សុភាសិត​ច្បាប់​ស្រី

នានាកាព្យ

 ឧកញ៉ា​សុត្តន្តប្រីជា ឥន្ទ តែង

ជូលីហត្ថនមស្ការ​ដាក់​លើ​កេស  តាង​ប្រទីប​កោសុម​ប្រទុមទេស  ចិត្ត​វិសេសអារព្ភ​បាទ​ព្រះ​សាស្ដា ។  សឹង​ជា​មោលីលោក​ទាំង​ត្រៃ​ចក្រ   ដូច​កល់​ហាក់​ប្រទីប​ស្វាង​ទួទិសា  កន្លង​បាត់​ស្ងាត់​ទៅ​ក្នុង​អានា   កាន់​មហា​និព្វាន​ឋាន​សម្រាន្តរម្យ ។  មួយ​ជន​កជនី​បង្កើត​កេស   ទាំង​ទិព្យ​ទេព​សព្វ​និវេស​ស្ថាន​សួគ៌​សម  សូម​ចម្រើន​វុឌ្ឍីសិរីរម្យ   ចូរ​ជួយ​ឃុំ​កម្ចាត់​កាត់​អន្តរាយ ។  ខ្ញុំ​បាទ​ហ្លួង​ជីវិត​វោហារ​ចែង   ប្រែ​សុន្ធរ​ពាក្យ​តែង​ហព្យភិប្រាយ  ទុក​ទូន្មាន​ស្ត្រី​ស្រី​ទាំង​ឡាយ   តាម​បរិយាយ​តម្រាប់​ច្បាប់​នារី ។  កំពង់​ពេញ​ពាល​រូប​តរុណរក្ស   ចម្រើន​សក្ដិកប​លក្ខណ៍​ជា​ស្ត្រី  គួរ​ប្រព្រឹត្ត​តាម​យ៉ាង​ព្រហ្ម​ចារី   រក្សា​កាយ​កុំ​បី​ឱ្យ​ហ្មង​សៅ ។

សេចក្ដី​ជួ​គួរ​ជម្រុះ​ពី​រូប​ចេញ   សេចក្ដី​ល្អ​គួរ​បំពេញ​ឱ្យ​មាន​នៅ  តាំង​ចរិត​ប្រព្រឹត្ត​ឱ្យ​ត្រង់​ត្រូវ   នឹង​តវង្ស​ពង្ស​ផៅ​ជា​មង្គល ។  ស្ត្រី​ណា​កើត​ក្នុង​ព្រះ​វង្ស​ខ្ពស់   បម្រុង​យស​ថ្នម​កាយ​ហ្មាយ​យក​ផល  តោង​ស្ងួន​ចិត្ត​កុំ​ចើក​ទៅ​តាម​កល   ទើប​មិន​ពាល់​ពាក្យ​តេះ​អ្នក​ដ៏​ទៃ ។  ខ្លួន​ត​រុណ​ពេញ​ជំទង់​វង្ស​នារី   ដូច​មណី​សូរ្យ​កាន្ត​មាន​តម្លៃ  មែន​បើ​បែរក​ប្រែក​ប្រេះ​កាល​ណា​នៃ   ក៏​ថយ​ថ្លៃ​ចុះ​ថោក​រក​លក់​ក្រ ។  ឯ​តួ​ទាប​កុំ​ទៅ​ប្រឹង​ឱ្យ​ខ្ពស់​ប្រាណ   មើល​សន្ដាន​តាម​សន្ដាប់​បែរប​អ្នក​ល្អ  នឹង​ស្លៀក​ពាក់​សំពត់​អាវ​ពណ៌​ខ្មៅ​ស   តែង​កាយ​ក៏​មើល​កាយ​ឱ្យ​ហ្មត់​ហ្មង ។  ការ​តែង​តួ​សុភាព​រៀប​គាប់​កល   នរណា​យល់​គង់​សរសើរ​ថា​នួន​ល្អង​ចេះ  តែង​ប្រាណ​ត្រូវ​ប្រមាណ​មិន​មាន​ឆ្គង   ចុះ​ទំនង​មយុរម​សម​សណ្ឋាន ។

មែន​រូប​ល្អ​ស​សម​ឧត្ដម​សក្ដិ   តែ​មិន​ចេះ​ទុក​ដាក់​ឱ្យ​សម​ប្រាណ  គង់​មិន​ស្ទុះ​កាយ​ស្ទើត​ឆើត​ទៅ​បាន   ខុស​សណ្ឋាន​ឥន្ទ្រីយ៍​ឆវីវណ្ណ ។  ប្រការ​មួយ​ទោះ​ដើរ​ដំណើរ​នាទ   សន្សឹម​យាស​យាង​បាទ​ចរ​ដោយ​ជាន់  កុំ​បង់​បោយ​ផ្ងា​ហាត់​ក្រពាត់​ពន្ធ   កុំ​បើក​ថន់​បន្ថយ​ថ្នក់​ក្រោម​ផ្ចិត ។  កុំ​ដើរ​ក្រោយ​កាយ​យោគ​ងោក​ខ្និក​ខ្នក់   កុំ​សិត​សក់​កណ្ដាល​ធ្លា​មិន​ស្និត  ឃើញ​ភឿន​មក៍កុំ​លលេង​តាម​ចិត្ត   មក​ស្ថាន​ស្ថិត​សឹម​គិត​ប្រឹក្សា​គ្នា ។  ឱ្យ​កំណត់​កត់​ចាំ​ពាក្យ​ណា​គាប់   កុំ​បី​ត្រាប់​ពាក្យ​ពុត​ពោរ​ពាលា  កុំ​និយាយ​ឡោះ​ឡេះ​កេះ​កៀវ​គ្នា   កុំ​នាំ​ពាល​ក្រៅ​ក្នុង​ចេញ​ចូល​ស្ថាន ។  ទី​ភូមិ​ណា​ស្រី​ជួ​មិន​គួរ​ចរ   ទៅ​អប​អរ​រាប់​រ​ក៍ជា​សន្ដាន  ទី​ភូមិ​ណា​ប្រុស​ជុំ​កុំ​លលាន   ធុរៈ​មាន​រក​ចាស់​គេ​ជូន​ទៅ ។

ចូរ​រវាំង​ការណ៍​កេរ្តិ៍​កុំ​ចេរ​ចរ   តាម​ផ្ទះ​ពួក​និករ​សាច់​ញាតិ​ផៅ  កុំ​ឡើង​ផ្ទះ​ញាតិ​មិត្រ​ឥត​គេ​ហៅ   តែ​ត្រាច់​ទៅ​ញយ​ៗគង់​ថយ​សក្ដិ ។    នឹង​អង្គុយ​ឱ្យ​ស្រគត់​ស្រគំ​កាយ  កាល​និយាយ​កុំ​លាយ​សើច​រលាក់   កើត​ជា​ស្រី​ក្ដី​ខ្មាស​មាន​ច្រើន​ថ្នាក់  ចូរ​ស្ងួន​សក្ដិ​រក្សា​ការណ៍​ក្ដី​ហ្មង ។   នយ​នេត្រ​កុំ​សង្កេត​ឱ្យ​កឺន​ណាស់  មើល​តែ​ច្បាស់​យល់​ជាក់​ដាក់​វិញ​ហោង   បើ​ផ្លេក​ទៅ​យល់​អស់​កំលោះ​ផង  កុំ​មៀង​ហ្មង​ផ្អង​ផ្អៀង​សម្លឹង​គន់ ។   ឯ​នេត្រា​នាំ​អាត្មា​ឱ្យ​មួហ្មង  ដូច​ទំនង​ណេះ​នាំ​ឱ្យ​សម្ពន្ធ   ពិត​មិន​ពិត​គេ​ក៏​ដិត​ចិត្ត​ចៅ​លន់  ពាល​ជន​ប្រមាទ​មារ​យាទ​បាន ។   តែ​បើ​ស្ដី​ស្រី​នឹង​ប្រុស​តែង​ប្រតិពទ្ធ  មិន​ដែល​ណា​នឹង​អត់​ក្ដី​រួម​ស្ថាន   មែន​បើ​ស្មគ្រៗទុក​តែ​ក្នុង​ប្រាណ  កុំស្មគ្រ​ស្មាន​ចេញ​ក្រៅ​ឱ្យ​គេ​យល់ ។   

ដូច​សាខា​ព្រឹក្សា​ត្រូវ​ខ្យល់​បោក  រំជួយ​យោកក៏​តែ​មែក​មិន​ងេក​គល់   ចូរ​តាំង​ចិត្ត​សណ្ឋិត​កុំ​គិត​ខ្វល់  ទំនង​កល់​ចាម​រីរក្សា​កាយ ។   ខ្លួន​នួន​នាង​ដូច​យ៉ាង​ផ្កា​បទុម  ទើប​ក្រពុំ​ផុស​ជ្រែក​វែក​ជល​សាយ   ទ្រង់​សុគន្ធ​កេសរ​ក្លិន​ខ្ចរ​ខ្ចាយ  មិន​ដែល​ណាយ​ភូមិរី​គ្លី​លម្អង ។   គ្រាន់​បាន​ក្រេប​រស​ជាតិ​រេណូ​ផ្កា  ឆ្អែត​កាល​ណា​ក៏​លាលាក​ចេញ​ផ្គង   មិន​នៅ​ផ្គង់​បម្រុង​រស​ទៀត​លង  ដូច​ទំនង​ចិត្ត​ប្រុស​មិន​ខុស​គ្នា ។   បើ​ប្រុស​ណា​ប្រាថ្នា​មក​រួម​រក្ស  ឱ្យ​ស្គាល់ជាក់​ជើង​ប្រុស​នោះ​យ៉ាង​ណា   វិស័យ​ប្រុស​ច្រើន​ប្រាជ្ញ​ប្រែ​សត្យា  ដែល​ថា​ស្រឡាញ់​ចៅ​តើ​ម្ដេច​មិញ ។   ចូរ​ពិនិត្យ​គិត​រំពឹង​ឱ្យ​ដឹង​ន័យ  កុំ​ធ្វើ​តែ​ចិត្ត​រហ័ស​ក្រែង​ផ្ដាស​វិញ   យោក​ទៅ​មុខ​ទុក​ឱ្យ​បែរង​បទ​ចេញ  ឃើញ​ចំណែញ​ពេញ​ចិត្ត​សូម​ចេញ​មុខ ។   

ត្រចៀក​ឮ​កុំ​លុះ​លលើ​តាម  សង្កត់​កាម​សង្កិន​ស្ដាប់​ស័ព្ទ​ទំនុក   ល្មម​នឹង​គេច​ឬ​នឹង​កែ​បំបែររ​មុខ  ឬ​ជា​ល្មម​ដាក់​ទុក​តួ​យ៉ាង​ណា ។   តោង​គ្រិក​ក្រង​ហ្មង​មើល​ឱ្យ​ប្រាកដ  កុំ​អាល​ជឿ​ខ្យល់​មាត់​ប្រុស​ចរចា   ឧបាយ​ប្រើ​មេ​អណ្ដើក​មាន​ប្រាជ្ញា  នាំ​សារិកា​ប្រឡោម​លោម​បំព្រាង ។   មេ​អណ្ដើក​កុំ​ទៅ​ជឿ​ជា​បន្ទាត់  អណ្ដាត​បត់​ថ្ពូត​ភរល​ច្រើន​យ៉ាង   សរសើរ​តែ​ពី​មាន​បុណ្យ​កូន​ខុន​ណាង  មក​អួត​អាង​ឱ្យ​តែ​លុះ​ចុះ​ចិន្ដា ។   តែ​គឺ​មោះ​មិន​ចំពោះ​ដូច​និយាយ  នឹង​បែរកាយ​បៀត​កើយ​ទៅ​ត្រង់​ណា   ដូច​គេ​ភរ​ប្រាប់​លាភ​ស្រុក​លង្កា  មិន​គួរ​យាត្រា​តាម​ពាក្យ​គេ​ប្រាប់ ។   ផ្លូវ​ឆ្ងាយ​ភ្នែក​ប្រៀប​ដូច​ភ្នែក​ងងឹត  នឹង​សង្កេត​ពិត​មិន​ពិត​តាម​សូរ​សព្ទ   គេ​នឹង​នាំ​ទៅ​ស្លាប់​ក៏​ស្លាប់​ឆាប់  នឹង​ជឿ​ស្ដាប់​មនុស្ស​នេះ​ក៏​ក្រសល់ ។   

មេ​អណ្ដើក​ដូច​ខ្មោច​បិសាច​ខូច  តែ​គេ​បន់​តិច​តួច​ក៏​ភា្លម​ដល់   យក​អាសា​ប្រាថ្នា​ស៊ី​កំណល់  មិន​ដឹង​តែ​ជឿ​ក៏​អស់​ខ្លួន ។   ឯ​ក្ដី​ជួ​តួ​ឯង​ក៏​ដឹង​គ្រប់  ការ​នឹង​គប់​សេព​មិត្រ​ឱ្យ​ធួន   ពិគ្រោះ​ស្ដាប់​អា​ការ​ឱ្យ​មាំ​មួន  កុំ​អាល​ព្រម​យ៉ម​ខ្លួន​ចុះ​ងាយៗ ។   មែន​ការ​រក​ស្វាមី​នេះ​ក្រ​ណាស់  វា​ច្រើន​ផ្ដាសតែ​កញ្ឆា​សុរាបាយ   បើ​ស្រ្តី​ណា​រួម​ត្រេក​ផ្ដេក​ផ្ដិត​កាយ  គង់​អន្តរាយ​អាប់​ចុន​ធន​ធាន​ក្រោយ ។   ធម្ម​ជាតិ​ប្រុស​ខូច​ពូជ​ពាល​ពិត  វា​ច្រើន​តែ​ប្រព្រឹត្ត​​ទុក​ទោស​ឱ្យ   សារ​ពើ​កិច្ច​ការ​មិន​ចង់​គយ  បាន១រយ​បង់១ពាន់​មិន​គ្រាន់​ចាយ ។   ពុំ​មាន​គិត​ជួញ​ប្រែ​ស្រែ​ចម្ការ  ចេះ​តែ​តែង​អាត្មា​ដើរ​កែ​ក្រាយ   នាំ​ភឿន​ផូង​ចូល​រោង​សុរាបាយ  ជក់​អា​ភៀន​ញៀន​កាយ​ទាល់​អស់​ប្រាណ ។   

កាល​បើ​អស់​ធន​ធាន​គ្មាន​អ្វី​កែ  ក៏​លើក​យក​សួន​ស្រែ​នៅ​ភូមិ​ស្ថាន   ទៅ​បញ្ចាំ​ឱ្យ​គេ​អន្តរ​ធាន  ចិត្ត​មិន​មាន​អាណិត​កូន​ប្រពន្ធ ។   លុះ​អស់​ខ្លួន​កើត​ក្លាយ​ត្រាច់ប្រចុប  ដើរ​លេង​យប់​គប់​ភឿន​គិត​លួច​ប្លន់   លុះ​កម្ម​ផ្ដល់​អកុសល​ឱ្យ​គេ​ទាន់  គេ​ក៏​ពន្ធ​ចាប់​ទៅ​ជូន​នគរបាល ។   ឱ្យ​ចុះ​ក្ដី​វាយ​ខ្នង​ចង​ហាល​ថ្ងៃ  កើត​ចង្រៃ​នៅ​គុក​ទុក្ខ​រំខាន   ខ្លួន​ប្រពន្ធ​ឯ​ណា​ក៏​ធន​បាន  គង់​ចុះ​សាន​ក្រុម​ទណ្ឌ​ពន្ធ​ករ​ឯង ។   បែប​យ៉ាង​នេះ​មាន​ច្រើន​ហើយ​អនង្គ  ចូរ​ខំ​ប្រុង​គំនិត​គិត​ឱ្យ​វែង   កុំ​ឃើញ​តែ​រូប​ល្អ​ស្រឡាញ់​ឯង  ដល់​ក្រោយ​លិច​គិត​លែង​ឯ​ណា​បាន ។   ប្រុស​ខ្លះ​នោះ​តែង​អង្គ​ដើរ​ចង់​ស្រី  ចង​ការ​ខ្ចី​ប្រាក់​គេ​មក​តែង​ប្រាណ   ឃើញ​កល្យា​ប្រាថ្នា​រក្ស​រួម​ស្ថាន  ទើប​អួត​ប្រាណ​ថា​ខ្លួន​អ្នក​មាន​ធំ ។   

យក​ប្រាក់​សូក​មេ​អណ្ដើក​អណ្ដាត​ជា  ឱ្យ​មក​ស្ដី​ពណ៌នា​រឿង​មនោរម្យ   ឯង​មិន​ដឹង​ក៏​ស្មាន​ថា​មាន​ធំ  ក៏​ជឿ​ចុះ​ចិត្ត​ពុំ​មាន​សង្កា ។   ដល់​ថ្ងៃ​ម្ចាស់​ប្រាក់​គេ​មក​ដល់  ទារ​ប្ដឹង​ផ្ដល់​ទាល់​លុះ​ចុះ​អាជ្ញា   ឯង​ប្រពន្ធ​ក៏​ពន្ធ​ជា​មួយ​គ្នា  និង​គេច​រាង​ណា​រួច​កំណួច​ជាប់ ។   មាន​ប្រុស​ខ្លះ​ខ្ជី​ខ្ជា​ខ្ជិល​រក​ស៊ី  ចង់​បាន​តែ​នារី​គេ​មាន​ប្រាក់​ស្រាប់   ស្អាង​តែ​អង្គ​ឱ្យ​តែ​ប្រពន្ធ​ផ្គាប់  លុះ​អស់​ទ្រព្យ​គេច​​ត្រឡប់​មិន​រាប់​អាន ។  ប្រុស​ខ្លះ​នោះ​លុះ​ល្បែង​បៀ​ប៉ោ​ថូ  ចិត្ត​ម៉ៅ​មួ​លួច​លេង​ឥត​ស្រាក​ស្រាន្ត   សំពត់​អាវ​ផ្តិល​ថាស​តុ​តោក​ពាន  យក​ទៅ​ទុយ​តាម​រាន​រោង​ចំណាំ ។   តែ​កង​ចារ​សេមា​ដែល​កូន​ពាក់  លួច​ស្រាយ​ដាក់​កាប៉ៅ​ទៅ​បញ្ចាំ   កូន​ប្រពន្ធ​ក៏​ធន់​ទៅ​តាម​កម្ម  មុខ​ក្រជាំ​ទ្រាំ​បម្រើ​ការ​គេ​ទៅ ។   

ហៃ​អនង្គ​នារី​រូប​ចំណាប់  អញ្ជើញ​ស្ដាប់​បរិយាយ​យើង​ប្រដៅ   ប្រុស​ឥឡូវ​ច្រើន​ជួជាតិ​ណា​ចៅ  កុំ​ចើក​ទៅ​រួម​រក្ស​ឱ្យ​ធ្លាក់​ប្រាណ ។   វិស័យ​ប្រុស​ទុច្ចរិត​ចិត្ត​អ្នក​លេង  នាំ​ឱ្យ​វង្វេង​រំខាន   ទោះ​មាន​ប្រាក់​ចាក់​គរ​ជា​កោដិលាន  គង់​អន្ដរធាន​គ្មាន​សល់​ដល់​កូន​ចៅ ។   មាន​ប្ដី​ខុស​តុះ​គំនិត​ចិត្ត​ស្ទើរ​បែក  អង្គុយ​ជូត​តែ​ទឹក​ភ្នែក​អន់​អួល​ក្ដៅ   ស៊ូ​ទ្រ​ទ្រាំ​តាម​កម្ម​ចាំ​ចិត្ត​នៅ  នឹង​បែរ​ទៅ​កែ​ខ្លួន​ក៏​ចួន​ចាស់ ។   តែ​ចិត្ត​មនុស្ស​នេះ​ម្នះ​ទៅ​រក​ខុស  ម្ដេច​មិន​មើល​ទាប​ខ្ពស់​ឱ្យ​ជាក់​ច្បាស់   ឃើញ​តែ​ប្រុស​ក៏​ព្រើល​ទៅ​ផ្ដេស​ផ្ដាស  ដល់​ក្រ​ក្រោយ​គិត​ក្រឡាស់​សែន​ក្រក្រី ។  ជា​ស្ត្រី​ល្អ​កាល​ពេញ​ក្រមុំ  ចម្រើន​សម​សក្ដិ​យស​ព្រោះ​ស្វា​មី   តែ​ចាស់​ចុះ​គិត​លែង​ស្វែង​រក​ថ្មី  ក៏​សាប​សូន្យ​រាសី​ដូច​ត្បូងធារ ។   

ល្អ​អាក្រក់​តែ​គ្រា​នៅ​ក្មេង​គ្រាន់  ចុះ​មាន​ប្ដី​ពីរ​បី​ក៏​អស់​ថ្លា   នឹង​ត្រឡប់​ក្មេង​វិញ​បាន​កាល​ណា  ផុត​ប្រាជ្ញា​នឹង​គិត​កែ​មាន​តែ​ទុក្ខ ។   បើ​ស្រី​ណា​កប​កេរ្តិ៍​ឥរិយា​គាប់  ទោះ​ខាត​ទ្រព្យ​ខាត​ធន​ចុន​សព្វ​មុខ   គង់​មាន​គេ​សង្គ្រោះ​ជួយ​ដោះ​ទុក្ខ  ចម្រើន​សុខ​រាសី​សួស្ដី​ជា ។   ប្រៀប​ដូច​មាស​នព្វគុណ​កប​រស្មី  មាន​តម្លៃ​ឥត​បី​នឹង​ពណ៌នា   ថា​បើ​តួ​ជួ​ចិត្ត​ឥត​ឥរិយា  នឹង​ដុស​ខាត់​យ៉ាង​ណា​មិន​ថ្លា​បាន ។   ប្រៀប​ដូច​មាស​កាឡៃ​រស្មី​អាប់  នឹង​ប្រដាប់​កាយ​ក៏​មិន​ថ្កើង​ថ្កាន   អ្នក​ត្រូវ​ការ​តែង​អង្គ​មិន​ចង់​បាន  លក់​ដូរ​គ្មាន​កម្រៃ​ថ្លៃ​ថយ​ថោក ។   ហេតុ​នោះ​នួន​ចូរ​ស្ងួន​រក្សា​ប្រាណ  កុំ​ឱ្យ​មាន​មន្ទិល​មួ​ហ្មង​មក   គួរ​មិន​គួរ​គួរ​គិត​ឱ្យ​ត្រូវ​ច្រក  កុំ​កាន់​យក​ជា​គាប់​ប្រក​កាយ ។   

ចូរ​នៅ​ក្នុង​ឱវាទ​ញាតិ​វង្ស  រក្សា​ទ្រង់​តាម​វង្ស​សែស្រ​ឡាយ   គួរ​ពី​សែក​ឯក​ឈ្មោះ​ឮ​សុះ​សាយ  កុំ​ស្ទុះ​ទៅ​តាម​ព្រះ​ពាយ​គឺ​ពាក្យ​ប្រុស ។   ឯ​ខ្យល់​មាត់​បុរស​នេះ​ខ្លាំង​ក្លា  លោក​តែង​ថា​អណ្ដាត​នេះ​ដឹង​រស   ចូរ​រវាំង​កម្លាំង​ខ្យល់​បុរស  កុំ​ឱ្យ​ចូល​ជ្រាប​អស់​សារ​ពាង្គ​កាយ ។   បើ​គេ​ស្មគ្រ​ឱ្យ​សូម​ដល់​ម៉ែឪ  កុំ​រត់​ទៅ​ដោយ​កាម​តាម​ងាយៗ   ដល់​គេ​ស្អប់​ឯង​ត្រឡប់​ជា​មេម៉ាយ  ឯ​កា​កាយ​ខ្មាស​គេ​កឺន​ពេក​ពន់ ។   ខាង​ម៉ែ​ឪ​ក៏​ក្រោធ​ពិរោធ​ខ្លាំង  ចង​វាយ​ជេរ​ដោយ​កម្លាំង​ទោសោ​លន់   ព្រោះ​កាច់​មុខ​លោក​ខ្មាស​អស់​មហាជន  មិន​គិត​គន់​ស្រឡាញ់​ប្រាណ​ទើប​បាន​ទុក្ខ ។   បើ​ប្រទះ​ម៉ែឪ​ចិត្ត​ខ្លាំង​ក្រៃ  ក៏​លក់​ភ្នៃ​ឱ្យ​ចៅ​ប្ដី​បរា​មុខ   បើ​ប្រុស​ក្រ​កុំ​រក​ឡើយ​ក្ដី​សុខ  ខ្លួន​ធ្វើ​ល្មក់​តោង​លក់​ខ្លួន​នាង​ឯង ។   

នឹង​បន្ទោស​ម៉ែឪ​ឯ​ណា​បាន  ព្រោះ​សន្ដាន​គិត​ខុស​លុះ​ដោយ​ល្បែង   ស្រឡាញ់​ប្រុស​ចុះ​ចោល​ម៉ែឪ​ឯង  មិន​គិត​ក្រែង​គុណ​លោក​ប៉ុន​ទាំង​ភ្នំ ។   លោក​ចិញ្ចឹម​មក​ប៉ង​នឹង​ឱ្យ​មាន  គូ​បូរាណ​វេណី​នឹង​ស៊ី​នំ   លុះ​កូន​ស្រី​ទូរ​យស​ខុស​អារម្មណ៍  ទើប​ក្រៀម​ក្រំ​ក្រោធ​កូន​សូន្យ​គំនិត ។   បើ​កូន​ជា​ក៏​មាន​មុខ​ស្រងា  ញាតិ​វង្ស​ពង្សា​ក៏​ថ្លា​ចិត្ត    ទោះ​ព្រៀន​លាន​នៅ​នា​ស្ថាន​ឆ្ងាយ​ជិត  ក៏​មាន​ចិត្ត​សរសើរ​នួន​អនង្គ ។   ហៃ​នារី​ឆោម​យង់​ចូរ​ប្រុង​ប្រាណ  កុំ​លលាន​តាម​ចិត្ត​ដែល​គិត​ចង់   គិត​ទុក​មុខ​ម្ដាយ​អាពុក​ត្រកូល​វង្ស  រក្សា​អង្គ​ឱ្យ​គង់​កេរ្តិ៍​ម៉ែឪ ។   កាល​ទុំ​ជោរ​គួរជម្រុះ​ជ្រុះ​ចាក​ទង  កុំ​ជ្រុះ​ឆ្ងាយ​ឱ្យ​រំលង​ពី​ដើម​ទៅ   កុំ​ដណ្ដើម​ទុំ​មុន​ឱ្យ​ហ្មង​សៅ  យល់​មិន​ត្រូវ​ច្បាប់​នារី​ពី​បូរាណ ។   

កុំ​គិត​ឡើយ​ត្រង់​គូ​គង់​បាន​ទេ  ឧស្សាហ៍​តែ​ធ្វើ​ការ​រក​ធន​ធាន   សន្សំ​ទ្រព្យ​សម្បត្តិ​ឱ្យ​កើត​មាន  ទើប​នឹង​បាន​ពឹង​ពំនាក់​នៃ​អាត្មា ។   ទៅ​ខ្សត់​អ្វី​ប្ដី​ល្អ​នឹង​ត​វង្ស  គង់​អ្នក​ល្អ​ស្មើ​ពង្ស​​មក​ប្រាថ្នា   ម៉ែ​ឪ​រៀប​ទុក​ដាក់​តាម​ធម្មតា  មាន​សង្ហា​រាសី​ល្បី​កេរ្តិ៍​ឈ្មោះ ។   មួយ​ការ​ស្រីគប្បី​រៀន​ឱ្យ​ចេះ  ជា​ចំណេះ​គ្រឿង​រក​ចិញ្ចឹម​ពោះ   ញាតិ​សន្ដាន​ឆ្ងាយ​ជិត​តាំង​ចិត្ត​ស្មោះ  កុំក​ឈ្លោះ​ឱ្យ​មោះ​ជា​សត្រូវ ។   អធ្យា​ស្រ័យ​អ្នក​ក្រៅ​ហៅ​ថា​ញាតិ  ពឹង​ផ្ញើ​មាត្រ​ក្រែ​មាន​ធុរៈ​ក្ដៅ   ខ្ញុំ​កំ​ដរ​យក​ស្ករ​ល​ប្រើ​ហៅ  ខឹង​ជេរ​ទៅ​ហៅ​មក​យក​តែ​ការ ។   រឿង​ចំអាប​បង្អែម​សែម​សម​ហាត់  ឱ្យ​ចេះ​ចាត់​តាម​រឿង​គ្រឿង​អាហារ   ចូល​ជំនុំ​មាន​រវល់​មង្គលការ  កាន់​ភ្នាក់​ងារ​អ្វី​ៗ​មាន​ការ​ផ្ចង់ ។   

ចុះ​ជំ​នុំ​ឱ្យ​ច្រឡំ​គេ​អ្នក​ល្អ  ចៀម​ខ្លួន​ក្រកុំ​ដំឡើង​តម្កើង​អង្គ   គេ​ឱ្យ​អ្វី​ប្រមាណ​យក​ឱ្យ​សម​ទ្រង់  កុំ​លោភ​លង់​បង់​លាភ​ភាព្វ​នឹង​អាប់ ។   ចូល​ធ្វើ​អ្វី​គប្បី​ដណ្ដឹង​សួរ  ការ​មិន​គួរ​ខ្លួន​ក្រមុំ​កុំ​អាល​ចាប់   គេ​បង្គាប់​សូម​ធ្វើ​តាម​បង្គាប់  ចាប់​ឱ្យ​ជាប់​តាម​ការ​អាសា​គេ ។  បើ​ចូល​ថាស​រួម​មួយ​នឹង​អ្នក​ល្អ  លូក​សម្ល​អន្លក់​នៅ​មុខ​មេ   កុំ​លាលាម​លោលូក​ទៅ​មុខ​គេ  ប្រមាណ​តែ​ល្មម​ស្រួល​ទទួល​ទាន ។   អ្វី​ឆ្ងាញ់​នៅ​ឆ្ងាយ​កាយ​មិន​ដល់  កុំ​រវល់​លូក​ឱ្យ​គេ​ថា​បាន   ឆ្ងាញ់​មិន​ឆ្ងាញ់​នៅ​មុខ​ខ្លួន​ប៉ុន្មាន  ទទួល​ទាន​គ្មាន​និន្ទា​ជា​សួ​ស្ដី ។   ជា​នារី​តែង​រៀន​កិច្ច​ដាក់​ទុក  ការ​រក​ស៊ី​ចុក​ដេក​ដើរ​ធ្វើ​អ្វី​ៗ  មើល​  ប្រមាណ​តាម​ស្ថាន​ខ្លួន​ជា​ស្រី  ជាតិ​​ស្ត្រី​ស្រី​ក្រមុំ​ធំ​ឥរិយា ។ 

មែន​តែ​ធ្វើ​ការ​អ្វី​ខំ​ឱ្យ​ស្រេច  កុំ​ភ្លាំង​ភ្លេច​គេច​ចោល​ទៅ​ឯ​ណា  រវាំង​តែ​កិច្ច​ការ​នៃ​អាត្មា  កុំ​ខ្ជី​ខ្ជា​គប់​ភឿន​លឿន​ពឿន​ទៅ ។    បើ​នឿយ​ណាស់​ប្រាស់​ដេក​ទៅ​ជា​វិញ  កុំ​ចូល​ចេញ​ឥត​ការ​យល់​មិន​ត្រូវ    អ្វី​ឆោ​ឡោ​ឡើង​កុំ​ផ្អើល​ទៅ  ស្ដាប់​ឱ្យ​ជាក់​រាក់​ជ្រៅ​សូម​សួរ​គ្នា ។  រវាង​មើល​ទី​ស្ថាន​របស់​ទ្រព្យ  គន់​ឱ្យ​សព្វ​នេះ​នោះ​នៅ​ត្រង់​ណា  ឃើញ​ខាត​ចុះ​គួរ​ឱ្យ​បំ​ពេញ​រ៉ា  របស់​ណា​គួរ​ចំណាយ​ឱ្យ​ចាយ​ចេញ ។  មាន ១ ស្លឹង​ប្រឹង​ប្រចុប​ឱ្យ​គ្រប់​បាទ  កុំ​ឱ្យ​ខាត​ដោយ​ការ​មិន​គួរ​ទិញ    បើ​ធ្វើ​តិច​ស៊ី​តិច​គិត​ឱ្យ​ពេញ  កុំ​ចាយ​ចេញ​លើស​កំណត់​ខ្សត់​នឹង​ដល់ ។  មិន​គួរ​ទិញ​កុំ​ទៅ​ទិញ​បុល​គេ​មក  មើល​លៃ​លក​ល្មម​តែ​មួយ​គ្រា​រវល់    បើ​ម៉ែ​ឪ​ចាស់​ជរា​រោគា​ដល់  ខំ​ខ្វាយ​ខ្វល់​ប្រតិបត្តិ​លោក​ទាំង​ទ្វី ។ 

ព្រោះ​ជន​កជន​ទីរាប់​អាន  បង្កើត​ប្រាណ​បាន​ធំ​ដឹង​សេចក្ដី    ថ្នម​បបក់​បញ្ចុក​បាយ​ចំណី  ប៉ង​នឹង​ពឹង​កូន​ស្រី​ជា​ត្រី​មុខ ។    បើ​នួន​ជា​មាន​ចិត្ត​ឧបត្ថម្ភ  កុសល​នាំ​ជួយ​ឱ្យ​បាន​ក្ដី​សុខ   នឹង​ប្រាកដ​កេរ្តិ៍​ឈ្មោះ​ឮ​សុះ​ស្រុក  ដារាប​លុះ​ឆ្ពោះ​មុខ​កាន់​ពិមាន ។  ទេពសោឡស​ទាំង​អស់​សឹង​សាទរ  ចម្រើន​ពរ​បរិបូរណ៍​សុខ​ក្សេម​ក្សាន្ត  ប្រកប​យស​ខ្ពស់​ល្អ​ត​វង្ស​វ៉ាន  ព្រោះ​ដែល​បាន​ប្រតិបត្តិ​ម៉ែ​ឪ​ល្អ ។  មែន​ស្រី​ណា​ឫស្សា​ធ្វើ​ទុច្ចរិត  ពុំ​មាន​គិត​គុណ​លោក​ចិញ្ចឹ​មមក៍  ឃើញ​ម៉ែ​ឪ​ដល់​នៅ​សេចក្ដី​ក្រ  មិន​តប​ត​គុណ​លោក​ប៉ុន​កេសី ។    គិត​ខ្មាស​គេ​ក្រែង​មាន​គេ​សួរ​ថា  នេះ​មាតា​បិតា​ខ្លួន​ឬ​អ្វី   តែ​បន្លប់​លុប​គុណ​បុព្វការី  បដិសេធ​បិទ​សេចក្ដី​ដទៃ​ផ្ដាស ។   

យក​ឪ​ម្ដាយ​ខ្លួន​ជា​ខ្ញុំ​ឯង  ស្ដី​គំហក​ស្ដី​កំហែង​មិន​ក្រែង​ចាស់   ប្រើ​រែក​ទូល​តាម​ក្រោយ​មិន​មាន​ខ្មាស  តាំង​ប្រើ​ប្រាស់​សព្វ​ទិន​មិន​បូជា ។   ស្រី​យ៉ាង​នេះ​តែ​រលត់​ផុត​ជីវី  គង់​មិន​រួច​ឡើយ​អំពី​ជាតិ​និរយា   មិន​ឃើញ​សែង​សុរិយ័ន​ព្រះ​ចន្ទ្រា  នៅ​សោយ​ទុក្ខ​វេទនា​ក្នុង​អវិចី ។   បើ​រស់​នៅ​ជា​មនុស្ស​យើង​នេះ​ណា  ហ្វូង​ទេព្ដា​នឹង​ផ្ដា​សាប្រក្រតី   ឱ្យ​តោក​យ៉ាក​លំ​បាក​កើត​អប្រិយ  លើស​លែង​ក្ដី​ដែល​ធ្វើ​ឱ្យ​លោក​ក្ដៅ ។   ទោះ​ជា​មាន​ធន​ធាន​ទ្រព្យ​ទាំង​ឡាយ  គង់​អន្តរាយ​ខ្ចាយ​ពាស​វិនាស​ទៅ   កើត​ចោរ​ភ័យ​អគ្គីភ័យ​មក​សត្រូវ  ព្រោះ​ចិត្ត​ខ្មៅ​ទុច្ច​រិត​គិត​នេរ​គុណ ។   ស្រី​យ៉ាង​នេះ​ប្រុស​កុំ​នែប​អែប​រួម​រក្ស  នឹង​ថយ​សក្ដិ​យស​សាប​លាភ​ខាត​ទុន   ត្រឹម​តែ​ម៉ែ​ឪ​វា​គ្មាន​ការណ្យ  នេរ​គុណ​មិន​មាន​គិត​អនិច្ចា ។   

ស្រី​មិន​ល្អ​គួរ​កុំ​គប់​សម្ភព​ជិត  យក​ជា​មិន​ឱ្យ​ហ្មង​ដល់​អាត្មា   គួរ​ចៀស​វាង​ឱ្យ​ឆ្ងាយ​ចេញ​ពី​វា  ស្វែង​រក​គ្នា​ចិត្ត​បុណ្យ​ដឹង​គុណ​គាប់ ។   ចូរ​ទូន្មាន​ចិត្ត​ខ្លួន​ឱ្យ​ស្លូត​ត្រង់  រក្សា​វង្ស​ជា​ក្រមុំ​តាម​ក្រម​ច្បាប់   កុំ​មួម៉ៅ​ទៅ​ដោយ​ការ​សាប់​ច្បាប់  មើល​សណ្ដាប់​អ្នក​ល្អ​ត​វង្ស​វ៉ាន ។   កុំ​ធ្វើ​ក្រៅ​ច្បាប់​ស្រី​ឱ្យ​ស្ដី​ខុស  ស្រឡាញ់​ប្រុស​ក្រៅ​ចិត្ត​ម៉ែ​ឪ​ប្រាណ   កាត់​ប្រយោជន៍​សាលោហិត​មិត្រ​សន្ដាន  ឱ្យ​លោក​បាន​ទុក​ទោស​ក្នុង​លោកីយ៍ ។   ប្រុស​ជួជាតិ​ញាតិ​ស្អប់​បំបែរក​ចេញ  ទៅ​ស្រឡាញ់​រត់​តាម​យក​ជា​ប្ដី   ជំរត់​គ្នា​ទៅ​ឡើង​លោក​មន្ត្រី  ត​ជា​ក្ដី​នឹង​ម៉ែឪ​នៃ​ប្រាណ ។   ម៉ែឪ​សោត​ក្រោធ​សល់​ទាល់​គំនិត  មិន​ដឹង​គិត​នឹង​កែការ​នោះ​បាន   នាំ​គ្នា​យំ​ក្រំ​ចិត្ត​អាណិត​ប្រាណ  ព្រោះ​កូន​គ្មាន​អៀន​ខ្មាស​ផ្ដាស​ខុស​ផ្លូវ   ។ 

លេប​ក៏​ស្លាក់​ខ្ជាក់​ក៏​ស្លែង​លែង​មិន​បាន  នឹង​គិត​អាន​ការ​អៀន​គ្មាន​ផ្លូវ​ទៅ   ខ្លះ​មិន​ដឹង​គេ​ក៏​សួរ​ដល់​ម៉ែ​ឪ  ថា​នាង​នោះ​កូន​ចៅ​អ្នក​ណា​ហា ។   ខ្លះ​ដែល​ស្គាល់​គេ​ក៏​ប្រាប់​គ្នា​សាយ​សុស  ថា​នាង​នោះ​កូន​អ្នក​នោះ​ឮ​គេ​ថា   រត់​តាម​ប្រុស​ឈ្មោះ​ដូច្នោះ​ខុស​ពង្សា  អនិច្ចា​ម៉ែ​ឪ​នៅ​មិន​បាន​សុខ ។   ខ្មាស​អើយ​សែន​ខ្មាស​គេ​ពេក​ក្រៃ  កូន​ចង្រៃ​អប្ប​លក្ខណ៍​បំបាក់​មុខ   មិន​អាណិត​ចិត្ត​ម្ដាយ​អាពុក  បំណាច់​ថ្នាម​ក៍តាំង​ទុក​តាង​នេត្រា ។   នែ​អនង្គ​នារី​រូប​ប្រសើរ  នាង​កុំ​ដើរ​ផ្លូវ​ខុស​ណា​នួន​ណា   ចូរ​តាំង​ចិត្ត​ឱ្យ​សណ្ឋិត​ដោយ​ឥរិយា  ការណ៍​កេរ្តិ៍​ពង្សា​ថា​នន្តរ ។   កើត​ជា​ស្រី​គ្មាន​អ្វី​សង​គុណ​ម៉ែ  រក្សា​តែ​កេរ្តិ៍​លោក​ឱ្យ​ថា​វរ   ស្មើ​សង​គុណ​លោក​ពឧទរ  ប្រកដ​ឮ​នាម​ករ​ខ្ចរ​ខ្ចាយ​ទៅ ។   

ចូរ​ស្ងួន​ចិត្ត​គិត​កាយ​ជា​ក្រមុម  កុំ​និយម​ឱ្យ​ខុស​ពី​ម៉ែឪ   ស្ងួន​រក្សា​ចរិត​ឱ្យ​ត្រង់​ត្រូវ  តម្កល់​នៅ​ក្នុង​ពាក្យ​ឱវាទទាន ។   ទោះ​ប្រាស្រ័យ​ចរចាន​រណា​នោះ  កុំ​ពោល​ពាក្យ​ត្រគោះ​ឱ្យ​មោះ​មាន   មិន​គួរ​ស្ដី​អញ​មឹង​ឱ្យ​ខឹង​ខាន  ពាក្យ​តិរច្ឆាន​កុំ​ថ្លែង​សម្ដែង​ចេញ ។   ឬ​នឹង​រៀន​ផ្លូវ​ឈ្មួញ​ជួញ​លក់​ដូរ  ស្ដី​ឱ្យ​គួរ​ពោល​ពាក្យ​ជា​   ទើប​លក់​ធូរ​ទិញ​ងាយ​បាន​ចំណេញ  ព្រោះ​គេ​ពេញ​ចិត្ត​ចាប់​ដោយ​វាចា ។   ជា​មនុស្ស​នេះ​នឹង​សម្គាល់​ត្រឹមខ្យល់​មាត់  ការ​មាន​ខ្សត់​កើត​យស​ព្រោះ​ជីវ្ហា   បើ​ពាក្យ​ល្អ​កពី​រោះ​ចេញ​កាល​ណា  គេ​មេត្តា​រាប់​អាន​បាន​លាភ​លន់ ។   ទោះ​ប្រុស​ណា​មក​ប៉ង​បំណង​ចង់  កុំ​ពីរោធ​ក្រោធ​បង្កើត​អាក់​អន់   កាល​មិន​ស្នេហ៍​ក៏​កុំ​តែ​ពាក្យ​ពន្ធ  វា​នឹង​បណ្ដោយ​ជាន់​ព្រោះ​ធ្លាប់​ស្និត ។   

ឯ​ជាតិ​ប្រុស​ទោះ​ជា​ព្រើល​មិន​មើល​ឋាន  បើ​ស្រី​ព្រម​ល្មម​ប្រាណ​ទើប​ហាន​ជិត   បើ​ស្រី​រ៉ាទំពា​រឹង​នឹង​នៅ​និត្យ  មិន​ហាន​ជិត​ចូល​ស្នេហ៍​ទេ​អង្គ ។   ទឹក​នឹង​ហូរ​ៗ​តាម​ប្រឡាយ​ជីក  ផ្កា​នឹង​រីក​ៗ​តាម​សែង​សូរិយង់   ព្រះ​ពាយ​ផាត់​គន្ធរ​ភមរ​ត្រង់  ប្រុស​អាច​ចង់​ព្រោះ​ស្រី​ចើក​បើក​អាការ   ។  ហេតុ​នោះ​​នួន​ចូរ​ស្ងួន​រក្សា​ប្រាណ  កុំ​ឱ្យ​មាន​ហ្មង​សៅ​ផ្លូវ​ឱចារ   កាត់​តម្រាយ​ប្រឡាយ​ប្រុស​ប្រើ​អាការ  កុំ​ស្និត​ស្នាល​ដោយ​សារ​ការ​មិន​ត្រូវ ។   ពាក្យ​សម្ដី​ស្ដី​តាម​ការ​ដែល​មាន  និយាយ​បាន​មិន​ហាម​ទេ​ឆោម​ឆ្លៅ   ហាម​តែ​កេរ្តិ៍​ឥរិយា​ការ​មិន​ត្រូវ  បង្ហាញ​ផ្លូវ​ឱ្យ​ប្រុស​ខុស​វេណី ។   ច្បាប់​លោក​ហាម​គួរ​តាម​ច្បាប់​លោក​ហាម  កុំ​មួ​តាម​កាម​រាគ​រោល​ឥន្ទ្រិយ   គិត​ឱ្យ​ត្រូវ​តម្រាប់​ច្បាប់​នារី  ប្រកប​ការ​រក​ស៊ី​តាម​ធម្មតា ។   

មួ​ការ​ដេក​ដើរ​ឈរ​អង្គុយ​ក្ដី  ចូរ​រវាំង​កាយ​ស្រី​តាម​ឥរិយា   កុំ​បន្ទាន់​រាន់​ដើរ​ភ្លែត​ភ្លាត់​ថា  មែន​បើ​ភ្លាត់​បាទា​ដួល​ខ្មាស​គេ ។   ឃើញ​អ្នក​ចាស់​ឬ​អ្នក​ធំ​ប្រជុំ​ខាង  កុំ​គ្រ​វាស​ដៃ​កាង​បំបែរ​រេ   ចូរ​ឱន​តូ​ចរ​ទៅ​សូម​ផ្លូវ​គេ  ឱ្យ​គេ​អត់​ទោស​មេ​សូម​យាត្រា ។   មួយ​បើ​ទៅ​ផ្ទះ​គេ​ដោយ​មាន​កិច្ច  តែ​សូរេច​ធូរៈ​ឆាប់​ម្នី​ម្នា   កុំ​នៅ​យូរ​ក្រែង​គេ​ជិន​កើត​និន្ទា  សេចក្ដី​ចួប​​ប្រចក្ស​ជា​មាន​ដល់​កាយ ។   បើ​អង្គុយ​ចូរ​រវាំង​សំពត់​ស្លៀក  នឹង​ស្បៃ​កៀក​ចោម​ពុង​សំយុង​ជាយ   មើល​សម្រួល​ឱ្យ​ស្រួល​លំ​នាំ​កាយ  យាម​សាបាយ​នឹង​សើច​ៗ ឱ្យ​គួរ ។   ប្រើ​សន្សឹម​ញញឹម​ត្រឹម​តែ​ភក្ដ្រ  កុំ​សើច​ហ៊ោ​សូរ​លាក់​ឱ្យ​លាន់​សូរ   កុំ​ឆ្ការ​ដៃ​ឆ្ការ​ជើង​ឡើង​អំប្បូរ  ពាក្យ​មិន​គាប់​ពេល​មិន​គួរ​ឱ្យ​ឮ​ឆ្ងាយ ។ 

នឹង​តែ​តួ​ក៏​កុំ​មួ​តែ​ការ​តែង  នឹង​លាប​ព្រេង​ក៏​កុំ​លាប​ឱ្យ​ហូរ​ខ្ចាយ   នឹង​លាប​ម្សៅ​ក៏​កុំ​លាប​ឱ្យ​លឿង​កាយ  គេ​នឹង​សើច​ឡក​ឡាយ​ដល់​ឆោម​ឆ្លៅ ។   កាល​យាម​ត្រុត​សង្ក្រាន្ត​មាន​ការ​ហ្លួង  តែង​ឱ្យ​សំ​តាម​ក្រសួង​ស្មើ​ពង្ស​ផៅ   លុះ​អស់​ខែត្រ​ទេស​កាល​ធ្វើ​ការ​ទៅ  កុំ​មួ​នៅ​តែង​តួ​អស់​ខួប​ខែ ។   ខ្លួន​អ្នក​ក្រ​ត្រូវ​ពិនិត្យ​គិត​រក​ស៊ី  តាម​វេណី​ត្រកូល​វង្ស​ឪម៉ែ   ដាំ​ដំណាំ​ដូង​ស្លា​ចម្ការ​ស្រែ  ឧស្សាហ៍​ថែ​មើល​ស្មៅ​ជ្រួយ​ដាក់​ជី ។   រៀន​វិជ្ជា​ឱ្យ​ចេះ​ជា​គ្រូ​គេ  ទើប​ទំនេរ​មិន​សូវ​នឿយ​ឥន្ទ្រិយ   ចេះ​ស្ទើៗធ្វើ​មិន​ស្ទាត់​ហត់​តិម​ធី  ជា​នារី​មិន​ចេះ​អ្វី​ប្ដី​នឿយ​ឯង ។   មាន​ខ្ញុំ​ស្រី​ខ្ញុំ​ប្រុស​ប្រើ​សប្បាយ  ខ្លួន​ជា​នាយ​ល្ងង់​ការ​វា​មិន​ក្រែង   ចេះ​ជា​ជាង​មិន​ព្រួយ​ទៅ​រែក​សែង  ការ​ផង​ឯង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ។   

មាន​មាស​ប្រាក់​ដាក់​ទុក​សម្រាប់​កាយ  កុំ​ចែក​ចាយ​ឱ្យ​គេ​អួត​ថា​មាន​ប្រាក់   ការ​គួរ​ចាយ​ឱ្យ​ចាយ​បម្រុង​សក្ដិ  ស្រងា​ភក្រ្ត​ព្រោះ​ប្រាក់​តាំង​ជា​មុន ។   កុំ​ក​កាញ់​កំណាញ់​ក្រៅ​តម្រា  កុំ​សទ្ធា​ធ្វើ​បុណ្យ​យល់​ដោយ​មុខ   កុំ​អាង​ប្រាក់​ចាក់​ចាយ​រាយ​ស៊ុក​គ្រលុក  ចាយ​មើល​មុខ​ទុក​មើល​ក្រោយ​ការណ៍​  គ្រាក្រ ។   ជា​ស្ត្រី​ភ្នាក់​ងារ​ចំណែក​ផ្ទះ  មើល​ជម្រះ​បោស​ច្រាស​តាំង​ឱ្យ​ល្អ   ទាំង​ផ្ទះ​បាយ​ឧស​ទឹក​ស្រូវ​អង្ករ  គ្រឿង​ដាំ​ស្ល​ថែ​ទាំ​ឱ្យ​មាំ​មួន ។   អ្វី​រាយ​រើស​ទុក​តាម​កន្លែង  អ្វី​បាត់​ខំ​ស្វែង​រក​ឱ្យ​ធួន   ដល់​ត្រូវ​ការ​មាន​ស្រាប់​សម្រាប់​ខ្លួន  មិន​លំបាក​យ៉ាក​នួន​ណា​នួន​ណា ។   មួយ​សោត​យប់​និន្ទ្រា​វេលា​ដេក  ចូល​ដំណេក​បោស​ច្រាស​ទី​និទ្រា   អុជ​ទៀន​ធូប​ប្រណម្យ​ផ្គុំ​បូជា  ក្រាប​វន្ទា​រំឭក​គុណ​ព្រះ​រតន៍​ត្រៃ ។   

បី​ដង​ស្រេច​សន្សឹម​និទ្រា​ទៅ  ទើប​កើត​នៅ​វិបុល​មង្គល​ជ័យ   ពេល​នឹង​ក្រោក​ៗ មុន​អរុណ​ខៃ  កុំ​ដេក​ហួស​ដល់​ថ្ងៃ​ចង្រៃ​ខ្លួន ។   ក្រោក​ចេញ​យក​ទឹក​ទន់​លុបភក្រ្ត  សម្អាង​ខ្លួន​នួន​អ្នក​ឱ្យ​សម​សួន   ប្រកប​ការ​បណ្ដា​មាន​របស់​ខ្លួន  មើល​ថែ​ធួន​ក្នុង​ក្រៅ​តាម​ក្រឹត្យ​ស្រី ។   កុំ​ប្រមាទ​សង្ខារ​អាត្មា​ក្មេង  ប្រកប​លេង​ដោយ​ល្បែង​ពុំ​ជួ​ក្ដី   អំពើ​ពាល​នាំ​ពៅ​ឱ្យ​អប្រិយ  ការ​លោកីយ៍​ច្រៀង​រាំ​នាំ​វង្វេង ។   កុំ​គប់​ស្រី​សាមាន្យ​​សន្ដាន​ជួ  ដែល​តែង​តែ​ខុស​ចរិត​ចិត្ត​អ្នក​លេង   តែ​សូរិយា​ទន់​ៗចេញ​ទន្ទេង  តាំង​សម្ដែង​ក្លែង​ឱ្យ​ប្រុស​យល់​ឡែប​ខាយ ។    តែ​ព្រឹក​ព្រាង​ស្អាង​ស្អិត​សិត​សយ​សក់  ឆ្លុះ​កញ្ចក់​រយ​ដង​ហ្មង​តែ​កាយ   ត្រង់​កិច្ច​ការ​រក​ស៊ី​នឿយ​ណាយ  ដើរ​កែ​ក្រាយ​គប់​ភឿន​ពាល​ដូច​គ្នា ។   

តែ​ឮ​សព្ទ​សូរ​ស្គរ​ឬ​គង​ឃ្មោះ  ក៏​ត្រាច់​ដើរ​សើប​ស្ទុះ​សួរ​គេ​ថា   ថ្ងៃ​នេះ​តើ​មាន​ល្ខោន​រាំ​ភូមិ​ណា  លុះ​ដឹង​ថា​រាំ​ឯ​ណុះ​ស្ទុះ​ល​ឡើ ។   ចូល​ជ្រក​ជ្រៀត​បៀត​បុ្រស​ត្រដុះ​ប្រាណ  នឹង​ដូច​ប្លុង​កម្មដ្ឋាន​គ្មាន​កម្រើក   ប្រុស​លលាម​លូក​ផ្ដិត​ដោយ​ចិត្ត​ចើក  ល្ខោន​លើក​វ៉ា​រាំ​នាំ​គ្នា​ទៅ ។   ទាល់​ខុស​ខ្មោច​កេរ្តិ៍​អាសោច​ឮ​សុះ​ស្រុក  ម្ដាយ​អាពុក​ដាក់​មុខ​ទុក​ផ្សា​ក្ដៅ   អប្ប​ទាំង​អង្គ​អប្ប​ទាំង​វង្ស​ពូជ​ពង្ស​ផៅ  ព្រោះ​មិន​ត្រូវ​ច្បាប់​បុរាណ​បាន​និន្ទា ។   ខ្លះ​ស្រឡាញ់​អ្នក​លេង​ចេះ​ច្រៀង​ត  តែ​ឮ​ឡ​ឡើង​តាំង​រៀប​បារី​ស្លា   ប្រស់​ទឹក​អប់​ធុំ​ត្រឡប់​ទាំង​កាយា  បបួល​ភឿន​យាត្រា​ទាំង​រាត្រី ។   ចូល​ទៅ​ស្ដាប់​ចិត្ត​មិន​ចាប់​ទំនុក​ច្រៀង  អង្គុយ​មៀង​មើល​ប្រុស​ដែល​បេតី   ប្របៀត​ក្រោយ​លួច​ឱ្យ​ស្លា​បារី  ប្រុស​បាន​ទី​នាំ​លីលា​ចូល​ស្ដុក ។   

លលើ​ទៅ​ឥត​ខ្មាស​ផ្ដាសវង្វេង  ដូច​ដំរី​ចុះ​ប្រេង​គ្រលែង​ភ្លុក   ហ្ម​ខ្វាន​កាប់​សាប់​សិរ​បំបែរ​មុខ  មិន​រារុក​ចាក់​រាង​វាង​ចូល​រោង ។   ញាតិ​សន្ដាន​ដាស់​តឿន​ឱ្យ​នឹង​ន  ត្រឡប់​ខឹង​តប​ត​កែ​ប៉​ផូង   ជេរ​គេ​ឯង​ថា​ក្លែង​ជា​ស្រី​រោង  ឆ្ការ​​ដៃ​ព្រោង​កែ​ខ្លួន​ថា​នួន​ជា ។   កោតហ្ន៎​នួន​ចោល​ក្បួន​សុភាសិត  មិន​ប្រព្រឹត្ត​តាម​ពង្ស​វង្ស​មេបា   ទៅ​ស្រឡាញ់​អ្នក​លេង​តែង​កាយា  នាំ​ផឹក​ស្រា​ជក់​អាភៀន​ញៀន​អស់​ប្រាណ ។   ខ្លះ​ស្រឡាញ់​ប្ដី​គេ​ៗមាន​ប្រាក់  លួច​លាក់​ស្មគ្រ​ស្មោះ​ចិត្ត​មិន​គិត​ស្មាន   ប្រពន្ធ​គេ​ៗ ដឹង​ខឹង​រំខាន  ខ្លួន​ទៅ​បាន​ក៏​បាន​ជា​ចុង​គេ ។   មែន​ប្រទះ​ប្រពន្ធ​ដើម​ឆ្នើម​ប្រចណ្ឌ  ខឹង​កួច​កាន់​ចង​អាឃាត​បញ្ចោរ​ជេរ   ខ្លួន​ជា​ចុង​ប្រុង​ចុះ​នៅ​ក្រោម​គេ  សុខ​គ្មាន​ទេ​មេ​អើយ​កុំ​សង្ស័យ ។   

ខំ​ផ្គាប់​គេ​យក​ចិត្ត​ស្បិត​គេ​គាប់  គុណ​ត្រឡប់​ទៅ​ជា​ទោស​ទាំង​យប់​ថ្ងៃ   កោត​ចិត្ត​កនិដ្ឋា​ពេញ​ចង្រៃ  យក​ប្ដី​គេ​ខុស​និស្ស័យ​បាន​ក្ដី​ក្ដៅ ។   ស្ដាយ​អឺយ​ស្ដាយ​រូប​រាង​ពិសី  មិន​គួរ​បី​យក​ប្ដី​ឱ្យ​ហ្មង​សៅ   ញាតិ​សន្ដាន​បង​ប្អូន​ស្ដី​ប្រដៅ  មិន​តាម​វង្ស​ពង្ស​ផៅ​ទើប​សៅ​ហ្មង ។   យក​ប្ដី​គេ​ឱ្យ​គេ​ជេរ​បរា​មុខ  កំលោះ​គេ​ពេញ​ស្រុក​ម្ដេច​មិន​ចង   គេ​ទំនេរ​​តាម​តែ​ចិត្ត​នួន​ល្អង  នឹង​បែរ​ខ្នង​ឬ​បែរ​មុខ​តាម​សុខ​ចិត្ត ។   នេះ​កម្ម​អ្វី​ទៅ​បាន​ឯ​ប្ដី​គេ  ឱ្យ​គេ​ជេរ​ដៀល​ប្រាណ​គ្មាន​អាណិត   ព្រោះ​នួន​នាង​ឆោត​ឆៅ​ខ្លៅ​មិន​គិត  ទៅ​ជឿ​ចិត្ត​ប្រុស​ប្រឡាម​លោម​ឱ្យ​លង់   ។  ស្រី​ពួក​នេះ​គ្មាន​ចម្រើន​ទេ​ឆោម​ឆៅ  ស្រី​ណា​ឆៅ​ឆោត​ទៅ​ក៏​អស់​ទ្រង់   ឯ​នារី​ទើប​តែ​ពេញ​ជំទង់  កុំ​ត្រាប់​យក​អង្គ​ឱ្យ​អប្រិយ ។   

សុភាសិត​យើង​តែង​ទុក​ទូន្មាន  ខំ​រើស​យក​ទុក​ប្រាណ​ជា​ច្បាប់​ស្រី   ទាញ​យក​តួ​ស្រី​ជួ​មក​ស្រដី  ជា​ទី​តឿន​ស្មារតី​ស្រី​រាល់​គ្នា ។   មាន​ស្រី​ខ្លះ​ក្លាហាន​មិន​មាន​កេរ្តិ៍  គប់​ប្រុស​ពីរ​តាម​អំពើ​ចិត្ត​ពាលា   រង​ឯ​ណោះ​រាប់​ឯ​ណេះ​មិន​ចេះ​រា  ប្រុស​ដឹង​គ្នា​កើត​សម្លាប់​កាប់​គ្នា​ឯង ។   ទាល់​លុះ​នៅ​ព្រះ​រាជ​អាជ្ញា​ហ្លួង  ត្រូវ​គេ​ខួង​ផួង​កច្រ​វាក់​វែង   ឱ្យ​ឡើង​លើ​ឈើ​អណ្ដាត​គេ​ដោត​ខ្វែង  បី​ថ្ងៃ​តែង​ស្លៀក​សំណាញ់​សៀត​ផ្កា​ច្បា   ។  ដើរ​អាក្រោស​ឮ​សុះ​ទៅ​ទាំង​ស្រុក  ស្រមូញ​មុខ​កើត​ទុក្ខ​អនេក​ណា   សែន​ខ្មាស​សល់​ទាស់​តួ​គួរ​អនិច្ចា  ព្រោះ​ប្រាថ្នា​ប្រុស​ពីរ​ស៊ី​មិន​ឈប់ ។   មាន​ស្រី​ខ្លះ​លុះ​ល្បែង​លែង​បៀប៉ោ  ប្រុស​ចោម​ឆោ​លេង​ភ្នាល់​ទាល់​ព្រលប់   ចាញ់​អស់​ប្រាក់​គ្មាន​ចាក់​ក៏​ពុំ​ឈប់  ដល់​ពេល​យប់​យក​ទ្រព្យ​លក់​ឱ្យ​ចិន ។   

មួយតម្លឹង​ពីរ​តម្លឹង​ក៏​ព្រម​ស្មគ្រ  ឱ្យ​តែ​ខាង​បាន​ប្រាក់​ចាក់​ប៉ោ​សិន   នួន​មិន​មាន​រើស​មុខ​ថា​យួន​ចិន  សម្ដែង​ក្បិន​ចុះ​ក្បួន​អ្នក​ស៊ីធ ។   ឱ​អនិច្ចា​នារី​រូប​ស្រស់​ល្ហាវ  កំពុង​សាវ​ទើប​ពក​ពន្លក​ល្អ   មិន​រក្សា​ឥរិយា​ឱ្យ​នឹង​ន៎  នឹង​បាន​ត​វង្ស​វែង​អង្វែង​ទៅ ។   នេះ​បង្ខំ​កាប់​លក់​កំពុង​ពក  ចុះ​ថ្លៃ​ថោក​ក៏​យក​ឱ្យ​អាស្រូវ   កោត​ហ្ន៎​គេ​ម្ដេច​គេ​ដើរ​ខុស​ផ្លូវ  ត្រដរ​ទៅ​ទាល់​លុះ​ចុះ​រោង​វែង ។   នឹង​ពឹង​ញាតិ​គេ​ក៏​ស្អប់​មិន​រាប់​អាន  ព្រោះ​សន្ដាន​គិត​ខុស​សុះ​ដោយ​ល្បែង   គេ​បាន​ហាម​ខ្លួន​មិន​តាម​ត្រឡប់​ក្លែង  ថា​គេ​ព្យា​បាទ​ឯង​មិន​ឱ្យ​បាន ។   ដល់​ធ្លាក់​ខ្លួន​នួន​ក្លាយ​ជា​ខ្ញុំ​គេ  នឹង​បែរ​រេ​រក​ញាតិ​ជួយ​ប្រោស​ប្រាណ   ញាតិ​ឯ​ណា​នីមួយ​នឹង​ជួយ​បាន  សំបុត្រ​សាន​ឡើង​ជា​រៀល​៣០០​បាទ ។   

មុខ​ក្រជាំ​ខំ​បម្រើ​ការ​ប្រាក់​គេ  ខ្ជិល​គេ​ជេរ​វាយ​ទៅ​តាម​មារ​យាទ   ទោស​ទាំង​នេះ​ព្រោះ​ចៅ​មិន​តាម​ញាតិ  គិត​ប្រមាទ​ល្បែង​ភ្នាល់​ដល់​វេទនា ។   ប្រុស​អ្នក​ល្អ​កាល​ណា​នឹង​ក្លា​ហាន  មក​រួម​ស្ថាន​យក​ចៅ​ជា​ភរិយា   មាន​តែ​ពួក​អ្នក​លេង​ល្បែង​ដូច​គ្នា  នោះ​ទើប​វា​យក​ចៅ​ទៅ​តាម​កម្ម ។   មាន​ស្រី​ខ្លះ​ឆ្លាស​ឆ្លៀវ​កៀវ​ចង់​ប្រុស  ដែល​មាន​យស​ខ្ពស់​សក្ដិ​ដ៏​មួន​មាំ   ស្វែង​រៀន​ស្នេហ៍​ឡែ​កល​ដាក់​ប្រចាំ  សាំ​ទាំង​ថ្នាំ​យ៉ា​បឿ​បាន​ដូច​ប៉ង ។  ប្រុស​ក៏​លង់​វង្វេង​ស្រឡាញ់​ខ្លាំង  វា​ក៏​តាំង​តែង​ខ្លួន​ឱ្យ​នួន​ល្អង   បង្កាច់​ប្រុស​ឱ្យ​លុះ​ក្នុង​ចំណង  ចាំ​ចិត្ត​ចង​ចុះ​អំណាច​ខ្លាច​វា​ខ្លប ។   វា​ក៏​លួច​លាក់​ប្រាក់​ចាយ​តាម​ចិត្ត  លេង​បាំង​ផ្លិត​ទល់​មុខ​គ្នា​រហប   បួន​ប្រាំ​ដង​ម្ដង​ៗ​ផ្ទេ​រពី​ដប  ទាល់​តែ​ក្រប​ធ្លាក់​ក្រ​ត្រដរ​ទៅ ។   

ខ្សែ​ចង្វារ​ចារ​កន្ទ្រុម​កង​អង្កាំ  ក៏​លួច​យក​ទៅ​បញ្ចាំ​គ្មាន​សល់​នៅ   លេង​គ្រឿង​យស​ទាល់​តែ​អស់​ពី​ទូទៅ  ប្ដី​មិន​នៅ​ក៏​ចាយ​ជាតិ​ឱ្យ​គេ ។   ប្ដី​ត្រឡប់​ដឹង​សព្វ​ជា​អស់​ធន  ទោះ​ខឹង​នឹង​ប្រពន្ធ​មិន​ហ៊ាន​ជេរ   ក្រែង​វា​លែង​ឯង​ខាន​មិន​បាន​ស្នេហ៍  ក៏​ខំ​តែ​បាំង​បិទ​យក​ចិត្ត​វា ។   បង​ប្អូន​ដឹង​គេ​ក៏​ខឹង​ទៅ​ប្រាយ​ប្រាប់  ចៅ​ប្ដី​នោះ​មិន​ជឿ​ស្ដាប់​ពាក្យ​គេ​ថា   ត្រឡប់​ខឹង​នឹង​ពួក​ញាតិការ  ទាល់​តែ​ធ្លាក់​សក្ដា​និច្ចា​ខ្លួន ។   ឱ​អាណិត​មនុស្ស​ប្រុស​មក​លុះ​លង់  ឱ្យ​មាតុ​គ្រាម​គ្រប​អង្គ​មិន​គង់​ក្បួន   អស់​សម្បត្តិ​មាស​ប្រាក់​ធ្លាក់​ទាំង​ខ្លួន  វា​មាន​ប្រុស​ដល់​បី​បួន​ក៏​បិទ​ទៅ ។   កើត​ទាំង​នេះ​ក៏​ព្រោះ​ភ្លើង​រាគ​រោល  មិន​កញ្ជ្រោល​ដោល​ចេញ​សម្ងំ​នៅ   ទាល់​តែ​ឱ្យ​វា​រោល​រលាក​ក្ដៅ  ក៏​ស៊ូ​ទៅ​តាម​កម្ម​ចាំ​ចិត្ត​ស្នេហ៍ ។   

ខាង​វា​សោយ​ចេះ​តែ​សាង​សំ​អាង​អង្គ  ឱ្យ​ប្រុស​លង់​ក្នុង​កាម​តាម​តែ​បែរ   គប់​សាហាយ​ប្ដី​ដឹង​ក៏​ប្រឹង​កែ  ស៊ូ​ស្បថ​ស្បែ​ឱ្យ​ប្ដី​ចុះ​ជឿ​ចិត្ត ។   ស្លា​បារី​ផ្គាប់​ប្ដី​ពេញ​ប្រអប់  ប្ដី​ក៏​សព្វ​គាប់​ចិត្ត​រឹង​ស្នាល​ស្និទ្ធ   ស្មាន​ប្រពន្ធ​ស្មគ្រ​ស្មោះ​អស់​ពី​ចិត្ត  តែ​ងងឹត​វា​ងងល់​ដល់​សាហាយ ។   ផ្គង់​ទាំង​ពីរ​មិន​ឱ្យ​ប្រុស​សន្ធិះ  ផ្គាប់​ឯ​ណោះ​ផ្គង់​ឯ​នេះ​បាន​សប្បាយ   មាយា​នេះ​ប្រុស​មិន​ដឹង​ក្នុង​ឡែប​ខាយ  តាំង​ចិត្ត​ហ្មាយ​ថា​ប្រពន្ធ​ខ្លួន​ស្លូត​ត្រង់ ។   ទោះ​គេ​ប្រាប់​ក៏​មិន​ស្ដាប់​ជឿ​ស្ដែង  ព្រោះ​ឃើញ​វា​ផ្គាប់​ឯង​នោះ​ពេញ​​វង្ស   មិន​សង្កេត​មើល​ហេតុ​ទៅ​ខាង​ក្នុង  ឃើញ​តែ​ក្រៅ​ហើយ​ក៏​ស្លុង​ជឿ​ថា​ជា ។   ប្រុស​ល្ងង់​ល្ងិត​ដោយ​ឫទ្ធិ​រាគ​រោល​ខ្លាំង  មោហៈ​បាំង​មើល​មិន​យល់​មាយា   ឱ​អនិច្ចា​ជាតិ​ប្រុស​នេះ​ខុស​គ្នា  ម្ដេច​គ្មាន​បញ្ញា​រំពឹង​ខ្លះ ។   

ខ្លះ​នោះ​សោត​ឆោត​ឆៅ​ខ្លៅ​ខ្លាច​ស្រី  វា​ប្រើ​ជ្រប់​កេសី​ស្មើ​កញ្ជះ   បើ​ទៅ​រក​ស៊ី​មក​ពុំ​បាន​ខ្លះ  តែ​មក​ដល់​ផ្ទះ​វា​ក៏​ជះ​ដូច​ភ្លើង​ព្រៃ ។   កាល​រក​បាន​គ្រាន់​ក្សាន្ត​អរ​អឹក  បើ​មិន​បាន​នោះ​កុំ​នឹក​ឡើយ​អ្នក​ប៉ៃ   បាយ​នឹង​ស៊ី​ឃើញ​ជា​មិន​ឆ្អែត​ផ្ទៃ  យប់​នោះ​ដេក​ទី​ទៃ​ហើយ​តាជី ។   ឃើញ​តែ​បាន​ត្រង់​បង់​មិន​ចង់​បង់  តែ​មិន​យក​ចិត្ត​ចង់​ជួយ​ស្វាមី   ការ​តិច​តួច​ក៏​ដំអូច​ប្រើ​តែ​ប្ដី  ហោច​ទៅ​ដល់​ស្លា​បារី​ប្ដី​មូរ​ឯង ។   ស្រូវ​អង្ករ​ដាក់​ទុក​ជង្រុក​ធំ  កើប​ដូរ​នំ​ដូរ​មី​ស៊ី​ជា​ល្បែង   ចាយ​ក៏​ធំ​ស៊ី​ក៏​ធំ​មិន​មាន​ក្រែង  តែ​ប្ដី​ខ្ទើត​វា​ក៏​ខ្ទែង​ចំទែង​ឈ្លោះ ។   មួយ​បើ​ទាល់​គិត​កល​​កុហក​ប្ដី  បិទ​សេចក្ដី​អាក្រក់​ទុក​ក្នុង​ពោះ   ប្ដី​ដឹង​ដល់​ផ្ទាល់​នេះ​វា​ផ្ទាញ់​នោះ  ប្ដី​ថា​ច្នោះ​វា​ថា​ច្នេះ​មិន​ចេះ​ញ៉ម ។   

មាន​ស្រី​ខ្លះ​មាក់​ងាយ​ព្រោះ​ប្ដី​ខ្សត់  កិន​សង្កត់​ឱ្យ​លុះ​អំណាច​ព្រម   ប្រើ​ឫក​ពា​លើក​សក្តិ​ហាក់​ចៅ​ចម  តែ​ប្ដី​ឈម​វា​ក៏​ប្រែ​កែ​មិន​ប្រប ។   ញាតិ​សន្ដាន​ខាង​ប្ដី​មិន​រាប់​អាន  តែ​សន្ដាន​ខាង​ខ្លួន​ចេះ​ប្រកប   ញាតិ​ណា​មាន​រាប់​អាន​ទៅ​អរ​អប  ញាតិ​ណា​ក្រប​ក្រ​ប្រាក់​ហាក់​វា​ហី ។   មាន​ស្រី​ខ្លះ​មាក់​ងាយ​ព្រោះ​ប្ដី​ខ្លៅ  បង្គាប់​ទៅ​តាម​ការ​មិន​ជួ​ក្ដី    ប្រើ​ទ្រគោះ​ស្ដី​គម្រប​បង្គ្រប​ប្ដី  ធ្វើ​អ្វី​ៗទោះ​ជា​ត្រូវ​ក៏​នៅ​ខុស ។   បាន​បន្តិច​ប៉ិច​អួត​បញ្ញា​ឯង  ថា​ចេះ​ចាត់​ចេះ​ចែង​ទើប​បាន​ខ្ពស់   អនិច្ចាហ្ន៎​ពួក​យើង​ប្រុស​ៗ  នឿយ​ស្ទើ​តែ​មិន​រស់​ឈ្មោះ​មិន​មាន ។   មាន​ស្រី​ខ្លះ​មាក់​ងាយ​ព្រោះ​ប្ដី​ទាប  អួត​អត្ត​ភាព​មាន​ពង្ស​វង្ស​សន្ដាន   និយាយ​អ្វី​នឹង​ប្ដី​ពុំ​ឱន​ប្រាណ  ប្ដី​ហើប​បាន​តែ ១ មាត់​កាត់​យក​ឯង ។   

គ្មាន​គោរព​ប្រតិបត្តិ​បម្រើ​ប្ដី  បើ​ធ្វើ​អ្វី​ឱ្យ​តែ​ដៃ​ចង្អុល​ខ្វែង   តាំង​ចំទួយ​ដៃ​ចំទាស់​បង់​ចំទែង  ស្ដី​កំហែង​តែង​គំហក​បង្រ្គប​ប្ដី ។   ប្ដី​ពុំ​ហ៊ាន​ហើប​ហា​ថា​អ្វី​ឱ្យ  ចេះ​តែ​ដោយ​ប្រើ​ធ្វើ​អ្វីៗ   ទាស់​បន្តិច​វា​ក៏​ខ្និច​ប្ដឹង​មន្ត្រី  អាង​តែ​ប្ដី​ឥត​ញាតិ​ជាតិ​អ្នក​ធំ ។   ញាតិ​ខាង​គេ​ៗក៏​កាន់​វា​ក៏​កឹង  ឯង​មិន​ខុស​វា​ក៏​ខឹង​រឹង​បង្ខំ   តោង​ទន់​តាម​ទើប​បាន​គ្រាន់​សម្ងំ  តែ​ឯង​ខំ​វា​ក៏​ខែង​ឯង​ក៏​ខូច ។   ប្រពន្ធ​ធំ​លើស​ប្ដី​អប្រិយ​ពិត  ឱ​អាណិត​ចៅ​ប្ដី​គ្មាន​ពង្ស​ពូជ   រឹង​ឯ​ណា​ក៏​បាន​ព្រោះ​ប្រាណ​តូច  តោង​ទទួល​ខុស​ខូច​លើ​អាត្មា ។   នែ​អនង្គ​នារី​រូប​ចំណាប់  អញ្ជើញ​ស្ដាប់​ស្រី​ខូច​ណា​នួន​ណា   ស្រី​ពួក​នេះ​សឹង​ចុះ​ក្នុង​តម្រា  ត្រកូល​កាឡ​កិណី​ស្រី​សាមាន្យ ។   

នាង​កុំ​ត្រាប់​តាម​គេ​ណា​មេ​ទូច  នឹង​អាប់​អង្គ​ពង្ស​ពូជ​វង្ស​សន្ដាន   ឧស្សាហ៍​តាំង​សតិ​រំឭក​ប្រាណ  បើ​ឯង​បាន​ស្វាមី​គប្បី​ផ្គង់ ។   បម្រុង​ផ្គាប់​ដោយ​កាយ​វាចា​ចិត្ត  សុចរិត​ចិត្ត​ស្មោះ​ភក្ដី​ត្រង់   ចូរ​ស្ងួន​ស្ងៀម​ចៀម​តួ​បន្ទន់​អង្គ  កុំ​ប្រកួត​កាន់​វង្ស​ឱ្យ​កឺន​ណា ។   ពេល​និទ្រា​​ចូរ​បោស​ទី​ដំណេក  កាល​នឹង​ដេក​ៗឆ្វេង​នៃ​ភស្ដា   កុំ​ទន្ទឹម​កៀក​កើយ​ខ្នើយ​ស្មើ​គ្នា  ចូរ​និទ្រា​ខិត​ក្រោម​ល្មម​ប្រដិបត្តិ ។   ដល់​ពេល​ក្រោក​ចូរ​នាង​ក្រោក​មក​មុន​ប្ដី  ស្លា​បារី​ទឹក​ទន់​នាង​រៀប​ចាត់   ពេល​ល្មម​ដាស់ៗប្ដី​ដោយ​កិច្ច​វត្ត  គឺ​លើក​ហាត់​ស្ដាំ​ចាប់​បាទ​ព្រះ​ភស្ដា ។   ប្ដី​ចេញ​មក​យក​ទឹក​ទន់​លក់​ភក្រ្ត  កន្សែង​សាក់​ហុច​ឱ្យ​ជូត​ភក្ត្រា   ចេញ​មក​ចាត់​ដាំ​ស្ល​តាម​វេលា  ស្រេច​កាល​ណា​លើក​មក​តាំង​តាម​ទី ។   

អញ្ជើញ​ប្ដី​បរិភោគ​គ្រឿង​ក្រយា  លាង​ដៃ​ស្វាមី​ឱ្យ​អស់​រាគី   អង្គុយ​នៅ​បម្រើ​ចាំ​ទី  ប្ដី​ហូប​រួច​សូម​ស៊ី​ជា​ក្រោយ​ហោង ។   បើ​ប្ដី​ហៅ​ចូរ​ថាស​អាធ្យា​ស្រ័យ  នាង​លើក​ដៃ​សំពះ​បាន ៣ ដង   អង្គុយ​បត់​បាទា​ណា​នួន​ល្អង  ជា​ទំនង​គោរព​នៃ​ភស្ដា ។   សូរេច​បាយ​ខ្វល់​ខ្វាយ​ក្នុង​ការ​ខ្លួន  មើល​ថែ​ធួន​សព្វ​ទី​ស្រែ​ចម្ការ   ខាង​ការ​ស្រី​ភ្នាក់​ងារ​នៃ​អាត្មា  ខំ​ឧស្សាហ៍​កុំ​ប្រមាទ​ឱ្យ​ខាត​ខាន ។   ប្ដី​ទៅ​ព្រៃ​នាង​ស្រី​រក្សា​ផ្ទះ  មើល​ជម្រះ​បោស​ច្រាស​លំ​នៅ​ស្ថាន   ប្ដី​រក​ស៊ី​បាន​មក​ឱ្យ​កល្យាណ  រក្សា​ទុក​កុំ​មាន​ក្ដី​មាក់​ងាយ ។   អាធ្យា​ស្រ័យ​ពួក​ញាតិ​សាលោហិត  យក​ជា​មិត្រ​រួម​ទុក្ខ​សុខ​សម្ទាយ   បាន​អ្វី​ប្លែក​គប្បី​នាង​ចែក​ចាយ  មើល​នាយ​អាយ​ឱ្យ​គួរ​នឹង​សន្ដាន ។   

កុំ​ឆ្មើង​ឆ្មៃ​កាន់​ខ្លួន​នួន​វរ​លក្ខណ៍  ឱ្យ​កឺន​សក្ដិ​កឺន​យស​ហួស​វង្ស​វ៉ាន   ប្រើ​មធ្យម​ឱ្យ​សម​នឹង​សន្ដាន  រក្សា​ប្រាណ​រៀន​ប្រប​ស្រប​ភស្ដា ។   ប្រការ​មួយ​រៀន​ស្ដី​ឱ្យ​គួរ​ស្ដាប់  បញ្ចេញ​សព្ទ​ឱ្យ​សម​នឹង​វាចា   បើ​ប្ដី​ថ្នាក់​នាង​ថ្នម​យក​ចិន្ដា  ប្រឡោម​ស្វាមី​មិន​ឱ្យ​មាន​មោះ ។   មែន​ប្ដី​ភ្លើង​ឯង​ទឹក​លត់​ឱ្យ​ភ្លែត  កុំ​ក​ហេតុ​ឱ្យ​កើត​ជា​ជម្លោះ   ទោះ​ប្ដី​ខឹង​នាង​ប្រឹង​អត់​ឱន​ចុះ  យក​ពីរោះ​ត​តប​ឱ្យ​គាប់​ក ។   នឹង​និយាយ​ចាយ​ចាត់​ប្រយត្ន​មាត់  កុំ​និយាយ​ច្រើន​បទ​នាំ​រវល់   ភ្លើង​ខាង​ក្រៅ​កុំ​កាវ​ចូល​មណ្ឌល  ភ្លើង​ខាង​ក្នុង​ប្រុង​តម្កល់​កុំ​នាំ​ចេញ ។   ការ​ឯ​ណា​អប្រិយ៍​ដែល​ប្ដី​ហាម  ប្រព្រឹត្ត​តាម​បែប​ផែន​ឱ្យ​មែន​មិញ   កុំ​កេង​កាង​អាង​ត្បិត​ប្ដី​ស្រឡាញ់  គិត​ក​កាញ់​ការ​មិន​គាប់​នឹង​ធ្លាប់​ទៅ ។   

ទោះ​ពី​រោធ​ក្រោធ​ខឹង​នឹង​ភស្ដា  កុំ​និន្ទា​ស្ដី​ដើម​យល់​មិន​ត្រូវ   ប្រឹង​លេប​ទុក​កត់​ទុក​ក្នុង​កាយ​ចៅ  ឧស្សាហ៍​បិទ​បាំង​ទៅ​កុំ​ប្រេះ​ប្រាយ ។   មែន​បើ​ទាស់​កើត​មោះ​ឈ្លោះ​ប្រកែក  កុំ​កូក​ស្រែក​ចេញ​សព្ទ​ឱ្យ​ឮ​ឆ្ងាយ   មើល​បើ​ប្ដី​មាត់​ខ្លាំង​ជាង​សូរ​សាយ  ចូរ​ចៀស​ចេញ​ឱ្យ​ឆ្ងាយ​ពី​នោះ​ទៅ ។   ទម្រាំ​ក្សាន្ដ​ចិត្ត​ប្ដី​សូម​ឡើង​មក  មើល​លៃ​លក​យក​ចិត្ត​ភស្ដា​ចៅ   ឃើញ​ស្ងប់​ស្ងាត់​បាត់​បាន​សូម​ឆោម​ឆៅ  និយាយ​ទៅ​ឱ្យ​ឃើញ​ហេតុ​នោះ​ហោង។   ភ្លើង​កំពុង​ឆេះ​ខ្លាំង​កុំ​តាំង​ដុត  យក​ឆ្នួន​ចេញ​ឱ្យ​ផុត​កុំ​គរ​កង   គង់​រលត់​ផុត​ឆ្នួន​ទេ​នួន​ល្អង  បើ​ប្ដី​ឆ្គង​នាង​កុំ​ឆ្កឹះ​កើស​ផ្ទញ់ផ្ទាល់ ។   ឈ្លោះ​ប្រកែក​បែរក​ចិត្ត​ឥត​ប្រយោជន៍  កេរ្តិ៍​អាសោច​កើត​អាសារ​ការ​គ្មាន​ផល   ហេតុ​នោះ​នួន​ចូរ​ស្ងួន​ខំ​ខ្វាយ​ខ្វល់  រក្សា​កេរ្តិ៍​តាម​កល​ឱ្យ​កើត​សក្ដិ ។   

ថ្នម​ចិត្ត​ចៅ​កុំ​ចើក​ពី​ចិត្ត​ប្ដី  ចូរ​ភក្ដី​សុច​រិត​ស្វាមី​ភក្ដិ   ដូច​យ៉ាង​នាង​សិតា​ប្រកប​លក្ខណ៍  ទស​ភក្រ្ត​មិន​អាច​នឹង​ជិត​បាន ។   សុច​រិត​ចិត្ត​ល្អ​នឹង​កើត​ផល  ជា​កុសល​ចម្រើន​សុខ​ក្សេម​ក្សាន្ត   ទេពនិករ​ឱ្យ​ពរ​បរិបូណ៌​បាន  ភ្លឺ​ក្នុង​ស្ឋាន​មនុស្ស​លោក​យោគ​សួគ៌​នាយ ។   កិត្តិគុណ​កិត្តិយស​ឮ​សុសសព្វ  ក្លិន​ត្រឡប់​សព្វ​ទិស​ពីតោ​សាយ   ត​ពូជ​ពង្ស​វង្ស​វែង​អង្វែង​ឆ្ងាយ  ជន​ទាំង​ឡាយ​សឹង​សរសើរ​នួន​អនង្គ ។   ការ​ប្រព្រឹត្ត​ស្លូត​ត្រង់​ត្រូវ​ចិត្ត​ប្ដី  ប្ដី​ក៏​រឹង​បេតី​គួច​ភិសវង់   ទោះ​រូប​នាង​អាក្រក់​ពី​ការ​អង្គ  តែ​ចិត្ត​ត្រង់​ប្ដី​ក៏​ត្រេក​ដេក​មិន​ឆ្ងាយ ។   មែន​រូប​ល្អ​តែ​ចិត្ត​ចោរ​អប្រិយ៍  ដូច​កាកី​កែវ​កប​រូប​ឆើត​ឆាយ   ចោរ​ចើក​ចោល​ព្រហ្ម​ទត្ត​ក្សត្រ​ពណ្ណរាយ  ទៅ​សហាយ​នឹង​គ្រុឌ​រត់​ចោល​ប្ដី ។   

បាន​សុបណ្ណ​មិន​ឆ្អន់​មិន​ឆែ្អត​ឈប់  ទៅ​សម្ភព្វ​គន្ទន​ទៀត​ជា​បី   ត្រូវ​បណ្ដែត​ពោង​ពាយ​ក្នុង​ជល​ធី  សូន្យ​ជីវី​ក្នុង​ទឹក​នឹក​អនិច្ចា ។   នេះ​ព្រោះ​ចិត្ត​រាយ​មាយ​មិន​សណ្ដោស  បាន​ទុក​ទោស​ចុះ​ត្រូវ​ព្រះ​អាជ្ញា   រឿង​និទាន​ក៏​មាន​ក្នុង​សត្រា  នាង​ឧស្សាហ៍​មើល​ទុក​ជា​ច្បាប់​ស្រី ។   ច្បាប់​ស្រី​ហ្លួង​អង្គ​ដួង​ទ្រង់​តែង​ទុក  មាន​ទំនុក​ពិស្ដារ​តាម​បាលី   ចូល​រក​មក​មើល​ណា​នាង​ស្រី  ជា​គ្រឿង​តឿន​ស្មារតី​បាន​ក្ដី​គាប់ ។   សុភាសិត​យើង​នេះ​តែង​សង្ខេប  ព្រោះ​មាន​បែរប​បូរាណ​ក៏​ច្រើន​ច្បាប់   នឹង​តែង​សាំ​ក៏​សាំ​កឺន​តម្រាប់  អញ្ជើញ​ស្ដាប់​តែ​សង្ខេប​ជា​បែប​ថ្មី ។   ខ្ញុំ​សូម​ទោស​អ្នក​ស្រី​ដែល​ប្ដី​លែង  នឹង​ស្រី​ល្បែង​ប្រព្រឹត្ត​ក្បត់​ចិត្ត​ប្ដី   បើ​បាន​ឮ​ចូរ​អំណត់​កាន់​ខន្ដី  កុំ​ស្រដី​និន្ទា​ខ្ញុំ​អ្នក​តែង ។   បន្តិច​ថា​អាចារ្យ​អាង​ប្រាជ្ញ​ព្រោក  លើក​ប្រយោគ​ថា​ទៅ​តែ​ឯង​ៗ   បាន​តម្រា​ពី​ណា​មក​សម្ដែង  តែង​ឡើង​តែង​ឱ្យ​តែ​យើង​នេះ​ខ្លាច​ប្ដី ។   ខាង​ប្រុស​តើ​ម្ដេច​មិន​តែង​មិន​ចែង​ចាត់  ឱ្យ​ប្រដិបត្តិ​ប្រពន្ធ​ខ្លះ​កើត​អី   នេះ​អាង​គាត់​ៗ ជា​ប្រុស​ចេះ​ស្រដី  បង្គាប់​ស្រី​ឱ្យ​តែ​ស្រី​ទាប​ជាង​ប្រុស ។   

ខាង​ប្រុស​គេ​មាន​ស្រី​ពីរ​បី​បាន  ច្បាប់​គ្មាន​ហាម​ប្រាម​ថា​មាន​ទោស   ត្រង់​យើង​ស្រី​លេង​ខ្លះ​ផ្ដាស​ថា​ខុស  អាង​តែ​ប្រុស​ចេះ​តែង​មក​ក្លែង​ថា ។   លេង​បៀ​ប៉ោ​អស់​ប្រាក់​ៗ​យើង​មាន  ទៅ​សូម​ទាន​ពី​គាត់​មក​កាល​ណា   រវល់​អ្វី​មក​ហាម​យើង​គ្រប់​គ្នា  បើ​គាត់​ជា​ក៏​ជា​តែ​គាត់​ទៅ ។   បើ​ស្រី​ណា​ដៀល​ច្នេះ​ឱ្យ​ស្រី​នោះ  ធ្លាក់​ទៅ​ចុះ​ក្នុង​ស្ថាន​នរក​ជ្រៅ   យម​បាល​អុជអាល​ដោយ​ដែក​ក្ដៅ  មាន​ដង្កូវ​ចុះ​មាត់​ពន្ធ​ពេញ​ប្រាណ ។   ក្លិន​ស្អុយ​ឆ្អាប​ឆ្អេះ​អាសោច​ឆ្ងាយ  ពិការ​កាយ​កើត​ស្លាប់​រាប់​ពុំ​បាន   អស់​កំណត់​មក​កើត​ជា​ប្រេត​ប្រាណ  ជា​តិរច្ឆាន​រង​ទុក្ខ​ឥត​សុខា ។   កើត​ជា​មនុស្ស​មាត់​ស្អុយ​អ្នក​ផង​ស្អប់  គ្មាន​គេ​គប់​ចង់​យក​ជា​ភរិយា   កើត​វិបត្តិ​ខ្ចាត់​ខ្ចាយ​ព្រាត់​ប្រាស់​គ្នា  ហ្វូង​ទេវា​ផ្ដាសា​ឱ្យ​វិបរិត ។   

បើ​ស្រី​ណា​កប​កេរ្តិ៍​ឥរិយា​គាប់  បាន​ត្រង់​ត្រាប់​ស្ដាប់​យក​ទុក​ក្នុង​ចិត្ត   ប្រតិបត្តិ​ធ្វើ​តាម​សុភាសិត  ទេពឫទ្ធិ​ចូរ​ចួប​ចម្រើន​ជ័យ ។   ឱ្យ​នោះ​បរិបូណ៌​សុខ​ក្សេម​ក្សាន្ត  ស្លាប់​ទៅ​បាន​កើត​ក្នុង​សួគ៌ា​ល័យ   សោយ​សម្បត្តិ​ឥត​ទុក្ខ​ឥត​ភាភ័យ  សម្រាន្ត​ព្ធ​វិមាន​ជា​ឱឡារ ។   ទេព​អប្សរ​អរ​ឱន​មក​ស្នង​ស្នើ  ចោម​ជុំ​ស្មើ​បម្រើ​ជា​បរិវារ   សូត្រ​ថ្វាយ​ជ័យ​ឱ្យ​សព្ទ​សាធុការ  ជា​អស្ចារ្យ​ឮ​សព្វ​ទាំង​រាត្រី ។   សោយ​សុខ​សួគ៌​អស់​ផល​ចុះ​មក​កើត  យក​កំណើត​ជា​មនុស្ស​ក្នុង​លោកីយ៍   កើត​ក្នុង​វង្ស​ព្រះ​បរម​ចក្រី  កប​រាសី​ល្បី​កេរ្តិ៍​សព្វ​ទិសា   ។  ទ្រង់​ព្រះ​រូប​ឆើត​ឆោម​ជា​ចម​ស្រី  លើស​នារី​ក្នុង​ស្ថាន​យើង​នេះ​ណា   ជា​ឯង​អគ្គ​មហេសី​នៃ​ចក្រា  សែន​សុខា​ត្រា​ដល់​និព្វាន​នាយ ។   

នែ​អនង្គ​នារី​នាង​ចូរ​ស្ដាប់  ប្រុង​ត្រង​ត្រាប់​យក​ទុក​ក្នុង​អង្គ​កាយ   ប្រតិបត្តិ​ឱ្យ​ត្រូវ​ដូច​បរិយាយ  នឹង​សម្រេច​ដូច​ហ្មាយ​នេះ​ជៀង​ជាក់ ។   មួយ​សុំ​ទោស​ពួក​ប្រុស​កំលោះ​ក្មេង  បណ្ដា​លេង​ចង់​ស្រី​តាម​ក្ដី​ស្មគ្រ   ក្រែង​ស្រី​ណា​ចង់​តឹង​មិន​បាន​អ្នក  អ្នក​កុំ​អាក់​អន់​ចិត្ត​ដល់​ខ្ញុំ​ឯង ។   ថា​ពី​ដើម​ចង់​ងាយ​សប្បាយ​ចិត្ត  ដល់​មក​មាន​សុភាសិត​អាចារ្យ​ចែង   ពួក​ស្រី​ៗ​វា​ចេះ​មិន​លុះ​ល្បែង  ព្រោះ​អាចារ្យ​ឥន្ទ​តែង​បាន​ជា​តឹង ។   កុំ​គិត​ក្រែង​ថា​ខ្ញុំ​ឈ្នា​នីស​អ្នក  មិន​ឱ្យ​បាន​រួម​រក្ស​នឹង​ស្រី​ហ្នឹង   តែ​គឺ​មោះ​ស្រី​នោះ​គេ​ល្អ​ដឹង  បាន​ជា​រឹង​គេ​មិន​តាម​ចិត្ត​អ្នក ។   វិស័យ​ស្រី​អ្នក​ល្អ​កប​ឥរិយា  ចាំ​មាតា​បិតា​គេ​ទុក​ដាក់   រូច​អ្នក​ឯង​ប្រាថ្នា​លេង​លួច​លាក់  តែ​បាន​ស្មគ្រ​ឆ្អែត​ហើយ​ក្រែង​ឆ្អើម​វិញ ។   

ហេតុ​នោះ​បាន​ជា​គេ​មិន​ចង់​គប់  ប្រែ​ត្រឡប់​ជា​ស្អប់​មិន​ស្រឡាញ់   ចាំ​ម៉ែ​ឪ​គេ​ដាក់​គេ​ដាំ​វិញ  ទោះ​នឹង​ចេញ​ទោះ​នឹង​ចូល​បង្គោល​  មាន ។   ដូច​អ្នក​ឯង​ស្វែង​រក​ប្រពន្ធ​ល្អ  ប្រាថ្នា​ត​ពូជ​ពង្ស​វង្ស​សន្ដាន   បើ​ស្រី​នោះ​រូប​ល្អ​ម្ហូប​គ្មាន  អ្នក​មិន​ហ៊ាន​នឹង​ចូល​ទៅ​សម្ពន្ធ ។   ការ​លេង​ស្រី​នេះ​មិន​ងាយ​ទេ​ណា​អ្នក  ស្រី​អប្ប​លក្ខណ៍​នោះ​មាន​គ្រប់​តំបន់   លេង​ឯ​ណោះលេង​ឯ​ណេះ​មិន​ចេះ​ស្រន់  អ្នក​ឯង​មុន​គេ​ក្រោយ​ដោយ​ពេញស្រុក ។   ស្រី​ចង់​ងាយ​បាន​ងាយ​លែង​ក៏​ងាយ  អ្នក​កុំ​ហ្មាយ​ថា​បាន​សេចក្ដី​សុខ   ស្រី​សាមាន្យ​យើង​បាន​សម្ដែង​ទុក  មាន​ខាង​មក​ហើយ​ចូល​មើល​ចុះ ។   មួយ​ទាសី​ខ្ញុំ​គេ​អ្នក​ទៅ​ស្មគ្រ  វា​តោង​អ្នកៗឯង​ក៏​តេះ​តុះ   ត្រូវ​គេ​ចាប់​សែន​ខ្មោច​ក៏​ខូច​ឈ្មោះ  កេរ្តិ៍​ឮ​សុស​ខ្មាស​គេ​សព្វ​ទិសា ។   

ចួន​ប្រទះ​ស្រី​ឈ្នួល​បបួល​លេង  បានមួយ​ភ្លើង​ពីរ​ភ្លើង​ភ្លាត់​ថា   ដេក​សន្ធឹង​តម​ថ្នាំ​ត្រាំ​សុរា  ចុះ​អនិច្ចា​បង់​ប្រាក់​ទិញ​ថ្នាំ​ធៀប ។   ស្រី​ក៏​ខូច​ប្រុស​ក៏​ខិល​មាន​ច្រើន​យ៉ាង  នឹង​អែប​អាង​ទាញ​យក​មក​តែង​ប្រៀប   លើស​កម្លាំង​នឹង​លើក​សរសេរ​ធៀប  យើង​រាយ​រៀប​តែ​ល្មម​ចូល​ចិត្ត​បាន ។   លោក​ណា​បាន​អាន​មើល​សុភា​សិត  មិន​គាប់​ចិត្ត​ក៏​ចៀស​ចេញ​កុំ​អាន   បើ​លោក​ណា​គាប់​ចិត្ត​តាម​សណ្ឋាន  អញ្ជើញ​អាន​ប្រយត្ន​​​រូប​ក្រាំង[១]ខ្ញុំ ។   កុំ​ឱ្យ​ខ្ចាយ​ទឹក​មាត់​ដិត​ប្រឡាក់  កុំ​ឱ្យ​ធ្លាក់​ពី​ដៃ​ក្រាំង​ទក់​គ្រាំ   ក្រដាស​ដាច​ដាច់​ផ្នត់​ចេញ​ពី​ពុម្ព  អាណិត​ខ្ញុំ​បំណាច់​ខ្ញុំ​តែង​តាំង ។   បរិយាយ​ច្រើន​ៗកើន​កំណត់  ខ្ជិល​រោយ​មាត់​កាយ​អស់​កម្លាំង   ពេល​ក៏​ចួន​បញ្ចប់​ចុះ​ឯ​វំ  និដ្ឋិតំ​ចប់​ស្លេះ​ប៉ុណ្ណេះ​ហោង ។              

[១]-កាល​ដែល​ឧកញា​សុត្តន្ត​ប្រីជា ឥន្ទ លើក​សុភាសិត​នេះ បាន​សរសេរ​ចុះ​ក្នុង​ក្រាំង។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា អត្ថបទក្បាលទី ១ ឆ្នាំទី ៦ ខ្សែទី ៤-៥-៦ ព.ស. ២៤៧៧ គ.ស.១៩៣៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments