គតិ ៥​យ៉ាង ដែល​បុរស​ជា​ប្ដី​ត្រូវ​ប្រតិបត្តិ​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ

សារវន្តកថា

ប្ដី ( ន. ) [ជើង ដ ]   ( សំ. បា.) (បតិ “ម្ចាស់; ប្រុសជាម្ចាស់ផ្ទះ គឺបុរសជាគូគ្នានឹងស្រ្តីជាភរិយា”) ប្រុសជាគូគ្នានឹងស្រីជាប្រពន្ធ : មានប្ដីប្រពន្ធ គឺស្រីមានប្រុសជាប្ដី ប្រុសមានស្រីជាប្រពន្ធជាគូគ្រងហើយ។

– ប្ដីសី ក្លាយមកពីពាក្យថា ប្ដីស្រី ឬ ប្ដីសិរី គឺប្ដីស្រីសួស្ដីឬប្ដីរបស់ស្រី (?) : នាងទូចកូនមីងវាមានប្ដីសីហើយឬនៅ ? (ព. សា.)។

យើងនឹកស្ដាយដោយយល់ថាពុំគួរខាន ក៏បានស្រង់យកពាក្យជាព្រះរាជនិពន្ធនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) ដែលទ្រង់និពន្ធចប់ស្រេចនៅថ្ងៃសៅរ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៣៨០ កាលព្រះអង្គមានព្រះជន្មគម្រប់ ៤១ វស្សា, យើងស្រង់ព្រះរាជនិពន្ធនោះយកមកទុកជាព្រះកេរ្តិ៍ក្នុងវចនានុក្រមខ្មែរនេះ ចំពោះតែត្រង់ពាក្យថ្លែងអំពីគតិ ៥យ៉ាង ដែលបុរសជាប្ដីត្រូវប្រតិបត្តិចំពោះស្ត្រីជាប្រពន្ធប៉ុណ្ណោះ, មិនមានសេចក្ដីវែងណាស់ណាទេ, ដូចតទៅនេះគឺ ៖

កតមេហិ  បញ្ចគតី-  ហិ សាមិកា  ភរិយាស-  ង្គហាធម្មា  ប្រែតាមអត្ថា-  ធិប្បាយបាលី។

ថាប្រុសឯណា  នឹងមានភរិយា  លោកឱ្យចេះក្ដី  ទាំងប្រាំចំពោះ  សង្គ្រោះចិត្តស្រី  ប្រពន្ធប្រក្រតី  ដូចធម៌សម្ដែង។

បើប្ដីឯណា  ពុំកាន់កិរិយា  ទាំងប្រាំនេះឯង  ហៅប្ដីទុជ៌ន  ជួលន់ក្រៃលែង  ចេះតែកំហែង  ចិត្តប្រពន្ធពិត។

បើប្ដីកាន់ច្បាប់  ទាំងប្រាំនេះខ្ជាប់  ហៅប្ដីសុចរិត  បម្រុងភរិយា  ដោយនាក្រមក្រឹត្យ  ប្រសើរពេកពិត  ឥតអ្វីផ្ទឹមឡើយ។

អស់ប្រុសទាំងឡាយ  ចូរចាំអធិប្បាយ  ច្បាប់នេះជាត្រើយ  ទុកគ្រប់ប្រុសប្រាណ  កុំមានកន្ដើយ  មានប្រពន្ធហើយ  ជាសុខសម្រាន្ត។

មួយគឺហៅប្ដី  ឱ្យប្រើសម្ដី  នឹងប្រពន្ធមាន  ពាក្យទន់ពីរោះ  ស្មើស្មោះដោយក្សាន្ត  សរសើររាប់អាន  តាមសព្ទវាចា។

មួយគឺប្រពន្ធ  ខុសឆ្គងស្រាលធ្ងន់  កុំជេរផ្ដាសា  ទាត់ធាក់ដៀលដំ  ដូចខ្ញុំអាត្មា  កុំស្ដីដើមថា  ឱ្យឮសាយសព្ទ។

មួយគឺបានធន  ប្រគល់ប្រពន្ធ  ទុកដាក់រណ្ដាប់ ទាំងគ្រឿងអាហារ  ជាការស្រីផ្គាប់  រៀបចំសម្រាប់  ថែទាំរក្សា។

មួយគឺកុំផ្ចង់  កុំខំតែប-  ង្កើតកូនហើយថា  ប្រពន្ធសុខចិត្ត  ឱ្យគិតប្រាថ្នា   រួសរកទ្រព្យា  សម្រាប់ឱ្យផង។

មួយគឺឱ្យចាប់  ស្រឡាញ់ឱ្យខ្ជាប់  កុំជិនណាយហោង  បើមានប្រពន្ធ-  ទៀតកុំប៉ុនប៉ង  ស្រឡាញ់ស្នេហ៍ស្នង  ឱ្យស្មើមុខឡើយ។

សម្ដែងសេចក្ដី  គ្រប់ប្រាំវិថី  ចែងចប់ស្រេចហើយ  ឱ្យអស់ប្រុសផង  ចាំចងជាត្រើយ  ផ្ចង់កុំកន្តើយ  ចោលច្បាប់បុរាណ។

បើប្រុសឯណា  ពុំផ្ចង់ចិន្តា  ដូចធម៌ទូន្មាន  នៅនឹងភរិយា  គ្មានជាសុខសាន្ត  ហិនហោចធនធាន  ទាស់ទែងលែងគ្នា។

ឯវិស័យចិត្ត  អស់ស្រីផងពិត  មានប្ដីប្រាថ្នា  អំពើទាំងប្រាំ  នេះចាំចិន្តា   គ្រប់ចិត្តភរិយា  នៅនាលោកិយ។

បើខ្វះអំពើ-  ណាមួយហើយតើ  ប្រពន្ធថាប្ដី  ចិត្តពុំត្រូវត្រង់  ពុំគង់មេត្រី  តូចចិត្តស្វាមី  អាក់អន់ពុំស្មោះ។

លោកឱ្យប្រុសផង  គន់គិតស្ងួនគ្រង  ផ្ចង់ចិត្តសង្គ្រោះ-  ប្រពន្ធឱ្យពិត  ដោយក្រឹត្យប្រាំនោះ  ប្រពន្ធក៏ស្មោះ-  ចិត្តចូលមូលឯង។

កុំគិតតែយក-   ប្រពន្ធបានមក   គ្រាន់ឱបប្រឡែង  បង្កើតតែកូន   សោះសូន្យធនធេង   លោកឱ្យគិតក្រែង  ដំណៀលនិន្ទា។

ធម្មតាជាប្ដី  បានទ្រព្យធនអ្វី  ឬយសសក្ដា  តែងនៅសុខសឹង-  ទីពឹងផងគ្នា  ព្រោះដ្បិតភរិយា  កាន់ក្ដីសុចរិត។

អំពើច្នេះហោង  ឱ្យអស់ប្រុសផង  ចងចាំក្នុងចិត្ត  តាមធម៌ទូន្មាន  គ្រប់ប្រាណប្រុសពិត  ទុកជាក្រមក្រិត្យ  ច្បាប់ច្បាស់តទៅ។

អង្គអញរចនា  សេចក្ដីកាព្យា  តាមច្បាប់ទុកនៅ  ក្នុងព្រះបាលី  សេចក្ដីជ្រាលជ្រៅ  ពុំហ៊ានសៅដៅ  លើកលែងងាយដាយ។

ឧស្សាហ៍ខំប្រុង  ប្រែរករើសក្នុង  គម្ពីរនិកាយ  អដ្ឋកថា  ដីកាបរិយាយ  និបាតទាំងឡាយ  មកផ្សំស្រដី។

ជាច្បាប់ទុកត  ដំណឹងតំណ  ដំណើរស្ត្រី  ឱ្យជាក់ប្រាកដ  ដោយបទបាលី  គ្រាន់អស់ប្រុសស្រី  រើសរៀនរកផ្លូវ។

ច្បាប់នេះប្រសើរ  ដំណឹងដំណើរ  ទំនងនេះកូវ  ជាច្បាប់ប្រាកដ  ដោយបទត្រឹមត្រូវ  គួរយើងឥឡូវ  ប្រតិបត្តិរក្សា។

គួររៀនឱ្យស្ទាត់  ឱ្យចាំរត់មាត់  ដាក់ក្នុងចិន្តា  គ្រាន់នឹងប្រិតប្រៀន  បង្រៀនអាត្មា  តាមដោយគាថា  នេះឯងតទៅ។

ចែងចប់អភិប្រាយ  ដោយអត្ថបរិយាយ សូរេចថ្ងៃសៅរ៍  ប្រាំបីរោចឯ  នាខែមាឃនៅ  ឆ្នាំរកាត្រូវ  នព្វស័កស្រេចហោង។៚

(បើពេញចិត្ត គួរទន្ទេញឱ្យចាំមាត់) ម. ព. ប្រពន្ធ ទៀតផង)។

ដកស្រង់ចេញពីវចនានុក្រមខ្មែរ សម្ដេច ជួន ណាត ទំព័រ ៦៣៦ 

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments