អាចារ្យ គី-គឹមស៊ីវ ប្រែនិងរៀបរៀង
យាវតា ចន្ទិមសុរិយាតិ ឥទំ សត្ថា ជេតវនេ វិហរន្តោ ឧក្កណ្ឋិតភិក្ខុ អារព្ភ កថេសិ។
សត្ថា រីអង្គសម្ដេចព្រះបរមសាស្ដាចរិយាវង្ស កាលស្ដេចទ្រង់សម្រេចសម្រាន្តព្រះឥរិយាបថ កំណត់នៅក្នុងព្រះវិហារជេតពនសុគន្ធកុដិស្រីមហាវិហារ អារព្ភ ទ្រង់ព្រះប្រារព្ធភិក្ខុអ្នកអផ្សុកមួយរូបឱ្យជាហេតុ កាថេសិ ទើបទ្រង់សម្ដែងជាតកនេះដោយគាថាថា យាវតា ចន្ទិមសុរិយាតិ ដូច្នេះជាដើម។
កិរ ដូចបានឮមកថាមានភិក្ខុ ១ រូបត្រាច់ទៅបិណ្ឌបាតក្នុងក្រុងសាវត្ថី បានឃើញស្ត្រីមានកាយប្រដាប់ដោយគ្រឿងអលង្ការ ក៏កើតសេចក្ដីបដិពទ្ធក្នុងស្ត្រីនោះ ហើយមានសេចក្ដីអផ្សុកប្រាថ្នានឹងសឹកចេញជាឃរាវាស ភិក្ខុទាំងឡាយដឹងរឿងនោះ ទើបនាំភិក្ខុនោះទៅគាល់សម្ដេចព្រោះលោកនាថហើយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះជាអ្នកមានសេចក្ដីអផ្សុក។
សម្ដេចព្រះបរមសាស្ដាមានព្រះពុទ្ធតម្រាស់សួរថា ម្នាលភិក្ខុ បានឮថា អ្នកមានសេចក្ដីអផ្សុកពិតមែនឬ។ ភិក្ខុនោះក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គអផ្សុកពិតមែន ទើបមានព្រះពុទ្ធតម្រាស់ថា ម្នាលភិក្ខុ បើអ្នកសឹកចេញទៅជាឃរាវាស អ្នកនឹងអាចញ៉ាំងសេចក្ដីប្រាថ្នាឱ្យពេញបានដែរឬ ? ធម្មតាតណ្ហាគឺសេចក្ដីប្រាថ្នាក្នុងកាមគុណទាំង ៥ នេះជារបស់ដែលបុគ្គលណាមួយមិនគប្បីឱ្យពេញបាន ប្រៀបដូចមហាសមុទ្រដ៏ធំទូលាយមិនងាយនឹងឱ្យពេញដោយវារីដែលហូរមកអំពីមហានទីទាំង៥ដូច្នោះ សូម្បីបុរាណបណ្ឌិតទាំងឡាយ ដែលបានសោយសិរីរាជសម្បត្តិជាបរមចក្រពត្រាធិរាជមានអំណាចផ្សាយទៅក្នុងទ្វីបធំទាំង៤ មានទ្វីបតូច២ពាន់ជាបរិវារ និងបានសោយទិព្វស្រឹង្គារក្នុងជាន់ចាតុម្មហារាជិកា ទាំងបានសោយទិព្វសម្បត្តិក្នុងតាវត្តិង្សទេវលោកឋិតនៅក្នុងវិមានសម្ដេចសក្កទេវរាជអស់កាលយូរ រហូតសម្ដេចមឃវាកន្លងទៅដល់ ៣៦ ព្រះអង្គ ក៏នៅតែមិនញ៉ាំងកាមតណ្ហាគឺសេចក្ដីប្រាថ្នាក្នុងកាមគុណទាំង ៥ ឱ្យបរិបូណ៌ពេញទីបាន ម្នាលភិក្ខុ អ្នកអាចនឹងធ្វើកាមតណ្ហាឱ្យបរិបូណ៌ពេញទីបានដែរឬ? កាលមានព្រះពុទ្ធតម្រាស់ដូច្នេះហើយ ទើបទ្រង់នាំរឿងក្នុងអតីតកាលមកត្រាស់ទេសនាដូចតទៅនេះ។
អតីតេ បឋមកប្ប មហាសត្តោ នាម រាជា អហោសិ។
ក្នុងកាលបឋមកប្បកន្លងទៅហើយ មានព្រះរាជាមហាសម្មតិវង្ស ១ ព្រះអង្គ ព្រះរាជឱរសរបស់ព្រះអង្គនោះ បានជាក្សត្រទ្រង់ព្រះនាមថា ព្រះចៅរោជរាជ ព្រះរាជឱរសព្រះចៅរោជរាជនោះ បានជាក្សត្រទ្រង់ព្រះនាមព្រះចៅវររោជរាជ ព្រះរាជឱរសព្រះចៅវររោជរាជនោះបានជាក្សត្រទ្រង់នាមថា ព្រះចៅកល្យាណបតី ព្រះរាជឱរសព្រះចៅកល្យាណបតីនោះបានជាក្សត្រទ្រង់ព្រះនាមថា ជាព្រះចៅឧបោសថរាជ ព្រះរាជឱរសព្រះចៅឧបោសថរាជនោះបានជាក្សត្រទ្រង់ព្រះនាមថា ព្រះចៅវរឧបោសថរាជ ព្រះរាជឱរសព្រះចៅវរឧបោសថរាជនោះ បានជាក្សត្រិយ៍ទ្រង់ព្រះនាមថាព្រះចៅមន្ធាតុរាជ ព្រះចៅមន្ធាតុរាជនោះប្រកបដោយរាជឫទ្ធិសក្ដាតេជះបរិបូណ៌ដោយរ័តន៍ពិសេស ៧ ប្រការ ជាបរមចក្រពត្រាធិរាជ មានបុញ្ញានុភាពអស្ចារ្យក្នុងកាលដែលព្រះអង្គទ្រង់បត់ព្រះហស្តខាងឆ្វេង សណ្ដូកព្រះហស្តខាងស្ដាំ ភ្លៀងកែវ ៧ ប្រការក៏បង្អុរចុះមកប្រមាណត្រឹមជានុមណ្ឌល ដូចជាភ្លៀងបង្អុរធ្លាក់ចុះមកអំពីអាកាស ព្រះចៅមន្ធាតុរាជជាមនុស្សអស្ចារ្យយ៉ាងនេះ កាលព្រះអង្គទ្រង់វ័យនៅជាកុមារប្រកបដោយការលេង កំណត់កាលដ៏យូរបាន ៨ ម៉ឺន ៤ ពាន់ឆ្នាំ កាលបើសោយសិរីរាជសម្បត្តិជាបរមចក្រពត្រាធិរាជ កំណត់កាលបាន ៨ ម៉ឺន ៤ ពាន់ឆ្នាំ ព្រះជន្មាយុរបស់ព្រះចៅមន្ធាតុរាជនោះមានកំណត់បាន ១ អសង្ខេយ្យ។
លុះតមកមានមួយថ្ងៃ ព្រះចៅមន្ធាតុបរមចក្រពត្រាធិរាជនោះ មិនអាចនឹងញ៉ាំងកាមតណ្ហាឱ្យល្មមព្រះទ័យបាន ទើបទ្រង់សម្ដែងអាការដែលព្រះអង្គទ្រង់អផ្សុក គឺមិនត្រេកអរក្នុងរាជសម្បត្តិ។ ពួកអាមាត្យរាជបរិស័ទ ក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គជាសម្មតិទេវរាជ អាការដែលព្រះអង្គទ្រង់អផ្សុកនោះ បណ្ដាលមកអំពីហេតុអ្វី ? នែ ! អាមាត្យទាំងឡាយ យើងឃើញកម្លាំងបុណ្យរបស់យើងមានច្រើន សិរីរាជសម្បត្តិប៉ុណ្ណេះមិនល្មមដល់សេចក្ដីត្រេកអររបស់យើងទេ សិរីរាជសម្បត្តិក្នុងឋានណាហ្ន៎ ទើបជាទីរីករាយជាងនេះ ? បពិត្រព្រះអង្គជាសម្មតិទេវរាជ ទេវលោក ទើបជាទីរមណីយដ្ឋាន សម្រាន្តព្រះទ័យជាងមនុស្សលោកនេះ។ ព្រះចៅមន្ធាតុបរមចក្រពត្តិ បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ក៏ទ្រង់ធ្វើចក្រកែវឱ្យនាំទៅក្នុងខាងមុខ ហើយស្ដេចយាត្រាព្រមដោយរាជបរិស័ទតាមចក្រកែវនោះឡើងទៅកាន់អាកាសវិថី។
ចំណែកស្ដេចចាតុម្មហារាជិកាទាំង ៤ ឃើញព្រះចៅមន្ធាតុបរមចក្រពត្តិ ស្ដេចមកក៏កាន់ទិព្វមាលាមានក្លិនក្រអូបឈ្ងុយឈ្ងប់ នាំពួកទេពនិករទាំងឡាយជាបរិវារមកធ្វើបច្ចុគមនាការ នាពាក់កណ្ដាលមាគ៌ា អញ្ជើញស្ដេចឡើងទៅប្រថាប់ក្នុងជាន់ចាតុម្មហារាជិកា ហើយក៏បង្វែរសិរីសម្បត្តិក្នុងជាន់ចាតុម្មហារាជិកាថ្វាយព្រះចៅមន្ធាតុបរមចក្រពត្តិ សូម្បីបានសោយទិព្វសម្បត្តិក្នុងជាន់ចាតុម្ម-ហារាជិកា ព្រមដោយរាជបរិស័ទនិងទេវបរិស័ទអស់កាលយូរ ក៏នៅមិនអាចនឹងធ្វើសេចក្ដីប្រាថ្នាឱ្យពេញបាន ទើបសម្ដែងអាការដែលព្រះអង្គអផ្សុកទ្រង់មិនបានត្រេកអរក្នុងទេវសម្បត្តិក្នុងជាន់ចាតុម្មហារាជិកានោះទៀត។ សម្ដេចចាតុម្មហារាជិកាទាំង ៤ ក៏ក្រាបទូលបង្គំទូលសួរថា បពិត្រមហារាជព្រះអង្គអផ្សុកដោយហេតុអ្វី ? ព្រះចៅមន្ធាតុបរមចក្រពត្តិត្រាស់ថា សិរីសម្បត្តិត្រឹមប៉ុណ្ណេះនៅមិនជាទីត្រេកអរល្មមដល់សេចក្ដីប្រាថ្នារបស់យើងទេ ហើយត្រាស់សួរថា សិរីសម្បត្តិក្នុងទីណាហ្ន៎ ទើបជាទីត្រេកអរវិសេសជាងនេះទៀត ? សម្ដេចចាតុម្មហារាជិកាទាំង ៤ ក្រាបបង្គំទូលថា បពិត្រមហារាជ ខ្ញុំព្រះអង្គទាំងឡាយនេះជាអ្នកទទួលធ្វើការក្រោមបង្គាប់ស្ដេចនៃទេវតាទេ ទីដែលរមណីយដ្ឋានជាងនោះមានតែតាវត្តិង្សទេវលោកឯណោះ ទើបជាទីរីករាយទៅដោយកាមារម្មណ៍ដ៏ឧត្ដមជាងជាន់ចាតុម្មហារាជិកានេះ។ កាលព្រះចៅមន្ធាតុបរមចក្រពត្តិ បានទ្រង់ព្រះសណ្ដាប់ដូច្នោះហើយ ទើបទ្រង់ធ្វើចក្កកែវឱ្យនាំទៅក្នុងខាងមុខ ព្រះអង្គព្រមដោយរាជបរិស័ទ ក៏ស្ដេចបែរព្រះភក្រ្តចំពោះទៅតាវត្តិង្សទេវលោក។
លំដាប់នោះសម្ដេចសក្កទេវរាជ ទតព្រះនេត្រឃើញព្រះចៅមន្ធាតុបរមចក្រពត្តិស្ដេចមក ទើបទ្រង់កាន់ទិព្វមាលាសុគន្ធជាតិ មានអមរទេវតាចោមរោមជាបរិវារ ស្ដេចចេញទៅធ្វើបច្ចុគមនាការទទួលចាប់ព្រះហស្តព្រះចៅមន្ធាតុបរមចក្រពត្តិហើយត្រាស់ថា សូមអញ្ជើញស្ដេចយាងមកខាងណេះ លុះព្រះចៅមន្ធាតុរាជស្ដេចទៅដល់សម្នាក់ស្ដេចមឃវាហើយ ពួករតនបរិវាយកពលកែវក៏នាំចក្កកែវព្រមទាំងរាជបរិស័ទត្រឡប់ចុះមកកាន់មនុស្សលោកវិញ ចំណែកសម្ដេចមឃវាទេវរាជនោះ លុះនាំព្រះចៅមន្ធាតុបរមចក្រពត្តិមកដល់តាវត្តិង្សទេវភពហើយ ក៏បែងទិព្វសម្បត្តិថ្វាយព្រះចៅមន្ធាតុបរមចក្រពត្តិនោះពាក់កណ្ដាលហើយឱ្យប្រថាប់នៅក្នុងតាវត្តិង្សទេវនគរ។
ចាប់ដើមអំពីនោះមក ព្រះរាជាទាំងពីរព្រះអង្គគឺ ព្រះចៅមន្ធាតុបរមចក្រពត្តិ និងសម្ដេចកោសិយសក្កទេវរាជក៏សោយទិព្វសម្បត្តិរជ្ជសុខស្មើគ្នាក្នុងតាវត្តិង្សទេវភពនោះកំណត់កាលបាន ៣ កោដិ ៦០សែនឆ្នាំ លុះសម្ដេចកោសិយសក្កទេវរាជអង្គនោះព្រះជន្មាយុចុតិទៅ សម្ដេចសក្កទេវរាជអង្គថ្មីមកឧប្បត្តិជំនួសឡើងទៀត ហើយសោយរជ្ជសុខពាក់កណ្ដាលដូចអង្គមុន កាលបើអស់អាយុក្ខ័យហើយចុតិទៅ សក្កទេវរាជដែលឧប្បត្ដិឡើងនឹងចុតិទៅវិញដោយទំនងនេះ រាប់បាន ៣៦ ព្រះអង្គចំណែកព្រះចៅមន្ធាតុបរមចក្រពត្តិនោះ មានព្រះសរីរកាយជាមនុស្សបានសោយទិព្វសុទ្ធាភោជន៍ដ៏បរិសុទ្ធទើបមិនចុតិចាកទេវស្ថាន។
លុះដល់សម្ដេចសក្កទេវរាជអង្គទី ៣៧ ឧប្បត្តិឡើងក្នុងតាវត្តិង្សទេវភពទៀត ក៏បានសោយទិព្វសម្បត្តិរជ្ជសុខពាក់កណ្ដាលដូចអង្គមុនៗ ឯព្រះចៅមន្ធាតុបរមចក្រពត្តិមានសេចក្ដីប្រាថ្នាក្នុងបញ្ចពិធកាមគុណមិនមានទីបំផុត ក៏កើតសេចក្ដីខ្វល់ខ្វាយចិត្តមិនគាប់ព្រះទ័យក្នុងរជ្ជសុខត្រឹមប៉ុណ្ណេះ ទើបទ្រង់ព្រះតម្រិះថាប្រយោជន៍អ្វីដែលមកសោយទិព្វសម្បត្តិតែត្រឹមពាក់កណ្ដាលប៉ុណ្ណេះ យើងនឹងផ្ដាច់ព្រះជន្មជីពសម្ដេចមឃវាអង្គថ្មីនេះចេញ ហើយនឹងអាចសោយទិព្វសម្បត្តិក្នុងជាន់តាវត្តិង្សនេះឱ្យជាបរមសុខតែម្នាក់ឯង តែទ្រង់មិនអាចនឹងផ្ដាច់ព្រះជន្មជីពស្ដេចមឃវានោះបានឡើយ កាលមិនបានសម្រេចព្រះរាជបំណងដូចទ្រង់ព្រះតម្រិះទុក ក៏កើតទុក្ខទោមនស្សតូចព្រះទ័យគ្រប់ទិវារាត្រី។
ធម្មតាកាមគុណ គឺសេចក្ដីប្រាថ្នាក្នុងកាមគុណនេះជាមូលនៃសេចក្ដីវិបត្តិ ព្រោះហេតុនោះ អាយុសង្ខាររបស់ព្រះចៅមន្ធាតុបរមចក្រពត្តិក៏ត្រូវវិនាសទៅ ខណៈនោះជរាក៏ចូលមកបៀតបៀនព្រះសរីរកាយឱ្យគ្រាំគ្រាទ្រុឌទ្រោមទៅ តែធម្មតាសរីរាវយវៈមនុស្សជាតទាំងឡាយ មិនដែលបែកធ្លាយក្នុងទេវលោកនោះឡើយ ព្រោះហេតុដូច្នោះ ព្រះចៅមន្ធាតុបរមចក្រពត្តិ ក៏ត្រូវចុតិចាកទេវលោកចុះមកនៅក្នុងព្រះរាជឧទ្យាន។
ចំណែកឧ្យានបាល (អ្នករក្សាសួន) បានឃើញស្ដេចមន្ធាតុរាជស្ដេចមកនៅក្នុងឧទ្យានដូច្នោះ នាំសេចក្ដីនោះ ទៅក្រាបបង្គំទូលដល់រាជត្រកូលៗ ក៏នាំគ្នាមកតាក់តែងទីព្រះក្រឡាបន្ទំក្នុងព្រះរាជឧទ្យាន ថ្វាយព្រះចៅមន្ធាតុបរមចក្រពត្តិផ្ទំជាអនុដ្ឋានសេយ្យាសន៍។
ក្នុងខណៈនោះ ពួកសេវកាមាត្យទាំងឡាយនាំគ្នាក្រាបបង្គំទូលសួរថា បពិត្រព្រះអង្គជាសម្មតិទេវរាជ ឥឡូវនេះព្រះអង្គនឹងឱ្យខ្ញុំទូលបង្គំទាំងឡាយធ្វើដូចម្ដេចក្នុងទីចំពោះព្រះភក្ត្រព្រះអង្គ ? ព្រះចៅមន្ធាតុបរមចក្រពត្តិត្រាស់ថា អ្នកទាំងឡាយចូរឱ្យដំណឹងនេះដល់មហាជនឱ្យបានដឹងគ្រប់គ្នាថា ព្រះចៅមន្ធាតុបរមចក្រពត្តិបានសោយរាជសម្បត្តិជាបរមចក្រពត្រាធិរាជ មានឥស្សរភាពផ្សាយទៅក្នុងទ្វីបធំទាំង៤ មានទ្វីបតូច២ពាន់ជាបរិវារនឹងបានសោយទិព្វសម្បត្តិក្នុងជាន់ចាតុម្មហារាជិកាក៏យូរអង្វែង ទាំងបានឡើងទៅសោយទិព្វសម្បត្តិក្នុងតាវត្តិង្សទេវលោក រហូតដល់អស់អាយុរបស់ព្រះឥន្ទ្រ ៣៦ព្រះអង្គ ក៏នៅមិនអាចញ៉ាំងសេចក្ដីត្រេកអរ សេចក្ដីប្រាថ្នាក្នុងកាមារម្មណ៍ឱ្យពេញព្រះទ័យបាន ដល់ទីបំផុតក៏ត្រូវចុតិឃ្លាតចាកទេវលោកចុះមកផ្ទំក្នុងព្រះរាជឧទ្យាន ឥឡូវនេះស្ដេចទិវង្គតហើយ។ ព្រះចៅមន្ធាតុបរមចក្រពត្តិមានព្រះរាជតម្រាស់ផ្ដាំដូច្នេះហើយ ក៏ស្ដេចទិវង្គតទៅតាមយថាកម្មរបស់ព្រះអង្គ។
សត្ថា តមំ ធម្មទេសនំ អាហរិត្វា សម្ដេចព្រះបរមសាស្ត្រាចារ្យទ្រង់នាំព្រះធម្មទេសនា គឺជាតកនេះមកសម្ដែងហើយ ទើបត្រាស់នូវបទព្រះគាថាទាំងឡាយដូចតទៅនេះ
យាវតា ចន្ទិមសុរិយា ហរិហរន្ត ទិសា ភន្តិ វិរោចមានា
សព្វេវ ទាសា មន្ធាតុ យេ បាណា បឋវិនិស្សិតា
នកហាបណវស្សេន តិត្តំ កាមេ នវិជ្ជតិ
អប្បសាទា ទុក្ខា កាមា ឥតិ វិញ្ញាយេ បណ្ឌិតោ
អបិ ទិព្វេសុ កាមេសុរតឹ សោ នាធិកច្ឆតិ
តណ្ហក្ខយរតោ ហោតិ សម្មាសម្ពុទ្ធសាវកោ។
សេចក្ដីថាព្រះចន្ទនិងព្រះអាទិត្យទាំងឡាយកាលរះឡើងដើរវិលវង់ក្បែរភ្នំសិនេរុរាជ មានរស្មីដ៏ភ្លឺស្វាងរុងរឿងផ្សាយទៅក្នុងទិសទាំង ១០ ដោយទីមានកំណត់ត្រឹមណា សត្វគឺមនុស្សទាំងឡាយដែលអាស្រ័យនោះលើផែនដីក្នុងទីមានកំណត់ត្រឹមណោះ ជាខ្ញុំព្រះចៅមន្ធាតុរាជទាំងអស់ ព្រះចៅមន្ធាតុរាជកាលទ្រង់មានព្រះរាជបំណងនឹងសង្គ្រោះដល់មនុស្សដែលជាខ្ញុំទាំងប៉ុណ្ណោះ ទ្រង់ទះព្រះហស្តក្នុងកាលណា ក្នុងកាលនោះ ភ្លៀងកែវទាំង ៧ ប្រការក៏បវត្តនាការធ្លាក់ចុះមក សូម្បីយ៉ាងនោះ សេចក្ដីឆ្អែតក្នុងវត្ថុកាមនិងកិលេសកាម ក៏នៅមិនល្មមដល់ព្រះចៅមន្ធាតុរាជនោះ ក៏បណ្ឌិតកាលដឹងច្បាស់ថា កាមទាំងឡាយមានសេចក្ដីត្រេកអរតិច គឺមានសេចក្ដីសុខតិច ប្រកបទៅដោយសេចក្ដីទុក្ខច្រើនដូច្នេះ ក៏មិនសេចក្ដីត្រេកអរក្នុងកាមទាំងឡាយ មួយទៀត សាវករបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ លោកក៏មិនមានសេចក្ដីប្រាថ្នានឹងត្រេកអរក្នុងកាមដ៏ជាទិព្វនោះឡើយ លោកប្រាថ្នាត្រេកអរតែក្នុងព្រះនិព្វានធម៌ដែលជាទីអស់ទៅនៃតណ្ហាដោយចំណែកមួយប៉ុណ្ណោះ។
កាលសម្ដេចព្រះបរមសាស្តាចារ្យ ទ្រង់នាំអតីតនិទានមកត្រាស់ទេសនាយ៉ាងនេះហើយ ទើបទ្រង់ប្រកាសនូវអរិយសច្ចទាំងឡាយ លុះចប់អរិយសច្ចហើយ ភិក្ខុដែលអផ្សុកនោះក៏បានសម្រេចសោតាបត្តិផល ព្រមទាំងភិក្ខុទាំងឡាយដទៃក៏បានសម្រេចផលមានសោតាបត្តិផលជាដើម ទើបសម្ដេចព្រះលោកុត្តមាចារ្យទ្រង់ប្រជុំជាតកថា ព្រះចៅមន្ធាតុបរមចក្រពត្តិក្នុងគ្រានោះគឺអង្គតថាគតហ្នឹងឯង ៕
ចប់មន្ធាតុរាជចាតក។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤