សម័យនេះ ប្រជាជនខ្មែរបានផ្លាស់ស្ថានភាពជាប្រទេសឯករាជ្យបរិបូណ៌ រួចចាកដោះនឹមអាណានិគមហើយ តែប្រជាជនខ្មែរមិនទាន់ផ្លាស់ជីវភាពរបស់ខ្លួន ឱ្យសមជាពលរដ្ឋប្រទេសឯករាជ្យពេញទីនៅឡើយ។
កាលប្រទេសខ្មែរនៅក្នុងនឹមអាណានិគម ខ្មែរយើងបណ្ដែតជីវភាពរបស់ខ្លួនទៅតាមតែគេជាអាណាព្យាបាល វេលាបានឯករាជ្យពេញលេញដូចសព្វថ្ងៃ ខ្មែរយើងមិនគប្បីបណ្ដែតជីវភាពដូច្នោះទៀតទេ គប្បីតែរង្កៀសខ្លួនរើខ្លួនឱ្យផុតចាកជីវភាពសម័យអាណានិគម គួរនាដូចជនជាបាវព្រាវគេ ឬកូនចៅនៅក្នុងបន្ទុកម្ដាយឪពុក តែងតែបណ្ដែតខ្លួនទៅតាមសេចក្ដីដឹកនាំរបស់ចៅហ្វាយនាយ ឬមេបាគ្រួសារ ប៉ុន្តែលុះគេបានរួចខ្លួនជាអ្នកជា ឬជាអ្នកមានភរិយាស្វាមី ជាមេបាគ្រួសារ តាំងខ្លួនផ្ទាល់ ខ្លួនឯងកាលណា គេមិនត្រូវបណ្ដែតបណ្ដោយខ្លួនដូច្នេះទៀតទេ គេត្រូវតែពឹងខ្លួនគេជាដរាប ហើយគេត្រូវតែផ្លាស់ជីវភាពរបស់ខ្លួន ទៅតាមឋានៈជាអ្នកជា ជាមេបាគ្រួសារ តាំងខ្លួនឱ្យមានជំហររឹងប៉ឹងឡើង។
ពួកទេសចរ ( អ្នកដើរពិនិត្យមើលប្រទេស ) កាលគេចូលប្រទេសណា គេឃើញតែផ្ទះសម្បែងរបស់ប្រជាជន ដែលទុកជាស្រោមខាងក្រៅរបស់រដ្ឋ ហើយយើងឃើញតែសម្លៀកបំពាក់ ឫកពាអាកប្បកិរិយារបស់ប្រជាជន ដែលទុកស្រោមខាងក្រៅរបស់ពលរដ្ឋក្នុងប្រទេសនោះ គេអាចទាយបានភ្លាមថាជាប្រទេសចម្រើន ឬមិនចម្រើន ដោយសារសម្បកក្រៅរបស់ប្រទេសនោះឯងសម្ដែងប្រាប់ឱ្យគេស្គាល់បាន។
ដូច្នេះ នៅវេលាប្រទេសខ្មែរបានឯករាជ្យពេញទី អាចគ្រប់គ្រងខ្លួនដោយខ្លួនឯងបានដូចសព្វថ្ងៃនេះ ប្រជាជនខ្មែរត្រូវតែប្រយត្ន រឿងសម្បកក្រៅឱ្យមែនទែន ហើយត្រូវតែប្រញាប់អប់រំខ្លួនឱ្យបានជាអារ្យជន ដោយស្រុះគ្នារៀបចំសម្លៀកបំពាក់ ព្រមទាំងឫកពារ និងការចេះដឹងរបស់ខ្លួន ដែលជាស្រោមរបស់ឯករាជ្យឱ្យល្អ ឱ្យរៀបរយ ឱ្យសមរម្យ តាមអារ្យធម៌របស់ប្រទេសឯករាជ្យ ដូចបរិយាយៗគោលៗតទៅនេះ ៖
សម្លៀកបំពាក់ចាត់ជា ៣ សម្រាប់ គឺ ៖
១- សម្រាប់នៅផ្ទះ
២- សម្រាប់ចេញក្រៅ
៣- សម្រាប់ចូលកាន់ទីប្រជុំជន។
វេលានៅក្នុងផ្ទះ ឬនៅក្នុងភូមិរបស់ខ្លួន ជាធម្មតា ទោះបីស្លៀកពាក់យ៉ាងណាក៏បាន តាមចូលចិត្ត តាមមានតាមបាន ឱ្យតែសមរម្យ កុំឱ្យតែថោកទាបពេក តែបើម្ចាស់ផ្ទះសុភាពបុរសកំពុងធ្វើការអ្វីនៅផ្ទះ ដោយស្លៀកតែខោ ឬសារុងមិនពាក់អាវ ហើយបើមានភ្ញៀវមករក ត្រូវយកអាវទ្រនាប់មកពាក់សិន សឹមអង្គុយសំណេះសំណាលនឹងភ្ញៀវ ទើបថ្លៃថ្នូរពេញជាម្ចាស់ផ្ទះដ៏មានសេរី។
សម្លៀកបំពាក់មិនល្អ នាំអ្នកស្លៀកពាក់ឱ្យថោកទាបឱ្យអ្នកផងមើលងាយ សម្លៀកបំពាក់ល្អ ឱ្យថ្លៃថ្នូរ ឱ្យគេញញើត បើស្លៀកពាក់ល្អ ហើយអ្នកស្លៀកពាក់ចេះរៀបឫកតាមអាកប្បកិរិយាឱ្យថ្លៃថ្នូរផងទៀតក៏រឹតតែនាំឱ្យគេសម្គាល់ថាជាមនុស្សចំណាប់ចំនួនថែមឡើង សមជាពលរដ្ឋខ្មែរឯករាជ្យមានអារ្យធម៌ខ្ពង់ខ្ពស់មែន។
ការស្លៀកពាក់ល្អនិងមិនល្អឱ្យលទ្ធផលផ្ទុយគ្នាស្រឡះ ដូចមានឧទាហរណ៍ដូចតទៅនេះ ៖
ថ្ងៃមួយ នៅក្រុងភ្នំពេញ មានអ្នកមានមុខមានមាត់ស្លៀកក្រមាពព្លាក់ចាស់ពព្លក់ មិនពាក់អាវ មិនសិតសក់ នៅធ្វើការក្នុងភូមិរបស់ខ្លួន។ ចួនជាពេលនោះ មានបុរសអ្នកដើរមករកការធ្វើ ដោយសម្គាល់ថា ជាគូលីផ្ទះនោះ បុរសនោះក៏សួរថា ” ពូ ! ម្ចាស់ផ្ទះនេះត្រូវការគូលីម្នាក់ទៀតទេ ? “។ អ្នកនោះប្រាប់ថា ” ចាំសួរលោកឱ្យ ១ ម៉ោងទៀតទើបដឹងការ ”។ ក្រោយបុរសនោះចេញទៅ អ្នកនោះងូតទឹកសិតសក់ ស្លៀកពាក់ស្អាតបាត រៀបចំឫកពាស្រួលបួល។ បុរសនោះមកវិញ ឃើញរូបដដែលស្លៀកពាក់ល្អ ក៏ត្រឡប់ជាហៅ ” ព្រះតេជព្រះគុណ ! “ ….។
នេះជាលទ្ធផលនៃការស្លៀកាពាក់អាក្រក់ ល្អ ដែលជាគ្រឿងធ្វើឋានៈមនុស្សឱ្យថោកទាបខ្ពស់ខុសគ្នា ត្រូវតាមសុភាសិត បទថា “ មាន់ល្អព្រោះរោម រូបឆោមល្អព្រោះតែង ” ដែលបានសេចក្ដីថា ប្រទេសថ្កើងរុងរឿងពីព្រោះពលរដ្ឋមានសម្លៀកបំពាក់ល្អ និងឫកពាថ្លៃថ្នូរ សុភាពរាបសារ ប្រាជ្ញាឈ្លាសវៃ។
វេលាចេញក្រៅភូមិ គប្បីប្រើសម្លៀកបំពាក់ដែលមានបោកអ៊ុតមានផ្នត់ល្អ កុំចេញទៅឆ្ងាយទាំងស្លៀកសារុង ឬស្លៀកតែខោឥតពាក់អាវ ព្រោះជាការស៊ែះពភ្លែះសៀបប្រៀបណាស់ នាំឱ្យថោកទាបជាតិ ឱ្យជនបរទេសមាក់ងាយ។
នៅទីក្រុងធំៗក្នុងប្រទេសយើង មានក្រុងភ្នំពេញជាដើម តែងតែមានការប្រជុំធំៗ រឿយៗ នៅពេលប្រជុំម្ដងៗ តែងតែមានមនុស្សច្រើនហើយជាតិផងដែលកាត់មកពីទីផ្សេងៗ ចួនកាលមានទេសចរ ដែលមិនធ្លាប់ស្គាល់ប្រទេសខ្មែរសោះមកក្នុងទីនោះផងទៀត។ ដូច្នេះ ដើម្បីឱ្យរុងរឿងប្រទេសខ្មែរ ប្រជាជាតិខ្មែរទាំងបុរស ទាំងស្ត្រី គប្បីប្រើសម្លៀកបំពាក់ប្រកបដោយពណ៌ផ្សេងៗ មានពណ៌សជាដើម ទាំងអស់គ្នា យ៉ាងណាស់ត្រឹមពណ៌ខ្មៅ ឬសំពត់ខ្មៅ អាវស កុំគប្បីប្រើសម្លៀកបំពាក់ខ្មៅសុទ្ធដែលមើលទៅឃើញខ្មៅងងឹតដូចយប់ ឬដូចហ្វូងក្អែក នាំឱ្យស្រអាប់ឯករាជ្យខ្មែរ។ មួយទៀត បើមានកិច្ចទៅហែអ្វី ឬទៅមើលពិធីអ្វី កុំគប្បីស្លៀកក្រមាពព្លាក់លែងខ្លួនរនលឈរឱបដៃ ឬអង្គុយត្របោមក្បាលជង្គង់នៅចិញ្ចើមថ្នល់ នាំឱ្យថោកទាបអារ្យធម៌ខ្មែរក្រៃពេក ប៉ុន្តែ ទោះបីស្លៀកពាក់ល្អត្រឹមត្រូវហើយ បើមិនរៀបឫកពាឱ្យថ្លៃថ្នូផងទេ ក៏នៅតែមិនរុងរឿងទៀត ព្រោះហេតុនេះ សូមបញ្ជាក់ថា លក្ខណៈដែលប្រជាជនខ្មែរត្រូវរៀបចំខ្លួន ឱ្យសមជាពលរដ្ឋខ្មែរឯករាជ្យនោះ និយាយដោយបំព្រួញមាន ៣ យ៉ាង គឺ ៖
១- ត្រូវរៀបចំសម្លៀកបំពាក់ឱ្យល្អតាមថ្នាក់ តាមពេល ដូចពណ៌នាមកហើយ។
២- ត្រូវរៀបចំអាកប្បករិយាឫកពារឱ្យថ្លៃថ្នូរ ស្វាហាប់ សណ្ដាប់ធ្នាប់ ចំណាប់ចំនួន កុំធ្វើទ្រុយៗ ត្រុនៗ ដែលនាំជនបរទេសមើលងាយ ប៉ុន្តែកុំឱ្យក្លាយទៅជាព្រហើនកោងកាច ហើយនឹងកុំបរិភោគសុរា ឬទឹកត្នោតជូរ និយាយប៉ប៉ាច់ប៉ពូ ឡូឡា សើយលាត់ តាមតៀមស្រា តាមផ្សារផ្សោ ឬតាមចិញ្ចើមថ្នល់ ដែលនាំឱ្យជនបរទេសថ្កោលមាយាទខ្មែរ។
៣- ត្រូវខំស្វែងរកការចេះដឹងនិងរៀបចំចិត្តគំនិតក្លៀវក្លា ក្លាហានរឹងប៉ឹង ម៉ឹងម៉ាត់ ដោយសម្ដែងអាការរីករាយ ឧស្សាហ៍ ស្រវាស្រទេញ រហ័សរហួន ចង់មានចង់បាន កុំចំអៀក ទម្រន់ ទន់ខ្សោយ។
កាលបើប្រទេសខ្មែរផ្លាស់ស្ថានភាព ជាប្រទេសឯករាជ្យពេញទីហើយ ប្រជាជនខ្មែរត្រូវតែប្រញាប់ប្រញាល់ផ្លាស់ជីវភាពរបស់ខ្លួនរៀងខ្លួនឱ្យបានជាអារ្យជន ដោយប្រកបតាមលក្ខណៈ ៣ យ៉ាង ដូចពោលមកដោយសង្ខេបខាងលើនេះ ទើបសមជាពលរដ្ឋឯករាជ្យពេញទី។
ឯករាជ្យពេញទីនៃប្រទេសកម្ពុជា ជាកម្លាំងដ៏ធំមួយចំពោះព្រះពុទ្ធសាសនា ជាសាសនាសម្រាប់ខេមរជាតិក្នុងកម្ពុជរដ្ឋ ដែលជារដ្ឋធម្មនុញ្ញប្រទេសកម្ពុជាបានធានាអះអាងថា ជាសាសនារបស់រដ្ឋ។
យើងសូមប្រសិទ្ធពរឱ្យកម្លាំងនេះ បានចម្រើនឡើង និងរឹងប៉ឹងមាំមួនតទៅ ដើម្បីឱ្យឧបត្ថម្ភត្រៃសរណដ្ឋាន គឺ ជាតិ សាសនា មហាក្សត្រ ឱ្យបានថ្កុំថ្កើងរុងរឿងជាភិយ្យោភាព រហូតកល្បាវសាន !
និគមវចនៈ
គ្រឹះស្ថានស្រោមរដ្ឋប្រាកដជាក់ សម្លៀកបំពាក់ស្រោមពលរដ្ឋ
ជនខ្មែរគួរកែឱ្យហ្មត់ចត់ ដើម្បីឱ្យរដ្ឋបានថ្កុំថ្កើង។
ឱ្យសមតាមភាពរដ្ឋឯករាជ្យ ឱ្យមានអំណាចប្រសើរឡើង
កសាងប្រទេសជាតិខ្មែរយើង ឱ្យល្អឱ្យថ្កុំថ្កើងទាន់សម័យ !
ចាប ពិន
លោក ជាប ពិន រៀបរៀង
ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា ឆ្នាំ១៩៥៥