រឿង ​តា​ច័ន​រម្លាក

រឿង​ព្រេង​និទានខ្មែរ

រឿងឈ្មោះតាច័នរម្លាកមាននិយាយថា កាលណោះមានព្រៃមួយ​ធំ មានសត្វខ្លាសាហាវតែងខាំមនុស្សផងជាច្រើន នឹងចូលទៅរកបោចវល្លិពុំបាន គ្រានោះតាច័នគាត់ចូលទៅបោចផ្ដៅវល្លិក្នុងព្រៃនោះ វាលបចេញពីក្នុងព្រៃប៉ងនឹងខាំ តាច័នគាត់ចូលទៅបោចវល្លិ គាត់ឃើញជាមុនហើយគាត់រកពុទ្ធោថា ឱពុទ្ធោៗ វ៉ើយ ឆ្នាំនេះឆ្នាំខាលទឹកបែកពាសវាលស្លាប់ខ្លាដំរី ស្លាប់អស់ទាំងសត្វម្រឹគបក្សី ស្លាប់ខ្លាដំរីគ្មានគង់តូច១ ផ្ដៅអញនេះអាណាវែងៗ អញព្យួរកូន អញព្យួរចៅ អាណាខ្លីៗ អញព្យួរត្បាល់អង្រែ ឱសត្វទាំងឡាយអើយ ក្នុងឆ្នាំខាលនេះនឹងស្លាប់ហើយគ្មានគង់ទេ តាច័ននិយាយរកពុទ្ធោយ៉ាងនេះជាច្រើនដង សត្វខ្លាស្ដាប់បានឮច្បាស់ ខ្លាគិតថា គួរអញនឹងសួរតានេះចង់ដឹងមើល ទើបខ្លាសួរទៅតាច័នវិញថា តាវើយក្នុងឆ្នាំខាលនេះទឹកធំមែនឬ ទើបតាច័នធ្វើជាភ្ញាក់និយាយទៅនឹងសត្វខ្លាថា ឱចៅពីរឆ្នាំនេះទឹកធំណាស់ បានជាតាភ័យនឹងកូនចៅតា ៗ មករកផ្ដៅកូនចៅតាឱ្យផុតពីទឹក ឯសត្វខ្លាក៏មានចិត្តគិតភ័យនឹងពាក្យតាច័នថា មានចិត្តគិតខ្លាចស្លាប់ ចូលមកមកជិតហើយនិយាយនឹងតាច័នថា តាអើយអាណិតចងព្យួរខ្ញុំផង ឱ្យផុតពីទឹកផងបានឬទេ តាច័ននិយាយឆ្លើយថា បានមិនអីទេចៅ មកអង្គុយចាំតានៅនេះសិនចុះ សត្វខ្លាក៏ចូលមកអង្គុយចាំ លុះតាច័នបោចផ្ដៅបាន ក៏ត្រកួញធ្វើជារម្ងកហើយចូលទៅចងចង្កេះខ្លា តាច័នក៏កាន់គល់ផ្ដៅឡើងទៅលើឈើខ្ពស់ ហើយបង្គាប់ឱ្យខ្លាលោតឡើង តាច័នក៏ស្រាវទាញឡើងផុតជើងខ្លាពីដី តាច័នក៏ចុះមកវិញ ខ្លាក៏សួរថា តាប៉ុណ្ណេះផុតពីទឹកហើយឬអី តាច័នឆ្លើយថា ផុតហើយចៅ តាច័នក៏កាន់កំាបិតទៅកាប់ឈើធ្វើដំបង ខ្លាឃើញសួរថា តាកាប់ដំបងធ្វើអី តាច័នថា កាប់យកទៅផ្ទះក្រែងប្រទះនឹងសត្វឯទៀតវាប្រមាថតា ទើបខ្លាឆ្លើយថា គ្មានខ្លាឯណាទេតា មានតែខ្ញុំនេះឯងតែងតែនឹងខាំគេរាល់ថ្ងៃ ទើបតាច័នគាត់ដឹងថា ឱអានេះជាសត្វកាច បើដូច្នេះអញនឹងវាយអានេះឱ្យអស់ចិត្តក្នុងគ្រានេះ ទើបតាច័នកាន់ដំបងចូលទៅដល់ខ្លាថា ចៅនៅឱ្យស្ងៀមតានឹងមើលចំណងឱ្យ ក្រែងវារបូតលង់ទឹកស្លាប់ ខ្លាក៏នៅស្ងៀម ទើបតាច័នលើកដំបងវាយខ្លា ៗ ក៏ប្រឹងរើបម្រះស្រែកជាខ្លាំង រលាត់រលួតស្បែកហើមខ្លួនជាខ្លាំង មុខគួរវេទនា ហើយខ្លាក៏ប្រឹងរើបម្រះក្រឡាស់ខាំខ្សែផ្ដៅដាច់គេចរត់ទៅ តាច័នក៏វិលទៅខ្ទមស្រែវិញ។ ទើបនិយាយឯសត្វខ្លារត់រួចទៅចួបនឹងដំរី ១ ដំរីឃើញខ្លារត់ ដំរីស្រែកសួរថា បងខ្លាឯងរត់ភ័យនឹងអី ក៏បានជាមិនមើលក្រោយសោះ ទើបខ្លាប្រាប់ទៅដំរីវិញថា បងអើយអាច័នរម្លាកបញ្ឆោតវាយខ្ញុំហើមខ្លួនអស់ ដំរីសួរថា អាច័ននោះវានៅឯណា ខ្លាប្រាប់ថា វាធ្វើស្រែនៅមាត់បឹងនោះឯង បើដូច្នោះអញនឹងព្រេចវាឱ្យល្អិតកុំឱ្យវាធ្លាប់ធ្វើបាបគេ ឯខ្លាក៏រត់ទៅ។ ដំរីក៏ដើរមករកតាច័ននឹងព្រេចតាច័ន ចួបនឹងតាច័នតែដំរីពុំស្គាល់តាច័ន ហើយសួរថា តា ៗ ស្គាល់អាច័នរម្លាកដែរទេ ទើបតាច័នសួរដំរីថា ចៅឯងសួររកគាត់ធ្វើអី ដំរីថា ខ្ញុំខឹងណាស់វាបញ្ឆោតវាយបងខ្លាហើមខ្លួនអស់ ទើបតាច័នឆ្លើយថា អាច័នវានៅខ្ទមស្រែត្រើយខាងកើតមាត់បឹងខ្ទមគាត់សៗនោះឯង ដំរីថា អាណិតជូនខ្ញុំទៅ បើខ្ញុំព្រេចវាស្លាប់បានរបស់អ្វីប៉ុន្មានខ្ញុំជូនតាឯងទាំងអស់ តាច័នឆ្លើយថា តាអរណាស់ ប៉ុន្តែទឹកបឹងនេះជ្រៅណាស់ តាទៅមិនរួចទេ ដំរីថា បើទឹកជ្រៅតាជិះលើក្បាលខ្ញុំ ទើបតាច័នឆ្លើយថា អើបើដូច្នោះទៅក៏ទៅ ឯតាច័នក៏កាន់កំាបិតព្រាមួយ​ជាប់ទៅផង លុះទៅបានចម្ងាយមួយ​ស្រែ តាច័នក៏កាប់ក្បាលដំរី ៣–៤ កំបិត មុតឈាម ដំរីក៏គេចរត់មកវិញដល់គោករលាស់ទម្លាក់តាច័ន ហើយដំរីក៏រត់ទៅចួបនឹងសត្វខ្លាឃ្មុំ ៗ ក៏ស្រែកសួរថា បងដំរីរត់អីគ្មានមើលក្រោយម្ល៉េះ ដំរីឆ្លើយប្រាប់ថា បងខ្លាឃ្មុំអើយ អាច័នរម្លាកបញ្ឆោតកាប់ក្បាលខ្ញុំឈាមអស់ ឯខ្លាឃ្មុំក៏ជួយខឹងដំរី ហើយសួរទៅដំរីវិញថា អាច័នរម្លាកនោះវានៅឯណា ដំរីប្រាប់ថា វានៅធ្វើស្រែនៅមាត់បឹងធំនោះឯង ដំរីក៏រត់បាត់ទៅ ឯសត្វខ្លាឃ្មុំក៏មានចិត្តខឹងគុំគួនប្រមាថនឹងខាំក្បាលតាច័នបំបែកឱ្យស្លាប់ លុះថ្ងៃក្រោយខ្លាឃ្មុំដើរទៅឃើញតាច័នភ្ជួរស្រែពេលព្រឹក ខ្លាឃ្មុំនឹកថា នេះហើយអាច័នរម្លាកនោះ ដូច្នោះអញពួនចាំនៅនេះ ចាំវាមកជិតអញលោតទៅខាំឱ្យបាន ខ្លាឃ្មុំក៏ក្រាបចាំនៅសំយាកព្រៃ តាច័នក៏មិនទាន់ដឹងខ្លួន ឯតាច័នក៏ភ្ជួរស្រែយូរក្រដល់ទៅ ខ្លាឃ្មុំក៏ក្រោកឈរអើតមើលមកតាច័ន ៗ ក៏មើលទៅឃើញខ្លាឃ្មុំ ហើយតាច័នគិតថា សត្វនេះវាចង់មកប្រមាថធ្វើទុកអញទៀតហើយ ទើបតាច័នប្រុងខ្លួនហើយវាយក្របីដេញថា ហើយអានាងខំទាញឡើង តាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរកំពុងពេញទឹកផ្អែមអើយផ្អែម តាច័នគាត់ថាយ៉ាងនេះជាច្រើនដង ឯខ្លាឃ្មុំក៏ឮច្បាស់មានចិត្តចង់ស៊ីឃ្មុំហើយឆ្លើយមកនឹងតាច័នថា តា ៗ ចែកខ្ញុំស៊ីផង ទើបតាច័នឆ្លើយប្រាប់ទៅខ្លាឃ្មុំវិញថា ចៅអើយឃ្មុំតាតែពីរ ទុកឱ្យក្របីវាស៊ីមួយ​ម្នាក់សោះតែញ័រខ្លួន បើចៅចង់ស៊ីចូលនិយាយគ្នាសិន ឯសត្វខ្លាឃ្មុំក៏ចូលមកអង្គុយ ទើបតាច័ននិយាយថា បើចៅចូលចិត្តចង់ស៊ីដែរនឹងឱ្យស៊ីតែម្ដងទៅ ខ្លាចក្រែងក្របីវាខឹងវា ព្រោះវាធ្លាប់ស៊ីដែរ តែតាគិតថា ចៅឯងភ្ជួរស្រែឱ្យបានមួយ​ព្យាមចុះ តានឹងឱ្យចៅស៊ីទាំងពីរតែម្ដង ក្របីតាវាអត់សិនទៅ ចុះសម្រុកទៀត ឯខ្លាឃ្មុំស្ដាប់ក៏ត្រូវចិត្តនឹងចំណីចំណង់របស់ខ្លួនក៏អរណាស់ថា បើដូច្នោះឱ្យដោះក្របីចេញចុះ តាច័នក៏ដោះក្របីមួយ​ពេច ខ្លាឃ្មុំក៏ចូលទៅឱ្យតាច័នទឹម ដាក់ខ្សែទឹមចងរឹតរួតជាស្រេច តាច័នគាត់ស្ទុះទៅកាន់កន្ទុយនង្គ័ល ហើយគាត់ដេញថា ហើយអានាងខំឡើងតាយកឃ្មុំឱ្យស៊ី ឃ្មុំតែពីរកំពុងពេញទឹក ឯខ្លាឃ្មុំក៏ខំប្រឹងទាញនង្គ័លនោះពុំកក្រើកឡើយ តាច័នគាត់ខឹងលែងកន្ទុយហើយទៅវាយខ្លាឃ្មុំ ៗ ក៏ប្រឹងរើបម្រះ តាច័នវាយខ្លាំងណាស់បែកហើម ឯខ្លាឃ្មុំរើរួចរត់ទៅចួបនឹងសត្វចចក ៗ សួរទៅខ្លាឃ្មុំថា បងខ្លាឃ្មុំរត់អី គ្មានមើលក្រោយម្ល៉េះ ខ្លាឃ្មុំប្រាប់ទៅចចកវិញថា បងចចកអើយអាច័នរម្លាកវាបញ្ឆោតវាយហើមខ្លួនអស់ ខ្លាឃ្មុំក៏រត់ទៅ ឯចចកក៏អួតថា បើដូច្នោះទុកឱ្យអញឯងនឹងទៅហែកលបអាច័នរម្លាកចែកគ្នាស៊ីឱ្យអស់កុំទុកវាឡើយ លុះព្រឹកឡើងតាច័នគាត់កាន់កាំបិតព្រាមួយ​និងច្រវាមួយ​ ទៅលើកលបក្នុងបឹង។ និយាយឯចចកមកដល់កណ្ដាលផ្លូវ ចួបនឹងខ្លាត្រីមួយ​ ចចកក៏បបួលខ្លាត្រីថា បងខ្លាត្រីទៅស៊ីនឹងអញ ខ្លាត្រីថា បងចចកឯងបានត្រីពីណា ចចកថា អញទៅហែកលបអាច័នរម្លាកចែកគ្នាស៊ី ខ្លាត្រីក៏ព្រមតាម ចចកមកអង្គុយនៅមាត់បឹង យូរបន្តិចឃើញតាច័នអុំទូកចូលមក ចចកសួរថា តាស្គាល់អាច័នរម្លាកដែរ តាច័នថាស្គាល់ដែរ តែអាច័ននោះវានៅត្រើយបឹងខាងកើតឯណោះទេ បើដូច្នោះតាឯងអាណិតជូនខ្ញុំទៅ បើខ្ញុំហែកលបវាបានត្រីខ្ញុំចែកពាក់កណ្ដាល តាច័នថា ទៅក៏ទៅ ដ្បិតលបតាវាក៏ត្រូវផង ថាហើយចចកក៏លោតទំក្បាលទូក តាច័នថា ចៅកុំទៅអង្គុយក្បាលទូកនោះវាលិចណាស់ មកអង្គុយខ្ទង់មុខតាឯណេះទើបវាមិនលេច ចចកក៏មកអង្គុយនៅខ្ទង់មុខតាច័ន ហើយហៅទៅខ្លាត្រីថា មកបងប្រញាប់ន្អាលនឹង​ទៅ ខ្លាត្រីឆ្លើយថា បងចចកអញមិនហ៊ានទៅទេ អញក្រែងតាច័នហើយនេះ ចចកបែរមើលក្រោយថា មិនមែនទេ តាច័ននៅស្ងៀម ខ្លាត្រីក៏ឡើងមកអង្គុយទឹមគ្នា តាច័នក៏អុំទូកទៅប្រមាណជា ១០ ព្យាមពីច្រាំង តាច័នគាត់កាប់ក្បាលចចក ១ កំាបិតលោតធ្លាក់ទឹក ខ្លាត្រីក៏លោតធ្លាក់ទឹកទាំងអស់គ្នា ខ្លាត្រីបន្ទោសចចកថា អញថាតាច័នហើយឯងថាមិនមែនតាច័ន ចចកថា កុំមាត់ខំតែហែលទៅ សត្វទាំងពីរក៏ហែលរួចដល់គោកហើយរត់ទៅ តាច័នក៏នៅធ្វើស្រែស្រូវរួចហើយ តាច័នក៏ទៅផ្ទះបានសេចក្ដីសុខទៅហោង។ ក្រោយតាច័នមានចិត្តសង្វេគថា ឱសត្វទាំងបួននេះនឹងមានវេរានឹងអញតទៅមុខពុំលែងឡើយ វានឹងធ្វើបាបអញនោះមិនខាន ដូច្នោះអញទិញដែកឱ្យច្រើន ធ្វើកំបិតកោរដងដែកឱ្យបាន ៥០ ឬ ៦០ ទុកបម្រុងការខ្លួនដែលស្លាប់ទៅនោះ តាច័នគិតធ្វើកាំបិតបានស្រេចហើយ គាត់ក៏បានហៅកូនចៅមកផ្ដាំថា បើអញស្លាប់ទៅហើយយកអញទៅកប់ ឱ្យយកកំបិតទាំងអស់នេះទៅដាក់លើផ្នូរកុំឱ្យខាន បូកដីឱ្យលុបឱ្យជិតលុះដល់ ៥-៦ ថ្ងៃឱ្យកូនចៅនាំគ្នាទៅមើលផ្នូរអញកុំឱ្យខាន តាច័នបានផ្ដាំកូនចៅរួចហើយ គាត់មានជំងឺ ឈឺក្ស័យទៅ ឯកូនចៅបានយកខ្មោចតាច័នទៅកប់ធ្វើដូចបង្គាប់គាត់មិនខាន។ និយាយពីសត្វទាំង ៤ ដែលមានវេរានឹងគ្នានោះ កាលតាច័នស្លាប់ទៅបាន ៣ ថ្ងៃ សត្វចចកស៊ើបដឹងថា តាច័នស្លាប់ ទៅប្រាប់ខ្លាឃ្មុំ ៗ ប្រាប់ដំរី ៗ ទៅប្រាប់ខ្លាធំ ភ្ជុំបបួលគ្នាចូលមកកកាយខ្មោចតាច័នរម្លាកស៊ី ចចកកាយចុងជើង ខ្លាឃ្មុំកាយខាងក្បាល ខ្លាធំសុំកាយកណ្ដាលខ្លួន ឯដំរីឈរចាំមើលសត្វទាំង ៣ មុតជើងពិការជាខ្លាំងដួលដេកអស់ ដំរីនឹកខឹងនឹងខ្មោចតាច័នថា ជើអាច័នកាចតាំងពីរស់ទាល់តែស្លាប់មិនលែងសោះ ទុកឱ្យអញឯងឈូសតែម្ដងឱ្យប៉ើងខ្មោចមកលើគោក ដំរីខឹងណាស់លើកជើងឈូសជាខ្លាំងត្រូវនឹងកំបិតមុតពេញជើង ក៏ដួលដេកទាំងអស់គ្នាជាសូរេចហោង។ និយាយពីកូនចៅដល់កំណត់៧ថ្ងៃនាំគ្នាទៅមើលខ្មោច ស្រាប់តែឃើញដំរី ខ្លា ចចកស្លាប់ខាងផ្នូរ នាំគ្នាពន្លះយកសាច់ស្បែក ឆ្អឹង ភ្លុក មកលក់យកប្រាក់ធ្វើបុណ្យខ្មោចតាច័នរម្លាកជាសូរេចហោង ៕

ឃុនអក្ខរា ឯក អធិប្បាយ

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments