រឿងនេះមានក្នុងគម្ពីរបញ្ញាសជាតកបច្ឆិមភាគខ្សែ ១២
សម្ដែងសេចក្ដីថា ថ្ងៃមួយភិក្ខុទាំងឡាយប្រជុំគ្នាក្នុងរោងធម្មសភាសាលា ហើយពោលសរសើរបញ្ញាគុណព្រះសម្មាសម្ពុទ្ធថា អាវុសោ ម្នាលអ្នកទាំងឡាយដ៏មានអាយុ ព្រះសាស្ត្រាចារ្យជាគ្រូនៃយើងទាំងឡាយ ព្រះអង្គមានប្រាជ្ញាច្រើនមានប្រាជ្ញាក្រាស់ មានប្រាជ្ញាដ៏ឆ្លៀវឆ្លាសវាងវៃមិនមានងឿងឆ្ងល់អាចញ៉ាំងមនុស្សលោកព្រមទាំងទេវលោកឱ្យស្រើបស្រួលបាន ព្រះអង្គជាបុគ្គលគួរបូជាសក្ការនៃទេវតានិងមនុស្សទាំងឡាយ ព្រះអង្គញ៉ាំងសត្វទាំងឡាយឱ្យបានស្ថិតនៅក្នុងសរណគមន៍ ៣ និងសីលទាំងឡាយ ៥ហើយញ៉ាំងសត្វទាំងឡាយឱ្យស្ថិតនៅចំពោះក្នុងសោតាបត្តិមគ្គ សកទាគាមិមគ្គ អនាគាមិមគ្គ អរហត្តមគ្គ ជាអស្ចារ្យដោយវិសេសជាងបុគ្គលដ៏ទៃ។
គ្រានោះសម្ដេចព្រះបរមគ្រូសាស្ដាជាម្ចាស់ ព្រះអង្គទ្រង់ឮនូវពាក្យនៃភិក្ខុទាំងឡាយនោះ ដោយទិព្វសោតញាណ ហើយព្រះអង្គទ្រង់យាងចេញទៅអំពីគន្ធកុដិ ដោយដំណើរយាងយាសនៃព្រះពុទ្ធដ៏លម្អដោយសិរីសួស្ដីឧបមាពុំបាន ព្រះអង្គយាងទៅដល់រោងធម្មសភាសាលា ហើយទ្រង់គង់លើពុទ្ធាសនៈដ៏ប្រសើរ ព្រះអង្គទ្រង់សួរព័ត៌មាននោះបានសព្វគ្រប់ ហើយទ្រង់មានពុទ្ធដីកាថា ភិក្ខុវេ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតបានដោះស្រាយប្រស្នាដោយប្រាជ្ញារបស់តថាគត ទេវតានិងមនុស្សទាំងឡាយបានធ្វើកិរិយាបូជាធំ ដល់ព្រះតថាគតមិនមែនតែក្នុងកាលឥឡូវនេះទេ មានតាំងតែកាលមុនមក ព្រះអង្គទ្រង់សម្ដែងដូច្នេះហើយទ្រង់បញ្ឈប់ព្រះពុទ្ធដីកា ស្ងៀមនៅដោយតុណ្ហីភាព។
លុះដល់ព្រះសាស្ដាជាម្ចាស់ ព្រះអង្កទទួលអារាធនានិមន្តភិក្ខុទាំងអម្បាលនោះ ហើយទ្រង់នាំមកនូវអតីតនិទានមកសម្ដែងថា ម្នាលភិក្ខុទាំងឡាយ នាកាលអតីតកាលកន្លងរំលងទៅយូរណាស់ឡើយ មានស្ដេចមួយអង្គទ្រង់ព្រះនាមព្រះបាទកោរព្យរាជ សោយរាជសម្បត្តិក្នុងនគរមិថិលាដែនវិទេហៈ ព្រះអគ្គមហេសីទ្រង់ព្រះនាម សុមនទេវី។
គ្រានោះព្រះបរមពោធិសត្វ ព្រះអង្គចុតិចុះមកអំពីតាវត្តិង្សទេវលោក មកចាប់បដិសន្ធិក្នុងផ្ទៃនៃនាងសុមនទេវី នៃព្រះបាទកោរព្យនោះ។ ទេវបុត្តទាំង១ពាន់ព្រះអង្គក៏ចុតិព្រមគ្នាទាំងអស់ចាកតាវត្តិង្សទេវលោក ទេវបុត្តខ្លះមកចាប់បដិសន្ធិក្នុងផ្ទៃនៃអមច្ចត្រកូល ទេវបុត្តខ្លះមកចាប់បដិសន្ធិក្នុងត្រកូលនៃសេដ្ឋី។ ចាប់ដើមតាំងពីព្រះបរមពោធិសត្វចាប់បដិសន្ធិកាលឯណា ព្រះមាតាបិតាក៏សុខសប្បាយក្សេមក្សាន្ត ពុំមានរោគាព្យាធិអ្វីឡើយក្នុងពេលនោះ។ លុះដល់គ្រាព្រះបរមពោធិសត្វនៅក្នុងផ្ទៃព្រះមាតាគ្រប់ ១០ខែពេញបរិបូណ៌ហើយ គ្រានោះសម្ដេចព្រះឥន្ទ្រាធិរាជក៏ហោះចុះមកស្ថិតនៅក្នុងទីជិតនៃស្វេតច្ឆត្រ វេលាពាក់កណ្ដាលអធ្រាត្រ ហើយសួរនៅប្រស្នាទៅនឹងព្រះបាទកោរព្យរាជ ពោលជាបទព្រះគាថាថា ៖
សុនៅហិមេតំមហារាជ ឯកោបញ្ហាអត្ថិអនុតិយោ ទុតិយោអត្ថិចេវ តតិយោនភវិស្សតិ តតិយោត្ថិនចតុត្ថោ ចតុត្ថោត្ថនបញ្ចមោ បញ្ចមោអត្ថិនឆដ្ឋោ ឆដ្ឋោបញ្ហោអត្ថិចេវ សត្តមោនភវិស្សតិ សត្តមោអត្ថិបញ្ហោច អដ្ឋមោចបញ្ហោនត្ថិ អដ្ឋអត្ថិបញ្ហោច នវមានភវិស្សតិ នវមោអត្ឋិបញ្ហោច ទសមោចេវនត្ថិច ទសមោអត្ថិបញ្ហោច ឯកាទសមោនភវិស្សតិ សត្តវស្សេវសម្បតេ្ត សត្តមាសេសត្តទិវសេ សីឃមេបុច្ឆិតោបញ្ហោ។
អធិប្បាថាបពិត្រមហារាជ ព្រះអង្គចូរស្ដាប់នូវប្រស្នានេះដូច្នេះថា ប្រស្នាមានតែ ១ មិនដែលមាន ២ មានតែ ២ មិនដែលមាន ៣ មានតែ ៣ មិនដែលមាន ៤ មានតែ ៤ មិនដែល ៥ មានតែ ៥ មិនដែលមាន ៦ មានតែ ៦ មិនដែល ៧ មានតែ ៧ មិនដែលមាន ៨ មានតែ ៨ មិនដែលមាន ៩ មានតែ ៩ មិនដែលមាន ១០ មានតែ ១០ មិនដែលមាន ១១ ប្រស្នាទាំង១០ចំពួកនេះ អធិប្បាយថាដូចម្ដេចខ្លះ ប្រាស្នាដែលយើងសួរហើយនេះ ត្រូវព្រះអង្គពិចារណាមើលសេចក្ដីអធិប្បាយជាឆាប់ កន្លងទៅបាន ៧ឆ្នាំ ៧ខែ ៧ថ្ងៃ យើងនឹងត្រឡប់មកសួរមហារាជម្ដងទៀត បើមហារាជបានដឹងសេចក្ដីអធិប្បាយប្រស្នានេះពោលស្រាយបាន ទើបព្រះអង្គនឹងបានរួចពីពិន័យ បើព្រះអង្គពុំបានដឹងសេចក្ដីអធិប្បាយប្រស្នានេះទេ ពិន័យនឹងមានដល់ព្រះអង្គដោយពិត ដំបងជាវិការនៃដែកនឹងធ្លាក់ចុះមកលើសិរសាព្រះអង្គបែកជា៧ភាគ ព្រះអង្គនឹងស្លាប់ពុំខានឡើយ សម្ដេចព្រះអម្រិន្ទាធិរាជបានពោលដូច្នេះហើយ ក៏ហោះទៅកាន់ទីវិមានព្រះអង្គវិញ។
ឯព្រះបាទកោរព្យនោះកំពុងតែផ្ទំបានស្ដាប់នូវប្រស្នាទាំង ១០ ចំពួកដែលព្រះឥន្ទសួរដូច្នោះហើយ ក៏ភិតភ័យតក់ស្លុតតើនឡើងមួយរំពេច ហើយពិចារណាមើលសេចក្ដីអធិប្បាយប្រស្នាទាំង ១០ ចំពួកនោះ តាំងពីពាក់កណ្ដាលរាត្រីដរាបដល់ព្រះអរុណរះឡើងភ្លឺច្បាស់ ក៏ពុំបានដឹងពុំបានឃើញនូវសេចក្ដីអធិប្បាយនៃប្រស្នានោះសោះ លុះដល់ព្រឹកឡើង ព្រះអង្គមានព្រះរាជឱង្ការហៅអាមាត្យទាំងឡាយឱ្យចូលមកចួបជុំហើយ ស្ដេចទ្រង់សួរសេចក្ដីអធិប្បាយប្រស្នាទាំង ១០ ចំពួកនោះនឹងអាមាត្យទាំងអស់នោះ ឯអាមាត្យទាំងអស់នោះសូម្បីតែជាអាមាត្យម្នាក់កុំអាចដឹងឡើយ ស្ដេចសួរនាយឃ្លាំង ៗ ក៏ពុំដឹង សួរមនុស្សទាំងឡាយដែលរក្សានូវរាជមន្ទីរ មនុស្សទាំងឡាយនោះក៏ពុំបានដឹងទៀត ព្រះបរមក្សត្រិយ៍ជាម្ចាស់ផែនដី កាលបើសួរជនទាំងនោះពុំបានដូច្នេះហើយ ព្រះអង្គក៏រឹងរិតតែតក់ស្លុតភិតភ័យរំពឹងគិតថា អញមុខជានឹងស្លាប់ដោយពិត។
ឯស្ដេចនោះក៏មានព្រះបន្ទូលហៅនាងសុមនទេវីជាអគ្គមហេសីបានចូលមកដល់ហើយ ស្ដេចក៏សួរថា ភទ្ទេ ម្នាលនាងទេវីដ៏ចម្រើន អញពុំបានដឹងនូវសេចក្ដីអធិប្បាយប្រស្នាដែលទេវតាបានសួរអញ ដូច្នេះត្រូវនាងជួយពិចារណាផងមើល។
នាងសុមនទេវី បានស្ដាប់ព្រះបន្ទូលដូច្នេះហើយក៏ទូលតបទៅវិញថា បពិត្រព្រះសម្មតិទេព បើព្រះអង្គពុំបានជ្រាបហើយនរណានឹងដឹង មនុស្សទាំងឡាយនឹងដោះស្រាយនូវប្រស្នានៃទេវតាដូចម្ដេចនឹងបាន។
ឯព្រះបាទកោរព្យរាជទ្រង់បានស្ដាប់ពាក្យនាងទេវីទូលដូច្នេះហើយ ព្រះអង្គក៏មានព្រះហឫទ័យតក់ស្លុតញាប់ញ័រ ហើយទ្រង់ក្រោធពិរោធខ្ញាល់នឹងនាងទេវីខ្លាំងពេក ដោយព្រះចិន្ដាគិតថានាងទេវីពុំបានស្រឡាញ់ព្រះអង្គ លាន់ព្រះឱរសថាអញស្លាប់ប្រសើរជាងរស់នៅ ហើយទ្រង់គិតថា បើអញនឹងស្លាប់ត្រូវសម្លាប់នាងទេវីនេះឱ្យស្លាប់មុនអញ ទ្រង់ព្រះចិន្ដាគិតដូច្នោះហើយ មានព្រះបន្ទូលហៅនាយឃ្លាំងអ្នកត្រូវចាប់យកនាងទេវីនេះទៅសម្លាប់។
ចំណែកខាងនាយឃ្លាំងបានទទួលព្រះរាជព្រះអាជ្ញាស្ដេចថា នឹងនាំយកទៅសម្លាប់ដោយពិត ដល់នាំទៅដល់ផ្ទះបានសួរទោសនាងទេវីបានដឹងសព្វគ្រប់ ពុំបានសម្លាប់ព្រោះឃើញថា នាងទេវីពុំមានទោសអ្វីជាទម្ងន់ ហើយចិញ្ចឹមរក្សាទុកក្នុងផ្ទះនៃខ្លួនដោយល្អ។
គ្រានោះព្រះនាងបានទ្រទ្រង់នូវគភ៌១០ខែបរិបូណ៌ ហើយប្រសូតនូវព្រះរាជបុត្រាមួយក្នុងថ្ងៃជាខាងក្រោយប្រកបឧត្តរាសល្ហ នក្ខត្តឫក្ស ដ៏ប្រសើរ។ ឯកុមារនោះសោតបានប្រសូតចេញអំពីផ្ទៃព្រះមាតាហើយមានពណ៌សម្បុរល្អបីដូចមាសដ៏វិសេសឥតមានមន្ទិលសៅហ្មងឡើយ។
ឯនាយឃ្លាំងបានឃើញនូវព្រះរាជកុមារជាអស្ចារ្យដូច្នោះហើយ ក៏ដល់នូវសេចក្ដីសោមនស្សជ្រះថ្លាប្រកបដោយសេចក្ដីស្នេហាស្រឡាញ់ពេញចិត្ត បីដូចជាកូនបង្កើតរបស់ខ្លួន ខំថែទាំចិញ្ចឹមរក្សានូវនាងទេវីនិងកុមារនោះដោយប្រពៃ។
ចំណែកឯទេវបុត្រទាំង១ពាន់ដែលចាប់បដិសន្ធិក្នុងត្រកូលនៃអាមាត្យនិងត្រកូលនៃសេដ្ឋីនោះ ក៏ប្រសូតព្រមគ្នាទាំងអស់ក្នុងថ្ងៃជាមួយគ្នានឹងព្រះពោធិសត្វនោះឯង។ នាងសុមនទេវីជាព្រះមាតាបានឱ្យនាមឈ្មោះនោះហៅថា ភណ្ឌាគារិកកុមារ។
លុះដល់កុមារនោះចម្រើនធំឡើងមានអាយុ ៧ឆ្នាំ ៧ខែ ៧ថ្ងៃគត់បរិបូណ៌ហើយ កាលនោះសម្ដេចព្រះឥន្ទ្រាធិរាជក៏ហោះចុះមកអំពីស្ថានទេវលោក ហើយស្ថិតនៅខាងក្រោមស្វេតច្ឆត្រពាក់កណ្ដាលរាត្រី ហើយសួរប្រស្នានេះនឹងព្រះបាទកោរព្យថា មហារាជ ប្រស្នាដែលយើងបានសួរព្រះអង្គពីមុននោះ ព្រះអង្គបានពិចារណាដឹងសេចក្ដីអធិប្បាយហើយឬនៅ បើព្រះអង្គមិនដឹងទេ យើងនឹងប្រហារក្បាលព្រះអង្គឱ្យបែកជា ៧ភាគ ព្រះឥន្ទ្រាធិរាជពោលដូច្នោះហើយ ក៏ហោះទៅកាន់ស្ថានសួគ៌ទៅលោកនាយវិញ។
ព្រះបាទកោរព្យរាជ ស្ដាប់នូវពាក្យព្រះឥន្ទ្រហើយភិតភ័យញ័ររន្ធត់ក្រោកឡើងគង់ ហើយរំពឹងគិតថា ទេវរាជនេះសួរប្រស្នានឹងអញកន្លងទៅបាន ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ហើយអញបានដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះសោះ អញបានសួរនូវអ្នកប្រាជ្ញទាំងមានអាមាត្យជាដើម គ្មាននរណាមួយបានដឹងសោះ ស្ដេចទ្រង់គិតដូច្នោះហើយក៏ដល់នូវសេចក្ដីទុក្ខលំបាកព្រួយព្រះទ័យយ៉ាងធំ។
លុះព្រឹកឡើងហើយ ស្ដេចលាងព្រះកេសលុបព្រះភក្ត្រ ហើយទ្រង់ព្រះពស្ត្រសោយព្រះស្ងោយរួចហើយប្រដាប់ព្រះអង្គដោយគ្រឿងអលង្ការទាំងពួង ហើយយាងទៅគង់កណ្ដាលរោងមហាវិនិច្ឆ័យ ជនទាំងឡាយទាំងអស់មានអាមាត្យធំៗជាដើម ក៏ផ្អើលគឹកកងជ្រួលជ្រើម ចូលទៅប្រជុំខ្នាន់ខ្នាប់ក្នុងទីនោះ លុតជង្គង់ថ្វាយបង្គំស្ដេចហើយអង្គុយស្ងៀមពុំបានពោលថាអ្វីឡើយ។
ព្រះបាទកោរព្យរាជ មានព្រះរាជឱង្ការសួរទៅនាយឃ្លាំងពោលជាបទព្រះគាថា ដូច្នេះថា ៖
ភណ្ឌោគារិកមេនាថោ នគររេរិបុលេអសិ
តុវំមហាបុញ្ញកុលេ ញត្វាជាតោកុសលោច
បណ្ឌិតោចភវិស្សតិ រជ្ជដំវាសុវណ្ណំវា
មុតាវេទុរិយាមណី នារិយោសមលង្កតា
សតំហត្ថីអស្សា សតំរថាសតំគវំ
សុវណ្ណសតសហស្សំ អឌ្ឍរជ្ជំទទាមិតេ។
អធិប្បាយថា ម្នាលនាយឃ្លាំងអ្នកឯងជាទីពឹងនៃអញ ត្រូវដឹងនូវបុគ្គលដែលកើតក្នុងត្រកូលដែលមានបុណ្យធំមានក្នុងនគរដ៏ធំទូលាយនេះ បុគ្គលដែលកើតហើយនោះបានជាបុគ្គលឆ្លាតវាងវៃខ្លះ ជាអ្នកប្រាជ្ញខ្លះ នឹងមានដោយពិត បើអ្នកស្វែងរកអ្នកប្រាជ្ញបាន អញឱ្យនូវរង្វាន់គឺប្រាក់ខ្លះ មាសខ្លះ កែវមុក្ដា កែវពិទូរ្យ កែវមណី នាងនារីប្រដាប់ស្អិតស្អាងដោយប្រពៃ ដំរី ១០០ សេះ ១០០ រថ ១០០ គោ ១០០ មាស ១ សែន រាជសម្បត្តិពាក់កណ្ដាលដល់អ្នកដោយពិត។
ឯនាយឃ្លាំងបានស្ដាប់ព្រះរាជឱង្ការហើយ ពោលជាបទព្រះគាថាដូច្នេះថា ៖
គេហស្មឹឥត្ថីមយ្ហំបិ ឯកបុត្តោសុរូបតិ
ទិស្ថានជាយបុត្តញ្ច កុសលោហតិបណ្ឌិតោ
និក្ខមិមាតុយាគព្ផា នក្ខត្តេសុទិវេសេសុ
បស្សិមេវេបណ្ឌិតោច អង្គបច្ចង្គសម្បន្នោ
រូបវណ្ណោសុលក្ខណោ។
អធិប្បាយថា បពិត្រព្រះសម្មតិទេព ស្ត្រីនូវក្នុងផ្ទះខ្ញុំមានរូបល្អមានកូនតែមួយ ព្រោះខ្ញុំបានឃើញនូវកូនកាលកើតឡើង ក្នុងថ្ងៃទាំងឡាយប្រកបដោយនក្ខត្តឫក្សដ៏ប្រសើរ កូននោះចេញពីផ្ទៃនៃមាតាមានរូបឆោមលោមពណ៌ល្អ គួរជាបុគ្គលឆ្លាតវាងវៃ ជាអ្នកប្រាជ្ញដោយពិត ខ្ញុំបានឃើញហើយគិតថា កុមារដែលបរិបូណ៌ដោយអវយវៈតូចនិងអវយវៈធំយ៉ាងនេះ មានរូបល្អមានលក្ខណៈនឹងបានជាអគ្គបណ្ឌិតជាអ្នកប្រាជ្ញធំដ៏ប្រសើរ។
ព្រះបាទកោរព្យ ព្រះអង្គស្ដាប់នូវពាក្យនាយឃ្លាំងក្រាបទូលដូច្នោះ ស្ដេចមានព្រះទ័យសោមនស្សជ្រះថ្លា ហើយត្រាស់បង្គាប់ទៅនាយឃ្លាំងថា អ្នកទៅ ត្រូវសួរកូននោះបើកូននោះអាចដោះស្រាយប្រស្នានៃទេវតានោះបាន ត្រូវអ្នកត្រឡប់មកប្រាប់អញវិញឱ្យឆាប់។ នាយឃ្លាំងលុតជង្គង់ថ្វាយបង្គំលាព្រះបាទកោរព្យរាជ ហើយទៅកាន់ផ្ទះដោយរហ័ស សួរនូវបិយបុត្តតូចសម្លាញ់ពេញចិត្ត សូត្រជាបទព្រះគាថា ដូច្នេះថា ៖
តាតបុត្តអយំរាជា មហាទុក្ខោភវស្សតិ
សក្កេនបុច្ឆិតំបញ្ហំ សោនជានាតិរាជាមំ
បហិណិត្វាអាគតោ តវបុច្ឆិតុំតាតបុត្ត
ញត្វាតំបិមេអាចិក្ខេ។
អធិប្បាយថា ម្នាលកូនសម្លាញ់ឪពុក ស្ដេចនោះព្រះអង្គដល់នូវសេចក្ដីទុក្ខធំណាស់ ស្ដេចនោះព្រះអង្គពុំបានជ្រាបនូវប្រស្នាដែលព្រះឥន្ទសួរនោះទេ ព្រះអង្គបញ្ជូនបិតាឱ្យមកដើម្បីសួរនូវសេចក្ដីអធិប្បាយនៃប្រស្នានោះនឹងអ្នក ម្នាលកូនស្ងួនឪពុក បើអ្នកពិចារណាហើយបានដឹងនូវប្រស្នានៃទេវតានោះ ចូរកូន អ្នកប្រាប់បិតា ៗ នឹងយកសេចក្ដីនេះក្រាបទូលដល់សម្ដេចព្រះមហិស្សរាធិបតីជាម្ចាស់ ឯព្រះបរមពោធិសត្វបានស្ដាប់ពាក្យបិតា ហើយដល់នូវសេចក្ដីសោមនស្សជ្រះថ្លាបានពិចារណានូវប្រស្នាដែលព្រះឥន្ទសួរនោះ បានដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នានោះមួយរំពេច ហើយពោលថា តាត បពិត្របិតា ខ្ញុំបានដឹងច្បាស់នូវប្រស្នាដ៏សុខុមនេះដោយសេចក្ដីសព្វគ្រប់ហើយ។
នាយឃ្លាំងបានស្ដាប់ពាក្យបិយបុត្តពោលដូច្នោះហើយ ក៏មានចិត្តត្រេកអរហើយពោលថា បិយបុត្ត ម្នាលកូនសម្លាញ់ឪពុក ពាក្យដែលអ្នកពោលមកនេះប្រពៃណាស់ហើយ។
ឯព្រះមាតានៃពោធិសត្វ ពោលទៅនឹងបុត្រថា តាតបិយបុត្តក ម្នាលកូនតូចសម្លាញ់មាសម្ដាយ ខ្លួនអ្នកនៅក្មេងណាស់ក្រែងអ្នកពុំបានដឹងទេឬ ថាបើអ្នកពុំបានដឹងហើយព្រះបាទកោរព្យរាជនេះតែខ្ញាល់ហើយ ភ័យអន្តរាយគប្បីមានដល់អ្នកពុំខាន។
ព្រះពោធិសត្វបានស្ដាប់មាតា ហើយពោលតបទៅវិញនឹងមាតាវិញថា អម្ម បពិត្រអ្នកមេ សេចក្ដីនេះខ្ញុំបានដឹងសព្វគ្រប់ហើយ។
គ្រានោះព្រះនាងទេវីជាមាតា បានស្ដាប់ពាក្យបុត្តពោលដូច្នោះហើយ ក៏ពោលថា ម្នាលកូនសម្លាញ់មាតា បើអ្នកបានដឹងសព្វគ្រប់ដូច្នេះ ប្រពៃណាស់កូន។
ឯព្រះបរមពោធិសត្វបានពោលទៅនឹងនាយឃ្លាំងជាព្រះបិតាធម៌ថា តាត បពិត្រព្រះបិតា សូមបិតាចូលទៅកាន់សម្នាក់ស្ដេចហើយក្រាបទូលថា ទេវ បពិត្រព្រះសម្មតិទេព កូនរបស់ខ្ញុំបានដឹងនូវប្រស្នា ដែលព្រះឥន្ទសួរនេះដោយសព្វគ្រប់។
នាយឃ្លាំងបានស្ដាប់ពាក្យបិយបុត្តហើយពោលថា តាតបិយបុត្តក ម្នាលកូនតូចសម្លាញ់មាសឪពុក ពាក្យដែលអ្នកបានពោលមកនេះប្រពៃហើយ ៗ ចូលទៅកាន់សម្នាក់ព្រះបាទកោរព្យរាជ យកសេចក្ដីក្រាបទូលថា ទេវ បពិត្រព្រះសម្មតិទេព កូននៃខ្ញុំបានដឹងនូវសេចក្ដីអធិប្បាយនៃប្រស្នាដែលព្រះឥន្ទ្រសួរហើយនោះដោយជាក់ច្បាស់។
ព្រះបាទកោរព្យរាជ ទ្រង់បានស្ដាប់ពាក្យនាយឃ្លាំងក្រាបទូលដូច្នោះហើយ ទ្រង់មានព្រះហឫទ័យជ្រះថ្លា ហើយមានព្រះរាជឱង្ការបង្គាប់ថា ម្នាលនាយឃ្លាំង ពាក្យនេះប្រពៃហើយ កូនអ្នកចេះដឹងនូវប្រស្នានោះពិតមែន បើដូច្នេះត្រូវអ្នកញ៉ាំងកូនតូចនោះឱ្យងូតទឹកជម្រះញើសក្អែល ហើយឱ្យស្លៀកសំពត់ស្អិតស្អាងដោយគ្រឿងប្រដាប់ទាំងពួង ឱ្យបរិភោគនូវភោជនាហារទាំងពួង ហើយចូរនាំចូលមកកាន់សម្នាក់អញជាឆាប់ ហើយស្ដេចបញ្ជូននាយឃ្លាំងនោះទៅ។
ឯនាយឃ្លាំងបានទទួលព្រះរាជឱង្ការត្រាស់បង្គាប់ដូច្នោះហើយ ក៏ថ្វាយបង្គំលាចេញទៅកាន់ផ្ទះដោយឆាប់ ហើយប្រាប់កូនតូចថា ម្នាលកូនតូចសម្លាញ់ឪពុក ព្រះនរិន្រ្ទាធិបតីជាម្ចាស់ ព្រះអង្គមានប្រាថ្នាដើម្បីឃើញអ្នក ហើយបញ្ជូនបិតាមកឱ្យនាំអ្នកចូលទៅគាល់ឥឡូវនេះ។
ព្រះពោធិសត្វ ស្ដាប់ពាក្យបិតាពោលដូច្នោះហើយ ពោលតបវិញថា សាធុៗ បពិត្របិតា បើដូច្នោះ សូមបិតាចូលទៅក្រាបទូលដល់ព្រះបាទកោរព្យរាជ តាមពាក្យខ្ញុំដូច្នេះថា បើស្ដេចសព្វព្រះទ័យនឹងឱ្យចូលទៅគាល់ សូមស្ដេចចាត់ចែងរាជអាមាត្យឱ្យរៀបក្រាលអាសនៈទាំងឡាយក្នុងព្រះដំណាក់ស្ដេច ហើយបូជាខ្ញុំដោយផ្កាលាជដ៏លម្អដោយសិរី និងបូជាដោយគ្រឿងក្រអូប និងគ្រឿងលាភ និងធូបប្រទីបទាំងឡាយ ហើយចងនូវពិតាន និងលើកឡើងនូវស្វេតច្ឆត្រ និងទង់មាសទង់ប្រាក់ ហើយបោសសម្អាតក្នុងប្រាសាទឱ្យស្អាតល្អ ហើយក្រាលនូវសំពត់ពណ៌ខៀវនិងក្រហមជាដើម ហើយប្រជុំនូវអ្នកនគរទាំងអស់ នឹងប្រជុំនូវអាមាត្យទាំងអស់ ប្រគំនូវភ្លេងតូរ្យតន្រ្តីប្រកបដោយអង្គប្រាំ មហាជនទាំងឡាយទាំងពួងប្រជុំគ្នាព្រមហើយធ្វើនូវមង្គល មានសំពត់នឹងគ្រឿងអម្ពរស្លៀកពាក់ដ៏ស្អាតល្អ ហើយចូលទៅចាំដង្ហែខ្ញុំមក ឯខ្លួនខ្ញុំស្ថិតលើយានដំរីប្រកបដោយស្វេតច្ឆត្រ គឺពួកមហាជននិងអាមាត្យ ចោមរោមហើយ នឹងចូលទៅកាន់សម្នាក់ព្រះភូវនេត្រជាម្ចាស់។
ឯនាយឃ្លាំងបានស្ដាប់ពាក្យបិយបុត្តពោលបង្គាប់ដូច្នោះ ហើយទទួលថាសាធុ ហើយក៏ចូលទៅក្រាបបង្គំទូលដល់សម្ដេចព្រះភូវនាថតាមពាក្យបង្គាប់ព្រះពោធិសត្វដោយសព្វគ្រប់។
លំដាប់នោះសម្ដេចព្រះភូមិន្ទនរិន្រ្ទាធិបតី ទ្រង់បានស្ដាប់នូវពាក្យនាយឃ្លាំងក្រាបទូលតាមពាក្យកុមារនោះហើយ ទ្រង់មានព្រះរាជហឫទ័យត្រេកអរជ្រះថ្លា ត្រាស់បង្គាប់រាជអាមាត្យឱ្យរៀបរណ្ដាប់តាក់តែងចាត់ការតាមបង្គាប់ព្រះពោធិសត្វដោយសព្វគ្រប់។
ឯជនទាំងឡាយមានអាមាត្យជាដើម បានធ្វើតាមបង្គាប់ព្រះនរាធិបតីស្រេចហើយ ប្រដាប់នូវដំរីមួយប្រកបដោយគ្រឿងប្រដាប់សុទ្ធតែមាសនិងកែវផ្សេ ៗ ហើយទ្រង់នូវស្វេតច្ឆត្រ នាំទៅដើម្បីជាមង្គលឱ្យកុមារឡើងគង់និងដង្ហែចូលមកកាន់សម្នាក់ព្រះមហាក្សត្រិយ៍។
បណ្ដាជនទាំងអស់នោះមានរាជាមាត្យជាដើម សឹងតែប្រដាប់ស្អិតស្អាងអាត្មាទីទៃៗ ហើយចូលទៅកាន់ផ្ទះព្រះបរមពោធិសត្វ ធ្វើនូវកិរិយាបូជាហើយពោលថា សាមិ បពិត្រកុមារជាម្ចាស់ ឥឡូវនេះព្រះបាទកោរព្យរាជ ស្ដេចប្រើយើងទាំងឡាយឱ្យមកអញ្ជើញកុមារចូលទៅកាន់សម្នាក់ព្រះអង្គ ពោលដូច្នេះហើយ លើកឡើងនូវអញ្ជលីប្រណម្យនមស្ការដើម្បីនឹងញ៉ាំងព្រះពោធិសត្វឱ្យជ្រះថ្លា ហើយពោលថា សាមិ កាលោវោគមនាយ បពិត្រកុមារជាម្ចាស់ កាលនេះជាកាលគួរដល់ព្រះអង្គហើយ ដើម្បីកិរិយាទៅកាន់សម្នាក់ព្រះចមបូរីជាម្ចាស់ជីវិត។
គ្រានោះព្រះមហាសត្វ បានទទួលព្រមតាមពាក្យមហាជនទាំងអម្បាលនោះថាសាធុៗ ហើយប្រដាប់ព្រះអង្គដោយគ្រឿងអលង្ការទាំងពួង ស្រេចហើយថ្វាយបង្គំលាព្រះមាតា យាងចុះអំពីផ្ទៃប្រាសាទដ៏ប្រសើរ បីដូចជាទេវរាជចុះចាកវិមានទិព្វ គឺពពួកអាមាត្យទាំងឡាយចោមរោមជាបរិវារ ហើយប្រគំឡើងព្រមនូវភ្លេងតូរ្យតន្រ្តីទាំងពួង។
ឯសេនាប្រកបដោយអង្គ ៤ គឺសេនាដំរី សេនាសេះ សេនារថ សេនាថ្មើរជើង ក៏ដើរដង្ហែទៅក្នុងខាងមុខព្រះបរមពោធិសត្វ អមផ្លូវទាំងសងខាង ។
រីឯព្រះបរមពោធិសត្វ ក៏ឡើងគង់លើករី(ដំរី)ដ៏ប្រសើរដ៏មានរូបឆោមលោមពណ៌ដ៏ល្អវិសេស បីដូចជារូបប្រៀបជាវិការនៃមាសសុទ្ធ គឺមហាជនព្រមទាំងសេវកាមាត្យ ដង្ហែចូលទៅកាន់ព្រះបរមរាជវាំងស្ដេច ប្រកបដោយសិរីសួស្ដីឧបមាពុំបាន។
កាលនោះព្រះជនាធិបតីកោរព្យរាជ កាលព្រះអង្គរមិលមើលនូវផ្លូវនៃភណ្ឌាគារិកកុមារនោះ ពុំអស់ពុំហើយបីដូចជាអ្នកលេងផឹកសុរា មានសេចក្ដីស្រេកចង់ផឹកជានិច្ច ព្រះអង្គរមិលមើលផ្លូវដែលជាទីមកនៃបរមពោធិសត្វនោះពុំដាក់ព្រះនេត្រសោះ លុះស្ដេចបានឮសំឡេងខ្លាំងហើយទតទៅឃើញកុមារដ៏មានពន្លឺរស្មីរុងរឿងល្អ ហើយពោលពណ៌នាដោយបទព្រះគាថា ដូច្នេះថា ៖
កស្សតំមុខមាភាតិ ហេមវុត្តត្តមគ្គិនា
និក្ខំវជាតិរូបស្ស ឧក្កាមុខំបហំសិតំ
និសិសន្នោ បតិមាវិយសោភតិ
អធិប្បាយថា មុខនេះជាមុខនៃបុគ្គលដូចម្ដេចមានខ្លួនបីដូចជាមាស គឺបុគ្គលដុតហើយដោយភ្លើងដ៏រុងរឿងបីដូចឆ្ពោះនៃមាសគឺបុគ្គលឱ្យដ៏ហើយដកចេញអំពីមាត់នៃបាវមាសដ៏ភ្លឺរុងរឿងល្អ កុមារនេះអង្គុយនៅលើករីនៃដំរីរុងរឿងល្អបីដូចថារូបប្រៀបនៃមាស។
គ្រានោះព្រះបរមពោធិសត្វ បានដល់ទ្វារវាំងហើយចុះអំពីករីនៃដំរី ចូលទៅកាន់សម្នាក់ព្រះមហាក្សត្រ ៗ ចាប់ដៃព្រះបរមពោធិសត្វនាំឡើងទៅលើប្រាសាទ ហើយស្ដេចគង់នៅលើអាសនៈមួយ ជាមួយនឹងព្រះពោធិសត្វហើយស្ដេចពោល សារាណីយកថា ជាពាក្យបដិសណ្ឋារៈដោយបទព្រះគាថាដូច្នេះថា ៖
កច្ចិអមជ្ជបោតាក ក្វច្ចិតេសុរប្បិយំ
អថោសច្ចេចធម្មេច ទានេតេរម្មតីមនោ
អធិប្បាយថា ម្នាលអ្នក ៗ មិនបានផឹកនូវទឹកស្រវឹងទេឬ សុរាមិនជាទីស្រឡាញ់នៃអ្នកទេឬ ម៉្យាងវិញទៀត ចិត្តអ្នកត្រេកអរក្នុងពាក្យសច្ចក្នុងធម៌ក្នុងទានដែរឬ។
ចំណែកខាងព្រះពោធិសត្វស្ដាប់ហើយពោលដោយបទព្រះគាថា ដូច្នេះថា ៖
អមជ្ជបោចាហំរាជ អថោមេសុរមប្បិយំ
អថោសច្ចេចធម្មេច ទានេមេរម្មតីមនោ
អធិប្បាយថា បពិត្រមហារាជ ខ្លួនខ្ញុំពុំបានផឹកនូវទឹកស្រវឹងទេ ម៉្យាងវិញទៀតសុរាមិនជាទីស្រឡាញ់នៃខ្ញុំទេ ម៉្យាងវិញទៀតចិត្តខ្ញុំត្រេកអរតែក្នុងពាក្យសច្ចក្នុងធម៌ក្នុងទានជាប្រក្រតី។
លុះដល់ព្រះមហាសត្វ ធ្វើបដិសណ្ឋារៈដូច្នេះហើយ ក៏ក្រាបទូលសួរទៅសម្ដេចព្រះភូមេសរ៍កោរព្យរាជថា មហារាជ បពិត្រស្ដេចដ៏ប្រសើរ ទេវតាបានសួរប្រស្នានឹងព្រះអង្គដូចម្ដេចខ្លះ។
តំសុត្វារាជា សម្ដេចព្រះភូមេសរ៍ស្ដេចបានទ្រង់ព្រះសណ្ដាប់ពាក្យព្រះបរមពោធិសត្វទូលសួរដូច្នោះហើយ ព្រះអង្គមានបន្ទូលថា តាតកុមារ ម្នាលកុមារអ្នក ទេវតាសួរប្រស្នានឹងអញដោយអាការ ១០ យ៉ាង ប្រស្នានោះគ្មានអ្នកឯណាមួយដឹងឡើយ ព្រោះហេតុដូច្នោះ អញដល់នូវសេចក្ដីទុក្ខលំបាកធំ ព្រះឥន្ទ្រាធិរាជគប្បីប្រហារក្បាលអញដោយដំបងដែកឱ្យបែកជាភាគ ៧ ចាប់ដើមអំពីកាលនៃប្រស្នាដែលព្រះឥន្ទសួរហើយមកដល់ឥឡូវនេះ កន្លងបានទៅបាន ៧ឆ្នាំ ៧ខែ ៧ថ្ងៃហើយ ឥឡូវនេះអ្នកគឺអញបានហើយត្រូវអ្នកដោះស្រាយប្រស្នានេះឱ្យឆាប់។
ព្រះបរមពោធិសត្វនោះ ស្ដាប់ហើយទូលថា បពិត្រស្ដេចធំដ៏ប្រសើរ ប្រស្នានោះលើកទុកសិនចុះ ខាងក្រោមតាំងអំពីនរកឈ្មោះអវិចីមកខាងលើតាំងអំពីអកនិដ្ឋព្រហ្មចុះមក ហើយសួរប្រស្នាឯណា ខ្ញុំអាចនឹងសម្ដែងនូវប្រស្នានោះបានទាំងអស់ពុំមានសល់ ព្រះបរមពោធិសត្វសម្ដែងនូវប្រាជ្ញាព្រះអង្គដ៏ធំទូលាយដូចភ្នំព្រះសិនេរុ ពុំនោះសោតបីដូចជាព្រះចន្ទពេញបូរមីមានប្រការផ្សេងៗ។
បណ្ដាអស់ទេវតានិងមនុស្សទាំងឡាយ ព្រមទាំងនាងកញ្ញានិងពពួកពលសកលយោធានូវសេវកាមាត្យទាំងអស់ ក៏បង្កើតជាអស្ចារ្យដ៏ក្រៃលែងទាំងខាងក្នុងនិងខាងក្រៅប្រាសាទនៃព្រះបាទកោរព្យរាជនោះ។
ព្រះមហាសត្វកាលសម្ដែងនូវបញ្ញានុភាពនៃព្រះអង្គ ហើយពោលជាបទព្រះគាថាដូច្នេះថា ៖
ភោន្តោភិន្តោទេវសំឃា សុណន្តុវចនំម
ទេវតាបុច្ឆតិបញ្ហំ រាជាអត្ថំនបស្សតិ
សមាគតាទេវតាសំឃា មោទិតាចមហាជនា
កោរព្យញ្ចអមច្ចេច សេនាបតិចអាទយោ
តស្មឹបញ្ហេវិសជ្ជន្តេ សាធុការភវន្តុមេ។
អធិប្បាយថា បពិត្រពពួកនៃទេវតាទាំងឡាយដ៏ចម្រើន ចូរស្ដាប់នូវពាក្យខ្ញុំ ដ្បិតទេវតាសួរប្រស្នានឹងស្ដេច ៗ ពុំបានឃើញនូវសេចក្ដីអធិប្បាយនៃប្រស្នានោះ ទេវតាទាំងឡាយក៏មកប្រជុំគ្នា ហើយមហាជនទាំងឡាយក៏បានរីករាយហើយ ព្រោះអាស្រ័យនូវស្ដេចផង នូវអាមាត្យទាំងឡាយមានសេនាបតីជាដើមផង នាកាលប្រស្នានោះកាលបើខ្ញុំបានដោះស្រាយហើយ សាធុការទាំងឡាយសូមបង្កើតមានដល់ខ្ញុំដោយពិតៗ លុះដល់ព្រះបរមពោធិសត្វបានប្រកាសដល់ទេវតាស្រេចហើយ ក៏ក្រាបទូលសួរទៅព្រះចមនគរមិថិលាជាម្ចាស់ថា មហារាជបពិត្រព្រះអង្គជាបុគ្គលត្រេកអរទៅក្នុងផែនដី ប្រស្នាជាបឋមដែលសម្ដេចសហស្សនេត្របានសួរព្រះអង្គនោះតើដូចម្ដេច។
ឯព្រះចៅធានីកោរព្យរាជ ទ្រង់ស្ដាប់ដូច្នោះហើយមានព្រះបន្ទូលថា ម្នាលបាជាកុមារតូច ទេវតាបានសួរប្រស្នាជាបឋមនោះថា ឯកោអត្ថិ អទុតិយា សភាវៈមានតែមួយ ពុំដែលមានពីរ គឺសភាវៈអ្វី។
ព្រះពោធិវង្សបានស្ដាប់ហើយ បានជ្រាបអធិប្បាយមួយរំពេច ទូលថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្ដាប់នូវពាក្យខ្ញុំ ឯសភាវៈមានតែមួយពុំដែលមានមានពីរនោះ គឺភ្នំព្រះសុមេរុ ព្រោះក្នុងលោកនេះកណ្ដាប់ចក្កវាឡមួយមានភ្នំសិនេរុតែមួយជាធម្មតា ពុំមានសភាវៈអ្វីជាគម្រប់ពីរឡើយ សូមព្រះអង្គទ្រង់ជ្រាប។
គ្រានោះព្រះចមទិព្វាធិបតីជាស្ដេចទេវតា ទ្រង់ស្ដាប់នូវពាក្យវិសជ្ជនានូវប្រស្នានៃព្រះបរមពោធិសត្វនោះហើយ ទ្រង់ដល់នូវសេចក្ដីសោមនស្ស មានព្រះទ័យបង្កើតជាអស្ចារ្យ ហើយដោះនូវសំពត់និងគ្រឿងអម្ពរ បូជាព្រះពោធិសត្វ ឱ្យនូវសព្ទសាធុការហើយប្រោះព្រំនូវទឹកក្រអូបដ៏ជាទិព្វដល់ព្រះពោធិសត្វ។
ឯទេវតានិងមនុស្សទាំងឡាយ ព្រមទាំងព្រះនរបតីកោរព្យរាជនូវសេវកាមាត្យទាំងអស់ បានស្ដាប់នូវពាក្យបញ្ហាវិសជ្ជនានៃភណ្ឌាគារិកកុមារនោះហើយ ក៏សឹងដល់នូវសេចក្ដីសោមនស្សព្រឺព្រួចលោមាបង្កើតជាអស្ចារ្យក្នុងចិត្តរាល់ៗគ្នា ដោះនូវសំពត់និងគ្រឿងអម្ពរធ្វើជាធម្មបូជាដល់ព្រះមហាសត្វ ហើយពោលសរសើរថា កុមារក្មេងតូចនេះទើបតែនឹងបានអាយុ ៧ ឆ្នាំទេមានប្រាជ្ញាអ្វីច្រើនជាអស្ចារ្យដល់ម៉្លេះ។
ចំណែកឯព្រះបរមពោធិសត្វ ក៏ទូលសួរទៅព្រះមហាក្សត្រទៀតថា បពិត្រមហារាជ ប្រស្នាជាគម្រប់ពីរនោះទេវតាសួរថាដូចម្ដេច។
ព្រះមហាក្សត្រាធិរាជ មានបន្ទូលថា ម្នាលអ្នកជាកុមារតូច ទេវតាសួរប្រស្នាទីពីរនោះថា សភាវៈមានតែពីរ ពុំដែលមានបី គឺសភាវៈអ្វី។
ព្រះពោធិសត្វ ឆ្លើយថាបពិត្រមហារាជ សភាវៈមានតែពីរ ពុំដែលមានបីនោះគឺ ព្រះអាទិត្យ ១ ព្រះចន្ទ ១ ឯព្រះអាទិត្យនិងព្រះចន្ទនេះ គឺអ្នកប្រាជ្ញទាំងឡាយលោកតែងពោលថាមានតែពីរក្នុងលោក ចំណែកខាងព្រះអាទិត្យសម្រាប់ភ្លឺរុងរឿងក្នុងវេលាថ្ងៃ ព្រះចន្ទសម្រាប់ភ្លឺរុងរឿងក្នុងវេលាយប់ជាធម្មតាលោក។ ព្រះសក្កទេវរាជបានស្ដាប់ហើយ បើកនូវដុំរំភាយនៃស្វេតច្ឆត្រសម្ដែងនូវខ្លួនចេញមកពាក់កណ្ដាល ហើយពោលថា ឱហ្ន៎ប្រស្នានេះ គឺកុមារនេះសម្ដែងដោយប្រពៃ ពោលដូច្នេះហើយឱ្យសាធុការដោយសំឡេងដ៏ពីរោះហើយបាត់ទៅ។
ព្រះបាទកោរព្យរាជ ព្រមទាំងសេវកាមាត្យ នូវមហាជនទាំងឡាយក៏ស្រែកឱ្យសព្ទសាធុការដ៏លាន់ឮខ្លាំង មានសំឡេងគឹកកងតែមួយ។
លំដាប់នោះព្រះពោធិសត្វបានទូលសួរតទៅទៀតថា បពិត្រមហារាជ ទេវតាសួរនូវប្រស្នាក្រៅពីនេះដូចម្ដេចទៀត។
សម្ដេចព្រះនរទេពកោរព្យាជ មានព្រះបន្ទូលថា ម្នាលកុមារ ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែបី ពុំដែលមានបួន គឺសភាវៈអ្វី។
ព្រះមហាសត្វស្ដាប់ហើយទូលថា បពិត្រមហារាជ វត្ថុអ្វីដ៏ទៃប្រាកដស្មើដោយព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ក្នុងលោកនេះពុំមានឡើយ ព្រះត្រៃសរណគមន៍ទាំងបីនេះ គឺអ្នកប្រាជ្ញទាំងឡាយលោកពោលថា មានតែបីពុំដែលមានបួនដោយពិត។
ព្រះឥន្ទនិងព្រះបាទកោរព្យរាជ ព្រមទាំងរាជាមាត្យនូវមហាជនទាំងឡាយ បានស្ដាប់ហើយក៏ឱ្យសព្ទសាធុការព្រមគ្នាក្នុងខណៈនោះឯង។
ព្រះបរមពោធិសត្វ ក៏បានទូលសួរតទៅទៀតថា បពិត្រមហារាជ ទេវតាសួរនូវប្រស្នាក្រៅពីនេះដូចម្ដេចទៀត។
ព្រះបាទកោរព្យរាជ មានព្រះបន្ទូលថា ម្នាលកុមារ ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែបួន ពុំដែលមានប្រាំ គឺសភាវៈអ្វី។
ព្រះពោធិសត្វឆ្លើយថា បពិត្រព្រះអង្គ មានតែបួនពុំដែលមានប្រាំនោះ គឺទ្វីបធំទាំងបួន ឯទ្វីបធំទាំងបួននោះគឺ ជម្ពូទ្វីប ១ បុព្វេវិទេហទ្វីប ១ អបរគោយានិទ្វីប ១ ឧត្តរកុរុទ្វីប ១ គឺអ្នកប្រាជ្ញទាំងឡាយលោកពោលថា មានតែបួនជាធម្មតាលោក ពុំដែលមានប្រាំឡើយ។
សម្ដេចព្រះអម្រិន្រ្ទាធិរាជ បានស្ដាប់ពាក្យវិសជ្ជនានៃព្រះពោធិសត្វ ហើយញ៉ាំងភ្លៀងជាវិការនៃកែវប្រាំពីរប្រការ ឱ្យធ្លាក់ចុះមកបូជាព្រះបរមពោធិសត្វក្នុងកាលនោះឯង។
ឯព្រះបាទកោរព្យរាជ បានឃើញកុមារជាអស្ចារ្យដូច្នោះហើយ លើកកម្បង់អញ្ជលីឡើងប្រណម្យពោលជាបទព្រះគាថាដូច្នេះថា ៖
តាតត្វំអតិទហរោ មហាបញ្ញោសេដ្ឋោកុសលោ
តេគវមហីសសតំ អស្សសតំហត្ថិសតំ
និក្ខសហស្សានិទទាមិ តេធម្មនូជនត្ថាយ។
អធិប្បាយថា ម្នាលបា អ្នកឯងក្មេងក្រៃពេក ហើយឆ្លាតវាងវៃមានប្រាជ្ញាច្រើនដ៏ប្រសើរដោយវិសេស ដូច្នេះយើងបូជានូវគោ ១០០ ក្របី ១០០ សេះ ១០០ ដំរី ១០០ មាសឆ្ដោរ ១០០០ ដល់អ្នក ដើម្បីប្រយោជន៍ដល់កិរិយាធ្វើឱ្យជាធម្មបូជាដល់អ្នក។
គ្រានោះព្រះមហាសត្វ បានទូលសួរទៅស្ដេចវិញថា បពិត្រមហារាជ ទេវតាសួរនូវប្រស្នាឯណា សូមព្រះអង្គពោលនូវប្រស្នានោះមក ប្រស្នានោះតើដូចម្ដេច។
ព្រះបាទកោរព្យរាជ ទ្រង់ព្រះសណ្ដាប់ហើយពោលថា ម្នាលបាជាកុមារតូច ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែប្រាំ ពុំដែលមានប្រាំមួយ គឺសភាវៈអ្វី។
ព្រះបរមពោធិសត្វបានស្ដាប់ហើយពោលថា បពិត្រមហារាជ ប្រស្នាជាគម្រប់ប្រាំ ដែលទេវតាសួរហើយនោះ នឹងមានសភាវៈអ្វីដទៃប្រាកដស្មើដោយសីលប្រាំនេះពុំមានឡើយ ជនទាំងឡាយទាំងពួងរក្សានូវសីលទាំងឡាយប្រាំ តែច្យុតិអំពីមនុស្សលោកនេះហើយ រមែងបានទៅកើតជាទេវតានៅក្នុងតាវត្តិង្សភព ដោយអានុភាពនៃសីលប្រាំ ព្រោះហេតុដូច្នោះ សីលទាំងប្រាំនេះ គឺអ្នកប្រាជ្ញទាំងឡាយពោលថា មានតែប្រាំពុំមានដែលមានប្រាំមួយដោយពិត។
ឯសក្កទេវរាជបានស្ដាប់អធិប្បាយប្រស្នានេះហើយ ដល់នូវសេចក្ដីសោមនស្សជ្រះថ្លា បានយកនូវគ្រឿងក្រអូបនិងគ្រឿងលាបនិងគ្រឿងអម្ពរទាំងឡាយដ៏ជាទិព្វ ធ្វើជាធម្មបូជាដល់ព្រះបរមពោធិសត្វ។
ជនទាំងឡាយទាំងពួងក៏ផ្គងឡើងនូវអញ្ជលីនមស្ការ ថ្វាយបង្គំឱ្យសព្ទសាធុការដល់ព្រះបរមពោធិសត្វ។
ឯព្រះបាទនរិន្រ្ទាធិបតី ស្ដេចមានព្រះទ័យជ្រះថ្លា ហើយបានបូជានូវខ្ញុំស្រី ១០០ ខ្ញុំប្រុស ១០០ មាសឆ្ពោរ ១ ពាន់ដល់ព្រះបរមពោធិសត្វ។
គ្រានោះព្រះបរមពោធិសត្វ ទូលសួរទៅទៀតថា បពិត្រមហារាជ ទេវតាសួរប្រស្នាដូចម្ដេចទៀត សូមព្រះអង្គពោលនូវប្រស្នានោះមក ទូលបង្គំជាខ្ញុំនឹងអធិប្បាយឥឡូវនេះ។
ព្រះបាទនរាធិបតីកោរាព្យរាជ ទ្រង់សណ្ដាប់ហើយពោលថា ម្នាលបាកុមារ ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែប្រាំមួយ ពុំដែលមានប្រាំពីរ គឺសភាវៈអ្វី។
គ្រានោះព្រះបរមពោធិសត្វ បានស្ដាប់ហើយឆ្លើយថា បពិត្រមហារាជ សូមព្រះអង្គព្រះសណ្ដាប់ចុះ ទូលបង្គំជាខ្ញុំនឹងព្យាករណ៍ថ្វាយព្រះអង្គ ឯប្រស្នាថាសភាវៈមានតែប្រាំមួយ ពុំដែលមានប្រាំពីរ នោះមិនគឺអ្វី គឺកាមាវចរសួគ៌ទាំងប្រាំមួយជាន់ គឺស្ថានចាតុម្មហារាជិកា ១ តាវត្តិង្សា ១ យាមា ១ តុសិតា ១ និម្មានរតី ១ បរនិម្មិតវសត្តី ១ ឋានសួគ៌ទាំងប្រាំមួយជាន់នេះគឺអ្នកប្រាជ្ញទាំងឡាយពោលថា មានតែប្រាំមួយពុំដែលមានប្រាំពីរដោយពិត។
សម្ដេចព្រះឥន្ទ្រាធិរាជ បានស្ដាប់ហើយមានព្រះទ័យរីករាយ ប្រកបដោយបីតិនិងសោមនស្ស ទ្រង់ទាំងប្រាំពីរប្រការដាក់ក្នុងជើងពានមាស តម្កល់ទៀបនឹងព្រះបាទព្រះបរមបពោធិសត្វ ហើយធ្វើជាគ្រឿងបូជាដល់ព្រះពោធិសត្វ។
ឯស្ដេចទាំងឡាយទាំងពួង មានព្រះបាទកោរព្យរាជជាដើមក៏បានបូជាកែវ១សែនដល់ព្រះបរមពោធិសត្វ។
ចំណែកខាងព្រះបរមពោធិសត្វ ទូលសួរតទៅទៀតថា បពិត្រមហារាជ ទេវតាសួរនូវប្រស្នាក្រៅពីនេះដូចម្ដេចទៀត។
ព្រះបាទកោរព្យរាជ ទ្រង់ព្រះសណ្ដាប់ហើយពោលថា ម្នាលបាជាកុមារតូច ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែប្រាំពីរ ពុំដែលមានប្រាំបី គឺសភាវៈអ្វី។
ព្រះបរមពោធិសត្វ បានស្ដាប់ហើយឆ្លើយថា បពិត្រមហារាជ ឯសភាវៈមានតែ ៧ ពុំដែលមាន ៨ នោះមិនគឺអ្វី គឺភ្នំសត្តបរិភណ្ឌទាំង ៧ ដែលជាបរិវារនៃភ្នំមេរុរាជ (គឺភ្នំព្រះសុមេរុ) ភ្នំសត្តបរិភណ្ឌទាំង ៧ គឺអ្នកប្រាជ្ញទាំងឡាយពោលថា មានតែ ៧ ពុំដែលមាន ៨ ដោយពិត។
សម្ដេចព្រះសហស្សន័យន៍ចមត្រ័យទិព្វ បានស្ដាប់ហើយឱ្យសាធុការ ហើយយកកម្រងមាសមានតម្លៃ ១ សែនបូជាដល់ព្រះបរមពោធិសត្វ។
គ្រានោះព្រះបរមពោធិសត្វ ទូលសួរតទៅទៀតថា បពិត្រមហារាជ ទេវតាសួរប្រស្នានឹងព្រះអង្គដូចម្ដេចតទៅទៀត។
ព្រះបាទកោរព្យរាជមហាបពិត្រ ទ្រង់ស្ដាប់ហើយពោលថា ម្នាលបាជាកុមារតូច ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែ ៨ ពុំដែលមាន ៩ គឺសភាវៈអ្វី។
ព្រះបរមពោធិសត្វបានស្ដាប់ហើយឆ្លើយថា បពិត្រមហារាជ ឯសភាវៈមានតែ ៨ ពុំដែលមាន ៩ នោះមិនគឺអ្វី គឺសីលដែលប្រកបព្រមដោយអង្គទាំង ៨ រកសភាវៈអ្វីដ៏ទៃឱ្យស្មើដោយសីល ៨ នេះពុំមានឡើយ ព្រោះហេតុដូច្នោះហើយសីលទាំង ៨ នេះគឺអ្នកប្រាជ្ញទាំងឡាយពោលថាមានតែ ៨ ពុំដែលមាន ៩ ដោយពិត។
សម្ដេចព្រះអម្រិន្រ្ទាធិរាជ បានស្ដាប់ហើយ បង្អុរភ្លៀងទិព្វចុះមកហើយបូជានូវផ្កាទិព្វដល់ព្រះបរមពោធិសត្វ។
ឯពួកទេវតាទាំងឡាយ បានបូជាសំពត់ទិព្វនិងកែវទាំង ៧ ប្រការដល់ព្រះបរមពោធិសត្វ។
សម្ដេចព្រះចមភារាកោរព្យរាជ បានឃើញនូវសេចក្ដីអស្ចារ្យនោះហើយ ព្រះអង្គដល់នូវសេចក្ដីសោមនស្ស បានយកគ្រឿងអលង្ការមាសសុទ្ធនិងប្រាក់បូជាដល់ព្រះបរមពោធិសត្វ។
ឯស្ដេចទាំងឡាយព្រមទាំងសេវកាមាត្យ មានសេនាបតីជាដើម បានបូជាមាសប្រាក់កែវពិទូរ្យ គ្រឿងអម្ពរទាំងឡាយ ហើយទូងនូវស្គរតូច ស្គរធំ ជួង រគាំង នូវភ្លេងតូរ្យតន្រ្តីទាំងពួងថ្វាយសព្ទសាធុការដល់ព្រះបរមពោធិសត្វដ៏លើសលប់ក្រៃពេក។
ព្រះបរមពោធិសត្វ ក៏ទូលសួរតទៅទៀតថា បពិត្រមហារាជ ទេវតាសួរប្រស្នានឹងព្រះអង្គដូចម្ដេចតទៅទៀត។
សម្ដេចព្រះមហៃសូរសក្ដកោរាព្យរាជ ទ្រង់ស្ដាប់ហើយពោលថា ម្នាលបាជាកុមារតូច ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែ ៩ ពុំដែលមាន ១០ គឺសភាវៈអ្វី។
ព្រះបរមពោធិសត្វ បានស្ដាប់ហើយ សេចក្ដីអធិប្បាយប្រស្នានោះកើតប្រាកដដល់ព្រះអង្គមួយរំពេច ហើយឆ្លើយថា បពិត្រមហារាជ នឹងរកសភាវៈឯណាឱ្យប្រាកដស្មើដោយលោកុត្តរធម៌ទាំង ៩ ក្នុងលោកនេះពុំមានឡើយ ធម្មជាតិអ្វីដ៏ទៃប្រាកដស្មើដោយលោកុត្តរធម៌ទាំង ៩ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងមកហើយក្នុងលោកនេះក៏មានឡើយ លោកុត្តរធម៌នេះហើយគឺអ្នកប្រាជ្ញទាំងឡាយមានព្រះពុទ្ធជាដើម ពោលថាមានតែ ៩ ពុំដែលមាន ១០ ដោយពិត។
សម្ដេចព្រះឥន្ទកោសិយរាជ មានព្រះទ័យជ្រះថ្លាដោយកិរិយាធ្វើឱ្យជាក់ច្បាស់នូវប្រស្នានោះ ហើយគ្រឿងអម្ពរទិព្វទាំងឡាយនឹងញ៉ាំងភ្លៀងជាវិការនៃកែវទាំង ៧ ប្រការ ឱ្យធ្លាក់ចុះបូជាដល់ព្រះបរមពោធិសត្វ។
ព្រះបាទកោរព្យរាជ បានឃើញនូវសេចក្ដីអស្ចារ្យដូច្នោះ ហើយមានព្រះរាជហឫទ័យត្រេកអរ បានបូជានូវរាជសម្បត្តិពាក់កណ្ដាល ដល់ព្រះបរមពោធិសត្វ។
គ្រានោះភណ្ឌាគារិកកុមារពោធិសត្វ ទូលសួរតទៅទៀតថា បពិត្រមហារាជ ប្រស្នាមានដល់ព្រះអង្គដូចម្ដេច សូមព្រះអង្គពោលប្រស្នានោះមក ខ្ញុំនឹងដោះស្រាយក្នុងកាលឥឡូវនេះ។
ព្រះបរមក្សត្រទ្រង់ព្រះសណ្ដាប់ហើយពោលថា ម្នាលបាជាកុមារតូច ទេវតាសួរប្រស្នានឹងយើងថា សភាវៈមានតែ ១០ ពុំដែលមាន ១១ គឺសភាវៈអ្វី។
ព្រះមហាសត្វ បានស្ដាប់ហើយសម្ដែងថា បពិត្រមហារាជ សូមព្រះអង្គទ្រង់ស្ដាប់នូវពាក្យនៃខ្ញុំ ជំនុំប្រស្នាទាំងឡាយនោះជាគម្រប់ ១០ មកដល់ហើយ គុណជាតអ្វីប្រាកដស្មើដោយសីល ១០ ក្នុងលោកពុំមានឡើយ សីល ១០ នេះហៅថា គហដ្ឋសីលជាសីលសម្រាប់គ្រហស្ថដែលជាអ្នកប្រាថ្នានូវបុណ្យធំតែងរក្សាជាប្រក្រតី សីលទាំង ១០ នេះគឺអ្នកប្រាជ្ញទាំងឡាយពោលថាមានតែ ១០ ពុំដែលមាន ១១ ឡើយដោយពិត។
សម្ដេចព្រះទេវាមរិន្រ្ទាធិបតី បានស្ដាប់ប្រស្នាព្យាករណ៍ព្រះបរមពោធិសត្វហើយ មានព្រះទ័យត្រេកអរសាទរ ញ៉ាំងភ្លៀងកែវ ៧ ប្រការនិងភ្លៀងសំណាញ់ជាវិការនៃគ្រឿងអម្ពរនិងកែវមុក្ដាឱ្យធ្លាក់ចុះមក បីដូចជាមហាមេឃញ៉ាំងទឹកភ្លៀងឱ្យធ្លាក់ចុះមក ធ្វើជាធម្មបូជាដល់ព្រះបរមពោធិសត្វ។
មិនតែព្រះឥន្ទ្រាធិរាជប៉ុណ្ណោះទេ ទោះទេវតាទាំងឡាយដែលស្ថិតនៅលើផែនដីក្ដី ស្ថិតនៅលើដើមឈើទាំងពួងក្ដី ស្ថិតនៅលើអាកាសក្ដី ស្ថិតនៅក្នុងកណ្ដាប់ចក្កវាឡទាំងអស់ក្ដី សឹងតែស្រែកឱ្យសព្វសាធុការដល់ព្រះបរមពោធិសត្វ។
សម្ដេចព្រះនរេន្រ្ទាធិបតីកោរព្យរាជ ទ្រង់បានឃើញនូវសេចក្ដីអស្ចារ្យប្លែកចម្លែកដូច្នោះហើយ ក៏ព្រះអង្គលើកយករាជសម្បត្តិទាំងអស់ធ្វើជាធម្មបូជា ដល់ព្រះបរមពោធិសត្វ។
ឯស្ដេចទាំងឡាយទាំងពួង អត់ទ្រាំពុំបានដោយសេចក្ដីជ្រះថ្លាខ្លាំងពេក ហើយនាំមកនូវព្រះរាជធីតានៃខ្លួនទីទៃៗ យកមកប្រគល់ថ្វាយដល់ព្រះបរមពោធិសត្វធ្វើជាធម្មបូជា។
ឯពួកសេវកាមាត្យទាំងឡាយក្ដី សិរីកញ្ញាទាំងឡាយក្ដី មហាជនទាំងឡាយទាំងពួងក្ដី ពួកពលទាហានសេនាយោធាទាំងអស់ក្ដី ទាំងខាងក្នុងនិងខាងក្រៅនគរ បានបូជានូវគ្រឿងអម្ពរនិងមាសប្រាក់កែវមុក្ដាកែវមណី និងសំពត់ទាំងឡាយ ហើយញ៉ាំងទង់កំណាត់សំពត់ឱ្យប្រព្រឹត្តទៅ ប្រគំនូវភ្លេងតូរ្យតន្រ្តីមានរនាត គង និងស្គរតូចស្គរធំជាដើម បូជាដល់ព្រះបរមពោធិសត្វ។
ក្នុងខណៈនោះ ផែនដីធំកម្រើកញាប់ញ័រហាក់បីដូចជាបែកជាពីរ។
គ្រានោះសម្ដេចអមរិន្រ្ទាធិរាជ បានញ៉ាំងខ្លួនឱ្យព្រះបាទកោរព្យរាជ ព្រមទាំងសេវកាមាត្យនូវមហាជនទាំងឡាយ ឱ្យបានស្គាល់ដឹងច្បាស់ហើយ ពោលជាបទព្រះគាថាដូច្នេះថា ៖
សក្កោហមិស្មិទេវិន្ទោ អាគតោភវសន្តិកេ
បញ្ហំបុដ្ឋោចកោរព្យោ រាជាអត្វំនបស្សតិ
ត្វមេវបញ្ហាព្យាកាសិ សាធុការិទទាមិតេ
សាធុដាធុមហាវិរ សម្បន្នំតេមនោរថំ
អចិរេនតុវិកាលេ ពុទ្ធោលោកេភវិស្សសិ
វិរេវេរស្សុកុមារ។
អធិប្បាយថា ខ្ញុំជាព្រះឥន្ទជាធំជាងទេវតា បានមកហើយក្នុងសម្នាក់នៃព្រះអង្គ មានស្ដេចទ្រង់ព្រះនាមកោរព្យរាជជាប្រធាន ដែលខ្ញុំបានសួរនូវប្រស្នាឯណា ពុំបានឃើញនូវសេចក្ដីអធិប្បាយនៃប្រស្នានោះ មានតែអ្នកជាកុមារតូច ទើបធ្វើឱ្យជាក់ច្បាស់នូវប្រស្នាទាំងឡាយបាន បពិត្រកុមារមានព្យាយាមធំប្រពៃ ៗ ហើយ ខ្ញុំឱ្យនូវសាធុការដល់អ្នក សេចក្ដីប្រាថ្នាក្នុងចិត្តអ្នកបរិបូណ៌ហើយ អ្នកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដក្នុងលោកក្នុងកាលពុំយូរប៉ុន្មាន ម្នាលកុមារ អ្នកចូលទទួលយកនូវពរទាំងឡាយ។
ឯភណ្ឌាគារិកកុមារព្រះពោធិសត្វ កាលបានទទួលយកនូវពរទាំង ៤ អំពីសម្នាក់ព្រះឥន្ទ្រាធិរាជហើយពោលជាបទព្រះគាថាដូច្នេះថា ៖
វរគ្ចេមេអទោសក្ក សព្វភូតានមិស្សរោ
បិតាមំអនុមោទេយ្យ ឥតោបត្តំសកំឃរំ
អសនេននិមន្តយ្យ នឋមមេំវរំវរេ។
អធិប្បាយថា បពិត្រសក្កទេវរាជ ថាបើព្រះអង្គឱ្យនូវពរដល់ខ្ញុំ ព្រះបិតាដែលជាឥស្សរធំជាងសត្វទាំងឡាយទាំងពួងគប្បីរីករាយតាមនូវខ្ញុំ គប្បីហៅរកនូវខ្ញុំបានមកដល់ផ្ទះជារបស់នៃខ្លួនដោយទីអាសនៈអំពីកាលនេះ ព្រះអង្គគប្បីឱ្យនូវពរនេះជាបឋមឱ្យបានសម្រេចដល់ខ្ញុំ។
បុរិសវធន្នរោចេយ្យំ អបិកិព្បិសការកំ
វជ្ឈំវធម្ហាមោចេយ្យំ ទុតិយេតំវរំវរេ
អធិប្បាយថា ខ្ញុំមិនគប្បីគាប់ចិត្តនូវកិរិយាសម្លាប់នូវបុរស ម៉្យាងវិញទៀតខ្ញុំគប្បីដោះលែងនូវបុរសអ្នកធ្វើនូវអំពើអាក្រក់ គឺបុគ្គលកាលសម្លាប់ឱ្យរួចអំពីស្លាប់ ព្រះអង្គគប្បីឱ្យនូវពរនេះជាគម្រប់ពីរ ឱ្យបានសម្រេចដល់ខ្ញុំ។
យេវុឌ្ឍយេចទហរា យេចមជ្ឈិមបោរិសា
មមេវឧប្បជីវេយ្យុំ តតិយេតំវរំវេរេ
អធិប្បាយថា ជនទាំងឡាយឯណាចាស់ក្ដី ជនទាំងឡាយឯណាក្មេងក្ដី ជនទាំងឡាយឯណាជាបុរសកណ្ដាលក្ដី ជនទាំងឡាយទាំងពួងនោះ ៗ គប្បីអាស្រ័យនូវខ្ញុំហើយរស់នៅមែនពិត ព្រះអង្គឱ្យនូវពរនេះជាគម្រប់បី ឱ្យបានសម្រេចដល់ខ្ញុំ។
បរទារំនគច្ឆេយ្យំ សទារបសុតោលិយំ
ថីនំវសនគច្ឆេយ្យំ អភតំសព្វបាណីនំ
អហមេវសក្កជាយេថ រាជានោចទិឃាយុកោ
ធម្មេនជិនេបបថវឹ អធម្មោធម្មរក្ខិតោ-
ទទតោមេនខិយ្យេត្ថ ទត្វានានុតប្បេយ្យាហំ
ទទំចិត្តំបាសទេយ្យំ ចតុត្ថេតំវរំរេ។
អធិប្បាយថា ខ្ញុំមិនគប្បីគប់នូវប្រពន្ធនៃបុគ្គលដទៃ ខ្ញុំខ្វល់ខ្វាយហើយក្នុងប្រពន្ធនៃខ្លួនគប្បីមាន មិនគប្បីលុះក្នុងអំណាចនៃស្រីទាំងឡាយ បពិត្រសក្កទេវរាជ ខ្ញុំគប្បីញ៉ាំងអំពើគឺបុគ្គលមិនត្រូវធ្វើឱ្យកើតដល់សត្វទាំងឡាយទាំងពួង ស្ដេចនៃយើងទាំងឡាយសូមព្រះអង្គមានជន្មវែង បើព្រះអង្គពុំមានធម៌ឱ្យជាអ្នករក្សានូវធម៌វិញ ហើយគប្បីឈ្នះនូវផែនដីគឺគ្រប់គ្រងរក្សានូវផែនដីដោយធម៌ ចិត្តសទ្ធារបស់ខ្ញុំកាលឱ្យទានមិនគប្បីអស់ទៅ ខ្ញុំបានឱ្យនូវទានហើយមិនគប្បីក្ដៅក្រហាយចិត្តរឿយៗជាខាងក្រោយ ខ្ញុំកាលឱ្យទានគប្បីញ៉ាំងចិត្តនៃខ្លួនឱ្យជ្រះថ្លាល្អ ព្រះអង្គគប្បីឱ្យនូវពរនេះជាគម្រប់ ៤ ឱ្យបានសម្រេចដល់ខ្ញុំ។
សម្ដេចព្រះមឃវាឥន្រ្ទាធិរាជ បានពោលថាព្រះបិតានៃអ្នកត្រូវស្រោចទឹកអភិសេកនូវអ្នកដោយកាលមិនយូរ សម្ដេចព្រះសុដម្បិតទេវរាជ បានពោលដូច្នេះក៏ហោះទៅឋានសួគ៌វិញហោង។
គ្រានោះព្រះចៅក្រុងក្រៃកោរព្យរាជ បានញ៉ាំងកុមារឱ្យងូតទឹកជម្រះរាងកាយ ហើយឱ្យបរិភោគនូវភោជនដ៏មានរសប្រពៃ ហើយឱ្យប្រដាប់ដោយគ្រឿងអលង្ការទាំងពួង ស្ដេចពុំទាន់ស្គាល់កុមារថាជាបុត្រារបស់ព្រះអង្គឡើយ លើកកុមារឱ្យអង្គុយលើព្រះឩរុព្រះអង្គ ហើយពោលនូវគាថាដូច្នេះថា ៖
ហាតតបិយបុត្តក តញ្ចបុត្តំនជានាមិ
តវមាតាកុហឹដ្ឋានេ តំមេអក្ខាហិបុច្ឆិតោ។
អធិប្បាយថា ហៃអ្នកជាកូនតូចសម្លាញ់ យើងពុំទាន់បានស្គាល់អ្នកថាជាបុត្តអ្នកឯណា មាតារបស់អ្នកស្ថិតនៅក្នុងទីឯណា អ្នកគឺយើងសួរនូវហេតុនោះចូលអ្នកប្រាប់នូវហេតុនោះដល់យើង។
ព្រះបរមពោធិសត្វ បានស្ដាប់ពោលជាបទព្រះគាថាដូច្នេះថា ៖
អត្ថិមាតាឃរេតិដ្ឋំ ភណ្ឌគារោចរក្ខតិ
សត្តវស្សេសត្តមាសេ យាវសត្តទិវសេសុ
ត្វញ្ចជានាសិឥស្សរោ អត្តនោបុត្តំនជានាសិ
អហញ្ចតវបុត្តោវ តុវំជានាហិខត្តិយ។
អធិប្បាយថា មាតារបស់ខ្ញុំមានស្ថិតនៅក្នុងផ្ទះនាយឃ្លាំងរក្សាទុកដោយប្រពៃ កន្លងទៅបាន ៧ឆ្នាំ ៧ខែ ៧ថ្ងៃ ហើយ ឯព្រះអង្គជាឥស្សរធំជ្រាបដែរ តែហាក់ដូចជាមិនជ្រាបនូវបុត្រារបស់ខ្លួន ចំណែកខាងខ្ញុំជាបុត្រារបស់ព្រះអង្គពិត បពិត្រមហាក្សត្រ សូមព្រះអង្គទ្រង់ជ្រាប។
ព្រះចមភពកោរព្យរាជ ព្រះអង្គបានស្ដាប់កុមារទូលដូច្នោះហើយ ទ្រង់ជ្រាបច្បាស់ថាជាបុត្រារបស់ព្រះអង្គពិតពោលដោយជាបទព្រះគាថាថាទៅនឹងនាយឃ្លាំងថា ៖
ឧដ្ឋេហិកត្តេតរមានោ សព្វសេនានិឃោសិត្ថ
ហត្ថិអស្សារថាបត សេនាយចតុរង្គិនិ
បវីសិត្វារាជគហេ សព្វាកញ្ញាសហស្សានិ
សព្វាលង្ការភូសិតា និឃោសិត្វាសព្វាតាយោ
បវិស្សន្តុបុរំរម្មំ។
អធិប្បាយ ម្នាលនាយឃ្លាំងជាអ្នកចាត់ការ ត្រូវអ្នកក្រោកឡើងរួសរាន់ចូលទៅក្នុងគេហស្ថាន ឃោសនាប្រាប់សេនាទាហានទាំងឡាយប្រកបដោយអង្គ ៤ គឺ សេនាដំរី សេនាសេះ សេនារថ សេនាពលថ្មើរជើង ហើយឃោសនាប្រាប់នាងកញ្ញាទាំង ១ ពាន់ឱ្យប្រដាប់ស្អិតស្អាងគ្រឿងអលង្ការទាំងពួង រួចហើយនាងកញ្ញាទាំងអស់នឹងសេនាទាំងពួងនោះ ត្រូវទៅយកនាងសុមនទេវី ដង្ហែចូលមកកាន់បូរីដែលជាទីតម្រេកឱ្យឆាប់រួសរាន់។
នាយឃ្លាំងបានទទួលព្រះរាជឱង្ការត្រាស់បង្គាប់ហើយចាត់ការនោះសព្វគ្រប់ ដោយឆាប់រួសរាន់ ទៅដង្ហែនាំយកព្រះនាងទេវីចូលមកកាន់ព្រះបរមរាជវាំងវិញ។
ឯព្រះបាទកោរព្យរាជ ចាំមើលផ្លូវនាងទេវីបានឃើញនាងទេវីមកដល់ហើយ ព្រះអង្គក៏ចុះទៅទទួលចាប់ដៃព្រះនាងទេវីនាំឡើងលើប្រាង្គប្រាសាទ ហើយគង់នៅលើអាសនៈជាមួយនឹងនាងទេវី ហើយប្ដេជ្ញាទោសនឹងនាងទេវី ស្រេចហើយស្ដេចញ៉ាំងនាងទេវីឱ្យងូតដោយទឹកក្រអូប ស្រោចទឹកអភិសេក ហើយឱ្យប្រដាប់ស្អិតស្អាងគ្រឿងអលង្ការ ឱ្យបរិភោគភោជនដ៏មានរសប្រពៃ ហើយតម្កល់ក្នុងទីជាអគ្គមហេសីធំដ៏ប្រសើរក្នុងកាលនោះឯង។
សម្ដេចព្រះបរមពោធិសត្វវង្សករ ពន្លកបណ្ដូលសម្ពោធិញាណ ព្រះអង្គបានទទួលរាជាភិសេកតាំងពីព្រះជន្មជាង ៧ ឆ្នាំប្លាយឡើងទៅ សោយរាជ្យសម្បត្តិជាសម្ដេចឯករាជទ្រង់ទសពិធរាជធម៌ទាំង ១០ មានព្រះរាជហឫទ័យស្មើ ផ្សាយទៅសព្វសត្វទាំងអស់ ហើយបានព្រះទានសម្បត្តិយ៉ាងធំដល់នាយឃ្លាំងដែលជាអ្នកចិញ្ចឹមរក្សាព្រះអង្គពីកុមារតូចមក ដោយឥស្សរយសដ៏ប្រសើរ។
ឯស្ដេចទាំងឡាយទាំងពួង ក៏លើកយករាជសម្បត្តិរបស់ខ្លួនទីទៃៗ ថ្វាយដល់ព្រះបរមពោធិសត្វ ហើយធ្វើប្រដាប់នូវធីតានៃខ្លួនទីទៃៗ ដ៏ស្អិតស្អាងដោយគ្រឿងអលង្ការទាំងពួង ស្រេចហើយប្រគល់ថ្វាយដល់ព្រះបរមពោធិសត្វ ផ្គងឡើងនូវអញ្ជលីនមស្ការថ្វាយបង្គំហើយស្ថិតនៅ។
សម្ដេចព្រះបាទភណ្ឌាគារិករាជបរមពោធិសត្វ ព្រះអង្គឱ្យនូវឱវាទដល់ស្ដេចទាំងឡាយនោះថា អ្នកទាំងឡាយចាប់ដើមអំពីថ្ងៃនេះទៅ ចូរកុំប្រមាទត្រូវរក្សាសីល ៥ ឱ្យខ្ជាប់ ត្រូវចម្រើនមេត្តាភាវនាជានិច្ច ត្រូវសន្សំនូវបុណ្យមានប្រមាណតិចៗជាស្បៀងអាហារទៅកាន់បរលោក ហើយទ្រង់ហាមថែមទៀតថា ស្ដេចទាំងឡាយមិនគប្បីសម្លាប់សត្វ មិនគប្បីកាន់យកនូវទ្រព្យនៃបុគ្គលដ៏ទៃ មិនគប្បីគប់នូវ ពោលនូវពាក្យកុហក មិនគប្បីផឹកនូវទឹកស្រវឹងគឺសុរានិងមេរ័យ ត្រូវឱ្យនូវទានតៗទៅកុំឱ្យដាច់ ព្រះបរមពោធិសត្វឱ្យឱវាទដល់ស្ដេចទាំងឡាយនោះ ស្រេចហើយប្រជុំនូវស្ដេចទាំងឡាយមកជុំហើយប្រគល់នូវរាជសម្បត្តិឱ្យវិញ ហើយបញ្ជូននូវស្ដេចទាំងឡាយនោះឱ្យទៅកាន់នគរនៃខ្លួនទីទៃៗវិញ។
ព្រះបរមពោធិសត្វ ព្រះអង្គសោយរាជសម្បត្តិ ទ្រង់ទសពិធរាជធម៌ទាំង ១០ រក្សាសីល ៥ សីលឧបោសថប្រកបដោយអង្គ ៨ ហើយបរិច្ចាគព្រះរាជទ្រព្យធ្វើបុណ្យទានពុំដែលដាច់ ដល់ព្រះអង្គទ្រង់ព្រះទិវង្គតរម្លត់ព្រះជន្មទៅបានក្នុងស្ថានទេវលោក សោយទិព្វសម្បត្តិជាសុខក្សេមក្សាន្តប្រកបដោយទិព្វទាំង ១០ ប្រការ។
អង្គសម្ដេចព្រះសព្វញ្ញុតញ្ញាណជាម្ចាស់ ព្រះអង្គនាំអតីតនិទាននេះ មកនិទានមកសម្ដែងចប់ហើយ ទ្រង់ប្រជុំនូវជាតកពោលជាបទព្រះគាថាដូច្នេះថា ៖
សុមនទេវីទុក្ខប្បត្តា មហាមាយាឥទានិបិ
កោរព្យចមហារាជា បិតាសុទ្ធោទនាអហុ
ភណ្ឌាគារញ្ចរក្ខន្តោ អានន្ទោយោកត្តាបិច
សព្វេសនាចាមច្ចាវ ពុទ្ធបរិសាវអហុ
ភណ្ឌាគារកុមារោច ពោធិសត្តោសព្វបារមិ
សព្វញ្ញលោកនាថោសោ ឯវំធារេចជាតកំ។
អធិប្បាយថា នាងសុមនទេវីដែលដល់នូវសេចក្ដីទុក្ខ វិលមកមែនក្នុងកាលឥឡូវនេះ បានមកជាសិរិមហាមាយាជាពុទ្ធមាតា ព្រះបាទកោរព្យរាជវិលមកក្នុងកាលឥឡូវនេះ បានជាព្រះបាទសុទ្ធោទនជាពុទ្ធបិតា សម្ដេចព្រះអមរិន្រ្ទាធិរាជដែលមានព្រះនេត្រដ៏ជាទិព្វដ៏លើសលប់ដោយវិសេស វិលមកក្នុងកាលឥឡូវនេះបានព្រះថេរឈ្មោះអនុរុទ្ធ ម៉្យាងវិញទៀតនាយឃ្លាំងជាអ្នកធ្វើការឯណា កាលរក្សានូវភណ្ឌាគារិកកុមារ នាយឃ្លាំងនោះវិលមកក្នុងកាលឥឡូវនេះ បានជាព្រះថេរឈ្មោះអានន្ទ សេនាទាំងពួង វិលមកក្នុងកាលឥឡូវនេះ បានជាពុទ្ធបរិសទ្យទាំងអស់ ភណ្ឌាគារិកកុមារពោធិសត្វឯណាបានបំពេញនូវបារមីទាំងពួង ពោធិសត្វនោះវិលមកក្នុងកាលឥឡូវនេះបានត្រាស់ជាព្រះពុទ្ធជាអង្គសព្វញ្ញូជាទីពឹងនៃសត្វលោក អ្នកទាំងឡាយចូរទ្រទ្រង់នូវជាតកយ៉ាងនេះហោង។
សម្ដែងរឿងប្រស្នាព្រះឥន្ទសួរស្ដេចកោរព្យរាជ
ក្នុងភណ្ឌាគារិកកុមារជាតកចប់សេចក្ដីជាសង្ខេបតែប៉ុណ្ណោះឯង។
ព្រះញាណបវរវិជ្ជា អែម ចាងហ្វាងសាលាបាឡីជាន់ខ្ពស់នៅក្រុងភ្នំពេញ
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣១-៣២