ភិក្ខុ (សទ្ធម្មបញ្ញា) ឈិម ស៊ុម
ក្រុមជំនុំប្រែព្រះត្រៃបិដកក្នុងក្រសួងពុទ្ធសាសនបណ្ឌិត្យ
រៀបរៀង
ព.ស. ២៤៧៨ – គ.ស. ១៩៣៤
វិជ្ជាគុណកថា
កាព្យពាក្យ ៧
អហំរីខ្ញុំអក្សរស៊ ស្រៈឧខ្យល់មប្រកបមុខ នាមនេះពិតពីម្ដាយអាពុក លោកបានដាក់ទុកជាសញ្ញា។ រីនាមទីពីរលោកកំណត់ ហៅតាមដោយបទបាលីថា ភិក្ខុសទ្ធម្មបញ្ញា តាមកម្មវាចានឹងឧប្បជ្ឈាយ៍។ សូមថ្លែងតាមដោយពិនិត្យយល់ នៅលើសកលផែនពសុធា ជនផងដែលកើតមកគ្រប់គ្នា មិនមាននរណាទំនេរមួយ។ សុទ្ធសឹងមានកិច្ចការរវល់ រជើបរចល់កង្វល់ព្រួយ ព្រោះតែចិញ្ចឹមជីវិតមួយ ជាហេតុឱ្យព្រួយខានមិនបាន។ ខ្លះមានអាហារដោយសព្វគ្រប់ តែមិនទាន់ស្កប់ក្នុងសន្ដាន ខំប្រឹងរកគ្រឿងតម្កើងប្រាណ ខ្លះចង់ឱ្យបានគេកោតខ្លាច។ បំណងប៉ុណ្ណេះជាដើមទង ធ្វើឱ្យអ្នកផងប្រឹងប្រសាច អ្នកណាប្រសប់ទើបអង់អាច គឺថាអ្នកប្រាជ្ញទើបបានព្រម។ អ្នកមានប្រាជ្ញាមានគំនិត ចេះអ្វីចេះពិតប្រព្រឹត្តល្មម មិនល្មោភលោភល្មើសលើសទាំងព្រម ចេះថ្នាក់ចេះថ្នមរក្សាខ្លួន។ ទើបពេញបំណងប៉ងប្រាថ្នា ត្រូវការអ្វីបានគ្រប់ចំនួន តាមដោយចំណេះចេះរាល់ខ្លួន ចេះបីចេះបួនគង់ចម្រើន។
រីឯចំណេះក្នុងលោកីយ៍ បើនឹងស្រដីឃើញមានច្រើន សុទ្ធតែវិជ្ជាត្រូវក្រវើន ជាហេតុចម្រើនដល់អាត្មា។ មានដប់ប្រាំបីបាលីចែង ដូចនឹងសម្ដែងតែងមាតិកា ១- គឺចេះស្ដាប់សព្ទភាសា ២- ចេះសាស្ត្រាធម៌អាថ៌ជាក់។ ៣- ចេះលេខបូកលេខគុណហារ ៤- មានប្រាជ្ញាចេះគូរឆ្លាក់ ៤- ចេះតម្រាទាយលក្ខណៈ ៦- ចេះជាក់ឫក្សជោគជ័យ។ ៧-ចេះចាំច្រៀងរាំស្ទាត់ ៨- ចេះផ្ទាត់ដោយម្រាមដៃ ៩- ចេះមន្តធ្នូសិល្បសៃយ ១០- គឺចេះលៃលកវាចា។ ១១- ចេះពេទ្យរក្សារោគ ១២- ចេះយោគយោងកាព្យា ១៣- ចេះភេទត្រៃវេទ្យា ១៤- មាយាព្យូហ៍សត្រូវ។ ១៤- ចេះឆន្ទតិសាស្រ្ត ១៦- ចេះគាតគ្នេរក្នុងក្រៅ ១៧- ចេះមន្តសែកហាហៅ ១៨- ចេះផ្លូវសទ្ធាខ្ជាប់។ សិប្បៈទាំងដប់ប្រាំបីនេះ អ្នកប្រាជ្ញត្រិះរិះជាប្រដាប់ ឱ្យអស់អ្នកផងបានត្រងត្រាប់ តាំងទុកជាច្បាប់ក្នុងលោកីយ៍។
ហៃសាធុជនផងទាំងឡាយ គួរខំខ្វល់ខ្វាយទាំងប្រុសស្រី កុំធ្វេសប្រហែសភ្លេចស្មារតី សង្វាតឃ្មាតខ្មីរៀនវិជ្ជា។ ត្រូវតែយើងខំប្រកបកិច្ច ឱ្យបានសម្រេចតាមវេលា បឋមវ័យត្រូវយើងរៀនវេទ្យា អក្ខរវិជ្ជាលេខភាសា។ ឱ្យបានចេះចាំជាប្រធាន រួចទើបគិតអានពិចារណា រើសរកវិជ្ជាដែលថ្លៃថ្លា គេរាប់ត្រង់ណាចាប់ត្រង់នោះ។ វិជ្ជាទាំងអស់ដូចបានថ្លែង រាប់រៀបសម្ដែងរៀងរាល់ឈ្មោះ មិនមែនសក្ដិសិទ្ធសព្វសាយសុស មានត្រូវមានខុសតាមសម័យ។ ស្រេចហើយនឹងយើងប្រឹងសង្កេត មើលបែបផែនភេទស៊ីវិឡៃ កុំធ្មេចងងឹតទាំងយប់ថ្ងៃ វិជ្ជាណាថ្លៃត្រូវយើងរក។ ដូចជារបស់ភស្តុសម្ទាយ ជនផងទាំងឡាយគេចង់យក ចង់ទិញចង់ដូរត្រូវយើងរក ហើយគិតលៃលកលក់យកថ្លៃ។ ចំណេះមិនមែនចេះតែគេ បើយើងរិះរេគង់វៀងវៃ ស្រេចនឹងសន្សំសព្វៗថ្ងៃ គង់បានកម្រៃមិនសូវខ្វះ។ ប្រៀបដូចអុងអាងពាងក្រឡ បើកមាត់ចំហឱ្យស្រឡះ ដាក់ត្រងទឹកភ្លៀងគង់ពេញខ្លះ យូរទៅប្រទះពេញមិនខាន។ កំណើតវិជ្ជាដូចឫស្សី ដាំមួយដុះបីបួនក៏មាន វិជ្ជាចេះចាំក្នុងសន្តាន សង្វាតហាត់អានគង់ចេះច្រើន។ វិជ្ជាជាទ្រព្យវិសេសថ្លៃ មិនបាច់សំចៃគង់ចម្រើន ចាយណាស់កើតណាស់រឹតតែច្រើន អ្នកណាក្រវើនអ្នកនោះចេះ។
អ្នកមានវិជ្ជាមិនល្ងង់ខ្លៅ ទោះបីខ្លួនខ្មៅមុខក្ងេះ អាក្រក់តែរូបប៉ុន្តែចេះ គេថាអ្នកនេះជាមនុស្សល្អ។ អ្នកណាមិនចេះចំណេះអ្វី ទោះប្រុសឬស្រីសម្បុរស សាច់ឈាមល្អូកល្អិនមុខមាត់ល្អ អ្នកផងគេក៏ថាមិនសម។
អ្នកមានជំងឺមិនសប្បាយ ក្រហល់ក្រហាយកាយក្រៀមក្រំ ត្រូវការណាស់ត្រង់មន្តអាគម ឬពេទ្យចេះផ្សំឱសថថ្លៃ។ នេះឯងជាតួឧបមា ដូចជនគ្រប់គ្នាគ្រាសព្វថ្ងៃ ត្រូវការអ្នកប្រាជ្ញចេះវៀងវៃ អាចចេះលកលៃសម្រួលចិត្ត។ ហេតុនេះគួរដឹងថាអ្នកចេះ អ្នកមានចំណេះប្រសើរពិត ប្រៀបដូចគ្រូពេទ្យចេះពិនិត្យ ជាមនុស្សពេញចិត្តអ្នកជំងឺ។
អ្នកនៅក្នុងទីងងឹតឈ្លប់ ទាំងថ្ងៃទាំងយប់មិនយល់ភ្លឺ មិនមានពេលណាមានពន្លឺ ឃើញភ្លើងភ្លឺៗគាប់ចិត្តពេក។ ដូចជាមហាជនក្នុងលោកីយ៍ ទាំងប្រុសទាំងស្រីច្រើនអនេក ក្ដីល្ងង់បិទជិតងងឹតពេក ឃើញប្រាជ្ញហើយត្រេកអរសាទរ។ ជាតិជនអ្នកចេះដូចភ្លើងគោម ពន្លឺទ្រលោមឆោមបវរ ជនផងចូលចិត្តរឹតត្រេកអរ រាប់អានឈូឆរទាំងស្រុក។
ស្បង្ក័ជសេតុប្បលរត្តុប្បល លូតលាស់ផុសផុលពីក្នុងភក់ ផុតផែនប្រឹថពីទីគគ្រក់ កន្លង់តត្រុកត្រឹបកេសរ។ ក្លិនក្លែបពិដោរក្រអូបសាយ កន្លង់ទាំងឡាយតែងត្រេកអរ បទុមក្រពុំក្លិនបវរ កន្លង់តែងចរមិនគេចចេញ។ តែងត្រេកត្រាច់ត្រង់តម្រង់ត្រឹប មីរមូលរសឹបត្រឹបពេញៗ បទុមជាតិនេះដូចម្ដេចមិញ ប្រុសប្រាជ្ញលំគេញក៏ដូច្នេះ។ គឺថាកុលបុត្តវិសុទ្ធថ្លៃ កម្មព្រេងដឹកដៃឱ្យច្យុតចុះ ចាប់ជាតិត្រកូលទន់ទាបតុះ កើតឡើងលេចឈ្មោះជាអ្នកប្រាជ្ញ។ លំអុតឱនអង្គត្រង់សិក្ខា នរណាៗក៏កោតខ្លាច យ៉មខ្លួនជាខ្លៅទៅប្រសាច ប្រសប់រកប្រាជ្ញដូចកន្លង់។
បុប្ផជាតិដែលគ្មានសុគន្ធា ដូចជាផ្កាចាររីករហង់ ឬផ្ការលួសគួរភិសវង់ លេចឡើងមានទ្រង់ពណ៌ឆ្អិនឆ្អៅ។ ប៉ុន្តែគេមិនមានប្រាជ្ញា សូម្បីភមរាក៏កល់ជិន ព្រោះឃើញជាតិផ្កានោះឥតក្លិន នរៈនារិន្ទក៏ដូច្នោះ។ គឺថាបុរសឬស្រីណា កបពូជពង្សាមិនទាបតុះ ជាតិសក្ដិសមតែឈ្មោះ ល្ងង់ខ្លៅសូន្យសោះទាស់កិរិយា។ អ្នកផងមិនមានក្ដីត្រេកអរ សូម្បីអ្នកក្រមិនប្រាថ្នា ព្រោះល្ងង់សូន្យសុងគ្មានបញ្ញា ពាក្យចាស់លោកថាមិនគ្រប់ដប់។
ប្រុសមានវិជ្ជាជាធនធាន ស្រីមានឫកពាទុកជាទ្រព្យ អ្នកគ្មានចំណេះឥតគេរាប់ លោកថាឥតភព្វទុគ៌តក្រៃ។ ថ្វីបើខ្លួនជាកូនអ្នកមាន សម្បូរធនធានវិសេសថ្លៃ ទ្រព្យនោះបើមិនចេះសំចៃ គង់តែចង្រៃអន្តរធាន។ ទុកជាចេះគិតយ៉ាងពូកែ យូរទៅគង់តែរកមួយគ្មាន បានមកចាយបាត់ធ្វើម្ដេចមាន ខំរកឈ្លានពានគង់នៅខ្វះ។ ចាយតិចអស់ច្រើនចម្រើនថយ ប្រើដប់អស់រយនៅកន្លះ កន្លងយូរទៅៗជាខ្វះ គង់បានប្រទះទុក្ខវេទនា។ បើមានវិជ្ជាជាទ្រព្យថ្លៃ ចាយឥតសំចៃសព្វវេលា ចាយមួយកើតម៉ឺនកើនសព្វគ្រា នៅទីនានាក៏មិនក្រ។ ទ្រព្យគឺវិជ្ជាចាយមិនទាល់ ទិញភោជន៍ទិញផលទិញសម្ល ទិញម្ហូបចំណីបបរ ទិញស្រុកនគរក៏សឹងបាន។ ទិញខោទិញខៀនចិញ្ចៀនអាវ ទិញសព្វបាវព្រាវញាតិសន្ដាន ទិញមិត្រសម្លាញ់ទាំងប៉ុន្មាន ទិញបានទាំងបុណ្យទៅបរលោក។ ទិញទាំងសួគ៌ាជាសុខសាន្ត ទិញទាំងនិព្វានស្ថានសិវមោក្ខ ចាយតាំងពីក្នុងឥធលោក ហើយយោគទៅចាយបរលោកទៀត។ ហេតុនេះគួរឃើញថាអ្នកមាន វិជ្ជាប៉ុន្មានមិនចោលម្សៀត គួរកែគួរគប់គួរប្របៀត គួរប្រឹងគួរឆ្លៀតយកជាគ្នា។
អ្នកប្រាជ្ញប្រត្យក្ស[១]ហាក់ភោជន ជាគ្រឿងសម្រន់ជននានា នៅក្នុងកំឡុងភពភារា ក្នុងគ្រាទុរភិក្ស[២]នឹកប៉ុនប៉ង។ ពុំនោះដូចជាវារី[៣]ថ្លា ជាទីប្រាថ្នានៃជនផង ក្នុងគ្រាដែលក្រវារីម្ដង ប្រជាជនផងប៉ងរកទឹក។ គឺថាប្រជាជនទាំងឡាយ ស្រេកទឹកឃ្លានបាយជាទុក្ខនឹក សង្រេងសង្រៃក្រៃពន្លឹក ឃ្លានបាយស្រេកទឹកជាទុក្ខផ្សា។ សន្ធឹកសន្ធៃល្ហិតល្ហៃខ្លាំង ស្ងួតស្ងប់ហទយំគាំងឱរា លុះបានបរិភោគឆ្អែតកាលណា ជលសាបំបាត់សេចក្ដីក្ដៅ ដូចជាអ្នកប្រាជ្ញបើអ្នកខ្លៅ ចូលទៅសេពគប់គង់បានក្សាន្ត។
នរោនរៈជនគ្រប់គ្នា មានសុវិជ្ជា[៤]ក្នុងសន្ដាន ប្រព្រឹត្តត្រឹមត្រង់ត្រូវប្រមាណ ប្រមើលមើលប្រាណប្រមាណកាល។ គង់កែអត្តភាពដុនដាបទាល់ ឱ្យបានទៅស្គាល់ទីត្រអាល ព្រះបាទចមចៅម្ចាស់ភូបាល គង់លោកឈឺឆ្អាលប្រោសប្រណី។ នឹងបានជាម្លប់សម្រាប់ជ្រក ជនផងទៅមកទាំងប្រុសស្រី មានទុក្ខមានទោសទាល់ក្រអ្វី ក្សេមក្សាន្តបានក្ដីសុខសម្រាន្ត។ សម្រួលសម្រាកក្ដីវិបត្តិ នាំខ្លួនឆ្លងកាត់ទៅនិព្វាន កេរ្តិ៍ឈ្មោះសាយសុះទៅសព្វស្ថាន ដូចនាំនិទានមកប្រតិស្ឋ។
អតីតេកាលេកាលកន្លង ភពភាន់រំលងទៅហើយពិត ព្រះពោធិសត្វសាងសីលសិទ្ធ កើតនៅទីជិតពារាណសី។ នាមសេនកៈរាជបណ្ឌិត ចេះអ្វីចេះពិតមានឫទ្ធិល្បី ទើបមកពីរៀនសិល្បថ្មីៗ អំពីបុរីតក្កសិលា។ ព្រះបាទជនករាជភូមិន្ទ នរិន្ទចមក្សត្រខត្តិយា ម្ចាស់ក្រុងពារាណសីរដ្ឋា ទ្រង់ព្រះមេត្តាប្រោសប្រណី។ ប្រទានមហិស្សរយស ឧត្ដមខ្ពង់ខ្ពស់ជាងប្រុសស្រី ជាទីមហាមាត្ររាជកវី ព្រះចមចក្រីប្រទានសក្ដិ។ ទ្រង់តាំងធ្វើឱ្យអ្នកប្រាជ្ញធំ ក្នុងបុរីរម្យជាឯកអគ្គ អាចប្រៀនប្រដៅព្រះចមចក្រ និងអស់ពួកអ្នកនិគមផង។ អស់ប្រជាជនទាំងប្រុសស្រី ទាំងរាស្ត្រមន្ត្រីច្រើនកន្លង ទាំងព្រះភូវនាថជាតិជាច្បង តែងតែត្រាប់ត្រងស្ដាប់ទេសនា[៥]។ ព្រះពោធិវង្សទ្រង់សន្ដោស សម្ដែងធម៌ប្រោសសព្វវេលា ដល់ពួកមហាជនគ្រប់ៗគ្នា ទំនងដូចជាព្រះពុទ្ធថ្លៃ។
គ្រានោះមានតាព្រាហ្មណ៍ចាស់ម្នាក់ ដើរសូមលុយកាក់សព្វៗថ្ងៃ សន្សែសន្សំបានច្រើនក្រៃ សំចៃមួយពាន់កហាបណៈ។ ផ្ញើនឹងត្រកូលព្រាហ្មណ៍មួយ ឱ្យចាត់ចែងជួយថែទុកដាក់ ហើយគាត់លាចេញចាកសម្នាក់ ស្វែងសូមមាសប្រាក់តទៅទៀត។ គ្រាក្រោយតាព្រាហ្មណ៍ទៅបាត់ទៅ ត្រកូលព្រាហ្មណ៍នៅវិបត្តិបៀត ខូចខាតសម្បត្តិខាតបង់សៀត ទើបនាំគ្នាឆ្លៀតយកចាយអស់។ លុះដល់តាព្រាហ្មណ៍មកតឹងទារ ប្រគល់ធីតារូបល្អស្រស់ ឱ្យជាភរិយាជួសរបស់ តាព្រាហ្មណ៍សោមនស្សនាំទៅស្រុក។
ឯនាងព្រាហ្មណីជាស្រីក្មេង ព្រួយចិត្តសង្រេងតែងជាទុក្ខ តូចចិត្តដ្បិតចាស់អាម៉ាស់មុខ ចង់កែអផ្សុករកមួយទៀត។ ហើយគិតបណ្ដេញតាព្រាហ្មណ៍ទៅ ឱ្យឆ្ងាយលំនៅស្រណុកឆ្លៀត ទើបចូលទៅជិតស្ថិតប្របៀត លោមទោមដោយស្នៀតឧបាយថា។
តាអឺយៗតាសម្លាញ់ចៅ ខ្លួនខ្ញុំសែនក្ដៅណាស់ណាតា ការច្រើនចំពូកឥតគណនា មិនមានអ្នកណាមួយគ្រាន់ប្រើ។ ទ្រាំអ្វីកម្លាំងខ្លួនជាស្រី សង្ឃឹមលើប្ដីថាគ្រាន់បើ ស្មានជាមានខ្ញុំគ្រាន់បម្រើ ឥឡូវម្ល៉េះតើធ្វើម្ដេចតា។ អ្នកណាដាំបាយអ្នកណាស្ល អ្នកណាបបរឱ្យពិសា អ្នកណាប្រតិបត្តិគ្រប់វេលា រងទុក្ខវេទនាណាស់តាអឺយ។ ហេតុនេះបើតាអាណិតចៅ ចូរតាកុំនៅធ្វើព្រងើយ បើតែម្ល៉េះៗស្លាប់ខ្ញុំហើយ ទៅៗតាអឺយនៅបានអ្វី។ តាទៅសូមលុយតាសូមកាក់ តាសូមមាសប្រាក់គោក្របី តាសូមរទេះសេះដំរី សូមខ្ញុំប្រុសស្រីមកគ្រាន់ប្រើ។
តាព្រាហ្មណ៍ស្លុតចិត្តគំនិតភាន់ ទទួលរួសរាន់ថាអឺយអើ មិនអីទេពៅស្រីប្រសើរ គង់បានខ្ញុំប្រើកុំឱ្យថប់ ទើបប្រុងប្រដាប់សម្រាប់ប្រាណ វត្ថុប៉ុន្មានសឹងមានសព្វ សតូវខៅតាកប្រហុកខ្នប់ ត្បាល់បុកប្រអប់ច្រកក្នុងទៃ។ រៀបស្រេចតាព្រាហ្មណ៍ស្ពាយលើស្មា តានតឹងឱរាស្ទើរក្សិណក្ស័យ ឈានជើងចេញទៅនៅអាល័យ អាឡោះស្រីថ្លៃហទ័យតឹង។ ខំទៅទាំងទាល់ខានពុំបាន ថ្វីបើខ្លួនប្រាណចាស់ប៉ុណ្ណឹង ស្រីប្រើហើយត្រូវតែខំប្រឹង ចេញដើរទំហឹងទៅចាកស្ថាន។ ព្រាហ្មណ៍ដើរជជ្រកមកសូម តាមធម្មតាស្មូមចង់តែបាន សូមនេះសូមនោះមិនលោះខាន សូមត្រាតែបានដូចបំណង។ បានប្រាក់៧រយកហាបណៈ ព្រាហ្មណ៍ប្រមូលដាក់ចុះក្នុងថង់ ច្រកញាត់ក្នុងទៃស្ពាយតម្រង់ សំដៅទៅត្រង់លំនៅស្ថាន។ មកដល់ទីពាក់កណ្ដាលផ្លូវ ឈប់យកសតូវចម្អែតប្រាណ បរិភោគម្នាក់ឯងរែងរំខាន ក្នុងចិត្តសន្ដានមិនក្សាន្តនឹក។ បរិភោគរួចហើយទើបតាព្រាហ្មណ៍ ក្រោកដើរទីមទាមទៅរកទឹក មាត់ទៃចំហមិនបាននឹក ពស់ពិសពន្លឹកចូលពេននៅ។ តាព្រាហ្មណ៍ពុំបានពិចារណា មកដល់ស្រវាស្ពាយទៅ ដើរដោយដែនដុងដងព្រៃជ្រៅ នឹកតែស្រីពៅភ្លេចនឹកស្លាប់។ កាលណោះមានរុក្ខទេព្ដា នៅដើមព្រឹក្សាមេត្តាប្រាប់ ថាបើតាទៅដល់ផ្ទះឆាប់ ប្រពន្ធតាស្លាប់ចោលមិនលែង។ បើតាមិនទៅឱ្យដល់ឆាប់ ស្អែកមុខជាស្លាប់ខ្លួនតាឯង តាព្រាហ្មណ៍ឮហើយរឹងចំបែង កណ្ដោចកណ្ដែងរែងព្រួយចិត្ត។ គិតទៅគិតមករកទំនង មិនដឹងដើមទងតុះគំនិត មិនបានឃើញរូបអ្នកប្រាប់ពិត តាព្រាហ្មណ៍រឹងរឹតតែភិតភ័យ។ ភាន់ភាំងក្នុងចិត្តឥតបើថា តានតឹងឱរាស្ទើរក្សិណក្ស័យ តាព្រាហ្មណ៍ខ្សឹកខ្សួលអួលហទ័យ រវាសរវៃទៅប្រញាប់។ ទៅដល់មាត់ទ្វារក្រុងពារាណសី ឃើញមនុស្សប្រុសស្រីមីតាន់តាប់ គ្រប់គ្នាសុទ្ធសឹងកាន់ប្រដាប់ ភ្ញីផ្កាមកស្ដាប់ធម៌ទេសនា។ ដែលព្រះបរមពុទ្ធង្កុរ ជាតិជាបណ្ដូលពង្សពុទ្ធា សេនកបណ្ឌិតសិទ្ធវិទ្យា ប្រដៅប្រជាជននិករ។ តាព្រាហ្មណ៍ឃើញនឹកគិតថា ឱទីនេះណាគួរត្រេកអរ ជនផងប្រជុំគ្នាឈូឆរ ស្ដាប់សព្វព្រះធម៌កម្សាន្តចិត្ត។ បើអញចូលស្ដាប់ប្រហែលស្រួល ក្រែងពានទំនួលកែវិបរិត ធម្មតាធម៌លោកអ្នកប្រាជ្ញពិត ជាធម៌ស្រួលចិត្តវិបរិតបាត់។ ហើយព្រាហ្មណ៍ទន្ទបលន្លបទៅ ចូលជ្រៀតឈរនៅក្នុងបរិសទ្យ ស្ពាយទៃនៅស្មាមិនឱ្យខ្ចាត់ ទើបព្រះមហាសត្វសាកសួរថា។ អឺតាព្រាហ្មណ៍ដែលទើបមកដល់ថ្មី តាស្វែងរកអ្វីមកពីណា តាកើតទុក្ខពីរឿងអ្វីតា បានជាភក្ត្រាក្រៀមក្រោះ។ តាព្រាហ្មណ៍ឮហើយក៏ត្រេកអរ សន្ដានស្មោះសរជាសោមនស្ស ទូលតបសេចក្ដីសព្វគ្រប់អស់ ទើបមហាបុរសសួរទៀតថា។ កាលដែលព្រាហ្មណ៍ឯងបរិភោគស្រេច ព្រាហ្មណ៍ឯងចរត្រាច់ទៅទីណា មានដើរចោលទៃទេឬតា ព្រាហ្មណ៍តបវិញថាព្រះបាទម្ចាស់។ ខ្ញុំបាទទុកទៃនៅទីនោះ ហើយខ្ញុំបាទចុះទៅក្នុងស្រះ ទទួលទានទឹកដោយរហ័ស រួចរាល់ស្រឡះឡើងមកហោង។ លុះខ្ញុំមកដល់ទៃកាលណា ទើបខ្ញុំស្រវាក្របួចចង មាត់ទៃហើយស្ពាយមិនផ្សូរផ្សង ត្រាច់តាមគន្លងដងមាគ៌ា។ ស្រាប់តែបានឮពាក្យដូច្នោះ នៅក្បែរផ្លូវនោះក្នុងអរញ្ញា សូមទានព្រះគុណទ្រង់មេត្តា ព្យាករប្រស្នានេះឱ្យទាន។ ព្រះមហាបុរសប្រាជ្ញប្រត្យក្ស លោកបានជ្រាបជាក់ដោយញេយ្យញាណ ប្រាប់ថាក្នុងទៃតាឯងមាន ពស់វែកគង្គានចូលពេននៅ។ ហេតុនេះបើតាឯងប្រញាប់ ទៅដល់ផ្ទះឆាប់គ្រាឥឡូវ ប្រពន្ធតារត់ទទួលផ្លូវ យកទៃស្រាយទៅពស់ចឹកស្លាប់។ បើតាបង្អង់ពុំទាន់ទៅ សំចតឈប់នៅពុំប្រញាប់ ពេលល្ងាចតាស្រាយមាត់ទៃឆាប់ ពស់វែកចឹកស្លាប់ខ្លួនតាឯង។ ទើបពោធិសត្វចាត់ឱ្យយក ទៃតាព្រាហ្មណ៍មកពីកន្លែង ដាក់ក្នុងទីវាលស្រឡះចែង ឱ្យយកឈើវែងឆ្កឹះស្រាយគោះ។ មនុស្សផងទទួលព្រះបង្គាប់ ឆ្កឹះស្រាយប្រញាប់បានឃើញពស់ លូនចេញពីទៃតាព្រាហ្មណ៍នោះ ឃើញពិតដូច្នោះខ្លាចស្ញប់ស្ញែង។ ទើបអាលម្ពាយហ្មពស់ម្នាក់ ចាប់អូសកន្ត្រាក់ពីកន្លែង កន្លងទីឆ្ងាយដាច់សង្វែង អាលម្ពាយលែងពស់នោះទៅ។ ពួកជនទាំងឡាយទាំងប្រុសស្រី ទាំងរាស្ត្រមន្ត្រីដែលស្ថិតនៅ ក្នុងទីស្រុកក្រុងឬស្រុកក្រៅ មកប្រជុំនៅនាទីនោះ។ បានឃើញពិតហើយក៏ស្ញប់ស្ញែង គួរកោតគួរក្រែងរអែងឆ្ពោះ ត្រង់ព្រះប្រាជ្ញាបារមីនោះ ទាយត្រូវចំពោះដូចព្រះពុទ្ធ។ ទះដៃស្រែកឱ្យសាធុការ សំឡេងខ្ទរខ្ទារដូចកលទ្រុឌ កលទ្រោមផែនដីញ័ររន្ធត់ ញ័រទាំងសមុទ្ទបព៌តផង។ ភ្លៀងធ្លាក់កើតជារតនាករ គួរឱ្យត្រេកអរច្រើនកន្លង បូជាពោធីសត្វច្បាស់ច្បង អស់ពួកជនផងត្រេកអរក្រៃ។ ឯព្រាហ្មណ៍ក៏អត់ទ្រាំពុំបាន ទ្រព្យទាំងប៉ុន្មានមិនសំចៃ ចាត់ចែងបូជាមហាសត្វថ្លៃ មិនមានអាល័យអាឡោះឡើយ។ ព្រះពោធិសត្វទ្រង់មេត្តា ទើបមានវាចាឃាត់ថាណ្ហើយ ខ្ញុំមិនយកទេតាព្រាហ្មណ៍អើយ ខ្ញុំអរគុណហើយណ្ហើយកុំតា។ ស្រេចហើយប្រទានប្រាក់ទៅព្រាហ្មណ៍ បីរយភ្លាមៗដោយករុណា បន្ថែមឱ្យគ្រប់គម្រប់ជា មួយពាន់ផងគ្នានឹងប្រាក់គាត់។ ហើយព្រះអង្គសួរថាអើតា តាចរយាត្រាត្រាច់ខ្ចាត់ភ្លាត់ ចោលស្រុកចោលទេសទៅរង្គាត់ ស្វែងសូមព្រោះខ្សត់ឬគេប្រើ។ ព្រាហ្មណ៍តបថាឱព្រះគុណធ្ងន់ រឿងនេះប្រពន្ធខ្ញុំទេតើ គេថ្អូញថាគ្មានខ្ញុំបម្រើ ហើយគេចាត់ប្រើឱ្យស្វះស្វែង។ ព្រះអង្គសួរថាចុះភរិយា នោះចាស់ជរាដូចតាឯង ឬមួយនៅក្មេងល្អចិញ្ចែង បានជាឱ្យស្វែងមិនប្រណី។ ព្រាហ្មណ៍តបថាក្មេងទេព្រះគុណ ទើបបានពេលមុននេះថ្មីៗ សម្លូតសម្លាញ់ពេញបេតី ល្អល្អះឥតបីស្រីណាដល់។ ព្រះអង្គជ្រាបច្បាស់ដោយប្រាជ្ញា ទើបប្រាប់ព្រាហ្មណ៍ថាតាកុំឆ្ងល់ នេះឯងជាកិច្ចឧបាយកល តាឥតយោបល់ចាញ់កលស្រី ។ ប្រពន្ធតាឯងមានទៀតហើយ នែតាព្រាហ្មហ៍អើយគិតវាថ្វី ណ្ហើយចុះបើចង់ច្បាស់សេចក្ដី តាទៅរាត្រីនេះឱ្យដល់។ យកប្រាក់លាក់ទុកក្រៅលំនៅ សឹមតាចូលទៅសង្កេតកល គង់បានដឹងពិតឥតពីផល ដេញពុតឱ្យទាល់កលប៉ុណ្ណឹង។ តាព្រាហ្មណ៍ទទួលតាមបង្គាប់ រិះគិតសព្វៗគួរតែខឹង ក្រាបបង្គំលាហើយខំប្រឹង ដើរអស់ទំហឹងឆ្ពោះសំដៅ។ ទៅស្រុកមិនមានឈប់សម្រាក មិនគិតលំបាកព្រោះក្ដីក្ដៅ យកប្រាក់ទៅលាក់ទុកខាងក្រៅ ហើយចូលសំដៅទៅដោយស្ងាត់។ ដល់ហើយឃើញអុជភ្លើងភ្លឺៗ តែមិនទាន់ឮសូរសព្ទមាត់ ព្រោះនាងកំពុងតែសម្ងាត់ តាព្រាហ្មណ៍លើកហត្ថគោះទ្វារហៅ ព្រាហ្មណីឮហើយក៏លត់ភ្លើង ក្រោកភ្លែតភ្លាមឡើងចេញមកក្រៅ ដឹកដៃប្ដីថ្មីឱ្យអែបនៅ នាំព្រាហ្មណ៍ចូលទៅដល់ក្នុងផ្ទះ។ បបោសអង្អែលសព្វសារពាង្គ ដុសខាត់ជូតលាងដោយការល្ហះ ហើយសួរថាតាបានអ្វីខ្លះ តាព្រាហ្មណ៍ថាខ្វះអ្វីភាណើយ។ តាបានមួយពាន់កហាបណៈ ឥឡូវតាលាក់ទុកទៅហើយ លាក់ទុកត្រង់នោះណានាងើយ កុំមាត់កឡើយក្រែងគេដឹង។ ព្រាហ្មណីឮស្រេចគេចចេញទៅ ប្រាប់ប្រុសដែលនៅជិតនៅហ្នឹង ប្រុសនោះរកឃើញឆក់យកវឹង ព្រឹកឡើងព្រាហ្មណ៍ដឹងជាប្រាក់បាត់។ ទោមនស្សទាស់ចិត្តឥតបើថា ហើយចេញយាត្រាត្រាច់ចរកាត់ សំដៅលំនៅពោធិសត្វ ព្រាហ្មណ៍ក្រាបប្រតិបត្តិសព្វប្រការ។ ព្រះអង្គជ្រាបច្បាស់ដោយញេយ្យញាណ ទើបទ្រង់ប្រទានស្បៀងអាហារ ភោជនចំណីគ្រប់បរិក្ខារ ល្មមព្រាហ្មណ៍ចាត់ការ៧ថ្ងៃបាន។ ហើយប្រាប់ថាតាព្រាហ្មណ៍ឯងទៅ កាន់ទីលំនៅគេហស្ថាន ឱ្យនាងព្រាហ្មណីហៅសន្ដាន ដែលវារាប់អានតាមចិត្តស្មគ្រ។ ចំនួនដប់បួនទាំងអស់គ្នា ទាំងញាតិខាងវាញាតិខាងអ្នក មកជុំជប់លៀងដោយរាក់ទាក់ ធ្វើកលដូចហាក់គ្មានហេតុអ្វី។ មួយថ្ងៃបន្ថយចេញពីរនាក់ តាមដោយចិត្តស្មគ្រនាងព្រាហ្មណី ត្រូវធ្វើដូច្នេះជាប្រក្រតី ប្រាំពីររាត្រីជាកំណត់។ បន្ថយទុកសល់តែពីរនាក់ ពិនិត្យឱ្យជាក់ស្ដែងប្រាកដ មើលតែព្រាហ្មណ៍ដែលវាឃាត់ ភ្ញៀវណាកំណត់ប្រាំពីរថ្ងៃ។ ចូរតាប្រាប់ខ្ញុំកុំបង្អង់ ខ្ញុំហ៊ានចោទត្រង់ពុំសង្ស័យ ចាប់វាបានយកថ្វីដៃ ឱ្យចោរចង្រៃវារអា។ តាព្រាហ្មណ៍ធ្វើត្រាប់តាមបង្គាប់ ស្រេចទើបត្រឡប់យាត្រា ជម្រាបរឿងរ៉ាវស្រេចកាលណា ទើបមានវាចាប្រើបម្រើ។ ឱ្យហៅព្រាហ្មណ៍ចោរចូលមកដល់ ព្រះអង្គទតស្គាល់សួរថាអើ ទ្រព្យតាព្រាហ្មណ៍នេះមួយពាន់តើ ឯងយកទៅធ្វើអ្វីទៅហើយ។ ព្រាហ្មណ៍ចោរជជែកប្រកែកថា សូមទានមេត្តាព្រះគុណើយ ខ្ញុំបាទមិនបានយកសោះឡើយ ម្ចាស់ថ្លៃខ្ញុំអើយទេព្រះអង្គ។ ព្រះពោធិសត្វឆ្លើយកាត់ថា នែចោរមោហាថាឱ្យត្រង់ គេហ៊ានថាហើយមិនមែនល្ងង់ នេះពេញជាពង្សអង្គអ្នកប្រាជ្ញ។ ហ្នឹងហើយឈ្មោះសេនកបណ្ឌិត ល្បីល្បាញរឹងឫទ្ធិគេកោតខ្លាច មិនស្គាល់ទេឬចោរកំណាច បើឯងស្គាល់ប្រាជ្ញកុំប្រកែក។ ព្រាហ្មណ៍ចោរភិតភ័យតក្កមា ក្នុងចិត្តគិតថាឱចម្លែក ថានេះដូចជាឃើញនឹងភ្នែក មិនហ៊ានប្រកែកតទៅទៀត។ ជម្រាបរឿងរ៉ាវទៅតាមត្រង់ ហើយទើបព្រះអង្គទ្រង់ឆ្លាសឆ្លៀត ដណ្ដឹងបញ្ជាក់ថែមៗទៀត ចោរខូចចោលម្សៀតមិនហ៊ានលាក់។ ក្រសួងរាជការរដ្ឋបាល ចាំស្ដាប់ន្អាលនឹងទាញទៅដាក់ ធ្វើទោសតាមដោយពិនិត្យជាក់ យកចោរអប្បលក្ខណ៍ដាក់អាជ្ញា។ ព្រះពោធិសត្វទ្រង់ប្រទាន មាសប្រាក់ធនធានដោយមេត្តា ដល់រូបតាព្រាហ្មណ៍អនាថា ដែលពឹងចេស្ដាព្រះបារមី។
រឿងរ៉ាវដូចថ្លែងសម្ដែងមក ខ្ញុំបានស្រង់យកពីបាលី មកដាក់បញ្ជាក់ខសេចក្ដី ឱ្យជនប្រុសស្រីស្ដាប់បានងាយ។ សូមលោកអ្នកស្ដាប់ពិចារណា តាមដោយប្រាជ្ញាដ៏ទូលាយ ឱ្យឃើញហេតុផលទៅវែងឆ្ងាយ ដូចបានអធិប្បាយជាទំនង។ ដំណើរសេចក្ដីក្នុងរឿងនេះ យើងត្រូវត្រិះរិះតាមគន្លង ព្រះពោធិសត្វពីដើមទង ដោយន័យទំនងដ៏វែង។ ហៃសាធុជនទាំងអស់គ្នា ចំណេះវិជ្ជាទាំងសម្ទាយ មានគុណវិសេសធំទូលាយ គួរយើងវេចស្ពាយកុំខ្លាចធ្ងន់។ មិនលំបាកទុកស្រណុកលាក់ ជាជាងមាសប្រាក់សព្វទ្រព្យធន មិនខ្លាចចោរលួចឬចោរប្លន់ ទៅគ្រប់តំបន់គ្រាន់ជាស្បៀង។ ឥតកណ្ដៀរកោរកណ្ដុរកាត់ ចាយណាស់មិនបាត់មិនមានល្អៀង ប្រើច្រើនកើតច្រើនចម្រើនទៀង ពីបច្ចុប្បន្នរៀងទៅបរលោក។ មានសុវិជ្ជាគង់មានទ្រព្យ អ្នកផងមិនស្អប់មិត្តមូលមក មានមិត្តហើយបុណ្យតែងរត់រក ស្លាប់ទៅបរលោកយោគស្ថានសួគ៌។ វិជ្ជាមានគុណដូចបានថ្លែង សម្ដែងមកនេះក៏សមគួរ សង្ខេបសេចក្ដីត្រឹមស្ថានសួគ៌ ចប់តាមសមគួរអម្បាលណេះ។ សូមលោកអ្នកប្រាជ្ញខមាទោស សូមទានសន្ដោសកុំដៀលតិះ ខ្ញុំនឹកឃើញរឿងរ៉ាវដូច្នេះ ដោយត្រិះរិះផ្សំនឹងបាលី។ គម្ពីរនានាជាមគធៈ ឃើញប្រាកដជាក់ដូចសេចក្ដី ដែលបានថ្លែងមកដោយខ្លីៗ ប្រយោជន៍ដើម្បីអ្នកល្ងង់ខ្លៅ។
វិជ្ជាគុណកថាចប់ ក្នុងពេលព្រលប់យប់ថ្ងៃសៅរ៍ បួននឹងដប់រោចមិគសិរនៅ ហេមន្តរដូវឆ្នាំរកា។ បញ្ចស័កជាប់ទាក់ឆ្នាំបារាំង ចាប់ពីកតាំងគ្រិស្តសាសនា មួយពាន់ប្រាំបួនរយសាមបីជា កំណត់វេលាចប់ឯងហោង។
[១]ភាសាសំស្ក្រឹត ប្រែថាអ្នកចេះជាក់ច្បាស់។
[២]គ្រាក្របាយ។
[៣]ទឹក។
[៤]ចំណេះល្អ (មិនមានទោស)។
[៥]ត្រូវអានថា ទេស្នា។
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជាសុរិយា ឆ្នាំ១៩៣៤