វិធី​រក្សា​គភ៌ – រឿង​ទំនៀម​ទម្លាប់​ខ្មែរ

ជំនឿ ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ

ខ្មែរយើងជាប់និស្ស័យជឿវេទមន្ត មន្តអាគម តាមលទ្ធិសៃយសាស្ត្រមកជាយូរអង្វែងឆ្នាំហើយ ទោះបីវេលានេះបានឈ្មោះថាជាអ្នកកាន់ព្រះពុទ្ធសាសនាហើយ ក៏នៅមិនទម្លាក់ចោលលទ្ធិចាស់នោះទាំងអស់បានទៅបាន នៅមានដោយមកខ្លះ យកមកប្រព្រឹត្តលាយឡំនឹងព្រះពុទ្ធក៏មានជាច្រើនខ សូម្បីមានផ្លូវដទៃល្មមនឹងចៀសវាងបាន មិនបាច់ធ្វើតាមលទ្ធិនោះក៏មិនហ៊ានចៀសវាងឬបោះបង់ចោលតែម្ដង ដោយខ្លាចនេះខ្លាចនោះដែលជារបស់ខ្លួនមើលមិនឃើញ ដូចយ៉ាងវិធិរក្សាគភ៌ ឬហៅថាផ្ដុងគភ៌[១] អ្នកខ្លះនោះជាអ្នកដែលបានបន់សុំកូនក្ដី អ្នកដែលមិនបានបន់សុំក្ដី កាលណាដឹងថាមានគភ៌ហើយ រមែងខ្វល់ខ្វាយរកគ្រូអាចារ្យ ឬលោកសង្ឃឯណានីមួយដែលចេះមន្តអាគម ឱ្យធ្វើជារបស់សម្រាប់ការពារអន្តរាយ ដែលហៅថា កថាកូនសង្កត់ ខ្សែចង្កេះឯណានីមួយមកនៅកណ្ឋឬចងនៅចង្កេះ ដើម្បីបង្ការខ្មោចបិសាច ព្រាយ ដូចយ៉ាងដែលហៅថា ព្រាយព្រះខ្លាជាដើម ដោយជឿថា របស់អម្បាលនោះមានអានុភាពអាចនឹងកម្ចាត់ភ័យ ឧបទ្រព អន្តរាយ និងអពមង្គលទាំងពួងបាន ហើយនឹងអាចលើកឱ្យមានរាសី ជោគជ័យ សិរីសួស្ដី និងមង្គលទាំងពួងឡើងបាន។

លក្ខណៈកថា

ឯនឹងធ្វើជា កថា ជាកូនសង្កត់ ឬខ្សែចង្កេះ នោះទៅតាមវិស័យរបស់អាចារ្យអ្នកធ្វើ អាចារ្យណាចេះធ្វើអ្វី ក៏ប្រាប់ឱ្យសាមីខ្លួនរករបស់នោះមកក៏មាន ទៅតាមធនធានរបស់អ្នកសាមីខ្លួនក៏មាន ទៅតាមសេចក្ដីត្រូវការចំពោះវត្ថុក៏មាន។

កថានោះគេធ្វើដោយផែនមាស ប្រាក់ ទង់ហ៊្វា ស្ពាន់ ឬសំណឯណានីមួយក៏បាន គឺគេផែរបស់ជាផែនស្ដើងហើយកាត់ជា ៤ ជ្រុងទ្រវែង ទំហំបណ្ដោយប្រមាណ ៤ សង់ទីម៉ែត្រ ទទឹងប្រមាណ ៣ សង់ទីម៉ែត្រ យកទៅឱ្យអាចារ្យ ៗ ឱ្យរៀបយកបាយសី ស្លាធម៌មកតាំង អុជទៀនធូបបូជាគ្រូតាមទំនៀមហើយ ទើបយកផែនមាសឬផែនប្រាក់ នោះមកប្រសិទ្ធីសូត្រសេកដោយមន្តអាគម នឹងចារបញ្ចុះយ័ន្ត បញ្ចុះមន្ត អាគម នៅចន្លោះយ័ន្ត ជាតួអក្សររាយមួយៗ ហើយមូរឱ្យមូលឱ្យនៅមានប្រហោងក្នុង សណ្ឋានដូចចារឬបំពង់ម្ជុល តែមូរឱ្យតួអក្សរនៅខាងក្នុង ហើយយកខ្សែមាស ឬអំបោះដែលវេញស្អាតមកដោត ចងក្រវាត់នៅចង្កេះ ដូចយ៉ាងក្រវាត់ខ្សែក្រវាត់ក៏បាន ចងប្រសប់មុខហើយពាក់នៅកណ្ឋ។ បើធ្វើយ៉ាងតូចហោចចុះមក មិនបាច់មានបាយសីនិងស្លាធម៌ទេ គ្រាន់តែអុជទៀនធូបហើយតាំងប្រសិទ្ធីបញ្ចុះយ័ន្តនិងមន្តអាគមតែម្ដង។ កថានេះទម្លាប់ប្រើតែស្រីៗ ប្រុសមិនសូវមានប្រើ។

លក្ខណៈកូនសង្កត់

ឯកូនសង្កត់នោះគេធ្វើដោយសំណក៏មាន ធ្វើដោយឈើមានខ្លឹមអម្ពិល ខ្លឹមចំប៉ីជាដើមក៏មាន តែច្រើនធ្វើដោយសំណមានលក្ខណៈនិងសណ្ឋានដូចអង្កាំ តែធំប្រមាណប៉ុនម្រាមដៃ ហើយយកខ្សែអំបោះមកដោតដូចយ៉ាងកថា ជូនទៅអាចារ្យ ៗ ក៏ឱ្យរៀបបាយសី ស្លាធម៌ និងទៀនធូបមកតាំងនៅទីមួយដ៏សមគួរហើយយកខ្សែកូនសង្កត់នោះ មកឆ្វាយដាក់លើជើងពានដាក់ពីខាងមុខ ហើយអុចទៀនធូបតាំងពិធីប្រសិទ្ធី គឺសូត្រសេកឩមអាមបញ្ចូលមន្តអាគមនៅកូនសង្កត់នឹងខ្សែនោះតែម្ដងមិនបានចារបញ្ចុះដូចជាកថា រួចហើយយកមកក្រវាត់នៅចង្កេះអ្នកសាមីខ្លួន។

កូនសង្កត់មួយយ៉ាងទៀត គេធ្វើដោយសំពត់ស គឺគេយកសំពត់សមកសរសេរបញ្ចុះយ័ន្តនឹងមន្តដូចយ៉ាងកថា ចួនកាលមានទាំងថ្នាំដាក់ផង ហើយមូរខ្ចប់ឱ្យមូលទុកប្រហោងក្នុងដូចយ៉ាងកូនសង្កត់សំណ ដេរក្លាស់ឱ្យណែន កុំឱ្យរុះហើយដោតខ្សែក្រវាត់ដូចគ្នា។

ប្រយោជន៍ដែលប្រើកូនសង្កត់តាមសេចក្ដីនិយមដែលគេធ្លាប់ប្រើរៀងមកថា ដើម្បីការពារ ខ្មោច  អាប ព្រាយ ធ្មប់អំពើ និងគ្រាប់កាំភ្លើង ហើយច្រើនប្រើតែប្រុសៗ ស្រីមិនសូវមានប្រើទេ។

លក្ខណៈខ្សែចង្កេះ

ឯខ្សែចង្កេះក្នុងទីនេះ ចំពោះយកតែខ្សែអំបោះសមួយ​យ៉ាង ខ្សែដទៃប្រើមិនបាន វេលាដែលនឹងវេញ អាចារ្យ​ចំណាំតែកំណត់ចំនួនសរសៃអំបោះឱ្យវេញ គឺឱ្យយកក្នុង ១ ធ្លុង ៧ សរសៃ ឬ ៩ សរសៃ ត្រកួញឱ្យខ្មាញ់ហើយវេញបញ្ចូលគ្នាទៅ។ ស្រេចហើយយកទៅជូនអាចារ្យ ៗ តាំងពិធីប្រសិទ្ធីសេកមន្តអាគមដាក់ខ្សែនោះ ដូចគ្នានឹងកូនសង្កត់ តែចួនកាលមានចងថ្នាំនៅខ្សែនោះផង ហើយឱ្យក្រវាត់ដូចពោលហើយ។

ប្រយោជន៍ដែលប្រើខ្សែចង្កេះ ក៏ដូចគ្នានឹងប្រើកថា ហើយច្រើនតែស្រីៗ ប្រុសមិនសូវប្រើ។ ទំនៀមអម្បាលនេះក៏រួមនៅក្នុងលទ្ធិសៃយសាស្ត្រនោះឯង។

ក្នុងទីបំផុតនេះ សុំឱ្យជ្រាបថា ការចងកថាក្ដី កូនសង្កត់ក្ដី ឬខ្សែចង្កេះក្ដី មិនមែនសុទ្ធតែចងទាំងអស់គ្នាទេ ច្រើនចងតែអ្នកបន់សុំកូននិងអ្នកដែលអារកូន ៗ មិនសូវគង់ និងអ្នកដែលមានគភ៌ជាដំបូង អ្នកក្រៅអំពីនេះ និងអ្នកដែលជឿស៊ប់ក្នុងព្រះពុទ្ធសាសនា គេមិនពឹងអានុភាពនៃរបស់អម្បាលនេះក៏មានជាច្រើន វេលាមានគភ៌ឡើង គេច្រើនប្រើផឹកថ្នាំត្រជាក់ ថ្នាំក្រអូប ដែលគេធ្វើអំពីកេសរផ្កាឈូកនិងផ្កាម្លិះ​ជាដើម ប្រយោជន៍ឱ្យសម្រាលកូនងាយក៏មានជាច្រើន។

[១] បុរាណមាននិយាយថា ផ្ដុងគភ៌ ឬថ្នាំផ្ដុងគភ៌។ ពាក្យថាផ្ដុងនេះចេញទៅជាប្រដុង ដែលយើងចំណាំតែនិយាយថា ប្រដុងប្រជា បានដឹងការជួយជ្រោមជ្រែង។

ព្រះមហាវិទូរក្រសេម រៀបរៀង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៣៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments