ភាសា​សាស្ត្រ​និង​អក្សរ​សាស្ត្រ​ខ្មែរ

អក្សរ​សាស្ត្រ​និង​ភាសា​ខ្មែរ

អក្សសាស្ត្រខ្មែរ  ​ខ្មែរគួរថែរថួន  ឱ្យបានខ្ជាប់ខ្លួន  គង់វង់គត់មត់។

ព្រោះអក្សរជាតិ   គោលជាតិប្រាកដ  អក្សររលត់  ជាតិរលាយ។

ចំពូកទី ១  យ៉ាងដូចម្ដេចដែលហៅថាភាសាខ្មែរ ?

តាមវចនានុក្រមខ្មែរ ដែលបោះផ្សាយចេញពីពុទ្ធសាសនបណ្ឌិត្យក្ដី តាមអក្ខរានុក្រមខ្មែរក្ដី អ្នកនិពន្ធមិនបានអធិប្បាយឱ្យក្បោះក្បាយនូវពាក្យថា ភាសា ទេ។ អ្នកនិពន្ធគ្រាន់តែថា ភាសា គឺសម្ដី ពាក្យតែប៉ុណ្ណោះ។

ពាក្យថាភាសាមានន័យទូលាយសំខាន់ណាស់។ ភាសាទុកជាឯកសាររបស់មនុស្ស ទុកជាការសម្ដែងនូវចិត្តគំនិតរបស់មនុស្សសត្វគ្រប់យ៉ាង។ បើមនុស្សយើងមិនមានភាសាទេ ការទាក់ទងគ្នាដោយវាចាក៏មិនមានដែរ។ កាលបើមានការទាក់ទងគ្នាដោយវាចាទេ ការចម្រើនតាមផ្លូវអក្សរសាស្ត្រក៏មិនមានដែរ។ សូម្បីតែបុព្វសម័យរបស់ជនជាតិខ្មែរយើង សម័យក្រោយយុគថ្មមកហើយ ក៏នៅមិនទាន់មានការទាក់ទងគ្នាបានឆាប់រហ័សដែរ។

ភាសាចាត់ទុកថាជាសម្ការៈសម្រាប់ជួយក្នុងគមនាគមន៍រកទីបំផុតគ្មាន។ ភាសាមានសារប្រយោជន៍ធំបំផុតសម្រាប់កត់ត្រាទុកនៅក្នុងសាវតារ បើសិនជាយើងមិនមានភាសាទេ ប្រហែលជាសាវតារនគរមួយៗ សាបសូន្យមិនខាន។

ពេលនេះខ្ញុំសូមលើកយកបញ្ហាថា “តើភាសាមានដើមកំណើតមកពីណា ? នរណានាំបង្កើតឱ្យហៅឈ្មោះវត្ថុមួយៗមុនគេ ? (ដូចផ្លែស្វាយ នរណាបង្កើតឱ្យហៅឈ្មោះផ្លែឈើនេះថាផ្លែស្វាយ) ហេតុអ្វីបានជាមនុស្សយើងមានភាសាច្រើនម្ល៉េះ ?

 បញ្ហាទាំង៣នេះ ដូចជាលំបាកនឹងដោះស្រាយ ព្រោះថាមិនឃើញមានច្បាប់ក្បួនថាភាសាមានកំណើតពីត្រឹមណេះត្រឹមណោះ តែតាមការពិចារណារបស់អ្នកប្រាជ្ញ ភាសាសាស្ត្រខ្លះយល់ឃើញថា ភាសាមានកំណើតមកពីសង្គមមនុស្សមួយក្រុម ៗ ព្រោះថាមនុស្សយើងតែមានសង្គមហើយ ត្រូវតែមានការទាក់ទងគ្នា តែមានការទាក់ទងគ្នាហើយ ត្រូវតែបង្កើតពាក្យសម្ដីដែលឱ្យងាយចំណាំបានតែថាសម័យដែលសង្គមនីមួយៗបង្កើតបានជាភាសាហើយ មិនទាន់មានរូបរាងអក្សរនៅឡើយទេ មានត្រឹមតែសម្ដីពោលចេញមកពីមាត់។ ដល់មកខាងក្រោយមកភាសាមានរូបរាងប្រាកដទុកជាគ្រឿងកត់ត្រាចំណាំឡើង។

ចំពោះបញ្ហាទី២ នេះខ្ញុំយល់ឃើញថា បើសង្គមមនុស្សមានភាសាការសន្មតហៅឈ្មោះអ្វីមួយៗ ក៏ចាប់មានទៅដែរ តែនឹងឱ្យដឹងថា ឈ្មោះមនុស្សណាបង្កើតឱ្យហៅឈ្មោះរបស់នេះ របស់នោះមុនគេ ដូចជាលំបាកដែរ។ តែយើងគួរសន្និដ្ឋានថាឈ្មោះវត្ថុនីមួយៗ ពិតជាហៅទៅតាមសង្គមមនុស្ស ដែលបានឃើញហេតុភេទផលឡើង។ បើតាមមតិខ្ញុំយល់ថាប្រហែលជាគេសន្មតហៅឈ្មោះតាមភេទ តាមហេតុ តាមផល ដូចយើងហៅ ទន្លេធំ ឬ ទីក្រុងភ្នំពេញ ។ នរណាជាមេនាំហៅពាក្យទាំងពីរនេះមុនគេ ? គឺមនុស្សសង្គមនេះ យល់ឃើញថាទន្លេនេះធំ ឱ្យឈ្មោះថាទន្លេធំ ឯទីក្រុងភ្នំពេញ ដោយដូនពេញមកសង់ខ្ទមនៅក្បែរភ្នំ គេសន្មតឱ្យឈ្មោះថាភ្នំដូនពេញ តែក្រោយមកឱ្យឈ្មោះថាភ្នំពេញ ចុះនរណានាំហៅភ្នំពេញមុនគេ ? បែបលំបាករកឈ្មោះមនុស្សហៅមុនគេមិនខាន។

បើយើងពិចារណាសម័យសង្គមរាស្ត្រនិយមនេះ យើងអាចយល់ច្បាស់ថា ពិតជាសង្គមមនុស្សនាំបង្កើតពាក្យឱ្យប្រើ ដូចជាទី ក្រុងព្រះសីហនុ ជាដើម។ ដើម្បីយកព្រះនាមសម្ដេចទៅដាក់ឱ្យឈ្មោះទីក្រុងនេះត្រូវមានគណៈកម្មការធ្វើចុតហ្មាយថ្វាយទៅសម្ដេច ថាសុំព្រះនាមយកទៅដាក់ឈ្មោះទីក្រុងនេះ។ ឧទាហរណ៍នេះ ក៏អាចសន្និដ្ឋានបានថាគេហៅទៅតាមភេទហេតុទៅតាមភេទហេតុផល។

ឯបញ្ហាទី៣ យើងមិនបាច់មានសេចក្ដីសង្ស័យអ្វីទេ ព្រោះថាឱ្យតែមានសង្គមមនុស្សច្រើន ភាសាក៏ច្រើនដែរ។ នៅក្នុងសាកលលោកនេះមានប្រទេសជាច្រើន ដូច្នេះភាសាក៏ច្រើនដែរ សូម្បីតែជាតិដូចគ្នា ឧទាហរណ៍ដូចចិនមានភាសាច្រើន ដូចលោកអ្នកអានបានជ្រាបខ្លះហើយ។

ចំពោះន័យរបស់ភាសានេះ តាមមតិលោក (Blancke ថា Language is the instrument for the expression and communication for human thought) ភាសាជា សម្ភារៈសម្រាប់បញ្ជាក់ឬទាក់ទងខាងគំនិតរបស់មនុស្សជាតិ”។

តែតាមវចនានុក្រម New Webster Dictionary ថា Any means vocal or other of expression or communicating feeling or thought In the usual sense language means system of conventionalized signs ភាសា គឺជាសំឡេង ឬ សេចក្ដីបញ្ជាក់ឬការគមនាគមន៍នូវសេចក្ដីសោយអារម្មណ៍ឬគំនិតត្រិះរិះ តែតាមធម្មតាវិញ ភាសាគឺជាក្បួនរបស់សញ្ញាដែលគេសន្មតឱ្យប្រើ”។

តាមសម្ភពវចនានុក្រមខ្លះទៀតថា “ភាសាគឺជាសំឡេងរបស់មនុស្សដែលអាចស្ដាប់បាន ដែលកើតឡើងដោយអណ្ដាតនិងសំឡេងសោតប្បសាទ ភាសាជារូបរាងរបស់ពាក្យ ហើយជារបៀបបែបសម្រាប់ផ្សំពាក្យឱ្យគេស្ដាប់បាននៅក្នុងសង្គមនីមួយៗ”។

ភាសាសាស្ត្រនិងអក្សរសាស្ត្រ

ពាក្យទាំងពីរនេះកុំច្រឡំគ្នា មិនមែនមានន័យដូចគ្នាទេ តែថាពាក្យទាំងពីរនេះ ត្រូវទាក់ទងគ្នា។

ភាសាសាស្ត្រ គឺជាក្បួនច្បាប់សម្រាប់សិក្សានូវពាក្យសម្ដី ឫសគល់របស់ពាក្យ (Philology)។ ការសិក្សាស្រាវជ្រាវរកកំណើតដើមពាក្យ ថាតើពាក្យនេះមានន័យដូចម្ដេច យកមកពីភាសាជាតិណា ឬក៏គេប្រើនៅក្នុងសតវត្ស​ទីប៉ុន្មានជាដើម។

អក្សរសាស្ត្រ ការសិក្សាខាងក្បួនច្បាប់អក្សរ (Literature)។ ពាក្យទាំងពីរនេះ មានន័យស្ទើរតែច្រឡំគ្នា។ ខ្ញុំសូមយកឧទាហរណ៍មួយ ដូចការសិក្សានូវរឿងទុំទាវ។ រឿងទុំទាវទាំងមូលនេះ ចាត់ទុកថាជា អក្សរសាស្ត្រខ្មែរ  ។ ការស្រាវជ្រាវរឿងទុំទាវមកពន្យល់អធិប្បាយរកឫសគល់ជាដើមហៅថា ភាសាសាស្ត្រ 

ភាសាសាស្ត្រ ដែលខ្មែរយើងនិយាយរៀនសព្វថ្ងៃមានពីរផ្នែក ៖

 ភាសាមនុស្ស

 ភាសាសត្វ

៣- ភាសាមនុស្ស

ភាសាមនុស្ស ចែកទៅមាន ៣ ផ្នែក ៖

 ភាសាសង្ឃ  សាសនាភាសា

 ភាសាក្សត្រ  រាជសព្ទ

 ភាសារាស្ត្រ  ភាសាសាមញ្ញ

ខ្មែរយើងចេះភាសាមនុស្សហើយ ត្រូវចេះលៃលកប្រើពាក្យឱ្យត្រឹមត្រូវទៅតាមឋានៈមនុស្សទៅទៀត។ បើសង្កេតឱ្យមែនទែនទៅឃើញថា ភាសាជាតិខ្មែរទាំង៣ថ្នាក់នេះ ទុកដូចជាថា ខ្មែរមានភាសាសម្រាប់៣ជាតិដែរ។ ខ្មែរយើងសម្បូរពាក្យច្រើនទាល់តែរកពាក្យប្រើមិនគ្រប់គ្រាន់។ បានជាខ្ញុំថាដូច្នេះ ព្រោះថាដូចជាពាក្យ “ស៊ី” មានពាក្យ ២៥ ដែលជាវេវចនៈនឹងគ្នា នេះហើយដែលខ្ញុំថាសម្បូរ តែរកពាក្យប្រើមិនបាន ព្រោះថាឥទ្ធិពលភាសាបរទេសចូលមកជ្រៀតជ្រែក យើងច្រើនតែយកភាសាគេមកនិយាយលាយឡំ ឬចួនកាលយើងមិនអាចប្រែមកជាភាសាខ្មែរបាន យើងក៏ទុកពាក្យបរទេសប្រើក្នុងភាសាខ្មែរ។

 ភាសាសង្ឃ  សាសនាភាសា បុគ្គលពួកនេះ ក៏នៅមានចែកថ្នាក់ទៅទៀតដែរ។ ឧបជ្ឈាយ៍ អាចមានពុទ្ធដីកាទៅកាន់ភិក្ខុសាមណេរ ដែលមានវស្សាតិចជាងថា “ឆាន់” ឬ “ក្ដី” បានតែសាមណេរ មិនអាចនិយាយថា “ឆាន់” ឬ “ក្ដី” ទៅកាន់ភិក្ខុទេ។

ពាក្យខ្លះដែលព្រះសង្ឃសន្ទនារវាងបព្វជិតនិងបព្វជិត គឺ ក្ដី ឆាន់ ករុណា ខ្ញុំករុណា ខ្ញុំព្រះករុណា ។ ចួនកាលនិយាយក្លាយទៅជា កូណា ។

ពាក្យនៅក្នុងសាសនាទៀត មានពាក្យខ្លះប្រើបានតែចំពោះតែបុគ្គលម្នាក់ ដូចព្រះនាមព្រះពុទ្ធ “តថាគត” ពាក្យនេះប្រើបានតែចំពោះព្រះពុទ្ធទេ គេមិនយកមកប្រើចំពោះបុគ្គលទូទៅឡើយ។

 ភាសាក្សត្រ  រាជសព្ទ យើងធ្លាប់ហៅមកហើយថា (ពាក្យសម្រាប់ប្រើនៅក្នុងរាជត្រកូល) រាជសព្ទ ។ រាជសព្ទ គឺជាពាក្យដោយឡែកដែលគេប្រើបានចំពោះតែត្រកូលក្សត្រ។

ឧ. សោយ យាង ផ្ទំ ជាដើម

បើចង់ជ្រាបឱ្យបានពិស្ដារ សូមអានសៀវភៅរាជសព្ទដែលបោះពុម្ពផ្សាយពីពុទ្ធសាសន-បណ្ឌិត្យ។

បើពាក្យរាស្ត្រសាមញ្ញប្រើដែរនោះ តែគេយកទៅប្រើជារាជសព្ទគេច្រើនតែយកពាក្យ “ព្រះ” ឬ “រាជ” មកធ្វើជាបុព្វបទ។

ឧ. រថ គេប្រើជាមួយពាក្យរាស្ត្រដែរ បើយកទៅប្រើជារាជសព្ទត្រូវដាក់ពាក្យថា “រាជរថ” ឬ “ព្រះរាជរថ” ឬក៏ “ព្រះទីនាំង”។

 ភាសារាស្ត្រ  ភាសាសាមញ្ញ ភាសាចំពូកនេះគឺ សំដៅយកភាសាមនុស្សទាំងពីរប្រភេទផ្នែកគ្រហស្ថ ៖

 ភេទបុរស

 ភេទស្រី

មនុស្សទាំងពីរប្រភេទនេះ មានចែកថ្នាក់ទៅទៀត តែពេលនេះ ខ្ញុំសុំបរិយាយយ៉ាងសង្ខេបនូវភាសាចំពូកនេះ ៖

ក- ភេទប្រុស មានពាក្យ៨ផ្សេងៗ សម្រាប់បុគ្គលចំពូកនេះនិយាយ។ ដូចពាក្យថា “ខ្ញុំបាទ” ជាដើម ពាក្យនេះសម្រាប់តែបុរសទេ មិនអាចយកទៅប្រើជាមួយស្រីឬបព្វជិតឡើយ។

ខ- ភេទស្រី មានពាក្យខ្លះសម្រាប់តែមនុស្សចំពូកនេះប្រើ គេមិនយកទៅប្រើលាយឡំជាមួយភេទប្រុសឬបព្វជិតឡើយ។ តែពាក្យថា “ខ្ញុំ” ពុំអាចយកមកនិយាយបានដែរ តែតាមការត្រឹមត្រូវ គួរតែថា “នាងខ្ញុំ”

ភាសាមនុស្សចែកទៅតាមឋានៈ មនុស្សមាន៣ថ្នាក់ ៖

ថ្នាក់ខ្ពស់

 ថ្នាក់កណ្ដាល

 ថ្នាក់ទាប 

ខ្ញុំសូមជូនភាសាដែលមនុស្សទាំង៣ក្រុមនិយាយទាក់ទងគ្នាយ៉ាងសង្ខេប ៖

ពាក្យថា “ខ្ញុំបាទ ខ្ញុំព្រះបាទ ខ្ញុំព្រះបាទម្ចាស់”។

ខ្ញុំបាទ មន្ត្រីសក្តិតូចឬរាស្ត្រ និយាយទៅកាន់មន្ត្រីសក្ដិធំ ឬក៏រាស្ត្រនិយាយទៅកាន់រាស្ត្រជាទីគោរពបាន។

ខ្ញុំព្រះបាទ មន្ត្រីមានយសសក្ដិធំ តែមិនមែនជារដ្ឋមន្ត្រី រដ្ឋលេខាធិការ ត្រូវនិយាយទៅកាន់រដ្ឋមន្ត្រី។ ឯរាស្ត្រសាមញ្ញក៏និយាយទៅកាន់មន្ត្រីសក្ដិធំ ដែលមិនមែនជារដ្ឋមន្ត្រីថា ខ្ញុំព្រះបាទបាន។

ខ្ញុំព្រះបាទម្ចាស់ សម្រាប់មន្ត្រីសក្តិតូចឬរាស្ត្រនិយាយទៅកាន់រដ្ឋមន្ត្រី។

ការសរសេរលិខិតអំពីងារសក្ដិនាម៉ឺនសព្វមុខមន្ត្រីឬជនសាមញ្ញ សូមអានប្រជុំលិខិតដែល ឯ. ឧ. មហាមន្ត្រី ញិកនូវ តែង។

ឯភាសាសត្វ ខ្ញុំនឹងអធិប្បាយទៅខាងក្រោយ។

ភាសាជាគមនាគមន៍

 វិញ្ញាតិភាសា

ឧបមាថា មនុស្សបរទេសម្នាក់ជាទេសចរមកប្រទេសកម្ពុជា មិនចេះភាសាខ្មែរសោះ ហើយថែមទាំងមិនចេះច្បាប់ចរាចរណ៍​នៅប្រទេសកម្ពុជាទៀតផង។ មនុស្សនេះដើរតុកៗ តាមផ្លូវដោយមិនបានគិតថានឹងមានគ្រោះថ្នាក់ដែលបណ្ដាលមកពីរថយន្ត ស្រាប់តែក្នុងពេលជាមួយគ្នានោះ រថយន្តមួយបើកយ៉ាងលឿនសំដៅមកអ្នកថ្មើរជើង ហើយចាប់ហ្វ្រាំងង៉ឺត ហើយខ្មែរម្នាក់ស្រែក “យ៉ៃ” ជាមួយសំឡេងហ្វ្រាំង អ្នកទេសចរអាចយល់បានថា “គ្រោះថ្នាក់”។ សម្រែកនេះក៏ចាត់ទុកថាជាភាសាសាស្ត្រដែរតែមិនមានព្យញ្ជនៈ។

ម្យ៉ាងទៀត អ្នកធ្វើដំណើរតាមរថយន្ត អ្នកមុខតែឃើញមានសញ្ញាចរាចរប្រាប់អ្នកបើកបររថយន្ត។ បើមិនមានសញ្ញាទាំងនេះទេ អ្នកបើកបររថយន្ត មុខតែចៀសមិនផុតពីគ្រោះថ្នាក់ឡើយ។ សញ្ញាទាំងអស់នេះ មិនមែនសុទ្ធតែជាអក្សរទេ គេច្រើនតែប្រើសញ្ញាជាគំនូស ដូចជាសញ្ញាក្មេងពីរនាក់កាន់ដៃគ្នាជាដើម។ សញ្ញាក្មេងកាន់ដៃគ្នានេះប្រាប់ថា “ឱ្យបង្អង់ល្បឿនរថយន្ត ព្រោះជិតសាលារៀន ”។

បើសង្កេតឱ្យឃើញវែងឆ្ងាយទៅទៀត នៅតាមមហាវិថីព្រះបាទនរោត្ដម អ្នកបើករថយន្ត ត្រូវគោរពច្បាប់ចរាចរណ៍​ដែលរាជការប្រើភ្លើងជាសញ្ញា ភ្លើងក្រហមត្រូវ “ឈប់ !” ភ្លើងលឿងត្រូវ “ប្រុង !” ភ្លើងបៃតង ត្រូវ “ទៅ ! ដើរ ! បើកបរ ! “ បាន។ ឯអ្នកចរាចរវិញ ត្រូវដើរឆ្លងកាត់ផ្លូវនៅក្នុងគំនូសដែលគូសកាត់ឆ្លងថ្នល់។

ភ្លើងទាំងនេះ សញ្ញាទាំងនេះមានអក្សរឬទេ ? គ្មានទេ ចុះម៉េចបានជាមាន “ឈប់ !” មាន “ប្រុង !” មាន “ទៅ ! “ ថាមកពីភ្លើងមកពីសញ្ញា ប្រាប់ឱ្យប្រតិបត្តិតាម ដូច្នេះឃើញថាជាភាសាមួយដែរ។ សញ្ញនិងឧទានសព្ទ ដែលមិនមានពាក្យព្យញ្ជនៈបង្ហាញប្រាប់ តែជាសំឡេង-សញ្ញាអន្តរជាតិស្គាល់យល់បានគេហៅថា “វិញ្ញាតិភាសា”។

 កាយវិការភាសា (Gesture for Words)

មនុស្សនៅក្នុងសាកលលោកនេះមានកាយវិការមិនសូវដូចគ្នាទេ ក្នុងការនិយាយទាក់ទងរវាងមនុស្សនិងមនុស្ស។ មនុស្សដែលមិនចេះភាសា អាចដោះទាល់ម្ដងៗដែរក្នុងការសម្ដែងកាយវិការជំនួសភាសា។ យើងពិនិត្យមើលមនុស្សគ តើគ្នាចេះនិយាយភាសាអ្វីឬទេ ? តែមនុស្សគអាចធ្វើកាយវិការឱ្យគេយល់ថាខ្លួនត្រូវការនេះ ត្រូវការនោះ តាមកាយវិការរបស់គ្នាភាសានេះចាត់ថាជា ភាសាគ 

មនុស្សសម្ដែងកាយវិការមិនសូវខុសគ្នាប៉ុន្មានទេ ខ្ញុំសូមលើកយកឧទាហរណ៍ ជនជាតិក្រិក។ ជនក្រិក ងក់ក្បាលសម្ដែងន័យថា “បាទ ! យល់ព្រម ! “ ដល់ងើបក្បាលថា “ទេ !”។ ខេមរជនគ្រវីក្បាលបានន័យថា “ទេ !”។ នៅក្នុងភាពយន្ត បើគេចង់សម្លាប់មនុស្សដោយមិនចាំទទួលនូវសេចក្ដីអង្វរ មេបញ្ជាត្រូវឱ្យសញ្ញាទៅកូនក្រុមដោយ លើកមេដៃចង្អុលចុះក្រោម ដោយបង្ហាញន័យថា “សម្លាប់ទៅ ! “។ ទាំងនេះចាត់ថាជា កាយវិការភាសា អក្សរ​សាស្ត្រ​គ្មានព្យញ្ជនៈ។

មនុស្សក្នុងសាកលលោកនេះ ប្រើកាយវិការជាច្រើនជំនួសភាសា។ មានកាយវិការខ្លះទៀត គេចាត់ថាជាកាយវិការអន្តរជាតិ ដូចជាកាយវិការរបស់កាយឫទ្ធិឬអ្នកបើកបរយានជំនិះ។ កាយវិការភាសានេះ អាចបញ្ជាក់នូវឧត្ដមគតិនិងចិត្តគំនិតរបស់មនុស្សបាន។ ដូចយ៉ាងសំឡេងយំ-សើច ថ្ងូរត្អូញ…. នេះជាកាយវិការភាសាប្រកបដោយសំឡេងដែលចាត់ថាជាភាសាគមនាគមន៍អន្តរជាតិស្ដាប់យល់បានថា នេះសើចយំ-កើតទុក្ខ។

កាយវិការមួយទៀត គួរយកមកបញ្ជាក់ “មនុស្សម្នាក់យកដៃបក់ល្វិច ៗ មុខសុនខ ដែលមិនធ្លាប់ស្គាល់ ឬក៏ស្គាល់ដែរ រួចយកដៃទះដីនៅក្បែរខ្លួនមនុស្សទៀត “ប្រែជាសេចក្ដីថា មនុស្សនេះ បក់ដៃហៅឆ្កែឱ្យមកណេះ ហើយឱ្យអង្គុយក្បែរខ្លួន”។ រួចសុនខដើរមកអង្គុយជិតមនុស្សតើឆ្កែចេះអានសៀវភៅឬទេចុះម៉េចបានតែវាមកអង្គុយក្បែរមនុស្សថាមកពីឆ្កែយល់កាយវិការរបស់មនុស្ស។

 ៣ ភាសាសត្វ (Speech of Animal)

មិនត្រឹមតែមនុស្សទេមានកាយវិការជំនួសភាសា សូម្បីតែសត្វក៏មានកាយវិការជំនួសភាសាដែរ សូមសង្កេតមើលមាន់។ មាន់ឈ្មោលតែសប្បាយរីករាយចិត្ត វារងាវ មាន់ញីឈឺពង វាអត តែក្រាបពងហើយវាខ្ពត កាលណាវាបក់ស្លាបវាសម្ដែងប្រាប់ថា វាគោរពកោតខ្លាច។ ក្របីតែវាខ្លាចគ្នាវាឬមនុស្សវាតែងតែបក់កន្ទុយល្វិចៗ ហើយរត់ទៅលិឍគ្នាវា ដើម្បីសម្ដែងថាគោរព។ ទាំងនេះចាត់ថាជាភាសាសម្រាប់សត្វ។

សូមសង្កេតពិចារណានូវប្រយោគខ្លីនេះ នៅក្នុងសៀវភៅ (The Gift of Language) ថា បុរសគឺជាមនុស្សផ្សេងដោយឡែកពីសត្វលោក ដូច្នេះត្រូវចេះនិយាយតាំងពីកំណើតដោយខ្លួនឯង  ឯស្ត្រីវិញ គឺចេះនិយាយឡើងដោយសារតែអាដាម នៅថ្ងៃដែលអាដាម បានចាត់កំណត់ឱ្យឈ្មោះពួកសត្វលោក…….. ។

ភាសាសត្វដែលគេអាចឱ្យយល់ទៅបាន ក៏ដោយសារតែ “ចលនា” ដែលទាក់ទងទៅនឹងធម្មជាតិមានជីវិត។ យើងមិនអាចបានដឹងថា តើភាសាដែលកើតឡើងមុនគេនៅកន្លែងណាទេ ព្រោះយើងមិនមានឯកសារ កត់ត្រាចំណាំពីបុព្វសម័យ។ មានវិញ្ញូជនជាច្រើនបានយកខ្សែសំឡេង (banque magnetique) ទៅថតសំឡេងសត្វស្វាធំៗ (Chimpanzes) ហើយយកមកធ្វើនូវនិរុត្តិសាស្ត្រ (Etymologie) ចំពោះសំឡេងនិងអត្ថភាសា។ មានវិញ្ញូជនខ្លះទៀត យកម៉ាស៊ីនថតសំឡេង ទៅថតសំឡេងសត្វផ្សេងៗ សត្វខ្លះមានសំឡេងថា កាក ! គូក ! វូប ! ជាដើម។

តែយើងអាចកត់សម្គាល់បានថា ភាសាសត្វស្វាធំ (Ape) មានសំឡេងសំនៀងកាន់តែចូលជិតមកសំនៀងសំឡេងភាសាសាស្ត្ររបស់មនុស្ស។ លោក រូបារ ម. យេក្ស (Robert M- yerks) បានសរសេរសៀវភៅថា (The Great Apes) ថាសត្វអាចយកទៅបង្ហាត់បង្រៀនឱ្យទៅធ្វើកាយវិការភាសាបាន ដូចជាមនុស្សគថ្លង់ (The Great Apes that these animals might bowever be trained to a gesture language much as deaf mutes employ

 សញ្ញាភាសា (Signals for Words)

ឥឡូវយើងត្រឡប់មកភាសាមនុស្សម្ដង។ តើយើងអាចដឹងថា សញ្ញាភាសាមានប៉ុន្មានដែលយើងអាចយល់បានសព្វថ្ងៃនេះ ដែលកើតមកពីភាសានិយាយ។ មានសំឡេងខ្លះអាចបញ្ជាក់ឱ្យដឹងថា ភ័យ….. ប៉ុនប៉ង……. ដូចយ៉ាងសញ្ញា “ស្លាប់” មនុស្សច្រើនជាតិដឹងថា “ងងុយគេង”។

អ្នកនៅទីក្រុង ច្រើនតែចេះសញ្ញាភាសា ដែលមិនមានពាក្យជាគ្រឿងសម្គាល់។ សញ្ញាភ្លើង​ក្រហម-បៃតង-លឿង ប៉ូលីសលើកដៃជើង។ល។ សញ្ញាទាំងនេះអាចនាំអ្នកចរាចរឱ្យរួចផុតសេចក្ដីអន្តរាយ។ នៅសាលារៀន តែគេឮសូរជួង-ស្គរ គេអាចដឹងថា កូនសិស្សសម្រាកឈប់ចេញរៀនឬចូលរៀន។

សញ្ញាគូសតាមផ្លូវ សម្រាប់ឱ្យរថយន្តបើកបរ គូសកាត់ផ្លូវ សម្រាប់ឱ្យអ្នកដើរកាត់។ បើបានឃើញសញ្ញាមួយគួរឱ្យចាប់អារម្មណ៍ គឺសញ្ញានៅក្នុងឧម្មង្គបថ (Subway ឬ Metro) នៅទីក្រុងញូវយ៉ក (New York) នៅមហាវិថីទី៤២ នៅខាងលើពិតានឧម្មង្គបថនេះ មានគូសពណ៌ប្រផេះ។ គំនូសនេះ មានន័យថា “បើអ្នកចង់ទៅជិះរថភ្លើងទៅទិសខាងកើតសូមមកតាមខ្ញុំ” គេគ្មានសរសេរជាអក្សរទេ គេគ្រាន់តែគូសប្រាប់។

សូមពិនិត្យមើលរថយន្តដឹកទំនិញធ្ងន់ៗ ដូចដឹកឈើឬដែកជាដើម នៅខាងក្រោយរថយន្ត គេចងកំណាត់សំពត់ក្រហម។ សំពត់ក្រហមនេះបានន័យថា “ប្រយត្នគ្រោះថ្នាក់ ! ទៅឱ្យឆ្ងាយ !”

ធានីវាសិក (អ្នកនៅទីក្រុង) ដល់ឃើញសញ្ញាច្រើនដូច្នោះ ស្ទើរតែដូចអនរិយជន (Primitive) ពួកព្នងគួយជាដើម។ ពួកព្នងគួយច្រើនតែកួច ចង លាក់ឈើជាចំណាំ សុនខច្រើនយល់ចិត្តមនុស្សដោយម្រាមដៃ មនុស្ស គ ថ្លង់ ច្រើនប្រើដៃ។

 ភាសាត្រាប់ (Imitative Words)

ភាសាដែលយើងនិយាយអាចយល់បានដោយងាយ៨ ទោះជាសញ្ញាភាសា រូបីក្ដី អរូបក្ដី។ ពាក្យដែលគេត្រាប់សំឡេងដូច្នោះហៅថា នាមការកភាសា (Onomatopoetic)។ តាមការត្រិះរិះមើលទៅតាម ភាសាត្រាប់ នេះទៅ ឃើញថាប្រជាជាតិដែលមានអារ្យធម៌ខ្ពង់ខ្ពស់ មិនសូវមានភាសាដែលយកលំនាំតាមសំឡេងធម្មជាតិទេ។ យើងអាចសង្កេតបានទៅតាមសេចក្ដីនេះបានថា ពួកខ្មែរដូចព្នងគួយជាដើម ច្រើនយកភាសាតាមធម្មជាតិ។

ភាសាខ្មែរយើង ក៏មានពាក្យដែលត្រាប់យកលំនាំឬហេតុដែរ ដូចពាក្យថា “បែកអំពិលអំពែក”។ ម៉េចបានជាគេនិយាយថាដូច្នេះ ព្រោះថាកាលណាគេទង្គិចក្បាលយ៉ាងខ្លាំងទៅវត្ថុអ្វីមួយ មានរស្មីព្រិចៗ ខ្ទាតភ្លែតចេញមក ដូចពន្លឺសត្វអំពិលអំពែក ដូច្នេះគេសន្មតថា “បែកអំពិលអំពែក”។

 សង្គមភាសា ឬ គ្រាមភាសា (Community Words)

បើសិនជាយើងសួរខ្មែរគ្នាឯងថា “អ្នកនិយាយភាសាអ្វី ?” ចម្លើយមុខជាមកផ្លូវនេះថា “ខ្ញុំនិយាយភាសាខ្មែរ”។ ចុះម៉េចបានជានិយាយភាសាដូចគ្នា ស្ដាប់គ្នាមិនបានខ្លះ ? មកពីនៅគ្រប់តែប្រទេស មានភាសាសម្រាប់សង្គមឬជនបទ។ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកបង្ហាញ “ក្មេងដែលគេចវេះមិនទៅសាលារៀន តាមជនបទខ្លះហៅថា “កាន់កាតឈ្លួស ត្រក ខ្មាយ…….”។ មិនមែនតែភាសាយើងទេ ដែលនិយមនិយាយ មិនដូចគ្នា សូម្បីតែប្រទេសឯទៀត ក៏និយាយមិនដូចគ្នាដែរ ដូចសហរដ្ឋអាមេរិក “ក្មេងដែលគេចវេះពីសាលារៀនគេនិយាយតាមជនបទខ្លះថា Skip bag day out of school play hooky ឬ hooks jack…។

សូមសង្កេតមើលក្មេងមួយក្រុមតាមទំនៀមអ្នកស្រុកខ្លះឬទូទៅ ខ្ញុំមិនបានយល់ច្បាស់។ តែនៅស្រុកឃុំខ្ញុំសព្វថ្ងៃនេះ “ក្មេងអង្គុយអាំងភ្លើងនៅរដូវរងា។ ក្មេងពីរនាក់ផ្លុំភ្លើងក្នុងពេលជាមួយគ្នា ម្នាក់ត្រូវស្ដោះទឹកមាត់ឡើងលើ ម្នាក់ស្ដោះទឹកមាត់ចុះក្រោម មានន័យថាមិនឱ្យដំបៅមាត់។ នេះជាភាសាសម្រាប់សង្គមក្មេងដែរ។

បើក្មេងលេងល្បែង ដូចលេងល្បែងជិះសេះ ក្របីអូសរទេះ ឬជល់ក្របីជាដើម តែឈប់លេងក្មេងថា “ណងនីត ក្រោយៗ លេងទៀត” រួចទើបក្នុងយកដៃធ្វើជាបោសគូទ។ ការប្រព្រឹត្តរបស់ក្មេងដូច្នេះព្រោះវាយល់ថា បើមិនធ្វើដូច្នេះទេ ខ្លាចដុះកន្ទុយ។

បើយើងសង្កេតមើលពួកអ្នកសៀមរាប និយាយជាមួយខ្មែរក្រោមស្ទើរតែស្ដាប់គ្នាមិនបានប្រហែលពាក់កណ្ដាល។ ខ្ញុំបានចួបខ្មែរសៀមរាបម្នាក់ឈ្មោះ ឈរ-គីលិន និយាយជាមួយខ្មែរក្រោមម្នាក់ឈ្មោះប៉ុលនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ៖

គីលិន – ប៉ុល ! ប៉ុល ! រៀនអង់គ្លេសចេះដល់ម៉ាឡាហើយ ?

ប៉ុល ធ្វើភ្នែកឡិងឡង់ ព្រោះស្ដាប់ពាក្យម៉ាឡាមិនយល់ សូម្បីតែខ្ញុំអ្នកនិពន្ធអត្ថបទនេះក៏ស្ដាប់មិនយល់ដែរ ទាល់តែខ្ញុំបញ្ឈប់ខ្មែរសៀមរាបជាពាក្យកំប្លែងថា ៖

មើល ! ប៉ុល ! យល់ពាក្យថាម៉ាឡាឬទេ ?

ប៉ុល- អត់យល់ទេ

មិត្តខ្ញុំសៀមរាបថា “ខ្ញុំស្មានថាគេស្ដាប់បាន” ទើបខ្មែរសៀមរាបពន្យល់ថា ម៉ាឡា “ដល់ណាហើយ ឬបានច្រើនហើយ”។

លោក ជន.ប. ការុល (Jonh B. Carroll) និយាយថា “ភាសារបស់សង្គមនីមួយៗ មិនងាយឱ្យមានឯកភាពត្រឹមត្រូវបានទេ បើសិនណាជាសង្គមមនុស្សកើតធំឡើង ភាសាកាន់តែរេទៅរកការឃ្លៀងឃ្លាតបន្តិចដែរ។ ដូច្នេះនៅក្នុងសង្គមនីមួយៗ មុខតែមានសម្ដីលំនាំផ្សេងៗពីគ្នា”។

សង្គមភាសា បើនិយាយឱ្យច្បាស់ទៅទៀត គេអាចចែកភាសាខ្មែរទៅតាមជនបទ ដូច្នេះយើងត្រូវធ្វើតារាងជាផែនទីគូសចំណាំប្រាប់ថា ជនបទ ឃុំ-ស្រុក-ខេត្តនេះនិយាយរដឺនដូច្នេះ មនុស្សនៅក្នុងខេត្តនោះនិយាយរដឺនដូច្នោះជាដើម ទើបងាយឱ្យអ្នករៀនអាចយល់បានស្រួល។

ខ្ញុំសូមអធិប្បាយភាសាតាមសង្គមឬជនបទខ្លះដែលខ្ញុំបានចួបប្រទះ តែខ្ញុំសូមអភ័យទោស បើសិនជាខ្វះខុសខាតដូចម្ដេច សូមលោកមេត្តាផ្ញើសេចក្ដីត្រូវទៅខ្ញុំ (សូមអរគុណ)។

ពិតមែនតែខ្មែរយើងមានភាសាតែមួយសម្រាប់ជាតិ តែលំនាំភាសានិយាយចាត់ទៅតាមសង្គមឬជនបទ ដូចអ្នកខេត្តកំពតប្រើពាក្យថា “តុម្ព” តាមន័យក្នុងវចនានុក្រមឬតាមជនបទសង្គម បានន័យថា “ក្រឡតូចៗសម្រាប់ដាក់កំបោរ” តែអ្នកខេត្តកំពតសំដៅយក “ពាងធំៗ ”។ សូមពិនិត្យសង្គមភាសាខ្លះដតូចតទៅនេះ ៖

 សម្ដីពពាយនាយ

លោកអ្នកធ្លាប់ធ្វើដំណើរតាមរថយន្ត ទៅតាមព្រែកក្ដាម ទៅស្គន់កំពង់ចាម មុខជាឮឈ្មួញពពាយនាយថា

ល្មុតហ៎ះ ! ក្រូចហ៎ះ ! ឈូកហ៎ះ !

ឥឡូវលោកអ្នកជិះរថយន្តទៅតាមផ្លូវភ្នំពេញព្រែកអ្នកលឿង មុខជាឮឈ្មួញពពាយនាយថា មកវើយល្មុត !

បើយើងមកភ្នំពេញឬតាមជនបទឯទៀតៗ យើងមុខតែឮពាក្យពពាយនាយដូច្នេះទៅវិញ

ល្មុតហ្អឺ ! ល្មុត ! ពោតស្ងោរហ្អឺ ! ពោតស្ងោរ !

 សម្ដីតាមស្រុកឬជនបទ

១- សម្ដីនិយាយអ្នកខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម។ គេច្រើននិយាយបន្តុះបង្អាប់ពួកខ្មែរនេះថា ឡា-លូ-ឡាប់-លៀក (ស្លា-ម្លូ-ស្លាប់-ស្លៀក) គេនិយាយច្រើនកាត់យកតួអក្សរ ស ចេញ។ សូមពិនិត្យមើលភាសាជនបទនៅឃុំស្កាទំ ស្រុកត្បូងឃ្មុំ កំពង់ចាម ពាក្យថា “លំប៉ាក” បានន័យថា “ចង្រៃ” សំនៀងភាសានេះដូចជាភាសាព្នង។

២- ខេត្តតាកែវ សម្ដីពួកនេះប្លែកពីពួកអ្នកខេត្តក្រចេះ តែស្រដៀងទៅខេត្តព្រៃវែង-ស្វាយរៀងដែរ។

ពួកខេត្តនេះនិយាយស្រដៀងយួន ព្រោះនៅទល់ដែនយួន ដូចពាក្យដែលមានអក្សរ (ឆ-ស) (ចំពោះអក្សរ ឆ-ស មាននិយាយនៅក្នុងពួកព្យញ្ជនភាសា)

សូមលើកយកពាក្យខ្លះរបស់អ្នកខេត្តតាកែវ (ឆ-ស)

ស្គែ-ឆ្ករ—ឆ្នែង

មើលទៅខ្មែរលើបែបច្រឡំពាក្យនេះហើយ សូមជ្រាបចុះថា ស្គែ> ឆ្កែ ឆ្ករ >ស្ករ ឆ្នែង >ស្នែង

ម្យ៉ាងទៀតសូមពិនិត្យតារាងខាងក្រោមនេះ ដែលមិនសូវស្របគ្នា

ខ្មែរខេត្តក្រចេះ-ស្ទឹងត្រែង

ខ្មែរខេត្តតាកែវ

រវល់តែ……………ឧ. ម៉េចបានជាយូរម្ល៉េះ ?

ឆ្លើយ ៖ ខ្ញុំរវល់តែចាំមិត្តខ្ញុំ……………………………….

………………………………………………………………..

អាល័យតែ………..ឧ. ម៉េចបានជាយូរម្ល៉េះ ?

ឆ្លើយ ៖ ខ្ញុំរវល់តែចាំមិត្តខ្ញុំ……………………………….

………………………………………………………………..

តែចំពោះអ្នកខេត្តក្រចេះនិងខេត្តឯទៀតខ្លះ ច្រើនតែនិយាយទាំងពីរ គឺរវល់តែ …. នឹងអាល័យតែ ….។ តែអ្នកខេត្តតាកែវច្រើនតែនិយាយថា អាល័យតែ………….។

៣- ចុះខ្មែរសៀមរាប កំពង់ធំ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង និយាយប្លែកពីអ្នកខេត្តខាងលើដូចម្ដេច ? ច្រើនណាស់គ្រាន់តែឮអ្នកសៀមរាបមកពី ប៉ាដាក ឬ អ្នកកំពង់ឆ្នាំង ខ្មែរភ្នំពេញខ្លបស្លឹកត្រចៀករត់រកវចនានុក្រមឱ្យជួយ។

សម្ដីអ្នកសៀមរាប

លោកអ្នកនាងដែលឮពាក្យនេះឬទេ អ្នកសៀមរាបនិយាយរដឺនៗថា ៖

“គោវាចាប្រាវចូលដុប អេងថាភយអើយភយ កុំតែបានលោកភិក្ខុមួយអង្គជួយកាក់ ម្ល៉េះលំបាកយ៉ាង” ថាពួកអ្នកសៀមរាបនិយាយសៀមទៅមិនមែនទេ ថានិយាយបាលីទៅមិនមែនដែរ ចុះម៉េចបានជាគេស្គាល់ពាក្យខ្លះមិនបាន ថាមកពីសង្គមភាសាឬគ្រាមភាសារបស់ពួកនេះរដឺនសេចក្ដីខាងលើនេះ ប្រែថា គោវាផ្អើលចូលព្រៃគុម្ពោត ឯងថាភ័យអើយភ័យ កុំតែបានលោកភិក្ខុមួយអង្គជួយបញ្ឈប់ម្ល៉េះលំបាកណាស់”

សង្គមមនុស្សខ្លះ មានសញ្ញាភាសាប្លែកពីគ្នា (សញ្ញាភាសាខ្ញុំអធិប្បាយរួចពីទំព័រខាងដើមហើយ)។ មានអ្នកស្រុកខ្លះជឿដោយប្រើកាយវិការផ្សេងៗ ដើម្បីកំណត់ឱ្យដឹងនូវគោលបំណង គំនិតរបស់ពួកជននោះដូចយ៉ាង “យកដីដាក់លើក្បាល យកដីដាក់លើពោត (ដែលគេយកឆ្លងទន្លេ) ដែលឱ្យន័យថា “សូមកុំឱ្យលោះព្រលឹង” ថា “កុំឱ្យពោតសាប” ជាដើម។ ខ្ញុំសូមជូនឧទាហរណ៍មួយ ដើម្បីតម្រូវគ្នា ជនអាមេរិកកាំង បើគេចង់មានលាភ ជ័យសួស្ដី ក្នុងពេលធ្វើដំណើរ គេត្រូវខោកឬគោះឈើដោយក្រញរម្រាមដៃ អង់គ្លេសថា (Knock on wood)។

ឥឡូវយើងបែរមករកមើលវប្បធម៌របស់មនុស្សចំពូកខ្លះ ដូចពាក្យឬប្រយោគដែលគេនិយាយលាយតាមពណ៌ (ស-ខៀវ) ៖

ឧ- ពាក្យ- តសូវ- ណសូវ-យ៉ស៊ុំ……

ប្រែថា ទៅស នៅស យស (ទៅ-នៅ យំ)

ភាសារបៀបនេះ គប្បីចាត់ទុកថាជាភាសាសម្ងាត់ គឺគេមិនចង់ឱ្យអ្នកដទៃទៀតស្ដាប់បាន។

ម្យ៉ាងទៀត សូមពិនិត្យភាសាមួយចំពូកទៀត ដែលគេហៅថាភាសាឫសីប្លែងសារ។ ភាសានេះទុកដូចជាកំបាំងមួយដែរ។ ភាសានេះមានន័យនិងរបៀបដូច្នេះ ៖

ត្រូវសរសេរឱ្យច្បាស់លាស់ តាមភាសាធម្មតាជាមុនសិន តែត្រូវធ្វើឃ្លាឱ្យខ្លីៗ ឱ្យល្មមរាប់ពាក្យបានងាយ រួចហើយត្រូវរាប់អក្សរបណ្ដោយពីដើមទៅចុង ហើយត្រូវដកមួយតួម្ដងៗ យកមកសរសេរទៅតាមបន្ទាត់។ របៀបរាប់អក្សរដូច្នេះ ស្រះ បាំងឈើ អក្សរ លេខ រាប់មួយតួដែរ តែវិសជិនីយគេមិនរាប់ថាជាមួយតួទេ។ ពេលផ្ញើសំបុត្រទៅគេ ដើម្បីឱ្យស្រួលដល់អ្នកទទួលផ្សំបានងាយនោះ ត្រូវប្រាប់យ៉ាងខ្លីថា ២-៣-៤ ឬ ៦ តាមដែលយើងរាប់ថា “ដក” ដល់ពេលដែលគេរាប់អក្សរយកជាពាក្យវិញថា “ស្រង់”។ ដកស្រង់នេះ មានចំនួនខុសគ្នាក៏មាន ត្រូវគ្នាក៏មាន បើចង់ប្រើរបៀបដកថាស្រង់ ស្រង់ថាដក បានឥតទាស់។

គ្រាមភាសាឬសង្គមភាសា នៅមានច្រើនទៅទៀត តែថាពាក្យនេះច្រើនតែដូចគ្នា ឬក៏ច្រើនតែជាវប្បធម៌ប្រែប្រួលដូចតទៅនេះខ្លះ ៖

 របៀបដក  ស្រង់  (តាមវចនានុក្រមខ្មែរភាគ ២)

ល្អក្រចិមិយូត្តនរ > ចិត្តល្អមិនក្រយូរ

របៀបរាប់ដូច្នេះ ពាក្យ “ចិត្តល្អមិនក្រយូរ” មាន ៨ ពាក្យ។ គេរាប់ពាក្យដើម

ចិ ត្ត ល្អ មិ  ក្រ យូ 

     ៦  ៧ 

ដក ៖ ល្អ ក្រ ចិ មិ យូ ត្ត  

 ៣       

ដល់ដកមកបានដូច្នេះ ល្អក្រចិមិយូត្តនរ ត្រូវឥឡូវត្រង់ស្រង់យកជាសេចក្ដីដើមវិញ

ស្រង់៖ ចិ ត្ត ល្អ មិ  ក្រ យូ 

       

 របៀបដក  ស្រង់  ឬដក  ស្រង់ 

ចះនចេមិឈ្នះង់ > ចេះមិនឈ្នះចង់

មាន ៧ ពាក្យ។ (នៅមានរបៀបច្រើនទៀត)

 ពាក្យបង្វែងដាន យើងធ្លាប់ឮខ្លះមកហើយដូចជាព្រះសង្ឃ ត្រូវការឆាន់ “ម្ទេស” លោកប្រើកូនសិស្សទៅរកម្ទេស លោកមានថេរដីកាថា “សត្វហើរ” រឿងនេះជាហេតុនាំឱ្យក្មេងដែលមិនយល់ន័យពាក្យនេះ ស្មានថាលោកបញ្ជាឱ្យទៅដេញចាប់សត្វមានជីវិត ម្ល៉ោះហើយទៅដេញវាយសត្វកន្ទំរុយមួយបានទៅប្រគេនលោក។ ឧបាសក-ឧបាសិកា ឃើញត្រីរស់ នឹងចង់ស៊ីដែរ តែមិនហ៊ានប្រាប់ឱ្យគេសម្លាប់ក៏ថាឱ្យយកទៅលែង តែបើយើងមិនយល់ន័យនេះមុខតែយកទៅលែងនៅបាតបឹងផ្លូក។ ពាក្យពិតវិញនោះមិនមែន “សត្វកន្ទំរុយ” មិនមែនយកទៅបោះចោលទេ គឺ សត្វហើរជាម្ទេស លែងថាឱ្យទៅសម្លាប់”។ ពាក្យទាំងនេះជាពាក្យបង្វែងដាន ពាក្យរបៀបនេះ នៅមានច្រើនទៀត។

 ពាក្យអាសគ្រាម ឬពាក្យចំអេសចំអាស

ពាក្យអាសគ្រាមខ្ញុំមិនបាច់អធិប្បាយទេ ព្រោះថាលោកអ្នកធ្លាប់ឮមកជាញឹកញយហើយ។

សង្គមភាសាមានប្លែកៗគ្នា គេមានភាសាពិសេសច្រើនទៀត ទុកប្រចាំកិច្ចការរបស់គេ ដូចជាភាសាអ្នកបរបាញ់ ភាសាចម្បាំង ឬភាសាសម្រាប់អ្នកលេងល្បែង។ល។ តែលុះកន្លងក្រោយៗមកជាច្រើនតំណពូជឬច្រើនសតវត្សមក កាលដែលខ្មែរមិនទាន់មានអក្សរសាស្ត្រនៅឡើយភាសាប្រចាំក្រុមមុខការងារនោះ ក៏បាត់ចោលខ្លះដែរ។ ម៉េចបានជាភាសាខ្លះបាត់ទៅ មកតែពីភាសានោះ មិនសូវមានសារប្រយោជន៍ បើមិនប្រើក៏បានដែរ ហើយមួយទៀតយូរៗធ្វើម្ដង ហើយទំនងជាគ្មានអ្វីកត់ចំណាំ ម្ល៉ោះហើយក៏សាបសូន្យទៅ តែចំណែកភាសាដូចជាភាសារបស់ពួកអ្នកចម្បាំង ពួកអារក្ស របៀបការកូន ដែលជាភាសាសម្រាប់សាងជីវិតគេនៅរក្សាទុករហូតមកដល់សព្វថ្ងៃ។

ភាសាបរបាញ់ តាមមតិរបស់លោក (Edward D Myers) និយាយអំពីកំណើតរបស់ភាសា (The Origin of Language) ថា ពីដើមភាសាបរបាញ់មានគ្រប់សង្គម តែគេរៀបទៅបាញ់ គេលើកគ្នាទៅឬគេទៅបាញ់សត្វនៅតាមរដូវដែលគេត្រូវចេញទៅបាញ់ តែក្រោយមកអ្នកខ្លះលួចទៅម្នាក់ឯង ហើយមិនហ៊ានបញ្ចេញសំឡេង សម្រែកអ្វីទេខ្លាចគេដឹងឮ។ បើតាមខ្ញុំពិនិត្យមើលទៅតាមមតិលោកខាងលើនេះឃើញថាប្រហែលជា២០ឆ្នាំមុននេះ នៅស្រុកខ្លះ គេលើកគ្នាទៅបាញ់សត្វមែន។

ភាសាបរបាញ់ គេត្រូវនិយាយឬប្រើពាក្យសម្ដីទៅតាមសម្រែករបស់សត្វ ឬលំនាំរបស់សត្វ ដូចការបរបាញ់ប្រើសក្ដាន់ អ្នកប្រមាញ់ខ្លះយកស្លឹកឈើមក​ផ្លុំធ្វើជាសំឡេងសត្វ។ អ្នកទាក់លលក ធ្វើត្រាប់សំឡេងលលក គុកគ្រូ ! ដើម្បីឱ្យលលកព្រៃមករកលលកធ្នាក់។ ចំណែកអ្នកទាក់ក្រួចវិញ គេក៏ធ្វើសំឡេងដូចក្រួច ដើម្បីឱ្យក្រួចមកចូលលប់។

ភាសាទាក់ដំរី យើងពិនិត្យមើលស្រុកខ្មែរទៀត មិនថាសម័យមុនទេ សម័យយើងនេះ អ្នកទៅទាក់ដំរី គេច្រើនតែប្រើស្នែង ផ្លុំស្នែងជាបទ ដើម្បីដាក់ស្នេហ៍ឱ្យដំរីទន់ចិត្ត។

ខាងអ្នកស្ទូចត្រី គេមានភាសាប្លែកទៅទៀតសម្រាប់ក្រុមគេដែរ។ បើលោកអ្នកធ្លាប់ជាអ្នកស្ទូចនៅតាមស្រុកស្រែ លោកអ្នកមុខតែឃើញអ្នកស្ទូច “គោះទឹក” ដែលមានន័យថា “ហៅត្រី” ឬផ្ទាត់ទឹកនឹងម្រាមដៃហើយពោលថា “មកវើយស៊ីចំណី” អាការៈបែបនេះបង្ហាញឱ្យឃើញថា នេះជាភាសារបស់ក្រុមគេនេះដែរ។

ភាសាខាងល្បែង

កីឡាអុំទូកង ពួកអ្នកកីឡាអុំទូកង គេតែងមានពាក្យគេសម្រាប់បន្ទរ ឬស្រែកឱ្យមានកម្លាំង អ្នកក្បាលស្រែកថា “មួយយើ ! “ ហើយអ្នកអុំទាំងអស់គ្នាស្រែកព្រមគ្នាថា “មួយ ! “ រួចបន្ទាប់ទៀត គេស្រែកព្រមគ្នាថា “អៃយ៉ូវសាប់អៃយោមួយ !”

កីឡាអង្គញ់ នៅក្នុងកីឡានេះ គេឮពាក្យថា “ម៉ាយ” គឺគេនិយាយចំពោះអង្គញ់ណាដែលបោះត្រូវម្ដងហើយ តែបោះត្រូវម្ដងទៀតគេថា “ម៉ាយ”។ ដក ណាប់ ប្រេត ចាក់កន្ធែក សុទ្ធតែជាពាក្យសម្រាប់អ្នកលេងអង្គញ់។

កីឡាឯទៀតៗ ដូចកីឡាវាយកូនគោល គេស្រែកថា “បាក់” ដើម្បីឱ្យអ្នកម្ខាងប្រុងប្រយត្ន ក្រែងគេវាយត្រូវជើង។

ល្បែងចាប់កូនខ្លែង អ្នកលេងឈរឱបចង្កេះឬកាន់ចង្កេះបន្តគ្នា អ្នកនៅមុខគេធ្វើជាមេមាន់ អ្នកនៅក្រោយជាកូនមាន់ រួចមានមា្នក់ទៀតធ្វើជាមេខ្លែងចាំឆាបកូនមាន់។ អ្នកលេងស្រែកថា “ចាប់កូនខ្លែងប្រឡែងកូនមាន់យកមេទៅទាន់យកមាន់ទៅលាក់ លាក់ឯណា…”។

ល្បែងលាក់កន្សែង អ្នកលេងអង្គុយដំកង់គ្នាជុំវិញ មានម្នាក់កាន់ក្រមាឬកន្សែងមូរឱ្យណែនរត់ក្រឡឹងជុំវិញថាលាក់កន្សែង ឆ្មាខាំកែងអូសលោងៗ… ហើយគេដាក់រមូរកន្សែងនៅក្រោយខ្នងអ្នកអង្គុយម្នាក់ដល់អ្នកនោះដើរមកកន្លែងដែលគេទុកកន្សែងនោះវិញ អ្នកអង្គុយមិនដឹងខ្លួនគេត្រូវវាយមួយកន្សែង។ បើសិនជាអ្នកអង្គុយឃើញកន្សែងនៅក្រោយខ្នងត្រូវយកកន្សែងហើយដើរជុំវិញខាងក្រោយអ្នកអង្គុយ ហើយស្រែកថា លាក់កន្សែង….”។

ឯល្បែងអុក គេថា “អុក” បានន័យថាគេប្រុងស៊ីស្ដេចហើយ។

យើងឃើញហើយថា សង្គមមួយៗ មានភាសាប្រចាំក្រុម។ ឥឡូវមើលកូនក្មេងលេងល្បែងម្ដង ក្មេងៗច្រើនតែជ្រើសរើសគ្នាវាថា “ប៉ាវយីស៊ុង” បើអ្នកណាចាញ់គេត្រូវចាំទី បើឈ្នះគេត្រូវធ្វើឬផ្ដើមលេងមុនគេ ដូចជាបោះឡូជាដើម។ បើមិនថារបៀបនេះទេ គឺគេថា “ត្រាយត្រក ត្រាយត្រេងបាក់កាអេងណាំនឿកបាក់ការធឿក ដូយ៉ាដឺកាដាហិច”។ របៀបនេះ បើអ្នកណានៅសល់ក្រោយគេត្រូវចាំទី។

 ភាសាសម្រាប់អារក្ស ឬ អាគមភាសា (Magie Words)

ក- ភាសាប្រើក្នុងអារក្ស បើហៅថា ព្រហ្មញ្ញភាសាក៏សឹងតែបាន។ ភាសាអារក្សស្ទើរតែមានមនុស្សតិចណាស់ ដែលចេះភាសា។ បច្ឆាជនដែលមិនសូវជឿអារក្សអ្នកតា ស្ទើរតែមិនដឹងន័យភាសានេះអស់ទៅហើយ។

តារាងភាសាជំពូកនេះខ្លះ

ភាសាអារក្ស

ភាសាសាមញ្ញ

កាប៉ាងគន្ទន់បាក់ក

អាការសាហាវ

កូនចាប

កន្ទើញ

ប្រាក់មួយរៀលចេក

ស្រា

មនុស្សឈឺ

សាច់ជ្រូក

 

ការសិក្សានូវភាសាអារក្ស មានច្រើនទៅទៀត តែពេលនេះខ្ញុំលើកយកតែប៉ុណ្ណេះមកជាឧទាហរណ៍។

ខ- ចំណែកមន្តអាគមភាសា ក៏នៅមានប្លែកពីភាសាអារក្សដែរ។ មុនគេសេកដាស់មន្តអាគមអ្វីមួយគេថា ឱម សិន ដែលជាតំណាងឈ្មោះ ព្រះវិស្ណុ-សិវៈ និងព្រះនារាយណ៍។

ភាសាចំពូកនេះ មិនមែនមានត្រឹមតែសម័យព្រហ្មញ្ញសាសនាចូលមកប្រទេសយើងទេ ឬក៏តាមតែការនឹកឃើញរបស់មនុស្សទេ សូម្បីតែនៅក្នុងពុទ្ធសម័យ ក៏នៅតែមានដែរ តែមន្តអាគមរបស់ព្រះពុទ្ធ មិនមានប៉ះពាល់ដល់ជីវិតសត្វណាមួយឡើយ។

ឧ. កឹ  ករណំ  ឃដេសិ   ឃដេសិ  អហម្បិ  តំ  ជានាមិ។

ចុះភាសាមន្តអាគមមានតែខ្មែរឬ សាសន៍ដទៃទៀតមានដែរ ? មានស្ទើរតែគ្រប់ភាសា។ អាមេរិកាំង សៀម យួន ចិន ឥណ្ឌា មានដូចគ្នាតែខ្ញុំមិនយកពាក្យទាំងនោះមកជូន ព្រោះមិនសូវមានការសំខាន់។

៨- សិល្បភាសា (Art of Language)

សិល្បភាសា សំដៅយកសិល្បៈដែលចំនួនភាសា។ សិល្បបែបនេះ គេមិនបាច់សរសេរតួអក្សរប្រាប់ដល់ទស្សនិកជនទេ ព្រោះថាសិល្បៈនោះ អាចសម្ដែងប្រាប់សិល្បៈនេះ មានន័យយ៉ាងនេះ សិល្បៈនោះមានន័យយ៉ាងនោះ។

ប្រទេសកម្ពុជា ជាប្រទេសកាន់ពុទ្ធសាសនា សិល្បករកសាងព្រះពុទ្ធរូប មិនបាច់ចារឹកអក្សរប្រាប់គេថា នេះជាព្រះពុទ្ធទ្រង់បិណ្ឌបាត នេះសម្ដែងធម្មចក្រ គេគ្រាន់តែកសាងឱ្យទៅតាមពុទ្ធចរិត គេអាចយល់បានថាព្រះពុទ្ធរូបនេះ គេធ្វើតំណាងព្រះអង្គតាមពុទ្ធចរិតនោះ ឬក៏តាមពុទ្ធប្រវត្តិនោះ។

ដូចតួយ៉ាងព្រះពុទ្ធរូបគង់ពត់ព្រះភ្នែន មានព្រះហស្ថស្ដាំនៅលើព្រះហស្ថឆ្វេងដាក់នៅលើព្រះភ្នែន។ ព្រះពុទ្ធរូបបែបនេះ អាចសន្មតបានថា ព្រះពុទ្ធរូបទ្រង់សមាធិ ឬ វិត៌កមុទ្រា។

ការកសាងព្រះពុទ្ធរូបមាន៨បែប តែខ្ញុំលើកយកតែការកសាងព្រះពុទ្ធរូបមួយនេះជាឧទាហរណ៍។ ការរចនាព្រះពុទ្ធរូបបែបនេះគេអាចសម្គាល់បានថា ព្រះពុទ្ធទ្រង់សមាធិ ចុះម៉េចបានតែគេស្គាល់ថា «ទ្រង់សមាធិ » ? មកពីសិល្បៈបង្ហាញប្រាប់ព្រះនាមព្រះពុទ្ធ។

មួយទៀតសិល្បៈខាងល្ខោន តួយ៉ាងដូចមុខយក្ស មុខឥសី តើគេមានសរសេរអក្សរប្រាប់ថា នេះមុខយក្ស នេះមុខឥសីឬទេ ? អត់មានទេ !។ ចុះម៉េចបានតែគេស្គាល់ជាមុខយក្ស មុខឥសី ? មកពីសិល្បៈប្រាប់ឱ្យស្គាល់ថា មុខដែលគួរឱ្យខ្លាចក្រវេមក្រវាម គេថា «មុខយក្ស»។ បើឃើញមុខញញឹមរួចបែកខ្នែងដូចកន្ទុយត្រីប្រា គេស្គាល់ច្បាស់ថា «មុខឥសី»។ បើឃើញមុខ ៤ គេអាចថាមុខ «ព្រហ្ម»។

សិល្បកម្ម (Ballet) ដូចរបាំព្រះរាជទ្រព្យ បញ្ចេញកាយវិការ គេអាចដឹងថា ល្ខោនរាំរឿងនេះឬស្ដែងរឿងនោះ។ គេមិនសូវប្រកាសឈ្មោះរឿងដែលត្រូវរាំនោះទេ តែសម័យក្រោយមក មនុស្សយើងមិនសូវយល់សិល្បភាសា ម្ល៉ោះហើយគេបោះពុម្ពកម្មវិធីចែក។

សិល្បភាសាខាងព្រហ្មញ្ញសាសនាវិញ ដូចជាស្លាធម៌ដូង ស្លាជមជាដើម គេគ្រាន់តែឃើញវត្ថុទាំងនោះ គេអាចឱ្យឈ្មោះថា «ស្លាធម៌ស្លាជម»។

ការលើកយកឧទាហរណ៍មកជាទស្សនៈ ក៏គួរយល់ថា សិល្បៈរចនាទាំងនេះ គេអាចយល់បានដោយមិនបាច់មានពាក្យសម្ដីប្រាប់ឡើយ ដោយហោចទៅទៀត គេអាចសម្គាល់បានមនុស្សសាសន៍ប្លែក ៗ គ្នាដោយគេមើលសម្លៀកបំពាក់គ្រឿងអលង្ការ។

ចំពូកទី២ ភាសាខ្មែរតាមនិរុត្តិសាស្រ្ត

ដូចខ្ញុំបានបរិយាយមកក្នុងចំពូកទី១ រួចខ្លះមកហើយ អំពីកំណើតភាសាខ្មែរ តែខ្ញុំមិនបានបរិយាយឱ្យច្បាស់លាស់។ ឥឡូវខ្ញុំសូមបែរទៅខាងភាសាសាស្រ្តខ្មែរ។ ដើម្បីឱ្យស្រួលវិនិច្ឆ័យនូវបញ្ហាភាសាសាស្រ្តខ្មែរ ខ្ញុំសូមលើកប្រស្នាមួយ ព្រោះខ្មែរយើងមានចំនួនច្រើនថាភាសាខ្មែរមានដើមកំណើតមកពីភាសាបាលីនិងសំស្រឹ្កត បើលោកអ្នកយល់ឃើញថា ដើមកំណើតភាសាខ្មែរយកមកពីបាលី-សំស្រ្កឹត ចុះតើជនជាតិឥណ្ឌាដែលនាំអារ្យធម៌ចូលមកប្រទេសខ្មែរ សម័យគោកធ្លកនៅសតវត្សទីប៉ុន្មាន ? ចុះជនជាតិគោកធ្លក មានមុនឥណ្ឌាចូលមកឬខាងក្រោយ ?

បញ្ហានេះអាចបញ្ជាក់ឱ្យយល់ច្បាស់ថា ឥណ្ឌានាំអារ្យធម៌ចូលមកប្រទេសកម្ពុជាសម័យសតវត្សទី២ ក្រោយសម័យកៅណ្ឌិន្យ តាំងអាណាខេត្តនៅនគរភ្នំ។ ជនគោកធ្លក គេមានភាសានិយាយរួចទៅហើយ តែនៅមិន​ទាន់មានអក្សរសរសេរនៅឡើយទេ។ ចុះគេនិយាយភាសាអ្វី ? ពិតជាភាសាខ្មែរ។ បើសិនជាជនគោកធ្លក មានក្រោយជនជាតិឥណ្ឌានាំអារ្យធម៌មកនោះ ខ្ញុំហ៊ានទាយថា បែបគ្មានជាតិកម្ពុជាទេឬប្រហែលជាសព្វថ្ងៃនេះ ខ្មែរយើងនិយាយភាសាដូចឥណ្ឌា។ តែថាសម័យឥណ្ឌានាំអារ្យធម៌មកប្រទេសខ្មែរជនជាតិខ្មែរក៏ទទួលយកអារ្យធម៌នេះ មកឆ្នៃជាអារ្យធម៌ខ្មែរឡើង ហើយទើបភាសាបាលី–សំស្រ្កឹត ផ្សាយឥទ្ធិពលលាយឡំចូលជាមួយភាសាខ្មែរឡើង។

ដល់ប្រទេសកម្ពុជាមានភាសាហើយ តែមិនទាន់មានអក្សរជារូបរាងទុកឱ្យងាយស្រួលកត់ត្រាចំណាំទេ។ ចុះសម័យនោះខ្មែរយើងយកអ្វីជាអក្សរសាស្រ្តសម្រាប់កត់ចំណាំ ? នេះតាមអ្នកនិរុត្តិសាស្រ្ត (étymologists) ថា គេច្រើនតែយកវត្ថុឬការក្រិត ឆ្លាក់ចំណាំចំពោះរឿងហេតុអ្វីៗ។ យើងពិនិត្យមើលខាងព្រះពុទ្ធសាសនា ដែលយើងមិនទាន់មានម៉ោងប្រើ តើគេអាចចំណាំម៉ោងដូចម្ដេច ? ត្រង់នេះគេយកស្រមោលជាឆាយាលក្ខណ៍ ដូច្នេះហើយបានជាព្រះសង្ឃមាន «ក្រាត» ជាគ្រឿងសំអាង ដែលសព្វថ្ងៃគេហៅថា «ឆាយា»។

មួយទៀត យើងឮគេនិយាយឬទេ ? ដូចគេសួរគ្នាគេថា ៖

មីងយូរ ៖ យី ! យ៉ាន់ ! យ៉ាន់ ! កូនពូសុខពៅគេបង្អស់កើតខែណាទេ យ៉ាន់ឯងចាំឬទេ ?

មីងយ៉ាន់ ៖ ឃ្យូ ! ឯងគិតមើល៍ គ្នាដូចជាភ្លេចដែរ តែមើលឆ្នាំទៅ គេធ្វើបុណ្យសីមាវត្តចំបក់ ឆ្នាំជូត វាមិនហ៊ានទៅមើលពិធីបុណ្យនោះទេ វាខ្លាចក្រែងឆុង។

មីងយូរ ៖ មែនហើយវាកើតឆ្នាំជូតមែន ខែដែលយើងទៅបេះត្រកួន កំណត់ពេលវេលា (ខែឆ្នាំ)។

មួយទៀត តាមពាក្យបរម្បរាថា (សូមកុំយកជាការប្រមាណ គ្រាន់តែជាគ្រឿងពិចារណា) គេថាព្នង យកការក្រិតឈើឬឫស្សីជាគ្រឿងចំណាំជំនួសអក្សរ ដូចជាគេសំបុត្រទៅទារលុយគេ គេត្រូវផ្ញើ «ឫស្សីមួយកំណាត់» បានន័យថា «ទាលុយ» រួចអ្នកជំពាក់បំណុលមិនទាន់មានលុយសង គេត្រូវដុតចុងឫស្សីម្ខាងផ្ញើទៅម្ចាស់លុយវិញ ដោយសំដៅយកន័យថា «គ្មានលុយទេ» បើម្ចាស់លុយបង្ខំទារឱ្យខាងតែបាន ត្រូវដុតចុងម្ខាងទៀត ហើយផ្ញើទៅកូនបំណុលដែលបានន័យថា «ត្រូវតែសង»។ ការស្មានរបស់ខ្ញុំ ដូចជាត្រូវដែរ តែការលើកយកឧទាហរណ៍មកជូននេះ សូមលោកទុកថាជាល្បោយផ្សំក្នុងការស្រាវជ្រាវអក្សរសាស្រ្តខ្មែរទៅចុះ ចាំថ្ងៃណាយើងដឹងពិតថា ពួកព្នងគួយ គេប្រើរបៀបនេះជាអក្សរសាស្រ្ត ដូចខ្ញុំបានអធិប្បាយមកខាងលើនេះ សូមយកជាការទៅចុះ ព្រោះសម័យឥឡូវ យើងមិនទាន់មានអ្នកបច្ចេកទេសខាងការស្រាវជ្រាវអក្សរសាស្រ្តរបស់ជនជាតិព្នងគួយ តាមរបៀបរូបអក្សរសាស្រ្ត (Pictography) ដូចជាតិអេហ្ស៊ីបជាដើម។

ខ្ញុំសូមលើកយកអក្សរបែបអេហ្ស៊ីប​មកធ្វើជាឧទាហរណ៍រូបនេះ ( រូបភាព) អេហ្ស៊ីប​ថា «ខា» (kha) ប្រែថាផ្កាឈូក ហើយគេធ្វើដូចរូបផ្កាឈូកឬមានន័យថាលេខ ១,០០០។ ពាក្យថា ដ្យេបា (dje ba) មានន័យថា ម្រាមដៃ ឬលេខ ១០,០០០ រួចគេធ្វើម្រាមដៃ ( រូបភាព ) ពេលដែលគេត្រូវសរសេរផ្សំជាពាក្យជាសេចក្ដីអ្វីមួយ ដូចជាឧទាហរណ៍នេះ (រូបភាព ) បានន័យតាមទស្សនៈ​និយមថា «គោម្រាមដៃ ៣ ផ្កាឈូក ២ » តែដូចខ្ញុំបានពោលរួចមកហើយថា ម្រាមដៃ ១០,០០០ ផ្កាឈូក ១,០០០ ដូច្នេះត្រូវអានថា « គោ ៣២,០០០ ក្បាល»

ឯរូបអក្សរសាស្រ្តរបស់ជនជាតិអាមេរិកាំងស្បែកក្រហម នៅរដ្ឋមិស៊ូរខាងលើ ( Tribes of the Upper Missouri) សរសេរដូច្នេះថា ៖

រូបភាព

Reading: We are in camp of thirteen lodges(1) ; encamped on a creek above the forks (2) ; started hunting with eight horsemen (3) ; (each symbol ə represents one horseman); on the way slept out two (4); traveled in the direction indicated by … ə (5) ; found buffalo (6) ; behind the second creek from the camp; Killed some and made travois or sledges (7); and slept but one night (8) on our return home.

អានថា ៖ លេខ ១ យើងនៅក្នុងជំរំដែលមានបង្ហាញ ១៣។ លេខ ២ យើងបោះជំរំនៅក្បែរប្រឡាយទឹកមួយ។ រូបលេខ ៣ ចាប់ផ្ដើមបរបាញ់ជាមួយអ្នកជិះសេះ ៨ នាក់ (សញ្ញា  ə នេះមួយៗ ជំនួសអ្នកជិះសេះម្នាក់ )។ រូបលេខ ៤ ទៅតាមផ្លូវ ដេកផ្លូវ ២ យប់។ រូបទី ៥ ធ្វើដំណើរឆ្ពោះទៅកាន់ទិសដោយប្រើសញ្ញា . . . .  ə។ លេខ ៦ ប្រទះសត្វក្របីនៅខាងក្រោយ ប្រឡាយទឹកទី ២ ពីជំរំទៅ។ លេខ ៧ សម្លាប់ក្របីខ្លះ ហើយខ្លះទៀតយកធ្វើគាវ។ លេខ ៨ ហើយដេកផ្លូវមួយយប់ដល់ពេលដែលយើងត្រឡប់មកផ្ទះវិញ។

សូមពិនិត្យមើលសញ្ញានេះមួយទៀត។

ស្នាមគំនូសនេះ ចិនយកប្រើថា «ភ្លើង» បើចិនចង់សរសេរថាភ្លើងរូបភាពត្រូវសរសេរដូច្នេះ។ ពាក្យនេះ ចិនថាភ្លើង សមណាស់ ដោយយើងមើលឃើញអណ្ដាតភ្លើងទ្រោលឡើងលើ។

ឥឡូវយើងបែរមកអក្សរសាស្រ្តខ្មែរវិញ។ តាមប្រភពខ្លះថាអក្សរខ្មែរយកបែបមកពីឥណ្ឌា ខ្លះថាយកអក្សរបែបឥណ្ឌាមកឆ្នៃកាឡៃ ហេតុទាំងពីរនេះមិនខុសគ្នាប៉ុន្មានទេ តែអក្សរបែបឥណ្ឌាមានច្រើនយ៉ាង។ នៅប្រទេសឥណ្ឌាប៉ែកខាងជើង គេប្រើអក្សរមួយបែបរាងជ្រុងៗ ដែលជាកេរតំណនៃអក្សរទេវនាគរី ឯអក្សរដែលថាខ្មែរយកលំនាំតាមនោះមានរូបទ្រង់ទ្រាយមូល ជាអក្សរដែលគេប្រើនៅឥណ្ឌាប៉ែកខាងត្បូង (ទក្ខិណបថ) Deckan ឬជាអក្សរ «ព្រាហ្មី» នៅក្នុងសតវត្សទី៦។

គេនឹកឆ្ងល់ថា ភាសាសំស្រឹ្កតជាភាសាសម្រាប់ជនជាតិឥណ្ឌា ដែលជាអម្បូរ ឥណ្ឌូ-អឺរ៉ុប (Indo Europrean) ដែលជាមូលហេតុ។ ចុះភាសាខ្មែរម៉េចមិនចូលទៅក្នុងអម្បូរ ឥណ្ឌូ-អឺរូប ផង ? លោក អៀវ កើស សរសេរថា «ភាសាខ្មែរមានពាក្យសំស្រ្កឹតនិងបាលីលាយបញ្ចូលផងជាច្រើនក្រៃលែង ប៉ុន្តែភាសាយើងមិនមែននៅក្នុងអម្បូរ ឥណ្ឌូ-អឺរ៉ុប ទេ ព្រោះរបស់ដែលយើងមានដូចខ្លះនឹងភាសាក្នុងត្រកូលនេះ គ្រាន់តែជានីឃណ្តសាស្រ្ត (Sémantique) គឺខាងសេចក្ដីរបស់ពាក្យ (Vocabulaire) តែខុសគ្នាខាងសូរសាស្រ្ត (Phonétique) គឺខាងការបញ្ចូលសំឡេង វិធីអានហើយខុសគ្នាខាងរូបសាស្រ្ត (morphologie) គឺវិធីប្រើពាក្យ សម្រេចរូបពាក្យ គឺខាងវេយ្យាករណ៍ (Grammaire)។

ភាសាខ្មែរយើងនៅក្នុងអម្បូរភាសាមួយហៅថា អម្បូរមន-ខ្មែរ (Le Cambodgien appartient à la famille des parlers indochinois appelés Mon-Khmer) (France Asie numéro spécial 114-115-P 428.)

យើងអាចសន្និដ្ឋានបានថា ភាសាខ្មែរពិតជាភាសាខ្មែរ មិនទទួលពីគេ តែថាអក្សរខ្មែរមានលំនាំតាមឥណ្ឌា។

ដើម្បីឱ្យយល់ច្បាស់នូវភាសាសាស្រ្តខ្មែរ យើងត្រូវតែសិក្សាអក្សរសាស្រ្តឱ្យជ្រៅជ្រះដែរ។ ចុះការសិក្សាភាសានេះមានប្រយោជន៍ដូចម្ដេច ? ពាក្យថាភាសា ខ្ញុំបានពន្យល់ពីមុនរួចមកហើយ តែពេលនេះខ្ញុំនិយាយពីភាសាទៀតដោយយល់ឃើញថា ភាសានិងអក្សរទាក់ទងគ្នា។ ខ្ញុំសូមលើកយកពាក្យថា «សេះ» ខ្មែរយើងមានសំឡេងថា «សេះ » បារាំងថា (Cheval) ឯអង់គ្លេសថា «Horse» ភាសាទាំងបីនេះមានលំនាំសំឡេងផ្សេងៗគ្នា មានលំនាំអក្សរផ្សេងៗ គ្នាតែសំដៅយកសត្វតែមួយ ដែលខ្មែរឱ្យឈ្មោះថា «សេះ» តែសំឡេងនិងលំនាំពាក្យរបស់មនុស្សទាំង៣ក្រុមនេះផ្សេងៗគ្នា។ ការសិក្សានូវភាសាត្រូវកំណត់ដូច្នេះ ៖

១– ភាសាសាស្រ្ត (Philologie) គេរៀនភាសាសាស្រ្ត ដើម្បីឱ្យយល់ច្បាស់នូវវប្បធម៌របស់ជាតិ គឺអក្សរសាស្រ្ត ភាសា ឬក៏សាសនា។ ដូចគេរៀនភាសាបារាំង អង់គ្លេស គេមុខតែចេះយល់នូវអារ្យធម៌របស់សាសន៍នោះ។ បើយើងរៀនភាសាយល់ច្បាស់នូវឫសគល់ភាសាហើយយើងមុខជាបានជំនាញខាងភាសា (Linguistic)។ ការជំនាញខាងភាសានេះ គេសន្មតថាជាអ្នកជំនាញខាងវិទ្យាសាស្រ្តនិងភាសាសាស្រ្ត។

២–  វចីភាសាសាស្រ្ត (Linguistic) ការសិក្សាឱ្យស្ទាត់ជំនាញខាងសម្ដីនិយាយរបស់មនុស្សហើយនិងសោភ័ណភាសា​។ ការសិក្សាខាងវចីភាសាសាស្រ្តនេះ គឺសំដៅយកការសិក្សារដើមកំណើតភាសា ធម្មជាតិភាសា វេយ្យាករណ៍ភាសា របៀបនឹងការប្រែប្រួលនៃភាសាការសំខាន់បំផុតក្នុងវចីភាសាសាស្រ្ត គឺត្រូវសិក្សាឱ្យយល់ច្បាស់នូវសព្ទវិទ្យា សព្ទសាស្រ្ត សណ្ឋានវិទ្យា មូលវិទ្យា និងវេយ្យាករណ៍។

ក–  សព្ទវិទ្យា ឬ សូរសាស្រ្ត (Phonétique) សូមកុំច្រឡំនឹងពាក្យថា សព្ទសាស្រ្ត។ សព្ទវិទ្យា ការសិក្សានូវការបញ្ចេញសំឡេងភាសានិងវិញ្ញាណណាខ្លះ ដែលទាក់ទងក្នុងការបង្កើតឱ្យចេញសំឡេងព្យញ្ជនៈ ឱ្យស្រួលយល់ច្បាស់ដល់សោតប្បសាទ​អ្នកស្ដាប់។ ឧបមាថា ព្យញ្ជនៈកើតក្នុងឋានៈ ឋានៈនោះ ដូចជាកណ្ឋជៈ តាលុជៈ ជាដើម។

ខ–  សព្ទសាស្រ្ត (Phonologie) ការសិក្សាខាងសំឡេងរបស់ភាសាដែរ តែថាមានការសិក្សាពិសេសដូចជាសាវតារភាសានិងទ្រឹស្ដីភាសា ដែលសំឡេងភាសាត្រូវប្រែ ឬសម័យណាគេប្រែពាក្យ។ ការសិក្សានូវសំឡេងភាសានេះ បានន័យខាងអក្ខរាវិរុទ្ធដូចគ្នា តែដល់អានផ្សេងគ្នាទៅវិញ ឧបមាដូចជាប្រយោគខ្លីនេះ។

«ទិញកន្ទេលប្រគេនលោកនេន»

អ្នកទន្លេធំ (នៅខ្សាច់កណ្ដាល) អានប្រយោគនេះថា

«ទិញកន្ទើលប្រគើនលោកនើន»

អ្នកទន្លេធំ នៅឃុំព្រែកប្រសប់ ស្រុកឆ្លូង ខេត្តក្រចេះ អានប្រយោគនេះ

«ស៊ីនំបញ្ចុករួច ចុកថ្នាំមួយឆ្នុក ទៅអង្គុយក្បែរព្រែក» ថា។

«ស៊ីនំប៉ាជក់រួច ចុកថ្នាំមួយឈ្នក់ ទៅអង្គុយក្បែរព្រាក»

នេះហើយដែលថាសព្ទសាស្រ្ត ប្លែកពីសព្ទវិទ្យា។ បើអធិប្បាយឱ្យវែងឆ្ងាយទៅទៀតទៅ មុខតែចូលក្នុងវេយ្យាករណ៍ ដូច្នេះខ្ញុំនឹងជម្រាបនៅក្នុងវេយ្យាករណ៍។

ការសិក្សានូវសំឡេងអក្ខរវិធីដែលមានដូចគ្នា គេអាចនិយាថាអក្ខរវិបល្លាស គឺការប្រែប្រួលនៃអក្សរ។

ការប្រែប្រួលមានដូចតទៅនេះ ៖

ស្រះដើម

ប្រែជា

ឧទាហរណ៍

អានថា

                        សង្គមភាសា

ិិ

េី

សិរបិតា

សិរ

ខ្នុរ

សេរបីដា

សេរ

ខ្នោរ

តាមសម្ដីអ្នកសៀមរាបខ្លះអានចេញ

សំឡេង ុ រ ដដែល

 

តាមសម្ដី

សៀម

ព្យញ្ជនៈត

ប្រែថាដ

ឧទាហរណ៍បិតា

មេរុ៍

អានថាបីដា

មេន

តែចំពោះពាក្យឯទៀតៗនិងបញ្ហាអក្ខរាវិរុទ្ធឯទៀតៗ ស្រេចតែសម្រួលទៅតាមវេយ្យាករណ៍ ដូចជាឃោសៈ អឃោសៈជាដើម។ បើគួរពិនិត្យខ្លះដូចពាក្យថា «អញ» ហាក់ដូចជាសរសេរថា «អាញ់» មួយទៀតដូចពាក្យថា «ឱ្យ» តាមក្បួនវេយ្យាករណ៍ មិនឱ្យតម្រួតតាមវិធីដូច្នេះទេ តែគ្រប់ភាសា នៅក្នុងវេយ្យាករណ៍ គេមានពាក្យមួយថា «អញ្ញត្រសព្ទ» (Exception)។

គ– សណ្ឋានវិទ្យា ឬ រូបសាស្រ្ត (Morphologie) ការសិក្សានូវទ្រង់ទ្រាយភាសា គឺការរៀនឱ្យចេះភាសា តាមក្បួនវេយ្យាករណ៍ដែលនឹងសរសេរឱ្យបានត្រឹមត្រូវ ដូច្នេះនឹងមានពន្យល់នៅក្នុងវេយ្យាករណ៍។

ឃ– មូលវិទ្យា (Sémantique) តាមគណៈកម្មការវប្បធម៌និងនៅក្នុងសៀវភៅ «ភាសាខ្មែរ» របស់លោក អៀវ–កើស ប្រែ (Sémantique) ថានិឃណ្តសាស្រ្ត។

ការសិក្សានូវពាក្យដែលប្រែប្រួលទៅតាមទ្រឹស្ដីនិងសាវតារអក្សរសាស្រ្ត ដូចជាមានពាក្យមួយថា «លោះ»។ លោះជាឈើស៊ីផ្លែតែដល់សម័យសព្វថ្ងៃនេះ គេប្រែថា «ដើមបំពេញរាជ្យ » ទៅវិញ នេះតាមទ្រឹស្ដីអក្សរសាស្រ្ត ឯតាមសាវតារអក្សរសាស្រ្តថា «ព្រះបាទសម្ដេចឧទ័យរាជា ទ្រង់សព្វព្រះរាជហឫទ័យនឹងផ្លែឈើនេះ ព្រះអង្គក៏ប្រោសព្រះរាជទានឱ្យហៅថា «ដើមបំពេញរាជ្យ»។ ទ្រឹស្ដីអក្សរសាស្រ្តមួយទៀត ដូចជាពាក្យថា «បង្គន់» ពីដើមគេថា «បាំងគន់» គឺបិទបាំងកុំឱ្យគេគយគន់ »។

ង– វេយ្យាករណ៍ ខត្រង់នេះខ្ញុំស្ទើរតែមិនបាច់ពន្យល់ទេ ព្រោះសៀវភៅជាច្រើនបានសរសេរ​អំពីវេយ្យាករណ៍ខ្មែរ តែខ្ញុំបានជម្រាបនៅក្នុងសណ្ឋានវិទ្យាថា ខ្ញុំនឹងអធិប្បាយទៅក្នុងវេយ្យាករណ៍។ វេយ្យាករណ៍ខ្មែរដែលមើលទៅឃើញឆ្គងជាទីបំផុតនៅត្រង់ «សេចក្ដី» និង «ការ» ដូចពាក្យថា ៖

ដើរ – ស៊ី

ដល់ការកនាម ឬក្រិតនាម យើងប្រើថា «ការដើរ ការស៊ី» តែបើយើងថា «សេចក្ដីដើរ សេចក្ដីស៊ី» ដូចជាឆ្គងណាស់។

របៀបប្រើ ការ សេចក្ដី នៅមុខនាមក្រិត ឬការកនាមកុំឱ្យឆ្គងនោះ ត្រូវយល់ថា បើអំពើ ឬ នាមជារូបី (nom concret) ត្រូវប្រើ «សេចក្ដី» នៅមុខ បើនៅមុខនាមក្រិត ឬ ការកនាមជាអរូបី (nom abstrait) ត្រូវប្រើ «ការ»។

ការសិក្សានូវវេយ្យាករណ៍នេះ គេត្រូវរៀនឱ្យចេះទៅតាមជំនាន់វេយ្យាករណ៍ ដែលប្រែប្រួលទៅតាមជំនាន់សាវតារ (Grammaire historique)។

វេយ្យាករណ៍ខ្មែរ ដែលឃើញមានប្លែកគ្នាបន្តិចបន្តួចដូចជានៅតាមសង្គមជនបទ ភាសាខ្លះដែលនិយាយផ្ទុយគ្នា ដូចជាអ្នកនៅបាត់ដំបងពោធិ៍សាត់ជាដើម ៖

ឧ. «ចេកទុំ» ថា «ទុំចេក»

បើពិនិត្យទៅ ដូចជាភាសាអង់គ្លេស ឬ ដូចបាលីដែរ។

ចំពូកទី៣  ប្រវត្តិអក្សរ

១– ព្យញ្ជនៈ

សម័យមុនព្រះថោង (កៅណ្ឌិន្យ ) មកកាន់ប្រទេសយើង នៅក្នុងសតវត្សទី១ ក្រោយព្រះពុទ្ធកាលប្រមាណ ៦០០ ឆ្នាំប្រជាជាតិគោកធ្លកនៅមិនទាន់មានអក្សរប្រើនៅឡើយទេ តែដល់សម័យឥណ្ឌានាំអារ្យធម៌មកកាន់ប្រទេសយើង ខ្មែរយើងក៏បានចម្លងយកបែបទម្រង់អក្សររបស់ឥណ្ឌាមកឆ្នៃជាអក្សរខ្មែរឡើង។ តែបែបអក្សរឥណ្ឌាមានច្រើនបែប ដូចនៅប៉ែកប្រទេសឥណ្ឌាខាងជើង ឥណ្ឌាប្រើអក្សរមួយបែបរាងជ្រុងៗ ដែលជាអក្សរមានរូបរាងដែលគេថាអក្សរក្លាយមកពី ទេវនាគរី ឯអក្សរដែលឥណ្ឌានាំមកឱ្យខ្មែរសម័យនោះ មានរាងមូលៗ ដែលគេប្រើនៅក្នុងប្រទេសឥណ្ឌា ប៉ែកខាងត្បូងសម័យនោះ។ តែអក្សរបែបឥណ្ឌាក៏ក្លាយបន្តិចម្ដងៗ រហូតមកដល់អក្សរខ្មែរយើងសព្វថ្ងៃនេះ។

សម័យមុន យើងប្រើព្យញ្ជនៈមានដល់ទៅ ៣៥ តួ ឃើញថាលើសសព្វថ្ងៃ ២ តួគឺ ឞឝ តែព្យញ្ជនៈ ២ តួនេះ គេយក ស នេះប្រើជំនួសវិញនៅពេលចុងសតវត្សទី ១៧ (គ.ស. ១៧៤៧)។

ក- មានវណ្ណយុត្តិ (័) ផ្លាស់ជា ង (សិលាចារឹកលេខ ៩.១២១៥ សៀវភៅសិលាចារឹកនគរវត្តទំព័រ ២៧៣១៣៧ ) សិ័ជាសិក្ខិវិញ្ញាណ=សឹងជាសខិវិញ្ញាណ

N° 17 (B) . . . ជុំនំមច្ចោវពោវនាំមាន = ជំនុំចៅពៅនាងមាន។

N° 21 (B) . . . តុបតយោកប្រាកត័ាកវាយ . . . = ត្បិតយកប្រាក់ដង្វាយ . . .។

ខ- វិសជ៌នីយ ផ្លាស់ទៅជាព្យញ្ជនៈ យ សិលាចារឹកលេខ ១៧  N° 22 (B) សៀវភៅសិលាចារឹកនគរវត្ត ទំព័រ ៤៥ សរសេរជា

កាលមុះហ្និ បិវង្វេង = កាលមួយនី បីវង្វេង

២- ស្រៈ

ស្រៈខ្មែរយើងដែលប្រើនៅក្នុងសិលាចារឹកអង់ជម្នីក (ឃុំកោះ ស្រុកបាភ្នំ ខេត្តព្រៃវែង នៅក្នុងសតវត្សទី៧ នៅមានខ្វះស្រៈច្រើនដែលយើងប្រើសព្វថ្ងៃ។ ពេលនោះស្រៈមានតែ ១៤ តួ ដូចជាស្រៈសំស្រ្កឹតគឺ ៖

អ អា ឥ ឦ ឧ ឪ ឫ ឬ ឭ ឮ ឯ ឰ ឱ ឳ ហើយនិងនិគ្គហិតនិងវិសជ៌នីយ។

រហូតមកដល់សម័យដែលខ្មែរបានឡើងជាចក្រពត្តិហើយ ក៏យើងនៅតែប្រើស្រៈ ទាំង ១៤ តួនេះ។ ស្រៈប៉ុណ្ណេះនៅមិនទាន់គ្រប់គ្រាន់ទេព្រោះភាសាខ្មែរយើងច្រើនជាឯកព្យាង្គនិងទ្វេព្យាង្គ។

ស្រៈខ្មែរដែលមិនឃើញមានប្រើនៅក្នុងសម័យសិលាចារឹកអង់ជម្នីកជាដើមគឺ ៖ អឹ អឺ អួ អើ អឿ អៀ អែ។

សូមកុំច្រឡំថាសម័យនោះ យើងមិនមានពាក្យដែលមានសំឡេងផ្សំជាមួយស្រៈនេះ។ ចុះហេតុដូចម្ដេចបានជាមិនមានស្រៈទាំងនោះព្រោះថាបុព្វបុរសយើងមិនទាន់រកបែបស្រៈទាំងនោះឃើញ ម្ល៉ោះហើយគាត់ប្រើបែបស្រៈទាំងនោះដូចតទៅនេះ។

ក- ស្រៈ អឹ = ស្រៈនេះកើតក្រោយគេបង្អស់ តែគេមិនដឹងជាកើតនៅក្នុងរជ្ជកាលណាទេ។ នៅសម័យអង្គរ ស្រៈ អឹ មានឃើញប្រើហើយ តែច្រើនតែប្រើនៅជាមួយពាក្យដែលមកពីសំស្រ្កឹត ដូចពាក្យថា ថ្នឹ = ធ្និមអំពរ នៅក្នុងសិលាចារឹកប្រាសាទកំផឹស គ. ស. ៩៧២។

ខ– ស្រៈ អឺ អួ អើ អឿ អៀ ស្រៈទាំងនេះមានខាងដើមសតវត្សទី១៧ (១៧០១) តែស្រៈទាំងនេះ ចួនកាលគេប្រើតាមរបៀបដើម។

១– ស្រៈ អួ គេផ្សំដោយប្រើជើងអក្សរ វ ហើយមានបន្ទាត់ខ្លីមួយពីលើ ដូចពាក្យថា

ម្វយ = មួយ តែក្រោយមកគេសរសេរថា ម្វាយ = មួយ វិញ តែដល់មកសតវត្សទី១១ គេប្រែទៅជាសរសេរ ម្វយ ដូចដើមវិញ។ តែមកដល់សតវត្សទី១៨ ដែលខ្មែរមានស្រៈ អួ ហើយក៏នៅតែសរសេរដូច្នេះខ្លះ ម្យូ = មួយ។

២– ស្រៈ អឺ ពីដើមឃើញមានសរសេរជាស្រៈ អិ តែអានថា អឺ ដូចពាក្យនៅក្នុងសៀវភៅសិលាចារឹកនគរវត្ត (សិលាចារឹកលេខ ១) ទំព័រ ១

ជាព្រះពុទ្ធគិបិសំតេចព្រះមហាថេរ = ជាព្រះពុទ្ធគឺបីសម្ដេចព្រះមហាថេរ

៣– ស្រៈ អើ នៅដើមសត្សទី១៧ កាលយើងមិនទាន់មានស្រះ អើ យើងកត់សំឡេងតាមសៀមខ្លះ។

នៅក្នុងសិលាចារឹកលេខ១០ គ.ស. ១៦២៨ (នៅក្នុងសៀវភៅសិលាចារឹកនគរវត្តទំព័រ ៣០ ) មានស្រះអើ ដូច្នោះគឺ

កំម្បីតេចលេយ ខ្ញុំប្អេហជាគ្រាហាស = កុំបីតិចឡើយខ្ញុំបើជាគ្រហស្ថ

នៅក្នុងសិលាចារឹកនគរវត្តទំព័រ ៣៨ ឱយរន្ទះបញឈេហ អព្វទិស្សត្តិ កុំម្បីឱ្យត្រូហ ឈេហផោងទាំងហ្លាយនោះលេយ = ឱ្យរន្ទះបាញ់ឈើ អាប់ទិសក្ដី កុំបីឱ្យត្រូវឈើផងទាំងឡាយនោះឡើយ

៤– ស្រៈ អឿ នៅក្នុងសិលាចារឹកលេខ៨ គ. ស. ១៦២៨ គេឃើញមានប្រើពាក្យ មឿង នៅក្នុងសៀវភៅសិលាចារឹកទំព័រ ២២ សរសេរថា

អ្នកស្ដេំ (១៩) ចយសឯង អំព្ភិឆ្នាំមខាល ច្ចោម្អើង ជាប្រាំពិល = អ្នកស្ដេចយសឯង អំពីឆ្នាំខាល ចៅមឿងជាប្រាំពីរ

៥– ស្រៈ អៀ នៅក្នុងសៀវភៅសិលាចារឹកលេខ២ ក្នុងសៀវភៅសិលាចារឹកនគរវត្តទំព័រ ២ សរសេរជា តំលាចិត្រប្រឭទ្ធិសាងសព៌្វកុសលរ្យេងមោក = តម្លាចិត្តប្រព្រឹត្តកសាងសព្វកុសលរៀងមក នៅក្នុងសៀវភៅដដែល ទំព័រ ៤ សរសេរជា . . . . មានព្រះកេសកោរខ្សនត្យិងប្រាកតឰតកន្តាលជំនុំ នៃចតុពិធបរសត្វ = មានព្រះកេសកោរក្សណដៀងប្រាកដកណ្ដាលជំនុំ នៃចតុពិធបរិស័ទ ពាក្យថា = ដៀងប្រាកដ គឺ ដឹងប្រាកដ ឬ ទៀងប្រាកដ

ឃើញថាសរសេរមិនដូចគ្នា មួយសរសេរជា ៀង មួយទៀតជា ្យិង ចួនកាលសរសេរថា ើង តែមានសំឡេងជា ៀង។

សិលាចារឹកលេខ ១៧ សៀវភៅសិលាចារឹកនគរវត្តទំព័រ ៤៣ សរសេរជា ព្រះពុទ្ធរ្របរើងមោក = ព្រះពុទ្ធរូបរៀងមក

គ- ចំណែកស្រៈ អ វិញ ឃើញថាសម័យដើមគេសរសេរឱ្យឃើញមានរូបស្រៈ អ ដូចនៅក្នុងសិលាចារឹកនគរវត្តទំព័រ ៨៧ សរសេរជា . . . នែះសំម្ដេចជោត្តិទេវាមហាសឃិរាជបុពិត្រមាន = នេះសម្ដេចជោតិទេវាមហាសង្ឃរាជបពិត្រមាន

នៅក្នុងសាស្រ្ដាស្លឹករឹត ឃើញសរសេរស្រៈ អ ដូច្នេះ ុ ុ នៅខាងក្រោមតួព្យញ្ជនៈ ដើម្បីកុំឱ្យច្រឡំថាតួនេះ ជាតួប្រកប ដូច្នោះហើយបានជាមានអ្នកខ្លះអានថា បូពិត្រ។ នៅក្នុងសៀវភៅដដែលនេះ មានកន្លែងខ្លះៗ សរសេរដូច្នេះគឺ ៖

១- សិលាចារឹកលេខ ៣៧ សរសេរជា . . . ប្រាថ្នាព្រម្មនឹងគ្នាលាប្រពន្ធ​ចេិញបួសយោកផលអន្នីសង . . . = ប្រាថ្នាព្រមនឹងគ្នាលាប្រពន្ធចេញបួសយកផលអានិសង្ស

២- សិលាចារឹកលេខដដែលសរសេរដូច្នេះ . . . ផ្ចងយោកសំម្ពុតមានតំម្លៃ្យប្រពៃ្យកាតជាពី្យតាន ២ ហើ្យចា្យប្រាកឱ្យជាទានឥស្សកំម្រតែងសង្សផោង = ផ្ចង់យកសំពត់មានតម្លៃប្រពៃ កាត់ជា ពិតាន ២ ហើយចាយប្រាក់ឱ្យជាទានអស់គម្ដែងសង្ឃផង។

ឃ– ចំណែកនិគ្គហិតវិញច្រើនប្រើជំនួស ម មានប្រើច្រើនជាងសព្វថ្ងៃ។ សូមអានតាមតារាងខាងក្រោមនេះ

សម័យបូរាណ

សម័យបច្ចុប្បន្ន

ស្រៈ

ឧទាហរណ៍

ស្រៈ

ឧទាហរណ៍

អំឹ

ំូ

េំ

េាំ

អំចស្សថ្នឹ

សំូ

តេំ

ករោំ

អមិម

ូម

ើម

ោម

អម្ចាស់ធ្និម

សូម

ដើម

ក្រោម

ចំពូកទី ៤    មរតកភាសា

ដែលហៅថាមរតកភាសា គឺភាសាដែលមិនមានកំណើតកើតមកតែឯកឯង គឺមានពាក្យជាច្រើនដែលរួមផ្សំគ្នា បើគេហៅថា សមាសភាសា ក៏បានដែរ។

១- សមាសភាសា គឺគេយកពាក្យមកផ្សំគ្នា ដើម្បីឱ្យបានកើតជាពាក្យមួយមានន័យដោយឡែក។

ក) – ពាក្យខ្មែរសុទ្ធ តែមានពាក្យច្រើន ហើយផ្សំគ្នាមកបានជាពាក្យមានន័យផ្សេង ដូច សត្វដាល់អំបុក

សត្វដាល់អំបុក < សត្វ + ដាល់ + អំបុក។ ពាក្យនេះមានន័យ ៣ យ៉ាង តែដល់គេរួមគ្នាមកបានជាសត្វមួយ។

ខ) – ពាក្យបាលីឬសំស្រ្កឹតវិញក៏ដូចតែពាក្យខ្មែរខាងលើដែរ អង្គការសហប្រជាជាតិ < អង្គ + ការ + សហ + ប្រជា + ជាតិ

២– បរសមាសភាសា គឺពាក្យណាដែលផ្សំពាក្យខ្មែរនឹងពាក្យបរទេស ដូចយ៉ាងពាក្យថា ទូកដ ថ្មដា ជាងទង ជាដើម។

ពាក្យខ្មែរ                បរទេសភាសា

ទូក                        ដ (ចម្លង)

ថ្ម                          ដា (ថ្ម)

ពាក្យខ្មែរ                បរទេសភាសា

ជាង                      ទង (មាស)

៣- អាទិភាសា គឺពាក្យដែលគេបំព្រួញពាក្យវែងៗ​ឱ្យមកនៅខ្លីវិញ តែមានន័យដដែល។ ដូចពាក្យថា ឥស្វាសុ ដែលគេច្រើនយកទៅសូត្រធ្វើជាមន្តអាគម

ឥ គឺ ឥតិ បិ សោ     (ពុទ្ធគុណ)

ស្វា គឺ ស្វាក្ខាតោ     (ធម្មគុណ)

សុ គឺ សុបដិបន្នោ    (សង្ឃគុណ)

ពាក្យមួយទៀត ដែលគេតែងពោលនៅមុនពេលស្ដោះព្រួសថា ឱម។ ពាក្យពីរព្យាង្គនេះ មានន័យទូលាយណាស់ គេយកឈ្មោះព្រះ ៣ អង្គ នៅក្នុងព្រហ្មញ្ញសាសនាមកសង្ខេបនៅតែពីរព្យាង្គ។ បើចង់ឱ្យត្រឹមត្រូវគេថា អ.ម ឱ. តែគេផ្លាស អ + ឧ > ឱ  + ម > ឱម បានន័យថា ៖

អ គឺ ព្រះ វិស្ណុ

ឧ គឺ ព្រះ សិវ

ម គឺ ព្រះ ព្រហ្ម

ពាក្យថា ព្រះតេជព្រះគុណ គឺជាពាក្យដែលគេនិយាយសំដៅយក ៖

ព្រះតេជ     គឺ ព្រះឥសូរ

ព្រះគុណ   គឺ ព្រះនរាយណ៍

៤- ប្រជានិរុត្តិសាស្រ្តភាសា (Populary Etymology)

ដែលគេហៅថា ប្រជានិរុត្តិសាស្រ្តភាសា គឺជាពាក្យដែលសង្គមមនុស្សនីមួយៗ ហៅសម្រាប់សង្គម ឬបង្កើតពាក្យថ្មីទៀត ដើម្បីឱ្យស្រួលដល់ការត្រូវការប្រើរបស់សង្គមនោះ។

ដូចជាពាក្យ សម្លឡាប

សម្លបែបនេះ ដូចជាមិនឃើញមាននៅគ្រប់ឃុំ ខេត្តទេ ខ្ញុំឃើញមាននៅតែ ឃុំចំបក់ – ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ។ ខ្ញុំតែងសួរគេទៀតដែរ តែមានភាគច្រើន ដែលគេមិនស្គាល់ឈ្មោះសម្លនេះ។ សម្លនេះពិតជាពាក្យខ្មែរ។ សម្លនេះមិនខុសគ្នាពីសម្លកកូរប៉ុន្មានទេ។

មានពាក្យដទៃទៀត ដែលអាចចាត់ចូលថា ជាប្រជានិរុត្តិសាស្រ្តភាសាបាន ដូចពាក្យថា ផ្សិតខ្សាច់ ផ្សិតពងលលក . . . . .។

បានជាហៅថា ផ្សិតខ្សាច់ ព្រោះផ្សិតនេះ ដុះនៅលើខ្សាច់ ឯផ្សិតពងលលកវិញ ព្រោះមានសណ្ឋានដូចពងលលក។

មួយទៀត ភាសាស្នេហា ច្រើនតែប្លែកៗពីគ្នាព្រោះមានពាក្យខ្លះគេបង្កើតឡើងសម្រាប់តែគូស្វាមីភរិយាឬសង្សាររបស់គេ។ ពាក្យដែលគេប្រើញឹកញាប់ ហើយឮសូរតែគ្រប់សង្គមដូចពាក្យថា ព្រលឹង បេះដូង សរកាមទេព កែវភ្នែក ស្មើជីវិត . . . .។

តែបើយើងពិនិត្យទៅតាមអក្សរសាស្រ្តទៅវិញ មិនថាអក្សរសាស្រ្តខ្មែរឬបរទេសទេ គេច្រើនប្រដូចស្រីនៅក្នុងប្រលោមលោកថា កុលាប ណាគ្រី ចម្ប៉ា ចំប៉ី . . . ឯបុរសវិញគេថា កន្លង់ មេអំបៅ ឃ្មុំ . . .។

បើយើងបែរមកស្ដាប់ពួកម៉ាកខ្លះនិយាយជាកំប្លែងឬនិយាយបិទមុខវិញ គេថា ៖

  • ម៉េចមេគោទៅណាហើយ ! ឬថា
  • ម៉េចមិនសណ្ដោងរ៉ឺម៉ក មកផង ! ឬក៏ថា
  • ម៉េចមិនយកម្ហូបមកផង !

ពាក្យ មេគោ រ៉ឺម៉ក ម្ហូប សុទ្ធតែជាពាក្យប្រើជាមួយប្រពន្ធ។

៥- ឥទ្ធិពលភាសា ( Influence of language)

ឥទ្ធិពលភាសានេះមានកម្លាំងណាស់ ដូច្នេះបានជាគេខំផ្សាយភាសាម្ល៉េះ។ ដូចតួយ៉ាងសហរដ្ឋអាមេរិក ដែលធ្លាប់នៅក្រោមការត្រួតត្រារបស់ចក្រពត្តិអង់គ្លេស សហរដ្ឋអាមេរិក ក៏យកភាសាអង់គ្លេសជាភាសាជាតិ។ ជនជាតិអាមេរិកាំងទាំងខាងត្បូង (Amérique du Sud ឬ Amérique Latine) ដែលភាសាអេស្ប៉ាញញ៉ុលផ្សាយចូលមក ប្រទេសទាំងឡាយនោះ ក៏និយាយភាសាអេស្ប៉ាញញ៉ុល លើកលែងតែជាតិប្រេស៊ីល (Brazil) ដែលយកភាសាពកទុយក្រេជាភាសាសម្រាប់ជាតិ ព្រោះជាតិពកទុយក្រេត្រួតប្រេស៊ីលមុន។

ចំពោះភាសាខ្មែរយើងវិញ ដែលមិនមែនជាភាសាបាលីឬសំស្រឹ្កតនោះ យើងក៏យកពាក្យច្រើនដែលក្លាយមកពីបាលីឬសំស្រ្កឹត។ មិនថាសាសន៍ណាឬជាតិណាទេ គេតែងតែខ្ចីយកពាក្យបរទេសប្រើបានខ្លះ បើសាសន៍នោះជាតិនោះត្រូវការចាំបាច់ទៅហើយ។

ឥទ្ធិពលភាសា ដែលចូលមកជ្រៀតជ្រែកភាសាខ្មែរច្រើនតែបាលី – សំស្រ្កឹត – ចិន – យួន – សៀម – បារាំង

១- ភាសាខ្មែរខ្ចីពាក្យពីបាលីនិងសំស្រ្កឹតជាច្រើន ដូចជា ព្រឹក្សា មនុស្ស គេហស្ថាន . . .។

២- ភាសាខ្មែរខ្ចីពីចិន គឺច្រើនតែម្ហូបស៊ី គេច្រើនតែចួបប្រទះនឹងពាក្យចិន ដូចយ៉ាង គុយទាវ សាមចូក . . .។

៣- ភាសាខ្មែរខ្ចីពីយួន ភាសាយួនផ្សាយឥទ្ធិពលមកស្រុកខ្មែរច្រើនណាស់ដែរ ហើយច្រើនតែខាងម្ហូបដែរ។ ពាក្យយួនខ្លះ ផ្លូវដឿងហែម – ដឿងបង . . .។

៤ – ភាសាខ្មែរខ្ចីពីសៀម ភាសាខ្មែរយើងបានជាខ្ចីពីសៀម ភាសាខ្មែរយើងបានជាខ្ចី ឬ មានលំនាំដូចសៀមដោយហេតុ ៣ យ៉ាងគឺ ៖

ក– ព្រោះសៀមខ្ចីពាក្យខ្មែរទៅប្រើច្រើនក្រៃពេក

ខ– ព្រោះសៀមក៏ខ្ចីពាក្យសំស្រ្កឹតនិងបាលី

គ– ព្រោះនៅចុងសតវត្សទី១៦ សៀមវាយលុកបន្ទាយលង្វែក សៀមយកពាក្យសៀមមកសងខ្មែរ។

ភាសាខ្មែរសៀមដូចគ្នាតែខាងនិឃណ្តសាស្រ្តនិងរូបសាស្រ្ត ហើយប្លែកគ្នាខាងសូរសាស្រ្ត។

ខ្មែរយើងនៅមានពាក្យសង្គមមនុស្សខ្លះទៀត ដែលច្រើនតែចូលសៀម នៅក្នុងមន្តអាគម ឬនៅក្នុងចម្រៀងខ្លះ ត្រង់នេះខ្ញុំសូមលើកយកឧទាហរណ៍ ចម្រៀងមួយដែលខ្មែរនៅ ឃុំរលួស ខេត្តសៀមរាប គេច្រើនតែច្រៀងនៅក្នុងពេលឡើងអ្នកតា «បាឡាំង» ដើម្បីសុំទឹកភ្លៀង

គេច្រៀងថា ៖ នាងម៉ែវៗអើយ ខប៉ិតខកែ ខម៉ែដាយ រ៉ងហៃខម៉ា សែៗ ឡុងម៉ា លោកតាភ្លៀងមក៍។

នេះមកពីឥទ្ធិពលភាសាសៀម ធ្លាប់នៅត្រួតខេត្តសៀមរាបនេះស្រាប់ តែទុកជាខេត្តខ្លះដែលសៀមមិនត្រួត ក៏ខ្មែរយើងនិយមប្រើពាក្យសៀមខ្លះដែរ ដូចពាក្យថា ជាងទង . . .

៦– ភាសាខ្មែរខ្ចីមកពីអឺរ៉ុប

ក– ភាសាខ្មែរយកមកពីបារាំង ដោយខ្មែរយើងខ្វះភាសាខាងបច្ចេកទេសនិងវិទ្យាសាស្រ្ត ដូចជា «គីមី»

ខ- ខ្មែរយើងក៏បានខ្ចីភាសាអង់គ្លេសខ្លះដែរ ដូចពាក្យថា «រ៉ក អាន់រ៉ុល ធ្វិស (Rock n’Roll Twist) ជាដើម។

ខ្មែរនៅមានខ្ចីបរទេស​ភាសាមកប្រើច្រើនទៀត។

រៀបរៀងដោយ   លោក ឌឹកគាម

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦២

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments