រឿង ​បុរស​ចាក់​ស្មុគ

រឿង​ព្រេង​និទានខ្មែរ

កាលដើមមានបុរសម្នាក់ចេះចាក់ស្មុគ បុរសនោះចង់បានខ្ញុំប្រើក៏ឡើងទៅលើចុងត្នោត ហើយបុរសនោះគិតតែម្នាក់ឯងថា បើអញចាក់ស្មុគបាន ១ លក់បាន ១០ សេន បើចាក់ស្មុគបាន ១០០០ នឹងលក់ទៅបាន ១០០ រៀល រួចអញលោះមនុស្សប្រើ អញប្រើមិនបានដូចចិត្តអញធាក់វាយបុរសនោះមិនថាតែមាត់ លើកដៃ លើក​ជើងលើចុងត្នោត ហើយបុរសនោះធ្លាក់ពីលើចុងត្នោត ដៃប្រវាចាប់ចុងស្លឹកត្នោតជាប់ដូចគេព្យួរ គ្រានោះទម័កដំរី ជិះដំរីម្នាក់ឯងមកជិតបុរសនោះ បុរសដែលតោងស្លឹកត្នោតស្រែកប្រាប់ថា បើលោកណាជួយដាក់ខ្ញុំពីចុងត្នោតបាន ខ្ញុំសុខចិត្តចូលនៅបម្រើលោកអស់១ជីវិត ទម័កដំរីឮហើយមានចិត្តត្រេកអរចូលទៅក្រោមដើមត្នោតឈរលើខ្នងដំរីតោងជើងបុរសនោះជាប់ ហើយដូចជាអង្រួនខ្នងដំរីនោះដំរីក៏ដើរទៅ ទម័កដំរីក៏ជាប់ព្យួរជាមួយនឹងបុរសនោះ គ្រានោះមានមនុស្សទំពែកទាំង ៤ នាក់ដើរស្វែងរកមនុស្សទៅបម្រើប្រពន្ធគ្រប់គ្នា លុះដើរទៅដល់ក្រោមដើមត្នោតនោះ ទម័កដំរីនិងបុរសស្រែកថា បើលោកណាជួយខ្ញុំឱ្យបានរួចពីចុងត្នោតទាំងពីរនាក់នេះ ខ្ញុំសុខចិត្តចូលនៅបម្រើអស់មួយ​ជីវិត នោះទំពែកទាំង ៤ នាក់ឮហើយត្រេកអរគិតថាបានដូចសេចក្ដីប្រាថ្នាក៏ស្រែកថាដូច្នេះ យើងទាំង ៤ នាក់នឹងជួយអ្នករួច ទំពែកទាំង ៤ ឈរក្រោមដើមត្នោតយកសំពត់ចងកខ្វែងទល់គ្នាជា ៤ ជ្រុង ហើយស្រែកប្រាប់ទៅបុរសនោះនឹងទម័កដំរីថា ឱ្យទម្លាក់ខ្លួនពីលើចុងត្នោតមកចុះ បុរសនិងទម័កដំរីទម្លាក់ខ្លួនទាំងពីរនាក់មកលើសំពត់ដែលទំពែកទាំង ៤ នាក់ចងកនោះដូចជាគេទាញសំពត់ជាប់នឹងកទំពែកទាំង ៤ ជល់ក្បាលគ្នាស្លាប់ទាំង ៤ នាក់ ឯទម័កដំរីនិងបុរសទាំងពីរនាក់ឃើញទំពែកទាំង ៤ នាក់ស្លាប់ដូច្នោះភ័យណាស់ ទៅនិយាយនឹងយាយចាស់ម្នាក់ថា ឱ្យជួយ បើគិតដូចម្ដេចឱ្យបានសុខ នឹងនៅបម្រើយាយចាស់ទាល់អស់ជីវិត យាយចាស់មានចិត្តត្រេកអរដោយប្ដីខ្លួនទៅកាប់ចម្ការឯព្រៃ ហើយគិតឧបាយថា បើដូច្នោះឱ្យអ្នកទៅយកខ្មោចទាំង ៤ នោះមកដាក់ក្នុងផ្ទះយាយចាស់នោះរុំឱ្យស្រេច រួចយាយចាស់ឱ្យយកខ្មោចចេញពីផ្ទះមកគាត់ស្រែកយំ អ្នកស្រុកទៅសួរគាត់ថា ប្ដីគាត់ស្លាប់ អ្នកស្រុកបានជួយយកខ្មោចនោះទៅដុត យាយចាស់ប្រាប់ថា សុំអ្នកទាំងអស់ដុតធ្វើឱ្យល្អ ប្ដីខ្ញុំគាត់ស្រឡាញ់ខ្ញុំណាស់ លុះយកខ្មោច ១ ទៅដុតហើយយាយចាស់ស្រែកថា ប្ដីគាត់នៅផ្ទះទៀតហើយ អ្នកស្រុកបាន ទៅយកមកដុតទៀត លុះដុតទៅគម្រប់ ៤ លើកហើយឃើញតាចាស់ប្ដីយាយចាស់នោះចេញមកពីព្រៃចម្ការហើយមានខ្លួននោះប្រឡាក់សុទ្ធតែធ្យូង ពួកអ្នកស្រុកឃើញហើយនាំគ្នាដេញចាប់តាចាស់នោះយកទៅដុតទាំងរស់នោះស្លាប់ទៅថែមទៀត ៕

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments