ប្រវត្តិនៃពាក្យ ពញា

អក្សរ​សាស្ត្រ​និង​ភាសា​ខ្មែរ

នាមសព្ទ

( ស. ប្រើពាក្យនេះជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ល. ពះញា អ. ថ. ផ្ញា “ឲកញ៉ា” )

ពាក្យ ពញា នេះជា អញ្ញត្រសព្ទពីព្រោះត្រូវសរសេរផ្ញើជើង ញ ជា ព្ញា បែរជាសរសេររាយតួជា ពញា វិញ ដើម្បីកុំឱ្យច្រឡំនឹង ឭ ( ឭ ឮ ); កាលពីបុរាណព្រេងនាយ ហៅព្រះរាជបុត្រក្សត្រិយ៍ទ្រង់រាជ្យថា ពញា ដូចជា ពញាយ៉ាត, ពញាតូ ជាដើម, លុះចំណេរកាលតមក, លែងហៅ ពញា បែរជាហៅ អង្គ វិញ ដូចជា អង្គអិម, អង្គអេង, អង្គតន់, អង្គដួង ជាដើម, ចំណេរកាលតពីនោះមក ប្រែហៅថា ព្រះអង្គម្ចាស់ វិញ ដរាបដលមកសម័យបច្ចុប្បន្ននេះ។

ក្នុងសម័យបន្ទាប់ពីប្រែ ពញា ជា អង្គ វិញនោះ ព្រះមហាក្សត្រិយ៍ទ្រង់យកពាក្យ ពញា នេះមកប្រើជាឋានន្ដរនៃមន្ត្រីថ្នាក់ខ្ពស់វិញ ប្រើជា៣ថ្នាក់គឺ ពញា, ចៅពញា, សម្ដេចចៅពញា; លុះចំណេរកាលតពីនោះមកទៀត ប្រើពាក្យ ឲកញ៉ា, អ្នកឲកញ៉ា, លោកអ្នកឲកញ៉ា ជាជំនួសពាក្យ ពញា វិញ ដរាបមកដល់សព្វថ្ងៃនេះ ; ឯពាក្យ ពញា បែរប្រើជាឋានន្ដរ មេឃុំ វិញថា ពញារក្សាភិបាលឃុំ . . . , ដល់មកសម័យរាជការសង្គមរាស្រ្តនិយមព្រះពុទ្ធសាសនាឯករាជ្យអព្យាក្រឹត្ត ផ្លាស់ពាក្យ មេឃុំ ជានាយសង្កាត់ វិញ ថា នាយសង្កាត់ . . . ; ទាំងពាក្យ ឃុំ ក៏ហៅថា សង្កាត់ ដែរ ហៅថា សង្កាត់នេះ សង្កាត់នោះ តាមឈ្មោះសង្កាត់នានាក្នុងព្រះរាជាណាចក្រកម្ពុជាទាំងមូល, ឯក្នុងព្រះរាជធានីភ្នំពេញហៅសង្កាត់តាមលំដាប់លេខរៀងថា សង្កាត់លេខ១; សង្កាត់លេខ២, សង្កាត់លេខ៣។ ល។

( នេះជាប្រវត្តិនៃពាក្យ ពញា )។

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments