ច្បាប់​ក្រម​បរិយាយ

សារវន្តកថា

អារម្ភ​កថា

អស់​លោក – អ្នក​ទាំង​ពួង បាន​ជ្រាប​ច្បាស់​ថា​ច្បាប់​ក្រម​នេះ​សុទ្ធ​សឹង​ជា​សុភាសិត​ល្អិត​ល្អន់​ល្អ​ណាស់ ជា​ដំបូន្មាន​ដែល​បុរាណ​បណ្ឌិត​លោក​រៀបរៀង​តាម​ដោយ​គន្លង​ធម៌​ផង តាម​ដោយ​គន្លង​ច្បាប់​ប្រវេណី​ផង ដើម្បី​ទុក​ឱ្យ​យើង​រាល់​គ្នា យក​ជា​តម្រាប់​ប្រដៅ​ខ្លួន​ឱ្យ​បាន​ល្អ​ក្នុង​លោក​នេះ និង​បរលោក​នាយ និង​ប្រយោជន៍​ដ៏​ប្រសើរ​គឺ​ព្រះ​និព្វាន តែ​ពាក្យ​លោក​ទាំង​អម្បាល​ម៉ាន ខ្លះ​ក៏​ងាយ​ល្មម​​ស្ដាប់​បាន ខ្លះ​សោត​ជា​បញ្ហា​ឱ្យ​យើង​ត្រិះរិះ​ពិចារណា​តាម​យោបល់​ទើប​យល់​ភ្លឺ។

ហេតុ​ដូច្នេះ​ខ្ញុំ​យក​ច្បាប់​ក្រម​នេះ មក​កែ​ស្រាយ​ពន្យល់​ជា​សេចក្ដី​បរិយាយ ហៅ​ថា “ច្បាប់​ក្រម​បរិយាយ” ដើម្បី​ឱ្យ​យុវជន ដែល​នៅ​ខ្ចី​សេចក្ដី ងាយ​ស្ដាប់​ឆាប់​ចូល​ចិត្ត។

អ្នក​រៀបរៀង ញិក – នូវ (គ្រូ​ជំនួយ)

ច្បាប់​ក្រម​បរិយាយ

លោក ញិក – នូវ គ្រូ​បង្រៀន​ជំនួយ

នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ

ទី – ១ នេះ​គឺ​ច្បាប់​ក្រម ប្រសើរ​ឧត្ដម ទូន្មាន​អ្នក​ផង ប្រើ​ឱន​លំទោន កុំ​បី​មាន​ឆ្គង ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រត‍ិបត្តិ។

បាន​សេចក្ដី​ថា ច្បាប់​ក្រម​នេះ​ជា​សុភាសិត មាន​ខ្លឹមសារ​ដ៏​ប្រសើរ​វិសេស​ក្រៃលែង ដោយ​បុរាណ​បណ្ឌិត លោក​មាន​មេត្តា​កូន​ចៅ​ឯ​ក្រោយ ចង់​ឱ្យ​មាន​ប្រាជ្ញា​និង​បាន​បុណ្យ ដូច្នេះ​ហើយ ទើប​លោក​ពោល​ជា​បញ្ហា​ទុក​មក​ឱ្យ បាន​ជា​ដំបូង​ថា “ប្រើ​ឱន​លំទោន កុំ​បី​មាន​ឆ្គង ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រតិបត្តិ” នេះ​ជា​ពាក្យ​សំខាន់ គឺ​ថា​បើ​ចង់​បាន​ប្រាជ្ញា​និង​បាន​បុណ្យ ចូរ​អ្នក​ទាំង​ពួង​ខំ​ធ្វើ​កិច្ច​​គារវៈ ប្រតិបត្តិ​ឱ្យ​សុភាព​រៀបរយ កុំ​គប្បី​ឱ្យ​ឆ្គង ព្រោះ​លោក​ឃើញ​ថា ប្រាជ្ញា​និង​បុណ្យ កើត​ឡើង​បាន ដោយ​សេចក្ដី​ប្រតិបត្តិ តែ​យើង​ត្រូវ​ឱ្យ​ស្គាល់​ថា​អ្វី​ជា​ប្រាជ្ញា​ ? អ្វី​ជា​បុណ្យ​ ? អ្វី​ជា​សេចក្ដី​ប្រតិបត្តិ ​?

“ប្រាជ្ញា” គឺ​ដឹង​ទួទៅ យល់​ជាក់​ច្បាស់​ដោយ​ញាណ​នូវ​កិច្ចការ​ទាំង​ពួង ល្អ​និង​អាក្រក់ ពិត​និង​មិន​ពិត។

“បុណ្យ” គឺ​សេចក្ដី​សុខ, កុសល, អំពើ​ល្អ។ មួយ​យ៉ាង​ទៀត​ដូចជា​ពាក្យ​ថា “បុណ្យ​សក្ដិ” គឺ​សក្ដិ​យស​ខ្ពង់ខ្ពស់​ក្នុង​មុខ​ក្រសួង ឬ​មុខ​ការងារ​ដែល​ធ្វើ។

“ប្រតិបត្តិ ឬ​បដិបត្តិ” គឺ​ការ​ប្រព្រឹត្ត​តាម, ការ​ធ្វើ​តាម​គន្លង​ធម៌ ឬ​ច្បាប់។

បើ​នឹង​រួម​បញ្ចូល​ប្រមូល​សេចក្ដី​ទាំង​បី​ម៉ាត់​ផ្គុំ​ឡើង​ឃើញ​ថា ការ​ដែល​ប្រព្រឹត្ត​ធ្វើ​តាម​នេះ ជា​ឫស​ជា​គល់​ពក​ពន្លក​ឱ្យ​ដុះ​ប្រាជ្ញា ឱ្យ​បាន​បុណ្យ​សក្ដិ និង​បុណ្យ​កុសល, សេចក្ដី​ប្រតិបត្តិ​នេះ ជា​ហេតុ​ឱ្យ​ថ្កើង​រុងរឿង​ក្នុង​លោក​នេះ និង​លោក​ខាង​មុខ, តែ​គេ​បដិបត្តិ ធ្វើ​តាម​អ្នក​ឯ​ណា ? ធ្វើ​តាម​យ៉ាង​ណា ? ថា​ត្រូវ​បដិបត្តិ​ធ្វើ​តាម​ពាក្យ​សុភាសិត​ដែល​ជា​ឱវាទ​ល្អ គឺ​ពាក្យ​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់​ក្ដី របស់​លោក​អ្នក​ប្រាជ្ញ​ក្ដី។

សុភាសិត​នេះ​ត្រូវ​ទាំង​ពីរ​ផ្លូវ ៗ អាណា​ចក្រ​ក៏​ត្រូវ ផ្លូវ​ពុទ្ធ​ចក្រ​ក៏​ត្រូវ។

ចំណែក​អាណា​ចក្រ យើង​រាល់​គ្នា​បាន​ឃើញ​ច្បាស់​នឹង​ចក្ខុ​របស់​យើង ពុំ​ចាំ​បាច់​ទៅ​សួរ​ដល់​អ្នក​ណា​ទៀត​ឡើយ យើង​ឃើញ​ហើយ​បណ្ដា​សេនា​បតី​អាមាត្យ​មន្ត្រី​ធំ​តូច នៅ​ក្នុង​ប្រទេស​នានា សុទ្ធ​សឹង​តែ​លោក​អ្នក​ប្រកប​ដោយ​យស​សក្ដិ ដោយ​បញ្ញា​មុត​ថ្លា​វាងវៃ​ឈ្លាស​ក្នុង​ការ​ដែល​លោក​ធ្វើ ជា​ប្រយោជន៍​ដល់​ផែនដី។

ចុះ​អំពើ​​ល្អ​ទាំង​នេះ ដែល​កើត​ឡើង​ដល់​លោក តើ​មក​ពី​ហេតុ​អ្វី ? ថា​មក​ពី​សេចក្ដី​ប្រតិបត្តិ​ធ្វើ​តាម​គឺ​តាម​គ្រូ​អាចារ្យ​លោក ដែល​កាល​លោក​បាន​ចូល​ទៅ​កាន់​សម្នាក់​អាស្រ័យ​សុំ​រៀន​ចំណេះ​វិជ្ជា។

លោក​ខំ​សង្វាត​បំបែក​វិជ្ជា​ប្រាជ្ញា​ដោយ​ការ​រៀន​សូត្រ​ការ​ស្ដាប់​ត្រាប់​ត្រង​ធ្វើ​តាម ហើយ​កត់​សម្គាល់​ទុក​ត​រៀង​មក ដោយ​ការ​គិត​តាម​យោបល់​ច្បាស់​ក្នុង​កិច្ចការ​ផ្សេងៗ កាល​លោក​នៅ​ជា​សិស្ស​សាលា​កំពុង​រក​វិជ្ជា​ដាក់​ខ្លួន​នេះ​ជា​ហេតុ, ដល់​បាន​ជា​ខ្ញុំ​រាជការ​ហើយ លោក​ក៏​មាន​ចិត្ត ប្រតិបត្តិ​ច្បាប់​ទម្លាប់​របស់​ស្រុក​នគរ ធ្វើ​តាម​ពាក្យ​បង្គាប់​ទូន្មាន​របស់​នាយ​ចៅហ្វាយ លុះ​ត្រា​តែ​លោក​បាន​ឡើង​យស​សក្ដិ​ធំ​ឡើង​ទៀត​នេះ​ជា​ផល។

ដូច្នេះ​ឃើញ​ថា បុណ្យ​បាន​មក​ពី​បញ្ញា គឺ​ចំណេះ​វិជ្ជាៗ ​បាន​មក​ពី​ខំ​រៀន ប្រព្រឹត្ត​ធ្វើ​តាម​គ្រូ​​អាចារ្យ បង្ហាត់​បង្ហាញ​បង្រៀន​ប្រៀន​ប្រដៅ​មក នឹង​ធ្វើ​តាម​ចៅហ្វាយ​នាយ​បង្គាប់​បញ្ជា ក្នុង​មុខ​ក្រសួង​ការងារ។

ឯ​ខាង​ពុទ្ធ​ចក្រ​វិញ​ក៏​ដូច​គ្នា តែ​ត្រង់​នេះ​ត្រូវ​ប្រែ​ពាក្យ “បុណ្យ” ជា​មុន​សិន ក្នុង​ព្រះ​ពុទ្ធ​សាសនា​សំដៅ​យក​សេចក្ដី​សុខ។

ចុះ​យ៉ាង​ណា​មិញ ? ថា​ជន​ដែល​គោរព​ប្រតិបត្តិ​ព្រះ​ពុទ្ធសាសនា មាន​ព្រះ​ពុទ្ធ​សមណ​គោតម ជា​ព្រះ​បរម​គ្រូ​ទ្រង់​សម្ដែង​ព្រះ​ធម៌​ប្រោស​សត្វ ដោយ​ទ្រង់​មាន​ព្រះ​ហឫទ័យ​ប្រកប​ដោយ​មេត្តា​ចម្លង​សត្វ កាត់​វដ្ដសង្សារ​ដាក់​ដល់​ត្រើយ​គឺ​ព្រះ​និព្វាន ជា​ឋាន​បរម​សុខ, នោះ​បើ​សត្វ​ណា​ស្ដាប់​ត្រាប់ត្រង ប្រតិបត្តិ​តាម គឺ​កសាង​ធ្វើ​បុណ្យ​ឱ្យ​ទាន​រៀន​ធម៌​រក្សា​សីល ចៀសវាង​អំពើ​បាប សន្សំ​បុណ្យ​កុសល គឺ​សេចក្ដី​សុខ​គង់​នឹង​កើត​មាន ដល់​អ្នក​នោះ​ឯង​ពុំ​ខាន។

ទី​បំផុត​ពាក្យ​លោក​ថា “ប្រាជ្ញា​បុណ្យ​ផង កើត​ដោយ​ប្រតិបត្តិ” នេះ​ជា​ពាក្យ​ដំបូន្មាន​ល្អ ត្រូវ​យើង​រាល់​គ្នា​ស្ដាប់​ធ្វើ​តាម, ដើម្បី​យក​បុណ្យ​សក្ដិ​ក្នុង​លោក​នេះ​ផង យក​បុណ្យ​កុសល​ទៅ​បរលោក​នាយ​ផង។

ទី – ២ នរូ​អ្នក​ណា ទោះ​យក​អាត្មា ចូល​សាសន៍​ពុទ្ធ​រតន៍ ចូរ​ធ្វើ​ឱ្យ​ត្រង់ ដោយ​នូវ​បន្ទាត់ ហៅ​ស្វែង​សម្បត្តិ       យក​ផ្លូវ​និព្វាន។

អធិប្បាយ​ថា មនុស្ស​ឯ​ណា នឹង​នាំ​ខ្លួន​ទៅ​ចូល​ក្នុង​ពុទ្ធសាសន៍​ដែល​ជា​សាសនា​ល្អ​ប្រពៃ​នេះ នោះ​ត្រូវ​ធ្វើ​ឱ្យ​ត្រង់​ដោយ​នូវ​បន្ទាត់​គឺ​វិន័យ ទើប​បាន​ឈ្មោះ​ហៅ​ថា​ជា​អ្នក​ស្វែង​រក​សម្បត្តិ​ព្រះ​និព្វាន នេះ​ពោល​យ៉ាង​ខ្លី។

តទៅ​នឹង​ស្រាយ​ឱ្យ​ត្រចះ​ត្រចង់​ងាយ​ស្ដាប់ បាន​បន្តិច​ទៅ​ទៀត ព្រោះ​លោក​បង្គាប់​ថា បើ​បុគ្គល​ឯ​ណា បាន​ចូល​សាសន៍​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ហើយ “ចូរ​ធ្វើ​ឱ្យ​ត្រង់​ដោយ​នូវ​បន្ទាត់”។

ចុះ​មនុស្ស​ចំពូក​ណា ដែល​ហៅ​ថា​ចូល​សាសន៍​ព្រះ​ពុទ្ធ ? គឺ​អ្នក​ចូល​ទៅ​កាន់​ព្រះ​ពុទ្ធសាសនា តាំង​ខ្លួន​ជា​ពុទ្ធ​មាមកៈ ជឿ​ក្នុង​គុណ​ព្រះ​រតនត្រ័យ ឥត​សន្ទិះ​សង្ស័យ​នូវ​ពុទ្ធ​វចនៈ ហើយ​ថ្វាយ​ខ្លួន​ជា​ឧបាសក​យក​ព្រះ​ពុទ្ធ​ ព្រះ​ធម៌ ​ព្រះ​សង្ឃ ជា​ទី​ពឹង​ទី​រឭក ទុក​ស្មើ​ដោយ​ជីវិត អ្នក​ទាំង​អម្បាល​ម៉ាន​នេះ ពុំ​រើស​មុខ​ថា​ជា​ជាតិ​អ្វីៗឡើយ ពុំ​ថា​ប្រុស​ថា​ស្រី ពុំ​ថា​ក្មេង​ថា​ចាស់ ឱ្យ​តែ​មាន​ចិត្ត​សទ្ធា ជឿជាក់​ក្នុង​ព្រះ​បរវ​ពុទ្ធសាសនា​ប៉ុណ្ណោះ​ឯង គឺ​ជឿ​សេចក្ដី​ត្រាស់​ដឹង​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់ ជឿ​កម្ម – ផល ជឿ​បាប​និង​បុណ្យ ហើយ​ថ្វាយ​ខ្លួន​ក្នុង​ព្រះ​ពុទ្ធ​សាសនា, ខ្លះ​ក៏​សូម​បព្វជ្ជា​ជា​ភិក្ខុ-សាមណេរ ខ្លះ​ថ្វាយ​ខ្លួន​ជា​ឧបាសក ជា​ឧបាសិកា, ហើយ​បុគ្គល​ទាំង​នេះ ក៏​ត្រូវ​ប្រព្រឹត្ត​តាម​ភូមិ​របស់​ខ្លួន ឱ្យ​ត្រឹម​ត្រង់​តាម​ពុទ្ធ​បញ្ញត្តិ, គឺ​ចំណែក​អ្នក​បួស មាន​វិន័យ​សិក្ខាបទ និង​សីល​ សមាធិ ​បញ្ញា​ ជា​បន្ទាត់ ឯ​គ្រហស្ថ​វិញ មាន​កម្មបថ ១០ ប្រការ សីល ៥ នូវ សីល ៨ ជា​បន្ទាត់។ តែ​ហេតុ​ដូចម្ដេច បាន​ជា​លោក​ទូន្មាន​ថា​ត្រូវ​ធ្វើ​ឱ្យ​ត្រង់​ទៀត​នេះ ព្រោះ​ដោយ​មនុស្ស​ខ្លះ បាន​ចូល​ទៅ​កាន់​សម្នាក់​ព្រះ​ពុទ្ធសាសនា​ហើយ តែ​ពុំ​ធ្វើ​កាយ​វាចា​ចិត្ត​ឱ្យ​ត្រង់​ត្រូវ​តាម​ពុទ្ធ​ឱវាទ, ខ្លះ​ប្រព្រឹត្ត​ធ្វើ​សីល​ពុំ​បាន​ផូរផង់​ល្អ​បរិសុទ្ធ​ឡើយ ខ្លះ​នឹង​កាន់​ត្រណម​តម​តាម​បម្រាម​ព្រះ​ពុទ្ធ​ពុំ​បាន ម្ល៉ោះ​ហើយ ក៏​បន្ធូរ​បន្ថយ​ខ្លួន​ឯង​ថា វិន័យ​នេះ​តឹង​ពេក យើង​ធ្វើ​តែ​ប៉ុណ្ណេះ​ក៏​បាន​ដែរ បុគ្គល​ជំពូក​នេះ​លោក​ពុំ​សរសើរ​ឡើយ។

“បើ​នរណា​ធ្វើ​កាយ​វាចា​ចិត្ត បាន​ល្អ​ត្រង់​តាម​បន្ទាត់ គឺ​សិក្ខា​វិន័យ​ដែល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ប្រញប្តិ​ទុក​មក​នោះ អ្នក​នោះ​ឯង​ឱ្យ​ឈ្មោះ​ថា​ជា​អ្នក​ស្វែង​រក​សម្បត្តិ យក​ផ្លូវ​ព្រះ​និព្វាន” ដែល​ជា​ឋាន​បរម​សុខ រម្លត់​នូវ​ទុក្ខ​ទាំងឡាយ, ដូច្នេះ​ទើប​លោក​ទូន្មាន​ឱ្យ​យើង “ចូល​សាសន៍​ពុទ្ធ​រតន៍” ហើយ​គោរព​ឱ្យ​ត្រង់​តាម​ធម៌​វិន័យ ដែល​ជា​បន្ទាត់ នឹង​បាន​ដល់​ត្រើយ​ច្រាំង គឺ​ព្រះ​និព្វាន​នោះ។

ទី – ៣ នរូ​អ្នក​ផង ទោះ​ដឹង​យល់​ហោង ចិត្ត​នោះ​ឱ្យ​ហ៊ាន បំពេញ​ព្រះ​ផ្នួស ដោយ​ព្រះ​ទូន្មាន កុំ​ធ្វើ​លីកលាន ដោយ​ចិត្ត​អន្ធពាល

អ្នក​ផង​ទាំងឡាយ បើ​អ្នក​ដឹង​ពិត​ថា “ចូល​សាសន៍​ពុទ្ធ​រតន៍” នេះ​ជា​ដំណើរ​ល្អ​ប្រពៃ ហើយ​យល់​ជាក់​ជា​មាគ៌ា​ទៅ​កាន់​សុគតិនិង​ព្រះ​និព្វាន​បាន ដោយ​ដំបូន្មាន​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​នេះ​ហើយ​នោះ​ចូរ​អ្នក​តាំង​ចិត្ត​ឱ្យ​ក្លាហាន​ហ៊ាន​បំពេញ​ផ្នួស បួស​ជា​សាមណេរ ឬ​ភិក្ខុ កុំ​គប្បី​ធ្វើ​ផ្ដេសផ្ដាស​ដោយ​ចិត្ត​ពាល នេះ​ពោល​ដោយ​សង្ខេប។

ត្រង់​លោក​ទូន្មាន​ថា “ចិត្ត​នោះ​ឱ្យ​ហ៊ាន បំពេញ​ព្រះ​ផ្នួស” ហេតុ​ដូចម្ដេច​ក៏​ចាំបាច់​ថា “ហ៊ាន” ទើប​បាន​បួស​បាន ? ថា​ធម្មជាតិ​មនុស្ស​បុថុជ្ជន​នេះ រមែង​ប្រកប​ដោយ​កិលេស គឺ​សេចក្ដី​សៅហ្មង​នៅ​ក្នុង​ចិត្ត ជា​មនុស្ស​ពាល​អាក្រក់ ងងឹត​ពុំ​យល់​ផ្លូវ​សុខ​និង​ទុក្ខ។ កាល​ខ្លួន​នៅ​ក្មេង​វង្វេង​ទៅ​ដោយ​សេចក្ដី​សប្បាយ​ច្រើន​ប្រការ ប្រាថ្នា​នូវ​កាមគុណ​ជា​អារម្មណ៍ ម្ល៉ោះ​ហើយ​នឹង​ដក​ខ្លួន ឱ្យ​រួច​របូត​អំពី​អន្លង់​នេះ​បាន​ដោយ​ក្រ ព្រោះ​សេចក្ដី​តម្រេក​ក្នុង​កាម​នេះ​មក​គ្រប​សង្កត់ មាន​ទម្ងន់​ដ៏​ធ្ងន់​ពន់​ប្រមាណ​ណាស់។ ខ្លះ​ជាប់​ជំពាក់​នឹង​សម្បត្តិ​ទ្រព្យ បុត្រ​ភរិយា ខ្លះ​ជំពាក់​កំពុង​សប្បាយ​នឹង​បុណ្យ​​សក្ដិ​ ខ្លះ​ខ្លាច​ថា​នឹង​ទ្រទ្រង់​ធម៌​វិន័យ​ពុំ​បាន ព្រោះ​ឃើញ​ថា តែ​ចូល​ទៅ​បួស ត្រូវ​ឱ្យ​ក្លាហាន​លះ​បង់​នូវ​អំពើ​កាមរោគ​ឱ្យ​ជ្រះ​ស្រឡះ​អស់​អំពី​ចិត្ត នេះ​ឃើញ​ជា​កម្រ​ណាស់ នឹង​លះ​មិន​បាន​ទេ ក៏​ក្រាញ​ចិត្ត​មិន​ហ៊ាន​បួស អត់ធន់​ដេក​ត្រាំ​ក្នុង​លាមក​ទៅ​វិញ​ទៅ​ក៏​មាន។

មួយ​ទៀត បើ​អ្នក​ណា​បាន​បួស​ជា​បព្វជិត​ហើយ ត្រូវ​កាន់​ក្រិត្យ​តាម​វិន័យ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​សម្ដែង​ទុក​មក​ថា ភិក្ខុ​សាមណេរ​គប្បី​ធ្វើ​ឱ្យ​បរិសុទ្ធ​ល្អ កុំ​ឱ្យ​ខុស​ធម៌ ខុស​វិន័យ ឱ្យ​លះ​បង់​អំពើ​ទុច្ចរិត​លាមក​ឱ្យ​អស់​ចេញ កុំ​ឱ្យ​មាន​សេសសល់​ជា​មន្ទិល​ដល់​តិច​ឡើយ គឺ​លះ លោភៈ ទោសៈ មោហៈ នេះ​ឯង​ជាដើម។

ដ្បិត​ជនានុជន នៅ​នា​លោកិយ​នេះ ក៏​មាន​ច្រើន​មក​ហើយ​ដែល​ជា​មនុស្ស​អន្ធពាល ពុំ​សូវ​មាន​គំនិត​គិត​កែប្រែ​មារយាទ​ឱ្យ​ល្អ​ឡើង​វិញ​បាន ដូច​អ្នក​លេង​ល្បែង ជក់​អាភៀន​ផឹក​ស្រា ​និង​ល្បែង​ភ្នាល់​ជាដើម នោះ​កម្រ​មាន​អ្នក​លះបង់​បាន​ដោយ​ងាយ​ឡើយ ខ្លះ​លេង​ទាល់​ទាល់​តែ​ចាស់​ជរា ទាល់​តែ​ក្រ​អស់​ធនធាន​ក៏​មិន​ឈប់។

ឯ​ពួក​អ្នក​មាន​ទ្រព្យនិង​បុណ្យ​សក្ដិ បើ​មាន​សទ្ធា​សេចក្ដី​ជ្រះថ្លា​បាន​ត្រឹម​បរិច្ចាគ​ទ្រព្យ​របស់​ធ្វើ​ទាន​ប៉ុណ្ណោះ តែ​នឹង​លះ​ឃរាវាស​ទៅ​បួស​ពុំ​បាន​ឡើយ។

ដូច្នេះ ការ​លះ​កាមគុណ​និង​សម្បត្តិ​ទ្រព្យ​និង​បុណ្យ​សក្ដិ ហើយ​ចូល​ទៅ​បួស ប្រតិបត្តិ​ធម៌​វិន័យ ជា​ការ​ក្រ​បំផុត ដែល​រក​បាន ក៏​បាន​ដោយ​ពិបាក។

ប៉ុណ្ណេះ​ល្មម​យល់​បាន​ថា អ្នក​បួស​សុទ្ធ​សឹង​តែ​ជា​បុគ្គល​លះ​ឃរាវាស​បាន​ដោយ​ក្លាហាន ហើយ​ញាំង​ចិត្ត​ឱ្យ​មូល​ចូល​ទៅ​កាន់​ការ​ស្ងប់​រម្ងាប់​ជាដើម។

ទី ៤ – ម្តាយ​អាពុក​សោតណា ស្រឡាញ់​ស្ងួនភ្ងា ហៅ​កូន​សង្សារ អាច​មក​បំបួស ហេតុ​ចង់​សម្ភារៈ ប្រើ​បង់​អន្ធពាល រៀន​ដោយ​ក្រមច្បាប់។

ធម្មជាតិ​ជា​ឪពុក​ម្ដាយ រមែង​មាន​ធម៌​សប្បុរស​ស្រឡាញ់ គ្រប់​គ្រង​ថែរក្សា​បុត្រ ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ៤ ប្រការ​គឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ លោក​ទាំង​ពីរ​នេះ មាន​ចិត្ត​សោមនស្ស​ត្រេកអរ តាំង​តែ​ពី​ថ្ងៃ​ដែល​ដឹង​ថា កូន​មក​ចាប់​បដិសន្ធិ​ក្នុង​គភ៌​ម្ដាយ ម្ដាយ​បាន​លំបាក​យ៉ាង​ណា ក៏​ខំ​ធន់​ទ្រាំ​ថែទាំ​ខ្លួន​ឱ្យ​ល្អ ដោយ​ប្រាថ្នា​ឱ្យ​កូន​នោះ​មាន​ជីវិត​គង់​នៅ។ លុះ​កូន​សម្រាល​មក​កាល​ណា មាតា​បិតា​ក៏​ប្រឹង​បីបាច់​រក្សា​ទារក​នោះ ដោយ​ព្រហ្ម​វិហារធម៌ មាន​ចិត្ត​អំណរ​នឹង​កូន បាន​សុខ​ចម្រើន និង​ផ្សាយ​សេចក្ដី​ស្មោះ​ស្មើ​ទៅ​រក​កូន ដោយ​អំណាច​ចិត្ត​ស្រឡាញ់ អាណិត​កូន​យ៉ាង​នេះ កាល​កូន​ចម្រើន​ធំ​ពេញ​រូបរាង ហើយ​ក៏​យក​ទៅ​បំបួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា ព្រោះ “ហេតុ​ចង់​សម្ភារ” បាន​សេចក្ដី​ថា មាតា​បិតា​ខ្លាច​ក្រែង​កូន​ពុំ​ស្គាល់​បុណ្យ​នូវ​បាប ពុំ​ស្គាល់​អំពើ​សុចរិត​និង​ទុច្ចរិត ទើប​ឱ្យ​បួស ដើម្បី​នឹង​ផ្ទុក​នូវ​កង​កុសល និង​សុចរិត​ធម៌ កុំ​ឱ្យ​ធ្លាក់​ទៅ​កាន់​អបាយភូមិ​ទាំង ៤ ហើយ​ឱ្យ​រៀន​នូវ​ក្រមច្បាប់ ប្រយោជន៍​ឱ្យ​លះ​បង់​អំពើ​អន្ធពាល។

(ត​ទៅ​ទៀត លោក​ទូន្មាន​ថា)

សង្វាត​សរសេរ អស់​អញ​កុំ​ខ្ជិល ទើប​បាន​ជា​គាប់ សង្វាត​សូត្រ​រៀន ដោយ​គ្រូ​ប្រញប្ត កុំ​ធ្វើ​លេលាប់ ដោយ​ចិត្ត​មាក់ងាយ។

គឺ​ឱ្យ​កូន​ខ្វល់ខ្វាយ​ខ្នះខ្នែង រៀន​ធម៌​ចម្រើន​មេត្តា​ភាវនា ជា​ផ្លូវ​ទៅ​កាន់​សេចក្ដី​សុខ ដ្បិត​ឃើញ​ថា​បណ្ដាល​អ្នក​ជា​ពហូសូត ជា​អ្នក​ចេះ​ដឹង​ច្រើន រមែង​ស្គាល់​ខុស​និង​ត្រូវ ចៀសវាង​ចាក​បាប​កម្ម ឱ្យ​រួច​ផុត​អំពី​អំពើ​ពាលា ចេះ​ច្បាប់​ព្រះ​ពុទ្ធ ហើយ​ប្រព្រឹត្ត​បដិបត្តិ​តាម ឥត​លម្អៀង កូន​នោះ​នឹង​បាន​ជា​មនុស្ស​វិសេស​ក្នុង​លោក​នេះ និង​លោក​ឯ​មុខ ដោយ​ផល​ដែល​ចេះ​ដឹង អាច​លះបង់​ពាល​អាក្រក់ អស់​ចេញ​អំពី​សន្ដាន​ចិត្ត។

មិន​តែ​ប៉ុណ្ណោះ​ទេ ទូន្មាន​ឱ្យ​ហាត់​សង្វាត​រៀន​តាម​គ្រូ​ប្រញប្ដ ឱ្យ​ខំ​ហាត់​សរសេរ​អក្សរ​តាម​វិធី​អក្ខរៈ ឱ្យ​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត ហាម​មិន​ឱ្យ​ខ្ជិល​ច្រអូស មិន​ឱ្យ​ធ្វើ​ឡេះឡោះ​ប្រមាទ​មាក់ងាយ​វិជ្ជា​ទាំង​នោះ​ឡើយ សង្ឃឹម​ថា​បើ​កូន​មាន​សុភាព ទទួល​ធ្វើ​តាម​ពាក្យ​ប្រដៅ​ទាំង​នោះ​បាន​ហើយ កូន​នឹង​បាន​ជា​គាប់ រាប់​បញ្ចូល​ជា​បណ្ឌិត​ជាតិ ១ ដែល​គេ​តែង​រាប់​អាន​រាល់​គ្នា។

ដូច្នេះ​ឃើញ​ថា​អាពុក​ម្ដាយ ស្រឡាញ់​អាណិត​កូន​ខំ​យិតយោង​កូន​ឱ្យ​រួច​អំពី​ទី​អសោចិ៍​លាមក ហើយ​នឹង​បាន​សុខ​ទាំង​ជាតិ​នេះ​និង​ជាតិ​មុខ។

ទី ៥- ហៃ​អស់​សាមណេរ ម្ដាយ​មក​បង្វែរ អ្នក​ជា​បាធ្យាយ សង្វាត​សូត្រ​រៀន ដូច​លោក​ទាំង​ឡាយ កុំ​ធ្វើ​ពាយងាយ ដូច​នៅ​គ្រហស្ថ។

បទ​នេះ​បាន​សេចក្ដី​ថា តាំង​ពី​ព្រះ​ពុទ្ធ​អង្គ​គង់​ព្រះ​ជន្ម​នៅ រហូត​រៀងរាប​ដរាប​មក ពួក​ពុទ្ធ​បរិស័ទ​ដែល​មាន​បុព្វ​និស្ស័យ​នឹង​ព្រះ​រតនត្រ័យ តែង​តែ​នាំ​កូន​ចៅ​ទៅ​បួស ពី​ក្មេង​ម្ដង​ក្នុង​រវាង​អាយុ​ពី ៧ ឆ្នាំ​ទៅ​ទល់​នឹង​អាយុ ១៩ ឆ្នាំ ឱ្យ​បួស​ជា​សាមណេរ បើ​អាយុ​គ្រប់ ២០ ឆ្នាំ​បរិបូណ៌​ហើយ ឬ​ច្រើន​កើន​ឡើង​ទៅ ឱ្យ​បួស​ជា​ភិក្ខុ។

កាល​បួស​ជា​សាមណេរ​ហើយ ត្រូវ​រំឭក​កូន​នោះ​ថា “ហៃ​អស់​សាមណេរ ម្ដាយ​មក​បង្វែរ អ្នក​ជា​បាធ្យាយ” បាន​សេចក្ដី​ថា សាមណេរ​អើយ ! អ្នក​បួស​ជា​សាមណេរ​ហើយ ម្ដាយ​យក​អ្នក​មក​បង្វែរ​ប្រគេន​លោក​គ្រូ​អាចារ្យ​ឧបជ្ឈាយ៍ សូម​ឱ្យ​លោក​មេត្តា​ឧបត្ថម្ភ​អ្នក លោក​ទទួល​ភារៈ​បង្ហាត់​បង្ហាញ នូវ​ចំណេះ​វិជ្ជា​ផ្សេង​ៗ ដូច្នេះ ចូរ​សាមណេរ “សង្វាត​សូត្រ​រៀន ដូច​លោក​ទាំងឡាយ កុំ​ធ្វើ​ពាយងាយ ដូច​នៅ​គ្រហស្ថ” បទ​ខាង​ចុង​នេះ គឺ​គ្រូ​ដាស់តឿន​ថែម​ទៀត​ថា ឱ្យ​កូន​សិស្ស​ខំ​ព្យាយាម​ប្រឹង​ប្រែង​រៀន​សូត្រ ដូច​លោក​បរិស័ទ​ទាំងឡាយ ដែល​ជា​អ្នក​បួស​នៅ​អាវាស​ផង​គ្នា ឱ្យ​យក​តម្រាប់​តាម​កុំ​ធ្វេស​ប្រហែស​ខ្លួន​ប្រាណ ក្នុង​កិច្ច​គ្រប់​ជំពូក កុំ​ប្រព្រឹត្ត​ក្រៅ​ចាក​សិក្ខា កុំ​គប្បី​ធ្វើ​ខ្លួន​ដូច​ជា​នៅ​គ្រហស្ថ​នោះ។

ប៉ុណ្ណេះ​ក៏​ពុំ​ស្រេច ត្រូវ​នៅ​មាន​សេចក្ដី​កង្ខា ក្រែង​កូន​សិស្ស​ពុំ​លុះ​តាម​ដំបូន្មាន ក៏​ប្រដៅ​ទៅ​ទៀត​ថា។

កុំ​ធ្វើ​រាយមាយ នឹង​គ្រូ​បាធ្យាយ ទុក​ស្មើ​អម្ចាស់ សង្វាត​សរសេរ សូត្រ​រៀន​ឱ្យ​ណាស់ ប្រាជ្ញា​យល់​ច្បាស់ នាំ​ញាតិ​ទាំងឡាយ។

បាន​សេចក្ដី​ថា គ្រូ​ហាមប្រាម​ប្រាប់​កូន​សិស្ស កុំ​ឱ្យ​ព្រហើន​ធ្វើ​ឫកពា គឃ្លើន​ជា​ក្លើ​ម្រាក់​នឹង​គ្រូ​បាធ្យាយ ត្រូវ​គោរព​ប្រណិប័តន៍​លោក ទុក​ស្មើ​នាយ​ចៅហ្វាយ ហើយ​ឱ្យ​សង្វាត​ខ្មីឃ្មាត​រៀន​សូត្រ អំពី​សម្នាក់​លោក​ឱ្យ​បាន​ច្រើន ដើម្បី​ឱ្យ​កើន​ចំណេះ ចេះ​ដឹង​ឱ្យ​ច្បាស់​លាស់​បែក​បញ្ញា យល់​ការ​ខុស​ត្រូវ ប្រសប់​ឆ្លាតវៃ ក្នុង​កិច្ច​ទាំងពួង​ជា​ប្រយោជន៍ នឹង “នាំ​ញាតិ​ទាំងឡាយ”។

ឯ​សម្ដី​ខាង​ចុង​នេះ មាន​ដំណើរ​សេចក្ដី​ទៅ​ថា បើ​កូន​សិស្ស​ណា​រៀន​ចេះ មាន​ចំណេះ​គ្រប់​គ្រាន់ ទាំង​គតិលោក​និង​គតិ​ធម៌ ហើយ​ញាតិ​ទាំងឡាយ​នឹង​បាន​ជា​ទី​ពឹង​ទី​អាស្រ័យ ដោយ​ប្រយោជន៍​យ៉ាង​សំខាន់​ពីរ​ប្រការ ១- គឺ​មាន​អ្នក​ចេះ​នេះ​ហើយ​ជា​អ្នក​នាំ​មុខ យឹតយោង​ពន្យល់ មិន​ឱ្យ​គណ​ញាតិ​ប្រព្រឹត្ត​ល្មើស​ព្រះ​រាជបញ្ញត្តិ​ឱ្យ​បាន​សុខ​ក្នុង​នា​បច្ចុប្បន្ន ដែល​មាន​ជីវិត​រស់​នៅ។ ២- គឺ​ទូន្មាន​ញាតិ​ឱ្យ​ស្គាល់​បាប​បុណ្យ​គុណ​ទោស​ខុស​ត្រូវ តាម​ពុទ្ធានុសាសនី លុះ​រំលាង​ខន្ធ​ទៅ នឹង​បាន​ទៅ​កាន់​សុគតិ។

ហេតុនេះ​យុវជន​ទាំងឡាយ គប្បី​ខំ​ប្រឹង​ប្រតិបត្តិ​កុំ​ឱ្យ​ឃ្លាត​ឡើយ​អំពី​ពាក្យ​ទូន្មាន។

ទី ៦- អាសូរ​មេបា ចិញ្ចឹម​រក្សា ពុំ​ឱ្យ​អន្តរាយ អាច​យក​មក​ផ្ញើ នឹង​គ្រូ​បាធ្យាយ ហេតុ​ចង់​ពណ្ណរាយ ប្រយោជន៍​ទាំង​បី។

ពាក្យ​ដែល​ថា “អាសូរ​មេបា  ចិញ្ចឹម​រក្សា ពុំ​ឱ្យ​អន្តរាយ” ដូច្នេះ​ជាដើម​បទ​នេះ គឺ​លោក​ថា​ឱ្យ​កូន​សិស្ស​យក​ចិត្ត​អាណិត​អាសូរ​ករុណា​អាពុក​ម្ដាយ ដែល​ជា​បុព្វការី បីបាច់​ថែទាំ​ចិញ្ចឹម​រក្សា តាំង​ពី​កើត​មក​ទាក់​ធំ​ប៉ុណ្ណេះ ឱ្យ​បុត្រ​មាន​សេចក្ដី​កតញ្ញូ លំអុតលំឱន​អង្គ ផ្ចង់​ចិត្ត​ប្រព្រឹត្ត​តាម​ឱវាទ​ដែល​លោក​ប្រដៅ​មក​ទាំង​ប៉ុន្មាន កុំ​ឱ្យ​អន្តរាយ​ភ្លេច​ភ្លាត់​បាត់​អសារ​ការ​ឥត​ទៅ​ឡើយ។

ត​មក​ទៀត​លោក​ប្រាប់​ថា “អាច​យក​មក​ផ្ញើ នឹង​គ្រូ​បាធ្យាយ ហេតុ​ចង់​ពណ្ណរាយ ប្រយោជន៍​ទាំង​បី” ពាក្យ​នេះ​ពន្យល់​បង្ហាញ​កូន​សិស្ស​ឱ្យ​ឃើញ​នូវ​បំណង ដែល​ម្ដាយ​ប្រាថ្នា​ហើយ​ហ៊ាន​យក​កូន​មក​ទុក​ឱ្យ​នៅ​នឹង​លោក​គ្រូ​អាចារ្យ ក៏​ព្រោះ​ចង់​ឱ្យ​កូន​បាន​ថ្កើង​រុងរឿង មាន​កិត្តិសព្ទ​ល្បី​ឮ​ខ្ចរខ្ចាយ​សាយ​ទួទៅ ដោយ​កូន​មាន​ចំណេះ​វិជ្ជា​យ៉ាង​ក្រាស់ក្រែ នឹង​បាន​ចម្រើន​នូវ​ប្រយោជន៍​ទាំង ៣ ប្រការ​ក្នុង​នា​លោកិយ​នេះ គឺ​ឱ្យ​ចេះ​ច្បាប់​នេះ ១ ឱ្យ​មាន​ប្រាជ្ញា​ឆ្លាតវៃ​នេះ ២ ឱ្យ​មាន​បារមី​នេះ ៣។ (ប្រយោជន៍​ទាំង ៣ នេះ នឹង​បរិយាយ​ទៅ​ខាង​ក្រោយ) យក​សេចក្ដី​តាំង​ពី​ដើម​មក​ត្រឹម​ណេះ រួបរួម​គ្នា​ឡើង​ឃើញ​ថា​មាតា​បិតា​ជា​មគ្គនាយក​របស់​បុត្រ​ធីតា ព្រោះ​លោក​ប្រកប​ដោយ​សប្បុរស​ធម៌ គ្រប់​គ្រង​កូន​គ្រប់​ជំពូក​ឥត​ឱ្យ​ខ្វះ ចង់​ឱ្យ​តែ​កូន​បាន​ជា​ធំ ចង់​ឱ្យ​តែ​កូន​បាន​ប្រសើរ ទើប​ត្រេកអរ បើ​ដឹង​ថា​កូន​ណា​មាន​សេចក្ដី​ទុក្ខ​វេទនា ម្ដាយ​ឪពុក​រមែង​មាន​ទុក្ខ​ទោមនស្ស​តាម ចួន​មាន​ទាំង​ជលនេត្រ​ហូរ​រហាម​លោក​យំ​ដោយ​សារ​តែ​កូន។

យ៉ង​នេះ ចូរ​អ្នក​ទាំងឡាយ កុំ​គប្បី​ខឹង​នឹង​វាចា​របស់​មាតា​បិតា ពោល​ប្រដៅ​នោះ​ឡើយ ទោះបី​ជូរ​ចត់​យ៉ាង​ណា ក៏​សុទ្ធ​សឹង​ជា​វាចា វោហារ​ដ៏​ប្រសើរ​ទាំងអស់។

ទី ៧ – មួយ​ចង់​ក្ដី​ច្បាប់ ឱ្យ​មាន​ខ្លួន​គាប់ នៅ​នា​លោកិយ មួយ​ចង់​ប្រាជ្ញា មិន​ឱ្យ​អប្រិយ៍ មួយ​ចង់​បារមី នាំ​ញាតិ​ទាំងឡាយ។

ពាក្យ​នេះ​ត្រូវ​ញែក​ជា ៣វគ្គ តាម​លំដាប់។ វគ្គ​ខាង​ដើម​គឺ “មួយ​ចង់​ក្ដី​ច្បាប់ ឱ្យ​បាន​ខ្លួន​គាប់ នៅ​នា​លោកិយ” បាន​សេចក្ដី​ថា មាតា​បិតា​មាន​ប្រាថ្នា​ចង់​ឱ្យ​កូន​ចេះ​ដឹង​ច្បាប់​សម្រាប់​ស្រុក និង​ទំនៀម​ទម្លាប់​ប្រពៃណី ដើម្បី​តម្កល់​ខ្លួន​ឱ្យ​នៅ​ក្នុង​សេចក្ដី​សុចរិត​នេះ​១ នឹង​បាន​ជា​ទីពឹង​ទី​បង្អែក​របស់​អ្នក​ទាំង​ពួង​ដែល​ត្រូវ​ការ​នេះ​២ នឹង​នាំ​ខ្លួន​ឱ្យ​បាន​គាប់​ចិត្ត​នៃ​អ្នក​ដទៃ ជា​ទី​គោរព​រាប់អាន​របស់​ជនានុជន នៅ​នាលោកិយ​នេះ ដោយ​កម្លាំង​វិទ្យាសាស្រ្ត​នេះ​៣ ទាំង ៣ បទ​នេះ​គឺ​ក្នុង​វគ្គ​ទី​បឋម ព្រោះ​អ្នក​ទាំង​ពួង​ដែល​មាន​កិច្ចការ​រវល់​ផ្សេង​ៗ រមែង​ត្រូវ​ការ​រក​អ្នក​ចេះ​ច្បាប់​ចាំ​ទម្លាប់​ទំនៀម​ទុក​ដូច​ជា​ក្បួន​ខ្នាត​នីមួយៗ យើងរាល់​គ្នា​បាន​ឃើញ​មក​ហើយ​ក្នុង​ប្រទេស​មួយៗ អ្នក​ស្រុក​ដែល​ដូច​មាន​ទុក្ខ ពុំ​សុខ​ចិត្ត​ទាស់ទែង​ខ្វែង​គំនិត​គ្នា កើត​ប្ដឹង​តវ៉ា​ដល់​ក្រសួង​តុលាការ សូម​ឱ្យ​អស់​លោក​ចៅក្រម ដែល​ជា​អ្នក​ចេះ​ច្បាប់​ជំនុំ​ជម្រះ​រក​សេចក្ដី​ខុស​ត្រូវ​កាត់​សេចក្ដី​ឱ្យ ឬ​មួយ​ដូច​មាន​ធ្វើ​បុណ្យ​ទាន​ផ្សេង​ៗ មាន​ធ្វើ​ឈាបន​កិច្ច បញ្ចុះ​ធាតុ បញ្ចុះ​សីមា ធ្វើ​មង្គលការ​អាពាហ៍ពិពាហ៍​ជាដើម។ល។ អ្នក​ទាំងឡាយ​តែងតែ​រក​ពឹង​អ្នក​ចេះ​ក្បួន​ខ្នាត ចាំ​ទម្លាប់​ទំនៀម មក​ជា​អធិបតី​ចាត់ការ​ឱ្យ​ត្រឹម​ត្រូវ​ឱ្យ​បុគ្គល​ដែល​ចេះ​ជំពូក​នេះ មាន​ហោរាចារ្យ​និង​អ្នក​ផ្លូវ​ចៅមហា​ជាដើម។

វគ្គ​ទី ២ “មួយ​ចង់​ប្រាជ្ញា មិន​ឱ្យ​អប្រិយ” បាន​សេចក្ដី​ថា មនុស្ស​ខ្លះ​មាន​ចិត្ត​ប្រាថ្នា ចង់​បាន​ចំណេះ​វិជ្ជា​ផ្សេង​ៗ ដាក់​ខ្លួន​ប្រយោជន៍​ដើម្បី​នឹង​តាំង​ខ្លួន ជា​បណ្ឌិត​ជាតិ​ជា​អ្នក​ឈ្លាសវៃ មិន​ឱ្យ​ថយ​ថោក​ដោយ​ល្ងង់​ខ្លៅ ព្រោះ​យល់​បាន​ថា ធម្មតា​អ្នក​អាប់​ឥត​ប្រាជ្ញា មាន​អាយុ​រស់​នៅ​មិន​រុង​រឿង ម្ល៉ោះ​ហើយ​គេ​ខំ​សង្វាត​ឃ្មាតខ្មី​ព្យាយាម​រៀនសូត្រ​ឥត​ខ្ជិល​ច្រអូស​ឡើយ ខំ​រៀន​លុះត្រា​តែ​សម្រេច​ការ​ដូច​បំណង។

តែ​វិជ្ជា​ត្រង់​ណេះ លោក​សំដៅ​យក​វិជ្ជា​ល្អៗ ដូច​យ៉ាង​អក្សរសាស្រ្ត ឬ​បង្កើត​ប្រដាប់ប្រដា​ប្រើ​ប្រាស់ ចេះ​ធ្វើ​គ្រឿង​យន្ត​ផ្សេង​ៗ។ល។ នេះ​ទើប​រាប់​ជា​វិជ្ជា​ល្អ បើ​ដើរ​ស្វែង​រៀន​ខាង​វិជ្ជា​មន្ត​ធ្វើ​ចោរ​លួច​ប្លន់​គេ ជា​វិជ្ជា​មាន​ទោស នោះ​លោក​ពុំ​រាប់​ចូល​ក្នុង​វិជ្ជា​ប្រសើរ​ទេ។

វគ្គ​ទី ៣ គឺ “មួយ​ចង់​បាន​បារមី នាំ​ញាតិ​ទាំងឡាយ” បាន​សេចក្ដី​ថា​មនុស្ស​ជំពូក​នេះ ចង់​បាន​នូវ​បារមី គឺ​គុណធម៌​ល្អ ដែល​គួរ​បំពេញ​ឱ្យ​ដល់​ត្រើយ គឺ​សេចក្ដី​សុខ ហៅ​ថា​បារមី​មាន​ទាន​សីល​ជា​ដើម មាន​មេត្តា​និង​​ឧបេក្ខា​ជា​បរិយោសាន បុគ្គល​ទាំង​នោះ​គឺ​ភិក្ខុ​សាមណេរ និង​ឧបាសក​ឧបាសិកា ជា​អ្នក​រក្សា​សីល​ឱ្យ​ទាន​ជាដើម លោក​អាច​ដឹក​នាំ​ញាតិ​សាលោហិត មាន​មាតា​បិតា​ជាដើម ញ៉ាំង​ចិត្ត​ឱ្យ​ចុះ​ទៅ​កាន់​ធម៌​របស់​ព្រះ​សម្មាសម្ពុទ្ធ​ជាម្ចាស់ ដែល​ត្រាស់​សម្ដែង​នូវ​ព្រះ​បរម​ឱវាទ​ដឹក​សត្វ​កាត់​វដ្ដសង្សារ ឱ្យ​រួច​ចាក​អបាយ​ភូមិ​ទាំង ៤ ដាក់​ដល់​ត្រើយ​គឺ​ព្រះ​និព្វាន។

ទី ៨- ហៃ​អស់​សាមណេរ កុំ​ធ្វើ​ដែល​ដែរ ត្រង់​ក្ដី​ពាយនាយ លំអុត​បម្រើ អ្នក​ជា​បាធ្យាយ ជូន​បុណ្យ​ទៅ​ម្ដាយ អាពុក​ទីទៃ។

គ្រូ​ដាស់តឿន​សតិ​សិស្សានុសិស្ស​កាល​បួស​ហើយ​ថា ចូរ​អ្នក​កុំ​ធ្វើ​ដូច​កាល​ដែល​អ្នក​នៅ​ជា​គ្រហស្ថ បួស​ហើយ​កុំ​ធ្វើ​ប្រហែស​ភ្លេច​ឱ្យ​ដឹង​ថា ខ្លួន​សព្វ​ថ្ងៃ​នេះ​បួស​ហើយ ចូរ​អ្នក​ចាំ​ថា​កាល​មិន​ទាន់​បួស អ្នក​មាន​ច្បាប់​ទម្លាប់​ទំនៀម សម្រាប់​គ្រហស្ថ ដែល​អ្នក​ត្រូវ​ប្រតិបត្តិ​ជា​ប្រក្រតី ឥឡូវ​មាតា​បិតា​យក​អ្នក​មក​បង្វែរ​ជា​សាមណេរ​ហើយ​ត្រូវ​អ្នក​ប្រព្រឹត្ត​តាម​សិក្ខាវិន័យ​ឱ្យ​ត្រឹម​ត្រូវ​វិញ។

ចូរ​អ្នក “លុំអុត​បម្រើ អ្នក​ជា​បាធ្យាយ ជូន​បុណ្យ​ទៅ​ម្ដាយ អាពុក​ទីទៃ” បាន​សេចក្ដី​ថា ឱ្យ​សាមណេរ​នោះ យក​ចិត្ត​ទុក​ដាក់ បម្រើ​គ្រូ​បាធ្យាយ អាចារ្យ​ឧបជ្ឈាយ៍ ដ្បិត​កិច្ច​បម្រើ ឧបជ្ឈាយ៍​​អាចារ្យ​នេះ​ជា​បុញ្ញសី​មួយ​ដ៏​ឧត្តម ដើម្បី​យក​បុណ្យ​នេះ ឧទ្ទិស​បញ្ជូន​ទៅ​មាតា​រៀង​រាល់​ខ្លួន។

ឯ​កិច្ច​បម្រើ​គ្រូ​ឧបជ្ឈាយ៍​នោះ គឺ​ឱ្យ​នេន​ផ្គត់ផ្គង់​ទឹក​ស្រង់​នូវ​ទឹក​ឆាន់​បោសច្រាស​ទី​សេនាសនៈ គោរព​ប្រណិប័តន៍​ក្រាប​សំពះ​ជានិច្ច គ្រា​បើ​លោក​មាន​រោគាពាធ ត្រូវ​រក​ពេទ្យ​មក​ផ្សំ​ថ្នាំ​ទ្រាំ​ជំងឺ។ល។ នេះ​ទើប​ហៅ​ថា​ជា​សិស្ស​មាន​កតញ្ញូ ព្យាយាម​ធ្វើ​វត្ត​ប្រណិប័តន៍​គ្រូ​បាធ្យាយ។

តែ​បើ​វេលា​ស្រេច​កិច្ច​ទាំងឡាយ​នេះ​ហើយ ត្រូវ​មាន​កិច្ច​ត​ទៅ​ទៀត។

សង្វាត​សូត្រ​រៀន កុំ​ធ្វើ​អៀនប្រៀន ​ក្នុង​ចិត្ត​សព្វ​ថ្ងៃ លំអុត​បម្រើ ផ្កាប់​ដោយ​ហឫទ័យ បារម្ភ​មៃ​ៗ ក្ដី​ច្បាប់​កុំ​បី​បង់។

ថា​ឱ្យ​មាន​វីរិយៈ ខំ​រៀន​សូត្រ​ឱ្យ​ណាស់​ផង “កុំ​ធ្វើ​អៀនប្រៀន ក្នុង​ចិត្ត​សព្វ​ថ្ងៃ” ពាក្យ​នេះ​ប្រាប់​ថា ធម្មតា​អ្នក​រៀន​ត្រូវ​កុំ​ឱ្យ​អឹមអៀម ស្ទើរ​ស្ដី​មិន​ស្ដី​នោះ កុំ​ឱ្យ​ខ្មាសអៀន​នឹង​គ្រូ​បាធ្យាយ​ឡើយ បើ​សិស្ស​ឯណា​ខ្មាស​គ្រូ​ហើយ សិស្ស​នោះ​កម្រ​នឹង​បាន​ចេះ​ដឹង​ណាស់។ បទ​នេះ​ត្រូវ​នឹង​សុភាសិត​បុរាណ​មួយ​ថា “ខ្មាស​ភរិយា​ឥត​កូន ខ្មាស​គ្រូ​ឥត​ចំណេះ” ធ្វើ​ជា​អ្នក​រៀន​ហើយ ត្រូវ​តែ​ឱ្យ​ល្អះល្អាយ ឧស្សាហ៍​សួរ​ដណ្ដឹង​គ្រូ​បាធ្យាយ អំពី​កិច្ចការ​ដែល​ខ្លួន​ពុំ​យល់ សំពះ​សូម​ឱ្យ​លោក​គ្រូ អធិប្បាយ​ស្រាយ​កែ​បញ្ហា​ឯណា​ដែល​ខ្លួន​ពុំ​ភ្លឺ​នោះ មិន​តែ​ប៉ុណ្ណោះ​ឡើយ ត្រូវ​អាច​ហ៊ាន​សាកសួរ​អ្នក​ដទៃ​ផង​ទៀត ដែល​គេ​មាន​ចំណេះ​ជា​ជាង​ខ្លួន កុំ​គប្បី​អៀន​អន់ យ៉ាង​នេះ​ទើប​បាន​ចម្រើន​បាន​ចំណេះ​ច្រើន​ស្ទាត់ នេះ​ហៅ​ថា​មិន​អៀន​ប្រៀន ក្នុង​ការ​រៀនសូត្រ។

រីឯ​កិច្ច​គឺ “លំអុត​បម្រើ ផ្គាប់​ដោយ​ហឫទ័យ បារម្ភមៃៗ ក្ដី​ច្បាប់​កុំ​បី​បង់” ថា​ពិតមែន​ជា​យើង​រវល់​ខ្វល់​នឹង​រៀន​សូត្រ​ហើយ តែ​យើង​មិន​ត្រូវ​លះ​បង់​ចោល​ច្បាប់​គឺ​សិក្ខា​វិន័យ ដែល​ជា​ធម្មក្រឹត្យា​សម្រាប់​សមណៈ​ត្រូវ​ឱ្យ​មាន​ចិត្ត​នោះ​នឹក​មមៃ​រំពៃ​ប្រុង​ប្រយត្ន បំពេញ​កិច្ច​ទាំង​ពីរ​ឱ្យ​បរិបូណ៌​ហោង។

ទី ៩- ច្បាប់​នេះ​សោត​ណា ទូន្មាន​អាត្មា ដោយ​នូវ​ក្រឹត្យ​សង្ឃ ត្រង់​ណា​ហៅ​ច្បាប់ កាន់​ខ្ជាប់​កុំ​បី​បង់ ចំណេរ​ទៅ​លង់ ខ្លួន​បាន​ជា​ធំ។

ច្បាប់​នេះ​ហើយ សម្រាប់​ឱ្យ​អ្នក​ប្រៀន​ប្រដៅ​ខ្លួន​ឱ្យ​បាន​ល្អ ដ្បិត​ធម្មតា​អ្នក​បួស​ត្រូវ​កាន់​ក្រឹត្យ​វិន័យ​សង្ឃ ឱ្យ​ថាវរៈ​មាំទាំ តាម​លំដាប់​នៃ​កិច្ច ដូច​ពាក្យ​ថា “ត្រង់​ណា​ហៅ​ច្បាប់ កាន់​ខ្ជាប់​កុំបីបង់” ឱ្យ​យក​ចិត្ត​ទុក​ដាក់​រក្សា​សីល​ឱ្យ​ជាប់ កុំ​ឱ្យ​ពព្រុស​ពាល​សៅហ្មង​ទៅ​បាន​ដោយ​សេចក្ដី​ប្រមាទ បំពេញ​កិច្ច​ដែល​គួរ​ធ្វើ នេះ​ជា​ឧបាយ​នៃ​បញ្ញា។ បើ​សាមណេរ​ឯណា​មាន​សេចក្ដី​រឭក​កាន់​ច្បាប់​ទម្លាប់​នូវ​ក្រឹត្យ​វិន័យ ពុំ​ឱ្យ​មាន​ហ្មង​បាន​ហើយ នោះ​លោក​ពោល​ថា “ចំណេរ​ទៅ​លង់ ខ្លួន​បាន​ជា​ធំ” ថា​អំណើះ​ត​ទៅ អ្នក​នឹង​បាន​ជា​ធំ មិន​លែង​ឡើយ។ ត្រង់ណេះ​បើ​នឹង​ពោល​យក​តាម​លំអាន​បុរាណ នៅ​កម្ពុជរដ្ឋ​នេះ បណ្ដា​លោក​សង្ឃ​ដែល​ចេះ​ដឹង​ជ្រៅជ្រះ​ច្បាស់​នូវ​ច្បាប់​ទម្លាប់​ទំនៀម​ស្រុក ព្រម​ទាំង​ធម៌​វិន័យ ក៏​ស្ទាត់ស្ទាញ​គ្មាន​ទើសទាល់ គ្មាន​ធ្វើ​ឱ្យ​ខុស​អំពី​ពុទ្ធោវាទ លោក​អង្គ​នេះ​នឹង​បាន​ធ្វើ​ជា​សមណ​សក្ដិ ក្នុង​គណ​សង្ឃ ជា​រាជា​គណៈ​ឋានានុក្រម មាន​គ្រូ​សូត្រ​ជា​ដើម បើ​លោក​អង្គ​នោះ​នឹង​ទ្រាំ​ទ្រ​សិក្ខា​វិន័យ​ពុំ​បាន លា​ចាក​សិក្ខាបទ​មក​ជា​គ្រហស្ថ​វិញ អ្នក​នោះ​គេ​ហៅ​ថា “បណ្ឌិត” គឺ​ជា​អ្នក​ប្រាជ្ញ បើ​ចូល​ធ្វើ​ជា​ខ្ញុំ​រាជការ​អម្ចាស់​ផែនដី ក៏​ច្រើន​សព្វ​ព្រះ​រាជហឫទ័យ ទ្រង់​ព្រះ​មេត្តា​ឱ្យ​មាន​យសសក្ដិ​និង​ប្រាក់​ខែ។

សព្វ​ថ្ងៃ​សោត​ណា ទូន្មាន​អាត្មា ដោយ​នូវ​ក្រិត្យ​ក្រម បម្រើ​បាធ្យាយ ឱ្យ​មាន​បារម្ភ ទើប​ខ្លួន​ជា​ធំ ទៅ​ដល់​មហាក្សត្រិយ៍។

ន័យ​ខាង​លើ​នេះ​មាន​សេចក្ដី​ថា ឱ្យ​សិស្សានុសិស្ស​ខំ​ទូន្មាន​អាត្មា​រៀង​ខ្លួន​ឱ្យ​បាន​តាម​លំអាន​ច្បាប់​ក្រម​នេះ​ជា​និច្ច​តទៅ គឺ​ឱ្យ​សង្វាត​រៀន​សូត្រ​និង​លំអុត​បម្រើ​គ្រូ​បាធ្យាយ កុំ​គប្បី​ធ្វេស​ប្រហែស​ភ្លេច​ខ្លួន បើ​អ្នក​មាន​ចំណេះ​ប្រើ​កា​របាន​ហើយ ព្រម​ទាំង​កិរិយា​មារយាទ​ត្រឹមត្រូវ​ល្អ​តាម​ដំបូន្មាន​នេះ នឹង​មាន​កិត្តិសព្ទ​កេរ្តិ៍​ឈ្មោះ​ពីរោះ​ខ្ចរខ្ចាយ ទៅ​ដល់​ព្រះ​រាជា​ចា​ម្ចាស់​ផែន​ដី​ពុំ​ខាន​ឡើយ។

(ពណ៌នា​មក​យ៉ាង​នេះ ព្រោះ​ពី​ដើម​យើង​រៀន​វិជ្ជា​ទាំងឡាយ​តែ​អំពី​វត្ត ដោយ​ពុំ​មាន​សាលា​បង្រៀន ដូច​រាជការ​អាណាព្យាបាល​សព្វ​ថ្ងៃ​នេះ​ទេ)។

ទី ១០- ច្បាប់នេះ​សោត​ណា ទូន្មាន​អាត្មា ថេរ​ទៅ​ពុំ​បាត់ ទោះ​ខ្លួន​ឥត​បុណ្យ បម្រើ​មហាក្សត្រិយ៍ គោរព​ប្រតិបត្តិ យស​នោះ​ពុំ​លែង។ ហេតុ​បាន​នឹង​ច្បាប់ បាន​ដូច​បង្គាប់ ចិត្ត​គ្រូ​យល់​ស្ដែង ទោះ​ទៅ​បម្រើ ស្ដេច​ជា​គម្ដែង យស​នោះ​ពុំ​លែង ប្រាកដ​ពណ្ណរាយ។

ន័យ​ពីរ​ក្បិល​នេះ​បាន​សេចក្ដី​ថា បើ​សិស្សានុសិស្ស​ណា យក​ចិត្ត​ប្រតិបត្តិ តាម​ដំបូន្មាន​លោក​ជា​គ្រូ ដែល​បង្ហាត់​បង្ហាញ​មក ទោះ​ខ្លួន​ឥត​យសសក្ដិ​អ្វី ហើយ​ចូល​ទៅ​នៅ​គាល់​បម្រើ “ស្ដេច​ជា​គម្ដែង” គឺ​ព្រះ​រាជា ជា​ម្ចាស់​ផែនដី​ដ៏​ជា​ធំ ហើយ​ខ្លួន​មាន​ឧស្សាហ៍ គោរព​ប្រតិបត្តិ​ដោយ​សុចរិត​ស្មោះ​ត្រង់​នោះ សេចក្ដី​គាប់​ប្រសើរ​រុងរឿង​ពណ្ណារាយ គឺ​យសសក្ដិ​នឹង​កើត​ឡើង​ដល់​ខ្លួន​ពុំ​លែង ព្រោះ​ដោយ​អំណាច​សេចក្ដី​ប្រតិបត្តិ​ត្រឹមត្រូវ​តាម​ច្បាប់​គ្រូ​ប្រៀន​ប្រដៅ​មក​នោះ​ឯង។

ទី ១១– ក្ដី​នេះ​ជា​ច្បាប់ ឱ្យ​សាមណេរ​ត្រាប់ សព្វ​សុរិល​ទាំងឡាយ កុំ​សើច​តិះ​ដៀល អ្នក​ជា​បាធ្យាយ អ្នក​ហោង​ស្មើ​ម្ដាយ បង្កើត​ក្ដី​ច្បាប់។

បទ​វគ្គ​នេះ​ជា​ច្បាប់ សម្រាប់​ដាស់​តឿន​សតិ​ជនានុជន​ទាំងឡាយ ឱ្យ​បាន​សេចក្ដី​ល្អ បាន​ជា​លោក​ហាម​ឃាត់​សាមណេរ​គ្រប់​រូប​ថា “កុំ​សើច​តិះ​ដៀល អ្នក​ជា​បាធ្យាយ អ្នក​ហោង​ស្មើ​ម្ដាយ បង្កើត​ក្ដី​ច្បាប់” បាន​សេចក្ដី​ថា គ្រូ​បាធ្យាយ​នេះ លោក​ជា​អ្នក​ប្រដៅ​ទូន្មាន ឱ្យ​ចេះ​ច្បាប់​ទម្លាប់​ ទំនឹម​ទំនៀម និង​សេចក្ដី​ខុស​ត្រូវ ​គុណ​និង​ទោស ព្រម​ទាំង​សិល្ប៍សាស្ត្រ ចំណេះ​វិជ្ជា​ផ្សេង​ៗ ដោយ​ហេតុ​នេះ ឃើញ​ថា​គ្រូ​បាធ្យាយ លោក​មាន​គុណ​ជា​ទម្ងន់​ធ្ងន់​ពន់​ប្រមាណ ទុក​ស្មើ​ដូច​មាតា​បាន​ហាម​ឃាត់​សិស្សានុសិស្ស ថា​កុំ​ឱ្យ​មើល​ងាយ​ប្រមាទ តិះ​ដៀល​ឬ​និយាយ​ស្ដី​បូ​រពាក្យ​អសុរោះ​ទ្រគោះ​បោក​បោះ ឥត​គួរ​សម​ទៅ​កាន់​គ្រូ​បាធ្យាយ​ឡើយ។

(ន័យ​ត​ទៅ​ថា)

សាមណេរ​ណាៗ ទោះ​មាន​ប្រាជ្ញា នឹង​ចង់​រៀន​ត្រាប់ ឱ្យ​យក​ត្រចៀក នោះ​ឱន​ចូល​ស្ដាប់ ធ្វើ​ដោយ​ក្រមច្បាប់ នៃ​គ្រូ​បាធ្យាយ។

បទ​នេះ​បាន​សេចក្ដី​ថា បើ​សិស្ស​ឯណា​មាន​ប្រាជ្ញា​ឈ្លាសវៃ ហើយ​ប្រាថ្នា​ចង់​រៀន​នូវ​ច្បាប់​ទម្លាប់​ដ៏​ប្រសើរ​ជា​គ្រឿង​ប្រដាប់ ទុក​សម្រាប់​ខ្លួន​ប្រព្រឹត្ត​តទៅ  នោះ​គប្បី​ប្រុង​សតិ​បញ្ញា​គឺ​យក​ត្រចៀក​ប្រុង​ចាំ​ស្ដាប់​វោហារ​អធិប្បាយ ដែល​គ្រូ​សម្ដែង​ប្រាប់​ពន្យល់​ដោយ​ស្មោះ ពេល​កំពុង​ស្ដាប់​នោះ ត្រូវ​តាំង​ចិត្ត​ចង​សតិ​ប្រុង​ចាំ​ស្ដាប់​ចាប់​យក​អត្ថរស​បទ​បាទ​មាត្រា​ច្បាប់​ទំនឹម​ទំនៀម​ទាំង​អម្បាល​ម៉ាន កុំ​ឱ្យ​មាន​ចិត្ត​អណ្ដែត​អណ្ដូង​រាយមាយ​ទៅ​កាន់​អារម្មណ៍​ដទៃ ប្រយោជន៍​កុំ​ឱ្យ​ខូច​បង់​វេលា​ទៅ​ទទេ​ៗ តែ​ឱ្យ​ធ្លោយ​ហើយ នោះ​ពាក្យ​គ្រូ​ពន្យល់​ទាំង​ប៉ុន្មាន​នឹង​ភ្លេច​បាត់​ខ្លះ​មិន​លែង អ្នក​នឹង​ខ្វះ​ចំណេះ​ដែល​ជា​ប្រដាប់​សម្រាប់​ប្រើ​ញ៉ាំង​ចរិយា​ខ្លួន​ជា​គុណ​សម្បត្តិ​ឱ្យ​ល្អ​ទៅ។

ទី ១២- សាមណេរ​ណា​សោត ចិត្ត​នោះ​ក្រេវក្រោធ ឱ្យ​ចៀស​ចេញ​ឆ្ងាយ ច្បាប់​នេះ​មិន​ខំ សាមណេរ​ទាំងឡាយ តាម​ចិត្ត​សប្បាយ អាត្មា​ទីទៃ។

អធិប្បាយ​ថា “ធម្មតា​គ្រូ​អាចារ្យ​លោក​រមែង​មាន​ធម៌​សង្គ្រោះ​ដល់​សិស្ស​គ្រប់​រូប លោក​តែង​ប្រដៅ​ទូន្មាន តាម​គន្លង​ធម្មចរិយា​នឹង​ច្បាប់​សម្រាប់​ប្រវេណី តែ​ពាក្យ​ដែល​ពោល​ចេញ​មក ចួន​កាល​ក៏​ពីរោះ ចួន​កាល​ក៏​គំរាម​កំហែង​ឱ្យ​ខ្លាច ទោះបី​ដូច្នោះ​ត្រូវ​តែ​សិស្ស ឱន​លំទោន​ត្រង​រង យក​ទុក​ដាក់​ក្នុង​ចិត្ត​ជា​ឡាក់ឋាន តាម​ពាក្យ​លោក​ប្រដៅ​នោះ កុំ​ឱ្យ​មាន​ចិត្ត​ក្រេវក្រោធ​ច្រឡោត​តបត​ទៅ​វិញ ឬ​មាន​ចិត្ត​មនោ​មានះ​មិន​ប្រតិបត្តិ​តាម នេះ​បើ​សិស្ស​ណា​ជា​មនុស្ស​ប្រដៅ​ក្រ នោះ​លោក​ពោល​ថា “ឱ្យ​ចៀស​ចេញ​ឆ្ងាយ” ទៅ​តាម​អធ្យាស្រ័យ​របស់​ខ្លួន​ទីទៃ​ៗ​តាម​ចិត្ត​សប្បាយ​ចុះ លោក​មិន​បង្ខំ ព្រោះ​លោក​យល់​ដូច​ន័យ​តទៅ​នេះ។

នរូ​អ្នកណា នឹង​ស្វែង​ប្រាជ្ញា ឱ្យ​បាន​ខ្លួន​ថ្លៃ ចូរ​ដឹង​ខុស​គាប់ ដោយ​អធ្យាស្រ័យ ផ្គាប់​ដោយ​ហឫទ័យ អ្នក​ជា​បាធ្យាយ។

បទ​នេះ​សេចក្ដី​ថា វិស័យ​អ្នក​ចង់​ឱ្យ​បាន​ខ្លួន​មាន​តម្លៃ​ថ្កើង​រុងរឿង​មាន​កេរ្តិ៍​ឈ្មោះ ត្រូវ​តែ​រក​រៀន​វិទ្យាសាស្ត្រ​ទាំងឡាយ​ផ្សេង​ៗ ឱ្យ​ស្ទាញ​ស្ទាត់​ហ្មត់ហ្មង បាន​ជា​លោក​ពោល​ថា “ចូរ​ដឹង​ខុស​គាប់” គឺ​ឱ្យ​ដឹង​ខុស​និង​ត្រូវ ល្អ​និង​អាក្រក់ ថ្លៃ​និង​ថោក ទាប​និង​ខ្ពស់ ធំ​និង​តូច។ល។ ហើយ​ឱ្យ​ប្រព្រឹត្ត​ប្រតិបត្តិ​តាម​បែប​ក្បួន​ដែល​គ្រូ​ប្រិតប្រៀន​ប្រដៅ​មក​នេះ​ទើប​ហៅ​ថា “ផ្គាប់​ហឫទ័យ អ្នក​ជា​បាធ្យាយ”។

បើ​បាន​ដូច​បរិយាយ​យ៉ាង​នេះ​ហើយ អ្នក​នោះ​នឹង​បាន​ជា​មនុស្ស​មាន​តម្លៃ​មួយ​នឹង​គេ​ពុំ​លែង​ឡើយ។

ទី ១៣- ទោះ​នឹង​ស្វែង​ធម៌ ឱ្យ​មាន​សម្គាល់ កុំ​ធ្វើ​រាយមាយ ទោះ​នឹង​ស្វែង​ច្បាប់ កាន់​ខ្ជាប់​កុំ​បី​ណាយ កុំ​ឱ្យ​អន្តរាយ នូវ​ច្បាប់ក្រម​ផង។

ឱវាទ​បទ​នេះ ត្រូវ​ញែក​ជា ២ បទ​តាម​ទំនង ៖

បទ​ទី១ – “ទោះ​នឹង​ស្វែង​ធម៌ ឱ្យ​មាន​សម្គាល់ កុំ​ធ្វើ​រាយមាយ” បាន​សេចក្ដី​ថា បើ​នរណា​មាន​ប្រាថ្នា​រក​ធម៌ ចង់​ចេះ​ធម៌ ត្រូវ​ឱ្យ​មាន​សតិ​តម្កល់​ដ៏​មាំ សម្គាល់​ចាំ​នូវ​កង​ធម៌​ទាំងនោះ ឱ្យ​ជាក់ច្បាស់ ថា​នេះ​ជា​កង​សុចរិត នេះ​ជា​កង​ទុច្ចរិត កុំ​ធ្វើ​រាយមាយ​ផ្ដេសផ្ដាស កុំ​បណ្ដែត​បណ្ដោយ​ចិត្ត​ឱ្យ​លឿន​លយ​ជ្រុល​ជ្រលួស ឱ្យ​ខុស​ហួស​ធម្មក្រឹត្យា នឹង​ខូច​ប្រយោជន៍​ដែល​នាំ​ឱ្យ​កើត​ផល។

ខ​នេះ​ត្រូវ​ឱ្យ​សិក្សា ឱ្យ​ស្ដាប់​ធម៌​១​ម៉ាត់​នេះ​ជា​មុន តើ​អ្វី​ដែល​ហៅ​ថា​ធម៌ ? “ធម៌” ប្រែ​ថា សភាវៈ​ដែល​ទ្រទ្រង់​សត្វ​លោក គឺ​បាន​ដល់​បុណ្យ​កុសល​សុចរិត។ បើ​ជា “អធម៌” វិញ ​រមែង​នាំ​សត្វ​ឱ្យ​ទៅ​កាន់​ទុគ្គតិ​ដោយ​ចំណែក​ផ្សេងៗ។

លោក​ពោល​ថា ចំណែក​បព្វជិត​គឺ​ភិក្ខុ​សាមណេរ​ត្រូវ​ប្រព្រឹត្ត​ប្រតិបត្តិ​ធម៌ គឺ​សិក្ខា​វិន័យ​ឱ្យ​ខ្ជាប់​ខ្ជួន​ធ្វើ​ខ្លួន​ឱ្យ​ស្អាត ដោយ​សីល​សមាធិ​បញ្ញា​ឱ្យ​ផូរផង់ កុំ​ឱ្យ​រំលង​លើស​ល្មើស​លើ​ពុទ្ធវាទ​ឡើយ។

ចំណែក​គ្រហស្ថ​បុរស​ស្ត្រី ដែល​បាន​ប្រកាស​ថ្វាយ​ខ្លួន​ជា​ឧបាសក​ឧបាសិកា ជា​អ្នក​រក្សា​សីល​៥ សីល​៨ ក៏​ត្រូវ​តម្កល់​សីល​នោះ ឱ្យ​បរិសុទ្ធ​ផូរផង់​ល្អ កុំ​ឱ្យ​មាន​សៅហ្មង គប្បី​ធ្វើ​ឱ្យ​ត្រឹម​ត្រូវ​តាម​របៀប​ពុទ្ធ​បញ្ញត្តិ។

បទ​ទី២-  “ទោះ​នឹង​ស្វែង​ច្បាប់ កាន់​ខ្ជាប់​កុំ​បី​ណាយ កុំ​ឱ្យ​អន្តរាយ នូវ​ច្បាប់ក្រម​ផង” បាន​សេចក្ដី​ថា បើ​នរជាតិ​ជន​ឯណា​មាន​សេចក្ដី​សង្វាត​រក​រៀន​ច្បាប់​ទម្លាប់​ទាំងពួង​ឱ្យ​បាន​ចេះ​ដឹង លុះ​រៀន​ចេះ​ដឹង​ហើយ ត្រូវ​ប្រព្រឹត្ត​ខ្លួន​ឱ្យ​ត្រឹម​ត្រូវ​តាម​វិធី​ច្បាប់ កាន់​ខ្ជាប់​ឱ្យ​មាំទាំ កុំ​ធ្វើ​ឱ្យ​ហួស​ច្បាប់ ដើម្បី​រក្សា​សេចក្ដី​សុចរិត គឺ​មិន​លុះ​ដោយ​អគតិ​ទាំង ៤ មាន​ឆន្ទាគតិ​ជាដើម។

ឯ​ច្បាប់​នោះ លោក​ញែក​ជា​២​ពួក​ផ្សេង​គ្នា​ទៀត ពួក​ទី១ គឺ​ច្បាប់​ដែល​ម្ចាស់​ផែនដី លោក​បញ្ញត្ត​តែងតាំង​ទុក​មក សម្រាប់​ផ្ដន្ទា​ធ្វើ​ទោស ទណ្ឌកម្ម​មនុស្ស ដែល​ប្រព្រឹត្ត​ល្មើស​កន្លង​រំលង​ព្រះ​រាជ​បញ្ញត្តិ​ច្បាប់ ត្រូវ​ដាក់​គុក​ឬ​ពិន័យ តាម​ទោសានុទោស គឺ​មាន​ច្បាប់​ព្រហ្មទណ្ឌ និង​ច្បាប់​រដ្ឋប្បវេណី​ជាដើម។ ពួក​ទី២ គឺ​ជា​ពាក្យ​បុរាណ​សុភាសិត ឬ​ពាក្យ​គ្រូ​អាចារ្យ មាតា​បិតា​ជា​ដើម ដែល​លោក​ទូន្មាន​ប្រដៅ មនុស្ស​ប្រុស​ស្រី ឱ្យ​ប្រព្រឹត្ត​ប្រតិបត្តិ​ដោយ​សុចរិត​ធម៌ ដើម្បី​ញ៉ាំង​ខ្លួន​ឱ្យ​ល្អ​សុភាព​រៀប​រយ  សមរម្យ​តាម​ច្បាប់​សម្រាប់​ប្រវេណី​នោះ​គឺ​ច្បាប់​ក្រម កូន​ចៅ កេរ្តិ៍​កាល ច្បាប់​ស្រី ច្បាប់​ប្រុស ច្បាប់​ត្រីនេត្រ ច្បាប់​ពាក្យ​ចាស់។ល។ ជា​ប្រធាន។ ច្បាប់​ពួក​នេះ បើ​នរជាតិ​ណា​មិន​ប្រព្រឹត្ត​តាម ​នឹង​មាន​ទណ្ឌកម្ម​ផ្ដន្ទាទោស​ក៏​ទេ គ្រាន់​តែ​អំណោយ​ផល​ឱ្យ​អ្នក​នោះ​ទៅ​ជា​មនុស្ស​ថោកទាប​អាប់​ឥត​ប្រាជ្ញា មិន​ជា​ទី​រាប់អាន​ជនានុជន ព្រោះ​ខ្លួន​ជា​មនុស្ស​អន្ធពាល​ទៅ​ហើយ។

ន័យ​មួយ​ទៀត អ្នក​ឯណា​ពុំ​អាច​ប្រព្រឹត្ត​កាន់​តាម​ច្បាប់​ទាំង​ពីរ​ជំពូក​ទុក​បាន ក៏​ព្រោះ​មក​ពី​សេចក្ដី​ប្រមាទ​នេះ ១ មក​ពី​មិន​ក្រែង​ខ្លាច​ហើយ​ល្មើស​លើ​នេះ ២ មក​ពី​មិន​មាន​ហិរិ គឺ​ខ្មាសអៀន​នឹង​អំពើ​អាក្រក់​និង​ឧត្តប្បៈ ខ្លាច​ក្រែង​អំពើ​អាក្រក់​នេះ ៣។

សេចក្ដី៣​ជំពូក​នេះ នាំ​ឱ្យ​មនុស្ស​ឃ្លាត​ឃ្លៀង​ល្អៀង​ចេញ​មិន​កាន់​ច្បាប់ បើ​ឃ្លាត​ពី​ច្បាប់​ហើយ អ្នក​នោះ​ឯង​ពុំ​អាច​នឹង​ធ្វើ​ខ្លួន​ឱ្យ​បរិសុទ្ធ​តាម​ធម៌​តាម​ច្បាប់​បាន​ឡើយ។ នឹង​មិន​ជា​ទី​គោរព​រាប់​អាន​របស់​ជនានុជន​បាន​ឡើយ ព្រោះ​ខ្លួន​មិន​ប្រកាន់​គោរព​ច្បាប់​ឱ្យ​ខ្ជាប់​មាំមួន​ទៅ​ហើយ ធ្វើ​ដូចម្ដេច​ឡើយ​នឹង​ទៅ​ប្រដៅ​អ្នក​ឯ​ទៀត​បាន។

ទី ១៤– រី​គ្រូបាធ្យាយ ប្រដូច​នូវ​ម្ដាយ អាពុក​ឯង​ហោង ហ្វឹកហ្វឺន​ប្រដៅ មិន​ឱ្យ​មាន​ឆ្គង តាម​ដោយ​កន្លង ព្រេងព្រឹទ្ធ​បុរាណ។

គ្រូ​បាធ្យាយ បាន​ជា​លោក​ប្រៀប​ដូច​មាតា​បិតា​នោះ ព្រោះ​លោក​មាន​សេចក្ដី​សង្គ្រោះ​សិស្សានុសិស្ស ដោយ​ប្រការ​ផ្សេង​ៗ ជាច្រើន​មហិមា ពិត​មែន​កាល​ដើម​មាតា បង្កើត​រូបរាង​កាយ​មក​ហើយ​បីបាច់​ចិញ្ចឹម​បុត្រ​នោះ​មក លុះ​ត្រា​តែ​ចម្រើន​វ័យ​វឌ្ឍនា​ធំ​ឡើង​ល្មម​នឹង​រៀន​សូត្រ​ចំណេះ​វិជ្ជា ក៏​នាំ​យក​ទៅ​ឱ្យ​នៅ​វត្ត ប្រគេន​លោក​គ្រូ​អង្គ​ណា​មួយ ដែល​លោក​ចេះ​ដឹង​ជ្រៅជ្រះ នូវ​អត្ថ​ធម៌​អក្សរ​ក្បួន​ច្បាប់ សុំ​ឱ្យ​លោក​បង្ហាត់​បង្រៀន​កូន​ឱ្យ លោក​នោះ​ក៏​ទទួល​ភារៈ​យក​ព្រះ​ទ័យ​ទុក​ដាក់ “ហ្វឹកហ្វឺន​ប្រដៅ” ឱ្យ​ចេះ​ដឹង តាំង​ពី​អក្សរសាស្ត្រ សាស្ត្រា​បាលី​ព្រម​ទាំង​ពាក្យ​សម្ដី និង​កិរិយា​សណ្ដាប់​ធ្នាប់​ឱ្យ​ត្រឹម​ត្រូវ ឱ្យ​ស្គាល់​ខ្ពស់​ស្គាល់​ទាប​សុភាព​រៀបរយ “តាម​ដោយ​គន្លង ព្រេង​ព្រឹទ្ធ​បុរាណ” គឺ​ច្បាប់​ទម្លាប់​ទំនឹម​ទំនៀម តាម​បុរាណ​ចាស់​ៗ​មក លោក​នេះ​ហើយ បាន​ឈ្មោះ​សន្មត​ហៅ​ថា​គ្រូ​បាធ្យាយ គឺ​ញ៉ាំង​យើង​ឱ្យ​ចេះ​ដឹង​សិល្បវិជ្ជា​ទាំងពួង​បាន​ជា​លោក​ប្រៀប​ទុក​ដូច​ជា​មាតាបិតា។

តែ​ក្នុង​បច្ចុប្បន្ន​សម័យ​នេះ ពួក​អ្នក​រៀន​ខ្លះ​ក៏​បាន​ទៅ​នៅ​វត្ត​ពី​ក្មេង​ក៏​មាន ខ្លះ​អាពុក​ម្ដាយ​នាំ​យក​ទៅ​ឱ្យ​រៀន​នៅ​សាលា​ភាសា​បារាំងសែស​តែ​ម្ដង​ក៏​មាន តែ​ទោះ​ដូចម្ដេច​ក៏​គង់​មាន​គ្រូ​បាធ្យាយ​បង្ហាត់​បង្រៀន​ប្រៀន​ប្រដៅ​ច្បាប់​ទម្លាប់ ចំណេះ​វិជ្ជា​សិល្បសាស្ត្រ​ផ្សេង​ៗ ដែល​ជា​សេចក្ដី​ល្អ​សុចរិត ហេតុ​ដូច្នេះ​គួរ​សិស្សានុសិស្ស​គ្រប់​រូប គប្បី​គោរព​កោត​ខ្លាច​ប្រណិប័តន៍​គ្រូ​បាធ្យាយ តាម​ដំបូន្មាន​នៃ ច្បាប់​ក្រម​នេះ​កុំ​ឱ្យ​ឃ្លាត ដូច​មាន​ន័យ​លោក​ពោល​ទុក​តទៅ​នេះ។

នរូ​អ្នកណា នឹង​ស្វែង​ប្រាជ្ញា ជា​រស្មី​ប្រាណ ឱ្យ​គិត​ជញ្ជឹង រំពឹង​លែង​បាន កុំ​ធ្វើ​បំពាន ប្រទូស្ត​វឹង​ស្នង។

ខ​នេះ​គឺ​លោក​ពន្យល់​ថា បើ​នរណា​នឹង​ស្វែង​រក​ចំណេះ​វិជ្ជា​ជា​ពន្លឺ​ឆ្លុះ​ឱ្យ​យល់​ការងារ ក្នុង​តំណែង​របស់​ខ្លួន​ឱ្យ​បាន​ខ្ពង់ខ្ពស់​ប្រសើរ​នោះ លោក​ពោល​ថា “ឱ្យ​គិត​ជញ្ជឹង” បាន​សេចក្ដី​ថា បើ​នឹង​ធ្វើ​កិច្ចការ​អ្វី​ត្រូវ​គិត​ឱ្យ​ហ្មត់ចត់​ឱ្យ​ល្អិត​ល្អ​តាម​លំដាប់​ច្បាប់ ដែល​គ្រូ​ប្រដៅ​ទុក​មក ត្រូវ​តែ​ធ្វើ​កិច្ចការ​ទាំង​ឡាយ​ដោយ​ពិនិត្យ​ពិច័យ កុំ​បំពារ​បំពាន​ល្មើស​លើ​ដំបូន្មាន​គ្រូ ទើប​ការ​នោះ​នឹង​បាន​ល្អ ហើយ​លោក​ហាម​ថា​កុំ​ឱ្យ “ប្រទូស្តវឹងស្នង” គឺ​ចាប់​ហេតុ​រក​រឿង​គ្រូ​វិញ ទោះ​បី​គ្រូ​ស្ដី​ប្រដៅ​យើង​ជា​សិស្ស មិន​ត្រូវ​ថា​គ្រូ​ស្ដី​បន្ទោស​ដោយ​សម្អប់​ទេ ត្រូវ​ឱ្យ​គិត​ដល់​បុរាណ​សុភាសិត​មួយ​ម៉ាត់​ទៀត​ថា “ពាក្យ​ពិត​រែង​ស្លែង” ពាក្យ​នេះ​ត្រូវ​យល់​ថា ប្រៀប​ដូច​ជា​អ្នក​ឯណា​មួយ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​មិន​គប្បី​នឹង​គន្លង​ធម៌​ច្បាប់ ហើយ​មាន​អ្នក​ឯណា​ជា​មិត្រ​ភក្តិ​ដោយ​ស្មោះ​ត្រង់ គេ​មក​ស្ដី​រំឭក​ដាស់​តឿន​ដោយ​សេចក្ដី​ត្រឹម​ត្រូវ នោះ​អ្នក​ដែល​ជា​មនុស្ស​អន្ធពាល ត្រឡប់​ជា​ក្ដៅ​ក្រហាយ​នឹង​ពាក្យ​ដែល​គេ​ស្ដី​រំឭក​ឱ្យ​ល្អ​នោះ​វិញ ឬ​ដូច​ជា​មាតា​បិតា​និង​គ្រូ​បាធ្យាយ ឃើញ​កូន- ឃើញ​សិស្ស​ធ្វើ​នោះ​មិន​គប្បី លោក​ក៏​ជេរ​ស្ដី​ប្រដៅ​ចង់​ឱ្យ​ល្អ ឯ​កូន​និង​សិស្ស​នោះ​ត្រឡប់​ជា​ក្ដៅ​ក្រហាយ​ទៅ​វិញ ត្រង់​ណេះ​ហើយ​គឺ “ពាក្យ​ពិត​រែង​ស្លែង”។

ហេតុ​នេះ​គួរ​យើង​ដែល​ជា​កូន​សិស្ស ឱ្យ​មាន​សេចក្ដី​ពិចារណា​ឱ្យ​ថែថួន​ល្អ កុំ​ប្រទូស្ត​ទៅ​រក​គ្រូ​ដែល​ប្រដៅ​នោះ​ឡើយ។

ទី ១៥- នាបី​ហៅ​គ្រូ ដូច​អ្នក​នាំ​ផ្លូវ ដើរ​ដោយ​កន្លង ទោះ​នឹង​ឆ្ពោះ​ទៅ ស្រុក​តូច​ធំ​ផង សឹង​ដូច​បំណង នៃ​ចិត្ត​ចិន្ដា។

អធិប្បាយ​ថា ធម្មតា​គ្រូ​បាធ្យាយ​នេះ លោក​រមែង​អនុគ្រោះ​សិស្សានុសិស្ស ព្រម​ទាំង​ជនានុជន លោក​មាន​មេត្តា​បង្ហាត់​បង្រៀន​សិល្បសាស្ត្រ​ទាំងពួង ដល់​ជនានុជន​ទាំងពួង បុរស​ស្ត្រី​ក្មេង​ចាស់​មិន​រើស​មុខ បាន​ជា​បុរាណ​បណ្ឌិត លោក​លើក​គ្រូ​អាចារ្យ​នេះ​ទុក​ជា​មគ្គនាយក សម្រាប់​ដឹក​នាំ​ផ្លូវ ចំណែក​ខាង​ចំណេះ​វិជ្ជា ឱ្យ​ស្ទាញ​ស្ទាត់​ទៅ​តាម​គន្លង​ផ្លូវ គឺ​ច្បាប់​ក្បួន​តម្រាប់​តម្រា​ ព្រោះ​យុវជន​ទាំង​ឡាយ​កាល​នៅ​ជា​កុមារ​តូច​ៗនៅ​ឡើយ ពុំ​ទាន់​ចេះ​វិជ្ជា​អ្វី លុះ​ចូល​ទៅ​កាន់​សម្នាក់​គ្រូ​អាចារ្យ​ហើយ សុំ​ឱ្យ​លោក​ប្រៀន​ប្រដៅ លោក​ក៏​មេត្តា​បង្ហាត់​បង្ហាញ ឱ្យ​រៀន​សរសេរ​ស្រៈ​ព្យញ្ជនៈ មើល​សាស្ត្រា បាលី​ច្បាប់​ក្បួន រៀន​គិត​លេខ​បូក​សង​គុណ ហារ​ឱ្យ​ស្ទាត់​គ្រប់​បែប ប៉ែក​ខាង​អក្សរសាស្ត្រ ព្រម​ទាំង​គំនូរ​គូរ​វាស​ជា​រូបភាព​ផ្សេង​ៗ​បាន​ការ​ហើយ លោក​ប្រៀន​ប្រដៅ ឱ្យ​ប្រព្រឹត្ត​កិរិយា​មារយាទ​ឱ្យ​ត្រឹម​ត្រូវ តាម​គន្លង​ធម៌ និង​ទំនៀម​ទម្លាប់​ច្បាប់​សណ្ដាប់​ប្រវេណី គឺ​ឱ្យ​ដឹង​ខុស​ត្រូវ​បុណ្យ​បាប​គុណ​ទោស​ជា​ដើម។ល។ ហើយ​លោក​អធិប្បាយ​ពន្យល់អំពី​អំពើ​ពាល​ទុច្ចរិត ហាម​ឃាត់​មិន​ឱ្យ​បញ្ច​វេរា​ទាំង៥ មាន​សម្លាប់​សត្វ​ជា​ដើម មាន​ផឹក​សុរាមេរ័យ​ជា​បរិយោសាន ដាស់​តឿន​ឱ្យ​ធ្វើ​តែ​អំពើ​សុចរិត​ល្អ មាន​ឱ្យ​ទាន​រក្សា​សីល​ជាដើម ហេតុ​នេះ​ហើយ​ទើប​លោក​ពោល​ថា លោក​គ្រូ​អាចារ្យ​ជា​អ្នក​នាំ​ផ្លូវ​សិស្សានុសិស្ស។

ចំណែក​ឯ​សិស្ស​បាន​យក​ចិត្ត​ទុក​ដាក់ ខំ​ឱហាត​សង្វាត​រៀន​ត្រង​ត្រាប់​តាម​ច្បាប់​ឱវាទ​របស់​គ្រូ​អាចារ្យ​បរិបូណ៌​ហើយ​នោះ លោក​ទុក​សិស្ស​នោះ​ជា​អ្នក​ដើរ​តាម​តម្រាយ​ផ្លូវ​គ្រូ​ប្រៀន​ប្រដៅ ក៏​សឹង​បាន​សម្រេច​ប្រយោជន៍​ដូច​បំណង ដោយ​អំណាច​ចំណេះ​វិជ្ជា​ដែល​ចេះ​ដឹង​នោះ បាន​ជា​លោក​ប្រៀប​ទុក​ជា​អ្នក​ត្រាច់​គោចរ​ទៅ​ស្រុក​ធំ​តូច ស្គាល់​ផ្លូវ​ប្រាកដ​រមែង​នឹង​ដល់​ដូច​ប្រាថ្នា។

បើ​សិស្ស​ណា មិន​កាន់​ច្បាប់​តម្រាប់​គ្រូ​អាចារ្យ​ប្រៀន​ប្រដៅ​មក​ទេ ធ្វើ​តាម​តែ​អំពើ​ចិត្ត​ឯង លោក​រមែង​តិះដៀល​ដូច​ន័យ​តទៅ​នេះ។

រី​នឹង​ចេះ​ឯង ដូច​អ្នក​វង្វេង កណ្ដាល​អធ្វា ពុំ​នោះ​ដូច​ខ្វាក់ តែ​ម្នាក់​អាត្មា ចរ​ចេញ​យាត្រា ឥត​អ្នក​ដឹក​ដៃ។ សូម្បី​រក​ផ្លូវ ពុំ​ដែល​នឹង​ត្រូវ សឹង​ពាន​ឯ​ព្រៃ ហេតុ​ដ្បិត​ចេះ​ឯង ឥត​អ្នក​ដឹក​ដៃ ចិត្ត​នោះ​សង្ស័យ ដូច​ដល់​ពុំ​ដល់។

បាន​សេចក្ដី​ថា វិស័យ​ធម្មតា​មនុស្ស បើ​ចេះ​ដឹង​ឯ​នូវ​កិច្ចការ​អ្វី ឥត​មាន​គ្រូ​អាចារ្យ​បង្ហាត់​បង្ហាញ​ណែនាំ​ពន្យល់ ឱ្យ​ភ្លឺ​យល់​ជាក់​ច្បាស់​ទេ រមែង​ធ្វើការ​អ្វី​មិន​ល្អ​បាន មិន​បាន​សម្រេច។

ប្រៀប​ដូច​ជា​មនុស្ស​វង្វេង​ផ្លូវ ហើយ​ដើរ​ត្រាច់​កាត់​ព្រៃ​ព្រឹក្សា​តែ​ម្នាក់​ឯង ឬ​ដូច​មនុស្ស​ខ្វាក់​នេត្រា​ទាំង​ពីរ ចរ​ចេញ​ទៅ​កាន់​តំបន់​ឋាន​ណា​ឥត​អ្នក​ដឹក​ដៃ មនុស្ស២ជំពូក​នេះ ​ទោះ​បី​ខំ​ប្រឹង​រាវ​ស្ទាប​រក​ផ្លូវ​ក៏​ពុំ​ត្រូវ​គន្លង​ផ្លូវ​ដែល​ស្រួល​ដែល​ល្អ សូម្បី​បើ​ដល់​ទី​បំណង​ខ្លួន​ហើយ ក៏​នៅ​តែ​សង្ស័យ​ក្រែង​ពុំ​ទាន់​ដល់ ទោស​ទាំង​នេះ ម្នាក់​មក​ពី​ខ្វាក់​ភ្នែក ឥត​អ្នក​ដឹក​ដៃ ម្នាក់​ភ្នែក​ភ្លឺ​មែន តែ​មក​ពី​ខ្សត់​ចំណេះ​ល្ងង់​ខ្លៅ ឥត​គ្រូ​បាធ្យាយប្រៀន​ប្រដៅនូវ​វិជ្ជា​ផ្សេង​ៗ បាន​ជា​ពុំ​អាច​យល់​កិច្ចការ​ទាំងពួង​បាន បើ​មាន​ចំណេះ​បន្តិច​បន្តួច​ក៏​ពុំ​បាន​ជា​ពូកែ យក​ជា​ការ​ពុំ​បាន​ពិត​ប្រាកដ ដូច​ជា​វិទ្យា​អក្សរ​សាស្ត្រ បើ​ពុំ​បាន​ពិចារណា​តាម​ក្បួន​ខ្នាត​ឱ្យ​មួនមាំ គ្មាន​គ្រូ​ពន្យល់​វិធី​អក្ខរៈ ឬ​ប្រែ​សព្ទ​ផ្សេង​ៗ ឱ្យ​យល់​ភ្លឺ​ច្បាស់ នោះ​រមែង​សរសេរ​ជ្រលួស​ខុស​ទៅ​ជា​ធម្មតា ហើយ​ខ្លួន​អ្នក​សរសេរ​ពុំ​អាច​ដឹង​បាន​ថា ខ្លួន​សរសេរ​ខុស​ផង ព្រោះ​មក​ពី​មិន​មាន​ចំណេះ​វិជ្ជា​ទាំងពួង​ឱ្យ​ស្ទាត់​មាំមួន​ឥត​គ្រូ​បាធ្យាយ​ណែនាំ​ពន្យល់​ឱ្យ​ភ្លឺ​ច្បាស់ ទោះ​បី​ខុស​ក៏​ពុំ​ដឹង​ជា​ខុស​ចេះ​តែ​ស្មាន​ថា​ត្រូវ​ហើយ បាន​ជា​លោក​ប្រៀប​ទុក​ដូច​មនុស្ស​វង្វេង​ផ្លូវ មនុស្ស​ខ្វាក់​ភ្នែក​ទាំង​សង​ខាង​នោះ​ឯង។

ទោស​ទាំង​នេះ អ្នក​ទាំងឡាយ​កុំ​គប្បី​ធ្វេស​ប្រហែស បើ​ចង់​ចេះ​ចំណេះ​វិជ្ជា​សិល្បសាស្ត្រ​ទាំង​ពួង ត្រូវ​តែ​រក​រៀន​ពី​គ្រូ​អាចារ្យ​យក​បែបផែន​គ្រូ​អាចារ្យ សម្គាល់​ទុក​ក្នុង​ចិត្ត​ឱ្យ​មាំមួន ទើប​លោក​រាប់​ថា​ជា​ពហូសូត​អ្នក​ចេះ​ដឹង​ច្រើន។

ទី ១៦- នេះ​ដូច​អ្នក​ផង ពុំ​ដោយ​កន្លង នៃ​លោក​ណា​យល់ សឹង​ធ្វើ​មោហោ ទោសោ​កំហល់ ពុំ​អាច​ទប់ទល់ នា​ធ្ងន់​នា​​ស្រាល។

ពួក​មនុស្ស​ដែល​មាន​កិរិយា​ប្រព្រឹត្តមិន​ប្រសើរ គឺ​មាន​មារយាទ​អាក្រក់ ​សណ្ដាប់​ធ្នាប់​អាក្រក់ ប្រព្រឹត្ត​អាក្រក់ ចិត្ត​អាក្រក់ ទាំង​នេះ​មក​ពី​សន្ដាន​ចិត្ត​អន្ធពាល ព្រោះ​ពាល​មាន​លក្ខណៈ ៣​យ៉ាង គឺ​គិត​អ្វី​គិត​តែ​ពី​សេចក្ដី​អាក្រក់​នេះ​១ ធ្វើ​កិច្ច​អ្វី ធ្វើ​តែ​កិច្ច​អាក្រក់​នេះ​២ បើ​ពោល​វាចា​អ្វី​ក៏​ពោល​តែ​វាចា​អាក្រក់​នេះ​៣ ហេតុ​នេះ​ហើយ បាន​ជា​លោក​ពោល​ថា​មនុស្ស​ពាល​នោះ “ពុំ​ដោយ​គន្លង នៃ​លោក​ណា​យល់” គឺ​ថា​សុភាសិត ឯណា​ជា​ពុទ្ធ​ភាសិត​ឬ​បុរាណ​ភាសិត ដែល​ល្អ​ប្រពៃ ហើយ​មាតា​បិតា​គ្រូ​អាចារ្យ លោក​នាំ​យក​មក​ទូន្មាន​ប្រៀន​ប្រដៅ​កូន​និង​សិ​ស្ស​ឯណា​ដែល​ប្រព្រឹត្ត​អាក្រក់ កូន​និង​សិស្ស​នោះ​ជា​មនុស្ស​ពាល​មិន​ស្ដាប់​ត្រាប់​ត្រង​យក ថែម​ទាំង​សម្ដែង​អាការ​ក្រេវក្រោធ​ចេញ​មក​ឱ្យ​ឃើញ​ដល់​ចក្ខុ​មហា​ជន​រាល់​គ្នា​ទៀត ដូច​ន័យ​លោក​ពោល​ថា “សឹង​ធ្វើ​មោហោ ទោសោ​កំហល់ ពុំ​អាច​ទប់​ទល់ នា​ធ្ងន់​នា​ស្រាល” បាន​សេចក្ដី​ថា​បុត្រ​និង​សិស្ស​នោះ​ជា​មនុស្ស​ពាល លុះ​ឮ​មាតា​បិតា​គ្រូ​អាចារ្យ​ស្ដី​ប្រដៅ​ឱ្យ​ល្អ ក៏​កើត​បដិឃៈ ក្ដៅ​ខ្នាញ់ ក្នុង​ហឫទ័យ​វត្ថុ​ក្រេវក្រោធ​ខឹង​ពុំ​អាច​អត់​សង្កត់​ចិត្ត ឱ្យ​ស្ងប់​រម្ងាប់​បាន​ឡើយ ម្ល៉ោះ​ហើយ​ក៏​ឆ្លើយ​ត​តប​ទៅ​កាន់​លោក​អ្នក​ដ៏​មាន​គុណ​នោះ​វិញ ទោស​នេះ​មក​ពី​សិស្ស​នោះ​កូន​នោះ ជា​មនុស្ស​ពាល​ខ្លៅ​ល្ងង់វង្វេង ​ញ៉ាំង​សន្តាន​ចិត្តឱ្យ​មាន​ទោស​មក​ជា​លំដាប់ ហើយ​បញ្ជូន​កំហឹង​ឱ្យ​ពោល​ពាក្យ​មិន​គប្បី​មាន​ប្រការ​ផ្សេង​ៗ នេះ​មក​ពី​មិន​ស្គាល់​ធ្ងន់​ស្រាល។

ហេតុ​នេះ​យើង​ទាំងឡាយ កុំ​គប្បី​យក​តម្រាប់​ចរិត​សិស្ស​ឬ​កូន​កំហល់​ទាំង​នោះ​ជា​តួយ៉ាង​ឡើយ ត្រូវ​ចាំ​ពាក្យ​ចាស់​១​ម៉ាត់​ទៀត​ថា “សិស្ស​ប្រាជ្ញ​ដ្បិត​គ្រូ ជេរ​ពោល​ដំ​វាយ” នេះ​ជា​ឱសថ​ដ៏​ប្រសើរ សម្រាប់​កែ​ទឹក​ចិត្ត​សិស្ស​និង​កូន​ដែល​មោហោ​នោះ ឱ្យ​ស្គាល់​គុណ គ្រូ​អាចារ្យ មាតា​បិតា​ដែល​មាន​លើ​ខ្លួន។

ទី ១៧- ប្រដៅ​ក្ដី​ច្បាប់ សឹង​ថា​ពុំ​គាប់ ហេតុ​ចិត្ត​អន្ធពាល ក្ដី​ច្បាប់​ទម្ងន់ សឹង​ថា​ជា​ស្រាល ហេតុ​ចិត្ត​អន្ធពាល ចង់​តែ​សប្បាយ។

ពាក្យ​មួយ​បទ​នេះ មាន​ទំនង​ថា​ធម្មតា​គ្រូ​អាចារ្យ​រមែង​តែង​តែ​បង្រៀន​នូវ​ក្បួន​ដែល​មាន​ខ្លឹមសារ​គម្ភីរ​ភាព​ជ្រាលជ្រៅ សព្វ​គ្រប់​ដើម្បី​ឱ្យ​សិស្ស​ចេះ​ដឹង​និង​ប្រព្រឹត្ត​ប្រតិបត្តិ​តាម តែ​សិស្ស​ខ្លះ​ជា​មនុស្ស​មាន​សន្ដាន​ចិត្ត​ជា​អន្ធពាល​ទុរាចារ ប្រៀប​បី​ដូច​មនុស្ស​ខ្វាក់​ឬ​ថ្លង់​គ ឬ​អាប់​ឥត​ប្រាជ្ញា​ពុំ​ឈ្លាសវៃ ពុំ​យល់​អត្ថន័យ​អត្ថរស​ប្រស្នា វាចា​ដែល​គ្រូ​ពោល​ប្រដៅ​ពន្យល់​នោះ ត្រឡប់​ជា​ពុំ​គាប់​ចិត្ត​ខ្លួន​វិញ ហើយ​លប​តិះដៀល​ចាប់​ទោស​គ្រូ​ថា​គ្រូ​ស្អប់​ខ្លួន គ្រូ​កាច​មិន​មេត្តា​ករុណា។ល។ ព្រោះ​ដោយ​ហេតុ​ពាក្យ​ប្រដៅ​នោះ ពុំ​ត្រូវ​ចំណុច​ចិត្ត​ខ្លួន ដែល​ជា​មនុស្ស​ពាល​ចង់​តែ​សប្បាយ មាន​បំណង​ចង់​សេព​លេង​ល្បែង​ទាំងពួង​ជាដើម នឹង​បាន​គ្នេរគ្នាន់​ថា​ខុស​គាប់​យ៉ាង​ណា​ក៏​ទេ នឹង​បាន​ដឹង​ថា​បទ​នេះ​ល្មើស​ខុសនឹង​ផ្លូវ​សុចរិត​ក៏​ទេ ឬ​ដឹង​ខ្លះ​ដែរ តែ​ទិដ្ឋិមានះ ថា​ការ​បន្តិច​បន្តួច ជា​កិច្ច​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​នឹង​ទៅ​ជា​អ្វី បើ​ខុស​នឹង​ច្បាប់ ក៏​ពុំ​ធ្ងន់​ប៉ុន្មាន​ទេ​ក៏​ធ្វើ​រំលោភ​បំពាន​ទៅ មនុស្ស​ប្រមាទ​បែប​នេះ ច្រើន​តែ​ភ្លាត់​ចំណាប់​ពុំ​សូវ​ខាន ព្រោះ​ដោយ​ចិត្ត​អន្ធពាល ពុំ​ប្រព្រឹត្ត​តាម​ដំបូន្មាន​គ្រូ​អាចារ្យ​ប្រៀន​ប្រដៅ ប្រយោជន៍​ឱ្យ​ខ្លួន​បាន​សេចក្ដី​ល្អ​សុចរិត​នោះ​ឡើយ។

សិស្ស​ដែល​របឹង​រឹង​រូស​យ៉ាង​នេះ តើ​មក​ពី​ហេតុ​អ្វី? លោក​ប្រាប់​ទោស​ថា ព្រោះ

ពុំ​ដឹង​ដើម​គ្រូ បង្កើត​អព្ភិរូ ប្រដូច​នូវ​ម្ដាយ ភ្លឺ​ពី​មនុស្ស​លោក រួច​ដល់​សួគ៌​នាយ ចៀស​ចតុរាបាយ នរក​ទាំង​បួន។

បាន​សេចក្ដី​ថា សិស្ស​ដែល​ជា​ពាល​នោះ មក​ពី​ពុំ​ដឹង​ហេតុ បំណង​របស់​គ្រូ​អាចារ្យ ដែល​លោក​មាន​ប្រាថ្នា ចង់​ឱ្យ​សិស្សានុសិស្ស បាន​នូវ​ប្រយោជន៍ យ៉ាង​ខ្ពស់​ក្រៃលែង​ដល់​ខ្លួន គឺ​លោក​បំភ្លឺ​ពី​ផ្លូវ ច្បាប់​ខាង​អាណាចក្រ ដើម្បី​ឱ្យ​សិស្ស​នោះ​បាន​សេចក្ដី​ថ្កើង​រុងរឿង​ឧត្តុង្គ​ឧត្ដម​ក្នុង​លោកិយ​នេះ ១ ឱ្យ​ភ្លឺ​ក្នុង​ផ្លូវ​ពុទ្ធ​សាសនា ដើម្បី​យក​មគ្គផល ឱ្យ​រួច​ចាក​ចតុរាបាយ នរក​ទាំង​បួន ឰដ៏​បរលោក​នាយ​នេះ ២ ហេតុ​នេះ​បាន​ជា​លោក​ទុក​គ្រូ​អាចារ្យ “ប្រដូច​នូវ​ម្ដាយ” ព្រោះ​ម្ដាយ​បង្កើត​រូប​កាយ ឧបត្ថម្ភ​ចិញ្ចឹម​បីបាច់​រក្សា ឯ​ចំណែក​គ្រូ​អាចារ្យ ជួយ​ឧបត្ថម្ភ ទំនុក​បម្រុង ក្នុង​កិច្ច​បង្ហាត់​បង្រៀន ឱ្យ​កើត​ចំណេះ​វិជ្ជា​ផ្សេង​ៗ បាន​ជា​លោក​ប្រៀប​ដូច​មាតា។

មួយ​វិញ​ទៀត បើ​សិស្ស​ឯណា មាន​ប្រាជ្ញា​អាច​យល់​នូវ​គុណ​ជាតិ នៃ​ភាសិតាចារ្យ​ទាំងនេះ​បាន​ប្រាកដ​ហើយ នោះ​គប្បី​កាន់​ដោយ​មាំមួន នូវ​ភាសិត​ដែល​ជា​មធុរស ដូច​មាន​ត​ទៅ​នេះ។

នាបីហោគ្រូ កុំ​ធ្វើ​មូទូ ចិត្ត​នោះ​ឱ្យ​ស្ងួន កុំ​ធ្វើ​តម្កើង ចង់​ធំ​តែ​ខ្លួន ក្រែង​បាប​មក​ចួន នៅ​នា​លោកិយ។

លោក​ថា បើ​សិស្ស​ណា បាន​យល់​ភ្លឺ​នូវ​គុណូបការៈ​របស់​គ្រូ ហើយ​គួរ​គោរព​ប្រណិប័តន៍ មិន​ត្រូវ​តម្កើង​ឫកពា​ក្រអឺត​ឆ្មើងឆ្មៃ​ឃើញ​គ្រូ​ហើយ​ធ្វើ​ឫក​កញ្ចប់កញ្ចូវ​ដាក់​គ្រូ​ឡើយ។

ទុក​ណា​ជា​ខ្លួន មាន​យសសក្ដិ​ធំ​ជាង​ក្ដី មាន​សម្បត្តិ​ទ្រព្យ​ច្រើន​ជាង​ក្ដី ត្រូវ​តែ​ធ្វើ​ចិត្ត​ឱ្យ​ស្ងួន ដាក់​ខ្លួន​ឱ្យ​ទាប​ជាង​គ្រូ កោត​ខ្លាច​ដោយ​គោរព​ស្មោះ​ត្រង់​កុំ​គប្បី​ភ្លេច បើ​សិស្ស​ណា​មិន​គោរព​គ្រូ លោក​ពោល​ថា “ក្រែង​បាប​មក​ចួន នៅ​នា​លោកិយ” បាន​សេចក្ដី​ថា បណ្ដា​សិស្ស​ណា ពុំ​ដឹង​គុណ​គ្រូ ពុំ​គោរព​គ្រូ អ្នក​នៅ​នឹង​បាន​បាប​គឺ​សេចក្ដី​អាក្រក់ ដល់​ខ្លួន​ថា​ជា​មនុស្ស​អកតញ្ញូ ក្នុង​នា​លោកិយ​នេះ​ពុំ​ខាន។

ទី ១៩- រី​គ្រូ​បាធ្យាយ អាច​ឱ្យ​ពណ្ណរាយ មាន​រូប​ស្មើ ហើយ​ឱ្យ​រុងរឿង អស់​បញ្ចិន្ទ្រិយ ស្មើ​ព្រះ​ជននី ជនក​សោត​ហោង។

សេចក្ដី​នេះ ប្រៀប​បី​ដូច​ពេទ្យ ដែល​ពូកែ​ចំណាន​​ខាង​រក្សា​រោគ​ភ្នែក ទោះ​បី​ភ្នែក​នោះ​ឈឺ​ចាប់​ដោត រង​ទុក្ខ​វេទនា អាប់​ស្រវាំង​មើល​អ្វី​ពុំ​ច្បាស់ លុះ​ពេទ្យ​ប្រកប​ថ្នាំ​ដាក់​ភ្នែក​ឱ្យ ភ្នែក​នោះ​ក៏​ជា​ស្រឡះ ភ្លឺ​ច្បាស់​ឡើង​ល្អ ជា​ធម្មតា​វិញ នេះ​មាន​ឧបមា​យ៉ាង​ណា ?

សម​គ្នា​នឹង​អ្នក​រៀន​វិជ្ជា កាល​ដើម​ហាក់​ដូច​ជា​មនុស្ស​ខ្វាក់ គ្រូ​អាចារ្យ ដូច​ពេទ្យ​ហ្ម គ្រូ​បង្ហាត់​បង្ហាញ​សិស្ស នូវ​សិល្បសាស្ត្រ​ផ្សេង​ៗ សិស្ស​ដែល​ខំ​សង្វាត​រៀន​សូត្រ ចាំ​រ៉ាប់រង​ទទួល​យក​ចំណេះ​ពី​គ្រូ​នោះ​យូរ​ទៅ​សឹង​មាន​ប្រាជ្ញា​ឈ្លាសវៃ ភ្លឺ​សេចក្ដី​គ្រប់​ជំពូក ស្រេច​បរិបូណ៌​ហើយ លោក​ជូន​ឱ្យ​ចេញ​ប្រឡង បើ​ជាប់​លេខ​មាន​សញ្ញាបត្រ​ ទើប​សន្មត​ហៅ​ថា​ជា​អ្នក​មាន​វិជ្ជា​ដ៏​ប្រសើរ រាជការ​ផែនដី ក៏​យក​ទៅ​ប្រើ​តាំង​ឱ្យ​រុងរឿង មាន​យសសក្ដិ​ប្រាក់​ខែ​ជា​រង្វាន់ ហេតុ​នេះ​ហើយ​ដែល​គ្រូ​អាចារ្យ ធ្វើ​ឱ្យ​សិស្ស​បាន​ថ្កុំថ្កើង បាន​ជា​ពោល​ទុក​ថា “ស្មើ​ព្រះ​ជននី ជនក​សោត​ហោង”។

ឯ​ឧបការគុណ​របស់​មាតា​បិតា​នោះ លោក​សម្ដែង​ថា ៖

ព្រះ​ជនក​សោត​ណា បង្កើត​អាត្មា ឱ្យ​មាន​សរិល​ផង រក្សា​ពី​តូច មិន​ឱ្យ​មាន​ហ្មង អស់​សុខ​ទុក្ខ​ផង ពុំ​ដែល​នឹង​ឆ្អន់។

សេចក្ដី​ថា អាពុក​ម្ដាយ​បង្កើត​យើង​មក លោក​ចិញ្ចឹម​យើង បីបាច់​រក្សា​ល្អ​ណាស់ មាន​បំបៅ​ដោះ​ផ្ងូត​ទឹក​បញ្ចុក​បាយ​ជា​ដើម លុះ​ដល់​ធំ​ឡើង លោក​នៅ​តែ​គ្រប់​គ្រង​រក្សា តែង​តែ​ទទួល​ទុក្ខ​សុខ របស់​បុត្រ​ធីតា​ពុំ​ដែល​ធុញ​ទ្រាន់​ឡើយ ថា​បើ​កូន​ឈឺចាប់ ឬ​មាន​ទុក្ខ​ដូច​ម្ដេច​ៗ​ក្ដី ឬ​មួយ​ទៅ​ប្រព្រឹត្ត​ទុច្ចរិត​ល្មើស​នឹង​ច្បាប់ ត្រូវ​មាន​ទុក្ខ​ទោស​ដូចម្ដេច​ៗ​ក្ដី នោះ​ចិត្ត​មាតា​បិតា ក៏​រមែង​ព្រួយ​ផង​ពុំ​មាន​ភ្លេច មាន​ខ្លះ​សង្គ្រោះ​រហូត​ជួយ​សង​បំណុល​ជួស ខ្លះ​ឱ្យ​សម្បត្តិ​ទ្រព្យ​ទៅ​កូន​ដែល​ក្រ​លំបាក យក​ទៅ​លក់​ចាយ​ចិញ្ចឹម​ជីវិត​ក៏​មាន។ល។ ទាំង​នេះ​ក៏​មក​តែ​មាតា​បិតា​លោក​មាន​សេចក្ដី​មេត្តា​ករុណា ដល់​បុត្រ​ធីតា​នោះ។

រួម​សេចក្ដី​ទៅ​ឃើញ​ថា មាតា​បិតា​និង​គ្រូ​អាចារ្យ​នេះ​ជា​ទុល្លភជន​របស់​បុត្រ​និង​សិស្ស ដូច​ន័យ​អធិប្បាយ​មក​នេះ។

ទី ១៩- ព្រះ​ជនក​ព្រះ​ជននី បើ​នឹង​ស្រដី ប្រសើរ​ពេក​ពន់ ថា​ភ្នំ​ព្រះ​សុមេរុ នោះ​ហោង​មហា​ធ្ងន់ ថា​បើ​នឹង​គណន៍ ពុំ​អាច​កន្លង។

បើ​នឹង​ពណ៌នា សរសើរ​ពី​គុណ​មាតា​បិតា ដែល​មាន​លើ​កូន​ប្រុស​ស្រី​ទាំងឡាយ សឹង​ឃើញ​ថា​ជា​ច្រើន​ក្រៃ​ពេក​ឥត​វត្ថុ​អ្វី​នឹង​លើក​យក​មក​ប្រៀប​ធៀប​ឱ្យ​ស្មើ​នោះ​ពុំ​បាន​ឡើយ ប្រសើរ​ក្រៃ​ពេក​ណាស់ ទើប​លោក​ប្រៀប​ថា ភ្នំ​ព្រះ​សុមេរុ ជា​បព្វតរាជ​ធំ​ឥត​ឧបមា ខ្ពស់​ហួស​ប្រមាណ លើស​លែង​បព្វតា​ទាំងពួង ក្នុង​ទ្វីប​ទាំង​បួន​នេះ ថា​បើ​នឹង​គ្នេរ​ទៅ​ឯ​ទម្ងន់​ទៀត ​លោក​ថា “នោះ​ហោង​មហា​ធ្ងន់” ធ្ងន់​ពន់​ពេក​ហួស​ប្រមាណ “បើ​ថា​នឹង​គណន៍ ពុំ​អាច​កន្លង” លោក​ថា​បើ​នឹង ថ្លឹង​យក​ទម្ងន់​វិញ ពុំ​អាច​នឹង​រាប់​ដោយ​វិធី​សំខ្យា​ថា​ប៉ុណ្ណេះ​ៗ​ពុំ​បាន។ បើ​នឹង​លើក​យក​ទំហំ កម្ពស់ ​និង​ទម្ងន់​ភ្នំ​ព្រះ​សុមេរុ​រាជ មក​ផ្ទឹម​នឹង​ទំហំ កម្ពស់​ ទម្ងន់​គុណ​មាតា​បិតា ដែល​មាន​គុណ​លើ​បុត្រ​ធីតា នោះ​ឃើញ​ថា​ពុំ​អាច​នឹង​រំលង​កន្លង​កើន​ហួស​ឬ​ពុំ​ស្មើ​បាន​ឡើយ ដូច្នេះ​ហើយ ​យើងជា​បុត្រ​ធីតា​កុំ​គប្បី​ភ្លេច​គុណ​មាតា​បិតា​របស់​យើង​គ្រប់​រូប ដែល​មាន​ព្រះ​គុណ​ធ្ងន់​ជាង​ភ្នំ​ព្រះ​សុមេរុ​នោះ​ឡើយ។

មិន​តែ​គុណ​មាតា​បិតា​ប៉ុណ្ណោះ​ទេ លោក​ប្រាប់​តទៅ​ទៀត​ថា ៖

រី​គ្រូ​បាធ្យាយ ប្រដូច​នូវ​ម្ដាយ អាពុក​ឯង​ហោង អាច​ឱ្យ​ក្ដី​ច្បាប់ ប្រដៅ​ធម៌​ផង ដោយ​នូវ​កន្លង ព្រះ​ពុទ្ធ​ទាំងឡាយ។

បាន​សេចក្ដី​ថា បណ្ដា​បុព្វាចារ្យ​របស់​យើង មិន​តែ​អាពុក​ម្ដាយ​ប៉ុណ្ណោះ​ទេ លោក​រាប់​យក​គ្រូ​បាធ្យាយ​បញ្ចូល​ចូល​មក​ទៀត ជា​បុគ្គល​ដែល​មាន​គុណ​លើ​យើង ដែល​សិស្សានុសិស្ស​ទុក​ស្មើ​នឹង​អាពុក​ម្ដាយ​យើង ដូច​បាន​អធិប្បាយ​យើង​ទៀត​ថា “អាច​ឱ្យ​ក្ដី​ច្បាប់​ធម៌​ផង ដោយ​នូវ​គន្លង ព្រះ​ពុទ្ធ​ទាំងឡាយ” ជា​គ្រូ​បាធ្យាយ​ប្រដៅ​យើង​ជា​សិស្ស​ឱ្យ​ដឹង​ច្បាប់​ទម្លាប់​ជា​គតិ​លោក ហើយ​ប្រដៅ​នូវ​ធម៌ តាម​ដោយ​គន្លង ដែល​ព្រះ​បរម​គ្រូ​សព្វញ្ញូពុទ្ធ ព្រះ​អង្គ​ទ្រង់​ត្រាស់​សម្ដែង​ទុក​មក​ជា​ច្បាប់​សម្រាប់​ឱ្យ​ពួក​ពុទ្ធ​បរិសទ្យ​បដិបត្តិ​តាម ដើម្បី​ជា​ប្រយោជន៍ ដឹក​នាំ​សិស្ស​ឱ្យ​បាន​ជា​មនុស្ស​ល្អ​ក្នុង​លោក​នេះ​ប្រការ ១ ឱ្យ​រួច​ចាក​ទុក្ខ ក្នុង​ជាតិ​នេះ​និង​ជាតិ​ក្រោយ​នេះ​ប្រើ​ការ ១។

គ្រូ​បាធ្យាយ​មាន​គុណ​វិសេស​យ៉ាង​នេះ បាន​ជា​លោក​លើក​យក​មក​តាំង​ទុក​ដូច​មាតា​បិតា​របស់​យើង។

ទី ២០- នរូ​អ្នក​ណា ទោះ​មាន​ប្រាជ្ញា ឱ្យ​គិត​រែង​ឆ្ងាយ គុណ​នោះ​ទាំង​បី ហៅ​មហា​ទូលាយ កុំ​ឱ្យ​អន្តរាយ ក្ដី​ពី​ព្យាយាម។

អ្នក​ទាំង​ឡាយ កាល​ណា​បើ​មាន​វិជ្ជា ចេះ​ច្បាប់​សម្រាប់​រក្សា​ខ្លួន​បាន​ហើយ ទាំង​ខាង​អាណា-​ចក្រ​និង​ពុទ្ធ​ចក្រ សតិ​បញ្ញា​ក៏​ល្មម​មាន​គ្រប់​គ្រាន់​ប្រើប្រាស់​បាន​តាម​សតិ​កម្លាំង នោះ​ត្រូវ​ឱ្យ​មាន​យោបល់ យល់​គំនិត​អំពី​គុណ​លោក​អ្នក​មាន​គុណ ឱ្យ​មាំមួន​កុំ​ធ្វេស​ប្រហែស បាន​ជា​លោក​ប្រដៅ​ចារិក​ទុក​ថា “នរូ​អ្នក​ណា ទោះ​មាន​ប្រាជ្ញា ឱ្យ​គិត​វែង​ឆ្ងាយ” បាន​សេចក្ដី​ថា ធម្មតា​បណ្ឌិត​ជាតិ លោក​រមែង​គិត​ពី​អ្នក​មាន​ឧបការ​គុណ​ពុំ​ភ្លេច ព្រោះ​លោក​ប្រកប​ដោយ​សេចក្ដី​ជា​អ្នក​មាន​កតញ្ញូ។ ចុះ​ចំណែក​យើង​ជា​កូន​និង​មាតា​បិតា ជា​សិស្ស​និង​គ្រូ​អាចារ្យ តើ​ត្រូវ​ធ្វើ​ដូចម្ដេច? ទើប​ហៅ​ថា ជា​អ្នក​មិន​ភ្លេច​គុណ ដូច្នេះ​លោក​វិនិច្ឆ័យ​ប្រាប់​ជា​បញ្ហា​ថា “គុណ​នេះ​ទាំង​បី ហៅ​មហា​ទូលាយ” គឺ​លោក​ជា​មាតា​បិតា​និង​គ្រូ​អាចារ្យ ទាំង​បី​នេះ លោក​មាន​ឧបការគុណ លើស​លន់​ពន់​ពេក​ជា​អនេកប្បការ លើ​កូន​និង​សិស្ស គុណ​ទាំង​នោះ​ធ្ងន់​ក្រៃលែង​លើស​ទម្ងន់​ភ្នំ​ព្រះ​សុមេរុរាជ​ទៅ​ទៀត ដូច្នេះ​ឯង​ហើយ ទើប​លោក​ទូន្មាន​យើង​ថា “កុំ​ឱ្យ​អន្តរាយ ក្ដី​ពី​ព្យាយាម” ថា​កុំ​ឱ្យ​ភ្លេច គុណ​នោះ​ឱ្យ​សោះ ត្រូវ​ឱ្យ​ចាំ​ជាប់​ក្នុង​ចិត្ត ថា​មាតា​បិតា​គ្រូ​អាចារ្យ​របស់​យើង​នេះ លោក​មាន​គុណ​នឿយហត់​បីបាច់​ចិញ្ចឹម​រក្សា​យើង បង្ហាត់​បង្ហាញ​ចំណេះ​វិជ្ជា​ផ្សេង​ៗ ឱ្យ​យើង​ចេះ​ដឹង បើ​រឭក​ឃើញ​ដូច្នេះ​ហើយ​ត្រូវ​មាន​ព្យាយាម ធ្វើ​វត្ត​បដិបត្តិ​កុំ​ឱ្យ​ដាច់ មាន​គោរព​ក្រាប​ឃើញ​សំពះ​ជា​ដើម បើ​នឹង​ពោល​ឱ្យ​ពិស្ដារ​បន្តិច ថា​យើង​ត្រូវ​ធ្វើ​បដិភារៈ​ផ្គត់ផ្គង់​នូវ​ភោជនាហារ​ព្រម​ទាំង​សំពត់​អាវ​សាវ​ស្បៃ​ផង បើ​លោក​មាន​ជំងឺ​រោគា​មក​បៀតបៀន យើង​ជា​កូន​ត្រូវ​រក​ពេទ្យ​ហ្ម​មក​ដាក់​ថ្នាំ​ទ្រាំជំងឺ ដូច​កាល​លោក​ថែទាំ​យើង​ពី​តូច​មក។

មួយ​ទៀត​ព្រះ​រតន​គុណគឺ ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ដែល​លោក​ជា​អ្នក​បំភ្លឺ​ពន្យល់​ផ្លូវ​យើង ទៅ​កាន់​សេចក្ដី​សុខ។

ព្រះ​ពុទ្ធ​លោក​ជា​អគ្គបុគ្គល លោក​ឆ្ងាយ​ចាក​កិលេស ត្រាស់​ដឹង​ឯង​ប្រពៃ ហើយ​ទ្រង់​ជ្រាប​នូវ​ធម៌​ដែល​កំបាំង ដោយ​អំណាច​សីល សមាធិ ​បញ្ញា​ដ៏​បរិសុទ្ធ​របស់​ព្រះ​អង្គ ទើប​ទ្រង់​ព្រះ​នាម​ថា​ព្រះ​សម្មាសម្ពុទ្ធ។

ព្រះ​ធម៌ គឺ​ព្រះ​ពុទ្ធ​វចនៈ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្រាស់​ទូន្មាន​សត្វ​លោក​ដើម្បី​ដឹកនាំ​ឱ្យ​រួច​ចាក​អកុសល​កម្ម ដោយ​ព្រះ​មហា​ករុណា ប្រោស​ចម្លង​សត្វ​ឱ្យ​រួច​ចាក​ទុក្ខ​វេទនា។

ព្រះ​សង្ឃ ​ជា​សាវក​ព្រះ​ដ៏​មាន​ព្រះ​ភាគ លោក​បដិបត្តិ​ប្រពៃ​ហើយ ជា​បុញ្ញក្ខេត្ត​ដ៏​ឧត្ដម របស់​សត្វ​លោក។

ដូច្នេះ​ យើង​ត្រូវ​ការគុណ​ទាំង​បី​នេះ​ទៀត ជា​បុញ្ញរាសី​របស់​យើង ដូច​ពោល​ខាង​ក្រោយ​នេះ​តទៅ​ទៀត​ថា។

រី​បុណ្យ​និង​បាប អំពើ​សុភាព នោះ​វា​តែង​តាម ប្រដូច​ស្រមោល អន្ទោល​តាម​ប្រាណ ពុំ​ដែល​ចៀស​បាន ត្រង់​ក្ដី​សល់​វ៉ល់។

ថា​បើ​យើង​ពុំ​ភ្លេច​គុណ​លោក​ទាំង​នេះ​ទេ យើង​នឹង​បាន​បុណ្យ គឺ​សេចក្ដី​សុខ​ចម្រើន​យសសក្ដិ នូវ​ភោគ​សម្ប័ទ ដោយ​អំណាច​ផល​បុណ្យ​កតញ្ញូ​នោះ តែ​បើ​យើង​ប្រមាទ​ធ្វេស​ប្រហែស បំភ្លេច​បំបាត់​គុណ​ទាំង​នោះ​ចោល​អស់​ហើយ យើង​នឹង​បាន​បាប គឺ​សេចក្ដី​រង​ទុក្ខ​វេទនា ក្រ​លំបាក​តោកយ៉ាក​រហេម​រហាម​។

ឯ​ផល​បុណ្យ​និង​បាបទាំង​ពី​រ​នេះ លោក​ប្រៀប​ដូច​ស្រមោល​នៃ​រូប​យើង រមែង​តែ​ជាប់​ដិត​នឹង​ខ្លួន​យើង​ពុំ​ដែល​ឃ្លាត ឯ​យើង​សោត​ក៏​ពុំ​អាច​នឹង​ចៀស​ឱ្យ​ផុត​បាន បើ​យើង​ធ្វើ​អំពើ​ល្អ បុណ្យ​គង់​កើត​មាន​ដល់​យើង បើ​យើង​ធ្វើ​នូវ​អំពើ​អាក្រក់ បាប​ក៏​គង់​មាន​ដល់​យើង យ៉ាង​នេះ​ត្រូវ​ប្រព្រឹត្ត​តាម​ច្បាប់​ក្រម​នេះ​ឱ្យ​បរិបូណ៌។

ទី ២១– ឱ្យ​គិត​ជញ្ជឹង ហើយ​ឱ្យ​រំពឹង ប្រាជ្ញា​ឱ្យ​យល់ ឱ្យ​មាន​វីរិយំ សច្ចំ​កុសល កុំ​ធ្វើ​សល់វ៉ល់ នឹង​ក្ដី​ទុក្ខ​សោក។

អធិប្បាយ​ថា ធម្មតា​ជា​មនុស្ស​នេះ ឱ្យ​យក​ប្រាជ្ញា​ត្រិះរិះ​ពិចារណា​រវាំង ឱ្យ​មាន​ជាប់​ក្នុង​ខន្ធ​សន្ដាន គឺ​ឱ្យ​ខំ​ប្រឹង​ព្យាយាម​កសាង​កុសល កាន់​ទៀង​ត្រង់​សុចរិត​ធម៌ មាន​រក្សា​សីល ៥ ចាំ​សីល ៨ ចម្រើន​មេត្តា​ភាវនា​កុំ​ឱ្យ​ដាច់ “កុំ​ធ្វើ​សល់វ៉ល់ នឹង​ក្ដី​ទុក្ខ​សោក” គឺ​លោក​ឱ្យ​លះ​បង់​អំពើ​ទោស និង​ទុក្ខ​និង​សោក​ចោល​ចេញ កុំ​ឱ្យ​មាន​នៅ​ក្នុង​សន្ដាន​ចិត្ត ព្រោះ​សេចក្ដី​សោក​ស្រណោះ​នេះ ឥត​អំពើ​ទេ ហើយ​ជា​មន្ទិល នាំ​ឱ្យ​សត្វ​វិលវល់​ក្នុង​វដ្តសង្សារ ត្រូវ​ឱ្យ​ជឿ​ថា​ជីវិត​មិន​ទៀង រូប​មិន​ទៀង រូប​នេះ​មិន​មែន​ជា​របស់​យើង។ល។ បើ​អ្នក​ឯណា​ប្រដៅ​ចិត្ត ឱ្យ​ចុះ​កាន់​គន្លង​ធម៌​បាន​ដូច្នេះ​ហើយ ព្រះ​ពុទ្ធ​ជា​ម្ចាស់​ទ្រង់​ត្រាស់​សរសើរ​ដូច​មាន​ន័យ​តទៅ​នេះ។

នរូ​អ្នក​ណា នឹង​នាំ​អាត្មា ឧស្សាហ៍​អធ្យោគ ស្វែង​ធម៌​ជា​ផ្លូវ ទៅ​កាន់​បរលោក ចូល​មហា​បាដិមោក្ខ គឺ​និព្វាន​ហោង។

អធិប្បាយ​ថា បើ​បុគ្គល​ឯណា​ខំ​ប្រឹង​ប្រែង ធ្វើ​ចិត្ត​ឱ្យ​ល្អ​ស្អាត សង្វាត​កោសរូស​កិលេស មាន​លោភៈ ទោសៈ មោហៈ ជាដើម ដែល​ជា​គ្រឿង​សៅហ្មង​ចិត្ត ឱ្យ​ស្ដើង​រលីង​អស់​ទៅ​នេះ​ហៅ “ស្វែង​ធម៌​ជា​ផ្លូវទៅ​កាន់​បរលោក” នឹង​បាន​នាំ​ខ្លួន ឱ្យ​បាន​សេចក្ដី​សុខ ទៅ​លោក​ខាង​មុខ “ចូល​មហា​បាដិមោក្ខ គឺ​និព្វាន​ហោង” លុះ​បាន​ឃើញ​ច្បាស់ នូវ​អរិយសច្ច​ធម៌​ទាំង ៤ តាម​ពិត​ហើយ​ក៏​កើត​សេចក្ដី​នឿយណាយ​ក្នុង​ខន្ធ​ទាំង ៥ ហើយ​ដំណើរ​ទៅ​តាម​ផ្លូវ​ធំ គឺ​ព្រះ​អដ្ឋង្គិមគ្គ​ជា​ផ្លូវ​ត្រង់ ចូល​ទៅ​កាន់​ស្ថាន​ព្រះ​បរម​និព្វាន ជា​ឯកន្តសុខ​នោះ​ឯង​ហោង។

ចប់​ច្បាប់ក្រម​បរិយាយ​ប៉ុណ្ណោះ​ហោង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments