វិបត្តិ​សតិ​សម្បជញ្ញៈ

វិចារណកថា

អ្វីជាកត្តាចម្បងដែលបណ្ដាលឱ្យមានវិបត្តិនេះ ? ឆ្លើយថាកត្តាចម្បងនោះគឺប្រាក់។ មិត្តអ្នកអានទាំងឡាយមុខជាងឿងឆ្ងល់នឹងយោបល់នេះ ដោយនឹកថា ប្រាក់កើតមានសម្រាប់មនុស្សប្រើតាំងពីក្នុងបុរាណកាល ដោយប្រការម្ដេច ក៏សំអាងយកប្រាក់ជាកត្តានាំឱ្យមានវិបត្តិសតិសម្បជញ្ញៈ ? ក្នុងបុរាណកាលពិតជាមានប្រាក់មែន តែមិនមានហេតុក្រៅមកញ៉ាំងប្រាក់ឱ្យកញ្ជ្រោល ឱ្យគ្រញែងខ្លួនឱ្យសម្ដែងមហិទ្ធិឫទ្ធិដូចឥឡូវ បានជាក្នុងសម័យដើម ប្រាក់មិនសូវសម្ដែងឫទ្ធិខ្លាំងដូចបច្ចុប្បន្ន។

ប្រាក់នេះឧបមាដូចសត្វហ៊ីង។ ហ៊ីងបើនៅជាធម្មតា ខ្លួនវាមានសភាពដូចគេដូចឯង គ្មានបណ្ដាលចង់ឱ្យអ្នកណាក្រឡេកមើលឡើយ តែក្នុងពេលណាដែលគេយកដៃឬយកឈើអ្វីទៅធ្វើឱ្យប៉ះពាល់ដល់រូបកាយវា ហ៊ីងក៏ស្រាប់តែបំប៉ោងកាយមួយរំពេច ឯប្រាក់មានឧបមេយ្យដូច្នោះ។

តើអ្វីជាដៃឬជាឈើដែលធ្វើឱ្យប្រាក់កញ្ជ្រោល ? ឆ្លើយថាគឺទំនៀមទម្លាប់បរទេស។

តាមរយៈហូរហែមក មនុស្សក្នុងប្រទេសណា រមែងប្រកាន់ខ្ជាប់នូវទំនៀមទម្លាប់ប្រទេសនោះ គឺថាតាំងពីទីលំនៅ គ្រឿងសម្លៀកបំពាក់ អាហារចំណី ព្រមទាំងគ្រឿងបរិភោគនិងឧបភោគសព្វយ៉ាង។ ហេតុអ្វីក៏ដូច្នេះ ថាដោយសម្រេចទៅតាមទឹកដី ធាតុអាកាស ….. ដែលជាទីអាស្រ័យនៅ។

ឥឡូវតាមការសង្កេត ឃើញមានការប្រែប្រួលខ្លាំង។ ការប្រែប្រួលនេះបណ្ដាលមកពីអ្វី ? ឆ្លើយថាបណ្ដាលមកពីមានទំនៀមទម្លាប់ខាងបស្ចិមទិសចូលរុករានទន្ទ្រានយ៉ាងពេញទំហឹងក្នុងទ្វីបអាស៊ី ពិសេសគឺអាស៊ីទ្វីបភាគអាគ្នេយ៍ ម៉្លោះហើយអ្នកមានសមត្ថភាព អ្នកមានមធ្យោបាយដែលអាចនិយមតាមទំនៀមទម្លាប់នេះបាន ក៏ទៅជាផ្លាស់ទំនៀមទម្លាប់ខ្លួនចោល ហើយប្រកាន់យករបស់គេទុកជារបស់ខ្លួន។

ដោយប្រការម្ដេចក៏ធ្វើដូច្នេះ ? ឆ្លើយថា វាសប្បាយរីករាយ វាហ៊ឺហាហ៊ឹកហ៊ាក់ វានាំឱ្យត្រេកត្រអាល វានាំឱ្យខ្ពស់មុខ វានាំឱ្យសម្បើម។ ត្រង់លក្ខណៈនេះហើយដែលនាំឱ្យមនុស្សផ្អើល ព្រោះមនុស្សគ្រប់ឋានៈត្រូវការណាស់នូវរបស់ដូចពោលខាងលើ ម៉្លោះហើយមនោចលនាក៏កើតឡើង តែស្ទុះទៅមិនដល់ ព្រោះខ្វះសមត្ថភាព ព្រោះមធ្យោបាយមិនគ្រប់គ្រាន់។ ចំណែកអ្នកមានសមត្ថភាពចេះតែស៊ីនំផ្អែមបញ្ញែម អ្នកមានសមត្ថភាពស្ដួចស្ដើងចេះតែសម្លឹងសម្លុត ដ្បិតចង់ដែរ ដូចក្មេងក្រខ្សត់ឃើញក្មេងអ្នកមានស៊ីនំ គ្នាចង់ស៊ីដែរ ម៉្លោះហើយវាត្រូវតែឡាំប៉ាដាក់ឪពុកម្ដាយ ក្មេងខ្លះចិត្តឆៅហ៊ានស្ទុះឆក់ពីដៃគេយកមកស៊ីក៏សឹងមាន។

 ចំពោះការខ្វះខាតសមត្ថភាពនេះហើយដែលនាំឱ្យមនុស្សផ្លាស់ប្ដូរចរិត គឺធ្វើយ៉ាងណាដែលអាចញ៉ាំងបំណងអាត្មាឱ្យសម្រេចបាន។ ត្រង់ចំណុចនេះហើយដែលបណ្ដាលឱ្យមានវិបត្តិសតិសម្បជញ្ញៈ គឺព្រះសង្ឃឈប់គិតដល់វិន័យ នាម៉ឺនឈប់គិតដល់បទបញ្ជា ប្រជាពលរដ្ឋសាមញ្ញឈប់គិតដល់ច្បាប់ទូទៅ។

វិន័យហាមផ្ដាច់មិនឱ្យបព្វជិតត្រេកអរចំពោះប្រាក់ តើវិន័យនេះហួសសម័យហើយ ៗ គួរតែកែប្រែឬយ៉ាងណា ? ឆ្លើយថា វិន័យនៅជាវិន័យមិនត្រូវកែប្រែទេ ព្រោះច្បាប់សាសនាមិនអាចកែប្រែផ្លាស់ប្ដូរបានឡើយ បើច្បាប់មនុស្សទើបអាចកែប្រែបាន។ បើដូច្នេះ បព្វជិតត្រូវប្រតិបត្តិដូចម្ដេច ? ថាត្រូវតែគោរពពាក្យសម្ដីរបស់អាត្មាក្នុងពេលដែលចូលបួស សរុបសេចក្ដី បព្វជិតត្រូវតែគោរពវិន័យដូចដែលមានចែងក្នុងវិន័យបិដក។ បើដូច្នេះ តើដូចម្ដេចនឹងស្របតាមមនោចលនា។ ឆ្លើយថា ព្រោះតែពេញចិត្តអនុលោមតាមមនោចលនានេះហើយ បានជាកើតមានវិបត្តិសតិសម្បជញ្ញៈ។

អំពីនាម៉ឺនគ្រប់វិស័យវិញ កាលពីដើម តាមដែលខ្ញុំដឹង ក្នុងទ្វីបណាក៏ដោយ ក្នុងប្រទេសណាក៏ដោយ គេតែងទម្លាក់កំហុសនេះតែទៅលើចៅក្រមខ្លះ ថាជាអ្នកពេញចិត្តកេងរកប្រាក់ ក្នុងវិស័យដទៃគេមិនសូវ​ពោលថា មានការកេងរកប្រាក់ឡើយ តែសម័យឥឡូវ គឺមានពោលពេញឥតខ្វះចន្លោះត្រង់ណាឡើយ ហើយបើសង្កេតឱ្យហ្មត់ចត់បន្តិចទៅទៀតឃើញថា ខាងចៅក្រមដូចជាស្ដួចស្ដើងជាងវិស័យដទៃទៅវិញ ព្រោះរបៀបកេងរកប្រាក់ មានលក្ខណៈច្រើនបែបយ៉ាង គ្រោតគ្រាតក៏មាន សុខុមក៏មាន ដោយចំពោះក៏មាន ដោយមិនចំពោះក៏មាន។ សូម្បីក្រុមខ្លះ ដែលពីដើមគេធ្លាប់និយមទុកជាក្រុមសុចរិតទៀងត្រង់មានជាអាទិ៍ គឺក្រុមគ្រូបង្រៀន ក្រុមបុគ្គលិកពេទ្យ។ ឥឡូវ សូមសង្កេតពិនិត្យមើលចុះ នៅពេលវិស្សមកាលម្ដងៗ ពួកគ្រូសាមញ្ញក្ដី ពួកសាស្ត្រាចារ្យក្ដី តែងធ្វើកម្មវិធីរៀងខ្លួនតាមសមត្ថភាពដើម្បីរកប្រាក់ក្រៅពីប្រាក់បៀវត្ស បើគ្រូបង្រៀនកេងរកប្រាក់ក្នុងវិស្សមកាលហើយ តើវិស្សមកាលនឹងមានន័យដូចម្ដេចទៅវិញ ? បើពួកគ្រូពេទ្យទទួលប្រាក់បៀវត្សពីរាជការហើយមានបើកគ្លីនិក (clinique) ផ្ទាល់ខ្លួនសម្រាប់រកប្រាក់ក្រៅ តើមុខងារដែលខ្លួនត្រូវបំពេញចំពោះការសាធារណៈមានដំណើរការសាធារណៈដូចម្ដេច? នឹងហុចផលយ៉ាងណា ?។ល។

សួរថា តើបើធ្វើយ៉ាងហ្នឹង វាខុសឬត្រូវ ? ចំពោះសំណួរនេះសូមមិត្តអ្នកអានជួយវិនិច្ឆ័យមើលផងចុះ។ បើខ្ញុំថាត្រូវទៅ ព្រោះមានការប៉ះពាល់ដល់ប្រយោជន៍សាធារណៈ បើខ្ញុំថាខុសទៅ បើអ្នកជិតខាងចេះតែទំពានំផ្អែមបញ្ញែមដាក់មុខ នាំឱ្យគ្នាស្រក់ទឹកមាត់រាល់ថ្ងៃ តើត្រូវឱ្យគ្នាទ្រាំលេបទឹកមាត់ទទេទៅឬយ៉ាងណា ? ព្រោះមនុស្សគ្រប់រូប គ្រប់ជាន់ថ្នាក់ ត្រូវការចង់រកតែសុភមង្គលដល់អាត្មារៀងៗខ្លួន។

ចំពោះបញ្ហានេះ តើត្រូវដោះស្រាយដូចម្ដេច? តើនរណាទទួលខុសត្រូវក្នុងការដោះស្រាយ ?

បើចង់ដោះស្រាយបញ្ហាវិបត្តិសតិសម្បជញ្ញៈនេះ បើតាមយោបល់ខ្ញុំគឺបានតែសុំឱ្យអ្នកមានសមត្ថភាពជួយដោះស្រាយទើបរួច សូមឱ្យគេចេះនឹកគិតអាណិតអាសូរដល់អ្នកជិតខាង ដែលគ្នាពុំមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីផ្លាស់ប្ដូរទំនៀមទម្លាប់នោះផង សុំឱ្យគេកុំចេះតែយកនំផ្អែមមកស៊ីបញ្ញែមដាក់មុខគ្នាខ្លាំងពេក សុំឱ្យគេមេត្តាបន្ទូរបន្ថយការផ្លាស់ប្ដូរទំនៀមទម្លាប់នេះខ្លះទៅ។

ឯវិបត្តិសតិសម្បជញ្ញៈ រមែងកើតមានច្រើនតែនៅសម័យណាដែលសម្ភារនិយមមានការរីកចម្រើនលើសលុប។ វិបត្តិសតិសម្បជញ្ញៈនិងគុណសម្បត្តិខាងសីលធម៌ ប្រៀបដូចជាដែកគោលពីរ បើអាមួយចូល អាមួយទៀតតោងតែចេញ។ បើគេចង់ឱ្យដែកគោលទាំងពីរនេះអាស្រ័យនៅរួមគ្នា គួរគប្បីចាត់វិធានការយ៉ាងណាឱ្យវានៅជាប់ក្នុងសាច់ឈើភាគស្មើគ្នា មិនត្រូវសំពងពន្លូតអាមួយឱ្យជ្រុះចេញឡើយ។

សម័យបច្ចុប្បន្ន ក្នុងសកលលោកឃើញថា ថាសជញ្ជីងខាងសម្ភារនិយមមានកម្លាំងក្រៃពេក គឺទម្ងន់មិនស្មើគ្នានេះហើយដែលបណ្ដាលឱ្យមានចលនាជាអកុសលច្រើនអនេក ចលនានេះនាំឱ្យសីលធម៌មានកម្លាំងខ្សោយ បើសីលធម៌ថយកម្លាំងហើយ គុណវិបត្តិត្រូវមានកម្លាំង គឺវិបត្តិសតិសម្បជញ្ជៈនេះឯង បើវិបត្តិនេះកើតច្រើនហើយ នាំឱ្យមានអនាធិបតយ្យជាបច្ច័យឱ្យកើតភ្លើង។ ដូចយើងឃើញស្រាប់ នៅប្រទេសជិតខាងយើង ភ្លើងឆេះរោលរាលរាល់តែថ្ងៃ នេះមកពីអ្វី ? នេះមកតែវិបត្តិសតិសម្បជញ្ញៈ កើតមានពេញទំហឹង។ នៅប្រទេសយើងសព្វថ្ងៃ ក៏គង់មានវិបត្តិនេះច្រើនដែរ តែវាមិនអាចឱ្យកើតទៅជាភ្លើងបាន ដោយសារតែរដ្ឋាភិបាលសង្គមដែលមានព្រះអង្គសម្ដេចព្រះនរោត្តម – សីហនុ ព្រះប្រមុខរដ្ឋជាប្រធាន ព្រះអង្គជាព្រះអគ្គមហាបុរសរដ្ឋដ៏ឆ្នើម ព្រះអង្គជាបង្គោលគ្រាក់ដែលសត្វកណ្ដៀរ​គ្រប់ពណ៌ប្រកាសចុះញ៉មថា ខ្លួនមិនមានសមត្ថភាពនឹងកកេររម្លំឬបំបាត់បានឡើយ តែទោះជាយ៉ាងណាក៏គួរតែយើងត្រូវដឹងខ្លួនគ្រប់គ្នា រកថ្នាំទុកការពារទៅអនាគត បើជិតស្លាប់ហើយទើបរកថ្នាំ គឺជាការឥតប្រយោជន៍។

អក្សរសាស្ត្រខ្មែរ   ខ្មែរគួរថែថួន

ឱ្យបានខ្ជាប់ខ្ជួន     គង់វង្សគត់មត់

ព្រោះអក្សរជាតិ    គោលជាតិប្រាកដ

 អក្សររលត់          ជាតិក៏រលាយ

ច.ព.

លោក ផេង ជ្រីវ រៀបរៀង

 ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៦៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments