អំពី​អវិជ្ជា

សារវន្តកថា

មុននឹងពោលថា អវិជ្ជា មានន័យដូចម្ដេច ? ជាកត្តានាំឱ្យកើតអ្វី ? សូមពណ៌នានូវភពសិន។

ភពគឺអ្វី ?

ភព គឺជាទីសម្នាក់របស់សត្វ ក្នុងដំណើរត្រាច់រង្គាត់ក្នុងវដ្ដសង្សា។ ភពមាន ៣ គឺ កាមភព ១ រូបភព ១ អរូបភព ១។

ហេតុដូចម្ដេច បានជាហៅថា កាមភព ?

បានជាដូច្នេះ ព្រោះភពនេះ ពោរពេញដោយកាម (សេចក្ដីតម្រេក ចំណង់) ឬដោយកាមគុណទាំង ៥ គឺ រូប សំឡេង ក្លិន រស សម្ផស្ស។ សត្វក្នុងកាមភពរមែងក្រេបជញ្ជក់ ទោះបីតិចឬច្រើននូវកាមគុណទាំង ៥ នេះ មិនដែលអាក់ខានមួយវេលាណាឡើយ។

ឯកាមភពមាន ១១ ភូមិ ដោយរាប់ស្ថានមនុស្សបញ្ចូលជាមួយផង។

ហេតុម្ដេចបានជាហៅថា រូបភព ?

បានជាហៅដូច្នេះព្រោះភពនេះ ប្រាសចាកកាមគុណទាំង ៥ គឺថា បើសត្វណាមានបំណងនឹងទៅកើតទីនោះ ត្រូវឱ្យប្រាសចាកកាមគុណទាំង ៥ ពីខន្ធសន្ដាន បើពុំដូច្នេះទេ ខ្លួននឹងពុំអាចទៅអាស្រ័យនៅក្នុងនោះបានឡើយ។

សូមបញ្ជាក់ថា ក្នុងរូបភព សត្វនៅត្រូវការប្រើប្រាស់រូបជាប្រយោជន៍ចិត្ត តែមិនមានការប្រកាន់មាំនឹងការតម្រេកក្នុងរូបដូចជាសត្វក្នុងកាមភពឡើយ។

ហេតុម្ដេចបានជាហៅ អរូបភព ?

បានជាហៅដូច្នេះ ព្រោះភពនេះ មិនត្រូវតែប្រាសចាកកាមគុណទាំង ៥ ប៉ុណ្ណោះទេ គឺថែមទាំងមិនត្រូវការប្រើរូបទៀតផង។ យ៉ាងនេះ បានជាមានសត្វខ្លះដោយយល់ភាន់ស្មានថា ភពនេះជាព្រះនិព្វាន។ ភពទាំងបីនេះរួមគ្នា ហៅថាសង្សារវដ្ដឬសង្សារចក្រ។

តើមនោគតិនៃសត្វក្នុងត្រៃភព មានសភាពដូចម្ដេច ?

សត្វក្នុងត្រៃភពតែងមានមនោគតិរបស់ខ្លួនមិននឹងនឡើយ មនោគតិនេះ លោតឆ្លងទៅឆ្លងមករវាងភពទាំងបី តាមទំហំនិងកម្លាំងផលកម្មរបស់ខ្លួន។ វិញ្ញាណសត្វប្រៀបដូចស្វាដែលមានខ្សែជាប់ក ហើយដែលគេចងទុកក្នុងរោងមួយមានបោះបង្គោលបី ប្រកបដោយឈើខ្វែងខាងចុង សម្រាប់ឱ្យសត្វនេះអាចលោតផ្លោះទៅមកបាន។ ស្វាមិនអាចលោតផុតពីបង្គោលបីបានយ៉ាងណា វិញ្ញាណសត្វក៏មិនអាចនឹងស្ទុះផុតចេញពីភពបានយ៉ាងនោះ វៀរលែងតែវិញ្ញាណនៃព្រះខីណាស្រពចេញ។

មានបញ្ហាចោទឡើងថា ចុះសុគតិស្ថាននោះដូចម្ដេច ? ទុគ្គតិស្ថាននោះ​ដូចម្ដេច ?

សុគតិស្ថានប្រែថា ស្ថានមានដំណើរស្រួល ទុគ្គតិស្ថានប្រែថាស្ថានមានដំណើរតឹងលំបាក ដោយអំណាចការផ្សេងគ្នានៃផលកម្ម តែទោះជាយ៉ាងណា ក៏សត្វមិនអាចស្ទុះរួចពីភពបីបានឡើយ ប្រៀបដូចជាខ្លែងដែលបុគ្គលបង្ហើរឰដ៏អាកាស ខ្លែងនោះនឹងត្រូវតែធ្លាក់មកលើផែនដីវិញជាប្រាកដ កាលណាអស់មានខ្យល់ទ្រ ហើយត្រូវតែហោះឡើងទៅទៀត កាលណាត្រឡប់មានខ្យល់មកវិញ។

ព្រះពុទ្ធទេសនាថា តែមានជាតិ ត្រូវមានជរាៗ ត្រូវមានព្យាធិៗ ត្រូវមានមរណៈ។ វត្ថុទាំងបួននេះ មានជាធម្មតាក្នុងភពបី។

គេឧបមាទុកភពទាំងបី ដូចជាផ្ទះបីខ្នង មានសភាពផ្សេងពីគ្នាគឺផ្ទះទី ១ ធ្វើអំពីស្លឹក ផ្ទះទី ២ ធ្វើអំពីឈើប្រក់ក្បឿង ផ្ទះទី ៣ ធ្វើអំពីថ្ម ឬបេតុងអារម៉េ ហើយក្នុងផ្ទះនីមួយៗ សឹងមានមនុស្សម្នាក់អាស្រ័យនៅ។

គេសួរថា តើមនុស្សទាំងបីនាក់ខាងលើនេះ មានសេចក្ដីថ្លៃថ្នូរវិសេសជាងគ្នាបែបណាខ្លះ ? បើម្នាក់ៗ សុទ្ធតែមានដាវយ៉ាងមុតព្យួរនៅនឹងជញ្ជាំង រង់ចាំតែដល់ពេលនឹងកាត់កម្ចាស់ផ្ទះរៀងខ្លួនៗ។ ត្រង់ចំណុចនេះ ព្រះពុទ្ធពោលថា មានដំណើរស្រួលនិងដំណើរលំបាកប្លែកគ្នាខ្លះក៏ពិតមែន តែទោះបីខ្លួនបានសុខស្រួលមួយគ្រា ក៏គង់គ្រាក្រោយខ្លួននឹងត្រូវទៅចួបនឹងទុក្ខវិញជាមិនខាន ព្រោះវិញ្ញាណសត្វមិនមែនតាំងនៅជាស្ថាពរក្នុងភពនីមួយ ៗ ឡើយ គឺថាសត្វដែលនៅសំចតនៅអរូបភពក្ដី រូបភពឬកាមភពក្ដី តែងតែត្រូវមរណសង្គ្រាមមកផ្ដាច់ជីវិតិន្ទ្រីយដូចៗគ្នាជាធម្មតា។

ដូច្នេះ សម្រេចសេចក្ដីថា ភពទាំងបីឬសង្សារវដ្ដជាកន្លែងទុក្ខ ព្រោះមានធម៌បីគឺ អនិច្ចំ ទុក្ខំ អនត្តា ស្ថិតនៅជានិច្ច។

មានបញ្ហាចោទឡើងថា បើភពបីជាកន្លែងទុក្ខ ហេតុអ្វីក៏មានសត្វពេញចិត្តមកកើតច្រើនម្ល៉េះ ? ហើយមុននឹងបញ្ចូលខ្លួនមកក្នុងត្រៃភព តើវិញ្ញាណថ្មីសត្វទាំងនោះ សំចតឬអស្រ័យនៅស្ថានណា ? ភពណាឬភូមិណា ? សូមទុកដោះស្រាយចំណុចនេះដែលជាចំណុចធំទៅខាងមុខ។

សួរថា វិញ្ញាណសត្វកាលបើមានហើយ នឹងអាចសាបសូន្យទៅវិញខ្លះ ដោយស្វ័យប្រវត្តិឬទេ ?

វិញ្ញាណនេះតែមានហើយ មិនងាយនឹងសាបសូន្យទៅវិញដោយឯកឯងឡើយ សូម្បីវិញ្ញាណសត្វយ៉ាងតូចឆ្មារ ដូចជាស្រមើលក៏ដោយ។ បើគេយករូបសត្វទៅសន្ធប់ក្នុងគុហាភ្នំក្ដី ក្នុងរូងដ៏ជ្រៅប៉ុន្មានក្ដី ក្នុងធុងដែកផ្សាយ៉ាងជិតដូចប្រអប់ត្រីខក្ដី រួចគេដុតភ្លើងសម្លាប់ វិញ្ញាណសត្វនឹងវិនាសសាបសូន្យជាមួយឬទេ ?។ ឆ្លើយថា វិនាសតែរូប ចំណែកវិញ្ញាណមិនវិនាសសោះ។ បើមិនវិនាសតើអាស្រ័យនៅទីណា ស្ទុះចេញទៅតាមណា ហេតុអ្វីក៏មិនឃើញ ?។ ឆ្លើយថា កាលបើរូបវិនាសហើយ វិញ្ញាណត្រូវស្ទុះទៅរករូបថ្មីទៀតជាធម្មតា តាមសមគួរដល់កម្លាំងផលកម្ម ដោយឥតមាននរណាអាចដឹងឮបានឡើយ ព្រោះវិញ្ញាណជាអរូបធម៌។

ចុះបើយ៉ាងដូច្នេះ គឺថាបើវិញ្ញាណមានហើយ ៗ នៅតែត្រាច់រង្គាត់ក្នុងវាលវដ្ដសង្សារ ដូចជាសត្វស្វាដែលបុគ្គលចងទុកក្នុងរោងមានបង្គោលបី ហេតុម្ដេចវិញ្ញាណថ្មីនោះ ដែលមិនទាន់ចូលមក ក៏ពេញចិត្តនាំគ្នាទាំងសែនទាំងកោដិម្ដងៗ មកចូលឱ្យជាប់ក្នុងលោកដូចជាត្រីជាប់ជុចធ្វើអ្វី ? តាមធម្មតា តែកន្លែងមានទុក្ខ មានគ្រោះថ្នាក់ មានសោករោគភ័យ ឧបមាថា នៅស្រុកណាមានកើតអាសន្នរោគជាអាទិ៍ គេតែងតែជៀសវាងមិនទៅស្រុកនោះជាដាច់ខាត ព្រោះគេត្រូវការតែសេចក្ដីសុខ។ ដំណើរហេតុយ៉ាងណា បានជាវិញ្ញាណថ្មីនេះ តែងនាំគ្នាសម្រុកចូលមក តើមុននឹងចូលមកពុំបានដឹងថា ត្រៃភពជាកន្លែងទុក្ខឬទេ ? ជាកន្លែងដែលសត្វចូលហើយ ត្រឡប់ថយចេញបានដោយលំបាកឬទេ ?។

មនុស្សទៅរុតត្រីៗ​ ខំស្ទុះត្រដរស្ទើរបាក់អង្រុត ដើម្បីជៀសឱ្យផុតពីការវិនាស ដែលជាការផ្ទុយនឹងពាក្យចចាមអារាមពីបុរាណដែលជាត្រីសុខចិត្តធានាខ្លួននឹងចិញ្ចឹមមនុស្ស ព្រោះពងកូនម្ដងមួយបឹង។ កុំថាឡើយដល់ទៅត្រី សូម្បីតែមូសឬសង្កើច ជាសត្វល្អិត ក៏ភ័យនឹងសេចក្ដីស្លាប់ណាស់ដែរ ចូរយើងក្រឡេកមើល ! វាខំហើរនឹងខំរត់កាលណាវាឃើញមនុស្សដេញទះ ឬដេញញិចវា។ ចុះសត្វមមាចដែលនាំគ្នាទាំងរយទាំងពាន់ មករោមភ្លើងចង្កៀង ហើយបានទទួលនូវសេចក្ដីអន្តរាយ តើបាណកសត្វនេះ ដឹងថាភ្លើងជាសត្រូវនឹងអាត្មាឬទេ ? ត្រីស៊ីនុយដែលអ្នកនេសាទបិទនៅសន្ទូច ហើយធ្លាក់ខ្លួនដល់សេចក្ដីស្លាប់ តើវាដឹងថាមានសន្ទូចពួននៅខាងក្នុងនុយឬទេ ? ទារកបរិភោគលាមកខ្លួនឯងតើវាដឹងថា លាមកជាវត្ថុស្មោកគ្រោកឬទេ ?

ឧទាហរណ៍ប៉ុណ្ណេះ បញ្ជាក់ឱ្យឃើញថា សេចក្ដីអន្តរាយឬសេចក្ដីទុក្ខវេទនាដូចពោលមកខាងលើ បណ្ដាលមកតែពីការមិនដឹងជាហេតុ។ សរុបសេចក្ដីទៅឡើងថា សេចក្ដីទុក្ខទាំងពួងកើតមានឡើងដោយមានការមិនដឹងជាមេ។

បើដូច្នេះ វិញ្ញាណថ្មីនៃសត្វ ដែលបោលសម្រុកមកក្នុងភពបី ក៏មានការមិនដឹងជាហេតុដែរឬ ? នេះជាការណ៍​ពិតឥតកម្រីក។ អ្វីជាការមិនដឹងដែលទុកជាមេក្លោងធំ ដែលជម្រុញ​វិញ្ញាណថ្មីនៃសត្វឱ្យមកចូលក្នុងជុចគឺ ត្រៃភព ? ការមិនដឹងនេះហៅថា អវិជ្ជា។

ហេតុម្ដេច បានជាហ៊ានចាត់ទុក អវិជ្ជា ជាមេបង្កវិញ្ញាណថ្មីនៃសត្វក្នុងត្រៃភព តើមានអ្វីនឹងបញ្ជាក់ទុកជាភស្ដុតាង ?

ដើម្បីនិទស្សន៍យោបល់នេះ សូមលើកយកបដិច្ចសមុប្បាទធម៌មកថ្លែងបញ្ជាក់ជាភស្ដុតាងដូចតទៅ តែសូមថ្លែងបដិច្ចសមុប្បាទធម៌បដិលោមជាមុន ៖

 ការអស់សង្ឃឹម ការតូចចិត្ត ការខ្សឹកខ្សួល ការកន្ទក់កន្ទេញ សេចក្ដីសោយសោក សេចក្ដីស្លាប់ ការចាស់ជរា ការមានជំងឺតម្កាត់ ទាំងនេះមកតែពីមានជាតិ គឺការកើត បានជាមានជាតិ មកពីមានភពបានជាមានភព មកពីមានឧបាទានគឺសេចក្ដីប្រកាន់ជាប់ចិត្ត បានជាមានឧបាទាន មកពីមានតណ្ហាគឺសេចក្ដីត្រូវការ បានជាមានតណ្ហា មកពីមានវេទនាគឺសេចក្ដីដឹងអារម្មណ៍ បានជាមានវេទនា មកពីមានផស្សៈគឺការប៉ះពាល់ បានជាមានផស្សៈ មកពីមានអាយតនៈ គឺកន្លែងកើតអារម្មណ៍ បានជាមានអាយតនៈ មកពីមាននាមរូប បានជាមាននាមរូបមកពីមានវិញ្ញាណ បានជាមានវិញ្ញាណ មកពីមានសង្ខារ គឺការផ្សំផ្គុំធាតុជាការចាំបាច់ ដើម្បីឱ្យកើតបានជាសរីរៈ បានជាមានសង្ខារ មកពីមាន អវិជ្ជា គឺជាការមិនដឹង”។

បើថ្លែងបដិច្ចសមុប្បាទធម៌ ដោយអនុលោមវិញ គឺត្រូវរាប់យកអវិជ្ជាជាដើមអាទិ៍ ដោយសង្ខេបដូចតទៅ ៖

អវិជ្ជាជាបច្ច័យឱ្យមានសង្ខារៗ ជាបច្ច័យឱ្យមានវិញ្ញាណៗ ជាបច្ច័យឱ្យមាននាមរូប។ល។ ភពជាបច្ច័យឱ្យមានជាតិៗ ជាបច្ច័យឱ្យមានជរា ព្យាធិ មរណៈ។

បើគេសួរថា តពីអវិជ្ជាទៅ ឬខាងដើមអវិជ្ជាមានអ្វីទៀត ?

ត្រង់ចំណុចនេះ អ្នកណាក៏មិនអាចឆ្លើយប្រាប់បានឡើយ។ ចំពោះការដោះស្រាយបញ្ហាវិញ្ញាណសត្វក្នុងត្រៃភព ព្រះសក្យមុនីគោតមបានទ្រង់លើកយកមកពិចារណាជាអនុលោមនិងបដិលោម លើ​រតនបល្លង្កក្រោមដើមពោធិព្រឹក្ស នូវបដិច្ចសមុប្បាទធម៌ គឺធម៌ប្រស្រ័យទាក់ទងគ្នាដូចច្រវាក់ ដើម្បីស្រាវជ្រាវឱ្យឃើញពិតថា អ្វីជាបច្ច័យបណ្ដាលមកពីហេតុអ្វី រួចទ្រង់ពិចារណាបណ្ដោយទៅវិញថា អ្វីជាហេតុនាំឱ្យមានអ្វី ។ ជាអវសានទ្រង់សម្រេចព្រះទ័យថា ធម៌ដែលប្រស្រ័យគ្នា ដូចច្រវាក់នេះគឺមានអវិជ្ជាជាមេគឺចប់ត្រឹមអវិជ្ជានេះឯង គ្មានអ្វីតទៅទៀត ទោះព្រះអង្គទ្រង់ពិចារណាឈ្លេចឈ្លីយ៉ាងណា ក៏ទ្រង់ឃើញច្បាស់ថា អស់តែត្រឹមអវិជ្ជា គឺអវិជ្ជានេះហើយដែលជាមេដើមអាទិ៍បង្អស់។ ចំណែកវិញ្ញាណមុននឹងចូលមកក្នុងលោក ស្ថិតនៅជាធាតុ។

ដើម្បីឱ្យងាយយល់ថា ធម៌ច្រវាក់នេះ មានការប្រទាក់គ្នាបែបណាហើយទាល់អស់ត្រឹមអវិជ្ជានោះដូចម្ដេច សូមលើកឧទាហរណ៍ជាសេចក្ដីឧបមាជូនជាដំណឹងដូចតទៅ ៖

ដំណាលថា មានមួយថ្ងៃ សត្វកុកស្ទុះរត់ទៅជាន់កូនក្រួចស្លាប់។ មេក្រួចក្ដៅក្រហាយមិនសុខចិត្ត ក៏ទៅប្ដឹងគីង្គក់ឱ្យជំនុំជម្រះរឿងស្លាប់កូនខ្លួន។ ក្នុងសម័យនោះ មិនដឹងជាសត្វណាតាំងគីង្គក់ឱ្យធ្វើជាចៅក្រមទេ ស្រាប់តែសត្វគម្រាតនេះមានអំណាចកោះហៅឱ្យកុកចូលមក ហើយសួរថា

ហេតុម្ដេចបានជាកុកឯង ស្ទុះទៅជាន់កូនក្រួចស្លាប់ ?

កុកឆ្លើយថា ៖

បានជាខ្ញុំបាទស្ទុះទៅជាន់ ព្រោះភ័យនឹងអាអូតស្រែករកទូក។

គីង្គក់ឱ្យកោះហៅអាអូតមកសួរទៀតថា

អាអូតឯង ហេតុអ្វីក៏ស្រែករកទូក ទាល់តែកុកភ័យស្ទុះទៅជាន់កូនក្រួចស្លាប់ ?

បានជាខ្ញុំបាទស្រែករកទូក ព្រោះឮមាន់ទឹកស្រែករកច្រវា។

គីង្គក់ឱ្យកោះហៅមាន់ទឹកមកសួរទៀតថា

មាន់ទឹកឯង ហេតុអ្វីក៏ស្រែករកច្រវា នាំឱ្យអាអូតស្រែករកទូក ?

បានជាខ្ញុំបាទស្រែករកច្រវា ព្រោះឃើញក្រសាររហូតដាវ។

ក្រសារឯង ហេតុអ្វីក៏ហូតដាវ នាំឱ្យមាន់ទឹកភ័យស្រែករកច្រវា ?

បានជាខ្ញុំបាទហូតដាវ ព្រោះឃើញទុកលយសំពៅ។

ទុងឯង ហេតុអ្វីក៏បានលយសំពៅ នាំឱ្យក្រសារហូតដាវ ?

បានជាខ្ញុំបាទលយសំពៅ ព្រោះឃើញត្រដក់ស្ពាយយាម។

ត្រដក់ឯង ហេតុអ្វីក៏ទៅស្ពាយយាម នាំឱ្យទុងលយសំពៅ ?

លុះឮគីង្គក់សួរអ៊ីចឹង ត្រដក់នៅស្ងៀម ធ្វើក្បាលងីងើៗ មិនដឹងឆ្លើយដូចម្ដេច ព្រោះយាមនេះ វាស្ពាយជាកេរតពីដូនតាមក គ្មានមកពីហេតុអ្វី ដែលនាំឱ្យវាស្ពាយឡើយ។ កាលបើសួរម្ដងជាពីរដងជាបីដងត្រដក់នៅតែស្ងៀម ទើបគីង្គក់ប្រកាសកាត់ទោសចំពោះត្រដក់ ថាជាមេដើមចមនៃការស្លាប់កូនក្រួច រួចគីង្គក់លោតថងក្បាលត្រដក់ជ្រុះរោមអស់គ្មានសល់ បានជាក្បាលត្រដក់ទំពែករហូតមកដល់សព្វថ្ងៃ។

ឧទាហរណ៍គួរអស់សំណើច ដែលខ្ញុំទាញមកថ្លែងជាសេចក្ដីឧបមានេះ បង្ហាញឱ្យងាយយល់ថា វិញ្ញាណថ្មីរបស់សត្វមានអវិជ្ជា ជាមេមិនមានអ្វីជាហេតុតទៅទៀតទេ ដូចជាសេចក្ដីស្លាប់នៃកូនក្រួច មានត្រដក់ជាហេតុដំបូងដូច្នោះ។ ចំណែកការពិចារណាបដិច្ចសមុប្បាទធម៌ នៃព្រះសម្ពុទ្ធក៏យ៉ាងនោះដែរ ព្រះអង្គទ្រង់ជញ្ជឹងដោយព្រះបញ្ញាញាណដ៏ភ្លឺស្វាងទៅ ទ្រង់យល់ច្បាស់ថាគ្មានអ្វីជាហេតុតពីអវិជ្ជាទៅទៀតទេ ទើបព្រះបរមគ្រូទ្រង់សម្រេចព្រះទ័យថា ធម៌ប្រទាក់គ្នាដូចច្រវាក់នេះ មានអវិជ្ជា ជាមេដើមចម គឺថាការមិនដឹងនេះឯងហើយ ដែលជាហេតុបណ្ដាលឱ្យកើតវិញ្ញាណសត្វក្នុងត្រៃភពជាកន្លែងទុក្ខ។

សរុបសេចក្ដីទៅ ឃើញថា អវិជ្ជា មានន័យថាមិនដឹង អវិជ្ជា ជាកត្តាបង្កវិញ្ញាណថ្មីនៃសត្វក្នុងត្រៃភព។ តែមានសត្វហើយត្រូវតែមានទុក្ខ ព្រោះសត្វជាទុក្ខៗ ជាសត្វ ហើយកន្លែងដែលសម្រាប់សត្វចំចតក៏ជាទុក្ខទៀត ដូចបានពណ៌នាមកពីខាងលើរួចមកហើយ។

ដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់ថា តើសត្វពិតជាទុក្ខមែនឬ ? សូមលើកយកសច្ចៈ ទាំងបួនមកអធិប្បាយ ជាគ្រឿងនិទស្សន៍ដូចតទៅ ៖

សច្ចៈ ប្រែថា សេចក្ដីពិតដែលមានក្នុងលោក ហើយដែលមិនប្រែក្លាយទៅជាប្រការដទៃ។ សច្ចៈនេះ ព្រះសម្ពុទ្ធទ្រង់ជ្រាបច្បាស់មុនគេបង្អស់។ ឯសច្ចៈទាំងបួនគឺ ៖

១- ទុក្ខសច្ជៈ ប្រែថា ទុក្ខជាសេចក្ដីពិត

២- សមុទយសច្ចៈ ប្រែថា ហេតុបណ្ដាលឱ្យកើតទុក្ខ (តណ្ហា) ជាសេចក្ដីពិត

៣- និរោធ-សច្ចៈ ប្រែថា ស្ថានរលត់ទុក្ខ (ព្រះនិព្វាន) ជាសេចក្ដីពិត

៤- មគ្គសច្ចៈ ប្រែថា ផ្លូវប្រតិបត្តិ ដើម្បីរម្លត់ទុក្ខជាសេចក្ដីពិត។

ទុកជាសេចក្ដីពិតក្នុងលោកនោះដូចម្ដេច ?

តាំងពីថ្ងៃដែលសត្វមកចាប់បដិសន្ធិ រហូតដល់ថ្ងៃប្រសូត សត្វទទួលទុក្ខវេទនាជាដរាប។ សូមពិចារណាមើល ! ការអាស្រ័យនៅក្នុងទីដ៏ចង្អៀតយ៉ាងក្រៃលែងគឺផ្ទៃមាតានេះ ជាសុខស្រួល ឬជាការលំបាក ? បើគេលុងឈើឬធ្វើលូឱ្យល្មមចុះតែមនុស្សម្នាក់ ហើយគេបញ្ច្រកមនុស្សទៅក្នុងនោះ គេអាចស្មានបានថា មិនមានការសុខស្រួលឡើយ ឯសត្វនៅក្នុងផ្ទៃម្ដាយក៏មានសភាពដូច្នោះដែរ។

គេអាចពោលបានថា ការអាស្រ័យនៅនៃសត្វក្នុងផ្ទៃម្ដាយ ជាការធម្មតា។ ចម្លើយនេះ ជាការសមរម្យម្យ៉ាងដែរ ព្រោះបើមិនមែនជាការធម្មតា ធ្វើដូចម្ដេចនឹងមានសត្វរស់ពេញលោក។ តែដែលយល់ថាជាការធម្មតានេះ តើមានចំពោះតែសត្វដែលប្រាសចាកបញ្ញាទេ ចំណែកព្រះអរិយបុគ្គលវិញ លោកភ័យខ្លាចនឹងខ្ពើមរអើម រកអ្វីឧបមាគ្មាន។ រឿងនេះ មិនខុសគ្នាពីដង្កូវនៅក្នុងបង្គន់ទេ ត្រង់ដង្កូវខ្លួនឯងចូលចិត្តនឹងពេញចិត្តថា ការអាស្រ័យនៅក្នុងបង្គន់ ហើយបរិភោគលាមករាល់ថ្ងៃជាអាហារ ជាការគាប់ប្រសើរនៃអាត្មា តែបើឱ្យមនុស្សបញ្ចេញយោបល់ចំពោះបញ្ហានេះវិញ គេអាចទុកមុនជាស្រេចថា ១០០/១០០ ពិតជាថាមិនស្រួល មិនប្រពៃ ជាការស្មោកគ្រោករកអ្វីផ្ទឹមពុំបាន គួរតែដកខ្លួនថយចេញឱ្យឆ្ងាយយ៉ាងឆាប់រហ័សជាទីបំផុត។

ចាប់ពីថ្ងៃសម្រាលចេញពីផ្ទៃម្ដាយ សត្វតែងរងទុក្ខវេទនារហូតដល់ម៉ោងស្លាប់។ តើរងទុក្ខរបៀបណា ?។ គេអាចជំទាស់បានថា បើថាសត្វទទួលតែទុក្ខយ៉ាងនេះ សមក្នុងលោកគ្មានសត្វឡើយ នេះជាការផ្ទុយទៅវិញ គេឃើញសត្វមានចំនួនកាន់តែច្រើនឡើងៗ ហើយសើចញញឹមនឹងសប្បាយរីករាយចំពោះការរស់ក្នុងលោក។ ចំណែកទីសម្នាក់អាស្រ័យក៏ប្រែទម្រង់ស្ទើររាល់ថ្ងៃ គឺប្រែពីអាក្រក់ទៅល្អ ពីមិនស្រួលទៅជាស្រួល ពីមិនសមរម្យទៅសមរម្យ ពីតូចទៅធំ ពីទាបទៅខ្ពស់ ពីចង្អៀតទៅទូលាយ ពីក្រខ្វក់ទៅស្អាត។ល។ មធ្យោបាយដឹកនាំទៀតប្រសើរប្លែក ដែលពីដើមយើងធ្លាប់ឮតែក្នុងរឿងព្រេង ទាំងអាហារសម្រាប់បរិភោគព្រមទាំងសម្លៀកបំពាក់ និងគ្រឿងសម្អាងកាយមិនឃ្លាតឆ្ងាយពីទេពនិម្មិតឡើយ បើយ៉ាងនេះ តើត្រង់កន្លែងណាដែលនឹងនិទស្សន៍ឱ្យឃើញច្បាស់ថា សត្វទៅជារងទុក្ខវេទនាជានិច្ចនោះ ?។

ត្រង់ចំណុចនេះ ឃើញថាហាក់ដូចជាអ៊ីចឹងមែន ប៉ុន្តែការមែននេះ កើតមានដល់តែពួកសាមញ្ញបុថុជ្ជន ដែលប្រាសចាកការពិចារណាឱ្យដិតដល់ទេ។ ហេតុអ្វីក៏ថាដូច្នេះ ? ថារឿងខាងលើនេះជាការខំប្រឹងត្រដរនៃសត្វទេតើ ព្រោះថាទុក្ខពេក ជាការមិនបណ្ដោយ ជាការមិនអស់សង្ឃឹម ដ្បិតទុក្ខសច្ចៈពុំដែលកើតជាក់ច្បាស់ដល់ទឹកចិត្តនៃសត្វសាមញ្ញទេ មានកើតខ្លះដែរ តែដោយពេលដោយខណៈ ដូចជាផ្លេកបន្ទោរប៉ុណ្ណោះ ហើយសត្វក៏នឹកស្មានថា មិនមែនជាទុក្ខសច្ចៈផង ម្ល៉ោះហើយសេចក្ដីត្រូវការរកសុខ រុញច្រានដោយជម្រុលទឹកចិត្តសត្វកុំឱ្យនៅស្ងៀមកុំឱ្យខ្ជិល កុំឱ្យធ្វើព្រងើយ ដ្បិតការទាំងនេះ តាមលោកភាសិតថាត្រឡប់ជាឱ្យទុក្ខដល់អាត្មាវិញ ហើយបើមិនពិចារណាឱ្យជ្រៅ ក៏ហាក់ដូចជាការពិតអ៊ីចឹងមែនដែរ ព្រោះចលនានៃរាងកាយនឹងចិត្ត នាំឱ្យភ្លេចគិតដល់សេចក្ដីទុក្ខមែន ដោយចិត្តអាល័យតែជាប់ជំពាក់ក្នុងការងារតែបើពិចារណាបន្តិចទៅទៀត ឃើញថា ចលនានៃរាងកាយនិងចិត្តនេះក៏ជាទុក្ខ ព្រោះដូចពាក្យទំនៀមថា “មួយដំបនិងបួន” ទេ។ ទុក្ខខាងក្រៅមិនមកប៉ះពាល់មែន តែការធ្វើបែកញើស ការអង្គុយគិតរាប់ម៉ោង ការនិយាយស្ដីអស់រយៈពេលដ៏យូរ ការខំប្រឹងអត់ងងុយ។ល។ តើទុក្ខ​ជាអ្វីទៅវិញ ?។

ម្យ៉ាងទៀត ចំពោះបញ្ហាខាងលើនេះ មានអ្នកប្រាជ្ញភាគច្រើនក្នុងលោក ទោះជាខាងពុទ្ធសាសនាក្ដី ខាងវិទ្យាសាស្ត្រក្ដី ខាងប្រាកដនិយមក្ដី តែងជួយដោះស្រាយបញ្ហាទុក្ខឱ្យសត្វ ដោយប្រើមធ្យោបាយខាងការពោលលួងលោមនិងកម្លាទឹកចិត្តជាការថ្ងូរ ការត្អូញត្អែរ ការកន្ទក់កន្ទេញ ការយំសោកសង្រេងសង្រៃ ការអស់សង្ឃឹម ការព្រួយចិត្ត ការអាឡោះអាល័យ ទាំងនេះជាអំពើឥតប្រយោជន៍ ជាអំពើកំសាក ដែលជាហេតុគ្រាន់តែធ្វើឱ្យអាក់ដំណើរអាត្មាប៉ុណ្ណោះ រកលទ្ធផលល្អគ្មាន ប្រៀបបាននឹងអ្នកដំណើរ ដែលកំពុងត្រាច់ចរកណ្ដាលកន្តារ ឬអុំទូកកណ្ដាលទន្លេ ហើយពោលត្អូញត្អែរអំពីការស្រេកឃ្លាន ការក្ដៅក្រហាយ ការរោយស្រពន់ ការអស់កម្លាំង និងការនឿយហត់ ឯការពោលដូច្នេះ តើនឹងជូនលទ្ធផលគាប់ប្រសើរដល់អាត្មាឬទេ ? បើខ្លួនមានការចាំបាច់ត្រូវតែបន្តដំណើរទៅទៀតដដែល។ ហើយចំពោះសមិទ្ធិនៃសត្វទាំងនេះ តើអ្នកណាអាចកំណត់បានថា នឹងភ្លឺនៅពេលណាមួយឬទេ ? មែនពិតបើយកភ្លឺដោយសន្មត នោះនឹងអាចមានបានខ្លះ តែបើយកភ្លឺតាមការណ៍​ពិតឃើញថាឥតអង្គឺមានឡើយ ព្រោះធម៌អនិច្ចំ ឥតប្រែក្លាយទៅជាប្រការដទៃទេ។

ក្នុងលោកជីវិតជាទុក្ខតែម្ដង។ ព្រះពុទ្ធសម្ដែងថា កិច្ឆំ មច្ឆាន ជីវិតំ ប្រែថា ការរស់នៅនៃសត្វទាំងឡាយការលំបាក”។ ភាសិតអ្នកប្រាជ្ញខាងលោកនិយម ក៏មានន័យស្របគ្នានឹងពុទ្ធភាសិតដែរ គេពោលថា (La vie une lutte) ប្រែថា ជីវិតជាការប្រយុទ្ធ។ ក្នុងពាក្យ “ប្រយុទ្ធ” គឺមានការតស៊ូ មានបរាជ័យ និងអបរាជ័យជាធម្មតា។ ចុះបើយ៉ាងនេះ តើនឹងអាចកំណត់ទុកជីវិតជាការសប្បាយជាការស្រួលឬជាទុក្ខ ? ចម្បាំងធម្មតា តែងមានពេលភ្លឺ តែងមានពេលចប់ ចំណែកចម្បាំងគឺជីវិតសត្វ ជាចម្បាំងដ៏ធំក្រៃលែងលើសចម្បាំងនានាជាចម្បាំងមិនមានពេលសម្រាកនឹងរកទីបំផុតគ្មាន។

លោកប៊ែរណាដាំងដឺសាំងព្យែរ (Bernadain de Saint Pierre) អ្នកនិពន្ធជាតិបារាំងនៃសៀវភៅប្រលោមលោកឈ្មោះ “ប៉ូលអេវីរហ្សិនី” (Paul et Virginie) ពោលថា “សេចក្ដីស្លាប់ជាការរំដោះទុក្ខ” សម្ដីនេះបញ្ជាក់បន្ថែមលើយោបល់ខាងលើដែលថា ជីវិតជាសេចក្ដីទុក្ខ ព្រោះបើមរណៈជាការរំដោះទុក្ខ ជីវិតពិតជាប្រាកដដោយស្វ័យប្រវត្តិ។

តើជីវិតជាទុក្ខបែបណា ?

ព្រះពុទ្ធសាសនាថា ៖  ជិឃច្ឆា បរមារោគា ប្រែថា ការស្រេកឃ្លានជារោគដ៏ធំក្រៃលែងជាងរោគទាំងឡាយ”។

តាំងពីប្រសូតចេញមក សត្វត្រូវទទួលទានដរាបអវសានជីវិត។ តាមសភាពប្រក្រតី អាហារជាគ្រឿងឧបត្ថម្ភខានពុំបានដល់ជីវិត អ្វីដទៃទុក្ខជាគ្រឿងបន្ទាប់បន្សំពីអាហារទាំងអស់។ ដូច្នេះហើយ ទើបគេតែងឮបន្តិចពីទីនេះ បន្តិចពីទីនោះ ក្នុងសាកលលោក នូវការធ្វើបាតុកម្ម កូដកម្ម រដ្ឋប្រហារ ចម្បាំង ទាំងនេះមិនមែនមានហេតុអ្វីក្រៅពីដណើ្ដមគ្នារស់ឱ្យបានស្រួល បន្តិចតែប៉ុណ្ណោះ ព្រោះមានជនពួកខ្លះ ដោយអាងមានឫទ្ធិអំណាចជាងគេ ដណ្ដើមយករស់តែម្នាក់ឯង។ ឯអ្នកខ្លះទៀតពុំបានធ្វើអ្វីនឹងគេ មកពីខ្លះមធ្យោបាយ ឬមកពីទាល់គំនិត ហើយក៏បណ្ដោយដំណើរជីវិតឱ្យប្រព្រឹត្តទៅតាមយថាកម្ម។

ចំណែក ជរា ព្យាធិ ព្រមទាំងការណ៍អ្វីផ្សេងគឺជាសេចក្ដីទុក្ខបន្ទាប់ពីជីវិត។

សេចក្ដីដូចពោលរៀបរាប់មកនេះ បញ្ជាក់ឱ្យឃើញច្បាស់ នូវទុក្ខសច្ចៈ ថាពិតជាមានប្រាកដក្នុងលោក ហើយមិនមានក្នុងទីណាក្រៅពីក្នុងលោកឡើយ។

សមុទយសច្ចៈ សេចក្ដីពិតចំពោះហេតុដែលបណ្ដាលឱ្យមានទុក្ខនោះដូចម្ដេច ?

ត្រង់ខនេះ គឺសំដៅយក តណ្ហា ជា សមុទយសច្ចៈ។ អ្វីហៅ តណ្ហា មានន័យដូចម្ដេច ?

តណ្ហា ប្រែថា សេចក្ដីត្រូវការ។ គឺសេចក្ដីត្រូវការចង់រស់នេះ ហើយដែលបណ្ដាលឱ្យមានទុក្ខ

សួរថា ចុះបើគេមិនត្រូវការ គេមានគ្រប់គ្រាន់អស់ហើយ តើនឹងមានអ្វីនាំឱ្យគេមានទុក្ខ ?

បើពោលដូច្នេះ សមុទយសច្ចៈហាក់ដូចជាមិនមានក្នុងលោក បើសច្ចទី ២ នេះគ្មានហើយ សច្ចទីមួយ ត្រូវតែស្ថិតនៅជាអហោសិកម្មចំពោះអ្នកនោះ។

សូមពិនិត្យមើលសិន តើមនុស្សណា ឬសត្វណាដែលមិនត្រូវការចង់រស់ ដែលពោលថា អាត្មាអញគ្រប់គ្រាន់ហើយ ?

តាមការសង្កេតយ៉ាងហ្មត់ចត់ ឃើញថាគ្មានសត្វណាមួយដែលមិនចង់រស់ ដែលឆ្អែតឯង ព្រោះចាប់បើកភ្នែកឡើងនៅគ្រប់ផ្ទះ ឃើញតែផ្សែងហុយទ្រលោម បើមានផ្ទះខ្ទមឥតហុយផ្សែង នោះអ្នកម្ចាស់តោងតែរត់ទៅរកផ្ទះដែលមានផ្សែងហុយជាពុំខាន ដែលថានឹងស៊ូដេកទ្រាំអត់គឺពិតជាមិនមាន កុំថាឡើយអ្នកជាត្រឹមត្រូវ សូម្បីអ្នកវិកលវិការ ក៏តោងតែស្ទុះស្ទាទៅរករស់នឹងគេដែរ ដោយមធ្យោបាយផ្សេងៗ មានការដើរសុំទានជាដើម។ បើការចង់រស់មានហើយ សេចក្ដីត្រូវការផ្សេងដទៃរមែងរត់មករោមព័ទ្ធឯងៗ ជាធម្មតា ដូចជាលោហជាតិ រត់ទៅចោមរោមមេដែកដូច្នោះ។

គេអាចដណ្ដឹងសួរថា មានមនុស្សខ្លះសម្លាប់ខ្លួនឯង ដោយមធ្យោបាយប្លែកៗ មានការចងកជាដើម តើនឹងចាត់ទុកមនុស្សនោះជាអ្នកចង់រស់ដែរឬ ?

ចំពោះចំណោទនេះ គួរឱ្យពិចារណាដែរ បើគ្រប់សត្វតែងមានតណ្ហាគឺសេចក្ដីត្រូវការ មានការចង់រស់ជាអាទិ៍ តើដោយប្រការម្ដេចអ្នកនោះត្រឡប់ជាសម្លាប់អាត្មាទៅវិញ ហាក់ដូចជាផ្ទុយស្រឡះនឹងគោលសច្ចៈ។

ចំពោះរឿងដែលចោទមកនេះគឺងាយសោះ។ អ្នកធ្វើអត្តវិនិបាតកម្មមានតណ្ហាយ៉ាងខ្លាំងក្លា គឺត្រូវការរស់ជាងអ្នកដទៃដ៏លើសលុបតែដោយការចង់រស់នោះមិនបានសម្រេចដូចចិត្តប៉ុនប៉ង ក៏គិតកាន់មហិមាថា ការនៅរស់ក្នុងអនាគតជាតិប្រហែលប្រសើរជាងជីវិតបច្ចុប្បន្នរបស់ខ្លួន ម្ល៉ោះហើយក៏ជាប់ចិត្តធ្វើអត្តវិនិបាតកម្ម ដោយមកត្រូវការចង់រស់ឱ្យបានធូរស្រាលទេតើ ព្រោះការរស់ក្នុងជាតិនេះជាការតឹងពេក។ រឿងនេះមិនខុសគ្នាប៉ុន្មានពីមនុស្សដែលដាច់ចិត្តដកខ្លួនថយចេញពីស្រុកកំណើតអាត្មាជាប្រទេសដែលអ្នកណាក៏តែងតែចង់នៅរួមសុខទុក្ខជាមួយមាតាបិតានិងញាតិសាច់សាលោហិត នរណាក៏តែងរឭកនិងស្រឡាញ់រកអ្វីប្រៀបគ្មានតែដែលបានជាដាច់ចិត្តដើរចោល មកពីមានការតានតឹងទ្រាំពុំបានហើយសង្ឃឹមថា សេចក្ដីត្រូវការរបស់ខ្លួននឹងបានសម្រេចដូចបំណង បើកាលណាអាត្មាដកខ្លួនទៅទីដទៃ។

ដូច្នេះតណ្ហាគឺសេចក្ដីត្រូវការ តែងមានក្នុងសន្ដានសត្វគ្រប់គ្នា ហើយសេចក្ដីទុក្ខធ្ងន់ស្រាលដែលកើតមានដល់សត្វ ក៏អាស្រ័យតែពីតណ្ហាធំឬតូចប៉ុណ្ណោះឯង។ បើសត្វណាមានតណ្ហាធំ ទុកក៏ធ្ងន់ បើសត្វណាមានតណ្ហាតូច ទុក្ខក៏ស្រាល តែថាឱ្យប្រាសចាកផុតពីតណ្ហាគឺឥតមានឡើយហើយតណ្ហានេះ អាចវាតទីរកព្រំដែនគ្មាន បើបណ្ដោយឱ្យវាប្រព្រឹត្តទៅតាមអំពីចិត្ត។

សុភាសិតចែងថា តណ្ហាយ ជាយតេ សោកោ តណ្ហាយ កុតោ ភយំ ប្រែថា ការសោកសង្រេងសង្រៃ កើតមកតែពីសេចក្ដីត្រូវការ ការភ័យខ្លាច ក៏កើតមកតែពីសេចក្ដីត្រូវការ បើសេចក្ដីត្រូវការសូន្យហើយ ការសោកក្ដី ការភ័យខ្លាចក្ដី នឹងមានមកពីណា”។

ពុទ្ធភាសិតនេះចង្អុលឱ្យឃើញថា តណ្ហានិងទុក្ខ ពិតជាមានក្នុងលោកនិងពិតជាមាននៅក្នុងសន្ដានសត្វគ្រប់ប្រាណ តែសត្វនោះឥតបានយល់បានស្គាល់ដ៏ជាក់ច្បាស់ទេ មានតែពួកព្រះអរិយៈ ទើបលោកជ្រាបច្បាស់ដោយបញ្ញាចក្ខុរបស់លោក ឯសត្វវិញដឹងតែពីចង់រស់ ថ្ងូរត្អូញត្អែរ ស្រែកយំ ប៉ុណ្ណោះ។

ជាអវសាន សូមសារទៅបញ្ជាក់នូវសច្ចៈទាំងពីរម្ដងទៀត។ ឯសច្ចៈទី ៣ គឺនីរោធសច្ចៈ និងសច្ចៈទី ៤ គឺមគ្គសច្ចៈ ពុំបានលើកយកមកអធិប្បាយក្នុងទីនេះទេ ព្រោះមិនមានការសំខាន់ដល់អត្ថបទនេះ។

ដោយទុក្ខសច្ចៈនិងសមុទយសច្ចៈ ជាសេចក្ដីពិតដែលមានក្នុងលោកទើបត្រូវទុកលោកឬភពជាកន្លែងទុក្ខ។ ឯការមិនដឹងគឺ អវិជ្ជា ពិតជាមេដើមចមនៃសេចក្ដីទុក្ខរបស់សត្វ ព្រោះ អវិជ្ជា មេបង្កវិញ្ញាណថ្មីនៃសត្វបញ្ចូលមកក្នុងត្រៃភព ដូចដែលបានពណ៌នាមកហើយនោះ។

លោក ផេង-ជ្រីវ រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦២

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments