១៥១​ថ្ងៃនៅ​មាត់​ឈូង​សមុទ្ទ​សៀម

នានាកាព្យ
ពាក្យ​កាព្យ​របស់ ​ថី ​គឹម​ហាក់ ក្នុង​ក្រសួង​ប៉ុស្ដិ​ខ្សែ​លួស ភ្នំ​ពេញ

សេចក្ដី​ប្រាស​ចាក​និរាស​មិត្ត របស់​គាប់​ចិត្ត​ជិត​អាត្មា មូល​ហើយ​ខ្ចាត់​ទៅ​ឆ្ងាយ​ឧរា អ្នក​ណា​ចង់​វេះ​ចៀស​ពុំ​បាន។ អស់​ដើម​ព្រឹក្សា​រុក្ខ​ជាតិ ផ្លែ​ទុំ​ជ្រុះ​​ខ្ទាត​ព្រាត់​ពី​ប្រាណ ធ្លាក់​ដាក់​ដល់​ដី​ធរណី​ឋាន មិន​យូរ​ប៉ុន្មាន​សត្វ​ពាំ​បាត់។ មាតា​ប្រលោម​បុត្រ​ឆោម​ឆ្លៅ មិន​ឱ្យ​ហ្មង​សៅ​បន្តិច​ក្ដាត់ ដល់​កូន​ធំ​ឡើង​កម្ម​មក​កាត់ វាយ​ផាត់​ខ្ចាត់​ប្រាណ​ឆ្ងាយ​កាយា។ ចួន​កាល​មរណៈមក​ស្ទាក់​ទាន់ កូន​ស្លាប់​រួស​រាន់​ចោល​មាតា ចួន​កាល​ខ្លួន​ម្ដាយ​ក្លាយ​អាសារ ស្លាប់​ចោល​បុត្រា​វិញ​ក៏​មាន។ ឱះឱ​!កង​កម្ម​សត្វ​លោក ជាំ​ជោក​ជ្រោក​ជ្រាក​ជ្រែក​សន្ដាន នាំ​សត្វ​ទុក្ខ​ក្ដាត់​ទាំង​បី​ឋាន ពុំ​មាន​សម្រាន្ត​​ក្សាន្ត​ចិន្ដា។ ចួន​ស្លាប់​ចួន​ឈឺ​ព្រឺ​អស់​ខន្ធ រន្ថាន់​ជាក់​ស្បាន់​ដល់​សង្ខារ សង្រេង​សង្រៃ​អាល័យ​ផ្សារ សុខា​កម្រ​ក៏​កុំ​យូរ។ មិន​តែ​រូប​មនុស្ស​មាន​ឈាម​សាច់ រូប​ដែល​សម្រេច​នឹង​គំនូ ឬ​ធ្វើ​ដោយ​ថ្ម​ជាង​ឆ្លាក់​គូ មិន​យូរ​គង់​ខូច​វិនាស​បង់។ ព្រះ​ពុទ្ធ​ចោម​ពង្ស​វង្ស​សាក្យ ចោម​ចក្រ​គង់​មរណ​តម្រង់ ញាំ​ញី​សារ​ពាង្គ​រាង​ព្រះ​អង្គ យាង​ត្រង់​ចូល​កាន់​និព្វាន​នាយ។ ជន​ជាតិ​បណ្ឌិត​ពិត​ប្រាកដ ត្រូវ​ចេះហ្មត់​ចត់​កុំ​រាយ​មាយ ឧស្សាហ៍​គិត​ស្លាប់​ខន្ធ​ធ្លុះ​ធ្លាយ រោយ​រាយ​សាច់​ឆ្អឹង​ជា​ធរណី។ ញើស​ឈាម​ប្រែ​ភ្លាម​ទៅ​ជា​ទឹក ហូរ​ឮ​គឹកៗក្នុង​ជល​ធី កើត​ស្លាប់​ក្រឡាប់​លើ​ប្រឹថពី គ្មាន​ទី​គរ​រាប់​រៀប​ពុំ​បាន។ បើ​មាន​សទ្ធា​មហា​មុត​មាំ តោង​ទ្រាំ​ខំ​ត្រាច់​មក​មើល​ឋាន ទឹក​ក្នុង​សមុទ្ទ​ទើប​ស្លុត​ប្រាណ ទី​នេះ​ចំណាន​គ្មាន​អ្វី​ស្មើ។ ដួង​ចិត្ត​និត​មូល​រាង​ក្រឡង់ មនោ​ពុំ​វៀរ​បង់​ពុំ​សើ​រើ ពិចារណា​ធម៌​ល្អិត​ប្រសើរ រិះ​រក​ដំណើរ​កាន់​និព្វាន។ ងាក​មើល​ឃើញ​ផ្ទះ​ក្បែរ​ជើង​ភ្នំ គ្រឹហា​ទ្រនំ​របស់​ព្រាន ព្រៃ​ប​របាញ់​សត្វ​បំបាត់​ឃ្លាន នាំ​មាន​គិត​ភិត​ដល់​អាត្មា។ ថា​ឱ​ខ្លួន​អើយ​នឿយ​អ្វី​ម្ល៉េះ មក​នៅ​ក្រអែស​ដោយ​អារញ្ញ​វា ជិត​ជើង​គិរី​ទី​បព្វតា ឯកា​ឯកោ​ជ្រងោ​កាយ។ មក​ខំ​យ៉ាងហ្នឹង​ប្រឹង​យ៉ាង​នេះ ពុំ​ឃើញ​វិសេស​បាន​សប្បាយ ​ឱ្យ​មាន​ល្អ​លើស​ជន​ទាំង​ឡាយ នឹក​ទៅ​គួរ​ណាយ​ស្ដាយ​កម្លាំង។ មិន​គួរ​មក​ចាប់​អម្រឹគា ឱ្យ​គ្នា​វេទនា​ភ័យា​ខ្លាំង ​រហូត​ដល់​ក្ស័យ​អង្គ​ជីវ័ង បាប​តាំង​ញ៉ាំង​ខ្លួន​ធ្លាក់​នរក។ បើក​ភ្នែក​ជ្រែក​មើល​ឃើញ​សមុទ្ទ រន្ធត់​ស្លុត​ពោះ​កូរ​គ្រីក​គ្រូក ហទ័យ​ព្រឺ​ព្រួល​ជ្រួល​កលិយុគ វីវក់​វីវរ​ខ្ទរ​ឱរា។ ហ្ន៎​មើល​លលក​បោក​ធំៗ លាន់​ឮ​គ្រុមៗ ជុំ​អាត្មា បង្អើល​អស់​ហ្វូង​សត្វ​មច្ឆា លោត​ឆ្លា​ផ្ងា​រ​ព្រាត​ពី​គង្គា។ លលក​ធំ​ស្ទើ​ប៉ុន​គិរី ព្រះ​ពាយ​វាត់​វី​លោត​ក្រទា បែក​ជា​ផ្កា​ត្រែង​ស្ងែង​ម​ហិមា បោក​បែក​លើ​គ្នា​ឮ​ពេក​ក្រៃ។ ពី​ព្រឹក​ទាល់​ល្ងាច​ក្រ​ស្កប់​ស្កល់ ​លោត​តាម​ដោយ​ខ្យល់​ឥត​សំចៃ ត្រង់​នេះ​ហើយ​យើង​គិត​កែ​ខៃ វៃ​ឆ្នៃ​គិត​ដល់​អង្គ​រូបា។ វាយោ​ធៀប​ដូច​មច្ចុ​រាជ កប​កើត​អំណាច​ស្ងាច​ចេស្ដា គង្គា​តោង​លើក​ឡើង​ឧបមា បី​ដូច​សង្ខារ​យើង​រាល់​គ្នា។ បើ​ស្ដេច​មច្ចុ​រាជ​ឃោរ​ឃៅ តម្រូវ​យក​សង្ខារ​ជន្មា សង្ខារ​ត្រូវ​ទៅ​តាម​ទ័យា ឥត​អ្វី​រាំង​ពារា​ពុំ​បាន។ ហ្ន៎​មើល​សំពៅ​មាន​ក្ដោង​បួន ត្រូវ​ខ្យល់​រឹង​ធួន​លឿន​ចំណាន ត្រាច់​ឆ្ពោះ​រក​ស្រុក​ទ្រនំ​ឋាន កំពង់​ចត​ថ្កាន​សម្រាន្ត​​សុខ។ សំពៅ​ប្រៀប​ដូច​លោក​អរិយ វាយោ​តោង​ដាក់​ដូច​ជា​ទុក្ខ ឯ​ត្រើយ​ប្រៀប​ដូច​និព្វាន​មុខ ទី​សុខ​ថ្កើង​ថ្កាន​ក្សាន្ត​ភីរម្យ។ ឯ​ពួក​អរិយ​បុគ្គល មិន​ចង់​វិល​វល់​ក្នុង​ទុក្ខ​ធំ លោក​ប្រឹង​សង្វាត​ទី​សុខុម គ្មាន​យំ​គ្មាន​យែក​គឺ​និព្វាន។ បី​ដូច​សំពៅ​ត្រូវ​ខ្យល់​ក្ដោង ខំ​ប្រឹង​ចំកោង​ត្រាច់​រុក​រាន ទន្ទេង​ទន្ទាំ​ពិត​ពុំ​មាន រិះ​ធ្យាន​បង្អង់​ត្រង់​ទី​ណា។ ឱ្យ​ឆាប់​បាន​ដល់​យល់​កោះ​ត្រើយ ឱ្យ​ទុក្ខ​បាន​ស្បើយ​ល្ហើយ​ចិន្ដា បាន​ឈប់​នែប​ឯប​កំ​ពង់​រ៉ា កម្សាន្ត​កាយា​សោះ​នឿយ​ហត់។ ហ្ន៎​មើល​ភ្នំ​ដុះ​ក្នុង​សមុទ្ទ កំពូល​ឡើង​ផុត​ទឹក​ប្រាកដ គឺ​ទី​នោះ​ហើយ​មនុស្ស​សន្មតិ កំណត់​ហៅ​កោះ​តាម​ភាសា។ ខ្លះ​ធំ​ខ្លះ​តូច​ដូច​មេ​កូន ដូច​ចៅ​ជីដូន​ជិត​គ្នា​វា ខាង​លើ​ដុះ​សុទ្ធ​ដើម​ព្រឹក្សា គ្មាន​មនុស្ស​ឯ​ណា​មួយ​ទៅ​នៅ។ យូរៗឮ​សូរ​ម្រឹគ​ធំ ស្រែក​យំ​រងំ​ខ្ទរ​ក្នុង​ទី​ជ្រៅ សត្វ​ខ្លា​ចុះ​មក​ជិត​កោះ​កូវ ធាត់​ធំ​ស្រមូវ​គួរ​ព្រឺ​ខ្លាច។ នៅ​កោះ​ស្រណោះ​ពន់​ពេក​ក្ដាត់ ឮ​តែ​មាត់​សត្វ​លាន់​ចិញ្ចាច ឮ​សូរ​លលក​បោក​បាច​សាច អ្នក​តា​កាចៗច្រើន​ណា​ស់ណា។ ព្រះ​យោគា​វចរ​គប្បី​ណាស់ ស្វែង​ស្វះ​ទៅ​នៅ​ពិចារណា ឱ្យ​បាន​តុប​តិន​ត្រ័យ​លក្ខណា ទុក្ខំ​អនិច្ចា​អនត្តា​ពេក។ មើល​កោះ​យូរ​ទៅ​នាំ​ឱ្យ​គិត រឹង​រឹត​តែ​មាន​ក្ដី​វិវេក ​មិន​ចង់​បាន​ទេ​ក្ដី​តម្រេក ឃ្លាន​ស្រេក​ដេក​ក្នុង​វដ្ដ​សង្សារ។ ចង់​ងាក​ភៀស​ប្រាណ​រក​ទី​សុខ ឱ្យ​បាន​ស្រណុក​គ្មាន​កោលា- ​ហល​ផ្ដល់​ស្ងប់​ស្ងាត់​បាត់​ទុក្ខា រោគា​ឈឺ​ផ្សារ​វិនាស​ដាច់។ នេត្រា​បង្អោន​កោន​ទៅ​ក្រោម យល់​ឃើញ​ចំណោម​នៅ​លើ​ខ្សាច់ មាន​សុទ្ធ​សម្បក​ខ្យង​ខ្ចៅ​ស្រេច លលក​វាយ​ដាច់​បែក​ខ្ទេច​ខ្ទី។ អណ្ដែត​មក​លើ​ឆ្នេរ​​សាគរ កើត​ជា​គំនរ​លើ​ប្រឹថពី ​ច្រើន​បែប​ច្រើន​ធុន​ច្រើន​ដល់​ទី ពេញ​ពាស​ធរណី​ស​ព្រាត​ព្រោង។ មាន​លៀស​ងាវ​គ្រំ​ដោះ​ក្រមុំ ខ្យង​សង្ខ​ធំៗស​ធ្ងោងៗ ខ្យង​ខ្លះ​មាន​សុទ្ធ​បន្លា​ច្រូង ច្រើន​ពួក​ច្រើន​ហ្វូង​ក្រ​ពណ៌នា។ ចួន​កាល​ចួប​ឃើញ​សម្បក​លៀស ធំ​ក្រាស់​ឰឱ​ភាស​ធ្ងន់​ម​ហិមា លើក​យួរ​ដៃ​មួយ​ស្ទួយ​រុញ​រា លើក​ហើយ​ស្ទើ​រផ្ងា​រក្រឡាប់​ខ្លួន។ មាន​ខ្យង​ដូច​ក្រពុំ​ម្រាម​ដៃ រួម​ជិត​គ្នា​វៃ​ល្អ​មាំ​មួន នៅ​ក្នុង​ទឹក​ជ្រៅ​ឆ្ងាយ​សមសួន ចំនួន​មួយ​ពាន់​ម៉ែត្រ​ប្លាយ​ជាក់។ ឃើញ​ខ្យង​នេះ​ហើយ​ស្រេច​កាល​ណា នឹក​ដល់​មនុស្សា​ចិន្ដា​ស្មគ្រ ឧស្សាហ៍​លើក​កម្បង់​ដៃ​ដាក់ ស្មោះ​ស្មគ្រ​បង្គំ​រតន​ត្រ័យ។ ឃើញ​សម្បក​ខ្យង​លៀស​បៀ​ផង ចិត្ត​សែន​មួ​ហ្មង​ពន់​ពេក​ក្រៃ ថា​ឱ​ជីវិត​សត្វ​អសង្ខេយ្យ​ មក​ក្ស័យ​ប្រល័យ​​ជន្ម​ជីវ៉ា។ នៅ​តែ​សម្បក​សក​ស​សុទ្ធ នាំ​ឱ្យ​រន្ធត់​ដល់​រូបា រូបំ​ខ្លួន​អើយ​វេលា​ណា ស្លាប់​ឆ្អឹង​មំសា​ទៅ​ជា​ដី។ ឯ​មនុស្ស​ឯ​ទៀត​ឃើញ​ឆ្អឹង​យើង សឹង​រត់​បាត​ជើង​ស​ព្រាត​ខ្មី ខ្លាច​លង​ខ្លាច​លេង​មិន​គប្បី ស្លាប់​ហើយ​គ្មាន​អ្វី​ប្រយោជន៍​សោះ។ ឯ​សម្បក​ខ្យង​ក្នុង​សមុទ្ទ មនុស្ស​ខំ​ផ្គង់​ផ្គត់​ប្រឹង​រឹង​អស់ ខ្លួន​ប្រាណ​ចង់​បាន​ធ្វើ​របស់ ល្អ​ស្រួល​យ៉ាង​ស្រស់​ទុក​រក្សា។ តាំង​លើ​តុ​លេង​សោះ​អផ្សុក ដូច​កុក​ឃើញ​ត្រី​ជា​អាហារ ប្រឹង​ខំ​ស្ទុះ​ចឹក​ដឹក​មច្ឆា លេប​ទាំង​មូល​ណា​រ​ឯង។ ដល់​សាយ​ណ្ហេ​ទន់​ទេ​រ​ទៅ សូរិយា​ធ្លាក់​ជ្រៅ​ចូល​កន្លែង ជើង​មេឃ​បស្ចិម​ទិស​ជាក់​ស្ដែង នាំ​ឱ្យ​ចម្បែង​ក្រែង​ណា​ស់សា។ ឱ​ព្រះ​អាទិត្យ​ឫទ្ធិ​ពេក​ពន់ អ្នក​ចូល​ក្នុង​រន្ធ​ទៅ​ទី​ណា ព្រះ​សូរិយា​អើយៗសូរិយា កាល​ណា​អ្នក​មក​រក​យើង​វិញ។ អ្នក​ទៅ​ចោល​យើង​ឱ្យ​រង​ទុក្ខ គ្មាន​សុខ​ងងឹត​សែន​ទោ​ម្នេញ ស្ងាត់​ជ្រៀបគិត​ហើយ​សែន​នឿយ​ជ្រេញ ពាស​ពេញ​នៅ​ក្នុង​ទ្រូង​ខ្លោច​ផ្សា។ ងងឹត​ងងល់​អំពល់​គ្រប់ ក្នុង​រាត្រី​យប់​សែន​កោលា កល​ផ្ដល់​ផ្ដេក​ផ្ដាច់​ដាច់​សុខា ឱ​ព្រះ​សូរិយា​ម្ចាស់​យើង​អើយ។ តាំង​ពី​វេលា​នា​នេះ​ទៅ យើង​នៅ​ដេក​ធ្មេច​ស្ងៀម​កន្តើយ បើ​មាន​វាយោ​ផាត់​ល្ហើយៗ ម្ចាស់​អើយ​សែន​ស្រួល​និន្ទ្រា​ណាស់។ មើល​ទៅ​ទិស​ខាង​លិច​ទៀង​ជាក់ ឃើញ​ពន្លឺ​អ្នក​ពុំ​ត្រចះ បៃតង​ក្រហម​លឿង​ពុំ​ច្បាស់ ថែម​ទាំង​រហ័ស​ស្អាប់​ស្អា​បាត់។ ដូច​ជា​ព្រះ​ពុទ្ធ​ចៅ​ចោម​ពង្ស កាល​ទ្រង់​គង់​ធម្មា​ប្រោស​សត្វ​សាសនា​រុង​រឿង​ល្អ​ច្រវាត់ ពុំ​មាន​វិបត្តិ​ត្រង់​រឿង​ណា។ ប្រៀប​ដូច​ព្រះ​អាទិត្យ​កណ្ដាល​មេឃ រស្មី​ភ្លឺ​ពេក​ហួស​បើ​ថា ចង្កៀង​ភ្លើង​គប់​អម្បាល​ណា យក​មក​ឧបមា​ធ្វើ​ម្ដេច​បាន។ ដល់​ព្រះ​អរហំ​អង្គ​សម្ពុទ្ធ សុគត​ចំហុត​កាន់​និព្វាន ធម៌​នឹង​វិន័យ​ពុំ​ថ្កើង​ថ្កាន ពុំ​បាន​ចំណាន​ចំណាប់​សោះ។ ដូច​ជា​សូរិយា​យាត្រា​ត្រង់ ចូល​រន្ធ​បាត់​អង្គ​គួរ​ស្រណោះ នៅ​តែ​ពន្លឺ​ភ្លឺ​ពុំ​ក្បោះ ក្បាយ​រសាយ​អស់​បាត់​វិញ​រ៉ា។ នេះ​ចំ​ដូច​ជា​ពាក្យ​ប្រដៅ ព្រះ​ពុទ្ធ​ចោម​ចៅ​ពី​សាសនា ដល់​ទ្រង់​និព្វាន​ទៅ​កាល​ណា សាសនា​កម្រ​ល្អ​ដើម។ គិត​ហើយ​គិត​ទៀត​ចង្អៀត​ខ្វល់ ស្ទើ​នឹង​ដាច់​ខ្យល់​ប្រាស​ដង្ហើម សួត​ពោះ​វៀន​ទាច​បេះ​ដូង​ថ្លើម រលួយ​គួរ​ឆ្អើម​វដ្ដ​សង្សារ។ ពេល​យប់​ឈប់​លេង​ក្បែរ​សាគរ ខ្យល់​បក់​វឹក​វរ​លើ​ជលសា បើ​ជិះ​លើ​ទូក​ឬ​ភេត្រា ​សែន​កើត​អនិច្ចា​យ៉ាង​មាំង​ខាំង។ ទូក​លោត​លលក​សង្ឃ​ក​សល់ វាយោ​ផាត់​ដល់​ឮ​ក្ដាំងៗ ព្រាយ​បែក​ជា​ពន្លឺ​ភ្លឺ​ខ្លាំង រែង​ភាំង​តាំង​ភិត​គិត​គន់ថា។ ឱ​ព្រះ​ពាយ​ផាយ​ផាត់​អ្វី​ម៉្លេះ​យើង​ស្ទើរ​ចេះ​ធ្លាក់​ជលសា រលាយ​ជីវិត​បែក​សង្ខារ ឱ្យ​លោក​មេត្តា​ជួយ​យើង​ផង។ ចួន​មាន​ត្រី​ឆ្លាម​ដេញ​តាម​ទូក ផ្អើល​ជ្រួល​ស្ទើ​ភ្លូក​ចូល​ទឹក​ផ្គង ឆ្លាម​ដេញ​ប្រកិត​ចិត្ត​ទ្រើស​ឃ្នង ទំនង​យក​យើង​ជា​អាហារ។ បើ​ទូក​ធ្លាយ​លិច​ក្នុង​សាគរ សម​យើង​នឹង​វរ​ម្ដង​នេះ​ណា ដូច​ព្រះ​ពោធិ​សត្ត​មហា ជន​ក​អស្ចារ្យ​​សាស្ដា​ថ្លៃ។ លោក​ហែល​ក្នុង​ទឹក​សន្ធឹក​សល់ កម្ម​មក​តាម​ផ្ដល់​ច្រើន​ខែ​ថ្ងៃ ប៉ុន្តែ​បាន​ព្រះ​ឥន្ទ​កោសិយ កែ​ខៃ​ជួយ​ស្រង់​ឱ្យ​រួច​បាន។ តែ​លោក​អម្បូរ​ពោធិ​សត្ត កេរ្តិ៍​នាម​គ្មាន​បាត់​ធម៌​ពី​ប្រាណ ឯ​យើង​ជាតិ​មនុស្ស​លោក​សាមាន្យ កាល​ណា​នឹង​បាន​ដូច​ព្រះ​អង្គ។ នៅ​ក្នុង​សមុទ្ទ​គិត​មុត​ដល់ មនុស្ស​ទាំង​សាកល​ដែល​ប្រាស​បង់ លិច​លង់​ស្លាប់​បាត់​ខ្លួន​ចុះ​ត្រង់ ​តម្រង់​ទៅ​នៅ​បាត​សាគរ។ តាំង​ពី​កើត​ទឹក​និង​កើត​ដី មនុស្ស​ក្នុង​លោកីយ៍​ច្រើន​គំនរ ធ្លាយ​ទូក​សំពៅ​នៅ​នាវា មរណៈ​កុះ​គរ​ក្នុង​សមុទ្ទ។ ឆ្អឹង​សាច់​ដាច់​ដាច​ទៅ​ជា​ដី ឈាម​ខ្ទុះ​ក្លាយ​ខ្មី​ទឹក​ចំហុត នាំ​ចម្រើន​គង្គា​សមុទ្ទ ឱ្យ​រឹត​ជ្រៅ​សុទ្ធ​ផុត​នាំ​ពា។ អស់​ប្រពន្ធ​កូន​ញាតកា ឮ​ថា​ប្ដី​មក​ស្លាប់​មរណា នាំ​កូន​យំ​យែក​បោក​អង្គា សន្លប់​ជន្មា​លើ​ត្រើយ​ជ្រាំង។ ទឹក​ភ្នែក​ហូរ​បែក​ញែក​ចែក​ចេញ ពាស​ពេញ​សមុទ្ទ​ជា​ទី​តាំង ទទួល​ទឹក​នេត្រ​វិយោគ​ខ្លាំង ឱ​សែន​អនិច្ចំ​ដល់​រូបា។ កើត​ជា​សត្វ​ធ្វើ​ម្ដេច​បាន​សុខ ដេក​ដើរ​ជា​ទុក្ខ​ព្រោះ​សង្សារ នាំ​ឱ្យ​សង្ស័យ​អាល័យ​ផ្សារ កាល​ណា​បាត់​សោក​អាមោក្ខ​ទេ។ ទឹក​ភ្នែក​មនុស្ស​ម្នាក់​ដាក់​ប្រមូល បញ្ជូល​កើត​បាន​ជា​ទន្លេ ជា​សមុទ្ទ​ធំ​កុំ​គ្នាន់​គ្នេរ នេះ​ហើយ​វារេ​យើង​រាល់​គ្នា។ ទុក្ខ​អើយ​ទុក្ខ​តាំង​អំពី​កើត យោន​យក​កំណើតមួយ​ទិវា នៅ​ក្នុង​ពោះ​ម្ដាយ​សោយ​វេទនា ច្រើន​ដង​ច្រើន​គ្រា​ចួន​កាល​ក្ស័យ។ បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ ទុក្ខា​រឹង​រឹត​មក​ទៀត​វៃ បៀត​បៀន​ជា​និច្ច​ជា​កាល​នៃ គិត​ហើយ​កើត​ភ័យ​ញ័រ​កាយា។ ប្ដី​ស្លាប់​ប្រពន្ធ​ទូរន់​ពេក ដូច​ជា​សត្វ​សេក​ឥត​ផលា គ្មាន​ផ្លែ​ឈើ​មក​ជា​អាហារ ក្នុង​ទ្រូង​អួល​ផ្សាដោយ​អាល័យ។ មាតា​ស្លាប់​កូន​សូន្យ​​ព្រលឹង គ្មាន​អ្វី​ទី​ពឹង​ឱ្យ​សុខ​សេយ្យ យំ​យែក​ស្រែក​ទួញ​គ្រួញ​សង្រៃ​ ពញរលឹម​ទឹម​ថ្ងៃ​ចូល​រន្ធ​ណា។ ប្រពន្ធ​ស្លាប់​ប្ដី​សេចក្ដី​ក្រ ស្ទើ​រស្ទុះ​ចាក់​កណ្ឋ៍​អង្គ​អាត្មា ឱ្យ​ស្លាប់​ទៅ​ជាមួយ​សង្សារ សោះ​រង​ទុក្ខា​បែប​ដូច្នឹង។ កូន​ស្លាប់​មាតា​មហា​គាប់​ចិត្ត ទុក្ខា​ធំ​ពិត​ឱរា​តឹង អង្គុយ​ត្រមោច​ស្ងាប​ទ្រមឹង មិន​ដឹង​រត់​រក​យក​អ្នក​ណា។ មក​ជួយ​ថែ​ធួន​ខ្លួន​ឱ្យ​ស្រួល ដំណួល​សណ្ឋាន​ដូច​មាតា មិន​បាន​ម្ដង​សោះ​ទេ​ឡើយ​ណា ឱ​វដ្ដ​សង្សារ​លោកា​នេះ។ ទុក្ខ​អ្វី​ទុក្ខ​ម៉្លេះ​មិន​ចេះ​ឈប់ ទុក្ខ​មាន​សុស​សព្វ​គ្រប់​ប្រទេស គង់​ពួក​បណ្ឌិត​មាន​តម្រេះ ក្រចេះ​ការពារ​ខ្លួន​ឱ្យ​បាន។ ហេតុ​នេះ​បុគ្គល​ស្រឡាញ់​សុខ ចង់​បាន​ស្រណុក​ស្រស់​កល្យាណ គប្បី​រិះ​រក​ទី​ចំណាន ធ្វើ​ធម្ម​កម្ម​ដ្ឋាន​ឱ្យ​បាន​ខ្មី។ ឯ​ទី​ត្រូវ​ត្រាច់​នោះ​ណា គួរ​ខំ​យាត្រា​រក​ទី​ព្រៃ រហោ​ឋាន​ស្ងាត់​បាត់​សម្ដី សូរ​សៀង​អ្វីៗគួរ​ណាស់សា។ ឬ​មួយ​មក​នៅ​ឆ្នេ​រ​សមុទ្ទ នាំ​ឱ្យ​ចិត្ត​ល្អ​សុទ្ធ​ស​ជ្រះ​ថ្លា នៅ​ជិត​ទឹក​ប្រៃ​កើត​ប្រាជ្ញា ដូច​បណ្ដា​រាស្រ្ត​អឺរ៉ុប​នាយ។ ធ្វើ​អស់​កសិណ១០ប្រការ អសុ​ភក្ដី​ណា​កើត​បាន​ងាយ ផ្លូវ​កាន់​និព្វាន​រឹត​ទូលាយ សូម​ជន​ស្វាធ្យាយ​គិត​គូ​អើយ។

ចប់​តែ​ប៉ុណ្ណេះ

ប្រភព ៖  ទស្សនាវដ្ដីកម្ពុជសុរិយា 

អត្ថបទក្បាលទី២ ខ្សែទី៧-៨-៩-១០-១១-១២ ឆ្នាំទី៤ ព.ស. ២៤៧៣ គ.ស.១៩៣២

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments