នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។
សូមនមស្សការ ចំពោះព្រះភគវន្តមុនី ជាអរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ (ព្រមទាំងព្រះធម៌និងព្រះអរិយសង្ឃ ដោយសេចក្ដីគោរព)។
សូមសម្ដែងអំពីវិវាទមូល តាមទំនងដែលមានក្នុងខុទ្ទកវត្ថុវិភង្គ គម្ពីរវិភង្គ អភិធម្មបិដក។
ធម៌ដែលជាឫសគល់ឬជាហេតុដែលនាំឱ្យកើតសេចក្ដីឈ្លោះ ហៅថា វិវាទមូល។ វិវាទមូលនោះព្រះដ៏មានព្រះភាគ ទ្រង់សម្ដែងចែកចេញទៅជា ៦ ប្រការ គឺ៖
១- កោធោ សេចក្ដីក្រោធ គឺសេចក្ដីខឹងចងគំនុំគុំគួន។
២- មក្ខោ ការលុបបំបាត់គុណគេ។
៣- ឥស្សា សេចក្ដីច្រណែនឈ្នានីសគេ។
៤- សាថេយ្យំ ការប្រកាសគុណដែលមិនមានក្នុងខ្លួន គឺអួតអាងអំពើខិលខូច អំពើឆែបឆប បោកប្រាស អំពើដែលជាកិច្ចកលរបស់អ្នកលេង។
៥- បាបិច្ឆតា សេចក្ដីប្រាថ្នាអាក្រក់។
៦- សន្ទិដ្ឋិបរាមាសិតា សេចក្ដីប្រកាន់មាំនូវទិដ្ឋិ គឺប្រកាន់តាមសេចក្ដីយល់ឃើញរបស់ខ្លួនថាជាការត្រូវការពិត សេចក្ដីយល់ឃើញរបស់អ្នកដទៃ សុទ្ធតែមិនត្រូវមិនពិត។
អធិប្បាយវិវាទមូល ៦ ប្រការ
កោធោ = សេចក្ដីក្រោធខឹង នេះ, បានដល់ការអាក់អន់ចិត្ត តូចចិត្ត, ថ្នាងថ្នាក់ចិត្ត, កន្ទួលចិត្ត។ សេចក្ដីក្រោធខឹងនេះមនុស្សជាបុថុជ្ជនតែងមានគ្រប់គ្នាជាធម្មតា ហេតុនោះបានជាមនុស្សជាបុថុជ្ជនច្រើនតែឈ្លោះទាស់ទែងគ្នា។ សេចក្ដីក្រោធនេះបណ្ដាលមកអំពីការឮពាក្យគេជេរត្មះតិះដៀលឌឺដងបញ្ឈឺចិត្តខ្លះ បណ្ដាលមកអំពីការបៀតបៀនដោយកាយ មានវាយដំតប់ទះជាដើមរបស់អ្នកដទៃខ្លះ, បណ្ដាលមកពីការលេងល្បែងភ្នាល់ មានល្បែងបាស្ការល្បែងស៊ីសងជាដើមខ្លះ, បណ្ដាលមកអំពីគេយកទ្រព្យសម្បត្តិបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លះ, កាលបើក្រោធថ្នាំងថ្នាក់អាក់អន់ចិត្តហើយ ក៏កើតទៅជាឈ្នោះទាស់ទែងរហូតដល់ទៅចងពៀរព្យាបាទធ្វើគ្នាឱ្យវិនាសក៏បាន។
ម្យ៉ាងទៀត សេចក្ដីក្រោធនេះឧបក្កិលេសគ្រឿងមន្ទិលសៅហ្មងចិត្ត ប្រៀបដូចជាវត្ថុមានធ្យូងផេះភក់ជាដើម ជាមន្ទិលសៅហ្មងដល់សំពត់សស្អាត ក៏ឯចិត្តនោះប្រសិនបើសៅហ្មងដោយឧបក្កិលេសគឺសេចក្ដីក្រោធខឹង ក៏ជាហេតុឱ្យបានទុគ្គតិភាព ប្រសិនបើបរិសុទ្ធជ្រះស្អាតចាកឧបក្កិលេសគឺសេចក្ដីក្រោធហើយក៏ជាហេតុឱ្យបានសុគតិភព ដូចគ្នានឹងសំពត់សស្អាតឥតមានប្រឡាក់ដោយមន្ទិលផ្សេង ៗ មានធ្យូងផេះភក់ជាដើម រមែងដិតជាប់ដោយគ្រឿងជ្រលក់ទាំងពួង មានពណ៌ក្រហមលឿងជាដើម នាំឱ្យសម្រេចប្រយោជន៍ដល់អ្នកដែលត្រូវការដោយជ្រលក់សំពត់។
ជនជាសប្បុរស គួរគ្របសង្កត់សេចក្ដីក្រោធឱ្យទន់ខ្សោយកុំឱ្យក្លៀវក្លាពេក ដោយធម៌ខន្តីសេចក្ដីអត់ធន់នឹងមេត្តាសេចក្ដីរាប់អានស្រឡាញ់គ្នីគ្នា ក្រឡេកមើលគ្នាដោយបិយចក្ខុ និយាយរកគ្នាដោយបិយវាចា ដើម្បីកុំឱ្យមានវិវាទទាស់ទែងគ្នា ព្រោះការវិវាទនោះជារោគមួយយ៉ាងធំក្នុងសង្គមនៃមនុស្សលោក។
ការគ្របសង្កត់បំបាត់សេចក្ដីក្រោធនោះ មិនត្រឹមតែបាត់វិវាទប៉ុណ្ណោះទេ ថែមទាំងអាចផ្ចាញ់មនុស្សអ្នកក្រោធបានផង ថែមទាំងបានសុគតិភពគឺឋានសួគ៌ទេវលោកសមតាមបទព្រះបាឡីថា អក្កោធេន ជិនេ កោធំ ប្រែថា “មនុស្សយើងអាចផ្ចាញ់មនុស្សអ្នកក្រោធបាន ដោយសេចក្ដីមិនក្រោធតប”។
សច្ចំ ភណេ កុជ្ឈេយ្យ ទជ្ជា អប្បស្មិ យាចិតោ
ឯតេហិ តីហិ ឋានេហិ គច្ចេ ទេវាន សន្តិកេ
ប្រែថា “មនុស្សយើងគួរនិយាយពាក្យពិតទៀងត្រង់ ១ មិនគួរក្រោធ ១ បើមានទេយ្យធម៌បន្តិចបន្តួច គួរឱ្យទានបន្តិចបន្តួចដល់ស្មូមកុំខាន ១, មនុស្សយើងអាចទៅនៅក្នុងសម្នាក់ទេព្តាបាន ដោយហេតុទាំង ៣ នេះ ហេតុណា ១ ក៏បាន”។
មក្ខោ = ការលុបបំបាត់គុណគេ នោះ សេចក្ដីប្រហែលគ្នានឹងអកតញ្ញូតាធម៌ គឺការមិនដឹងគុណរបស់អ្នកដែលគេធ្វើគុណលើខ្លួន ឬថាដឹងដែរតែហាត់ដូចជាមិនដឹង បំបិទបំបាំងមិនឱ្យគេរាល់គ្នា ដឹងថាអ្នកនោះគេមានគុណលើខ្លួន មានឧទាហរណ៍ដូចជាភិក្ខុមួយរូបរៀនសូត្រក្នុងសម្នាក់អាចារ្យមួយរូប រៀនបានចេះដឹងគួរសមហើយក៏ទៅរៀនក្នុងសម្នាក់អាចារ្យដទៃទៀត យូរៗទៅបានចេះដឹងច្រើនជាងអាចារ្យដើម មានលាភសក្ការនឹងសេចក្ដីសរសើរគ្រាប់បើជាងអាចារ្យដើម ក៏សម្ដែងដូចជាអាការមិនមែនសិស្សមិនមែនអាចារ្យ ធ្វើឫកស្មើ ៗ បន្លំមិនឱ្យអ្នកដទៃដឹងថាខ្លួនជាកូនសិស្ស។ មានភិក្ខុខ្លះរៀនសូត្រអំពីអាចារ្យច្រើនរូប តែគោរពរាប់អានបូជាចំពោះតែអាចារ្យណាដែលមានបុណ្យសក្តិ មានមុខមាត់អំណាចវាសនាច្រើន ត្រង់អាចារ្យឯទៀត ៗ ធ្វើហាក់ដូចជាមិនស្គាល់។ ភិក្ខុខ្លះទៀតឥតមានរៀននឹងគេសោះ ឃើញគេមាត់មុខមាត់យសសក្ដិលាភសក្ការច្រើន ក៏ខំយកចិត្តទុកដាក់ផ្គាប់ផ្គុនគេដោយចង់បានផលប្រយោជន៍ក្នុងបច្ចុប្បន្ន ចោលគ្រូអាចារ្យរបស់ខ្លួនទទេ ឥតមាននឹកនាសោះ។
ម្យ៉ាងទៀត ការលុបគុណសម្បត្តិ គឺសេចក្ដីល្អរបស់គេចេញ ឆ្កឹះកកាយសេចក្ដីអាក្រក់របស់គេឱ្យអណ្ដែតខ្ពស់ឡើង ក៏ហៅថា មក្ខោ ការលុបគុណគេដែរ, ដូចក្នុងគ្រាពុទ្ធកាល មានភិក្ខុ ២ រូបឈ្មោះ ធម្មកថិក ១ វិនយធរ ១ កើតវិវាទបែកគ្នាទៅជា ២ ពួក។ ហេតុខាងដើម គឺធម្មកថិកបន្ទោបង់ឧច្ចារៈ ហើយជម្រះឧច្ចារៈសល់ទឹកខ្លះទុកក្នុងភាជនៈដាក់ក្នុងបន្ទប់ទឹក។ វិនយធរចូលទៅក្រោយឃើញទឹកនៅសល់ ហើយចេញមកវិញប្រាប់ធម្មកថិកថា លោកទុកទឹកដែលនៅសល់អំពីជម្រះដូច្នោះ ខុសទាស់នឹងវិនយប្បញ្ញត្តិហើយ។ ធម្មកថិកក៏ទទួលខុសគ្មានរឹងទទឹង។ ពេលក្រោយ វិនយធរនិយាយប្រាប់រឿងនោះដល់សិស្សរបស់ខ្លួន ពួកសិស្សវិនយធរក៏នាំគ្នាពោលទោសប្រាប់ពួកសិទ្ធិ-វិហារិកធម្មកថិកថា ឧបជ្ឈាយ៍របស់លោកត្រូវអាបត្តិ មិនស្គាល់អាបត្តិ។
រឿងហេតុនោះមិនមែនជាធំដុំទេ តែបណ្ដាលទៅជាធំបាន បែកពួកបែកបក្ខជា ២ មកពីពួកវិនយធរគ្របលុបសេចក្ដីល្អរបស់ធម្មកថិក ឆ្កឹះកកាយសេចក្ដីខុសតែបន្តិច ឱ្យអណ្ដែតខ្ពស់ឡើងប្រាប់គេរាល់គ្នា ដូច្នេះ ក៏ហៅថាលុបគុណសម្បត្តិរបស់គេឱ្យបាត់សូន្យទៅ ទាញយកសេចក្ដីអាក្រក់របស់គេមកប្រកាសនាំឱ្យកើតវិវាទ។
មក្ខោ ការលុបគុណគេនេះ ជាឧបក្កិលេសគ្រឿងសៅហ្មងដល់ចិត្តដូចជា (កោធោ) វិវាទមូលទី ១ នោះដែរ ព្រោះហេតុនោះ ជនជាសប្បុរសគួរលះបង់នូវអំពើលុបគុណគេចោលចេញ ត្រូវដឹងគុណគ្រូអាចារ្យមាតាបិតានិងអ្នកដែលគេបានសង្គ្រោះទំនុកបម្រុងខ្លួន កុំភ្លេចឧបការគុណគេឡើយ ចំណែកឥស្សរជននីមួយ ៗ ត្រូវបើកចក្ខុក្រឡេកមើលឱ្យច្បាស់ ត្រូវផ្ចង់សោតៈស្ដាប់ឱ្យជាក់ ត្រូវយកបញ្ញាពិចារណាមើលឱ្យសព្វគ្រប់ ឱ្យស្គាល់ច្បាស់ថាមនុស្សនេះមានគុណសម្បត្តិច្រើន មនុស្សនោះមានគុណសម្បត្តិតិច គួរសម្រេចការទៅតាមហេតុកុំឱ្យភាន់ច្រឡំ ក្រែងនឹងធ្លាក់ទៅក្នុងតម្រាស៊ុកគ្រលុក។
ឥស្សា សេចក្ដីច្រណែនឈ្នានីសគេ សេចក្ដីថា ការដែលបុគ្គល ឃើញគេមានលាភសក្ការ សេចក្ដីគោរពរាប់អានអំពីជនដទៃក៏ច្រណែនមិនចង់ឱ្យគេលើសខ្លួន ឬមិនចង់ឱ្យគេស្មើនឹងខ្លួនដោយលាភសក្ការ និងសេចក្ដីគោរពរាប់អានអំពីជនដទៃនោះ ដូច្នេះជាដើមហេតុនាំឱ្យកើតវិវាទទាស់ទែងគ្នាពេគបនកទុក ដូចជាព្រះទេវទត្ត ឃើញគ្រហស្ថគោរពរាប់អានព្រះថេរៈទាំងឡាយ មានព្រះសារីបុត្តនិងព្រះមោគ្គល្លានជាដើម ត្រង់ខ្លួនឯងគេមិនគោរពរាប់អាន ក៏កើតសេចក្ដីច្រណែនឈ្នានីសឡើង បែកកន្ធែកទៅតែឯងស្វែងរកពួករកបក្ខមិត្រភក្ដិបង្កហេតុវិវាទបំបែកសង្ឃ ត្រូវទោសអនន្តរិយកម្មបានបាបធ្ងន់បំផុត។
ឥស្សា សេចក្ដីច្រណែននេះ ជាឧបក្កិលេស គ្រឿងសៅហ្មងដល់ចិត្តដូចគ្នានឹង (កោធោ) វិវាទមូលទី ១ នោះដែរ ព្រោះហេតុនោះពួកសប្បុរសគួរបន្ទោបង់នូវសេចក្ដីច្រណែនចេញគួរចម្រើននូវមុទិតាព្រហ្មវិហារឱ្យដុះក្នុងសន្ដាន នឹងបានស្ងប់ស្ងាត់បាត់ច្រណែនគេ វិវាទក៏បាត់សូន្យដោយអំណាចបាត់សេចក្ដីច្រណែន។ ឯមុទិតានោះ ប្រែថា “សេចក្ដីត្រេកអររីករាយនឹងសម្បត្តិរបស់អ្នកដទៃ” គឺឃើញអ្នកដទៃបរិបូណ៌ដោយយសសក្ដិទ្រព្យធនលាភសក្ការ និងសេចក្ដីសរសើរក៏មានសេចក្ដីត្រេកអររីករាយ គ្មានច្រណែន។
សាថេយ្យំ ការប្រកាសគុណដែលមិនមានក្នុងខ្លួន នោះសេចក្ដីថា ខ្លួនមិនមានសទ្ធា អួតខ្លួនថាមានសទ្ធា, ខ្លួនមិនមានសីលបរិសុទ្ធ អួតខ្លួនថាមានសីលបរិសុទ្ធ, ខ្លួនចេះដឹងតិច អួតខ្លួនថាចេះដឹងច្រើន ដូច្នេះជាដើម។ ត្រង់ពាក្យថា “អំពីខិលខូច, ឆែបឆប, បោកប្រាស” សេចក្ដីថា ការនិយាយមិនពិតមិនត្រឹមមិនទៀងត្រង់ ការឆែបឆបឡែបឡបឱ្យតែខាងបានស៊ី ត្រង់ខុសត្រូវមិនគិត ដូចត្រីឈ្មោះអានន្តមច្ឆៈ មានកន្ទុយជាត្រី មានក្បាលដូចពស់ កាលបើជួបនឹងពួកត្រី ក៏បង្ហាញកន្ទុយថាខ្ញុំត្រីដែរ កាលបើជួបនឹងពួកពស់ ក៏បង្ហាញក្បាលថាខ្ញុំពស់ដែរ។ ត្រង់ពាក្យថា “អំពើកិច្ចកលរបស់អ្នកលេង” នោះសេចក្ដីថា ការប្រើឧបាយកលច្រើន មិនឱ្យអ្នកដទៃស្គាល់ប្រាកដថាខាងណាពោះ ខាងណាខ្នងជាដើម, ធ្វើអំពើខុសហើយចេះគេចខ្លួនដោះខ្លួនឱ្យរួចពីទោស។
ព្រះអដ្ឋកថាចារ្យ លោកលើកយកព្រះគាថា ១ មកពន្យល់អំពីបទសាថេយ្យនេះថា ៖
វាមេន សូករោ ហោតិ ទក្ខិណេន អជាមិកោ
សរេន ឯលកោ ហោតិ វិសាណេប ជរគ្គវោ។
ប្រែថា ៖ យក្ខសូករៈ (ខ្មោចជ្រូក) ១ គេមើលពីខាងឆ្វេងជាជ្រូក មើលពីខាងស្ដាំជាពពែ ស្ដាប់សំឡេងជាចៀម មើលទៅស្នែងជាគោចាស់។ បណ្ឌិតគប្បីដឹងសេចក្ដីក្នុងបទសាថេយ្យដូច្នេះឯង។
មួយទៀត សាថេយ្យនេះជាឧបក្កិលេសគ្រឿងសៅហ្មងចិត្តដូចគ្នានឹង (កោធោ) វិវាទមូល ១ នោះដែរ ព្រោះហេតុនោះ ពួកសប្បុរសគួរទូន្មានខ្លួនឱ្យល្អ គួរកុំប្រព្រឹត្តធម៌សាថេយ្យនេះឱ្យសោះ ទើបនឹងអាចបានសេចក្ដីសុខល្អឥតមានវិវាទ។
បាបិច្ឆតា = សេចក្ដីប្រាថ្នាអាក្រក់ នោះតាមពុទ្ធាធិប្បាយថា បុគ្គលខ្លះក្នុងលោកនេះមិនមានសទ្ធា ចង់ឱ្យគេដឹងថាខ្លួនមានសទ្ធា, មិនមានសីលបរិសុទ្ធ ចង់ឱ្យគេដឹងថាខ្លួនមានសីលបរិសុទ្ធ, ចេះដឹងតិចចង់ឱ្យគេដឹងថាខ្លួនចេះដឹងច្រើន, ត្រេកអរនឹងពួកគណៈ ចង់ឱ្យគេដឹងថាខ្លួនត្រេកអរនឹងទីស្ងាត់, ជាអ្នកខ្ជិលច្រអូស ចង់ឱ្យគេដឹងថាខ្លួនមានព្យាយាម, មានស្មារតិវង្វេងភ្លេច ចង់ឱ្យគេដឹងថាខ្លួនមានស្មារតីខ្ជាប់ខ្ជួន, មិនមានសមាធិ ចង់ឱ្យគេដឹងថាខ្លួនមានសមាធិ, មិនមានបញ្ញា ចង់ឱ្យគេដឹងថាខ្លួនមានបញ្ញា, ចំណង់ដូច្នេះហៅថាសេចក្ដីប្រាថ្នាអាក្រក់។
បាបិច្ឆតា សេចក្ដិប្រាថ្នាអាក្រក់នេះ អាចបណ្ដាលចេញទៅជាអំពើមិនសមគួរផ្សេង ៗ ដោយកាយខ្លះដោយវាចាខ្លះ បណ្ដាលជាវិវាទផ្សេង ៗ។ ព្រោះហេតុនោះ ពួកសប្បុរសគួរលះបង់សេចក្ដីប្រាថ្នាអាក្រក់នេះចេញ គួរតាំងនៅក្នុងសេចក្ដីសន្ដោស សេចក្ដីប្រាថ្នាតិច ជាការគាប់ប្រសើរក្នុងលោក នាំឱ្យបានសេចក្ដីសុខស្រួល នាំឱ្យបាត់វិវាទផង។
សន្ទិដ្ឋិបរាមាសិតា = សេចក្ដីប្រកាន់មាំនូវទិដ្ឋិ គឺប្រកាន់តាមសេចក្ដីយល់ឃើញរបស់ខ្លួនថា ជាការត្រូវការពិត នោះជាមន្ទិលដល់ពួកក្រុមជំនុំទាំងពួងក្នុងលោក តាំងអំពី ២ រូបឡើងទៅ នាំឱ្យសៅហ្មង ដល់កិ្ចការទាំងឡាយ របស់អ្នកដែលមានគ្នាច្រើន។ ព្រោះមនុស្សក្នុងលោកនេះមានទិដ្ឋិសេចក្ដីយល់ឃើញខុសគ្នាដោយច្រើន ព្រោះហេតុនោះ សាធុជនមិនគួរប្រកាន់សេចក្ដីយល់ឃើញរបស់ខ្លួនថាត្រូវប្រកាន់សេចក្ដីយល់ឃើញរបស់អ្នកដទៃថាខុសពេកឡើយ បើប្រកាន់ណាស់ទៅ នឹងធ្លាក់ចុះក្នុងតម្រាខ្វាក់ស្ទាបដំរីពុំខានឡើយ ដូចមានរឿងក្នុងសុត្តន្តបិដកខុទ្ទកនិកាយ គម្ពីរឧទាន ថា៖
សម័យមួយព្រះដ៏មានព្រះភាគទ្រង់គង់នៅវត្តព្រះជេតពន ទៀបក្រុងសាវត្ថី។ សម័យនោះឯងមានពួកនានាតិត្ថិយបរិព្វាជក គឺអ្នកបួសដែលមានលទ្ធិផ្សេង ៗ នៅក្នុងនគរសាវត្ថី មានវិវាទទាស់ទែងគ្នាដោយហេតុប្រកាន់ធម៌តាមយោបល់ចូលចិត្តតែរៀង ៗ ខ្លួន ខ្លះប្រកាន់ថាលោកទៀង ខ្លះថាលោកមានទីបំផុត ខ្លះថាលោកមិនមានទីបំផុត ខ្លះថាជីវិតនឹងសរីរៈជាមួយគ្នាមិនដទៃពីគ្នា ខ្លះថាជីវិតដទៃ សិរីរៈដទៃ ជាដើម។
នានាតិត្ថិយបរិព្វាជកទាំងនោះក៏ជជែកគ្នា ដណ្ដើមយកត្រូវតែរៀងខ្លួន ហើយពោលពាក្យចាក់ដោតគ្នាទៅវិញទៅមក។
គ្រានោះ មានភិក្ខុច្រើនអង្គនិមន្តចូលទៅយកបិណ្ឌបាត ក្នុងក្រុងសាវត្ថី បានជ្រាបដំណើរនោះ លុះត្រឡប់មកអំពីបិណ្ឌបាតធ្វើភត្តកិច្ចរួចហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ បានក្រាបបង្គំទូលដំណើរវិវាទ របស់ពួកនានាតិត្ថិយបរិព្វាជក តាំងអំពីដើមរហូតដល់ចប់។
ព្រះអង្គមានព្រះបន្ទូលថា បានជាពួកជនទាំងនោះ ទាស់ទែងគ្នាមានសភាពដូច្នោះ ព្រោះសេចក្ដីល្ងង់ខ្លៅ មិនដឹងអត្ថមិនដឹងធម៌ពិតប្រាកដ ហើយព្រះអង្គសម្ដែងរឿងព្រេងក្នុងនគរសាវត្ថី ជាទីសណ្ដាប់ដល់ភិក្ខុទាំងនោះថា ម្នាលភិក្ខុទាំងឡាយ ពីមុនមកមានព្រះរាជា ១ ព្រះអង្គ សោយរាជ្យក្នុងនគរសាវត្ថី ថ្ងៃមួយព្រះរាជានោះមានព្រះបន្ទូលត្រាស់បង្គាប់បុរសម្នាក់ ឱ្យជ្រើសរើសរកយកបុគ្គលខ្វាក់អំពីកំណើត ក្នុងសាវត្ថីទាំងប៉ុន្មានឱ្យមកប្រជុំគ្នាក្នុងទី ១ បុរសនោះក៏ទទួលព្រះរាជឱង្ការហើយ ក៏ចាត់ការប្រមូលអស់ពួកមនុស្សខ្វាក់អំពីកំណើតមកប្រជុំគ្នាតែក្នុងកន្លែង ១ ហើយយកសេចក្ដីក្រាបបង្គំទូលតាមដំណើរ។ ព្រះរាជាអង្គនោះមានព្រះរាជឱង្ការឱ្យយកដំរីមកឱ្យពួកជនខ្វាក់ទាំងនោះស្ទាបមើល តែពួកខ្លះឱ្យស្ទាបត្រង់ក្បាលដំរី ខ្លះស្ទាបត្រចៀក ខ្លះឱ្យស្ទាបភ្លុក ខ្លះប្រមោយ ខ្លះខ្លួន ខ្លះជើង ខ្លះខ្នង ខ្លះកន្ទុយ ខ្លះឱ្យស្ទាបត្រង់ចុងកន្ទុយ។
បុរសនោះក៏ចាត់ការឱ្យស្ទាបដំរីតាមព្រះរាជឱង្ការសព្វគ្រប់ ក៏ត្រឡប់មកក្រាបបង្គំទូលវិញ។ ព្រះរាជាក៏ទ្រង់ស្ដេចយាងទៅកាន់សម្នាក់ពួកជនខ្វាក់ទាំងនោះ ហើយទ្រង់មានព្រះរាជឱង្ការថា នែអ្នកទាំងឡាយ ចូរនិយាយតាមពិតតាមមែន ដោយចំណាំរបស់ខ្លួន អ្នករាល់គ្នាធ្លាប់បានឃើញដំរីឬទេ ? ដំរីតើដូចម្ដេច ? ដូចអ្វីខ្លះ ?។ ពួកជនងងឹតភ្នែកពីកំណើតទាំងនោះ ក៏ក្រាបបង្គំទូលតាមសញ្ញារបស់ខ្លួន គឺពួកអ្នកស្ទាបក្បាលដំរី ក្រាបបង្គំទូលថាដំរីដូចក្អមទឹក, ពួកអ្នកស្ទាបត្រចៀកថាដំរីដូចចង្អេរ, អ្នកស្ទាបភ្លុកថាដំរីដូចជានង្គ័ល, អ្នកស្ទាបប្រមោយថាដំរីដូចយាមនង្គ័ល, អ្នកស្ទាបខ្លួនថាដំរីដូចដោកស្រូវ, អ្នកស្ទាបជើងថាដំរីដូចសសរផ្ទះ, អ្នកស្ទាបខ្នងថាដំរីដូចត្បាល់, អ្នកស្ទាបកន្ទុយថាដំរីដូចអង្រែ, ពួកអ្នកស្ទាបចុងកន្ទុយដំរី យកសេចក្ដីក្រាបបង្គំទូលថាដំរីដូចអំបោសសម្រាប់បោសសំរាម។ ពួកជនខ្វាក់ទាំងនោះក៏តាំងប្រកែកគ្នា ជជែកគ្នាយ៉ាងម៉ឺងម៉ាត់ ដណ្ដើមយកផ្លូវត្រូវពិតតែរៀងខ្លួន រហូតដល់ឈ្លោះគ្នាយ៉ាងធំ ទៅជាដាល់តប់គ្នាទាត់ធាក់គ្នាពេញទំហឹង។ សម័យនោះព្រះរាជាក៏ទ្រង់ព្រះសម្រួលក្អាកក្អាយដោយអត់ទ្រាំពុំបាន។
ម្នាលភិក្ខុទាំងឡាយ បរិព្វាជកទាំងនោះ គ្មានបញ្ញាចក្ខុងងឹតងងល់ វង្វេងអត្ថក៏មិនដឹងមិនមែនអត្ថក៏មិនដឹង, ធម៌ក៏មិនដឹង មិនមែនធម៌ក៏មិនដឹង ម៉្លោះហើយទៅជាឈ្លោះគ្នា ដណ្ដើមយកត្រូវដោយសព្វខ្លួន ដូចបុគ្គលខ្វាក់អំពីកំណើតទាំងនោះឯង។
សន្ទិដ្ឋិរមាសិតា សេចក្ដីប្រកាន់មាំនៃសេចក្ដីយល់ឃើញរបស់ខ្លួនថាត្រូវថាពិត ថាការយល់ឃើញរបស់អ្នកដទៃ មិនត្រូវមិនពិតនេះ ក៏ជាហេតុឱ្យកើតវិវាទទាស់ទែងគ្នា ប្រហែលគ្នានឹងរឿងមនុស្សខ្វាក់ស្ទាបដំរីនោះឯង។
ចំណែកធម៌វិន័យព្រះពុទ្ធសាសនា ជ្រាលជ្រៅពេកណាស់ ច្រើនក្រៃលែង មិនងាយនឹងចេះចាំចូលចិត្តសព្វគ្រប់ ពុទ្ធសាសនិកជនខ្លះប្រកាន់ថាខ្លួនត្រូវ គេខុស បណ្ដាលឱ្យទៅជាវិវាទទាស់ទែងគ្នា នាំឱ្យជ្រោកជ្រាកព្រះពុទ្ធសាសនា ក៏ដូចគ្នានឹងមនុស្សខ្វាក់ស្ទាបដំរីនោះដែរ។
អាត្មាភាពសម្ដែងមកក្នុងវិវាទមូល៦ ប្រការមកនេះ ក៏សូមបញ្ចប់ទេសនាត្រឹមតែប៉ុណ្ណេះ ឯវំ។
ព្រះឧបាលិវង្ស ម៉ឹង – សែស សាស្ត្រាចារ្យ
វត្តមហាមន្ត្រី ក្រុងភ្នំពេញ
រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥