ឣ្នកព្រះភិរម្យភាសា ឣ៊ូ ហៅ ង៉ុយ
គ.ស. ១៩២២
បទកាកគតិ
១– អ្នកព្រះភិរម្យ ភាសាអ៊ូខ្ញុំ បង្គំនឹកគុណ ព្រះពុទ្ធព្រះធម៌ ព្រះសង្ឃជាមុន គុណគាប់មហាធ្ងន់ មាតាបិតា។ ឧបជ្ឈាយ៍ជាធំ កាលចាប់ដៃខ្ញុំ ឱ្យធម៌កេសា អនុសាវន ព្រះកម្មវាចា គុណតួអក្ខរា ទាំងសាមសិបបី។ ខែចេត្រឆ្នាំច ចត្វាស័កក៏ កគិតកាព្យថ្មី លើច្បាប់ប្រដៅ កូនចៅប្រុសស្រី តូចក្ដីធំក្ដី ចូរស្ដាប់គ្រប់គ្នា។ ដ្បិតមនុស្សឥឡូវ យកខុសជាត្រូវ យកឆ្កួតធ្វើជា អំពើអាក្រក់ ឡិកឡក់លីលា ព្រហើនពានពារ អាងមាសអាងប្រាក់។
៥– អាងព្រើលអាងប្រាជ្ញ អាងកោងអាងកាច អាងកាប់អាងចាក់ អាងជើងអាងដៃ អាងវាយអាងធាក់ អាងគុកច្រវាក់ អាងម៉ាស៊ីនកាត់ក។ អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនោះមិនល្អ អ្នកគិតឱ្យល្អិត ដ្បិតស្រុកលោកក្រ ប្រមាណតំណ តទៀតទៅមុខ។ សាសនានៅឆ្ងាយ លែងបានសប្បាយ មានតែកើតទុក្ខ កើតទាន់លោកិយ ឮតែទំនុក ដំណែលអាពុក ចូរចាំគ្រប់គ្នា។ អ្នកជឿពាក្យចាស់ ជឿចាំឱ្យណាស់ កុំធ្វើបំពារ អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកជា មនុស្សចោរប៉ោបៀ កុំយកខ្លួនបៀត។ ឃើញឫកគេល្អ ទោះបីមានក្រ យកគេជាញាតិ គួររាប់អ្នកក្រៅ ផៅអ្នកឯទៀត រាប់រើសមារយាទ សុចរិតត្រឹមត្រូវ។
១០– រៀនបទរៀនបាទ កុំកោងហួសខ្នាត កុំភ្លាត់ខុសផ្លូវ កុំភ្លើនភ្លេចម៉ែ កុំប្រែហួសឪ ឃើញចាស់សក់ស្កូវ កុំសូវមើលងាយ។ បន្ទន់អាត្មា ខ្លាចមេខ្លាចបា ខ្លាចតាខ្លាចយាយ បម្រើមហាក្សត្រ ប្រយត្នស្ដេចទាយ ពាក្យពិតទំនាយ រលាយកេរ្ដិ៍ឈ្មោះ។ ពាក្យស្ដេចពាក្យគ្រូ មានប្រៃមានជូរ កម្រពីរោះ ចួនទាយឱ្យទាប ចួនទាយឱ្យខ្ពស់ ទាយឱ្យសក្ដិយស ទាយចុះកុំខឹង។ បម្រើមើលភេទ ចំណាំព្រះនេត្រ ហេតុខ្លួនឱ្យដឹង ខ្លួនខ្ជិលហៃព្រើល លោកមើលសម្លឹង សម្លក់ឱ្យប្រឹង ខំប្រិតសូត្ររៀន។ បម្រើមើលពុត ប្រាជ្ញាឱ្យមុត ស្មារតីឱ្យមាន បើខ្លៅឱ្យប្រាជ្ញ បើខ្លាចឱ្យហ៊ាន ចង់បានរបៀន កុំអៀនកុំខ្មាស។
១៥– ពុតលោកថាធំ ជ្រងោប៉ុនភ្នំ ឯងមើលមិនច្បាស់ បម្រើលោកណា លោកហ្នឹងជាម្ចាស់ លោកស្អប់អ្វីណាស់ ប្រាសចោលឱ្យឆ្ងាយ។ កុំឈមឈរជិត កុំយកធ្វើមិត្រ ភ្លាត់ខ្លួនអន្ដរាយ បើប្រពន្ធកូន បងប្អូនចៅហ្វាយ អាពុកឬម្ដាយ ឱនកាយប្រតិបត្ដិ។ អ្នកកុំមើលងាយ ឆ ឃើញគេរីករាយ ព្រួយខ្លួនប្រយត្ន ត្រកូលញាតិផៅ កូនចៅមហាក្សត្រ ស្មើថ្លើមប្រមាត់ ប្រមាថមិនបាន។ ទោះអ្នកដទៃ អ្នកព្រៀងអ្នកព្រៃ ដែលលោករាប់អាន កុំថាតែមនុស្ស ទោះសត្វតិរច្ឆាន ឯងស្អប់ប៉ុន្មាន កុំហ៊ានប្រមាថ។ របស់ឬទ្រព្យ ដែលជាសម្អប់ កុំបាច់សម្អាត ទ្រព្យណាសម្លាញ់ អស់អញឱហាត ចូរចៅសង្វាត ជួយថែរក្សា។
២០– កុំជិះកុំជាន់ ស្មៅផ្ទីអាចម៍មាន់ ពាក្យចាស់ឧបមា បូរាណហៅផ្ទី ពីរបីប្រការ កុំស៊ីត្រង់ណា ជុះដាក់ត្រង់ហ្នឹង។ សាច់សាលោហិត កុំផ្ដួលផ្ដេកផ្ដិត ផ្ដួចទោសកើតប្ដឹង អាពុកផ្ដែផ្ដាំ ចូរចាំចេះថ្លឹង សាច់ថ្លើមសួតឆ្អឹង និងស្បែកខាងក្រៅ។ សាច់សួតក្នុងខ្លួន ទុកស្មើបងប្អួន ប្រពន្ធកូនចៅ សរសៃនិងស្បែក ចែកជាញាតិផៅ ខ្ញុំស្រីខាងក្រៅ ជាស្មៅអាចម៍មាន់។ ស្រីខ្ញុំកំដរ បើឃើញរូបល្អ កុំលលូកលាន់ កុំលួចលបលេង ក្រែងម្ចាស់គេទាន់ កុំភប់កុំភាន់ អាប់អន់អាត្មា។ បើអ្នកមានយស មានសក្ដិខ្ពង់ខ្ពស់ គាប់នឹងរាជការ ធ្វើធំធ្វើថី មន្ត្រីមានត្រា ព្រះហ្លួងឧកញ៉ា សាលាកុង្សីយ៍។
២៥– ចេះច្បាប់បារាំង កុំភ្លេចសច្ចំ កតញ្ញូខន្ដី កុំឆ្មើងហួសមាឌ ភ្លេចញាតិប្រុសស្រី ជំនុំកាត់ក្ដី យកឧបេក្ខា។ កុំកាន់សីហលោ កុំកាន់លោភោ ទោសោមោហោ កុំជក់អាភៀន កុំឃ្លានផឹកស្រា កុំស្អប់ត្រង់ណា សច្ចាយកត្រង់។ លួងលោមពិសោធ កុំឆបញ្ឆោត បញ្ចូលឱ្យបង់ ឱ្យបែកឱ្យបាក់ ពាក្យសត្យពាក្យសង្ឃ កូនអើយផ្ចិតផ្ចង់ តម្រង់ស្មារតី។ កុំភ្លើនឃើញប្រាក់ កុំភ្លើភ្លាត់សក្ដិ ធ្លាក់ទៅអវចី កាន់ធម៌ទសពិធ រឹតឡើងរាសី គាប់ពីលោកិយ ដល់បរលោកនាយ។ អ្នកក្ដីជាភ្លើង កុំកាត់ជាន់ជើង អ្នកម្ខាងមើលងាយ ចៅក្រមជាទឹក រំឭករម្លាយ កុំជេរកុំវាយ បង្ខំនាំខុស។
៣០– ចោរលួចចោរប្លន់ រីចោរស្មគ្រស្មន់ តណ្ហាស្រីប្រុស កុំស្អប់ខាងណេះ បញ្ឆេះខាងណោះ លួងលោមបញ្ចុះ បញ្ចូលចិត្ដក្ដី។ កុំដុតឱ្យក្ដៅ បើឃើញអ្នកខ្លៅ ប្រាជ្ញាគ្នាខ្លី កុំឃើញប្រាក់ប្រុស បន្ដុះខាងស្រី បើកាន់ច្បាប់ថ្មី កុំចោលច្បាប់ចាស់។ កុំដៀលអ្នកស្រែ ត្រកូលឯងខ្មែរ កុំប្រែក្រឡាស់ ក្រឡេកមើលគុណ ទន់ខ្លួនសំពះ កុំធ្វើអ្នកណាស់ កុំត្មះអ្នកក្រ។ អ្នកកុំភ្លេចគុណ គ្រូលេខនព្វន្ដ គ្រូសូត្រអក្សរ កុំចាប់ដៃទាញ គំនាប់ងក់ក កុំជជែកត ស្មើមិត្ដសម្លាញ់។ រាស្ត្ររត់ចូលជ្រក សួរសាចទៅមក កុំអើឯងអញ ពាក្យពុំពីរោះ គេកើតមួក្នាញ់ គេដៀលផ្ចាលផ្ចាញ់ អន្ដរាយកេរ្ដិ៍ឈ្មោះ។
៣៥– កុំឆ្មើងអាងបុណ្យ ស្រដីឱ្យទន់ ពោលពាក្យពីរោះ ខ្លួនអ្នកនឹងថ្កើង នឹងឡើងសក្ដិយស កុំឆ្លៀតនាំឈ្លាះ ញុះញង់អ្នកធំ។ កុំស្អប់អ្នកតូច បើឃើញគ្នាខូច គួរគិតប្រមុម ទោសគ្នាតិចតួច ផ្ដួចឡើងជាធំ ផ្សែងពួតជាដុំ ផ្លុំឆេះជាភ្លើង។ កុំភ្លើនភ្លេចខ្លួន ចេះសាសន៍ចិនយួន កុំចោលខ្មែរយើង កុំធ្វើក្រអើត កុំពើតកុំពើង កុំពាក់ស្បែកជើង ចូលវត្ដលោកសង្ឃ។ ដោះមួកដាក់ឆត្រ ឱនកាយប្រតិបត្ដិ លំអុតឱនអង្គ កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់ កាន់ច្បាប់ស្រុកហ្វ្រង្ស៍ កុំបង់សាសនា។ កុំចង់ថ្កើងពេក កុំលើកដំណេក ហួសមេហួសបា តែងខ្លួនឱ្យល្មម មើលពូជពង្សា សង្ខេបនិដ្ឋិតា រឿងផ្គាប់បុណ្យសក្ដិ។
៤០– បើទៅជារាស្ត្រ ប្រាជ្ញាវៃឈ្លាស គូរវាសឆ្លកឆ្លាក់ ឱ្យឆ្លៀតរែកពុន បើធ្ងន់សុំដាក់ ខំរកមាសប្រាក់ ឱ្យគ្រាន់ទាន់ចាយ។ រាជ្យបារាំងសេស កូនកុំប្រហែស កុំថ្នមរូបកាយ ដើរគិតដេកគិត ជួញជិតជួញឆ្ងាយ បើចង់សប្បាយ ស្រេចនៅមានទ្រព្យ។ រាជ្យហ្លួងពីមុន រកស៊ីរែកពុន មានក្រតាមភព្វ រាជ្យលោកឥឡូវ ត្រូវខំឱ្យញាប់ តែខ្ជិលច្រើនជាប់ ខ្នោះជើងខ្នោះដៃ។ តាំងពីឆ្នាំច ចាំជាតំណ ទំនិញឡើងថ្លៃ ចងក្បិនឱ្យតឹង ប្រឹងកុំសំចៃ សញ្ជឹងយប់ថ្ងៃ កុំឱ្យក្រខ្សត់។ បើចង់ស្រាលខ្លួន រៀនសូត្រឱ្យមួន ឱ្យមាំឱ្យស្ទាត់ កុំចេះស្ទាក់ស្ទើ ល្ងីល្ងើឥតបទ បើចេះប្រាកដ ប្រាក់រត់តាមហៅ។
៤៥– កុំថ្នមកម្លាំង កាប់ជីកចូកចាំង កុំថារងាក្ដៅ រៀនអ្វីឱ្យឆ្អិន កុំឱ្យខ្លោចឆៅ កុំដេកតែខ្លៅ ក្រក្រៅសណ្ដាប់។ បើល្ងង់ឱ្យចេះ រករៀនតម្រិះ រិះរកតម្រាប់ ឥន្ទ្រីយ៍ឆ្វេងស្ដាំ កុំចាំគេប្រាប់ រៀនស្ដីរៀនស្ដាប់ រៀនមើលឱ្យស្ដែង។ កើតមកជាមនុស្ស ទាំងស្រីទាំងប្រុស មិនដែលចេះឯង បើក្រឱ្យមាន វិញ្ញាណចេះក្រែង គិតគ្រប់កន្លែង កុំដេកតែក្រ។ កុំប្លន់កុំលួច កុំខ្ជិលកុំខូច កុហកឆូវឆ បោកប្រាស់យកប្រាក់ ច្រវាក់ជាប់ក កាន់មារយាទល្អ សុចរិតត្រឹមត្រូវ។ កូនអើយរកស៊ី កកាយធរណី ធ្វើស្រែយកស្រូវ កុំតាមអ្នកណា បាតាមតែឪ លើកភ្លឺជិតផ្លូវ កុំស្រាស់បន្លា។
៥០– គេដើរយប់ថ្ងៃ មុតជើងមុតដៃ ដឹងចៀសទៅណា ចៀសចុះជាន់ស្រូវ ហើយជេរផ្ដាសា កូនម្ដាយអាណា ស្រាស់ដើរមិនរួច។ កុំយកគល់ឈើ ទៅដាក់ពីលើ ទោះធំទោះតូច ជំពប់ជើងគេ គេថាឯងខូច ជេរដៀលដល់ពូជ ប្រដូចមេបា។ លើកភ្លឺឱ្យធំ បង្ហាប់ឱ្យមាំ គាប់ភ្នែកទេវតា ស្មើបានសង់ស្ពាន នឹងមានផលា កើតសាធុការ អាយុយឺនវែង។ កូនអើយធរណី បើតាមគម្ពីរ ដែលលោកសម្ដែង កុំចង់បានធំ ក្រមុំឆ្វែលឆ្វែង កុំលើកដីឯង លបដាក់ស្រែគេ។ អំពើអាក្រក់ មួយចម្រៀកសក់ ធ្លាក់ទៅនិរយេ បច្ចុប្បន្នលោកិយ កើតក្ដីវាយជេរ មិនដែលសុខទេ ព្រោះដីមួយហត្ថ។
៥៥– កុំជួញចង់ទាស់ ខូចខាតរបស់ អស់ទ្រព្យសម្បត្ដិ ចង់គង់ប្រយោជន៍ ឱ្យចេះប្រយត្ន ពាក្យឪមួយមាត់ ឱ្យគិតមួយម៉ោង។ សម្អាតផ្ចិតផ្ចង់ លើកភ្លឺឱ្យត្រង់ កុំលើកឱ្យកោង អ្នកកុំប្រហែស ក្រែងមានប្រហោង លើកមើលទំនង ទំនាបទឹកហូរ។ ចំនួនទឹកស្ទឹង ទឹកព្រែកទឹកបឹង ទឹកវាលទឹកអូរ អ្នកលើលិចស្រូវ ត្រូវបើកបង្ហូរ អ្នកក្រោមកុំថ្ងូរ បន្ធូរហួសទៅ។ រាំងរីងថ្ងៃយប់ ឆាប់លើកឆាប់ទប់ កុំឱ្យបាក់ជ្រៅ កត្ដិកចេញខ្យល់ តម្កល់ទឹកនៅ បើចង់បានស្រូវ ស្រេចនៅត្រឹមថែ។ កុំយកគ្រាប់ត្នោត ទៅដាំទៅដោត ពីលើភ្លឺស្រែ ចិត្ដគិតប្រមាណ ចង់បានផ្កាផ្លែ ដាំដុះដង្ហែ បង្ហិនខ្លួនឯង។
៦០– ដល់ត្នោតឡើងគល់ ឡើងកើតនាំខ្វល់ ធាងលូតឡើងវែង ភ្ជួររាស់ជាប់នឹម ក្របីជាប់ស្នែង ទទើសទទែង ភ្ជួរឆ្វេងមិនត្រូវ។ ដល់ត្នោតវាធំ មានស្លឹកវាទុំ វាជ្រុះក្នុងស្រូវ ស្រែឆ្ងាយពីផ្ទះ ឃ្លាតណាស់ពីផ្លូវ ទម្រាំតែទៅ រលួយស្រូវអស់។ កូនអើយកុំឆោត បើចង់បានត្នោត ដាំដោយកៀនកោះ ដីទួលចម្ការ ឯណាចន្លោះ ដាំជារបស់ ជាយជួររបង។ របៀបចម្ការ ថែទាំរក្សា យូរៗស្រាស់ម្ដង ស្រាស់ឱ្យត្រូវជួរ មើលគួរសមផង កុំបើកមុជឆ្លង ទៅស្រាស់ខាងក្រៅ។ មិនគាប់ប្រសើរ របងវាដើរ អ្នកម្ខាងវាក្ដៅ កើតក្ដីកើតក្ដាំ អស់ខោអស់អាវ ខឹងអស់ញាតិផៅ ពីព្រោះចម្ការ។
៦៥– មួយទៀតរបង ជិតផ្លូវអ្នកផង គេទៅណាៗ ធ្វើឱ្យទូលាយ កុំរាយបន្លា កាប់ឆ្កឹះទាត់ឆ្ការ ឱ្យឆ្ងាយពីផ្លូវ។ កុំធ្វើចង្អៀត ក្រែងយប់អធ្រាត្រ ខ្លះមកខ្លះទៅ ចៀសគ្នាមិនរួច បើកបរកាត់ស្រូវ ជេរម្ដាយតាមផ្លូវ រហូតដល់ផ្ទះ។ កូនអើយអ្នកចាំ អ្នកកុំចងកម្ម មានពៀរច្រើនណាស់ ជាតិក្រោយខ្វាក់ខ្វិន កខ្វេសកខ្វាស សូវចោលដីខ្លះ មិនខាតប៉ុន្មាន។ កុំខ្លាចតែក្រ ធ្វើឫកមិនល្អ ច្រើនកើតរឱសឋាន រអែករអោក បាត់ញាតិសន្ដាន ឥតគេរាប់អាន មានតែគេស្អប់។ កាន់ឫកឱ្យខ្ពស់ ឱ្យខ្ពើមពាក្យឈ្លោះ ទើបបានជាគាប់ យកឆោតដាក់ខ្លួន ច្រើនមានគេរាប់ បើខ្លួនឥតទ្រព្យ កុំធ្លាប់ហ៊ានខ្ចី។
៧០– គ្រប់ការសារពើ ចង្អេរកញ្ជើ កន្ដាំងតៅល្អី រនាស់រទេះ គោសេះក្របី បើបានជាខ្ចី ខ្ចីប្រាក់គេទិញ។ យកមករកស៊ី ខែមួយខែពីរ សងប្រាក់គេវិញ របស់បានយើង ជាជើងជួញចេញ ឯទ្រព្យនោះមិញ ពេញជាទ្រព្យឯង។ កុំខ្ចីគេប្រើ តែមួយដំណើរ មិនយូរអង្វែង ចួនជាបាក់បែក ជជែកទាស់ទែង សងគេមិនលែង ចាស់ផ្លាស់ជាថ្មី។ កើតមកជាប្រុស គិតឱ្យសព្វសុស កុំឱ្យសល់អ្វី បួសរៀនធម៌អាថ៌ សាស្រ្ដាបាលី បរលោកលោកិយ កុំបីចន្លោះ។ សឹកមករកស៊ី កកាយធរណី ធ្វើជាគ្រហស្ថ កុហកជឿបុល បំណុលរុំកោះ ច្រើនគេដាក់ខ្នោះ អស់ស្រែចម្ការ។
៧៥– ធ្វើរាស្រ្ដរកស៊ី ចិញ្ចឹមគោញី ថែទាំព្យាបាល ក្រហេតុពីខ្ជិល មានដ្បិតឧស្សាហ៍ អ្នកមានប្រាជ្ញា មិនស្មើគំនិត។ កំណើតសំណាង សំណូមសូមសាង កកើតពីគិត ពីកាលជាតិមុន បុណ្យព្រេងអតីត កើតរូបគំនិត ទើបកើតសំណាង។ ឯមនុស្សសំណល់ ល្ងង់ល្ងើងឿងឆ្ងល់ ទាស់ទែងក្អេងក្អាង ដប់ឆ្នាំនេះហើយ ប្រកាន់ម្យ៉ាងៗ ខ្លះអួតសំណាង ខ្លះអាងគំនិត។ កូនចៅប្រុសស្រី រកប្រពន្ធប្ដី ឱ្យរកស្រុកជិត បើរកស្រុកឆ្ងាយ ឱ្យម្ដាយពិនិត្យ ឱ្យត្រឹមត្រូវពិត ពូជពង្សាវតារ។ កូនអើយអ្នកចាំ កុំជឿខែឆ្នាំ កុំជឿតម្រា ពាក្យក្បួនទាំងឡាយ កើតពីមនុស្សចារ ពីដូនពីតា ចារតាមសម្គាល់។
៨០– អ្នកជឿតែពូជ អម្បូរធ្លាប់ខូច វាខូចរាងរាល់ ពូជមានវាមាន ពូជទាល់វាទាល់ កុសលអកុសល យើងមើលមិនជាក់។ ប្រពន្ធនិងប្ដី អាយុវែងខ្លី យើងមើលមិនច្បាស់ កុំយកពូជល្បែង ពូជភ្លេងអារក្ខ បើម្ង៉ៃបង់ប្រាក់ រកអាយុវែង។ អម្បូរពង្សពូជ ត្រកូលធ្លាប់ខូច វាខូចមិនលែង ពូជចោរស្រីៗ យកប្ដីចិត្ដឯង មិនគិតកោតក្រែង ខ្លាចចិត្ដមេបា។ កូនចៅស្រីៗ បើនឹងយកប្ដី ឱ្យមើលកិរិយា មួយភ្លេងអារក្ខ មួយអ្នកបាណា មួយអ្នកផឹកស្រា មួយអ្នកចង់ស្រី។ មួយអ្នកក្រមាច់ លេងផោមលេងអាចម៍ ច្រើនអាយុខ្លី ប្រកាច់ដាច់លក្ខណ៍ ជាន់អារក្ខព្រៃ មួយគឺមន្រ្ដី ធ្វើក្រមជំទប់។
៨៥– ជំទយតែដើរ មេស្រុកគេប្រើ ទាំងថ្ងៃទាំងយប់ មានមួកខ្វះឆត្រ កម្រមានគ្រប់ មួយទៀតកុំភប់ ជួញប្រាំប្រការ។ ប្រាកដជាខុស លក់សត្វទាំងរស់ មិនចេះអនិច្ចា សព្វសត្វអ្វីៗ បក្សីបក្សា ព្រាត់មេព្រាត់បា ទេវតាលោកលក់។ លោកិយនេះខ្សត់ យមបាលគេកត់ នៅស្ថាននរក មួយហួយអាប៉ោង ប៉ោបៀគ្រប់មុខ កូនអើយចាំទុក ក្រគ្រប់ប្រាំបី។ ឯអ្នកទាំងអស់ រកស៊ីម៉េះម៉ោះ ច្រើនជាងស្រីៗ ប្រាជ្ញានោះវែង គំនិតនោះខ្លី ប្រពន្ធជេរស្ដី អាងឈ្លោះបំពាន។ នេះពូជអ្នកក្រ រស់ទាំងត្រដរ ទាំងអត់ទាំងឃ្លាន ធ្វើគុណនឹងគេ រកគេសងគ្មាន ហេតុនេះកុំរៀន ទាំងប្រាំបីផ្លូវ។
៩០– យ៉ាងអ្នកនេសាទ មិនដែលសង្វាត ធ្វើស្រែបានស្រូវ ប្រព្រឹត្ដសាងកម្ម ប្រចាំរដូវ វង្វេងខុសត្រូវ ព្យាយាមសម្លាប់។ អន្ទាក់ជង់កុក អង្រុតឈ្នាងឈ្នក់ គ្រប់គ្រឿងប្រដាប់ ថ្លុកបៀត្រពាំង ទប់បាំងបាចចាប់ ចោលស្រូវកណ្ដាប់ កណ្ដុរកាត់អស់។ កំពប់ខ្ចាត់ខ្ចាយ ខូចខាតអន្ដរាយ មិនស្ដាយស្រណោះ យប់រវល់ប្របក់ ចង់បានត្រីរ៉ស់ ខែភ្លឺរវល់ឆ្លុះ ដើរដេញសំពោច។ វក់តែសប្បាយ ដើរដេញទន្សាយ ដើរចងសន្ទូច អំពើអស់នោះ ច្រើនខ្វះស្រូវពូជ ធ្វើបានតិចតួច អាងជឿគេស៊ី។ កូនអើយបំណុល ចងការជឿបុល មួយឡើងជាពីរ អ្នកភ្លេងអារក្ខ ច្រើនទឹមគោញី ធ្វើស្រែមួយពីរ ធ្វើសោះតែខាន។
៩៥– ថ្ងៃដេកក្រភ្ញាក់ យប់លៀងអារក្ខ ឈឺឆ្អាលសន្ដាន គេស្ដីគេពឹង នឹងឈប់មិនបាន គេរករាប់អាន កាលមានធុរៈ។ ផ្លុំប៉ីកូតទ្រ ស្រែកច្រៀងវាយស្គរ មិនបានលុយកាក់ ឯងពឹងគេវិញ គេគ្មានជំពាក់ ពឹងបានម្នាក់ៗ ដោយសារឱ្យថ្លៃ។ ឡើងត្នោតភ្ជួរស្រែ កម្រទាន់គេ ដ្បិតដេកដល់ថ្ងៃ ច្រូតកាត់ចង់ឆាប់ ជួលគេពេញថ្លៃ ចំណេះចង្រៃ នាំខាតធ្វើការ។ ឯខ្មោចអារក្ខ ស្លាប់ដប់រស់ម្នាក់ ថ្វាយចេកថ្វាយស្រា សំពះនឹកគុណ ខ្មោចប្រេតដូនតា មិនដែលអ្នកណា នឹកគុណអ្នកភ្លេង។ ឯអ្នកប្រមឹក ប្រមូលកនផឹក ធ្វើភឿននឹងក្មេង សម្ដីច្រើនតឹង ស្រវឹងវង្វេង ចំហអួតក្អេង មិនចេះក្រខ្សត់។
១០០– អួតទាំងបំពាន ផឹកម្ង៉ៃលុយមាន ផឹកម្ង៉ៃលុយអត់ ឯងចេះតែកិន ចិនគិតតែកត់ ផឹកដល់កំណត់ យកស្រែបញ្ចាំ។ សល់ថ្នាលមួយពីរ វាយគោស្ងោរស៊ី មិនគិតខ្លាចកម្ម ផឹកជ្រុលហួសល្បត់ អត់បាយរាប់ឆ្នាំ អស់ស្រែបញ្ចាំ បញ្ចាំកូនទៀត។ កំណើតផឹកស្រា ផឹកផុតមេត្ដា ផឹកជ្រុលហួសមាឌ អ្នកមួយផឹកស្ទើរ ល្ងីល្ងើចេះឆ្លៀត ម្យ៉ាងផឹកផុតមារយាទ ច្រើននៅខ្ញុំចិន។ រែកទឹកពុះអុស វាទញ់វាតុះ ចាក់កែវផឹកសិន ស៊ូរែកខំអត់ សំពត់ខើចក្បិន ទម្រាំបាយឆ្អិន ចិនដួសហៅស៊ី។ ឆ្ងាញ់តែម្នាក់ឯង ឆ្អែតហើយខំស្វែង ខំលើកខំលី ដងទឹកស្រោចគ្រប់ ស្រោចខ្ទឹមម្ទេសជី ខ្ញុំចិនម្ង៉ៃពីរ វិលទៅរវាំងផ្ទះ។
១០៥– ឯអ្នកចង់ស្រី ប្រពន្ធពីរបី ថាឯងអ្នកណាស់ គន់ឯសំពត់ តែមួយបន្លាស់ ពាក់អាវបំណាស់ កម្រមានថ្មី។ ផ្ទះលេចវាលល្វឹង ជញ្ជាំងចងហ៊ឹង ស្លាធ័របាយសី ខួចប្រេងក្រមួន ម្លូស្លាបារី កំលោះពីរបី ចោមរោមរៀនស្នេហ៍។ រៀនស្នាលរៀនស្និទ្ធ កើតក្ដីពីក្ដិត ព្រួយចិត្ដឪម៉ែ កូនអើយប្រពន្ធ អាងមន្ដពូកែ ត្រូវគុករាប់ខែ អស់ស្រែត្រពាំង។ ធម្មតាប្រពន្ធ បានដោយសីលមន្ដ ដោយស្ងាត់កំបាំង រកស៊ីលៀនភ្នែក បានវែកខ្វះឆ្នាំង បានល្អីកន្ដាំង នៅខ្លះចង្អេរ។ បាននេះខ្វះនោះ ក្រហេតុពីព្រោះ អាពុកម្ដាយជេរ បើចូលជំនុំ មិនរម្យដូចគេ អង្គុយវេះវេរ មិនហ៊ានហាលមុខ។
១១០– នេះពុតអ្នកក្រ ចាំជាតំណ តជាទំនុក ប្រយត្នដំណៀល គេដៀលអាពុក កូនអើយចាំទុក ចាំតកូនចៅ។ រក្សាពូជពង្ស បើខ្លួនល្ងឹតល្ងង់ ស្ដាប់ចាស់ប្រដៅ កុំស្អប់អ្នកប្រាជ្ញ កុំខ្លាចអ្នកខ្លៅ បើមនុស្សឆោតឆៅ កូនឯងកុំភប់។ កុំភ័យខ្លាចអត់ មើលឱ្យប្រាកដ គួរយកគួរឈប់ គួរឈានគួរឈោង តោងមើលឱ្យគ្រប់ កុំចេះតែងប់ មិនស្ដាប់ឪម៉ែ។ រកប្ដីប្រពន្ធ ឱ្យគិតឱ្យគន់ ឱ្យមើលថួនថែ ត្រកូលក្រខ្សត់ ប្រាកដតាមខ្សែ បីដូចឈើផ្លែ មិនដែលចេះក្លាយ។ ជូរផ្អែមធំតូច ដើមក្រូចផ្លែក្រូច ដើមស្វាយផ្លែស្វាយ ពូជស្រីចោរក្បត់ មិនអត់សាហាយ ពូជស្រីមេម៉ាយ ពីម្ដាយដល់កូន។
១១៥– រើសពូជមិនខុស ពូជសាំងនឹងប្រុស ទាំងអស់បងប្អូន ពូជសែនមេបា ពីតាដល់ដូន ពូជល្អសុទ្ធសូន្យ ពីដូនដល់ចៅ។ រករូបមិនក្រ អាក្រក់ហើយស មារយាទល្អហើយខ្មៅ ស្រីក្មេងមានខ្មាស ប្រដូចតាមផៅ ចាស់ចង់ប្រដៅ មិនសូវខុសខាន។ ពាក្យចាស់លោកថា ធ្វើស្រែចម្ការ ស្ដាប់មហាសង្ក្រាន្ដ ធ្វើម្ដងខុសខាត ធ្វើម្ដងទៀតបាន ធ្វើតាមប្រមាណ ប្រមើលទឹកភ្លៀង។ រកប្ដីប្រពន្ធ ឱ្យគយឱ្យគន់ រើសរករូបរាង ពូជថ្លៃល្មមយក ពូជថោកល្មមវាង រូបល្អឫកល្អៀង នាងកុំប្រសព្វ។ ជាតិស្រីនិងប្រុស បើបានជាខុស ខុសទាល់ថ្ងៃងាប់ បើបានរូបល្អ កម្រមានភព្វ មានខុសមានគាប់ ដូចស្រែចម្ការ។
១២០– មួយទៀតអ្នកចាំ អាពុកចំណាំ ទុកជាតម្រា កុំយកតម្រាប់ កុំស្ដាប់អាចារ្យ បើនឹងរៀបការ កុំការប្រថួន។ ប្រជែងវេលា ឮស្គរឆ្លើយគ្នា ប្រទប់ប្រទួន ស្រុកជិតភូមិផង របងដោយខ្លួន អាចារ្យអាងក្បួន ថាសុខសប្បាយ។ កូនអើយអ្នកចាំ យូរណាស់៤ឆ្នាំ ព្រាត់ប្រាសអន្ដរាយ ច្រើនស្លាប់បីនាក់ រស់ម្នាក់មេម៉ាយ កូនឃើញតែម្ដាយ មិនឃើញអាពុក។ មានកាលស្លាប់ស្រី ស្លាប់ចោលកូនខ្ចី ប្ដីនៅរងទុក្ខ យកប្រពន្ធទៀត កម្រពេញមុខ កូននិងអាពុក បែកគ្នាខ្ចាត់ខ្ចាយ។ កូនចៅស្រីៗ បើនឹងយកប្ដី កុំយកពោះម៉ាយ សូវនៅម្នាក់ឯង បន្លែងនឹងម្ដាយ អាណិតរូបកាយ ស្ដាយខ្លួនក្រមុំ។
១២៥– ហៅប្រុសអភព្វ ប្រពន្ធដើមស្លាប់ មានកូនតូចធំ យកឯងជាចុង បម្រុងតែយំ ច្រើនឈ្លោះជំនុំ ព្រួយចិត្ដម៉ែឪ។ ហៅប្រុសចិត្ដពីរ ពិបាករកស៊ី រញាំរញ៉ូវ ឯងនឿយស្ទើរស្លាប់ ផ្គាប់ចិត្ដមិនត្រូវ បីបួនរដូវ ខ្លួនឯងស្លាប់ទៀត។ ចង្រៃខាងប្រុស កូនអើយចាំចុះ កុំយកខ្លួនបៀត ស្រីណាខំយក ស្រីនោះបង់មារយាទ ប្រុសព្រួយខ្ចប់ធាតុ ខ្ចប់គ្រប់ជាបី។ យកទៀតជាបួន គ្រោះដល់ស្លាប់ខ្លួន មេម៉ាយខាងស្រី ប្រាកដមិនខុស ប្រុសក្នុងលោកិយ ស៊ូនៅអត់ប្ដី ស្លាប់រស់រូបមួយ។ បើខ្លួនកំព្រា រំពឹងមីងមា រកស៊ីមិនព្រួយ កាន់មារយាទល្អ មិនក្រគេជួយ បងប្អូនកូនក្មួយ រត់ចូលឱ្យប្រើ។
១៣០– ពោះម៉ាយមានបី កុំយកធ្វើប្ដី មិនគាប់ប្រសើរ អាមួយស្រីលែង ស្រីគេគ្រាន់បើ ពោះម៉ាយក្លាយដើរ អាងលែងប្រពន្ធ។ ពោះម៉ាយទាំងអស់ កុំយកឱ្យសោះ ហៅប្រុសទុជ៌ន ទុរជាតិអប្រីយ៍ ស្រីកើតទុក្ខធ្ងន់ ហៅមួយជំនាន់ ចំណាំមិនខុស។ កំលោះចាស់យូរ ចាស់ទុំគេប្ដូរ ល្មមព្រមយកចុះ រកស៊ីមានបាន សុខសាន្ដឥតឈ្លោះ ចម្រើនរូបរស់ អាយុយឺនយូរ។ កុំយកប្ដីប្អូន ថោករាសីខ្លួន រកស៊ីមិនធូរ គេហៅឯងធំ សមហៅគេពូ ច្រើនខ្ជិលមូទូ ម៉េះម៉ោះនឹងល្បែង។ វាច្រើនមើលងាយ ហៅស្ដីនិយាយ ហៅហងហៅឯង ខ្លួនយើងជាស្រី ស្រដីឥតក្រែង យល់គេប្អូនឯង ឯងមើលងាយជេរ។
១៣៥– ពាក្យចាស់លោកចង ប្ដីទុកស្មើបង ប្រពន្ធស្មើម៉ែ មើលងាយរាល់ថ្ងៃ ចង្រៃរាល់ខែ រកស៊ីធ្វើស្រែ ច្រើនខាតគ្រាប់ស្រូវ។ គួរយកប្ដីបង ពាក្យចាស់លោកចង ទុកប្ដីស្មើឪ ខ្លួនឯងប្រមាថ ប្រតិបត្ដិឱ្យត្រូវ រាសីគង់នៅ ទេព្រក្សរក្សា។ ប្រពន្ធនិងប្ដី ធំស្រេចនឹងស្រី គត់គង់ភរិយា ឈ្លោះហើយច្រើនខ្សត់ ស្រីអត់លក្ខណា ប្ដីខ្ជិលឧស្សាហ៍ ព្រោះឫកប្រពន្ធ។ ជាតិស្រីមានលក្ខណ៍ ទេវតាពំនាក់ កបកើតទ្រព្យធន ប្រទេចជេរវាយ ចង្រៃទុជ៌ន ជួជាតិលើសលន់ លើសលប់លើប្រុស។ ហៅកាឡកិណី វាយកូនជេរស្ដី មិនដឹងត្រូវខុស បើមានភ្ញៀវមក រឹតរករឿងឈ្លោះ អសោចសាយសុស រង្គោះធនធាន។
១៤០– រកស្រីមារយាទខ្ពស់ ចេះខ្ពើមពាក្យឈ្លោះ ចេះទ្រាំអត់ឃ្លាន ចេះស្លូតចេះកាច ចេះខ្លាចចេះហ៊ាន ចេះខ្មាសចេះអៀន កាចមានប្រាជ្ញា។ កូនចៅស្រីប្រុស ចំណាំទុកចុះ ទុកជាតម្រា គួរយកតម្រាប់ គួរស្ដាប់ពុទ្ធដីកា ព្រះអង្គទេសនា គាថាបួនបទ។ រៀនត្រាប់អ្នកប្រាជ្ញ បើចង់ឈ្នះកាច យកស្លូតសង្កត់ ចង់ឈ្នះមនុស្សខឹង ឱ្យប្រឹងខំអត់ វាជេរវាហត់ វាស្បថលែងខឹង។ ចង់ឈ្នះអសុរោះ ស្ដីលេងឡេះឡោះ កុំធ្វើជាដឹង យើងស្ដីត្រង់ណា ឱ្យចំត្រង់ហ្នឹង ឃើញឫកយើងរឹង ខ្លាចយើងខាងក្រោយ។ ចង់ឈ្នះកំណាញ់ កណ្ដេកណ្ដាញ់ សុំអ្វីមិនឱ្យ បើបានចំណី ហុចវាញយៗ តិចដោយច្រើនដោយ គង់តែវាដឹង។
១៤៥– នេះមន្ដព្រះពុទ្ធ ប្រាជ្ញាឱ្យមុត ឱ្យគិតថ្លែងថ្លឹង កុំកាចខុសខ្នាត កើតខាតដ្បិតខឹង កូនអើយខំប្រឹង កាន់ច្បាប់ទាំងបួន។ កុំជួញរវល់ កុំតបតទល់ កើតទាស់គុំគួន កូនណាកាន់បាន កូននោះសុខខ្លួន ទោសទាស់លែងចួន លែងចួបមួយជាតិ។ បើមនុស្សរែកទូល មកនៅចំណូល ញ៉េះញ៉ោះធ្វើញាតិ ឱ្យមើលលៃលក កុំយកខ្លួនបៀត វាទូលទៅទៀត អសារឥតការ។ ចំណីចំណុក បើឱ្យស៊ីចុក ឱ្យដោយមេត្ដា កុំឱ្យជឿខ្ចី ក្រែងខុសសន្យា កើតទាស់កាលណា រើរែករត់បាត់។ មនុស្សគ្មានកន្លែង ខុសពីមារយាទឯង មិនប្រុងប្រយត្ន តាមទាន់តឹងទារ វាខឹងក្ដៅក្ដាត់ គុំកួនដោយស្ងាត់ បំភ្លាត់ឯងបាន។
១៥០– ហេតុនេះគួរគិត គួរកូនពិនិត្យ ច្បាស់សុំរាប់អាន គួរឱ្យសុំឱ្យ គួរខានឱ្យខាន ដ្បិតពាក្យបូរាណ មានពីរចំណែក។ ចងទុកជាក្បួន ចិត្ដល្អក្រខ្លួន នេះពាក្យមួយប៉ែក មួយទៀតចិត្ដល្អ មិនក្រយូរពេក ឆ្នាំនេះឆ្នាំស្អែក គង់តែនឹងមាន។ ចិត្ដល្អក្រខ្លួន ចាំទុកជាក្បួន ជាក្បាលនិទាន ឃើញអ្នកទុគ៌ត កម្សត់អត់ឃ្លាន មិនស្គាល់ពោះវៀន ហ៊ានឱ្យជឿខ្ចី។ ទៅទារមិនឱ្យ តឹងតឿនញយៗ ខឹងប្ដឹងកើតក្ដី ខាតទាំងទ្រព្យចាស់ អស់ទាំងទ្រព្យថ្មី ស្គមគោក្របី រវល់ក្ដីខានថែ។ ចិត្ដល្អមួយទៀត មេត្រីជាញាតិ សម្ដីខ្ចីស្រែ បានស្រូវស៊ីស្កប់ ត្រឡប់កាច់កែ រំលងឆ្នាំខែ ដកហូតមិនបាន។
១៥៥– ឯងប្ដឹងវាត ក្ដីទាល់តែក្រ អស់ឆ្នាំងអស់ចាន របស់ក៏ខាត របរក៏ខាន ដឹងអស់ប៉ុន្មាន ទម្រាំចាញ់ឈ្នះ។ ទ្រព្យធនអ្វីៗ ចងការជឿខ្ចី មើលមុខឱ្យច្បាស់ កុំចោលច្បាប់ខ្មែរ កុំភ្លេចច្បាប់ព្រះ តាមតែប្រទះ ប្រទាញសងខាង។ ចាំចិត្ដកណ្ដាល បើនឹងឈឺឆ្អាល សប្បុរសមើលយ៉ាង រៀនស្លូតរៀនប្រាជ្ញ កាចកុំក្អេងក្អាង ក្រែងគ្រោះសំណាង ខ្មោចខាងវាស្អប់។ ល្អមិនក្រយូរ ស្វែងរៀនរកគ្រូ ស៊ូកុំស្ដាយទ្រព្យ គ្រូវាយកុំខឹង ឱ្យប្រឹងខំផ្គាប់ ចេះមន្ដសាយសព្វ ត្រឡប់ជាមាន។ ធម្មតាអ្នកចេះ អ្នកស្វែងចំណេះ ចេះដ្បិតខំរៀន ឆ្លាក់គូរក្បូរក្បាច់ សាច់សិល្ប៍របៀន អ្នកខ្សត់អត់ឃ្លាន ព្រោះចិត្ដអាក្រក់។
១៦០– ខូចខិលល្ងង់ខ្លៅ គ្រូជេរប្រដៅ ខឹងលបសម្លក់ របិញរបុញ ភូតភរកុហក ស៊ូប្លន់លួចឆក់ មិនខំធ្វើស្រែ។ អ្នកប្លន់អ្នកលួច ឆក់បានតិចតួច បានគ្រាន់បើដែរ ដល់គេឃើញមុខ ត្រូវគុកច្រើនខែ អាក្រក់ដល់ម៉ែ ខូចកេរ្ដិ៍ដល់ឪ។ ចង់ខ្ពស់បានទាប ចចើងចង់លាភ រែងបាត់ធនទៅ ពាក្យពីបូរាណ លោកអានតម្រូវ ឫកមនុស្សឥឡូវ ត្រូវតាមតម្រាយ។ អ្នកលួចអ្នកប្លន់ ចង់បានប្រពន្ធ ចេញជួញស្រុកឆ្ងាយ ទិញងារមេស្រុក សូកធ្វើចៅហ្វាយ ចង់ថ្កើងសប្បាយ ចាយប្រាក់រាជការ។ ឆបាំងបំបាត់ លួចបានដោយស្ងាត់ អាងមានប្រាជ្ញា ក្រឡេកថ្នាំងដៃ កាឡៃបោះត្រា ទាស់ភ្នែកទេវតា រក្សាផែនដី។
១៦៥– មួយទៀតទុជ៌ន ធ្វើបាបបានបុណ្យ គឺបុណ្យមន្រ្ដី ទោសទៅចងចាប់ កាប់ឥតប្រណី បានបុណ្យមន្រ្ដី ព្រោះបុណ្យធ្វើបាប។ អំពើទាំងអស់ កុំសាងឱ្យសោះ ចៀសវាងដរាប កាន់សីលព្រះពុទ្ធ ឱនលុតឱនក្រាប បើក្រដុនដាប មានទេវតាជួយ។ កូនអើយទេវតា ស្ថិតសព្វព្រឹក្សា រងោករងួយ មនុស្សទ្រុស្ដឫស្យា ឯណានីមួយ ទេវតាពុំជួយ ចំណាំស្គាល់មុន។ មិនដែលកំបាំង រាជការបារាំង គេចាប់ដាក់គុក ដល់ខ្លួនស្លាប់ទៅ នៅរងសោយទុក្ខ សោយទោសនរក ទាំងពីរកន្លែង។ នរកបារាំង មានខ្សោយមានខ្លាំង មានខ្លីមានវែង នរកយមបាល គេផ្ចាលឥតក្រែង ព្រះអង្គសម្ដែង ថាលានកោដិឆ្នាំ។
១៧០– ហេតុនេះគួរវាង គួរចាលគួររាង គួរចងគួរចាំ គួរកុំធ្វើបាប ដរាបខ្លាចកម្ម គួរកាន់សីលប្រាំ បណ្ដាំសាសនា។ ហៃកូនចៅអើយ ក្រឡាប់អស់ហើយ មិនដូចដូនតា ភ្លៀងជនខែប្រាំង រាំងខែវស្សា ឆ្នាំវករកា ត្រីស័កនេះឯង។ រនោចផល្គុន រកាពីមុន ឯកស័កជាក់ស្ដែង ក្នុងខ្នើតផល្គុន ជនគ្រប់កន្លែង ទាំងគេទាំងឯង ធ្វើស្រែមិនបានផល។ ឆ្នាំរោងឆស័ក វិសាខភ្លៀងធ្លាក់ ពីររោចសម្គាល់ យប់ថ្ងៃអាទិត្យ ងងឹតព្យុះខ្យល់ ភ្លៀងជន់ពេញថ្នល់ ពេញវាលតូចធំ។ ពេញអូរពេញជ្រោះ ដើមឈើទាបខ្ពស់ រលុះរលំ ឫស្សីស្រុកយើង រលើងទាំងគុម្ព ទើបគ្រាប់វាផ្ដុំ ផ្ដួចដុះជាថ្មី។
១៧៥– ឆ្នាំចកុរជូត រាំងរីងរហូត គ្រប់ឆ្នំាទាំងបី កើតទាំងជំងឺ ស្លាប់មនុស្សប្រុសស្រី ខាលថោះអស់ភ័យ ធ្វើស្រែស្រូវបាន។ ភ្លៀងឆ្នាំម្សាញ់ រលីងក្បាលក្រាញ់ ត្រូវតាមបូរាណ កត្ដិកជន់វាល រាលសព្វស្មសាន អ្នកស្ទឹងប៉ុន្មាន រលួយស្រូវអស់។ ដាច់ថ្នល់ខានដើរ រាជការគេប្រើ ទាំងចាស់កំលោះ មមែរងកម្ម បញ្ចាំកេរ្ដិ៍កោះ គ្មានអ្វីស៊ីសោះ ដាច់ពោះក្សិណក្ស័យ។ ខែចេត្រឆ្នាំវក ស្រឡះពពក កើតមានសម័យ ជាហេតុអស្ចារ្យ សុរិយាល្ងាចថ្ងៃ ឧត្បាតចង្រៃ ឃើញសត្វអ្វីហោះ។ ពីជើងទៅត្បូង ចាស់ក្មេងមើលច្រូង បានឃើញទាំងអស់ មើលមិនស្គាល់ជាក់ ធ្លាក់ចំចន្លោះ បាត់ឈឹងសូន្យសោះ មិនដឹងទៅណា។
១៨០– កាលមុននោះមក ខែបុស្សឆ្នាំវក លែងមានអាជ្ញា មានតែមេស្រុក វាស់បែងក្រឡា ដីមួយហិតា ត្រូវសែសិបថាំង។ រង្វាន់មេស្រុក ត្រូវហូតមួយទុក ដប់ជូនបារាំង ទៅដល់ប៊ុយរ៉ូ បង្ហូរដាក់ឃ្លាំង ពូជពីរកន្ដាំង ក៏ជាប់ពន្ធដែរ។ គ្មានធូរគ្មានតឹង កូនអើយខំប្រឹង ជាតិឯងជាខ្មែរ ក្មេងប្រុសជំទង់ នៅក្នុងឪម៉ែ រាជការប្រិតប្រែ ថាឱ្យបង់ប្រាក់។ កូនចៅប្រុសស្រី កើតមកលើដី ខំរកលុយកាក់ បានហើយប្រឹងខំ ផ្សំគ្នាទុកដាក់ គ្រាន់ទិញស្លៀកពាក់ បង់ថ្លៃរាជការ។ ភទ្របទឆ្នាំច ចាប់គោខ្មៅស ដុតដែកបោះត្រា ដល់កុរជូតឆ្លូវ តម្រូវយ៉ាងណា នឹងកើតអស្ចារ្យ រហូតរាល់ឆ្នាំ។
១៨៥– នគរថ្កើងប្លែក សប្បាយតែភ្នែក ក្នុងចិត្ដរងកម្ម កូនប្រុសបណ្ដាច់ កុំភ្លេចបណ្ដាំ កប្បាសសូត្រថ្នាំ ត្រីម៉ាំលែងថោក។ ដូងស្លាអំពៅ អំបិលស្ករស្រូវ មានទៅមានមក មានចុះមានឡើង រាស្រ្ដយើងល្មមយក ល្មមរេលៃលក គួរយកគួរខាន ។ កប្បាសនិងថ្នាំ គួរដាស់ដីដាំ ធ្វើដៃឯងបាន កុំអាងខ្ជិលពេក កុំដេកឈប់ខាន កុំចោលបូរាណ ម៉ែឪដូនតា។ ដីកេរគរគោក កុំអាងខ្ជិលជោក ទៅឈ្ងោកចិនផ្សារ កូនចៅស្រីៗ ខំរៀនធ្វើការ បើគ្មានប្រាជ្ញា មានមាត់ចេះស្ដី។ ឱ្យសួរចាស់ៗ រៀនបោះកប្បាស ថ្ពេចមូរសម្លី រៀនកូតរៀនការ ត្រសារពាត់រវៃ ហូលគោមគាតក្ដី កុំបីចន្លោះ។
១៩០– រៀនថ្កររៀនត្បាញ ឱ្យចាស់បង្ហាញ បង្ហាត់ទាំងអស់ សំពត់បែបងាយ លាយសូត្រអំបោះ កុំទិញគេសោះ ឈ្មោះការជាស្រី។ ទិញដូរតែលាក់ អញ្ជុលចេសចាក់ ព្រហូតជាបី ធ្មេញឈើឈ្នាន់ផ្សំ ក្ដារមូរក្ដារកី ត្រល់ខ្នារឫស្សី មុខប្ដីជាប្រុស។ តាំងពីឆ្នាំច ការអ្វីក្រៗ ខំរៀនទៅចុះ ទាន់មានចាស់នៅ ស្គាល់ត្រូវស្គាល់ខុស ចាស់ស្លាប់រលស់ គ្មានមនុស្សចេះដឹង។ រកស៊ីឱ្យញឹក ដេកយប់រឭក រឹតក្បិនឱ្យតឹង បើភ្ញាក់កាលណា កាន់ការកាលហ្នឹង កូនអើយខំប្រឹង ទាំងប្រុសទាំងស្រី។ រមៀតស្លឹកគ្រៃ ជីរម្ទេសខ្ទឹមខ្ញី មានដីដាំចុះ ដាំដើមអ្វីៗ ចំណីគ្រប់ឈ្មោះ គ្រឿងស៊ីឆ្អែតពោះ ជុះចោលទទេ។
១៩៥– ជុះទិសខាងជើង ជុះដាក់ដីយើង កុំជុះដីគេ កុំជុះដាក់ផ្លូវ ត្រូវមាត់ក្មេងជេរ ដីសល់ទំនេរ ល្មមមាត់ជុះទៅ។ សក់មួយជាដប់ ជ្រៀតសិតឱ្យសព្វ កុំឱ្យសល់នៅ បើប្រាជ្ញារាក់ ចាក់ចិត្ដឱ្យជ្រៅ ដាំចេកអំពៅ ដូរស្រូវអង្ករ។ កើតមកជាមនុស្ស មួយព្រួយចង់រស់ មួយព្រួយចង់ល្អ ពីនេះជាធំ វានាំឱ្យក្រ ចាំជាតំណ តជាទំនុក។ មនុស្សមារយាទមិនប៉ិន កូននៅខ្ញុំចិន ព្រោះម្ដាយឪពុក ធ្វើស្រែមិនត្រូវ គ្មានស្រូវជង្រុក កូនអើយចាំទុក នេះមុខមេក្រ។ មេមួយជាធំ កំលោះក្រមុំ ស្លៀកពាក់ចង់ល្អ បើបានបែបខ្មៅ ថានៅបែបស ទើបគ្រាន់អន់ក្រ ត្រដរចង់ថ្កើង។
២០០– ក្រឡាប់នគរ រឹងរឹតកើតចោរ ច្រើនឡើងៗ ពាលរឹងក្រអើត ចើតម៉ើតចើងម៉ើង ក្រដាសយ៉ាងស្ដើង ចាយរហែកនៅដៃ។ ប្រាក់ចាយអស់ទៅ ព្រោះមនុស្សឥឡូវ ឧត្បាតចង្រៃ ជាតិខ្មែរប្រែភេទ ក្រឡែតកាឡៃ ក្រឡាស់សាសន៍សៃយ សព្វសត្វនានា។ ជាតិខ្មែរប្រែខុស ស្រីក្លែងធ្វើប្រុស ប្រុសក្លែងធ្វើជ្វា យកប្ដីប្រពន្ធ មិនស្គាល់មីងមា បុណ្យទានការងារ កាប់គ្នាឥតក្រែង។ ល្ងង់ឫកធ្វើចេះ គោចងត្រដោកសេះ ប្រុសៗដុះស្នែង ស្រីពាក់អាវខ្លី ប្រុសពាក់អាវវែង សារុងហៀរកែង ធ្វើឯងអ្នកគ្រាន់។ កាន់ចិត្ដសីហលោ សេះទឹមនឹងគោ ចាក់ហ៊ោលាន់ៗ រកស៊ីមួយថ្ងៃ ចង់បានមួយពាន់ បរគោជល់មាន់ ចាក់កាប់ជាប់គុក។
២០៥– រីល្បែងបៀប៉ោ ច្រើនទៅជាចោរ ប្រកាសហាមទុក ចូរកូនប្រយត្ន ប្រយោជន៍ទៅមុខ ចាំជាទំនុក តំណកូនចៅ។ អ្នកកុំប្រហែស រាជការនិរទេស កម្ចាត់ចេញទៅ រាជការអាណិត ខំប្រិតប្រដៅ កុំលោភល្ងង់ខ្លៅ ថោកផៅត្រកូល។ ប្រយត្នក្រែងក្រ ផ្លូវច្បាប់ល្អៗ អ្នកខំប្រមូល ផ្លូវវៀចអាក្រក់ អ្នកកុំដើរចូល ហៅផ្លូវមិនស្រួល លង់ផុតគំនិត។ ដើរផ្លូវកណ្ដាល ស្រឡាញ់ស្និទ្ធស្នាល ឈឺឆ្អាលដោយពិត មគ្គផលសីលទាន ឈានចូលឱ្យជិត យកធម៌ជាមិត្រ មិនឥតអំពើ។ មនុស្សម្នាក់ច្រើនឆោត ច្រើនគ្មានគេកោត ឈឺគ្មានគេមើល ស្លាប់ឥតគេព្រួយ គេជួយទាំងស្ទើរ មិនដែលឡើងលើ ច្រមុះចុះក្រោម។
២១០– កូនចៅស្រីៗ ក្រមុំសាវខ្ចី រៀនឆោតឱ្យល្មម ប្រុសស្មើម៉ែឪ ឆូវឆប្រលោម មើលរូបមើលឆោម កុំព្រមដោយងាយ។ កុំក្និចក្នក់ក្នាញ់ បើចិត្ដស្រឡាញ់ កុំចេញនិយាយ បើស្អប់កុំប្ដឹង បើខឹងកុំធ្លាយ កុំរួសកុំរាយ កុំងាយធ្វើស្និទ្ធ។ កុំដើរប្រាប់គេ កុំអាងអួតជេរ ក្រែងប្រុសឈឺចិត្ដ នៅឱ្យតែនឹង កុំរវល់ធ្វើស្និទ្ធ ប្រុសនឹងអាណិត គិតចូលដណ្ដឹង។ បើម៉ែឪឱ្យ មើលមុខមើលក្រោយ អាក្រក់ខ្មៅឆ្អឹង ប្រកែកដោយស្ងាត់ កុំខ្លាចម្ដាយខឹង កើតកូនមកតឹង ពិបាកចាយណាស់។ កុំឃ្លានចំណី កុំខ្លាចអត់ប្ដី កុំភ័យខ្លាចចាស់ មើលមុខឯងផង កុំរើសឥតខ្មាស ខ្លួនល្អស្រឡះ មិនខ្វះគេស្ដី។
២១៥– បើបានជាខូច ទាន់ផើមនៅតូច ខែពីរខែបី រវៀសឆ្លើយប្រញាប់ ប្រាប់គ្នាស្រីៗ កុំលាក់ធ្វើអី គង់តែគេដឹង។ កុំមាយាបេះក្រូច មារយាទចេះតែខូច មាត់ចេះតែខឹង គេថាត្រង់ណា ជេរគេត្រង់ហ្នឹង ជេរហើយខំប្រឹង យកថ្មសង្កត់។ រម្លាយរម្លូត អាក្រក់តែគូទ អួតល្អតែមាត់ មានគេឃើញច្បាស់ ម្នះរឹងហ៊ានស្បថ ទោសនេះនឹងភ្លាត់ ធ្លាក់ទៅអវចី។ ចោរកាចល្ងង់ខ្លៅ ប្រាជ្ញប្រាមប្រដៅ ហៅបារាជិកស្រី មេបាគេកាច់ ស្លាប់ពីរស្លាប់បី រម្លូតកូនខ្ចី ស្មើរម្លាយព្រះ។ មានកាលមានក្ស័យ ខ្វិនជើងខ្វិនដៃ កខ្វេសកខ្វាស ខ្វាក់ភ្នែកអន្ធការ អនិច្ចារូបណាស់ អាក្រក់កេរ្ដិ៍ខ្មាស តកូនតចៅ។
២២០– អសោចសុសសាយ សុសសព្វដល់ម្ដាយ ដល់ពូជពង្សផៅ ស្លាប់ទៅរងទុក្ខ នរកឋានក្រៅ គេស្រុះទឹកក្ដៅ ស្លាប់ទៅរស់ទៀត។ ស៊ីខ្ទុះឈាមឯង ព្រះអង្គសម្ដែង ថាម៉ឺនសែនជាតិ ឡើងមកជាប្រេត ហេតុកម្មមិនឃ្លាត អត់ឃ្លាតគ្មានញាតិ ហែកកូនឯងស៊ី។ ព្រះពុទ្ធលែងប្រោស ធម៌លែងសន្ដោស សោយទុក្ខវក់វី ហេតុចិត្ដឫស្យា មិច្ឆាទិដ្ឋី កើតជាជ្រូកញី គេគ្រៀវគេចាក់។ អសង្ខេយ្យឆ្នាំ ហេតុផលសេសកម្ម កើតជាមនុស្សខ្វាក់ មនុស្សខ្វិនទ្រែមទ្រម ជាគមជាគាក់ ខ្ទើយឆ្កួតអបលក្ខណ៍ ជាអ្នកឥតប្ដី។ បើម្ដាយជួយព្រួត ជួយនាំរម្លូត រម្លាយកូនខ្ចី នរកប្រេតព្រមគ្នា មិនឃើញរស្មី ដ្បិតចិត្ដតិរ្ថិយ ទាំងម្ដាយទាំងកូន។
២២៥– ហេតុនេះគួរខ្លាច ធម្មតាចោរកាច មិនដែលស្ងាត់សូន្យ អសោចកេរ្ដិ៍ឈ្មោះ ទាំងអស់បងប្អូន មេបាតាដូន កាត់កាលលែងរាប់។ គួរប្រុងឥរិយា កើតទាន់សាសនា ហៅមហាមានភព្វ ទាំងស្រីទាំងប្រុស កុំបីឱ្យធ្លាប់ គួរខំរៀនផ្គាប់ បរលោកលោកិយ។ ឯខុសនឹងគាប់ បើនឹងរៀបរាប់ រាល់រូបប្រុសស្រី គាប់ខុសនៅចិត្ដ ខុសគាប់នៅស្ដី គម្រប់ជាបី ខុសត្រូវនៅកាយ។ កូនប្រុងប្រព្រឹត្ដ ការកេរ្ដិ៍ឱ្យជិត គំនិតឱ្យឆ្ងាយ កើតមកជាខ្មែរ កុំប្រែក្លែងក្លាយ ធម្មតាសប្បាយ វាតែងឱ្យទុក្ខ។ ឱ្យទោសឱ្យទែង ទាស់តែម្នាក់ឯង ដល់ម្ដាយឪពុក រីឯរឿងទោស មានតែពីរមុខ មួយនៅនរក មួយនាលោកិយ។
២៣០– លោភោទោសោ កើតពីមោហោ រាល់រូបប្រុសស្រី គួរកាន់មេត្ដា កតញ្ញូខន្ដី នេះជាបាលី ទៅកាន់បរលោក។ ពាក្យពិតប្រដៅ ឱ្យអស់កូនចៅ ប្រព្រឹត្ដរៀនយក កូនណាមិនរៀន កូននឹងមារយាទថោក នឹងធ្លាក់ជ្រុលជ្រក ក្នុងចតុរាបាយ។ ធំស្រេចនៅស្លូត សុខខ្លួនរហូត ដរាបវែងឆ្ងាយ ខន្ដីអំណត់ សង្កត់ក្នុងកាយ ជាតិជនទាំងឡាយ កម្រកាន់បាន។ ចេះហើយមិនដឹង ចិត្ដនៅម្នះរឹង ប្រឹងរកកម្មដ្ឋាន រកធម៌មិនយល់ ខ្ជិលខ្វល់ឈប់ខាន បន្ទោសបូរាណ ថាគ្មាននិស្ស័យ។ រីបាបនិងបុណ្យ មានចិត្ដជាមុន មាត់ជាបច្ច័យ នាំចុះនាំឡើង ពីជើងពីដៃ សន្សំសព្វថ្ងៃ ឈ្មោះហៅសំណាង។
២៣៥– កើតក្នុងលោកិយ រាល់រូបប្រុសស្រី មានចិត្ដមានអាង កុសលអកុសល ប្រទាញសងខាង រូបនៅតេងតាង តែងតាមទៅមក។ មគ្គផលសីលទាន បើល្ងង់ឱ្យរៀន បើគ្មានឱ្យរក យល់ល្អសាងស្អាត សង្វាតជ្រៀតជ្រក ជ្រើសរើសរៀនរក រក្សារូបកាយ។ នេះជាហៅច្បាប់ ជាទីសណ្ដាប់ សណ្ដានទាំងឡាយ កូនចៅប្រុសស្រី កុំបីនឿយណាយ សង្ខេបបរិយាយ និដ្ឋិតំចែងចប់។ អ្នកព្រះភិរម្យ អាចារ្យង៉ុយខ្ញុំ បង្គំម្រាមដប់ លើសលស់ឆ្គាំឆ្គង រំលងពុំគាប់ ពុំគួរសមសព្វ សុសសាយសេចក្ដី។ កាយកម្មវចីកម្ម ឈ្មោះច្បាប់បណ្ដាំ កូនចៅប្រុសស្រី ជាបរមត្ថក្រៅ មិនហៅបាលី បរលោកលោកិយ ទាំងពីរកន្លែង។
២៤០– បើលោកឯណា ចេះចាំធម៌អាថ៌ ប្រាកដជាក់ស្ដែង ឃើញខុសត្រង់ណា កុំថាជាល្បែង ដ្បិតពាក្យខ្ញុំតែង ឱ្យក្មេងវាភ័យ។ មិនមែនភរភូត កុំថាខ្ញុំអួត ប្រាជ្ញាខ្ញុំវៃ ឃើញមនុស្សវង្វេង ខ្ញុំតែងច្បាប់ថ្មី អស់អាថ៌សេចក្ដី អេវំចប់ហោង ៕៚