អារម្ភកថា
អស់លោក – អ្នកទាំងពួង បានជ្រាបច្បាស់ថាច្បាប់ក្រមនេះសុទ្ធសឹងជាសុភាសិតល្អិតល្អន់ល្អណាស់ ជាដំបូន្មានដែលបុរាណបណ្ឌិតលោករៀបរៀងតាមដោយគន្លងធម៌ផង តាមដោយគន្លងច្បាប់ប្រវេណីផង ដើម្បីទុកឱ្យយើងរាល់គ្នា យកជាតម្រាប់ប្រដៅខ្លួនឱ្យបានល្អក្នុងលោកនេះ និងបរលោកនាយ និងប្រយោជន៍ដ៏ប្រសើរគឺព្រះនិព្វាន តែពាក្យលោកទាំងអម្បាលម៉ាន ខ្លះក៏ងាយល្មមស្ដាប់បាន ខ្លះសោតជាបញ្ហាឱ្យយើងត្រិះរិះពិចារណាតាមយោបល់ទើបយល់ភ្លឺ។
ហេតុដូច្នេះខ្ញុំយកច្បាប់ក្រមនេះ មកកែស្រាយពន្យល់ជាសេចក្ដីបរិយាយ ហៅថា “ច្បាប់ក្រមបរិយាយ” ដើម្បីឱ្យយុវជន ដែលនៅខ្ចីសេចក្ដី ងាយស្ដាប់ឆាប់ចូលចិត្ត។
អ្នករៀបរៀង ញិក – នូវ (គ្រូជំនួយ)
ច្បាប់ក្រមបរិយាយ
លោក ញិក – នូវ គ្រូបង្រៀនជំនួយ
នៅវិទ្យាល័យស៊ីសុវត្ថិ
ទី – ១ នេះគឺច្បាប់ក្រម ប្រសើរឧត្ដម ទូន្មានអ្នកផង ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ។
បានសេចក្ដីថា ច្បាប់ក្រមនេះជាសុភាសិត មានខ្លឹមសារដ៏ប្រសើរវិសេសក្រៃលែង ដោយបុរាណបណ្ឌិត លោកមានមេត្តាកូនចៅឯក្រោយ ចង់ឱ្យមានប្រាជ្ញានិងបានបុណ្យ ដូច្នេះហើយ ទើបលោកពោលជាបញ្ហាទុកមកឱ្យ បានជាដំបូងថា “ប្រើឱនលំទោន កុំបីមានឆ្គង ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ” នេះជាពាក្យសំខាន់ គឺថាបើចង់បានប្រាជ្ញានិងបានបុណ្យ ចូរអ្នកទាំងពួងខំធ្វើកិច្ចគារវៈ ប្រតិបត្តិឱ្យសុភាពរៀបរយ កុំគប្បីឱ្យឆ្គង ព្រោះលោកឃើញថា ប្រាជ្ញានិងបុណ្យ កើតឡើងបាន ដោយសេចក្ដីប្រតិបត្តិ តែយើងត្រូវឱ្យស្គាល់ថាអ្វីជាប្រាជ្ញា ? អ្វីជាបុណ្យ ? អ្វីជាសេចក្ដីប្រតិបត្តិ ?
“ប្រាជ្ញា” គឺដឹងទួទៅ យល់ជាក់ច្បាស់ដោយញាណនូវកិច្ចការទាំងពួង ល្អនិងអាក្រក់ ពិតនិងមិនពិត។
“បុណ្យ” គឺសេចក្ដីសុខ, កុសល, អំពើល្អ។ មួយយ៉ាងទៀតដូចជាពាក្យថា “បុណ្យសក្ដិ” គឺសក្ដិយសខ្ពង់ខ្ពស់ក្នុងមុខក្រសួង ឬមុខការងារដែលធ្វើ។
“ប្រតិបត្តិ ឬបដិបត្តិ” គឺការប្រព្រឹត្តតាម, ការធ្វើតាមគន្លងធម៌ ឬច្បាប់។
បើនឹងរួមបញ្ចូលប្រមូលសេចក្ដីទាំងបីម៉ាត់ផ្គុំឡើងឃើញថា ការដែលប្រព្រឹត្តធ្វើតាមនេះ ជាឫសជាគល់ពកពន្លកឱ្យដុះប្រាជ្ញា ឱ្យបានបុណ្យសក្ដិ និងបុណ្យកុសល, សេចក្ដីប្រតិបត្តិនេះ ជាហេតុឱ្យថ្កើងរុងរឿងក្នុងលោកនេះ និងលោកខាងមុខ, តែគេបដិបត្តិ ធ្វើតាមអ្នកឯណា ? ធ្វើតាមយ៉ាងណា ? ថាត្រូវបដិបត្តិធ្វើតាមពាក្យសុភាសិតដែលជាឱវាទល្អ គឺពាក្យប្រដៅរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ក្ដី របស់លោកអ្នកប្រាជ្ញក្ដី។
សុភាសិតនេះត្រូវទាំងពីរផ្លូវ ៗ អាណាចក្រក៏ត្រូវ ផ្លូវពុទ្ធចក្រក៏ត្រូវ។
ចំណែកអាណាចក្រ យើងរាល់គ្នាបានឃើញច្បាស់នឹងចក្ខុរបស់យើង ពុំចាំបាច់ទៅសួរដល់អ្នកណាទៀតឡើយ យើងឃើញហើយបណ្ដាសេនាបតីអាមាត្យមន្ត្រីធំតូច នៅក្នុងប្រទេសនានា សុទ្ធសឹងតែលោកអ្នកប្រកបដោយយសសក្ដិ ដោយបញ្ញាមុតថ្លាវាងវៃឈ្លាសក្នុងការដែលលោកធ្វើ ជាប្រយោជន៍ដល់ផែនដី។
ចុះអំពើល្អទាំងនេះ ដែលកើតឡើងដល់លោក តើមកពីហេតុអ្វី ? ថាមកពីសេចក្ដីប្រតិបត្តិធ្វើតាមគឺតាមគ្រូអាចារ្យលោក ដែលកាលលោកបានចូលទៅកាន់សម្នាក់អាស្រ័យសុំរៀនចំណេះវិជ្ជា។
លោកខំសង្វាតបំបែកវិជ្ជាប្រាជ្ញាដោយការរៀនសូត្រការស្ដាប់ត្រាប់ត្រងធ្វើតាម ហើយកត់សម្គាល់ទុកតរៀងមក ដោយការគិតតាមយោបល់ច្បាស់ក្នុងកិច្ចការផ្សេងៗ កាលលោកនៅជាសិស្សសាលាកំពុងរកវិជ្ជាដាក់ខ្លួននេះជាហេតុ, ដល់បានជាខ្ញុំរាជការហើយ លោកក៏មានចិត្ត ប្រតិបត្តិច្បាប់ទម្លាប់របស់ស្រុកនគរ ធ្វើតាមពាក្យបង្គាប់ទូន្មានរបស់នាយចៅហ្វាយ លុះត្រាតែលោកបានឡើងយសសក្ដិធំឡើងទៀតនេះជាផល។
ដូច្នេះឃើញថា បុណ្យបានមកពីបញ្ញា គឺចំណេះវិជ្ជាៗ បានមកពីខំរៀន ប្រព្រឹត្តធ្វើតាមគ្រូអាចារ្យ បង្ហាត់បង្ហាញបង្រៀនប្រៀនប្រដៅមក នឹងធ្វើតាមចៅហ្វាយនាយបង្គាប់បញ្ជា ក្នុងមុខក្រសួងការងារ។
ឯខាងពុទ្ធចក្រវិញក៏ដូចគ្នា តែត្រង់នេះត្រូវប្រែពាក្យ “បុណ្យ” ជាមុនសិន ក្នុងព្រះពុទ្ធសាសនាសំដៅយកសេចក្ដីសុខ។
ចុះយ៉ាងណាមិញ ? ថាជនដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនា មានព្រះពុទ្ធសមណគោតម ជាព្រះបរមគ្រូទ្រង់សម្ដែងព្រះធម៌ប្រោសសត្វ ដោយទ្រង់មានព្រះហឫទ័យប្រកបដោយមេត្តាចម្លងសត្វ កាត់វដ្ដសង្សារដាក់ដល់ត្រើយគឺព្រះនិព្វាន ជាឋានបរមសុខ, នោះបើសត្វណាស្ដាប់ត្រាប់ត្រង ប្រតិបត្តិតាម គឺកសាងធ្វើបុណ្យឱ្យទានរៀនធម៌រក្សាសីល ចៀសវាងអំពើបាប សន្សំបុណ្យកុសល គឺសេចក្ដីសុខគង់នឹងកើតមាន ដល់អ្នកនោះឯងពុំខាន។
ទីបំផុតពាក្យលោកថា “ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ” នេះជាពាក្យដំបូន្មានល្អ ត្រូវយើងរាល់គ្នាស្ដាប់ធ្វើតាម, ដើម្បីយកបុណ្យសក្ដិក្នុងលោកនេះផង យកបុណ្យកុសលទៅបរលោកនាយផង។
ទី – ២ នរូអ្នកណា ទោះយកអាត្មា ចូលសាសន៍ពុទ្ធរតន៍ ចូរធ្វើឱ្យត្រង់ ដោយនូវបន្ទាត់ ហៅស្វែងសម្បត្តិ យកផ្លូវនិព្វាន។
អធិប្បាយថា មនុស្សឯណា នឹងនាំខ្លួនទៅចូលក្នុងពុទ្ធសាសន៍ដែលជាសាសនាល្អប្រពៃនេះ នោះត្រូវធ្វើឱ្យត្រង់ដោយនូវបន្ទាត់គឺវិន័យ ទើបបានឈ្មោះហៅថាជាអ្នកស្វែងរកសម្បត្តិព្រះនិព្វាន នេះពោលយ៉ាងខ្លី។
តទៅនឹងស្រាយឱ្យត្រចះត្រចង់ងាយស្ដាប់ បានបន្តិចទៅទៀត ព្រោះលោកបង្គាប់ថា បើបុគ្គលឯណា បានចូលសាសន៍ព្រះពុទ្ធជាម្ចាស់ហើយ “ចូរធ្វើឱ្យត្រង់ដោយនូវបន្ទាត់”។
ចុះមនុស្សចំពូកណា ដែលហៅថាចូលសាសន៍ព្រះពុទ្ធ ? គឺអ្នកចូលទៅកាន់ព្រះពុទ្ធសាសនា តាំងខ្លួនជាពុទ្ធមាមកៈ ជឿក្នុងគុណព្រះរតនត្រ័យ ឥតសន្ទិះសង្ស័យនូវពុទ្ធវចនៈ ហើយថ្វាយខ្លួនជាឧបាសកយកព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឭក ទុកស្មើដោយជីវិត អ្នកទាំងអម្បាលម៉ាននេះ ពុំរើសមុខថាជាជាតិអ្វីៗឡើយ ពុំថាប្រុសថាស្រី ពុំថាក្មេងថាចាស់ ឱ្យតែមានចិត្តសទ្ធា ជឿជាក់ក្នុងព្រះបរវពុទ្ធសាសនាប៉ុណ្ណោះឯង គឺជឿសេចក្ដីត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ជឿកម្ម – ផល ជឿបាបនិងបុណ្យ ហើយថ្វាយខ្លួនក្នុងព្រះពុទ្ធសាសនា, ខ្លះក៏សូមបព្វជ្ជាជាភិក្ខុ-សាមណេរ ខ្លះថ្វាយខ្លួនជាឧបាសក ជាឧបាសិកា, ហើយបុគ្គលទាំងនេះ ក៏ត្រូវប្រព្រឹត្តតាមភូមិរបស់ខ្លួន ឱ្យត្រឹមត្រង់តាមពុទ្ធបញ្ញត្តិ, គឺចំណែកអ្នកបួស មានវិន័យសិក្ខាបទ និងសីល សមាធិ បញ្ញា ជាបន្ទាត់ ឯគ្រហស្ថវិញ មានកម្មបថ ១០ ប្រការ សីល ៥ នូវ សីល ៨ ជាបន្ទាត់។ តែហេតុដូចម្ដេច បានជាលោកទូន្មានថាត្រូវធ្វើឱ្យត្រង់ទៀតនេះ ព្រោះដោយមនុស្សខ្លះ បានចូលទៅកាន់សម្នាក់ព្រះពុទ្ធសាសនាហើយ តែពុំធ្វើកាយវាចាចិត្តឱ្យត្រង់ត្រូវតាមពុទ្ធឱវាទ, ខ្លះប្រព្រឹត្តធ្វើសីលពុំបានផូរផង់ល្អបរិសុទ្ធឡើយ ខ្លះនឹងកាន់ត្រណមតមតាមបម្រាមព្រះពុទ្ធពុំបាន ម្ល៉ោះហើយ ក៏បន្ធូរបន្ថយខ្លួនឯងថា វិន័យនេះតឹងពេក យើងធ្វើតែប៉ុណ្ណេះក៏បានដែរ បុគ្គលជំពូកនេះលោកពុំសរសើរឡើយ។
“បើនរណាធ្វើកាយវាចាចិត្ត បានល្អត្រង់តាមបន្ទាត់ គឺសិក្ខាវិន័យដែលព្រះពុទ្ធអង្គទ្រង់ប្រញប្តិទុកមកនោះ អ្នកនោះឯងឱ្យឈ្មោះថាជាអ្នកស្វែងរកសម្បត្តិ យកផ្លូវព្រះនិព្វាន” ដែលជាឋានបរមសុខ រម្លត់នូវទុក្ខទាំងឡាយ, ដូច្នេះទើបលោកទូន្មានឱ្យយើង “ចូលសាសន៍ពុទ្ធរតន៍” ហើយគោរពឱ្យត្រង់តាមធម៌វិន័យ ដែលជាបន្ទាត់ នឹងបានដល់ត្រើយច្រាំង គឺព្រះនិព្វាននោះ។
ទី – ៣ នរូអ្នកផង ទោះដឹងយល់ហោង ចិត្តនោះឱ្យហ៊ាន បំពេញព្រះផ្នួស ដោយព្រះទូន្មាន កុំធ្វើលីកលាន ដោយចិត្តអន្ធពាល។
អ្នកផងទាំងឡាយ បើអ្នកដឹងពិតថា “ចូលសាសន៍ពុទ្ធរតន៍” នេះជាដំណើរល្អប្រពៃ ហើយយល់ជាក់ជាមាគ៌ាទៅកាន់សុគតិនិងព្រះនិព្វានបាន ដោយដំបូន្មានរបស់ព្រះពុទ្ធជាម្ចាស់នេះហើយនោះចូរអ្នកតាំងចិត្តឱ្យក្លាហានហ៊ានបំពេញផ្នួស បួសជាសាមណេរ ឬភិក្ខុ កុំគប្បីធ្វើផ្ដេសផ្ដាសដោយចិត្តពាល នេះពោលដោយសង្ខេប។
ត្រង់លោកទូន្មានថា “ចិត្តនោះឱ្យហ៊ាន បំពេញព្រះផ្នួស” ហេតុដូចម្ដេចក៏ចាំបាច់ថា “ហ៊ាន” ទើបបានបួសបាន ? ថាធម្មជាតិមនុស្សបុថុជ្ជននេះ រមែងប្រកបដោយកិលេស គឺសេចក្ដីសៅហ្មងនៅក្នុងចិត្ត ជាមនុស្សពាលអាក្រក់ ងងឹតពុំយល់ផ្លូវសុខនិងទុក្ខ។ កាលខ្លួននៅក្មេងវង្វេងទៅដោយសេចក្ដីសប្បាយច្រើនប្រការ ប្រាថ្នានូវកាមគុណជាអារម្មណ៍ ម្ល៉ោះហើយនឹងដកខ្លួន ឱ្យរួចរបូតអំពីអន្លង់នេះបានដោយក្រ ព្រោះសេចក្ដីតម្រេកក្នុងកាមនេះមកគ្របសង្កត់ មានទម្ងន់ដ៏ធ្ងន់ពន់ប្រមាណណាស់។ ខ្លះជាប់ជំពាក់នឹងសម្បត្តិទ្រព្យ បុត្រភរិយា ខ្លះជំពាក់កំពុងសប្បាយនឹងបុណ្យសក្ដិ ខ្លះខ្លាចថានឹងទ្រទ្រង់ធម៌វិន័យពុំបាន ព្រោះឃើញថា តែចូលទៅបួស ត្រូវឱ្យក្លាហានលះបង់នូវអំពើកាមរោគឱ្យជ្រះស្រឡះអស់អំពីចិត្ត នេះឃើញជាកម្រណាស់ នឹងលះមិនបានទេ ក៏ក្រាញចិត្តមិនហ៊ានបួស អត់ធន់ដេកត្រាំក្នុងលាមកទៅវិញទៅក៏មាន។
មួយទៀត បើអ្នកណាបានបួសជាបព្វជិតហើយ ត្រូវកាន់ក្រិត្យតាមវិន័យ ដែលព្រះពុទ្ធទ្រង់ត្រាស់សម្ដែងទុកមកថា ភិក្ខុសាមណេរគប្បីធ្វើឱ្យបរិសុទ្ធល្អ កុំឱ្យខុសធម៌ ខុសវិន័យ ឱ្យលះបង់អំពើទុច្ចរិតលាមកឱ្យអស់ចេញ កុំឱ្យមានសេសសល់ជាមន្ទិលដល់តិចឡើយ គឺលះ លោភៈ ទោសៈ មោហៈ នេះឯងជាដើម។
ដ្បិតជនានុជន នៅនាលោកិយនេះ ក៏មានច្រើនមកហើយដែលជាមនុស្សអន្ធពាល ពុំសូវមានគំនិតគិតកែប្រែមារយាទឱ្យល្អឡើងវិញបាន ដូចអ្នកលេងល្បែង ជក់អាភៀនផឹកស្រា និងល្បែងភ្នាល់ជាដើម នោះកម្រមានអ្នកលះបង់បានដោយងាយឡើយ ខ្លះលេងទាល់ទាល់តែចាស់ជរា ទាល់តែក្រអស់ធនធានក៏មិនឈប់។
ឯពួកអ្នកមានទ្រព្យនិងបុណ្យសក្ដិ បើមានសទ្ធាសេចក្ដីជ្រះថ្លាបានត្រឹមបរិច្ចាគទ្រព្យរបស់ធ្វើទានប៉ុណ្ណោះ តែនឹងលះឃរាវាសទៅបួសពុំបានឡើយ។
ដូច្នេះ ការលះកាមគុណនិងសម្បត្តិទ្រព្យនិងបុណ្យសក្ដិ ហើយចូលទៅបួស ប្រតិបត្តិធម៌វិន័យ ជាការក្របំផុត ដែលរកបាន ក៏បានដោយពិបាក។
ប៉ុណ្ណេះល្មមយល់បានថា អ្នកបួសសុទ្ធសឹងតែជាបុគ្គលលះឃរាវាសបានដោយក្លាហាន ហើយញាំងចិត្តឱ្យមូលចូលទៅកាន់ការស្ងប់រម្ងាប់ជាដើម។
ទី ៤ – ម្តាយអាពុកសោតណា ស្រឡាញ់ស្ងួនភ្ងា ហៅកូនសង្សារ អាចមកបំបួស ហេតុចង់សម្ភារៈ ប្រើបង់អន្ធពាល រៀនដោយក្រមច្បាប់។
ធម្មជាតិជាឪពុកម្ដាយ រមែងមានធម៌សប្បុរសស្រឡាញ់ គ្រប់គ្រងថែរក្សាបុត្រ ប្រកបដោយព្រហ្មវិហារធម៌ ៤ ប្រការគឺ មេត្តា ករុណា មុទិតា ឧបេក្ខា។ លោកទាំងពីរនេះ មានចិត្តសោមនស្សត្រេកអរ តាំងតែពីថ្ងៃដែលដឹងថា កូនមកចាប់បដិសន្ធិក្នុងគភ៌ម្ដាយ ម្ដាយបានលំបាកយ៉ាងណា ក៏ខំធន់ទ្រាំថែទាំខ្លួនឱ្យល្អ ដោយប្រាថ្នាឱ្យកូននោះមានជីវិតគង់នៅ។ លុះកូនសម្រាលមកកាលណា មាតាបិតាក៏ប្រឹងបីបាច់រក្សាទារកនោះ ដោយព្រហ្មវិហារធម៌ មានចិត្តអំណរនឹងកូន បានសុខចម្រើន និងផ្សាយសេចក្ដីស្មោះស្មើទៅរកកូន ដោយអំណាចចិត្តស្រឡាញ់ អាណិតកូនយ៉ាងនេះ កាលកូនចម្រើនធំពេញរូបរាង ហើយក៏យកទៅបំបួសក្នុងព្រះពុទ្ធសាសនា ព្រោះ “ហេតុចង់សម្ភារ” បានសេចក្ដីថា មាតាបិតាខ្លាចក្រែងកូនពុំស្គាល់បុណ្យនូវបាប ពុំស្គាល់អំពើសុចរិតនិងទុច្ចរិត ទើបឱ្យបួស ដើម្បីនឹងផ្ទុកនូវកងកុសល និងសុចរិតធម៌ កុំឱ្យធ្លាក់ទៅកាន់អបាយភូមិទាំង ៤ ហើយឱ្យរៀននូវក្រមច្បាប់ ប្រយោជន៍ឱ្យលះបង់អំពើអន្ធពាល។
(តទៅទៀត លោកទូន្មានថា)
សង្វាតសរសេរ អស់អញកុំខ្ជិល ទើបបានជាគាប់ សង្វាតសូត្ររៀន ដោយគ្រូប្រញប្ត កុំធ្វើលេលាប់ ដោយចិត្តមាក់ងាយ។
គឺឱ្យកូនខ្វល់ខ្វាយខ្នះខ្នែង រៀនធម៌ចម្រើនមេត្តាភាវនា ជាផ្លូវទៅកាន់សេចក្ដីសុខ ដ្បិតឃើញថាបណ្ដាលអ្នកជាពហូសូត ជាអ្នកចេះដឹងច្រើន រមែងស្គាល់ខុសនិងត្រូវ ចៀសវាងចាកបាបកម្ម ឱ្យរួចផុតអំពីអំពើពាលា ចេះច្បាប់ព្រះពុទ្ធ ហើយប្រព្រឹត្តបដិបត្តិតាម ឥតលម្អៀង កូននោះនឹងបានជាមនុស្សវិសេសក្នុងលោកនេះ និងលោកឯមុខ ដោយផលដែលចេះដឹង អាចលះបង់ពាលអាក្រក់ អស់ចេញអំពីសន្ដានចិត្ត។
មិនតែប៉ុណ្ណោះទេ ទូន្មានឱ្យហាត់សង្វាតរៀនតាមគ្រូប្រញប្ដ ឱ្យខំហាត់សរសេរអក្សរតាមវិធីអក្ខរៈ ឱ្យត្រឹមត្រូវតាមក្បួនខ្នាត ហាមមិនឱ្យខ្ជិលច្រអូស មិនឱ្យធ្វើឡេះឡោះប្រមាទមាក់ងាយវិជ្ជាទាំងនោះឡើយ សង្ឃឹមថាបើកូនមានសុភាព ទទួលធ្វើតាមពាក្យប្រដៅទាំងនោះបានហើយ កូននឹងបានជាគាប់ រាប់បញ្ចូលជាបណ្ឌិតជាតិ ១ ដែលគេតែងរាប់អានរាល់គ្នា។
ដូច្នេះឃើញថាអាពុកម្ដាយ ស្រឡាញ់អាណិតកូនខំយិតយោងកូនឱ្យរួចអំពីទីអសោចិ៍លាមក ហើយនឹងបានសុខទាំងជាតិនេះនិងជាតិមុខ។
ទី ៥- ហៃអស់សាមណេរ ម្ដាយមកបង្វែរ អ្នកជាបាធ្យាយ សង្វាតសូត្ររៀន ដូចលោកទាំងឡាយ កុំធ្វើពាយងាយ ដូចនៅគ្រហស្ថ។
បទនេះបានសេចក្ដីថា តាំងពីព្រះពុទ្ធអង្គគង់ព្រះជន្មនៅ រហូតរៀងរាបដរាបមក ពួកពុទ្ធបរិស័ទដែលមានបុព្វនិស្ស័យនឹងព្រះរតនត្រ័យ តែងតែនាំកូនចៅទៅបួស ពីក្មេងម្ដងក្នុងរវាងអាយុពី ៧ ឆ្នាំទៅទល់នឹងអាយុ ១៩ ឆ្នាំ ឱ្យបួសជាសាមណេរ បើអាយុគ្រប់ ២០ ឆ្នាំបរិបូណ៌ហើយ ឬច្រើនកើនឡើងទៅ ឱ្យបួសជាភិក្ខុ។
កាលបួសជាសាមណេរហើយ ត្រូវរំឭកកូននោះថា “ហៃអស់សាមណេរ ម្ដាយមកបង្វែរ អ្នកជាបាធ្យាយ” បានសេចក្ដីថា សាមណេរអើយ ! អ្នកបួសជាសាមណេរហើយ ម្ដាយយកអ្នកមកបង្វែរប្រគេនលោកគ្រូអាចារ្យឧបជ្ឈាយ៍ សូមឱ្យលោកមេត្តាឧបត្ថម្ភអ្នក លោកទទួលភារៈបង្ហាត់បង្ហាញ នូវចំណេះវិជ្ជាផ្សេងៗ ដូច្នេះ ចូរសាមណេរ “សង្វាតសូត្ររៀន ដូចលោកទាំងឡាយ កុំធ្វើពាយងាយ ដូចនៅគ្រហស្ថ” បទខាងចុងនេះ គឺគ្រូដាស់តឿនថែមទៀតថា ឱ្យកូនសិស្សខំព្យាយាមប្រឹងប្រែងរៀនសូត្រ ដូចលោកបរិស័ទទាំងឡាយ ដែលជាអ្នកបួសនៅអាវាសផងគ្នា ឱ្យយកតម្រាប់តាមកុំធ្វេសប្រហែសខ្លួនប្រាណ ក្នុងកិច្ចគ្រប់ជំពូក កុំប្រព្រឹត្តក្រៅចាកសិក្ខា កុំគប្បីធ្វើខ្លួនដូចជានៅគ្រហស្ថនោះ។
ប៉ុណ្ណេះក៏ពុំស្រេច ត្រូវនៅមានសេចក្ដីកង្ខា ក្រែងកូនសិស្សពុំលុះតាមដំបូន្មាន ក៏ប្រដៅទៅទៀតថា។
កុំធ្វើរាយមាយ នឹងគ្រូបាធ្យាយ ទុកស្មើអម្ចាស់ សង្វាតសរសេរ សូត្ររៀនឱ្យណាស់ ប្រាជ្ញាយល់ច្បាស់ នាំញាតិទាំងឡាយ។
បានសេចក្ដីថា គ្រូហាមប្រាមប្រាប់កូនសិស្ស កុំឱ្យព្រហើនធ្វើឫកពា គឃ្លើនជាក្លើម្រាក់នឹងគ្រូបាធ្យាយ ត្រូវគោរពប្រណិប័តន៍លោក ទុកស្មើនាយចៅហ្វាយ ហើយឱ្យសង្វាតខ្មីឃ្មាតរៀនសូត្រ អំពីសម្នាក់លោកឱ្យបានច្រើន ដើម្បីឱ្យកើនចំណេះ ចេះដឹងឱ្យច្បាស់លាស់បែកបញ្ញា យល់ការខុសត្រូវ ប្រសប់ឆ្លាតវៃ ក្នុងកិច្ចទាំងពួងជាប្រយោជន៍ នឹង “នាំញាតិទាំងឡាយ”។
ឯសម្ដីខាងចុងនេះ មានដំណើរសេចក្ដីទៅថា បើកូនសិស្សណារៀនចេះ មានចំណេះគ្រប់គ្រាន់ ទាំងគតិលោកនិងគតិធម៌ ហើយញាតិទាំងឡាយនឹងបានជាទីពឹងទីអាស្រ័យ ដោយប្រយោជន៍យ៉ាងសំខាន់ពីរប្រការ ១- គឺមានអ្នកចេះនេះហើយជាអ្នកនាំមុខ យឹតយោងពន្យល់ មិនឱ្យគណញាតិប្រព្រឹត្តល្មើសព្រះរាជបញ្ញត្តិឱ្យបានសុខក្នុងនាបច្ចុប្បន្ន ដែលមានជីវិតរស់នៅ។ ២- គឺទូន្មានញាតិឱ្យស្គាល់បាបបុណ្យគុណទោសខុសត្រូវ តាមពុទ្ធានុសាសនី លុះរំលាងខន្ធទៅ នឹងបានទៅកាន់សុគតិ។
ហេតុនេះយុវជនទាំងឡាយ គប្បីខំប្រឹងប្រតិបត្តិកុំឱ្យឃ្លាតឡើយអំពីពាក្យទូន្មាន។
ទី ៦- អាសូរមេបា ចិញ្ចឹមរក្សា ពុំឱ្យអន្តរាយ អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ ប្រយោជន៍ទាំងបី។
ពាក្យដែលថា “អាសូរមេបា ចិញ្ចឹមរក្សា ពុំឱ្យអន្តរាយ” ដូច្នេះជាដើមបទនេះ គឺលោកថាឱ្យកូនសិស្សយកចិត្តអាណិតអាសូរករុណាអាពុកម្ដាយ ដែលជាបុព្វការី បីបាច់ថែទាំចិញ្ចឹមរក្សា តាំងពីកើតមកទាក់ធំប៉ុណ្ណេះ ឱ្យបុត្រមានសេចក្ដីកតញ្ញូ លំអុតលំឱនអង្គ ផ្ចង់ចិត្តប្រព្រឹត្តតាមឱវាទដែលលោកប្រដៅមកទាំងប៉ុន្មាន កុំឱ្យអន្តរាយភ្លេចភ្លាត់បាត់អសារការឥតទៅឡើយ។
តមកទៀតលោកប្រាប់ថា “អាចយកមកផ្ញើ នឹងគ្រូបាធ្យាយ ហេតុចង់ពណ្ណរាយ ប្រយោជន៍ទាំងបី” ពាក្យនេះពន្យល់បង្ហាញកូនសិស្សឱ្យឃើញនូវបំណង ដែលម្ដាយប្រាថ្នាហើយហ៊ានយកកូនមកទុកឱ្យនៅនឹងលោកគ្រូអាចារ្យ ក៏ព្រោះចង់ឱ្យកូនបានថ្កើងរុងរឿង មានកិត្តិសព្ទល្បីឮខ្ចរខ្ចាយសាយទួទៅ ដោយកូនមានចំណេះវិជ្ជាយ៉ាងក្រាស់ក្រែ នឹងបានចម្រើននូវប្រយោជន៍ទាំង ៣ ប្រការក្នុងនាលោកិយនេះ គឺឱ្យចេះច្បាប់នេះ ១ ឱ្យមានប្រាជ្ញាឆ្លាតវៃនេះ ២ ឱ្យមានបារមីនេះ ៣។ (ប្រយោជន៍ទាំង ៣ នេះ នឹងបរិយាយទៅខាងក្រោយ) យកសេចក្ដីតាំងពីដើមមកត្រឹមណេះ រួបរួមគ្នាឡើងឃើញថាមាតាបិតាជាមគ្គនាយករបស់បុត្រធីតា ព្រោះលោកប្រកបដោយសប្បុរសធម៌ គ្រប់គ្រងកូនគ្រប់ជំពូកឥតឱ្យខ្វះ ចង់ឱ្យតែកូនបានជាធំ ចង់ឱ្យតែកូនបានប្រសើរ ទើបត្រេកអរ បើដឹងថាកូនណាមានសេចក្ដីទុក្ខវេទនា ម្ដាយឪពុករមែងមានទុក្ខទោមនស្សតាម ចួនមានទាំងជលនេត្រហូររហាមលោកយំដោយសារតែកូន។
យ៉ងនេះ ចូរអ្នកទាំងឡាយ កុំគប្បីខឹងនឹងវាចារបស់មាតាបិតា ពោលប្រដៅនោះឡើយ ទោះបីជូរចត់យ៉ាងណា ក៏សុទ្ធសឹងជាវាចា វោហារដ៏ប្រសើរទាំងអស់។
ទី ៧ – មួយចង់ក្ដីច្បាប់ ឱ្យមានខ្លួនគាប់ នៅនាលោកិយ មួយចង់ប្រាជ្ញា មិនឱ្យអប្រិយ៍ មួយចង់បារមី នាំញាតិទាំងឡាយ។
ពាក្យនេះត្រូវញែកជា ៣វគ្គ តាមលំដាប់។ វគ្គខាងដើមគឺ “មួយចង់ក្ដីច្បាប់ ឱ្យបានខ្លួនគាប់ នៅនាលោកិយ” បានសេចក្ដីថា មាតាបិតាមានប្រាថ្នាចង់ឱ្យកូនចេះដឹងច្បាប់សម្រាប់ស្រុក និងទំនៀមទម្លាប់ប្រពៃណី ដើម្បីតម្កល់ខ្លួនឱ្យនៅក្នុងសេចក្ដីសុចរិតនេះ១ នឹងបានជាទីពឹងទីបង្អែករបស់អ្នកទាំងពួងដែលត្រូវការនេះ២ នឹងនាំខ្លួនឱ្យបានគាប់ចិត្តនៃអ្នកដទៃ ជាទីគោរពរាប់អានរបស់ជនានុជន នៅនាលោកិយនេះ ដោយកម្លាំងវិទ្យាសាស្រ្តនេះ៣ ទាំង ៣ បទនេះគឺក្នុងវគ្គទីបឋម ព្រោះអ្នកទាំងពួងដែលមានកិច្ចការរវល់ផ្សេងៗ រមែងត្រូវការរកអ្នកចេះច្បាប់ចាំទម្លាប់ទំនៀមទុកដូចជាក្បួនខ្នាតនីមួយៗ យើងរាល់គ្នាបានឃើញមកហើយក្នុងប្រទេសមួយៗ អ្នកស្រុកដែលដូចមានទុក្ខ ពុំសុខចិត្តទាស់ទែងខ្វែងគំនិតគ្នា កើតប្ដឹងតវ៉ាដល់ក្រសួងតុលាការ សូមឱ្យអស់លោកចៅក្រម ដែលជាអ្នកចេះច្បាប់ជំនុំជម្រះរកសេចក្ដីខុសត្រូវកាត់សេចក្ដីឱ្យ ឬមួយដូចមានធ្វើបុណ្យទានផ្សេងៗ មានធ្វើឈាបនកិច្ច បញ្ចុះធាតុ បញ្ចុះសីមា ធ្វើមង្គលការអាពាហ៍ពិពាហ៍ជាដើម។ល។ អ្នកទាំងឡាយតែងតែរកពឹងអ្នកចេះក្បួនខ្នាត ចាំទម្លាប់ទំនៀម មកជាអធិបតីចាត់ការឱ្យត្រឹមត្រូវឱ្យបុគ្គលដែលចេះជំពូកនេះ មានហោរាចារ្យនិងអ្នកផ្លូវចៅមហាជាដើម។
វគ្គទី ២ “មួយចង់ប្រាជ្ញា មិនឱ្យអប្រិយ” បានសេចក្ដីថា មនុស្សខ្លះមានចិត្តប្រាថ្នា ចង់បានចំណេះវិជ្ជាផ្សេងៗ ដាក់ខ្លួនប្រយោជន៍ដើម្បីនឹងតាំងខ្លួន ជាបណ្ឌិតជាតិជាអ្នកឈ្លាសវៃ មិនឱ្យថយថោកដោយល្ងង់ខ្លៅ ព្រោះយល់បានថា ធម្មតាអ្នកអាប់ឥតប្រាជ្ញា មានអាយុរស់នៅមិនរុងរឿង ម្ល៉ោះហើយគេខំសង្វាតឃ្មាតខ្មីព្យាយាមរៀនសូត្រឥតខ្ជិលច្រអូសឡើយ ខំរៀនលុះត្រាតែសម្រេចការដូចបំណង។
តែវិជ្ជាត្រង់ណេះ លោកសំដៅយកវិជ្ជាល្អៗ ដូចយ៉ាងអក្សរសាស្រ្ត ឬបង្កើតប្រដាប់ប្រដាប្រើប្រាស់ ចេះធ្វើគ្រឿងយន្តផ្សេងៗ។ល។ នេះទើបរាប់ជាវិជ្ជាល្អ បើដើរស្វែងរៀនខាងវិជ្ជាមន្តធ្វើចោរលួចប្លន់គេ ជាវិជ្ជាមានទោស នោះលោកពុំរាប់ចូលក្នុងវិជ្ជាប្រសើរទេ។
វគ្គទី ៣ គឺ “មួយចង់បានបារមី នាំញាតិទាំងឡាយ” បានសេចក្ដីថាមនុស្សជំពូកនេះ ចង់បាននូវបារមី គឺគុណធម៌ល្អ ដែលគួរបំពេញឱ្យដល់ត្រើយ គឺសេចក្ដីសុខ ហៅថាបារមីមានទានសីលជាដើម មានមេត្តានិងឧបេក្ខាជាបរិយោសាន បុគ្គលទាំងនោះគឺភិក្ខុសាមណេរ និងឧបាសកឧបាសិកា ជាអ្នករក្សាសីលឱ្យទានជាដើម លោកអាចដឹកនាំញាតិសាលោហិត មានមាតាបិតាជាដើម ញ៉ាំងចិត្តឱ្យចុះទៅកាន់ធម៌របស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ដែលត្រាស់សម្ដែងនូវព្រះបរមឱវាទដឹកសត្វកាត់វដ្ដសង្សារ ឱ្យរួចចាកអបាយភូមិទាំង ៤ ដាក់ដល់ត្រើយគឺព្រះនិព្វាន។
ទី ៨- ហៃអស់សាមណេរ កុំធ្វើដែលដែរ ត្រង់ក្ដីពាយនាយ លំអុតបម្រើ អ្នកជាបាធ្យាយ ជូនបុណ្យទៅម្ដាយ អាពុកទីទៃ។
គ្រូដាស់តឿនសតិសិស្សានុសិស្សកាលបួសហើយថា ចូរអ្នកកុំធ្វើដូចកាលដែលអ្នកនៅជាគ្រហស្ថ បួសហើយកុំធ្វើប្រហែសភ្លេចឱ្យដឹងថា ខ្លួនសព្វថ្ងៃនេះបួសហើយ ចូរអ្នកចាំថាកាលមិនទាន់បួស អ្នកមានច្បាប់ទម្លាប់ទំនៀម សម្រាប់គ្រហស្ថ ដែលអ្នកត្រូវប្រតិបត្តិជាប្រក្រតី ឥឡូវមាតាបិតាយកអ្នកមកបង្វែរជាសាមណេរហើយត្រូវអ្នកប្រព្រឹត្តតាមសិក្ខាវិន័យឱ្យត្រឹមត្រូវវិញ។
ចូរអ្នក “លុំអុតបម្រើ អ្នកជាបាធ្យាយ ជូនបុណ្យទៅម្ដាយ អាពុកទីទៃ” បានសេចក្ដីថា ឱ្យសាមណេរនោះ យកចិត្តទុកដាក់ បម្រើគ្រូបាធ្យាយ អាចារ្យឧបជ្ឈាយ៍ ដ្បិតកិច្ចបម្រើ ឧបជ្ឈាយ៍អាចារ្យនេះជាបុញ្ញសីមួយដ៏ឧត្តម ដើម្បីយកបុណ្យនេះ ឧទ្ទិសបញ្ជូនទៅមាតារៀងរាល់ខ្លួន។
ឯកិច្ចបម្រើគ្រូឧបជ្ឈាយ៍នោះ គឺឱ្យនេនផ្គត់ផ្គង់ទឹកស្រង់នូវទឹកឆាន់បោសច្រាសទីសេនាសនៈ គោរពប្រណិប័តន៍ក្រាបសំពះជានិច្ច គ្រាបើលោកមានរោគាពាធ ត្រូវរកពេទ្យមកផ្សំថ្នាំទ្រាំជំងឺ។ល។ នេះទើបហៅថាជាសិស្សមានកតញ្ញូ ព្យាយាមធ្វើវត្តប្រណិប័តន៍គ្រូបាធ្យាយ។
តែបើវេលាស្រេចកិច្ចទាំងឡាយនេះហើយ ត្រូវមានកិច្ចតទៅទៀត។
សង្វាតសូត្ររៀន កុំធ្វើអៀនប្រៀន ក្នុងចិត្តសព្វថ្ងៃ លំអុតបម្រើ ផ្កាប់ដោយហឫទ័យ បារម្ភមៃៗ ក្ដីច្បាប់កុំបីបង់។
ថាឱ្យមានវីរិយៈ ខំរៀនសូត្រឱ្យណាស់ផង “កុំធ្វើអៀនប្រៀន ក្នុងចិត្តសព្វថ្ងៃ” ពាក្យនេះប្រាប់ថា ធម្មតាអ្នករៀនត្រូវកុំឱ្យអឹមអៀម ស្ទើរស្ដីមិនស្ដីនោះ កុំឱ្យខ្មាសអៀននឹងគ្រូបាធ្យាយឡើយ បើសិស្សឯណាខ្មាសគ្រូហើយ សិស្សនោះកម្រនឹងបានចេះដឹងណាស់។ បទនេះត្រូវនឹងសុភាសិតបុរាណមួយថា “ខ្មាសភរិយាឥតកូន ខ្មាសគ្រូឥតចំណេះ” ធ្វើជាអ្នករៀនហើយ ត្រូវតែឱ្យល្អះល្អាយ ឧស្សាហ៍សួរដណ្ដឹងគ្រូបាធ្យាយ អំពីកិច្ចការដែលខ្លួនពុំយល់ សំពះសូមឱ្យលោកគ្រូ អធិប្បាយស្រាយកែបញ្ហាឯណាដែលខ្លួនពុំភ្លឺនោះ មិនតែប៉ុណ្ណោះឡើយ ត្រូវអាចហ៊ានសាកសួរអ្នកដទៃផងទៀត ដែលគេមានចំណេះជាជាងខ្លួន កុំគប្បីអៀនអន់ យ៉ាងនេះទើបបានចម្រើនបានចំណេះច្រើនស្ទាត់ នេះហៅថាមិនអៀនប្រៀន ក្នុងការរៀនសូត្រ។
រីឯកិច្ចគឺ “លំអុតបម្រើ ផ្គាប់ដោយហឫទ័យ បារម្ភមៃៗ ក្ដីច្បាប់កុំបីបង់” ថាពិតមែនជាយើងរវល់ខ្វល់នឹងរៀនសូត្រហើយ តែយើងមិនត្រូវលះបង់ចោលច្បាប់គឺសិក្ខាវិន័យ ដែលជាធម្មក្រឹត្យាសម្រាប់សមណៈត្រូវឱ្យមានចិត្តនោះនឹកមមៃរំពៃប្រុងប្រយត្ន បំពេញកិច្ចទាំងពីរឱ្យបរិបូណ៌ហោង។
ទី ៩- ច្បាប់នេះសោតណា ទូន្មានអាត្មា ដោយនូវក្រឹត្យសង្ឃ ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបីបង់ ចំណេរទៅលង់ ខ្លួនបានជាធំ។
ច្បាប់នេះហើយ សម្រាប់ឱ្យអ្នកប្រៀនប្រដៅខ្លួនឱ្យបានល្អ ដ្បិតធម្មតាអ្នកបួសត្រូវកាន់ក្រឹត្យវិន័យសង្ឃ ឱ្យថាវរៈមាំទាំ តាមលំដាប់នៃកិច្ច ដូចពាក្យថា “ត្រង់ណាហៅច្បាប់ កាន់ខ្ជាប់កុំបីបង់” ឱ្យយកចិត្តទុកដាក់រក្សាសីលឱ្យជាប់ កុំឱ្យពព្រុសពាលសៅហ្មងទៅបានដោយសេចក្ដីប្រមាទ បំពេញកិច្ចដែលគួរធ្វើ នេះជាឧបាយនៃបញ្ញា។ បើសាមណេរឯណាមានសេចក្ដីរឭកកាន់ច្បាប់ទម្លាប់នូវក្រឹត្យវិន័យ ពុំឱ្យមានហ្មងបានហើយ នោះលោកពោលថា “ចំណេរទៅលង់ ខ្លួនបានជាធំ” ថាអំណើះតទៅ អ្នកនឹងបានជាធំ មិនលែងឡើយ។ ត្រង់ណេះបើនឹងពោលយកតាមលំអានបុរាណ នៅកម្ពុជរដ្ឋនេះ បណ្ដាលោកសង្ឃដែលចេះដឹងជ្រៅជ្រះច្បាស់នូវច្បាប់ទម្លាប់ទំនៀមស្រុក ព្រមទាំងធម៌វិន័យ ក៏ស្ទាត់ស្ទាញគ្មានទើសទាល់ គ្មានធ្វើឱ្យខុសអំពីពុទ្ធោវាទ លោកអង្គនេះនឹងបានធ្វើជាសមណសក្ដិ ក្នុងគណសង្ឃ ជារាជាគណៈឋានានុក្រម មានគ្រូសូត្រជាដើម បើលោកអង្គនោះនឹងទ្រាំទ្រសិក្ខាវិន័យពុំបាន លាចាកសិក្ខាបទមកជាគ្រហស្ថវិញ អ្នកនោះគេហៅថា “បណ្ឌិត” គឺជាអ្នកប្រាជ្ញ បើចូលធ្វើជាខ្ញុំរាជការអម្ចាស់ផែនដី ក៏ច្រើនសព្វព្រះរាជហឫទ័យ ទ្រង់ព្រះមេត្តាឱ្យមានយសសក្ដិនិងប្រាក់ខែ។
សព្វថ្ងៃសោតណា ទូន្មានអាត្មា ដោយនូវក្រិត្យក្រម បម្រើបាធ្យាយ ឱ្យមានបារម្ភ ទើបខ្លួនជាធំ ទៅដល់មហាក្សត្រិយ៍។
ន័យខាងលើនេះមានសេចក្ដីថា ឱ្យសិស្សានុសិស្សខំទូន្មានអាត្មារៀងខ្លួនឱ្យបានតាមលំអានច្បាប់ក្រមនេះជានិច្ចតទៅ គឺឱ្យសង្វាតរៀនសូត្រនិងលំអុតបម្រើគ្រូបាធ្យាយ កុំគប្បីធ្វេសប្រហែសភ្លេចខ្លួន បើអ្នកមានចំណេះប្រើការបានហើយ ព្រមទាំងកិរិយាមារយាទត្រឹមត្រូវល្អតាមដំបូន្មាននេះ នឹងមានកិត្តិសព្ទកេរ្តិ៍ឈ្មោះពីរោះខ្ចរខ្ចាយ ទៅដល់ព្រះរាជាចាម្ចាស់ផែនដីពុំខានឡើយ។
(ពណ៌នាមកយ៉ាងនេះ ព្រោះពីដើមយើងរៀនវិជ្ជាទាំងឡាយតែអំពីវត្ត ដោយពុំមានសាលាបង្រៀន ដូចរាជការអាណាព្យាបាលសព្វថ្ងៃនេះទេ)។
ទី ១០- ច្បាប់នេះសោតណា ទូន្មានអាត្មា ថេរទៅពុំបាត់ ទោះខ្លួនឥតបុណ្យ បម្រើមហាក្សត្រិយ៍ គោរពប្រតិបត្តិ យសនោះពុំលែង។ ហេតុបាននឹងច្បាប់ បានដូចបង្គាប់ ចិត្តគ្រូយល់ស្ដែង ទោះទៅបម្រើ ស្ដេចជាគម្ដែង យសនោះពុំលែង ប្រាកដពណ្ណរាយ។
ន័យពីរក្បិលនេះបានសេចក្ដីថា បើសិស្សានុសិស្សណា យកចិត្តប្រតិបត្តិ តាមដំបូន្មានលោកជាគ្រូ ដែលបង្ហាត់បង្ហាញមក ទោះខ្លួនឥតយសសក្ដិអ្វី ហើយចូលទៅនៅគាល់បម្រើ “ស្ដេចជាគម្ដែង” គឺព្រះរាជា ជាម្ចាស់ផែនដីដ៏ជាធំ ហើយខ្លួនមានឧស្សាហ៍ គោរពប្រតិបត្តិដោយសុចរិតស្មោះត្រង់នោះ សេចក្ដីគាប់ប្រសើររុងរឿងពណ្ណារាយ គឺយសសក្ដិនឹងកើតឡើងដល់ខ្លួនពុំលែង ព្រោះដោយអំណាចសេចក្ដីប្រតិបត្តិត្រឹមត្រូវតាមច្បាប់គ្រូប្រៀនប្រដៅមកនោះឯង។
ទី ១១– ក្ដីនេះជាច្បាប់ ឱ្យសាមណេរត្រាប់ សព្វសុរិលទាំងឡាយ កុំសើចតិះដៀល អ្នកជាបាធ្យាយ អ្នកហោងស្មើម្ដាយ បង្កើតក្ដីច្បាប់។
បទវគ្គនេះជាច្បាប់ សម្រាប់ដាស់តឿនសតិជនានុជនទាំងឡាយ ឱ្យបានសេចក្ដីល្អ បានជាលោកហាមឃាត់សាមណេរគ្រប់រូបថា “កុំសើចតិះដៀល អ្នកជាបាធ្យាយ អ្នកហោងស្មើម្ដាយ បង្កើតក្ដីច្បាប់” បានសេចក្ដីថា គ្រូបាធ្យាយនេះ លោកជាអ្នកប្រដៅទូន្មាន ឱ្យចេះច្បាប់ទម្លាប់ ទំនឹមទំនៀម និងសេចក្ដីខុសត្រូវ គុណនិងទោស ព្រមទាំងសិល្ប៍សាស្ត្រ ចំណេះវិជ្ជាផ្សេងៗ ដោយហេតុនេះ ឃើញថាគ្រូបាធ្យាយ លោកមានគុណជាទម្ងន់ធ្ងន់ពន់ប្រមាណ ទុកស្មើដូចមាតាបានហាមឃាត់សិស្សានុសិស្ស ថាកុំឱ្យមើលងាយប្រមាទ តិះដៀលឬនិយាយស្ដីបូរពាក្យអសុរោះទ្រគោះបោកបោះ ឥតគួរសមទៅកាន់គ្រូបាធ្យាយឡើយ។
(ន័យតទៅថា)
សាមណេរណាៗ ទោះមានប្រាជ្ញា នឹងចង់រៀនត្រាប់ ឱ្យយកត្រចៀក នោះឱនចូលស្ដាប់ ធ្វើដោយក្រមច្បាប់ នៃគ្រូបាធ្យាយ។
បទនេះបានសេចក្ដីថា បើសិស្សឯណាមានប្រាជ្ញាឈ្លាសវៃ ហើយប្រាថ្នាចង់រៀននូវច្បាប់ទម្លាប់ដ៏ប្រសើរជាគ្រឿងប្រដាប់ ទុកសម្រាប់ខ្លួនប្រព្រឹត្តតទៅ នោះគប្បីប្រុងសតិបញ្ញាគឺយកត្រចៀកប្រុងចាំស្ដាប់វោហារអធិប្បាយ ដែលគ្រូសម្ដែងប្រាប់ពន្យល់ដោយស្មោះ ពេលកំពុងស្ដាប់នោះ ត្រូវតាំងចិត្តចងសតិប្រុងចាំស្ដាប់ចាប់យកអត្ថរសបទបាទមាត្រាច្បាប់ទំនឹមទំនៀមទាំងអម្បាលម៉ាន កុំឱ្យមានចិត្តអណ្ដែតអណ្ដូងរាយមាយទៅកាន់អារម្មណ៍ដទៃ ប្រយោជន៍កុំឱ្យខូចបង់វេលាទៅទទេៗ តែឱ្យធ្លោយហើយ នោះពាក្យគ្រូពន្យល់ទាំងប៉ុន្មាននឹងភ្លេចបាត់ខ្លះមិនលែង អ្នកនឹងខ្វះចំណេះដែលជាប្រដាប់សម្រាប់ប្រើញ៉ាំងចរិយាខ្លួនជាគុណសម្បត្តិឱ្យល្អទៅ។
ទី ១២- សាមណេរណាសោត ចិត្តនោះក្រេវក្រោធ ឱ្យចៀសចេញឆ្ងាយ ច្បាប់នេះមិនខំ សាមណេរទាំងឡាយ តាមចិត្តសប្បាយ អាត្មាទីទៃ។
អធិប្បាយថា “ធម្មតាគ្រូអាចារ្យលោករមែងមានធម៌សង្គ្រោះដល់សិស្សគ្រប់រូប លោកតែងប្រដៅទូន្មាន តាមគន្លងធម្មចរិយានឹងច្បាប់សម្រាប់ប្រវេណី តែពាក្យដែលពោលចេញមក ចួនកាលក៏ពីរោះ ចួនកាលក៏គំរាមកំហែងឱ្យខ្លាច ទោះបីដូច្នោះត្រូវតែសិស្ស ឱនលំទោនត្រងរង យកទុកដាក់ក្នុងចិត្តជាឡាក់ឋាន តាមពាក្យលោកប្រដៅនោះ កុំឱ្យមានចិត្តក្រេវក្រោធច្រឡោតតបតទៅវិញ ឬមានចិត្តមនោមានះមិនប្រតិបត្តិតាម នេះបើសិស្សណាជាមនុស្សប្រដៅក្រ នោះលោកពោលថា “ឱ្យចៀសចេញឆ្ងាយ” ទៅតាមអធ្យាស្រ័យរបស់ខ្លួនទីទៃៗតាមចិត្តសប្បាយចុះ លោកមិនបង្ខំ ព្រោះលោកយល់ដូចន័យតទៅនេះ។
នរូអ្នកណា នឹងស្វែងប្រាជ្ញា ឱ្យបានខ្លួនថ្លៃ ចូរដឹងខុសគាប់ ដោយអធ្យាស្រ័យ ផ្គាប់ដោយហឫទ័យ អ្នកជាបាធ្យាយ។
បទនេះសេចក្ដីថា វិស័យអ្នកចង់ឱ្យបានខ្លួនមានតម្លៃថ្កើងរុងរឿងមានកេរ្តិ៍ឈ្មោះ ត្រូវតែរករៀនវិទ្យាសាស្ត្រទាំងឡាយផ្សេងៗ ឱ្យស្ទាញស្ទាត់ហ្មត់ហ្មង បានជាលោកពោលថា “ចូរដឹងខុសគាប់” គឺឱ្យដឹងខុសនិងត្រូវ ល្អនិងអាក្រក់ ថ្លៃនិងថោក ទាបនិងខ្ពស់ ធំនិងតូច។ល។ ហើយឱ្យប្រព្រឹត្តប្រតិបត្តិតាមបែបក្បួនដែលគ្រូប្រិតប្រៀនប្រដៅមកនេះទើបហៅថា “ផ្គាប់ហឫទ័យ អ្នកជាបាធ្យាយ”។
បើបានដូចបរិយាយយ៉ាងនេះហើយ អ្នកនោះនឹងបានជាមនុស្សមានតម្លៃមួយនឹងគេពុំលែងឡើយ។
ទី ១៣- ទោះនឹងស្វែងធម៌ ឱ្យមានសម្គាល់ កុំធ្វើរាយមាយ ទោះនឹងស្វែងច្បាប់ កាន់ខ្ជាប់កុំបីណាយ កុំឱ្យអន្តរាយ នូវច្បាប់ក្រមផង។
ឱវាទបទនេះ ត្រូវញែកជា ២ បទតាមទំនង ៖
បទទី១ – “ទោះនឹងស្វែងធម៌ ឱ្យមានសម្គាល់ កុំធ្វើរាយមាយ” បានសេចក្ដីថា បើនរណាមានប្រាថ្នារកធម៌ ចង់ចេះធម៌ ត្រូវឱ្យមានសតិតម្កល់ដ៏មាំ សម្គាល់ចាំនូវកងធម៌ទាំងនោះ ឱ្យជាក់ច្បាស់ ថានេះជាកងសុចរិត នេះជាកងទុច្ចរិត កុំធ្វើរាយមាយផ្ដេសផ្ដាស កុំបណ្ដែតបណ្ដោយចិត្តឱ្យលឿនលយជ្រុលជ្រលួស ឱ្យខុសហួសធម្មក្រឹត្យា នឹងខូចប្រយោជន៍ដែលនាំឱ្យកើតផល។
ខនេះត្រូវឱ្យសិក្សា ឱ្យស្ដាប់ធម៌១ម៉ាត់នេះជាមុន តើអ្វីដែលហៅថាធម៌ ? “ធម៌” ប្រែថា សភាវៈដែលទ្រទ្រង់សត្វលោក គឺបានដល់បុណ្យកុសលសុចរិត។ បើជា “អធម៌” វិញ រមែងនាំសត្វឱ្យទៅកាន់ទុគ្គតិដោយចំណែកផ្សេងៗ។
លោកពោលថា ចំណែកបព្វជិតគឺភិក្ខុសាមណេរត្រូវប្រព្រឹត្តប្រតិបត្តិធម៌ គឺសិក្ខាវិន័យឱ្យខ្ជាប់ខ្ជួនធ្វើខ្លួនឱ្យស្អាត ដោយសីលសមាធិបញ្ញាឱ្យផូរផង់ កុំឱ្យរំលងលើសល្មើសលើពុទ្ធវាទឡើយ។
ចំណែកគ្រហស្ថបុរសស្ត្រី ដែលបានប្រកាសថ្វាយខ្លួនជាឧបាសកឧបាសិកា ជាអ្នករក្សាសីល៥ សីល៨ ក៏ត្រូវតម្កល់សីលនោះ ឱ្យបរិសុទ្ធផូរផង់ល្អ កុំឱ្យមានសៅហ្មង គប្បីធ្វើឱ្យត្រឹមត្រូវតាមរបៀបពុទ្ធបញ្ញត្តិ។
បទទី២- “ទោះនឹងស្វែងច្បាប់ កាន់ខ្ជាប់កុំបីណាយ កុំឱ្យអន្តរាយ នូវច្បាប់ក្រមផង” បានសេចក្ដីថា បើនរជាតិជនឯណាមានសេចក្ដីសង្វាតរករៀនច្បាប់ទម្លាប់ទាំងពួងឱ្យបានចេះដឹង លុះរៀនចេះដឹងហើយ ត្រូវប្រព្រឹត្តខ្លួនឱ្យត្រឹមត្រូវតាមវិធីច្បាប់ កាន់ខ្ជាប់ឱ្យមាំទាំ កុំធ្វើឱ្យហួសច្បាប់ ដើម្បីរក្សាសេចក្ដីសុចរិត គឺមិនលុះដោយអគតិទាំង ៤ មានឆន្ទាគតិជាដើម។
ឯច្បាប់នោះ លោកញែកជា២ពួកផ្សេងគ្នាទៀត ពួកទី១ គឺច្បាប់ដែលម្ចាស់ផែនដី លោកបញ្ញត្តតែងតាំងទុកមក សម្រាប់ផ្ដន្ទាធ្វើទោស ទណ្ឌកម្មមនុស្ស ដែលប្រព្រឹត្តល្មើសកន្លងរំលងព្រះរាជបញ្ញត្តិច្បាប់ ត្រូវដាក់គុកឬពិន័យ តាមទោសានុទោស គឺមានច្បាប់ព្រហ្មទណ្ឌ និងច្បាប់រដ្ឋប្បវេណីជាដើម។ ពួកទី២ គឺជាពាក្យបុរាណសុភាសិត ឬពាក្យគ្រូអាចារ្យ មាតាបិតាជាដើម ដែលលោកទូន្មានប្រដៅ មនុស្សប្រុសស្រី ឱ្យប្រព្រឹត្តប្រតិបត្តិដោយសុចរិតធម៌ ដើម្បីញ៉ាំងខ្លួនឱ្យល្អសុភាពរៀបរយ សមរម្យតាមច្បាប់សម្រាប់ប្រវេណីនោះគឺច្បាប់ក្រម កូនចៅ កេរ្តិ៍កាល ច្បាប់ស្រី ច្បាប់ប្រុស ច្បាប់ត្រីនេត្រ ច្បាប់ពាក្យចាស់។ល។ ជាប្រធាន។ ច្បាប់ពួកនេះ បើនរជាតិណាមិនប្រព្រឹត្តតាម នឹងមានទណ្ឌកម្មផ្ដន្ទាទោសក៏ទេ គ្រាន់តែអំណោយផលឱ្យអ្នកនោះទៅជាមនុស្សថោកទាបអាប់ឥតប្រាជ្ញា មិនជាទីរាប់អានជនានុជន ព្រោះខ្លួនជាមនុស្សអន្ធពាលទៅហើយ។
ន័យមួយទៀត អ្នកឯណាពុំអាចប្រព្រឹត្តកាន់តាមច្បាប់ទាំងពីរជំពូកទុកបាន ក៏ព្រោះមកពីសេចក្ដីប្រមាទនេះ ១ មកពីមិនក្រែងខ្លាចហើយល្មើសលើនេះ ២ មកពីមិនមានហិរិ គឺខ្មាសអៀននឹងអំពើអាក្រក់និងឧត្តប្បៈ ខ្លាចក្រែងអំពើអាក្រក់នេះ ៣។
សេចក្ដី៣ជំពូកនេះ នាំឱ្យមនុស្សឃ្លាតឃ្លៀងល្អៀងចេញមិនកាន់ច្បាប់ បើឃ្លាតពីច្បាប់ហើយ អ្នកនោះឯងពុំអាចនឹងធ្វើខ្លួនឱ្យបរិសុទ្ធតាមធម៌តាមច្បាប់បានឡើយ។ នឹងមិនជាទីគោរពរាប់អានរបស់ជនានុជនបានឡើយ ព្រោះខ្លួនមិនប្រកាន់គោរពច្បាប់ឱ្យខ្ជាប់មាំមួនទៅហើយ ធ្វើដូចម្ដេចឡើយនឹងទៅប្រដៅអ្នកឯទៀតបាន។
ទី ១៤– រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ អាពុកឯងហោង ហ្វឹកហ្វឺនប្រដៅ មិនឱ្យមានឆ្គង តាមដោយកន្លង ព្រេងព្រឹទ្ធបុរាណ។
គ្រូបាធ្យាយ បានជាលោកប្រៀបដូចមាតាបិតានោះ ព្រោះលោកមានសេចក្ដីសង្គ្រោះសិស្សានុសិស្ស ដោយប្រការផ្សេងៗ ជាច្រើនមហិមា ពិតមែនកាលដើមមាតា បង្កើតរូបរាងកាយមកហើយបីបាច់ចិញ្ចឹមបុត្រនោះមក លុះត្រាតែចម្រើនវ័យវឌ្ឍនាធំឡើងល្មមនឹងរៀនសូត្រចំណេះវិជ្ជា ក៏នាំយកទៅឱ្យនៅវត្ត ប្រគេនលោកគ្រូអង្គណាមួយ ដែលលោកចេះដឹងជ្រៅជ្រះ នូវអត្ថធម៌អក្សរក្បួនច្បាប់ សុំឱ្យលោកបង្ហាត់បង្រៀនកូនឱ្យ លោកនោះក៏ទទួលភារៈយកព្រះទ័យទុកដាក់ “ហ្វឹកហ្វឺនប្រដៅ” ឱ្យចេះដឹង តាំងពីអក្សរសាស្ត្រ សាស្ត្រាបាលីព្រមទាំងពាក្យសម្ដី និងកិរិយាសណ្ដាប់ធ្នាប់ឱ្យត្រឹមត្រូវ ឱ្យស្គាល់ខ្ពស់ស្គាល់ទាបសុភាពរៀបរយ “តាមដោយគន្លង ព្រេងព្រឹទ្ធបុរាណ” គឺច្បាប់ទម្លាប់ទំនឹមទំនៀម តាមបុរាណចាស់ៗមក លោកនេះហើយ បានឈ្មោះសន្មតហៅថាគ្រូបាធ្យាយ គឺញ៉ាំងយើងឱ្យចេះដឹងសិល្បវិជ្ជាទាំងពួងបានជាលោកប្រៀបទុកដូចជាមាតាបិតា។
តែក្នុងបច្ចុប្បន្នសម័យនេះ ពួកអ្នករៀនខ្លះក៏បានទៅនៅវត្តពីក្មេងក៏មាន ខ្លះអាពុកម្ដាយនាំយកទៅឱ្យរៀននៅសាលាភាសាបារាំងសែសតែម្ដងក៏មាន តែទោះដូចម្ដេចក៏គង់មានគ្រូបាធ្យាយបង្ហាត់បង្រៀនប្រៀនប្រដៅច្បាប់ទម្លាប់ ចំណេះវិជ្ជាសិល្បសាស្ត្រផ្សេងៗ ដែលជាសេចក្ដីល្អសុចរិត ហេតុដូច្នេះគួរសិស្សានុសិស្សគ្រប់រូប គប្បីគោរពកោតខ្លាចប្រណិប័តន៍គ្រូបាធ្យាយ តាមដំបូន្មាននៃ ច្បាប់ក្រមនេះកុំឱ្យឃ្លាត ដូចមានន័យលោកពោលទុកតទៅនេះ។
នរូអ្នកណា នឹងស្វែងប្រាជ្ញា ជារស្មីប្រាណ ឱ្យគិតជញ្ជឹង រំពឹងលែងបាន កុំធ្វើបំពាន ប្រទូស្តវឹងស្នង។
ខនេះគឺលោកពន្យល់ថា បើនរណានឹងស្វែងរកចំណេះវិជ្ជាជាពន្លឺឆ្លុះឱ្យយល់ការងារ ក្នុងតំណែងរបស់ខ្លួនឱ្យបានខ្ពង់ខ្ពស់ប្រសើរនោះ លោកពោលថា “ឱ្យគិតជញ្ជឹង” បានសេចក្ដីថា បើនឹងធ្វើកិច្ចការអ្វីត្រូវគិតឱ្យហ្មត់ចត់ឱ្យល្អិតល្អតាមលំដាប់ច្បាប់ ដែលគ្រូប្រដៅទុកមក ត្រូវតែធ្វើកិច្ចការទាំងឡាយដោយពិនិត្យពិច័យ កុំបំពារបំពានល្មើសលើដំបូន្មានគ្រូ ទើបការនោះនឹងបានល្អ ហើយលោកហាមថាកុំឱ្យ “ប្រទូស្តវឹងស្នង” គឺចាប់ហេតុរករឿងគ្រូវិញ ទោះបីគ្រូស្ដីប្រដៅយើងជាសិស្ស មិនត្រូវថាគ្រូស្ដីបន្ទោសដោយសម្អប់ទេ ត្រូវឱ្យគិតដល់បុរាណសុភាសិតមួយម៉ាត់ទៀតថា “ពាក្យពិតរែងស្លែង” ពាក្យនេះត្រូវយល់ថា ប្រៀបដូចជាអ្នកឯណាមួយប្រព្រឹត្តអំពើទុច្ចរិតមិនគប្បីនឹងគន្លងធម៌ច្បាប់ ហើយមានអ្នកឯណាជាមិត្រភក្តិដោយស្មោះត្រង់ គេមកស្ដីរំឭកដាស់តឿនដោយសេចក្ដីត្រឹមត្រូវ នោះអ្នកដែលជាមនុស្សអន្ធពាល ត្រឡប់ជាក្ដៅក្រហាយនឹងពាក្យដែលគេស្ដីរំឭកឱ្យល្អនោះវិញ ឬដូចជាមាតាបិតានិងគ្រូបាធ្យាយ ឃើញកូន- ឃើញសិស្សធ្វើនោះមិនគប្បី លោកក៏ជេរស្ដីប្រដៅចង់ឱ្យល្អ ឯកូននិងសិស្សនោះត្រឡប់ជាក្ដៅក្រហាយទៅវិញ ត្រង់ណេះហើយគឺ “ពាក្យពិតរែងស្លែង”។
ហេតុនេះគួរយើងដែលជាកូនសិស្ស ឱ្យមានសេចក្ដីពិចារណាឱ្យថែថួនល្អ កុំប្រទូស្តទៅរកគ្រូដែលប្រដៅនោះឡើយ។
ទី ១៥- នាបីហៅគ្រូ ដូចអ្នកនាំផ្លូវ ដើរដោយកន្លង ទោះនឹងឆ្ពោះទៅ ស្រុកតូចធំផង សឹងដូចបំណង នៃចិត្តចិន្ដា។
អធិប្បាយថា ធម្មតាគ្រូបាធ្យាយនេះ លោករមែងអនុគ្រោះសិស្សានុសិស្ស ព្រមទាំងជនានុជន លោកមានមេត្តាបង្ហាត់បង្រៀនសិល្បសាស្ត្រទាំងពួង ដល់ជនានុជនទាំងពួង បុរសស្ត្រីក្មេងចាស់មិនរើសមុខ បានជាបុរាណបណ្ឌិត លោកលើកគ្រូអាចារ្យនេះទុកជាមគ្គនាយក សម្រាប់ដឹកនាំផ្លូវ ចំណែកខាងចំណេះវិជ្ជា ឱ្យស្ទាញស្ទាត់ទៅតាមគន្លងផ្លូវ គឺច្បាប់ក្បួនតម្រាប់តម្រា ព្រោះយុវជនទាំងឡាយកាលនៅជាកុមារតូចៗនៅឡើយ ពុំទាន់ចេះវិជ្ជាអ្វី លុះចូលទៅកាន់សម្នាក់គ្រូអាចារ្យហើយ សុំឱ្យលោកប្រៀនប្រដៅ លោកក៏មេត្តាបង្ហាត់បង្ហាញ ឱ្យរៀនសរសេរស្រៈព្យញ្ជនៈ មើលសាស្ត្រា បាលីច្បាប់ក្បួន រៀនគិតលេខបូកសងគុណ ហារឱ្យស្ទាត់គ្រប់បែប ប៉ែកខាងអក្សរសាស្ត្រ ព្រមទាំងគំនូរគូរវាសជារូបភាពផ្សេងៗបានការហើយ លោកប្រៀនប្រដៅ ឱ្យប្រព្រឹត្តកិរិយាមារយាទឱ្យត្រឹមត្រូវ តាមគន្លងធម៌ និងទំនៀមទម្លាប់ច្បាប់សណ្ដាប់ប្រវេណី គឺឱ្យដឹងខុសត្រូវបុណ្យបាបគុណទោសជាដើម។ល។ ហើយលោកអធិប្បាយពន្យល់អំពីអំពើពាលទុច្ចរិត ហាមឃាត់មិនឱ្យបញ្ចវេរាទាំង៥ មានសម្លាប់សត្វជាដើម មានផឹកសុរាមេរ័យជាបរិយោសាន ដាស់តឿនឱ្យធ្វើតែអំពើសុចរិតល្អ មានឱ្យទានរក្សាសីលជាដើម ហេតុនេះហើយទើបលោកពោលថា លោកគ្រូអាចារ្យជាអ្នកនាំផ្លូវសិស្សានុសិស្ស។
ចំណែកឯសិស្សបានយកចិត្តទុកដាក់ ខំឱហាតសង្វាតរៀនត្រងត្រាប់តាមច្បាប់ឱវាទរបស់គ្រូអាចារ្យបរិបូណ៌ហើយនោះ លោកទុកសិស្សនោះជាអ្នកដើរតាមតម្រាយផ្លូវគ្រូប្រៀនប្រដៅ ក៏សឹងបានសម្រេចប្រយោជន៍ដូចបំណង ដោយអំណាចចំណេះវិជ្ជាដែលចេះដឹងនោះ បានជាលោកប្រៀបទុកជាអ្នកត្រាច់គោចរទៅស្រុកធំតូច ស្គាល់ផ្លូវប្រាកដរមែងនឹងដល់ដូចប្រាថ្នា។
បើសិស្សណា មិនកាន់ច្បាប់តម្រាប់គ្រូអាចារ្យប្រៀនប្រដៅមកទេ ធ្វើតាមតែអំពើចិត្តឯង លោករមែងតិះដៀលដូចន័យតទៅនេះ។
រីនឹងចេះឯង ដូចអ្នកវង្វេង កណ្ដាលអធ្វា ពុំនោះដូចខ្វាក់ តែម្នាក់អាត្មា ចរចេញយាត្រា ឥតអ្នកដឹកដៃ។ សូម្បីរកផ្លូវ ពុំដែលនឹងត្រូវ សឹងពានឯព្រៃ ហេតុដ្បិតចេះឯង ឥតអ្នកដឹកដៃ ចិត្តនោះសង្ស័យ ដូចដល់ពុំដល់។
បានសេចក្ដីថា វិស័យធម្មតាមនុស្ស បើចេះដឹងឯនូវកិច្ចការអ្វី ឥតមានគ្រូអាចារ្យបង្ហាត់បង្ហាញណែនាំពន្យល់ ឱ្យភ្លឺយល់ជាក់ច្បាស់ទេ រមែងធ្វើការអ្វីមិនល្អបាន មិនបានសម្រេច។
ប្រៀបដូចជាមនុស្សវង្វេងផ្លូវ ហើយដើរត្រាច់កាត់ព្រៃព្រឹក្សាតែម្នាក់ឯង ឬដូចមនុស្សខ្វាក់នេត្រាទាំងពីរ ចរចេញទៅកាន់តំបន់ឋានណាឥតអ្នកដឹកដៃ មនុស្ស២ជំពូកនេះ ទោះបីខំប្រឹងរាវស្ទាបរកផ្លូវក៏ពុំត្រូវគន្លងផ្លូវដែលស្រួលដែលល្អ សូម្បីបើដល់ទីបំណងខ្លួនហើយ ក៏នៅតែសង្ស័យក្រែងពុំទាន់ដល់ ទោសទាំងនេះ ម្នាក់មកពីខ្វាក់ភ្នែក ឥតអ្នកដឹកដៃ ម្នាក់ភ្នែកភ្លឺមែន តែមកពីខ្សត់ចំណេះល្ងង់ខ្លៅ ឥតគ្រូបាធ្យាយប្រៀនប្រដៅនូវវិជ្ជាផ្សេងៗ បានជាពុំអាចយល់កិច្ចការទាំងពួងបាន បើមានចំណេះបន្តិចបន្តួចក៏ពុំបានជាពូកែ យកជាការពុំបានពិតប្រាកដ ដូចជាវិទ្យាអក្សរសាស្ត្រ បើពុំបានពិចារណាតាមក្បួនខ្នាតឱ្យមួនមាំ គ្មានគ្រូពន្យល់វិធីអក្ខរៈ ឬប្រែសព្ទផ្សេងៗ ឱ្យយល់ភ្លឺច្បាស់ នោះរមែងសរសេរជ្រលួសខុសទៅជាធម្មតា ហើយខ្លួនអ្នកសរសេរពុំអាចដឹងបានថា ខ្លួនសរសេរខុសផង ព្រោះមកពីមិនមានចំណេះវិជ្ជាទាំងពួងឱ្យស្ទាត់មាំមួនឥតគ្រូបាធ្យាយណែនាំពន្យល់ឱ្យភ្លឺច្បាស់ ទោះបីខុសក៏ពុំដឹងជាខុសចេះតែស្មានថាត្រូវហើយ បានជាលោកប្រៀបទុកដូចមនុស្សវង្វេងផ្លូវ មនុស្សខ្វាក់ភ្នែកទាំងសងខាងនោះឯង។
ទោសទាំងនេះ អ្នកទាំងឡាយកុំគប្បីធ្វេសប្រហែស បើចង់ចេះចំណេះវិជ្ជាសិល្បសាស្ត្រទាំងពួង ត្រូវតែរករៀនពីគ្រូអាចារ្យយកបែបផែនគ្រូអាចារ្យ សម្គាល់ទុកក្នុងចិត្តឱ្យមាំមួន ទើបលោករាប់ថាជាពហូសូតអ្នកចេះដឹងច្រើន។
ទី ១៦- នេះដូចអ្នកផង ពុំដោយកន្លង នៃលោកណាយល់ សឹងធ្វើមោហោ ទោសោកំហល់ ពុំអាចទប់ទល់ នាធ្ងន់នាស្រាល។
ពួកមនុស្សដែលមានកិរិយាប្រព្រឹត្តមិនប្រសើរ គឺមានមារយាទអាក្រក់ សណ្ដាប់ធ្នាប់អាក្រក់ ប្រព្រឹត្តអាក្រក់ ចិត្តអាក្រក់ ទាំងនេះមកពីសន្ដានចិត្តអន្ធពាល ព្រោះពាលមានលក្ខណៈ ៣យ៉ាង គឺគិតអ្វីគិតតែពីសេចក្ដីអាក្រក់នេះ១ ធ្វើកិច្ចអ្វី ធ្វើតែកិច្ចអាក្រក់នេះ២ បើពោលវាចាអ្វីក៏ពោលតែវាចាអាក្រក់នេះ៣ ហេតុនេះហើយ បានជាលោកពោលថាមនុស្សពាលនោះ “ពុំដោយគន្លង នៃលោកណាយល់” គឺថាសុភាសិត ឯណាជាពុទ្ធភាសិតឬបុរាណភាសិត ដែលល្អប្រពៃ ហើយមាតាបិតាគ្រូអាចារ្យ លោកនាំយកមកទូន្មានប្រៀនប្រដៅកូននិងសិស្សឯណាដែលប្រព្រឹត្តអាក្រក់ កូននិងសិស្សនោះជាមនុស្សពាលមិនស្ដាប់ត្រាប់ត្រងយក ថែមទាំងសម្ដែងអាការក្រេវក្រោធចេញមកឱ្យឃើញដល់ចក្ខុមហាជនរាល់គ្នាទៀត ដូចន័យលោកពោលថា “សឹងធ្វើមោហោ ទោសោកំហល់ ពុំអាចទប់ទល់ នាធ្ងន់នាស្រាល” បានសេចក្ដីថាបុត្រនិងសិស្សនោះជាមនុស្សពាល លុះឮមាតាបិតាគ្រូអាចារ្យស្ដីប្រដៅឱ្យល្អ ក៏កើតបដិឃៈ ក្ដៅខ្នាញ់ ក្នុងហឫទ័យវត្ថុក្រេវក្រោធខឹងពុំអាចអត់សង្កត់ចិត្ត ឱ្យស្ងប់រម្ងាប់បានឡើយ ម្ល៉ោះហើយក៏ឆ្លើយតតបទៅកាន់លោកអ្នកដ៏មានគុណនោះវិញ ទោសនេះមកពីសិស្សនោះកូននោះ ជាមនុស្សពាលខ្លៅល្ងង់វង្វេង ញ៉ាំងសន្តានចិត្តឱ្យមានទោសមកជាលំដាប់ ហើយបញ្ជូនកំហឹងឱ្យពោលពាក្យមិនគប្បីមានប្រការផ្សេងៗ នេះមកពីមិនស្គាល់ធ្ងន់ស្រាល។
ហេតុនេះយើងទាំងឡាយ កុំគប្បីយកតម្រាប់ចរិតសិស្សឬកូនកំហល់ទាំងនោះជាតួយ៉ាងឡើយ ត្រូវចាំពាក្យចាស់១ម៉ាត់ទៀតថា “សិស្សប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ” នេះជាឱសថដ៏ប្រសើរ សម្រាប់កែទឹកចិត្តសិស្សនិងកូនដែលមោហោនោះ ឱ្យស្គាល់គុណ គ្រូអាចារ្យ មាតាបិតាដែលមានលើខ្លួន។
ទី ១៧- ប្រដៅក្ដីច្បាប់ សឹងថាពុំគាប់ ហេតុចិត្តអន្ធពាល ក្ដីច្បាប់ទម្ងន់ សឹងថាជាស្រាល ហេតុចិត្តអន្ធពាល ចង់តែសប្បាយ។
ពាក្យមួយបទនេះ មានទំនងថាធម្មតាគ្រូអាចារ្យរមែងតែងតែបង្រៀននូវក្បួនដែលមានខ្លឹមសារគម្ភីរភាពជ្រាលជ្រៅ សព្វគ្រប់ដើម្បីឱ្យសិស្សចេះដឹងនិងប្រព្រឹត្តប្រតិបត្តិតាម តែសិស្សខ្លះជាមនុស្សមានសន្ដានចិត្តជាអន្ធពាលទុរាចារ ប្រៀបបីដូចមនុស្សខ្វាក់ឬថ្លង់គ ឬអាប់ឥតប្រាជ្ញាពុំឈ្លាសវៃ ពុំយល់អត្ថន័យអត្ថរសប្រស្នា វាចាដែលគ្រូពោលប្រដៅពន្យល់នោះ ត្រឡប់ជាពុំគាប់ចិត្តខ្លួនវិញ ហើយលបតិះដៀលចាប់ទោសគ្រូថាគ្រូស្អប់ខ្លួន គ្រូកាចមិនមេត្តាករុណា។ល។ ព្រោះដោយហេតុពាក្យប្រដៅនោះ ពុំត្រូវចំណុចចិត្តខ្លួន ដែលជាមនុស្សពាលចង់តែសប្បាយ មានបំណងចង់សេពលេងល្បែងទាំងពួងជាដើម នឹងបានគ្នេរគ្នាន់ថាខុសគាប់យ៉ាងណាក៏ទេ នឹងបានដឹងថាបទនេះល្មើសខុសនឹងផ្លូវសុចរិតក៏ទេ ឬដឹងខ្លះដែរ តែទិដ្ឋិមានះ ថាការបន្តិចបន្តួច ជាកិច្ចកម្សាន្តសប្បាយប៉ុណ្ណោះនឹងទៅជាអ្វី បើខុសនឹងច្បាប់ ក៏ពុំធ្ងន់ប៉ុន្មានទេក៏ធ្វើរំលោភបំពានទៅ មនុស្សប្រមាទបែបនេះ ច្រើនតែភ្លាត់ចំណាប់ពុំសូវខាន ព្រោះដោយចិត្តអន្ធពាល ពុំប្រព្រឹត្តតាមដំបូន្មានគ្រូអាចារ្យប្រៀនប្រដៅ ប្រយោជន៍ឱ្យខ្លួនបានសេចក្ដីល្អសុចរិតនោះឡើយ។
សិស្សដែលរបឹងរឹងរូសយ៉ាងនេះ តើមកពីហេតុអ្វី? លោកប្រាប់ទោសថា ព្រោះ
ពុំដឹងដើមគ្រូ បង្កើតអព្ភិរូ ប្រដូចនូវម្ដាយ ភ្លឺពីមនុស្សលោក រួចដល់សួគ៌នាយ ចៀសចតុរាបាយ នរកទាំងបួន។
បានសេចក្ដីថា សិស្សដែលជាពាលនោះ មកពីពុំដឹងហេតុ បំណងរបស់គ្រូអាចារ្យ ដែលលោកមានប្រាថ្នា ចង់ឱ្យសិស្សានុសិស្ស បាននូវប្រយោជន៍ យ៉ាងខ្ពស់ក្រៃលែងដល់ខ្លួន គឺលោកបំភ្លឺពីផ្លូវ ច្បាប់ខាងអាណាចក្រ ដើម្បីឱ្យសិស្សនោះបានសេចក្ដីថ្កើងរុងរឿងឧត្តុង្គឧត្ដមក្នុងលោកិយនេះ ១ ឱ្យភ្លឺក្នុងផ្លូវពុទ្ធសាសនា ដើម្បីយកមគ្គផល ឱ្យរួចចាកចតុរាបាយ នរកទាំងបួន ឰដ៏បរលោកនាយនេះ ២ ហេតុនេះបានជាលោកទុកគ្រូអាចារ្យ “ប្រដូចនូវម្ដាយ” ព្រោះម្ដាយបង្កើតរូបកាយ ឧបត្ថម្ភចិញ្ចឹមបីបាច់រក្សា ឯចំណែកគ្រូអាចារ្យ ជួយឧបត្ថម្ភ ទំនុកបម្រុង ក្នុងកិច្ចបង្ហាត់បង្រៀន ឱ្យកើតចំណេះវិជ្ជាផ្សេងៗ បានជាលោកប្រៀបដូចមាតា។
មួយវិញទៀត បើសិស្សឯណា មានប្រាជ្ញាអាចយល់នូវគុណជាតិ នៃភាសិតាចារ្យទាំងនេះបានប្រាកដហើយ នោះគប្បីកាន់ដោយមាំមួន នូវភាសិតដែលជាមធុរស ដូចមានតទៅនេះ។
នាបីហោគ្រូ កុំធ្វើមូទូ ចិត្តនោះឱ្យស្ងួន កុំធ្វើតម្កើង ចង់ធំតែខ្លួន ក្រែងបាបមកចួន នៅនាលោកិយ។
លោកថា បើសិស្សណា បានយល់ភ្លឺនូវគុណូបការៈរបស់គ្រូ ហើយគួរគោរពប្រណិប័តន៍ មិនត្រូវតម្កើងឫកពាក្រអឺតឆ្មើងឆ្មៃឃើញគ្រូហើយធ្វើឫកកញ្ចប់កញ្ចូវដាក់គ្រូឡើយ។
ទុកណាជាខ្លួន មានយសសក្ដិធំជាងក្ដី មានសម្បត្តិទ្រព្យច្រើនជាងក្ដី ត្រូវតែធ្វើចិត្តឱ្យស្ងួន ដាក់ខ្លួនឱ្យទាបជាងគ្រូ កោតខ្លាចដោយគោរពស្មោះត្រង់កុំគប្បីភ្លេច បើសិស្សណាមិនគោរពគ្រូ លោកពោលថា “ក្រែងបាបមកចួន នៅនាលោកិយ” បានសេចក្ដីថា បណ្ដាសិស្សណា ពុំដឹងគុណគ្រូ ពុំគោរពគ្រូ អ្នកនៅនឹងបានបាបគឺសេចក្ដីអាក្រក់ ដល់ខ្លួនថាជាមនុស្សអកតញ្ញូ ក្នុងនាលោកិយនេះពុំខាន។
ទី ១៩- រីគ្រូបាធ្យាយ អាចឱ្យពណ្ណរាយ មានរូបស្មើ ហើយឱ្យរុងរឿង អស់បញ្ចិន្ទ្រិយ ស្មើព្រះជននី ជនកសោតហោង។
សេចក្ដីនេះ ប្រៀបបីដូចពេទ្យ ដែលពូកែចំណានខាងរក្សារោគភ្នែក ទោះបីភ្នែកនោះឈឺចាប់ដោត រងទុក្ខវេទនា អាប់ស្រវាំងមើលអ្វីពុំច្បាស់ លុះពេទ្យប្រកបថ្នាំដាក់ភ្នែកឱ្យ ភ្នែកនោះក៏ជាស្រឡះ ភ្លឺច្បាស់ឡើងល្អ ជាធម្មតាវិញ នេះមានឧបមាយ៉ាងណា ?
សមគ្នានឹងអ្នករៀនវិជ្ជា កាលដើមហាក់ដូចជាមនុស្សខ្វាក់ គ្រូអាចារ្យ ដូចពេទ្យហ្ម គ្រូបង្ហាត់បង្ហាញសិស្ស នូវសិល្បសាស្ត្រផ្សេងៗ សិស្សដែលខំសង្វាតរៀនសូត្រ ចាំរ៉ាប់រងទទួលយកចំណេះពីគ្រូនោះយូរទៅសឹងមានប្រាជ្ញាឈ្លាសវៃ ភ្លឺសេចក្ដីគ្រប់ជំពូក ស្រេចបរិបូណ៌ហើយ លោកជូនឱ្យចេញប្រឡង បើជាប់លេខមានសញ្ញាបត្រ ទើបសន្មតហៅថាជាអ្នកមានវិជ្ជាដ៏ប្រសើរ រាជការផែនដី ក៏យកទៅប្រើតាំងឱ្យរុងរឿង មានយសសក្ដិប្រាក់ខែជារង្វាន់ ហេតុនេះហើយដែលគ្រូអាចារ្យ ធ្វើឱ្យសិស្សបានថ្កុំថ្កើង បានជាពោលទុកថា “ស្មើព្រះជននី ជនកសោតហោង”។
ឯឧបការគុណរបស់មាតាបិតានោះ លោកសម្ដែងថា ៖
ព្រះជនកសោតណា បង្កើតអាត្មា ឱ្យមានសរិលផង រក្សាពីតូច មិនឱ្យមានហ្មង អស់សុខទុក្ខផង ពុំដែលនឹងឆ្អន់។
សេចក្ដីថា អាពុកម្ដាយបង្កើតយើងមក លោកចិញ្ចឹមយើង បីបាច់រក្សាល្អណាស់ មានបំបៅដោះផ្ងូតទឹកបញ្ចុកបាយជាដើម លុះដល់ធំឡើង លោកនៅតែគ្រប់គ្រងរក្សា តែងតែទទួលទុក្ខសុខ របស់បុត្រធីតាពុំដែលធុញទ្រាន់ឡើយ ថាបើកូនឈឺចាប់ ឬមានទុក្ខដូចម្ដេចៗក្ដី ឬមួយទៅប្រព្រឹត្តទុច្ចរិតល្មើសនឹងច្បាប់ ត្រូវមានទុក្ខទោសដូចម្ដេចៗក្ដី នោះចិត្តមាតាបិតា ក៏រមែងព្រួយផងពុំមានភ្លេច មានខ្លះសង្គ្រោះរហូតជួយសងបំណុលជួស ខ្លះឱ្យសម្បត្តិទ្រព្យទៅកូនដែលក្រលំបាក យកទៅលក់ចាយចិញ្ចឹមជីវិតក៏មាន។ល។ ទាំងនេះក៏មកតែមាតាបិតាលោកមានសេចក្ដីមេត្តាករុណា ដល់បុត្រធីតានោះ។
រួមសេចក្ដីទៅឃើញថា មាតាបិតានិងគ្រូអាចារ្យនេះជាទុល្លភជនរបស់បុត្រនិងសិស្ស ដូចន័យអធិប្បាយមកនេះ។
ទី ១៩- ព្រះជនកព្រះជននី បើនឹងស្រដី ប្រសើរពេកពន់ ថាភ្នំព្រះសុមេរុ នោះហោងមហាធ្ងន់ ថាបើនឹងគណន៍ ពុំអាចកន្លង។
បើនឹងពណ៌នា សរសើរពីគុណមាតាបិតា ដែលមានលើកូនប្រុសស្រីទាំងឡាយ សឹងឃើញថាជាច្រើនក្រៃពេកឥតវត្ថុអ្វីនឹងលើកយកមកប្រៀបធៀបឱ្យស្មើនោះពុំបានឡើយ ប្រសើរក្រៃពេកណាស់ ទើបលោកប្រៀបថា ភ្នំព្រះសុមេរុ ជាបព្វតរាជធំឥតឧបមា ខ្ពស់ហួសប្រមាណ លើសលែងបព្វតាទាំងពួង ក្នុងទ្វីបទាំងបួននេះ ថាបើនឹងគ្នេរទៅឯទម្ងន់ទៀត លោកថា “នោះហោងមហាធ្ងន់” ធ្ងន់ពន់ពេកហួសប្រមាណ “បើថានឹងគណន៍ ពុំអាចកន្លង” លោកថាបើនឹង ថ្លឹងយកទម្ងន់វិញ ពុំអាចនឹងរាប់ដោយវិធីសំខ្យាថាប៉ុណ្ណេះៗពុំបាន។ បើនឹងលើកយកទំហំ កម្ពស់ និងទម្ងន់ភ្នំព្រះសុមេរុរាជ មកផ្ទឹមនឹងទំហំ កម្ពស់ ទម្ងន់គុណមាតាបិតា ដែលមានគុណលើបុត្រធីតា នោះឃើញថាពុំអាចនឹងរំលងកន្លងកើនហួសឬពុំស្មើបានឡើយ ដូច្នេះហើយ យើងជាបុត្រធីតាកុំគប្បីភ្លេចគុណមាតាបិតារបស់យើងគ្រប់រូប ដែលមានព្រះគុណធ្ងន់ជាងភ្នំព្រះសុមេរុនោះឡើយ។
មិនតែគុណមាតាបិតាប៉ុណ្ណោះទេ លោកប្រាប់តទៅទៀតថា ៖
រីគ្រូបាធ្យាយ ប្រដូចនូវម្ដាយ អាពុកឯងហោង អាចឱ្យក្ដីច្បាប់ ប្រដៅធម៌ផង ដោយនូវកន្លង ព្រះពុទ្ធទាំងឡាយ។
បានសេចក្ដីថា បណ្ដាបុព្វាចារ្យរបស់យើង មិនតែអាពុកម្ដាយប៉ុណ្ណោះទេ លោករាប់យកគ្រូបាធ្យាយបញ្ចូលចូលមកទៀត ជាបុគ្គលដែលមានគុណលើយើង ដែលសិស្សានុសិស្សទុកស្មើនឹងអាពុកម្ដាយយើង ដូចបានអធិប្បាយយើងទៀតថា “អាចឱ្យក្ដីច្បាប់ធម៌ផង ដោយនូវគន្លង ព្រះពុទ្ធទាំងឡាយ” ជាគ្រូបាធ្យាយប្រដៅយើងជាសិស្សឱ្យដឹងច្បាប់ទម្លាប់ជាគតិលោក ហើយប្រដៅនូវធម៌ តាមដោយគន្លង ដែលព្រះបរមគ្រូសព្វញ្ញូពុទ្ធ ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកមកជាច្បាប់សម្រាប់ឱ្យពួកពុទ្ធបរិសទ្យបដិបត្តិតាម ដើម្បីជាប្រយោជន៍ ដឹកនាំសិស្សឱ្យបានជាមនុស្សល្អក្នុងលោកនេះប្រការ ១ ឱ្យរួចចាកទុក្ខ ក្នុងជាតិនេះនិងជាតិក្រោយនេះប្រើការ ១។
គ្រូបាធ្យាយមានគុណវិសេសយ៉ាងនេះ បានជាលោកលើកយកមកតាំងទុកដូចមាតាបិតារបស់យើង។
ទី ២០- នរូអ្នកណា ទោះមានប្រាជ្ញា ឱ្យគិតរែងឆ្ងាយ គុណនោះទាំងបី ហៅមហាទូលាយ កុំឱ្យអន្តរាយ ក្ដីពីព្យាយាម។
អ្នកទាំងឡាយ កាលណាបើមានវិជ្ជា ចេះច្បាប់សម្រាប់រក្សាខ្លួនបានហើយ ទាំងខាងអាណា-ចក្រនិងពុទ្ធចក្រ សតិបញ្ញាក៏ល្មមមានគ្រប់គ្រាន់ប្រើប្រាស់បានតាមសតិកម្លាំង នោះត្រូវឱ្យមានយោបល់ យល់គំនិតអំពីគុណលោកអ្នកមានគុណ ឱ្យមាំមួនកុំធ្វេសប្រហែស បានជាលោកប្រដៅចារិកទុកថា “នរូអ្នកណា ទោះមានប្រាជ្ញា ឱ្យគិតវែងឆ្ងាយ” បានសេចក្ដីថា ធម្មតាបណ្ឌិតជាតិ លោករមែងគិតពីអ្នកមានឧបការគុណពុំភ្លេច ព្រោះលោកប្រកបដោយសេចក្ដីជាអ្នកមានកតញ្ញូ។ ចុះចំណែកយើងជាកូននិងមាតាបិតា ជាសិស្សនិងគ្រូអាចារ្យ តើត្រូវធ្វើដូចម្ដេច? ទើបហៅថា ជាអ្នកមិនភ្លេចគុណ ដូច្នេះលោកវិនិច្ឆ័យប្រាប់ជាបញ្ហាថា “គុណនេះទាំងបី ហៅមហាទូលាយ” គឺលោកជាមាតាបិតានិងគ្រូអាចារ្យ ទាំងបីនេះ លោកមានឧបការគុណ លើសលន់ពន់ពេកជាអនេកប្បការ លើកូននិងសិស្ស គុណទាំងនោះធ្ងន់ក្រៃលែងលើសទម្ងន់ភ្នំព្រះសុមេរុរាជទៅទៀត ដូច្នេះឯងហើយ ទើបលោកទូន្មានយើងថា “កុំឱ្យអន្តរាយ ក្ដីពីព្យាយាម” ថាកុំឱ្យភ្លេច គុណនោះឱ្យសោះ ត្រូវឱ្យចាំជាប់ក្នុងចិត្ត ថាមាតាបិតាគ្រូអាចារ្យរបស់យើងនេះ លោកមានគុណនឿយហត់បីបាច់ចិញ្ចឹមរក្សាយើង បង្ហាត់បង្ហាញចំណេះវិជ្ជាផ្សេងៗ ឱ្យយើងចេះដឹង បើរឭកឃើញដូច្នេះហើយត្រូវមានព្យាយាម ធ្វើវត្តបដិបត្តិកុំឱ្យដាច់ មានគោរពក្រាបឃើញសំពះជាដើម បើនឹងពោលឱ្យពិស្ដារបន្តិច ថាយើងត្រូវធ្វើបដិភារៈផ្គត់ផ្គង់នូវភោជនាហារព្រមទាំងសំពត់អាវសាវស្បៃផង បើលោកមានជំងឺរោគាមកបៀតបៀន យើងជាកូនត្រូវរកពេទ្យហ្មមកដាក់ថ្នាំទ្រាំជំងឺ ដូចកាលលោកថែទាំយើងពីតូចមក។
មួយទៀតព្រះរតនគុណគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ដែលលោកជាអ្នកបំភ្លឺពន្យល់ផ្លូវយើង ទៅកាន់សេចក្ដីសុខ។
ព្រះពុទ្ធលោកជាអគ្គបុគ្គល លោកឆ្ងាយចាកកិលេស ត្រាស់ដឹងឯងប្រពៃ ហើយទ្រង់ជ្រាបនូវធម៌ដែលកំបាំង ដោយអំណាចសីល សមាធិ បញ្ញាដ៏បរិសុទ្ធរបស់ព្រះអង្គ ទើបទ្រង់ព្រះនាមថាព្រះសម្មាសម្ពុទ្ធ។
ព្រះធម៌ គឺព្រះពុទ្ធវចនៈ ដែលព្រះពុទ្ធទ្រង់ត្រាស់ទូន្មានសត្វលោកដើម្បីដឹកនាំឱ្យរួចចាកអកុសលកម្ម ដោយព្រះមហាករុណា ប្រោសចម្លងសត្វឱ្យរួចចាកទុក្ខវេទនា។
ព្រះសង្ឃ ជាសាវកព្រះដ៏មានព្រះភាគ លោកបដិបត្តិប្រពៃហើយ ជាបុញ្ញក្ខេត្តដ៏ឧត្ដម របស់សត្វលោក។
ដូច្នេះ យើងត្រូវការគុណទាំងបីនេះទៀត ជាបុញ្ញរាសីរបស់យើង ដូចពោលខាងក្រោយនេះតទៅទៀតថា។
រីបុណ្យនិងបាប អំពើសុភាព នោះវាតែងតាម ប្រដូចស្រមោល អន្ទោលតាមប្រាណ ពុំដែលចៀសបាន ត្រង់ក្ដីសល់វ៉ល់។
ថាបើយើងពុំភ្លេចគុណលោកទាំងនេះទេ យើងនឹងបានបុណ្យ គឺសេចក្ដីសុខចម្រើនយសសក្ដិ នូវភោគសម្ប័ទ ដោយអំណាចផលបុណ្យកតញ្ញូនោះ តែបើយើងប្រមាទធ្វេសប្រហែស បំភ្លេចបំបាត់គុណទាំងនោះចោលអស់ហើយ យើងនឹងបានបាប គឺសេចក្ដីរងទុក្ខវេទនា ក្រលំបាកតោកយ៉ាករហេមរហាម។
ឯផលបុណ្យនិងបាបទាំងពីរនេះ លោកប្រៀបដូចស្រមោលនៃរូបយើង រមែងតែជាប់ដិតនឹងខ្លួនយើងពុំដែលឃ្លាត ឯយើងសោតក៏ពុំអាចនឹងចៀសឱ្យផុតបាន បើយើងធ្វើអំពើល្អ បុណ្យគង់កើតមានដល់យើង បើយើងធ្វើនូវអំពើអាក្រក់ បាបក៏គង់មានដល់យើង យ៉ាងនេះត្រូវប្រព្រឹត្តតាមច្បាប់ក្រមនេះឱ្យបរិបូណ៌។
ទី ២១– ឱ្យគិតជញ្ជឹង ហើយឱ្យរំពឹង ប្រាជ្ញាឱ្យយល់ ឱ្យមានវីរិយំ សច្ចំកុសល កុំធ្វើសល់វ៉ល់ នឹងក្ដីទុក្ខសោក។
អធិប្បាយថា ធម្មតាជាមនុស្សនេះ ឱ្យយកប្រាជ្ញាត្រិះរិះពិចារណារវាំង ឱ្យមានជាប់ក្នុងខន្ធសន្ដាន គឺឱ្យខំប្រឹងព្យាយាមកសាងកុសល កាន់ទៀងត្រង់សុចរិតធម៌ មានរក្សាសីល ៥ ចាំសីល ៨ ចម្រើនមេត្តាភាវនាកុំឱ្យដាច់ “កុំធ្វើសល់វ៉ល់ នឹងក្ដីទុក្ខសោក” គឺលោកឱ្យលះបង់អំពើទោស និងទុក្ខនិងសោកចោលចេញ កុំឱ្យមាននៅក្នុងសន្ដានចិត្ត ព្រោះសេចក្ដីសោកស្រណោះនេះ ឥតអំពើទេ ហើយជាមន្ទិល នាំឱ្យសត្វវិលវល់ក្នុងវដ្តសង្សារ ត្រូវឱ្យជឿថាជីវិតមិនទៀង រូបមិនទៀង រូបនេះមិនមែនជារបស់យើង។ល។ បើអ្នកឯណាប្រដៅចិត្ត ឱ្យចុះកាន់គន្លងធម៌បានដូច្នេះហើយ ព្រះពុទ្ធជាម្ចាស់ទ្រង់ត្រាស់សរសើរដូចមានន័យតទៅនេះ។
នរូអ្នកណា នឹងនាំអាត្មា ឧស្សាហ៍អធ្យោគ ស្វែងធម៌ជាផ្លូវ ទៅកាន់បរលោក ចូលមហាបាដិមោក្ខ គឺនិព្វានហោង។
អធិប្បាយថា បើបុគ្គលឯណាខំប្រឹងប្រែង ធ្វើចិត្តឱ្យល្អស្អាត សង្វាតកោសរូសកិលេស មានលោភៈ ទោសៈ មោហៈ ជាដើម ដែលជាគ្រឿងសៅហ្មងចិត្ត ឱ្យស្ដើងរលីងអស់ទៅនេះហៅ “ស្វែងធម៌ជាផ្លូវទៅកាន់បរលោក” នឹងបាននាំខ្លួន ឱ្យបានសេចក្ដីសុខ ទៅលោកខាងមុខ “ចូលមហាបាដិមោក្ខ គឺនិព្វានហោង” លុះបានឃើញច្បាស់ នូវអរិយសច្ចធម៌ទាំង ៤ តាមពិតហើយក៏កើតសេចក្ដីនឿយណាយក្នុងខន្ធទាំង ៥ ហើយដំណើរទៅតាមផ្លូវធំ គឺព្រះអដ្ឋង្គិមគ្គជាផ្លូវត្រង់ ចូលទៅកាន់ស្ថានព្រះបរមនិព្វាន ជាឯកន្តសុខនោះឯងហោង។
ចប់ច្បាប់ក្រមបរិយាយប៉ុណ្ណោះហោង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤