រឿងសុនក្ខត្តលិច្ឆវិបុត្ត

នានា​សូត្រ

ហេតុអ្វីបានជាពួកមនុស្សបុថុជ្ជនមានអធ្យាស្រ័យឱនទៅរកលោកាមិស () ខ្លាំងម៉្លេះ ?

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងកូដាគារសាលានាព្រៃមហាវន ជិតក្រុងវេសាលី។ គ្រានោះ មានភិក្ខុជាច្រើនរូបប្រកាសអរហត្តផលក្នុងសម្នាក់ព្រះដ៏មានព្រះភាគថា « ខ្ញុំព្រះអង្គទាំងឡាយដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ខ្ញុំព្រះអង្គទាំងឡាយបាននៅចប់ហើយ កិច្ចដែលគួរធ្វើ បានធ្វើស្រេចហើយ កិច្ចដទៃក្រៅពីនេះគ្មានទៀតទេ »។ សុនក្ខត្តលិច្ឆវិបុត្តបានឮពាក្យភិក្ខុទាំងនោះ ប្រកាសព្រះអរហត្តផលដូច្នោះហើយ ក៏នឹកសង្ស័យ ទើបចូលទៅគាល់ព្រះសាស្ដាក្រាបថ្វាយបង្គំរួចហើយទូលសួរថា « បពិត្រព្រះអង្គដ៏ចម្រើន ! ភិក្ខុទាំងនោះបានប្រកាសព្រះអរហត្តផលដោយប្រពៃមែនពិតឬ ឬមានភិក្ខុពួកខ្លះក្នុងទីនុះបានប្រកាសព្រះអរហត្តផលដោយការស្មានដែរ ? »។

ព្រះដ៏មានព្រះភាគត្រាស់ថា « ម្នាលសុនក្ខត្ត ! ភិក្ខុពួកខ្លះប្រកាសអរហត្តផលដោយប្រពៃមែនក៏មាន  ដោយការស្មានក៏មាន។ ម្នាលសុនក្ខត្ត ! កាមគុណមាន ៥ ប្រការគឺ រូប ១ សំឡេង ១ ក្លិន ១ រស ១ ផោដ្ឋព្វៈ ១ ដែលគួរដឹងច្បាស់ដោយភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានសភាពគួរស្រឡាញ់ប្រកបដោយកាម គួរជាទីរីករាយ។

ម្នាលសុនក្ខត្ត ! មួយទៀត ហេតុដែលនាំឱ្យបុរសបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកលោកាមិស រមែងមាន។ ពាក្យសម្ដីរបស់បុរសបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកលោកាមិស តែតាំងចាប់និយាយឡើងតែងប្របៀតទៅរកកាមគុណផង បុរសបុគ្គលនោះតែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅតាមកាមគុណនោះផង តែងគប់រកបុរសបែបនោះផង តែងគោរពតាមបុរសបែបនោះផង ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយអានេញ្ជសមាបត្តិ បុរសបុគ្គលនោះមិនចង់ស្ដាប់ផង មិនផ្ចង់ត្រចៀកផង មិនតាំងចិត្តចង់ដឹងផង មិនគប់រកបុរសបែបនោះផង មិនគោរពតាមបុរសបែបនោះផង ប្រៀបដូចជាបុរសចេញអំពីស្រុក ឬនិគមរបស់ខ្លួនដែលជាទីធ្លាប់នៅយូរហើយ។ បុរសនោះកាលបើឃើញអ្នកណាមួយទើបនឹងចេញពីស្រុក ឬនិគមនោះមក ក៏សាកសួរអំពីស្រុកនិគមនោះ ដែលជាដែនមានសេចក្ដីក្សេមក្សាន្តផង ជាដែនមានភិក្ខាហារដ៏សម្បូណ៌ផង ជាដែនគ្មានអាពាធផង ចំពោះបុរសនោះ ៗ និយាយប្រាប់សព្វគ្រប់ហើយ ចុះអ្នកសួរនោះគប្បីស្ដាប់ពាក្យសម្ដីរបស់គេ ផ្ចង់ត្រចៀក តាំងចិត្តចង់ដឹង គប់រកបុរសនោះផង គោរពតាមបុរសនោះផង ដែរឬទេ ?។ សុនក្ខត្តលិច្ឆវិបុត្តក្រាបបង្គំទូលថា ព្រះករុណាព្រះអង្គ។ – ម្នាលសុនក្ខត្តលិច្ឆវិបុត្ត ! បុរសអ្នកសួរគេអំពីស្រុកឬនិគមដែលខ្លួនធ្លាប់នៅពីមុននោះដែរ។

ម្នាលសុនក្ខត្ត ! មួយទៀត ហេតុដែលនាំឱ្យបុរសពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ រមែងមាន។ ពាក្យសម្ដីរបស់បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិ តែតាំងចាប់និយាយឡើងតែងប្របៀតទៅរកអានេញ្ជសមាបត្តិនោះ បុរសបុគ្គលនោះរមែងត្រិះរិះរឿយៗ ពិចារណារឿយៗ នូវហេតុដែលប្រព្រឹត្តទៅតាមអានេញ្ជសមាបត្តិនោះផង តែងគប់រកបុរសបែបនោះផង តែងគោរពតាមបុរសបែបនោះផង ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយលោកាមិស បុរសបុគ្គលនោះមិនចង់ស្ដាប់ផង មិនគោរពតាមបុរសបែបនោះផង។ ម្នាលសុនក្ខត្ត ! ស្លឹកឈើទុំមានពណ៌លឿងជ្រុះចេញចាកទងហើយ មិនគួរនៅខៀវខ្ចីទៀតបានឡើយ យ៉ាងណាមិញ បុរសបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកអានេញ្ជសមាបត្តិរមែងជ្រុះចាកការប្រកបក្នុងលោកាមិស ក៏យ៉ាងនោះដែរ។

ម្នាលសុនក្ខត្ត ! មួយទៀត ហេតុដែលនាំឱ្យបុរសបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ រមែងមាន។ ពាក្យសម្ដីរបស់បុរសបុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ តែតាំងចាប់និយាយឡើងតែងប្របៀតទៅរកអាកិញ្ចញ្ញាាយតនសមាបត្តិនោះ តែងគោរពតាមបុរសបែបនោះ ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយអានេញ្ជសមាបត្តិ បុរសបុគ្គលនោះមិនចង់ស្ដាប់ផង មិនគោរពតាមបុរសបែបនោះផង។ ប្រៀបដូចដុំថ្មក្រាស់បែកចេញជាពីរភាគមិនជាប់គ្នាវិញបាន យ៉ាងណាមិញ បុរសបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកអាកិញ្ចញ្ញាយតនសមាបត្តិ ក៏យ៉ាងនោះឯង។

ម្នាលសុនក្ខត្ត ! មួយទៀត ហេតុដែលនាំឱ្យបុរសបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងមាន។ ពាក្យសម្ដីរបស់បុរសបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ តែតាំងចាប់និយាយឡើងតែងប្របៀតទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិនោះផង គោរពតាមបុរសនោះផង ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គលនោះមិនស្ដាប់ផង មិនគោរពតាមបុរសបែបនេះផង។ ប្រៀបដូចបុរសបរិភោគបាយជាទីគាប់ចិត្តឆ្អែតឆ្អន់ហើយលែងប្រាថ្នាបាយនោះទៀត ព្រោះបាយនោះគេសន្មតថាជារបស់បដិកូល។ ម្នាលសុនក្ខត្ត ! បុរសបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកនេវសញ្ញានាសញ្ញាយតនសមាបត្តិ រមែងខ្ជាក់ចោលនូវការប្រកបក្នុងអាកិញ្ចញ្ញាយតនសមាបត្តិនោះ យ៉ាងនេះឯង។

ម្នាលសុនក្ខត្ត ! មួយទៀត ហេតុដែលនាំឱ្យបុរសបុគ្គលពួកខ្លះក្នុងលោកនេះ មានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ រមែងមាន។ ពាក្យសម្ដីរបស់បុរសបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ តែតាំងចាប់និយាយឡើងតែងប្របៀតទៅរកតែព្រះនិព្វាននោះផង គោរពតាមបុរសបែបនោះផង ចំណែកខាងពាក្យសម្ដីដែលគេនិយាយប្រកបដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ ក៏បុរសបុគ្គលនោះមិនស្ដាប់ផង មិនគោរពតាមបុរសបែបនេះផង។ ប្រៀបដូចដើមត្នោតកំបុតចុង ដុះលូតលាស់ឡើងវិញមិនបាន យ៉ាងណាមិញបុរសបុគ្គលដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ រមែងផ្ដាច់ផ្ដិលនូវការប្រកបក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ឱ្យអស់រលីងដូចជាដើមត្នោត ដែលគេក្របែលគាស់រម្លើងឱ្យលែងដុះតទៅទៀតហើយ បានធ្វើឱ្យលែងមានបែបភាពតទៅទៀតហើយ ឱ្យជាធម៌លែងមានកំណើតតទៅមុខទៀតហើយ។ ក៏យ៉ាងនោះឯង។

ម្នាលសុនក្ខត្ត ! ហេតុដែលនាំឱ្យភិក្ខុខ្លះ ក្នុងសាសនានេះ មានសេចក្ដីត្រិះរិះថា សរគឺតណ្ហា និងទោសជាពិសគឺអវិជ្ជា ដែលព្រះសមណៈត្រាស់ហើយថា តែងកម្រើកដោយឆន្ទរាគនិងព្យាបាទ សរគឺតណ្ហានោះជារបស់ដែលអាត្មាអញបានលះបង់ហើយ ទោសជាពិសគឺអវិជ្ជា ជារបស់ដែលអាត្មាអញបាននាំចេញហើយដែរ អាត្មាអញមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃហើយ សេចក្ដីត្រិះរិះយ៉ាងនេះជាដើមជាសេចក្ដីត្រិះរិះមានប្រយោជន៍ ដូច្នេះរមែងមាន។ ភិក្ខុនោះប្រកបរឿយៗនូវអារម្មណ៍មិនជាទីសប្បាយរបស់បុគ្គល ដែលមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃ។ ភិក្ខុនោះប្រកបរឿយៗនូវរូបមិនជាទីសប្បាយដោយចក្ខុ ប្រកបរឿយៗនូវសំឡេងមិនជាទីសប្បាយដោយចិត្ត។ កាលភិក្ខុនោះប្រកបរឿយៗនូវការឃើញរូបមិនជាទីសប្បាយដោយចក្ខុ។ បេ។ ប្រកបរឿយៗនូវធម៌មិនជាទីសប្បាយដោយសោតៈ។ បេ។ រាគៈក៏គ្របសង្កត់ចិត្ត។ ភិក្ខុនោះ លុះត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏ដល់នូវមរណៈគឺសឹក ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈ។ ប្រៀបដូចជាបុរសដែលត្រូវសរ ត្រាំដោយថ្នាំពិសលាបជោកជាំហើយមិត្រអាមាត្យញាតិសាលោហិតរបស់បុរសនោះ ក៏ឱ្យពេទ្យវះអ្នកស្ទាត់ជំនាញរក្សា។ ពេទ្យវះនោះក៏វះមុខដំបៅរបស់បុរសនោះដោយសស្ដ្រា លុះវះរួចហើយរាវរកសរដោយគ្រឿងសម្រាប់រាវរក ( តង្កៀប ) រួចដកសរដែលមានពិសជាទោសសេសសល់នៅឱ្យអស់ចេញ ក៏ដឹងថាពិសជាទោសគ្មានសេសសល់នៅទេ ទើបពេទ្យវះប្រាប់បុរសនោះថា « សររបស់អ្នក យើងបានដកចេញហើយ ពិសជាទោស យើងបាននាំចេញហើយ ឥតមានសេសសល់ឡើយ ល្មមគ្មានអន្តរាយដល់អ្នក ហើយអ្នកគួរបរិភោគតែភោជនដែលជាទីសប្បាយ អ្នកកុំបរិភោគភោជនមិនជាទីសប្បាយឱ្យដំបៅរីកឡើយ អ្នកគួរលាងនិងលាបមុខដំបៅតាមកាលដ៏សមគួរ លុះអ្នកលាងនិងលាបរួចហើយ កុំរុំមុខដំបៅដែលមានខ្ទុះនិងឈាមឡើយ អ្នកកុំដើរហាលខ្យល់និងកម្ដៅថ្ងៃ កុំឱ្យល្អងធូលីរុំមុខដំបៅបានឡើយ។ បុរសនោះគិតថា សររបស់អាត្មាអញពេទ្យបានដកហើយ ពិសជាទោសពេទ្យបាននាំចេញហើយគ្មានសេសសល់ទេ ល្មមគ្មានអន្តរាយដល់អញហើយ។  បុរសនោះបរិភោគភោជនមិនជាទីសប្បាយ ដំបៅក៏រីកឡើង ទាំងមិនលាងមិនលាបមុខដំបៅតាមកាលគួរ ខ្ទុះនិងឈាមក៏រុំមុខដំបៅ  បុរសនោះចេះតែដើរហាលខ្យល់និងកម្ដៅ ឬដល់ទុក្ខស្ទើរតែមរណៈដោយដំបៅដែលដោរឡើងនោះ សេចក្ដីនេះមានឧបមាយ៉ាងណា ឯភិក្ខុអ្នកត្រេកអរទៅក្នុងកាមគុណក៏មានឧបមេយ្យយ៉ាងនោះដែរ។

ម្នាលសុនក្ខត្ត មួយទៀត ហេតុដែលនាំឱ្យភិក្ខុខ្លះក្នុងសាសនានេះមានសេចក្ដីត្រិះរិះថា សរគឺតណ្ហា ទោសជាពិសអវិជ្ជា ដែលព្រះសមណៈត្រាស់ហើយថា តែងកម្រើកឡើងដោយឆន្ទរាគនិងព្យាបាទ សរគឺតណ្ហា នោះអាត្មាអញបានលះបង់ ទោសជាពិសគឺអវិជ្ជា អាត្មាអញបាននាំចេញហើយ អាត្មាអញមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃហើយ ដូច្នេះរមែងមាន។ កាលដែលគេកំពុងមានអធ្យាស្រ័យឱន​ទៅរកព្រះនិព្វានដោយប្រពៃ ភិក្ខុនោះមិនប្រកបរឿយៗនូវអារម្មណ៍មិនជាទីសប្បាយរបស់បុគ្គល អ្នកមានអធ្យាស្រ័យឱនទៅរកព្រះនិព្វានដោយប្រពៃឡើយ មិនប្រកបរឿយៗនូវអារម្មណ៍មិនជាទីសប្បាយដោយចក្ខុ។ បេ។ មិនប្រកបរឿយៗនូវធម៌មិនជាទីសប្បាយដោយចិត្ត។ កាលភិក្ខុនោះប្រកបរឿយៗនូវអារម្មណ៍មិនជាទីសប្បាយដូច្នោះហើយ រាគៈក៏មិនគ្របសង្កត់បាន។ កាលភិក្ខុនោះមិនត្រូវរាគៈគ្របសង្កត់ចិត្តហើយ ក៏មិនដល់នូវមរណៈ ( មិនសឹក ) ឬថាមិនដល់នូវទុក្ខស្ទើរតែមរណៈ។ ប្រៀបដូចជាបុរសត្រូវសរត្រាំដោយថ្នាំពិសលាបឱ្យជោកជាំហើយ ឱ្យពេទ្យវះមុខដំបៅក៏ខំថែទាំរក្សាដំបៅឱ្យសះជាតាមបណ្ដាំពេទ្យគ្រប់ប្រការឥតធ្វេសប្រហែសឡើយ បុរសនោះក៏មិនស្លាប់ ឬមិនកើតទុក្ខជិតស្លាប់ សេចក្ដីនេះមានឧបមាយ៉ាងណា ភិក្ខុអ្នកមិនត្រេកអរក្នុងកាមគុណក៏មានឧបមេយ្យដូច្នោះដែរ។

ម្នាលសុនក្ខត្ត ! ភិក្ខុនោះឯង ជាអ្នកសង្រួមក្នុងផស្សាយតនៈទាំង ៦ ដឹងច្បាស់ថាកិលេសជាឫសគល់នៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកគ្មានកិលេស ជាអ្នករួចស្រឡះហើយ ព្រោះការអស់ទៅនៃកិលេសនឹងបង្អោនកាយឬនឹងផ្ដេកផ្ដួលចិត្តទៅក្នុងកិលេស ហេតុដូច្នេះមិនដែលមានឡើយ។ ម្នាល​សុនក្ខត្ត ! ដូចផ្ដិលសំរឹទ្ធិមានពណ៌មានក្លិន មានរសល្អ តែផ្ដិលនោះប្រឡាក់ថ្នាំពិស។  កាលបើមានបុរសអ្នកចង់តែរស់ មិនចង់ស្លាប់ចង់តែសុខ ខ្ពើមទុក្ខ មកដល់។ បុរសនោះគួរផឹកទឹកនឹងផ្ដិលសំរឹទ្ធិនោះដែលខ្លួនដឹងថា អាត្មាអញផឹកទឹកនេះទៅហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈដែរឬទេ ?។

–  បពិត្រព្រះអង្គដ៏ចម្រើន គេមិនផឹកទឹកនឹងផ្ដិលសំរឹទ្ធិនោះទេ។

– មួយទៀតដូចជាអាសិរពិសមានពិសដ៏ពន្លឹក។ កាលបើបុរសអ្នកចង់តែរស់មិនចង់ស្លាប់ ចង់តែសុខ ខ្ពើមទុក្ខ មកដល់។ បុរសនោះគួរហុចដៃទាំងអស់ ឬហុចតែមេដៃឱ្យអាសិរពិសមានពិសដ៏ពន្លឹកនោះ ដែលខ្លួនដឹងថា អាសិរពិសនេះចឹកអាត្មាអញហើយ នឹងដល់នូវមរណៈ ឬដល់នូវសេចក្ដីទុក្ខស្ទើរតែមរណៈ ដែរឬ ?។

– បពិត្រព្រះអង្គដ៏ចម្រើន ! គេមិនហុចដៃឱ្យអាសិរពិសនោះចឹកទេ។

ម្នាលសុនក្ខត្ត ! ភិក្ខុនោះឯងជាអ្នកសង្រួមក្នុងផស្សាយតនៈទាំង ៦ ដឹងថាកិលេស ជាឫសគល់នៃសេចក្ដីទុក្ខ លុះដឹងដូច្នេះហើយ ក៏ជាអ្នកគ្មានកិលេស រួចស្រឡះហើយ ព្រោះតែការអស់ទៅនៃកិលេស នឹងបង្អោនកាយ ឬផ្ដេកផ្ដួលចិត្តទៅរកកិលេស ហេតុដូច្នេះ មិនដែលមានឡើយ  ក៏យ៉ាងនោះឯង។

លុះព្រះដ៏មានព្រះភាគសម្ដែងព្រះសូត្រនេះចប់ហើយ សុនក្ខត្តលិច្ឆវិបុត្តមានចិត្តត្រេកអររីករាយចំពោះភាសិតរបស់ព្រះដ៏មានព្រះភាគ។

ចប់

[១] លោកាមិស ( លោក + អាមិស ) នុយរបស់សត្វលោក គឺបញ្ចកាមគុណ ( រូប សំឡេង ក្លិន រស សម្ផស្ស )។ វចនានុក្រម ភាគ ២។

ក្នុងសុត្តន្តបិដក មជ្ឈិមនិកាយ ឧបរិបណ្ណាសក ត្រង់សុនក្ខត្តសូត្រ

ឃុនបណ្ណានុរក្ស ប៊ូ ប៉ូ ប្រែបំព្រួញ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments