កាព្យ​លោកធម៌

កាព្យសម្ដេច ​ជួន ណាត

កាព្យលោកធម៌ នេះ គឺជាព្រះរាជស្នាព្រះហស្ថដំបូងបំផុតរបស់សម្តេចព្រះសង្ឃរាជជាអម្ចាស់ ហើយទ្រង់បានព្រះរាជទានសិទ្ធិឱ្យលោក ឈឹម ស៊ុម កាន់កាប់ជាព្រះកេរ្តិ៍ ក្នុងគ្រាដែលទ្រង់មានព្រះបន្ទូលតែពីរនាក់គាត់អំពីរឿងផ្ទាល់ខ្លួន កាលទ្រង់ស្ថិតក្នុងយុវភាពនៅឡើយ…។

កាលណោះ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩១២ សម្តេចព្រះមហាសង្ឃរាជ និល ទៀង បានតែងតាំងដំឡើងឋានៈព្រះអង្គពីព្រះបាឡាត់សាក្យបុត្តីយ៍ ជួន ណាត ទៅជាព្រះគ្រូសង្ឃសត្ថា ជាហេតុធ្វើឱ្យ​ព្រះអង្គមានព្រះទ័យរំភើបពីខាងក្នុងខ្លះៗ បានជារាត្រីនោះ ព្រះអង្គទាញគម្ពីរបាលីមកបើកទតត្រង់រឿងលោកធម៌ ហើយសរសេរប្រែមកជាសម្រាយ ចងក្រងជាពាក្យកាព្យទៀត ដើម្បីសង្កត់នូវសេចក្តីរំភើបខ្លះដែលមានក្នុងព្រះទ័យ…។ តែព្រះរាជស្នាដៃនិពន្ធដំបូងបង្អស់នេះ ត្រូវរង់ចាំរហូតមកដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩៥៥​ ទើបសម្តេចព្រះសង្ឃរាជជាអម្ចាស់ បានសម្រេចអនុញ្ញាតឱ្យយលោក ឈឹម ស៊ុម បោះពុម្ពផ្សាយជាផ្លូវការ…។

ខ្ញុំឈ្មោះអក្សរ  ផ្សំស្រះ អា  ដាក់  មុខជាតួបង្ហើយ

ជាតួប្រកបពុំអានឡើយ  ឱ្យដល់ស្រះចុងដូចបាលី។

មានកាលយប់មួយឥតកង្វល់  ខ្វល់ខ្វាយអំពីរឿងហេតុអ្វី

មានកិច្ចតែខាងមើលបាលី   ដែលព្រះជិនស្រីទ្រង់ទេសនា។

ខ្ញុំមើលត្រង់លោកធម្មសូត្រ  រហូតដល់ចប់ព្រះគាថា

មើលបណ្តើរគិតបណ្តើរដោយចិន្តា  គិតថានឹងប្រែជាសម្រាយ។

ជាប្រយោជន៍នៃជនអ្នកត្រូវការ  ចង់ចេះធម៌អាថ៌តាមអភិប្រាយ

អ្នកដែលមិនចេះខាងប្រែស្រាយ  បើពាក្យសម្រាយច្រើនចូលចិត្ត។

ខ្ញុំបានផ្តើមតែងជាពាក្យកាព្យ  តាមសភាពប្រាជ្ញាខ្ញុំរិះគិត

តម្រូវជាធម៌ដែលមានពិត  ប្រតិដ្ឋប្រដូចឱ្យងាយយល់។

ខ្ញុំតែងជាកាព្យចម្រុះពាក្យ  ប្រាំពីរប្រាំបីតាមយោយល់

ឃ្លាខ្លះមានកើនរហូតដល់  ប្រាំបួនពាក្យផ្តល់តាមសេចក្តី។

ខ្ញុំសូមសម្តែងចែងពីធម៌  ដ៏បវរសម្រាប់ជនប្រុសស្រី

ឈ្មោះហៅលោកធម៌មានប្រាំបី  ជាសង្ខេបខ្លីតាមគាថា។

ធម៌ទាំងប្រាំបីប្រការនោះ  មានឈ្មោះតាមបាលីភាសា

លាភោមានលាភផងនានា   ទោះស្រែចម្ការទោះមាសប្រាក់។

អលាភោ ឥតលាភឬខាតបង់  ខុសចំណង់ឃ្វាងចំណុចទាស់ទើសទាក់

មុខស្រពោនខ្លួនស្រពន់ចិត្តអន់អាក់   គំនិតរាក់ប្រាជ្ញាវល់ពុំយល់ឆ្ងាយ។

យសោ មានយសសក្តិថ្កើងថ្កាន  បានអ្វីក៏បានមកដោយងាយ

តេជះតបៈក៏ផ្សព្វផ្សាយ ​ ជនទាំងឡាយធំតូចសឹងរាប់អាន។

អយសោ ឥតយសឬថ្លោះយស   ខ្ពស់ចុះជាទាបមិនសមប្រាណ

ថយអំណាចតេជះមិនក្លាហាន  បានអ្វីក៏បានដោយលំបាក។

និន្ទា អ្នកផងគេតិះដៀល  ចាក់ឆ្កៀលដោយលំពែងគឺមាត់ពាក្យ

ទ្រគោះបោះបោកបោកខ្ជោកខ្ជាក  ជ្រោកជ្រាករិះគន់ពោលបង្កាច់។

បសំសា វាចាគេសរសើរ  បង្ហើរសម្តីដោយបូរបាច់

ឆ្ពោះមុខឬកំបាំងគេថាស្រេច  នឹងខ្លួនហើយដាច់គេទាំងអស់។

សុខំ សុខកាយសុខទាំងចិត្ត ឥតមានក្តីទុកមកទើសទាស់​

នេះនោះទាំងគ្រប់ស្រួលទាំងអស់  ខ្ពង់ខ្ពស់ថ្លៃថ្លាពេញបំណង។

ទុក្ខំ គឺក្តីទុក្ខក្តៅក្តួលរំជួល  ជ្រួលច្រាល់មិនសមប៉ង

នាំកាយនិងចិត្តឱ្យសៅហ្មង  ឱ្យអ្នកផងគេព្រួយតែរាល់ប្រាណ។

ធម៌នេះរាប់រាយមានប្រាំបី  បើផ្គូឱ្យខ្លីជាគូបាន

ត្រឹមតែបួនគូគត់តាមឋាន  កើតបានតែមួយមួយឈប់កើត។

ផ្លាស់ប្តូរជាវេនវេនតាមគូ  វិញ្ញូអ្នកប្រាជ្ញដែលចេះឆើត

កំណត់សម្គាល់ស្គាល់កំណើត  ទោះធម៌ណាកើតក៏អាចដឹង។

ព្រះពុទ្ធទ្រង់ត្រាស់សម្តែងថា  ឱ្យអស់បណ្តាជនផងប្រឹង

យកចិត្តទុកដាក់គិតជញ្ជឹង  រំពឹងនឹកដល់ការប្រែប្រួល។

ប្រយត្នគំនិតប្រុងស្មារតី  ទោះបីសុខទុក្ខស្រួលពុំស្រួល

កើតហើយបាត់ទៅតាមដំណួល  ត្រូវគិតសម្រួលតាមការណ៍ពិត។

សត្វលោកតែងស្ទោកព្រោះលោកធម៌  បានអរបង់អន់ស្រពន់ចិត្ត

មានយសខ្ពង់ខ្ពស់រីករាយឥត  មានគំនិតគិតដល់ថ្លោះយសឡើយ។

កាលបើបានឮពាក្យគេនិន្ទា  ឆ្ពោះអាត្មាឱរាក្តៅមិនស្បើយ

បើបានឮគេសរសើរហើយ  ចិត្តពុំកន្តើយអរផើតៗ។

បានសុខភ្លេចនឹកដល់ទុក្ខំ  កើតកម្លាំងក្លាខ្លាំងឥតញញើត

ញញឹមញយៗអរពព្រើត​​  រកកល់គេទើតទាស់ពុំបាន។

លុះដល់អស់វេនសេចក្តីសុខ  ធ្លាក់វេនក្តីទុក្ខមកដល់ប្រាណ

ស្រាប់តែព្រួយរកគេឱ្យជួយច្រាន  ទុក្ខនោះឱ្យក្សាន្តពីអត្តភាព។

សុខក្តីទុក្ខក្តីរបស់សត្វ  ខ្ចាត់ទៅមកវិញតាមសភាព

បុណ្យបាបដែលធ្វើមករៀងរាប  ស្ទាបៗឱ្យផលដល់អាត្មា។

ព្រះសម្ពុទ្ធជាមកុដនៃត្រៃភព  ទ្រង់ប្រារព្ធធម៌នេះហើយត្រាស់ថា

ឱ្យសត្វរិះគិតដោយប្រាជ្ញា  កុំសាវ៉ាតាមចិត្តដែលប្រទះ។

បានលាភត្រូវនឹកដល់ការបង់  បានយសសក្តិរុងរឿងតេជះ

កុំកក្អិលក្អេងក្អាយដោយមានះ  ត្រូវនឹកខ្លះកុំភ្លេចការប្រែប្រួល ។

បើឮអ្នកផងគេនិន្ទា  ដល់អាត្មាត្រូវតាំងចិត្តសម្រួល

សម្រាកក្តីក្រោធកុំរំជួល  បើទុកជាក្តៅក្តួលត្រូវខំអត់។

គប្បីគិតភ្លាមថានិន្ទា  នេះជាគ្នានឹងសរសើរជាប្រាកដ

បើអញតាំងចិត្តជាអំណត់  រាល់មាត់គេនឹងសរសើរអញ។

ថានេះហៅពេញជាចេះអត់  ចេះសង្កត់កំហឹងដែលចេះខ្នាញ់

ធ្វើអ្នកស្អប់ឱ្យត្រឡប់ជាស្រឡាញ់  បានសុខព្រោះផ្ចាញ់សេចក្តីក្រោធ។

មួយទៀតមានពាក្យសុភាសិត  អ្នកប្រាជ្ញប្រតិដ្ឋជាចំណោទ

ថាកាលបើមានសេចក្តីក្រោធ  កុំច្រឡោតត្រូវរាប់អក្សរសិន។

រាប់អក្សរតាំងពី ក ដល់ ឡ អ័ង   រួចសំកាំងគំនិតគិតដង្វិន

គ្នេរគ្នាន់រកហេតុរកផលសិន  បើប្រសិនក្រោធល្មមនឹងបានស្រាក។

ពុំនោះលោកថាឱ្យយរាប់លេខ  «ពី ឯក ដល់ ទស ឈប់សម្រាក

ងមួយស្របក់នឹងបានស្រាក  ឃ្លាតចាកកំហឹងដ៏ឃោរឃៅ។

បើបានប្រកបដោយក្តីសុខ   ឃ្លាតចេញពីទុក្ខសោកហ្មងសៅ

កុំអាលអរអេកត្រេកសំដៅ   ដូចកង្កែបខែក្តៅត្រូវភ្លៀងធំ។

គប្បីតាំងចិត្តគិតទៅមុខ  ថាឥឡូវមានសុខមកអប់រំ

មុខជាថ្ងៃណាមួយនឹងរលំ  ទុក្ខតូចឬធំមកពុំខាន។

អ្នកណាបានសុខធំទូលាយ  ដល់វេនទុក្ខផ្សាយមកដល់ប្រាណ

មានទុក្ខធំពន់ប្រមាណ  តាមលំអានស្នាមសុខដែលកើតមុន។

ហេតុនេះគួរអស់សាធុជន  កុំទម្រន់គំនិតឱ្យលង់ស៊ុន

ក្នុងលោកធម៌ណាដែលកើតមុន  ទោះស្រាលទោះធ្ងន់ក្តីសុខទុក្ខ។

ទោះលាភទោះយសទោះខាតបង់  ទោះលិចលង់ថ្លោះ​យសមិនពេញមុខ

ទោះសរសើរទោះនិន្ទាថាកំព្រុក  ត្រូវតែតាំងចិត្តជាមធ្យម។

លុះបានតាំងចិត្តទុកដូច្នេះ  ទើបរបេះឃ្លាតខ្លះពីទុក្ខធំ

ដោយហេតុមិនផ្ងំចិត្តឱ្យងំ  ឱ្យរង្គំនៅក្នុងកន្លែងមួយ។

បើមានប្រាជ្ញាប្រយោគដល់  ហេតុនិងផលដែលមានជាតម្រួយ

ទើបចិត្តនឹងអាចឃ្លាតចាកព្រួយ  បើទុកជាព្រួយក៏គ្រាន់ទ្រាំ។

ពីព្រោះបានដឹងច្បាស់ការណ៍ពិត  ដោយគំនិតត្រិះរិះដ៏មួនមាំ

ដឹងថាលោកធម៌កើតជោកជាំ  ស៊ាំទាំនៅក្នុងសន្តានសត្វ។

កើតមានមិននឹងតែមួយៗ  ចួនព្រួយចួនអរមានបាត់ៗ

ហើយមានឡើងវិញមិនទៀងទាត់  មួយកើតមួយបាត់ផ្លាស់ប្តូរគ្នា។

បើដឹងដូច្នេះហើយគួរខំ  អប់រំប្រាជ្ញាឱ្យក្លៀវក្លា

គួរគិតគួរគ្នេរពិចារណា  សិក្សារៀនសូត្រកុំធុញទ្រាន់។

គួរប្រឹងសង្កេតធម៌បរមត្ថ  មានអត្ថជ្រាលជ្រៅជាអនន្ត

ប្រាប់ផ្លូវមគ្គផលមិនមានភាន់  មានថ្នាក់មានជាន់តាមលំដាប់។

សត្វដែលនឹងបានរួចចាកទុក្ខ  ព្រោះធុញជូរមុខនឹងកើតស្លាប់

មានគំនិតដូចសត្វទទាជាប់  ក្នុងទ្រុងមិនគាប់ក្តីប្រាថ្នា។

ចេះតែស្ទុះច្រាស់ច្រាលដាលចឹកទ្រុង  ចង់ឱ្យរលុងនឹងម្នីម្នា

ស្ទុះចេញឱ្យរួចហើយនឹងលា  ត្រដាងស្លាបវាហើយហើរទៅ។

អ្នកដែលធុញទ្រាន់នឹងកើតស្លាប់  ចង់ប្រញាប់ចាកចេញចោលលំនៅ

គឺវដ្តសង្សារនេះហើយទៅ  កាន់លំនៅដែលទុក្ខរលត់បង់។

មគ្គផលនឹងមានព្រោះអាស្រ័យ   ចិត្តដាច់អាល័យពីចំណង់

ហើយស្មគ្រនឹងដើរតាមផ្លូវត្រង់   ប្រកបដោយអង្គប្រាំបីយ៉ាង។

ហៅថាអដ្ឋង្គិកមគ្គ  ឥតអ្វីទើសទាក់ឥតវៀចវាង

ស្រួលដើរបំផុតដល់អ្នកសាង  មានសំណាងដូចយ៉ាងព្រះសុគត។

ផ្លូវនេះជាហេតុជាឧបាយ  ឱ្យសត្វទាំងឡាយបានរលត់

ភ្លើងទុក្ខហើយលែងមានរន្ធត់  ព្រោះលោកធម៌ទាំងប្រាំបី។

ឈ្មោះហៅថាបានព្រះនិព្វាន  ជានិរោធដ្ឋានគ្មានទុក្ខភ័យ

សុខក្រៃលែងសុខឥតទុក្ខអ្វី  មកប៉ះមកពាល់ដល់តិចឡើយ។

ជាឋានគ្មានចាស់គ្មានឈឺចាប់  គ្មានកើតគ្មានស្លាប់សុខកន្តើយ

ព្រះពុទ្ធទ្រង់ត្រាស់ហៅថាត្រើយ  អ្នកទៅដល់ហើយលែងមកវិញ។

ជាទីឥតកិច្ចការគ្រប់យ៉ាង  ឥតសង់ឥតសាងឥតលក់ទិញ

មានតែសុខមួយយ៉ាងជាចំណេញ  ឈ្មោះថាចេញចាកទុក្ខស្រឡះហោង។

សេចក្តីនេះពិតជាពាក្យកាព្យ  តែមិនមែនកំណាព្យពាក្យឆ្គាំឆ្គង

ជាសាច់ធម៌មែនឥតមោះហ្មង  គ្រាន់តែក្រងជាពាក្យមានឃ្លោងឃ្លា។

សូមអស់អ្នកប្រាជ្ញរាជកវី  កុំបីបន្ទោសដៀលនិន្ទា

ពាក្យនេះខ្ញុំតែងតាមមាត្រា  សម្ផស្សវាចាមិនមានល្អៀង។

តាមច្បាប់មេកាព្យវិលាសិនី  វិធីអ្នកប្រាជ្ញលោករៀបរៀង

ជាច្បាប់សម្រាប់គ្រាន់ផ្ទឹមផ្ទៀង  ឱ្យទៀងតាមបែបខ្យល់អក្សរ។

ឥតិ ឯវំ មេ កាព្យោ   បរិបុណ្ណោ តាមសាច់ធម៌

សុខិតាហោន្តុ សត្តនិករ  ចូរបានអំណរសុខគ្រប់គ្នា…៕

 

ថ្ងៃទី ០៦ តុលា ព.ស. ២៤៩៨ គ.ស. ១៩៥៥

បានអនុញ្ញាតឱ្យអ្នកមហា ឈឹម ស៊ុម បោះពុម្ពផ្សាយចុះ…

សម្តេចព្រះមហាសុមេធាធិបតី

(ជ.ណ ជោតញ្ញាណោ) សង្ឃនាយក

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments