ពាក្យកាព្យរបស់ ថី ឆ-គឹមហាក់
ធ្វើរាជការនៅមន្ទីរ ប៉ុស្ដិ៍ខ្សែលួស ក្រុងភ្នំពេញ រៀបរៀង
បទពាក្យ ៧
(១) កោសជ្ជជាភាសាបាលី ប្រែតាមសម្ដីខ្មែរនិម្មល គឺខ្ជិលច្រអូសក្នុងកាយពល គ្មានគិតរវល់ពីការងារ ។ មុននិងបរិយាយស្រាយរឿងនេះ ខ្ញុំសូមរេរិះក្នុងទ័យា រំឭកនឹកគុណព្រះពុទ្ធា ធម្មាសង្ឃាធ្ងន់ពេកក្រៃ ។ រួចខ្ញុំសូមថ្លែងចែងអធិប្បាយ កែស្រាយរាយតាមដោយនិស្ស័យ ប្រាជ្ញាឱនអាប់ក្រឧបមេយ្យ ដូចពេជ្រពុំឆ្នៃអាប់រង្សី ។ សូមពួកបណ្ឌិតព្រឹទ្ធាចារ្យ ខមថទោសាអស់សម្ដី ដែលខ្ញុំពោលហើយពុំគប្បី សេចក្ដីខុសឆ្គងគងពាក្យពិត ។
(៥) សត្វលោកត្រូវដឹងប្រឹងបង្ការ កុំឱ្យបាបណាឆ្លាមកជិត ត្រូវខំសង្វាតឱហាតពិត ត្រូវប្រើគំនិតគិតការល្អ ។ ដូចជាតួរូបសេចក្ដីខ្ជិល ក្រាលដោយមន្ទិលអធិករណ៍ ជនកបតេជៈតបៈបវរ តោងចេះយុទ្ធតកុំឱ្យបៀត ។ បើខំត្រសែតបណ្ដែតចិត្ត ខ្ជិលចូលមកជិតរឹតតែស៊កសៀត ទុក្ខារឹងផ្ទួនថួនមកទៀត ឱរាស្ទើរខ្ទាតឃ្លាតពីប្រាណ ។ ខ្ជិលនាំខូចខាតច្រើនពន្លឹក មហាសន្ធឹកគុណពុំបាន ជនានុជនកុំរាប់អាន ទើបបានឆ្ងាយថ្កានពីអបលក្ខណ៍ ។ ខ្ជិលធ្វើការងារគ្មានធនធាន ខ្ជិលពុំគិតរៀនគ្មានយសសក្ដិ ខ្ជិលគោរពខាតវិស្សាសៈ ខ្ជិលស្មគ្រព្រះពុទ្ធគ្មានចេស្ដា ។
(១០) ខ្ជិលដកដង្ហើមប្រាសជីវិត ខ្ជិលគិតពុំបានថ្លាបញ្ញា ខ្ជិលនិយាយពុំចេះវោហារ ខ្ជិលដើរយាត្រាខ្វិនពុំខាន ។ ខ្ជិលស្ដាប់សព្ទសូរប្រែជាថ្លង់ ខ្ជិលចង់គង់តែនឹងខាតបាន ខ្ជិលធ្វើបុណ្យទានគង់ក្រប្រាណ ខ្ជិលរកកម្សាន្ដខានសប្បាយ ។ ខ្ជិលសូត្ររៀនធម៌ធ្លាក់នរក ខ្ជិលលក់ទំនិញគ្មានលុយចាយ ខ្ជិលងូតគង្គាគង់ក្រហាយ ខ្ជិលសម្អាតកាយគ្មានក្លិនល្អ ។ ខ្ជិលថែរក្សាពុំឋិតថេរ ខ្ជិលសរសេរពុំចេះអក្សរ ខ្ជិលពុំចង់មាននឹងបានក្រ ខ្ជិលល្អគង់តែបានអប្រិយ ។ ខ្ជិលមើលយូរទៅគង់ពិលខ្វាក់ ខ្ជិលថ្នាក់ថ្នមបែកក្ដីបេតី ខ្ជិលពុំភាវនាគ្មានស្មារតី ខ្ជិលរកខន្តីគ្មានអំណត់ ។
(១៥) ខ្ជិលរៀនក្រមច្បាប់ត្រូវផ្ដន្ទា ខ្ជិលរកទ្រព្យាគង់កម្សត់ ខ្ជិលរៀននព្វន្តពុំចេះកត់ ខ្ជិលច្រត់គង់ដួលមិនខាន ។ ខ្ជិលរៀនវិន័យត្រូវអាបត្តិ ខ្ជិលស្កាត់ធ្វើម្ដេចនឹងចួបប្រាណ ខ្ជិលបោសជម្រះពុំស្អាតឋាន ខ្ជិលច្រានធ្វើម្ដេចរលំខ្លួន ។ ខ្ជិលចងធ្វើម្ដេចនឹងបានជាប់ ខ្ជិលរាប់ធ្វើម្ដេចដឹងចំនួន ខ្ជិលប្រើមេត្តាឆ្ងាយក្ដីស្ងួន ខ្ជិលពួនធ្វើម្ដេចនឹងបានបាត់ ។ ខ្ជិលហៅធ្វើម្ដេចនឹងស្គាល់នាម ខ្ជិលស្ងៀមធ្វើម្ដេចបានក្ដីស្ងាត់ ខ្ជិលដេញធ្វើម្ដេចនឹងព្រាត់ខ្ចាត់ ខ្ជិលណាត់ធ្វើម្ដេចត្រូវវេលា ។ ខ្ជិលលាងធ្វើម្ដេចនឹងបានជ្រះ ខ្ជិលធ្វើការហាសខាតភាលា ខ្ជិលរក្សាសីលកើតវេរា ខ្ជិលទារធ្វើម្ដេចគេនឹងសង ។
(២០) ខ្ជិលឱ្យធ្វើម្ដេចគេនឹងអរ ខ្ជិលតទំនិញខាតទ្រព្យផង ខ្ជិលចរចាល្អនាំសៅហ្មង ខ្ជិលប៉ងម្ដេចនឹងដូចប្រាថ្នា ។ ខ្ជិលទន្ទេញធ្វើម្ដេចនិងបានចាំ ខ្ជិលដាំធ្វើម្ដេចបានផ្លែផ្កា ខ្ជិលខាតធ្វើម្ដេចបានជ្រះថ្លា ខ្ជិលស្អប់តណ្ហាទៅអបាយ ។ ជនអើយមើលចុះខ្ជិលទ្រមក់ នាំកើតកលយុគផងទាំងឡាយ តែងមករួមរឹតជិតកិតកាយ នាំឱ្យអន្តរាយច្រើនពេកក្ដាត់ ។ ខានឃើញរបស់ស្រស់សោភា អស់ទាំងទ្រព្យាសឹងរសាត់ វិនាសសាបសូន្យសណ្ដូនខ្ចាត់ ដូចថ្មលិចបាត់ក្នុងគង្គា ។ ពុំដែលអណ្ដែតត្រសែតឡើង ពុំដែលបានថ្កើងមួយវេលា រមែងស្ដួចតូចដូចចន្រ្ទា រះក្នុងទេវានាកាលបក្ខ ។
(២៥) ជនខ្ជិលក្ដីក្រក៏មកដល់ ខ្វាយខ្វល់ចិត្តជ្រួលអួលអន់អាក់ ហាក់ដូចលំពែងគ្រវែងធ្លាក់ មកចាក់ត្រូវចំដើមឱរា ។ ហើយដើរលួចប្លន់សន្សំធន ធ្វើបាបមហាជនច្រើនត្រៀបត្រា ធ្វើបញ្ចវេរាគ្មានរអា ខ្លះអត់អាហារស្លាប់ក្នុងព្រៃ ។ មានខ្លះធ្វើជាស្មូមយាចក សូមទានលួចឆក់ជនដទៃ ពុំមានរអែងក្រែងគេនៃ ពុំមានភិតភ័យខ្លាចរាជការ ។ ខ្លួនកម្លាំងពេញកាយពល ពុំចុះទប់ទល់លៀងជីវ៉ា បានថង់យាមមួយស្ទួយដាក់ស្មា ដើរសូមអាហារគេអាស្រ័យ ។ ធ្វើឫកយ៉ាងនេះពេញជាថោក ចាញ់ឫកក្ងោកបក្សីថ្លៃ នាំខូចពូជពង្សវង្សាសៃយ ពេញជាចង្រៃក្នុងលោកា ។
(៣០) ត្រកូលណាមួយមានកូនខ្ជិល វង្សនោះមន្ទិលពុំជ្រះថ្លា ដូចជាព្រះចន្ទក្នុងហត្ថា រាហ៊ូយក្សាមហាសម្បើម ។ ព្រៀងលានជិតខាងគេនិន្ទា គេប្រជុំគ្នានិយាយដើម ថាពូជនេះពេញជាពុំឆ្នើម ដូចទឹកសន្សើមឆាប់វិនាស ។ មនុស្សខ្ជិលតែងធ្វើឱ្យរដ្ឋា អាប់ឱនឆាយាពុំឱភាស ដូចក្អែលដែលជាប់គ្រឿងប្រាក់មាស នាំកើតនិរាសគ្រប់ទីឋាន ។ នគរនោះឯងដូចផ្កាចារ គ្មានក្លិននោះណាពុំភុំផាន បូរីប្រពៃពុំរាប់អាន ដូចព្រះសូរ្យឆានបង់រស្មី ។ សាសនាបម្រុងក្នុងស្រុកនោះ ពុំបានមានឈ្មោះឆើតសិរី ទាបទន់អន់អូនសូន្យឆាប់ខ្មី ដូចនាងកាកីខាតលាភា ។
(៣៥) ខ្ញុំសូមដាស់តឿនក្រើនកុលបុត្រ ដ៏វិសេសសុទ្ធកបជ័យ ត្រូវខំសម្លាប់កោសជ្ជា ដោយវិរិយាគឺឧស្សាហ៍ ។ ត្រូវមានស្នេហាការដែលធ្វើ ត្រូវខំអើពើរៀនរចនា ឱ្យបានឆោមឆើតកើតផលា បីដូចមាតាស្មគ្របុត្រភ្ងា ។ មិនត្រូវត្អូញត្អែរថានឿយហត់ ចិត្តត្រូវសង្កត់រាល់វេលា ខិតខំរៀនសូត្រតាមមាគ៌ា ដែលប្រាជ្ញានានាបានត្រាច់ហើយ ។ ត្រជាក់រងាក្ដៅក្ដីណា ត្រូវប្រឹងធ្វើការកុំឱ្យស្បើយ ខំឱ្យបានយល់ដល់កោះត្រើយ ទើបបានក្ដីល្ហើយក្នុងកាយា ។ ធម្មជាតិបុប្ផាផ្កាកុលាប តែងក្រាបលូតចេញពីបន្លា ដូចជាវត្ថុដ៏ថ្លៃថ្លា កើតពីទុក្ខារាល់ទិវា ។
(៤០) សុខតែងកើតក្រោយទុកជានិច្ច បើសុខសូន្យលិចកើតភ័យា គួរកុលបុត្រគ្រប់គង្គា រេរារិះគិតពាក្យនេះណា ។ គិតទៅនឹងយល់ស្គាល់តម្លៃ សុខប្រសើរក្រៃជាងទុក្ខា បើចង់បានសុខតោងឧស្សាហ៍ រៀនសូត្រធ្វើការរបរទាំងឡាយ ។ មិនត្រូវនៅដេកត្រេកក្នុងខ្ជិល ត្រូវចេះរមិលមើលនាយអាយ យល់ការរាក់ជ្រៅទៅវែងឆ្ងាយ ទើបបានសប្បាយកាយភិរម្យ ។ ត្រូវមានព្យាយាមឱ្យណាស់សា ឧបមាដូចសត្វធ្វើទ្រនំ កណ្ដៀរតូចប្រាណមិនបានធំ ពាំដីមកផ្គុំធ្វើគ្រឹហា ។ តូចៗតិចៗប៉ិចដង្គំ ជាដំបូកធំខ្ពស់មហិមា កើតពីព្យាយាមតាមពណ៌នា គួរជនកុំរាខំយ៉ាងហ្នឹង ។
(៤៥) មិនត្រូវគិតណាយស្ដាយកម្លាំង តោងចេះតតាំងរកទីពឹង រិះរកវិជ្ជាជាខុននឹង តោងចេះជញ្ជឹងប្រើប្រាជ្ញា ។ តោងយល់ថាវិជ្ជាលោកិយ លោកុត្តរក្ដីធំណាស់សា តម្រិះចេះតិចគេចអួតថា ចំណេះអាត្មាឥតនរណាស្មើ ។ គិតបែបដូចនេះប្រហែសសល់ ខ្ជិលនឹងមកផ្ដល់ខនដំណើរ ខូចកិច្ចរៀនតម្រិះប្រសើរ ខានដើរទៅកាន់ភូមិសុខា ។ គំនិតគិតនេះដូចកង្កែប ពួនអែបក្នុងទឹកអណ្ដូងណា សម្គាល់យល់ទីនៃអាត្មា គ្មានវាលជលសាណាស្មើបាន ។ ប្រសិនប្រសព្វឃើញសមុទ្រ គង់តែរន្ធត់ស្លុតមិនខាន កង្កែបគង់គិតភិតភ្ញាក់ប្រាណ មើលងាយទីឋានរបស់ខ្លួន ។
(៥០) បើកង្កែបឆ្លាតមានប្រាជ្ញា គង់និងប្រាថ្នាយ៉ាងសមសួន ចង់បាននាទីដែលធំថួន បានខ្លួនហែលលេងជាសុខុម ។ ដូចជាកុលបុត្រប្រកបលក្ខណ៍ ខំគិតស្វែងស្វាក់ប្រមូលផ្ដុំ ប្រាជ្ញារករៀនវិជ្ជាធំ ត្រសែតត្រសុំតាមវេណី ។ តាំងពីព្រលឹមទល់ព្រលប់ ខំរៀនពុំឈប់ខំសម្ភី ពិនិត្យធម៌អាថ៌ក្នុងគម្ពីរ ទិយាវកវីគ្មានសម្រាន្ត ។ ប្រឹងរៀនវិន័យបច្ច័យសុខ ដែលព្រះពុទ្ធទុកឱ្យគ្រប់ប្រាណ ស្គាល់ដឹងអាបត្តិទាំងប៉ុន្មាន ដឹងអស់លាក់ឋានទោសនានា ។ មិនចេះពោលថាអាត្មាចាស់ ឬនៅក្មេងណាស់ក្រគណនា មិនគួរខំរៀនវិន័យា នាំឱ្យវេទនាលំបាកកាយ ។
(៥៥) ពីព្រោះវិន័យច្រើនហើយជ្រៅ ក្រយ៉ាងសន្ធៅទៅវែងឆ្ងាយ ហត្ថាខ្លីសល់កុំខ្វល់ខ្វាយ ឱនកាយក្រសោបឱបគីរី ។ កុលបុត្រណាពោលពំនោលនេះ ហៅថាពុំចេះល្ងង់ពេញទី មើលសត្វស្រមោចលើប្រឹថពី ជាទីគួរគិតពិចារណា ។ ស្រមោចខ្លួនតូចៗពេកសល់ ប្រឹងខំរចល់ពាំអាហារ ធំៗជាងខ្លួនបីបួនណា យកទុកប្រើការដល់គ្រាក្រ ។ បើពាំពុំរួចអាហារធំ ស្រមោចកុះកុំគ្នាឈូឆរ នាំគ្នាម្នីម្នារត់ស្រុះស្រ ទទួលអំណរពាំចំណី ។ ដូចពួកកុលបុត្រឧត្ដុង្គសក្ដិ រៀនអាក់ព្រោះពុំយល់សេចក្ដី ពាក្យក្នុងគម្ពីរបទបាលី នាំគ្នាឃ្មាតខ្មីប្រឹងវិនិច្ឆ័យ ។
(៦០) សម្រស់សម្រួលផ្ទៀងពិនិត្យ រាវរកពាក្យពិតពាក្យប្រពៃ យូរទៅគង់យល់ភ្លឺសន្ធៃ អរុណោទ័យពេញភ្លឺថ្លា ។ តូចៗផ្គុំគ្នាកើតជាធំ ដូចសូត្រវិញរុំធ្វើខ្សែណា រឿងនេះខ្ញុំធៀបរៀបឧបមា សាមគ្គីបណ្ដាកុលបុត្រ ។ ឧស្សាហ៍សង្រ្គោះសន្ដោសគ្នា ខំរៀនវិជ្ជាវិសេសសុទ្ធ ព្យាយាមមាំមួនថួនទាំងមុត គ្មានពុតខូចខិលខ្ជិលក្នុងកាយ ។ ប្រទះតម្រិះឧត្ដមល្អ ចេះចែកបន្តបន្តក់ផ្សាយ ដូចមេមាន់ល្អប្រឹងកកាយ បានបាយបំបែកចែកកូនស៊ី ។ មិនចេះកំណាញ់ស្មូជួជាតិ បានហើយវេចត្បៀតលាក់វក់វី មិនគិតឱ្យកើតផលសម្ភី ដូចដីគ្មានជីអាក្រក់សល់ ។
(៦៥) កំណាញ់កើតពីខ្ជិលធ្វើទាន ជាទីប្រធាននាំផ្ដាច់ផ្ដល់ កុំឱ្យយល់យង់វង់កុសល ដូចខ្វាក់ពុំយល់ស្គាល់លោកា ។ បើខ្លួនកំណាញ់លាក់តម្រិះ មិនឱ្យគេចេះពីអាត្មា តម្រិះតម្រាយអន្តរាយា ខ្លួនស្លាប់កាលណាអសារបាត់ ។ ត្រូវយកតម្រាប់ព្រះសម្ពុទ្ធ ជាគ្រូវិសុទ្ធលើបរិស័ទ ឃើញធម៌ល្អៗបវរក្ដាត់ ទេសនាប្រាប់សត្វគ្រប់ៗគ្នា ។ ព្រះទ័យមេត្តាសត្វទូទៅ ពុំដែលស្ងៀមនៅមួយវេលា ប្រដៅឱ្យខំរៀនធម្មា បច្ច័យសួគ៌ានិព្វាននាយ ។ ខ្ញុំប្រកែពីកោសជ្ជៈ ពុំទាន់អស់លក្ខណៈទូលាយ ឱ្យភ្លឺល្អល្អះច្បាស់ពណ្ណរាយ សូមជនសម្ទាយអត់ទោសា ។
(៧០) រឿងនេះខ្ញុំតែងតាមគំនិត ខំគិតរំពឹងនិងបញ្ញា ទាបទន់ពន់ពិតឥតឧបមា សូមទានមេត្តាកុំនិន្ទា ។ គួរមើលពិគ្រោះអស់ពាក្យនេះ បើល្អសូមរិះក្នុងទ័យា កុំឱ្យបាបធម៌កោសជ្ជា មកធ្វើជាមារពាធាបាន ។ បើលះខ្ជិលរួចដូចបំណង នេះពេញជាច្បងជនសព្វឋាន ដូចជាទង់ជ័យអម្បាលម៉ាន លោកសឹងរាប់អានហៅថាល្អ ។ មានកេរ្ដិ៍មានឈ្មោះមានយសសក្ដិ មានមាសមានប្រាក់ខ្ញុំកំដរ ញ៉ាំងពូជញ៉ាំងពង្សវង្សបវរ ញ៉ាំងឱ្យនគរមានឫទ្ធា ។ ញ៉ាំងសាសន៍ព្រះពុទ្ធឱ្យប្រពៃ ញ៉ាំងធម៌វិន័យនិងសង្ឃា សន្ដោសប្រោសសត្វកាត់វេរា ទុកជាតំណតទៅអើយ ៕ ពាក្យកាព្យរបស់ ថី ឆ-គឹមហាក់ ធ្វើរាជការនៅមន្ទីរ ប៉ុស្ដិ៍ខ្សែលួស ក្រុងភ្នំពេញ រៀបរៀង