ប្រស្នា​ត្រៃ​មន្ត្រី

សារវន្តកថា
របស់ ឃុន​ឧត្ដម​ប្រីជា ចាប- ពិន
ក្រុម​ពុទ្ធសាសនបណ្ឌិត្យ

វេលា​មួយ ជា​វេលា​ចូល​ឆ្នាំ​ខ្មែរ អស់​ពួក​មន្ត្រី​ខ្ញុំ​រាជការ​គ្រប់​តំណែង បាន​ព្រះ​រាជានុញ្ញាត​ឈប់​សម្រាក ៣ ថ្ងៃ ដើម្បី​ធ្វើ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​តាម​ទំនៀម​ស្រុក។ ឱកាស​នោះ ក្នុង​ផ្ទះឧកញ៉ា​ឧត្ដម​សម្បត្តិ នៅ​ក្រុង​ភ្នំពេញ មាន​កិច្ច​ធ្វើ​ទក្ខិណានុប្បទាន​ឧទ្ទិស​ផល​ជូន​លោក​អ្នក​មាន​គុណ​ដែល​ធ្វើ​មរណកាល បាន​រៀបចំ​តាក់តែង​តុ​តាំង​កៅអី កម្រាល​ព្រែ​ព្រំ​ចៀម​ភ្ញីផ្កា​ជា​ច្រើន និមន្ត​ព្រះ​សង្ឃ​ជាច្រើន​រូប​មក​ទទួល​ភត្ត។ មាន​អស់​លោក​មន្ត្រីនិង​ពួក​ឧបាសក​ឧបាសិកា ជា​ញាតិ​មិត្រ​នៅ​ជិត​ខាង មក​ជួយ​ចាត់​ចែង​ជាច្រើន។

វេលា​វេរភត្ត​ឧទ្ទិស​ផល​រួច​គ្រប់ ប្រគេន​ព្រះ​សង្ឃ ព្រះ​សង្ឃ​កំពុង​ឆាន់​ដោយ​រៀបរយ ក្នុង​រវាង​នោះ ហ្លួង​ប្រជានុសិដ្ឋ ផ្ដើម​និយាយ​សំណេះ​សំណាល​ប្រឹក្សា​ក្បួន​ច្បាប់​នឹង​ឃុន​វោហារកោសល​ថា យើង​ទាំងអស់​គ្នា​ជាឃ​រាវាស​ដែល​មាន​កូន​ប្រុស​ស្រី សុទ្ធ​តែ​ត្រូវ​រៀប​ចំ​ឱ្យ​មាន​គូ​ស្រករ​រៀង​ខ្លួន ចំណែក​ខាង​លោក បើ​នឹង​រៀប​កូន​ស្រី​ឱ្យ​មាន​ស្វាមី តើ​លោក​ចូល​ចិត្ត​ឱ្យ​ទៅ​មនុស្ស​បែប​ណា ?

ប្រស្នា​នេះ​ខ្ញុំ​បាទ​ពិបាក​ជម្រាប​ណាស់​លោក មិន​ងាយ​ទេ ព្រោះ​គំនិត​មនុស្ស​យើង​ដែល​ប៉ង​ប្រាថ្នា ចួន​កាល​ក៏​បាន​សម្រេច ចួន​កាល​មិន​បាន​សម្រេច​ដូច​បំណង​ទេ។ ឃុន​វោហារកោសល តប

បាទ ដែល​លោក​មាន​ប្រសាសន៍​ថា​ពិបាក​នោះ​ពិត​ណាស់​ហើយ ប៉ុន្តែ​ទោះ​បី​ពិបាក​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​គិត​ខាន​ពុំ​បាន បើ​យើង​មិន​គិត​សោះ ចេះ​តែ​ឱ្យ​ដោយ​ប្រថុយ​ប្រថាន​ទៅ ក៏​មិន​កើត​ដែរ ក្រែង​ដល់​ទៅ​ថ្ងៃ​ខាង​មុខ កើត​សេចក្ដី​មិន​ស្រួល​ដល់​កូន​ស្រី​យើង តែ​កើត​រឿង​មិន​ស្រួល​ឡើង កូន​ស្រី​យើង​វា​បន្ទោស​យើង​បាន ព្រោះ​ហេតុ​នេះ​បាន​ជា​មាន​បុរាណ​សុភាសិត​ថា “ធ្វើ​ស្រែ​ឱ្យ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ មើល​ផៅសន្ដាន”។ ចំណែក​ខ្ញុំ​បាទ​រើស​បន្តិច​ហើយ​មិន​ងាយ​ប្រថុយ​ទេ ខាង​លោក​តើ​រើស​យ៉ាងណា ឬ​លោក​មិន​រើស​ទេ ? ហ្លួង​ប្រជានុសិទ្ធ​សួរ

ខ្ញុំ​បាទ​ក៏​រើស​ដូច​លោក​ដែរ មិន​មែន​ចេះ​តែ​ប្រថុយ​ទេ តែ​ការ​នេះ​ស្រេច​លើ​សំណាង​កូន​ខ្ញុំ​បាទ​ផង ដ្បិត​បុរាណ​លោក​ពោល​ថា “នាង​ត្រូវ​នឹង​អ្នក មេ​ខាត​លក្ខណ៍​ត្រូវ​នឹង​អា​កំបាក់ទន្សា គូ​គេច​មិន​រួច អាយុ​មិន​អស់​មិន​ស្លាប់” ព្រេង​សំណាង​កូន​ខ្ញុំ​បាទ​មិន​ដឹង​ជា​ដូចម្ដេច​ដែរ ខ្ញុំ​បាទ​ជា​អាពុក​គ្រាន់​ជួយ​ផ្សំ​ប៉ុណ្ណោះ។ ឃុន​វោហាកោសល តប

នៅ​ឱកាស​ដែល​មន្ត្រី​ពីរ​នាក់ កំពុង​ប្រឹក្សា​គ្នា​មិន​ទាន់​ដាច់ស្រេច ស្រាប់​តែ​ឧកញ៉ា​ធម្មានុសាសក៍ ជា​មន្ត្រី​ក្រុម​រាជបណ្ឌិត ចូល​មក​អង្គុយ​ក្នុង​ទី​ប្រជុំ​នោះ​ដែរ ហ្លួង​ប្រជានុសិដ្ឋ ក៏​ងាក​ទៅ​ប្រឹក្សា​នឹង​ឧកញ៉ា​ធម្មានុសាសក៍​ថា ឱ! ដំណើរ​ដែល​លោក​អញ្ជើញ​មក​នេះ​ជា​ការ​ប្រពៃ​ណាស់ ព្រោះ​ខ្ញុំ​បាទ​ជា​មួយ​នឹង​ឃុន​វោហារកោសល កំពុង​ពិភាក្សា​គ្នា​ពី​រឿង​រៀបចំ​កូន​ឱ្យ​មាន​គូស្រករ មិន​ទាន់​ដាច់​ស្រេច សូម​លោក​ជា​អ្នក​ប្រាជ្ញ​ជួយ​វិនិច្ឆ័យ​សេចក្ដី​នេះ​ឱ្យ​ត្រឹម​ត្រូវ​ផង ម៉េច​ទៅ​លោក ! ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរមគ្រូ​របស់​យើង ទ្រង់​បាន​សម្ដែង​រឿង​រៀបចំ​កូន​ស្រី​ឱ្យ​មាន​ស្វាមី​ដែរ​ឬទេ ?

ព្រះ​សម្មាសម្ពុទ្ធ​ឥត​មាន​ធុរៈ ក្នុង​រឿង​រៀបចំ​ឱ្យ​មាន​គូស្រករ ព្រះ​អង្គ​មាន​ព្រះ​អធ្យាស្រ័យ​តែ​ខាង​ចម្លង​សត្វ​ឱ្យ​ឆ្លង​កាត់​វាលវដ្តសង្សារ​ទៅ​កាន់​ឋាន​ព្រះ​និព្វាន​តែ​មួយ​យ៉ាង​ទេតើ​លោក !។ ឧកញ៉ា​ធម្មានុសាសក៍​តប

បាទ ព្រះ​ពុទ្ធ​ជា​ម្ចាស់ មាន​ព្រះ​អធ្យាស្រ័យ​ដូច​លោក​មាន​ប្រសាសន៍​នោះ​មែន​ហើយ តែ​ក្រែង​មាន​រឿង​ជាតក​និទាន​អំពី​បុគ្គល​ណា​ទុក​ដាក់​កូន​ចៅ​ដែរ​ឬ​គ្មាន​សោះ ? ហ្លួង​ប្រជានុសិដ្ឋ​សួរ

បាទ មាន​ខ្លះ​ដែរ ឧកញ៉ា​ធម្មានុសាសក៍​ឆ្លើយ ខ្ញុំ​បាទ​ឃើញ​ក្នុង​សាធុសីលជាតក អដ្ឋកថា​ទុក្កនិបាត និទាន​អំពី​រឿង​ព្រាហ្មណ៍​ម្នាក់​ថា

កាល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​ប្រថាប់​ក្នុង​វត្ត​ជេតពន មាន​ព្រាហ្មណ៍​ម្នាក់​មាន​កូន​ក្រមុំ ៤​នាក់។ គ្រា​នោះ មាន​ប្រុស ៤​នាក់ ម្នាក់​រូប​ល្អ ម្នាក់​ចាស់ ម្នាក់​ជាតិ​ខ្ពស់ ម្នាក់​មាន​សីល មក​ដណ្ដឹង​កូន​ព្រាហ្មណ៍​នោះ។ ព្រាហ្មណ៍​គិត​ថា “នឹង​ឱ្យ​អ្នក​ណា​ទើប​គាប់​ប្រសើរ”។ កាល​បើ​គាត់​មិន​ដឹង​ថា​ខាង​ណា​ស្រួល ក៏​ចូល​ទៅ​គាល់​ព្រះ​បរមសាស្តា​ដំណាល​រឿង​នុ៎ះ​ក្រាប​ទូល​សួរ​ព្រះ​អង្គ។

ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​ថា ម្នាល​ព្រាហ្មណ៍ កាល​ពី​ព្រេង​នាយ​មាន​អ្នក​ប្រាជ្ញ​ឆ្លើយ​ប្រស្នា​នេះ​ប្រាប់​អ្នក​ដែរ តែ​អ្នក​ភ្លេច​ទៅ ព្រោះ​ភព​បិទ​បាំង។ ព្រាហ្មណ៍​សុំ​អារាធនា ព្រះ​អង្គ​ទ្រង់​ទាញ​អតីត​និទាន​មក​សម្ដែង​ថា

ក្នុង​កាល​កន្លង​រំលង​ទៅ​ហើយ តថាគត​ជា​ពោធិសត្វ​កើត​ក្នុង​ត្រកូល​ព្រាហ្មណ៍ នៅ​ក្នុង​ក្រុង​ពារាណសី កាល​បឋម​វ័យ​បាន​ទៅ​រៀន​សិល្បសាស្ត្រ​ឯ​នគរ​តក្កសិលា លុះ​ត្រឡប់​មក​ស្រុក​កំណើត​វិញ បាន​ជា​អាចារ្យ​ទិសាបាមោក្ខ (ជា​ប្រធាន​ក្នុង​ទិស) មាន​សិស្ស​ពី​ស្រុក​តូច​ធំ​និគម​ជនបទ​ផ្សេង​ៗ មក​រៀន​ជា​ច្រើន។ គ្រា​នោះ អ្នក​កើត​ជា​ព្រាហ្មណ៍​ម្នាក់ មាន​កូន​ក្រមុំ ៤ នាក់ ដូច​កាល​ឥឡូវ​នេះ​ដែរ មាន​ប្រុស ៤នាក់ មក​ដណ្ដឹង​ដូច​គ្នា។ អ្នក​មិន​ដឹង​ជា​ឱ្យ​ទៅ​អ្នកណា​ស្រួល ក៏​ចូល​ទៅ​រក​អាចារ្យ​ទិសាបាមោក្ខ ដំណាល​រឿង​នោះ​សព្វ​គ្រប់ សួរ​លោក​ជា​គាថា​ថា

មនុស្ស​រូប​ល្អ ចាស់ និង​ខ្ពស់ ជាតិ   មនុស្ស​មាន​សីល​ស្អាត ៤ នេះ​ពិត

ខ្ញុំ​សូម​សួរ​លោក​ឱ្យ​ពិនិត្យ   តើ​លោក​ចូល​ចិត្ត​មនុស្ស​យ៉ាង​ម៉េច ?

បើ​លោក​ចូល​ចិត្ត​មនុស្ស​បែប​ណា មេត្តា​ប្រោស​ប្រាប់​មួយ​រំពេច

ឱ្យ​ខ្ញុំ​បាន​ដឹង​សព្វ​សេចគ្រេចលោក​ថា​យ៉ាង​ម៉េច​ខ្ញុំ​ជឿ​តាម។

អាចារ្យ​ទិសាបាមោក្ខ​ឆ្លើយ​ជា​គាថា​ថា

មនុស្ស​មាន​រូប​ល្អ​ពេក​កន្លងអ្នក​ផង​ចង់​សេពគប់

មនុស្ស​មាន​វ័យ​ចាស់​គេ​គោរព      មនុស្ស​ជាតិ​ខ្ពស់​លុប​គេ​កោត​ក្រែង។

តែ​ប៉ែក​ខាង​ខ្ញុំ​ៗ​ចូល​ចិត្ត     អ្នក​មាន​សីល​ពិត​ល្អ​ក្រៃលែង

ព្រោះ​មនុស្ស ៣ ពួក​ក្រៅ​នោះ​ឯង រមែង​មាន​គេ​តិះដៀល​បាន។

ឯ​អ្នក​មាន​សីល​ល្អ​ចំណាប់ កាន់​ច្បាប់​គ្រហស្ថ​ខ្ពស់​ចំណាន

ពុំ​ដែល​ឱ្យ​កើត​រឱស្ឋាន      អ្នក​ផង​ពុំ​បាន​រង្កៀស​ឡើយ។

ព្រាហ្មណ៍​បាន​ស្ដាប់​អាចារ្យ​ទិសាបាមោក្ខ​ពោល​ដូច្នោះ​ហើយ ក៏​ផ្សំ​ផ្គុំ​កូន​ក្រមុំ​ទាំង ៤ នាក់​ឱ្យ​មាន​ប្ដី​សុទ្ធ​តែ​ជា​អ្នក​មាន​សីល​គ្រប់​គ្នា។

ដែល​លោក​មាន​ប្រសាសន៍​រឿង​សាធុ​សីល​ជាតក​មក​នេះ ខ្ញុំ​បាទ​ស្ដាប់​បាន​ថា អាចារ្យ​ទិសាបាមោក្ខ​ជាន់​ដើម​សរសើរ​អ្នក​មាន​សីល ព្រាហ្មណ៍​ក៏​ឱ្យ​កូន​ទៅ​អ្នក​មាន​សីល​តាម​នោះ បាន​សេចក្ដី​សុខ​សេចក្ដី​ចម្រើន យើង​ជាន់​ឥឡូវ ក៏​គួរ​ឱ្យ​កូន​ទៅ​អ្នក​មាន​សីល​ដូច​ព្រាហ្មណ៍​នោះ​ដែរ ព្រោះ​យើង​ក៏​ចង់​ឱ្យ​កូន​បាន​សេចក្ដី​សុខ​ដូច​គ្នា តែ​​លោក​មិន​ទាន់​អធិប្បាយ​ឱ្យ​ច្បាស់លាស់​ថា “អ្នក​មាន​សីល​នោះ ជា​មនុស្ស​មាន​កិរិយា​ប្រព្រឹត្ត​ដូចម្ដេច​នៅ​ឡើយ” បើ​ដូច្នោះ សូម​អញ្ជើញ​លោក​អធិប្បាយ​បន្តិច​ទៅ​ទៀត​មើល ទម្រាំ​ពេល​ព្រះ​សង្ឃ​ឆាន់​ចង្ហាន់​រួច ដូចម្ដេច​ទៅ​លោក ដែល​ហៅ​ថា មនុស្ស​មាន​សីល ? ហ្លួង​ប្រជានុសិដ្ឋ​សួរ

សូម​ជម្រាប​លោក ដែល​ហៅ​មនុស្ស​មាន​សីល​នោះ បើ​និយាយ​ដោយ​ពិស្ដារ បាន​ដល់​មនុស្ស​ដែល​រក្សា​សីល​៥ កម្មបថ​១០ បើ​និយាយ​ដោយ​សង្ខេប​ក៏​គឺ​មនុស្ស​ដែល​មាន​កាយ វាចា សណ្ដាប់ធ្នាប់​ត្រឹម​ត្រូវ មាន​គំនិត​មារយាទ​ល្អ ស្លូតបូត មិន​ព្រហើន​កោងកាច ជា​មនុស្ស​ខំ​រក​ស៊ី​ធ្វើ​ការ​មិន​ដើរ​លេង​ថ្លែថ្លោ មិន​លេង​ស្រី  មិន​ផឹក​ស្រា ​និង​មិន​លេង​ល្បែង​ភ្នាល់ជាដើម។ ឧកញ៉ា​ធម្មានុសាសក៏​ឆ្លើយ

ខ្ញុំ​បាទ​សុំ​ឱកាស​លោក បើ​លោក​បើក​ឱ្យ ខ្ញុំ​បាទ​សុំ​សួរ​ដេញដោល​តទៅ​ទៀត ដើម្បី​កម្ចាយ​ប្រស្នា​នេះ​ឱ្យ​ខ្ចាយ​ឡើង។ ហ្លួង​ប្រជានុសិដ្ឋ តប

បាទ មិន​អី​ទេ​លោក ! ខ្ញុំ​បើក​ឱកាស​ជូន​បាន តែ​បាន​តាម​ប្រទាល់ ដ្បិត​ខ្ញុំ​បាទ​ចេះ​ដឹង​តិច​ដែរ ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​មាន​សម្ដែង​ច្រើន​ណាស់​អំពី​លក្ខណៈ​អ្នក​មាន​សីល ខ្ញុំ​បាទ​មិន​ចេះ​សព្វ​ទេ សុំ​ឆ្លើយ​ជូន​លោក​តែ​យ៉ាង​សង្ខេប​ខ្លីៗ តាម​ទំនង​ដែល​ចេះ​ដឹង​ខ្លះ។ ឧកញ៉ា​ធម្មានុសាសក៍​តប

បាទ មិន​អី​ទេ ខ្លី​ក៏​ខ្លី​ចុះ ព្រោះ​ពេល​យើង​ក៏​ខ្លី​ដែរ លាក់​បាំង​អី​លោក បាន​ជា​ខ្ញុំ​ឈ្លេចឈ្លី​ដេញ​ដោល​ដូច្នេះ ព្រោះ​ធម្មតា​មនុស្ស​ប្រុស​កំលោះ​​ដែល​ចង់​បាន​កូន​ក្រមុំ​របស់​ត្រកូល​ណា បើ​ដឹង​ថា​ត្រកូល​នោះ​គេ​ចូល​ចិត្ត​បែប​ណា ក៏​ប្រព្រឹត្ត​ខ្លួន​ជា​មនុស្ស​បែប​នោះ​ដែរ ឡែបឡប​អប​ជើង​គេ ដើម្បី​ឱ្យ​គេ​ផុង​គំនិត​ឱ្យ​កូន​មក​ខ្លួន បើ​មេបា​របស់​ត្រកូល​នោះ​មិន​សង្កេត​ឱ្យ​ល្អិត​ល្អ​ទេ ភ្លាត់​គំនិត​ឱ្យ​កូន​ទៅ ដល់​ទៅ​ថ្ងៃ​មុខ មិន​យូរ​ប៉ុន្មាន ក៏​ទៅ​ជា​អ្នក​លេង​ស្រី ផឹក​ស្រា លេង​ល្បែង​ភ្នាល់ ធ្វើ​ឱ្យ​កើត​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង​ដល់​កូន​ស្រី​របស់​ខ្លួន កាល​បើ​ដូច្នោះ ម្ដាយ​អាពុក​តែង​បាន​សេចក្ដី​បន្ទោស​អំពី​កូន​ស្រី​ថា “ទាស់​តែ​ពី​ម៉ែ​ឪ បាន​ជា​កូន​ពិបាក​ដល់​ម្ល៉ឹង” ម្ដាយ​ឪពុក​ក៏​មិន​ដឹង​បើ​នឹង​ធ្វើ​ម៉េច ព្រោះ​ខ្លួន​មិន​បាន​ពិនិត្យ​ពិច័យ​មែន ហេតុ​នេះ បើ​យើង​ចូល​ចិត្ត​ឱ្យ​កូន​ទៅ​អ្នក​មាន​សីល យើង​ត្រូវ​ពិនិត្យ​ឱ្យ​ល្អ​សិន​សឹម​ឱ្យ រឿង​អ្នក​មាន​សីល​នេះ តើ​យើង​ត្រូវ​សង្កេត​យ៉ាង​ណា​ទៅ​លោក ! ទើប​ដឹង​ប្រាកដ​ថា​ជា​អ្នក​មាន​សីល​មែន? ហ្លួង​ប្រជានុសិទ្ធ​សួរ

ឱ ! លោក រឿង​សង្កេត​រក​មនុស្ស​អ្នក​មាន​សីល​នោះ​ពិបាក​ណាស់​មិន​ងាយ​ទេ ឧកញ៉ា​ធម្មានុសាសក៍​ឆ្លើយ ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​មាន​សម្ដែង​ថា បើ​ចង់​ដឹង​មនុស្ស​អ្នក​មាន​សីល​ត្រូវ​ពិសោធ​ដោយ​ការ​នៅ​រួម​ជា​មួយ​គ្នា ឬ​នៅ​ជិត​គ្នា​យូរ​ៗ​ទើប​ដឹង​បាន ចួប​គ្នា​តែ​មួយ​ភ្លែត ឬ​គ្រាន់​តែ​ឮ​សម្ដី មិន​ទាន់​ប្រាកដ​ទេ ដូច​ចង់​ដឹង​មនុស្ស​អ្នក​មាន​ប្រាជ្ញា ត្រូវ​ពិសោធ​ក្នុង​ពេល​ដែល​មាន​គេ​សាកសួរ​ដេញ​ដោល ចង់​ដឹង​មនុស្ស​អ្នក​មាន​កម្លាំង ត្រូវ​ពិសោធ​ក្នុង​ពេល​ដែល​មាន​គ្រោះថ្នាក់ បើ​មិន​ទាន់​បាន​ពិសោធ​មើល​ទេ កុំ​អាល​ជឿ សេចក្ដី​នេះ​យ៉ាង​ណា ការ​ជ្រើស​រើស​រក​អ្នក​មាន​សីល ក៏​ដូច​គ្នា នឹង​ជឿ​ប្រញាប់​ភ្លាម​ៗពេក​មិន​បាន​ទេ លុះតែ​គយ​ឃ្លាំ​ចាំ​មើល​ពុត​ដោយ​ខ្លួន​ឯង ឬ​ស៊ើប​សួរ​អ្នក​ផង​ដែល​ជា​មនុស្ស​សុចរិត ឬ​ក៏​ធ្លាប់​ស្គាល់​ជា​យូរ​ៗ មក​ហើយ​ថា​ជា​មនុស្ស​មាន​សីល​ពិត​ប្រាកដ​មែន​សឹម​ជឿ មួយ​ទៀត​ស៊ើប​សួរ​រក​ពូជពង្ស​វង្ស​ត្រកូល​របស់​អ្នក​នោះ​ដោយ​ម៉ឹងម៉ាត់ បើ​ឃើញ​ថា សុទ្ធ​តែ​ជា​មនុស្ស​រក​ស៊ី​ធ្វើ​ការ មាន​សីលាចារ មាន​គំនិត​មារយាទ​ល្អ​គ្រប់​គ្នា មិន​សូវ​ខិល​ខូច សឹម​ជឿ​យក​ជា​ការ ព្រោះ​ធម្មតា​មនុស្ស បើ​ពូជ​ពង្ស​វង្ស​ត្រកូល​ល្អ​ហើយ​គង់​មិន​ចោល​ខ្សែ​អំពី​វង្ស​ត្រកូល​ប៉ុន្មាន សម​ដូច​សុភាសិត​បុរាណ​ថា “ផ្លែឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់” ព្រោះ​ហេតុ​នេះ​បាន​ជា​ចាស់​ៗពី​បុរាណ​តែង​ពោល​ថា “ធ្វើ​ស្រែ​ឱ្យ​មើល​ស្មៅ ទុក​ដាក់​កូន​ចៅ​មើល​ផៅសន្ដាន​គឺ​មើល​ពូជ” នោះ​ឯង បើ​មិន​ទាន់​បាន​ពិសោធ​ទាំង​សាមី​ខ្លួន​និង​ពូជ​ពង្ស​ទេ កុំ​អាល​ទុក​ចិត្ត​ឱ្យ​សោះ ព្រោះ​មនុស្ស​យើង​មាន​ពុតត្បុត​ច្រើន​បែប​ច្រើន​យ៉ាង​ណាស់ ចួន​កាល​បាន​រៀន​សូត្រ​ធម៌អាថ៌​ចេះ​ដឹង​ច្រើន បាន​ឈ្មោះ​ថា​ជា​អាចារ្យ​ហើយ ក៏​គង់​តែ​ជា​មនុស្ស​ឥត​សីល​ទៅ​បាន បើ​យើង​ពិនិត្យ​ទាំង​សាមី​ខ្លួន  ទាំង​ពូជ​ពង្ស​វង្សត្រកូល​ឃើញ​ថា ជា​អ្នក​មាន​សីលាចារ​កិរិយា​មារយាទ​ល្អ​ត្រឹមត្រូវ​ហើយ​សឹម​ឱ្យ បើ​នៅ​តែ​មិន​ស្រួល នោះ​យើង​ក៏​ល្មម​អស់​ចិត្ត​ដែរ កូន​ស្រី​យើង​ក៏​វា​បន្ទោស​យើង​ពុំ​បាន ធ្វើ​ម៉េច​ជា​កម្ម​របស់​យើង​និង​កម្ម​របស់​វា យើង​តោង​គិត​ដល់​កម្ម​និង​ផល​របស់​កម្ម​ផង ទើប​ស្រាល​ចិត្ត។

ណ្ហើយ​លោក ! យើង​ល្មម​បញ្ចប់​ប្រស្នា​ប៉ុណ្ណឹង​ចុះ បើ​លោក​មិន​អស់​ចិត្ត ចាំ​ថ្ងៃ​ក្រោយ បើ​មាន​ពេល​សឹម​យើង​ប្រឹក្សា​គ្នា​ម្ដង​ទៀត ឬ​លោក​អញ្ជើញ​ទៅ​ប្រឹក្សា​នឹង​លោក​អ្នក​ប្រាជ្ញ​រាជ​បណ្ឌិត​ណា​ទៀត​ក៏​បាន ពេល​នេះ​ល្មម​សង្ខេប​ប៉ុណ្ណឹង​ហើយ។

សាធុ ! សាធុ ! ល្អ​ហើយ ! ល្អ​ហើយ ! លោក ខ្ញុំ​បាទ​អស់​ចិត្ត​ហើយ​រឿង​រក​កូន​ប្រសា​ប្រុស​នេះ នៅ​តែ​រឿង​រក​កូន​ប្រសា​ស្រី មិន​ទាន់​បាន​ដឹង​សោះ ខ្ញុំ​បាទ​ចង់​សួរ​លោក​ត​ទៅ​ទៀត តើ​បាន​ឬ​ទេ? ហ្លួង​ប្រជានុសិដ្ឋ​ទទួល​អំណរ​ដោយ​សេចក្ដី​រីករាយ !

ណ្ហើយ​លោក ! កុំ​អាល​សួរ ចាំ​ក្រោយ​បើ​មាន​ឱកាស​សឹម​យើង​ប្រឹក្សា​គ្នា​ទៀត ពេល​នេះ ល្មម​ប៉ុណ្ណឹង​ចុះ ព្រោះ​ដល់​ពេល​បាយ​ហើយ មិន​អី​ទេ​លោក ! បើ​ប្រស្នា​ក្រោយ​នោះ​ធូរ ! ល្មម​នឹង​ប្រាជ្ញា​ខ្ញុំ​បាទ ខ្ញុំ​បាទ​ឆ្លើយ​ជូន​បាន​ទៀត កុំ​ព្រួយ !! ឧកញ៉ា​ធម្មានុសាសក៍ តប

កាល​អស់​លោក​ត្រៃ​មន្រ្តី​គឺ​ឃុន​វោហារកោសល ហ្លួង​ប្រជានុសិដ្ឋ និង​ឧកញ៉ា​ធម្មានុសាសក៍ ប្រឹក្សា​ធម៌អាថ៌​ក្បួន​ច្បាប់ ព្រមព្រៀង​គ្នា​ហើយ ដល់​វេលា​ព្រះ​សង្ឃ​ឆាន់​រួច​ល្មម ឧកញ៉ា​សម្បត្តិ ក៏​ចាត់​ចែង​អាហារ​ដ៏​ផ្ចិតផ្ចង់ ជូន​អស់​លោក​ត្រៃ​មន្ត្រី ព្រម​ទាំង​ឧបាសក​ឧបាសិកា ពិសា​ឆ្អែត​ស្កប់ស្កល់​គ្រប់​គ្រាន់ លុះ​អស់​លោក​ត្រៃ​មន្ត្រី​និង​ឧបាសក​ឧបាសិកា​ទាំង​នោះ ពិសា​ភោជនាហារ​រួច​ហើយ ក៏​ជូន​ពរ​សព្ទ​សាធុការ​ដល់​ឧកញ៉ា​ឧត្ដម​សម្បត្តិ​ព្រម​ទាំង​គ្រួសារ ហើយ​លា​ចេញ​ទៅ​គេហដ្ឋាន​រៀង​ខ្លួន។

ប្រភព ៖ ទស្សនាវដ្ដី​កម្ពុជសុរិយា ឆ្នាំ១៩៤៤

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments