បណ្ឌិតកថា

សារវន្តកថា

មោ តស្ស ភគវតោ អហរតោ សម្មាសម្ពុទ្ធស្ស ។

ពុទ្ធសាសនិកជនទាំងឡាយ !

ថ្ងៃនេះជាថ្ងៃឧបោសថ ដែលពុទ្ធបរិស័ទជាគ្រហស្ថ គួរលះបង់កង្វល់ក្នុងផ្ទះ អប់រំឧបោសថសីល ដើម្បីញាំញីរាគៈ ទោសៈ មោហៈ មានៈ ជាដើម។ ដើម្បីធ្វើឧបោសថឱ្យមានផលច្រើនគួរបំពេញកិច្ចពិសេសតាមកាលគួរ គឺការស្ដាប់ធម្មទេសនា ការសាកសួរធម៌ ការហាត់ធ្វើឧបោសថ។ ឯកាលនេះ ជាកាលគួរស្ដាប់ធម្មទេសនា។

វិទ្យុជាតិ ផ្សាយធម្មទេសនា អំពីបណ្ឌិតកថា ជូនជាសណ្ដាប់ចំពោះពុទ្ធបរិស័ទ ដើម្បីតម្រូវនឹងឧបោសថកាលផង ដើម្បីជួយអបរំចរិតអធ្យាស្រ័យ នៃមនុស្សជាតិឱ្យងាកចេញអំពីពាលភាពមកកាន់បណ្ឌិតភាព តាមន័យនៃពុទ្ធទស្សនៈផង។

 ព្រះពុទ្ធជាបណ្ឌិតឯក​ខាងសន្តិភាព ឥតមានអាមិស មានការពិសោធ​គ្រប់គ្រាន់ ទ្រង់ណែនាំពួកសត្វឱ្យលះបង់អំពើពាល ដែលបណ្ដាលឱ្យកើតទុក្ខទោស ភ័យ អន្តរាយ ឧបសគ្គ គ្រោះថ្នាក់ ឧបទ្រពអពមង្គលគ្រប់ប្រការ ឱ្យឧស្សាហ៍បំពេញអំពើបណ្ឌិត ដែលប្រព្រឹត្តទៅដើម្បីសុខសួស្ដី សិរីមង្គលគ្រប់យ៉ាង បានខាងសុខមនុស្ស សុខសួគ៌ សុខនិព្វានគ្មានកង្វល់រវល់នឹងកើតចាស់ស្លាប់ជាអវសាន ទ្រង់ទូន្មានបុគ្គលដែលជាពាល ឱ្យប្រញាប់ប្រញាល់ឆ្នៃខ្លួនឱ្យជាបណ្ឌិត ទ្រង់ឱ្យឱវាទបន្ថែមដល់បណ្ឌិតឱ្យរឹតតែកាន់ភាពបណ្ឌិតល្អឡើង។

សឹងមានព្រះពុទ្ធភាសិតពីរគាថាក្នុងធម្មបទ បណ្ឌិតវគ្គ ដែលមានអត្ថន័យសម្ដែងអំពីបណ្ឌិត និងធម៌របស់បណ្ឌិតជានិទស្សន៍ថា ៖

កណ្ហំ ធម្មំ វិប្បហាយ សុក្កំ ភាវេថ បណ្ឌិតោ

ឱកា អនោកមាគម្ម វីវេកេ យត្ថ ទូរមំ

តត្រាភិវតិមិច្ឆេយ្យ ហិត្វា កាមេ អកិញ្ចនោ

បរិយោទបេយ្យ អត្តានំ ចិត្តក្លេសេហិ បណ្ឌិតោ ។

បណ្ឌិតចេញចាកអាល័យ អាស្រ័យនិព្វាន ឥតអាល័យ គប្បីលះឱ្យស្រឡះនូវធម៌ខ្មៅ គប្បីចម្រើននូវធម៌ស បណ្ឌិតលះបង់នូវកាមទាំងឡាយអស់កង្វល់ គប្បីប្រាថ្នានូវសេចក្ដីត្រេកអរក្រៃលែងក្នុងវិវេក ដែលសត្វកម្រត្រេកអររក គប្បីញ៉ាំងខ្លួនឱ្យស្អាតផូរផង់ ចាកធម៌ទាំងឡាយជាគ្រឿងសៅហ្មងចិត្ត។

សេចក្ដីអធិប្បាយ

ពាក្យថា “បណ្ឌិត” បានសេចក្ដីថា អ្នកប្រព្រឹត្តទៅដោយបញ្ញាដោយញាណគតិអ្នកប្រកបដោយបញ្ញាស្អាត អ្នកប្រាជ្ញ អ្នកមានប្រាជ្ញាអ្នកចេះដឹង អ្នកចេះសម្ដែងសេចក្ដីច្បាស់លាស់ អ្នកចេះវែកញែកបើកបង្ហាញសម្ដែងពន្យល់ ឱ្យងាយយល់នូវអាថ៌ធម៌ អ្នកឈ្លាស អ្នកប៉ិនប្រសប់ អ្នកវាងវៃមានប្រាជ្ញារឹងប៉ឹង អ្នកមានប្រាជ្ញាខ្ជាប់ខ្លួន អ្នកមានប្រាជ្ញា​កាប់ឆ្ការ អ្នកចេះលៃលក អ្នកមានញាណ អ្នកមានមតិល្អ អ្នកមានឧត្ដគតិ អ្នកចេះអប់រំខ្លួនដោយសុចរិត។

ពាក្យថា ចេញចាកអាល័យ អាស្រ័យនៅព្រះនិព្វានគ្មានអាល័យបានសេចក្ដីថា ចេញចាកលំនៅគឺ ឃរាវាសធម៌ ជាលំនៅតណ្ហា ជាចំណងមារ ជាគ្រឿងអាឡោះអាល័យរបស់ចិត្ត ដែលធ្លាប់ដេកត្រាំ លះភេទគ្រហស្ថទាំងអស់ហើយតោងយកព្រះនិព្វាន ដែលចេញផុតអាល័យគឺតណ្ហាឱ្យជាអារម្មណ៍ ហើយបំពេញនេក្ខម្មក្នុងសាសនា។

ពាក្យថា គប្បីលះបង់ឱ្យស្រឡះនូវធម៌ខ្មៅ បានសេចក្ដីថាកាលបានបួសហើយ គួរលះបង់នូវអកុសលទាំងអស់ មានទុច្ច​រិតជាដើម ហើយបំពេញចតុប្បារិសុទ្ធិសីលឱ្យផូរផង់ឱ្យស្អាត ឱ្យបរិបូណ៌ជាអបរិមាណ។

ពាក្យថា គប្បីចម្រើននូវធម៌ស បានសេចក្ដីថា គួរប្រឹងប្រែងព្យាយាមតាំងសម្មប្បធាន ៤ ឱ្យម៉ឺងម៉ាត់ និងឥទ្ធិបាទ ៤ ឱ្យរឹងប៉ឹង បំពេញនូវកុសលធម៌ទាំងអស់ មានសុចរិតជាដើមឱ្យបានចម្រើន ធ្វើសមាធិចិត្តឱ្យមាំមួនដរាបដល់បានអរហត្តមគ្គ។

ពាក្យថា លះបង់នូវកាមទាំងឡាយឱ្យអស់កង្វល់ បានសេចក្ដីថាលះបង់ ផ្ដាច់បង់ រម្លើងចោលនូវកាមពីរយ៉ាងគឺ វត្ថុកាម បានដល់កាមគុណារម្មណ៍ ៥ ឧបភោគបរិភោគវត្ថុ សវិញ្ញាណកាវិញ្ញាណកវត្ថុ។ កិលេសកាម បានដល់ឆន្ទៈ រាគៈ សង្កប្បៈ តណ្ហា ស្នេហៈ មុច្ឆា អជ្ឈោសានៈ យោគៈ ឧបាទាន ចំពោះវត្ថុកាមនោះ ហើយអស់មានការរវល់ខ្វល់ស្មុគស្មាញ ព្រោះកង្វល់គឺ រាគៈ ទោសៈ មោហៈ មានៈ ទិដ្ឋិនៅជាស្រួល។

ពាក្យថា គប្បីប្រាថ្នានូវសេចក្ដីត្រេកអរក្រៃលែងក្នុងវិវេក ដែលពួកសត្វកម្រត្រេកអររក បានសេចក្ដីថា បន្ទាប់មក ចង់បាននូវសេចក្ដីរីករាយស្រោះស្រាយ កន្លងនូវសេចក្ដីរីករាយប្រកបដោយអាមិស ក្នុងព្រះនិព្វានដ៏ស្ងប់ស្ងាត់ចាកកិលេស ខន្ធ អភិសង្ខារ បានដោយងាយ ព្រោះសេចក្ដីត្រេកអររីករាយបែបនេះ ពួកសត្វដែលត្រូវកាមនឹងកង្វល់រួបរឹតជិះជាន់ញាំញីជានិច្ច ពុំបានឱកាសត្រេកអរនឹកដល់ទេ។

ពាក្យថា គប្បីញ៉ាំងខ្លួនឱ្យស្អាតផូរផង់ ចាកធម៌ទាំងឡាយជាគ្រឿងសៅហ្មងចិត្ត បានសេចក្ដីថា តមកទៀត គប្បីដុសខាត់អាត្ម័នគឺចិត្ត ឱ្យរឹតតែផូរផង់ពិសេសជាងនោះទៅទៀត ឱ្យជ្រះរលីងអំពីកិលេសរបស់ចិត្ត គឺនីវរណធម៌ ៥ យ៉ាង។

បណ្ឌិតលោកយកនិព្វានជាអារម្មណ៍ហើយ ឈានទៅកាន់និព្វានសោយនេក្ខម្មៈ សីល សមាធិ បញ្ញា ដរាបសម្រេចអវសានកិច្ច។

បណ្ឌិតចែកដោយន័យ ជាដំណើរមក ដោយសង្ខេបមាន ៤០ គឺ ៖

          ១- សីប្បិយបណ្ឌិត បណ្ឌិតព្រោះស្ទាត់ខាងសិល្បៈមានសិល្បៈធ្នូជាដើម

          ២- ឧគ្គណ្ហនបណ្ឌិត បណ្ឌិតព្រោះរៀនចេះអក្សរសាស្ត្រ ធម្មសាស្ត្រ បរិយត្តិជាដើម

          ៣- ពាហុសច្ចបណ្ឌិត បណ្ឌិតព្រោះចេះចាំច្រើន រៀនសូត្រស្ដាប់ច្រើន

          ៤- បណ្ឌិតបសំសេវបណ្ឌិត បណ្ឌិតព្រោះចូលសេពបណ្ឌិតរៀនស្ដាប់ជាមួយ

          ៥- សុតបណ្ឌិត បណ្ឌិតព្រោះស្ដាប់អ្នកប្រាជ្ញសម្ដែងរឿយៗ

          ៦- ចិត្តបណ្ឌិត បណ្ឌិតព្រោះគិតត្រិះរិះ រាវរក ពិនិត្យពិសោធ ល្បង

          ៧- ភាវនាបណ្ឌិត បណ្ឌិតព្រោះការចម្រើននូវគន្ធ ធាតុ អាយតនៈ ឥន្ទ្រិយ សច្ច

          ៨- សជាតិបណ្ឌិត បណ្ឌិតព្រោះមានបញ្ញាពីកំណើតដែលកើតអំពីធ្លាប់អប់រំ

          ៩- អត្តវិមោចនបណ្ឌិត បណ្ឌិតព្រោះចេះដោះខ្លួន​ឱ្យរួចអំពី​ឧបសគ្គ កណ្ដាប់ដៃសត្រូវ

          ១០- ឧបាយកោសល្លបណ្ឌិត បណ្ឌិតព្រោះឈ្លាសក្នុងឧបាយសព្វផ្លូវ

          ១១- ការណាការណជាននបណ្ឌិត បណ្ឌិតព្រោះស្គាល់ហេតុតូច-ធំ គួរមិនគួរ

          ១២- លោកវត្តជាននបណ្ឌិត បណ្ឌិតព្រោះចេះស្គាល់វត្តទំនៀមលោក ប្រើឫកពាសមតាម

          ១៣- កាលវិចក្ខណបណ្ឌិត បណ្ឌិតព្រោះប្រសប់លៃទុកដាក់ខ្លួនតាមកាលៈទេសៈ

          ១៤- បញ្ហាវិស្សជ្ជនបណ្ឌិត បណ្ឌិតព្រោះវាងវៃក្នុងការដោះស្រាយបញ្ហា

          ១៥- ធនសន្និចយបណ្ឌិត បណ្ឌិតព្រោះចេះតម្កើងខ្លួនដោយសន្សំទ្រព្យឱ្យមាន

          ១៦- ឃរាំវាសបណ្ឌិត បណ្ឌិតព្រោះគ្រប់គ្រងផ្ទះ តាមប្រយោជន៍ទាន់ភ្នែកនឹងឯភ្នែក

          ១៧- អជ្ឈាសយគ្គហណបណ្ឌិត បណ្ឌិតព្រោះចេះតម្រូវអធ្យាស្រ័យ បុគ្គល បរិស័ទ

          ១៨- កតញ្ញូកតវេទិបណ្ឌិត បណ្ឌិតព្រោះដឹងគុណគេ ហើយធ្វើតបវិញ

          ១៩- សង្គហបណ្ឌិត បណ្ឌិតព្រោះចេះសង្គ្រោះដោយទាន សម្ដីផ្អែម ប្រយោជន៍ស្មោះស្មើ

          ២០- អត្តប្បដិជគ្គនបណ្ឌិត បណ្ឌិតព្រោះចេះថែទាំខ្លួនដោយល្អ ប្រាសចាកអកុសល

          ២១- បដិរូបនិវេសនបណ្ឌិត បណ្ឌិតព្រោះចេះតម្កល់ខ្លួនក្នុងគុណដ៏សមគួរ

          ២២- កល្យាណបណ្ឌិត បណ្ឌិតព្រោះមានកល្យាណកម្ម អំពើល្អជាទីគាប់ចិត្ត

          ២៣- មលនិទ្ធមបណ្ឌិត បណ្ឌិតព្រោះព្យាយាមកម្ចាត់មន្ទិលដោយបំពេញកុសល

          ២៤- បុញ្ញឧច្ចយបណ្ឌិត បណ្ឌិតព្រោះចេះសន្សំបុណ្យបន្តិចម្ដងៗ

          ២៥- បរិច្ចាគបណ្ឌិត បណ្ឌិតព្រោះលះកំណាញ់បំពេញទាន

          ២៦- សីលបណ្ឌិត បណ្ឌិតព្រោះមានសីល ៥-៨-១០-៤,

          ២៧- បញ្ញាបណ្ឌិត បណ្ឌិតព្រោះមានបញ្ញាដឹងនូវទុក្ខ ហេតុនៃ​ទុក្ខ ការរលត់ទុក្ខ ហេតុរលត់ទុក្ខ

          ២៨- ពុទ្ធិបណ្ឌិត បណ្ឌិតព្រោះត្រាស់ដឹងនូវសច្ចៈ ហើយឱ្យគេត្រាស់ដឹងផង

          ២៩- អនុពុទ្ធិបណ្ឌិត បណ្ឌិតព្រោះត្រាស់ដឹងនូវសច្ចៈតាមក្រោយ

          ៣០- ខន្តិបណ្ឌិត បណ្ឌិតព្រោះចេះអត់ធន់នឹងសភាវធម៌ ធម្មជាតិ អន្តរាយ

          ៣១- វីរិយបណ្ឌិត បណ្ឌិតព្រោះព្យាយាមកម្ចាត់កិលេសអកុសលលាមក

          ៣២- អវេរបណ្ឌិត បណ្ឌិតព្រោះមិនមានពៀរភ័យរវាងខ្លួននិងអ្នកដទៃ

          ៣៣- សមចរិយាបណ្ឌិត បណ្ឌិតព្រោះការប្រព្រឹត្តស្មើដោយ កាយ វាចា ចិត្ត

          ៣៤- មោនបណ្ឌិត បណ្ឌិតព្រោះការដឹងនូវលោក ព្រោះស្ងៀមចាកអកុសល

          ៣៥- បច្ចវេក្ខណបណ្ឌិត បណ្ឌិតព្រោះពិចារណាឃើញត្រកូលវ័យជាដើម វៀរចាកអកុសល

          ៣៦- អត្ថគ្គហណបណ្ឌិត បណ្ឌិតព្រោះមានបញ្ញាចក្ខុកាន់យកនូវប្រយោជន៍ទាំងពីរ

          ៣៧- អត្តបរហិតបណ្ឌិត បណ្ឌិតព្រោះធ្វើប្រយោជន៍ឱ្យខ្លួនផងឱ្យអ្នកដទៃផង

          ៣៨- សុខីករណបណ្ឌិត បណ្ឌិតព្រោះធ្វើខ្លួនឱ្យបានស្រួលឱ្យសុខសាន្ត

          ៣៩- អត្តវិសោធនបណ្ឌិត បណ្ឌិតព្រោះការច្នៃខ្លួនឱ្យបានចម្រើនល្អ ចេះ

          ៤០- កាមាទីនវទស្សនបណ្ឌិត បណ្ឌិតព្រោះការឃើញទោសកាមគុណារម្មណ៍

បណ្ឌិតទាំងនេះ មានសទិសភាពតែមួយ ដោយលក្ខណៈ ៣ គឺការធ្វើល្អ ការនិយាយស្ដីល្អ ការគិតល្អ។ បំប្រួញមកនៅត្រឹម ៣ គឺ ៖

          ១- សយម្ភូបណ្ឌិត បណ្ឌិតចេះ ដឹងឯង ដោយផលបារមីធម៌

          ២- អនុបណ្ឌិត បណ្ឌិតចេះដឹង តាមសយម្ភូបណ្ឌិត

          ៣- ពីជីបណ្ឌិត បណ្ឌិតដែលមានពូជជាតិបណ្ឌិតក្នុងខ្លួន។

ក្នុងទីនេះ គួរយកពីរបណ្ឌិតជាប្រមាណ ព្រោះជាខាងដើម។

ក្នុងលោកនេះ បុគ្គលដែលបានកើតជាមនុស្សហើយ បានជាបណ្ឌិតតែម្ដង កម្រមានណាស់ ប៉ុន្តែ បុគ្គលដែលមិនក្លាយជាបណ្ឌិតសោះនោះមិនមានទេ បើទុកជាបុគ្គលនោះ កាន់អំពើពាលយ៉ាងណាក៏ដោយគង់អាច​ច្នៃ​​ខ្លួនបាន ដោយការសេពគប់បណ្ឌិត ព្យាយាមជាដើម ព្រោះក្នុងសន្តានរបស់គេ តែងតែមានពូជជាបណ្ឌិតឋិតនៅ ដូចជាធាតុថ្លាតែងតែមានក្នុងទឹកជ្រាំ ឬដូចជាតិរសផ្អែមតែងតែមានក្នុងផ្លែស្វាយខ្ចី ឬក៏ដូចពូជឈូកមាននៅក្នុងស្រះរីងទឹកក្នុងគិម្ភរដូវ។ ដូច្នេះ មនុស្សឈ្មោះថាបណ្ឌិតដោយពូជជាតិបណ្ឌិត។ ពូជជាតិបណ្ឌិតនេះនឹងដុះដាលឡើង ដោយការរៀន ដោយការសេពគប់បណ្ឌិតកល្យាណមិត្ត ដោយព្យាយាមជាដើមដូចពូជឈូកនៅក្នុងស្រះ តែងតែដុះក្នុងពេលមានទឹក ក្នុងវស្សានរដូវដូច្នោះ បើពុំដូច្នោះទេ មិនលូតលាស់ ដើម្បីបណ្ឌិតភាពឡើយ ដូចពូជឈូកមិនដុះក្នុងស្រះ ឥតដូច្នោះ។

បុគ្គលជាពីជបណ្ឌិត អាចដើម្បីសាងខ្លួនឱ្យជាសយម្ភូបណ្ឌិត ឬអនុបណ្ឌិតបាន ដោយព្យាយាមបណ្ដុះពូជបណ្ឌិត ដោយឧបដ្ឋាន អប្បមាទ សញ្ញាមៈ ទមៈ ដោយការសេពគប់សប្បុរស ដោយការអប់រំខ្លួនក្នុងរវាងរៀន វិទ្យាស្ថាន វិទ្យាល័យ ដោយការនៅក្នុងសម្នាក់អាចារ្យ​ចេះច្រើនមានការពិសោធច្រើន មានសីលាចារ្យសមរម្យស្រគត់ស្រគំ ដោយការស្ដាប់ គិត ចម្រើន ដោយការលះបង់ចិត្ត គំនិត ចរិត អធ្យាស្រ័យអាក្រក់ដោយឧបាយបន្តិចម្ដងៗ ដោយភាពទៀងត្រង់ ទន់ភ្លន់សុភាពប្រដៅងាយដោយទាន សីល ព្រហ្មវិហារ។

ពីជបណ្ឌិត កាលបានអប់រំខ្លួនយ៉ាងនេះហើយ បានឈ្មោះថាបណ្ដុះពូជបណ្ឌិតឱ្យដុះតាមលំដាប់ យូរៗទៅ មានបញ្ញាចាស់ក្លា មានកម្លាំងភ្លឺថ្លា អាចមើលឃើញច្បាស់ នូវត្រៃលោក ដូចគំនរភ្លើងគគីរ ៣ ភ្នក់ធំនូវលោកដែលកើលនឹងត្រៃលក្ខណ៍ នូវភ្លើងទុក្ខ ភ្លើងកិលេស នូវសង្សារវដ្ដឥតចុងឥតដើម នូវភ័យក្នុងសំសារសាគរដ៏ធំធេងជ្រៅស្រឡូងឃើញយកឃរាវាសធម៌ពេញដោយកង្វល់សាំញ៉ាំ។ ឃើញទេ ទោសកាមជាមេអសន្តិសុច ព្យាបាទ វិហឹសា ជាមេភ្លើង ប្រល័យលោក ដុតរោលលោក ឱ្យខ្លោចក្រៀមក្រមសៅហ្មងសោកសៅ ហើយធុញទ្រាន់នឹងលោក នឹងការកើត ចាស់ ឈឺ ស្លាប់ ឃើញច្បាស់នូវអានិសង្សនេក្ខម្មថាក្សេម ឥតកង្វល់ លះបង់ភេទគ្រហស្ថទាំងអស់ ថ្វាយជីវិតបួសក្នុងព្រះពុទ្ធសាសនាប្រាសចាកឧបករណ៍ក្នុងផ្ទះ។

បណ្ឌិតចេញចាកអាល័យរបស់គ្រហស្ថគឺកាមតណ្ហាហើយ ក៏ផ្គងចិត្តបោះគោលលើព្រះនិព្វាន ដែលឥតអាល័យឱ្យជាអារម្មណ៍ជាខាងដើមឱ្យជាទីសម្រាប់​ដើរទៅនៃចិត្ត។ ត​មកលោកតាំងយកអសុតានុទស្សនៈសំវរៈ មត្តញ្ញុតា សទ្ធា វីរយៈ ជាសេនាឯក ហើយតតាំងញាំញីមារ លះបង់ឱ្យជ្រះស្រឡះនូវធម៌ខ្មៅ គឺអកុសលធម៌ទាំងអស់ ដែលជាធម៌នាំចិត្តឱ្យខ្មៅ ឱ្យសៅហ្មងល្អក់កករ នាំសត្វទៅកាន់កន្លែងខ្មៅ កំណើតខ្មៅ ឥតសិរីសុខចម្រើន ដែលជាធម៌ មានឫស ៣ គឺ លោភៈ ទោសៈ មោហៈ ចែកទៅមានទុច្ចរិត ៣ ជាដើម។ តមក លោកព្យាយាមចម្រើនធម៌ស គឺកុសលធម៌ទាំងអស់ មានសុចរិតបីជាដើម ដែលជាធម៌ស្អាតបរិសុទ្ធហ្មត់ចត់ផូរផង់ឥតទោស ជាធម៌នាំចិត្ត ឱ្យសឱ្យភ្លឺថ្លា នាំសត្វទៅកាន់កន្លែងស្អាត កំណើតស្អាត នាំសត្វទៅកាន់និព្វានដែលជាកន្លែងស្អាតចាកតណ្ហាមន្ទិលទុក្ខគ្រប់ប្រការ។ លុះលោកបានចម្រើនធម៌សហើយ លោកត្រូវការចង់បាននូវអភិរតិ សេចក្ដីត្រេកអរដែលកន្លងលែងនូវត្រេកអរជារបស់មនុស្សទេព្ដាទាំងអស់ ក្នុងវិវេកគឺអមតនិព្វាន ដែលស្ងប់ស្ងាត់សូន្យចាកឧបធិកិលេសទាំងអស់ អស់តណ្ហា ប្រាកចាកតម្រេក រលត់ទុក្ខ អស់កង្វល់វានវណ្ឌ គឺតណ្ហាគ្រឿងដោត ដែលពួកសត្វកំពុងត្រូវអវិជ្ជាបិទបាំងមុខភ្នែកជិត មិនដែលនឹកឃើញ ចង់រីករាយសប្បាយសោះ ហើយលោកក៏លះបង់នូវកាមពីរយ៉ាង ៖

១- វត្ថុកាម អារម្មណ៍របស់ជាទីត្រូវការ ឆ្ងាញ់នៃកាមលោកបានដល់អារម្មណ៍ជាទីពេញចិត្ត ៥ រូប សំឡេង ក្លិន រស សម្ផស្ស បានដល់វិញ្ញាណកវត្ថុ គឺសំពត់ មាស ប្រាក់ ផ្ទះ ស្រែ ចម្ការ ស្រុក ដែន លោក សវិញ្ញាណកវត្ថុគឺ ប្រពន្ធ បុត្រ ធីតា ទាសី ទាសា គោ ក្របី ដំរី សេះ។

២- កិលេសកាម បានដល់សេចក្ដីពេញចិត្តតម្រេក ឆន្ទរាគ តម្រិះរកកាម សេចក្ដីគាប់ចិត្ត សេចក្ដីរីករាយត្រេកត្រអាល អន្ទះសារសាប់រសល់ជ្រួលក្នុងកាម ការស្អិតដាមក្នុងកាម សេចក្ដីក្ដៅរោលរាលរលាកព្រោះកាម ការជ្រប់ជ្រុល ងងុល ឈ្លក់ លង់ ក្នុងកាម ការក្រៀក ជាប់ ប្រកាន់ស្អិតក្នុងកាម ការរាំងរាការពារកាម លុះលះហើយលោកជាបុគ្គលទំនេរ ស្រាលអស់កង្វល់ អស់អំពល់ចិត្ត។

លំដាប់ពីនោះ លោកសម្អាតខ្លួនលោកឱ្យរឹតតែស្អាតចាកកិលេស គឺឱ្យផូរផង់រលីងចាកធម៌ដែលនាំឱ្យសៅហ្មង ធម៌ដែលនាំឱ្យចិត្តសៅហ្មងបានដល់នីវរណធម៌ ៥ យ៉ាងគឺ ៖

          ១- កាមច្ឆន្ទៈ សេចក្ដីទាក់ចិត្តនឹងកាម

          ២- ព្យាបាទៈ  សេចក្ដីឈ្នានីសបំផ្លិចបំផ្លាញ

          ៣- ថីនមិទ្ធៈ សេចក្ដីងោកងុយ

          ៤- ឧទ្ធច្ចកុក្កុច្ចៈ សេចក្ដីអណ្ដែតរាយមាយ

          ៥- វិចិកិច្ឆា សេចក្ដីសង្ស័យ មិនអស់ហើយ។

បណ្ឌិតថ្ពក់គោលដៅនឹងព្រះនិព្វានហើយ បានប្រព្រឹត្តធម៌បណ្ឌិតតាំងអំពីថ្នាក់ទាប កណ្ដាលរហូតថ្នាក់ឧក្កដ្ឋ ដើម្បីឱ្យសម្រេចនិព្វានក៏បានដល់នូវទីបំផុតនៃគោលដៅ ត្រង់ការអស់អាសវៈជាទីបំផុត។

និគមវចនៈ

ពាក្យថា លះបង់នូវធម៌ខ្មៅ គួរចូលក្នុងសីល ចម្រើននូវធម៌ស គួរចូលក្នុងសមាធិ ចេញចាកអាល័យ គួរចូលក្នុងបញ្ញា លះបង់កាមឥតកង្វល់គួរចូលក្នុងបញ្ញា សម្អាតចិត្តឱ្យផូរផង់ចាកគ្រឿងសៅហ្មងចិត្ត គួរចូលក្នុងបញ្ញា។

របស់ព្រះមហា អ៊ុក-អីន ទេសនាតាមវិទ្យុជាតិថ្ងៃទី ១៦-១១-៥៨

ប្រភព ​៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៩

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments