ប្រធានបទ ៖ វីរភាពបណ្ឌិត កែម ឡី
សូមមិត្តបងប្អូនរៀមច្បងតកំណាព្យជាបទពាក្យប្រាំបី។ សូមមេត្តាដាក់លេខរៀងល្បះនៃកំណាព្យដែលបានសរសេរបន្តផង។
លំដាប់លំដោយក្នុងការតែង ៖
១- សេចក្ដីផ្ដើម បរិយាយអំពីទីកំណើត ប្រវត្តិសិក្សាខ្លះៗ …
២- តួសេចក្ដី បរិយាយពីបេសកកម្ម ពលិកម្មចំពោះសង្គម ការវិភាគ យុទ្ធនាការ១០០រាត្រី …
៣- សេចក្ដីបញ្ចប់ បរិយាយអំពីឃាតកម្ម វីរភាព…។
សូមចាប់ផ្ដើម ៖
១- កំណាព្យសាមគ្គីមូលមីរកវី
ទឹកចិត្តភក្ដីឃ្មាតខ្មីចងក្រង
ចារចែងជាក្បួនចុងចួនឃ្លាឃ្លោង
រួមមិត្តប្អូនបងរៀមច្បងប្រុសស្រី។
២- ឆន្ទៈរួមគ្នាម្នីម្នាតាក់តែង
ពាក្យកាព្យស្ដីស្ដែងថ្លាថ្លែងសម្ដី
រំឭកនឹកដល់បណ្ឌិតកែមឡី
កុលបុត្រខ្មែរថ្លៃប្រពៃពេកពិត។
៣- ជាអ្នកជនបទមិនក្សត់បញ្ញា
ពូកែវោហារស្នេហាការណ៍ពិត
ខំរៀនចេះដឹងពង្រឹងគំនិត
មានសមានចិត្តទិដ្ឋិសម្មា។
៤- កំព្រាឳពុកសុខទុក្ខនឹងម្ដាយ
ខិតខំត្រួសត្រាយជីវិតសិក្សា
មិនចេះខ្ជីខ្ជាឫកពារហ៊ឺហា
ប្រិតប្រៀនអាត្មាប្រាថ្នារបៀន។