សុវណ្ណសាមជាតក ពាក្យកាព្យ
ព្រះសមុហ៍ឃោសាចារ្យ យូរ-ប៉ុណ្ណ (ឥន្ទសុវណ្ណា)
ក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធសាសនបណ្ឌិត្យ រៀបរៀង
បទព្រហ្មគីតិ
ខ្ញុំសូមក្រាបបង្គំ នូវប្រជុំត្រៃរតនា ជាកែវដ៏ថ្លៃថ្លា ដោយសិរសានេះជាអាទិ៍។ គ្រានេះនឹងពណ៌នា ព្រះភគវាមុនិនាថ កាលទ្រង់សោយព្រះជាតិ ខំខ្មីឃ្មាតសាងកុសល។ ទើបទ្រង់ត្រាស់ទេសនា ប្រោសសត្តាកុំឱ្យឆ្ងល់ កាលនៅមានកង្វល់ មិនទាន់ដល់ជាសាស្ដា។ ទ្រង់ប្រារព្ធចំពោះ ភិក្ខុនោះអ្នករក្សា នូវមាតាបិតា ដោយមេត្តាដ៏លើសលន់។ សម្រេចឥរិយាបថ នៅក្នុងវត្តជេតពន សម្ដែងនាំរឿងជន មានគុណធ្ងន់ជាអនេក។ ម្នាលភិក្ខុទាំងឡាយ ស្ដាប់បរិយាយដែលចម្លែក មានបុត្រមួយយ៉ាងឯក បម្រើប្លែកជាអស្ចារ្យ។ កាលនោះតថាគត កើតរលត់ក្នុងសង្សារ ប្រកបដោយសង្ខារ អស់យូរយាររាប់មិនបាន។ កើតក្នុងត្រកូលជាតិ នាយនេសាទទាំងពីរប្រាណ ជាប់មកតាមលំអាន ពីបុរាណចាស់ព្រេងនាយ។ អតីតេកន្លងហើយ ឱភិក្ខុអើយយូរវែងឆ្ងាយ មានដែនមួយសប្បាយ ជនទាំងឡាយហៅកាសី។ មាននេសាទពីរនាក់ ចិត្តស្មោះស្មគ្រដោយមេត្រី នៅជិតពារាណសី ញាតិប្រុសស្រីរាប់អានគ្នា។ អាស្រ័យនៅមាត់ស្ទឹង ជាពំនឹងនៃអាត្មា បានប្ដេជ្ញាគ្នាថា បើអ្នកណាមួយមានបុត្រ។ ទោះប្រុសឬមួយស្រី កុំគប្បីយើងឱ្យផុត ផ្សំផ្គុំឱ្យបរិសុទ្ធ ធ្វើជាបុត្រយើងរាល់គ្នា។ នេសាទត្រើយខាងនាយ មិនវែងឆ្ងាយបានធីតា ឱ្យឈ្មោះនាងបារិកា ដូចប្រាថ្នាចិត្តប៉ុនប៉ង។ នេសាទត្រើយខាងអាយ បានសប្បាយតាមបំណង មានបុត្រមួយជាច្បង ល្អកន្លងមានលក្ខិណា។ មាតាបិតានោះ បានឱ្យឈ្មោះបុត្រាថា ទុកូលកុមារា ចិត្តស្នេហាពេញចំណង់។ សម្លាញ់ទាំងពីរនាក់ រៀបទុកដាក់ដោយផ្ចិតផ្ចង់ នូវបុត្រទាំងពីរពង្ស មិនលះបង់ពាក្យប្ដេជ្ញា។ បានធ្វើកិច្ចមង្គល បុត្រនិម្មលស្រេចកាលណា ឱ្យទៅជាភស្ដា និងភរិយានៅពេលនោះ។ ទុកូលជាស្វាមី គ្មានសេចក្ដីស្រឡាញ់សោះ តាំងពីនៅកំលោះ តែមិនឈ្លោះទាស់វិវាទ។ ឯនាងបារិកា មិនប្រាថ្នាចង់ឱ្យឃ្លាត រក្សាកេរ្តិ៍មារយាទ មិនឱ្យញាតិគេនិន្ទា។ នឹងកិច្ចការក្នុងផ្ទះ ចោលស្រឡះមិននឹកនា ចិត្តចង់តែបព្វជ្ជា លះគ្រឹហាទៅនៅព្រៃ។ រីឯជនទាំងនោះ មិនដែលសោះមានកម្រៃ ធ្វើបាបអាក្រក់ក្រៃ ដោយជើងដៃឱ្យសៅហ្មង។ ទើបក្រាបបង្គំលា នូវមាតាបិតាផង ទាំងពីរត្រាច់ត្រសង ដើរកាត់ឆ្លងស្រុកភូមិឋាន។ ទៅដល់មាត់ស្ទឹងមួយ មិនមានព្រួយក្នុងសន្ដាន ជាទីរហោឋាន គួរសម្រាន្តធ្វើបព្វជ្ជា។ ព្រះឥន្ទ្រាធិរាជ មានអំណាចជាងទេព្ដា កម្រើកនូវអាស្នា បើកនេត្រាឃើញចំពោះ។ នូវស្វាមីភរិយា ចរលីលាដល់ស្ទឹងនោះ ចិត្តចង់ជួយសង្គ្រោះ ដោយស្មគ្រសោះសាទរក្រៃ។ ទើបប្រើវិស្សកម្ម សាងអាស្រមនៅក្នុងព្រៃ បម្រុងអ្នកថ្លាថ្លៃ នាពេលថ្ងៃនេះកុំខាន។ រីទេវបុត្រនោះឯង មកចាត់ចែងធ្វើទីឋាន ដើម្បីជនពីរប្រាណ នៅសុខសាន្តបានយូរយារ។ និម្មិតគ្រឿងអ្នកបួស មិនឱ្យហួសល្មមប្រើការ បំពេញបុណ្យសក្ដារ ឱ្យអស្ចារ្យភេទឥសី។ ឯជនអ្នកត្រូវការ ឃើញបរិក្ខាមានថ្មីៗ អរណាស់ខំឃ្មាតខ្មី ទើបស្រដីយ៉ាងនេះថា។ អើហ្ន៎អាស្រមនេះ ល្អអីម្ល៉េះតើនរណា មកនៅថែរក្សា ឬទេព្ដានិម្មិតទុក។ ឱ្យដល់អ្នកដំណើរ ដ៏ប្រសើរប្រាថ្នាសុខ ចម្រើនធម៌ទៅមុខ លះក្ដីទុក្ខក្នុងសង្សារ។ ឥឡូវយើងមកដល់ ហើយបានយល់គ្រឿងបរិក្ខារ សុទ្ធតែអ្នកត្រូវការ បុណ្យសម្ភារសាងបារមី។ ទើបតាំងអធិដ្ឋាន ចិត្តស្មោះស្មានតាំងស្មារតី បួសជាភេទឥសី ទាំងប្រុសស្រីពេលនោះឯង។ ឋិតនៅក្នុងអាស្រម ឥតបារម្ភព្រួយចំបែង ទីមួយនៅម្នាក់ឯង ខំប្រឹងប្រែងដោយសុចរិត។ អាស្រ័យតែផ្លែឈើ ជាអំពើត្រូវប្រព្រឹត្ត ស្វែងរកបានតាមចិត្ត មិនខុសក្រឹត្យច្បាប់វិន័យ។ ឥសីទាំងពីរអង្គ ចិត្តស្មោះត្រង់ក្នុងហឫទ័យ មិនមានក្ដីសង្ស័យ ឥតអាល័យចំពោះកាម។ គ្រានោះស្ដេចទេព្ដា ពិចារណាឃើញជួរស្នាម វេរានេះជាប់តាម អ្នកលះកាមទាំងពីរនាក់។ អំណើះតទៅមុខ តែងមានទុក្ខធ្ងន់ឥតអាក់ មានភ្នែកសុទ្ធតែខ្វាក់ ឥតមានអ្នកចាំរក្សា។ ដូច្នេះគួរអញទៅ កាន់លំនៅពន្យល់ថា ឱ្យរួមសង្វាសគ្នា ក្នុងវេលានេះកុំខាន។ លុះគិតយ៉ាងនេះហើយ មិនយូរឡើយមកដល់ឋាន និយាយឱ្យលោកបាន រួបរួមប្រាណទាំងពីរអង្គ។ បពិត្រព្រះឥសី សូមមេត្រីតាមចំណង់ កិច្ចនេះកុំលះបង់ ចំពោះត្រង់មេថុនធម្ម។ លោកម្ចាស់នឹងបានបុត្រ ល្អបំផុតចេះគួរសម ដឹងគុណជាបឋម គួរនិយមទីពឹងបាន។ ព្រោះដល់ពេលខាងមុខ ខ្ញុំឃើញទុក្ខលោកពីរប្រាណ លំបាកឥតស្រាកស្រាន្ត ឱ្យរំខានទាំងពីរអង្គ។ ឥសីតបទៅថា ខ្លួនអាត្មាគ្មាននឹកចង់ មេថុនបានលះបង់ ចិត្តស្មោះត្រង់តែកុសល។ មិនធ្វើឱ្យដាច់សីល ជាមន្ទិលខូចមគ្គផល គឺផ្លូវនាំឱ្យដល់ បានទុក្ខទល់ខ្វល់ក្នុងចិត្ត។ ព្រះឥន្ទអង្វរថា បើករុណាមិនស្នេហ៍ស្និទ្ធ គ្រាន់តែអង្អែលផ្ចិត ឥសីស្រីឈ្មោះបារិកា។ កិច្ចនេះមិនខុសឆ្គង តាមទំនងគួរប្រាថ្នា នឹងកើតបានបុត្រា ពេញស្នេហាល្អថ្កើងថ្កាន។ ឥសីតបទៅថា កិច្ចនេះណាទើបធ្វើបាន បើគ្រាន់តែស្ទាបប្រាណ មិនឱ្យខានតាមបំណង។ សម្ដេចឥន្ទកោសិយ ត្រឡប់ខ្មីទៅផ្គូផ្គង លៃលកតាមទំនង មិនរំលងបុរសរត្ន។ ទៅអារាធនា ដោយពាក្យថាយើងសន្មត ឱ្យលោកទៅប្រាកដ ដល់កំណត់ពេលវេលា។ ទៅចាប់ជាតិក្នុងគភ៌ ស្រីមានធម៌ឈ្មោះបារិកា បំពេញនូវប្រាថ្នា ឱ្យចាស់ក្លាបុណ្យបារមី។ ពោធិសត្តទទួល ព្រមស្រុះស្រួលកាន់ភពថ្មី មិនមានប្រកែកអ្វី ដោយមេត្រីចង់កសាង។ ទើបទូលតបវិញថា ខ្ញុំករុណានឹងអះអាង ទៅកើតតាមសំណាង ជាអ្នកតាងថែរក្សា។ លុះបានទទួលហើយ ពុំយូរឡើយចុះសួគ៌ា ឋិតនៅក្នុងគព្ភា នាងបារិកានោះប្រាកដ។ ឯនាងឥសិនី ទ្រាំពបីដោយហ្មត់ចត់ លុះដល់គ្រប់កំណត់ ខែដប់គត់ប្រសូតគភ៌។ រីឯបុត្រនោះណា មានរូបាគួរត្រេកអរ ទើបបានឱ្យនាមករ ដោយស្មោះសរឈ្មោះសាមា[១]។ ឥសីទាំងពីរអង្គ ចិត្តត្រេកត្រង់ឆ្ពោះបុត្រា ខំបីបាច់រក្សា រកផលានេះជាអាទិ៍។ តាំងពីនៅតូចស្មោះ ដល់កំលោះរូបរាងស្អាត មិនមានទាស់ខូចខាត ខំសង្វាតការសិក្សា។ មានកាលថ្ងៃមួយនោះ ត្រាច់ចំពោះរកផលា រសៀលទាបសុរិយា ចរយាត្រាវិលត្រឡប់។ មកដល់កណ្ដាលផ្លូវ ពស់សត្រូវមកប្រសព្វ ព្រួសពិសដូចគេស្អប់ ចក្ខុស្ងប់ទាំងពីរអង្គ។ ឥសីពីរនោះណា មាននេត្រាងងឹតបង់ នឹងដើរទៅដោយត្រង់ តាមចិត្តចង់នោះពុំបាន។ ទើបស្រែកហៅរកបុត្រ ចិត្តស្រយុតអស់អង្គប្រាណ កាន់ដៃគ្នាដើរស្មាន ទុក្ខឥតក្សាន្តក្នុងចិន្ដា។
ពិលាបទុកូលបណ្ឌិត នឹងនាងបារិកា
ពាក្យ ៧
ឱកូនស្ងួនម្ដាយឪពុកអើយ បើម្ល៉េះទៅហើយបាននរណា នឹងនៅបីបាច់ថែរក្សា សមអ្នកកំព្រានៅម្នាក់ឯង។ ពោះដើមបានយើងទៅរុករក ផ្លែឈើនាំមកដល់កន្លែង មិនមានខ្វះខាតខំស្វះស្វែង បានដាក់ពេញច្រែងទាំងទុំខ្ចី។ ថ្ងៃនេះខ្លួនយើងមានវេរា ចូលមកផ្ដន្ទាឥតប្រណី លះបង់មង្គលឱ្យអប្រិយ វិញ្ញាណស្មារតីក៏ភ្លេចភ្លាំង។ ទាំងការព្យាយាមក៏សាបសូន្យ ឥតញាតិផងប្អូនជួយកម្លាំង មានកម្មវេរាមកបិទបាំង មិនឱ្យយើងតាំងដោយសុចរិត។ បើចាំដល់ចាស់បន្ដិចរ៉ា សឹមខ្វាក់នេត្រាចុះមិនគិត ស្ដាយតែបុត្រនោះនៅតូចពិត ប្រឹងខំប្រព្រឹត្តការសិក្សា។ មិនទាន់បានដឹងការរាក់ជ្រៅ នឹងត្រាច់ដើរទៅរកផលា យកមកចិញ្ចឹមយើងរាល់គ្នា មិនទាន់ក្លៀវក្លាដោយមាំមួន។ ឥឡូវបើឥតពីយើងហើយ បាននរណាឡើយបានថែថួន មើលការខុសត្រូវដល់កូនស្ងួន បានគ្រប់ចំនួនដូចរាល់ថ្ងៃ។ ថ្មើរនេះអ្នកនៅចាំអាស្រម មានព្រួយបារម្ភគិតមមៃ ចាំមើលផ្លូវយើងមកពីព្រៃ បានឃើញអរក្រៃរត់ទទួល។ រសៀលសុរិយាទាបណាស់ហើយ ឱកូនស្ងួនអើយម្ល៉េះក្ដៅក្ដួល ក្នុងទ្រូងស្ទើរប្រេះឆេះឆាបឆួល សមអ្នកដេកដួលទីណាដឹង។ ឬមួយអ្នករកឪពុកម្ដាយ ទៅកាន់ផ្លូវឆ្ងាយព្រៃស្រោងស្រឹង ឬអ្នកទៅលេងជិតមាត់ស្ទឹង មិនដឹងដំណឹងការនេះជាក់។ អឺបាសាមអើយប្រុសពន្លក កូនអើយអ្នកមកជាពំនាក់ នាំយកឪពុកម្ដាយទៅដាក់ ដល់ទីសម្នាក់អាស្រមបទ។ គ្រានោះរីឯសាមបណ្ឌិត អ្នកបានដឹងពិតតាមកំណត់ មាតាបិតាមកប្រាកដ មិនខុសកំណត់ពេលវេលា។ ទើបតែថ្ងៃនេះមិនឃើញមក ឬមួយខំរកអស់ផលា មិនទាន់បានគ្រប់គ្រាន់កាលណា ខំចរយាត្រាយកឱ្យបាន។ ឬលោកមានភ័យហេតុណាមួយ ធ្វើឱ្យមានព្រួយក្នុងសន្ដាន ឬពួកសត្វម្រឹគចិត្តក្លាហាន ធ្វើឱ្យលោកខានមកទេដឹង។ ទើបខំដើររកសព្វកន្លែង ក្នុងព្រៃម្នាក់ឯងចិត្តតានតឹង និងទីដែលលោកធ្លាប់ទៅសឹង មិនឃើញខំប្រឹងស្រែកហៅរក។ អឺលោកមាតាបិតាអើយ ថ្ងៃនេះម្ដេចឡើយលោកមិនមក ទាល់ថ្មើរនេះហើយម្ដេចនៅរក ឱ្យកូនពន្លកនៅម្នាក់ឯង។ អឺលោកទាំងពីរដ៏មានគុណ ម្ដេចខុសពេលមុនខំស្វះស្វែង ឱ្យកូននៅចាំទីកន្លែង រឹងព្រួយចំបែងឥតមានគ្នា។ អឺលោកឪពុកម្ដាយខ្ញុំអើយ ម្ដេចលោកមិនឆ្លើយតបបុត្រា ក្នុងទ្រូងកូននេះស្ទើរខ្លោចផ្សា សូមលោកមេត្តាកូនកម្សត់។ ស្រែកហៅទៅមកមិនឈប់ឡើយ ឮសូរមាត់ឆ្លើយច្បាស់ប្រាកដ ស្គាល់ជាឪពុកម្ដាយទើបរត់ ដល់ហើយមិនអត់សួរទៅថា។ បពិត្រលោកអ្នកមានគុណធ្ងន់ ប្រសើរលើសលន់ឥតឧបមា ម្ដេចលោកមិនទៅនៅដល់ណា រសៀលសុរិយាទៀបណាស់ហើយ។ ឥសីទាំងពីរប្រាប់ដល់បុត្រ ក្នុងចិត្តស្រយុតទុក្ខឥតស្បើយ ថាឱមាសម្ដាយឪពុកអើយ ភ្នែកខ្វាក់អស់ហើយទៅមិនបាន។ ទើបជនទាំងនោះយំរៀបរាប់ ដល់ទីដែលធ្លាប់ធ្វើរាល់ប្រាណ តាំងពីថ្ងៃនេះនឹងអាក់ខាន បានសុខសម្រាន្តតទៅទៀត។
បទព្រហ្មគីតិ
គ្រានោះពោធិសត្វ បុរសរត្នចិត្តមេត្តា ព្រះទ័យតាំងប្រាថ្នា យកប្រាជ្ញាពោធិញ្ញាណ។ ទោះកើតក្នុងទីណា ខំឧស្សាហ៍ធ្វើសីលទាន ដឹងគុណជាប្រធាន តែងទូន្មានសព្វសត្តា។ ទោះប្រុសឬមួយស្រី ដោយសេចក្ដីករុណា ឱ្យបានកើតសុខា ដោយប្រាជ្ញាដ៏ប្រពៃ។ ប្រព្រឹត្តធម៌ខ្ពង់ខ្ពស់ មានកិត្តិយសចេះវាងវៃ ប្រសើរវិសេសថ្លៃ អ្នកដទៃមិនស្មើឡើយ។ បានឮលោកប្រាប់ថា មាននេត្រាខ្វាក់អស់ហើយ ទួញយំឥតល្ហែល្ហើយ ទុក្ខគ្មានស្បើយក្នុងសន្ដាន។ យំរួចសើចក្អាកក្អាយ នឹកសប្បាយពន់ប្រមាណ កិច្ចនេះធ្លាក់លើប្រាណ ធ្វើឱ្យបានពេញចំណង់។ ទើបតបទៅវិញថា ខ្ញុំករុណាមិនលះបង់ នូវលោកទាំងពីរអង្គ ចិត្តស្មោះត្រង់មិនរួញរា។ ដល់វេនលើកូនហើយ សូមស្រាកស្បើយចាកទុក្ខា ខ្ញុំនឹងថែរក្សា រកផលាដូចសព្វដង។ ប្ដេជ្ញាហើយនាំទៅ ទីលំនៅឥតសៅហ្មង មិនហ៊ានឱ្យកន្លង តាមបំណងចិត្តប្រាថ្នា។ តាំងពីថ្ងៃនេះឯង ខំស្វះស្វែងរកផលា ដើម្បីនឹងរក្សា នូវបព្វជ្ជាភេទឥសី។ បម្រើទាំងថ្ងៃយប់ មិនឈរឈប់ដោយមេត្រី បាយទឹកគ្រឿងចំណី ព្រឹកល្ងាចក្ដីមិនលស់លា។ ពេលថ្ងៃរកផ្លែឈើ ពេលយប់ធ្វើក្នុងគ្រឹហា គក់ច្របាច់បាទា រាល់វេលាមិនដែលខាន។ អស់ទាំងពួកទេវតា តែងសេ្នហាចិត្តរាប់អាន សូម្បីពួកតិរច្ឆាន ចិត្តស្មោះស្មានគ្រប់ៗគ្នា។ ឥតមានសត្វណាមួយ ធ្វើឱ្យព្រួយដល់ចិន្ដា សុទ្ធតែជួយរក្សា បានសុខាទាំងយប់ព្រឹក។ មានកាលថ្ងៃមួយនោះ លោកត្រាច់ឆ្ពោះទៅដងទឹក មានពួកហ្វូងសត្វម្រឹគ ទៅភ្លូកភ្លឹកហែត្រសង។ ទៅដល់មាត់កំពង់ មិនរារង់ចុះទៅដង វិលមកតាមបំណង ពួកសត្វផងជួយរក្សា។ ពេលនោះស្ដេចបិលយក្ស ពួនលបលាក់ក្នុងព្រឹក្សា ប្រកបដោយមោហា ជាក្សត្រាដែនកាសី។ លុះឃើញសាមកុមារ ប្លែកអស្ចារ្យលើផែនដី យឹតធ្នូបាញ់ទៅខ្មី ឥតប្រណីដល់តិចឡើយ។ សុវណ្ណសាមនោះណា ត្រូវក្សត្រាបាញ់ដួលហើយ ឈឺចាប់ចុកឥតស្បើយ ដួលដេកកើយលើផ្នូរខ្សាច់។ ហើយទើបស្រែកសួរថា ឱលោកណាអើយមកផ្ដាច់ ជីវិតខ្ញុំឱ្យដាច់ ខានបីបាច់អ្នកមានគុណ។ អ្នកជាក្សត្រឬព្រាហ្មណ៍ មានគោត្រនាមឬអ្នកបុណ្យ មកនៅទីនេះមុន សូមព្រះគុណប្រាប់ឱ្យច្បាស់។ ខ្លួនខ្ញុំជាតិជាមនុស្ស មិនដែលទ្រុស្តដល់ក្មេងចាស់ ទាំងសត្វព្រៃច្រើនណាស់ ឥតមានទាស់ដល់ថ្នាំងថ្នាក់។ ឥឡូវលោកមកបាញ់ កូនសម្លាញ់ជនពីរនាក់ សុទ្ធតែជាអ្នកខ្វាក់ ធ្វើឱ្យអាក់ក្ដីព្យាយាម។ ឬមួយលោកត្រូវការ នូវអាហារត្រង់សាច់ឈាម ម្ដេចឡើយមកបាញ់សាម មិនត្រូវតាមគន្លងធម៌។ លោកអើយលោកយកឈ្មោះអ្វី ចូរស្រដីដោយស្មោះសរ ប្រាប់មកតាមនាមករណ៍ ខ្ញុំត្រេកអរសាទរក្រៃ។ ឯស្ដេចបិលយក្ស មានយសសក្ដិវិសេសថ្លៃ ទើបចេញចាកពីព្រៃ ត្រាស់តបវៃយ៉ាងនេះថា។ ខ្លួនយើងនេះជាស្ដេច គេសម្រេចតាមវាចា ជាតួអង្គក្សត្រា ឋិតនៅនាដែនកាសី។ ចេញចាកចោលនគរ ព្រោះវឹកវរតែចំណី ស្វែងរកសត្វបក្សី ចោលបុរីមិននឹកនា។ ចេះសិល្បធ្នូប្រាកដ តាមបែបបទផ្លូវវិជ្ជា ដើរបាញ់សត្វនានា ដូចប្រាថ្នាចិត្តប៉ុនប៉ង។ ទោះសត្វនោះតូចក្ដី ឬដំរីធំចម្បង សត្វណាឯទៀតផង តាមបំណងយើងប្រាថ្នា។ ឥឡូវយើងសួរអ្នក ស្រស់វរលក្ខណ៍ឈ្មោះអ្វីបា ទាំងមាតាបិតា នៅទីណាជិតឬឆ្ងាយ។ កាលនោះពោធិសត្វ បុរសរត្នបង្គំថ្វាយ ទូលស្ដេចតាមបរិយាយ ទាំងមានកាយដេកផ្ទាល់ដី។ ទូលបង្គំជាខ្ញុំ បុត្រឧត្ដមនៃឥសី គេហៅទាំងប្រុសស្រី ដោយមេត្រីថាសាមា។ បិតាទូលបង្គំ នៅចួបជុំនឹងមាតា អាស្រ័យក្នុងសាលា មាននេត្រាសុទ្ធតែខ្វាក់។ នឹងទៅណាពុំបាន ទាំងពីរប្រាណព្រួយឥតអាក់ មានតែកូនមួយនាក់ គ្រាន់នឹងថ្នាក់ថ្នមបម្រើ។ ថ្ងៃនេះព្រះអង្គបាញ់ កូនសម្លាញ់ស្លាប់ហើយតើ បានអ្នកណាបម្រើ ប្រាកដស្មើដូចជាខ្ញុំ។ សូមទ្រង់ទតមើលចុះ ខ្លួនធ្លាយធ្លុះឈាមដុំៗ ត្រង់សរមូលត្រសុំ ពិសចាប់ជុំវិញខ្លួនហើយ។ ព្រះមហាសត្វថ្លៃថ្លា ឈឺខ្លោចផ្សាទុក្ខឥតស្បើយ ថាឱខ្លួនអញអើយ ថ្ងៃនេះហើយស្លាប់មិនខាន។
ពិលាបសុវណ្ណសាម
ពាក្យ ៧
ឱព្រះមាតាបិតាអើយ ពីនេះទៅហើយអស់ទីពឹង ឥតមាននរណាថាពំនឹង ពំនាក់គ្រាន់ពឹងទៅថ្ងៃមុខ។ ពីដើមបានកូននៅបម្រើ រកផ្លែឈើមើមឈើសន្សំទុក ជាគ្រឿងអាហារមានគ្រប់មុខ ឆាន់កែអផ្សុកសោះព្រួយប្រាណ។ ទឹកស្រង់ទឹកឆាន់មិនខ្វះខាត ទីសឹងសម្អាតមិនសល់ខាន ពេលថ្ងៃកូនរៀបទីសម្រាន្ត ពេលយប់កូនបានគក់ច្របាច់។ ថ្ងៃនេះកូនដល់មរណាហើយ ឱម្ចាស់ថ្លៃអើយកម្មមកផ្ដាច់ ឱ្យខានធ្វើកិច្ចការបីបាច់ ឥឡូវកូនត្រាច់ចោលកន្លែង។ ម្ល៉េះសមគាត់ចាំមើលផ្លូវកូន មកបាត់ឈឹងសូន្យរីងចំបែង ស្រែកហៅរកកូនឮក្ដែងៗ ប្រឹងស្ទាបដើរស្វែងរកគ្រប់ច្រក។ តាំងពីរសៀលដល់ព្រលប់ ឥតមានឈរឈប់ខំរុករក តាមផ្លូវដែលធ្លាប់ដើរទៅមក នឹងទីធ្លាប់ជ្រករកគ្មានសល់។ ឱម្ល៉េះសមគាត់ព្រួយលំបាក ប្រឹងរកមិនស្រាកទុក្ខកង្វល់ អធ្រាត្រយប់ស្ងាត់យំសោកដល់ កូនប្រុសនិម្មលមិនឃើញមក។ ឱម្ល៉េះសមគាត់ស្លាប់អសារ ព្រោះអត់អាហារគ្មានអ្នករក សង្ឃឹមពួកញាតិគ្មានមកជ្រក នឹងហៅរាប់រកជួយការពារ។ ខ្លួនអញនេះស្លាប់មិនសូវស្ដាយ ព្រួយឪពុកម្ដាយអន្ធការ ពីថ្ងៃនេះទៅអត់អាហារ ផ្ដាច់ចោលសង្ខារជាមិនខាន។ ឱលោកណានៅទីនេះអើយ ឥតពីខ្ញុំហើយសូមស្មោះស្មាន មេត្តាសង្គ្រោះជនពីរប្រាណ ឱ្យលោកស្រាកស្រាន្តស្បើយទុក្ខា។ អស់ពួកទេព្ដារក្សាព្រៃ បើកនេត្ររំពៃដោយមេត្តា សូមលោកជួយថែទាំរក្សា មាតាបិតាខ្ញុំឱ្យទាន។ បទព្រហ្មគីតិ កាលនោះស្ដេចបិលយក្ស ចិត្តស្មោះស្មគ្រដោយមេត្រី លុះឮពាក្យសម្ដី ត្រាស់ទៅខ្មីថាសាមអើយ។ ចូរអ្នកកុំបារម្ភ កិច្ចនេះខ្ញុំធានាហើយ បម្រើមិនតោះតើយ ឱ្យបានស្បើយដូចប្រាថ្នា។ អ្នកប្រាប់ទីលំនៅ បិតាពៅនៅត្រង់ណា នឹងព្រះវរមាតា ខ្ញុំយាត្រាត្រង់ទីនោះ។ ព្រះមហាសត្វថ្លៃថ្លា បើកនេត្រាមើលចំពោះ ឮថាស្ដេចសង្គ្រោះ ទូលទៅឆ្ពោះប្រាប់កន្លែង។ បពិត្រព្រះរាជា ស្ដេចលីលាផ្លូវនេះឯង មិនមានត្រឡែងកែង ផ្លូវត្រង់វែងចុះជើងម្នាក់។ បើស្ដេចយាងទៅដល់ ទ្រង់ពន្យល់ឱ្យដឹងជាក់ កុំឱ្យលោកអន់អាក់ ខ្លាចភ័យភ្ញាក់ដល់តក់ស្លុត។ កិច្ចការទាំងប៉ុន្មាន ទ្រង់ស្មោះស្មានធ្វើបំផុត រំពឹងលើចមមកុដ ឱ្យបរិសុទ្ធផុតសង្ស័យ។ ហើយសូមទ្រង់មេត្តា ជម្រាបថាកូនក្សិណក្ស័យ កុំឱ្យតូចព្រះទ័យ នឹកអាល័យបុត្រកម្សត់។ កូនសូមបង្គំលា នឹងមរណាជាប្រាកដ ថ្ងៃនេះដល់កំណត់ សូមលោកអត់ទោសឱ្យទាន។
ពិលាបស្ដេចបិលយក្ស
ពាក្យ ៧
គ្រានោះព្រះបាទបិលយក្ស កើតព្រះត្រៃលក្ខណ៍ក្នុងសន្ដាន យល់ច្បាស់ថាឱសត្វរាល់ប្រាណ មុខជានឹងបានចាស់ឈឺស្លាប់។ ទើបស្ដេចទួញទ្រង់ព្រះកន្សែង នឹកដល់ខ្លួនឯងធ្វើមិនគាប់ កាលដើមរៀងមកមិនដែលធ្លាប់ ដឹងថាសត្វស្លាប់ជាធម្មតា។ ឥឡូវមកឃើញសាមបណ្ឌិត នេះគួរឱ្យគិតដល់អាត្មា នឹងរស់នៅហើយបានត្រឹមណា ស្លាប់ចោលកាយានោះទៅវិញ។ ដូចជាសុវណ្ណសាមកុមារ ទើបនឹងថ្លែងការណ៍អម្បាញ់មិញ ឥឡូវគាត់ស្លាប់បាត់ទៅវិញ រកទ្រព្យលោះទិញក៏ពុំបាន។ អាត្មាអញធ្វើកម្មអាក្រក់ នឹងទៅនរកធ្ងន់ពុំខាន សោយទុក្ខវេទនាឥតស្រាកស្រាន្ត ព្រោះចិត្តក្លាហានដោយមោហា។ បើខ្លួនអញនៅក្នុងនគរ ពួកមនុស្សឈូឆរគេពោលថា មិនសមបើអង្គព្រះក្សត្រា ធ្វើកម្មវេរាយ៉ាងនេះសោះ។ ចុះបើមកនៅក្នុងព្រឹក្សព្រៃ គ្មានដទៃពោលចំពោះ ឱ្យអញបានឮពាក្យពីរោះ ឬពាក្យទ្រគោះនោះសោះឡើយ។
និយាយពីនាងទេពធីតា
បទព្រហ្មគីតិ
គ្រានោះទេពធីតា[២] ឋិតនៅនាគន្ធមាទន៍ ដឹងថាស្ដេចពិឃាដ នូវជនជាតិមនុស្សថ្លៃថ្លា។ ទើបត្រាច់ពីទីនោះ មុខចំពោះមកក្សត្រា ពោលនូវបទគាថា ដោយវាចាយ៉ាងនេះឯង។ បពិត្រព្រះរាជា បានឮថាទ្រង់ឥតក្រែង ធ្វើបាបមិនស្ញប់ស្ញែង សព្វកន្លែងឥតសីលា។ ដូចយ៉ាងជនបីនាក់ គ្មានថ្នាំងថ្នាក់ក្នុងចិន្តា ជាជនឥតទោសា ម្ដេចក្សត្រាមកសម្លាប់។ បើដូច្នោះសូមព្រះអង្គ យាងត្រាច់ត្រង់ទៅប្រញាប់ ធ្វើបុណ្យឱ្យឆាប់ៗ ខ្ញុំនឹងប្រាប់នូវសួគ៌ា។ ចិញ្ចឹមពួកជនខ្វាក់ ទាំងពីរនាក់ឱ្យដូចជា សុវណ្ណសាមបុត្រភ្ងា ទើបក្សត្រចាកអបាយ។ ព្រះរាជាអង្គនោះ ភក្រ្តក្រៀមក្រោះទ្រង់សោកស្ដាយ ពោធិសត្វឆើតឆាយ មានរូបកាយស្រស់ប្រិមប្រិយ។ កណ្ដៀតក្អមយាងទៅ ឆ្ពោះសំដៅត្រង់កុដី សូរជើងធ្ងន់ឥតបី ខំឃ្មាតខ្មីដល់សាលា។ ទើបទុកូលបណ្ឌិត ខំពិនិត្យសួរទៅថា សន្ធឹកជើងនរណា មកប្រាថ្នាដើម្បីអ្វី ?។ ដើរនេះតាមទំនើង មិនមែនជើងកូនពិសី ជាតិជាមនុស្សមកថ្មី ចូរស្រដីប្រាប់ខ្ញុំផង។ ស្ដេចតបទៅវិញថា ខ្ញុំនេះណាជាចម្បង លើសអស់ពួកអ្នកផង នៅគ្រប់គ្រងដែនកាសី។ លះចោលរាជសម្បត្តិ ស្វែងរកសត្វក្នុងអចវី បរិភោគជាចំណី ចោលសិរីមិននឹកនា។ ឯទុកូលបណ្ឌិត ឥសីសិទ្ធចិត្តមេត្តា ឮហើយកើតជ្រះថ្លា ចង់ប្រាថ្នាធ្វើកុសល។ ទើបទូលបង្គំថា ព្រះករុណាសូមសោយផល ដែលខ្ញុំបានតម្កល់ បម្រុងដល់ពេលខាងមុខ។ មាក់ប៉ែនមៀនស្រគំ ទន្លាប់ទុំប្រមូលទុក ស្វាយចេកចាន់គ្រប់មុខ សោយឱ្យសុខតាមសប្បាយ។ ព្រះរាជាសួរថា រីផលាផងទាំងឡាយ អ្នកណានាំពីឆ្ងាយ មកដល់អាយរៀបទុកដាក់។ បើលោកទាំងពីរប្រាណ ទៅមិនបានសុទ្ធតែខ្វាក់ ម្ដេចឡើយទើបដឹងជាក់ បេះបានដាក់ក្នុងកញ្ជើ។ ទុកូលបណ្ឌិតថា សាមបុត្របេះទេតើ ផ្លែឈើនិងមើមឈើ ដើររុករើក្នុងព្រឹក្សព្រៃ។ ទៅរកមិនដែលខាន សន្សំបានតែរាល់ថ្ងៃ មកទុកគ្រាន់សំចៃ ជាកម្រៃទៅដល់ពេលព្រឹក។ កាលបុត្រវិលមកដល់ ខំខ្វាយខ្វល់ទៅដងទឹក សម្រាប់និងងូតផឹក តាមចិត្តនឹកចង់ពេលណា។ ឥឡូវកូនមិននៅ កាន់ក្អមទៅឯគង្គា រសៀលទាបសុរិយា ជិតវេលាវិលវិញហើយ។ ព្រះរាជាអង្គនោះ តបចំពោះថាលោកអើយ លោកកុំព្រួយចិត្តឡើយ ខ្ញុំនេះហើយនឹងរក្សា។ រីឯសាមបណ្ឌិត រូបល្អពិតគួរទស្សនា ខ្ញុំបានផ្ដាច់ជីវ៉ា ដួលដេកនាលើផ្នូរខ្សាច់។ រីនាងបារិកា បានឮថាកូនបីបាច់ ជីវិតស្ដេចបានផ្ដាច់ ញ័រសព្វសាច់អស់អង្គា។ ស្ទុះមកកាន់អាស្រម ឥសីសមនិយាយថា ខ្លួនយើងរស់ពីរណា ស្លាប់តាមគ្នាទៅគ្រាន់បើ។ កូនយើងបាត់ទៅហើយ រស់ថ្វីឡើយឥតអំពើ មិនមានអ្នកណាធ្វើ កិច្ចបម្រើដល់យើងខ្វាក់។ ទុកូលតបទៅថា នែបារិកាកុំអន់អាក់ បង្កើតចិត្តថ្នាំងថ្នាក់ ឱ្យចំពាក់កម្មវេរា។ ព្រះអង្គគ្មានបំណង នឹងប៉ុនប៉ងផ្ដាច់ជីវ៉ា បុត្រប្រុសស្រស់ពុំងា ដោយពាលាចិត្តកំហឹង។ ឥឡូវមកប្ដេជ្ញា អង្គលោកថានឹងខំប្រឹង បីបាច់ជាពំនឹង ឱ្យយើងពឹងមួយជីវិត។ នែនាងបារិកា បុត្រថ្លៃថ្លាយើងកុំគិត កុំឱ្យខូចគំនិត ក្រែងបណ្ឌិតលោកនិន្ទា។
ជនទាំងពីរនាក់នោះ ទូលចំពោះព្រះរាជា ថាទ្រង់កុំធានា ព្រះអង្គជាអ្នករក្សា។ សូមឱ្យតែព្រះអង្គ ជូនទៅត្រង់សាមបុត្រា អ្នកស្លាប់នៅទីណា យើងយាត្រានៅទីនោះ។ ស្ដេចមានបន្ទូលថា កុំយាត្រាទៅឱ្យសោះ ទីនោះក្រែងមានគ្រោះ ត្រង់ចន្លោះព្រៃស្រោង។ មានតែហ្វូងសត្វម្រឹគ នៅគគីរចាំប្របខាង ស្កាត់ផ្លូវឱ្យតេងតាង នឹងចៀសវាងទៅពុំរួច។ មានទាំងពួកស្វានស្វា ដំរីខ្លាស្រែកគ្រលួច ក្របីខ្ទីងស្នែងស្រួច គួរព្រឺព្រួចសព្វអង្គា។ ពន្លឺព្រះអាទិត្យ អព្ទងងឹតពេញមេឃា មិនគួរជនទ្វេហារ ចរយាត្រាទៅបានឡើយ។ ឯជនទាំងពីរនាក់ ស្ដាប់ឮជាក់ទុក្ខឥតស្បើយ អង្វរថាក្សត្រអើយ កុំតោះតើយស្ងៀមស្ងាត់នៅ។ បើទុកជាយ៉ាងណា សូមក្សត្រាជូនខ្ញុំទៅ ឱ្យបានដល់កូនពៅ ទោះយប់ជ្រៅក៏មិនខាន។ បើមិនឃើញមុខកូន យើងស្លាប់សូន្យទាំងពីរប្រាណ នឹងរស់នៅពុំបាន ទុក្ខក្លាហានខ្លាំងក្រៃលែង។ គ្រានោះស្ដេចបិលយក្ស នាំជនខ្វាក់ប្រាប់កន្លែង ដល់ហើយទើបទ្រង់ថ្លែង ថានេះឯងសាមបុត្រា។ ឯជនទាំងពីរនាក់ បានស្គាល់ជាក់កូនពុំងា ដេកផ្ទាល់លើពសុធា ឥតមានគ្នានៅម្នាក់ឯង។ យកដៃស្ទាបបាទា ដល់សិរសារឹងចម្បែង ខ្លោចផ្សាធ្ងន់ក្រៃលែង ហើយទើបថ្លែងរៀបរាប់ថា។
ពិលាបទុកូលបណ្ឌិតនិងនាងបារិកា
ពាក្យ ៧
ឱសាមកុមារមុខស្រស់បោះ រូបល្អឥតខ្ចោះគួរគយគន់ សម្ដីនិយាយក៏ស្រទន់ ពីរោះពេកពន់ឥតឧបមា។ ឥឡូវមាតាបិតាមក ឃើញកូនពន្លកដល់មរណា ក្នុងទ្រូងស្ទើរប្រេះចេញពីគ្នា កើតទុក្ខវេទនាព្រោះអាល័យ។ កូនអើយអ្នកដូចជាស្រវឹង ឬមួយកូនខឹងអធ្យាស្រ័យ មាតាបិតាហើយលាក្ស័យ ទាំងនៅមានវ័យពេញសម្លាញ់។ ឬមួយកូនព្រួយនឿយលំបាក បម្រើឥតស្រាកហើយគ្នាន់ក្នាញ់ ទូលព្រះរាជាឱ្យលោកបាញ់ ឬកូនចាលចាញ់ព្រះចេស្ដា។ ឱសាមកូនអើយអ្នកអភព្វ យើងទាំងពីរធ្លាប់ទីពឹងបា ចំណីភោជននិងផលា បានរស់ជីវ៉ាព្រោះព្រលឹង។ ម្ដេចឡើយកូនស្លាប់ចោលយើងទៅ ឱ្យយើងរស់នៅឥតពំនឹង ពីថ្ងៃនេះហើយគ្មានទីពឹង ស្ងប់ស្ងាត់សូន្យឈឹងដូចស្មសាន។ បើឪពុកជាទៅរ៉ា គ្រាន់នឹងរក្សាគ្នាទៅបាន ឥឡូវងងឹតទាំងពីរប្រាណ ធ្វើម្ដេចនឹងបានពឹងគ្នីគ្នា។ ស្ដាយអើយស្ដាយពេកកូនព្រលឹង មកដេកស្ដូកស្ដឹងក្នុងព្រឹក្សា ធូលីដីខ្សាច់ជាប់កាយា មិនមានចរចាតបមកសោះ។ ឱលោកណាអើយនៅទីនេះ ដែលមានចំណេះជួយសង្គ្រោះ មេត្តាដល់ខ្ញុំដោយចិត្តស្មោះ ឱ្យកូនកំលោះមានស្មារតី។ កាលកូនរស់នៅខំឧស្សាហ៍ ចរត្រាច់យាត្រារកចំណី ផ្លែឈើមើមឈើបេះថ្មីៗ ទាំងទុំចាស់ខ្ចីមិនខ្វះខាត។ ទឹកងូតទឹកផឹកមានគ្រប់គ្រាន់ មិនឱ្យអស់ទាន់ខំសង្វាត លៃពេលទៅដងត្រូវតាមខ្នាត សុទ្ធតែថ្លាស្អាតពេញៗពាង។ ពេលព្រឹកអ្នកបោសទីអាស្រម ពេលថ្ងៃរៀបចំភោជន៍ស្អិតស្អាង ទាំងទីកន្លែងយើងសងខាង ធានាអះអាងធ្វើសព្វគ្រប់។ បើឥតពីកូនស្ងួនទៅហើយ គ្មានអ្នកណាឡើយគេគោរព ធ្វើការទីនេះរាល់ថ្ងៃយប់ ល្មមនឹងសេពគប់ធ្វើជាគ្នា។
ពាក្យសច្ចៈ
បទព្រហ្មគីតិ
គ្រានោះជនពីរនាក់ បាត់អួលអាក់សោកស្រណោះ ផ្គងដៃឡើងចំពោះ ក្នុងទីនោះសច្ចាថា។ បើជាសាមបណ្ឌិត បានប្រព្រឹត្តនូវធម៌ណា ដោយសច្ចវាចា ពិសក្លៀវក្លាសាបសូន្យទៅ។ គឺមានចិត្តត្រេកអរ ប្រព្រឹត្តធម៌ដ៏ជ្រាលជ្រៅ ជាផ្លូវដែលកូនពៅ តម្កល់នៅក្នុងចិន្ដា។ ឬពោលនូវពាក្យពិត ពួកបណ្ឌិតហៅសត្យា នឹងបានថែរក្សា នូវមាតាបិតាផង។ ប្រព្រឹត្តធម៌កោតក្រែង ខ្លាចស្ញប់ស្ញែងចាស់រៀមច្បង មិនហ៊ានពោលកន្លង ឱ្យសៅហ្មងដោយសម្ដី។ នឹងមានចិត្តស្នេហា ករុណាកូនពិសី ដោយគុណបុណ្យបារមី តិចច្រើនក្ដីជួយសង្គ្រោះ។ អ្នកប្រាជ្ញពីបុរាណ លោកតែងបានពោលពីរោះ ថាសាមបណ្ឌិតនោះ កាន់ចំពោះធម៌ណាៗ។ សូមឱ្យបុណ្យកុសល ជួយផ្ដាច់ដល់ពិសក្លៀវក្លា ចេញចាកពីកាយា ដោយសច្ចាធម៌នោះឯង។
ពាក្យនាងទេពធីតា
រីទេព្ដាអង្គនោះ មកសង្គ្រោះហើយទើបថ្លែង សច្ចធម៌ជាក់ស្ដែង នឹងកន្លែងនោះទៀតថា។ ខ្ញុំឋិតនៅទីនេះ យូរដល់ម្ល៉េះឥតគណនា ស្រឡាញ់ពេញចិន្ដា ដូចជាបាសាមបណ្ឌិត។ និងភ្នំគន្ធមាទន៍ ឬរុក្ខជាតិជាសក្ដិសិទ្ធ មានក្លិនក្រអូបពិត គួរពិនិត្យចង់ចេតនា។ ខ្ញុំពោលពាក្យទាំងអស់ ជាសប្បុរសផ្សងសច្ចា សូមឱ្យពិសឈឺផ្សា ក្នុងសរីរាសាមបាត់ទៅ។ កាលបើជនទាំងនោះ ផ្គងចំពោះនឹកសំដៅ រកធម៌ដែលមាននៅ គឺកូនពៅធ្លាប់រក្សា។ រីឯសាមបណ្ឌិត បានប្រព្រឹត្តធម៌មេត្តា ដោយគុណបុណ្យសច្ចា មានសញ្ញាក្រោកឡើងហើយ។ ទើបក្រាបទៀបបាទា ពោលពាក្យថាឱម្ចាស់អើយ កូនបានរស់វិញហើយ កុំសោកឡើយចូរចរា។ ទើបងាកមកបង្គំ ស្ដេចជាធំហើយទូលថា សូមយាងទៅសាលា ទាំងមាតាបិតាខ្ញុំ។ គ្រានោះពោធិសត្វ បុរសរត្នចិត្តសុខុម មិនមានធម៌គំនុំ ប្រឹងបន្ទុំបុណ្យកុសល។ ទើបនាំយកមាតា និងបិតាបានទៅដល់ ព្រមទាំងក្សត្រសោតសល់ ទីមណ្ឌលនៃសាលា។ រៀបចំទីបន្ទំ គួរនិយមដល់ក្សត្រា បំពេញធម៌មេត្តា ដោយជ្រះថ្លាឥតសៅហ្មង។ ហើយទូលជាព្រះអង្គ ស្ដេចយាងត្រង់ទីនេះម្ដង សូមទ្រង់មានបំណង ដោយប៉ុនប៉ងចង់ដោយអ្វី។ ផលាផងទាំងឡាយ ខ្ញុំលើកថ្វាយមានទុំខ្ចី ទ្រង់សោយដោយមេត្រី ទ្រង់កុំបីព្រួយព្រះទ័យ។ ព្រះបាទបិលយក្ស ព្រះទ័យស្មគ្រអធ្យាស្រ័យ ទតឃើញហេតុបច្ច័យ ក្នុងសម័យគួរគោរព។ ទើបមានបន្ទូលថា ខ្ញុំនេះណាវង្វេងស៊ប់ មិនដឹងហេតុសព្វគ្រប់ ព្រោះជ្រុលជ្រប់ដោយមោហា។ បានឃើញអ្នកប្រាកដ ដល់កំណត់នឹងមរណា ឥឡូវមានជីវា ដូចចន្ទ្រារះពេញវង់។ ទើបពោធិសត្វទូលថា បើអ្នកណាបានផ្គត់ផ្គង់ បម្រើដោយផ្ចិតផ្ចង់ ចំពោះត្រង់ឪពុកម្ដាយ។ អ្នកនោះរួចទោសទុក្ខ តទៅមុខបានវែងឆ្ងាយ ទេព្ដាផងទាំងឡាយ ខំខ្វល់ខ្វាយជួយរក្សា។ ទាំងពួកបណ្ឌិតផង តែងចាំចងសរសើរថា ស្លាប់ទៅកើតសួគ៌ា ដោយផលាការបម្រើ។ ស្ដេចទ្រង់ព្រះសណ្ដាប់ តបប្រញាប់ឆ្លើយថាអើ កិច្ចនេះល្អណាស់តើ គួរអញធ្វើកុំបង្អង់។ ទើបផ្គងព្រះហត្ថា ត្រឹមសិរសាបង្គំផ្ចង់ ចិត្តស្មោះចំពោះត្រង់ ដល់តួអង្គពោធិសត្វ។ ថាម្នាលសាមបណ្ឌិត ខ្ញុំនេះពិតជាវិបត្តិ មិនដែលនឹកប្រយត្ន កិច្ចប្រតិបត្តិផ្លូវទីពឹង។ សូមអ្នកពន្យល់ប្រាប់ ខ្ញុំចាំស្ដាប់មិនទទឹង យកអ្នកជាទីពឹង គ្រាន់ពំនឹងដល់អាត្មា។
ពោធិសត្វសម្ដែងធម៌ ១០ ចំពោះស្ដេចបិលយក្ស
គ្រានោះពោធិសត្វ បុរសរ័តន៍ទ្រង់មេត្តា សម្ដែងធម៌ទេស្នា ធម្មចរិយាទាំង ១០ យ៉ាង។ ចំពោះស្ដេចបិលយក្ស ព្រះទ័យស្មគ្រចង់កសាង ទុកជាព្រេងសំណាង គ្រាន់នឹងអាងទៅខាងមុខ។ បពិត្រព្រះក្សត្រា ទីមួយណាទ្រង់ចាំទុក ចិញ្ចឹមម្ដាយឪពុក ឱ្យបានសុខគ្រប់វេលា។ ទីពីរទ្រង់សន្ដោស ប្រណីប្រោសបុត្រភរិយា សង្គ្រោះដោយទ្រព្យា ញ៉ាំងហទយាឱ្យបានស្អាត។ ទីបីទ្រង់ប្រព្រឹត្ត ចំពោះមិត្រនិងអមាត្យ លៃលកត្រូវតាមខ្នាត ឱវាទច្បាប់ផែនដី។ ទីបួនទ្រង់នឹកដល់ អស់ពួកពលនិងពាជី សូមទ្រង់កុំញាំញី ផ្ដាច់ជីវីអស់សង្ខារ។ ទីប្រាំស្រុកនិគម ទ្រង់និយមច្បាប់រាជការ បើទ្រង់មានត្រូវការ យកពន្ធដារត្រាប្រណី។ ទីប្រាំមួយគឺរដ្ឋ និងជនបទធំឥតបី ការពារជនប្រុសស្រី ក្នុងដែនដីឱ្យបានសុខ។ ទីប្រាំពីររក្សា ធម៌សមណានឹងព្រាហ្មណ៍ទុក ក្នុងអង្គជាប្រមុខ ទើបបានសុខស្រីសួស្ដី។ ទីប្រាំបីមេត្តា ឆ្ពោះបាណាម្រឹគបក្សី ទ្រង់កុំធ្វើបាបអ្វី ភ្លាត់ស្មារតីដល់មរណា។ ទីប្រាំបួនទ្រង់ធម៌ ដោយស្មោះសរប្រឹងសិក្សា រៀនសូត្រផ្លូវសាស្នា ខំភាវនាយកកុសល។ ទីដប់ទ្រង់ប្រព្រឹត្ត ធម៌សុចរិតឥតកង្វល់ ជាផ្លូវនាំទៅដល់ ទីសកលឋានសួគ៌ា។ ពួកទេព្ដាឥន្ទព្រហ្ម តែងនិយមយកផលា សន្សំគ្រប់ៗគ្នា ដោយជ្រះថ្លាឥតសៅហ្មង។ បពិត្រព្រះមហាក្សត្រ ទ្រង់កំណត់ចិត្តចាំចង ធម៌ ១០ នេះឥតហ្មង កុំកន្លងហួសមាត្រា។ បើទ្រង់បានប្រព្រឹត្ត ឱ្យសុចរិតសព្វវេលា នឹងទៅកើតសួគ៌ា ឆកាមានោះពុំខាន។ ព្រះអង្គកុំប្រហែស ធម៌វិសេសដែលទ្រង់បាន ស្ដាប់ចាំទាំងប៉ុន្មាន ឱ្យអាក់ខានខូចអសារ។ មហាបុរសរ័តន៍ ញ៉ាំងមហាក្សត្រឱ្យរក្សា សីលប្រាំពីបាណា ដល់សុរាទីបំផុត។ សូមទ្រង់តាំងសតិ និងហិរិឱ្យបរិសុទ្ធ ដោយប្រាជ្ញាមោះមុត កុំតក់ស្លុតនឹងលោកធម៌។ គ្រានោះស្ដេចបិលយក្ស ព្រះទ័យស្មគ្រធម៌បវរ ទទួលដោយស្មោះសរ ទ្រង់ត្រេកអរឥតឧបមា។ ទ្រង់មានព្រះតម្រាស់ ថាល្អណាស់អ្នកថ្លៃថ្លា ខ្ញុំដាក់លើសិរសា ជាសរណាមួយជីវិត។ ឥឡូវខ្ញុំសូមលា ទៅភារានឹងប្រព្រឹត្ត ធម៌នេះឱ្យសុចរិត តាមភាសិតដូចប្រាថ្នា។ ចំណែកខាងឥសី នេះទាំងបីខំភាវនា សម្រេចអភិញ្ញា ទៅកើតនាឋានព្រហ្មលោក។ សត្ថាព្រះជាគ្រូ សព្វញ្ញូដ៏មានជោគ លះចោលគ្រឿងស្មោកគ្រោក បានវិមោក្ខគឺនិព្វាន។ សម្ដែងចង្អុលប្រាប់ តាមលំដាប់ជនដែលមាន ក្នុងកាលពីបុរាណ ឱ្យឃើញបានយ៉ាងនេះថា។ ព្រះឥន្ទ្រាធិរាជ មានអំណាចកាលនោះណា ឥឡូវបានមកជា អនុរុទ្ធាជាអរហន្ត។ ព្រះបាទបិលយក្ស មានយសសក្ដិធំលើសលន់ បានជាព្រះអានន្ទ អនុជតន់ព្រះជិនស្រី។ ឯនាងបារិកា បានមកជានាងថេរី ភទ្ទកាបិលានី ជាពួកស្រីមានសទ្ធា។ នាងទេពធីតានោះ មានចិត្តស្មោះបានមកជា នាងឧប្បលវណ្ណា សាវិកាព្រះសម្ពុទ្ធ។ ឯទុកូលបណ្ឌិត ឥសីសិទ្ធចិត្តបរិសុទ្ធ បានជាសិស្សព្រះពុទ្ធ ខ្ពស់បំផុតឈ្មោះកស្សប។ សុវណ្ណសាមកុមារ បុណ្យអស្ចារ្យមិនត្រឡប់ មកកាន់ធម៌ផ្សាយផ្សព្វ តែងតែអប់រំចិត្តសត្វ។ អន្ទោលជាតិមកត្រង់ ជាតួអង្គតថាគត បានត្រាស់ដឹងប្រាកដ គេកំណត់ថាព្រះពុទ្ធ។ ទ្រង់ញ៉ាំងពួកសព្វសត្វ ដែលវិបត្តិឱ្យរួចផុត ទៅកាន់ទីបរិសុទ្ធ លែងច្យុតគឺនិព្វាន។ រឿងនេះសូមសង្ខេប ធ្វើតាមបែបព្រះទ្រង់ញាណ ដែលបានទេសន៍ទូន្មាន ប្រោសប្រទានទុកជាច្បាប់។ ឱ្យយើងទាំងប្រុសស្រី ក្មេងចាស់ក្ដីយកតម្រាប់ តាមផ្លូវលោកធ្វើស្រាប់ គួរតែត្រាប់កុំលះបង់។ ទីបំផុតនេះខ្ញុំ សូមបង្គំចំពោះត្រង់ ព្រះពុទ្ធទ្រង់ស្រោចស្រង់ សត្វលិចលង់ក្នុងសង្សារ។ និងធម៌បរិសុទ្ធ ខ្ពស់បំផុតពីរប្រការ ព្រះសង្ឃផ្ដាច់សង្ខារ ខ្ញុំត្រូវការដោយគោរព។ សូមឱ្យកម្ចាត់បង់ អពមង្គលសព្វគ្រប់ បានសុខទាំងថ្ងៃយប់ ដោយគោរពគុណរតនា។ សូមឱ្យមានកម្លាំង ចិត្តខ្ញុំតាំងផ្សងសច្ចា បើបានកើតជាតិណា មានប្រាជ្ញាដ៏មោះមុត។ បានកើតទាន់សាស្នា ខ្ញុំប្រាថ្នាចួបព្រះពុទ្ធ ស្ដាប់ធម៌វិសេសសុទ្ធ ទីបំផុតនិព្វានហោង។
ចប់សុវណ្ណសាមជាតក ទី ៣
[១] ឯក្នុងបាលីច្រើនតែហៅថាសាមៈ ឬសុវណ្ណសាមៈ សាមាក្នុងទីនេះ ដើម្បីសម្រួលដល់ពាក្យកាព្យ។
[២] នាងទេពធីតានេះ ធ្លាប់ជាមាតាពោធិសត្វក្នុងបុព្វជាតិទី ៧ លុះច្យុតមកកើតក្នុងទីនេះតែងរក្សាពោធិសត្វសព្វៗ ថ្ងៃតរៀងមក។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤