ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ
គ.ស. ១៩២២
បទព្រហ្មគីតិ
១– នេះបទព្រហ្មប្រាជ្ញប្រាយ ខ្ញុំអធិប្បាយលើកល្បត់ល្បង ប្រដៅកូនចៅផង ចងជាច្បាប់ខុសនិងត្រូវ ។ កត្ដិកខ្នើតគ្នេរគ្នាន់ ក្នុងវសន្តរដូវ ទឹកស្រែជនលិចស្រូវ នៅសំណល់សំណាបខ្ចី ។ កិរកាលពីព្រេងព្រឹទ្ធ ដើមគំនិតពីសេដ្ឋី ខ្ញុំលើកកិរកាលថ្មី តែងសេចក្ដីជាបរមត្ថ ។ ក្នុងថ្ងៃពេញបូណ៌មី ម៉ោង៨ព្រលប់ស្ងាត់ ឆ្នាំចចត្វាក្សត្រ ផាត់សករាជកន្លងឆ្ងាយ ។
៥– សាសនាព្រះសមណៈ បានពីរពាន់បួនរយប្លាយ ហុកសិបឆ្នាំកម្ចាយ ចាត់អធិប្បាយពីខុសត្រូវ ។ កិរកាលដំណាលទុក ជាទំនុកដំណែលនៅ តំណតរៀងទៅ ត្រូវចិត្ដជនប្រុសស្រី ។ កូនអើយពាក្យអាពុក ជាទំនុកទំនើបថ្មី អភិប្រាយរាយបាលី អាពុកស្ដីឱ្យកូនស្ដាប់ ។ គួរស្ដាយកេរ្ដិ៍ម៉ែឪ កិរិយាត្រូវឱ្យខំត្រាប់ កិរិយាណាខុសច្បាប់ គួរក្រឡាប់ក្រឡាស់ចោល ។ ម្ដាយអាពុកនិងកូន បីដូចខ្លួននិងស្រមោល ឃើញខុសកុំដេញដោល កុំថ្កោលទោសអ្នកមានគុណ ។
១០– ល្ងង់ខ្លៅត្រូវតែសួរ ពាក្យឱ្យគួរកុំឱ្យស៊ុន យកពាក្យផ្អែមជាមុន ទន់លំទោនឱនប្រណិប័តន៍ ។ ទោះម៉ែឪស្លូតកាច គួរតែខ្លាចដូចមហាក្សត្រ ម្ដាយជេរពីរបីម៉ាត់ គួរតែស្ងាត់ស្ងៀមឱ្យឈឹង ។ ប្រដៅត្រូវតែស្ដាប់ យកតម្រាប់កុំទទឹង ម្នោម្នះចចេសរឹង ហ្នឹងហើយហៅកូនសេសកម្ម ។ ធម៌អាថ៌ចេះតែភ្លេច ជេរប្រទេចចេះតែចាំ អាពុកពត់ទៅស្ដាំ អកុសលកម្មទាញទៅឆ្វេង ។ អវជាតិបុត្រ ខូចបំផុតតាំងពីក្មេង ប្រព្រឹត្ដព្រើលផ្សេងៗ បើលេងអ្វីស្ដីមិនស្ដាប់ ។
១៥– មិនស្ដាយជាតិកំណើត ល្ងង់ស្លុតស្លើតដល់ចាស់ស្លាប់ ត្រឹមត្រូវមិនសូវស្ដាប់ ព្រួយគេប្រាប់ទាំងយប់ថ្ងៃ ។ ម៉ែឪមានគុណណាស់ មិនសំពះខ្លាចអៀនដៃ បើអ្នកក្រៅដទៃ វិស័យសោះសំពះបាន ។ ឆ្លើយបាទចា៎ះចា៎ខ្ញុំ រាបរម្យទមនឹងសន្ដាន ម៉ែឪឯងក្នុងឋាន ហ៊ានឆ្លើយអីអញអឺអើ ។ អនុជាតិបុត្រ ស្លូតបំផុតស្រណុកប្រើ ប្រកបការប្រសើរ ដើរតែតាមលំអានឪ ។ ប្រដៅទទួលយក ចេះលៃលកស្ដាប់ខុសត្រូវ ស្រណុកញាក់ធ្លាក់ផ្លូវ មិនសូវភ្លេចដំបូន្មាន ។
២០– អតិជាតិបុត្រ ល្អបរិសុទ្ធស្ដាប់សីលទាន នាំឪទៅនិព្វាន ឈានទៅរកកន្លែងសុខ ។ ចេះលើសគេដរាប ជឿបុណ្យបាបប្រេតនរក មិនល្មោភនឹងមូត្រលាមក ភ័យនឹងភក់ភពសង្សារ ។ នេះគឺដើមបាលី បុត្រទាំងបីបែបកិរិយា ស្រឡាញ់ណាស្អប់ណា តាមសញ្ញាចូលចិត្ដចុះ ។ អវៈធ្លាក់ផ្លូវក្រោម ប្រព្រឹត្ដព្រមតែខាងខុស អតិជាតិមារយាទខ្ពស់ អនុនោះយ៉ាងកណ្ដាល ។ អតិ១០០មានមួយ គួរតែស្ទួយដាក់លើក្បាល អវៈគឺស្រើបស្រាល ត្រអាលយកតែពីរយ៉ាង ។
២៥– អតិជាតិកំណើត គំនិតកើតពីកសាង កុសលតម្កល់ខាង សំណាងកើតពីគំនិត ។ អនុអានាងអើយ ខ្លួនធំហើយឱ្យចេះគិត ចេះកាញ់ស្គាល់ឆ្ងាយជិត ប្រព្រឹត្ដយកតែខាងត្រូវ ។ រៀនរិះរកទ្រព្យធន យកប្រពន្ធមើលធុនឪ ធុនថោកជ្រកខុសផ្លូវ អ្នកកុំទៅខ្លាចបន្លា ។ ផ្លូវវៀចកុំបោះបង់ ផ្លូវព្រៃត្រង់កុំយាត្រា ឈានឈរពិចារណា ឆ្ការឱ្យស្អាតសឹមដើរទៅ ។ កុំដើរភ្លើភ្លេចខ្លួន ខ្លាចក្រែងចួនធ្លាក់ជ្រោះជ្រៅ ជ្រកម្លប់សម្នាក់នៅ កុំបោះពៅផ្ទប់គល់ ឈើ ។
៣០– ឆេះខ្លោចសម្បកក្រោម ស្រពោនញមស្លោកស្លឹកលើ មានភ្នែកឱ្យចេះមើល៍ កុំល្ងីល្ងើល្ងង់ល្ងឹតពេក ។ រៀនដើរឱ្យមើលផ្លូវ ធ្វើស្រែស្រូវឱ្យមើលមេឃ ម្លប់ធ្លកធ្លាប់ជ្រកដេក ជាដំណេកអ្នកដំណើរ ។ ដំណែលដែលគេដាក់ ជាដំណាក់ទំនួលផ្ញើ ចំណាំចាំគ្រាន់បើ ដើរក្រោយៗគ្រាន់ជ្រកទៀត ។ ឈើណាទោសសត្រូវ ដុះជិតផ្លូវនាំចង្អៀត ជំពប់យប់អធ្រាត្រ ឆ្លៀតកាប់ចេញកុំទុកវា ។ បន្លាគល់ដង្គត់ គន្លងផុតតែភ្នែកជា ដើរយប់ជំពប់ពារ ក្រែងគ្រោះគ្នាអ្នកដើរក្រោយ ។
៣៥– គ្នាមុតកុំចាំផ្ទាន់ ឃើញគួរជាន់កុំបណ្ដោយ បណ្ដើរមើលខ្លាំងខ្សោយ ឱ្យពិនិត្យពិចារណា ។ ពាក្យពិតត្រង់ប្រាកដ ត្រូវច្រើនបទច្រើនប្រការ ប្រកបជាប្រស្នា ប្រាជ្ញាអាប់ស្លាប់នឹងឆ្ងល់ ។ ផ្លូវពិតទាំងជិតឆ្ងាយ សព្វសុសសាយមិនសេសសល់ អ្នកណាប្រាជ្ញាដល់ ដឹងយោបល់ច្រើនកន្លែង ។ កូនអើយការកេរ្ដិ៍ឈ្មោះ កុំចង់រស់តែម្នាក់ឯង គិតអ្វីគិតឱ្យវែង ក្រែងក្រក្រោយស៊យគំនិត ។ កំណើតរាល់រូបកាយ ចេញជួញឆ្ងាយស្ដាយជួញជិត ចិញ្ចឹមជន្មជីវិត គិតឱ្យស្រេចទើបបានស្រួល ។
៤០– ធ្វើស្រែចង់បានស្រូវ ដើមរដូវធ្វើស្រែទួល ស្រែទាបមើលទំនួល លើកទំនប់ឱ្យមាំមួន ។ កូនអើយកេរមេបា ចាំរក្សាមើលថែថួន ធុញថប់ថយថោកខ្លួន ចួនជាខ្សត់គេថាខ្សោយ ។ ស្រូវខ្សោយអង្ករថ្លៃ លក់សំចៃទុកឆ្នាំក្រោយ អ្នកក្ររកញយៗ ឱ្យអ្នកសុំជាងអ្នកខ្ចី ។ សប្បុរសពេកថយធន មូទូជនថយរាសី ប្រពន្ធល្អច្រើនអាប់ប្ដី ពាក្យអប្រិយចាញ់អាត្មា ។ ឈើផ្លែចាញ់សន្លឹក ត្រីវរវឹកទឹកមិនថ្លា កំណាញ់ក្រៅតម្រា សោតសឹងអាប់ប្រយោជន៍យស ។
៤៥– នឹងឱ្យៗមើលភាព ឱ្យអ្នកទាបជាងអ្នកខ្ពស់ អ្នកទិញឈប់សិនចុះ ក្នុងតែរស់មិនស្លាប់ងាយ ។ កំណាញ់ហួសកំណត់ ពាក្យអ្នកខ្សត់ខ្សបនិយាយ ទេវតាផ្ដន្ទាទាយ រលាយអស់រលស់ឯង ។ សទ្ធាមើលធនធាន ជាតិអ្នកមានមិនអង្វែង កំណាញ់ដោយកន្លែង ក្រែងគ្រោះក្រដល់ឆ្នាំក្រោយ ។ អ្នកក្រខ្ចីនេះកុំ អ្នកមានសុំនេះគួរឱ្យ អ្នកប្រាជ្ញអង្គាសញយ អស់ក៏ដោយឱ្យទៅចុះ ។
៥០– អ្នកក្របានជាហាម ពិបាកតាមទៅឯណោះ ទាល់ទឹកចូលច្រមុះ ច្រើនកើតឈ្លោះពីព្រោះយល់ ។ អ្នកមានគេមានខ្មាស សងរហ័សមិនអំពល់ ចួនយើងមានរវល់ គេស្គាល់មុខស្រណុកខ្ចី ។ អ្នកក្រៗទាំងចិត្ដ ស្រូវឆ្មារល្អិតឱ្យមើលល្អី វាល់ល្អកន្ដាំងបី ទាន់ស្រូវថ្មីទារឆាប់បាន ។ ចួនក្រែងឯងក្រវិញ ទោះដូរទិញមើលប្រមាណ ជឿបុលខ្ចីសន្ដាន កុំហ៊ានពារកញ្ជើធំ ។ ខ្លួនក្រកុំចង់ធាត់ កុំងាកមាត់អាងតែសុំ ជឿខ្ចីល្អីក្រមុំ ស្រូវឯងទុំស្រណុកសង ។
៥៥– បើជឿខ្ចីគេឱ្យ កុំទៅញយគេឱ្យខ្នង ឯណេះឯណោះផង កុំច្រើនដងគេមើលងាយ ។ ក្រលុយកុំងុយដេក ចូលដំណេកកុំនិយាយ សំពត់ញាត់សម្ពាយ រាយរើសរៀបញាត់សម្ពៀត ។ រៀបដេកសំពះគុណ កុំដេកស៊ុនឱ្យប្រុងស្នៀត ភ្លើងឆេះយប់អធ្រាត្រ កណ្ដៀតទូលប្រមូលរត់ ។ ខ្លួនរាស្ត្រក្រមាសប្រាក់ ភើចកន្ត្រាក់អាវសំពត់ ទម្រាំភ្លើងរលត់ ស្លៀកផ្គង់ផ្គត់សោះខ្មាសគេ ។ កូនអើយគិតឱ្យគ្រប់ រៀងរាល់យប់កុំទំនេរ ជាងដេកលក់ទទេ យល់សប្ដិជេរបិសាចក្រៅ ។ ទម្លាប់មាត់មមើ ស្រែកថាយើៗអៅៗ ចោរខ្មាំងខ្មោចចិត្ដខ្មៅ ហៅមេខ្មៅវ៉ៃឱ្យខ្មុក ។
៦០– ដេកផ្អៀងជាងអង្គុយ ល្ងាល្ងាន់ល្ងុយកុំទ្រាំងក់ ពីល្ងាចដេកពុំលក់ មាន់រងាវជក់ស៊ីម្លូស្លា ។ ជាងល្ងឹតឥតអំពើ ឥតអ្វីធ្វើសូត្រធម៌អាថិ បើច្បាស់វិបស្សនា ស្មាស្មាធស្មឹងប្រឹងឱ្យស្មោះ ។ គងខ្នើយដេកកើយស្មុគ គ្របឱ្យសុខសូត្រអំបោះ កុំដាក់ដោយកៀនកោះ អស់នឹងសត្វកណ្ដៀរកោរ ។ កណ្ដុរកន្លាតកាត់ ដល់កំណាត់ខានដេរខោ ចួនកាលមានអាចោរ លលបលួចលីទៅបាត់ ។ កុំដាក់ឆ្ងាយប្រយោល ទុកជាចោលមិនប្រយត្ន ប្រយោជន៍យប់យាមស្ងាត់ បង្កាត់ភ្លើងបង្គោលគោ ។
៦៥– បង្ការក្រែងមូសខាំ ត្រូវចំណាំខ្យល់ជំនោរ បាយកកផ្អកម្ហូបជោរ ឱ្យអាលោស៊ីចាំសេះ ។ កំណើតឆ្កែញីឈ្មោល ដេកចំណូលតែនិងផេះ រៀនប្រើមើលចំណេះ រិះចំណាំតាមកិរិយា ។ ទោះប្រើកូនតូចធំ ឬប្រើខ្ញុំឱ្យធ្វើការ ធ្វើកលយល់ប្រាជ្ញា អាណាហ៊ានប្រើទៅឆ្ងាយ ។ អាខ្លាចប្រើតែជិត ឥតគំនិតប្រើរៀងអាយ ខុសម្ដងកុំជេរម្ដាយ ពេលដល់បាយកុំនាំឈ្លោះ ។ មនុស្សឃ្លានវាហ៊ានឆ្លើយ ស៊ីរួចហើយបន្ទោសចុះ បានឆ្អែតប៉ោងពេញពោះ ស្ដីខុសត្រូវមិនសូវខឹង ។
៧០– កូនអើយពាក្យអាពុក ចំណាំទុកពីត្រឹមហ្នឹង ធ្វើប្រុសឱ្យខំប្រឹង រៀនឱ្យដឹងស្គាល់ពុតស្រី ។ មារយាទនិងមាយា ម្យ៉ាងចិត្ដជាចេះថ្នមប្ដី ប្ដូរស្លាប់រស់វាហី យកពីរបីនេះមិនបាន ។ កុំលោភច្រើនៗព្រួយ យកតែមួយសុខក្សេមក្សាន្ដ ចិត្ដស្រីទាំងប៉ុន្មាន ហ៊ានប្រមូលម៉ៅមិនខុស ។ មិនខូចគ្រប់តែស្រី ល្អពីរបីចាំទុកចុះ ជាតិស្រីលោភលើប្រុស នោះមិនខុសស្រីណាមួយ ។ ខ្លាំងខ្សោយកុំឱ្យខ្សត់ ទោះនឿយហត់កុំរំអួយ ធ្វើប្រុសតែងតែព្រួយ ស្រីមិនជួយកុំត្អូញត្អែរ ។
៧៥– ខ្លួនខ្លាំងកុំគិតខ្លាច ស្រីៗកាចស្លូតដោយខែ រដូវធ្វើស្រូវស្រែ ចែប៉ប្រែស្ដីលើប្រុស ។ ខែស្ទូងនិងខែច្រូត កាចរហូតដល់ខែបុស្ស ខែបែនបោករលស់ រលីងអស់អំពីដី ។ ជញ្ជូនដាក់ជង្រុក ពូជពេញទុកស្បោងពីរបី ដំណើបបួនដប់ល្អី ស្រីៗស្លូតហើយខែហ្នឹង ។ ស្លូតផុតនៅខែមាឃ ស្ដីធ្ងន់ពាក្យមិនសូវខឹង បើប្រុសៗមិនដឹង ប្រឹងតែព្រួតស្អប់ស្រីៗ ។ ម្យ៉ាងទៀតមារយាទខូច មាយាបេះក្រូចមាយាដកខ្ញី មានប្រុសសហាយថ្មី រឹតថ្នមប្ដីមិនឱ្យអាក់ ។
៨០– អីអើតែមាត់ក្រៅ ចិត្ដមួម៉ៅគ្មានត្រជាក់ ត្រីសាច់ល្អលួចលាក់ ដាក់តែឆ្អឹងឱ្យឯងស៊ី ។ បញ្ជោរចេះបញ្ចើ បញ្ឆោតប្រើឯងវក់វី វរវឹកព្រួតប្រុសពីរ ស៊ីទាល់ងាប់គាប់សងខាង ។ មួយទៀតផិតកំលោះ ស្រឡាញ់ស្មោះស្មគ្រអស់យ៉ាង លោមប្ដីលាសំណាង ទាស់ក្អេងក្អាងទារសំបុត្រ ។ បើប្ដីមិនព្រមលែង លបជំទែងជំទយរត់ មួយទៀតខូចបំផុត មាត់ឱ្យប្រុសសម្លាប់ប្ដី ។ ម្យ៉ាងទៀតមារយាទជា មានច្រើនគ្នាក្នុងលោកិយ ប្រាកដពេញជាស្រី ប្រុសពីរបីស្មាលាកម្ម ។
៨៥– ស្លាប់រស់មួយនឹងមួយ មិនចង់ព្រួយយកប្រុសប្រាំ ប្ដីស្លាប់បួនដប់ឆ្នាំ ចាំសីលទានមិនមែនទៀត ។ ធ្វើបុណ្យផ្សងសច្ចា សុំប្រាថ្នាចួបរាល់ជាតិ អុជធូបដេកឱបធាតុ កណ្ដៀតថោកោរកាន់ទុក្ខ ។ និយាយពីពុតប្រុស ចូរចាំចុះជាទំនុក តំណតទៅមុខ អាពុកប្រាប់ឱ្យស្រីចាំ ។ ប្រពន្ធមួយមិនស្កប់ ប្រពន្ធដប់គ្រាន់តែស្កាំ កាចស្លូតរហូតឆ្នាំ រាំដរាបរាល់រូបា ។ កាចម្យ៉ាងខាងល្ងាចព្រឹក រឿងបាយទឹកថ្នាំម្លូស្លា កាចម្យ៉ាងខាងធ្វើការ ម្យ៉ាងទៀតណារឿងប្រចណ្ឌ ។
៩០– ប្រជុំជាតិចិត្ដប្រុស ត្រូវនិងខុសជាកំណាន់ គំនិតល្អសំខាន់ ប្រកាន់មើលឥរិយាបថ ។ ប្រចណ្ឌរាវរាលឈ្មោះ ច្រើនកើតឈ្លោះទៅជាខ្សត់ មួយឃើញជាក់ប្រាកដ ប្រកៀកចាប់ធ្វើទោសបាន ។ លកលៃតែខាងប្រុស ប្រពន្ធខុសបង្អង់ខាន ខូចម្ដងខាតប៉ុន្មាន រាប់អានឱបក្រសោបទៀត ។ មួយលកលៃទាំងពីរ នៅរកស៊ីដោយសារញាតិ ស្រីមាយាឥតមារយាទ ស្មាលាជាតិមិនឱ្យចួន ។ ប្រចណ្ឌទាំងបីបទ គួរកួចកត់ទុកក្នុងខ្លួន លក់ពីរពេញចំនួន កួនគុំទុកយកជាច្បាប់ ។
៩៥– ប្រចណ្ឌហើយយកទៀត ហៅជួជាតិមារយាទអាប់ កូនណាយកតម្រាប់ ស្លាប់នឹងស្រីៗមើលងាយ ។ ទោសតិចកុំទាញផ្សំ ឃើញមិនចំកុំនិយាយ កុំចាប់ស្ទើររវើរវាយ នាំឱ្យវល់អំពល់ចិត្ដ ។ ពុតប្រុសនិងពុតស្រី ចប់សេចក្ដីពីក្បត់ផិត រៀងរើសណាសុខចិត្ដ គិតសម្គាល់រាល់រូបកាយ ។ បើមានកូនក្រមុំ គួរតែកុំបណ្ដោយឆ្ងាយ ឱ្យមើលនាយមើលអាយ ស្រេចនៅម្ដាយរក្សាកូន ។ ប្រយត្នកុំឱ្យឃ្លាត ភ្លាត់មារយាទមិនសុទ្ធសូន្យ កុំទុកចិត្ដបងប្អូន ជីដូនមួយជួយរក្សា ។
១០០– ក្រមុំមានម្រាក់មិត្រ មេមួយគិតនាំកិច្ចការ កុំជឿចិត្ដនរណា មើលកិរិយានៃកូនឯង ។ ទោះស្ទូងដកយប់ថ្ងៃ ដើរយកដៃដាច់សង្វែង ប្រុសខូចលួចបន្លែង តែទាស់ភ្នែកបែកមេបា ។ ច្រើនណាស់តែសែនខ្មោច កេរ្ដិ៍អាសោចផុតអាសា នាំកូនឡើងសាលា គេថាឱ្យជំងឺចិត្ដ ។ បើមានកូនប្រសា មិនទាន់ការគួរឱ្យប្រិត កុំឱ្យបម្រើឆ្អិត អាណិតវាៗសងគុណ ។ យប់ថ្ងៃចូលប្រតិបត្ដិ គាតក្រវាត់រត់រែកពុន អាចនឹងច្រើនជឿមុន ស៊ុនអំពីឪពុកម្ដាយ ។
១០៥– រក្សាកូនប្រពន្ធ រកទ្រព្យធនចង់ធូរចាយ ជួញជិតកុំជួញឆ្ងាយ ជួញរៀងអាយរក្សាគុណ ។ អំពើបាបកុំរៀន កុំអៀនប្រៀនក្នុងការបុណ្យ លាងទោសចេញជាមុន ទើបធ្វើបុណ្យចម្រើនផល ។ បើនឹងចង់គង់ទ្រព្យ កុំទម្លាប់សាងអកុសល របិញរបុញវៀចកាចកល ទេវតាផ្ដល់ផ្ដាច់ធនធាន ។ កុំឈ្នានីសអ្នកខ្សត់ កុំបំភ្លាត់ទ្រព្យអ្នកមាន បើខ្លួនខ្សត់អត់ឃ្លាន រៀនតែរកតាមទៀងត្រង់ ។ ជួញខាងកុំឈប់ខាន បើចង់បានកុំខ្លាចបង់ ខ្លាចបាត់ឱ្យផ្ចិតផ្ចង់ ប្រុងថែទាំឱ្យមាំមួន ។
១១០– កុំភ្លើធ្វើជាភ្លេច ភ្លាត់បន្ដិចខ្លាចក្រែងចួន ក្រែងចោរចូលមកពួន លូនលបលួចយកទ្រព្យទៅ ។ ប្រហែសតែងតែបាត់ ប្រុងប្រយត្នតែងតែនៅ គិតសព្វគ្រប់ដោយផ្លូវ សូវទ្រាំនឿយកុំទ្រាំក្រ ។ នៅផ្ទះស្រះរបង របាចងឱ្យជាប់ល្អ ប្រើប្រាស់ខ្ញុំកំដរ ឱ្យបរិភោគដោយខ្លួនឯង ។ នឹងប្រើទៅហៅមក កុំគំហកយកកំហែង កុំហាឡើងហងឯង ក្រែងកំហល់ទល់កំហឹង ។ កុំហួសពាក្យសម្ដី ការអ្វីៗឱ្យចេះថ្លឹង កុំប្រើព្រួតលើប្រឹង ក្រែងកើតខឹងវានាំខាត ។
១១៥– មនុស្សខឹងច្រើនៗខុស មនុស្សច្រើនឈ្លោះច្រើនប្រមាថ ការល្អច្រើនត្រូវខ្នាត យើងចង់ស្អាតកុំខ្លាចយូរ ។ ចង់ប្រាជ្ញឱ្យខំប្រឹង ចងក្បិនតឹងរកស៊ីធូរ គំនិតមុនគំនូរ រៀនមានគ្រូមានគេរាប់ ។ បម្រើឪពុកម្ដាយ អ្នកនៅឆ្ងាយគេច្រើនគាប់ អ្នកណាបម្រើខ្ជាប់ ធ្លាប់តែខុសមិនដែលត្រូវ ។ ជាតិមនុស្សទោះខ្ពស់ទាប មិនចោលភាពជាម៉ែឪ ពាក្យមនុស្សវែងជាងផ្លូវ ស្រូវច្រើនខួបខូចអង្ករ ។ របស់ទ្រព្យថោកថ្លៃ ទុកសំចៃលៃឱ្យល្អ អុងអាងពាងក្រឡ ត្រដរទិញកុំឱ្យខ្វះ ។
១២០– កើតមកជាខ្លួនរាស្រ្ដ ក្រប្រាក់មាសឱ្យមានខ្មាស សារពើគ្រឿងប្រើប្រាស់ ឱ្យមានចាស់ឱ្យមានថ្មី ។ ពូថៅដឹងកាំបិត ពន្លាកខ្វិតចបវែងខ្លី ខ្សែសេះគោក្របី ឫស្សីផ្ដៅកាច់សង្រែក ។ ការងាយកុំឱ្យក្រ អាក្រក់ល្អមានដោយឡែក ថ្ងៃនេះរបេះបែក ស្អែកខំរើធ្វើជាឆាប់ ។ ឈ្មោះការប្រើលើដី កុំចាំស្រីតឿនប្រើប្រាប់ ឱ្យមានគ្រប់ប្រដាប់ តម្រាប់រាល់ឱ្យសល់ប្រើ ។ កុំខ្ជិលល្ងង់ខ្លៅពេក ឱ្យចេះដេកឱ្យចេះដើរ ចេះសព្វគ្រប់ប្រសើរ កុំចង់ហើរហួសភាពខ្លួន ។
១២៥– ចង់ក្ដីឱ្យរៀនច្បាប់ រស់និងស្លាប់ឱ្យចេះក្បួន ចេះអ្វីចេះឱ្យមួន កុំបន្លំផ្សំនឹងគេ ។ កុំដេកចាំសំណាង កុំក្អេងក្អាងចាំបុព្វេ ខំរកកុំទំនេរ រេរៀនរិះចេះឱ្យគ្រប់ ។ នឹងដើរស្វែងរកផល មិនទាន់ដល់កុំអាលឈប់ ឈានខ្លាំងពេកជំពប់ បើដេកយប់ឱ្យស្គាល់យាម ។ កុំដេកយូរទ្រមឹក លក់ហួសព្រឹកខុសទំនៀម តែភ្លឺឡើងភ្ញាក់ភ្លាម ព្រហាមឡើងក្រោកធ្វើការ ។ ជាតិមនុស្សទោះប្រុសស្រី រាស្រ្ដមន្រ្ដីជាធម្មតា ពេលព្រឹកតែងឧស្សាហ៍ ថ្ងៃក្ដៅល្អាខ្ជិលល្អិតឆ្អឹង ។
១៣០– ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឱ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី ។ កុំចង់ខ្ពស់ស្មើមេឃ កុំឱនពេកអាប់រាសី ទោះដើរនិយាយស្ដី លៃតែល្មមឱ្យគួរសម ។ យល់ឆ្ងាយកុំណាយគិត ទោះយល់ជិតកុំអាលខំ មិនជាក់មើលឱ្យចំ ក្រែងច្រឡំសជាខ្មៅ ។ ទម្លាប់ធំជាងច្បាប់ បើរៀនត្រាប់កុំត្រាប់ខ្លៅ ត្រាប់ប្រាជ្ញអាចប្រដៅ ស្ដីកូនចៅស្ដីឱ្យស្មោះ ។ ស្មិងស្មិលសិល្ប៍របៀន ឱ្យគេរៀនកុំឱ្យអស់ ស្រលាញ់កុំញ៉េះញ៉ោះ បើខឹងទាស់កុំឱ្យទាយ ។
១៣១– ឆ្កែព្រុសកុំព្រួយពេក ឃើញឆ្កែដេកកុំមើលងាយ កំណប់ដប់សម្ពាយ កុំនិយាយប្រាប់សម្លាញ់ ។ សម្លឹងមើលឱ្យសព្វ បើនឹងស្អប់កុំអាលបាញ់ ក្ដីឈ្នះគេចុះចាញ់ កុំក្នាញ់តាមផ្ដន្ទាទៀត ។ បើខឹងកុំរំលោភ បើនឹងល្មោភឱ្យល្មមមាឌ កុំមាត់ក្រែងភ្លាត់ស្នៀត វាតហួសវង់ផុតគំនិត ។ កំណើតអាក្រក់ល្អ មាននិងក្រពីគំនិត ពីកាលបុព្វេពិត ងងឹតពេកមើលមិនយល់ ។
១៣៥– ដាំដូងឱ្យខំថែ ចង់ស៊ីផ្លែឱ្យដុតគល់ បើចួនសំណាងដល់ រវល់តែស៊ីឆ្ងាញ់ពិសា ។ ប្រាជ្ញប្រិតប្រៀនប្រដៅ ចូរកូនចៅពិចារណា រំពឹងក្នុងប្រាជ្ញា ស្រាយបញ្ហានេះឱ្យដឹង ។ ចេះច្បាប់កេរកាលថ្មី អស់សេចក្ដីតែប៉ុណ្ណឹង កូនប្រុសអ្នកខំប្រឹង សម្លឹងចាំតទៅមុខ ។ ពីឆ្នាំចតទៅ ខំធ្វើស្រូវដាក់ជង្រុក អាសូរពាក្យអាពុក ទុកឱ្យកូនចៅគ្រប់គ្នា ។ អាពុកកាន់តែចាស់ ស្ដាយខ្លួនណាស់ចូលជរា ពាក្យពិតប្រាំរយឃ្លា ជាសូរេចម្ល៉េះឯងហោង ។
១៤០– អ្នកប្រាជ្ញភិរម្យល្បី លើច្បាប់ថ្មីអស់ល្បត់ល្បង ឈ្មោះអ៊ូហៅង៉ុយផង ចងជាច្បាប់សម្រាប់ជន ។ ខ្ញុំសូមផ្សងសច្ចា កើតជាតិណាសូមមានបុណ្យ មូលកូនមូលប្រពន្ធ ធនសម្បត្ដិសម្បូរចាយ ។ ស្មាលាក្រលំបាក សូមចៀសចាកចតុរាបាយ សូមល្អពង្សរូបកាយ កុំឱ្យឆ្ងាយពីព្រះពុទ្ធ ។ ប្រាជ្ញាកុំទើសទាស់ ចេះអាថិធម៌ឱ្យមាំមុត សូមជាប់សីលបរិសុទ្ធ រលត់ទុក្ខសោករោគភ័យ ។ អានិសង្សបុណ្យខ្ញុំបាន សាងប៉ុន្មានក្នុងលោកិយ សម្បត្ដិសួគាល័យ កុំបីឃ្លាតរវាតវែងឆ្ងាយ ។
១៤៥– ជាតិនេះទៅមុខ មូលអាពុកចួបមូលម្ដាយ បងប្អូនកុំខ្ចាត់ខ្ចាយ អធិប្បាយចែងចប់អេវំ ។