កាព្យពាក្យ ៧
នេះពាក្យទំនៀមបូរាណមុន ទូន្មានមហាជនតទៅមុខ ឱ្យអស់កូនចៅផងចាំទុក ទើបបានទីសុខមកដល់ខ្លួន កុំឱ្យលួចគេវាធ្លាប់ដៃ កុំដេកថ្ងៃវាធ្លាប់ខ្លួន កុំឱ្យស្ដីញាប់វាធ្លាប់ស្ទួន កុំឱ្យថ្មមខ្លួនវាធ្លាប់ខ្ជិល កុំឱ្យស៊ីច្រើនវាច្រើនខ្ជិល កុំឱ្យកកិលវាធ្លាប់ឫក កុំឱ្យស្ងៀមដៃវាធ្លាប់ល្ងង់ កុំឱបជង្គង់វាធ្លាប់ស្ពឹក កុំឱ្យជួរួវាទ្រមឹក កុំឱ្យឆ្មើងឫកគេស្អប់ខ្លួន កុំឱ្យរួសពេកវាបែកបាក់ កុំឱ្យថ្មមថ្នាក់វាបាត់ស្ងួន កុំឱ្យជួជោកវាថោកខ្លួន កុំឱ្យវេះពួនវាបាត់មុខ កុំឱ្យម្នះពេកវាបែកមិត្រ កុំឱ្យទ្រុស្តស្និទ្ធវាបាត់សុខ កុំឱ្យលើកខ្លួនវាស្ទួនទុក្ខ កុំឱ្យស្ដីចាក់រុកវាអប្រីយ៍ កុំធ្វើឱ្យវាស្នេហាវាបែរឃ្លាត កុំឱ្យទ្រុស្តញាតិវាបង់ក្ដី កុំឱ្យហ៊ានហួសអាយុខ្លី កុំឱ្យជេរស្រីវាបង់ទ្រព្យ កុំឱ្យស៊ីពេកវាបែកពោះ កុំឱ្យឡេះឡោះវាខានគាប់ កុំឱ្យខុសរឿយវាអភព្វ កុំឱ្យលេលាប់វាធ្លាប់ចិត្ត បើម្ង៉ៃនឹងចេះឱ្យគេកោត បើម្ង៉ៃនឹងឆោតឱ្យគេអាណិត បើម្ង៉ៃនឹងហ៊ានឱ្យមានចិត្ត បើម្ង៉ៃនឹងគិតឱ្យបានការ បើម្ង៉ៃនឹងឱ្យកាចឱ្យពេញវង់ បើម្ង៉ៃនឹងល្ងង់ឱ្យផុតថា បើម្ង៉ៃនឹងប្រាជ្ញាឱ្យបានការ បើម្ង៉ៃនឹងគេថាឱ្យបានខ្នាត ។
ឱ្យរៀនអត់ឱនពាក្យដូនតា ឱ្យរៀនវិជ្ជាការសិល្បសាស្រ្ត ឱ្យរៀនចិត្តធ្ងន់កុំប្រមាទ ឱ្យខំសង្វាតរកទ្រព្យធន ឱ្យរៀនតម្រាសណ្ដាប់ធី ឱ្យខំរកស៊ីកុំលួចប្លន់ ឱ្យសង្រ្គោះញាតិមានអាសន្ន ឱ្យចេះអត់ធន់កុំក្រេវក្រោធ ឱ្យចេះត្រង់ណាឱ្យមាំមួន ឱ្យចាំច្បាប់ក្បួនតម្រាសោត ឱ្យពេញជាប្រាជ្ញលោកិយកោត ឫកសោតឱ្យសមជាប្រាជ្ញប្រាយ ឱ្យចងឱ្យចាំទំនៀមព្រេង ឱ្យចេះចាំចែងបទបរិយាយ ឱ្យរាប់ព្រេងលានញាតិជិតឆ្ងាយ ឱ្យផ្សាយមេត្តានឹងផលផង ឱ្យស្គាល់ទាបខ្ពស់ដរាបទៅ ឱ្យស្គាល់ប្រាជ្ញខ្លៅនូវរៀមច្បង ឱ្យចងចាំចិត្តគិតខ្លាចហ្មង ឱ្យត្រងឱ្យត្រាប់ច្បាប់ជាធម្មតា ឱ្យមានមេត្តាប្រយត្នទោស ឱ្យខំសន្ដោសលស់វេរា ឱ្យមានមេត្រីប្រណីគ្នា ឱ្យជាប់ឱ្យជាធម៌ខន្តី ។
បទកាកគតិ តពីសេចក្ដីខាងលើ
បណ្ដាំព្រេងព្រឹទ្ធ ចំណានមែនពិត តែអស់អ្នកផង មើលហើយចូរពិ- ចារណាត្រាប់ត្រង បូរាណលោកចង ជាបីស្ថាន ។ ន័យមួយលោកហាម កុំឱ្យធ្វើតាម អំពើសាមាន្យ ត្រូវប្រុងប្រយត្ន ចៀសវៀងឱ្យបាន នោះទើបសន្និដ្ឋាន ថាជាអ្នកល្អ ។ ន័យពីររំឭក មនោត្រូវនឹក សព្វកាលនិរន្តរ ចូរចាំចងទុក ជាផ្លូវគោចរ ន័យនេះកម្រ អ្នកផងធ្វើបាន ។ ន័យបីប្រើធ្វើ កិច្ចការសារពើ ឱ្យតាមលំអាន ជាបែបជាបទ ចំណាប់ចំណាន ជាផ្លូវនាំប្រាណ ជាប្រសើរអើយ ។
សម្គាល់ពាក្យបណ្ដាំព្រេងជាបទពាក្យ ៧ ខាងលើនេះកើតឡើងក្នុងរាជព្រះករុណាបរមកោដ្ឋ គឺព្រះបាទសម្ដេចហរិរក្សរាមាឥស្សរាធិបតីព្រះអង្គដួង ទ្រង់ត្រាស់បង្គាប់ឱ្យអ្នកប្រាជ្ញរាជបណ្ឌិតចារិកទុក ឯពាក្យបទកាកគតិខាងក្រោមគឺក្រមការ (កង- ជា) បានរិះគិតបញ្ចូលជាមួយដោយសេចក្ដីពេញចិត្តនឹងទំនៀមព្រេងខាងលើនេះ ទុកជាផ្លូវពិចារណា ។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥