សម្បត្ដិនៃឧបាសក
ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌នៃឧបាសកឱ្យបរិបូណ៌ឱ្យបរិសុទ្ធប្រពៃឈ្មោះថា “សម្បត្តិ” សម្បត្តិនោះមាន ៥យ៉ាងគឺ ៖
១- សទ្ធោ ហោតិ ឧបាសកមានសេចក្តីជឿជាក់ច្បាស់ក្នុងគុណព្រះរតនត្រ័យ។
២- សីលវា ហោតិ ឧបាសកមានសីល។
៣- ន កោតុហលមង្គលិកោ ហោតិ ឧបាសកមិនប្រកបដោយមង្គលភ្ញាក់ផ្អើល។
៤- កម្មំ បច្ចេតិ នោ មង្គលំ ឧបាសកប្រកាន់ជឿថា កម្មជាកុសលនិងអកុសលឱ្យផល មិនប្រកាន់ជឿមង្គលមានឫក្សពារវេលាជាដើមឱ្យផលឡើយ។
៥- ន ឥតោ ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ ឥធ ច បុព្វការំ ករោតិ ឧបាសកមិនសែ្វងរកទក្ខិណេយ្យបុគ្គល គឺបដិគ្គាហកៈ អ្នកទទួលទានខាងក្រៅព្រះពុទ្ធសាសនាឡើយ ហើយធ្វើទានតែក្នុងទក្ខិណេយ្យបុគ្គលក្នុងព្រះពុទ្ធសាសនានេះ។
ឧបាសកឯណាប្រកបដោយសម្បត្តិ ៥យ៉ាងនេះហើយ ឧបាសកនោះឈ្មោះថា “ឧបាសករតនៈ “ គឺឧបាសកដូចជារតនវត្ថុមានកែវជាដើមផង ឈ្មោះថា “ឧបាសកបទុមៈ” គឺជាឧបាសកដូចជាផ្កាឈូកមានពណ៌ក្រហមផង ឈ្មោះថា “ឧបាសកបុណ្ឌរីក” គឺឧបាសកដូចជាផ្កាឈូកមានពណ៌សផង។
វិបត្តិនៃឧបាសក
ធម្មជាតិដែលញ៉ាំងសីលនិងអាជីវធម៌នៃឧបាសកឱ្យវិនាស ឈ្មោះថា វិបត្តិ ។ វិបត្តិនោះមាន ៥ យ៉ាងគឺ ៖
១- អស្សទ្ធោ ហោតិ ឧបាសកមិនជឿគុណព្រះរតនត្រ័យណ។
២- ទុស្សីលោ ហោតិ ឧបាសកទ្រុស្តសីល។
៣- កោតុហលមង្គលិកោ ហោតិ ឧបាសកប្រកបដោយមង្គលភ្ញាក់ផ្អើល។
៤- មង្គលំ បច្ចេតិ នោ កម្មំ ឧបាសកប្រកាន់ជឿថាមង្គលមានឫក្សពារវេលាជាដើមឱ្យផល មិនប្រកាន់ជឿថាកម្មជាអកុសលនិងអកុសលឱ្យផលឡើយ។
៥- ឥតោ ច ពហិទ្ធា ទក្ខិណេយ្យំ គវេសតិ តត្ថ ច បុព្វការំ ករោតិ ឧបាសកស្វែងរកតែទក្ខិណេយ្យបុគ្គលក្រៅព្រះពុទ្ធសាសនា ហើយធ្វើនូវទានដល់ទក្ខិណេយ្យបុគ្គលខាងក្រៅព្រះពុទ្ធសាសនានោះ។
ឧបាសកឯណាប្រកបដោយវិបត្តិ ៥ យ៉ាងនេះ ត្រង់វិបត្តិណាមួយហើយ ឧបាសកនោះ ឈ្មោះថា “ឧបាសកចណ្ឌាល” គឺឧបាសកដូចជាមនុស្សចណ្ឌាលផង ឈ្មោះថា “ឧបាសកមល” គឺឧបាសកមានធម៌ជាមន្ទិលសៅហ្មងផង ឈ្មោះថា “ឧបាសកបដិកិដ្ឋ” គឺឧបាសកដែលអ្នកប្រាជ្ញទាំងឡាយលោកតិះដៀលផង ៕
ដកស្រង់ចេញពីសៀវភៅ ឃរាវាសធម៌