ប្រភព​នៃ​បុណ្យ​កាន់​បិណ្ឌនិង​ភ្ជុំ​បិណ្ឌ

ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ

តាមឯកសាររបស់ក្រុមជំនុំទំនៀមទម្លាប់ខ្មែរ

ការស្រាវជ្រាវ

រកប្រភពនៃបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ

លោក ចាប ពិន រៀបរៀង

តាមដែលបានស្រាវជ្រាវមកឃើញថា ៖

ក្នុងប្រទេសកម្ពុជាយើងមានសាស្រ្តាឬគម្ពីរ ៣ បែប ចែងពីប្រភព គឺដើមកំណើតនៃបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដូចបានស្រង់ខ្លីៗ មកបរិយាយតទៅនេះ ៖

១- សាស្រ្តាវិជ្ជាធរចែងថា

កាលព្រះសម្មាសម្ពុទ្ធគង់ព្រះធរមាននៅឡើយ មានព្រះមហាថេរមួយ​រូប ឈ្មោះព្រះឧបគុត្តត្ថេរ បានហោះទៅកាន់ឋាននរក។ ពេលនោះដោយឫទ្ធីរបស់លោក ពួកសត្វនរកបានដកដង្ហើមស្រួលមួយ​ស្របក់ ក៏នាំគ្នាផ្ដាំលោកថា « សូមប្រាប់ម្ដាយឪពុកបងប្អូនកូនចៅញាតិផៅរបស់យើងខ្ញុំ មានឈ្មោះដូច្នោះៗ នៅស្រុកឈ្មោះដូច្នោះៗ សូមឱ្យអាសូរករុណាមកដល់យើងខ្ញុំ ធ្វើបុណ្យឱ្យទានឧទ្ទិសផលមកឱ្យយើងខ្ញុំផងកុំខាន បើដល់រនោចខែភទ្របទហើយ ញាតិសន្ដានបានធ្វើបុណ្យឱ្យទានឧទ្ទិសផលមកឱ្យយើង យើងខ្ញុំគ្រប់គ្នានឹងឱ្យពរសព្ទសាធុការ ដល់ពួកញាតិទាំងនោះ ឱ្យបានសេចក្ដីសុខសប្បាយ »។ល។ កាលព្រះឧបគុត្តត្ថេរ ត្រឡប់ពីឋាននរកមកវិញ លោកបានថ្វាយព្រះពរព្រះរាជាមយួយ​ព្រះអង្គ ព្រះរាជាអង្គនោះទ្រង់បានទូលសួរព្រះសម្មាសម្ពុទ្ធថា « បើមាតា – បិតា ញាតិការរបស់យើងខ្ញុំស្លាប់ទៅៗ សោយទុក្ខក្នុងនរកហើយ យើងខ្ញុំត្រូវការធ្វើបុណ្យឧទ្ទិសផលជូនទៅលោក តើត្រូវធ្វើបុណ្យអ្វី ? »។

ព្រះដ៏មានបុណ្យទ្រង់ត្រាស់ថា « ត្រូវធ្វើបាយបិណ្ឌ បាយបត្តបូរ  រាល់ថ្ងៃតាំងពីថ្ងៃ១រោចទៅដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវសមាទានសីល៥និងឧបោសថសីល ត្រូវនិមន្តព្រះសង្ឃសូធ្យ​ធម៌ទេសនា ដារឆាន់រាល់ព្រឹក ហើយត្រូវឧទ្ទិសផលជូនទៅពួកញាតិសន្ដានដែលទៅកើតក្នុងទុគ្គតិភព ញាតិទាំងនោះនឹងរួចដោះចាកទុក្ខ បានសុខក្នុងសុគតិភពដូចសេចក្ដីប្រាថ្នា »។ល។

២- សាស្រ្តាអានិសង្សបិណ្ឌចែងថា ៖

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ចំពោះអនាថបិណ្ឌិកសេដ្ឋីថា « តែដល់រនោចខែភទ្របទ ដែលគេរៀបកាន់បិណ្ឌនោះ ម្ដាយឪពុកនិងញាតិសន្ដានដែលស្លាប់ទៅៗកើតក្នុងទុគ្គតិភពទាំងប៉ុន្មាន សុទ្ធតែបានមកចួបជុំចាំទទួលផលដែលកូនចៅបានធ្វើបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ឧទ្ទិសជូនទៅឱ្យ។ ដោយអំណាចអានិសង្សប្រគេនបាយបិណ្ឌ បាយបត្តបូរដល់ព្រះសង្ឃនៅរនោចខែភទ្របទ ដែលកូនចៅឧទ្ទិសជូនទៅនោះ ពួកញាតិទាំងប៉ុន្មានក៏បានរួចដោះចាកទុគ្គតិភព ទៅកើតក្នុងឋានសួគ៌ទេវលោកដូចសេចក្ដីប្រាថ្នា »។ល។

៣- គម្ពីរបេតវត្ថុចែងថា

កាលព្រះសម្មាសម្ពុទ្ធគង់ព្រះធរមាននៅឡើយ មានព្រានម្នាក់នៅក្រុងពារាណសី តែងទៅបាញ់សត្វក្នុងព្រៃ កាលព្រានត្រឡប់ពីព្រៃមកវិញ ពួកកូនក្មេងតែងចោមរោមសុំសាច់រាល់ថ្ងៃ។ ថ្ងៃមួយ ព្រានទៅបាញ់សត្វ ព្រានក៏បេះផ្កាត្របែកឬផ្ការាជព្រឹក្សចងជុំវិញខ្លួនខ្លះ រែកខ្លះ យកមកផ្ទះ។

លុះពួកក្មេងសុំសាច់ ព្រានក៏ឱ្យផ្កានោះមួយ​ស្មែងម្នាក់។ ដោយទោសនេះ ដល់ព្រាននោះស្លាប់ទៅៗ កើតជាប្រេតអាក្រាត មានផ្កាត្របែកឬផ្ការាជព្រឹក្សជាប់នៅនឹងក្បាលដើរក្នុងទឹក ដើម្បីទៅសុំអាហារអំពីពួកញាតិបរិភោគ។ វេលានោះ កោលិយអាមាត្យនៃព្រះបាទពិម្ពិសារជិះទូកទៅបង្រ្កាបស្រុកបច្ចន្តគ្រាមបានឃើញប្រេត ហើយមានសេចក្ដីអាណិតក៏សួរប្រេតថា « យើងមានស្រតូវដុំ បើយើងត្រូវការឱ្យអ្នកតើធ្វើម្ដេចអ្នកនឹងទទួលបរិភោគបាន ? »។ ប្រេតឆ្លើយថា «បើក្នុងទូកនេះមានឧបាសកណាជាអ្នកមានត្រៃសរណគមន៍មានសីល សូមលោកឱ្យស្រតូវដល់ឧបាសកនោះ ហើយឧទ្ទិសផលឱ្យមកខ្ញុំចុះ »។ កោលិយអាមាត្យធ្វើតាមប្រេតប្រាប់ ប្រេតក៏បានរួចចាកប្រេតភូមិនោះ ហើយប្រេតនោះផ្ដាំថា « សូមលោកមេត្តា បើលោកធ្វើបុណ្យទានឯណានីមួយ ហើយសូមឧទ្ទិសផលដល់ប្រេតឯទៀតៗផង »។ លុះកោលិយអាមាត្យត្រឡប់មកស្រុកវិញ បានថ្វាយទានចំពោះព្រះពុទ្ធជាម្ចាស់ហើយ ក្រាបបង្គំទូលរឿងប្រេតនោះ ព្រះអង្គទ្រង់សម្ដែងបេតនិកាយឱ្យប្រាកដ ឡើងដល់ពុទ្ធបរិស័ទក្នុងគ្រានោះ។ល។

បណ្ដាសាស្រ្តានិងគម្ពីរទាំង ៣ គឺ សាស្រ្តាវិជ្ជាធរ​និងសាស្រ្តាអានិសង្សបិណ្ឌ ជាសាស្រ្តាសម្រាយ គ្មានឈ្មោះអ្នកតែង គ្មានប្រាប់ថាតែងក្នុងសម័យណាទេ ឯគម្ពីរ ១ គឺគម្ពីរបេតវត្ថុ ជាអដ្ឋកថាព្រះសុត្តន្តបិដក ខុទ្ទកនិកាយ ព្រះធម្មបាលចារ្យតែងក្នុងសម័យក្រោយពុទ្ធបរិនិព្វាន ដំណាលគ្នានឹងអដ្ឋកថាព្រះសុត្តន្តបិដកទាំងពួង។

ការពិចារណាតាមរូបរឿងក្នុងសាស្រ្តានិងគម្ពីរដែលពោលមកហើយនេះ ឃើញថារបៀបបុណ្យកាន់បិណ្ឌក្នុងកម្ពុជរដ្ឋយើងនេះ ត្រូវតាមសេចក្ដីក្នុងសាស្រ្តាវិជ្ជាធរខ្លះ សាស្រ្តាអានិសង្សបិណ្ឌខ្លះ គម្ពីរបេតវត្ថុខ្លះ គឺកំណត់ថ្ងៃ – ខែ ធ្វើ ត្រូវតាមសាស្រ្តាវិជ្ជាធរនិងសាស្រ្តាអានិសង្សបិណ្ឌ ឯរបៀបធ្វើផ្កាបិណ្ឌនិងកិច្ចឧទ្ទិសផលទៅប្រេត ត្រូវតាមគម្ពីរបេតវត្ថុ គឺបាយបិណ្ឌដែលគេធ្វើឧទ្ទិសឱ្យប្រេតនោះ គេប្រដាប់ដោយផ្កាធ្វើពីស្ពាន់ក្រាប ឬក្រដាសពណ៌និងផ្កាឈើផ្សេងៗ មានទំនងប្រហែលគ្នា និងអាការរបស់ប្រេតដែលមានចែងក្នុងគម្ពីរបេតវត្ថុនោះថា ប្រេតមានផ្កាត្របែកប្រដាប់ក្បាលដើរមករកអាហារ ឯផ្ទះញាតិរបស់ខ្លួនគឺថា ទំនៀមដែលគេធ្វើបាយបិណ្ឌ បាយបត្តបូរ ប្រគេនព្រះសង្ឃ ដោយមានក្បូរក្បាច់ភ្ញីផ្កាជាលម្អប្លែកពីបិណ្ឌបាតទានឯទៀត ប្រហែលជាបុរាណបណ្ឌិតប្រតិដ្ឋធ្វើតាមរឿងប្រេតក្នុងគម្ពីរបេតវត្ថុនោះឯង។

ការដែលពុទ្ធបរិស័ទជាតិខ្មែរ តែដល់ថ្ងៃ ១រោច ខែភទ្របទ តែងនាំគ្នាទៅកាន់បិណ្ឌ ក្នុងទីអារាមរាល់ថ្ងៃ ដរាបដល់ថ្ងៃ ១៥រោច គេភ្ជុំគ្នាធ្វើបង្ហើយហៅថា ភ្ជុំបិណ្ឌ ទោះបីអ្នកទ័លក្រលំបាកយ៉ាងណាក៏ធ្វើឱ្យបានយ៉ាងតិចណាស់ត្រឹមថ្ងៃភ្ជុំ ជាថ្ងៃបង្ហើយពុំហ៊ានខាននោះ ក៏ដោយហេតុគេជឿតាមសាស្រ្តាវិជ្ជាធរ សាស្រ្តាអានិសង្សបិណ្ឌ គម្ពីរបេតវត្ថុ ហើយនិងជឿតាមដំណើរចាស់ៗ ដែលធ្លាប់ធ្វើឱ្យឃើញរៀងៗមកតែរឿយៗ ដោយមានចិត្តអាណិតដល់មាតាបិតា ជីដូនជីតា និងញាតិសន្ដានដែលចែកឋានទៅហើយ។

បរិយាយពីប្រភពនៃបុណ្យកាន់បិណ្ឌ នឹងភ្ជុំបិណ្ឌចប់ដោយសង្ខេបតែប៉ុណ្ណេះ។

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments