ធៀប​ពីរោះ​ភ្លេងនិងពីរោះ​ធម៌

វិចារណកថា

ភ្លេង ជាគ្រឿងធ្វើចិត្តនៃមនុស្សលោកឱ្យរំភើបរីករាយ ភ្លេងនេះបើអ្នកចេះលេងជំនាញ រមែងជាទីពីរោះនៃអ្នកស្ដាប់។ តែភ្លេងរបស់ជនជាតិណា ជនជាតិនោះស្ដាប់ពីរោះ គឺថាខ្មែរស្ដាប់ភ្លេងខ្មែរពីរោះ ខ្មែរស្ដាប់ភ្លេងបារាំងមិនពីរោះ។ ពាក្យនេះបានសេចក្ដីខ្លីមកថា អ្នកស្ដាប់ភ្លេងពីរោះ មកពីស្ដាប់បាន មិនពីរោះមកពីមិនស្ដាប់បាន។ ហេតុនេះ សូម្បីខ្មែរស្ដាប់ភ្លេងខ្មែរ បើខ្លួនមិនចេះលេងភ្លេងនោះទេ ក៏ស្ដាប់ភ្លេងខ្មែរមិនពីរោះ ទោះបីជាជាតិខ្មែរ តែបើចេះលេងភ្លេងបារាំង ក៏អាចស្ដាប់​ភ្លេងបារាំងបានពីរោះ។ ដូច្នេះ ការពីរោះនិងមិនពីរោះក្នុងរឿងស្ដាប់ភ្លេងមកតែពីអ្នកស្ដាប់ ចេះនិងមិនចេះក្នុងល្បែងភ្លេងនោះឯង។

សេចក្ដីនេះ សឱ្យឃើញច្បាស់ថា មនុស្សយើងបើបានអប់រំខ្លួនទុកក្នុងផ្លូវណា បានចេះចាំស្ទាត់ជំនាញហើយ ក្នុងពេលក្រោយមក កាលបើបានស្ដាប់ឮឬបានឃើញរបស់នោះ រមែងពីរោះឬពេញចិត្តចង់ស្ដាប់ចង់ធ្វើ ឧទាហរណ៍យ៉ាងអ្នកចេះច្រៀង ឮគេច្រៀង ក៏ចង់ច្រៀង អ្នកចេះដាល់ ក៏ចង់ប្រដាល់ អ្នកចេះលេងចត្រង្គ ឃើញគេលេងចត្រង្គ ក៏ចង់លេង ចំណែកអ្នកមិនចេះវិញ សូម្បីស្ដាប់ឮហើយមើលឃើញហើយ ក៏គ្មានចិត្តស្រើបស្រាល ចង់ច្រៀង ចង់ដាល់ ចង់លេងទេ។ រឿងនេះ បំភ្លឺឱ្យយល់បានថា អ្នកដែលមានចិត្តចំណូលក្នុងល្បែងទាំងនោះ មកពីគេពីរោះ បានជាគេពីរោះ មកពីគេបានអប់រំពីមុន។

ការស្ដាប់ព្រះធម៌ទេសនារបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ ក៏មានទំនងយ៉ាងនេះដែរ។ ព្រះសម្មាសម្ពុទ្ធទ្រង់ទេសនាក្នុងទីខ្លះ មានពុទ្ធបរិស័ទស្ដាប់រាប់ពាន់រាប់ម៉ឺននាក់ តែចំពោះអ្នកស្ដាប់ទៅហើយពីរោះសម្រេចដល់គុណវិសេស មានសោតាជាដើម មានតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ ដូចកាលព្រះបរមគ្រូនៃយើងទ្រង់ស្ដេចទៅសម្ដែងធម្មកថាអំពីមរណស្សតិ ក្នុងអគ្គាឡវវិហារ នាដែនឡាវី ក្នុងទីប្រជុំនៃបរិស័ទច្រើនពាន់។ ក្នុងពេលចប់ធម្មទេសនានោះ មានតែនាងបេសការធីតា(កូនស្រីជាងតម្បាញ)ម្នាក់ឯងទេ ដែលបានសម្រេចសោតាបត្តិផល ដោយហេតុមុនស្ដាប់ធម្មកថានេះ នាងបានភាវនាទាំងថ្ងៃទាំងយប់នូវមរណស្សតិអស់រវាង៣ឆ្នាំមកហើយ​។ រឿងឆ្លុះឱ្យយល់ច្បាស់ថា អរិយសាវ័កទាំងឡាយ ដែលបានសម្រេចមគ្គផលក្នុងពេលដែលស្ដាប់ធម៌ព្រះសម្ពុទ្ធ ព្រោះអាស្រ័យនៃកម្លាំងនៃអភិនីហារ កសាងទុកមកអំពីអតីកាលផង។

វត្ថុនិទាន(រឿងរ៉ាវ) ដែលមានចែងក្នុងគម្ពីរធម្មបទដ្ឋកថា ក្នុងរឿងនីមួយៗ លោកចែងពីរោះជា៣ជាន់គឺ ១- ពីរោះបទដើម ដោយធ្វើឱ្យអ្នកស្ដាប់ចង់ដឹងរឿងរ៉ាវ តើទៅជាយ៉ាងណាទៅ។ ២- ពីរោះបទកណ្ដាល ដោយការសម្ដែងធម៌(គាថា) តភ្ជាប់ពីរឿងនោះមក។ ៣- ពីរោះបទចុង ដោយការសម្ដែងញែកបំបែកធម៌នោះ(អដ្ឋកថា)ឱ្យល្អិតល្អន់ ធ្វើឱ្យអ្នកស្ដាប់កាន់តែចូលចិត្តជ្រៅទៅៗ។ តែរឿងនោះមានជនខ្លះបានស្ដាប់ឬបានអានហើយ ត្រង់បទដើមក៏មិនពីរោះ បទកណ្ដាលក៏មិនពីរោះ បទចុងក៏មិនពីរោះ, ជនខ្លះពីរោះតែបទដើម បទកណ្ដាលនិងចុងមិនពីរោះ, ជនខ្លះទៀត ពីរោះតែបទកណ្ដាលនិងបទចុង ត្រង់បទដើមមិនពីរោះ។

ជនដែលមិនពីរោះទាំង៣ជាន់ គឺជនគ្មានបានអប់រំក្នុងផ្លូវវិជ្ជាមកសោះ ជាមនុស្សល្ងិតដូចយប់។ ជនដែលពីរោះតែបទដើម គឺជនដែលបានអប់រំ សិក្សាវិជ្ជាបានចេះដឹងយ៉ាងបង្គួរ។ ជនដែលពីរោះតែបទកណ្ដាលនិងបទចុង គឺជនចេះដឹងជាន់ខ្ពស់ ត្រូវការចង់ស្ដាប់តែសាច់ធម៌ មិនត្រូវការចង់ដឹងរឿងរ៉ាវ។

ទស្សនាវដ្ដីកម្ពុជសុរិយាយើង ក៏មានសេចក្ដីពីរោះទំនងនឹងរឿងខាងលើនេះដែរ គឺពីរោះទី១ ដោយអត្ថបទជាធម៌អាថ៌ផ្នែកសាសនា, ពីរោះទី២ ដោយអត្ថបទផ្នែកអក្សរសាស្ត្រ, ពីរោះទី៣ ដោយអត្ថបទជាកំណត់និងប្រវត្តិការណ៍។ តែយើងក៏អាចដឹងទាន់ថា អ្នកអានទស្សនាវដ្ដីយើង មិនមែនចេះតែពីរោះគ្រប់គ្នា គ្រប់ទាំង៣ជាន់ទេ អ្នកអានខ្លះពីរោះត្រង់អត្ថបទនេះ ខ្លះពីរោះត្រង់អត្ថបទនោះ អ្នកអានខ្លះទៀត ក៏មិនពីរោះត្រង់ណាសោះ។ ព្រោះហេតុនោះ ការធ្វើឱ្យពីរោះត្រូវគ្រប់ឋានៈនៃមនុស្ស ជាការផុតវិស័យ​យើង មិនអាចធ្វើទៅបានទេ ស្រេចហើយតែអ្នកអានដែលបានអប់រំវិជ្ជាទុកឬមិនបានអប់រំវិជ្ជាទុកពីមុន ដែលជា​ភាជន៍​សម្រាប់ត្រងអត្ថរសនៃទស្សនាវដ្ដីនេះ ដូចជាអ្នកស្ដាប់ភ្លេងពីរោះនិងមិនពីរោះដូច្នោះឯង។

ពីរោះតាមឋានៈនៃមនុស្ស

កុមារាសឹងពីរោះដោយសម្ដី

លួងលោមស្ដីថាឱ្យនំផ្អែមពិសា

ប្រុសកំលោះស្រីក្រមុំឆ្ងាញ់ពាក្យថា

តែងកាយាដោយគ្រឿងនេះឆើតឆវី។

អ្នកជាប់គុកសឹងពីរោះពាក្យថារួច

ពីទោសល្មួចដែលរាជការធ្វើពេញទី

អ្នកមានរោគរុករានសព្វកាយិន្ទ្រិយ

តែងសម្ភីពីរោះពាក្យប្រាប់ឱសថ។

ពួកជនពាលសឹងពីរោះពាក្យទុច្ចរិត

ពួកបណ្ឌិតពិតពីរោះពាក្យល្អផុត

ជាវាចាមានខ្លឹមសារយ៉ាងចំហុត

សូមលំអុតបញ្ចប់រឿងពីរោះអើយ។

ពុទ្ធសាសនបណ្ឌិត្យ

សភាពល្អ៤ពួក

១- ព្រះរាជាល្អ ព្រោះទ្រង់ទសពិតរាជធម៌

២- នរជនល្អ  ព្រោះមានប្រាជ្ញា

៣- មិត្តភក្ដិល្អ ព្រោះមិនប្រទុស្ដមិត្ត

៤- សេចក្ដីសុខមាន ព្រោះមិនធ្វើបាប។

ប្រភព៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments