ច្បាប់​កូនចៅ​ (ខ្មែរ​សុ​រិ​ន្ទ្រ​)

នានាកាព្យ

ន័យរបស់ច្បាប់កូនចៅនេះរបស់បងប្អូនខ្មែរសុរិន្ទ្រ ដែលចារនៅឆ្នាំ១៩២៩គឺការអប់រំឬការប្រៀន​ប្រដៅកូនចៅ ដើម្បីបំពត់ចិត្តគំនិតមនោសញ្ចេតនានិងការប្រព្រឹត្តតាមគន្លងធម៌នៃព្រះពុទ្ធសាសនា។

តាមខ្លឹមសារនៃកំណាព្យខាងក្រោមនេះ យើងអាចឃើញការបង្ហាត់បង្រៀនកុលបុត្រកុលធីតាខ្មែរនៅលើទឹកដីថៃបច្ចុប្បន្ន តាមរបៀបបុរាណឱ្យស្គាល់ដឹងអំពីតម្លៃនៃសីលធម៌ដ៏ខ្ពង់ខ្ពស់ដែលជាកេរ្តិ៍មត៌កពីឪពុកម្តាយចំពោះកូន។

ពិសេសទៅទៀតគោលដៅនៃការអប់រំ នៅក្នុងភូមិភាគឥសានក្នុងប្រទេសថៃបច្ចុប្បន្នគឺធ្វើយ៉ាងណាឱ្យកូនចៅខ្មែរទាំងនោះចេះដឹងខុស ដឹងត្រូវ និងខិតខំរៀនសូត្រ ដោយប្រើពាក្យពេចន៍ទន់ភ្លន់ហើយបង្កប់នូវអត្ថន័យស៊ីជម្រៅ មិនខុសពីស្ថានភាពនៅប្រទេសកម្ពុជាឡើយដូចឃ្លា “ កើតមកពីរៀន មានមកពីរក ” ដែលបានកើតឡើងតាមសភាវៈ ជាមត៌កហើយដើម្បីឱ្យមនុស្សមានសតិសម្បជញ្ញៈ​ជាសក្ខីភាព។ បើនិយាយម្យ៉ាងទៀតចាស់ៗបុរាណខ្មែរនៅប្រទេសថៃបច្ចុប្បន្ន បានយល់យ៉ាងច្បាស់ថាការរៀនសូត្រគឺជាសម្បត្តិមួយ ដែលខកខានពុំបានក្នុងសង្គមជាតិ  ហើយអត្ថប្រយោជន៍បានមកពីការរៀនសូត្រ គឺការធ្វើកិច្ចការបានល្អប្រពៃរីឯការចិញ្ចឹមជីវិតក៏ដូច្នេះដែរ។

នៅក្នុងប្រទេសថៃបច្ចុប្បន្ន ជាពិសេសនៅក្នុងភាគឥសាននៃប្រទេស គេតែងឃើញមានសាស្ត្រាស្លឹករឹត សរសេរជាភាសាខ្មែរយ៉ាងច្រើននៅតាមវត្តអារាមក្នុងខេត្តមួយចំនួន ដែលបានសរសេរចម្លងនៅចុងស.វ.ទី១៩ និងដើម ស.វ.ទី២០ ដើម្បីបង្ហាត់បង្រៀនកូនចៅឱ្យ​ប្រព្រឹត្តិតែអំពើល្អ។ សាស្ត្រាទាំងនោះមានសភាពដូចគ្នានឹងសាស្ត្រានៅប្រទេសកម្ពុជាបច្ចុប្បន្នយើង ក៏ប៉ុន្តែចួនកាលមានប្រើពាក្យពេចន៍មួយចំនួនអានតាមសំនៀងភាសាសៀមទៅវិញ ដូចជាពាក្យ ស្វ័ន នៅទីនេះជាដើម។ តាមធម្មតា ពាក្យនេះមានប្រភពចេញពីភាសាសំស្ក្រឹត ( ស្វគ៌ ) ដែលមានន័យថា ស្ថានសួគ៌។ សេចក្តីប្លែកខុសគ្នា ដែលកើតមានឡើងគឺការអានតាមភាសាថៃតែប៉ុណ្ណោះ។ យ៉ាងណាមិញក្នុងច្បាប់កូនចៅខ្មែរសុរិន្ទ្រនេះដែលសរសេរជាពាក្យកាព្យដ៏ពីរោះ អត្ថន័យរបស់ពាក្យ “ស្បែន” មិនទាន់ត្រូវបានបំភ្លឺនៅឡើយដែរ ៕ (ម.ត្រាណេ)

ដកស្រង់ពី ម.ត្រាណេ“

ប្រាប់អស់កូនចៅ  ឱ្យខំរក្សា  គូរគិតអាណិត  ដល់គុណមាតា  ដែលគាត់ខំរក្សា  ពីខ្លួននៅក្មេង ។  ម្ដាយពុំដើរលេង  កូនអើយកុំយំ  ម្ដាយដាក់ឱ្យដេក  ឱ្យឱបហើយស្រែក  ច្រៀង  លួងលោមប្រលែង  ឱ្យកូនដេកលក់ ។  រីឯមាតា  កូនភ្ញាក់កាលណា  ដៃឱបត្រកង  ដាក់កូនខាងមុខ  បាយចំណីបញ្ចុក  ស្រេចហើយងូតទឹក  ដាក់ឱ្យដេកលេង  ម្ដាយក្រពិបាក  រកស៊ីតោកយ៉ាក  ចិញ្ចឹមកូនក្មេង  ម្ដាយព្រួយពិបាក  យ៉ាកក្រអង្ករស្បែន  កូនតូចនៅក្មេង  ពិបាកចិត្តណាស់  លុះដល់កូនធំ  ក្រមុំកំលោះ  ម៉ែឪគាត់ចាស់ហើយ ។  ខុសឱកូនអើយ  គួរគិតនាំគ្នាវន្ទាសំពះ  បម្រើប្រើប្រាស់  គាត់ចាស់ណាស់ហើយ  គប្បីក្រយាក  រកស៊ីពិបាក  កុំភ្លេចគុណម្ដាយឡើយ  បុណ្យនោះនឹងជូន  នាំកូនដល់ត្រើយ  នឹងបានសាកស្បើយ  ផុតពីក្បាលនរកទាំងបួន ។  ម៉ែឪមិនស្រួល  នាំគ្នាមកមូរ  អស់កូនប្រុសស្រី  រក្សាបីបាច់  មេត្តាប្រណី  គ្រប់កូនប្រុសស្រី  គប្បីប្រមាន  នេះហើយបុណ្យខ្ពស់  អញប្រាប់ឱ្យអស់  ទាំងស្រីប្រុស  ឱ្យអ្នកខំសង្វាត  រក្សាឪពុកម្ដាយ  គប្បីកូនឃ្លាត  ទោះបីត្រូវជា  ឪពុកម្ដាយយើង ។  អ្នកចំរក្សា  នឹងគុណមាតា  រកស៊ីថ្កុំថ្កើង  សក្ដិយសគុណណាស់  បុណ្យខ្ពស់  បារមីឡើង  ហេតុយើងតម្កើង  គុណម្ដាយឪពុក  អ្នកណានិរគុណ  បាបជាទម្ងន់  ធ្លាក់ទៅសោយទុក្ខ  ដែលប្រាណប្រមាទ  អ្នកម្ដាយឪពុក  ធ្លាក់ទៅនរក  យូរជាតិកន្លង ។  កូនអើយអ្នកស្ដាប់  ពាក្យប្រាជ្ញប្រាយប្រាប់  មិនឱ្យសៅហ្មង  គុណគិតឱ្យជ្រៅ  ទើបត្រូវគន្លង  កុំឱ្យឆ្គាំឆ្គង  នឹងញាតិដទៃ ។  មួយទៀតកូនស្ដាប់  ឪពុកម្ដាយប្រាប់  ច្បាប់ប្រពៃណី  កុំខុសកុំខូច  លួចទ្រព្យគេស៊ី  តាមច្បាប់ប្រពៃណី  ដែលព្រះទូន្មាន ។  កូនខំរក្សា  នឹងគុណមាតា  រក្សាសីលទាន  កូនកុំប្រមាទ  នឹងគុណញាតិ  សន្ដាន  បងប្អូន  ក្រែងវាសៅហ្មង  កូនចៅអើយស្ដាប់  ឪពុកម្ដាយប្រាប់  បើតាមគន្លង  ជឿពាក្យម៉ែឪ  កុំឱ្យមានឆ្គង  ដើរតាមគន្លង    ច្បាប់ពីបុរាណ ។  គួរកូនស្រណោះ  ពាក្យម្ដាយពីរោះ  ដែលបានទូន្មាន  ចូរកូនអ្នកស្ដាប់  ឱ្យចាំគ្រប់ប្រាណ  ពាក្យពីបុរាណ  ដែលម្ដាយប្រដៅ ។  បើកូនបានបួស  រក្សាសីលផ្នួស  គន់គិតឱ្យប្រដៅ  ឱ្យស្ដាប់ពាក្យគ្រូ  បាជេរថាប្រដៅ  មិនគួរឱ្យខ្លៅ  ខុសផ្លូវគន្លង ។  បើគ្រូអាពាធ  អ្នកកុំដើរឃ្លាត  រក្សាកុំបីមានឆ្គង  បីបាច់រក្សា  បដិបត្ដិលោកផង  កុំឱ្យសៅហ្មង  នឹងគុណគ្រូឡើយ ។  គ្រូហៅបង្គាប់  ចូរអ្នកប្រញាប់  បន្ដមាត់ឡើយ  កុំនៅពាត់លេង  ប្រឡែងគ្នាឡើយ  កុំនៅព្រងើយ  ដូចជាគ្រហស្ថ ។  ហៃអស់នាងអ្នក  ស្ដាប់ពាក្យឱ្យជាក់  ជាច្បាប់លោកិយ  កុំឱ្យប្រមាទ  កូនចៅប្រុសស្រី  ពាក្យប្រាជ្ញតែងថ្មី  ប្រដៅទុកនៅ ។  កូនអើយអ្នកចាំ  ឪពុកម្ដាយផ្ដាំ  ឱ្យដើរត្រង់ផ្លូវ  ឈានឆ្លងឱ្យល្អ  ក្រែងធ្លាក់ទៅជ្រៅ  ចាំពាក្យប្រដៅ  កូនចៅខាងក្រោយ ។  គួរអ្នកស្រណោះ  ពាក្យល្អទាំងអស់  ប្រដៅទុកឱ្យ  អស់ញាតិសន្ដាន  បងប្អូនកុំធ្លោយ  ខំរៀបទុកឱ្យ  ជាពាក្យទូន្មាន ។  បើអ្នកឯណា  សង្វាតរក្សា  ថាពាក្យម្ដាយបាន  គោរពបដិបត្តិ  ធ្វើបុណ្យឱ្យបាន  អ្នកនោះនឹងបាន  សម្បត្តិសួគ៌ា ។  ហើយឆ្លងទៅដល់  ហេតុពីមគ្គផល  ដែលយើងបានធ្វើជា  ទើបវានឹងបាន  ដល់ទីស្វាន់  សន្តានគ្រប់គ្នា  ផុតពីទុក្ខវេរា  ដូចចិត្តប្រាថ្នា ។  អ្នកខំសង្វាត  កុំឱ្យប្រមាទ  គ្រូបាអាចារ្យ  ឱ្យជឿឱ្យជាក់  ទើបភ្ញាក់អាត្មា  ឱ្យខំរក្សា  ទានភាវនាកូនចៅ  ”  ៕    

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments