ឃុនបណ្ណានុរក្ស ប៊ូ- ប៉ូ រៀបរៀង
“ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ[១]“
សេចក្ដីចេះដឹងសិល្បសាស្ត្រមន្តវិជ្ជាការគ្រប់យ៉ាង មានចេះអក្សរនិងលេខជាដើម ហៅថាប្រាជ្ញាៗនេះកើតមានឡើងដោយសារតែបានរៀនសូត្រអំពីសម្នាក់គ្រូអាចារ្យ។
សេចក្ដីសុខ សេចក្ដីចម្រើន យសសក្ដិ សម្បត្តិទ្រព្យនិងផលប្រយោជន៍ទាំងអស់ក្នុងលោកនេះ ហៅថាបុណ្យ ៗនេះកើតឡើងដោយសារតែមានសេចក្ដីព្យាយាមខំរៀនសូត្រឬខំធ្វើការរកស៊ី នឹងបានកាន់ច្បាប់ទម្លាប់ស្ដាប់ដំបូន្មានមាតាបិតាគ្រូអាចារ្យ មិនហ៊ានប្រព្រឹត្តកន្លង។
ការប្រព្រឹត្ត កាន់ ធ្វើតាម ហៅថា ប្រតិបត្តិ។ មនុស្សដែលបានសម្រេចផលប្រយោជន៍ គឺមានប្រាជ្ញាឬមានបុណ្យសក្ដិកើតដោយប្រតិបត្តិនោះ ដូចជាមាន ៖
រឿងគ្រូពេទ្យជីវកកោមារភត្យ[២]
ក្រុងវេសាលីជាក្រុងស្ដុកស្ដម្ភធំទូលាយ មានមនុស្សកុះករច្រើនមីរដេរដាស មានអាហារចំណីក៏សម្បូណ៌ មានប្រាសាទ ៧,៧០៧ មានផ្ទះកំពូល ៧,៧០៧ មានសួនច្បារ ៧,៧០៧ មានស្រះបោក្ខរណី ៧,៧០៧ ស្រីផ្កាមាសម្នាក់ឈ្មោះនាងអម្ពបាលី មានរូបល្អគួរពិតពិលរមិលគួរឱ្យស្រឡាញ់ត្រូវចិត្តមនុស្សពន់ពេក ជាស្រីប្រសប់លេងល្បែងរាំច្រៀងដេញដំប្រគំ ពួកមនុស្សជាច្រើននាក់តែងនាំគ្នាចូលទៅរកនាងនោះៗ ក្នុង១យប់យកថ្លៃ ៥០ រៀល ក្រុងវេសាលីសឹងបានថ្កុំថ្កើងរុងរឿងដោយសារតែនាងអម្ពបាលីនេះឯង។
គ្រានោះ មានពួកកុដុម្ពីនៅក្រុងរាជគ្រឹះបានទៅឯក្រុងវេសាលី ដោយមានកិច្ចណាមួយ បានសង្កេតមើលការរចនាបែបភាពលម្អរបស់ក្រុងវេសាលីសព្វគ្រប់ហើយ បានទាំងឃើញនាងអម្ពបាលីនោះផង លុះមើលឃើញសព្វគ្រប់ស្រេចហើយក៏ត្រឡប់មកក្រុងរាជគ្រិះវិញ បានចូលទៅគាល់ព្រះបាទពិម្ពិសារ ក្រាបបង្គំទូលអំពីការរចនាបែបភាពលម្អរបស់ក្រុងវេសាលីទាំងអស់តាមដែលខ្លួនបានឃើញ ហើយក្រាបបង្គំទូលសូមអនុញ្ញាតតាំងស្រីផ្កាមាសម្នាក់ក្នុងក្រុងរាជគ្រឹះផង កាលស្ដេចទ្រង់អនុញ្ញាតហើយ ពួកកុដុម្ពីក៏បានតាំងនាងកុមារីម្នាក់ឈ្មោះ សាលវតី មានរូបល្អគួរឱ្យចង់មើល គួរស្រឡាញ់ មានសម្បុរល្អ ត្រូវចិត្តមហាជនពន់ពេកឱ្យធ្វើជាស្រីផ្កាមាស នាងនេះប្រសប់លេងល្បែងរាំច្រៀងដេញដំប្រគំ មានប្រុសៗស្រឡាញ់ចូលចិត្តទៅរកនាងជាច្រើន នាងនេះក្នុង ១ យប់យកថ្លៃ ១០០ រៀល។
នាងសាលវតីធ្វើជាស្រីផ្កាមាសមិនយូរប៉ុន្មានក៏មានគភ៌ ទើបនាងរិះគិតថា ធម្មតាស្រីតែមានគភ៌ហើយ ប្រុសៗមិនសូវពេញចិត្តឡើយ ប្រសិនបើគេដឹងថាអញមានគភ៌ មុខជាអញលែងបានប្រាក់មាសហើយ បើដូច្នោះមានតែអញប្រាប់គេថា ខ្លួនអញឈឺ គិតហើយក៏ផ្ដាំនាយទ្វារថា នែនាយទ្វារ អ្នកឯងត្រូវហាមកុំឱ្យប្រុសណាមួយចូលមករកខ្ញុំឡើយ បើមាននរណាមកសួររកខ្ញុំ ត្រូវតែអ្នកឯងប្រាប់ថា នាងសាលវតីឈឺទៅហើយ។ លុះដល់នាងសាលវតីមានគភ៌គ្រប់ខែហើយក៏សម្រាលកូនប្រុស ១ មក នាងបង្គាប់ឱ្យខ្ញុំស្រីដាក់ទារកក្នុងចង្អេរចាស់ហើយឱ្យយកទៅដាក់ចោលលើគំនរសំរាម ចួនជាពេលនោះ ព្រះអភយរាជកុមារចេញទៅគាល់ស្ដេចពីព្រលឹម បានក្រឡេកមើលទៅឃើញទារកនៅលើគំនរសំរាមមានសត្វក្អែកចោមរោមជុំវិញ ក៏ប្រើមនុស្សឱ្យរើសយកទារកទៅក្នុងវាំងប្រគល់ឱ្យមេដោះចិញ្ចឹម ហើយសន្មតឱ្យឈ្មោះថា ជីវក ដោយហេតុទារកនោះនៅរស់ ក្រោយមកទៀតឱ្យឈ្មោះថា កោមារភត្យ ដោយហេតុទារកនោះអភយរាជកុមារបានរើសយកមកចិញ្ចឹមរក្សា រួមឈ្មោះទាំងមុនទាំងក្រោយហៅភ្ជាប់គ្នាថា ជីវកកោមារភត្យ។ កាលចម្រើនធំឡើងបានដឹងក្ដីហើយ ក៏ចូលទៅគាល់អភយរាជកុមារ ក្រាបទូលសួរថា បពិត្រព្រះសម្មតិទេព ស្រីណាជាមាតារបស់ខ្ញុំ ប្រុសណាជាបិតារបស់ខ្ញុំ អភយរាជកុមារត្រាស់ប្រាប់ថា ហៃបាជីវកអើយ ទុកជាខ្លួនអញក៏មិនស្គាល់ម្ដាយអាពុកបាឯងដែរ ប៉ុន្តែខ្លួនអញទុកដូចជាអាពុកបាឯងចុះ ព្រោះអញរើសយកឯងពីគំនរសំរាមមកចិញ្ចឹមរក្សា ជីវកកោមារភត្យឮដូច្នោះគិតថា ពួករាជត្រកូលនេះតែគ្មានសិល្បសាស្ត្រហើយ មិនងាយនឹងចិញ្ចឹមជីវិតបានស្រួលទេ បើដូច្នោះមានតែអញរករៀនសិល្បសាស្ត្រ លុះគិតហើយក៏លបចេញពីសម្នាក់អភយរាជកុមារ ដើរសំដៅទៅឯក្រុងតក្កសិលាបានចូលទៅសុំរៀនក្នុងសម្នាក់អាចារ្យទិសាបាមោក្ខ[៣] ផ្នែកខាងវិជ្ជាពេទ្យ រៀនសិល្បសាស្ត្រចេះចាំបានច្រើនឆាប់រហ័សណាស់ឥតភ្លេចភ្លាំងទៅវិញឡើយ។
ជីវកកោមាភរត្យនៅរៀនវិជ្ជាពេទ្យបានចំនួន ៧ ឆ្នាំក៏នឹកឆ្ងល់ថា អញរៀនក្បួនពេទ្យនេះចំនួន ៧ ឆ្នាំមកហើយ មិនដឹងជាកាលណានឹងរៀនចប់ឡើយ ទើបចូលទៅជម្រាបសួរគ្រូថា បពិត្រលោក អាចារ្យ កាលណាខ្ញុំនឹងរៀនវិជ្ជាពេទ្យនេះចប់ អាចារ្យទិសាបាមោក្ខប្រាប់ថា នៃជីវក បើអ្នកឯងសង្ស័យដូច្នោះ ចូរអ្នកកាន់ចបជីកដើរចេញទៅចម្ងាយ ១យោជន៍ ជុំវិញក្រុងតក្កសិលាហើយគន់រកមើលស្មៅឬឈើណាដែលធ្វើជាថ្នាំមិនកើត ចូរអ្នកយកស្មៅឬឈើនោះមកបង្ហាញខ្ញុំ ជីវកកោមារភត្យកាន់ចបជីកដើរទៅតាមបង្គាប់អាចារ្យ ឥតឃើញមានស្មៅឬឈើណាដែលធ្វើជាថ្នាំមិនកើតឡើយ ឃើញសុទ្ធតែធ្វើថ្នាំបានទាំងអស់ឥតសល់ ទើបវិលចូលមកជម្រាបអាចារ្យវិញ អាចារ្យប្រាប់ថា នែជីវក វិជ្ជាពេទ្យយើងបានបង្រៀនអ្នកចប់សព្វគ្រប់អស់ហើយ ចំណេះរបស់អ្នកឯងប៉ុណ្ណេះល្មមនឹងចិញ្ចឹមជីវិតបានហើយ ចូរអ្នកវិលទៅនៅស្រុកវិញចុះ ថាហើយក៏ឱ្យស្បៀងបន្តិចបន្តួចនឹងអាស្រ័យតាមផ្លូវ ជីវកកោមារភត្យទទួលយកស្បៀងហើយ សំពះលាអាចារ្យចេញពីនគរតក្កសិលា ដើរសំដៅទៅក្រុងរាជគ្រឹះ លុះដើរទៅដល់ពាក់កណ្ដាលជិតនឹងក្រុងសាកេតក៏អស់ស្បៀងរលីង ទើបជីវកកោមារភត្យគិតថា ផ្លូវអស់ទាំងនេះជាផ្លូវដាច់ស្រយាល ក្របាយទឹកចំណីអាហារណាស់ នរណាឥតស្បៀងអាហារដើរទៅផ្លូវនេះមិនរួចទេ បើដូច្នោះមានតែអញស្វែងរកស្បៀងឱ្យបានសិនរួចសឹមទៅ។
គ្រានោះក្នុងក្រុងសាកេតមានភរិយាសេដ្ឋីម្នាក់កើតរោគឈឺក្បាល៧ឆ្នាំមកហើយ ពួកគ្រូពេទ្យយ៉ាងធំៗ ច្រើននាក់នាំគ្នាមកព្យាបាលរោគនោះមិនជា យកតែរង្វាន់អស់ជាច្រើន ជីវកកាមារភត្យបានដឹងដំណឹងនោះហើយក៏ចូលទៅឯលំនៅសេដ្ឋី ប្រើនាយទ្វារឱ្យចូលទៅជម្រាបភរិយាសេដ្ឋីៗសួរថាគ្រូពេទ្យនោះតើក្មេងឬចាស់ នាយទ្វារជម្រាបថា បពិត្រអ្នកម្ចាស់ គ្រូពេទ្យនោះនៅក្មេងទេ ភរិយាសេដ្ឋីឆ្លើយថា ណ្ហើយកុំនាយទ្វារ បើគ្រូពេទ្យនៅក្មេងម្ល៉េះធ្វើម្ដេចនឹងមើលរោគអញជា ដ្បិតមានគ្រូពេទ្យយ៉ាងធំៗច្រើននាក់មកមើលមិនជាទៅហើយ យកតែរង្វាន់អស់ជាច្រើន នាយទ្វារចេញទៅប្រាប់ជីវកកោមារភត្យវិញតាមពាក្យភរិយាសេដ្ឋីគ្រប់ប្រការ ជីវកកោមារភត្យប្រើនាយទ្វារឱ្យទៅជម្រាបម្ដងទៀតថា អ្នកម្ចាស់កុំអាលឱ្យវត្ថុអ្វីៗមុនឡើយ ចាំអ្នកម្ចាស់ជារោគពេលណាបើចង់ឱ្យរបស់អ្វីក៏ឱ្យពេលនោះចុះ នាយទ្វារចូលទៅជម្រាបភរិយាសេដ្ឋីៗក៏ព្រមបើកឱ្យចូលទៅ លុះជីវកកោមារភត្យ ចូលទៅដល់ហើយក៏សង្កេតមើលអាការរោគបានស្គាល់ច្បាស់ ទើបសុំទឹកដោះរាវអំពីភរិយាសេដ្ឋី ១ទូកដៃយកមកស្លលាយនឹងថ្នាំច្រើនមុខទៀត ឱ្យភរិយាសេដ្ឋីដេកផ្ងារលើគ្រែហើយក៏បញ្ច្រកថ្នាំនោះៗ ក៏ខ្ពុរចេញពីមាត់មកវិញ ភរិយាសេដ្ឋីខ្ជាក់ថ្នាំនោះទៅក្នុងកន្ថោរ ហើយប្រើខ្ញុំស្រីឱ្យយកសម្លីមកផ្តិតយកទឹកដោះរាវទុក ជីវកកោមារភត្យបានឃើញដូច្នោះគិតថា យីអើ អស្ចារ្យអ្វីម្ល៉េះ ស្រីមេផ្ទះនេះគម្រក់ណាស់តើ មិនសមបើហ៊ានប្រើខ្ញុំស្រីផ្ដិតយកទឹកដោះរាវនេះទុកសោះ ឯទឹកដោះនេះសមតែចាក់ចោលទៅវិញទេ ១ ទៀតអញប្រើថ្នាំថ្លៃៗ អស់ជាច្រើនទៅហើយ ស្រីនេះនឹងឱ្យរង្វាន់តែបន្តិចបន្តួចដល់អញម្ដេចបាន ឯភរិយាសេដ្ឋីស្គាល់អាការទឹកមុខជីវកកោមារភត្យ ប្រែប្លែកដូច្នោះក៏ប្រាប់ថា នែលោកគ្រូពេទ្យ យើងជាស្រីគ្រប់គ្រងផ្ទះ ត្រូវតែចេះសំចៃទឹកដោះរាវនេះទុក ដ្បិតទឹកដោះរាវនេះនឹងធ្វើជាថ្នាំលាបជើងពួកទាសកម្មករក៏បាន និងចាក់ចង្កៀងអុជក៏បាន លោកកុំតូចចិត្តឡើយ រង្វាន់របស់លោកមុខជាមិនខូចខាតទេ ជីវកកោមារភត្យបញ្ច្រកថ្នាំភរិយាសេដ្ឋីតែម្ដងប៉ុណ្ណោះ ក៏សះជារោគឈឺក្បាលស្រឡះភ្លាម ទើបភរិយាសេដ្ឋីឱ្យរង្វាន់ ៤ពាន់រៀល កូនប្រុសនិងកូនប្រសាស្រីបានដឹងថាម្ដាយខ្លួនជាជំងឺហើយ ក៏ឱ្យរង្វាន់៤ពាន់រៀលម្នាក់ៗទៀត ឯសេដ្ឋីជាស្វាមីក៏បានឱ្យរង្វាន់៤ពាន់រៀលផងឱ្យខ្ញុំប្រុសខ្ញុំស្រីនិងរថទឹមសេះថែមទៀតផង រួចទឹកប្រាក់ទាំងអស់បាន ១៦ពាន់រៀល ជីវកកោមារភត្យទទួលយករង្វាន់ទាំងអស់ចេញទៅឯក្រុងរាជគ្រឹះ លុះដល់ក្រុងរាជគ្រឹះហើយបានចូលទៅគាល់អភយរាជាកុមារក្រាបទូលថា សូមទ្រង់មេត្តាប្រោស រង្វាន់ទាំងអស់នេះជាស្នាដៃដំបូងរបស់ទូលបង្គំជាខ្ញុំ សូមព្រះសម្មតិទេពទ្រង់ទទួលយកថ្លៃសម្រាប់ចិញ្ចឹមទូលបង្គំជាខ្ញុំចុះ អភយរាជកុមារឆ្លើយថា នែនាយជីវក ណ្ហើយកុំ របស់ទាំងនេះស្រេចនឹងអ្នកឯងចុះ ប៉ុន្តែត្រូវអ្នកឯងសង់ផ្ទះនៅក្នុងវាំងយើង ជីវកកោរភត្យក៏ព្រមធ្វើតាមព្រះបន្ទូល។
កាលជាចំណេរមក ព្រះបាទពិម្ពិសារទ្រង់កើតព្រះរោគឫសដូងបាតបានត្រាស់ហៅជីវកកោមាភត្យឱ្យមកព្យាបាលព្រះរោគនេះ ជីវកកោមារភត្យបានយកថ្នាំចំនួនមួយក្រចកលាបផ្សះព្រះរោគឫសដូងបាតនោះតែម្ដងប៉ុណ្ណោះ ព្រះរោគក៏សះជាដាច់ស្រឡះ ទើបព្រះបាទពិម្ពិសារទ្រង់ត្រាស់បង្គាប់ឱ្យស្រីៗ ប្រាំរយនាក់ស្អិតស្អាងគ្រឿងអលង្ការគ្រប់ប្រដាប់ហើយឱ្យដោះចេញគរជាគំនរ រួចទ្រង់ព្រះរាជទានគ្រឿងអលង្ការ១គំនរ ព្រមទាំងស្រីប្រាំរយនាក់នោះផងឱ្យជីវកកោមារភត្យៗ ក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស កុំព្រួយព្រះរាជហឫទ័យឡើយ សូមព្រះសម្មតិទេពគ្រាន់តែទ្រង់រឭកឧបការរបស់ខ្ញុំព្រះអង្គចុះ ព្រះបាទពិម្ពិសារទ្រង់ត្រាស់ថា បើដូច្នោះ ចូរអ្នកឯងបម្រើយើងផង បម្រើស្រីស្នំផង បម្រើភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធានផង ជីវកកោមារភត្យក៏ទទួលបម្រើតាមព្រះរាជឱង្ការ។
ក្រោយពីនោះមកទៀត មានសេដ្ឋីម្នាក់នៅក្រុងរាជគ្រឹះកើតរោគឈឺក្បាល៧ឆ្នាំមកហើយ ពួកគ្រូពេទ្យធំមើលពុំជា យកតែរង្វាន់ជាច្រើនហើយរត់ចោលលែងមើលទៅ មានគ្រូពេទ្យខ្លះទាយថា នៅតែ៥ថ្ងៃទៀតសេដ្ឋីមុខជាស្លាប់ មានគ្រូពេទ្យខ្លះទាយថា នៅតែ ៧ថ្ងៃទៀតសេដ្ឋីមុខជាស្លាប់ វេលានោះពួកកុដុម្ពីបានចូលទៅគាល់ព្រះបាទពិម្ពិសារ សូមព្រះរាជាអនុញ្ញាតឱ្យជីវកកោមារភត្យទៅព្យាបាលរោគសេដ្ឋីនោះ ឯជីវកកោមារភត្យកាលបានទទួលព្រះរាជានុញ្ញាត ហើយក៏ចូលទៅឯលំនៅសេដ្ឋី លុះទៅដល់ហើយបានពិនិត្យមើលអាការរោគក្នុងខ្លួនសេដ្ឋី ក៏ដឹងជាក់ច្បាស់ ទើបសួរសេដ្ឋីថា នែគហបតី ប្រសិនបើខ្ញុំមើលជំងឺលោកជា តើលោកនឹងឱ្យអ្វីខ្ញុំ សេដ្ឋីឆ្លើយថា លោកគ្រូពេទ្យ ខ្ញុំជូនសម្បត្តិទ្រព្យរបស់ទៅលោកទាំងអស់ ទាំងខ្លួនខ្ញុំសោតក៏ទៅនៅបម្រើជាខ្ញុំលោកទៀត ជីវកកោ-មារភត្យសួរថា បើដូច្នេះលោកសម្រាន្តផ្អៀងតែម្ខាងចំនួន ៧ ខែបានឬទេ? បាទលោកខ្ញុំដេកបាន ចុះលោកសម្រាន្តផ្អៀងម្ខាងទៀតចំនួន ៧ខែបានឬទេ ? បាទលោកខ្ញុំដេកបាន ចុះលោកសម្រាន្តផ្ងារចំនួន ៧ខែបានឬទេ? បាទ លោកខ្ញុំដេកបាន ជីវកកោមារភត្យឱ្យសេដ្ឋីដេកលើគ្រែចងសេដ្ឋីភ្ជាប់នឹងគ្រែរួចហើយ ក៏វះក្បាលវែកលលាដ៍ចេញឆ្កឹះយកសត្វមេរោគល្អិតៗបានពីរ ចាប់បង្ហាញឱ្យគេមើលប្រាប់ថា ហ៏អ្នករាល់គ្នាមើលចុះសត្វទាំងពីរនេះ អា១តូច អា១ធំ ពួកគ្រូពេទ្យដែលហ៊ានទាយថា នៅតែ៥ថ្ងៃទៀតសេដ្ឋីមុខជានឹងស្លាប់នោះ ព្រោះគេបានឃើញសត្វមេរោគធំនេះ តែដល់ថ្ងៃគម្រប់ ៥ វានឹងជញ្ជក់ស៊ីខួរក្បាលសេដ្ឋីអស់ បានជាសេដ្ឋីស្លាប់ គេទាយដូច្នេះត្រូវហើយមិនខុសទេ ចំណែកគ្រូពេទ្យខ្លះដែលហ៊ានទាយថា នៅតែ៧ថ្ងៃទៀតសេដ្ឋីមុខជានឹងស្លាប់នោះ ព្រោះគេបានឃើញសត្វមេរោគតូចនេះ តែដល់ថ្ងៃគម្រប់៧វានឹងជញ្ជក់ស៊ីខួរក្បាលសេដ្ឋីអស់ បានជាសេដ្ឋីស្លាប់ គេទាយដូច្នេះត្រូវមិនខុសទេ ប្រាប់ហើយក៏បិទមុខរបួសដេរថ្នេរភ្ជិតទៅវិញលាបថ្នាំឱ្យ លុះសេដ្ឋីដេកផ្អៀងតែម្ខាងបាន៧ថ្ងៃក៏និយាយនឹងជិវកកោមារភត្យថា លោកគ្រូពេទ្យ ខ្ញុំដេកផ្អៀងតែម្ខាងចំនួន៧ខែមិនបានទេ គ្រូពេទ្យសួរថា ក្រែងលោកបានសន្យានឹងខ្ញុំថា សម្រាន្តបាន ៧ខែមែនទេ? បាទខ្ញុំបានសន្យាដូច្នោះមែនហើយ តែថាបើលោកបង្ខំឱ្យខ្ញុំដេកផ្អៀងតែម្ខាង៧ខែ មុខជាស្លាប់មិនខានទេ។
តែថាលោកបង្ខំឱ្យដេកផ្អៀងតែម្ខាង៧ខែ ខ្ញុំមុខជាស្លាប់មិនខានទេ ជីវកកោមាភរត្យឱ្យសេដ្ឋីដេកផ្អៀងម្ខាងទៀត៧ខែ សេដ្ឋីដេកបានត្រឹម៧ថ្ងៃប៉ុណ្ណោះក៏ប្រកែកលែងដេក គ្រូពេទ្យប្រាប់ថា បើខ្ញុំមិនកំណត់យ៉ាងនេះទេ មុខជាលោកសម្រាន្តមិនបាន៧ថ្ងៃ៣ដងដូច្នេះឡើយ ដ្បិតខ្ញុំដឹងជាមុនរួចហើយថា កាលបើលោកសម្រាន្តបាន៧ថ្ងៃ៣ដងដូច្នេះហើយ ជំងឺក្នុងក្បាលលោកមុខនឹងជាសះស្បើយពិតប្រាកដ ឥឡូវលោកជារោគដាច់ស្រឡះហើយ ចូរលោកក្រោកឡើងចុះ សេដ្ឋីក្រោកឡើងហើយក៏ប្រគល់សម្បត្តិទ្រព្យទាំងអស់និងខ្លួនឱ្យជីវកកោមារភត្យៗមិនព្រមទទួលយក គ្រាន់តែបង្គាប់សេដ្ឋីថ្វាយប្រាក់ ១ សែនរៀលទៅព្រះបាទពិម្ពិសារ និងឱ្យខ្លួន១សែនរៀលទៀតផង សេដ្ឋីក៏ទទួលព្រមតាមបង្គាប់។
សម័យនោះ មានកូនប្រុសសេដ្ឋីម្នាក់នៅក្រុងពារាណសី ជាអ្នកលេងល្បែងដាំដូង កើតរោគដុំក្នុងពោះវៀនធំ បរិភោគបាយបបរចូលទៅមិនរលួយ បន្ទោឧច្ចារៈបស្សាវៈក៏មិនស្រួលសោះទៅជាស្គមប្រដក់ សម្បុរអាក្រក់លឿងស្លេកស្លាំងឡើងសរសៃរវាមពេញទាំងខ្លួន សេដ្ឋីអាពុកដឹងជាកូនឈឺធ្ងន់ដូច្នោះក៏ទៅឯក្រុងរាជគ្រឹះ ចូលទៅក្រាបបង្គំសូមព្រះរាជានុញ្ញាតព្រះបាទពិម្ពិសារ ឱ្យជីវកកោមារភត្យទៅមើលជំងឺកូន កាលជីវកកោរភត្យបានទទួលព្រះរាជានុញ្ញាតហើយក៏ចូលទៅសង្កេតមើលអាការរោគកូនសេដ្ឋីនោះ លុះពិនិត្យដឹងច្បាស់ហើយក៏បណ្ដេញមនុស្សឱ្យចេញមកខាងក្រៅអស់ បាំងវាំងននជិតហើយក៏ចងសេដ្ឋីបុត្តភ្ជាប់នឹងសសរ ឱ្យប្រពន្ធរបស់សេដ្ឋីបុត្តនោះឈរចាំមើលពីខាងប្ដី ចងរួចវះពោះស្រាវយកពោះវៀនធំចេញមកក្រៅ ហើយកាត់យកដុំនោះមកបង្ហាញឱ្យប្រពន្ធមើលប្រាប់ថា ព្រោះតែដុំនេះហើយបានជាប្ដីនាងឈឺបែបនេះ ថាហើយក៏បញ្ចូលពោះវៀនធំទៅក្នុងពោះវិញរួចដេរភ្ជិតលាបថ្នាំឱ្យ កូនសេដ្ឋីក៏បានជារោគដាច់ស្រឡះពីក្នុងខ្លួន សេដ្ឋីអាពុកបានជូនរង្វាន់គ្រូពេទ្យ ១៦ ពាន់រៀល គ្រូពេទ្យជីវកកោមារភត្យទទួលយករង្វាន់នោះត្រឡប់វិលមកក្រុងរាជគ្រិះវិញ។
គ្រានោះ ព្រះបាទបជ្ជោតក្នុងក្រុងឧជ្ជេនីទ្រង់ព្រះអាពាធរោគលឿង មានពួកគ្រូពេទ្យធំៗជាច្រើននាក់បានព្យាបាលព្រះរោគនោះមិនសះជាឡើយ ទើបទ្រង់ចាត់ព្រះរាជបម្រើឱ្យទៅសុំគ្រូពេទ្យជីវកកោមារភត្យអំពីព្រះបាទពិម្ពិសារមកព្យាបាលព្រះរោគនោះ ឯជីវកកោមារភត្យកាលបានទទួលព្រះរាជានុញ្ញាតពីព្រះបាទពិម្ពិសារ ហើយក៏ទៅឯក្រុងឧជ្ជេនី លុះដល់ហើយបានចូលទៅគាល់ព្រះបាទបជ្ជោតក្រាបបង្គំទូលសួរថា ខ្ញុំព្រះអង្គនឹងស្លទឹកដោះរាវថ្វាយទ្រង់សោយ តើព្រះអង្គនឹងសោយបានឬទេ? ព្រះមហាក្សត្រទ្រង់ត្រាស់ថា មិនបានទេ នាយជីវក អ្នកឯងផ្សំថ្នាំឯទៀតៗយើងចេះតែរ៉ាប់រងបានទាំងអស់ កុំតែយកទឹកដោះរាវមកធ្វើថ្នាំ ដ្បិតខ្ញុំខ្ពើមណាស់ គ្រូពេទ្យជីវកគិតថាព្រះរោគនេះបើមិនប្រើទឹកដោះរាវជាថ្នាំទេ មុខជាមិនសះស្បើយឡើយ បើដូច្នេះមានតែអញស្លទឹកដោះឱ្យដូចជាទឹកម្ជូរទាំងពណ៌ទាំងក្លិននិងរស ហើយលាយជាមួយនឹងថ្នាំផ្សេងៗច្រើនមុខទៀត ដើម្បីកុំឱ្យស្ដេចទ្រង់ជ្រាប ប៉ុន្តែកាលបើស្ដេចបានសោយថ្នាំនេះទៅហើយ គង់តែនឹងជ្រាប លុះបានជ្រាបហើយមុខជានឹងខ្ញាល់យកទោសសម្លាប់អញមិនខាន ហេតុនេះត្រូវតែអញធ្វើឧបាយកល ទូលសុំឱកាសទុកជាមុនឱ្យហើយ គិតឃើញដូច្នេះក៏ក្រាបថ្វាយបង្គំលាចេញទៅស្លថ្នាំតាមគំនិតនោះ លុះស្លថ្នាំបានស្រេចហើយក៏ចូលមកក្រាបបង្គំទូលសុំព្រះរាជានុញ្ញាតថា បពិត្រព្រះសម្មតិទេព ធម្មតាខ្ញុំព្រះអង្គជាគ្រូពេទ្យ តែងត្រូវការគាស់យកឫសឈើមកធ្វើថ្នាំដោយប្រញាប់ណាស់ ហេតុនេះ សូមព្រះសម្មតិទេពទ្រង់ត្រាស់បង្គាប់ពួកអ្នករក្សាដំរីនិងពួកអ្នករក្សាទ្វារថា បើពេទ្យជីវកត្រូវការយកដំរីណាជិះក៏បាន ត្រូវការចេញចូលទ្វារណាក៏បាន ចង់ចេញចូលពេលថ្មើរណាក៏បាន កុំឱ្យឃាត់ឃាំងឡើយ ព្រះបាទបជ្ជោតក៏ទ្រង់ត្រាស់បង្គាប់តាមដែលជីវកកោមារភត្យទូលសុំ កាលបើគ្រូពេទ្យជីវកបានព្រះរាជានុញ្ញាតដូច្នោះហើយក៏ថ្វាយថ្នាំលាយទឹកដោះរាវនោះទៅព្រះបាទបជ្ជោតរួច ក្រាបថ្វាយបង្គំលាថយក្រោយមួយរំពេចៗ ដើរយ៉ាងលឿនសំដៅទៅឯរោងដំរី យកមេដំរីឈ្មោះភទ្ទវតិកាឡើងជិះបរចេញពីក្រុងឧជ្ជេនីទៅ ឯមេដំរីនេះដើរក្នុង១ថ្ងៃបាន ៥០យោជន៍។
គ្រានោះ ព្រះបាទបជ្ជោតទ្រង់សោយព្រះឱសថជ្រួតជ្រាបទៅក្នុងព្រះអង្គហើយក៏ទ្រង់ចង្អោរចេញមកវិញបានជ្រាបច្បាស់ថាជាទឹកដោះរាវ ទើបត្រាស់ប្រើរាជបុរសឱ្យរកហៅខ្លួនជីវកកោមារភត្យចូលមកគាល់ រាជបុរសក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ពេទ្យជីវកគាត់ជិះមេដំរីភទ្ទវតិកាចរចេញពីទីក្រុងបាត់ទៅហើយ ព្រះរាជាទ្រង់ត្រាស់ប្រើកាកៈបុរសឱ្យទៅតាមថា ម្នាលនាយកាកៈ ចូរឯងទៅតាមហៅពេទ្យជីវកឱ្យត្រឡប់មកវិញកុំខាន មួយទៀត ឯងកុំទទួលយករបស់អ្វីបន្តិចបន្តួចពីពេទ្យនោះឡើយ ដ្បិតពួកពេទ្យច្រើនតែមានឧបាយកល ឯកាកៈបុរសនោះដើរក្នុង១ថ្ងៃបាន ៦០ យោជន៍ដោយសារមានកម្លាំងអមនុស្សជួយផង កាលបានទទួលព្រះរាជតម្រាស់ហើយ ក៏តាមទៅទាន់ជីវកកោមារភត្យកំពុងបរិភោគបាយព្រឹក នៅពាក់កណ្ដាលផ្លូវជិតនឹងដល់ក្រុងកោសម្ពី ទើបនិយាយនឹងពេទ្យជីវកកោមារភត្យថា លោកគ្រូពេទ្យ ព្រះមហាក្សត្រឱ្យលោកត្រឡប់ទៅវិញ ពេទ្យជីវកកោមារភត្យឆ្លើយថា នែនាយកាកៈ ចូរអ្នកបង្អង់ចាំខ្ញុំបរិភោគបាយរួចសិន ចូរអ្នកមកបរិភោគបាយជាមួយនឹងខ្ញុំ កាកៈបុរសឆ្លើយថា លោកកុំព្រួយកុំដ្បិតព្រះមហាក្សត្របានផ្ដាំខ្ញុំថា ឯងកុំទទួលយករបស់អ្វីបន្តិចបន្តួចពីពេទ្យនោះឡើយ ព្រោះពួកពេទ្យតែងមានកលមាយាច្រើន ឯជីវកកោមារភត្យយកថ្នាំដាក់នឹងក្រចកហើយស៊ីផ្លែកន្ទួតព្រៃផឹកទឹក ហុចផ្លែកន្ទួតព្រៃមួយចំហៀងឱ្យកាកៈបុរសបរិភោគផងប្រាប់ថា បើដូច្នោះអ្នកគ្រាន់តែបរិភោគផ្លែកន្ទួតព្រៃផឹកទឹកចុះ នាយកាកៈគិតថា ពេទ្យនេះហ៊ានស៊ីផ្លែកន្ទួតព្រៃផឹកទឹកខ្លួនឯង ប្រហែលជាមិនហ៊ានធ្វើអំពើអាក្រក់អ្វីទេ ទើបកាកៈបុរសទទួលយកផ្លែកន្ទួតព្រៃមួយចំហៀងនោះមកស៊ីរួចផឹកទឹកផង គ្រាន់តែបរិភោគរួចមួយរំពេចក៏ចុះរាកនៅកន្លែងនោះភ្លាម ទើបសួរពេទ្យជីវកកោមារភត្យថា លោកគ្រូពេទ្យ ខ្ញុំនៅមានជីវិតតទៅទៀតឬទេ ជីវកកោមារភត្យប្រាប់ថា នែនាយកាកៈអ្នកកុំភិតភ័យឡើយ ខ្លួនអ្នកក្ដី ស្ដេចកំណាចក្ដី មុខជានឹងសះស្បើយរោគតាំងពីថ្ងៃនេះទៅហើយ ប៉ុន្តែស្ដេចមុខជាសម្លាប់ខ្ញុំមិនខាន ហេតុនេះខ្ញុំមិនត្រឡប់ទៅវិញទេ ថាហើយក៏ប្រគល់មេដំរីឱ្យកាកៈបុរសយកទៅថ្វាយស្ដេចវិញ ទើបចេញពីទីនោះទៅឯក្រុងរាជគ្រឹះនាំរឿងនោះចូលទៅក្រាបបង្គំទូលព្រះបាទពិម្ពិសារ។
ចំណែកព្រះបាទបជ្ជោតកាលបើបានសះជាព្រះរោគស្រឡះពីព្រះអង្គហើយ ក៏រឭកឃើញឧបការៈរបស់គ្រូពេទ្យជីវកកោមារភត្យ ទើបប្រើព្រះរាជបម្រើឱ្យទៅហៅជីវកកោមារភត្យថា សូមឱ្យពេទ្យជីវកមកកុំខានយើងនឹងឱ្យពរ ឯជីវកកោមារភត្យតបវិញថា សូមទ្រង់ព្រះមេត្តាប្រោសកុំព្រួយព្រះរាជហឫទ័យ សូមព្រះសម្មតិទេពគ្រាន់តែទ្រង់រឭកឧបការៈរបស់ខ្ញុំព្រះអង្គបានហើយ ព្រះបាទបជ្ជោតទ្រង់ជ្រាបថា ពេទ្យជីវកពុំព្រមចូលមកគាល់ដូច្នោះ ក៏ទ្រង់ផ្ញើសំពត់សិវេយ្យកៈ[៤] ១គូទៅព្រះរាជទានជីវកកោមារភត្យ។
គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់កើតព្រះរោគទល់បានអនុញ្ញាតឱ្យគ្រូពេទ្យជីវកកោមារភត្យចូលទៅទៅព្យាបាលព្រះរោគនោះ គ្រូពេទ្យជីវកកោមារភត្យបានអប់ផ្កាឧប្បល៣ក្ដាប់លាយនឹងថ្នាំផ្សេងៗ ថ្វាយព្រះដ៏មានព្រះភាគទ្រង់ហិតៗផ្កាឧប្បល ១ក្ដាប់ចុះបាន១០ដងៗ រួមជាចុះ ៣០ដង ទើបព្រះដ៏មានភាគបានស្រួលព្រះអង្គជាប្រក្រតីវិញ ឯជីវកកោមារភត្យបានថ្វាយសំពត់សិវេយ្យកៈ ១ គូនោះដល់ព្រះដ៏មានព្រះភាគៗ ទទួលហើយទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃប្រើគហបតីចីវរតាំងពីពេលនោះដរាបមក។
គ្រូពេទ្យជីវកកាមារភត្យបានឡើងសក្ដិយសជាមន្ត្រីជាន់ខ្ពស់ ព្រមទាំងមានសម្បត្តិច្រើនដូចបានថ្លែងមកហើយនោះ ដោយសារតែការចេះដឹងវិជ្ជាពេទ្យហ្មត់ចត់មុតមាំក្នុងខ្លួន។
ឯគុណវិសេសរបស់ចំណេះវិជ្ជានេះ កុំថាឡើយអ្នកចេះដឹងច្រើនដល់ម្ល៉ោះ សូម្បីតែចេះវិជ្ជាតែមួយមុខប៉ុណ្ណោះតែឱ្យច្បាស់ប្រាកដក៏អាចឱ្យសម្រេចផលប្រយោជន៍ដល់ខ្លួនជាច្រើនបាន ដូចមាន
រឿងបុរសចេះមន្ត
កាលពីព្រេងនាយ មានកុមារម្នាក់លាមាតាបិតាចេញពីស្រុកទៅនៅរៀនសិល្បសាស្ត្រក្នុងសម្នាក់អាចារ្យម្នាក់នៅស្រុកឆ្ងាយអស់ចំនួនពីរបីឆ្នាំ ក៏ពុំបានចេះចាំវិជ្ជាណាមួយឡើយ ខំប្រឹងទន្ទេញចាំណាស់ដែរ ប៉ុន្តែភ្លេចអស់ទៅវិញ ឯគ្រូនឹកអាណិតអាសូរសិស្សនោះពន់ពេកណាស់ ថ្ងៃមួយបាននាំសិស្សនោះចូលទៅក្នុងព្រៃជ្រៅស្ងាត់តែពីរនាក់ ហើយប្រាប់ឱ្យទន្ទេញមន្តមួយបទថា “ឃដេសិ ឃដេសិ កឹការណា ឃដេសិ អហំបិ តំ ជានមិ” ប៉ុណ្ណេះ សិស្សនោះខំប្រឹងទន្ទេញមន្តទាល់តែចាំស្ទាត់រត់មាត់លែងភ្លេច ទើបអាចារ្យនិយាយផ្ដែផ្ដាំសិស្សថា “មន្ត ១ បទនេះមានគុណវិសេសអស្ចារ្យណាស់ អាចការពារអន្តរាយផ្សេង ៗ បាន ហេតុនេះ ត្រូវឯងតាំងព្យាយាមសូត្ររំឭករាល់ថ្ងៃកុំបណ្ដែតបណ្ដោយឱ្យភ្លេចឡើយ បើដល់ពេលចូលដំណេក ឯងត្រូវសូត្ររួចសឹមដេក ឯងបានមន្តណេះ យកទៅចិញ្ចឹមខ្លួនរស់ ១ ជីវិតហើយ” ផ្ដាំស្រេចហើយក៏ឱ្យស្បៀងអាហារ ដាក់ទៅអាស្រ័យតាមផ្លូវបើកឱ្យសិស្សនោះវិលត្រឡប់ទៅដល់ស្រុកកំណើតខ្លួនវិញ ហើយខំតាំងព្យាយាមសូត្ររំឭកមន្តមិនឱ្យភ្លេចតាមបណ្ដាំគ្រូ។
មានមួយថ្ងៃ ព្រះមហាក្សត្រក្នុងនគរនោះ ចង់ជ្រាបទឹកចិត្តរបស់បណ្ដារាស្ត្រថាស្រឡាញ់ឬស្អប់ព្រះអង្គ ក៏ទ្រង់ភៀសក្លែងធ្វើជារាស្ត្របន្លំមិនឱ្យគេស្គាល់ថាជាស្ដេចឡើយ ដល់ពេលអធ្រាត្រស្ងាត់ ទ្រង់ចេញទៅតែមួយព្រះអង្គឯង ស្ដេចតាមច្រកល្ហកផ្ទះរៀងៗដរាបដល់ផ្ទះបុរសអ្នកចេះមន្ត ស្រាប់តែទតឃើញពួកចោរជាច្រើននាក់កំពុងលបកាត់គាស់ជញ្ជាំងផ្ទះអ្នកចេះមន្តនោះ ទើបទ្រង់អែបព្រះអង្គសម្ងំមើលកិរិយាចោរ លុះយូរបន្តិចឮពួកចោរខ្សឹបប្រាប់គ្នាថា “កនយើង គេដេញហើយវ៉ី” វេលានោះទ្រង់ទតឃើញពួកចោររត់ខ្ចាត់ខ្ចាយទៅ ទ្រង់នឹកឆ្ងល់តែក្នុងព្រះទ័យហើយស្ដេចវិលចូលព្រះរាជវាំងវិញ លុះព្រឹកឡើងស្ដេចត្រាស់ប្រើរាជបុរសឱ្យទៅអ្នកចេះមន្តនោះមក ទើបទ្រង់ត្រាស់សួរថា នែបុរស អ្នកឯងបានរៀនសូត្រចេះដឹងអ្វីខ្លះដែរឬ បុរសនោះក្រាបបង្គំទូលថា សូមទ្រង់ព្រះមេត្តាប្រោស ទូលព្រះបង្គំជាខ្ញុំបានចេះមន្ត ១ បទដែរ អើ បើដូច្នោះ អ្នកឯងបង្រៀនយើងផងបានឬទេ សូមទ្រង់ព្រះមេត្តាប្រោស បង្រៀនបាន ទើបព្រះមហាក្សត្រទ្រង់រៀនមន្តអំពីបុរសទាល់តែចាំស្ទាត់ ទ្រង់ព្រះរាជទានរង្វាន់ដល់បុរសនោះជាច្រើន បុរសក្រាបបង្គំទូលឱ្យទ្រង់សូត្ររំឭកមន្តរាល់ថ្ងៃដើម្បីការពារសត្រូវ។
ថ្ងៃក្រោយមក មានមន្ត្រីធំម្នាក់ជាសេនាបតីរបស់ព្រះមហាក្សត្រនោះ កើតចិត្តអាក្រក់ក្បត់ព្រះអង្គចង់សោយរាជ្យសម្បត្តិ ទើបយកប្រាក់ ១ ពាន់រៀលសូកនាយខ្មាន់ព្រះកេសហើយបញ្ចេះឱ្យអារព្រះសុរងស្ដេចក្នុងពេលដែលចូលទៅដាក់ព្រះកេសាថ្វាយ បើបានសម្រេចដូចប្រាថ្នាកាលណា នឹងលើកនាយព្រះខ្មាន់ឱ្យធ្វើជាសេនាបតី ឯនាយខ្មាន់ព្រះកេសក៏ទទួលធ្វើតាមបង្គាប់មន្ត្រីនោះ លុះដល់ពេលដាក់ព្រះមស្សុថ្វាយស្ដេចក៏ត្របះកាំបិតឱ្យមុត រួចលើកផ្គងឡើងប្រុងនឹងអារព្រះសុរងស្ដេចតែម្ដងឱ្យដាច់ ក៏ស្រាប់តែងងឹតមុខញ័រចំប្រប់ទប់ខ្លួនមិននឹងក្រាបទៀបព្រះបាទ ព្រះរាជាទ្រង់ត្រាស់សួរហេតុនោះជ្រាបសព្វគ្រប់ហើយ ទើបបំបង់សេនាបតីចេញផុតពីដែន ហើយទ្រង់តាំងបុរសចេះមន្តឱ្យធ្វើជាសេនាបតីវិញ។
បុរសកម្សត់ទុគ៌តដែលបានថ្កំថ្កើងឡើងដោយយសសក្ដិជាមន្ត្រីថ្នាក់ផុតលេខយ៉ាងនេះ ដោយសារខ្លួនបានទន្ទេញចាំមន្តតែ១បទប៉ុណ្ណោះ ហេតុដូច្នោះ បានជាលោកចងសុភាសិតទុកច្បាប់ក្រមថា “ប្រាជ្ញាបុណ្យផង កើតដោយប្រតិបត្តិ” ៕
[១]ច្បាប់ក្រម។
[២]វិន័យបិដក មហាវគ្គ ចីវរក្ខន្ធក៍។
[៣]ជាប្រធានក្នុងទិស គឺអាចារ្យដែលចេះដឹងនានាវិជ្ជាពូកែល្បីឈ្មោះទៅគ្រប់ទិស។
[៤]បានឮមកថាពួកមនុស្សក្នុងឧត្តរកុរុទ្វីបតែងរុំសាកសពដោយសំពត់នោះឯងហើយយកទៅចោល មានសត្វបក្សីមានប្រមោយដូចដំរីវាសម្គាល់នូវសំពត់នោះថាជាដុំសាច់ ហើយឆាបនាំយកទៅតម្កល់ទុកលើកំពូលភ្នំហិមពាន្តបកសំពត់នោះចោលវាស៊ីសាច់សពនោះ។ វេលានោះពួកអ្នកដើរព្រៃបានឃើញសំពត់នោះ ហើយក៏នាំយកមកថ្វាយស្ដេច។ សំពត់នេះហើយដែលព្រះបាទបជ្ជោតបានមកដោយហេតុយ៉ាងនេះឯង ។ សំពត់សោវេយ្យកៈនេះមួយៗមានតម្លៃរាប់ជាច្រើនសែនរៀល។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤