អត្តានុរក្ខកថា

សារវន្តកថា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស

សូមនមស្ការចំពោះព្រះភគវន្តមុនី អរហំសម្មាសម្ពុទ្ធ ព្រះអង្គនោះ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ ដោយគោរព)។

វេលានេះ អាត្មាភាពសូមសម្ដែងអំពីសុភាសិត១កន្លែង ដែលព្រះបរមលោកនាថទ្រង់សម្ដែងមានក្នុងគម្ពីរធម្មបទដ្ឋកថា ជាធម្មស្សវនាកាលដល់ពុទ្ធបរិស័ទទាំងឡាយ ដូចតទៅនេះ ៖

មុននឹងលើកយកពុទ្ធភាសិតនោះមកសម្ដែង សូមនាំយកបុគ្គលាធិដ្ឋានមកសម្ដែងជាខាងដើមសិន ដើម្បីនឹងអធិប្បាយជម្រាលទៅរកពុទ្ធភាសិត ដែលប្រុងនឹងយកមកសម្ដែងក្នុងឱកាសនេះ។

សេចក្ដីដំណាលថា កាលព្រះបរមសាស្ដាទ្រង់គង់នៅក្នុងវត្តជេតពន កាលនោះ មានភិក្ខុទាំងឡាយជាច្រើនរូប បានទៅនៅចាំវស្សាក្នុងបច្ចន្តប្រទេស ភិក្ខុទាំងនោះបានទៅជាសុខស្រួល ក្នុងខែជាដំបូង តែលុះដល់ខែជាបន្ទាប់មក មានពួកចោរចូលមកប្លន់ស្រុកសម្រាប់គោចររបស់ភិក្ខុទាំងនោះ ហើយចាប់យកអ្នកស្រុកធ្វើជាឈ្លើយដោយច្រើន លំដាប់តមក ពួកអ្នកនគរទាំងឡាយក៏រវល់តែនឹងប្រុងប្រៀបរៀបចំការពារនគរ មិនបានឧបត្ថម្ភដល់ភិក្ខុទាំងឡាយៗក៏នៅដោយលំបាក លុះចេញវស្សាហើយ ក៏នាំគ្នាចូលទៅបង្គំគាល់ព្រះដ៏មានព្រះភាគ ព្រះអង្គត្រាស់សួរសុខទុក្ខនៃភិក្ខុទាំងឡាយនោះ តាមទម្លាប់នៃបដិសណ្ឋាររបស់ព្រះអង្គ។ ភិក្ខុទាំងឡាយ ក៏ក្រាបទូលតាមហេតុនោះដោយសព្វគ្រប់ លុះទ្រង់ព្រះសណ្ដាប់ហើយ ទ្រង់ត្រាស់អនុលោមតាមពាក្យភិក្ខុទាំងឡាយថា “ម្នាលភិក្ខុទាំងឡាយ ! ការនៅជាសុខស្រួលអស់កាលជានិច្ច គេរកបានដោយកម្រណាស់ ហេតុនេះពួកមនុស្សដែលប្រុងប្រយត្នចាត់ពិធីថែរក្សាការពារនគរយ៉ាងណាមិញ អ្នកទាំងឡាយក៏ត្រូវប្រុងប្រៀបរៀបចំថែរក្សាខ្លួនយ៉ាងនោះដែរ” រួចទ្រង់សម្ដែងពុទ្ធភាសិតនេះថា ៖

នគរំ យថា បច្ចន្តំ  គុត្តំ សន្តរពាហិរំ

ឯវំ គោបេថ អត្តានំ  ខណោ មា វោ ឧបច្ចគា

ខណាតីតា ហិ សោចន្តិ និរយម្ហិ សមប្បិតា

“(ម្នាលភិក្ខុទាំងឡាយ) ពួកមហាជនគេប្រុងរក្សាការពារនគរដែលតាំងនៅក្នុងទីបំផុតនៃដែនទាំងខាងក្នុងទាំងខាងក្រៅ យ៉ាងណាមិញ អ្នកទាំងឡាយ ក៏ត្រូវប្រុងថែរក្សាខ្លួនយ៉ាងនោះដែរ ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ ព្រោះថា សត្វទាំងឡាយ ដែលបណ្ដោយឱ្យខណៈកន្លងហួសទៅហើយ រមែងសោយសោកពេញណែនក្នុងនរក”។

ព្រះពុទ្ធភាសិតខាងលើនេះ ព្រះសម្ពុទ្ធទ្រង់ត្រាស់ចំពោះតែនឹងពួកភិក្ខុក៏ពិតមែនហើយ តែតាមព្រះពុទ្ធបំណងមិនមែនដូច្នោះទេ គឺព្រះពុទ្ធភាសិតនេះជាសាធារណៈទួទៅដល់បរិស័ទទាំងឡាយ ឥតរើសមុខ។ ឯសេចក្ដីសំខាន់ក្នុងផ្ទៃនៃគាថានេះ ចែកជា ៣ ផ្នែក គឺ ៖

១- ត្រូវថែរក្សាខ្លួន ឱ្យដូចជាពួកមហាជនប្រុងប្រយត្នរក្សាការពារនគរ។

២- ខណៈ កុំប្រព្រឹត្តកន្លងនូវអ្នកទាំងឡាយ។

៣- បើសត្វទាំងឡាយ បណ្ដោយឱ្យខណៈកន្លងហួសទៅ រមែងសោយសោកពេញណែនក្នុងនរក។

ទី ១- ត្រង់ថា “ត្រូវថែរក្សាខ្លួន ឱ្យដូចជាពួកមហាជនប្រុងប្រយត្នរក្សាការពារនគរ” នោះបានសេចក្ដីថា ត្រូវតម្កល់សតិ (រឭក) និងពិនិត្យការពារចំពោះទ្វារទាំង ៦ គឺ ចក្ខុទ្វារ ១ សោតទ្វារ ១ ឃានទ្វារ ១ ជិវ្ហាទ្វារ ១ កាយទ្វារ ១ មនោទ្វារ ១ ព្រោះសព៌ាង្គកាយរបស់សព្វសត្វទាំងឡាយ ប្រៀបដូចនគរមានទ្វារ ៦ គឺមានចក្ខុទ្វារជាដើមនោះ មានព្រះមហាក្សត្រមួយព្រះអង្គសោយរាជ្យក្នុងនគរនោះ ពោលគឺព្រះបាទចិត្តរាជ ឯអារម្មណ៍ទាំងឡាយ មានរូបារម្មណ៍ជាដើម ប្រៀបដូចជាអាគន្តុកៈ (អ្នកដំណើរ) តែងសញ្ចរចូលមកក្នុងនគរគឺរាងកាយ តាមទ្វារទាំងឡាយមានចក្ខុទ្វារជាដើម សតិប្រៀបដូចជាទ្វារបាល (អ្នកយាមទ្វារ) សម្រាប់ត្រួតពិនិត្យនូវរូបារម្មណ៍ជាដើម ដែលតែងត្រាច់ចូលមកតាមចក្ខុទ្វារជាដើមនោះឱ្យដឹងថាល្អឬអាក្រក់ បើដឹងថាអាក្រក់ ក៏បដិសេធចេញ ឬរារាំងមិនឱ្យចូលក្នុងព្រះនគរនោះ បើដឹងថាល្អ ក៏បណ្ដោយឱ្យចូល ឬក៏នាំព័ត៌មាននេះមកថ្វាយព្រះចិត្តរាជឱ្យទ្រង់ជ្រាបជាមុន បើទ្រង់អនុញ្ញាតឱ្យចូល ក៏ចូល បើមិនទ្រង់អនុញ្ញាតទេ ក៏អាក់ខាន ព្រោះអារម្មណ៍ទាំងនោះ តែងធ្វើឱ្យព្រះបាទចិត្តរាជបានសុខក៏មាន ទុក្ខក៏មាន ចម្រើនក៏មាន វិនាសក៏មាន ដោយអំណាចនៃរូបារម្មណ៍លោកចែកជា ២ យ៉ាង គឺ រូបនាំមកនូវសុខ ១ រូបនាំមកនូវទុក្ខ ១ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ និងធម្មារម្មណ៍ ក៏សុទ្ធតែចែក ២ យ៉ាងដូចគ្នាដែរ។ ហេតុដូច្នេះ បើបុគ្គលបានប្រទះនូវអារម្មណ៍ទាំងឡាយ មានរូបារម្មណ៍ជាដើមណាមួយដែលជាសុខ ចម្រើននោះ គប្បីតម្កល់សតិការពារ – ទប់សោមនស្ស ឬបដិពទ្ធចិត្ត ដែលជាហេតុនាំឱ្យកើតតណ្ហាចំពោះអារម្មណ៍នោះ បើបានប្រទះនូវអារម្មណ៍ដែលជាទុក្ខ ទោស ឬនាំឱ្យវិនាស គប្បីតម្កល់សតិញ៉ាំងមេត្តាចិត្តឱ្យកើតឡើង  កុំគប្បីមាន​បដិឃៈឬព្យាបាទចិត្តចំពោះអារម្មណ៍នោះឡើយ។

បុគ្គលណាមួយ បានតម្កល់សតិសង្រួមចក្ខុទ្វារជាដើម ការពារនូវអារម្មណ៍ទាំងពីរប្រការ ដូចន័យដែលអធិប្បាយមកនេះហើយ សន្មតថាជាអ្នកបានរក្សាការពារខ្លួនដោយប្រពៃ អាចនឹងបាននូវសុខភាពនិងវឌ្ឍនភាពក្នុងលោកនេះ និងលោកខាងមុខ ពុំលែងឡើយ។

ទី ២ ត្រង់ថា “ខណៈកុំប្រព្រឹត្តកន្លងនូវអ្នកទាំងឡាយ” នេះជាពាក្យ គឺ ព្រះសម្ពុទ្ធទ្រង់ត្រាស់ដាស់រំឭកពុទ្ធបរិស័ទទាំងឡាយ កុំឱ្យស្ថិតនៅក្នុងបមាទធម៌ ព្រោះបមាទធម៌នេះ ចូលជ្រកជោកជាំក្នុងសន្ដាននៃបុគ្គលណាហើយ បុគ្គលនោះនឹងខកខានមិនបានគុណសម្បត្តិ សមត្ថភាព ឬក៏បណ្ដោយឱ្យខណៈនោះកន្លងហួសទៅពុំបាន។ ឯខណៈនោះលោកចែកចេញជា ៤ យ៉ាងគឺ ៖

១- ពុទ្ធុប្បាទក្ខណា ខណៈដែលព្រះពុទ្ធទ្រង់ឧប្បត្តិឡើងក្នុងលោកម្ដងៗ ចាត់ថាជាខណៈ ដែលសព្វសត្វទាំងឡាយ ត្រូវបាននូវមហគ្គតគុណដ៏អស្ចារ្យ មានសោតាបន្នភាពជាដើម តាមឧបនិស្ស័យរៀងៗប្រាណ ពុំនោះសោតនឹងបាននូវទិដ្ឋធម្មិកផល ដូចយ៉ាងទុគ្គតបុរសជាដើម ព្រោះព្រះសព្វញ្ញុពុទ្ធទ្រង់ជានេយ្យានិកបុគ្គល តែងហ្វឹកហ្វឺនយឹតយោងពុទ្ធវេនេយ្យសត្វ ដែលមានឧបនិស្ស័យល្មមព្រះអង្គប្រោសបាន ឱ្យយល់ច្បាស់ក្នុងឧបាយនៃការសន្សំប្រយោជន៍ក្នុងលោកនេះនិងបរលោក ដរាបដល់សត្វអាចញ៉ាំងកិលេសនិងតណ្ហាឱ្យរីងស្ងួត ហើយរម្លត់ខន្ធចូលទៅកាន់អមតនិព្វានជាបរិយោសាន។

២- មជ្ឈិមប្បទេសេ ឧប្បត្តិលកខណា ខណៈដែលសត្វបានកើតក្នុងមជ្ឈិមប្រទេស ជាខណៈដ៏អស្ចារ្យ គួរសត្វប្រាថ្នាចង់ទៅកើត ព្រោះប្រទេសនោះជាទីកើតនៃរតនៈ ៧ ប្រការ មានព្រះចក្រពត្រាធិរាជ និងព្រះពុទ្ធមាតាពុទ្ធបិតាជាដើម។ កាលបើព្រះពុទ្ធបានត្រាស់ហើយ ពួកមហាជនទាំងឡាយក្នុងមជ្ឈិមប្បទេសនោះ ច្រើនតែជាអ្នកស្ថិតនៅក្នុងអរិយធម៌ដ៏ប្រសើរមាននិច្ចសីលជាដើមដោយបរិបូណ៌ ជាសត្វមានឧបនិស្ស័យ ល្មមឈោងចាប់យកនូវឧត្តមភាព និងសុខភាពបាន។

៣- សម្មាទិដ្ឋិយា បដិលទ្ធក្ខណោ ខណៈដែលសត្វបានចំពោះនូវសម្មាទិដ្ឋិ គឺវារៈនៃបញ្ញាចេតសិកយល់ត្រូវថា ទុក្ខទាំង ១២ កងជាទុក្ខមែន តណ្ហាជាហេតុនាំឱ្យកើតទុក្ខ ការបន្សាត់បង់នូវតណ្ហាបាន ជាឧបាយនាំឱ្យរលត់ទុក្ខ ការប្រតិបត្តិតាមអដ្ឋង្គិកមគ្គទាំង ៨ ប្រការ ជាដំណើរទៅកាន់ទីរម្លត់ទុក្ខ។ ពុំនោះសោត យល់ចំពោះហេតុនិងផលក្នុងកាលទាំង ៣ គឺ បច្ចុប្បន្ន  អតីត  អនាគត ទាំងអាចប្រកបកិច្ចសព្វយ៉ាង ដើម្បីញ៉ាំងភាពនៃខ្លួនឱ្យឡើងកាន់វឌ្ឍនធម៌បាន។

៤- ឆន្នមាយតនានំ អវេកល្លក្ខណោ  ខណៈដែលសត្វមានអាយតនៈ មិនខ្វះខាត គឺមាន ភ្នែក ត្រចៀក ច្រមុះ អណ្ដាត កាយ ចិត្ត ពេញបរិបូណ៌ជាបុរិសភាព ឥត្ថីភាព ចាត់ថាជាខណៈរបស់សត្វមានភព្វដ៏ប្រសើរ ព្រោះថាសត្វទាំងឡាយ បើមានអាយតនៈណាមួយខ្វះខាតហើយ មិនអាចប្រកបកិច្ចសព្វយ៉ាងឱ្យកើតឡើងដោយពេញបរិបូណ៌បានឡើយ។ ហេតុនេះ សត្វដែលមានអាយតនៈពេញបរិបូណ៌ ចាត់ថាជាសត្វមានភព្វដ៏ប្រសើរនោះ មិនគួរធ្វេសបណ្ដោយឱ្យខកខានសិក្សាចំណេះវិជ្ជាមានអក្សរសាស្ត្រ អារ្យសាស្ត្រជាដើម និងមិនគួរខកខានបំពេញកុសលផ្សេងៗ ដែលជានាថករណីយកិច្ច ក្នុងបច្ចុប្បន្នសម័យនិងកាលជាអនាគតឡើយ។

ទី ៣ ត្រង់ថា “បើសត្វទាំងឡាយ បណ្ដោយឱ្យខណៈកន្លងហួសហើយរមែងសោយសោកពេញណែនក្នុងនរក” នោះ សព្ទថា “នរក” ប្រែថា “ទីនាំចេញនូវសេចក្ដីសុខ” គឺថាសោយសុទ្ធតែទុក្ខ ឬប្រែថា “រណ្ដៅ” បើចែកតាមឈ្មោះមាន ៨ គឺ សញ្ជីវ ១ កាលសុតៈ ១ សង្ឃាដៈ ១ រោរវៈ ១ មហារោរវៈ ១ តាបៈ ១ មហាតាបៈ ១ អវីចិ ១។ តែក្នុងឱកាសនេះ សូមអធិប្បាយតាមទេវទូតសូត្រ ដែលព្រះបរមគ្រូទ្រង់សម្ដែងអំពីអវីចីនរកនិងនរកជាបន្ទាប់ៗ។ អវីចី សព្ទនេះប្រែថា “គ្មានចន្លោះ” សំដៅគ្មានចន្លោះពីរយ៉ាងគឺ គ្មានចន្លោះសត្វ គឺថាក្នុងអវីចីនរកទាំងមូលពេញណែន ដោយសត្វនរកឥតមានទីចន្លោះ១ គ្មានចន្លោះភ្លើង គឺថាក្នុងនរកនោះមានអណ្ដាតភ្លើងឆាបឆេះជានិច្ចឥតទីចន្លោះ១ អវីចីនរក មានសណ្ឋានដូចជាហឹប មានទ្វារ ៤ តាមលំដាប់ទិស កម្ពស់ជញ្ជាំងឡើង ៩យោជន៍ ទំហំជុំវិញទាំងអស់ ១០០យោជន៍ សត្វដែលកើតក្នុងនរកនោះ សោយទុក្ខដោយអណ្ដាតភ្លើងដ៏សន្ធោសន្ធៅឆាបឆេះជានិច្ចឥតមានពេលស្រាក។ បន្ទាប់អំពីអវីចីនរកទៅ មានគូថនរក មួយរណ្ដៅទៀត ក្នុងនរកនោះពេញណែនដោយលាមកទាំងអស់ សត្វដែលកើតក្នុងនរកនោះមានលាមកជាអាហារ មានដង្កូវប៉ុនៗ អណ្ដើក តែងបៅឬជញ្ជក់យករសជាតិក្នុងខ្លួនសត្វនរកនោះ សត្វក្នុងនរកនោះដែលកើតស្លាប់ៗដោយអំណាចដង្កូវបៅឬជញ្ជក់នោះឯង។ បន្ទាប់អំពីគូថនរកនោះទៅ មានកុក្កឡនរកមួយរណ្ដៅទៀត ក្នុងនរកនោះពេញណែនដោយផេះក្ដៅទាំងអស់ សត្វតែងសោយទុក្ខដោយអំណាចផេះក្ដៅនោះ។ បន្ទាប់អំពីកុក្កឡនរកនោះទៅ មានសិម្ពលីនរក (រការដែក) ដើមរការដែកនោះមានបន្លាស្រួចៗ ប្រវែង ១៦ អង្គុលី មានភ្លើងឆេះច្រាលឆ្អៅឥតចន្លោះ ពួកនិរយបាលតែងវាយបង្ខំសត្វណាដែលមានទោសឱ្យឡើងដើមរការដែកនេះដោយឥតត្រាប្រណី។ បន្ទាប់អំពីសិម្ពលីនរកនោះទៅ មានព្រៃសសិតមួយទៀត សត្វសោយទុក្ខក្នុងនរកនោះដោយអំណាចខ្យល់បក់ស្លឹកសសិតមកប៉ះលះដាច់សាច់អង្កន់ៗ ដូចគេអង្កន់ត្រី។ បន្ទាប់អំពីព្រៃសសិតនោះទៅមានស្ទឹងទឹកក្រុត១ទៀត សត្វក្នុងនរកនោះខ្លះក៏អត់អាហារ ១ពុទ្ធន្តរឬ២ពុទ្ធន្តរមកហើយ មានកាលម្ដងៗ ពួកនិរយបាលយកសន្ទូចមកស្ទូច សត្វនរកក៏ស្ទុះទៅត្របាក់ដោយស្មានថាជាចំណី និរយបាលវាត់សន្ទូចឡើងយកមកលើគោកហើយសួរថា “ឯងឃ្លានអ្វី ?”។ -“ខ្ញុំឃ្លានអាហារណាស់ !”,។ និរយបាលក៏យកដុំដែកដែលភ្លើងកំពុងឆេះច្រាលឆ្អៅ បញ្ចុកក្នុងមាត់សត្វនរកនោះ ហើយក៏សួរទៀតថា “ឯងត្រូវការអ្វីទៀត ?”។ -”ឱ ! លោកអើយ ខ្ញុំស្រេកទឹកណាស់ !”។ និរយបាលក៏ដងទឹកទង់ដែងដែលកំពុងពុះ មកច្រកក្នុងមាត់សត្វនរកនោះ ម៉្លោះហើយក៏សោយទុក្ខវេទនារកពណ៌នាពុំបាន។

បើបុគ្គលបានដឹងច្បាស់តាមន័យដែលបានអធិប្បាយមកនេះ ហើយគួរប្រុងប្រយត្នចាត់ពិធីថែរក្សាការពារខ្លួន កុំឱ្យខណៈកន្លងហួសទៅ ដោយមិនបានប្រកបកិច្ចមានការបំពេញកុសលជាដើម ដរាបដល់ធ្លាក់ខ្លួនទៅកាន់ហីនភាព ក្នុងលោកនេះនិងបរលោកដោយបមាទធម៌ឡើយ។

អាត្មាភាពសម្ដែងធម៌នេះល្មមដល់វេលានឹងបញ្ចប់ហើយ សូមសង្ខេបកថា ដោយនូវប្រការអម្បាលណោះឯង។

ព្រះអាចារ្យ ផេង សុន្ទរ៍  វត្តកែវព្រះភ្លើង ភ្នំពេញ
រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Oldest
Newest Most Voted
Inline Feedbacks
View all comments