អាចារ្យ សូរ ហាយ ក្រុមជំនុំប្រែព្រះត្រៃបិដក
រៀបរៀង
វីរិយកថា
អាចារ្យ សូរ ហាយ វត្តឧណ្ណាលោម ភ្នំពេញ ក្រុមជំនុំប្រែព្រះត្រៃបិដក ក្នុងក្រសួងពុទ្ធសាសនបណ្ឌិត្យ នៅព្រះរាជបណ្ណាល័យកម្ពុជា បានដកស្រង់ពីគម្ពីរផ្សេងៗ មានគម្ពីរសំយុត្តនិកាយជាដើមមកអធិប្បាយ។
នមត្ថុរតនត្តយស្ស
វាយមេថេវ បុរិសោ យាវ អត្ថស្ស និប្បទា
និប្ជន្នសោភណោ អត្ថោ ខន្ត្យា ភិយ្យោ ន វិជ្ជត។
ឥឡូវនេះនិងសម្ដែងព្រះសទ្ធម្មទេសនា ពណ៌នាអំពីសេចក្ដីព្យាយាម ដែលជាសាសនធម៌របស់ព្រះបរមលោកនាថមុនី ដើម្បីជាប្រយោជន៍ដល់សាសនិកជន អ្នកប្រាថ្នាសេចក្ដីសុខ សេចក្ដីចម្រើន និងកុសលសម្មាបដិបត្តិតាមសមគួរ ដូចសេចក្ដីដែលនិងអធិប្បាយពន្យល់ផ្លូវឱ្យកើតសតិបញ្ញាតទៅនេះ។
ជនទាំងឡាយដែលកើតមកក្នុងលោកនេះ មិនរើសថាជនជាតិណាឡើយ សុទ្ធតែមានធុរៈមុខការងារសម្រាប់ខ្លួនរាល់ៗរូបទាំងអស់ ជនជាគ្រហស្ថប្រុសស្រីមានធុរៈធ្ងន់ខាងរកទទួលទានចិញ្ចឹមជីវិត មានស្រែ ចម្ការ លក់ដូរ ឬធ្វើរាជការជាដើម ចំណែកខាងអ្នកបួសក៏ត្រូវមានធុរៈផ្ទាល់ខ្លួន ខាងផ្លូវសិក្សាប្រតិបត្តិធម៌វិន័យរបស់ព្រះសម្ពុទ្ធជាម្ចាស់។ មនុស្សទាំងអស់ដែលមានប្រភេទផ្សេងគ្នាក្ដី ដូចគ្នាក្ដី មានវ័យតិចច្រើនជាងគ្នាក្ដី ជំនាន់ដំណាលគ្នាក្ដី សុទ្ធតែជាអ្នកមានបែរឈមមុខទៅរកប្រកបការងារចិញ្ចឹមជីវិត ឬផ្លូវសិក្សាវិជ្ជាសម្មាបដិបត្តិតែរាល់ៗខ្លួន ឥតមានទំនេរសោះឡើយ ប៉ុន្តែការងារឬផ្លូវសិក្សាទាំងនោះសោត ក្រខ្លះ ងាយខ្លះ ធ្ងន់ខ្លះ ស្រាលខ្លះ សូម្បីធុរៈដែលត្រូវធ្វើនោះប៉ុនគ្នា ក៏គង់ផ្សេងគ្នាដោយសេចក្ដីព្យាយាមរបស់មនុស្សដែលខ្លាំងខ្សោយ ឬមានឧបាយអង់អាចជាងគ្នាមិនខាន។
មនុស្សដែលជាអ្នកតាំងចិត្តព្យាយាមមាំមួន មិនបណ្ដែតបណ្ដោយការងារដែលខ្លួនត្រូវធ្វើត្រូវប្រកបនោះ កម្រៃផលដែលកើតអំពីការព្យាយាមនោះក៏ច្រើន។ មនុស្សដែលមិនបានតាំងចិត្តព្យាយាម ឬក៏ព្យាយាមធ្វើទៅដោយខ្ជីខ្ជា ខ្ជិលច្រអូសមិនសូវយកចិត្តទុកដាក់ កម្រៃផលដែលកើតអំពីការព្យាយាមរបស់គេនោះក៏ស្ដើងស្ដួចតិចចុះតាមចំណែក។
សេចក្ដីព្យាយាម ឈ្មោះថាជាគុណធម៌នាំឱ្យសម្រេចផលប្រយោជន៍ តាមនិស្ស័យវាសនារបស់ខ្លួន ដូចយ៉ាងប្រយោជន៍បច្ចុប្បន្ន គឺ លាភ យស សរសើរ សុខ ជាអារម្មណ៍ដែលអ្នកផងគួរប្រាថ្នា ដែលយើងទាំងឡាយបានប្រទះឃើញហើយក្នុងកាលសព្វថ្ងៃនេះក្ដី ក្នុងកាលអនាគតដែលមិនទាន់មកដល់ តែគង់និងបានឃើញក្នុងកាលខាងមុខៗក្ដី លាភ យស សរសើរ សុខ ទាំងនេះដែលនិងកើតឡើងបាន សុទ្ធតែកើតមានឡើងមកអំពីអំណាចកម្លាំងសេចក្ដីព្យាយាមទាំងអស់ មិនមែន លាភ យស សរសើរ សុខ កើតមានឡើងមកអំពីអំណាចសេចក្ដីខ្ជិលច្រអូសឡើយពណ៌នាមកប៉ុណ្ណេះឃើញថា សេចក្ដីព្យាយាមពិតជាធម៌បញ្ជូនឱ្យកើតប្រយោជន៍យ៉ាងច្រើន មិនមែនតិចទេ។ សមដូចពុទ្ធភាសិតដែលបានលើកផ្ដើមទុកមកខាងដើមថា “បុគ្គលជាកូនប្រុស គួរព្យាយាមឱ្យណាស់ ទាល់តែសម្រេចប្រយោជន៍ ឯប្រយោជន៍យ៉ាងថ្លៃថ្លាដែលសម្រេចមកហើយ នោះមិនមានក្រៃលែងជាងខន្តីធម៌ទេ”។
ព្រះពុទ្ធឱវាទនេះហាក់ដូចព្រះសម្ពុទ្ធជាម្ចាស់ ត្រាស់ដាស់តឿនឱ្យព្យាយាមចំពោះតែបុរស មិនទួទៅទៅដល់ស្ត្រីផងឡើយ ត្រង់ណេះបើប្រសិនណាជាមានពាក្យគេឆ្លៀតសួរមកថា ព្រោះហេតុអ្វីបានជាពោលដាស់តឿនចំពោះតែបុរស ? ឆ្លើយថា មិនមែនដូច្នោះឡើយ ខាងស្ត្រីក៏ព្រះអង្គដាស់តឿនឱ្យព្យាយាមប្រកបកិច្ចធុរៈដែលល្មមធ្វើបានតាមចំណែកដូចគ្នា ប៉ុន្តែបានជាពោលប្រដៅយ៉ាងនោះ ដោយហេតុថាបុរសនោះពេញទីជាភ្នាក់ងារនៃសេចក្ដីព្យាយាមជាងស្ត្រី ព្រោះថាធម្មជាតិជាតិជាបុរសជាមនុស្សមានទម្រង់រាងកាយស្រលួតស្រឡះមានឫកពាក្លៀវក្លា ទាំងកម្លាំងក៏រឹងប៉ឹង និងជាអ្នកចេះអត់ ធន់ទ្រាំទ្រកិច្ចការធ្ងន់ៗ គ្រាន់បើជាងស្ត្រី អាចនឹងទទួលធុរៈក្រលំបាកដែលកើតអំពីការព្យាយាមប្រកបកិច្ចការទាំងពួងជាងស្ត្រី ម្យ៉ាងទៀត បុរសជាមនុស្សមោះមុតអង់អាចជាងស្ត្រី ដូចការស្វះស្វែងរកចំណេះវិជ្ជាឬប្រយោជន៍អ្វីមួយក្នុងលោកនេះក្ដី លោកខាងមុខក្ដី ក៏បុរសនេះឯងជាអ្នកមានទំនងគួរធ្វើប្រយោជន៍បានច្រើនយ៉ាងជាងស្ត្រី រួមសេចក្ដីថាបុរសជាប្រធានឬជាទីតាំងនៃសេចក្ដីព្យាយាម ហេតុដូច្នោះទើបលើកឡើងដាស់តឿនឱ្យព្យាយាមជាមុន។
ចំណែកស្ត្រីជាមនុស្សមានរាងកាយទន់ភ្លន់ កម្លាំងខ្សោយនិងសេចក្ដីវាងវៃតិច មិនសមនឹងទទួលកិច្ចការក្រលំបាកបានងាយដូចបុរស ដូចយ៉ាងពលទាហានឬនាហ្មឺនមុខមន្ត្រីធំៗ ក៏សុទ្ធតែប្រុស ព្រោះឃើញថាជាអ្នកឈ្លាសវៃជាងស្ត្រី បុរសឈ្មោះថាជាភ្នាក់ងារក្នុងការបង្ក្រាបសត្រូវ ឈ្មោះថាជាអ្នកមានតំណែងឥស្សរភាពច្រើនជាងស្ត្រី តែស្ត្រីក៏ត្រូវព្យាយាមចាប់ការងារតាមចំណែកដែលល្មមធ្វើបានដូចគ្នា។
ព្រោះហេតុនោះ ជនទាំងឡាយដែលកើតមកជាកូនប្រុសត្រូវប្រឹងប្រែងប្រកបការងារក្នុងផ្លូវលោកនេះ ដូចខំសិក្សាស្វែងរកវិជ្ជាណាមួយ មានវិជ្ជាខាងរដ្ឋបាល តុលាការ ឬវិជ្ជាខាងហត្ថកម្ម ការជាង មានជាងមាសប្រាក់ជាដើម ដែលខ្លួនស្មគ្រចិត្តធ្វើនោះ គឺធ្វើឬប្រកបការនោះៗ ឱ្យមាំមួន កុំបីធ្វេសប្រហែសបណ្ដែតបណ្ដោយឡើយ ត្រូវតែក្រវើនក្រតើនឡើងដើម្បីនឹងធ្វើដំណើរវិជ្ជាសេចក្ដីឆ្លាសរបស់ខ្លួន ឱ្យរូតរះឱ្យទាន់កាលសម័យព្រោះសម័យ ពោលគឺរបៀបបែបផែនច្បាប់ទម្លាប់និងចំណេះវិជ្ជាជាដើម ក្នុងកាលឥឡូវនេះ កាន់តែស្រូតរូតជឿនលឿនប្លែកៗ ទៅជាងធម្មតាហើយ លុះតែខំព្យាយាមប្រឹងកង្ខើញឱ្យណាស់ ទើបនឹងបានស្រូបឡើងទាន់កាលសម័យ ក៏បុគ្គលដែលមានគំនិតភ្ញាក់ឡើងទាន់សម័យនេះ ចាត់ថាជាមនុស្សសប្បុរសមួយ ហៅថា កាលញ្ញុតា ប្រែថាអ្នកស្គាល់កាលសម័យ។
បុគ្គលដែលមានគំនិតលន់លក់មិនងើបឡើងចាប់ព្យាយាមឱ្យទាន់កាលសម័យ និងវ័យរបស់ខ្លួននៅកំពុងចម្រើន ចេះតែបង្អង់ៗទៅ មិនដឹងកាលវិនាសកាលចម្រើន ដែលកម្មបណ្ដាលឱ្យកើតឡើង ហៅថា អកាលញ្ញុតា ប្រែថាអ្នកមិនស្គាល់កាលចាត់ជាអសប្បុរសម្យ៉ាង ន័យនេះមានព្រះពុទ្ធឱវាទដែលព្រះអង្គទ្រង់ដាស់តឿនក្រើនរំឭកទុកមកថា
ឧដ្ឋានកាលម្ហិ អនុដ្ឋហានោ
យុវា ពលី អាលសយំ ឧបេតោ
សំសន្នសង្កប្បមនោ កិសីតោ
បញ្ញាយ មគ្គំ អលសោ ន វិន្ទតិ។
សេចក្ដីថា បុគ្គលមានវ័យគឺអាយុនៅក្មេង កំពុងមានកម្លាំង តែផ្អែកនឹងខ្ជិលច្រអូសមិនមានព្យាយាមរវៀសរវៃក្នុងកាលដែលមានទំនងគួររវៀសរវៃ មានចិត្តត្រិះរិះជាប់ចំពាក់មាំក្នុងកាមគុណ មារយាទព្រាំព្រាល[១] ច្រអូសកាយច្រអូសចិត្តមិនដែលបាន (ប្រទះ) នឹងផ្លូវបញ្ញាឡើយ។ ឱវាទនេះបំភ្លឺឱ្យឃើញថា មនុស្សប្រុសស្រីក្នុងលោកដែលកើតមកហើយ មានរាងកាយធំធាត់ ឥតមានពិការខូចអវយវៈណាមួយ មានកំបុតដៃជាដើមទេ ទាំងវ័យក៏នៅក្មេង ល្មមនិងចាប់ផ្ដើមព្យាយាមប្រកបកិច្ចការផ្លូវលោកឬផ្លូវធម៌ ឱ្យទាន់សម័យដែលខ្លួនកំពុងពេញកម្លាំងនៅឡើយ គួរតែប្រញាប់ប្រឹងប្រែងកុំឱ្យហួសសម័យនោះទាន់ មិនគួរនឹងបណ្ដែតបណ្ដោយឱ្យវ័យអស់ទៅតាមយប់និងថ្ងៃកន្លងបាត់ទៅទទេៗសោះ គួរស្ដាយវ័យរបស់ខ្លួនណាស់ មិនគួរបើនិងដំអក់ឱ្យធ្លោយសោះឡើយ ព្រោះជាន់បឋមវ័យ រវាងពីអាយុ ៦ ឬ ៧ ឆ្នាំឡើងទៅទល់នឹង ៣០ ឆ្នាំនេះជាឱកាសដ៏ធំទូលាយងាយនិងងាករេរកកិច្ចធុរៈ ដែលខ្លួនស្មគ្រចិត្ត ចំណែកខាងគ្រហស្ថ ទោះបីរៀនអក្សរ រៀនច្បាប់ទម្លាប់ឬរៀនខាងហត្ថកម្មគឺធ្វើការជាង មានជាងមាស ឬជាងធ្វើរថយន្តជាដើម ខាងបព្វជិត និងចាប់រៀនសូត្រព្រះបរិយត្តិក៏បានងាយ ព្រោះកម្លាំងកាយ កម្លាំងស្មារតីនៅកំពុងបរិបូណ៌។ វ័យជាន់ដំបូងនេះ ពេញហៅមានទំនងនាំឱ្យកើតប្រយោជន៍តវែងទៅមុខមិនតិចឡើយ ទោះជាយ៉ាងណាក៏ងាយនិងត្រិះរិះរកឧបាយផ្សេងៗទៀត តែបើបណ្ដោយឱ្យសេចក្ដីខ្ជិលច្រអូសឬសេចក្ដីស្រវឹងជ្រុលជ្រប់ក្នុងកាមគុណចូលគ្របសង្កត់បានហើយ សូម្បីចំណេះវិជ្ជាឬប្រយោជន៍អ្វីមួយ ដែលមានទំនងគួរនិងចេះ គួរនិងបានមានកើតឡើងក៏គង់តែត្រឡប់វិនាសទៅវិញពុំខាន ឯសេចក្ដីខ្ជិលនេះ មានអាការៈជាទោសធ្វើឱ្យខូចប្រយោជន៍ច្រើនយ៉ាងណាស់ ចំណែកសេចក្ដីព្យាយាមជាគុណជួយជ្រោមជ្រែងឱ្យបានសេចក្ដីសុខទាំងលោកនេះនិងខាងមុខ។ សមដូចបាលីដែលសម្ដែងអំពីតំណនៃសេចក្ដីខ្ជិលនិងសេចក្ដីព្យាយាមថា
អតិសិតំ អតិឧណ្ហំ អតិសាយមិទំ អហុ
ឥតិ វិស្សដ្ឋកម្មេន្ត អត្ថា អច្ចេន្តិ មាណវេ ប៉ុណ្ណេះជាដើម
សេចក្ដីថា ប្រយោជន៍ទាំងឡាយ តែងកន្លងហួស មាណពគឺមនុស្សកំលោះ ដែលលះបង់ការងារត្រូវធ្វើនោះចោលដោយទម្រន់អាងថា ពេលនេះរងាណាស់ នៅក្ដៅណាស់ ល្ងាចជ្រុលណាស់។ តែបើជនឯណា កាលដែលកំពុងធ្វើការដែលបុរសត្រូវធ្វើនោះ មិនសម្គាល់ត្រង់ត្រជាក់ ត្រង់ក្ដៅ (មកជាប្រមាណ) ដោយក្រៃលែងជាងស្មៅ គឺថាដាក់ខ្លួនទុកដូចជាស្មៅ ជននោះនឹងមិនសាបសូន្យអំពីសេចក្ដីសុខឡើយ។
សេចក្ដីនេះពន្យល់ឱ្យឃើញថា បុគ្គលដែលត្រូវការប្រារព្ធព្យាយាមយកចិត្តទុកដាក់ធ្វើកិច្ចការអ្វីមួយ ត្រូវកុំស្ដាយសាច់ឈាមពណ៌សម្បុរ កុំទម្រន់ កុំខ្លាច កុំរអា កុំរួញរានឹងសេចក្ដីទុក្ខព្រួយហត់នឿយ ដែលកើតអំពីការព្យាយាមនោះឱ្យសោះ ព្រោះថាកិច្ចការទាំងឡាយក្នុងលោកនេះ ដែលគេត្រូវព្យាយាមគឺថាត្រូវចុះដៃធ្វើ ទោះបីធ្វើដោយកម្លាំងឬដោយកម្លាំងតម្រិះគិតគូរ តែងតែនិងមានឧបសគ្គគឺឧបទ្រពទុក្ខភ័យចង្រៃ ចូលមកច្រៀតជ្រែកប្រកួតប្រណាំងគ្នានឹងកិច្ចការនោះៗជាធម្មតា ការចាប់ផ្ដើមព្យាយាមកិច្ចធុរៈនីមួយៗនេះដំបូងឡើយ តែងប្រទះទុក្ខព្រួយនឿយលំបាកខ្លះជាទំនៀម សូម្បីព្យាយាមក្នុងផ្លូវកុសលសុចរិត ក៏គង់បានទុក្ខលំបាកដូចគ្នា តែទុក្ខលំបាកនេះរមែងឱ្យផលមកជាសុខក្នុងកាលខាងក្រោយ ហេតុដូច្នោះ កាលបើបុគ្គលមានព្យាយាមហើយត្រូវឱ្យមានខន្តី សេចក្ដីអត់ធន់ មកជាគូគ្នានឹងវីរិយ ដើម្បីជាជំនួយវីរិយ ឱ្យតាំងនៅមាំមួន ខន្តិធម៌នេះជាធម៌សម្រាប់ជីក ឬឆ្កឹះចោលនូវទុក្ខព្រួយ ឬថាជាភាវៈខាងជម្នះនូវទុក្ខ ដែលកើតអំពីសេចក្ដីព្យាយាមនោះៗ ខន្តីធម៌នេះរាប់ថាជាជើងសម្រាប់ជួយជ្រោមជ្រែងទប់ទល់វីរិយទុកកុំឱ្យលើកលះចោលកិច្ចធុរៈ ដែលត្រូវធ្វើនោះចេញបាន ឯវីរិយនេះកាលបើមានខន្តីជាគូហើយទុកជាប្រទះអារម្មណ៍ ដែលគួរឱ្យកើតទុក្ខភ័យចូលមករឹបជាន់យ៉ាងណាក៏ដោយ ក៏មិនរុះរើលះកិច្ចធុរៈនោះចោលបាន ព្រោះមានខន្តីធម៌នេះជាកម្លាំងជួយគាំពារ វីរិយនិងខន្តី ទាំងពីរនេះជាធម៌ជាន់ខ្ពស់ មានគុណានិសង្សធំទូលាយយ៉ាងក្រៃលែង សូម្បីព្រះសម្មាសម្ពុទ្ធក៏ព្រះអង្គទ្រង់បានបំពេញមកហើយដែលហៅវីរិយបារមី ខន្តីបារមីនោះឯង។ មួយវិញទៀត វីរិយនិងខន្តីនេះ កាលបើមានបុគ្គលណាហើយ តែងនឹងបបួលដឹកអន្ទងបុគ្គលនោះឱ្យក្លាហាន ប្រកបកិច្ចធុរៈគ្រប់យ៉ាង ប្រមូលសេចក្ដីអធិប្បាយមកថា បុគ្គលអ្នកប្រកបដោយវីរិយផ្លូវកាយនិងផ្លូវចិត្តហើយនិងខន្តីសេចក្ដីអត់ធន់ ដូចថ្លែងមកនេះអាចនិងបដិសេធទុក្ខភ័យទាំងពួងបាន លែងមានញាប់ញ័រតក់ស្លុតនឹងអារម្មណ៍ដែលប៉ះពាល់មកនោះឡើយ លុះខាងក្រោយមក ក៏ឱ្យផលយ៉ាងវិសេស ទៅជាមនុស្សខ្ពង់ខ្ពស់មានឈ្មោះល្បីល្បាញឡើង ដោយអំណាចវិជ្ជាដែលកើតអំពីការប្រឹងប្រែងអត់ធន់នោះមក កាលបើសម្បូណ៌ដោយវិជ្ជាហើយ ទោះបីធ្លាប់ជាអ្នកកំព្រាគ្មានមិត្រសម្លាញ់ ឬជាអ្នកក្រទ្រព្យសម្បត្តិមកអំពីដើម ឬជាអ្នកថោកទាបដោយរូបសម្បត្តិយ៉ាងណា ក៏គង់ត្រឡប់ទៅជាមនុស្សថ្កុំថ្កើងរុងរឿងគ្រប់យ៉ាងទាំងអស់បាន ព្រោះហេតុដូច្នោះជនទាំងឡាយគ្រប់គ្នា ទោះអ្នកមានសម្បត្តិស្ដុកស្ដម្ភក្ដី ខ្សត់ក្ដី គួរតែខំព្យាយាមស្វះស្វែងរកវិជ្ជាដែលជាគុណសម្បត្តិ គឺជាលម្អយ៉ាងខ្ពស់សម្រាប់ខ្លួន។ ឯបុគ្គលមានភោគសម្បត្តិនិងរូបសម្បត្តិហើយ តែបើគ្មានវិជ្ជាសម្បត្តិទៀត ក៏ទុកដូចជាមនុស្សក្រីក្រសម្បត្តិ ទុកដូចជាមនុស្សពិការ មិនរុងរឿងក្នុងត្រកូលនោះឡើយ សមដូចសុភាសិតថា “រូបយោនព្វនសម្បន្នោ វិសាលកុសលសម្ភវោ វិជ្ជាហីនោ ន សោភេតិ និគន្ធា ឥវកឹសុកា” សេចក្ដីថា “បុគ្គលបានកើតក្នុងត្រកូលខ្ពស់ បរិបូណ៌ដោយរូបនិងវ័យហើយ (តែបើ) សាបសូន្យចាកវិជ្ជា រមែងមិនល្អឡើយ ដូចគ្នានិងផ្កាជា (គ្រាន់តែមានពណ៌ក្រហមច្រាលមែន) តែរកក្លិនក្រអូបគ្មាន។ ពុទ្ធភាសិតនេះគប្បីឃើញថាវិជ្ជានេះពិតជាគុណជាតិវិសេសមែន ដែលជាផលបណ្ដាលចេញមកថ្មីៗអំពីវីរិយនិងខន្តី ដូចពណ៌នាមក ឯពាក្យថា វិជ្ជា សំដៅយកវិជ្ជាទាំងផ្លូវលោកផ្លូវធម៌ ដែលប្រព្រឹត្តទៅដោយប្រពៃប្រាសចាកទោសទុច្ចរិតទាំងអស់។
សេចក្ដីព្យាយាមខ្មីឃ្មាតនេះជាធម៌ទាក់ទងបែកសាខាច្រើនស្ថានណាស់ ដូចក្នុងប្រធានសូត្រ ព្រះលោកនាថមុនីទ្រង់សម្ដែងទុកមក ដោយមហាករុណា ចង់ឱ្យពួកប្រជាជនក្នុងលោកបានសេចក្ដីសុខសេចក្ដីចម្រើន ព្រះអង្គទ្រង់ដាស់តឿនពន្យល់ទុកមកបាលីថា “សំវរោ ច មហានព្ចា ភាវនា អនុរក្ខនា ឯតេ ចត្តារោ បធានា ទេសិតា ទិច្ចពន្ធុនា យេហិ ភិក្ខុ ឥធាតាបី ខយំ ទុក្ខស្ស បាបុណេ” អធិប្បាយថា ” បធានគឺធម៌ជាគ្រឿងតាំងផ្ដួចផ្ដើមទាំងឡាយ ៤ យ៉ាងនុ៎ះគឺ ”
១- សំវរោ ព្យាយាមរារាំងមិនឱ្យបាបអកុសលដែលនៅមិនទាន់កើត កុំឱ្យកើតឡើងបាន គឺប្រយត្នឥន្ទ្រីយ៍ទាំង ៦ គឺ ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត កុំឱ្យកើតសោមនស្ស ឬទោមនស្ស ក្នុងវេលាដែលភ្នែកឃើញរូប ត្រចៀកឮសំឡេង ច្រមុះធុំក្លិន អណ្ដាតលិទ្ធរស កាយពាល់ត្រូវ ចិត្តស្រាវជ្រាវរកអារម្មណ៍តាមផ្លូវមនោទ្វារ គួរប្រយត្នឥន្រ្ទិយ ៦ យ៉ាងនេះកុំឱ្យលុះអំណាចឬចាញ់បញ្ឆោតអារម្មណ៍ទាំងនេះបាន កាលបើទូន្មានតន្រ្ទិយបានហើយ បាបអកុសលដែលបម្រុងនឹងកើតឡើងក៏កើតមិនបាន។
២- បហានំ ព្យាយាមលះបាបដែលកើតហើយ គឺបាបដែលកើតឡើងព្រោះខ្លួនល្ងង់ខ្លៅ ឬកើតឡើងដោយរឹងរូសចចេសធ្វើក្នុងកាលមុនៗ ព្រោះមិនធ្លាប់បានស្ដាប់ មិនធ្លាប់បានសិក្សាធម៌វិន័យរបស់ព្រះអរិយជាម្ចាស់ លុះខាងក្រោយមកកាលបើគិតឃើញហើយ គួរតែលះបង់ចោលអំពីបាបទាំងនោះឱ្យស្រឡះចេញ ត្រូវតាំងចេញថានិងលែងប្រព្រឹត្តល្មើសធ្វើដូច្នោះទៀត។
៣- ភាវនា ព្យាយាមញាំងកុសលឬបំពេញឱ្យមានឡើងក្នុងសន្ដាន កុសលដែលនៅមិនទាន់កើតគួរព្យាយាមធ្វើឱ្យកើតឡើង ព្រោះបាបអកុសលដែលជាចំណែកទុច្ចរិតលះចេញទៅហើយនោះ ត្រូវបំពេញកុសលដែលជាចំណែកសុចរិតឱ្យមានឡើងជំនួស ដើម្បីកុំឱ្យមានឱកាសឱ្យបាបមានចន្លោះកើតឡើងបានទៀត។
៤- អនុរក្ខនា ព្យាយាមរក្សាកុសលសេចក្ដីល្អរបស់ខ្លួនទុក ដែលខ្លួនបានធ្វើមកហើយក្នុងកាលមុន មិនឱ្យសាបសូន្យទៅដោយអាការធ្វេសប្រហែស ព្រោះថារបស់ឯណាដែលបានធ្វើកើតឡើងហើយក្នុងកាលមុន ៗ ខាងក្រោយមកត្រូវរក្សាវាំងរឿយ ៗ ទើបរបស់នោះចម្រើនឡើងបាន ឧទាហរណ៍ ដូចយ៉ាងធម៌អាថ៌ឬវិជ្ជាច្បាប់ទំលាប់អ្វីក៏ដោយ ដែលទន្ទេញចាំហើយត្រូវតែឧស្សាហ៍សូត្ររឿយ ៗ ទើបនិងចាំជាប់នៅយូរបាន ប្រធានទាំង ៤ យ៉ាងនេះ ព្រះសម្ពុទ្ធជាម្ចាស់ព្រះអង្គជាអទិច្ចវង្ស[២] ទ្រង់សម្ដែងហើយ ភិក្ខុក្នុងសាសនានេះជាអ្នកតែងតែបានព្យាយាមធ្វើកិលេសឱ្យរីងស្ងួតដោយបធានធម៌ដែលពោលមកនេះ ទើបនិងបានដល់នូវកិរិយាអស់ទៅនៃទុក្ខទាំងពួងបាន។
សេចក្ដីព្យាយាមនេះ កាលបើបុរសស្ត្រីចេះប្រកបលៃលកត្រូវផ្លូវដែលមានទំនងត្រង់ទៅរកសេចក្ដីចម្រើនហើយ តែងញាំងប្រយោជន៍ឱ្យសម្រេចគ្រប់យ៉ាង សមតាមសេចក្ដីប្រាថ្នារបស់ខ្លួនជាប្រាកដ ដូចយ៉ាងបុរសអ្នកបំរើរបស់ចុល្លកសេដ្ឋី កាលដើមដំបូងរើសបានកណ្ដុរងាប់មួយ យកកណ្ដុរនោះទៅលក់ធ្វើដើមទុនប្រកបការលក់ដូរ សន្សំឡើងម្ដងបន្តិច ៗ មិនយូរប៉ុន្មានក៏បានទ្រព្យសម្បត្តិកាន់តែច្រើនឡើង ទាល់តែបានជាសេដ្ឋីធំ សមដូចពុទ្ធភាសិតគាថា ត្រាស់សរសើរបុគ្គលអ្នកមានគំនិតល្អថា
អប្បកេនបិ មេធាវី បាភដេន វិចក្ខណោ
សមុដ្ឋាបេតិ អត្តានំ អណុំ អគ្គឹវ សន្ថមំ
សេចក្ដីថា បុរសស្ត្រី អ្នកមានប្រាជ្ញា ចេះកាញ់គ្នេរទ្រព្យសម្បត្តិ ប្រកបកិច្ចការចិញ្ចឹមជីវិតសមហេតុផលល្អ រមែងតម្កល់ខ្លួនឡើងទៅជាមនុស្សខ្ពង់ខ្ពស់បាន ដោយសារទ្រព្យដើមទុនតែបន្តិចប៉ុណ្ណោះ ដូចជាមនុស្សអ្នកបង្កាត់ភ្លើងរងើកតូចមួយគង់បង្កាត់ឱ្យទៅជាភ្លើងឆេះធំឡើងបាន។ បុគ្គលអ្នកមានព្យាយាមធ្វើតៗ ទៅមិនដាច់មិនស្រាកក្នុងកិច្ចការរបស់ខ្លួនតែងបានសម្រេចប្រយោជន៍ឃើញទាន់ហន់។
ព្រោះហេតុដូច្នោះ ជនទាំងឡាយរាល់រូប កាលបើនឹកឃើញ ថាអាត្មាអញជាអ្នកចៀសវាងចេញចាកការងារមិនផុតហើយ គួរតែចុះចាប់ផ្ដើមព្យាយាមឱ្យមាំមួន កុំបីធ្វេសប្រហែសត្រូវតែតាំងចិត្តឱ្យក្លាហាន ក្នុងការប្រឹងប្រែងនេះកុំទម្រន់ឱ្យសោះ ត្រូវតែតាំងព្យាយាមតម្កល់ទុកចិត្តឱ្យជាប់មាំ ប្រកបដោយអង្គ ៤ ដូចបាលីថា កាមំ តចោ ន្ហារុ ប អដ្ឋិ ច អវស្សតុ អវស្សុស្សតុ មេ សរីរេ សព្វន្តំ មំសលោហតំ សេចក្ដីថាសាច់ឈាមទាំងអស់ក្នុងសរីរាង្គកាយរបស់អញ រីងស្ងួតស្វិតស្រពោនទៅចុះ នេះជាអង្គ ១ សូមនៅសល់តែស្បែកជាអង្គ ១ សូមឱ្យនៅសល់តែសរសៃជាអង្គ ១ សូមឱ្យនៅសល់តែឆ្អឹងជាអង្គ ១ កម្រៃផលឯណាដែលមិនទាន់កើតឡើងដោយកម្លាំងប្រឹងប្រែងទេ អញនឹងមិនត្រូវឈប់លែងចោលចាកព្យាយាមឡើយ។
បុគ្គលជាអ្នកបួសឬគ្រហស្ថប្រុសស្រីក្មេងចាស់ណាមួយ កាលបើប្រកបព្យាយាមមាំមួនដូចន័យពោលមកនេះហើយ បុគ្គលនោះឯងគង់នឹងបានសេចក្ដីសុខសេចក្ដីចម្រើនក្នុងលោកនេះនិងលោកខាងមុខពុំខាន ព្រោះសេចក្ដីព្យាយាមនេះជាគន្លងហូរមកនូវផលយ៉ាងវិសេសវិសាល ឃើញជាក់ច្បាស់។ ម្យ៉ាងទៀតបុគ្គលដែលជាអ្នកមានព្យាយាម ទោះបីទៅនៅក្នុងប្រទេសណា សូម្បីប្រទេសនោះខ្សត់ខ្សោយវិជ្ជាសេចក្ដីចេះដឹងពុំសូវមានមនុស្សរៀនសូត្រចេះដឹងច្រើន ឬក៏ប្រទេសនោះមានព្រៃឈើញាតស្បាត ដីជង្ហុកថ្លុកក្រហេងក្រហូង មិនជាទីសប្បាយយ៉ាងណាក៏ដោយ ក៏គង់ត្រឡប់ឡើងទៅមានមនុស្សចេះដឹងច្រើន ទៅជាប្រទេសស្រឡះរាបស្មើ មានទាំងផ្លូវថ្នល់ខ្វាត់ខ្វែង ថ្កើងរុងរឿងគួរជាទីរីករាយសប្បាយទៅបាន (ដូចយ៉ាងប្រទេសដីក្រុងភ្នំពេញទាំងមូល ឬសាលាបាលី ព្រះរាជបណ្ណាល័យនិងក្នុងទីវត្តលង្កា ឧណ្ណាលោមជាដើម) ធៀបមើលចុះក្នុងកាលពីដើមនិងកាលឥឡូវនេះគង់ឃើញបានជាសេចក្ដីចម្រើនដោយវិជ្ជាការចេះដឹង និងថ្កើងរុងរឿងក៏កាន់តែស្ទុះជឿនលឿនឡើងប្លែកជាងពីដើមណាស់ ការចេះដឹងផ្សព្វផ្សាយចេញទៅខេត្ត ខណ្ឌនានា និងការរុងរឿងដែលកើតឡើងទាំងនេះ គឺកើតមកអំពីកម្លាំងស្នាដៃរបស់លោកអ្នកមានព្យាយាមម៉្យាង មិនមែនកើតអំពីមនុស្សខ្ជិលច្រអូសឡើយ។ សេចក្ដីព្យាយាមនេះមានគុណានិសង្សជាអនេក អាចនឹងនាំបណ្ដាលឱ្យសេចក្ដីចម្រើនកុះករដោយដោយវិជ្ជាសេចក្ដីឈ្លាសគ្រប់យ៉ាងផង សេចក្ដីព្យាយាមឈ្មោះថាដូចជាចន្ទល់ ជួយជ្រោមជ្រែងឱ្យបានសុខក្សេមក្សាន្តដល់មនុស្សអ្នកប្រាថ្នាល្អ និងបានកន្លងបង់នូវទុក្ខគ្រប់យ៉ាងមានទុក្ខនិងក្រីក្រទ្រព្យសម្បត្តិនិងល្ងង់ខ្លៅជាដើម សេចក្ដីព្យាយាមឈ្មោះថាជាទម្ពក់ថ្ពក់យកនូវសេចក្ដីសេចក្ដីចម្រើន ឱ្យចូលមកក្នុងកណ្ដាប់ដៃរបស់ខ្លួនបាន សេចក្ដីព្យាយាមនេះព្រះសម្ពុទ្ធលោកុត្តមាចារ្យ ព្រះអង្គទ្រង់សម្ដែងទុកមកឃើញក្នុងធម៌ច្រើនស្ថានណាស់ ដូចក្នុងឥន្រ្តិយ ៥ ហៅថា វីរិយិន្រ្ទិយំ ក្នុងពល ៥ ហៅថាវីរិយ
ពលំ ក្នុងពោជ្ឈង្គ ៧ ហៅថា វីរិយសម្ពោជ្ឈង្គោ ក្នុងអង្គមគ្គ ៨ ហៅថា សម្មាវាយាមា ក្នុងវេសារជ្ជករណធម៌ ហៅថា វិរិយំ សព្ទទាំងអស់នេះ រួមមកហៅថា ព្យាយាមតែមួយម៉ាត់ប៉ុណ្ណេះ ក៏ពាក្យថាព្យាយាម គឺជាពាក្យសំស្ក្រឹតក្លាយមកពីពាក្យថា វ្យាយាម ប្រែថា ឈានទៅមិនឈប់ ក៏ឯពាក្យថាព្យាយាមនេះ មានសព្ទសម្គាល់ហៅផ្លាស់ប្ដូរតាមលក្ខណៈច្រើនយ៉ាងទៅទៀត ដូចពាក្យថា វីរិយ ព្រោះជាហេតុក្លៀវក្លាមិនរួញរា ឧដ្ឋាន ព្រោះជាហេតុខ្មីឃ្មាតរលះរលាំង ធិតិព្រោះជាហេតុតាំងនៅមាំមួន អដ្ឋិតិ ព្រោះជាហេតុខ្ជាប់ខ្ជួនមិនបង្អង់ វាយាមៈ ព្រោះជាហេតុឈានទៅមិនឈប់ បរក្កម ព្រោះជាហេតុមិនត្រឡប់ថយក្រោយ បធានៈ ព្រោះជាហេតុតាំងផ្ដួចផ្ដើមមិនផ្អាកទុកទាំងកណ្ដាលការដែលត្រូវធ្វើ បគ្គាហៈ ព្រោះជាហេតុផ្គូផ្គងជាប់តៗទៅ សព្ទទាំងនេះសុទ្ធតែជាលក្ខណៈរបស់វីរិយ ជាពាក្យសម្រាប់ប្រើផ្លាស់ប្ដូរកុំឱ្យសាំដដែលៗ តែក៏គង់រួមខ្លីមកហៅថា ព្យាយាម ដូចគ្នាក៏បាន។
ព្រោះហេតុដូច្នោះ ជនទាំងឡាយគ្រប់ចំពួកគួរតែខំប្រឹងប្រែង ស្វះស្វែងរកវិជ្ជាសម្រាប់ដៃរបស់ខ្លួន ឬស្វែងរកធនធានទ្រព្យសម្បត្តិឱ្យត្រូវតាមសម្មាអាជីវៈក្នុងផ្លូវសុចរិតទាំងអស់ មួយវិញទៀត អ្នកដែលមានកូនចៅត្រូវតែដាស់តឿននិងជួយទំនុកបម្រុងផ្ចុងផ្ដើមកូនចៅបងប្អូនរបស់ខ្លួន ឱ្យខំសិក្សារៀនសូត្រឱ្យមាំមួនទាន់វាមានវ័យនៅក្មេង កុំបណ្ដែតបណ្ដោយតាមទំនើងអំពីចិត្តក្មេងនោះឡើយ។
សម្ដែងរៀបរាប់ក្នុងវីរិយកថា ក៏សន្មតថាចប់ដោយប្រការដូច្នេះឯង។
[១]គំនិតឡេះឡោះ។
[២]ប្រែជាពូជពង្សនៃព្រះអាទិត្យ ព្រោះសម័យដើមពួកក្សត្រប្រកាន់ថាគេជាវង្សត្រកូលនៃព្រះអាទិត្យ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៧ ខ្សែទី៩