយាមលុបជម្រះមន្ទិលញើស ក្អែលមុខមាត់ធ្មេញដោយឈើស្ទន់ ឬច្រាសឱ្យស្អាតហ្មត់ចត់ល្អ កតមេបញ្ច ម្នាកភិក្ខុទាំងឡាយអានិសង្សទាំង៥ប្រការនោះដូចម្ដេចខ្លះ ព្រះអង្គវិសជ្ជនាដោយព្រះអង្គឯងថា អានិសង្សទាំង៥ប្រការនោះគឺ ៖
១- សេចក្ដីសាបសូន្យមិនមានដល់ភ្នែក ជាប្រយោជន៍ គឺមានភ្នែកថ្លាល្អ មិនងងឹត មិនស្រវាំង មិនមានរោគឈឺចាប់កើតឡើងក្នុងភ្នែក។
២- មាត់មានក្លិនស្អុយមិនមាន។
៣- សរសៃទាំងឡាយ ដែលជាទីទទួលនូវរសអាហារស្អាតបរិសុទ្ធល្អ។
៤- ប្រមាត់និងស្លេស្ម គ្របសង្កត់រួបរឹតជក់យកជាតិបាយទឹកស្អាត បរិសុទ្ធល្អ។
៥- បាយទឹកជាទីគាប់ចិត្តនៃបុគ្គលនោះ បរិភោគអាហារបានមិនទ្រាន់ មិនឆ្អើម មិនបង្កើតជារោគស្គម។
ម្នាលភិក្ខុទាំងឡាយ អានិសង្សទាំង៥នេះ កើតឡើងពិតប្រាកដដល់បុគ្គលដែលមានឧស្សាហ៍ព្យាយាម លាងលុបជម្រះមុខមាត់មន្ទិលធ្មេញ ដោយឈើស្ទន់ជាដើម ដូ្ចច្នេះយើងទាំងឡាយគប្បីប្រតិបត្តិតាមព្រះពុទ្ធភាសិត ដូចបានអធិប្បាយមកនេះចុះ នឹងបានសេចក្ដីសុខ សេចក្ដីចម្រើនក្នុងលោកនេះ និងលោកខាងមុខពិត។
ន័យមួយទៀតលោកសម្ដែងថា បុគ្គលដែលនឹងបរិភោគអាហារត្រូវឱ្យពិនិត្យពិចារណាក្នុងថ្ងៃ១ បើបរិភោគច្រើនវេលា ត្រូវឱ្យបរិភោគអាហារដែលទន់ៗមុន កុំឱ្យបរិភោគដែលរឹងៗមុន បើបរិភោគអាហាររឹងៗមុន ហើយបរិភោគអាហារដែលទន់ៗក្រោយ អាហារដែលទន់ៗនោះ នោះរលួយទៅឆាប់ អាហារដែលរឹងនោះ រលួយទៅមិនទាន់នាំឱ្យខណ្ឌឱ្យស្ទះពោះវៀន ខ្យល់ប្រព្រឹត្តទៅពុំស្រួលជាហេតុនឹងឱ្យកើតនូវរោគឈឺពោះ ចុកសៀតជាដើម។
ព្រះញាណបវរវិជ្ជា ឯម អាចារ្យសាលាបាលីជាន់ខ្ពស់
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា លេខ ៩ – ១០- ១១ – ១២ ឆ្នាំ ១៩២៦ – ២៧។