និទានវចនៈ
ពាក្យលំនាំជាហេតុជាទីតម្កល់ខាងដើម
ព្រះពុទ្ធសករាជ ២៤៦៨
មហាសករាជ ១៨៤៧ ចុល្លសករាជ ១២៨៧ គ្រិស្តសករាជ
១៩២៦ បច្ចុប្បន្ន ឆ្នាំឆ្លូវ សប្ដស័ក។
ព្រះមហាវិមលធម្ម ឧត្ដមមេធាវីមហាបរិយត្តិ នាយក
ចាងហ្វាងសាលាបាលីជាន់ខ្ពស់។
យើងសូមប្រកាសសេចក្ដីពិតរបស់យើង ដែលយើងបានពិនិត្យពិចារណាមើលធម៌វិន័យ ដែលជាព្រះពុទ្ធវចនៈដែលមានក្នុងគម្ពីរព្រះត្រៃបិដកដោយច្រើន ហើយបានយល់ឃើញន័យផ្សេងៗចំពោះខ្លួន ដល់សាធុសប្បុរសទាំងឡាយ ដែលជាអ្នកប្រតិបត្តិតាមពុទ្ធឱវាទប្រាកដដើម្បីសម្អាតចិត្តឱ្យស្អាតចាកមន្ទិល គឺរាគាទិកិលេសទាំងពួង ហើយប្រាថ្នានឹងឈោងចាប់យកលោកុត្តរធម៌ ជាធម៌សម្រាប់ធ្វើឱ្យផុតចាកទុក្ខក្នុងខាងមុខ។
ហៃសាធុសប្បុរសទាំងឡាយសម័យនេះ ជាសម័យដ៏ឧត្ដមប្រសើរពេកណាស់ ដោយព្រះករុណាជាម្ចាស់ជីវិតនូវរាជការប្រូតិកតូរាត៍ បារាំងសែសជាធំ ក៏លោកជួយឧបត្ថម្ភទំនុកបម្រុងពេញទីទាំងគ្រឿងរៀនសូត្រទៀត ក៏មានបរិបូណ៌គ្រប់គ្រាន់ឥតមានខ្វះ អ្នកប្រាជ្ញចេះដឹងក៏មានច្រើន វិជ្ជាអ្វីដែលកើតឡើងក្នុងជាន់នេះ សុទ្ធតែវិសេសសុទ្ធតែប្រាកដទាំងអស់ ព្រោះមានអ្នកប្រាជ្ញក្នុងប្រទេសអឺរ៉ុបដែលចេះដឹងភាសាបាលីព្រះត្រៃបិដក នូវភាសាសំស្ក្រឹតដ៏ចំណាប់ៗក៏ច្រើន ហើយអាចទៅកមរកគ្នាបាន និងចង់ផ្ទៀងផ្ទាត់គម្ពីរបាលីធម៌វិន័យ ទៅវិញទៅមកបានដោយងាយ លោកអ្នកប្រាជ្ញទាំងនោះ មិនមែនចេះដឹងតែដោយសារមើលគម្ពីរបាលីក្បួនខ្នាតនោះទេ គឺចេះដោយមានព្យាយាមបានត្រាច់ចរទៅមើលទីកន្លែង ដែលជាដំណែលធ្លាប់មានព្រះពុទ្ធសាសនាឯណាៗគ្រប់តំបន់ទាំងអស់ តែមានចន្លោះដោយជាក់ច្បាស់នឹងភ្នែក ដូចជាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូតក្ដី ទ្រង់ត្រាស់ដឹងនូវបរមាភិសម្ពោធិញ្ញាណក្ដី ឬទីកន្លែងដែលព្រះពុទ្ធទ្រង់យាងទៅកាន់ទីណាៗក្ដី ក៏បានឃើញទាំងអស់ ហើយបានទាំងថតគូរជាគំរូផែនទី យកមកឱ្យឃើញដល់ភ្នែកយើងរាល់គ្នាផង នេះជាការពិតណាស់ គួរឱ្យសាធុសប្បុរសទាំងឡាយរាល់គ្នា ខំយកចិត្តទុកដាក់រៀនសូត្រធម៌វិន័យឱ្យណាស់ តទៅមុខៗថានឹងមានសេចក្ដីចម្រើនវិជ្ជាចំណេះ ច្រើនក្រៃលែងជាងនេះទៅទៀត ដោយប្រទេសយើងសព្វថ្ងៃនេះ ក៏កាន់តែរុងរឿងស្ដុកស្ដម្ភ មាំមួនជាងពីដើមបន្តិចហើយ តែថាបើអ្នកប្រតិបត្តិធម៌វិន័យឱ្យភាន់ច្រឡំ ដោយប្រកាន់មាំក្នុងអាការទាំង១០យ៉ាង ដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់សម្ដែងទុកក្នុង កាលាមសូត្រ ដែលមានក្នុងគម្ពីរ អង្គុត្តរនិកាយ តិក្កនិបាត ប្រារព្ធនឹងពួកជនជាកាលាមគោត្រ នោះហើយព្រះពុទ្ធសាសនា ក៏នឹងវិនាសសាបសូន្យអាប់ឱនទៅដោយឆាប់មិនខាន ផ្លូវប្រតិបត្តិសោតក៏នឹងកើតវិបរិតវិបត្តិប្រែប្រួលរកគោលចារឹកគ្មាន ជាហេតុនាំឱ្យមនុស្សល្ងង់វង្វេងវិលវល់អាប់ឥតប្រាជ្ញាយល់ខុសថាជាត្រូវ ហេតុនេះអ្នកប្រតិបត្តិធម៌វិន័យ ត្រូវឱ្យលះបង់អាការទាំង១០យ៉ាង ដែលទ្រង់ហាមមិនឱ្យជឿកាន់យកនោះចេញស្រឡះពីខន្ធសន្ដាន ទើបនឹងចម្រើនវិជ្ជាចំណេះ និងផ្លូវប្រតិបត្តិត្រង់ទៅបាន ព្រះពុទ្ធសាសនាក៏នឹងរុងរឿងដោយសារអ្នកប្រតិបត្តិត្រឹមត្រូវ មិនឱ្យភាន់ច្រឡំនោះឯងដោយជាក់ស្ដែង។
ឯអាការទាំង១០ យ៉ាងនោះ
១ – អនុស្សវេន ប្រកាន់ជឿតាមពាក្យដែលឮតាមៗគ្នាមក ជឿដោយឮដំណឹងគេនិយាយតៗគ្នាមក មិនមានពិនិត្យពិចារណាសាកសួរអ្នកប្រាជ្ញ ឬរៀនសូត្រឱ្យឃើញប្រាកដជាក់ច្បាស់តាមពុទ្ធវចនៈ ស្រាប់តែឮហើយក៏ជឿកាន់យកតែម្ដងទៅ។
២ – បរម្បរាយ ប្រកាន់ជឿតាមពាក្យបរម្បរាគឺពាក្យជាលំដាប់គ្នាមក ប្រកាន់ជឿទំនៀមទម្លាប់ឯណាខុសៗ ដែលធ្លាប់ឃើញគេធ្វើពីដើមៗមក (ទំនៀមទម្លាប់ខុសចាកព្រះពុទ្ធវចនៈ)
៣ – ឥតិកិរាយ ប្រកាន់ជឿដោយចូលចិត្ត ថាបានឮមកថាហេតុនេះយ៉ាងដូច្នេះ ប្រកាន់ជឿដោយអាងថាខ្ញុំបានឮមកដូច្នេះប្រាកដយ៉ាងនេះ (ពាក្យព្រេងដែលគេនិយាយលេងតៗគ្នាមក)។
៤ – បិដកសម្បទានេ ន ប្រកាន់ជឿដោយអាងថាពាក្យនេះ សមមួយអន្លើដោយរបៀបបិដករបស់យើងហើយ គឺអាងក្បួនតម្រាដែលខុសអំពីព្រះពុទ្ធវចនៈ។
៥ – តក្កហេតុ ប្រកាន់ជឿដោយសេចក្ដីប្រកាន់នូវហេតុ ដែលគិតស្មានប្រមាណយកដោយខ្លួនឯង គឺឃើញយ៉ាងណាក៏ជឿកាន់យកយ៉ាងនោះ (ស្រេចតែនឹងនឹកឃើញមិនរវល់ពីខុសត្រូវឡើយ )។
៦ – នយហេតុ ប្រកាន់ជឿដោយគ្នេរគ្នាន់ កាត់តម្រួយផ្សែផ្សំយក គឺសម្គាល់យកពាក្យឯណាមួយ ដែលមានទំនងប្រហែលៗគ្នាមកផ្សែផ្សំផ្គូផ្គងប្រកបគ្នា ហើយក៏ឱ្យឈ្មោះតាមទំនងនោះទៅ ដូចពាក្យថាអាសង្ស៥ មាតិកា៨ ដែលមានក្នុងកថិនខន្ធ គឺជាសេចក្ដីផ្សេងអំពីសីល៥ សីល៨ ឃើញថា៥ៗ , ៨ៗ ដូចគ្នាដូច្នោះក៏ពោលប្រកបឱ្យឈ្មោះថា អានិសង្ស៥នោះ គឺសីល៥ មាតិកា៨ គឺសីល៨ដូចពាក្យព្រះត្រៃលក្សណ៍ ឃើញមានអក្សរលាក់ចូលក្នុងនោះខ្លះ ក៏សម្គាល់ថាព្រះត្រៃលក្ខណ៍នោះអ្នកណានិយាយមិនបានទេ ព្រោះព្រះពុទ្ធលោកលាក់មិនឱ្យប្រាប់អ្នកណាទេ ដូចពាក្យថា នមោពុទ្ធាយ អក្សរ៥តួនេះ ជាពាក្យបាលីសម្រាប់នមស្ការថ្វាយបង្គំព្រះពុទ្ធ ឃើញពាក្យបាលីនេះមានអក្សរ៥តួដូច្នោះ ក៏យកទៅផ្សំប្រកបតម្រូវនិងព្រះនាមព្រះពុទ្ធទាំង៥ព្រះអង្គ ដែលមានក្នុងភទ្ទកប្បនេះ ហើយពោលថា នមោពុទ្ធាយ នេះគឺតួព្រះពុទ្ធទាំង៥ព្រះអង្គ ឯពាក្យប្រកបដូច្នោះខុសចាកពុទ្ធវចនៈ។
៧ – អាការបរិវិតក្កនេន ប្រកាន់ជឿដោយកិរិយាត្រិះរិះដោយហេតុថា ហេតុនេះល្អគឺហេតុអ្វីៗដែលកើតឡើងហើយ តែមិនមែនជាធម៌ពិតក៏យកហេតុនោះមកត្រិះរិះផ្គូផ្គងមើល បើហេតុឯណាដែលពេញចិត្តខ្លួនក៏ពោលថាល្អ ថាត្រូវហើយៗ ក៏ប្រព្រឹត្តកាន់យកតាមសេចក្ដីត្រិះរិះនោះទៅ។
៨ – ទិដ្ឋិនិជ្ឈានក្ខន្តិយា ប្រកាន់ជឿដោយគិតថាហេតុនេះ សមនិងយោបល់យើងដែលសម្លឹងឃើញថាគួរអ្នកកាន់យក គឺហេតុអ្វីៗ ដែលមិនមែនជាធម៌ពិត កើតឡើងហើយត្រូវនឹងគំនិតខ្លួនដែលធ្លាប់គិតទុកមក ក៏ចូលចិត្តថាហេតុនោះត្រូវហើយ ពិតហើយៗក៏ប្រតិបត្តិកាន់យកតាមហេតុ ដែលសមនិងយោបល់គំនិតនោះឯងទៅ។
៩ – កព្វរូបតាយ ប្រកាន់ជឿដោយគិតថា លោកនេះជាអ្នកអង់អាចចេះដឹង គួរតែយើងជឿកាន់យកតាមពាក្យលោកនេះ គឺបើមានអ្នកណាមួយគេចេះប្រសប់ឆ្លាសក្នុងពាក្យសម្ដីថ្វីមាត់ ចេះនិយាយស្រួលពីរោះឥតអាក់ តែពាក្យសម្ដីនោះមិនមែនជាធម៌ពិតទេ ស្ដាប់ហើយក៏ប្រកាន់ជឿតាមពាក្យដែលគេនិយាយស្រួលនោះទៅ។
១០ – សមណោ នោ គរុ ប្រកាន់ជឿដោយគិតថាសមណៈនេះ ជាគ្រូរបស់យើង គួរយើងកាន់ យកតាមពាក្យសមណៈនេះ ប្រកាន់ជឿតាមលទ្ធិគ្រូរបស់ខ្លួន បើទុកជាគ្រូនោះនិយាយខុសក៏ដោយ ក៏ចេះតែជឿកាន់យកតាមទាំងអស់ ទោះមានអ្នកណាមួយក្រៅអំពីគ្រូរបស់ខ្លួន គេនិយាយត្រូវតាមធម៌វិន័យរបស់ព្រះពុទ្ធជាម្ចាស់ដូចម្ដេចៗ ក៏មិនជឿមិនកាន់យកតាម។
អ្នកប្រព្រឹត្តប្រតិបត្តិធម៌វិន័យក្នុងព្រះពុទ្ធសាសនា ត្រូវតែរវាំងតាំងសតិបញ្ញាឱ្យមានមាំមួន កុំឱ្យអាការទាំង១០យ៉ាងនេះ ចូរមកដល់ពាល់ត្រូវក្នុងចិត្តសន្ដានបានឡើយ។
មួយទៀតព្រះពុទ្ធសាសនា ដែលនឹងសាបសូន្យថោកថយទៅ ព្រោះអ្នកប្រតិបត្តិប្រកបដោយហេតុ៥ប្រការ ដែលព្រះសព្វញ្ញូពុទ្ធជាម្ចាស់ទ្រង់សម្ដែងទុកក្នុងគម្ពីរ អង្គុត្តរនិកាយបញ្ចកនិបាត។
ឯហេតុ ៥ ប្រការនោះគឺ ៖
១ – ន សក្កច្ចំ ធម្មំ សុណន្តិ មិនស្ដាប់ធម៌ដោយគោរព គឺស្ដាប់ធម៌ដោយមិនសង្រួមកាយ វាចា ផ្ចង់ស្មារតីគោរពធម៌ គឺមិនបង្អោនកាយ វាចា ចិត្តទៅរកធម៌។
២ – ន សក្កច្ចំ ធម្មំ បរិយាបុណន្តិ មិនរៀនទន្ទេញធម៌ដោយគោរព គឺរៀនទន្ទេញតែមាត់ មិនបានប្រុងស្មារតីកំណត់ឱ្យចាំប្រាកដនូវធម៌នោះ។
៣ – ន សក្កច្ចំ ធម្មំ ជារេន្តិ មិនបានទ្រទ្រង់នូវធម៌ទុកក្នុងចិត្តដោយគោរព គឺមិនបានរៀននូវធម៌ឱ្យត្រូវតាមអត្ថព្យញ្ជនៈ គឺរៀនធម៌ឱ្យឃ្លាត ឱ្យភ្លាត់ខុសចាកអក្ខរសម្បត្តិ។
៤ – ន សក្កច្ចំ ធតានំ ធម្មានំ អត្ថំ ឧបបរិក្ខន្តិ មិនពិចារណានូវសេចក្ដីនៃធម៌ដែលខ្លួនទ្រទ្រង់ទុកនោះ ដោយគោរពគឺមិនដឹងមិនយល់ច្បាស់ នូវសេចក្ដីអធិប្បាយនៃធម៌ដែលខ្លួនទ្រទ្រង់នោះ។
៥ – ន សក្កច្ចំ អត្ថមញ្ញយ បដិបជ្ជន្តិ ដឹងនូវសេចក្ដីអធិប្បាយនៃធម៌ហើយ មិនប្រតិបត្តិតាមដោយគោរព គឺចេះដឹងធម៌វិន័យ ព្រមទាំងសេចក្ដីអធិប្បាយ មិនប្រតិបត្តិឱ្យត្រូវតាមច្បាប់ធម៌វិន័យនោះ។
អាការទាំង១០យ៉ាងក្ដី ហេតុទាំង៥ប្រការក្ដី ដូចបានសម្ដែងពណ៌នាមកដោយសង្ខេបនេះ ជាហេតុនាំឱ្យព្រះពុទ្ធសាសនាវិនាសសាបសូន្យទៅដោយពិត បើអ្នកប្រតិបត្តិតាំងចិត្ត ប្រុងស្មារតី គិតវៀរលែងអាការ១០យ៉ាង ហេតុ៥ប្រការនេះហើយ ព្រះពុទ្ធសាសនានឹងថ្កុំថ្កើង រុងរឿងវែងឆ្ងាយតទៅ។
(ចប់បរិបូណ៌តែប៉ុណ្ណេះ)
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩២៦