បទទី ៦
ការដេកលក់ជាកិច្ចវត្តយ៉ាងសំខាន់មួយ សម្រាប់បុរសស្ត្រីគ្រប់រូបគ្រប់នាម ប្រសិនបើមិនមានការដេកសម្រាកហើយ រាងកាយរហូតដល់ខួរក្បាលរបស់យើងនឹងមានអាការរួយស្រពន់ កម្លាំងកាយ កម្លាំងចិត្ត ហើយនឹងទ្រុឌទ្រោមថយខ្សោយចុះទៅជាលំដាប់ នឹងបណ្ដាលឱ្យកើតរោគផ្សេងៗជាមិនខាន។ យើងរាល់គ្នាគង់ដឹងច្បាស់ហើយថា ការដេកស៊ប់ឱ្យល្មមនឹងសេចក្ដីត្រូវការរបស់រាងកាយនេះជាការខានមិនបានទេ ចូរមើលអ្នកអត់ដំណេកយប់ដោយមានកិច្ចរវល់ ហើយថែមទាំងអត់ដំណេកក្នុងវេលាថ្ងៃផងចុះ តើមានអាការដូចម្ដេចខ្លះ? ហេតុនេះទើបឃើញថា ការដេកលក់ស៊ប់ជាកិច្ចសំខាន់បំផុត ក្នុងការទំនុកបម្រុងរាងកាយឱ្យមានកម្លាំងនិងបានសេចក្ដីសុខ តែការដេកលក់ស៊ប់របស់មនុស្សយើងនេះត្រូវការវេលាវែង ខ្លី តិច ច្រើននោះ ស្រេចតែអាយុរបស់បុរសស្ត្រីនោះៗជាប្រមាណ ដូចមានកំណត់ខាងក្រោមនេះ គឺ ៖
- កើតមកក្នុង ១ខែដំបូង ត្រូវដេក ២០ម៉ោង
- ៦ខែ – ១៦-១៨ –
- ១ខួប – ១៤-១៥ –
- ២ខួប – ១១-១២ –
- កើតមកក្នុង ៣ ខួបដល់ ៥ខួប ១ថ្ងៃ ត្រូវដេក ១០-១១ម៉ោង
- តាំងពី ៥ ខួបដល់ ១០ ខួប –៩-១០ –
- ១០ ឆ្នាំដល់ ២០ ឆ្នាំ –៨-៩ –
- ២០ – ៤០ – –៧-៨ –
- ៤០ ឆ្នាំឡើងទៅ –៦-៧ –
ការកំណត់វេលាដេកតាមចំនួនដូចពោលមកនេះ ទើបល្មមគ្រប់គ្រាន់នឹងសេចក្ដីត្រូវការរបស់រាងកាយ ហើយដេកត្រូវដេកឱ្យលក់ស៊ប់ទៀតផង។ ឯការដេកថ្ងៃនិងដេកយប់នោះមានផលខុសគ្នាយ៉ាងណា បើយើងនឹងពណ៌នាជាលំដាប់តទៅ ៖
សរីរសាស្ត្រនៃការដេកលក់
កាលបើយើងអស់សេចក្ដីដឹងខ្លួនទៅខ្លះឬអស់ទៅតែម្ដង ទើបយើងហៅថា “ការដេកលក់” វារៈដែលយើងដេកលក់នេះ ក៏គឺពេលដែលរាងកាយត្រូវការឈប់សម្រាកពីការនឿយហត់ ខុសពីពេលភ្ញាក់រឭកដែលជាខណៈអវយវៈផ្សេងៗនាំគ្នាធ្វើការងារតាមមុខក្រសួងរៀងខ្លួនគ្រប់ចំណែក។
ការដេកលក់ស៊ប់ឬខណៈដែលរាងកាយឈប់សម្រាកនេះ មិនមែនអវយវៈផ្សេងៗគ្រប់ចំណែកឈប់ធ្វើការងារព្រមគ្នាទាំងអស់ទេ ចំណែកដែលឈប់ក៏ឈប់ទៅ ដូចជាខួរក្បាលនៅត្រង់ថ្ងាសឈប់គិត ចក្ខុប្រសាទឈប់ឃើញ។ ចំណែកដែលបន្ថយការងារឱ្យតិចចុះទៅ ក៏បន្ថយឱ្យតិចទៅ ដូចជាសួតក៏នៅតែស្រូបខ្យល់ដកដង្ហើម បេះដូងនៅតែធ្វើការស្រូបលោហិត ទាំងពីរមុខនេះ ឈប់ខានធ្វើការសោះមិនបានឡើយ (ប្រសិនបើបែរជាឈប់ខានធ្វើការមិនមែនដេកលក់តាមធម្មតាទេ)។ ក្នុងខណៈដែលដេកលក់ មានការប្រែប្រួលក្នុងរាងកាយដូច្នេះ ៖
ការដកដង្ហើម – មានអាការយឺតហើយជ្រៅជាងធម្មតា ប្រើឆ្អឹងជំនីរច្រើនជាងពោះយឺតៗ ឆាប់ៗ ជារយៈៗ ដកដង្ហើមចេញមានរយៈខ្លី នឹងលាន់ឮខ្លាំងជាងពេលដែលភ្ញាក់រឭក។
គ្រាប់ភ្នែក – ក្រឡាប់ឡើងទៅលើ ខាងក្នុងកែវភ្នែករៀវតូចទៅ។
កន្ត្រាក់ជង្គង់ – មានអាការថយតិចទៅឬអស់ទៅតែម្ដង។
ទឹកបស្សាវៈ ទឹកភ្នែក ទឹកសម្បោរ នឹងទឹករំអិលឯទៀតៗ – មានអាការចេញកាន់តែតិចទៅ (ហេតុនេះហើយបានជាវេលាដែលយើងងងុយដេកទើបមានទឹកភ្នែកតិច ធ្វើឱ្យយើងញីភ្នែកហាមាត់ស្ងាប ការហាមាត់ស្ងាបគឺការស្រូបលោហិតឡើងមកកាន់ខួរក្បាល)។
កាបោន (ធាតុធ្យូង) ដុតឆេះក្នុងរាងកាយ – កាន់តែថយតិចទៅ។
ជីពចរ – មានអាការកម្រើកកាន់តែយឺតទៅជាងធម្មតា។
តាមធម្មតា ខណៈដែលខួរក្បាលឈប់សម្រាកធ្វើការឬឈប់ទៅនោះ រាងកាយកម្រើកដោយចេតនានោះសន្សឹមៗ អស់ទៅតាមគ្នាជាលំដាប់ តែការស្ដាប់ឮសូរសព្ទនោះនៅក្រោយគេបំផុត ប៉ុន្តែកាលដែលនឹងភ្ញាក់ឡើងវិញនោះ ការស្ដាប់ឮសូរសព្ទនោះមានមកមុនអាការឯទៀតៗទាំងអស់ ហើយអាការឯទៀតៗក៏សន្សឹមៗមានឡើងមកជាលំដាប់ ដរាបដល់កិរិយាកម្រើកដោយចេតនាមានមកក្រោយគេបង្អស់ នៅទីបំផុតយើងក៏ភ្ញាក់រឭកឡើងអំពីដំណេក។
ការដេកលក់ស៊ប់
ការដេកលក់ស៊ប់នោះសំដៅយកភវង្គចិត្តឥតមានអាការដឹងខ្លួនសោះ ទាំងមិនមានការយល់សប្ដអាក្រក់-ល្អក្នុងខណៈនោះឡើយ។ ឯការដេកលក់មិនស៊ប់នោះគឺពាក់កណ្ដាលលក់ពាក់កណ្ដាលភ្ញាក់ រមែងមានអាការយល់សប្ដជានិច្ច ហេតុនេះ ទើបមានយល់សប្ដច្រើនក្នុងវេលាយប់ងងឹត ជិតភ្លឺ ឬពេលជិតភ្ញាក់ពីដេក។ ប្រសិនបើនឹងគ្រឿងវាស់ស្ទង់ការដេកលក់ស៊ប់ឬមិនស៊ប់នោះ នឹងឃើញថាការដេកលក់ស៊ប់នៅក្នុងម៉ោងទី២ រាប់តាំងអំពីពេលដេកលក់មក តអំពីពេលនោះមកទើបសន្សឹមៗភ្ញាក់រឭកឡើងវិញគ្រប់ៗ ខណៈរហូតដល់ជិតភ្លឺស្វាង ប៉ុន្តែឯក្មេងៗដែមានអាយុរវាង៤ខួប វេលាជិតភ្លឺស្វាងបែរជាដេកលក់ស៊ប់ស្រួលណាស់។
អំពីហេតុដែលធ្វើឱ្យដេកលក់
គ្រូពេទ្យដែលចេះស្ទាត់ជំនាញខាងវិជ្ជានេះមានយោបល់យល់ផ្សេងៗគ្នាអំពីហេតុដែលធ្វើឱ្យដេកលក់នេះ គឺអាចារ្យខ្លះសម្ដែងថាព្រោះមានរបស់ជូរៗ ខូចៗ ក្នុងរាងកាយច្រើន ទើបជាហេតុធ្វើឱ្យរាងកាយនិងខួរក្បាលមានសេចក្ដីនឿយហត់ថយកម្លាំងទើបធ្វើឱ្យដេកលក់ទៅ។ អាចារ្យខ្លះថាអុកស៊ីសែនក្នុងខ្លួនយើងកាន់តែថយអស់ទៅ ជាហេតុធ្វើឱ្យខួរក្បាលមិនបានទទួលស្រោចស្រង់ល្មមគ្រប់គ្រាន់ ទើបនាំឱ្យទន់ខ្សោយថយកម្លាំងហើយក៏ដេកលក់ទៅ។ អាចារ្យខ្លះថា សរសៃប្រសាទដែលសម្ពន្ធចងទាក់ទងគ្នាទៅវិញទៅមករួញដាច់ចេញពីគ្នា ទើបធ្វើឱ្យដេកលក់ទៅ។ អាចារ្យខ្លះថាខួរក្បាលបានទទួលលោហិតតិចពេក ទើបខួរក្បាលមិនធ្វើការតាមមុខក្រសួង ត្រូវការឈប់សម្រាក នេះនាំឱ្យដេកលក់ទៅដែរ។ ឯការណ៍ដែលនាំឱ្យលោហិតឡើងមកកាន់ខួរក្បាលតិចច្រើននោះ ស្រេចតែហេតុការណ៍ខាងក្រៅជាប្រមាណ ដូចជាពន្លឺ សូរសំឡេងជាដើម អស់នេះនាំឱ្យលោហិតឡើងមកខួរក្បាលច្រើន ហេតុនេះហើយបានជាវេលាយើងដេកលក់ តោងបិទភ្នែកដើម្បីមិនឱ្យឃើញពន្លឺភ្លឺចាំងភ្នែក ហើយតោងនៅក្នុងទីស្ងាត់មិនឱ្យឮសូរសំឡេងផ្សេងៗ។ ក្នុងកាលដែលយើងងងុយដេកក្នុងខណៈដែលបរិភោគអាហាររួចហើយនោះ ដោយហេតុបំពង់លោហិតក្នុងពោះប៉ោងធំចាំទទួលអាហារ ធ្វើឱ្យលោហិតក្នុងខួរក្បាលថយតិចចុះទៅ ទើបមានអាការងងុយដេក នៅវេលាក្រោយបរិភោគអាហារហើយជានិច្ច បើមានទំនងដូច្នេះតោងប្រែថា ភ្លើងធាតុរម្លាយអាហាររបស់យើងបរិបូណ៌ល្អណាស់។
ការដេកយប់នឹងការដេកថ្ងៃ
យើងបានពោលមកហើយថា កាលដែលយើងនឹងដេកលក់នោះ ខួរក្បាលសន្សឹមៗ លះបង់ការងារជាការឈប់សម្រាក ត្រាតែការដឹងខ្លួនអស់ទៅខ្លះឬអស់ទៅតែម្ដង។ ដែលយើងមានអាការដូច្នេះតោងតែមិនមានអារម្មណ៍ខាងក្រៅមកបៀតបៀន ដូចជាពន្លឺ ១ សូរសំឡេង ១ អស់នេះជាដើម។ វេលាដែលប្រាសចាកសូរសំឡេងអស់នេះ មានតែពេលយប់ស្ងប់ស្ងាត់ទាំងពន្លឺទាំងសូរសំឡេងទាំង ២ យ៉ាង ជាហេតុនាំឱ្យខួរក្បាលមានឱកាសឈប់សម្រាកបានស្រួល គឺធ្វើឱ្យលក់ស៊ប់សួនល្អ ទើបរាប់ថាជាការដេកលក់ដោយធម្មជាតិ។ គប្បីយល់ថា បណ្ដាសព្វសត្វមានជីវិតទាំងឡាយ ធម្មតាច្រើនតែនាំឱ្យយើងរកឱកាសដេកសម្រាកតែក្នុងវេលាយប់ប៉ុណ្ណោះ ចំណែកឯវេលាថ្ងៃច្រើនតែមានគ្រឿងនាំឱ្យរញ្ជួយដល់សរសៃប្រសាទដោយជុំវិញ ដូចជាពន្លឺ សូរសំឡេងនឹងសូរក្ដុងក្ដាំងជាដើម ដែលធ្វើឱ្យខួរក្បាលរម្ងាប់ពុំបាន ទុកជាព្យាយាមរម្ងាប់ឬដេកទៅទាំងបង្ខំ ក៏គង់តែមិនដេកលក់ស៊ប់សួនតាមប្រក្រតីបាន ហេតុនេះការដេកក្នុងវេលាយប់ទើបលក់ស៊ប់សួនស្រួលជាងវេលាថ្ងៃច្រើនណាស់ ទើបសរុបសេចក្ដីដូច្នេះ។
ការដេកត្រូវការ
១- ឱ្យមានរបស់ជូរៗ ផ្អូមៗ ច្រើន ដោយវិធីហាត់ប្រាណធ្វើឱ្យចេញញើស ជាហេតុធ្វើឱ្យខួរក្បាលនឿយអស់កម្លាំងចង់ដេកសម្រាកទើបដេកលក់បានងាយស្រួល។
២- ធ្វើឱ្យអុកស៊ីសែនឱ្យអស់ទៅ គឺថាធ្វើការងារដោយប្រើខួរក្បាលតែល្មមប្រមាណកុំឱ្យច្រើនហួសហេតុពេក។
៣- ធ្វើឱ្យសរសៃប្រសាទរួញ ដោយវិធីស្ងប់ស្ងាត់និងងងឹត។
៤- ធ្វើឱ្យលោហិតឡើងមកកាន់ខួរក្បាលតិច ដោយវិធីបញ្ឆោតលោហិតឱ្យចុះមកកាន់រាងកាយច្រើន ឬការពារគ្រឿងបៀតបៀនផ្សេងៗ ដែលធ្វើលោហិតឱ្យឡើងមកកាន់ខួរក្បាល ដូចជាផឹកសុរា ទឹកតែ កាហ្វេជាដើម។
ការដេកមិនលក់
បានពោលខាងដើមរួចហើយថា ការដែលយើងដេកលក់នោះតោងអាស្រ័យហេតុផ្សេងៗ ហេតុដែលសំខាន់គឺលោហិតដែលឡើងមកកាន់ខួរក្បាលតិចចុះទៅ ទើបធ្វើឱ្យខួរក្បាលឈប់សម្រាកធ្វើការជាបណ្ដោះអាសន្នសិន។ ឯការដេកមិនលក់នោះ មានហេតុផ្សេងដោយឡែកពីនេះ គឺ (ក) ហេតុខាងក្រៅ (ខ) ហេតុខាងក្នុង (គ) ហេតុដែលមិនទាន់ដឹងប្រាកដ។
(ក) ហេតុខាងក្រៅ
១- កើតពីជំងឺនិងរោគ – ដូចជាឈឺចាប់ត្រង់មុខរបួសឬគ្រុនរងា កម្ដៅក្នុងខ្លួនឡើងខ្លាំង រោគក្អក រោគសួត មានរោគរបេងជាដើម ការដកដង្ហើមមិនស្រួលបណ្ដាលមកពីបេះដូងពិការ។
២- គ្រឿងបៀតបៀនផ្សេងៗ – ដូចជាពន្លឺនិងសូរសំឡេងជាដើមដូចពោលរួចមកហើយខាងដើម ហេតុនេះការដេកថ្ងៃដែលជាវេលាគេធ្វើការងារ ជាហេតុធ្វើឱ្យមានសូរសំឡេងក្ដុងក្ដាំងមកបៀតបៀនយើងជានិច្ច។
(ខ) ហេតុខាងក្នុង
១- សេចក្ដីភិតភ័យ – កើតឡើងដោយហេតុឯណានីមួយដូចជា ភ្លើងឆេះ ឬដំណឹងអាក្រក់ផ្សេងៗ។
២- ការប្រើគំនិត – បណ្ដាលមកពីធ្វើការងារ ប្រើសរសៃប្រសាទលើសកំណត់ ដូចជាពួកគ្រូពេទ្យ ចៅក្រម អ្នករៀន ឬកើតមកពីសេចក្ដីតូចចិត្តទោមនស្សផ្សេងៗ។
៣- គ្រឿងពុលផ្សេងៗ – ដូចជាកញ្ឆា បារី អាភៀន និងសុរាមេរ័យ ផឹកកាហ្វេជិតពេលដេក ឬរោគទល់លាមកជាដើម ក៏ជាហេតុធ្វើឱ្យដេកមិនលក់ដែរ។
៤- សេចក្ដីចាស់ជរា – មកអំពីតួលោហិតឡើងលើច្រើន ទើបធ្វើឱ្យលោហិតដក់នៅក្នុងខួរក្បាលច្រើនហួសកំណត់។
(គ) ហេតុដែលមិនទាន់ដឹង
គឺកើតមកពីការប្រែប្រួលក្នុងខួរក្បាលនុ៎ះឯង មិនមែនហេតុដទៃទេ នៅសុខៗ ស្រាប់តែដេកមិនលក់ ហើយយូរៗទៅក្លាយទៅជាមនុស្សឆ្កួតខូចចរិតក៏សឹងមាន រោគអស់នេះច្រើនកើតដល់ស្ត្រីចិត្តទន់ច្រើនខ្លាច មានភ័យភ្ញាក់ច្រើនឬកើតដល់មនុស្សប្រុសដែលមានមុខក្រសួងទទួលខុស-ត្រូវច្រើន តាមដែលពោលមកនេះនិងឃើញថា ការដេកមិនលក់មានហេតុច្រើនប្រការណាស់ ហើយបើយើងត្រូវការដេកឱ្យលក់ស៊ប់សួន តោងតែកម្ចាត់ដើមហេតុនោះចេញ ចំណែកដែលយើងល្មមកែដោយខ្លួនយើងបានក៏គួរកែខៃដោយខ្លួនឯងទៅ ចំណែកដែលមិនមែនជាកំហុសរបស់យើងដូចជាបណ្ដាលមកពីរោគ គួរប្រគល់ឱ្យគ្រូពេទ្យចាត់ចែងកែខៃតទៅ។
ចប់អនាមយកថា ដោយសង្ខេបតែប៉ុណ្ណោះ។
ខ. ស.
ខេមរង្សី
អ្នកប្រែនឹងរៀបរៀង