ឯក​ភាគ​នៃ​មិលិន្ទ​ប្បញ្ហា

សារវន្តកថា
ឃុន​និពន្ធ​មន្ត្រី ញ៉ុក– ថែម
ស្រង់ ប្រែ ​និង​រៀបរៀង

ដែល​ហៅ​ថា “ឯក​ភាគ​មិលិន្ទ​ប្បញ្ហា” នេះ ព្រោះ​ជា​ចំណែក​ផ្នែកមួយ​ក្នុង​គម្ពីរ​មិលិន្ទប្បញ្ហា​ខាង​ចុង មិន​ទាន់​មាន​លោក-អ្នក​ឯ​ណា​ប្រែ​បោះពុម្ព​ផ្សាយ​ជា​ភាសា​ខ្មែរ​នៅ​ឡើយ​ទេ។ ប៉ុន្តែ​សេចក្ដី​ស្រង់​នឹង​ប្រែ​ចេញ​មក​នេះ មិន​បាន​ប្រែ​តាម​ច្បាប់​បាលី​ដើម​ទាំង​មូល​ទេ បាន​កាត់​ចោល​ពាក្យបុច្ឆា-វិសជ្ជនា នឹង​សេចក្ដី​ផ្សេងៗទៀត​ជា​ច្រើន ស្រង់​យក​តែ​ត្រង់​ឧបមា​នុបមេយ្យ​ដែល​ចាត់​ជា​អង្គៗតាំង​ពី​មាន​អង្គមួយ​ជាដើម​ទៅ ហើយ​ប្រែ​រៀបរៀង​ជា​សេចក្ដី​ខ្លីៗងាយ​យល់​ងាយ​ស្ដាប់ សម្រាប់​ជា​ផ្លូវ​ប្រតិបត្តិ​របស់​សាធុជន​ទាំងឡាយ។

ឯ​គម្ពីរ​មិលិន្ទប្បញ្ហា ដែល​ព្រះ​សព​ព្រះ​ឧត្ដម​មុនី​ជា​អ្នក​ប្រែ​រៀបរៀង​ហើយ​ព្រះ​រាជ​បណ្ណាល័យ​បាន​ចាត់ចែង​បោះពុម្ព​ផ្សាយ ជា​វេលា​យូរ​មក​ហើយ​នោះ មាន ២ភាគ គឺ​ភាគ​ទី១ និង​ភាគ​ទី២ ត្រឹម​ប៉ុណ្ណេះ​មិន​ទាន់​ចប់​សព្វ​គ្រប់​ទេ នៅ​មាន​សេចក្ដី​ពិស្ដារ​វែង​ឆ្ងាយ​តទៅ​ទៀត​ជា​ច្រើន​ប្រហែល​ជា ៤-៥ ភាគ​ទៀត ទើប​ចប់​សព្វ​គ្រប់​តាម​ច្បាប់​បាលី​ដើម​ឥឡូវ លោក​អគ្គ​លេខាធិការ​នៃ​ពុទ្ធសាសនបណ្ឌិត្យ កំពុង​ឱ្យ​ចាត់ចែង​ប្រែ​និង​រៀបរៀង​ឱ្យ​ត្រា​តែ​ចប់​សព្វ​គ្រប់ ហើយ​ក្រសួង​ពុទ្ធសាសនបណ្ឌិត្យ នឹង​ចាប់​ផ្ដើម​ឱ្យ​បោះពុម្ព​ត​សេចក្ដី​ពី​ភាគ​ពីរ​នោះ​ត​រៀង​ទៅ​ដល់​តែ​ចប់​តាម​ច្បាប់​បាលី​ដើម។

ក្នុង​ទី​បំផុត​នេះ យើង​មាន​សង្ឃឹម​ថា ការ​ស្រង់​យក​អង្គ​របស់​វត្ថុ ឬ​សត្វ​នានា មក​ប្រៀប​ធៀប​នឹង​អ្នក​ប្រតិបត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ដើម្បី​ឱ្យ​ងាយ​យល់​សេចក្ដី​នៃ​អាថ៌​ធម៌​នោះៗ នឹង​មាន​ប្រយោជន៍​ដល់​អ្នក​សិក្សានិង​អ្នក​ប្រតិបត្តិ​តាម​ច្បាប់​ធម៌​របស់​ព្រះ​ពុទ្ធ​សាសនា​នេះ​ខ្លះ​មិន​ខាន។

ឃុន​និពន្ធ​មន្ត្រី ញ៉ុក– ថែម

បណ្ឌិត នៅ​ពុទ្ធសាសនបណ្ឌិត្យ

 

ឯក​ភាគ​នៃ​មិលិន្ទ​ប្បញ្ហា

ពួក​មាន​អង្គ ១

អង្គ ១ របស់​សត្វ​លា

មិន​ចេះ​រើស​ដំណេក ក្នុង​ទី​ណា​ក៏​ដេក​បាន ហើយ​ដេក​មិន​យូរ​ពេក មិន​ច្រើន​ពេក។

សេចក្ដី​នេះ ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកបដោយ​សេចក្ដី​ព្យាយាម​មិន​រើស​ដំណេក មាន​ព្យាយាម​មិន​ប្រមាទ​ក្នុង​បធាន​ទាំង ៤ គឺ​ព្យាយាម​មិន​ឱ្យ​បាប​កើត​ឡើង​ក្នុង​សន្ដាន ១ ព្យាយាម​លះបង់​បាប​ដែល​កើត​ឡើង​ហើយ ១ ព្យាយាម​ធ្វើ​កុសល​ឱ្យ​កើត​ឡើង​ក្នុង​សន្ដាន ១ ព្យាយាម​រក្សា​កុសល​ដែល​កើត​ឡើង​ហើយ មិន​ឱ្យ​សាប​សូន្យ​ទៅ​វិញ ១។

អង្គ ១ របស់​កង្ហែន

កាល​បើ​មាន​សត្រូវ​ចូល​មក​ជិត ក៏​ពង់​កន្ទុយ​ឱ្យ​ធំ​ឡើង តស៊ូ​សត្រូវ​នឹង​កន្ទុយ​នោះ មិន​ថយ​រត់​គេច​ចេញ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ កាល​កិលេស​កើត​ឡើង ក៏​គប្បី​ចម្រើន​សតិបដ្ឋាន​ទាំង ៤ តស៊ូ​ច្បាំង​នឹង​កិលេស​ទាំង​ពួង​ដោយ​សតិបដ្ឋាន​ទាំង ៤ ដូច​កន្ទុយ​កង្ហែន​ដូច្នោះ។

អង្គ ១ របស់​ខ្លា​ញី

មាន​ផ្ទៃ​ពោះ​តែ​ម្ដង ហើយ​មិន​ចូល​ទៅ​ជិត​តួ​ឈ្មោល​តទៅ​ទៀត។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ សម្លឹង​មើល​ឃើញ​ចុតិបដិ​សន្ធិ គឺ​ការ​ច្យុត​ទៅ​ចាប់​បដិ​សន្ធិ​ថ្មី​ទៀត ជា​ដំណើរ​គួរ​ខ្លាច ព្រោះ​ច្របូក​ច្របល់​ទៅ​ដោយ​ទុក្ខ​វេទនា​យ៉ាង​ពន្លឹក មាន​សុខ​ត្រឹម​មួយ​ដង្ហើម តោង​ព​ទុក្ខ​ជា​វេលា​យូរ តោង​វិល​វល់​ដោយ​ជាតិ ជរា ព្យាធិ មរណៈ​មិន​ចេះ​ចប់ ទើប​រាង​ចាល​មិន​ចង់​ចួប​ប្រសព្វ តាំង​ចិត្ត​បំពេញ​យោនិ​សោមន​សិការៈ​ធ្វើ​ទុក​ក្នុង​ចិត្ត​ដោយ​ឧបាយ​ប្រាជ្ញា ថា​នឹង​មិន​ចាប់​បដិ​សន្ធិ​ក្នុង​ភព​ថ្មី​តទៅ​ទៀត។

អង្គ ១ របស់​ប៉ី

អនុលោម​ទៅ​តាម​ផ្លូវ​មាត់​ដែល​គេ​ផ្លុំ សូរ​មិន​បែក​ខ្ចាត់​ខ្ចាយ​ទៅ​ទី​ឯ​ទៀត។

ប្រៀប​ដូចជា​បុគ្គល​ដែល​អនុលោម​តាម​នវង្គ​សត្ថុ​សាសនា ដែល​សម្ដេច​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ម្ចាស់  បាន​សម្ដែង​ទុក​ល្អ​ហើយ  តម្កល់​ខ្លួន​នៅ​ក្នុង​កម្ម​មិន​មាន​ទោស ស្វែង​រក​តែ​សមណ​ធម៌​ប៉ុណ្ណោះ។

អង្គ ១ របស់​ឃ្លោក

ធម្មតា​ឃ្លោក​រមែង​បោះ​ដៃ​ទៅ​តោង​ស្មៅ ឈើ​ស្ងួត​ឬ​វល្លិ​ហើយ​វារ​ឡើង​លើ​វត្ថុ​នោះៗ ចម្រើន​លូត​លាស់​ល្អ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ ប្រាថ្នា​នឹង​ធ្វើ​ខ្លួន​ឱ្យ​ចម្រើន​លូត​លាស់​យ៉ាង​ក្រៃលែង​ក្នុង​ព្រះ​អរហត្ត គប្បី​តាំង​ចិត្ត​ចាប់​យក​ព្រះ​អរហត្ត​ជា​អារម្មណ៍ ឱ្យ​ដូចជា​វល្លិ​ឃ្លោក​ដែល​មាន​ដៃ​ដូច្នោះ។

អង្គ ១ របស់​ដើម​ភ្លៅ​នាង

ដុះ​ង​ក្ងក់​នៅ​ក្រោម​ដី កាល​បើ​ចាស់​ពេញ​ទី​ហើយ ក៏​ដុះ​ផុស​ចេញ​បំបែក​ដី​ឡើង​មក ដល់ ១០០ ហត្ថ​ក៏​មាន ឬ​ជាង​នេះ​ក៏​មាន។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ ដែល​ស្វែង​រក​សាមញ្ញ​ផល ៤ បដិសម្ភិទា ៤ អភិញ្ញា ៦ និង​សមណ​ធម៌ ក្នុង​ព្រៃ​ស្ងាត់​ដូច្នោះ។

អង្គ ១ របស់​សសរ​ក្ដោង

តែង​ទ្រទ្រង់​ទុក​នៅ​ខ្សែយោង រ៉ក ​និង​សន្លឹក​ក្ដោង។

ប្រៀប​ដូច​បុគ្គល​ប្រកប​ដោយ​សតិ​និង​សម្បជញ្ញៈ ដឹង​ខ្លួន​ក្នុង​ខណៈ​ធ្វើ ក្នុង​ខណៈ​និយាយ ក្នុង​ខណៈ​គិត​ប្រចាំ​នៅ​ជានិច្ចដូច្នោះ។

អង្គ ១ របស់​អ្នក​ធ្វើ​ការ

អ្នក​ធ្វើ​ការ​ដែល​ពូកែ​នោះ តែង​គិត​ដូច្នេះ​ថា អញ​ធ្វើ​ការ​គេ​ដោយ​បំណង​ថ្លៃ​ឈ្នួល​ឱ្យ​បាន​ច្រើន អញ​មិន​គួរ​ខ្ជិល​ច្រអូស ធ្វេស​ប្រហែស​ការ​របស់​គេ​ទេ គួរ​តែ​ពិចារណា​ឱ្យ​គត់មត់​ជា​មុន​សិន​នឹង​ធ្វើ ទើប​បាន​ការ​យ៉ាង​ល្អ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ ខំ​ពិចារណា​កាយ​ដែល​កើត​ឡើង អំពី​ធាតុ​ទាំង ៤ គឺ​ដី ទឹក ភ្លើង ខ្យល់ ឱ្យ​រឿយៗ ដោយ​សេចក្ដី​មិន​ប្រមាទ មាន​ស្មារតី​ខ្ជាប់ខ្ជួន រឭក​ដឹង​ខ្លួន មាន​ចិត្ត​ខ្ជាប់ខ្ជួន​ទៀងទាត់ នៅ​ក្នុង​អារម្មណ៍​តែ​មួយ ក៏​នឹង​ផុត​របូត​ចាក​ទុក្ខ​ទាំងឡាយ​ទៅ​បាន។

អង្គ ១ របស់​កណ្ដៀរ

យក​ដី​មក​ក​ជា​ដំបូក​ពី​ខាង​លើ កាល់​ខ្លួន​ពួន​នៅ​ខាង​ក្រោម​ស្វែង​រក​អាហារ​បរិភោក្ដា។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ ធ្វើ​សីល​សំវរៈ​ទុក​ដូចជា​ដំបូក​គ្រឿង​កំបាំង​កាយ បិទ​ទ្វារ​គឺ​ចិត្ត ​រួច​សឹម​ត្រាច់​រង្គាត់​ទៅ ក៏​នឹង​ឆ្លង​ផុត​ភ័យ​ទាំង​ពួង​បាន។

អង្គ ១ របស់​កណ្ដុរ

កាល​ត្រាច់​រង្គាត់​ទៅ​ទី​ណា​មួយ តែង​ប៉ុនប៉ង​ស្វែង​រក​តែ​អាហារ​មួយ​យ៉ាង​ប៉ុណ្ណោះ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ កាល​ត្រាច់​ទៅ​កាន់​ទី​ណា​នីមួយ ក៏​ប៉ុនប៉ង​ខ្ជាប់ខ្ជួន​នៅ​ក្នុង​យោនិ​សោមន​សិការៈ​តែ​មួយ ទោះបី​ងើប​មើល​ងាក​ទៅ​ម្យ៉ាង​ឆ្វេង​ខាង​ស្ដាំ ក៏​ធ្វើ​ចិត្ត​ឱ្យ​ខ្ជាប់​នៅ​ក្នុង​ធម៌​ដោយ​ឧបាយ​ប្រាជ្ញា​តែ​ខាង​ប៉ុណ្ណោះ។

អង្គ ១ របស់​ខ្ទួយ

មាន​កន្ទុយ​ជា​អាវុធ មាន​កន្ទុយ​ង​ស្ទើត​ត្រាច់​ទៅ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ មាន​ប្រាជ្ញា​ញាណ​ជា​អាវុធ លើក​ប្រាជ្ញា​ញាណ​ឡើង​កម្ចាត់​កិលេស បន្ទោបង់​កិលេស​ដោយ​លំដាប់ បើ​កង​កិលេស​នៅ​មាន ក៏​តាំង​ចិត្ត​តស៊ូ​ដោយ​វិធី​សំលៀង​អាវុធ គឺ​ញាណ​ឱ្យ​មុត​ស្រួច​ទាល់​តែ​អាច​កម្ចាត់​កង​កិលេស​បាន​ជ្រះ​ស្រឡះ ភ័យ​ទាំង​ពួង​ក៏​មិន​អាច​មក​ញាំ​ញី​គ្រប​សង្កត់​បាន។

អង្គ ១ របស់​ស្ការ

កាល​ចូល​ទៅ​ជិត​ពស់ វា​តែង​យក​ថ្នាំ​លាប​ខ្លួន​វា​ជា​មុន​ហើយ​ទើប​ចូល​ទៅ​ចាប់​ខាំ​ពស់។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ កាល​ចូល​ទៅ​ជិត​បុគ្គល​ដែល​ច្រើន​ទៅ​ដោយ​កម្លាំង​ឃោរឃៅ ហើយ​ជា​អ្នក​តែង​ឈ្លោះ​វិវាទ​គ្នា គ្រប​សង្កត់​សន្ដាន​ចិត្ត​ផង ក៏​យក​ថ្នាំ​គឺ​មេត្តា​លាប​ឱ្យ​សព្វ​ខ្លួន​ហើយ​រម្លត់​កំហឹង​ខឹង​ឃោរឃៅ​ជាដើម​នោះ​ចេញ ធ្វើ​សន្ដាន​របស់​ខ្លួន​នឹង​ជន​ទាំងឡាយ​ឱ្យ​ត្រជាក់​ស្រួល​ដោយ​មេត្តា​ភាវនា។         

អង្គ ១ របស់​សត្វ​ចាប

នៅ​អាស្រ័យ​នឹង​ផ្ទះ​អ្នក​ដទៃ មិន​ដែល​កាន់​យក​ឬ​លួច​យក​របស់​អ្វី​មួយ​នៅ​ក្នុង​ផ្ទះ​នោះ​ឡើយ មាន​ចិត្ត​ទៀង​ទាត់ ច្រើន​ទៅ​ដោយ​សញ្ញា (ការ​ចាំ)។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ កាល​នឹង​ចូល​ទៅ​កាន់​ត្រកូល​ណា​នីមួយ មិន​គប្បី​កាន់​យក​និមិត្ត ក្នុង​បុគ្គល​នឹង​របស់​អ្វី​នីមួយ​ក្នុង​ត្រកូល​នោះៗ ទោះបី​បុរស ស្ត្រី ទី​ដេក ទី​អង្គុយ គ្រឿង​ឧបភោគ​បរិភោគ និង​គ្រឿង​ប្រើប្រាស់​ផ្សេងៗ គប្បី​ជា​អ្នក​មធ្យ័ត​ប្រយត្ន​ខ្លួន តាំង​សមណ​សញ្ញា​ឱ្យ​ប្រាកដ​ច្បាស់​ទុក​ក្នុង​ចិត្ត​ជានិច្ច។

អង្គ ១ របស់​ក្អែក

កាល​ស្រែក​យំ​ឡើង តែង​ប្រាប់​ហេតុ​ល្អឬ​អាក្រក់ មុខ​គួរ​ឱ្យ​ខ្លាច​ដល់​មនុស្ស​ដទៃ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ កាល​នឹង​សម្ដែង​ធម៌​ដល់​ជន​ដទៃ គប្បី​សម្ដែង​ហេតុ​ផល​ទាំង​ល្អ​ទាំង​អាក្រក់ ឱ្យ​មាន​ឡាក់ឋាន​ជា​គ្រឿង​អាង​ឱ្យ​អ្នក​ស្ដាប់​មាន​សេចក្ដី​សង្វេគ​ស្លុត​ចិត្ត ហើយ​ឱ្យ​មាន​ចិត្ត​សប្បាយ​រីករាយ​ក្នុង​ការ​ប្រតិបត្តិ​តាម​ធម៌។

អង្គ ១ របស់​ឈ្លើង

ទាម​មនុស្ស​ឬ​សត្វ​ណា  ក៏​ចាប់​កោះ​មនុស្ស​ឬ​សត្វ​នោះ​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ស្រូប​យក​លោហិត។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ គប្បី​ចាប់​យក​អារម្មណ៍​ណា​មួយ​មក​ទុក​ឱ្យ​ជាប់​នាំ​នៅ​ក្នុង​ចិត្ត ពិចារណា​​ឱ្យ​ឃើញ​ច្បាស់​ដោយ​ពណ៌​សណ្ឋាន​ដោយ​និមិត្ត ហើយ​គប្បី​ជញ្ជក់​យក​រស​គឺ​វិមុត្តិ​ឱ្យ​បាន។

អង្គ ១ របស់​ពស់​ថ្លាន់

ជា​សត្វ​ធំ មាន​រាង​កាយ​ធំ ទុក​ជា​មាន​ពោះ​ស្ងួត​ក្រៀម​ជា​ច្រើន​ថ្ងៃ ព្រោះ​ស្វែង​រក​អាហារ​មិន​បាន​ពេញ​ពោះ កាល​ធាត់​ធំ​ពេញ​បន្ទុក​ហើយ តែង​ចិញ្ចឹម​ជីវិត​ឱ្យ​ល្មម​តែ​រាង​កាយ​ទ្រទ្រង់​នៅ​បាន​ប៉ុណ្ណោះ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ បំពេញ​ព្យាយាម​ខ្វល់ខ្វាយ​ដើរ​បិណ្ឌបាត​អាស្រ័យ​ដុំ​បាយ​របស់​អ្នក​ស្រុក មាន​បំណង​តែ​ដុំ​បាយ​ដែល​គេ​ឱ្យ វៀរ​ចាក​ស្ល​ដណ្ដាំ​ខ្លួន​ឯង ស្វែង​រក​អាហារ​ឱ្យ​បាន​ពេញ​ពោះ​បាន​ដោយ​កម្រ សូម្បី​បាន​អាហារ​មក​ច្រើន​ក៏​ឆាន់​តែ​ល្មម​ប្រមាណ ដល់​គ្រា​បាន​អាហារ​តិច​ត្រឹម ៤-៥ ម៉ាត់ ក៏​យក​មក​ច្របល់​ច្របាច់​ឆាន់ (ល្មម​តែ​ទ្រទ្រង់​ជីវិត​ឱ្យ​គង់វង់​នៅ​ប៉ុណ្ណោះ)។

អង្គ ១ របស់​សត្វ​ពីងពាង​ធ្វើ​សម្បុក​ក្បែរ​ផ្លូវ

ហូត​ទាញ​សរសៃ​ក្រាល​សំណាញ់​នៅ​ក្បែរ​ផ្លូវ បើ​មាន​រុយ​ឬ​មមង់​ហើរ​ទៅ​ប៉ះ​ជាប់​នៅ​នឹង​សំណាញ់​នោះ ពីងពាង​ក៏​ចាប់​សត្វ​ដែល​ជាប់​នៅ​នឹង​សំណាញ់​នោះ​ស៊ី​ជា​អាហារ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ ចម្រើន​សតិ​បដ្ឋាន​ដូច​សរសៃ​ពីងពាង​ហើយ​បិទ​ទ្វារ​ទាំង ៦ ទុក បើ​មាន​កិលេស​ដូចជា​រុយ​កើត​ឡើង​ក៏​គប្បី​កម្ចាត់​បង់​ដោយ​សតិ​ប្បដ្ឋាន​នោះ​ភ្លាម​ទៅ។

អង្គ ១ របស់​ទារក​បៅដោះ

រឭក​ឡើង​ចង់​រក​តែ​បៅ​ដោះ   ស្រែក​យំ​អង្វរ​សុំ​ដោះ​ម្ដាយ​បៅ​តាម​សេចក្ដី​ស្រេក​ឃ្លាន​របស់​ខ្លួន។

ប្រៀប​ដូច​បុគ្គល​អ្នក​រក្សា​ប្រយោជន៍​របស់​ខ្លួន​ទុក ជា​អ្នក​គាប់​ចិត្ត​តែ​ក្នុង​ប្រយោជន៍​ខ្លួន ឧស្សាហ៍​សាក​សួរ​ការ​សង្ស័យ គាប់​ចិត្ត​ប្រកប​ព្យាយាម​ត្រូវ​នៅ​ក្នុង​សេនាសនៈ​ស្ងាត់ នៅ​រួម​នឹង​អ្នក​ចេះ​ដឹង​ទាំងឡាយ គប់​កល្យាណ​មិត្ត​ទុក​ជា​គូ​រួម​សុខ​រួម​ទុក្ខ​ក្នុង​ករណីកិច្ច​ទូទៅ។      

អង្គ ១ របស់​ក្អម

ក្អម​ដែល​មាន​ទឹក​ពេញ​ប្រៀប ទុក​ជា​មាន​គេ​គោះ ក៏​មិន​មាន​ឮ​សូរ​សព្ទ​រំពង​ឡើយ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​បាន​ដល់​ថ្នាក់​កល្យាណ​ជន​ពេញ​ទី ឬ​មួយ​បាន​សម្រេច​អរិយ​មគ្គ​អរិយ​ផល​ហើយ ក៏​មិន​បាន​អួត​អាង​ប្រកាស​ប្រាប់​គេ​ឯង ទាំង​មិន​ជាប់​ចិត្ត​នឹង​លាភ​សក្ការៈ ដែល​កើត​ឡើង​តាម​ធម្មតា ព្រោះ​តែ​គុណ​វិសេស​នោះ ជា​អ្នក​កម្ចាត់​មានះ​បាន​ហើយ កម្ចាត់​អំនួត​បាន​ហើយ ជា​អ្នក​ត្រង់​ទៅ​ត្រង់​មក មាន​វាចា​មិន​សាហាវ មាន​កាយ​មិន​ក្រអេត​ក្រអឺត ជា​អ្នក​សុភាព​រៀបរយ​ជានិច្ច។

ពួក​មាន​អង្គ​ពីរ

អង្គ ២ របស់​ខ្លា​ឈ្មោល

១- លាក់​ខ្លួន​ពួន​នៅ​ក្នុង​ទី​ស្ងាត់ ចាំ​លោត​ចាប់​ពួក​សត្វ​ម្រឹគ​ស៊ី​ជា​អាហារ។

២- សត្វ​ណា​នីមួយ ដែល​វា​ចាប់​បាន​ហើយ បើ​ដួល​ទៅ​ខាង​ឆ្វេង​ក៏​មិន​ព្រម​ស៊ី។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ​គឺ ៖

១- សេព​សេនាសនៈ​ដ៏​ស្ងាត់ ចម្រើន​ភាវនា​ត្រា​តែ​ស្ទាត់​ជំនាញ​ក្នុង​អភិញ្ញា ៦។

២- មិន​បរិភោគ​ភោជនាហារ​ដែល​សម្រេច​ដោយ​មិច្ឆា​ជីវៈ ដែល​ព្រះ​ពុទ្ធ​ទ្រង់​ត្មិះ​ដៀល​នឹង​ដែល​កើត​មក​អំពី​អនេសនកម្ម យ៉ាង​ដូច​ខ្លា​ដំបង​មិន​ព្រម​ស៊ី​សត្វ​ដែល​ដួល​ទៅ​ខាង​ឆ្វេង ដូច្នោះ។

អង្គ ២ របស់​សត្វ​ក្អែក

១- មាន​សេចក្ដី​រង្កៀស​សង្ស័យ​ជុំ​ខ្លួន​ប្រយត្ន​ខ្លួន​ដើរ​ហើរ​រក​ស៊ី។

២- ចួប​ប្រទះ​ចំណី​ណា​នីមួយ គឺ​សាកសព​ឬ​សេស​អាហារ​ចំណី ក៏​ស្រែក​ហៅ​ពួក​ញាតិ​ជាតិ​ក្អែក​ផង​គ្នា​មក​ស៊ី​ជា​មួយ​គ្នា។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ គឺ ៖

១- មាន​សេចក្ដី​រង្កៀស​ខ្ពើម​អំពើ​ទុច្ចរិត​សង្រួម​ឥន្រ្ទិយ​ដោយ​សតិ​ដ៏​ខ្ជាប់ខ្ជួន តាំង​ចិត្ត​រក្សា​ការពារ​ទ្វារ​ទាំង ៦ គ្រប់​ឥរិយាបថ។

២- បាន​លាភ​សក្ការៈ​យ៉ាង​ណាៗដែល​ប្រកប​ដោយ​ធម៌ ដែល​កើត​ឡើង​ដោយ​ធម៌ ដោយ​ហោច​ទៅ​គ្រាន់​តែ​ដុំ​បាយ​ក្នុង​បាត្រ​របស់​ខ្លួន ក៏​គាប់​ចិត្ត​បែង​ចែក​លាភ​នោះៗដល់​ពួក​សព្រហ្មចារី​ដ៏​មាន​សីល​ទាំងឡាយ មិន​ហួង​ហែង​បរិភោគ​តែ​ម្នាក់​ឯង។

អង្គ ២ របស់​ស្វា

១- អាស្រ័យ​នៅ​នឹង​ទី​កន្លែង​ដូច​ដើម​ឈើ​ធំ ដ៏​ស្ងប់​ស្ងាត់ មាន​មែន​ធាង​ត្រឈឹង​ត្រឈៃ​សាយ​ចេញ​ទៅ ជា​លំនៅ​ល្មម​ការពារ​សេចក្ដី​ភិត​ភ័យ​របស់​ខ្លួន​បាន។

២- ដើរ​ក្រោក​អង្គុយ​នៅ​ចំពោះ​ជួរ​ដើម​ឈើ​ណា លុះ​វេលា​ព្រលប់​យប់​ក៏​ឈប់​ដេក​នៅ​នឹង​ដើម​ឈើ​នោះ​ឯង។

ប្រៀប​ដូច​បុគ្គល​ដែល​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ ៖

១- នឹង​នៅ​ទីណា​នីមួយ គប្បី​រើស​រក​សេពគប់​សព្រហ្មចារី ដែល​មាន​ខ្មាស មាន​សីល​ជា​ទី​ស្រឡាញ់ មាន​កល្យាណ​ធម៌ ជា​ពហូសូត ទ្រង់​ធម៌​មុខ​គួរ​ស្រឡាញ់ គួរ​គោរព គួរ​សរសើរ ណែនាំ​ប្រៀន​ប្រដៅ​ឱ្យ​ស្គាល់​ល្អ​ស្គាល់​អាក្រក់ សម្ដែង​គុណ​និង​ទោស​តាម​ពិត​ដឹកនាំ​ក្នុង​ផ្លូវ​ល្អ​ឱ្យ​មាន​ចិត្ត​ក្លាហាន​រីករាយ​ក្នុង​ផ្លូវ​ប្រតិបត្តិ កាល​បើ​បាន​មិត្ត​សព្រហ្មចារី​បែប​នេះ​ទើប​សេព​គប់​ទុក​ជា​កល្យាណ​មិត្ត​នៅ​អាស្រ័យ​ជា​មួយ​ផង។

២- បែរ​មុខ​សំដៅ​ព្រៃ​ណា ក៏​គប្បី​ឈរ​ចង្ក្រម ដេក អង្គុយ ចម្រើន​សតិបដ្ឋាន​នៅ​ក្នុង​ព្រៃ​នោះ។

អង្គ ២ របស់​ពូជ​ស្រូវ

១- ពូជ​ស្រូវ​មាន​ប្រមាណ​តិច ដែល​បុគ្គល​ព្រោះ​សាប​ទុក​ក្នុង​ស្រែ​មាន​ដី​ជីជាតិ​ល្អ មាន​ភ្លៀង​ធ្លាក់​ចុះ​មក​ធ្វើ​ឱ្យ​ជោក​ឫស​និង​សន្លឹក​ជានិច្ច​ពូជ​ស្រូវ​នោះ​ក៏​បង្កើត​ផល​ជា​ច្រើន។

២- ពូជ​ស្រូវ​ដែល​បុគ្គល​ព្រោះ​សាប​ទុក​ក្នុង​ស្រែ​ដែល​បាន​គាស់​រាន​ល្អ​ហើយ រមែង​ដុះ​លូតលាស់​ល្អ​ដោត​រួសរាន់។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ ៖

១- សីល​ដែល​រក្សា​ល្អ​ហើយ ជា​អនុបុព្វ​បដិបទា​ដែល​អាច​ឱ្យ​ផល​ជា​ច្រើន​តាំង​អំពី​មនុស្ស​សម្បត្តិ សម្បត្តិ​សួគ៌ ហើយ​ជា​បច្ច័យ​ឱ្យ​បាន​សម្បត្តិ​ព្រះ​និព្វាន តាម​សមគួរ​ដល់​ការ​ប្រតិបត្តិ​នោះ ៗ ផង។

២- ទប់​រាំងរា​ចិត្ត​ទុក នៅ​ក្នុង​ទី​ស្ងាត់ ជម្រះ​ចិត្ត​ឱ្យ​ស្អាត​ថ្លា​ដោយ​សតិបដ្ឋាន គឺ​តម្កល់​ចិត្ត​ទុក​ឱ្យ​ខ្ជាប់​នៅ​ក្នុង កាយ វេទនា ចិត្ត​នឹង​ធម៌ ហើយ​ឧស្សាហ៍​ពិចារណា​ឱ្យ​ឃើញ​តាម​សភាព​ពិត ទាល់​តែ​ចិត្ត​ស្ងប់​កើត​បញ្ញា​ជា​ហេតុ​នាំ​មក​នូវ​ផល​ដ៏​ល្អ​ប្រពៃ​ដោយ​ឆាប់​ដូច​ពូជ​ស្រូវ ដែល​គេ​បាន​ព្រោះ​សាប​ក្នុង​ដី​ស្រែ​ដែល​មាន​ជីជាតិ​ល្អ​ដូច្នោះ។

អង្គ ២ របស់​ទូក​គឿង​ក្នុង​សមុទ្ទ

១- ទូក​ដែល​គឿង​ក្នុង​មហាសមុទ្ទ ដែល​មាន​ផ្ទៃ​ទឹក​ញាប់ញ័រ​គឹកកង​ដោយ​រលក​តូច​ធំ​ក៏​ជាប់​ណែន​នៅ​មិន​រួច​របូត​ទៅ​ទិស​ផ្សេង​ៗ​ឡើយ។

២- អណ្ដែត​ឡើង​លើ​មិន​បាន តែ​លិច​ស្រឹម​ទៅ​ក្នុង​ទឹក​ជ្រៅ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ ៖

១- ទប់​រាំងរា​ចិត្ត​ដែល​មាន​រាគៈ ទោសៈ មោហៈ ដូច​ខ្សែ​រលក​ទឹក​មក​គ្រប់​សង្កត់​ហើយ​ច្រើន​តែ​ធ្លាក់​ទៅ​ក្នុង​អំណាច​អកុសល​វិតក្ក តម្កល់​ចិត្ត​ខ្ជាប់ខ្ជួន​ក្នុង​កុសល​វិតក្ក​ទាំងឡាយ​មិន​ឱ្យ​រសាប់រសល់​ទៅ​មក។

២-កាល​គ្រា​មាន លាភ យស សរសើរ សុខ ជា​ដើម​ក៏​មិន​ឡើង​ជោរ​ទៅ​តាម ដល់​គ្រា​សាបសូន្យ​ចាក​លាភ យស​ជាដើម ក៏​មិន​ចិត្ត​គប្បី​តាំង​ចិត្ត​ឱ្យ​ខ្ជាប់ខ្ជួន មិន​រញ្ជួយ​ទៅ​តាម​អំណាច​ឥដ្ឋារម្មណ៍​និង​អនិដ្ឋារម្មណ៍។

អង្គ ២ របស់​ឆ្មា

១- សូម្បី​នៅ​ក្នុង​ទីណា​ក្ដី ដូច​ក្នុង​គុហា​ច្រក​ភ្នំ​ឬ​និង​ផ្ទះ​សំបែង ក៏​តែង​តែ​ស្វែង​រក​តែ​កណ្ដុរ​ប៉ុណ្ណោះ​ក្នុង​ទីនោះៗ។

២- ស្វែង​អាហារ​ស៊ី​តែ​ក្នុង​ទី​ជិតៗប៉ុណ្ណោះ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ ៖

១- ទោះ​នៅ​ក្នុង​ទីណាៗជាដើម គឺ​ក្នុង​ព្រៃ​ព្រឹក្សា​ក្ដី គល់​ឈើ​ក្ដី កណ្ដាល​វាល​ក្ដី ក្នុង​ផ្ទះ​ស្ងាត់​ក្ដី គប្បី​មិន​ប្រមាទ​ក្នុង​ទីនោះៗ ចម្រើន​កាយ​គតា​សតិ​ជានិច្ច ដូច​ជា​ឆ្មា​តែង​ស្វែង​រក​អាហារ​ជានិច្ច។

២- មាន​ឧទយព្វយានុបស្សនា​ធម៌​ជា​គ្រឿង​នៅ គឺ​ឧស្សាហ៍​ពិចារណា សេចក្ដី​កើត​នឹង​រលត់​នៃ​បញ្ចក្ខន្ធ​ជា​បច្ចុប្បន្ន ទាល់​តែ​កើត​ចក្ខុ​គឺ​ដួង​ភ្នែក​មើល​ឃើញ​ហេតុ​កើត​នឹង​រលត់​នៃ​បញ្ចក្ខន្ធ​នោះ​តាម​ដោយ​ពិត ទើប​បាន​ចេះ​ប្រើ​បញ្ចក្ខន្ធ​ឱ្យ​ជា​ប្រយោជន៍ អាច​ចាប់​យក​ប្រយោជន៍​ក្នុង​លោក​នេះ ប្រយោជន៍​ក្នុង​លោក​ខាង​មុខ​និង​ប្រយោជន៍​ដ៏​ធំ​បំផុត​គឺ​ព្រះ​និព្វាន ព្រោះ​អាស្រ័យ​ឧទយព្វយានុប្សនា​ធម៌​នេះ​ឯង។

អង្គ ២ របស់​សត្វ​ចចក

១- បាន​អាហារ​ហើយ មិន​ខ្ពើម​ស៊ី​ទាល់​តែ​ឆ្អែត។

២- បាន​អាហារ​មក​ហើយ មិន​រើស​ថា​ល្អ​ឬ​អាក្រក់ ស៊ី​បាន​ទាំងអស់។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ ៖

១- បាន​អាហារ​មក​ហើយ​មិន​ស្អប់​ខ្ពើម បរិភោគ​តែ​ល្មម​ញ៉ាំង​អត្តភាព​ឱ្យ​ប្រព្រឹត្ត​ទៅ​បាន​ប៉ុណ្ណោះ។

២- លុះ​បាន​អាហារ​មក​ហើយ មិន​រើស​ថា​ល្អ​ឬ​អាក្រក់ ត្រូវ​មាត់​ឬ​មិន​ត្រូវ​មាត់ រមែង​មាន​ចិត្ត​ត្រេកអរ​តាម​មាន​តាម​បាន។

អង្គ ២ របស់​ជ្រូក​ព្រៃ

១- កាល​ដល់​រដូវ​ក្ដៅ ដែល​មាន​កម្ដៅ​ខ្លាំង​តែង​ចុះ​ប្រឡូក​នៅ​តែ​ក្នុង​ទឹក។

២- ប្រទះ​ទឹក​ឥត​ភក់​របាប់ ក៏​យក​ច្រមុះ​ញីញក់​ដី​ធ្វើ​ឱ្យ​ទៅ​ជា​ភក់​របាប់ ហើយ​ចុះ​ដេក​ត្រាំ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ​ពីរ​ប្រការ​គឺ ៖

១- កាល​ចិត្ត​កើត​អផ្សុក​មួម៉ៅ ក៏​ចម្រើន​មេត្តា​ភាវនា ដ៏​ជា​ធម៌​ត្រជាក់​ផូរផង់។

២-ចម្រើន​កាយគតាសតិ​ខ្ជាប់​មាំ​នៅ​ក្នុង​ចិត្ត​ហាម​រាំងរា​អារម្មណ៍​ខាង​ក្រៅ​មិន​ឱ្យ​គ្រប​សង្កត់​ចិត្ត។

អង្គ ២ របស់​សត្វ​មៀម

១- ជា​សត្រូវ​នឹង​ក្អែក វេលា​យប់​តែង​ហើរ​ទៅ​រក​ហ្វូង​ក្អែក​ហើយ​ចឹក​ដល់​ហ្វូង​ក្អែក​ពេញ​បន្ទុក។

២- លាក់​ខ្លួន​ពួន​សម្ងំ​នៅ​ក្នុង​ព្រៃ​យ៉ាង​ស្ងប់។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ​គឺ ៖

១- ត្រាច់​ទៅ​បិណ្ឌបាត​ក្នុង​លង្វែក​ផ្ទះ​តាម​លំដាប់​ច្រក ទោះ​បី​បាន​ក៏​ដោយ មិន​បាន​ក៏​ដោយ ក៏​រួសរាន់​ត្រឡប់​មក​វិញ មិន​ជាប់​ចិត្ត​នៅ​នឹង​ផ្ទះ​នោះៗ។

២- ចូល​ទៅ​កាន់​ត្រកូល​ណា​នីមួយ មិន​បង្ក​សេចក្ដី​ក្ដៅ​ក្រហាយ​ដល់​ត្រកូល​នោះៗ ដូច​ជា​ហៃ​សុំ​ច្រើនជាង​ពាក្យ មិន​បំផ្លាញ​ការងារ​របស់​គេ មាន​តែ​ធ្វើ​ឱ្យ​គេ​បាន​សេចក្ដី​ចម្រើន​ឡើង​តាម​ទំនង​គន្លង​ធម៌។

អង្គ ២ របស់​ព្រាន​សន្ទូច

១- ស្ទូច​ត្រី​ដោយ​សន្ទូច។

២- ខូច​បង់​នុយ​តែ​បន្តិច បាន​ត្រី​ធំ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ គឺ ៖

១- បាន​សម្រេច​សាមញ្ញ​ផល​ដ៏​ឧត្ដម​ដោយ​ញាណ​ដែល​ទុក​ដូច​ជា​សន្ទូច​ស្ទូច​ត្រី។

២- លះ​បង់​លោកា​ដូច​ជា​នុយ ដែល​ជា​របស់​បន្តិច​បន្តួច​ក៏​បាន​សម្រេច​ក្នុង​សាមញ្ញ​ផល​ដ៏​បរិបូណ៌។

អង្គ ២ របស់​ជាង​ចាំង

១– ចាំង​ឈើ​តាម​ខ្សែ​បន្ទាត់។

២– ចាំង​យក​សាច់​សម្បក​ស្រាយ​ចេញ​ទុក​តែ​ខ្លឹម។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ២ ប្រការ​គឺ ៖

១- ប្រតិបត្តិ​អនុលោម​ទៅ​តាម​ពាក្យ​ប្រៀន​ប្រដៅ​របស់​សម្ដេច​ព្រះ​ជិនស្រី​ឈរ​លើ​ផែនដី គឺ​សីល ចាប់​កាន់​ពូថៅ គឺ​បញ្ញា យក​ដៃ​គឺ​សទ្ធា ហើយ​ចាំង​កិលេស​ទាំងឡាយ​ឱ្យ​ស្ងួត​ហួតហែង​ទៅ​ចាក​ខន្ធ​សន្តាន។

២- លះ​បង់​ចោល​មិច្ឆាទិដ្ឋិ ដូច​ជា​សាច់​ជ្រាយ ដែល​មាន​សស្សតទិដ្ឋិ​និង​ឧច្ឆេទទិដ្ឋិ​ជា​ដើម​ចេញ រើស​យក​តែ​ធម៌​ដែល​មាន​ខ្លឹមសារ​ប៉ុណ្ណោះ។

អង្គ ២ របស់​ថ្នាំ​រម្ងាប់​ពិស

១– មិន​មាន​ដង្កូវ​កើត​ឡើង​ក្នុង​ថ្នាំ​ពិស។

២– រម្ងាប់​ពិស​បាន​គ្រប់​យ៉ាង។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​គុណ​សម្បត្តិ ២ ប្រការ គឺ ៖

១- មិន​បង្ក​កិលេស​ដូច​ជា​ដង្កូវ​ឱ្យ​កើត​ក្នុង​ចិត្ត។

២- កម្ចាត់​រាគៈ ទោសៈ មានៈ ទិដ្ឋិ ដូច​ជា​ពិស​ចោល​ចេញ

ពួក​មាន​អង្គ ៣

អង្គ ៣ របស់​ផ្កា​ឈូក

១– ដុះ​ឡើង​ក្នុង​ទឹក ធំ​ចម្រើន​ក្នុង​ទឹក តែ​មិន​ជាប់​ទឹក​ឡើយ។

២– ដុះ​ផុត​អំពី​ទឹក​ក៏​អណ្ដែត​នៅ​លើ​ទឹក។

៣– ត្រូវ​ខ្យល់​បក់​តែ​បន្តិច​បន្តួច ក៏​រញ្ជួយ​សន្លឹក​យេកយោក​ទៅ​មក។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- មិន​ជាប់​ចិត្ត​នឹង​ត្រកូល​និង​ពួក​គណៈ លាភ យស សរសើរ សុខ ហើយ​និង​បច្ច័យ​ជា​គ្រឿង​បរិភោគ​ទាំងឡាយ​ដរាប​ដល់​មិន​ជាប់​ចំពាក់ ដោយ​កិលេស​ទាំងអស់។

២-គ្រប​សង្កត់​លោក​ធម៌​ទាំងពួង​បាន​ហើយ ផុស​អណ្ដែត​នៅ​ក្នុង​លោកុត្តរ​ធម៌។

៣- តាំង​សង្រួម​ចិត្ត​មិន​ឱ្យ​ភ្លាត់​ទៅ​ក្នុង​កិលេស សូម្បី​តែ​បន្តិច​បន្តួច​ក៏​ដោយ មាន​ប្រក្រតី​ឃើញ​កិលេស​បន្តិច​បន្តួច​ជា​សភាព​គួរ​ខ្លាច​ជានិច្ច។

អង្គ ៣ របស់​សំពៅ

១– ផ្ទុក​ជន​ជា​ច្រើន​ឱ្យ​បាន​ឆ្លង​ទៅ​ដល់​ត្រើយ។

២– តទល់​ទ្រាំទ្រ​នឹង​កម្លាំង​ទឹក​រលក​បោក​បក់​នឹង​ខ្សែ​ទឹក​ហូរ​ឬ​ខ្សែ​ទឹក​វិល​វល់​បាន។

៣– បើក​ចេញ​ទៅ​ក្នុង​មហា​សមុទ្ទ ដ៏​ធំធេង​មាន​ជម្រៅ​ជ្រៅ​ពន្លឹក​ដ៏​ដេរដាស​ដោយ​ហ្វូង​មច្ឆា​តូច​ធំ​ជា​ច្រើន។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- ចម្លង​ជញ្ជូន​សត្វ​ក្នុង​មនុស្ស​លោក ព្រម​ទាំង​ទេវលោក​ឱ្យ​បាន​ឆ្លង​ដល់​ត្រើយ ដោយ​អំណាច​សេចក្ដី​ព្រមព្រៀង​នៃ​គុណ​ធម៌​ទុក​ដូច​ជា​នាវា គឺ សីល​គុណ​និង​វត្ត​ប្រតិបត្តិ​ជាដើម។

២- អត់​ទ្រាំ​តទល់​នឹង​កម្លាំង​កិលេស គឺ​លោក​ធម៌​ទាំង ៨ ប្រការ​ដែល​មាន​ឧបមា​ដូច​រលក​ទឹក

៣- ខ្វល់ខ្វាយ​កសាង​បារមី ដែល​ជា​សេចក្ដី​ប្រតិបត្តិ​បង្អោន​ទៅ​រក​សញ្ញា​ទាំង ១០ ប្រការ ធ្វើ​ចិត្ត​ឱ្យ​ត្រាច់​ទៅ​ក្នុង​អរិយសច្ច ៤ មាន​បរិវដ្ត ៣ មាន​អាការ ១២។

អង្គ ៣ របស់​នាយ​សំពៅ

១– មាន​ស្មារតី​ល្អ​មិន​ធ្វេស​ប្រហែស ទាំង​យប់​ទាំង​ថ្ងៃ ចាំ​គន់​ថែរក្សា​ត្រួតត្រា​សំពៅ។

២– ផ្លូវ​ជើង​ទឹក​គ្រប់​ទិស នាយ​សំពៅ​ត្រូវ​តែ​ដឹង​សព្វ​អន្លើ​ក្នុង​មហា​សមុទ្ទ​នោះ ទុក​ជា​ផ្លូវ​មាន​គ្រោះថ្នាក់​ឬ​គ្មាន នាយ​សំពៅ​ក៏​ត្រូវ​ដឹង​ទាំងអស់។

៣– តាំង​ត្រី​វិស័យ​ដោយ​ខ្លួន​ឯង មិន​ឱ្យ​អ្នក​ដទៃ​មក​ប៉ះពាល់​ប្រយត្ន​សំពៅ មិន​ឱ្យ​មាន​អន្តរាយ

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- ជា​អ្នក​មិន​ប្រមាទ​ទាំង​យប់​ទាំង​ថ្ងៃ​ជានិច្ច ទប់​រក្សា​ចិត្ត​ដោយ​យោនិសោមនសិការៈ។

២- ចេះ​ដឹង​ច្បាស់លាស់​នូវ​ធម៌​ទាំងឡាយ ដែល​ជា​កុសល​អកុសល មាន​ទោស​ឥត​ទោស​ដែល​គួរ​សេព​មិន​គួរ​សេព អាក្រក់​និង​ល្អ ជា​កណ្ហធម៌និង​សុក្កធម៌។

៣- តាំង​ចិត្ត​សង្រួម​ដូច​ជា​ត្រី​វិស័យ​ទុក​ក្នុង​ចិត្ត ហាម​ចិត្ត​មិន​ឱ្យ​ត្រិះរិះ​ទៅ​ក្នុង​អកុសល​វិតក្ក សូម្បី​ជា​អំពើ​លាមក​បន្តិច​បន្តួច​ក៏​ដោយ។

អង្គ ៣ របស់​ព្រះ​ឥន្ទ

១– ពោរពេញ​ទៅ​ដោយ​សេចក្ដី​សុខ​ជា​ទី​បំផុត។

២– ជា​កំពូល​នៃ​ទេវតា​ទាំងឡាយ​ៗ តែង​លើក​សរសើរ​នាំ ឱ្យ​កើត​សេចក្ដី​សប្បាយ​រីករាយ​យ៉ាង​ក្រៃលែង។

៣- មិន​ដែល​កើត​ចិត្ត​នឿយណាយ​ក្នុង​ទិព្វ​សម្បត្តិ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- ជា​អ្នក​ត្រេកអរ​យ៉ាង​ក្រៃលែង ក្នុង​សេចក្ដី​សុខ​ដែល​កើត​អំពី​សេចក្ដី​ស្ងប់​ស្ងាត់​ដ៏​ក្រៃលែង​ប៉ុណ្ណោះ។

២- ផ្គូផ្គង​ចិត្ត​ឱ្យ​រីករាយ មិន​ខ្ជិល​ច្រអូស​ស្ងប់​រម្ងាប់​នៅ​ក្នុង​កុសល​ធម៌​ទាំងឡាយ កើត​សេចក្ដី​រីករាយ ឧស្សាហ៍​ព្យាយាម​បំពេញ​កុសល​ធម៌​ទាំងឡាយ។

៣- មិន​ដែល​កើត​ចិត្ត​នឿយណាយ​នឹង​ផ្ទះ​ស្ងាត់​ទំនេរ​នោះ​ឡើយ។

អង្គ ៣ របស់​សត្វ​ទ្រាយ

១- នៅ​ក្នុង​ព្រៃ​តែ​វេលា​ថ្ងៃ លុះ​ដល់​យប់​តែង​ចេញ​ទៅ​នៅ​ក្នុង​ទី​វាល។

២- គេច​ចៀស​លំពែងឬ​កូន​សរ ​ដែល​ធ្លាក់​មក​ត្រូវ​លើ​ខ្លួន​ផុត​របូត​ទៅ​បាន ហើយ​មិន​ដែល​បង្អោន​កាយ​ទៅ​រក​កូន​សរ​នោះ​ឡើយ។

៣- កាល​បាន​មក​ប្រទះ​នឹង​មនុស្ស​ហើយ ក៏​លាក់​ខ្លួន​ពួន​សម្ងំ​នៅ​ក្នុង​ទីណា​នីមួយ មិន​ឱ្យ​មនុស្ស​មើល​ឃើញ​ខ្លួន​ឡើយ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- វេលា​ថ្ងៃ​នៅ​តែ​ក្នុង​ព្រៃ ដល់​យប់​ចេញ​មក​នៅ​កណ្ដាល​វាល។

២- កាល​កិលេស​កើត​ឡើង ក៏​ចៀស​គេច​រត់​ចេញ​មិន​បង្អោន​ចិត្ត​ទៅ​ច្របូក​ច្របល់​នឹង​កិលេស​ទាំង​នោះ​ឡើយ។

៣- ឃើញ​ជន​ដទៃ​បង្ក​ជម្លោះ​វិវាទ ឬ​ទ្រុស្ត​សីល​ខ្ជិល​ច្រអូស ​ក៏​គេច​ចៀស​វាង​ឱ្យ​ឆ្ងាយ​ទៅ មិន​ឱ្យ​ជន​ទាំង​នោះ​ឃើញ ទាំង​ខ្លួន​ឯង​សោត​ក៏​មិន​ចង់​ចួប​ប្រទះ​នឹង​ជន​ទាំងនោះ​ឡើយ។

អង្គ ៣ របស់​សត្វ​ចាក្រពាក

១- មិន​បោះ​បង់​ចោល​គូ​ស្រករ​របស់​ខ្លួន​ដរាប​អស់​ជីវិត។

២- មាន​ស្លែ ​សារាយ ​និង​ចក​ពង​ទឹក​ជា​អាហារ ក៏​ពេញ​ចិត្ត​ត្រេកអរ​ដោយ​អាហារ​នោះ ទុក​ជា​ត្រេកអរ​ដោយ​អាហារ​បែប​នេះ ក៏​មិន​រៀវ​រោយ​ខ្សោយ​កម្លាំង និង​សម្បុរ​កាយ​ទៅ​ឡើយ។

៣- មិន​បៀតបៀន​ជីវិត​សត្វ​ដទៃ​ឡើយ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- មិន​លះ​បង់​យោនិសោមនសិការៈ ដរាប​ដល់​អស់​ជីវិត។

២- ជា​អ្នក​សន្ដោស ទុក​ជា​សន្ដោស​ដូច្នេះ ក៏​មិន​សាប​សូន្យ​ចាក​កុសល​ធម៌​ទាំង​ពួង​ឡើយ ត្រឡប់​​ជា​បរិបូណ៌​ដោយ​សីល សមាធិ បញ្ញា វិមុត្តិញ្ញាណទស្សនៈ។

៣- មាន​សេចក្ដី​ខ្មាស​អៀន​មិន​ហ៊ាន​កន្លង​ល្មើស​អំពើ​ដែល​គួរ​ខ្មាស មិន​បៀតបៀន​ជីវិត​សត្វ​ទូទៅ មាន​ចិត្ត​ប្រកប​ដោយ​មេត្តា​ករុណា​ក្នុង​ពួក​សត្វ​ទាំង​ពួង។

អង្គ ៣ របស់​ពស់

១-លូន​វារ​ទៅ​ដោយ​ដើម​ទ្រូង។

២- លូន​ទៅ​ប្រទះ​នឹង​ដើម​ស្មៅ ក៏​គេច​ចេញ​ឱ្យ​ផុត​ពី​ដើម​ស្មៅ។

៣- ប្រទះ​នឹង​មនុស្ស ក៏​កើត​សេចក្ដី​ក្ដៅ​ក្រហាយ​ចិត្ត​ភិត​ភ័យ គិត​តែ​គេច​ចៀស​ឱ្យ​ផុត​ទៅ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- ត្រាច់​ទៅ​ដោយ​ប្រាជ្ញា វៀរ​ចាក​របស់​ដែល​មិន​មែន​ជា​លក្ខណៈ​ចម្រើន​តែ​របស់​ដែល​ជា​លក្ខណៈ គឺ​ព្រះ​ត្រៃលក្ខណ៍។

២- វៀរ​ចាក​ទុច្ចរិត។

៣- ចួន​ជា​កើត​សេចក្ដី​ត្រិះរិះ​ទៅ​ក្នុង​វិតក្ក​ខុស​ហើយ ក៏​កើត​សេចក្ដី​មិន​ពេញ​ចិត្ត​ខ្លួន​ឯង មាន​សេចក្ដី​ក្ដៅ​ក្រហាយ ស្ដាយ​ក្រោយ ហើយ​ផ្លាស់​ចិត្ត​គំនិត មក​ត្រិះរិះ​ក្នុង​កុសល​វិតក្ក​វិញ​ភ្លាម ជា​អ្នក​មិន​ប្រមាទ ព្រោះ​យប់​ថ្ងៃ​កន្លង​ទៅ​ហើយ មិន​ត្រឡប់​មក​វិញ​ឡើយ។

អង្គ ៣ របស់​ដើម​ឈើ

១- ទ្រទ្រង់​នូវ​ផ្លែ​និង​ផ្កា។

២- ឱ្យ​ពួក​មនុស្ស​ចូល​អាស្រ័យ​ម្លប់​បាន។

៣- មាន​ម្លប់​ផ្សាយ​ចេញ​ទៅ​ជានិច្ច មនុស្ស​ចូល​ទៅ​អាស្រ័យ​បាន​គ្រប់​គ្នា​មិន​រើស​មុខ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ

១- ទ្រទ្រង់​នូវ​ផល​គឺវិ​មុត្តិ និង​ផ្កា​គឺ​សាមញ្ញ​ធម៌។

២- កាល​បើ​មាន​ភ្ញៀវ​ចូល​មក​រក​ក៏​ទទួល​រាក់​ទាក់ ដោយ​អាមិសប្បដិសណ្ឋារៈ​និង​ធម្មប្បដិសណ្ឋារៈ។

៣- មាន​សេចក្ដី​ស្មើ​ភាគ ប្រាស​ចាក​អគតិ ៤ ប្រការ ចម្រើន​មេត្តា​ភាវនា​ដល់​សព្វ​សត្វ​ទូទៅ​ស្មើ​ភាគ​គ្នា។

អង្គ ៣ របស់​ឆត្រ

១- សម្រាប់​បាំង​នៅ​លើ​ក្បាល។

២- ការពារ​ក្បាល​ឱ្យ​ត្រជាក់​ស្រួល។

៣- បង្ការ​ថ្ងៃ​និង​ភ្លៀង​បាន។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- ជា​អ្នក​ត្រាច់​ទៅ​លើ​កិលេស​ទាំងឡាយ។

២- ទំនុក​បម្រុង​យោនិសោមនសិការ​ឱ្យ​កាន់​តែ​ចម្រើន​ៗឡើង។

៣- កម្ចាត់​ថ្ងៃ​គឺ​ភ្លើង ៣ កង ភ្លើង​គឺ​រាគៈ ភ្លើង​គឺ​ទាសៈ ភ្លើង​គឺ​មោហៈ និង​ភ្លៀង​គឺ​កិលេស​ចេញ​បាន។

អង្គ ៣ របស់​ស្រែ

១- បរិបូណ៌​ដោយ​ប្រឡាយ​ទឹក សម្រាប់​អ្នក​ស្រែ​អាស្រ័យ​បង្ហូរ​ចូល​ទៅ​ក្នុង​ស្រែ​រក្សា​ស្រូវ​សន្ទូង។

២- បរិបូណ៌​ដោយ​ភ្លឺ សម្រាប់​អ្នក​ស្រែ​ទប់​ទឹក​ទុក​ទំនុក​បម្រុង​ដើម​ស្រូវ​ឱ្យ​មាន​ផ្លែ​ផ្កា។

៣- បរិបូណ៌​ដោយ​កួរ​ស្រូវ ញ៉ាំង​ម្ចាស់​ស្រែ​ឱ្យ​សប្បាយ​ចិត្ត ទោះ​បី​គេ​ព្រោះ​សាប​ព្រួស​តែ បន្តិច​បន្តួច​ក៏​មាន​ផល​ច្រើន បើ​ព្រោះ​សាប​ពូជ​ច្រើន ក៏​កាន់​តែ​មាន​ផល​ច្រើន​ឡើង​ទៅ​ទៀត។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- បរិបូណ៌​ដោយ​សេចក្ដី​សុចរិត និង​វត្ត​ប្រតិបត្តិ​បី​ដូច​ជា​ប្រឡាយ​ទឹក។

២-រក្សា​សមណ​ធម៌​ដោយ​សីល​ដូច​ជា​ភ្លឺ​ស្រែ ដើម្បី​ឱ្យ​បាន​សម្រេច​សាមញ្ញ​ផល​ទាំង ៤។

៣- បរិបូណ៌​ដោយ​ព្យាយាម បង្កើត​ផល​ចម្រើន​ដល់​ពួក​ទាយក​ទាយិកា ញ៉ាំង​សេចក្ដី​រីករាយ​ឱ្យ​កើត​ឡើង​ដល់​ពួក​ទាយក​ទាយិកា បើ​ទុក​ជា​ឱ្យ​តិច​ក៏​បាន​ផល​ច្រើន​ជា​អនេក បើ​បាន​ជា​ឱ្យ​ច្រើន ក៏​កាន់​តែ​មាន​ផល​ចម្រើន​ឡើង​ទៅ​ទៀត។

អង្គ ៣ របស់​កែវ​មណី

១- មាន​សាច់​ហ្មត់​ចត់​ល្អ​ជា​បំផុត។

២- មិន​ប្រឡាក់​ដោយ​គ្រឿង​សៅហ្មង​យ៉ាង​ណា​នីមួយ​ឡើយ។

៣- ប្រភេទ​កែវ​មណី​ក៏​នៅ​នឹង​ប្រភេទ​កែវ​មណី​ផង​គ្នា។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៣ ប្រការ​គឺ ៖

១- ចិញ្ចឹម​ជីវិត​បរិសុទ្ធិ​ហ្មត់ចត់​ជា​បំផុត។

២- មិន​ច្របូក​ច្របល់​ដោយ​បាប​មិត្រ ដែល​មាន​ចិត្ត​អាក្រក់។

៣- នៅ​រួម​តែ​អ្នក​ដែល​មាន​ជាតិ​ឧត្ដម​ប្រសើរ មាន​បរិសុទ្ធិ​ហ្មត់ចត់​ផូរផង់។

ពួក​មាន​អង្គ ៤

អង្គ ៤ របស់​ស្ដេច​ចក្រពត្តិ

១- ទ្រង់​ថែរក្សា​ទឹក​ចិត្ត​របស់​ប្រជាជន​ដោយ​សង្គហវត្ថុ ៤ ប្រការ។

២- ពួក​ចោរ​ជា​សត្រូវ​នឹង​ផែនដី​មិន​មាន​កើត​ឡើង​ក្នុង​រាជ​អាណាចក្រ​ឡើយ។

៣- តែង​ទ្រង់​ពិចារណា​អំពី​សេចក្ដី​ល្អ​អាក្រក់ ទ្រង់​ណែនាំ​ប្រជានុរាស្ត្រ​ទាំង​ផែនដី​ដ៏​ធំ​ទូលាយ មាន​មហា​សមុទ្ទ​ជា​ទី​បំផុត ឱ្យ​ប្រតិបត្តិ​តាម​គន្លង​ធម៌។

៤- ទ្រង់​ចាត់​ការ​គ្រប់​គ្រង​ការពារ​រាជ​អាណាចក្រ​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​មាន​អារក្ខា​ទាំង​ខាង​ក្នុង​ទាំង​ខាង​ក្រៅ។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៤ ប្រការ ៖

១- ថែរក្សា​ទឹក​ចិត្ត​បរិសទ្យ អនុគ្រោះ​បរិសទ្យ​ឱ្យ​មាន​ចិត្ត​សប្បាយ​រីករាយ។

២- កាម​វិតក្ក ព្យាបាទ​វិតក្ក វិហិង្សា​វិតក្ក ដូច​ជា​ខ្មាំង​សត្រូវ​មិន​មាន​កើត​ឡើង​ក្នុង​សន្ដាន​ចិត្ត​ឡើយ។

៣- តែង​ពិចារណា​ជម្រះ​ដុះ​ខាត់​កាយ​កម្ម វចីកម្ម មនោកម្ម សព្វ​ថ្ងៃ​ៗ​ថា យប់​ថ្ងៃ​ដែល​កន្លង​ទៅ មាន​បើ​ប៉ះពាល់​ដោយ​ហេតុ​ទាំង ៣ ​នេះ​ខ្លះ​ឬ​ទេ។

៤- តាំង​ប្រុង​ស្មារតី​ដូច​ជា​នាយ​ទ្វារ​ឱ្យ​នៅ​ចាំ​ប្រាបប្រាម កង​កិលេស​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។

អង្គ ៤ របស់​គោ

១- មិន​លះ​ចោល​ក្រោល ដែល​ខ្លួន​ធ្លាប់​នៅ។

២- លី​តែ​នឹម អូស​ទាញ​តែ​នឹម​ទៅ ទុក​ជា​ធ្ងន់​ក៏​ដោយ ស្រាល​ក៏​ដោយ។

៣- ប្រើ​ធ្មេញ​ទំពា​អៀង​ស្មៅ ឆ្អែត​ហើយ​ក៏​ផឹក​ទឹក។

៤- កាល​ម្ចាស់​បង្ហាត់​ឱ្យ​ធ្វើ​យ៉ាង​ណា​ៗ ក៏​ធ្វើ​តាម​ពាក្យ​គ្រប់​យ៉ាង។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៤ ប្រការ​គឺ ៖

១- មិន​លះ​បង់​ចោល​ឱកាស​របស់​ខ្លួន ឧស្សាហ៍​ពិចារណា​រឿយៗ ថា​កាយ​នេះ​មិន​ទៀង​ទេ មាន​ការ​បែក​ធ្លាយ​ខ្ចាត់ខ្ចាយ​ចេញ​ទៅ​ជា​ធម្មតា។

២- សមាទាន​ព្រហ្មចរិយធម៌ ប្រព្រឹត្តិ​ព្រហ្មចរិយ​ឱ្យ​បរិសុទ្ធិ​ផូរផង់​ដរាប​ដល់​អស់​ជីវិត ប្រកប​ដោយ​សុខ​ខ្លះ ទុក្ខ​ខ្លះ​ក្នុង​ខណៈ​ផ្សេង​ៗ​គ្នា។

៣-ទទួល​យក​ឱវាទានុសាសន៍​របស់​ឧបជ្ឈាយ៍​អាចារ្យ​ដោយ​ពេញ​ចិត្ត​ជ្រះ​ថ្លានិង​តាំង​ចិត្ត​ស្ដាប់​ធម៌។

៤- តាំង​ចិត្ត​ទទួល​យក​ឱវាទានុសាសនី​របស់​កល្យាណ​ជន​គ្រប់​ជាន់​គ្រប់​ថ្នាក់ ទាំង​ជា​ថេរៈ មជ្ឈិម ឬ​នវកៈ ទាំង​ជា​គ្រហស្ថ​ដែល​ជា​ពួក​ឧបាសក​ឧបាសិកា។

អង្គ ៤ របស់​នាយ​ព្រានព្រៃ

១- កាល​ចេញ​ទៅ​ស្វែង​រក​នេសាទ​សត្វ​ទ្រាយ មិន​មាន​ងងុយ​ដេក។

២- តាំង​ចិត្ត​ទុក​តែ​ក្នុង​ការ​នេសាទ​សត្វ​ទ្រាយ​ប៉ុណ្ណោះ។

៣- ដឹង​កាល​វេលា​ក្នុង​ការ​នេសាទ​សត្វ​ទ្រាយ។

៤- ឃើញ​សត្វ​ទ្រាយ​ហើយ​ក៏​កើត​ចិត្ត​ត្រេកអរ​ដ៏​ក្រៃលែង ថា​នឹង​បាន​សត្វ​ទ្រាយ​នោះ​មក។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៤ ប្រការ​គឺ ៖

១- ប្រាស​ចាក​ថីនមិទ្ធ គឺ​មិន​មាន​ចិត្ត​ស្រពោន​ស្រពន់​ងោក​ងក់។

២- ចង​ចិត្ត​ទុក​ក្នុង​អារម្មណ៍​តែ​មួយ ដែល​អាច​ឱ្យ​លុះ​បាន​ធម៌​វិសេស​ដ៏​ទៀងទាត់។

៣- ដឹង​កាល​នឹង​ចម្រើន​សមាធិ និង​កាល​ដែល​ចេញ​ចាក​សមាធិ។

៤- ចួប​ប្រទះ​នឹង​អារម្មណ៍​តែ​មួយ ដែល​អាច​ឱ្យ​លុះ​បាន​ធម៌​វិសេស​ដ៏​ទៀង​ទាត់។

អង្គ ៤ របស់​នាយ​ខ្មាន់ធ្នូ

១- កាល​នឹង​បាញ់​កូន​សរ​ទៅ ក៏​ទប់​ជើង​ឱ្យ​ជាប់​នឹង​ផ្ទៃ​ផែនដី តាំង​ផ្គង​ជង្គង់​នឹង​មិន​ឮ​កម្រើក​ញ័រ លើក​ដង​ធ្នូ​ឡើង​តាំង​ស្មើ​នឹង​ត្រចៀក ស្រលៀង​ភ្នែក​បូញ​មាត់​សំដៅ​ឱ្យ​ត្រង់​ទៅ ទើប​ចិត្ត​ថា​នឹង​បាញ់​ទៅ។

២- ថែរក្សា​ជំពាម​ទុក​សម្រាប់​ពត់​កូន​សរ​ដែល​វៀច​កោង ឬ​ឱ្យ​ត្រង់​បាន។

៣- សម្លឹង​ផ្ចង់​ឱ្យ​ចំ​ទៅ​ទី​លំនៅ។

៤- ហាត់​បាញ់​ទាំង​ក្នុង​វេលា​ព្រឹក​ទាំង​ក្នុង​វេលា​ល្ងាច។

ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ ៤ ប្រការ គឺ ៖

១- តាំង​ទប់​ជើង​គឺ​អរិយៈ (សេចក្ដី​ព្យាយាម) ទុក​លើ​ផែនដី​គឺ​សីល​ឱ្យ​ខ្ជាប់ បំពេញ​ខន្តី​និង​សោរច្ចៈ​មិន​ឱ្យ​ទ្រេតទ្រោត តម្កល់​ចិត្ត​ទុក​ក្នុង​សំវរៈ (សេចក្ដី​សង្រួម) កម្ចាត់​បង់​នូវ​ទោមនស្ស​និង​សោមនស្ស​ធ្វើ​យោនិសោមនសិការៈ​ទុក​ក្នុង​ចិត្ត ផ្គូផ្គង​សេចក្ដី​ព្យាយាម​បិទទ្វារ​ទាំង ៦ តម្កល់​ស្មារតី​ឱ្យ​ខ្ជាប់ ញ៉ាំង​សេចក្ដី​រីករាយ​ឱ្យ​កើត​ឡើង ថា​អញ​នឹង​សម្លាប់​កង​កិលេស​ដោយ​ញាណ​គឺ កូន​សរ។

២- ចម្រើន​សតិបដ្ឋាន​ដូច​នាយ​ខ្មាន់​ធ្នូ ថែរក្សា​ឈើ​ជំពាម​ទុក ពត់​ចិត្ត​ដែល​វៀច​កោង​ឱ្យ​ត្រង់​ល្អ។

៣- ពិចារណា​រាង​កាយ​នេះ តាម​ផ្លូវ​ព្រះ​ត្រៃលក្ខណ៍។

៤- តម្កល់​ចិត្ត​ក្នុង​អារម្មណ៍ ឧស្សាហ៍​ពិចារណា​រាល់​ពេល​ព្រឹក​ពេល​ល្ងាច។

ពួក​មាន​អង្គ ៥

អង្គ ៥ របស់​មាន់

១– បៀត​ព្រឹក​នៅ​យប់​ងងឹត ក៏​ពួន​ក្នុង​សម្បុក​ឬ​ទ្រនំ មិន​ទាន់​ចុះ​ទៅ​ស្វែង​រក​អាហារ​ទេ។

  ២– លុះ​ព្រឹក​ភ្លឺ​ហើយ ទើប​ចុះ​ដី​ដើរ​រក​អាហារ។

  ៣– នឹង​ចឹក​ស៊ី​អា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រ តែង​យក​ជើង​កកាយ​ដី​ទើប​ចឹក​ស៊ី។

  ៤– ក្នុង​វេលា​ថ្ងៃ សូម្បី​មាន​ភ្នែក​ភ្លឺ​មើល​ឃើញ​ច្បាស់ ដល់​វេលា​យប់​បែរ​ជា​ស្រវាំង​ងងឹត​ដូច​ភ្នែក​ខ្វាក់។

  ៥– ទុក​ជា​គេ​យក​ដុំ​ដី​ចោល​ឬ​ចោល​នឹង​កំណាត់​ឈើ​ឬ​ដេញ​មិន​ឱ្យ​មក​ចូល​ទ្រនំ ក៏​មិន​ព្រម​លះ​បង់​ចោល​ទ្រនំ​របស់​ខ្លួន​ឡើយ។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ គឺ ៖

  ១– កាល​ជិត​ព្រឹក​នៅ​យប់​ងងឹត ក៏​បោស​ច្រាស​សម្អាត​ទី​បរិវេណ​រៀប​ចាត់​តាំង​គ្រឿង​ប្រើ​ប្រាស់​ចាត់​ឱ្យ​មាន​របៀប​រៀប​រយ​ល្អ ងូត​ទឹក​ជម្រះ​កាយ​ឱ្យ​ស្អាត​ហ្មត់​ចត់​ហើយ ក៏​បូជា​ក្រាប​សំពះ​បូជនីយ​វត្ថុ ជា​កិច្ចវត្ត​ប្រចាំ​ខ្លួន។

  ២– លុះ​ព្រឹក​ភ្លឺ​ឡើង ក៏​ធ្វើ​ករណីយ​កិច្ច​មាន​អាជីវកម្ម​ជា​ដើម​តាមមុខ​ក្រសួង តាម​ភេទ​របស់​ខ្លួន។

  ៣– ពិចារណា​ជា​មុន​ហើយ​ទើប​បរិភោគ​ជា​អាហារ​ភោជន។

  ៤– ភ្នែក​មិន​ខ្វាក់ ក៏​ធ្វើ​ដូច​ជា​ខ្វាក់ គឺ​ទុក​ជា​នៅ​ក្នុង​ទី​ណា​នីមួយ ក៏​តាំង​ចិត្ត​សង្រួម​ឥន្រ្ទិយ កុំ​ឱ្យ​ត្រេកអរ​ក្នុង​អារម្មណ៍​ដែល​គួរ​ប្រាថ្នា ជា​ទី​តាំង​នៃ​តម្រេក កុំ​ឱ្យ​ត្រេកអរ​ក្នុង​អារម្មណ៍​មិន​ជា​ទី​ប្រាថ្នា ដែល​ជា​ទី​តាំង​នៃ​កំហឹង​និង​ការ​ស្អប់​ខ្ពើម។

អង្គ ៥ របស់​អណ្ដើក

  ១– ត្រាច់​ទៅ​ក្នុង​ទឹក អាស្រ័យ​នៅ​ក្នុង​ទឹក។

  ២– មុជ​ទៅ​ក្នុង​ទឹក កាល​ងើប​ក្បាល​មក​លើ​ទឹក​បាន​ឃើញ​អ្វីៗ ក៏​ត្រឡប់​មុជ​ទៅ​វិញ មិន​ឱ្យ​នរណា​មើល​ឃើញ​ខ្លួន​ឡើយ។

  ៣– លុះ​ងើប​ពី​ទឹក​មក​ហើយ មិន​ឃើញ​មាន​អ្វី ក៏​ហាល​សំដិល​កាយ​នៅ​តែ​ក្នុង​ផ្នូរ​ខ្សាច់។

  ៤– ជីក​ដី​មុជ​ខ្លួន​ពួន​នៅ​ក្នុង​ទី​ស្ងាត់។

  ៥– កាល​ត្រាច់​ដើរ​ទៅ បើ​បាន​ឃើញ​មនុស្ស​ឬ​សត្វ​អ្វីៗមួយ​ឬ​បាន​ឮ​សំឡេង​អ្វី ក៏​ពង្រួញ​អវយវៈ​ទាំង ៥ គឺ​ជើង ៤ ក្បាល ១ ចូល​នៅ​ក្នុង​ស្នូក​របស់​ខ្លួន ប្រយត្ន​ខ្លួន​ស្ងៀម​នៅ។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ​គឺ៖

  ១– ផ្សាយ​មេត្តា​ចិត្ត​ដ៏​ត្រជាក់ តាំង​ចិត្ត​ឱ្យ​ជា​ប្រយោជន៍​ដល់​សត្វ​លោក​ទូទៅ មិន​មាន​ព្យាបាទ​អាឃាដ​ចង​ពៀរ តាំង​ចិត្ត​ខ្ជាប់​ខ្ជួន​នៅ​ក្នុង​ព្រហ្ម​វិហារ។

  ២– កាល​កិលេស​កើត​ឡើង ក៏​ខំ​អត់​សង្កត់​សង្កិន​ឱ្យ​លិច​ចុះ​ទៅ​ក្នុង​អារម្មណ៍​ដូច​ជា​ខ្សែ​ទឹក​ចាប់​យក​អារម្មណ៍​មក​ទុក​ឱ្យ​ខ្ជាប់ មិន​ឱ្យ​ពួក​កិលេស​ហៀរ​ចូល​មក​គ្រប​សង្កត់​សន្ដាន​ចិត្ត​បាន។

  ៣– នាំ​ចិត្ត​ចេញ​ចាក​ឥរិយា​បថ ដេក ដើរ ឈរ អង្គុយ ហើយ​គប្បី​ប្រកប​ក្នុង​សម្មប្បធាន។

  ៤– រលាស់​ចោល​លាភ​សក្ការៈនិង​ពាក្យ​ពោល​សរសើរ ហើយ​គប្បី​ចូល​ទៅ​នៅ​សម្ងំ​ក្នុង​ទី​ស្ងប់​ស្ងាត់។

  ៥– កាល​បើ​ទ្វារ​ទាំង ៦ ធ្លាក់​ទៅ​នៅ​ក្នុង​កាមារម្មណ៍ ដែល​ជា​ទី​តាំង​នៃ​តម្រេក​ត្រេក​ត្រអាល ក៏​បិទ​ទ្វារ​គីឥន្រ្ទិយ​សំវរៈ សង្កត់​ចិត្ត​ឱ្យ​មាន​សំវរៈ ជា​អ្នក​មាន​សតិ​សម្បជ្ជញ្ញៈ​អង្គុយ​ចម្រើន​រក្សា​សមណ​ធម៌។

អង្គ ៥ របស់​សមុទ្ទ

១– មិន​រួម​ច្របូក​ច្របល់​ដោយ​សា​កអសុភ។

  ២– ជា​ទី​ប្រជុំ​នៃ​កែវ​មុក្ដា កែវ​ពិទូរ្យ កែវ​ប្រពាល កែវ​ផលិក​មាន​ប្រការ​ផ្សេងៗ មិន​ឱ្យ​ខ្ចាត់​ខ្ចាយ​រាត់​រាយ​ទៅ​ក្រៅ។

  ៣– ដ៏​ដេរដាស​ទៅ​ដោយ​មហា​ភូត​ជា​ច្រើន។

  ៤– ដ៏​ពេញ​ប្រៀប​ដោយ​ទឹក​ថ្មី ដែល​ហូរ​ចូល​មក​អំពី​ទន្លេ​តូចធំទាំង​ឡាយ និង​ទឹក​ដែល​ធ្លាក់​ចុះ​មក​ពី​ក្នុង​អាកាស ប៉ុន្តែ​មិន​ហៀរ​ហួស​ពី​មាត់​ច្រាំង​សមុទ្ទ​ឡើយ។

  ៥– មិន​ចេះ​ឆ្អែត​ស្កប់​ស្កល់​ពេញ​ប្រៀប​ដល់​មាត់​ច្រាំង​ដោយ​ទឹក​ដែល​ហូរ​មក​ពី​ទន្លេ​ទាំង​ពួង​នឹង​ទឹក​ដែល​ធ្លាក់​ចុះ​មក​ពី​អាកាស។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ​គឺ ៖

  ១– មិន​នៅ​រួម​នឹង​កិលេស​ជា​គ្រឿង​សៅហ្មង មាន​រាគៈ ទោសៈ មោហៈ​ជា​ដើម។

  ២– ទ្រទ្រង់​ទុក​នូវ​កែវ គឺ​គុណ​វិសេស​ផ្សេងៗ មាន​មគ្គ​ផល​និព្វាន​ជា​ដើម ហើយ​រក្សា​ទុក​តែ​ខាង​ក្នុង​មិន​ឱ្យ​សាយ​ចេញ​ទៅ​ខាង​ក្រៅ។

  ៣– នៅ​អាស្រ័យ​នឹង​ស​ព្រហ្មចារី ដែល​ជា​កល្យាណ​មិត្រ ជា​អ្នក​ទ្រទ្រង់​នូវ​គុណ​ធម៌​ប្រាថ្នា​តិច សន្តោស មាន​ខ្មាស មាន​សីល​ជា​ទី​ស្រឡាញ់​ជា​ដើម។

  ៤– មិន​ក្លែង​ល្មើស​សិក្ខាបទ ព្រោះ​ហេតុ​តែ​លាភ​យស​សរសើរ​សុខ​ក្ដី ព្រោះ​ហេតុ​តែ​ការ​ចិញ្ចឹម​ជីវិត​ក្ដី។

  ៥– ទុក​ជា​បាន​ស្ដាប់​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​ពុទ្ធ​ជា​ម្ចាស់​ជា​និច្ច ក៏​មិន​ចេះ​ឆ្អែត​ឆ្អន់​សោះ​ឡើយ។

អង្គ ៥ របស់​ផែន​ដី

  ១– ទុក​ជា​គេ​ចាក់​រោយ​រាយ​វត្ថុ​ល្អ– អាក្រក់​ច្រើន​យ៉ាង​ច្រើន​ប្រការ​គឺ កប៌ូរ ពុំ​សែន ក្រស្នា ក្រចេះ ​ចួង​ចន្ទន៍ មាន​ហម​ជា​ដើម​ក្ដី ស្លេ​ស្ម​ឈាម ខ្លាញ់ ទឹក​សម្បោរ បន្ទោ​បង់​ឧច្ចារៈ​បស្សាវៈ​ជា​ដើម​ក្ដី ក៏​ដែន​ដី​នៅ​ដដែល​មិន​ត្រេក​អរ មិន​អន់​ចិត្ត​សោះ​ឡើយ។

  ២– ប្រាស​ចាក​ការ​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ប្រដា​នឹង​លាប​ស្រឡាប​ដោយ​គ្រឿង​ក្រអូប​ផ្សេងៗ។

  ៣– មិន​មាន​ចន្លោះ មិន​មាន​រន្ធ មិន​មាន​ប្រហោង មាន​សាច់​ណែន​តាន់​ជា​ផ្ទាំង​មួយ។

  ៤– ទ្រទ្រង់​នូវ​សព្វ​សារពើ​ផ្សេងៗ ជា​ដើម គឺ ភូមិ ស្រុក នគរ ជនបទ ដើម​ឈើ ភ្នំ ស្ទឹង ទន្លេ ព្រែក ស្រះ សត្វ​ទិ្វបាទ ចតុប្បាទ សត្វ​បក្សី និង​មនុស្ស​ប្រុសស្រី មិន​មាន​សេចក្ដី​ខ្ជិល​ច្រអូស​ធុញ​ទ្រាន់​សោះ​ឡើយ។

  ៥– ប្រាស​ចាក​សេចក្ដី​ត្រេកអរ​ឬ​អន់​ចិត្ត ឥត​គិត​បៀត​បៀន​សត្វ​ដទៃ​ឱ្យ​លំបាក​ឡើយ។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ គឺ ៖

  ១– នឹង​នួន​ខ្ជាប់​ខ្ជួន មិន​សម្ដែង​អាការ​ខ្ពស់​ទាប មិន​ត្រេក​អរ មិន​អន់​ចិត្ត ក្នុង​ឥដ្ឋា​រម្មណ៍និង​អនិដ្ឋារម្មណ៍។

  ២– ប្រាស​ចាក​ការ​ប្រដាប់​តាក់​តែង​ដោយ​គ្រឿង​ប្រដាប់​ដែល​មិន​សម​គួរ​ដល់​ភេទ​របស់​ខ្លួន តែង​អប់​ខ្លួន​ដោយ​គ្រឿង​ក្រអូប​គឺ​សីល។

  ៣– មាន​សីល​បរិសុទ្ធ មិន​មាន​ទោស មិន​ដាច់​មិន​ធ្លុះ មិន​មាន​ប្រហោង ណែន​ណាន់​ខ្ជាប់​ខ្ជួន។

  ៤– មិន​ខ្ជិល​ច្រអូស ឧស្សាហ៍​ប្រកប​ករណីយ​កិច្ច​ទាំង​ឡាយ​ឱ្យ​សម​នឹង​មុខ​ក្រសួង​របស់​ខ្លួន ឱ្យ​សម​នឹង​ភេទ​របស់​ខ្លួន​សព្វៗកាល​ទៅ។

  ៥– ផុត​ចាក​សេចក្ដី​ត្រេកអរ​និង​អន់​ចិត្ត មាន​ចិត្ត​ស្មើ​ដោយ​ផែន​ដី។

អង្គ ៥ របស់​ធម្មជាតិ

  ១– នឹង ​ស្ងៀម មិន​រញ្ជួយ មិន​សៅហ្មង ថ្លា​ស្អាត​ជា​ប្រក្រតី។

  ២– មាន​លក្ខណៈ​ត្រជាក់​ជានិច្ច។

  ៣– ជម្រះ​លាង​របស់​ស្មោកគ្រោក​ឱ្យ​ស្អាត​បាន។

  ៤– ជា​ទី​ប្រាថ្នា​ដ៏​ក្រៃលែង នៃ​មនុស្ស​សត្វ​ទាំង​ពួង។

  ៥– មិន​យក​របស់​ឥត​ប្រយោជន៍​ចូល​ទៅ​ឱ្យ​ដល់​អ្នក​ឯ​ណា​នីមួយ​ឡើយ គឺ​សម្រេច​ប្រយោជន៍​ដល់​អ្នក​ផឹក​គ្រប់​គ្នា។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ​គឺ ៖

  ១– មិន​និយាយ​ភូត​ភរ មិន​និយាយ​ផ្ដោះ​ផ្ដង​ប៉ង​ស្វែង​រក​តែ​លាភ​ជា​អ្នក​មាន​មាយាទ​ល្អបរិសុទ្ធ​ជា​ប្រក្រតី។

  ២– បរិបូណ៌​ដោយ​មេត្តា ខន្ដី សោរច្ចៈ អវិហិង្សា​ជា​ប្រក្រតី ស្វែង​រក​តែ​ប្រយោជន៍ មាន​សេចក្ដី​អនុគ្រោះ​ដល់​សព្វ​សត្វ​ទាំង​ឡាយ។

  ៣– ទុក​ជា​នៅ​ក្នុង​ទី​ណាៗក៏​ដោយ ក៏​គប្បី​ធ្វើ​កិច្ច​ដែល​ជា​ប្រយោជន៍​ដល់​មនុស្ស​គ្រប់​ជាន់។

  ៤– មាន​ប្រាថ្នា​តិច សន្ដោស គេច​ទៅ​ពួន​ក្នុង​ទី​ស្ងាត់ ប្រតិបត្តិ​ខ្លួន​ជា​ទី​ប្រាថ្នា​របស់​សត្វ​លោក​រាល់​គ្នា​ជា​និច្ច។

  ៥– មិន​បង្ក​ការ​ចលាចល ជម្លោះ ប្រកួត​ប្រកាន់​វិវាទ ឫស្យា​ឱ្យ​កើត​ឡើង មិន​ធ្វើ​អំពើ​អាក្រក់​ដោយ​កាយ វាចា​ចិត្ត​ឡើយ។

អង្គ ៥ របស់​ភ្លើង

  ១– ដុត​ស្មៅ ឈើ ស្លឹក​ឈើ ចំបើង។

  ២– មិន​អាណិត មិន​អាសូរ​ដល់​វត្ថុ​ដែល​ឆេះ​ភ្លើង​សោះ​ឡើយ។

  ៣– ជា​គ្រឿង​កម្ចាត់​រងា​ចេញ​បាន។

  ៤– ឱ្យ​កើត​សេចក្ដី​កក់​ក្ដៅ​យ៉ាង​ក្រៃលែង។

  ៥– កម្ចាត់​ងងឹត​ឱ្យ​ភ្លឺ​ឡើង​បាន។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ គឺ ៖

  ១– ដុត​កម្ដៅ​កិលេស ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ​ដោយ​ភ្លើង គឺ ​ញាណ។

  ២– មិន​មាន​ចិត្ត​អាណិត​អាសូរ ក្នុង​កិលេស​ទាំង​ឡាយ​ឡើយ។

  ៣– ញ៉ាំង​ភ្លើង​ជា​គ្រឿង​ដុត​បំផ្លាញ គឺ​វីរិយៈ​ឱ្យ​កើត​ឡើង​ដើម្បី​កម្ចាត់​បង់​នូវ​កង​កិលេស​ទាំង​ពួង។

  ៤– ប្រាស​ចាក​សេចក្ដី​ត្រេកអរ​និង​អន់​ចិត្ត និង​បដិឃៈ រមែង​មាន​ចិត្ត​ស្មើ​ដោយ​ភ្លើង។

  ៥– កម្ចាត់​ងងឹត គឺ​អវិជ្ជា បង្កើត​ពន្លឺ គឺ​បញ្ញា​ញាណ។

អង្គ​ទាំង ៥ របស់​ខ្យល់

  ១– បក់​ផាត់​ក្លិន​ក្រអូប​នៃ​ផ្កា​ឈើ​ទាំង​ឡាយ​ឱ្យ​ផ្សាយ​ផ្សព្វ​ទៅ​ក្នុង​ដង​ព្រៃ។

  ២– បក់​បោក​ព្រៃ​ព្រឹក្សា​ឱ្យ​បាក់​ខ្ទេច​ខ្ទី និង​ជីក​ឫស​រម្លើង​គល់​រហូត​ដល់​ឫស​កែវ។

  ៣– តែង​បក់​ផាត់​ទៅ​ក្នុង​អាកាស។

  ៤– ផ្សាយ​ក្លិន​អប់​ផ្សព្វ​ផ្សាយ​ទៅ។

  ៥– មិន​មាន​អាល័យ មិន​មាន​លំនៅ។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ​គឺ ៖

  ១– ត្រេកអរ​ក្នុង​អារម្មណ៍ ដូច​ដង​ព្រៃ​ដែល​មាន​ផ្កា​ឈើ​រីក​និង​ក្រអូប​ដ៏​ក្រៃលែង​គឺ ​វិមុត្តិ។

  ២– ពិចារណា​សង្ខារ ដូច​ខ្យល់​ដែល​បក់​ទៅ​ក្នុង​ដង​ព្រៃ​ដើម្បី​បំផ្លាញ​កិលេស​ទាំង​ឡាយ។

  ៣– ញ៉ាំង​ចិត្ត​ឱ្យ​ត្រាច់​ទៅ​ក្នុង​លោកុត្តរ​ធម៌​ទាំង​ឡាយ។

  ៤– ហិត​ស្រូប​ក្លិន​ដ៏​ក្រអូប​ឈ្ងុយ​ឈ្ងប់ គឺ​សីល​របស់​ខ្លួន។

  ៥– មិន​មាន​អាល័យ មិន​មាន​លំនៅ​ជា​អ្នក​រួច​របូត​ផុត​ជ្រះ​ស្រឡះ។

អង្គ ៥ របស់​ភ្នំ

  ១– មិន​រញ្ជួយ មិន​កម្រើក មិន​ញាប់​ញ័រ។

  ២– ជា​របស់​រឹង​ប៉ឹង មិន​ច្រឡូក​ច្រឡំ​ដោយ​វត្ថុ​អ្វី​នីមួយ​ឡើយ។

  ៣– ដំណាំ​មិន​ដុះ​នៅ​លើ​ភ្នំ​ថ្ម​សុទ្ធ​នោះ​ឡើយ។

  ៤– ខ្ពស់​ឡើង​ទៅ​ជា​លំដាប់។

  ៥– មិន​ងេក​ងោក​ទៅ​មក។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ គឺ ៖

  ១– មិន​ត្រេកអរ មិន​អន់​ចិត្ត​ក្នុង​ឥដ្ឋា​រម្មណ៍និង​អនិដ្ឋា​រម្មណ៍ មិន​ស្រឡាញ់ មិន​ខឹង មិន​វង្វេង ក្នុង​អារម្មណ៍​ជា​ទី​តាំង នៃ​សេចក្ដី​ត្រេកអរ មិន​ខឹង​មិន​វង្វេង មិន​ញាប់​ញ័រ មិន​រញ្ជួយ​ដូច​ជា​ភ្នំ។

  ២– មិន​ច្របូក​ច្របល់​ដោយ​សង្ខារ ដែល​ជា​ទី​កើត​នៃ​កិលេស​គ្រឿង​សៅហ្មង​ចិត្ត។

  ៣– មិន​បើក​ឱកាស​ចន្លោះ ឱ្យ​កិលេស​ទាំង​ឡាយ​កើត​ឡើង​ក្នុង​ចិត្ត​របស់​ខ្លួន។

  ៤– ជា​អ្នក​ប្រសើរ​វិសេស​ដោយ​ប្រាជ្ញា​ញាណ។

  ៥– កាល​បើ​មាន​ឥដ្ឋា​រម្មណ៍​និង​អនិដ្ឋារម្មណ៍ មក​ប៉ះ​ដល់​ចិត្ត ​ក៏​មិន​មាន​សោមនស្ស​និង​ទោម​នស្ស​ឡើយ។

អង្គ ៥ របស់​អាកាស

  ១– ទោះ​អ្នក​ណា​នីមួយ កាន់​កាប់​រក្សា​ទុក​មិន​បាន​ទាំង​អស់។

  ២– ជា​ទី​ត្រាច់​ទៅ​នៃ​ពួក​ឫសី​តាបស​និង​សត្វ​បក្សី​ទាំង​ឡាយ។

  ៣– មាន​ផ្លេក​បន្ទោរ។

  ៤– មិន​មាន​ទី​បំផុត គណនា​មិន​បាន ប្រមាណ​មិន​ត្រូវ។

  ៥– មិន​មាន​ជាប់​ចំពាក់ មិន​មាន​ទី​តាំង​មិន​មាន​អាល័យ។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ គឺ ៖

  ១– មិន​បើក​ឱកាស​ចន្លោះ​ឱ្យ​កិលេស​ទាំង​ឡាយ ចូល​មក​រួប​រឹត​ដោយ​ប្រការ​ទាំង​ពួង។

  ២– ញ៉ាំង​ចិត្ត​ឱ្យ​ត្រាច់​ទៅ​ក្នុង​សង្ខារ​ទាំង​ឡាយ ដោយ​ពិចារណា​ទៅ​តាម​ព្រះ​ត្រៃលក្ខណ៍។

  ៣– ភ័យ​ស្ញើប​ក្នុង​ការ​ទៅ​ចាប់​បដិសន្ធិ​ក្នុង​ភព​ទាំង​ពួង ព្រោះ​សេចក្ដី​សុខ​ក្នុង​ភព​មាន​ឧបមា​ដូច​ផ្លេក​បន្ទោរ។

  ៤– មាន​សីល​និង​មាយាទ​ដ៏​បរិសុទ្ធ​ពេញ​ទី មិន​មាន​ទី​បំផុត​មាន​ញាណ​ដ៏​ចាស់​ក្លា​ប្រមាណ​មិន​បាន។

  ៥– ជា​អ្នក​មិន​ជាប់​ចំពាក់ មិន​មាន​ទី​តាំង មិន​មាន​អាឡោះ​អាល័យ​ក្នុង​បច្ច័យ​និង​កិលេស​ទាំង​ពួង។

អង្គ ៥ របស់​ព្រះ​ចន្រ្ទ

  ១– ក្នុង​សុក្កបក្ខ​ឆ្លុះ​ពន្លឺ​ឡើង​ថ្លា​ត្រចះ​ត្រចង់​ដ៏​ក្រៃលែង។

  ២– ជា​ធំ​ដ៏​ក្រៃលែង។

  ៣– អណ្ដែត​ត្រសែត​ក្នុង​វេលា​រាត្រី។

  ៤– មាន​វិមាន​ជា​ទង់​ជ័យ។

  ៥– មនុស្ស​លោក​នាំ​គ្នា​អង្វរ​សុំ​ឱ្យ​ឆ្លុះ​ពន្លឺ​នៅ​ជានិច្ច។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥ ប្រការ គឺ ៖

  ១– ចម្រើន​ឡើងៗក្នុង​កុសល​ធម៌​ទាំង​ពួង។

  ២– មាន​ឆន្ទៈ​ជា​ធិបតី​ដ៏​ឱឡារិក។

  ៣– មាន​កាយ​វាចា​ចិត្ត

  ៤– មាន​សីល​ជា​ទង់​ជ័យ។

  ៥– កាល​ត្រកូល​ចូល​មក​សូម​អារាធនា​និមន្ត ក៏​ចូល​ទៅ​កាន់​ត្រកូល​ទាំងឡាយ​តាម​សេចក្ដី​ត្រូវការ​ប្រាថ្នា​របស់​គេ។

អង្គ ៥ របស់​ដំរី

  ១– ត្រាច់​ចូល​ទៅ​ក្នុង​ព្រៃ តែង​យក​ជើង​ឈូស​ផែន​ដី។

  ២– សម្លឹង​មើល​តែ​សព្វ​កាយ​ខ្លួន មិន​រមិល​មើល​ទៅ​កាន់​ទិស​ផ្សេង​ឡើយ។

  ៣– មិន​ដេក​ប្រចាំ​នៅ​នឹង​កន្លែង​ជានិច្ច​ឡើយ ចេញ​ទៅ​ស្វែង​រក​អាហារ​បាន​នៅ​ទី​ណា ក៏​ចូល​ទៅ​អាស្រ័យ​នៅ​ទី​នោះ មិន​អាល័យ​ទី​លំនៅ។

  ៤– នឹង​ចុះ​ងូត​ទឹក ក៏​ច្រើន​តែ​ចុះ​ក្នុង​ស្រះ​ឈូក​ដ៏​ធំ​ទូលាយ មាន​ទឹក​ថ្លា​ស្អាត មិន​កករ​ល្អក់ ដ៏​ដេរ​ដាស​ទៅ​ដោយ​មើម​ឈូកនិង​ផ្កា​ឈូក​ជា​ច្រើន ហើយ​តែង​ចុះ​លេង​ទឹក​តាម​ដំណើរ​ដំរី។

  ៥– នឹង​លើក​ជើង​ក៏​មាន​ស្មារតី នឹង​ដាក់​ជើង​ចុះ​ក៏​មាន​ស្មារតី។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥  ប្រការ​គឺ ៖

  ១– ពិចារណា​តែ​រាង​កាយ ដើម្បី​បំផ្លាញ​កិលេស​ទាំង​ឡាយ

  ២– ពិត​ពិល​មើល​តែ​សព្វ​កាយ មិន​សម្លឹង​មើល​ទៅ​ទិស​ទាំង​ឡាយ មិន​ងើយ​មើល​លើ មិន​ឈ្ងោក​មើល​ក្រោម បោះ​ភ្នែក​ក្រឡេក​មើល​ទៅ​ត្រឹម​រយៈមួយ​នឹម​រទេះ។

  ៣– មិន​មាន​លំនៅ​ប្រចាំ​ជានិច្ច មិន​មាន​អាល័យ​ត្រាច់​ទៅ​ទី​ណា​ជា​ទី​គាប់​ចិត្ត​នឹង​សមគួរ ក៏​ចូល​ទៅ​អាស្រ័យ​ទី​នោះ មិន​ជាប់​ចិត្ត​អាឡោះ​អាល័យ​លំនៅ។

  ៤– ចម្រើន​មហា​សតិបដ្ឋាន ដែល​មាន​ទំនង​ដូច​ជា​ស្រះ​បោក្ខរណី ( ស្រះ​ឈូក ) ដ៏​ពេញ​ប្រៀប​ទៅ​ដោយ​ធម៌​ដ៏​ប្រសើរ ត្រជាក់​មិន​កករ​ល្អក់ ថ្លា​ស្អាត​ប្រាស​ចាក​មន្ទិល ដ៏​ដេរដាស​ដោយ​មើម​ឈូក​និង​ផ្កា​ឈូក​គឺ​វិមុត្តិ ពិចារណា​ញែក​សង្ខារ​ដោយ​ញាណ។

  ៥– មាន​សតិ​សម្បជញ្ញៈ​នៅ​គ្រប់​ឥរិយាបថ។

អង្គ ៥ របស់​ព្រៃ

  ១– បិទ​បាំង​ទុក​នូវ​មនុស្ស​មិន​ស្អាត។

  ២– ជា​ទី​ទំនេរ ឥត​មនុស្ស​ត្រាច់​ទៅ​ត្រាច់​មក។

  ៣– ជា​ទី​ស្ងប់​ស្ងាត់។

  ៤– ជា​ទី​ស្ងប់​រម្ងាប់​ដ៏​បរិសុទ្ធ។

  ៥– ជា​ទី​ដែល​ព្រះ​អរិយៈ​ទាំង​ឡាយ​តែង​សេព​គប់។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥  ប្រការ​គឺ ​៖

  ១– បិទ​បាំង មិន​បើក​ផ្សាយ​ប្រកាស​ទោស សេចក្ដី​ភ្លាំង​ភ្លាត់​ការ​សម្ងាត់​របស់​ជន​ដទៃ។

  ២– សាប​សូន្យ​ចាក​កិលេស​ទាំង​ឡាយ មាន​រាគៈ ទោសៈ មោហៈ ជាដើម

  ៣– ស្ងប់​ស្ងាត់​ចាក​អកុសល​បាប​ធម៌​ទាំង​ឡាយ។

  ៤– ជា​អ្នក​ស្ងប់​រម្ងាប់​ដ៏​បរិសុទ្ធ។

  ៥– ជា​អ្នក​គឺ​ព្រះ​អរិយៈ​បុគ្គល​គប្បី​សេព​គប់​សមាគម។

អង្គ ៥ របស់​មេឃ

  ១– រម្ងាប់​ផង់​ផុយ​ធូលី​លើ​ផែន​ដី។

  ២– រម្លត់​កម្ដៅ​នៅ​ផែន​ដី​ឱ្យ​ត្រជាក់។

  ៣– ញ៉ាំង​ដំណាំ​គ្រប់​យ៉ាង​ឱ្យ​ដុះ​លូត​លាស់​ល្អ។

  ៤– ជា​កំណើត​នៃ​ទឹក ហើយ​តែង​ធ្លាក់​ចុះ​មក​តាម​រដូវ​កាល​តែង​រក្សា​គុម្ព​ស្មៅ ដើម​ឈើ វល្លិ​ជា​ដើម​ឱ្យ​ដុះ​លូត​លាស់​ល្អ។

  ៥– បង្អុរ​ចុះ​មក​ក្នុង​ទី​ផ្សេង​មាន​ស្ទឹង​ទន្លេ ស្រះ​បោក្ខរណី អណ្ដូង​ត្រពាំង​បឹង​បួ​ជា​ដើម ញ៉ាំង​ទី​ទាំង​នោះ​ឱ្យ​ពេញ​ទៅ​ដោយ​ទឹក។

  ប្រៀប​ដូច​អ្នក​ប្រតិបត្តិ​ប្រកប​ដោយ​អង្គ​សម្បត្តិ ៥  ប្រការ​គឺ ៖

  ១– រម្ងាប់​កិលេស​ដូច​ជា​ផង់​ផុយ​ធូលី ដែល​កើត​ឡើង ឱ្យ​អស់​ទៅ​ទាល់​តែ​ផុត​ពូជ។

  ២– ចម្រើន​មេត្តា​ភាវនា ដែល​អាច​រម្ងាប់​កម្ដៅ​របស់​មនុស្ស​និង​ទេវតា​ទាំង​ឡាយ ធ្វើ​ឱ្យ​ត្រជាក់​បាន។

  ៣– ញ៉ាំង​សទ្ធា ដែល​ទុក​ដូច​ជា​ពូជ​របស់​សព្វ​សត្វ​ឱ្យ​ចម្រើន​លូតលាស់​ល្អ ក្នុង​សម្បត្តិ​ទាំង ៣ គឺ​សម្បត្តិ​របស់​មនុស្ស សម្បត្តិ​របស់​ទេវតា និង​សម្បត្តិគឺ ​ព្រះ​និព្វាន។

  ៤– ញ៉ាំង​យោនិសោមន​សិការៈ​ឱ្យ​កើត​ឡើង​ហើយ​រក្សា​សមណ​ធម៌​ដោយ​យោនិ​សោមន​សិការៈ​នោះ ព្រោះ​កុសល​ធម៌​ទាំង​ពួង សឹង​មាន​យោនិសោមន​សិការៈ​ជា​មូល​ហេតុ។

  ៥– ញ៉ាំង​ភ្លៀង គឺ​បរិយត្តិ បដិវេធ ឱ្យ​បង្អុរ​ចុះ​មក​ហើយ​ញ៉ាំង​ចិត្ត​របស់​អ្នក​ប្រាថ្នា​បដិវេធ​ឱ្យ​បាន​ពេញ​លេញ​ឡើង។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៤៤-៤៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments