ច្បាប់​ក្រម

នានាកាព្យ

(១)  នេះគឺច្បាប់ក្រម  ប្រសើរឧត្ដម  ទូន្មានអ្នកផង  ប្រើឱនលំទោន  កុំបីមានឆ្គង  ប្រាជ្ញាបុណ្យផង  កើតដោយប្រណិប័តន៍ ។  នរូអ្នកណា  ទោះយកអាត្មា  ចូលសាសន៍ពុទ្ធរត្ន  ចូរធ្វើឱ្យត្រង់  ដោយនូវបន្ទាត់  ហៅស្វែងសម្បត្ដិ  យកផ្លូវនិព្វាន ។  នរូអ្នកផង  ទោះដឹងយល់ហោង  ចិត្ដនោះឱ្យហ៊ាន  បំពេញព្រះផ្នួស  ដោយព្រះទូន្មាន  កុំធ្វើលីកលាន  ដោយចិត្ដអន្ធពាល ។  ម្ដាយឪពុកសោតណា  ស្រឡាញ់ស្ងួនភ្ងា  ហៅកូនសង្សារ  អាចមកបំបួស  ហេតុចង់សម្ភារ  ប្រើបង់អន្ធពាល  រៀនដោយក្រមច្បាប់ ។ 

(៥)  សង្វាតសរសេរ  អស់អញកុំខ្ជិល  ទើបបានជាគាប់  សង្វាតសូត្ររៀន  ដោយគ្រូប្រញប្ដ  កុំធ្វើលេលាប់  ដោយចិត្ដមាក់ងាយ ។  ហៃអស់សាមណេរ  ម្ដាយមកបង្វែរ  អ្នកជាបាធ្យាយ  សង្វាតសូត្ររៀន  ដូចលោកទាំងឡាយ  កុំធ្វើពាយងាយ  ដូចនៅគ្រហស្ថ ។  កុំធ្វើរាយមាយ  និងគ្រូបាធ្យាយ  ទុកស្មើអម្ចាស់  សង្វាតសរសេរ  សូត្ររៀនឱ្យណាស់  ប្រាជ្ញាយល់ច្បាស់  នាំញាតិទាំងឡាយ ។  អាសូរមេបា  ចិញ្ចឹមរក្សា  កុំឱ្យអន្តរាយ  អាចយកមកផ្ញើ  នឹងគ្រូបាធ្យាយ  ហេតុចង់ពណ្ណរាយ  ប្រយោជន៍ទាំងបី ។  មួយចង់ក្ដីច្បាប់  ឱ្យខ្លួនបានគាប់  នៅនាលោកិយ  មួយចង់ប្រាជ្ញា  មិនឱ្យអប្រិយ  មួយចង់បារមី  នាំញាតិទាំងឡាយ ។ 

(១០)  ហៃអស់សាមណេរ  កុំធ្វើដែលដែរ  ត្រង់ក្ដីពាយងាយ  លំអុតបម្រើ  អ្នកជាបាធ្យាយ  ជូនបុណ្យទៅម្ដាយ  ឪពុកទីទៃ ។  សង្វាតសូត្ររៀន  កុំធ្វើអៀនប្រៀន  ក្នុងចិត្ដសព្វថ្ងៃ  លំអុតបម្រើ  ផ្គាប់ដោយហឫទ័យ  បារម្ភមៃៗ  ក្ដីច្បាប់កុំបង់ ។  ច្បាប់នេះសោតណា  ទូន្មានអាត្មា  ដោយនូវក្រឹត្យសង្ឃ  ត្រង់ណាហៅច្បាប់  កាន់ខ្ជាប់កុំបង់  ចំណេរទៅលង់  ខ្លួនបានជាធំ ។  សព្វថ្ងៃសោតណា  ទូន្មានអាត្មា  ដោយនូវក្រឹត្យក្រម  បម្រើបាធ្យាយ  ឱ្យមានបារម្ភ  ទើបខ្លួនជាធំ  ទៅដល់មហាក្សត្រ ។  ច្បាប់នេះសោតណា  ទូន្មានអាត្មា  ថេរនៅពុំបាត់  ទោះខ្លួនឥតបុណ្យ  បម្រើមហាក្សត្រ  គោរពប្រតិបត្ដិ  យសនោះពុំលែង ។ 

(១៥)  ហេតុបានដឹងច្បាប់  បានដូចបង្គាប់  ចិត្ដគ្រូយល់ស្ដែង  ទោះទៅបម្រើ  ស្ដេចជាគម្ដែង  យសនោះពុំលែង  ប្រាកដពណ្ណរាយ ។  ក្ដីនេះជាច្បាប់  ឱ្យសាមណេរត្រាប់  សព្វសរិលទាំងឡាយ  កុំសើចតិះដៀល  អ្នកជាបាធ្យាយ  អ្នកហោងស្មើម្ដាយ  បង្កើតក្ដីច្បាប់ ។  សាមណេរណាៗ  ទោះមានប្រាជ្ញា  នឹងចង់រៀនច្បាប់  ឱ្យយកត្រចៀក  នោះឱ្យចូលស្ដាប់  ធ្វើដោយក្រមច្បាប់  នៃគ្រូបាធ្យាយ ។  សាមណេរណាសោត  ចិត្ដនោះក្រេវក្រោធ  ឱ្យចៀសចេញឆ្ងាយ  ច្បាប់នេះមិនខំ  សាមណេរទាំងឡាយ  តាមចិត្ដសប្បាយ  អាត្មាទីទៃ ។  នរូអ្នកណា  នឹងស្វែងប្រាជ្ញា  ឱ្យបានខ្លួនថ្លៃ  ចូរដឹងខុសគាប់  ដោយអធ្យាស្រ័យ  ផ្គាប់ដោយហឫទ័យ  អ្នកជាបាធ្យាយ ។ 

(២០)  ទោះនឹងស្វែងធម៌  ឱ្យមានសម្គាល់  កុំធ្វើរាយមាយ  ទោះនឹងស្វែងច្បាប់  កាន់ខ្ជាប់កុំណាយ  កុំឱ្យអន្ដរាយ  នូវច្បាប់ក្រមផង ។  រីគ្រូបាធ្យាយ  ប្រដូចនូវម្ដាយ  ឪពុកយើងផង  ហ្វឹកហ្វឺនប្រដៅ  មិនឱ្យមានឆ្គង  តាមដោយគន្លង  ព្រេងព្រឹទ្ធបូរាណ ។  នរូអ្នកណា  នឹងស្វែងប្រាជ្ញា  ជារស្មីប្រាណ  ឱ្យគិតជញ្ជឹង  រំពឹងលែងបាន  កុំធ្វើបំពាន  ប្រទូស្តវឹងស្នង ។  នាបីហៅគ្រូ  ដូចអ្នកនាំផ្លូវ  ដើរដោយគន្លង  ទោះនឹងឆ្ពោះទៅ  ស្រុកតូចធំផង  សឹងដូចបំណង  នៃចិត្ដចិន្ដា ។  រីនឹងចេះឯង  ដូចអ្នកវង្វេង  កណ្ដាលអធ្វា  ពុំនោះដូចខ្វាក់  តែម្នាក់អាត្មា  ចរចេញយាត្រា  ឥតអ្នកដឹកដៃ ។ 

(២៥)  សូម្បីរកផ្លូវ  ពុំដែលនឹងត្រូវ  សឹងពានឯព្រៃ  ហេតុដ្បិតចេះឯង  ឥតអ្នកដឹកដៃ  ចិត្ដនោះសង្ស័យ  ដូចយល់ពុំដល់ ។  នេះដូចអ្នកផង  ពុំដោយគន្លង  នៃលោកណាយល់  សឹងធ្វើមោហោ  ទោសោកំហល់  ពុំអាចទប់ទល់  នាធ្ងន់នាស្រាល ។  ប្រដៅក្ដីច្បាប់  សឹងថាពុំគាប់  ហេតុចិត្ដអន្ធពាល  ក្ដីច្បាប់ទម្ងន់  សឹងថាជាស្រាល  ហេតុចិត្ដអន្ធពាល  ចង់តែសប្បាយ ។  ពុំដឹងដើមគ្រូ  បង្កើតអភិរូហ៍  ប្រដូចនូវម្ដាយ  ភ្លឺពីមនុស្សលោក  រួចដល់សួគ៌នាយ  ចៀសចតុរាបាយ  នរកទាំងបួន ។  នាបីហៅគ្រូ  កុំធ្វើមូទូ  ចិត្ដនោះឱ្យស្ងួន  កុំធ្វើតម្កើង  ចង់ធំតែខ្លួន  ក្រែងបាបមកចួន  នៅនាលោកិយ ។ 

(៣០)  រីគ្រូបាធ្យាយ  អាចឱ្យពណ្ណរាយ  មានរូបរស្មី  ហើយឱ្យរុងរឿង  អស់បញ្ចិន្រ្ទិយ  ស្មើព្រះជននី  ជនកសោតហោង ។  ព្រះជនកសោតណា  បង្កើតអាត្មា  ឱ្យមានសរិលផង  រក្សាពីតូច  មិនឱ្យមានហ្មង  អស់សុខទុក្ខផង  ពុំដែលនឹងឆ្អន់ ។  ព្រះជនកព្រះជននី  បើនឹងស្រដី  ប្រសើរពេកពន់  ថាភ្នំព្រះសុមេរុ៍  នោះហោងមហាធ្ងន់  ថាបើនឹងគណន៍  ពុំអាចកន្លង ។  រីគ្រូបាធ្យាយ  ប្រដូចនូវម្ដាយ  ឪពុកឯងហោង  អាចឱ្យក្ដីច្បាប់  ប្រដៅធម៌ផង  ដោយនូវគន្លង  ព្រះពុទ្ធទាំងឡាយ ។  នរូអ្នកណា  ទោះមានប្រាជ្ញា  ឱ្យគិតវែងឆ្ងាយ  គុណនោះទាំងបី  ហៅមហាទូលាយ  កុំឱ្យអន្ដរាយ  ក្ដីពីព្យាយាម ។ 

(៣៥)  រីបុណ្យនិងបាប  អំពើសភាព  នោះវាតែងតាម  ប្រដូចស្រមោល  អន្ទោលតាមប្រាណ  ពុំដែលចៀសបាន  ត្រង់ក្ដីសល់វ៉ល់ ។  ឱ្យគិតជញ្ជឹង  ហើយឱ្យរំពឹង  ប្រាជ្ញាឱ្យយល់  ឱ្យមានវិរិយំ  សច្ចំកុសល  កុំធ្វើសល់វ៉ល់  នឹងក្ដីទុក្ខសោក ។  នរូអ្នកណា  នឹងនាំអាត្មា  ឧស្សាហ៍អធ្យោគ  ស្វែងធម៌ជាផ្លូវ  ទៅកាន់បរលោក  ចូលមហាបថមោក្ខ  គឺនិព្វានហោង  ៕៚

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments