ឯវម្មេសុត្តំ ឯកំសមយំ ភគវាសាវត្ថិយំហរតិ ជេតវនេ អនាថបិណ្ឌិកស្សអារាមេ។
រីសូត្រនេះឈ្មោះអសារកសូត្រ គឺខ្ញុំអានន្ទបានស្ដាប់ក្នុងទីចំពោះព្រះភក្រ្តនៃព្រះដ៏មានបុណ្យជាម្ចាស់ ដោយអាការតែម្ដងក៏ចងចាំទ្រទ្រង់ដោយសោតវិញ្ញាណវិថីជាប្រធាន ពុំមានឃ្លៀងឃ្លាតដោយអក្ខរព្យញ្ជនៈ ឯណានីមួយឡើយ ក្នុងកាលសម័យមួយព្រះដ៏មានព្រះភាគជាម្ចាស់ ទ្រង់គង់សម្រេចនូវព្រះឥរិយាបថទាំង ៤ ក្នុងព្រះវិហារព្រះជេតពន ជាអារាមនៃអនាថបិណ្ឌិកសេដ្ឋី ចំណាយនូវប្រាក់ ៥៤ កោដិហាបណសាងថ្វាយទៀបក្រុងសាវត្ថីរាជធានី។
គ្រានោះឯង សម្ដេចព្រះបរមជិនវង្សទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ភិក្ខុវោ ម្នាលភិក្ខុទាំងឡាយ ព្រះភិក្ខុទាំងអម្បាលណោះឆ្លើយទទួលថា ភទ្ទន្តេ បពិត្រព្រះអង្គដ៏ចម្រើនម្ចាស់ សម្ដេចព្រះទ្រង់យសទ្រង់ត្រាស់ថា។ តីណិមានិ ភិក្ខុវេ អសារានិសារមាទាតព្វានិ ម្នាលភិក្ខុទាំងឡាយ របស់ទាំងឡាយ ៣ ជារបស់ឥតខ្លឹម គួរគប្បីអ្នកទាំងឡាយកាន់យកឱ្យទៅជារបស់មានខ្លឹមវិញ កតមានិ តីណិ របស់ទាំងឡាយ ៣ តើដូចម្ដេច។ កាយិភិក្ខុវេ អសារំសារមាតាតព្វំ ម្នាលភិក្ខុទាំងឡាយ កាយជារបស់ឥតខ្លឹម គួរគប្បីអ្នកទាំងឡាយ កាន់យកឱ្យទៅជារស់មានខ្លឹមវិញ។ ភោគំ ភិក្ខុវេ អសារំសារមាទាតព្វំ ម្នាលភិក្ខុទាំងឡាយ ភោគ គឺទ្រព្យ ជារបស់ឥតខ្លឹម គួរគប្បីអ្នកទាំងឡាយកាន់យកឱ្យជារបស់មានខ្លឹមវិញ។
ជីវិតំភិក្ខុវេអសារំសារមាទាតព្វំ ម្នាលភិក្ខុទាំងឡាយជីវិតជារបស់ឥតខ្លឹម គួរគប្បីអ្នកទាំងឡាយកាន់យកឱ្យទៅជារបស់មានខ្លឹមវិញ។
ឥមានិតីណិ អសារានិសាមាទាតព្វានិ របស់ទាំងឡាយ ៣ នេះជារបស់ឥតខ្លឹម គួរគប្បីអ្នកទាំងឡាយកាន់យកឱ្យទៅជារបស់មានខ្លឹមវិញ។
កាយំភិក្ខុវេកឹការណាអសារំ ម្នាលភិក្ខុទាំងឡាយ កាយថាជារបស់ឥតខ្លឹមព្រោះហេតុអ្វី ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ សេចក្ដីថាបុរសម្នាក់ត្រូវការចង់បានខ្លឹមឈើដើរស្វែងរកខ្លឹមឈើ បុរសនោះកាន់ដឹងដើរចូលទៅកាន់ព្រៃចេកដ៏ធំ ហើយឃើញនូវដើមចេក ១ ក៏គិតថាដើមចេកនេះមុខជាមានខ្លឹមហើយ គ្រានោះឯងក៏បុរសនោះកាត់គល់កាត់ចុងដោយដឹង ហើយបកសម្បកជុំវិញ គយគន់រកខ្លឹមក៏ពុំឃើញខ្លឹមតិចតួចសោះ ឃើញបណ្ដូលបន្តិចបន្តួច ឃើញច្បាស់ថាទទេឃើញច្បាស់ថាឥតខ្លឹមសារមែនពិត ឧបមាយ៉ាងណាមិញ ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវពិចារណានូវរូបកាយនេះ អំពីបាទជើងទៅខាងលើ អំពីខាងក្រោមទៅដល់ចុងសក់ មានជាទីបំផុតដោយជុំវិញ សឹងពេញទៅដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ។
អត្ថិឥមស្មឺកាយេ កេសោលោមានខាទន្តាតចោមំសំ ន្ហារូអដ្ឋិអដ្ឋិមញ្ជំវក្កំហទយំយកនំ កិលោមកំបិហកំបប្ឆាសំ អន្តំអន្តគុណំឧទរិយំករីសំបិត្តំសេម្ហំបុព្វោលោហិតំសេទោមេទោ អស្សុវ-សាខេឡោ សឺឃានិកាលិកាមុត្តិមត្ថកេមត្ថលុង្គន្តិ។
ដូច្នេះ ថាដែលមានក្នុងកាយនេះ កេសា សក់ទាំងឡាយ លោមា រោមទាំងឡាយ នខា ក្រចកទាំងឡាយ ទន្តា ធ្មេញទាំងឡាយ តចោ ស្បែក មំសំ សាច់ ន្ហារូ សសៃទាំងឡាយ អដ្ឋិ ឆ្អឹងទាំងឡាយ អដ្ឋិមញ្ជំ ខួរក្នុងឆ្អឹង វកំ ទាច ហទយំ បេះដូង យកនំ ថ្លើម កិលោមកំ វាវ បិហកំ ក្រពះ បប្ផាសិ សួត អន្តំពោះវៀនធំ អន្តគុណំ ពោះវៀនតូច ឧទរិយំ អាហារថ្មី ករីសំ អាហារចាស់ បិត្តំ ទឹកប្រមាត់ សេម្ហំ ទឹកស្លេះ បុព្វោ ទឹកខ្ទុះ លោហិតំ ឈាម សេទោទឹកញើស មេទា ខ្លាញ់ខាប់ អស្សុ ទឹកភ្នែក វសា ខ្លាញ់រាវ ខេឡោ ទឹកមាត់ សឹឃានិកា ទឹកសំបោរ លសិកា ទឹករំអិល មុត្តំ ទឹកនោម មត្ថកេមត្ថលុង្គំ ខួរក្នុងក្បាល។ កាលបើភិក្ខុនោះពិចារណាដូច្នេះ ក៏ពុំឃើញនូវខ្លឹមបន្តិចបន្តួចឃើញនូវវត្ថុបន្តិចបន្តួច ឃើញថាទទេ ថាឥតខ្លឹមមែនពិតក៏មានឧបមេយ្យដូច្នោះឯង ឯបុរសពុំឃើញដើមចេកមានខ្លឹមតិចតួចយ៉ាងណាមិញ កាយនេះពុំឃើញមានខ្លឹមតិចតួចដោយប្រការដូច្នោះឯង ដើមចេកឥតខ្លឹមយ៉ាងណាកាយឥតខ្លឹមយ៉ាងនោះ អ្នកប្រាជ្ញគប្បីកាន់យកខ្លឹមកាយជារបស់ឥតខ្លឹមឱ្យបាន កាយជារបស់ឥតខ្លឹម អ្នកប្រាជ្ញគប្បីកាន់យកឱ្យជារបស់មានខ្លឹមដោយប្រការដូចម្ដេច ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណានីមួយទោះជាស្ត្រីក្ដីបុរសក្ដី តែងសំពះក្រោកឡើងទទួលនូវបុគ្គលនិមួយ គឺមាតាបិតាអាចារ្យឧបជ្ឈាយ៍សមណព្រាហ្មណ៍ ដែលគួរសំពះគួរក្រោកទទួលតែងឱ្យនូវអាសនៈដល់បុគ្គលគួរដល់អាសនៈ ឱ្យនូវផ្លូវដល់បុគ្គលគួរដល់ផ្លូវ សក្ការនូវបុគ្គលគឺខ្លួនគប្បីសក្ការ គោរពរាប់អានបូជានូវបុគ្គល គឺខ្លួនគប្បីគោរពរាប់អានបូជា ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ ខ្លឹមនេះហើយឈ្មោះថាខ្លឹមរបស់កាយ រីធម៌ទាំងឡាយ ៤ ប្រការគឺ អាយុ ១ វណ្ណ ១ សុខ ១ ពល ១ តែងចម្រើនដល់បុគ្គលអ្នកមានកិរិយាសំពះជាប្រក្រតី ប្រព្រឹត្តកោតក្រែងនូវចាស់ទុំអស់កាលជានិច្ចជាប្រក្រតី បុគ្គលឯណាក្រោកឡើងទទួលឱ្យទីអាសនៈឱ្យផ្លូវសក្ការគោរពរាប់អានបូជាទាំងនេះហើយ បុគ្គលនោះព្រះតថាគតសម្ដែងថាជាអ្នកមានខ្លឹមនៃកាយ។
ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយភោគសម្បត្តិជារបស់ឥតខ្លឹមដោយសេចក្ដីសាធារណៈទាំងឡាយ ៥ យ៉ាង កតមាញ្ច សេចក្ដីសាធារណៈទាំង ៥ យ៉ាងដូចម្ដេច ភោគសម្បត្តិជារបស់ឥតខ្លឹមដោយសេចក្ដីសាធារណៈទាំងឡាយ ៥ យ៉ាងនោះ គឺស្ដេចទាំងឡាយតែងនាំយកទៅ ១ ចោរទាំងឡាយតែងលួចយកទៅ ១ ភ្លើងតែងឆេះទៅ ១ ទឹកតែងបន្សាត់ទៅ ១ មនុស្សសម្អប់ទាំងឡាយតែងលួចយកទៅ ១ សេចក្ដីសាធារណៈទាំងឡាយ ៥ យ៉ាងនេះ ស្ដេច ១ ចោរ ១ ភ្លើង ១ ទឹក ១ មនុស្សសម្អប់ ១ តែងនាំយកទៅនូវភោគសម្បត្តិជារបស់ឥតខ្លឹមនេះឯង។
រីផ្លេកបន្ទោរឆ្វៀលច្រវាត់ព្ធដ៏អាកាសឧបមាដូចម្ដេចមិញ រីភោគសម្បត្តិជារបស់ឥតខ្លឹមក៏មានឧបមេយ្យដូច្នោះឯង អ្នកប្រាជ្ញរមែងកាន់យកខ្លឹមភោគសម្បត្តិជារបស់ឥតខ្លឹមឱ្យទៅជារបស់ខ្លឹមបាន កថំសារមាទាតព្វំហោតិ ខ្លឹមដែលអ្នកប្រាជ្ញគប្បីកាន់យកនោះដោយប្រការដូចម្ដេច ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលឯណានីមួយ ទោះជាស្ត្រីក្ដីបុរសក្ដី មានប្រក្រតីឱ្យនូវម្ហូបចំណីបាយទឹក សំពត់អាវសៅស្បៃ យានជំនិះ ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងដំណេក ទីអាវាស ប្រទីបជ្វាលា ដល់សមណព្រាហ្មណ៍ក្ដី ដល់ស្មូមយាចកក្ដី ដោយសេចក្ដីជឿកម្មជឿផល។
ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ បុគ្គលនេះហើយឈ្មោះថាអ្នកមានខ្លឹមគឺភោគសម្បត្តិ បុគ្គលឯណាឱ្យនូវម្ហូបចំណីបាយទឹកសំពត់អាវសៅស្បៃ យានជំនិះ ផ្កាកម្រង គ្រឿងក្រអូប គ្រឿងលាប គ្រឿងដេក ទីអាវាសប្រទីបជ្វាលា ដល់សមណព្រាហ្មណ៍ ស្មូមយាចក ដោយសេចក្ដីជឿកម្មជឿផលហើយ។
បុគ្គលនេះឯងព្រះតថាគតសម្ដែងថា ជាអ្នកមានខ្លឹមគឺភោគសម្បត្តិ ជីវិតំភិក្ខុវេកឺការណាអសារំ ម្នាលភិក្ខុទាំងឡាយជីវិតជារបស់ឥតខ្លឹមពីព្រោះហេតុអ្វី ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ រីតំណក់ទឹកសន្សើមស្ថិតនៅលើចុងស្មៅ កាលបើព្រះអាទិត្យរះឡើងហើយ រមែងធ្លាក់ចុះទៅលើផែនដីពុំបានស្ថិតនៅអស់កាលយូរឡើយ មានឧបមាយ៉ាងណាមិញ។
ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ ជីវិតរបស់មនុស្សទាំងឡាយគឺបុគ្គលគប្បីកំណត់ គប្បីភ្ញាក់រឭក ជារបស់មានប្រមាណតិចមានទុក្ខច្រើន មានសេចក្ដីចង្អៀតចង្អល់ច្រើន មានឧបមេយ្យ ដោយតំណក់ទឹកសន្សើមដូច្នោះឯង។
រីកុសលធម៌ក្ដី ព្រហ្មចរិយាធម៌ក្ដី គួរគឺបុគ្គលប្រព្រឹត្តកុំមានសេចក្ដីធ្វេសប្រហែសឡើយ ព្រោះសត្វដែលកើតមកហើយពុំមានសត្វណាមួយមិនស្លាប់នោះឥតអង្គឺមានសោះ ឯតំណក់ទឹកសន្សើមស្ថិតនៅលើចុងស្មៅយ៉ាងណាមិញ ជីវិតដែលពុំមានខ្លឹមយ៉ាងដូច្នោះឯង។
អ្នកប្រាជ្ញរមែងកាន់យកខ្លឹមជីវិតជារបស់ឥតខ្លឹមឱ្យជារបស់មានខ្លឹមបាន កថំសារមាទាតព្វំ-ហោតិខ្លឹមគឺអ្នកប្រាជ្ញគប្បីកាន់យកនោះដោយប្រការដូចម្ដេច ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយបុគ្គលឯណានិមួយ ទោះជាស្រ្តីក្ដីបុរសក្ដី។
ពុទ្ធំសរណំគតោហោតិ អ្នកដល់នូវទីពឹងគឺព្រះពុទ្ធ
ធម្មំសរណំគតោហោតិ អ្នកដល់នូវទីពឹងគឺព្រះធម៌
សង្ឃំសរណំគតោហោតិ អ្នកដល់នូវទីពឹងគឺព្រះសង្ឃ
បាណាតិបាតាបដិវិរតោហោតិ អ្នកវៀរលែងចាកបាណាតិបាតា គឺសម្លាប់សត្វមានជីវិត។
អទិន្នាទានាបដិវិរតោទហោតិ អ្នកវៀរលែងចាកអទិន្នាទានគឺលួចយកនូវទ្រព្យដែរម្ចាស់របស់គេគ្រប់គ្រងរក្សា
អព្រហ្មចរិយាបដិវិរតោហោតិ អ្នកវៀរលែងចាកកិរិយាប្រព្រឹត្តមិនប្រសើរ គឺសេពនូវមេថុនធម៌ក្នុងទ្វារមគ្គទាំង ៣០
មុសាវាទាបដិវិរតោហោតិ អ្នកវៀរលែងចាកមុសាវាទ គឺពោលនូវពាក្យកុហក ពាក្យអាក្រក់ ពាក្យញុះញង់ ពាក្យឥតប្រយោជន៍ មាននិយាយរឿងព្រេង មានរឿងនាងសីតា និងរឿងចម្បាំងភារទ្ធសែនជាដើម។
សុរាមេរយមជ្ជបមាទដ្ឋានាបដិវិរតោហោតិ អ្នកវៀរលែងចាកហេតុទីតម្កល់នៃសេចក្ដីប្រមាទ គឺក្រេបផឹកនូវទឹកស្រវឹងគឺសុរា ៥ យ៉ាង មេរយ ៥ យ៉ាង ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយបុគ្គលនេះឯងឈ្មោះថាអ្នកមានខ្លឹមគឺជីវិត។
ពុទ្ធំធម្មញ្ចសង្ឃញ្ច សរណំគតីចយោនរោ បាណាតិបាតាទិនករោ ជិវិសារោតិទស្សិកោតិ ជនឯណានីមួយ អ្នកដល់នូវទីពឹង គឺព្រះពុទ្ធ គឺព្រះធម៌ គឺព្រះសង្ឃ អ្នកមិនធ្វើនូវអំពើបាបមានបាណាតិបាតជាដើម បុគ្គលនេះព្រះតថាគតសម្ដែងថាបុគ្គលមានខ្លឹមគឺជីវិត។
អ្នកប្រាជ្ញទាំងឡាយមានព្យាយាម ចូរកាន់យកនូវខ្លឹមនៃកាយដោយកិរិយាបម្រើ កាន់យកនូវខ្លឹមនៃទ្រព្យទាំងឡាយដោយអំណោយទាន កាន់យកនូវខ្លឹមនៃជីវិតដោយប្រាជ្ញាល្អនឹងសីលដ៏បរិសុទ្ធ ក្នុងកាលទាំងពួង អ្នកប្រាជ្ញទាំងឡាយ ពុំបានសោយសោកក្នុងកាលជាខាងក្រោយឡើយ មានបទព្រះគាថាព្រះអង្គសម្ដែងទុកមកថា ៖
ធម្មោហវេរក្ខតិធម្មចារឹ ធម្មោសុចិណ្ណោសុខមាវហតិ
ឯសានិសំសោធម្មោសុចិណ្ណោ នទុគ្គតឹគច្ឆតិធម្មចារី
ធម្មោហវេរក្ខតិធម្មចារឹ ធត្តំមហន្តំវិយវស្សកាលេ
ឯសានិសំសោធម្មោសុចិណ្ណោ នទុត្តតឹគច្ឆតិធម្មចារី។
សេចក្ដីថា ព្រះធម៌តែងគ្រប់គ្រងរក្សានូវបុគ្គលអ្នកប្រព្រឹត្តនូវធម៌ដោយពិត ព្រះធម៌ដែលបុគ្គលសាងសន្សំដោយល្អតែងនាំមកនូវសេចក្ដីសុខ ព្រះធម៌ដែរបុគ្គលសាងសន្សំដោយល្អមានអានិសង្សច្រើន បុគ្គលអ្នកប្រព្រឹត្តនូវធម៌ពុំដែលទៅកាន់ទុគ្គតិភព ព្រះធម៌តែងគ្រប់គ្រងរក្សានូវបុគ្គលអ្នកប្រព្រឹត្តនូវធម៌ដោយពិត គួរនាបីដូចជាឆត្រដ៏ធំក្នុងកាលមានភ្លៀង ព្រះធម៌ដែលបុគ្គលសាងសន្សំដោយល្អមានអានិសង្សច្រើន បុគ្គលអ្នកប្រព្រឹត្តនូវធម៌ពុំដែលទៅកាន់ទុគ្គតិភពឡើយ។
រីផលបុណ្យ នឹងទុកថាជារបស់មានខ្លឹមពិតប្រាកដពុំបាន ព្រោះផលបុណ្យពុំបានទៀងទាត់ ស្ថិតនឹងនៅជានិច្ចជាកាលក្នុងភពទាំងឡាយទាំងពួង ដោយពុំមានសេសសល់នោះឥតអង្គឺមានឡើយ ផលបុណ្យរមែងកម្រើកញាប់ញ័រឃ្លេងឃ្លោងភ្លឹបភ្លែត បីដូចជាផ្លេកបន្ទោរបណ្ដាលឆ្វាត់ឆ្វៀលឰដ៏កណ្ដាលអាកាសនោះឯង លោកអ្នកប្រាជ្ញអាចមានប្រាជ្ញាពិចារណាយល់ជាក់ច្បាស់ថា រីដើមឈើដុះលើផែនដី ពោលគឺពពួកសត្វទាំងឡាយបែកមែកដល់ទៅភវគ្គភព គឺពពួកព្រហ្មទាំងឡាយសឹងមានរស្មីរុងរឿងផ្សាយចេញអំពីកាយ ហើយប្រកបដោយឥទ្ធានុភាពច្រើនក្នុងកាលម្ដងទៅ កាលណាបើអស់បុណ្យហើយ ក៏រមែងវិលទៅកាន់ទុគ្គតិភពពុំខាន ចួនកាលទៅបង្កើតជាទេវរាជមានអំណាចយសសក្ដិដ៏ធំ ក៏គង់តែនឹងទៅបង្កើតក្នុងត្រកូលមនុស្សចណ្ឌាលកាឡកិណី ក្រក្រីលំបាកទល់ទុក្ខវេទនាមុខគួរខ្ពើមរអើមក្រៃពេក ចួនបានទៅកើតជាពពួកទេវតាប្រកបទៅដោយគ្រឿងអលង្ការដ៏ប្រសើរ ទាំងភោជនាហារសឹងជាទិព្វប្រពៃ ក៏គង់តែប្រែត្រឡប់ទៅបង្កើតជាប្រេតរងទុក្ខវេទនារកអាហារនឹងបរិភោគក៏ពុំបានឡើយ។
ចួនកាលទៅបង្កើតជាទេវតាក្នុងស្ថានសួគ៌ត្រេកត្រអាលក្នុងនន្ទវ័នឧទ្យានមានព្រឹក្សាជាតិមានផ្លែផ្ការីកស្គុះស្គាយមានក្លិនពិដោរល្វេងល្វើយប្រពៃ ស្ថិតនៅក្នុងទិព្វវិមានជាទីក្សេមក្សាន្តរីករាយសប្បាយអស់កាលជាអំឡុងយូរពន់ពេកណាស់ បើកាលណាអស់បុណ្យហើយ ក៏តែងទៅបង្កើតក្នុងនរករងទុក្ខពុំខាន ចួនកាលបរិភោគនូវសុទ្ធាភោជនក្នុងស្ថានសួគ៌ ត្រឡប់ទៅបរិភោគដុំដែកភ្លើងឆេះច្រាលឆ្អៅក្នុងនរក ចួនកាលផឹកនូវទឹកថ្លាត្រជាក់ក្លិនក្រអូបស្អាតប្រពៃក្នុងស្ថានសួគ៌ ត្រឡប់ជាទៅជាផឹកទង់ដែងក្ដៅមុខគួរឱ្យស្បើមក្រៃពេកណាស់ ធ្លាប់ដេកទីដំណេក សឹងប្រកបដោយគ្រឿងពូកព្រំចៀមចំខ្នល់ខ្នើយដ៏ប្រពៃជាសុខ ត្រឡប់ទៅជាដេកលើផែនដីដែកមានភ្លើងឆេះច្រាលឆ្អៅទៅវិញក៏សឹងមាន ធ្លាប់កើតជាទេវបុត្តមានពពួកស្រីទេពអប្សរបវរកញ្ញាគង់គាល់បម្រើជិតជុំជាប្រក្រតី ត្រឡប់ជាទៅកើតជាមនុស្សកំព្រាហិនហោចត្រមោចម្នាក់ឯងទៅវិញក៏សឹងមាន។
ធ្លាប់ហោះធ្យានត្រាច់ទៅតាមអាកាសវិថី ក៏វិលត្រឡប់ធ្លាក់មកដើរលើផ្ទៃផែនក្រឡាមហាប្រថពីវិញ ធ្លាប់សេពស្រង់ជម្រះអស់អង្គក្នុងស្រះបោក្ខរណីជាទិព្វដ៏ជាទីសប្បាយ ក៏រមែងធ្លាក់ចុះទៅក្នុងកណ្ដាលខ្ទះទៅក្នុងកណ្ដាលខ្ទះដែកម្ដងពុំខាន ធ្លាប់ចរត្រាច់ទៅក្នុងតាវត្តិង្សបូរីដែរប្រតិស្ឋាននៅលើកំពូលភ្នំព្រះសុមេរុ ជាទីសប្បាយក្សេមក្សាន្ត ក៏វិលត្រឡប់ទៅត្រាច់កំពូលភ្នំរងើកភ្លើងទៅវិញ ធ្លាប់កើតជាព្រះឥន្ទគង់នៅលើផែនថ្មបណ្ឌុតម្កល់ជាសុខសប្បាយរីករាយអស់កាលជាយូរក្នុងទេវលោកនាយ ស្ថិតនៅលើរថមាសជាសុខក្នុងស្ថានសួគ៌ ត្រឡប់ទៅជាស្ថិតលើរថដែកមានភ្លើងឆេះច្រាលឆ្អៅទៅវិញ ធ្លាប់ជិះលើកដំរីសេះដ៏ឧត្ដមប្រសើរ ត្រឡប់ទៅជិះកមនុស្សដទៃក្នុងម្ដងវិញពុំខានធ្លាប់បង្កើតជាស្ដេចមហាចក្រពត្រាធិរាជដ៏ប្រសើរជាធំជាងជនទាំងពួង លុះអស់បុណ្យទៅកាលណាហើយ ក៏គង់តែទៅបង្កើតជាខ្ញុំបម្រើអ្នកដទៃវិញពុំខាន ធ្លាប់មានទ្រព្យធនស្មើដោយសម្បត្តិស្ដេចសកមន្ធាតុ ក៏គង់វិលត្រឡប់ទៅបង្កើតជាមនុស្សក្រីក្រកម្សត់អត់ឃ្លានកាន់អំបែងដើរសុំទានគេម្ដងវិញពុំលែងឡើយ ធ្លាប់បង្កើតជាពហុសូត្រមានប្រាជ្ញាប្រាកដស្មើរដោយកែវវជីរ ក៏ត្រឡប់ទៅជាមនុស្សខ្លៅល្ងង់អាប់ឥតប្រាជ្ញាម្ដងវិញពុំលែងឡើយ ធ្លាប់បង្កើតជាធម្មកថិកអ្នកសម្ដែងធម៌មានសម្ដីដ៏ពិចិត្រពីរោះក្បោះក្បាយ ក៏វិលទៅបង្កើតជាមនុស្សល្ងង់គរបើនិយាយការអ្វីបានដោយវិការងាដៃពន្យល់ទើបចូលចិត្តស្ដាប់បានដូច្នេះ លោកអ្នកប្រាជ្ញបានពិចារណាជ្រាបជាក់ច្បាស់ថាភពទាំងអស់នេះ ពុំមានប្រយោជន៍អ្វីឡើយ បានជាលោកមានចិត្តនឿយណាយធុញទ្រាន់ក្នុងជាតិកំណើតកើតក្នុងភពទាំងឡាយនេះ ទើបលោកលះបង់ចោលនូវសេចក្ដីប្រាថ្នានូវសម្បត្តិក្នុងភពទាំង ៣ នេះ លោកបែមុខឆ្ពោះត្រង់ទៅកាន់អមតនិព្វានជាស្ថានបរមសុខប្រសើរជាទីបំផុតទុក្ខទាំងពួងនោះឯងហោង ៕
អសារកសុត្តំនិដ្ឋិតំ ចប់អសារកសូត្រ
ឧកញាភក្ដីរាជា យាំង អាចារ្យសាលាបាឡីជាន់ខ្ពស់
ប្រែចេញពីគម្ពីរ សុត្តជាតកនិទានានិសង្ស
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៣