ក្ដៅ – ក្ដួលឆួលឆេះប្រេះបែកធ្លាយ
ស៊ី – សងជេរវាយរលាយមិត្ត
រាក់ – ទាក់រាប់អានមិនបានស្និទ្ធ ខកចិត្តគិតកែប្រែប្រេះប្រាយ ។
ត្រជាក់ – ថ្នាក់ថ្នមព្រមអែបប្រាណ
ស៊ី – ល្មមប្រមាណបានសុខកាយ
ជ្រៅ – ជ្រះល្អះល្អិតគិតវែងឆ្ងាយ កិច្ចកលឧបាយផ្សាយមិត្តភាព ។
(១) តទៅខ្ញុំសុំថ្លែងសាសព្ទ បកប្រែកែប្រាប់ច្បាប់ខ្ពស់ទាប ចែកជូនសន្ដានឱ្យបានជ្រាប ភិនភាពភាសិតក្រឹត្យនេះឯង ។ ច្បាប់«ក្ដៅស៊ីរាក់ត្រជាក់ – ជ្រៅ» ពាក្យពិតនិត្យនៅយូរអង្វែង ប្រាជ្ញព្រេងបុរាណបានសម្ដែង ឱ្យចេះថ្លឹងថ្លែងមើលឫកពា ។ គឺជាឱវាទខ្នាតល្អពិត ឱ្យស្គាល់គំនិតជននានា ជ្រៅរាក់ស្មគ្រស្មើឬពាលា ល្អជាឬខិលខូចសាមាន្យ ។ ចរិយាខាងក្រៅជាខ្នាតពិត វាស់វែងគំនិតចិត្តមនុស្សបាន រាក់ជ្រៅឆៅឆ្អិនមិនខុសដាន លេចចេញលំអានដូចដានជើង ។
(៥) ជនមានចរិយាវាចាក្ដៅ មួម៉ៅម៉ោកម៉ាំងសាំងត្រូវភ្លើង ចេញដានក្រឡាញបង្ហាញយើង ស្គាល់ជើងស្គាល់ចិត្តគំនិតខ្លី ។ ជនមានវាចាត្រជាក់ផ្អែម ល្អិតល្ហែមសុភាពរាបសម្ដី ចិត្តទន់ធ្ងន់ធ្ងរគួរមេត្រី គិតការអ្វីៗជ្រៅវែងឆ្ងាយ ។ មិនខ្លីបីសុញតុញទាល់ច្រក មិនខកខូចខុសលុះអន្តរាយ ដឹងកិច្ចដឹងកលយល់ឧបាយ ត្រួសត្រាយត្រឹមត្រូវផ្លូវល្អស្អាត ។ ធ្វើអ្វីគង់អាចសម្រេចបាន មិនខកខុសខានមិនខូចខាត ព្រោះមានគំនិតពិតជាខ្នាត សង្វាតប្ដូរផ្ដាច់សម្រេចផល ។ ទឹករាក់គល់ស្មៅក្ដៅដល់បាត ទឹកជ្រៅថ្លាស្អាតខ្នាតឆ្ងាយឆ្ងល់ រស្មីទិនករក្រក្ដៅដល់ គួរយល់ថាជ្រៅតែងត្រជាក់ ។
(១០) ទើបមានភាសិតព្រឹទ្ធាចារ្យ សម្ដែងទុកថាក្ដៅស៊ីរាក់ ឯទីត្រង់ណាថ្លាត្រជាក់ លក្ខណៈជ្រាលជ្រៅទៅវែងឆ្ងាយ ។
ពាក្យ ៩
មេឃស្រទំភ្នំស្រអាប់សព្ទផ្គរលាន់ ឮរន្ថាន់ខ្ជាន់មកទៀតឆ្លៀតឆ្លើយឆ្លង ភ្លៀងរលឹមសន្សើមស្រក់កក់ច្រើនដង ដោយបំណងប៉ងស្រោចស្រប់សព្វព្រឹក្សា ។ ច្បាប់ភាសិតបណ្ឌិតប្រាជ្ញពីបុរាណ ជាលំអានមានតៗពីដូនតា ក្ដៅស៊ីរាក់ត្រជាក់ – ជ្រៅដៅបញ្ហា គួរដោះសាពោលសាសព្ទប្រាប់កូនចៅ ។ ខ្ញុំសូមថ្លែងតែងបន្ថែមស៊ែមអត្ថន័យ កែបំភ្លៃគៃរំលេចល្បិចក្នុងក្រៅ ជាពន្លឺបំភ្លឺផ្លូវត្រូវគោលដៅ ឱ្យកូនចៅងាយយល់បានដានត្រួសត្រាយ ។ បទភាសិត «ក្ដៅស៊ីរាក់ ត្រជាក់ – ជ្រៅ» ន័យកប់នៅជ្រៅអនេកបែកវែងឆ្ងាយ មានទាំងល្អទាំងអាក្រក់ល្អក់ប្រេះប្រាយ អាចបកស្រាយកាយយកន័យបានពីរបែប ។
(១៥) មានក្ដៅខ្លះក៏ល្អះល្អគួររាប់អាន មានក្ដៅខ្លះកាចសាមាន្យគួរសង្ខេប ត្រជាក់ជ្រៅខ្លះក៏ល្អគួរគប់សេព ជ្រៅខ្លះទៀតឆ្លៀតវាយអែបប្រុងអុកស៊ី ។ តែបុរាណដែលបានចងក្រងភាសិត ចង់ពិនិត្យគិតចាប់ច្បុចចំណុចពីរ ក្ដៅត្រជាក់រាក់និងជ្រៅដៅទិសទី គួរសម្ភីមើលឱ្យស្គាល់យល់ចរិយា ។ ឃើញក្ដៅក្ដួលទំនួលន័យលៃថារាក់ បើស្គាល់ជាក់អាចដាក់អង្គផ្ចង់យ៉ាងណា ឱ្យប្រកបស្របតាមដានបានសុខា ដូចដូនតាថា «ចូលស្ទឹងត្រូវតាមបត់» ។ បើឃើញផ្អែមល្ហែមត្រជាក់អ្នកត្រូវគិត មើលពិនិត្យគិតជម្រៅឱ្យប្រាកដ ហើយសឹមដើរដំណើរទៅត្រូវបែបបទ នោះប្រាកដអ្នកនឹងបានសុខប្រសើរ ។ ភាសិតនេះប្រៀបដូចព្រួញប្របផ្លូវធ្លា ប្រាប់មគ្គាជាដំណឹងអ្នកដំណើរ បើកបរយានស្ពានធំតូចខូចខានប្រើ ផ្លូវរាបស្មើឬច្រាំងជ្រោះមានគ្រោះភ័យ ។
(២០) ឬដូចពោងសណ្ដោងដាក់លើគង្គា បើកនាវាដឹងជ្រៅរាក់អ្នកគួរលៃ អែបដាក់អង្គតម្រង់ដានបានជោគជ័យ ផុតគ្រោះភ័យស្ទៃយកសុខសមប្រាថ្នា ។ ឬពុំនោះដូចថ្មើរជើងយើងទាំងឡាយ ដើរផ្លូវឆ្ងាយចួបព្រែកស្ទឹងបឹងទឹកថ្លា មុននឹងឆ្លងត្រូវពិនិត្យពិចារណា ឱ្យដឹងថាជ្រៅឬរាក់ថ្នាក់ជលដ្ឋាន ។ បើឃើញរាក់អ្នកលាត់ខោត្រឹមជង្គង់ បើអន្លង់គម្ពីរភាពស្ទាបស្ទង់ដាន លាត់ដល់ភ្លៅដើរទៅទៀតឆ្លៀតឆ្លងបាន ឬបើស្មានថាជ្រៅណាស់ផ្លាស់ស្នៀតថ្មី ។ គឺត្រូវរកយានជំនិះជិះចែវទៅ ឆ្លងទឹកជ្រៅទៅត្រើយត្រាណបានសួស្ដី គ្មានអំពល់ខ្វល់វក់វីពីរឿងអី ដូចសេចក្ដីដែលបានថ្លែងតែងពណ៌នា ។ កលឧបាយកាយកៀរយកផលប្រយោជន៍ បើក្ដៅខ្លោចបោចបេះបិចក្ដិចខ្ជីខ្ជា បានផលតិចឆាប់រេចរាក់ធ្លាក់គ្រាំគ្រា មិនយូរយារមុខជាឆេះប្រេះបែកខ្ចាយ ។
(២៥) បើដំណើរស្មើត្រជាក់ដាក់ថ្នាក់ថ្នម ចេះទប់តមមិនមួម៉ៅក្ដៅក្រហាយ អែបដាក់អង្គផ្ចង់កាយចិត្តគិតវែងឆ្ងាយ អាចកើបកាយបានប្រយោជន៍យូរអង្វែង ។ ដូចមេឃ្មុំទំក្រេបយកលម្អងផ្កា ធ្វើទឹកថ្លាផ្អែមឈ្ងុយឈ្ងប់គួរស្ញប់ស្ញែង បានប្រយោជន៍ច្រើនពេកពិតឥតថ្លឹងថ្លែង ទាំងគេឯងស្វែងទឹកឃ្មុំពុំសូវខាន ។ ឯចំណែកដួងបុប្ផាផ្ការីកស្រស់ នៅទាំងអស់ឥតដាច់ដោចខូចខ្លួនប្រាណ អាចផ្ដួចផ្ដល់ឱ្យផលល្អតទៅបាន នេះលំអានត្រជាក់ជ្រៅនៅយូរយារ ។ សត្វដង្កូវស៊ីក្ដៅខ្លោចខូចស្លឹកត្រួយ ប៉ះរលួយពួយរលត់ផុតពូជធារ ពាយរលើងប៉ើងរលីងរីងភស្តុភារ កាលវេលាក៏រួញរាក់ធ្លាក់ក្រក្រី ។ ព្រោះតែក្ដៅឆៅលាយខ្លោចបោចគ្មានគិត ចេះតែយឹតឥតមេត្តាត្រាប្រណី រលំអស់រលស់ផលគ្មានសល់អី អាយុខ្លីសីតែឌីស៊ីទុក្ខា ។
(៣០) ចំណែកឃ្មុំអាចផ្សំបានកើតទឹកដម ដោយថ្នាក់ថ្នមបឺតលម្អងកេសរផ្កា ឥតហ្មងសៅក្ដៅរបេះឆេះខ្លោចផ្សា នៅធម្មតាជាផ្កាស្រស់រស់រីកសាយ ។ ប្រាជ្ញបណ្ឌិតគួរផ្ចិតផ្ចង់តម្រង់ប្រាណ ដើរតាមដានត្រជាក់ជ្រៅទៅវែងឆ្ងាយ ស្វែងផលភព្វទ្រព្យធនធានគ្មានប្រេះប្រាយ បានសុខកាយសាយរុងរឿងថ្កើងថ្លៃថ្លា ។ ប្រាជ្ញបណ្ឌិតប្រិតប្រាប់ផ្លូវល្អប្រសើរ ឱ្យយើងដើរកុំធ្វើក្ដៅក្រៅតម្រា បើឆាបឆេះប្រេះរលាកគ្រាកស្នេហា តើនរណានឹងសាទរអររាប់អាន ។ ផ្លូវរាបស្មើដំណើរល្អកសាងសុខ គ្មានអុកឡុករុករាតត្បាតញាតិសន្ដាន ស្វែងប្រយោជន៍មិនបោចបិចរេចខូចខាន សោយសុខសាន្តបានវែងឆ្ងាយសាយសាខា ។ នេះឯងហើយគោលចំណុចនៃភាសិត ដែលប្រាជ្ញព្រឹទ្ធគិតដោតក្រងចងបញ្ហា ជាពន្លឺបំភ្លឺផ្លូវត្រូវវិចារណ៍ ឱ្យខេមរាយាត្រាទៅចួបជោគជ័យ ។
(៣៥) ក្ដៅត្រជាក់រាក់និងជ្រៅនៅកណ្ដាល អាចគ្រប់ក្រាលគ្រប់ទីឋានដានដទៃ អាក្រក់ល្អកកើតសុខឬទុក្ខភ័យ ស្រេចនឹងលៃស្ទៃពិនិត្យតាមដំណើរ ។ ក្ដៅស៊ីរាក់ធ្លាក់ផ្លូវពីរមានខូចជា តែដានវារាក់កំផែលហែលសើៗ អាក្រក់ល្អក៏មិនជ្រៅទៅហោះហើរ មានដំណើរចេញទ្រង់ទ្រាយងាយដេញតាម ។ ផ្អែមត្រជាក់តែងស៊ីជ្រៅទៅឆ្ងាយណាស់ មើលមិនច្បាស់តាមមិនទាន់ភាន់ង៉េមង៉ាម ផ្លូវត្រជាក់លាក់ជំហានគ្មានស្លាកស្នាម តើនឹងតាមរកមុខបាទនៅទីណា ។ តាមធម្មតាវាចាផ្អែមទន់ត្រជាក់ ជាលក្ខណៈអ្នកក្លាហានមានប្រាជ្ញា មិនប្រកួតអួតអំណាចកាចឡូឡា មិនក្ដៅផ្សាត្រាតែខ្លោចខូចប្រេះប្រាយ ។ ទោះនឹងស៊ីៗមានបែបចេះអែបប្រាណ ចាប់មិនបានស្មានមិនត្រូវផ្លូវវែងឆ្ងាយ ត្រជាក់ស្រួលហួលដល់ឆ្អឹងតឹងដោះស្រាយ ព្រោះចំហាយសាយកប់ជ្រៅទៅក្រដល់ ។
(៤០) ព្រឹទ្ធាចារ្យថា «អូសទូកកុំឱ្យល្អាន» ចាប់ត្រីបានគ្មានល្អក់ទឹកវឹកវរខ្វល់ មានប្រាជ្ញាថ្លាត្រចះច្បាស់កិច្ចកល ទើបអាចផ្ដល់ផលភាសិតគិតធ្វើបាន ។ បើល្ងង់ខ្លៅក្ដៅឆាបឆេះមិនចេះលាក់ ធ្វើយុកយាក់រាក់កំផែលប្រហែលចាន ទៅត្រង់ណាផ្អើលត្រង់ណោះគ្រោះរំខាន គេឃើញដានស្មានត្រូវដងខ្នងលើគោក ។ ព្រោះតែរាក់លាក់មិនជិតគំនិតខ្លី គិតធ្វើអ្វីខ្លីមួយសុញតុញស្ទះស្ទោក បែកសម្អុយហុយអាក្រក់ល្អក់ស្មោកគ្រោក នេះប្រយោគជោកកម្លៅក្ដៅស៊ីរាក់ ។ អ្នកមានប្រាជ្ញអាចទប់ប្រាណបានធ្ងន់ធ្ងរ មិនវឹកវរខ្ទរកម្រើកខ្វើកញ័រញាក់ មានខន្តីក្ដីអត់ធន់ទន់ត្រជាក់ មានលក្ខណៈគិតជ្រៅជ្រះល្អះភ្លឺថ្លា ។ ទោះនឹងស៊ីៗត្រជាក់ចេះលាក់ដាន ទោះនឹងបានៗមិនបាច់ឱ្យក្ដៅផ្សា ទោះនឹងក្រោធមិនច្រឡោតលោតឆ្លេឆ្លា ទោះនឹងថាៗតាមពិតគិតលៃស្មាន ។
(៤៥) តែត្រជាក់ក៏គួរយើងប្រយត្នដែរ មើលបកប្រែឱ្យល្អិតល្អន់មុនអែបប្រាណ កុំឱ្យជ្រុលពុលពាក្យផ្អែមថែមច្រើនចាន ក្រែងខកប្រាណខានផ្ដាំកូនសូន្យសង្ខារ ។ ព្រោះជនខ្លះមាត់ប្រកាសសន្តិភាព ដៃលូកស្ទាបកៃកាំភ្លើងគ្រឿងប្រហារ តែប្រហែសជឿតាមពាក្យអាយក្សា ដូចជឿខ្លាថាជាប់សីលឈប់ខិលហើយ ។ បទបរិយាយស្រាយចំណោទចោទជាប់ចួន ថែមផ្ទួនៗពីរបីសាការឆ្លងឆ្លើយ ក្រែងខុសខាតផ្លាតសេចក្ដីន័យផុតផើយ សូមមិត្តខ្ញុំកុំកន្តើយឆ្លើយដោះដៃ ។ គួរជួយកែប្រែតម្រូវផ្លូវភាសិត ឱ្យត្រូវពិតតាមលំអានបានថ្លាថ្លៃ ទុកជាច្បាប់ប្រាប់ដំណើរដើររាល់ថ្ងៃ ជាគូដៃលៃស្ទង់ស្ទាបភាពជ្រៅរាក់ ។ ឱ្យកូនចៅទាំងស្រីប្រុសដុះប្រាជ្ញា តាមតម្រាដែលតាតែងថ្លែងបញ្ជាក់ ស្គាល់ភេទភិនមិនច្រឡំមនុស្សនិងយក្ស ដោយលក្ខណៈដែលត្រួសត្រាយមកនេះអឺយ ។
ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ (បែបទី២ ) ពាក្យ ៩
(៥០) សូមសម្ដែងថ្លែងភាសិតពិតពីរឃ្លា ពោលពណ៌នាដោយសង្ខេបបែបត្រួសត្រាយ តាមយោបល់យល់អត្ថន័យលៃបកស្រាយ ដូចបរិយាយរាយសាសព្ទជាប់តទៅ ។ មើលចរិតចិត្តក្ដួលក្ដៅម៉ៅថារាក់ មើលលក្ខណៈត្រជាក់ល្អសរជម្រៅ នេះមាត្រាចរិយាសាស្រ្តជនទូទៅ ដែលរស់នៅលើភពផែនដែនលោកិយ ។ ជនឯណាវាចាក្ដៅសៅហ្មងមួ ពាក្យមិនគួរជួមិនគាប់ធ្លាប់ហាស្ដី ចេញក្រយៅដៅបញ្ជាក់រាក់រួញខ្លី ប្រាជ្ញគប្បីយល់ស្គាល់បានគ្មានច្រឡំ ។ ជនឯណាចរិយាស្លូតសុភាពល្អ ចិត្តស្មោះសរកម្រខឹងដឹងគួរសម មិនច្រឡាសច្រាសច្រឡោតលោតវាយដំ ចេះរៀបចំផ្សំចរិយាថ្លាត្រជាក់ ។ ជននេះឯងតែងរិះគិតល្អិតជ្រាលជ្រៅ មិនឃោរឃៅក្ដៅក្រហាយកាយញ័រញាក់ មានញាតិមិត្តស្និទ្ធរាប់អានបានរួមរក្ស ព្រោះលក្ខណៈត្រជាក់ជ្រៅនៅសុខសាន្ត ។
(៥៥) ចិត្តឆោតខ្លៅក្ដៅពេកពិតគំនិតរាក់ ជនហីនលក្ខណ៍ថ្នាក់ថោកទាបភាពសាមាន្យ ចេញពណ៌ខ្មៅដៅភិនភេទសង្កេតបាន មិនខុសខានពីដានស្នាមតាមចរិយា ។ ផ្អែមត្រជាក់ជាលក្ខណៈប្រាជ្ញបណ្ឌិត មានគំនិតគិតជ្រៅជ្រះត្រចះថ្លា មិនច្រឡោតច្រឡើសបើសលើសមាត្រា នេះចរិយាត្រជាក់ជ្រៅពៅកុំឆ្ងល់ ។ ចរិតក្ដៅសៅហ្មងជាប់ធ្លាប់ស៊ីរាក់ មិនចេះលាក់ឱ្យលិចខ្នងផ្សងតាមផល អាក្រក់ល្អសឬខ្មៅខ្លៅឥតខ្វល់ ព្រោះមិនយល់កលកិច្ចការណាវែងខ្លី ។ ផ្អែមត្រជាក់ដូចជលធីស៊ីជ្រៅណាស់ មើលមិនច្បាស់ទាយមិនត្រូវផ្លូវពីរបី មុជក៏ជ្រៅទៅក៏ឆ្ងាយធ្លាយបាតដី តើងាយអីនឹងតាមទាន់ជាន់កែងបាន ។ បទបរិយាយស្រាយភាសិតពិតពីរវគ្គ ក្ដៅត្រជាក់រាក់និងជ្រៅទៅតាមដាន ទៅតាមដងទំនងន័យលៃគិតស្មាន ជូនសន្ដានជាសណ្ដាប់ប្រាប់ខុសត្រូវ ។
(៦០) ក្រែងដំណើរដើរមិនសមចំភាសិត សូមឱ្យមិត្តជួយប្រិតប្រែកែតម្រូវ កែតម្រង់ផ្ចង់តម្រាឆ្ការត្រាយផ្លូវ ព្រោះមិនសូវភ្លឺត្រចះណាស់ណាដែរ ។ គ្រាន់តែប្រាជ្ញបាចទាំងព្រាវរាវរិះស្មាន តាមលំអានបុរាណព្រឹទ្ធភាសិតខ្មែរ ផ្សំយោបល់ផ្ដល់គំនិតគិតបកប្រែ កោសបន្ថែកែបន្ថែមស៊ែមបរិយាយ ។ កាព្យកលកិច្ចល្បិចខាងល្បែងលេងវោហារ ថ្លែងដោះសារតម្រាច្បាប់ប្រាប់ប្រៀបប្រាយ ជាឱវាទខ្នាតពន្យល់កលឧបាយ ជាតម្រាយតម្រាប់ល្អតទៅអឺយ ។
មាស – យុត្ត
អត្ថាធិប្បាយ ភាសិត កវីនិពន្ធ របស់សហជីវិន មាស យុត្ត
ឈើ – បាក់រលំខ្ទេចមែកត្រួយ
ពុក – ផុយរលួយនៅដោយដី
កុំ – ដើរជាន់លេងធ្វើបែបវ្ហី
ដាក់ – នេះនោះអីសង្កត់វា ។
គូទ – គងជំទែងជំទយលើ
អង្គុយ – ភ្លីភ្លើប្រយត្នពារ !
ប្រយត្នប៉ះខ្ទួយ ! គូទគ្រាំគ្រា !
ពាក្យប្រៀបឃ្លោងឃ្លាគួរគិតចុះ !
ញូង – សឿង