បរិយាយសិប្បកថា

សារវន្តកថា
ព្រះ​គ្រូ​សុវឌ្ឍ​ញាណ សូរ-ហាយ ក្រុម​ជំនុំ​ព្រះ​ត្រៃបិដក
នៅ​ពុទ្ធសាសនបណ្ឌិត្យ រៀបរៀង

នមត្ថុ  រតនត្តយស្ស

សាធុ  ខោ  សិប្បកំ  នាម     អបិ  យាទិសិកីទិសំ

បស្ស  អជប្បហារេនលទ្ធា  គាមា  ចតុទ្ទិសា ។

អស់​លោក-អ្នក​សប្បុរស​ទាំងឡាយ ព្រះ​ពុទ្ធសាសនា​របស់​យើង ជា​សាសនា​មាន​គោល​ចារឹក​ប្រាប់​ហេតុ​ផល​ច្បាស់​លាស់ យើង​ជា​ពុទ្ធសាសន៍​ក៏​ធ្លាប់​បាន​សិក្សា​រៀន​សូត្រ​ប្រតិបត្តិ ជឿ​កាន់​មក​ជា​យូរ​អង្វែង​ហើយ។

ព្រះ​សម្មា​សម្ពុទ្ធ របស់​យើង តាំង​ពី​ព្រះ​អង្គ​បាន​ត្រាស់​ដឹង​ឡើង​ក្នុង​លោក ឥត​មាន​កិច្ចការ​អ្វី​ក្រៅ​អំពី​ការ​សម្ដែង​ធម៌​ពន្យល់​ធម៌​អាថ៌​ដល់​សត្វ​លោក​ឡើយ ព្រះ​អង្គ​ដែល​ខំ​ត្រាច់​ស្វះស្វែង​ទៅ​កាន់​ចារិក​ស្រុក​តូច​ធំ​និគម​ជនបទ​កំណត់​រាជធានី​ផ្សេងៗ ដើម្បី​ប្រកាស​សាសន​ធម៌​បំភ្លឺ​អំពី​ប្រយោជន៍​អាថ៌​កំបាំង​ក្នុង​បច្ចុប្បន្ន​និង​បរលោក​តែ​ម្យ៉ាង បើ​ព្រះ​អង្គ​បាន​ចួប​ប្រទះ​បុរស​ស្ត្រី​ណា​មួយ ដែល​មាន​សន្ដាន​ចិត្ត​នៅ​ល្ងង់​ខ្លៅ មិន​ទាន់​ចេះ​ដឹង មិន​ទាន់​យល់​ប្រយោជន៍ ឬ​មិន​ទាន់​មាន​វត្ត​ចរិយា​សណ្ដាប់​ធ្លាប់​ល្អ​ក្នុង​ខ្លួន​ទេ ព្រះ​អង្គ​ក៏​ទ្រង់​សម្ដែង ណែនាំ​បុរស​ស្ត្រី​នោះ​ឱ្យ​ទាល់​តែ​គេ​ចេះ​ដឹង​យល់​ប្រយោជន៍​សេចក្ដី​ល្អ​គ្រប់​យ៉ាង តាម​សម​គួរ​ដល់​ឧប​និស្ស័យ​វាសនា​របស់​គេ​ក្នុង​ត្រកូល​នោះៗ ព្រះ​អង្គ​មិន​មែន​​ទូន្មាន​ប្រៀន​ប្រដៅ​សត្វ​លោក ឱ្យ​ប្រតិបត្តិ​ស្រូត​រូត​យក​ប្រយោជន៍​ចំពោះ​តែ​បរលោក​ម្យ៉ាង​នោះ​ទេ។

តាម​ដំណឹង​ក្នុង​គម្ពីរ​របស់​ព្រះ​ពុទ្ធសាសនា ដែល​យើង​ធ្លាប់​ដឹង​ឃើញ​មក​ជា​ច្រើន​ប្រាកដ​ថា ព្រះ​អង្គ​តែង​សម្ដែង​ដាស់​តឿន​មនុស្ស​បុថុជ្ជន ឱ្យ​ខំ​ប្រឹង​ប្រែង​ខ្មី​ឃ្មាត​សង្វាត​ចំពោះ​កិច្ចការ​ដែល​ខ្លួន​ត្រូវ​ធ្វើ ឬ​វិជ្ជា​ណា​មួយ​សម្រាប់​លៃលក​រក​ប្រយោជន៍​បច្ចុប្បន្ន​និង​បរលោក​ជា​រឿយៗណាស់ ដូច​យ៉ាង​សម្បទា ៤ ប្រការ​មាន​ឧដ្ឋាន​សម្បទា ការ​គ្រប់​គ្រាន់​ដោយ​សេចក្ដី​ប្រឹង​ប្រែង​ជាដើម បើ​បុរស​ស្ត្រី​ក្នុង​ត្រកូល​ណា​មួយ​ដែល​ធ្លាប់​បាន​ចុះ​ស្នាម​ក្នុង​ផ្លូវ​​សិក្សា ចេះ​ដឹង​យល់​ការ​ខុស​ត្រូវ​ស្គាល់​ប្រយោជន៍​សម​គួរ​ហើយ ព្រះ​អង្គ​ក៏​ទ្រង់​សម្ដែង​ជួយ​បំភ្លឺ​ឱ្យ​រឹង​រឹត​តែ​ចេះ​ដឹង ទ្រង់​ចង្អុល​បង្ហាញ​ប្រយោជន៍ សរសើរ​អានិសង្ស​គុណ​សម្បត្តិ​នៃ​ការ​ចេះ​ដឹង​របស់​គេ​នោះ​បន្លែម​ឡើង​ទៀត ដើម្បី​ទុក​ជា​តម្រាប់​ដ៏​ល្អ​ដល់​មនុស្ស​ជាន់​ក្រោយ​ដែល​នៅ​ល្ងង់​ខ្លៅ។ ដំណើរ​សេចក្ដី​នេះ​សឹង​មាន​ប្រាកដ​ក្នុង​រឿង​ពុទ្ធ​ចរិយា​ថា ព្រះ​ពុទ្ធ​ទាំងឡាយ ជា​ចក្ខុ​របស់​សត្វ​លោក ឬ​ជា​ប្រទីប​ពន្លឺ​នៃ​លោក ព្រះ​អង្គ​ក្រែង​ប្រាថ្នា​សត្វ​លោក​ភ្លឺ​ច្បាស់​ដោយ​វិជ្ជា​យល់​ច្បាស់​ដោយ​បញ្ញា។

សិល្ប​វិជ្ជា សម្រាប់​លោក​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​ប្រពៃ មិន​ប្រព្រឹត្ត​ទៅ​ដើម្បី​បៀតបៀន​អ្នក​ដទៃ សុទ្ធ​តែ​ជា​វិជ្ជា​គួរ​រៀន​ឱ្យ​ចេះ​ដឹង​ទាំងអស់ ដូច​យ៉ាង​សិល្ប​វិជ្ជា សម្រាប់​រក​ទ្រព្យ​ចិញ្ចឹម​ជីវិត​ដោយ​ល្អ ទាំង​ប៉ុន្មាន​ដែល​មាន​ឡើង​ក្នុង​លោក​តាម​កាល​សម័យ។

កាល​វេលា​នេះ ពួក​មនុស្ស​អ្នក​ដឹង​ខ្លួន​ទាន់​កាល​សម័យ ស្គាល់​ប្រយោជន៍​ធំ​ទូលាយ ក្នុង​លោក​ដោយ​ច្បាស់​លាស់ គេ​តែង​រាប់អាន​និយម​ខាង​ការ​សិក្សា​ជា​ធំ​បំផុត គេ​ខំ​ប្រដៅ​ដាស់​តឿន​ទំនុក​បម្រុង​បុត្ត​ធីតា​បង​ប្អូន​របស់​គេ​ក្នុង​ផ្លូវ​សិក្សា ឱ្យ​ចេះ​ស្រឡាញ់​កិច្ច​សិក្សា​ក្នុង​វិជ្ជា​ចំណេះ​ណា​មួយ​ដែល​គេ​និយម​ក្នុង​សម័យ​នេះ ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ពួក​ណាស់​ដែល​នៅ​ល្ងង់​ខ្លៅ ជា​អ្នក​មិន​យល់​ប្រយោជន៍​នៃ​ការ​សិក្សា​តាម​កាល​សម័យ​ដែល​ហៅ​ថា មនុស្ស​ជា​អកាលញ្ញូ អ្នក​មិន​ស្គាល់​កាល​សម័យ មនុស្ស​ខ្លះ​ចូល​ចិត្ត​ថា ជីដូន​ជីតា​របស់​យើង​ពីដើម​រៀន​សូត្រ​ឱ្យ​ចេះ​ដឹង​តែ​ព្រាលៗ បន្តិច​បន្តួច​ក៏​បាន​ហើយ មិន​ចាំ​បាច់​រៀន​សូត្រ​អក្សរ​សាស្ត្រឬ​សិល្ប​វិជ្ជា បក​ប្រែ​បាលី​សម្រាយ​អ្វី​ឱ្យ​យូរ​ឆ្នាំ​ដូច​សម័យ​នេះ​ទេ សេចក្ដី​ចូល​ចិត្ត​បែប​នេះ ពេញ​ហៅ ខុស​ធំ​វែង​ឆ្ងាយ​តទៅ​ក្នុង​អនាគត។

  មាតា​បិតា គ្រូ​អាចារ្យ ជា​ប្រធាន​នៃ​ការ​សិក្សា ត្រូវ​ឧស្សាហ៍​រក​ឧបាយ​និយាយ​ពន្យល់​បុត្ត​ធីតា សិស្ស​គណ ឱ្យ​ស្គាល់​ប្រយោជន៍​ទាន់​កាល​សម័យ មិន​ឱ្យ​ធ្វេស​ប្រហែស មិន​ឱ្យ​ខ្ជិល​ច្រអូស ឱ្យ​មាន​ការ​ខ្មី​ឃ្មាត​ចេះ​លៃ​លក​ប្រកប​ការងារ​ត្រូវ​តាម​កាល​សម័យ ដែល​ហៅ​ថា កាលញ្ញូ ប្រែ​ថា “អ្នក​ស្គាល់​កាល​សម័យ” សម​ដូច​ពុទ្ធ​ភាសិត​ថា “កាលានុរូបំវ  ធុរំ  និយុញ្ជេ បុគ្គល​ត្រូវ​ប្រកប​ធុរៈ​ឱ្យ​សម​គួរ​ដល់​កាល​សម័យ​កុំ​ខាន” ភាសិត​នេះ​បំភ្លឺ​សេចក្ដី​ឱ្យ​ឃើញ​ថា​ជា​ឱវាទ​ដ៏​ពិសេស​ល្មម​ជា​មេ​គំនិត​របស់​យើង​បាន​ដោយ​ពិត។ ពាក្យ​ថា​ធុរៈ នេះ​ជា​ឈ្មោះ​របស់​កិច្ចការ​ដែល​ត្រូវ​ធ្វើ​ទាំងអស់ គឺ​ការងារ​ឬ​មុខ​ក្រសួង​ក្នុង​តំណែង​ណា​មួយ ទោះបី​ធំ​តូច​ធ្ងន់​ស្រាល​ដែល​គេ​ត្រូវ​ប្រកប​ចុះ​ដៃ​ចាប់​ធ្វើ​ហៅ​ថា​ធុរៈ​ទាំងអស់។ ការ​សិក្សា​រៀន​សូត្រ​នេះ ចាត់​ជា​ធុរៈ​មួយ​យ៉ាង​ធំ​ហៅ​ថា​សិក្ខា​ធុរៈ ជា​ធុរៈ​សម្រាប់​កុមារា​កុមារី​ក្នុង​លោក​ទូទៅ។ មាតា​បិតា​ទុក​ជា​គ្រូ​ដើម ឬ​ជា​ទម័ក​របស់​បុត្ត​ធីតា មុន​ដំបូង​បង្អស់ ព្រោះ​ហេតុ​នោះ​មាតា​បិតា​ទើប​ឈ្មោះ​ថា ជា​ប្រធាន ឬ​ជា​មេ​គំនិត​របស់​បុត្ត​ធីតា​ទាំងឡាយ។

មាតា​បិតា ដែល​ប្រាថ្នា​សេចក្ដី​ចម្រើន​ដល់​បុត្ត​ធីតា​របស់​ខ្លួន​នោះ ត្រូវ​អភិបាល​រក្សា​កុមារា​កុមារី​ដោយ​ល្អ​ដោយ​ស្ថាន ៧ យ៉ាង​គឺ ៖

ទី១- កាល​កុមារា​កុមារី​មាន​អាយុ​រវាង ៣ ឬ ៤ ខួប​ប៉ុណ្ណោះ​ជា​ក្មេង​នៅ​ទន់​ខ្សោយ​កម្លាំង​កាយ​កម្លាំង​ស្មារតី​នៅ​ឡើយ មាតា​បិតា មិន​ត្រូវ​បន្លាច​បំភ័យឬ​បញ្ឆោត​កុមារា​កុមារី​ឱ្យ​វា​ខ្លាច​ភិត​ភ័យ​ចំពោះ​អ្វីៗផ្សេងៗនោះ​ទេ ពី​ព្រោះ​ខួរ​ក្បាល​នឹង​ព្រលឹង​របស់​កូន​ក្មេង​នៅ​រាវ​ទន់ខ្សោយ ជា​ហេតុ​ឱ្យ​ក្រឡក​ខួរ​ក្បាល លស់​ព្រលឹង​ខាត​ប្រាជ្ញា​ស្មារតី​របស់​កូន​ក្មេង។

ទី២- កាល​កុមារា​កុមារី​មាន​វ័យ​នៅ​ក្មេង​រវាង​អាយុ ៦ ឬ ៧ខួប ប៉ុណ្ណេះ​ជា​ក្មេង​មិន​ទាន់​ពេញ​កម្លាំង​នៅ​ឡើយ មាតា​បិតា​មិន​ត្រូវ​ប្រើ​វា​ឱ្យ​ធ្វើ​ការ​ធ្ងន់ៗ មាន​រែក​សែង​ជាដើម​ទេ។

ទី៣- មិន​ត្រូវ​ដឹក​នាំឬ​បណ្ដោយ​ឱ្យ​កូន​ក្មេង​ចេះ​ជេរ​ប្រទេច ឬ​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក។

ទី៤- ត្រូវ​ថែ​រក្សា​ថ្នាក់ថ្នម​កូន​ក្មេង​ដោយ​ឧបាយ​ដ៏​ល្អ ត្រូវ​បង្រៀន​ឱ្យ​វា​មាន​គំនិត​ស្មារតី​រឹងប៉ឹង​ឱ្យ​មាន​ឫក​មារយាទ​សណ្ដាប់​ធ្នាប់​ថ្លៃថ្នូ ឱ្យ​មាន​ពាក្យ​សម្ដី​និយាយ​ចំពោះ​អ្នក​ផង​ទន់ភ្លន់ ផ្អែមល្ហែម ទាំង​ការ​បរិភោគ​អាហារ​ចំណី​ក៏​ត្រូវ​ឱ្យ​មាន​កំណត់​ពេល​វេលា ត្រូវ​ឧស្សាហ៍​សម្អាត​ងូត​លាង​ជម្រះ​ខ្លួន​ប្រាណ​និង​គ្រឿង​ស្លៀក​ពាក់​ទី​កន្លែង​ដេក​នៅ​ដើម្បី​បង្ការ​រោគ ត្រូវ​បំប៉ន​កូន​ក្មេង​ឱ្យ​មាន​សាច់​ធំ​ធាត់​កុំ​ឱ្យ​ស្គាំង​ស្គម ត្រូវ​បង្ហាត់​ឱ្យ​ចេះ​ស្ទាត់​ក្នុង​ការ​គោរព​កោតក្រែង​ចំពោះ​ត្រកូល ឬ​អ្នក​ឯ​ទៀត​ដែល​គួរ​គោរព មិន​ត្រូវ​បណ្ដោយ​តាម​អំពើ​ចិត្ត​របស់​វា​ទេ។

ទី៥- ត្រូវ​បង្រៀន​កូន​ក្មេង​ឱ្យ​ចេះ​រាប់​ចំនួន​របស់​អ្វី​ផ្សេងៗ ឱ្យ​ចេះ​គិត​កាញ់​គ្នេរ​តាំង​ពី​របស់ ៣ ឬ ៤ ឡើង​ទៅ ឱ្យ​ចេះ​រាប់​លេខ​រាយ​លេខ​បូក​ដោយ​មាត់​ទទេ ឱ្យ​ចេះ​ថែ​រក្សា​ផ្ទះ​សម្បែង​ទ្រព្យ​សម្បត្តិ​ដឹង​បាត់​គង់​វិនាស​ចម្រើន​ខាត​ចំណេញ​បណ្ដោះ​អាសន្ន​បណ្ដើរ​តាំង​ពី​ក្មេង។

ទី៦- មាតា​បិតា​ត្រូវ​តាំង​ខ្លួន​ឱ្យ​មាន​មារយាទ​សុចរិត​ឫកពារ​ថ្លៃថ្លា​ល្អ ឱ្យ​សម​សក្ដិ​ជា​មាតា​បិតា គួរ​ជា​ទី​គោរព​ជា​តម្រាប់​ដ៏​ល្អ​របស់​បុត្រ​ធីតា ដើម្បី​ឱ្យ​បុត្រ​ធីតា ចម្លង​យក​បែប​បទ​ចរិយា​​ដ៏​ល្អ​នោះ​តទៅ បុគ្គល​ជា​មាតា​បិតា ត្រូវ​ចំណាំ​គំនិត​និស្ស័យ​របស់​កូន​ក្មេង​ឱ្យ​រឿយៗ ដើម្បី​ឱ្យ​ស្គាល់​ពុត​ត្បុត​ដំណើរ​លំនាំ​ទើប​ងាយ​នឹង​ប្រដៅ ឬ​តម្រូវ​កិច្ចការ​ធុរៈ​ដល់​វា​ក្នុង​កាល​ដែល​វា​មាន​វ័យ​ចម្រើន​ឡើង។

ទី៧- ត្រូវ​បង្ហាត់​បុត្រ​ធីតា ឱ្យ​មាន​កាយ​ទន់ភ្លន់​គឺ​ឱ្យ​ចេះ​គោរព សំពះ​ជម្រាប​សួរ​ញាតិ​សន្ដាន ឬ​បុគ្គល​ចាស់​ព្រឹទ្ធាចារ្យ ក្នុង​កាល​ដែល​ខ្លួន​ចូល​ទៅ​រក ឬ​គេ​ចូល​មក​រក​ខ្លួន ឱ្យ​ចេះ​ស្ទាត់​ក្នុង​ការ​ធ្វើ​​បដិសណ្ឋារៈ​​តាម​សម​គួរ​ដល់​គុណ​សម្បត្តិ​របស់​ភ្ញៀវ​ដែល​ចូល​មក​រក ព្រោះ​ថា​បុត្រ​ធីតា ក្នុង​ត្រកូល​ខ្លះ ស្រុក​ខ្លះ​មាន​អាការ​ឆ្គង​ដៃ​ជើង​មិន​ចេះ​សម្ដែង​សេចក្ដី​គួរសម​ចំពោះ​អ្នក​ណា​សោះ សូម្បី​តែ​មាតា​បិតា​របស់​ខ្លួន ក៏​មិន​ដែល​ឃើញ​ឱន​លំទោន​សោះ មនុស្ស​ខ្លះ​ឆ្គង​កាយ​យ៉ាង​នេះ​តាំង​ពី​ក្មេង​រហូត​ទាល់​តែ​ខ្លួន​ចាស់​ស្លាប់​បាត់​ទៅ​វិញ មិន​ដែល​បាន​គោរព​សំពះ​មាតា​បិតា អស់​មួយ​ជីវិត មនុស្ស​បែប​នេះ​ក៏​មាន​ច្រើន​ណាស់​ដែរ។ បុត្ត​ធីតា​ឆ្គង​កាយ​បែប​នេះ នឹង​ឱ្យ​ខុស​ទៅ​លើ​កូន​ក៏​មិន​បាន ព្រោះ​តែ​មាតា​បិតា​មាន​អាការ​ខ្ជីខ្ជា​ឥត​ច្បាប់​ទម្លាប់​បាន​ជា​បុត្ត​ធីតា​ក៏​មាន​កិរិយា​ឆ្គង​បែប​នោះ​ដែរ សម​ដូច​បុរាណ​ភាសិត​ថា “ដឹង​ឆ្គង​ព្រោះ​ដង កូន​ឆ្គង​ព្រោះ​ម្ដាយ ឬ​ខូច​ពី​ម្ដាយ សាយ​ដល់​កូន”។ ដំណើរ​នេះ​ច្រើន​តែ​ធ្លាក់​ទោស​ទៅ​លើ​មាតា ព្រោះ​ហេតុ​នេះ ស្ត្រី​ជា​មាតា​របស់​បុត្ត​ធីតា គួរ​ប្រយត្ន​បង្ហាត់​កូន​ឱ្យ​មាន​សណ្ដាប់​ធ្នាប់​ល្អ កុំ​ឱ្យ​ឆ្គង​បែប​នោះ គឺ​មុន​ដំបូង​ត្រូវ​មាតា​បង្ហាត់​កូន​ឱ្យ​ចេះ​សំពះ​បិតា ទើប​ឯ​បិតា​ក៏​ត្រូវ​បង្ហាត់​កូន​ឱ្យ​សំពះ​មាតា ឧស្សាហ៍​បង្ហាត់​បណ្ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​រឿយៗ យ៉ាង​នេះ​ទៅ​គង់​នឹង​បាន​បទ​បាត់​ឆ្គង​ពុំ​ខាន។ បើ​មាតា​ឬ​បិតា ពន្យល់​កូន​ឱ្យ​សំពះ​ខ្លួន​ឯង​ក៏​ហាក់​ដូចជា​មិន​ត្រូវ​ទំនង ​។ មួយ​ទៀត​មាតា​បិតា​ត្រូវ​ឧស្សាហ៍​និយាយ​រឿង​អ្វី​ផ្សេងៗ ដែល​ខ្លួន​ចេះ​ចាំ​ឱ្យ​កូន​ចៅ​ស្ដាប់ ដើម្បី​ឱ្យ​វា​ចេះ​ពាក្យ​ពេចន៍​ហើយ​ឱ្យ​វា​រៀន​និយាយ​តាម ជា​ហេតុ​នឹង​ឱ្យ​កូន​ក្មេង​ចេះ​និយាយ​ពាក្យ​សម្ដី​ល្អ មនុស្ស​ជាន់​មុន​នេះ​បន្តិច​ស្ទើរ​តែ​គ្រប់​ស្រុក​ច្រើន​តែ​នាំ​កូន​ក្មេង​ឱ្យ​ចេះ​សូត្រ​ពាក្យ​ថា “ចាក់​ទឹក​ដូង​មេឡូង​មេឡា កន្ទុយ​ត្រី​ប្រា​ទៅ​នាង​អុក កន្ទុយ​ត្រី​ភ្ទក់​ទៅ​នាង​កែវ អក​កំបោរ​បញ្ចាំ​ថង់ បំពង់​ឫស្សី​បញ្ចាំ​វែក ក្បាល​ទំពែក​ក្អែក​ជុំ​ដាក់​ប៉ក់” អ្នក​ខ្លះ​ឱ្យ​សូត្រ​ថា “ចាក់​ទឹក​ដូង​មេឡូង​មេលៀច ចាន់​ក្រពៀច​ពាក់​អាវ​ក្រពើ ទឹក​នៅ​លើ​ក្រពើ​នៅ​ក្រោម” ប៉ុណ្ណេះ​ជាដើម ខាង​ចុង​ដូច​គ្នា មួយ​បែប​ទៀត​ថា ” វើកៗ ដង្កូវ ស្អី​នៅ​ផ្លូវ ក្ដាម ស្រមេម​ស្រមាម បង្កង[១] ដំពង​ត្រី រ៉ស់ ខាំ​ពស់ ស្ការ ស៊ី​បន្លា រមាស មាន​ខ្មាស ពង្រូល” ប៉ុណ្ណេះ​ជាដើម។

ការ​បង្រៀន​កូន​ក្មេង​ឱ្យ​ចេះ​ចាំ​ពាក្យ​ទាំង​នេះ​ជា​ហេតុ​ឱ្យ​កូន​ក្មេង​ចេះ​ពាក្យ​សម្ដី​ច្រើន​ឡើង ក៏​ជា​ការ​ល្អ​ម្យ៉ាង​ដែរ​ហើយ តែ​មិន​សូវ​មាន​ប្រយោជន៍​ផ្ទាល់​ខ្លួន គួរ​បង្រៀន​កូន​ក្មេង​ឱ្យ​ចេះ​រាប់​អក្សរ​រាប់​ថ្ងៃ​ខែ​ឆ្នាំ​គឺ​ឱ្យ​រាប់​តាំង​ពី​នមោ … ក​ខ … អាទិត្យ​ចន្ទ … មិគសិរ បុស្ស … ជូត​ឆ្លូវ … ហែ ៗ ទៅ។ គឺ​ត្រូវ​ចោទ​សួរ​កូន​ក្មេង​អំពី​ថ្ងៃ​ខែ​ឆ្នាំ ហើយ​និយាយ​ប្រាប់​វា​ឱ្យ​ស្គាល់​ថ្ងៃ​តើ​មាន​ប៉ុន្មាន ? ថ្ងៃ​ណា​ជា​ដើម ? ក្នុង​មួយ​ឆ្នាំ​តើ​មាន​ប៉ុន្មាន​ខែ ? ខែ​ណា​ជា​ដើម ? ឆ្នាំ​តើ​ត្រូវ​រាប់​យក​ឆ្នាំ​ណា​ជា​ដើម ? ការ​បង្រៀន​កូន​ក្មេង​ឱ្យ​ចេះ​រាប់​ឱ្យ​ស្គាល់​បែប​នេះ​ឯង ជា​ការ​មាន​ប្រយោជន៍​ច្រើន​ជាង​ពាក្យ​ចាក់​ទឹក​ដូង​ទៅ​ទៀត។

ការ​បង្រៀន​ប្រដៅ​កូន​ក្មេង​ឱ្យ​មាន​សណ្ដាប់​បែប​បទ​បណ្ដើរ ជា​ការ​បណ្ដោះ​អាសន្ន​ដូច​សម្ដែង​មក​ប៉ុណ្ណេះ​នេះ ជា​ការ​បណ្ដុះ​ផ្សាំ​ប្រាជ្ញា​ស្មារតី ឬ​អប់រំ​បន្ទុំ​និស្ស័យ​របស់​កូន​ក្មេង​ឱ្យ​លូត​លាស់​ចម្រើន​ឡើង​ផង ដើម្បី​ឱ្យ​ស្រួល​ដល់​ការ​បង្រៀន​របស់​គ្រូ​ដែល​ជា​ភារៈ​ខាង​ការ​បង្រៀន​ផង ដើម្បី​ឱ្យ​ស្រួល​ដល់​ការ​បង្រៀន​របស់​គ្រូ​ដែល​ជា​ភារៈ​ខាង​ការ​បង្រៀន​ផង។ លុះ​កូន​ក្មេង​មាន​អាយុ ៦ ឬ ៧ឆ្នាំ ហើយ​ត្រូវ​នាំ​យក​ទៅ​ទុក​ដាក់​ក្នុង​សម្នាក់​គ្រូ​ឱ្យ​រៀន​សូត្រ​វិជ្ជា​អក្សរ វិជ្ជា​លេខ​នព្វន្ត​មិន​ត្រូវ​បណ្ដោយ​ទុក​ឱ្យ​នៅ​ទំនេរ កុំ​អាល​ទុក​កូន​គ្រាន់​អាស្រ័យ​យក​កម្លាំង​ប្រើប្រាស់ ព្រោះ​ថា កូន​ក្មេង​តំណូច​ប៉ុណ្ណេះ កាល​បើ​ប្រើ​វា​ញក់​ញី​ឱ្យ​ហត់​នឿយ​ខ្លាំង​ពេក ឬ​ត្រូវ​ខ្យល់​កម្ដៅ​ថ្ងៃ​ខ្លាំង​ជា​ហេតុ​ឱ្យ​បាក់​កម្លាំង​ខូច​ខាត​ស្មារតី​របស់​កូន​ក្មេង ​នឹង​សិក្សា​វិជ្ជា​អ្វី​ក៏​មិន​សូវ​អង់អាច​ក្លៀវក្លា ព្រោះ​ហេតុ​នោះ បុគ្គល​ជា​មាតា​បិតា​ដែល​មាន​បុត្ត​ប្រុស​ស្រី​បម្រុង​ឱ្យ​ទទួល​ភារៈ​ការ​សិក្សា គួរ​ថ្នម​កម្លាំង​កាយ​រក​ឧបាយ​បណ្ដុះ​ប្រាជ្ញា​ស្មារតី​របស់​កូន ហើយ​ត្រូវ​សំចៃ​លៃ​ទ្រព្យ​សម្បត្តិ​សម្រាប់​ជួយ​បំពេញ​កិច្ច​សិក្សា​សិល្ប​សាស្ត្រ​ដល់​បុត្ត​ធីតា​របស់​ខ្លួន។ ដើម្បី​ធ្វើ​ដំណើរ​នៃ​ការ​ចេះ​ដឹង​ឱ្យ​ជឿនលឿន​ឡើង​ទៅ​តាម​កាល​សម័យ។

ពាក្យ​ថា ” សាស្ត្រ” ប្រែ​ថា​គម្ពីរ ក្បួន​ច្បាប់ តម្រា ឬ​សៀវភៅ។ យក​សិល្បៈ​មក​រួម​បទ​ជា​មួយ​គ្នា​ហៅ​ថា ” សិល្ប​សាស្ត្រ” គឺ​គម្ពីរ​ដែល​សម្ដែង​អំពី​សិល្បៈ​ផ្សេងៗ មាន​ច្រើន​ប្រភេទ​ដូច​សេចក្ដី​ដែល​ត្រូវ​សម្ដែង​តទៅ។

សិល្បៈ​នេះ​បើ​និយាយ​រួបរួម​មាតិកា​ដោយ​សង្ខេប​មាន ២ យ៉ាង​គឺ ៖

ទី១ អនាគារិយ សិប្បៈ សិល្បៈ​របស់​បព្វជិត ដូច​យ៉ាង​ព្រះ​អានន្ទត្ថេរ​មាន​ប្រាជ្ញា​ស្មារតី​ឈ្វេងយល់​ក្នុង​ការ​ហែក កាត់ ដេរ គក់ ជ្រលក់​ស្បង់​ចីពរ​សង្ឃាដី​ឱ្យ​មាន​ខណ្ឌ​មាន​មណ្ឌល មាន​ខ្នាត​បន្ទាត់​ត្រូវ​តាម​វិនយានុញ្ញាត​របស់​ព្រះ​សម្មា​សម្ពុទ្ធ។

 ទី២ អគារិយ សិប្បៈ សិល្បៈ​របស់​គ្រហស្ថ​ដែល​គេ​ចេះ​ស្ទាត់​វាងវៃ​ក្នុង​សិល្ប​ផ្សេងៗ មាន​ធុរៈ​សិប្បៈ ទារុ​សិប្បៈ ស្ទាត់​វាងវៃ​ក្នុង​ការ​បាញ់​ធ្នូ ស្ទាត់​ក្នុង​ការ​ជាង​ឈើ​ជាដើម។

ក្នុង​ទី​នេះ​ ​នឹង​សម្ដែង​អំពី​សិល្បៈ​របស់​គ្រហស្ថ​ដូច​មាន​សេចក្ដី​តទៅ ៖

សិល្បៈ ដែល​អ្នក​ស្រុក​មជ្ឈិម​ប្រទេស​ក្នុង​សម័យ​បុរាណ​តាំង​ពី​មុន​ពុទ្ធកាល​រហូត​ដល់​មក​ក្នុង​សម័យ​ពុទ្ធកាល គេ​តែង​និយម​រាប់អាន​សិក្សា​នោះ​មាន​ច្រើន​យ៉ាង តាម​ឧបាយ​ប្រាជ្ញា​របស់​អ្នក​ប្រាជ្ញ​ក្នុង​ជំនាន់​នោះ​បំបែក​សាខា​វិជ្ជា​ទៅ​ជា​ច្រើន​ចំណែក​ណាស់ តែ​ដែល​ប្រាកដ​មក​ក្នុង​គម្ពីរ​ឧទាន​នន្ទ​វគ្គ​ខុន្ទក​និកាយ រាប់​គោល​សិល្បៈ​ធំៗ ហៅ​ថា មហា​សិល្បៈ​មាន ១២ យ៉ាង​គឺ ៖

១- ហត្ថិសិប្បៈ សិល្បៈ​ក្នុង​វិធី​បង្ហាត់​ដំរី ត្រួតត្រា​ខាង​ពល​ដំរី។

២- អស្សសិប្បៈ សិល្បៈ​ក្នុង​វិធី​ទូន្មាន​សេះ ត្រួតត្រា​ខាង​ពល​សេះ។

៣- រថសិប្បៈ សិល្បៈ​ក្នុង​ការ​ធ្វើ​រថ ត្រួតត្រា​ខាង​ពល​រថ។

៤- ធនុសិប្បៈ សិល្បៈ​ក្នុង​ការ​បាញ់​ធ្នូ ប្រសប់​ខាង​កាន់​ធ្នូ។

៥- ថរុសិប្បៈ សិល្បៈ​ក្នុង​ការ​ប្រើ​អាវុធ កសាង​អាវុធ។

៦- មុទ្ធាសិប្បៈ សិល្បៈ​ក្នុង​ការ​រាប់​កាញ់គ្នេរ​ដោយ​ដៃ​ទទេ។

៧- គណនាសិប្បៈ សិល្បៈ​ក្នុង​ការ​កាន់​បញ្ជី​កត់ត្រា​រាប់​ចំនួន​មនុស្ស​នឹង​វត្ថុ​ផ្សេង​ៗ។

៨- សង្ខានសិប្បៈ សិល្បៈ​ក្នុង​ការ​ប្រើ​ឧបាយ​ប្រាជ្ញា​ក្នុង​ផ្លូវ​សាសនោបាយ។

៩- លេខាសិប្បៈ សិល្បៈ​ក្នុង​ការ​សរសេរ​និង​វិធី​ប្រើ​អក្សរ​ត្រូវ​តាម​ច្បាប់​អក្សរសាស្ត្រ។

១០- កាវេយ្យសិប្បៈ សិល្បៈ​ក្នុង​ការ​តែង​ពាក្យ​កាព្យ​ឃ្លោងនិង​ប្រវត្តិសាស្ត្រ​ផ្សេងៗ។

១១- លោកាយតនសិប្បៈ សិល្បៈ​ក្នុង​ផ្លូវ​លោក​មាន​វិជ្ជា​ពេទ្យ នឹង​វិជ្ជា​មើល​លក្ខណៈ​ផ្សេងៗ ជាដើម​ព្រម​ទាំង​បរមត្ថវិជ្ជា នឹង​វិធី​ផ្សំ​ធាតុ​ញែក​រក​ដើម​កំណើត​ឱ្យ​ឃើញ​ប្រាកដ។

១២- ខត្តិវិជ្ជាសិប្បៈ សិល្បៈ​ក្នុង​ក្រសួង​រដ្ឋបាល-តុលាការ ច្បាប់​ត្រួតត្រា​ប្រជារាស្ត្រ។

សិល្បៈ ទាំង​១២ យ៉ាង​នេះ គេ​លើក​ថា​ជា​វិជ្ជា​ជាន់​ខ្ពស់​ក្នុង​សាលា​ទិសាបាមោក្ខ សម្រាប់​ប្រទេស​ជាតិ​របស់​គេ ព្រោះ​គេ​យល់​ច្បាស់​ថា ប្រទេស​ជាតិ​ដែល​បាន​ចម្រើន​រុងរឿង​ឡើង ក៏​ព្រោះ​អាស្រ័យ​សិល្បៈ​ទាំង​នេះ​ឯង មួយ​ទៀត​សិល្បៈ​នេះ​ជា​ផ្លូវ​សម្រាប់​រក្សា​គ្រប់​គ្រង​ប្រទេស ឬ​ថា​ជា​លម្អ​របស់​ប្រទេស។ សិល្បៈ​ក្រៅ​ពី​នេះ​ក៏​នៅ​មាន​ច្រើន​បែប​ទៅ​ទៀត​ណាស់ ប៉ុន្តែ​គេ​រាប់​ថា​ជា​សិល្បៈ​សាធារណៈ ខាង​ផ្លូវ​ពាណិជ្ជកម្ម សម្រាប់​របរ​ចិញ្ចឹម​ជីវិត​ផ្ទាល់​ខ្លួន​ម្នាក់​ៗប៉ុណ្ណោះ។

សិល្បៈ​សាធារណៈ​មាន ៩ យ៉ាង​គឺ ៖

១- ទារុសិប្បៈ សិល្បៈ​ខាង​គ្រឿង​ឈើ គឺ​ការ​ឈ្លាសវៃ​ក្នុង​ការ​អារ​ចាំង​ឈូស​ឆ្លាក់​ក្រឡឹង​ខ្នាត​បន្ទាត់ ធ្វើ​ផ្ទះ​សម្បែង​ និង​ប្រដាប់​តាក់តែង​ផ្ទះ​មាន​តុ​តាំង​ជាដើម។

២- ចិតកម្ម​សិប្បៈ សិល្បៈ​ខាង​ការ​គូរ​គំនូរ​ផ្សេងៗ មាន​គំនូរ​រូប​មនុស្ស​ជាដើម។

៣- សុធាឥដ្ឋ​សិប្បៈ សិល្បៈ​ខាង​ការ​ជាង​កំបោរ​ដី​ឥដ្ឋ​គឺ​ប្រសប់​ក្នុង​ការ​រៀបចំ​ផ្សំ​ផ្គុំ​ដោយ​គ្រឿង​កំបោរ​ដី​ឥដ្ឋ​ថ្ម ធ្វើ​ចាន​ឆ្នាំង​ឬ​កសាង​វាំង​ប្រាសាទ​ចេតិយ​ផ្ទះ ខាង​ឧល្លិត្តាវលិត្តកម្ម គឺ​ការ​លាប​បូក​ឱ្យ​ជិត​ស្និទ្ធ​មាន​ពណ៌​ខាង​ក្នុង​ខាង​ក្រៅ ខាង​រចន​កម្ម គឺ​ការ​ឆ្លាក់​ក្បាច់ក្បូរ​ផ្សេងៗ។

៤- លោហធាតុ​សិប្បៈ សិល្បៈ​ខាង​ការ​លោហធាតុ គឺ​ប៉ិន​ប៉ៅ​ក្នុង​ការ​លៃលក​ផ្សំ​ធាតុ​ដែក ស្ពាន់ លង្ហិន សំណ ប្រាក់ មាស អាច​យក​លោហធាតុ​ទាំង​នោះ​មក​ដុត ស្ល រម្លាយ ដំ ផែ សិទ្ធ សូន ក្រឡឹង រុះរើ​រៀបចំ​ផ្សំ​ផ្គុំ​ផ្លាស់​ប្តូរ​គ្រឿង​យន្ត ឬ​ធ្វើ​បរិក្ខារ​សម្រាប់​ប្រើប្រាស់​ដោយ​លោហធាតុ។

៥- វត្ថ​សិប្បៈ សិល្បៈ​ខាង​ការ​ត្បាញ​សំពត់​ស្លៀកពាក់​រំលេច​ពណ៌​ច្រើន​បែប​គឺ​ស្ទាត់​វាងវៃ​ក្នុង​តន្តវាយកម្ម ការ​ត្បាញ​រវៃ​អំបោះ​សូត្រ គេទនកម្ម ការ​ហែក កាត់ សិព្វនកម្ម ការ​ដេរ​ប៉ាក់ រជនកម្ម ការ​ជ្រលក់​ឱ្យ​មាន​ពណ៌​គ្រប់​យ៉ាង​តាម​ប្រាថ្នា។

៦- ថម្មសិប្បៈ សិល្បៈ​ខាង​ការ​ធ្វើ​ស្បែក គឺ​វិធី​សម្លាប់​ស្បែក​ឱ្យ​មាន​សាច់​ទន់​ស្អាត​ល្អ​ធ្វើ​បរិក្ខារ​សម្រាប់​ប្រើប្រាស់​ដោយ​ស្បែក​សត្វ​ផ្សេងៗ។

៧- នហាបិតសិប្បៈ សិល្បៈ​ខាង​ការ​កាត់​សក់ លាប​សក់ តាក់តែង​សក់​ឱ្យ​ល្អ​តាម​សម័យ។

៨- មណិការសិប្បៈ សិល្បៈខាង​វិធី​ធ្វើ​ត្បូង​គឺ​ចេះ​ប្រសប់​ខាង​ការ​ឆ្នៃ​ត្បូង- ពេជ្រ ស្ល​កែវ​ផ្សេងៗ មាន​កែវមណី​ជាដើម។

៩- កិលញ្ជសិប្បៈ សិល្បៈ​ខាង​របៀប​តម្បាញ​កន្ទេល ផែង ឬ​ល្អី​ចង្អេរ​ជាដើម។

សិល្បៈ​ទាំងអស់​ដូច​សម្ដែង​មក​នេះ ហាក់​ដូច​ជា​រំកាច់រំកោច​រប៉ិចរប៉ី ប៉ុន្តែ​មិន​ដូច្នោះ​ទេ គឺ​ជា​វិជ្ជា​សម្រាប់​ដៃ​របស់​គ្រហស្ថ បម្រុង​ដល់​ការ​ចិញ្ចឹម​ជីវិត​ឬ​ថា​ជា​លម្អ​​របស់​ត្រកូល សិល្ប​វិជ្ជា​ទាំងនេះ បើ​ជន​ជា​គ្រហស្ថ ឥត​គំនិត​មិន​បាន​គិត​សិក្សា​ឬ​ជា​មនុស្ស​ខ្ជិល​ច្រអូស​ក៏​មិន​ងាយ​នឹង​បាន​ចេះ​ដឹង​ក្នុង​សិល្បៈ​ណា​មួយ​ឡើយ។ បុគ្គល​ជា​គ្រហស្ថ​ប្រុស​ស្រី ដែល​មាន​ចិត្ត​ប៉ុនប៉ង​ក្នុង​ការ​ស្វែង​រក​ទ្រព្យ ឬ​បុរស​ដែល​មាន​ចិត្ត​ចំពាក់​ក្រាប​ក្រាញ​នៅ​ក្នុង​ឃរាវាស​សម្បត្តិ ក៏​ត្រូវ​តែ​ស្វះ​ស្វែង​រក​រៀន​សិល្បវិជ្ជា​ណា​មួយ​ឱ្យ​បាន​ចេះ​ដឹង​ស្ទាត់​ប្រាកដ​ក្នុង​ខ្លួន ដើម្បី​ជា​ស្នាដៃ ជា​អលង្ការ​ជា​លម្អ​របស់​បុរស​ស្រី​ក្នុង​ត្រកូល​នីមួយៗ ព្រោះ​ថា​បុរស​ស្ត្រី​ដែល​មាន​រូប​ឆោម​ស្រស់បស់​ល្អ​យ៉ាង​ណា​ក៏​ដោយ តែ​បើ​គ្មាន​វិជ្ជា​ក្នុង​ខ្លួន​ហើយ​នឹង​រាប់​ថា​ល្អ​ពុំ​បាន​ឡើយ ប្រៀប​ដូច​ជា​មនុស្ស​កំបុត​ដៃ​ជើង​ឬ​ដូច​ជា​មនុស្ស​គ ឬ​ក៏​ដូច​ជា​មនុស្ស​អាក្រាត​កាយ​ទទេ។ សិល្បៈ​នេះ​ទុក​ជា​ធុរៈ​មួយ​សម្រាប់​ត្រកូល​គ្រហស្ថ​ត្រូវ​ទទួល ឯ​បុរស​ស្ត្រី​ដែល​គ្រាន់​តែ​ល្អ​រូប​ប៉ុណ្ណោះ តែ​មិន​មាន​សិល្បវិជ្ជា​ផង​ទេ ក៏​គង់​មិន​ល្អ​ខ្ពង់ខ្ពស់​ដល់​ត្រកូល​បាន សម​ដូច​គាថា​សុភាសិត​ថា ៖

រូប​យោព្វនសម្បន្នោ    វិសាលកុលសម្ភវោ

វិជ្ជាហីនោ ន សោភេតិ និត្តទ្ធា ឥវ កឹសុកា។

សេចក្ដី​ថា “បុគ្គល​កើត​ក្នុង​ត្រកូល​ខ្ពង់ខ្ពស់ បរិបូណ៌​ដោយ​រូប​និង​វ័យ​នៅ​ក្មេង​ក៏​ដោយ តែ​បើ​សាប​សូន្យ​ចាក​វិជ្ជា​ហើយ មិន​ឈ្មោះ​ថា​ល្អ​ទេ ដូច​ជា​ផ្កា​ចារ (គ្រាន់​តែ​មាន​ពណ៌​ក្រហម​ច្រាល) តែ​ឥត​ក្លិន​ក្រអូប”។

មួយ​ទៀត សិល្បៈ​នេះ​ទុក​ដូច​ជា​ទ្រព្យ​ធន​ដើម​ទុន​ដែល​ចាយ​វាយ​មិន​ចេះ​អស់ ភ្លើង​ក៏​មិន​ឆេះ ទឹក​ក៏​មិន​លិច ទាំង​ចោរ​ក៏​លួច​ប្លន់​យក​មិន​បាន សម​ដូច​គាថា​សុភាសិត​លោកនីតិ​ថា

សិប្បសមំ ធនំ  នត្ថំ    សិប្បំ ចោរា ន តណ្ហរេ

ឥធលោកេ      សុខំ មត្តំ        បរលោកេ សុខាវហំ។

សេចក្ដី​ថា “ទ្រព្យ​ស្មើ​ដោយ​សិល្បៈ​មិន​មាន​ទេ ចោរ​ទាំងឡាយ​ក៏​លួច​យក​សិល្បៈ​មិន​បាន សិល្បៈ​ជា​មិត្រ​សម្លាញ់​នាំ​មក​នូវ​សុខ​ក្នុង​លោក​នេះ​ផង នាំ​មក​នូវ​សុខ​ក្នុង​បរលោក​ផង”។

ក្នុង​គម្ពីរ​មង្គលត្ថទីបនី មាន​រឿង​ដំណាល​ថា បីឋសិប្ប (បុរស​ខ្វិន) ម្នាក់ ចេះ​ស្ទាត់​ប្រាកដ​ក្នុង​សាឡិតសិប្បៈ គឺ​វិជ្ជា​ផ្ទាត់​ក្រួស អាច​ផ្ទាត់​ដុំ​ក្រួស​ត្រូវ​ស្លឹក​ឈើ​ឱ្យ​មាន​រូប​ដូច​ជា​សត្វ​អ្វីៗ បាន​ទាំង​អស់ បុរស​ខ្វិន​នោះ​មាន​ឈ្មោះ​ឮ​ល្បី​ខ្ចរខ្ចាយ ដោយ​គ្រាន់​តែ​ចេះ​សិល្បៈ​ផ្ទាត់​ប៉ុណ្ណោះ ដំណាល​ថា ស្ដេច​ក្នុង​នគរ​នោះ មាន​បុរោហិត​ម្នាក់ ជា​អ្នក​មាត់​រឹង​និយាយ​ច្រើន​មិន​សូវ​ចេះ​ឈប់ លុះ​ស្ដេច​បាន​ជ្រាប​ហើយ​ក៏​ចាត់​រាជ​បុរស​ឱ្យ​ទៅ​នាំ​យក​បុរស​ខ្វិន​នោះ​មក​ដើម្បី​ឱ្យ​ផ្ទាត់​អាចម៍​ពពែ ដាក់​មាត់​បុរោហិត ដែល​មាន​សម្ដី​រឹង​នោះ​ធ្វើ​ឱ្យ​រាងចាល លុះ​រាជ​បុរស​នាំ​មក​ដល់​ហើយ ស្ដេច​ក៏​ឱ្យ​លាក់​បំពួន​បុរស​ខ្វិន​នោះ​ក្នុង​កន្លែង​ជិត​ស្ដេច រួច​ឱ្យ​ហៅ​បុរោហិត​មក ហើយ​នាំ​ឱ្យ​និយាយ លុះ​បុរោហិត​ហា​មាត់​និយាយ​ឡើង បុរស​ខ្វិន​ក៏​បាន​ឱកាស​ផ្ទាត់​អាចម៍​ពពែ​ចូល​ចំ​មាត់​ប្លក់ៗ រាល់​ម៉ាត់​ដែល​បុរោហិត​ហា​និយាយ ផ្ទាត់​ឱ្យ​ចូល​ដល់​រហូត​ដល់​ពោះ ទាល់​តែ​ពេញ​ពោះ​ច្រាល​ឡើង​មក​ដល់​ដើម​ក​និយាយ​លែង​កើត ស្ដេច​ទ្រង់​មាន​ព្រះ​អំណរ​រួច​ទ្រង់​ប្រទាន​រង្វាន់​ជា​ច្រើន ព្រម​ទាំង​ស្រុក​សួយ ៤ ស្រុក​ថែម​ទៀត បុរស​ខ្វិន​នោះ​ក៏​បាន​ឡើង​ជា​អ្នក​មាន​ស្ដុកស្ដម្ភ​គ្រាន់​បើ​មួយ​រំពេច ដោយ​វិជ្ជា​សិល្បៈ​ផ្ទាត់​ក្រួស​នោះ​ឯង។

គ្រា​នោះ មហាមាត្យ​ជា​បណ្ឌិត​របស់​ស្ដេច បាន​សម្ដែង​សរសើរ​អានិសង្ស​របស់​សិល្បៈ​ចំពោះ​ព្រះ​ភក្រ្ត​ស្ដេច ក្នុង​វេលា​ដែល​ចូល​គាល់​នោះ ដោយ​គថាសុផសិត​ថា

សាធុ ខោ សិប្បកំនាម  អបិ     យាទិសិកីទិសំ

បស្ស អជប្បហារេន    សទ្ធា កាមា ចតុទិ្ទសា។

សេចក្ដី​ថា “ឱ្យ​តែ​ឈ្មោះ​ថា​សិល្បៈ មើល​ទៅ​ហាក់​ដូច​ជា​ផ្ដេសផ្ដាស​សោះ តែ​ទៅ​ជា​បាន​ការ​សម្រេច​ប្រយោជន៍​យ៉ាង​សន្ធឹក សូម​ព្រះ​អង្គ​ពិចារណា​មើល​ចុះ បុរស​ខ្វិន​បាន​ស្រុក​សួយ ៤ ទិស​ក៏​ព្រោះ​តែ​សិល្បៈ​ផ្ទាត់​អាចម៍​ពពែ (នោះ​ឯង)។

សិល្បៈ​ទាំងអស់​ដូច​បាន​ពោល​មក​នេះ ចាត់​ជា​មង្គល​មួយ​ជា​ហេតុ​នាំ​មក​នូវ​សេចក្ដី​សុខ​ ចម្រើន​រុងរឿង​ចំពោះ​ស្រុកទេស​ត្រកូល​របស់​ខ្លួន​ក្នុង​លោក​នេះ​ជា​ប្រាកដ។ បុរស​ស្ត្រី​អ្នក​មាន​គំនិត​ថ្លៃថ្នូរ​យល់​ត្រូវ​មាន​ព្យាយាម​ខ្ជាប់ខ្ជួន ស្គាល់​ប្រយោជន៍​ដ៏​ធំ​ទូលាយ​បាន​សិក្សា​ចំពោះ​សិល្បៈ​ណា​មួយ​ឱ្យ​ចេះ​ដឹង​ស្ទាត់ រមែង​បាន​ទទួល​ផល​ប្រយោជន៍​គឺ ​លាភ យស សរសើរ សុខ​ ក្នុង​បច្ចុប្បន្ន​ទាន់​ភ្នែក​ដោយ​ជាក់​ស្ដែង ដូច​យ៉ាង​លោក​អ្នក​ទាំងឡាយ ដែល​បាន​ឋានន្តរសក្ដិ​យស​ជា​មន្ត្រី​ធំ​តូច ក្នុង​តំណែង​ណា​ៗក៏​ដោយ ក៏​សុទ្ធ​តែ​បាន​មក​ដោយ​សារ​សិល្បៈ​ទាំងអស់ ខុស​គ្នា​តែ​ត្រង់​ការ​ចេះ​ដឹង គឺ​អ្នក​ខ្លះ​ចេះ​ដឹង​ច្រើន ខ្លះ​ចេះ​ដឹង​តិច អ្នក​ខ្លះ​ចេះ​សិល្បៈ​នេះ អ្នក​ខ្លះ​ចេះ​សិល្បៈ​នោះ​ប៉ុណ្ណោះ ពិត​ណាស់​បុគ្គល​អ្នក​កាន់ការ​ក្នុង​តំណែង​នាទី​ជា​មន្ត្រី​មួយៗ ត្រូវ​ជា​អ្នក​ចេះ​ដឹង​យល់​ការ​រាក់​ជ្រៅ​ខុស​ត្រូវ​ឱ្យ​វែង​ឆ្ងាយ​ជាង​គេ​អ្នក​តូច​ៗ ទើប​បាន​សេចក្ដី​ចម្រើន​ទូទៅ​ដល់​ប្រទេស​ជាតិ​របស់​ខ្លួន ទាំង​ប្រជាជន​ក៏​គោរព​កោត​ខ្លាច​លាន់​មាត់​សរសើរ​ថា​ជា​មន្ត្រី​ខ្ពង់ខ្ពស់​ចេះ​ដឹង​យល់​ប្រយោជន៍​ល្អ​មែន មិន​មែន​ជា​អ្នក​ល្ងង់ខ្លៅ​យល់​ឃ្វាង​អំពី​សេចក្ដី​ចម្រើន​នោះ​ទេ។

ក្នុង​សម័យ​ពុទ្ធកាល អ្នក​ស្រុក​មជ្ឈិម​ប្រទេស ទោះ​ក្សត្រ​ក្ដី ព្រាហ្មណ៍​ក្ដី សេដ្ឋី​ក្ដី មន្ត្រី​ក្ដី រាស្ត្រ​អ្នក​មាន​ទ្រព្យ​ក្ដី ច្រើន​តែ​បញ្ជូន​កូន​ចៅ​ឱ្យ​ទៅ​រៀន​សិល្បៈ​ឯ​នគរ​តក្កសិលា ព្រោះ​នគរ​នោះ​មាន​សាលា​ទិសាបាមោក្ខ​ធំ​ៗ ជា​ច្រើន​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ចេះ​ដឹង​វិជ្ជា​គ្រប់​យ៉ាង។ កូន​ក្សត្រ ព្រាហ្មណ៍ សេដ្ឋី មន្ត្រី​ នIង​កូន​រាស្ត្រ ដែល​បាន​ទៅ​រៀន​ចេះ​ដឹង​សម្រេច​វិជ្ជា​ណាមួយ​ហើយ លុះ​​ត្រឡប់​​មក​ស្រុក​វិញ​ទើប​បាន​ទទួល​ឋានន្តរ​ងារ​សក្ដិ​ធំ​ៗ ជា​មន្ត្រី​កាន់​ការ​ផែនដី ខ្លះ​បាន​ជា​ស្ដេច ខ្លះ​បាន​ជា​សេនាបតី ខ្លះ​បាន​ជា​មហាមាត្រ​រាជបណ្ឌិត។ មន្ត្រី​ទាំងនោះ​ក្នុង​គម្ពីរ​បាលី​ច្រើន​តែ​ឃើញ​ថា “ឧត្តហិតសិប្បា” ប្រែ​ថា “អ្នក​មាន​សិល្បៈ​រៀន​ស្រេច​ហើយ” ដូច្នោះ។ អ្នក​ដែល​បាន​ចុះ​ស្នាម​ក្នុង​ផ្លូវ​សិក្សា​សិល្បវិជ្ជា ចេះ​ស្ទាត់​ប្រាកដ​ណាស់ ទើប​គួរ​នឹង​ឱ្យ​ឋានន្តរ​ជា​មន្ត្រី​ធំ​ៗ​បាន ព្រោះ​ថា មន្ត្រី​ទាំង​នោះ​ជា​អ្នក​កាន់​ចង្កូត​ផែនដី បើក​កាត់​ដម្រង់​ទៅ​រក​សេចក្ដី​ចម្រើន។

ក្នុង​គម្ពីរ​ធម្មបទ​ត្រង់​រឿង​វិឌូឌភៈ មាន​រឿង​ថា “ព្រះ​រាជ​កុមារ ៣ អង្គ​គឺ​មួយ​អង្គ​ព្រះ​នាម​បសេនទិ ជា​បុត្រ​របស់​ស្ដេច​មហាកោសល ក្រុង​សាវត្ថី មួយ​អង្គ​ព្រះ​នាម​មហាលិ ជា​បុត្រ​របស់​ស្ដេច​លិច្ឆវី ក្រុង​វេសាលី មួយ​អង្គ​ទៀត​ព្រះ​នាម​ពន្ធុល ជា​បុត្រ​របស់​ស្ដេច​មល្លៈ ក្រុង​កុសិនារា”។

ព្រះ​រាជ​កុមារ​ទាំង ៣ អង្គ​នេះ​បាន​ទៅ​រៀន​សិល្បៈ​ក្នុង​សាលា​ទិសាបាមោក្ខ ក្រុង​តក្កសិលា បាន​ចួប​គ្នា​សាកសួរ​រក​ត្រកូល​នាម​ទៅ​វិញ​ទៅ​មក ស្គាល់​គ្នា​ជាក់លាក់​ហើយ​ក៏​រាប់អាន​ស្រឡាញ់​ធ្វើ​ជា​មិត្ត​មេត្រី​នឹង​គ្នា លុះ​នៅ​រៀន​សូត្រ​ក្នុង​ទីនោះ​បាន​ចេះ​ដឹង​សិល្បវិទ្យា​ចប់​ស្រេច​ហើយ ក៏​នាំ​គ្នា​លា​គ្រូ​អាចារ្យ​ត្រឡប់​មក​នគរ​របស់​ខ្លួន​វិញ បណ្ដា​រាជ​កុមារ​ទាំងនោះ ដែល​ត្រឡប់​មក​នគរ​របស់​ខ្លួន​វិញ បណ្ដា​រាជ​កុមារ​ទាំងនោះ ដែល​ត្រឡប់​មក​ដល់​នគរ​រៀង​ៗ ខ្លួន​ហើយ បសេនទិកុមារ ក៏​បាន​សម្ដែង​ឫទ្ធិ​សិល្បៈ​ថ្វាយ​សម្ដេច​ព្រះវរបិតា ល្បង​មើល ព្រះ​វរបិតា​ទ្រង់​ពេញ​ព្រះរាជហឫទ័យ​ក្នុង​សិល្បវិទ្យា​របស់​រាជ​កុមារ ដោយ​ទ្រង់​យល់​ច្បាស់​ថា “បុត្រ​របស់​អញ​នេះ​ចេះ​ដឹង​ប្រសើរ​មែន ក៏​លើក​រាជកុមារ​អភិសេក​ឱ្យ​សោយរាជ្យ”។ មហាលិកុមារ​ក៏​សម្ដែង​សិល្បៈ​ចំពោះ​ពួក​ក្សត្រ​លិច្ឆវី​ដោយ​សេចក្ដី​ប្រឹង​ប្រែង​ខ្លាំង​ពេក​ក៏​បែក​ភ្នែក​ទាំង​ពីរ។ មហាលិកុមារ​ទោះ​បែក​ព្រះ​នេត្រ​នោះ​ហើយ ក៏​គង់​ក្សត្រ​លិច្ឆវី​លើក​ឱ្យ​ធ្វើ​ជា​អាចារ្យ​បង្រៀន​ពួក​លិច្ឆវី​កុមារ​តទៅ។ ចំណែក​ខាង​ពន្ធុលកុមារ ដែល​ពួក​មល្លក្សត្រ​យក​ឫស្សី ៦០ដើម​ ហើយ​យក​ដែក​បុក​ធ្វើ​ស្នូល​ក្នុង​ឫស្សី​ទាំង ៦០ដើម មិន​ឱ្យ​ពន្ធុលកុមារ​ដឹង​ថា ឫស្សី​មាន​ស្នូល​ដែក ហើយ​ក៏​ចាប់​ដាវ​លោត​ឡើង​កម្ពស់ ៨០ហត្ថ រួច​កាប់​បាច់​ឫស្សី ៦០ដើម ​នោះ​ឱ្យ​ដាច់​ព្រម​គ្នា​តែ​ចម្លែក​ត្រង់​ដែល​ឮ​សំឡេង​ស្នូល​ដែក​ក្រឹះ​ៗ ដឹង​ថា​ឫស្សី​ទាំងនោះ​មាន​ស្នូល​ដែក ក៏​នឹក​តូច​ចិត្ត​យំ​ហើយ​គ្រវែង​ដាវ​ចោល​ពោល​ថា “ពួក​ញាតិ​ទាំងនេះ​គ្មាន​អ្នកណា​ស្រឡាញ់​អញ​ប្រាប់​ហេតុ​នេះ​ដល់​អញ​ផង​សោះ ” លំដាប់​នោះ ពន្ធុល​កុមារ​ចំពោះ​ព្រះ​វរមាតា​បិតា​ថា “ខ្ញុំ​នឹង​សម្លាប់​ពួក​មល្លក្សត្រ​ទាំងអស់​នេះ​ហើយ​នឹង​សោយរាជ្យ” តែ​ព្រះ​វរមាតា​បិតា​ឃាត់​ខ្លាំង​ពេក​ក៏​អាក់ខាន​ទៅ។ ពន្ធុលកុមារ​គិត​ឃើញ​ថា​អញ​នឹង​ទៅ​រក​សម្លាញ់​ឯ​ក្រុង​សាវត្ថី លុះ​ទៅ​ដល់​ហើយ​ព្រះបាទ​បសេនទិ ក៏​ទទួល​ត្រេកអរ​សាទរ​យ៉ាង​មហិមារ​ដោយ​គិត​ថា “សម្លាញ់​របស់​អញ​ជា​អ្នក​ប្រាជ្ញ ឥឡូវ​នេះ​មក​ដល់​ហើយ”។ ព្រះ​បាទ​បសេនទិ ក៏​តាំង​ពន្ធុលកុមារ ក្នុង​តំណែង​ទី​ជា​សេនាបតី​តទៅ។

រឿង​រាជកុមារ​ទាំង ៣ អង្គ​ដែល​បាន​នាំ​មក​ដោយ​សង្ខេប​ប៉ុណ្ណោះ ដើម្បី​ឱ្យ​ឃើញ​ថា​មនុស្ស​សម័យ​នោះ ស្រឡាញ់​ពេញ​ចិត្ត​នឹង​អ្នក​ប្រាជ្ញ​ដែល​ចេះ​សិល្បវិជ្ជា ជ្រើសរើស​លើក​តម្កើង​ឱ្យ​ធ្វើ​ជា​មន្ត្រី​ក្នុង​តំណែង​ណា​មួយ​ដោយ​ស្មោះ​ស្មគ្រ មន្ត្រី​នោះ​គេ​ហៅ​ថា “មន្ត្រី​សមសក្ដិ” ព្រោះ​ប្រកប​ដោយ​លក្ខណៈ​នៃ​ការ​ចេះ​ដឹង ធ្វើការ​ប្រកប​ដោយ​ព្រហ្មវិហារ​ធម៌​ឱ្យ​ចម្រើន​ប្រយោជន៍សម្លាញ់​​ដល់​ប្រជារាស្ត្រ​ទាំងអស់។

ព្រះ​សម្មាសម្ពុទ្ធ​របស់​យើង​ទាំងឡាយ កាល​ព្រះ​អង្គ​នៅ​ជា​ព្រះ​ពោធិសត្វ​មិន​ទាន់​បាន​ត្រាស់​នៅ​ឡើយ ព្រះ​អង្គ​មាន​ព្រះ​នាម​ខ្ចរខ្ចាយ​ល្បីល្បាញ​ថា ជា​អ្នក​ចេះ​ដឹង​ពូកែ​ក្នុង​សិល្បវិជ្ជា គ្រប់​យ៉ាង​ស្ទើរ​តែ​រាល់​ជាតិ​ដែល​ព្រះ​អង្គ​កើត ដូច​មាន​និទាន​មក​ក្នុង​គម្ពីរ​បាលី- អដ្ឋកថា ឬ​ជាតក​ជា​ច្រើន​រឿង​ណាស់។

សិល្បៈ​ទាំងឡាយ​ដែល​កើត​មាន​ឡើង​ដោយ​អំណាច​បុព្វបុរស​អ្នក​ឈ្លាសវៃ​ឆ្លៀត​សិក្សា​រៀន​សូត្រ​នាំ​ត​ៗ មក​នោះ​មាន​ច្រើន​យ៉ាង គឺ​សិល្បៈ​ខ្លះ​ជា​ចំណែក​ជាន់​ខ្ពស់ សិល្បៈ​ខ្លះ​ជា​ចំណែក​ជាន់​ទាប​សម្រាប់​រាស្ត្រ​ប្រជា​ទូទៅ សិល្បៈ​ដែល​ពោល​មក​ខាង​លើ​មក​នោះ​មិន​បាន​អស់​សព្វ​គ្រប់​ទេ ដូច​យ៉ាង​សិល្បៈ​​ថ្មី​ៗ ដែល​កើត​មាន​ឡើង​តាម​ជំនាន់​កាល​សម័យ ក៏​នៅ​មាន​ច្រើន​បែប​ទៀត​ណាស់។ បុគ្គល​ជា​គ្រហស្ថ​គួរ​ពិនិត្យ​ជ្រើសរើស​មើល​សិល្បៈ​ណា ដែល​ត្រូវ​រៀន​ទៅ​ហើយ​នាំ​ឱ្យ​កើត​ប្រយោជន៍ ត្រូវ​សិក្សា​ចំពោះ​សិល្បៈ​នោះ​ចុះ។ ដូច​យ៉ាង​ការ​រក​ទទួល​ទាន​ខាង​របរ​ស្រែ ចម្ការ លក់ដូរ របស់​គ្រហស្ថ​ដែល​ថ្នឹក​ស្ទាត់​ប៉ិន​ប្រសប់​ក្នុង​ការ​នោះ​ៗ ក៏​ហៅ​ថា សិល្បៈ​ ដែរ។ ការងារ​ខាង​ស្រែ​ចម្ការ ហៅ​ថា​កសិកម្ម​សិប្បៈ គឺ​សិល្បៈ​ក្នុង​ក្នុង​ការ​ភ្ជួរ​រាស់ សាប​ព្រោះ ដក​ស្ទូង ការងារ​ខាង​ជួញ​ប្រែ​លក់ដូរ​ហៅ​ថា វណិជ្ជសិប្បៈ។ សិល្បៈ​ទាំងអស់​មិន​ចំពោះ​សិល្បៈ​ណា​ឡើយ សុទ្ធ​តែ​នាំ​ឱ្យ​បាន​ទ្រព្យ​សម្បត្តិ តែ​បើ​មនុស្ស​ខ្ជិល​ច្រអូស មិន​មាន​ព្យាយាម​ខ្ជាប់ខ្ជួន មិន​មាន​ឧបាយ​ប្រាជ្ញា​អម​ជា​មួយ​ផង​ទេ ក៏​បាន​ប្រយោជន៍​តិច លុះ​តែ​មាន​ព្យាយាម​មាន​ឧបាយ​យល់​ត្រូវ​ល្អ ទើប​បាន​ផល​ប្រយោជន៍​ច្រើន។ អ្នក​ដែល​គ្មាន​ដី​ស្រែ ចម្ការ ច្រើន​តែ​ចេះ​ស្ទាត់​ខាង​វណិជ្ជសិល្បៈ​គឺ​របរ​ខាង​ការ​លក់​ដូរ សិល្បៈ​នេះ​គេ​រាប់​ថា​ជា​ធំ​បំផុត ឆាប់​បាន​ទ្រព្យ​សម្បត្តិ​ឡើង​ទៅ​ជា​អ្នក​មាន​ទ្រព្យ​ទៅ​ជា​សេដ្ឋី ជាង​សិល្បៈ​ឯទៀតៗ។

គន្លង​ឬ​ផ្លូវ​នៃ​វណិជ្ជ​សិល្បៈ​នេះ​ជា​ផ្លូវ​ធំ​វែង​ឆ្ងាយ មិន​ឆាប់​ទ័ល​ផ្លូវ​ដូច​កសិកម្ម​សិល្បៈ​ទេ ព្រោះ​ការ​លក់​ដូរ​នេះ មិន​មាន​កំណត់​រដូវ មិន​មាន​កំណត់​ទី​កន្លែង​មួយ​ៗនោះ​ឡើយ។

ផ្លូវ​របស់​វណិជ្ជ​សិល្បៈ​ការ​ជួញ​ប្រែ​នេះ​មាន ៤ យ៉ាង ៖

១- ឃរវណិជ្ជា ការ​លក់​ដូរ​ទំនិញ​ផ្សេង​ៗ ដែល​ទុក​ដាក់​នៅ​ក្នុង​ផ្ទះ​ក្នុង​ផ្សារ។

២- នាវាវណិជ្ជា ការ​លក់​ដូរ​ទំនិញ​ផ្សេង​ៗ ដែល​នៅ​ក្នុង​នាវា​គឺ​ទូកឬ​កប៉ាល់។

៣- សកជវិណជ្ជា ការ​លក់​ដូរ​ទំនិញ​ផ្សេង​ៗ នៅ​ក្នុង​រទេះ ឬ​ដឹកនាំ​ដោយ​រទេះ​ទៅ​លក់ដូរ។

៤- ជង្សវណិជ្ជា ការ​លក់​ដូរ​ទំនិញ​ផ្សេង​ៗ ក្នុង​អម្រែក ឬ​សម្ពាយ​ដែល​ទៅ​ដោយ​កម្លាំង​ស្មង។

ពួក​ជន​អ្នក​ប្រាថ្នា​ទ្រព្យ​សម្បត្តិ​ឱ្យ​ឆាប់​ចម្រើន ដើម្បី​ឱ្យ​បាន​ចួប​ប្រទះ​នឹង​ភោគ​សុខ​ឬ​ហៅ​ថា​លាភ​សុខ ក្នុង​លោក​នេះ​គួរ​ប្រើ​កម្លាំង​ព្យាយាម​និង​ការ​ត្រិះរិះ​ក្នុង​សិល្បៈ​ណាមួយ​ឱ្យ​រឿយ​ៗ។ គុណ​ជាតិ​ដែល​មនុស្ស​បុថុជ្ជន​តែង​ប្រាថ្នា​នោះ​មាន ៤ យ៉ាង​គឺ លាភោ បាន​ទ្រព្យ​ឬ​វត្ថុ​ណាមួយ​ជា​ទី​ពេញ​ចិត្ត ១ យសោ រុងរឿង​ដោយ​បរិវារ ១ បសំសា អ្នក​ផង​សរសើរ ១ សុខំ សប្បាយ​កាយ-ចិត្ត ១។ គុណ​ជាតិ​ទាំង ៤ នេះ​ចាត់​ទុក​ជា​ឥដ្ឋារម្មណ៍ គឺ​ជា​ទី​ប្រាថ្នា​ជា​ទី​ត្រេកអររបស់​បុថុជ្ជន​ទាំងអស់។ បុគ្គល​អ្នក​ប្រាថ្នា​ចំពោះ​ឥដ្ឋារម្មណ៍​នេះ បើ​គ្រាន់​តែ​ប្រាថ្នា​ចង់​បាន តែ​បើ​ខ្វះ​វីរិយៈ សេចក្ដី​ព្យាយាម​មាំមួន​ជា​កម្លាំង​ជួយ​ផង ក៏​មិន​ងាយ​នឹង​បាន​សម្រេច​ដូច​ប្រាថ្នា​ឡើយ ដូច​អ្នក​ចង់​បាន​ប្រេង​ដូង ឬ​អ្នក​ចង់​ឆ្លង​ទន្លេ​ទៅ​ត្រើយ​ម្ខាង បើ​មិន​មាន​ព្យាយាម​ពុះ​បំបែក​ដូង​ទុំ​ឆ្កៀល​យក​សាច់​ហើយ​ចម្រាញ់​ទេ តើ​ដូង​ទុំ​នឹង​ចេញ​ប្រេង​មក​ឱ្យ​ដែរ​ឬ ? បើ​មិន​មាន​ព្យាយាម​ឈាន​ជើង​ដើរ​ចុះ​ទៅ​ពី​មាត់​ច្រាំង​ទៅ​រក​ទូក​ឬ​កប៉ាល់​ទេ តើ​ទូក​កប៉ាល់​មក​ចូល​យក​មនុស្ស​នៅ​លើ​មាត់​ច្រាំង​បាន​ដែរ​ឬ ? ដូង​ទុំ​ក៏​មិន​អាច​ចេញ​ប្រង​មក​ឱ្យ​បាន ទូក​ឬ​កប៉ាល់​ក៏​ទទួល​មនុស្ស​នៅ​លើ​មាត់​ច្រាំង​មិន​កើត សេចក្ដី​នេះ​យ៉ាង​ណា​មិញ មនុស្ស​អ្នក​ចង់​បាន​ឥដ្ឋារម្មណ៍ តែ​បើ​ខ្វះ​វីរិយៈ​និង​បញ្ញា ​ក៏​មិន​ងាយ​នឹង​បាន​ចួប​ប្រទះ​យ៉ាង​នោះ​ដែរ។

មនុស្ស​ក្នុង​ត្រកូល​នីមួយៗ ក្នុង​ផ្ទះ​មួយ​ៗ ដែល​មាន​បង​ប្អូន​កូន​ចៅ​ច្រើន តែ​មាន​ដី​ស្រែ​ចម្ការ​តិច ធ្វើ​មិន​បាន​ផល​បរិបូណ៌ មិន​គ្រប់​គ្រាន់​ដល់​ការ​ចាយ​វាយ​គ្នា​ច្រើន គួរ​តែ​រំលែក​បំបែក​គ្នា​ចេញ​ខ្លះ ដើម្បី​នឹង​ចែក​មុខ​គ្នា សិក្សា​រៀន​សូត្រ​វិជ្ជា​សិល្បៈ​ផ្សេង​ៗ ឬ​គួរ​ចែក​មុខ​របរ​ទទួល​ទាន​ដោយ​សេចក្ដី​ព្យាយាម​ប្រឹងប្រែង​ដោយ​ខ្លួន​ៗពី​គ្នា ​គឺ​អ្នក​ខ្លះ​រក​ទទួល​ទាន​របរ​នេះ អ្នក​ខ្លះ​រក​ទទួល​ទាន​របរ​នោះ អ្នក​ស្វះស្វែង​ទៅ​ស្រុក​ឆ្ងាយ អ្នក​ខ្លះ​នៅ​ជិត​ៗ អ្នក​ខ្លះ​ទៅ​ខាង​ជើង​គោក អ្នក​ទៅ​ខាង​ជើង​ទឹក អ្នក​ខ្លះ​ចេញ​ទៅ​ទិស​ឯណេះ អ្នក​ខ្លះ​ចេញ​ទៅ​ទិស​ឯណោះ។

កាល​សម័យ​របស់​ស្រុកទេស​នីមួយ​ៗ ក្នុង​លោក​ឥឡូវ​នេះ​ចង្អៀត មិន​មែន​ធូរ​ទូលាយ​ដូច​កាល​សម័យ​ពី​ដើម​ទេ ដូច​ជា​យើង​បាន​ប្រទះ​មក​ហើយ បើ​កាល​សម័យ​ចេះ​តែ​វិល​អណ្ដែត​ដើរ​លឿន​ចង្អៀត​ញឹក​ញាប់​យ៉ាង​នេះ យើង​ជា​អ្នក​កើត​មក​ជ្រក​កោន​ក្រោម​ម្លប់​របស់​កាល​វេលា ត្រូវ​ដើរ ឈរ អង្គុយ ដេក លើ​ផែនដី យើង​ត្រូវ​តែ​ប្រើ​កម្លាំង​កាយ​ចាយ​កម្លាំង​នៃ​សេចក្ដី​ព្យាយាម សេចក្ដី​ត្រិះរិះ​គិត​គ្នេរ​ឱ្យ​ទ្វេ​ឡើង​ញឹកញាប់​ជឿនលឿន​តាម​ចង្វាក់​នៃ​កាល​សម័យ​របស់​ស្រុកទេស ទើប​ឈ្មោះ​ថា​ជា​អ្នក​ស្គាល់​សេចក្ដី​ចម្រើន​មែន។ កាល​វេលា​ស្រុកទេស​ពី​ដើម​ហាក់​ដូច​ជា​ដើរ​យឺត​ៗ រង្វើល​ៗ ព្រោះ​មនុស្ស​តិច បុព្វបុរស​គឺ​ជីដូន​ជីតា​ក្នុង​កាល​មុន​របស់​យើង​ក៏​ប្រកប​ការងារ​ព្យាយាម​យឺតៗ រង្វើល​ៗ ដូច្នោះ​ដែរ រូប​យើង​ឥឡូវ​នេះ នឹង​ខ្ចី​យក​កាល​សម័យ​ជាន់​នោះ​មក​ប្រើ​ជា​គំរូ​ដូច្នោះ ពុំ​សម​តាម​កាល​វេលា​ឡើយ ប្រៀប​ដូច​ជា​តូរ្យតន្ត្រី​ដែល​ពួក​អ្នក​លេង​ដេញ​ដំ​ផ្លុំ​កូត ឱ្យ​មាន​បទ​ភ្លេង​ញឹកញាប់ ចំណែក​ខាង​ច្រៀង​ក៏​ត្រូវ​តែ​ច្រៀង​រលាក់​សំឡេង​បទ​នោះ​ឱ្យ​ញឹកញាប់ តឹង​ធូរ​តាម​ចង្វាក់​ភ្លេង​ដូច្នោះ​ដែរ ទាំង​អ្នក​រាំ​អ្នក​ឡក ក៏​ត្រូវ​តែ​រាំ​ត្រូវ​តែ​ឡក​ឱ្យ​ញាប់​តាម​ភ្លេង​នោះ​ទៀត​ដែរ ទើប​ហៅ​ថា​អ្នក​លេង​មាន​បែប​បទ​ប្រាកដ​ឈ្លាសវៃ​ក្នុង​ការ​ច្រៀង​រាំ បើ​ច្រៀង​រាំ ឬ​ឡក​ខុស​ពី​ចង្វាក់​ភ្លេង​ឈ្មោះ​ថា​អ្នក​លេង​មិន​ប្រសប់​ក្នុង​ការ​លេង។

កាល​សម័យ​ស្រុកទេស​ឥឡូវ​នេះ​ចង្អៀត​ញឹកញាប់ យើង​ក៏​ត្រូវ​ប្រកប​កិច្ចការ​ឱ្យ​ញឹកញាប់ លឿន​រហ័ស​តាម​រយៈ​ចង្វាក់​នៃ​កាល​សម័យ​ដូច​អធិប្បាយ​មក​នេះ​ឯង។

ចប់​បរិយាយសិប្បកថា​តែ​ប៉ុណ្ណោះ។

[១]ខ្លះ​ថា ពុក​ស្រមាម បង្កង។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៩៤៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments