សុតធនុជាតក

នានា​ជាតក
ព្រះ​ញាណ​វីរិយ ឡុង ប្រែ​ពី​បាលី​គម្ពីរ​បញ្ញាស​ជាតក
រៀប​រៀង​ជា​ភាសា​ខ្មែរ

ហាហា​បុត្ត​និវត្ត​សូតិ​ឥទំ​សត្ថា

ជេតវនេ​វិហរ​ន្តោ​មារ​ពល​ទម​នំ​អារ​ព្ភកថេសិ

កាល​ព្រះ​ពុទ្ធ​អង្គ​គង់​នៅ​ជេត​វន​វិហារ ទ្រង់​ប្រារព្ធ​នៅ​ការ​ទូន្មាន​មារ​ព្រម​ទាំង​ពល​ហើយ​សម្ដែង​នៅ​គាថា​ដូច្នេះ​ជា​ដើម​ថា

ហាហា​បុត្ត​និវុត្ត​សុ

ដ្បិត​ក្នុង​កាល​ណោះ​ភិក្ខុ​ទាំង​ឡាយ​ប្រជុំ​គ្នា​ក្នុង​ធម្ម​សភា​សាលា​ពោល​សរសើរ​គុណ​ព្រះ​សាស្ដា​ថា ម្នាល​អ្នក​ដ៏​មាន​អាយុ ព្រះ​តថា​គត​នៃ​យើង​ទាំង​ឡាយ ព្រះ​អង្គ​លះ​បង់​នៅ​សម្បត្តិ​ស្ដេច​ចក្រ​ពត្តិ​ដល់​ក្នុង​កណ្ដាប់​ដៃ ស៊ូ​យាង​ចេញ​ទៅ​បព្វ​ជា​តែ​មួយ​អង្គ​ឯង គង់​លើ​រតន​បល្លង្ក​កែវ​វជីរ​ទៀប​ដើម​ពោធិ​ព្រឹក្ស​ផ្ចាញ់​បង់​នៅ​មារ​ពល​មាន​បរិ​មណ្ឌល ៣០ យោជន៍ ​មិន​ធ្វើ​នៅ​ការ​បញ្ចេញ​វាចា​ក៏​ច្បាំង​នឹង​មារ ដែល​និមិត្ត​នូវ​ដៃ​មួយ​ពាន់​គួរ​សម្បើម​គួរ​ខ្លាច​ពន្លឹក ដោយ​កាន់​គ្រឿង​អាវុធ​គ្រប់​ដៃ​នឹង​សំឡេង​បន្លឺ​ផ្សេងៗ ព្រះ​អង្គ​ដល់​ព្រម​នូវ​សេចក្ដី​ឈ្នះ​​ប្រសើរ​វិសេស​ព្រះ​សាស្ដា​ជា​គ្រូ​យើង​មាន​អានុភាព​ច្រើន​ណាស់។

តំសុត្វា​ភគ​វា​អា​គន្ធ្វា

ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​ឮ​នៅ​ហេតុ​ភិក្ខុ​ប្រជុំ​គ្នា​ ដោយ​ទិព្វ​សោត​ហើយ​យាង​មក​ដល់ ត្រាស់​សួរ​ភិក្ខុ​ទាំង​ឡាយ​ថា អ្នក​រាល់​គ្នា​ប្រជុំ​ពោល​ក្នុង​វេលា​នេះ អំពី​រឿង​អ្វី ភក្ខុ​ក្រាប​ទូល​នៅ​ដំណើរ​សេចក្ដី​គ្រប់​ប្រការ ព្រះ​សាស្ដា​តប​ទៅ​វិញ​ថា ព្រះ​តថា​គត​ដែល​បំពេញ​បារមី ៣០ គ្រប់​គ្រាន់​ហើយ​ឋិត​នៅ​ក្នុង​សភាព​ជា​ព្រះ​ពុទ្ធ​ដល់​នូវ​សេចក្ដី​ឈ្នះ​ធំ​ក្នុង​កាល​ឥឡូវ​នេះ មិន​ជា​អស្ចារ្យ​ទេ ភិក្ខុ​កើយ​ក្នុង​កាល​មុន​ឡើយ ព្រះ​តថា​គត​មាន​ពោធិញាណ​ពុំ​ទាន់​ទុំ តថា​គត​ទូន្មាន​នៅ​ឃន្តារ​យក្ខ​ក៏​ដល់​នៅ​សេចក្ដី​ឈ្នះ​ជា​អស្ចារ្យ​ណាស់ មាន​ព្រះ​ពុទ្ធ​ដីកា​តែ​ប៉ុណ្ណេះ​ហើយ​គង់​ស្ងៀម​នៅ ភិក្ខុ​ទាំង​ពួង​ចង់​ដឹង​ក៏​ក្រាប​ទូល​អារាធនា ព្រះ​វិជិតមារ ព្រះ​អង្គ​នាំ​មក​នៅ​អតីត​និទាន​រឿង​ដែល​កន្លង​ឆ្ងាយ​មក​សម្ដែង​ប្រាប់។

អតីតេ​ភិក្ខ​វេពារាណ​សិយំ

ម្នាល​ភិក្ខុ​ទាំង​ឡាយ​កាល​កន្លង​ទៅ​ដ៏​ឆ្ងាយ មាន​ស្ដេច​មួយ​អង្គ​ព្រះ​នាម​ព្រហ្ម​ទត្ត​ស្វោយ​រាជ​សម្បត្តិ​ក្នុង​នគរ​ពារាណ​សី គ្រា​នោះ​អគ្គ​មហេសី​ព្រះ​បាទ​ព្រះ​បាទ​ព្រហ្ម​ទត្ត ឈ្មោះ​នាង​កេសនី​ជា​ប្រធាន​នៃ​ស្រី​បរិវារ ១ ហ្មឺន ៦ ពាន់ អគ្គ​មហេសី​និង​ស្រី​បរិវារ​មិន​ដែល​បាន​កូន​ប្រុស​ឬ​កូន​ស្រី​ដល់​ម្នាក់​ឡើយ។ លំដាប់​នោះ​ពួក​អ្នក​នគរ​ចូល​ទៅ​កាន់​សម្នាក់​ព្រះ​រាជា​ក្រាប​ទូល​ដើម្បី​ប្រយោជន៍​នឹង​រក្សា​វង្ស​ស្ដេច​ត​ទៅ ខណៈ​នោះ​ស្ដេច​បើក​សីហ​បញ្ជរ​ឃើញ​មហា​ជន​មក​ច្រើន​គ្នា​ទ្រង់​សួរ​ថា អ្នក​រាល់​គ្នា​មក​រក​អ្វី។ មហា​ជន​ទាំង​អស់​គ្នា​លើក​ហត្ថា​ប្រណម​ក្រាប​ទូល​ថា បពិត្រ​ព្រះ​សម្មតិ​ទេព​កាល​បើ​ព្រះ​អង្គ​ទិវង្គត​ទៅ យើង​រាល់​គ្នា​កំព្រា​គ្មាន​ទី​ពឹង ព្រះ​អង្គ​ចូរ​ប្រាថ្នា​ផ្សង​រក​ព្រះ​រាជ​បុត្ត​អាច​ដើម្បី​តំណ​រាជ​វង្ស ព្រះ​បាទ​ព្រហ្ម​ទត្ត​ស្ដេច​ទទួល​តាម​ពាក្យ​មហា​ជន​ស្រេច​ស្ដេច​ប្រជុំ​នាង​ទេវីនិង​ស្រី​ស្នំ​ទាំង​ពួង​មក​ចួប​ជុំ​ហើយ​មាន​បន្ទូល​ថា នាង​រាល់​គ្នា​ចូល​ស្ដាប់​នូវ​ពាក្យ​យើង នាង​ទាំង​អស់​ចូរ​ប្រាថ្នា​ផ្សង​កូន​រាល់ៗគ្នាថា បើ​នាង​ណា​បាន​បុត្រា អញ​នឹង​ឱ្យ​រាជ​សម្បត្តិ​ទាំង​អស់​ដល់​នាង​នោះ​ពិត។ នាង​ទេវី​និង​ស្រី​ស្នំ​បាន​ឮ​ព្រះ​រាជ​ឱង្ការ​ស្ដេច​ដូច្នោះ ក៏​ខំ​បន់​ស្រន់​ទេវតា​នៃ​ខ្លួន​ទីទៃៗ ធ្វើ​នូវ​ពលិ​កម្ម​ដល់​ទេវតា​សូម​បុត្ត​រាល់ៗគ្នា។ ស្រី​ស្នំ​ទាំង​ឡាយ​ធ្វើ​ការ​បន់​ស្រន់​ដូច្នោះ​ក៏​មិន​បាន​នៅ​កូន​ស្រី​ប្រុស​​ដល់​ម្នាក់​ឡើយ។

អថកេសនី​ទេវី​នមស្ស​មាន​មេ​វកត្វា

កាល​នោះ​នាង​កេសនី​ទេវី​ធ្វើ​នូវ​នមស្ការ​ហើយ​គិត​ថា​អញ​គង់​នឹង​បាន​ព្រះ​រាជ​បុត្រា ដល់​ថ្ងៃ​ឧបោសថ​ពេញ​បូណ៌មី ​នាង​ក្រោក​អំពី​ព្រឹក​សមាទាន​អង្គ​ឧបោសថ ចំណាយ​នូវ​កហាបណៈ​មួយ​សែន​តាក់​តែង​មហា​ទាន​ឱ្យ​ស្មូម​យាចក ស្រេច​ហើយ​នាង​ឡើង​ទៅ​គង់​លើ​ទី​អាសនៈ​របស់​ខ្លួន​ក្នុង​ផ្ទៃ​ប្រាសាទ​ខាង​លើ អង្គុយ​ពិចារណា​នូវ​ទាន​សីល​នៃ​ខ្លួន​ទើប​ធ្វើ​សេចក្ដី​ប្រាថ្នា​ថា សីល​របស់​ខ្ញុំ​ដែល​រក្សា​មិន​ដាច់​មិន​សៅ​ហ្មង​មិន​ពព្រុស​ពពាល​ទេ បុត្រា​សូម​មក​បង្កើត​ក្នុង​ឧទរ​ខ្ញុំ​កុំ​ខាន នាង​អធិដ្ឋាន​ហើយ​ក៏​ប្រាស​ផ្ទំ នាង​កេសនី​ទេវី​ដែរ​ធ្វើ​ប្លែក​អំពី​ស្រី​ដទៃ​ដូច្នេះ​នេះ ពី​ព្រោះ​ខ្លួន​នាង​ជា​ស្រី​មាន​ប្រាជ្ញា​ឆ្លាស​វៃ។

ក្នុង​ខណៈ​នោះ​អាសនៈ​ទី​អង្គុយ​របស់​ព្រះ​ឥន្ទ​ក៏​សម្ដែង​អាការ​ក្ដៅ ដោយ​តេជះ​សីល​នាង​កេសនី​ទេវី​នោះ។

អមរិន្ទ​ទេវ​រាជ​ក៏​ពិចារណា​នូវ​ហេតុ​នោះ​ជ្រាប​ថា នាង​កេសនី​ទេវី​នេះ​សមាទាន​នូវ​អង្គ​ឧបោសថ ជា​ស្រី​រក្សា​សីល​ប្រាថ្នា​ចង់​បាន​កូន​ប្រុស ថា​បើ​ដូច្នោះ​អញ​នឹង​ឱ្យ​នូវ​កូន​ដ៏​ប្រសើរ​ដល់​នាង​ទេវី​នោះ ព្រះ​ឥន្ទ​ក៏​ពិចារណា​រក​នូវ​កូន​មាន​សភាព​សម​គួរ​ដល់​នាង​ទេវី ទើប​ឃើញ​នូវ​ពោធិ​សត្ត មាន​អាយុ​ជិត​នឹង​អស់​នឹង​ច្យុត​ទៅ​បង្កើត​ក្នុង​ទេវលោក​ខាង​លើ អមរិន្ទ​ទេវ​រាជ​ស្ដេច​យាង​ទៅ​កាន់​សម្នាក់​ពោធិ​សត្ត ក៏​អញ្ជើញ​ដោយ​ទេវ​បញ្ជា​ថា ម្នាល​ទេវបុត្ត​ប្រាកដ​ស្មើ​ដោយ​យើង អ្នក​គួរ​ទៅ​កាន់​មនុស្ស​លោក កាន់​យក​នូវ​បដិ​សន្ធិ​ក្នុង​ផ្ទៃ​នាង​កេសនី​ទេវី។

សោពោធិ​សត្ត​ស្ស​សម្បដិច្ឆន្ន​ភាវំ

ព្រះ​ឥន្ទ​បាន​ដឹង​នូវ​ពោធិ​សត្ត​ទទួល​អារាធនា ក៏​ចុះ​មក​អំពី​ទេវលោក​ចូល​ទៅ​កាន់​ល្វែង​មាន​សិរី​របស់​ទេវី​ក្នុង​វេលា​បច្ចូស​សម័យ ខ្សឹប​ទៀប​ត្រចៀក​ដោយ​ពាក្យ​ថា ម្នាល​នាង​ទេវី ​នាង​ក្រោក​ឡើង​អំពី​ព្រឹក​ងួត​ទឹក​ប្រដាប់​កាយ ឈ​នូវ​ទៀប​សីហ​បញ្ជរ មាន​មុខ​ចំពោះ​ទៅ​កាន់​ទ្វារ វេលា​នោះ​មាន​សត្វ​ខ្លែង​មួយ​ពាំ​នូវ​ផ្លែ​ពុទ្រា​មក​ទម្លាក់​ក្នុង​ទី​ចំពោះ​មុខ​នាង នាង​ចូល​រើស​នូវ​ផ្លែ​ពុទ្រា​នោះ​សោយ ហើយ​ចោល​គ្រាប់​ទៅ​លើ​ផែន​ដី ​ព្រះ​រាជ​បុត្ត​នឹង​បង្កើតក្នុង​ផ្ទៃ​នាង​ដោយ​ហេតុ​នេះ ព្រះ​ឥន្ទ​ខ្សឹប​ហើយ​ក៏​ហោះ​ទៅ​កាន់​ទេវលោក​វិញ។

នាង​កេសនី​ទេវី បាន​ស្ដាប់​នូវ​ពាក្យ​នោះ​ហើយ​តើន​ឡើង​ក៏​មាន​ព្រះ​កាយ​ញាប់​ញ័រ​គិត​ក្នុង​ចិន្ដា​ថា អញ​ឃើញ​នូវ​សុបិន​និម្មិត​យ៉ាង​នេះ។ លុះ​វេលា​ព្រឹក​ឡើង​នាង​ទេវី​ស្រង់​ទឹក​ប្រដាប់​កាយ បើក​ព្រះ​កៅវតា​មាន​ភក្រ្តា​ទៅ​កាន់​ទ្វារ​ធំ​ឈ​នៅ​តាម​និយម​ដែល​ព្រះ​ឥន្ទ​ប្រាប់​សព្វ​គ្រប់​នោះ។ ខណៈ​នោះ​ព្រះ​ឥន្ទ​និមិត្ត​ខ្លួន​ជា​ភេទ​សត្វ​ខ្លែង ពាំ​ផ្លែ​ពុទ្រា​ដោយ​ជំ​ពុះ​ហើរ​មក​ទម្លាក់​ចុះ​ក្នុង​ទី​ចំពោះ​មុខ​នាង​ទេវី នាង​ទេវី​ក៏​រើស​ផ្លែ​ពុទ្រា​នោះ​សោយ​ចោល​នូវ​គ្រាប់​ទៅ​លើ​ផែន​ដី។ គ្រា​នោះ​មាន​មេ​សេះ​មួយ​ដើរ​ទៅ​ខាង​ក្រោម​ប្រាសាទ​ក៏​ទំពា​ស៊ី​នូវ​គ្រាប់​ពុទ្រា​នោះ ពោធិសត្ត​ក៏​បង្កើត​ក្នុង​ផ្ទៃ​នាង​ទេវី​ក្នុង​វេលា​ដែល​សោយ​ផ្លែ​ពុទ្រា​នោះ​ពិត។ ចំណែក​នាង​ទេវី​ក៏​ជ្រាប​ព្រះ​អង្គ​ថា​ទ្រង់​គភ៌​ក្នុង​កាល​ដែល​ពោធិ​សត្ត​ច្យុត​ចុះ​មក​សណ្ឋិត​ក្នុង​ផ្ទៃ នាង​យាង​ទៅ​កាន់​សម្នាក់​ព្រះ​ស្វាមី​ដោយ​សេចក្ដី​សាទរ​ថ្វាយ​បង្គំ​ក្រាប​ទូល​ថា បពិត្រ​ក្សត្រ​ថ្លៃ​ប្រសើរ គភ៌​សណ្ឋិត​ក្នុង​ផ្ទៃ​នៃ​ខ្ញុំ​ម្ចាស់​ហើយ​សូម​ទ្រង់​ជ្រាប។ ព្រះ​បាទ​ព្រហ្ម​ទត្ត​ជា​ភស្ដា​បាន​ស្ដាប់​ពាក្យ​នាង​ទេវី​មាន​ព្រះ​រាជ​ហឫទ័យ​ត្រេក​អរ ព្រះ​រាជ​ទាន​គ្រឿង​រក្សា​គភ៌​ដល់​នាង​ទេវី។ ចំណែក​មេ​សេះ​ដែរ​ស៊ី​គ្រាប់​ពុទ្រា​មាន​ផ្ទៃ​ពោះ​ក៏​សម្រាល​នូវ​កូន​មុន​នាង​ទេវី កូន​សេះ​នោះ​សោត​មាន​ភ្នែក​ប្រាកដ​ស្មើ​ដោយ​កុណ្ឌល ហេតុ​នោះ​ជន​ទាំង​ឡាយ​ឱ្យ​ឈ្មោះ​កូន​សេះ​នោះ​ហៅ​ថា ( មណិកក្ខ ) ឯ​នាង​ទេវី​មាន​គភ៌​បរិបូណ៌​គ្រប់​ទសមាស​ហើយ ប្រសូត​នូវ​ព្រះ​រាជ​បុត្រា​មាន​ឆវី​វណ្ណ​បី​ដូច​ជា​មាស។

ជាតក្ខ​ណេយេវស្ស

ក្នុង​កាល​ដែល​ព្រះ​រាជ​បុត្រ​ប្រសូត ស្ដេច​ទាំង​ឡាយ​នៅ​ក្នុង​ជម្ពូ​ទ្វីប​ទាំង​អស់ ក៏​បញ្ជូន​នូវ​កែវ ៧ ប្រការ​ផង នូវ​ពាន​នៃ​គ្រឿង​បណ្ដាការ​ដទៃ​ផង​មក​ថ្វាយ​ព្រះ​បាទ​ព្រហ្ម​ទត្ត ដោយ​បុញ្ញា​នុភាព​នៃ​ព្រះ​ពោធិ​សត្ត។ លំដាប់​នោះ​ព្រះ​បាទ​ព្រហ្ម​ទត្ត​ទ្រង់​ឱ្យ​ហៅ​នូវ​ព្រាហ្មណ៍​ដែល​ស្គាល់​និម្មិត​ឱ្យ​មក​ទំនាយ​លក្ខណៈ​​ព្រះ​រាជ​បុត្ត។ ព្រាហ្មណ៍​ទាំង​ឡាយ​មក​ដល់​ព្យាករណ៍​លក្ខណៈ​ថ្វាយ​ថា បពិត្រ​មហា​រាជ​មនុស្ស​​​ដែល​នៅ​ក្នុង​ទ្វីប​ធំ​ទាំង ៤ មាន​ទ្វីប​តូច ២ ពាន់​ជា​បរិវារ​ចូល​លើក​ទុក​សិន មនុស្ស​ក្នុង​ជម្ពូ​ទ្វីប​តែ​មួយ នឹង​មាន​មនុស្ស​ណា​មួយ​ឱ្យ​ចេះ​សិល្ប​សាស្រ្ត​ធ្នូ​ប្រាកដ​ស្មើ​ដោយ​ព្រះ​រាជ​ឱរស​ព្រះ​អង្គ​មិន​មាន​ឡើយ។

ព្រះ​បាទ​ព្រហ្ម​ទត្ត​ឮ​ព្រាហ្មណ៍​ព្យាករ​ដូច្នោះ ទ្រង់​ថ្វាយ​ព្រះ​នាម​ព្រះ​រាជ​បុត្ត​ឈ្មោះ (សុធនុ​កុមារ ) សុធនុ​កុមារ​​ចម្រើន​ធំ​ឡើង​ចេះ​សិល្ប​សាស្រ្ត​ធ្នូ​ហ្មត់​ចត់​មិន​មាន​អ្នក​ណា​មួយ​ស្មើ​បាន​ឡើយ។ ឪពុក​ធំ​ពោធិ​សត្ត​មាន​កូន​ពីរ​នាក់ កូន​ប្រុស​ឈ្មោះ​សេតប​កុមារ កូន​ស្រី​ឈ្មោះ​នាង​ករេណុ​វតី ជា​ប្អូន​សេតប​កុមារ។

ចំណែក​ឯ​នាង​ករេណុវតី​នោះ​មាន​រូប​ល្អ​គួរ​ទស្សនា​ជា​ទី​ជ្រះ​ថ្លា​មាន​ពណ៌​ដូច​ផ្ទៃ​ផ្កា​ឈូក ប្រកប​ដោយ​យស​សម​គួរ​ដល់​ពោធិ​សត្ត ក្នុង​សម័យ​មួយ​ពោធិ​សត្ត​លេង​ជាមួយ​នឹង​សេតប​កុមារ​ជា​ប្អូន ហើយ​គូរ​​នូវ​រូប​ស្រី​មួយ​និយាយ​ចំអន់​នឹង​ប្អូន​ថា ​ខ្លួន​យើង​មិន​ដែល​ឃើញ​ប្អូន​ស្រី​អ្នក​ឯង អ្នក​មើល​នូវ​រូប​ដែល​យើង​គូរ​​នេះ​ដូច​ប្អូន​ស្រី​អ្នក​ឬ​ទេ សេតប​កុមារ​ជា​ប្អូន​តប​ទៅ​កាន់​ពោធិ​សត្ត​ថា ប្អូន​ស្រី​ខ្ញុំ​ព្រះ​អង្គ​ធ្លាប់​ឃើញ​បាន​ជា​គូរ​​ដូច ប្អូន​ក៏​ពោល​នូវ​ពាក្យ​ដទៃ​ផ្សេងៗជា​មួយ​នឹង​ពោធិ​សត្ត។

ឯវំគតេកាលេ

កាល​កន្លង​ទៅ​ជា​យូរ ដោយ​ប្រការ​ដូច្នេះ ពោធិ​សត្ត​បាន​ព្រះ​ជន្ម ១៦ វស្សា ព្រះ​បាទ​ព្រហ្ម​ទត្ត​​ជា​បិតា​ទ្រង់​ទិវង្គត​ទៅ អ្នក​នគរ​ទាំង​ឡាយ​រៀប​ធ្វើ​នូវ​សរីរ​កិច្ច​ព្រះ​បាទ​ព្រហ្ម​ទត្ត​ហើយ មាន​ប្រាថ្នា​ដើម្បី​ធ្វើ​ការ​អភិសេក​មហា​សត្ត​បង្អោន​នៅ​សេះ​សិន្ធ​វមាន​សម្បុរ​ស​ ប្រដាប់​គ្រឿង​ប្រដាប់​ស្រេច​នាំ​ចូល​ទៅ​ថ្វាយ ពោធិ​សត្ត​មិន​ទទួល ពោធិ​សត្ត​ទ្រង់​ឃើញ​នូវ​មណិកក្ខ​អស្សតរ ត្រាស់​បង្គាប់​អាមាត្យ​ដោយ​ព្រះ​រាជ​ឱង្ការ​ថា អ្នក​ទាំង​ឡាយ​ចូរ​ប្រដាប់​នូវ​សេះ​មណិកក្ខ​នេះ​នាំ​មក​ឱ្យ​យើង​វិញ។ អាមាត្យ​ក៏​នាំ​សេះ​មណិកក្ខ​ចូល​ទៅ​ថ្វាយ ពោធិ​សត្ត​ឡើង​គង់​លើ​ខ្នង​មណិកក្ខ អាមាត្យ​ប្រគំ​នូវ​តន្រ្តី​ទាំង​ពួង​ដ៏​ច្រើន​សំឡេង​សាធុការ​ជា​មង្គល​ផ្សេងៗ នឹង​លើក​ឡើង​នូវ​ឆត្រ​និង​ទង់​រាប់​ពាន់ មណិកក្ខ​អស្សតរ​លោត​ស្ទុះ​ឡើង​កាន់​អាកាស​កម្ពស់​បាន​មួយ​ព្យាម អ្នក​នគរ​បាន​ឃើញ​នូវ​សេចក្ដី​អស្ចារ្យ​នោះ​ក៏​បន្លឺ​នៅ​សំឡេង​កង​រំពង។ សេះ​លោត​ឡើង​កាន់​អាកាស​ដោយ​លំដាប់​យ៉ាង​នេះ ចំនួន​កម្ពស់ ៧ ជួរ​ដើម​ត្នោត មហា​ជន​ឃើញ​សេះ​ហោះ​ទៅ​កាន់​អាកាស​ឆ្ងាយ​ក៏​ទៅ​ក្រាប​ទូល​នាង​ទេវី​ដែល​កំពង់​ស្រង់​ទឹក​ថា បពិត្រ​ព្រះ​នាង​ទេវី ចូរ​យាង​មក​ឆាប់ ព្រះ​រាជ​បុត្រ​ព្រះ​អង្គ​សេះ​នាំ​យក​ទៅ​ឆ្ងាយ​ហើយ ព្រះ​អង្គ​ចូរ​ឃាត់​សេះ​កុំ​ឱ្យ​ធ្វើ​យើង​រាល់​គ្នា​ឱ្យ​ទៅ​ជា​អ្នក​ខ្សត់​ទី​ពឹង​ដូច្នោះ​ឡើយ។ នាង​ទេវី​មាន​ព្រះ​កេសា​ទើប​សិត​បាន​ពាក់​កណ្ដាល ព្រះ​ពស្រ្ត​ក៏​មិន​ទាន់​ទ្រង់​ស្រេច​ស្ដេច​យាង​រួស​រាន់​ទៅ​ដល់​ជិត​ព្រះ​ទ្វារ​ទត​ទៅ​អាកាស​ឃើញ​ពោធិ​សត្ត​ទៅ​ឆ្ងាយ ទ្រង់​អត់នូវ​សេចក្ដី​សោក​មិន​បាន​ទ្រង់​គក់​ព្រះ​ឧរា​ខ្សឹក​ខ្សួល​ពោល​នូវ​គាថាថា ម្នាល​កូន​សម្លាញ់ អ្នក​ចូរ​ត្រឡប់​វិញ កុំ​ធ្វើ​មាតា​ឱ្យ​ជា​ស្រី​អនាថា ខ្លួន​មាតា​កាល​មិន​ឃើញ​នូវ​អ្នក​ជា​បុត្រ សមហឫទ័យ​នៃ​យើង​នឹង​បែក​ក្នុង​ថ្ងៃ​នេះ​មិន​ខាន​ឡើយ។

តំសុត្វា​មហា​សត្តោ

ព្រះ​មហា​សត្ត​បាន​ស្ដាប់​ពាក្យ​មាតា​សារ​សព្ទ ក៏​មាន​ហឫទ័យ​ហាក់​ដូច​ជា​នឹង​រលាយ ទ្រង់​គិត​ថា អញ​នឹង​កាប់​ក្បាល​សេះ​នេះ​ឱ្យ​ត្រឡប់​វិញ ទើប​ហូត​ព្រះ​ខ័ន​ប្រារព្ធ​នឹង​កាប់​ក្បាល​សេះ។ ខណៈ​​នោះ​សេះ​ដឹង​នូវ​អាការ​នោះ​ក៏​ក្រាប​ទូល​ថា ព្រះ​អង្គ​កុំ​គប្បី​សម្លាប់​ខ្ញុំ​ឡើយ ព្រះ​អង្គ​សម្លាប់​ខ្ញុំ​ព្រោះ​ហេតុ​អ្វី ខ្ញុំ​នេះ​អាច​ថ្វាយ​រាជ​សម្បត្តិ​ដល់​ព្រះ​អង្គ​បាន។ ពោធិ​សត្ត​ឮ​ហើយ​តប​ទៅ​ថា ពាក្យ​នេះ​ជា​ពាក្យ​ពិត​ឬ​ជា​ពាក្យ​កុហក សេះ​ក៏​ក្រាប​ទូល​ថា បពិត្រព្រះអង្គ ពាក្យ​ខ្ញុំ​នេះ​ជា​ពាក្យ​សច្ច​ពិត​ប្រាកដ​មែន។ ពោធិ​សត្ត​ក៏​ស៊ក​ព្រះ​ខ័ន​ទៅ​ក្នុង​ស្រោម​វិញ ទ្រង់​រឭក​ដល់​គុណ​មាតា​សម្រក់​ទឹក​ព្រះ​នេត្រ​ថ្វាយ​បង្គំ​អំពី​ចម្ងាយ ព្រះ​ពោធិ​សត្ត​នោះ​កាល​បើ​សេះ​នាំ​ទៅ​ដោយ​លំដាប់ ក៏​បាន​ដល់​ទៅ​សេត​នគរ។ ព្រះ​បាទ​សេត​រាជ​សោយ​សម្បត្តិ​ក្នុង​សេត​នគរ​នោះ នាង​បទុម​គព្ភា​ជា​អគ្គ​មហេសី​មាន​ព្រះ​រាជ​ធីតា​មួយ​អង្គ​ឈ្មោះ​នាង​ចីរប្បភា នាង​មាន​រូប​ល្អ​ជ្រះ​ថ្លា​គួរ​ទស្សនា​ប្រកប​ដោយ​ឆវី​វណ្ណ​ឧត្ដម មាន​ភាគ​គួរ​ប្រៀប​ដោយ​ទេព​កញ្ញា។

មាន​ស្រី​គម​ម្នាក់​ឈ្មោះ​នាង​បទុមា ជា​ស្រី​បម្រើ​ព្រះ​រាជ​ធីតា​នោះ។ ចំណែក​ឯ​ស្ដេច​ទាំង​ឡាយ​នៅ​ក្នុង​ជម្ពូ​ទ្វីប​ប្រាថ្នា​ចង់​បាន​នាង​ចីរប្បភា​រាល់ៗអង្គ បាន​បញ្ជូន​គ្រឿង​បណ្ណាការ​ជា​ច្រើន​ពាន់​ទៅ​ថ្វាយ​ព្រះ​បាទ​សេត​រាជ​ដោយ​ចង់​បាន​ព្រះ​រាជ​ធីតា។ ព្រះ​បាទ​សេត​រាជ​ក៏​ទ្រង់​ឃាត់​ដោយ​ឱង្ការ​ថា យើង​នឹង​ធ្វើ​ធីតា​យើង​ឱ្យ​ជា​ប្រពន្ធ​ព្រះ​ឥន្ទ ព្រះ​រាជ​ធីតា​យើង​នេះ មាន​សភាព​មិន​សម​គួរ​ដល់​អ្នក​រាល់​គ្នា​ឡើយ។ គ្រា​នោះ​ទ្រង់​ឱ្យ​នាង​ចីរប្បភា​ទៅ​នៅ​ក្នុង​ប្រាសាទ ៧ ជាន់ ជា​មួយ​នឹង​ស្រី​បម្រើ​ឈ្មោះ​បទុមា។

ពោធិសត្តោបិពហិ​នគរេ

ឯ​ព្រះ​ពោធិ​សត្ត ទ្រង់​ដោះ​នូវ​គ្រឿង​ប្រដាប់​សេះ​ខាង​ក្រៅ​នគរ​ហើយ​មាន​បន្ទូល​នឹង​មណិកក្ខ​​អស្សតរថា ម្នាល​សេះ អ្នក​ចូរ​ទៅ​រក​បរិភោគ​ទឹក​និង​ស្មៅ តែ​អ្នក​កុំ​ទៅ​ឆ្ងាយ​ពេក​ឡើយ ថា​បើ​យើង​នឹក​ដល់​អ្នក​កាល​ណា ចូរ​អ្នក​មក​ក្នុង​កាល​ណោះ សេះ​ក៏​ចេញ​ដើរ​រក​ស៊ី​ស្មៅ​ទៀប​ផ្លូវ​ព្រះ​នគរ​នោះ។

ចំណែក​មហា​បុរស​ព្រះ​អង្គ​ប្លែង​ភេទ​ជា​ព្រាហ្មណ៍ ដើ​ចូល​ទៅ​កាន់​នគរ ព្រាហ្មណ៍​ទាំង​ឡាយ​ដទៃ​ឃើញ​ហើយ​ក៏​ស្រឡាញ់​គ្រប់​គ្នា។ លុះ​កាល​កន្លង​ទៅ​ជា​យូរ មនុស្ស​ទាំង​ឡាយ​ប្រជុំ​គ្នា​ជា​ពួកៗ នៅ​ទី​ទៀប​ឆ្នេរ​ស្ទឹង​ខ្លះ រោង​ប្រជុំ​ខ្លះ​ រោង​ផ្សារ​​ខ្លះ កណ្ដាល​ថ្នល់​ខ្លះ ពោល​សរសើរ​នូវ​រូប​សម្បត្តិ​នៃ​នាង​ចីរប្បភា​រាជ​ធីតា។

បុប្ផា​សួរ​ថា នាង​ចីរប្បភា​ដែល​មាន​រូប​ល្អ​នោះ​តើ ដោយ​កុសល​កម្ម​ដូច​ម្ដេច។ ពាក្យ​វិសជ្ជ​នាថា នាង​ចីរប្បភា​មាន​រូប​ល្អ មាន​ពន្លឺ​កាយ​ផ្សាយ​ទៅ​អស់​កាល​យូរ ប្រាកដ​ស្មើ​ដោយ​ពន្លឺ​មាស ដោយ​ផល​ដែល​នាង​ឱ្យ​នូវ​ចតុ​ប្បច្ច័យ។

ពោធិ​សត្ត​បាន​ឮ​ពាក្យ​មនុស្ស​និយាយ​គ្នា ទ្រង់​គិត​ក្នុង​ព្រះ​ហឫទ័យ​ថា « អញ​នឹង​បាន​ឃើញ​នាង​ចីរប្បភា​ដោយ​ឧបាយ​ដូច​ម្ដេច » ទើប​ទ្រង់​លាប​ព្រះ​កាយ​ដោយ​គន្ធ​វិលេបនៈ​​ដ៏​អប់​ដោយ​គន្ធ​ជាតិ ៤ ប្រការ ប្រដាប់​កម្រង​ផ្កា ទ្រង់​គ្រឿង​អលង្ការ​ទាំង​ពួង​ស្រេច លុះ​ដល់​កណ្ដាល​អធ្រាត្រ​ស្ដេច​នឹក​ដល់​អស្សតរ។

ខណៈ​ដែល​ពោធិ​សត្ត​នឹក​នោះ មណិ​កក្ខ​អស្សតរ​ក៏​មក​ដល់​ឈរ​នៅ​ក្នុង​ទី​ជិត​ព្រះ​អង្គ​មួយ​រំពេច។

គ្រា​នោះ​មហា​សត្ត​មាន​បន្ទូល​នឹង​សេះ​ថា ម្នាល​មណិកក្ខ​យើង​ប្រាថ្នា​ចង់​ឃើញ​នាង​ចីរប្បភា យើង​នឹង​បាន​ឃើញ​នូវ​នាង​នោះ​ដោយ​ឧបាយ​ដូច​ម្ដេច។ មណិ​កក្ខ​អស្សតរ​ក្រាប​ទូល​ថា បពិត្រ​មហា​រាជ ព្រះ​អង្គ​កុំ​ព្រួយ ខ្ញុំ​នឹង​នាំ​ព្រះ​អង្គ​ទៅ។

អថ​មហា​សត្តោ​គន្ធ​មាលា​ទីនិ

លំដាប់​នោះ​មហា​សត្ត​ក៏​កាន់​យក​នូវ​គ្រឿង​ក្រអូប​នឹង​កម្រង​ផ្កា​ជា​ដើម ឡើង​គង់​លើ​សេះ​ទៅ​ដល់​មាត់​ទ្វារ​ប្រាសាទ​នាង​ចីរប្បភា ស្ដេច​លប​មើល​តាម​ប្រហោង​សោ បាន​ឃើញ​នាង​ចីរប្បភា​ផ្ទុំ​ជា​មួយ​នឹង​ស្រី​បម្រើ ទ្រង់​គិត​ថា ស្រី​នេះ​មាន​រូប​ល្អ​ណាស់​ប្រាកដ​បី​ដូច​រូប​ធ្វើ​ដោយ​មាស ទ្រង់​មាន​បន្ទូល​នឹង​មណិកក្ខ​ថា ម្នាល​មណិ​កក្ខ​ស្រី​នេះ​មាន​ឈ្មោះ​ដូច​ម្ដេច។

មណិ​កក្ខ​អស្ស​តរ​ក្រាប​ទូល​ថា ស្រី​នេះ​ឈ្មោះ​នាង​ចីរប្បភា ក្នុង​លំដាប់​នោះ​ពោធិ​សត្វ​បើក​ទ្វារ​សន្សឹមៗ ចូល​ទៅ​កាន់​ល្វែង​ជា​ទី​បន្ទុំ​នៃ​នាង​ចីរប្បភា​នោះ ទ្រង់​ទត​តាំង​តែ​អំពី​ព្រះ​សិរ​ដរាប​ដល់​ផ្ទៃ​ព្រះ​បាទ​មិន​ចេះ​ឆ្អែត​ព្រះ​ហឫទ័យ ពោធិ​សត្ត​យក​គន្ធ​ជាតិ​លាប​ព្រះ​កាយ​នាង​សព្វ​ហើយ បួង​នៅ​ព្រះ​កេសា ស្ដេច​ទស្សនា​ឆោម​នាង​មិន​ឆ្អែត​ហឫទ័យ។ លំដាប់​នោះ​ព្រះ​ពោធិ​សត្វ​យក​គន្ធ​ជាតិ​ដែល​សល់​គូរ​​រូប​កន្ធាយ​លើ​ខ្នង​នាង​បទុមា ហើយ​ប្រដាប់​ដោយ​កម្រង​ផ្កា​ដែល​សល់ ស្ដេច​ឈរ​ទត​ទៀត។ គ្រា​នោះ​មណិ​កក្ខ​អស្សតរ​ក៏​ក្រាប​ទូល​ថា បពិត្រ​ព្រះ​អង្គ មជ្ឈិម​យាម​កន្លង​ហើយ​ដល់​វេលា​បច្ឆិម​យាម​ឥឡូវ​នេះ​ហើយ ពោធិ​សត្ត​ក៏​យាង​ចេញ​មក​ឡើង​គង់​លើ​សេះ​ចេញ​ទៅ​កាន់​ទី​លំនៅ​របស់​ព្រះ​អង្គ​វិញ ហើយ​មាន​បន្ទូល​នឹង​សេះ​ថា ម្នាល​មណិ​កក្ខ​ខ្លួន​អញ​មិន​អាច​នឹង​នៅ​ឆ្ងាយ​អំពី​នាង​ចីរប្បភា​ទេ ថ្ងៃ​ក្រោយ​ទៀត​ដល់​កាល​កណ្ដាល​អធ្រាត្រ​អ្នក​មក​កាន់​សម្នាក់​យើង មណិកក្ខ​អស្សតរ​ក៏​ទទួល​តាម​ព្រះ​បន្ទូល។ លុះ​វេលា​រាត្រី​ភ្លឺ​ឡើង​នាង​ចីរប្បភា​តើន​ឡើង​ឃើញ​រូប​កន្ធាយ​លើ​ខ្នង​នាង​បទុមា​ផង​ឃើញ​នូវ​កម្រង​ផ្កា​គ្រឿង​ក្រអូប​គ្រឿង​លាប​ផង នាង​សើច​ពោល​ចំអក​ថា បទុមា​​បាន​គ្រឿង​ក្រអូប​គ្រឿង​លាប​អំពី​ទី​ឯ​ណា​មក នាង​បទុ​មា​តប​ទៅ​ថា​ បពិត្រ​ព្រះ​នាង​ជា​ម្ចាស់​ព្រះ​នាង​បាន​គ្រឿង​ក្រអូប​គ្រឿង​លាប​អំពី​ទី​ឯ​ណា​មក​លាប​ព្រះ​កាយ​ជា​អស្ចារ្យ​ពេក។

សាអាទា​សេគន្ធ​មាលា​លង្កតំ

នាង​ចីរប្បភា​ក៏​ឆ្លុះ​កញ្ចក់​មើល​ព្រះ​កាយ ឃើញ​ព្រះ​កាយ​ប្រដាប់​ដោយ​គ្រឿង​គន្ធ​មាលា គិត​ក្នុង​ព្រះ​ហឫទ័យ​ថា ប្រហែល​ជា​ស្ដេច​ទេវតា​មក​លាប​ឱ្យ​អញ​ដឹង ទើប​នាង​ប្រាប់​នាង​បទុមា​ថា វេលា​យប់​នេះ​យើង​តោង​ឃ្លាំ​មើល។ នាង​បទុមា​ក៏​ទទួល​តាម​ពាក្យ​នាង​ចីរប្បភា។ ចំណែក​ពោធិ​សត្ត​ទ្រង់​ធ្វើ​នូវ​កិច្ចការ​ដូច​ន័យ​ខាង​ដើម​ក្នុង​ថ្ងៃ​ជា​គម្រប់​ពីរ និង​គម្រប់​បី ហើយ​ចេញ​ទៅ​វិញ​ក្នុង​ថ្ងៃ​ជា​គម្រប់​បួន។ នាង​ចីរ​ប្បភា​មាន​បន្ទូល​នឹង​នាង​បទុមា​ថា ម្នាល​នាង​បទុមា នាង​ចូរ​ធ្វើ​ឧបាយ​ដើម្បី​ចាប់​នូវ​បុរស​នោះ​ឱ្យ​បាន ថា​បើ​យើង​មិន​អាច​រឭក​នៅ​ចាំ​ឃ្លាំ យើង​គប្បី​យក​ស្រទាប់​ឧប្បល​ទល់​ភ្នែក​គង់​ដេក​មិន​លក់។ ស្រី​ទាំង​ពីរ​នាក់​ពោល​ថា ឧបាយ​នេះ​គួរ​ហើយ ទើប​ធ្វើ​ដោយ​ប្រការ​ដូច្នោះ​មិន​បាន​ដេក​ឡើយ ចាំ​មើល​ពោធិ​សត្ត​យាង​មក។ លំដាប់​នោះ​ព្រះ​ពោធិ​សត្ត​​កាន់​យក​នូវ​គ្រឿង​គន្ធ​មាលា​ប្រដាប់​កាយ ឡើង​គង់​លើ​សេះ​ក្នុង​វេលា​កណ្ដាល​អធ្រាត្រ ទៅ​ដល់​ប្រាសាទ​នាង​បើក​ទ្វារ​នឹង​ចូល​ទៅ​ឃើញ​រស្មី​នៃ​នាង​ចីរប្ប​ភា​រុង​រឿង​បី​ដូច​អណ្ដាត​ប្រទីប។

ព្រះ​ពោធិ​សត្ត​ឃើញ​នាង​ចីរប្បភា​ហើយ មាន​បន្ទូល​នឹង​មណិកក្ខ​ថា ម្នាល​អស្ស​តរ អ្នក​ឃើញ​រស្មី​នាង​ចីរប្បភា​ឬ​ទេ។ សេះ​ក្រាប​ទូល​ថា ខ្ញុំ​អម្ចាស់​ឃើញ។ ចំណែក​នាង​ចីរប្បភា​កាល​ឃើញ​ពោធិ​សត្ត​ហើយ​ក៏​ខ្សឹប​នឹង​នាង​បទុមា​ថា ម្នាល​នាង​បទុមា ស្ដេច​ទេវតា​មក​ដល់​ហើយ នាង​ឃើញ​ឬ​ទេ។

នាង​បទុមា​ទូល​តប​ថា ខ្ញុំ​ម្ចាស់​ឃើញ។ ស្រី​ទាំង​ពីរ​នាក់​ឃើញ​ពោធិសត្ត​មាន​ចិត្ត​ត្រេក​អរ​បដិពទ្ធ ក៏​យក​ជាយ​សំពត់​បិទ​ភ្នែក​សម្ងំ​ដេក​បី​ដូច​ជា​ស្រី​ដែល​ដេក​លក់​ស្និទ្ធ។ ពោធិ​សត្ត​ទ្រង់​យាង​ចូល​ទៅ​កាន់​ល្វែង​ប្រាសាទ​ពោល​នូវ​ពាក្យ​ផ្សេងៗ ទើប​យក​គន្ធ​ជាតិ​ប្រដាប់​ឱ្យ​ស្រី​ទាំង​ពីរ​នាក់ ហើយ​ឈរ​សម្លឹង​រូប​នាង​ចីរប្បភា។ គ្រា​នោះ​មណិ​កក្ខ​អស្សតរ​ក៏​ក្រាប​ទូល​ទឿន​ពោធិ​សត្ត​ឱ្យ​យាង​ចេញ​មក។

ឯវន្តេន​បកោ​សិយ​មានោ

ព្រះ​ពោធិ​សត្ត​កាល​បើ​សេះ​ក្រាប​ទូល​ទឿន​យ៉ាង​នេះ ក៏​ក្រោក​សន្សឹមៗចេញ​មក ខណៈ​​នោះ​នាង​ចីរប្បភា​ក៏​ខ្សឹប​ទៀប​ត្រចៀក​នាង​បទុមា​ថា យើង​នឹង​ចាប់​បុរស​នេះ នាង​បទុមា​ក៏​ទទួល​ព្រម​តាម។ នាង​ចីរប្បភា​ទេវី​ក្រោក​ម្នីម្នា​ស្ទុះ​ទៅ​ឱប​ពាក់​កណ្ដាល​កាយ​ពោធិ​សត្ត ដោយ​ព្រះ​ហស្ត​​​ទាំង​ពីរ​ខ្ជាប់​ហើយ​ទូល​ថា​ចូរ​ឈប់​សិន​អ្នក​ថ្លៃ។ នាង​បទុមា​ក្រោក​ឡើង​ស្ទុះ​ទៅ​ចាប់​ព្រះ​បាទ​ពោធិ​សត្ត​ក្រាប​ទូល​ថា ព្រះ​អង្គ​ចូរ​ឈប់​សិន។ លំដាប់​នោះ​ពោធិ​សត្ត​មាន​បន្ទូល​នឹង​មណិ​កក្ខ​អស្សតរ​ថា​ម្នាល​សម្លាញ់​ខ្លួន​យើង​ត្រូវ​ស្រី​ពីរ​នាក់​ចាប់​ជាប់​ហើយ ឥឡូវ​នេះ​យើង​ធ្វើ​ដូច​ម្ដេច​នឹង​ចេញ​ទៅ​ទៅ​រួច​បាន។ សេះ​ទើប​ក្រាប​ទូល​ព្រះ​អង្គ​ចូរ​គង់​នៅ​​សិន​ចុះ សេចក្ដី​អាក្រក់​នឹង​មិន​មាន​ដល់​ព្រះ​អង្គ​ឡើយ។ គ្រា​នោះ​ពោធិ​សត្ត​តប​ទៅ​កាន់​សេះ​ថា កាល​បើ​មាន​ហេតុ​ភេទ​កើត​ឡើង យើង​នឹក​ដល់​អ្នក​ឯង​ក្នុង​កាល​ឯ​ណា អ្នក​ចូរ​មក​ឱ្យ​ឆាប់​ក្នុង​កាល​នោះ​កុំ​ខាន សេះ​ទទួល​តាម​ព្រះ​បន្ទូល​ហើយ​ក៏​ចេញ​ទៅ​រក​អាហារ។ សម័យ​នោះ​ពោធិ​សត្ត​ទ្រង់​ធ្វើ​ការ​រួម​រស​សំវាស​ដោយ​នាង​ចីរប្បភា​នោះ​នាង​ចីរប្បភា​ទេវី​ទូល​សួរ​ពោធិ​សត្ត​ថា « ព្រះ​អង្គ​ជា​ស្ដេច​ទេវតា​ឬ​មិន​មែន​ទេ »។

មហា​សត្ត​ឮ​នាង​សួរ​ដូច្នោះ​ទ្រង់​ព្រះ​ចិន្ដា​ថា បើ​អញ​ប្រាប់​ថា​ខ្លួន​យើង​ជា​ស្ដេច​ទេវតា ឬ​ប្រាប់​ថា​សត្វ​ដូច្នេះ​ក្ដី នាង​នោះ​ក៏​គង់​ជឿ​ពិត តែ​ថា​ប្រយោជន៍​អ្វី​ដោយ​កិរិយា​ពោល​ពាក្យ​ជា​របស់​​​អសប្បុរស​​ទាំង​ឡាយ គួរ​យើង​ពោល​នូវ​ពាក្យ​ពិត ដ្បិត​ពាក្យ​ពិត​ជា​ធម៌​ល្អ ពោធិ​សត្ត​មាន​ព្រះ​ហឫទ័យ​ប្រាថ្នា​ដើម្បី​ពោល​តាម​ត្រង់​ទើប​ទ្រង់​តប​ថា ម្នាល​នាង​មាន​ភក្រ្ដ យើង​មិន​មែន​ស្ដេច​ទេវតា​ទេ ខ្លួន​យើង​នេះ​ឈ្មោះ​សុធនុ​កុមារ​ជា​បុត្រា​ព្រះ​បាទ​ព្រហ្ម​ទត្ត​ក្នុង​នគរ​ពារាណ​សី។ នាង​ចីរប្បភា​បាន​ស្ដាប់​ពាក្យ​ពោធិ​សត្ត​ពោល​ដូច្នោះ មាន​ចិត្ត​ត្រេកអរ​បី​ដូច​ជា​បុគ្គល​យក​ទឹក​ក្រអូប ៤៦ ក្អម​មក​ស្រោច​ខ្លួន​ក្នុង​កាល​រដូវ​ក្ដៅ ក៏​នៅ​រួម​សំវាស​គួរ​ស្រឡាញ់​ជាមួយ​នឹង​ពោធិសត្ត​ក្នុង​ប្រាសាទ​នោះ។ សព្វ​ដង​មក​នាង​បទុមា​មិន​ដែល​ធ្វើ​បាយ​ទឹក​និង​កម្រង​ផ្កា​គ្រឿង​ក្រអូប​គ្រឿង​លាប​ឱ្យ​លើស​ប្រមាណ​យក​ទៅ​ថ្វាយ​នាង​ចីរប្បភា ឥលូវ​នេះ​ចាប់​ដើម​អំពី​ថ្ងៃ​ពោធិ​សត្ត​ទៅ​គង់​នៅ​ទី​នោះ នាង​បទុមា​​ក៏​កាន់​យក​នូវ​បាយ​ទឹក​ជា​ដើម ច្រើន​លើស​ជាង​អំពី​ដើម។ លំដាប់​នោះ​ស្រី​បម្រើ​ដទៃ​ឃើញ​វិប្បការ​ប្លែក​នៃ​នាង​បទុមា​នោះ​ក៏​និយាយ​ថា ម្នាល​នាង​បទុមា ហេតុ​នេះ​តើ​ជា​ដូច​ម្ដេច បាន​ជា​នាង​ធ្វើ​មិន​ដូច​ជា​កាល​មុនៗ នាង​បទុមា​ចេះ​តែ​ស្ងៀម។ ស្រី​បម្រើ​ក៏​សួរ​ទៅ​ទៀត​ថា បើ​នាង​មិន​ប្រាប់​នូវ​ហេតុ​នោះ​ទេ​ជីវិត​នាង​ឯង​នឹង​មិន​មាន​ឡើយ។

តំសុត្វា​បទុមា​ភី​តត​សិតា

នាង​បទុមា​ឮ​ពាក្យ​នោះ​ភិត​ភ័យ​ក៏​តប​ទៅ​ថា នាង​ទាំង​ឡាយ​ចូរ​រង់​ចាំ​សិន ហើយ​ក៏​ម្នីម្នា​ទៅ​កាន់​សម្នាក់​នាង​ចីរប្បភា​ទូល​នូវ​ហេតុ​នោះ នាង​ចីរប្បភា​ទូល​នូវ​ហេតុ​នោះ​ដល់​ពោធិ​សត្ត ៗ សោត​មាន​ព្រះ​ហឫទ័យ​ត្រេក​អរ មាន​បន្ទូល​នឹង​នាង​បទុមា​ថា នាង​ចូរ​ទៅ​វិញ​កុំ​ខ្លាច​ឡើយ នាង​បទុមា​ទទួល​តាម ក៏​ចុះ​ចាក​ប្រាសាទ​ទៅ​ជាមួយ​នឹង​ស្រី​បម្រើ​ទាំង​ឡាយ​ទៅ​ក្រាប​ទូល​នូវ​ហេតុ​នោះ​ដល់​ស្ដេច​នឹង​នាង​ទេវី​ជា​បិតា​មាតា​នាង​ចីរប្បភា។

ព្រះ​បាទ​សេត​រាជ​បាន​ស្ដាប់​ពាក្យ​នោះ​ទប់​ព្រះ​ហឫទ័យ​មិន​បាន​ទ្រង់​ខ្ញាល់​នឹង ​ពោធិសត្ត ហាក់​ដូច​ជា​ពស់​ដែល​ត្រូវ​វាយ​ទើប​បរិវិត​ក្ក​​ទៅ​ទៀត​ថា អញ​គួរ​ល​មើល​សិន កម្លាំង​ក្ដី ​តេជះ​ក្ដី​នៃ​​សុធនុ​កុមារ​នោះ​នឹង​មាន​ប៉ុន្មាន ខ្លួន​អញ​គង់​ឃើញ​កម្លាំង​ផង​តេជះ​ផង​នៃ​សុធនុ​កុមារ​នោះ ថា​បើ​សុធនុ​កុមារ​មិន​មាន​កម្លាំង​មិន​មាន​តេជះ​ទេ អញ​នឹង​កាត់​ក្បាល​សុធនុ​កុមារ​នោះ​វិញ​ឱ្យ​ខាង​តែ​បាន។ លំដាប់​នោះ​ព្រះ​បាទ​សេត​រាជ​ប្រាថ្នា​នឹង​ល្បង​ទើប​ទ្រង់​ឱ្យ​ប្រជុំ​ស្ដេច​នៅ​ក្នុង​ជម្ពូ​ទ្វីប​ទាំង​អស់ ត្រាស់​បង្គាប់​អាមាត្យ​ទាំង​ឡាយ​ថា រាប់​អំពី​ថ្ងៃ​នេះ​ទៅ​ចំនួន ៧ ថ្ងៃ​យើង​នឹង​ធ្វើ​មហោស្រព​ក្នុង​នគរ​នេះ អ្នក​ទាំង​ឡាយ​ចូរ​បញ្ឈរ​ទុក​នូវ​ក្ដារ​​ឈើ​ឧទុម្ពរ​កម្រាស់ ៤ ធ្នាប់​លើ​គ្នា ៧ ស្រទាប់ យក​បន្ទះ​ដែក​កម្រាស់​ពីរ​ធ្នាប់​តម្រួត​គ្នា ៧ ស្រទាប់ បញ្ឈរ​ទុក​អំពី​ខាង​មុខ​ផែន​ក្ដា​រ​ឈើ​ឧទុម្ពរ​នោះ យក​បន្ទះ​ទង់​ដែង ៧ ស្រទាប់​តម្រួត​គ្នា​បញ្ឈរ​ទុក​អំពី​ខាង​មុខ​បន្ទះ​ដែក​នោះ យក​នូវ​រទេះ ៧ ផ្ទុក​ដី​ខ្សាច់​ឱ្យ​ពេញ​បន្ទុក តែ​កុំ​ឱ្យ​ដល់​បាក់​កាំ បាក់​ភ្លៅ​រទេះ បញ្ឈរ​ទុក​អំពី​ខាង​មុខ​បន្ទះ​ទង់​ដែង​នោះ យក​ដើម​ត្នោត ៧ មក​លុង​ហើយ ច្រក​ដី​ខ្សាច់​បញ្ឈរ​ទុក​អំពី​ខាង​មុខ​រទេះ​នោះ តម្កល់​ទុក​នូវ​មិគ​យន្ត​កំពុង​វិល​ក្នុង​ទី​បំផុត​នៃ​វត្ថុ ៧ ជាន់ ទាំង ៥ មុខ​នោះ។ អាមាត្យ​ទាំង​ឡាយ​ក៏​ធ្វើ​តាម​ព្រះ​រាជ​ឱង្ការ ស្រេច​ហើយ​ក៏​ចូល​ទៅ​ក្រាប​ទូល​ដល់​ស្ដេច។ លំដាប់​នោះ​ព្រះ​បាទ​សេត​រាជ​មាន​ព្រះ​ឱង្ការ​ឱ្យ​អាមាត្យ​ទៅ​ប្រាប់​ថា កូន​អញ​ចូរ​មក​ក្នុង​ទីនេះ​ចុះ។ អាមាត្យ​ទៅ​ទូល​ដល់​ពោធិសត្ត​ថា ស្ដេច​ទ្រង់​ត្រាស់​ឱ្យ​ហៅ​ព្រះ​អង្គ ពោធិ​សត្ត​ក៏​ប្រដាប់​កាយ​ដោយ​គ្រឿង​អលង្ការ​ទាំង​ពួង​យាង​ចុះ​ចាក​ប្រាសាទ​មក​ជាមួយ​នឹង​នាង​ចីរប្បភា បី​ដូច​ជា​កេ​សររាជ​សីហ៍​ចេញ​អំពី​គុហា​កែវ​មណី​មក​ជាមួយ​នឹង​នាង​រាជ​សីហ៍ ពុំ​នោះ​សោត​បី​ដូច​ជា​ព្រះ​ឥន្ទ​ចេញ​អំពី​វេជយន្ត​ប្រាសាទ​ជាមួយ​នឹង​នាង​សុជាតា មាន​យាង​យាស​លម្អ​​ដោយ​សិរី​និង​តេជះ​ព្រះ​អង្គ​ស្ថិត​នៅ​ទៀប​ជើង​ជណ្ដើរ​រមិល​មើល​ហាក់​បី​ដូច​ជា​កម្រើក។ គ្រា​នោះ​ព្រះ​បាទ​សេត​រាជ​ក្ដី នាង​បទុម​គព្ភា​ទេវី​ក្ដី ពួក​ស្រី​ស្នំ​ក្ដី ​ស្ដេច​នៅ​ក្នុង​ជម្ពូ​ទ្វីប​ទាំង​អស់​ក្ដី ក្រឡេក​ឃើញ​ពោធិ​សត្ត​បង្កើត​ចិត្ត​រីក​រាយ​ទះ​ដៃ​ស្ទើរ​ញាប់​ញ័រ​ទាំង​ទិស​ធំ​ទាំង​ទិស​តូច។ ចំណែក​ពោធិ​សត្ត​យាង​ចុះ​ចាក​ប្រាសាទ មក​ដល់​ក៏​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​និង​នាង​ទេវី ហើយ​គង់​នៅ​លើ​ទី​គួរ​មួយ។

អថេ​សេត​រាជា​តេន​សទ្ធឹ

លំដាប់​នោះ​ព្រះ​បាទ​សេត​រាជ​ទ្រង់​ធ្វើ​នូវ​បដិ​សណ្ឋារៈ​​មួយ​អន្លើរ​ដោយ​ពោធិ​សត្ត ​មាន​ព្រះ​រាជ​ឱង្ការ​ថា យើង​ទាំង​ឡាយ​មាន​ប្រាថ្នា​ដើម្បី​ឃើញ​នូវ​កម្លាំង​នៃ​អ្នក​ក្នុង​ថ្ងៃ​នេះ។ ព្រះ​មហា​បុរស​បាន​ស្ដាប់​ហើយ​លើក​ឡើង​នូវ​អញ្ជលី​ថ្វាយ​បង្គំ​ក្រាប​ទូល​ថា សូម​ព្រះ​អង្គ​ចូរ​ទត​ចុះ ពោធិ​សត្ត​ពោល​យ៉ាង​នេះ​ហើយ​ទ្រង់​នាំ​ចេញ​នូវ​ធ្នូ​និង​កូន​សរ​អំពី​ខាង​ក្នុង​សំពត់​សាដក​សម្រាប់​ពទ្ធ​ឆៀង ព្រះ​អង្គ​បោះ​ធ្នូ​និង​បន្លោះ​ទៅ​ក្នុង​អាកាស ហើយ​ក៏​ធ្លាក់​ចុះ​មក​ក្នុង​ទី​ជិត​ទី​ប្រជុំ។ ពោធិ​សត្ត​ក៏​មាន​បន្ទូល​នឹង​ស្ដេច​ដែល​មាន​នៅ​ក្នុង​ជម្ពូ​ទ្វីប​ទាំង​អស់​ថា បើ​ស្ដេច​អង្គ​ណា​អាច ចូរ​លើក​នូវ​ធ្នូ​នោះ​ចុះ។ ស្ដេច​ទាំង​ឡាយ​នោះ​ក៏​ក្រោក​ឡើង​ទៅ​លើក​ធ្នូ​ក្នុង​ខណៈ​នោះ តែ​មិន​អាច​លើក​នូវ​ធ្នូ​ឱ្យ​រួច សូម្បី​ប៉ុន​ចុង​សសៃ​សក់ ក៏​វិល​ទៅ​ឈរ​នៅ​កន្លែង​ខ្លួន​វិញ។ លំដាប់​នោះ​ពោធិ​សត្ត​កាល​នឹង​ចាប់​នូវ​ធ្នូ ព្រះ​អង្គ​យក​កូន​ព្រះ​អង្គុលី​ថ្ពក់​នូវ​បន្លោះ​ធ្នូ​ផ្ទាប់​កូន​សរ​ដ៏​មុត មាន​ព្រះ​កាយ​ដ៏​រុង​រឿង​ដោយ​សិរី​និង​តេជះ ​បី​ដូច​ជា​ព្រះ​ឥន្ទ​មាន​កាយ​ដ៏​រុង​រឿង​ក្នុង​សង្រ្គាម​នៃ​អសុរ ទើប​មាន​បន្ទូល​នឹង​ព្រះ​បាទ​សេត​រាជ​ថា ព្រះ​អង្គ​ឱ្យ​ខ្ញុំ​បាញ់​នូវ​របស់ ៧ ស្រទាប់​ទាំង ៥ មុខ​នេះ​ចុះ។

ពោធិ​សត្តោ​សត្ត​ឧទុម្ពរ​ផល​កេ​ចេវ

ពោធិ​សត្ត​ក៏​បាញ់​នូវ​ផែន​ក្ដា​ឧទុម្ពរ ៧ ស្រទាប់ បន្ទះ​ទង់​ដែង ៧ ស្រទាប់ រទេះ​ពេញ​ដោយ​ដី​ខ្សាច់ ៧ ដើម​ត្នោត ៧ ក៏​ធ្លុះ​រហូត​ដល់​ភ្នែក​ខាង​ស្ដាំ​នៃ​មិគ​យន្ត​ដែរ​ស្ថិត​នៅ​ក្នុង​ទី​បំផុត​នៃ​វត្ថុ​ទាំង​ពួង។ ចំណែក​សរ​ដែល​មុត​ធ្លុះ​វត្ថុ​ទាំង​នោះ​ហើយ​ត្រឡប់​វិល​មក​ធ្លាក់​ចុះ​លើ​ផែនដី ក្នុង​ទី​ចំពោះ​មុខ​ពោធិ​សត្ត​វិញ ពួក​មហា​ជន​មាន​ព្រះ​បាទ​សេត​រាជ​ជា​ប្រធាន ឃើញ​នូវ​សេចក្ដី​អស្ចារ្យ​នោះ ក៏​ធ្វើ​នូវ​សំឡេង​ហ៊ោ​បោះ​ទៅ​នូវ​កម្រង​ផ្កា​និង​សំពត់​គ្រឿង​អម្ពរ លើក​ឡើង​នូវ​ទង់​សំពត់​រាប់​ដោយ​សែន​ជា​ច្រើន​បូជា។ ផែន​ដី​ធំ​មាន​កម្រាស់​ពី​រ​សែន​បួន​ហ្មឺន​យោជន៍ ក៏​លាន់​កក្រើក​ដោយ​តេជះ​នៃ​ពោធិ​សត្ត បី​ដូច​ដំរី​ដ៏​ប្រសើរ​ចុះ​ប្រេង​ក្នុង​ខណៈ​នោះ​ពិត លំដាប់​នោះ​ព្រះ​បាទ​សេត​រាជ​ព្រះ​អង្គ​ក៏​ក្រោក​ចាក​អាសនៈ​ស្ទុះ​ទៅ​ឱប​ពោធិ​សត្ត ថើប​ព្រះ​សិរិសា​ធ្វើ​វិវាហ​មង្គល​ក្នុងពេល​​​នោះទៅ។ លុះ​កាល​កន្លង​ទៅ​ដោយ​ប្រការ​ដូច្នេះ​ជា​យូរ ក្នុង​ថ្ងៃ​មួយ​ពោធិ​សត្ត​ផ្ទុំ​ក្នុង​ប្រាសាទ​ជាមួយ​នឹង​នាង​ចីរប្បភា ទ្រង់​រឭក​ព្រះ​មាតា​ក្នុង​វេលា​បច្ចូសម័យ មិន​អាច​ដើម្បី​ទប់​អស្ស​ជល​នេត្រ​បាន ទ្រង់​ព្រះ​កន្សែង​សោក​ពោល​ជា​បទ​គាថាថា ៖ ប្រយោជន៍​ដូច​ម្ដេច​នឹង​មាន​ដល់​យើង ខ្លួន​យើង​កាល​មិន​ឃើញ​មាតា​នឹង​ក្ស័យ​ជីវិត តែ​យើង​នឹង​ទៅ​កាន់​សម្នាក់​មាតា​ដោយ​ប្រការ​ដូច​ម្ដេច ពោធិ​សត្ត​ពោល​យ៉ាង​នេះ​ហើយ​ក៏​បរិ​ទេវនា​ការ​កើត​សេចក្ដី​សោក​ក្នុង​ហឫទ័យ​គួរ​ស្រណោះ។ លំដាប់​នោះ នាង​ចីរប្បភា​ទេវី​តើន​ឡើង​ក៏​សួរ​ពោធិ​សត្ត​ថា ព្រះ​អង្គ​ទ្រង់​ព្រះ​កន្សែង​អំពី​ហេតុ​អ្វី។ ពោធិ​សត្ត​ព្រះ​អង្គ​មិន​ប្រាប់​ដល់​នាង​ទេវី នាង​ទេវី​ទូល​សួរ​អស់​វារៈពីរ​ដង​បី​ដង ព្រះ​អង្គ​សម្រក់​ទឹក​ព្រះ​នេត្រ​ពោល​នូវ​គាថាថា ម្នាល​នាង​ដ៏​ចម្រើន បង​រឭក​ព្រះ​មាតា ចាប់​ដើម​អំពី​កាល​បង​ចេញ​ចាក​ព្រះ​នគរ​មក មណិ​កក្ខ​អស្សតរ​នាំ​បង​មក​ដល់​ទី​នេះ ដើម្បី​ប្រយោជន៍​ឱ្យ​បាន​នាង។ នាង​ចីរប្បភា​បាន​ស្ដាប់​ពាក្យ​ពោធិ​សត្ត​ហើយ​ទូល​ថា បើ​ដូច្នោះ​ព្រះ​អង្គ​នឹង​ធ្វើ​ដូច​ម្ដេច។ ពោធិ​សត្ត​តប​ថា ម្នាល​នាង យើង​ព្រាត់​មាតា​មិន​អាច​នឹង​រស់​នៅ​បាន យើង​នឹង​ទៅ​កាន់​សម្នាក់​ព្រះ​មាតា។ នាង​ទេវី​ក៏​ក្រាប​ទូល​ថា បពិត្រ​ក្សត្រ​ថ្លៃ ខ្ញុំ​ម្ចាស់​នឹង​ទៅ​ជាមួយ​នឹង​ព្រះ​អង្គ ស្ដេច​យាង​ទៅ​ទី​ណា ខ្ញុំ​ម្ចាស់​ក៏​ទៅ​កាន់​ទី​នោះ​ដែរ។ ពោធិ​សត្ត​ក៏​ឃាត់​ទៅ​នាង​ទេវី​ថា នាង​កុំ​គាប់​ចិត្ត​ទៅ​នឹង​យើង​ឡើយ។ នាង​ទេវី​មិន​ព្រម​ចេះ​តែ​អង្វរ ពោធិ​សត្ត​ក៏​ព្រម​ថា នាង​ទៅ​នឹង​យើង​ក៏​ល្អ​ដែរ។

លុះ​ដល់​រាត្រី​ភ្លឺ​ឡើង ពោធិ​សត្ត​យាង​ទៅ​កាន់​សម្នាក់​ឪពុក​ម្ដាយ​ក្មេក​ថ្វាយ​បង្គំ​មលា​ទូល​ថា បពិត្រ​ព្រះ​អង្គ​មាន​ព្យាយាម​ធំ ខ្ញុំ​មក​នៅ​ក្នុង​ទី​នេះ​យូរ​ហើយ មិន​បាន​ឃើញ​មាតា ឥឡូវ​នេះ​ខ្ញុំ​នឹង​ទៅ​ឱ្យ​ឃើញ​មាតា។ លំដាប់​នោះ​ស្ដេច​និង​នាង​ទេវី​ក៏​ទ្រង់​ឃាត់​ដោយ​ប្រការ​ផ្សេងៗ តែ​មិន​សម្រេច ទើប​មាន​ព្រះ​រាជ​ឱង្ការ​ថា ម្នាល​កូន ថា​បើ​អ្នក​ទៅ ចូរ​យក​ប្អូន​ស្រី​អ្នក​ទៅ​ផង​ចុះ។ បិតា​មាតា​ក្មេក​អង្វរ​ឱ្យ​យក​នាង​ចីរប្បភា​ទៅ​ជាមួយ​ពោធិ​សត្ត​ចេះ​តែ​ឃាត់​មិន​ព្រម​យក​ទៅ។ គ្រា​នោះ​ព្រះ​បាទ សេត​រាជ​មាន​បន្ទូល​នឹង​ពោធិ​សត្ត​ថា ម្នាល​កូន ធម្មតា​ស្ដេច​ទាំង​ឡាយ​រមែង​ពោល​វាចា​ពីរ​បី យើង​ឱ្យ​កូន​ស្រី​ដល់​អ្នក​ហើយ​អ្នក​ចូរ​នាំម​ប្រពន្ធ​អ្នក​ទៅ​ចុះ។ ពោធិ​សត្ត​ក៏​ទទួល​តាម​ព្រះ​ឱង្ការ។ លំដាប់​នោះ​ស្ដេច​និង​នាង​ទេវី​ធ្វើ​មហោ​ស្រព​រៀប​មង្គល ការ​ពោធិ​សត្ត​និង​នាង​ចីរប្បភា​ទាំង​ពីរ​អង្គ ដល់​ថ្ងៃ​ក្រោយ​ទ្រង់​ប្រដាប់​ព្រះ​រាជ​ធីតា​ហើយ​ព្រះ​រាជ​ទាន​ឱវាទ​ដល់​ព្រះ​រាជ​ធីតា​ថា នាង​កុំ​ធ្វើ​សេចក្ដី​ធ្វេស​ឡើយ នាង​កុំ​ប្រមាទ នាង​ចូរ​ស្ថិត​នៅ​ក្នុង​អប្បមាទ នៅ​ក្នុង​សម្នាក់​ប្ដី​គប្បី​គោរព​ប្ដី​ចុះ ស្ដេច​ប្រទាន​ឱវាទ​ដល់​ព្រះ​រាជ​ធីតា​ដោយ​ប្រការ​ដូច្នេះ ទើប​ត្រាស់​បង្គាប់​ឱ្យ​តាក់​តែង​ស្បៀង​ដើរ​ផ្លូវ​ហើយ ព្រះ​រាជ​ទាន​នាង​ចីរប្បភា​ដល់​ពោធិ​សត្ត។ ចំណែក​ពោធិ​សត្ត​ក៏​ថ្វាយ​បង្គំ​ព្រះ​បាទ​សេត​រាជ​នឹង​នាង​ទេវី​ស្មារ​លា​ទោស​ស្រេច​យាង​ចុះ​ចាក​ប្រាសាទ​ជាមួយ​នឹង​នាង​ចីរប្បភា លំនាំ​បី​ដូច​ជា​ព្រះ​ឥន្រ្ទ ទ្រង់​លា​មហា​ជន​ពោល​ជា​បទ​គាថាថា ​ម្នាល​អ្នក​ទាំង​ឡាយ​យើង​លា​ហើយ ទោស​ខុស​​ដោយ​វាចា​ឯ​ណា​នីមួយ​នៃ​យើង​មាន អ្នក​ទាំង​ឡាយ​ចូរ​អត់​នូវ​ទោស​នោះ អ្នក​ទាំង​អស់​គ្នា​ទាំង​ក្មេង​ទាំង​ចាស់​ចូរ​កុំ​ធ្វើ​បាប​ឡើយ។ លំដាប់​នោះ​មហា​ជន​ទាំង​ពួង​លើក​អញ្ជលី​ប្រណម្យ​ឈរ​យំ​សម្រក់​ទឹក​ភ្នែក មហា​ជន​មាន​អាមាត្យ​ជា​ដើម​ក៏​ពោល​រៀប​រាប់​ផ្សេងៗថា យើង​ធ្លាប់​ឃើញ​នូវ​ព្រះ​កាយ​ព្រះ​អង្គ​ទាំង​ពីរ អំពី​នេះ​ទៅ​យើង​នឹង​មិន​បាន​ឃើញ​ព្រះ​អង្គ​អស់​កាល​ទាំង​ពួង​មិន​បាន​ឃើញ​នូវ​ព្រះ​កាយ​មុខ​គួរ​អាល័យ​ដ៏​ប្រកប​ដោយ​សិរី​និង​អានុភាព​ច្រើន ឱះ​ឱ​យើង​ទាំង​ឡាយ​មុខ​ជា​ព្រាត់​ប្រាស​អស់​កាល​យូរ​ហើយ មហា​ជន​ពោល​រៀប​រាប់​យ៉ាង​នេះ​ឈរ​មើល​រាល់​គ្នា។

តតោ​មហា​បុរិ​សោម​ណិ​កក្ខំ

លំដាប់​នោះ​ព្រះ​មហាបុរស​ទ្រង់​នឹក​ដល់​មណិ​កក្ខ​អស្សតរ ​ខណៈ​នោះ​សេះ​ក៏​មក​ដល់​ ឈរ​នៅ​ក្នុង​ទី​ចំពោះ​ព្រះ​ភក្រ្ត។ មហា​បុរស​ទ្រង់​ឱ្យ​នាង​ទេវី​ជិះ​ខាង​ក្រោយ ព្រះ​អង្គ​ឡើង​ជិះ​ខាង​មុខ​ដោយ​ព្រះ​អង្គ​ឯង សេះ​ក៏​នាំ​ក្សត្រី​ក្សត្រា​ទាំង​ពីរ​ហោះ​ទៅ​ក្នុង​អាកាស ហោះ​ទៅ​មួយ​ថ្ងៃ​បាន​ចម្ងាយ​ផ្លូវ ៧០០ យោជន៍ នាង​ចីរប្បភា​ទេវី​មាន​ព្រះ​ភក្រ្ត​ស្រពោន​ដោយ​ត្រូវ​ខ្យល់​និង​កម្ដៅ​ថ្ងៃ ដ្បិត​សេះ​ហោះ​លឿន​ណាស់ នាង​មិន​ធ្លាប់​លំបាក​ព្រះ​កាយ​អស់​កាល​មក​យូរ​ហើយ​ក៏​ដល់​នៅ​វិសញ្ញី​ភាន់​ភាំង​បាត់​ស្មារតី​មិន​ដឹង​ព្រះ​កាយ។ ពោធិ​សត្ត​ទ្រង់​ឃើញ​នាង​ទេវី​មាន​មុខ​ស្រពោន​សរីរកាយ​លំបាក ព្រះ​អង្គ​កាន់​យក​ស៊ែ​មាស​បោស​ទៅ​ខាង​មុខ​មាន​បន្ទូល​នឹង​សេះ​ថា ម្នាល​មណិ​កក្ខ អ្នក​ចូរ​ឈប់​សិន ​មណិ​កក្ខ​អស្សតរ ពោល​ឃាត់​ពោធិ​សត្ត​ថា បពិត្រ​ព្រះ​សម្មតិ​ទេព ព្រះ​អង្គ​កុំ​គាប់​ព្រះ​ហឫទ័យ​នឹង​ឈប់​ក្នុង​ទី​នេះ​ឡើយ ដ្បិត​ប្រទេស​នេះ​ឃន្តារ​យក្ខ​វា​រក្សា​ទុក។

បុប្ផា​សួរ​ថា ហេតុ​អ្វី​បាន​ជា​ឃន្តារ​យក្ខ​រក្សា​ប្រទេស​នោះ វិសជ្ជនាថា ឃន្តារ​យក្ខ​នេះ​ទៅ​នៅ​ដង​ទឹក​បម្រើ​ព្រះ​វេស្ស​វ័ណ​ចំនួន​បី​ឆ្នាំ លុះ​គ្រប់​បី​ឆ្នាំ​ហើយ យក្ខ​មាន​ប្រាថ្នា​ដើម្បី​ស៊ី​សាច់​មនុស្ស​ក៏​អង្វរ​សូម​ពរ​ព្រះ​វេស្ស​វ័ណ ព្រះ​វេស្ស​វ័ណ​មិន​អាច​ឃាត់​ក៏​ប្រាប់​ទៅ​ឃន្តារ​យក្ខ​ថា ម្នាល​យក្ខ ថា​បើ​អ្នក​ប្រាថ្នា​ចង់​ស៊ីសាច់​មនុស្ស​យ៉ាង​នេះ អ្នក​ចូរ​រក្សា​នូវ​ប្រទេស​នេះ​ចុះ អ្នក​ចូរ​និ​ម្មិត​​បណ្ណ​សាលា​មួយ​ក្នុង​ទី​ឱកាស​នោះ ហើយ​តម្កល់​ទុក​នូវ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ​ទាំង​ពួង​ដ៏​ជា​របស់​នៃ​មនុស្ស បើ​មនុស្ស​ឯ​ណា​ចូល​ទៅ​នៅ​ក្នុង​បណ្ណ​សាលានោះ អ្នក​មក​ហើយ​សួរ​អ្នក​នោះ​អស់​វារៈបី​ដង​ថា អ្នក​ណា​មក​នៅ​ក្នុង​បណ្ណ​សាលា​នេះ​រហូត​រាត្រី ក្នុង​វារ​ជា​គម្រប់​បី មនុស្ស​នោះ​ឱ្យ​នៅ​ពាក្យ​តប​ដល់​អ្នក​ថា ខ្លួន​យើង​នៅ​ក្នុង​បណ្ណ​សាលា​នេះ អ្នក​កុំ​ស៊ី​នូវ​មនុស្ស​នោះ​ឡើយ បើ​មនុស្ស​ឯ​ណា​កាល​អ្នក​សួរ​អស់​វារៈ​បី​ដង​ហើយ​មិន​ឱ្យ​នូវ​ពាក្យ​តប​ដល់​អ្នក​វិញ អ្នក​ចូរ​ទំពា​ស៊ី​នូវ​មនុស្ស​នោះ​ចុះ។

ឃន្តារ​យក្ខ​បាន​ពរ​អំពី​សម្នាក់​ព្រះ​វេស្ស​វ័ណ​យ៉ាង​នេះ​ហើយ ក៏​ត្រឡប់​មក​កាន់​កាប់​ប្រទេស​នោះ ធ្វើ​បណ្ណ​សាលា​តម្កល់​ទុក​នូវ​គ្រឿង​ដែល​គួរ​មនុស្ស​បរិភោគ​ហើយ​រក្សា​ទុក។

នៅ​មាន​នាង​យក្ខីនី​ម្នាក់​ឈ្មោះ​នាង​អញ្ជនវតី​ជា​ប្អូន​ស្រី​នឃន្តារ​យក្ខ​នោះ ឃន្តារ​យក្ខ​ធ្វើ​នូវ​ប្រាសាទ​ទៀប​ឆ្នេរ​សមុទ្ទ​ហើយ​ប្លន់​យក​រាជ​ធីតា​នៃ​ស្ដេច​ក្នុង​ជម្ពូ​ទ្វីប​ទាំង​អស់ ទៅ​ទុក​ដើម្បី​ជា​បរិវារ​នៃ​នាង​អញ្ជនវតី​នោះ នាង​ករេណុ​វតី​ក៏​នៅ​ក្នុង​ប្រាសាទ​នោះ​ផង ឃន្តារ​យក្ខ​សោត​ក៏​នៅ​ក្នុង​ប្រាសាទ​ដ៏​ជិត​នឹង​ប្រាសាទ​នាង​យក្ខិនី​នោះ​ដែរ ហេតុ​នោះ​បាន​ជា​មណិកក្ខ​អស្សតរ ឃាត់​ពោធិ​សត្ត​ថា ព្រះ​អង្គ​កុំ​គង់​នៅ​ក្នុង​ទី​នេះ​ឡើយ ដោយ​ប្រការ​ដូច្នេះ​ឯង។

ពោធិ​សត្តោ​តត្ថ​បត្វា​សា​លំទិស្វា

ពោធិ​សត្ត​មក​ដល់​ប្រទេស​នោះ ឃើញ​បណ្ណ​សាលា​ទ្រង់​សួរ​មណិ​កក្ខ​អស្សតរ​ថា សាលា​នេះ​តើ​ជា​របស់​អ្នក​ណា។ មណិ​កក្ខ​អស្សតរ​ក្រាប​ទូល​ថា សាលា​នេះ​ជា​របស់​ឃន្តារ​យក្ខ ពោធិ​សត្ត​សួរ​ទៅ​ទៀត​ថា ម្នាល​មណិ​កក្ខ​យក្ខ​ស៊ី​មនុស្ស​ទាំង​អស់​គ្នា ឬ​មាន​មិន​ស៊ី​មនុស្ស​ខ្លះ​ដែរ សេះ​ក្រាប​ទូល​ថា យក្ខ​មិន​បាន​ស៊ី​មនុស្ស​ទាំង​អស់​គ្នា​ទេ។ ពោធិ​សត្ត​មាន​បន្ទូល​ថា ម្នាល​មណិកក្ខ ​នាង​ទេវី​នឿយ​ហត់​ណាស់ បើ​យើង​នឹង​ទៅ​ឈប់​ខាង​នាយ ជីវិត​នាង​ចីរប្បភា​ប្រហែល​ជា​គ្មាន ហេតុ​នោះ​យើង​ទាំង​ឡាយ​គួរ​ចុះ​ក្នុង​ទី​នេះ​សម្រាក​សិន។ មណិ​កក្ខ​អស្សតរ​មិន​អាច​ឃាត់​ពោធិ​សត្ត ក៏​ចុះ​អំពី​អាកាស​ដាក់​ពោធិ​សត្ត​ក្នុង​ទី​នោះ ឱ្យ​នាង​ទេវី​ងួត​ទឹក​ក្ដៅ​ដែរ​យក្ខ​តម្កល់​ទុក​ក្នុង​សាលា​នោះ​នឹង​ឱ្យ​បរិភោគ​អាហារ​របស់​យក្ខ។ លំដាប់​នោះ​មហា​សត្ត​មាន បន្ទូល​នឹង​សេះ​ថា ម្នាល​មណិកក្ខ យើង​ដេក​ក្នុង​ទី​នេះ​ផ្លាស់​វេន​គ្នា អ្នក​ចូរ​ដេក​មុន​យើង ៗ នៅ​រក្សា​អ្នក សេះ​ទូល​ថា ព្រះ​អង្គ​កុំ​រក្សា​ខ្ញុំ​ឡើយ​ខ្ញុំ​នឹង​រក្សា​ព្រះ​អង្គ។ ពោធិ​សត្ត​តប​ទៅ​កាន់​សេះ​ដើម្បី​ឱ្យ​សេះ​ដេក​មុន​ថា ម្នាល​មណិកក្ខ​ខ្លួន​អ្នក​មក​ដោយ​ភា ដ៏​ធ្ងន់​មាន​កាយ​លំបាក​ណាស់ គប្បី​សម្រាក​ខ្លួន ចូរ​ដេក​សិន​ចុះ​យើង​នឹង​រក្សា​អ្នក​ឯង។ កាល​បើ​ពោធិ​សត្ត​ពោល​យ៉ាង​នេះ​មណិកក្ខ​អស្សតរ​ក្រាប​ទូល​ថា កុំ​ព្រួយ​​​​​​​ព្រះ​ហឫទ័យ ខ្ញុំ​អាច​ការពារ​សេចក្ដី​អន្តរាយ ត្រូវ​នៅ​មើល​សិន ព្រះ​អង្គ​ផ្ទុំ​ចុះ ខ្ញុំ​នឹង​រក្សា​ព្រះ​អង្គ។ ពោធិ​សត្ត​បាន​ស្ដាប់​ពាក្យ​សេះ ក៏​ទទួល​ថា​ ម្នាល​អ្នក​ជា​សប្បុរស  ពាក្យ​អ្នក​ពោល​នេះ​ពីរោះ​ណាស់ ហើយ​ព្រះ​អង្គ​ក៏​ផ្ទុំ​មុន​ទៅ។ ក្នុង​វេលា​បឋម​យាម​រាត្រី​នោះ ​ឃន្តារ​យក្ខ​មក​គោះ​ទ្វារ​សាលា​សួរ​ថា អ្នក​ណា​នៅ​ក្នុង​សាលា​នេះ។ មណិកក្ខ​អស្សតរ​ឱ្យ​ពាក្យ​តប​ទៅ​យក្ខ​ថា ​យើង យក្ខ​ឮ​ពាក្យ​នោះ​ហើយ​ថយ​ចេញ​ទៅ យូរ​បន្តិច​យក្ខ​មក​ម្ដង​ទៀត​សួរ​ថា អ្នក​ណា​នៅ​ក្នុង​សាលា​នេះ មណិ​កក្ខ​អស្សតរ​ឱ្យ​នូវ​ពាក្យ​តប​ទៅ​យក្ខ​ថា យើង យក្ខ​ក៏​ចៀស​ចេញ​ទៅ​ដោយ​គិត​ថា​អ្នក​នេះ​មិន​ទាន់​ដេក​លក់​ទេ។ ឃន្តារ​យក្ខ​មក​សួរ​ដោយ​លំដាប់​ដូច​ន័យ​ខាង​ដើម ដរាប​ចូល​មជ្ឈិម​យាម លំដាប់​នោះ​ពោធិ​សត្ត​តើន​ឡើង​មាន​បន្ទូល​នឹង​មណិ​កក្ខ​អស្សតរ​ថា ម្នាល​មណិកក្ខ​អ្នក​ចូរ​ដេក​ចុះ យើង​នឹង​រក្សា​អ្នក សេះ​ទទួល​តាម​បន្ទូល​ហើយ​ក៏​ដេក​ទៅ។

តស្មឹខណេបិយក្ខោ​អាគន្ត្វា​ទ្វា​រំ​អាកោ​ដេត្វា

ខណៈ​នោះ​ឃន្តារ​យក្ខ​មក​ហើយ​គោះ​ទ្វារ​សួរ​ថា អ្នក​ណា​នៅ​ក្នុង​សាលា​នេះ មហា​សត្ត​ប្រាប់​ទៅ​ថា យើង យក្ខ​ក៏​ចៀស​ទៅ​យូរ​បន្តិច​ត្រឡប់​មក​សួរ​ទៀត​ថា អ្នក​ណា​នៅ​ក្នុង​សាលា​នេះ ពោធិ​សត្ត​ប្រាប់​ទៅ​យក្ខ​វិញ​ថា​ យើង យក្ខ​មក​សួរ​អស់​វារៈ​បី​ដង​ដូច​ន័យ​មុន ដរាប​ចូល​បច្ឆិម​យាម ព្រះ​ពោធិ​សត្ត​ក៏​ឱ្យ​នូវ​ពាក្យ​តប​ដល់​យក្ខ​ក្នុង​កាល​នោះៗរាល់​ដង។ លំដាប់​អំពី​នោះ​មក​ដល់​វេលា​បច្ឆិម​យាម នាង​ទេវី​ក៏​តើន​ឡើង​ក្នុង​កាល​ជិត​ភ្លឺ ក៏​អង្វរ​ព្រះ​ភស្ដា​ឱ្យ​ផ្ទុំ ដ្បិត​កាល​យាង​មក​បាន​សេចក្ដី​នឿយ​លំបាក​ដោយ​ខ្យល់​នឹង​កម្ដៅ​ថ្ងៃ​ពាក់​ត្រូវ ព្រះ​ពោធិ​សត្ត​ធ្វើ​តាម​ពាក្យ​នាង​ទេវី​ព្រះ​អង្គ​ក៏​ផ្ទុំ​លក់​ទៅ លំដាប់​នោះ​យក្ខ​មក​គោះ​ទ្វារ​សួរ​ថា​អ្នក​ណា​នៅ​ក្នុង​សាលា​នេះ។ នាង​ទេវី​ឱ្យ​នូវ​ពាក្យ​តប​ដល់​យក្ខ​ដោយ​សម្ដី​ដ៏​ទន់​ភ្លន់​ថា​ យើង យក្ខ​ឮ​នូវ​ពាក្យ​នោះ​ហើយ​ចៀស​ទៅ យក្ខ​មក​សួរ​ដូច្នោះ​ក្នុង​វារៈ​​ជា​គម្រប់​ពីរ​ដង នាង​ទេវី​ក៏​ឱ្យ​នូវ​ពាក្យ​តប​ដោយ​សម្ដី​ទន់​ភ្លន់​តិច​ជាង​មុន ព្រោះ​សេចក្ដី​ងងុយ​គ្រប​ដណ្ដប់ យក្ខ​ក៏​ចៀស​ចេញ​ទៅ​ទៀត លុះ​ដល់​វារៈ​​ជា​គម្រប់​បី យក្ខ​មក​សួរ​ដូច​កាល​មុន នាង​ទេវី​នោះ​ក៏​ផ្ទុំ​លក់​ស្និទ​ក្នុង​មួយ​រំពេច ព្រោះ​សេចក្ដី​ងងុយ​គ្រប​សង្កត់​ខ្លាំង យក្ខ​មក​ដល់​គោះ​ទ្វារ​សួរ​ម្ដង​ទៀត​ថា អ្នក​ណា​នៅ​ក្នុង​សាលា​នេះ។ អ្នក​ឯ​ណា​នីមួយ​ដែល​នឹង​ឱ្យ​ពាក្យ​តប​ដល់​យក្ខ​ក្នុង​កាល​នោះ​មិន​មាន​ឡើយ​ យក្ខ​ក៏​ដឹង​ថា​ជន​ទាំង​ឡាយ​នេះ​ដេក​លក់​ទាំង​អស់​គ្នា​ហើយ យក្ខ​ក៏​ធ្វើ​នូវ​សំឡេង​ខ្លាំង​បើក​ទ្វារ​អើត​ទៅ​សួរ​ថា អ្នក​នេះ​តើ​ជា​អ្វី។ មណិកក្ខ​អស្សតរ​ដេក​នៅ​ជិត​ទ្វារ​ភ្ញាក់​ឡើង​ហើយ​សួរ​ថា អ្នក​ណា​ឈរ​នូវ​ក្នុង​ទី​នេះ យក្ខ​ក៏​តប​ទៅ​ថា ខ្លួន​យើង​ឈ្មោះ​ឃន្តារ​យក្ខ ស្ដេច​នឹង​នាង​ទេវី​ឮ​ពាក្យ​នោះ ក៏​តឿន​ឡើង ខ្លាច​យក្ខ​ញ័រ​ចំប្រប់​ទាំង​ព្រះ​កាយ។ លំដាប់​នោះ​មណិ​កក្ខ​អាជា​នេ​យ្យ​តប​ទៅ​កាន់​យក្ខ​ថា អ្នក​កុំ​អាល​ចេញ​ទៅ​ណា យើង​នឹង​ធ្វើ​យុទ្ធ​នាការ​មួយ​អន្លើ​ដោយ​អ្នក។ យក្ខ​ឮ​ពាក្យ​សេះ​ក៏​តប​ទៅ​ថា ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​នឹង​ច្បាំង​ដោយ​អ្នក​ណា មណិក្ខ​អស្សតរ​តប​ទៅ​ថា យើង​នឹង​ច្បាំង​ដោយ​អ្នក​ឯង ម្នាល​យក្ខ អ្នក​ចូរ​ច្បាំង​នឹង​យើង​មុន យក្ខ​ក៏​តប​ទៅ​សេះ​ថា អ្នក​ចូរ​ច្បាំង​មុន​ចុះ។ លំដាប់​នោះ សេះ​ក៏​ហោះ​ឡើង​ទៅ​ឯអា​កាស​សម្ដែង​នូវ​ហេតុ​គួរ​សម្បើម​ផ្សេងៗ ហើយ​ធាក់​នូវ​មុខ​យក្ខ​ដោយ​ជើង​មុខ​ទាំង​ពីរ​ឈាម​ក៏​ហូរ​ចេញ​អំពី​មុខ​យក្ខ សេះ​លោត​ឡើង​ម្ដង​ទៀត​ធាក់​ត្រូវ​ទ្រូង​យក្ខ ឈាម​ក៏​ហូរ​ចេញ​អំពី​ទ្រូង​យក្ខ​ទៀត។

តេសំយុជ្ឈន​កាលេ​ឧភោខត្តិយា

ក្នុង​កាល​ដែល​សេះ​និង​យក្ខ​ច្បាំង​គ្នា​ក្សត្រ​ទាំង​ពីរ​អង្គ​គង់​ក្នុង​សាលា ​ក៏​ឮ​នូវ​សំឡេង​ច្បាំង​គ្នា មហា​សត្ត​ស្រែក​ប្រាប់​ទៅ​មណិ​កក្ខ​អស្សតរ​ថា ម្នាល​សេះ​អ្នក​ចូរ​រក្សា​នូវ​កំភ្លៀង​ឱ្យ​ល្អ។ យក្ខ​បាន​ឮ​ពាក្យ​មហា​សត្ត​ក៏​ដឹង​ថា ភណ្ឌ គឺ កំភ្លៀង​សេះ​នេះ​ជា​ទី​តំបន់ យក្ខ​ក៏​ប្រឹង​ចាប់​កំភ្លៀង​សេះ​ខ្ជាប់​មាំ មណិ​កក្ខ​អស្សតរ​ខំ​ព្យាយាម​ដោយ​ប្រការ​ផ្សេងៗ មិន​អាច​ដើម្បី​ធ្វើ​ឱ្យ​ឈ្នះ​យក្ខ​បាន ខ្លួន​សោត​មាន​កម្លាំង​ក៏​ថម​ថយ​ជាង​យក្ខ។ ខណៈ​នោះ​យក្ខ​ចាប់​សេះ​ឡើង​ជិះ​បាន​ហើយ​ប្រគល់​ឱ្យ​ពល​យក្ខ​ដោយ​ពាក្យ​ថា អ្នក​ទាំង​ឡាយ​ចាប់​នូវ​សេះ​នេះ រក្សា​ទុក​កុំ​ប្រហែស​ឡើយ ពល​យក្ខ​ក៏​ចង​នូវ​សេះ​ដោយ​ចំណង​ច្រើន​ធ្វើ​ការ​រក្សា​ទុក។ គ្រា​នោះ​មហា​សត្ត​កាល​បើ​មិន​ឃើញ​មណិ​កក្ខ​ទ្រង់​ស្រែក​ហៅ ក៏​មិន​ឃើញ​ក្នុង​ទី​ឯ​ណា​នីមួយ​ឡើយ ព្រះ​អង្គ​ក្រោក​ឡើង​យាង​ទៅ​ទី​ជិត​ទ្វារ​ទត​ទៅ​ក៏​មិន​ឃើញ ព្រះ​អង្គ​មិន​អាច​ទប់​ទឹក​ព្រះ​នេត្រ​ទ្រង់​ព្រះ​កន្សែង​ជាមួយ​នឹង​នាង​ទេវី​ថា ឱ​ខ្លួន​យើង​ទាំង​ពីរ​នឹង​វិនាស​មិន​ខាន​ឡើយ ទើប​ស្ដេច​យាង​ចុះ​ទៅ​ខាង​ក្រៅ​ឃើញ​ឈាម​ដែល​ហូរ​ធ្លាក់​មក​លើ​ដី សម្គាល់​ក្នុង​ព្រះ​ហឫទ័យ​ថា មណិ​កក្ខ​អស្សតរ​យក្ខ​ចាប់​បាន ប្រហែល​ជា​ស្លាប់​ទៅ​ហើយ ព្រះ​អង្គ​ទត​គ្រប់​ទិស​ទាំង ៤ មិន​ឃើញ​សេះ ស្ដេច​ក៏​ប្រកៀក​កណ្ឋ៍​នាង​ទេវី​ទ្រង់​ព្រះ​កន្សែង​ស្រណោះ​ស្រណោក។ លំដាប់​នោះ​មហា​សត្ត​ទ្រង់​ស្ទាប​អង្អែល​កាយ​នាង​ចីរប្បភា ពោល​រៀប​រាប់​ជា​បទ​គាថា ​ថា ឱ​យើង​ទាំង​ឡាយ​សម​បី​វិនាស​ហើយ ជីវិត​នៃ​យើង​នឹង​មិន​មាន​ត​ទៅ យើង​ព្រាត់​ប្រាស​​មណិ​កក្ខ​​ហើយ​នឹង​រស់​នៅ​ដូច​ម្ដេច​បាន យើង​នឹង​ឱ្យ​អ្នក​ណា​នាំ​ទៅ​ក្នុង​ព្រៃ​និង​ជន​បទ យើង​ព្រាត់​ប្រាស​មណិកក្ខ​អស្សតរ​គង់​ស្លាប់​ក្នុង​ព្រៃ​ធំ​មិន​ខាន នាង​ចីរប្បភា​ទេវី​នោះ​បាន​ឮ​ស្វាមី​នាង​រៀប​រាប់ ក៏​ក្រាប​ទៀប​ព្រះ​បាទ​ពោធិ​សត្ត ច្របាច់​ព្រះ​បាទ​ខ្សឹក​ខ្សួល​ពោល​គាថា​ថា ឱះ​ឱ​យើង​ទាំង​ពីរ​នឹង​វិនាស​ក្នុង​ព្រៃ​មិន​ខាន យើង​ទាំង​ពីរ​មាន​ជាតិ​ដ៏​ល្អស្មើ​គ្នា ត្រាច់​​ដើរ​លើ​ផ្ទៃ​ផែន​ដី​ក៏​ដល់​នៅ​សេចក្ដី​ទុក្ខ​ជា​ទម្ងន់​ក្នុង​កាល​ឥឡូវនេះ។ នាង​ទេវី​ខ្សឹក​ខ្សួល​គួរ​​ឱ្យ​ស្រណោះ​ដោយ​ប្រការ​ដូច្នេះ។ ទើប​មហា​សត្ត​ឃាត់​នៅ​នាង​ទេវី​ថា អនុជ​បង​នាង​កុំ​ខ្សឹក​ខ្សួល​ធ្ងន់​ពេក​ឡើយ សេចក្ដី​ទុក្ខ​នេះ​ជា​របស់​ទៀង​របស់​សត្ត​លោក​ដោយ​ពិត សត្ត​លោក​តែង​ចូល​ទៅ​ជិត​សេចក្ដី​សុខ​ទុក្ខ ម្នាល​នាង​ដ៏​ចម្រើន នាង​កុំ​ឱ្យ​យើង​វិនាស​ឡើយ។ មហា​សត្ត​ពោល​នូវ​ពាក្យ​យ៉ាង​នេះ​ហើយ ស្ដេច​លួង​លោម​នាង​ទេវី​មាន​បន្ទូល​ថា​អនុជ​បង​នាង​កុំ​គិត ទើប​ព្រះ​អង្គ​តម្កល់​ស្មារតី​ខ្ជាប់​ចរចារ​ជាមួយ​នឹង​នាង​ទេវី​ត​ទៅ​ទៀត​ថា ម្នាល​នាង ដើម​ឈើ​ទាំង​ឡាយ​ក្នុង​ទី​ឯ​ណោះ រុង​រឿង​ដោយ​ពណ៌​ដូច​ជា​ផ្ទៃ​មេឃ មហា​សមុទ្ទ​ប្រហែល​ជា​នឹង​មាន​ក្នុង​ទី​នោះ​យើង​ទៅ​ក្នុង​ទី​នោះ​ហើយ ចង​នៅ​ទង់​ចុង​ឈើ​ឱ្យ​ពាណិជ​ទាំង​ឡាយ​ឃើញ ពាណិជ​ទាំង​ឡាយ ឃើញ​នូវ​យើង​ហើយ​គង់​នឹង​នាំ​ទៅ សេចក្ដី​សួស្ដី​គប្បី​មាន​ដល់​យើង​ដោយ​ប្រការ​ដូច្នេះ ​នាង​ទេវី​ក៏​ទទួល​តាម​ព្រះ​បន្ទូល​ថា  ពាក្យ​ដែល​ព្រះ​អង្គ​ពោល​ប្រពៃ​ហើយ ក្សត្រី​ក្សត្រា​ទាំង​ពីរ​ស្ដេច​យាង​ទៅ​ក្នុង​ទី​នោះ​ហើយ​ចង​នូវ​ទង់​លើ​ចុង​ឈើ​ក៏​គង់​នៅ​ទៀប​ដើម​ឈើ។  ក្នុង​កាល​ណោះ​មាន​ពាណិជ ៥០០ បើក​សំពៅ​ព្រម​ទាំង​ទំនិញ​ទៅ​ក្នុង​សមុទ្ទ​បាន​ឃើញ​ពោធិ​សត្ត​​នៅ​ក្នុង​ទី​នោះ​ហើយ​សួរ​ថា អ្នក​នេះ​តើ​ជា​អ្វី​ ពោធិ​សត្ត​ក្រោក​ឡើង​ដើរេ​ទៅ​ទី​ជិត​នាយ​សំពៅ​តប​ថា ម្នាល​អ្នក​ប្រាកដ​ស្មើ​ដោយ​យើង អ្នក​ចូរ​យក​យើង​ទៅ​ផង នាយ​សំពៅ​ទាំង​ឡាយ​មាន​ចិត្ត​អាសូរ​ដល់​ជន​ទាំង​ពីរ​ក៏​តប​ទៅ​ថា បើ​ដូច្នោះ​អ្នក​ចូរ​ឡើង​មក​លើ​សំពៅ​ចុះ ពាណិជ​ក៏​នាំ​ក្សត្រី​ក្សត្រា​ទៅ​ដោយ​សំពៅ។ លំដាប់​កាល​ដែល​ពោធិ​សត្ត​នឹង​នាង​ទេវី​ឡើង​ទៅ​នោះ សំពៅ​ក៏​លឿន​ទៅ​ដោយ​កម្លាំង​ខ្យល់ តែ​លឿន​ទៅ​ដោយ​អាការ​កាច​ក្រៃ​ពេក​នោះ​អស់ ៧ ថ្ងៃ ពាណិជ​មិន​អាច​បង្អង់​សំពៅ​បាន ក៏​ស្រែក​យំ​ថា​យើង​វិនាស​មិន​ខាន​ឡើយ សំពៅ​នោះ​សោត​ក៏​ចូល​ទឹក​បណ្ដើរ​ទៅ ព្រោះ​ខ្សែ​ក្ដោង​ធូរ​​ទើប​អណ្ដែត​ទៅ​ផ្ដេស​ផ្ដាស​ជិត​លិច​ក្នុង​សមុទ្ទ ពាណិជ​ឃើញ​នូវ​ហេតុ​នោះ​ក៏​ភ័យ​តក់​ស្លុត ទើប​សំពះ​នូវ​ទេវតា​ផ្សេងៗ ទួញ​យំ​អង្វរ​ថា​ឱ​អស់​ពួក​ទេវតា​ទាំង​ឡាយ​ដ៏​មាន​ឫទ្ធី​ច្រើន គឺ​ព្រះ​ឥន្ទ​ព្រះ​ឥសូរ​ព្រះ​ចន្ទ​ព្រះ​អាទិត្យ​និង​ទេវតា​រក្សា​សមុទ្ទ​ចូរ​ជា​ទី​ពឹង​នៃ​យើង នាំ​យើង​អំពី​សមុទ្ទ​នេះ​ឱ្យ​ដល់​ត្រើយ​ព្រោះ​ហេតុ​ក្រ​ណាស់។

ពោធិ​សត្តោ​តំ​ទិស្វា​ទេវិយា​សទ្ធឺ

ចំណែក​ពោធិ​សត្ត​ទ្រង់​ឃើញ​អាការ​វិបរិត​នោះ ព្រះ​អង្គ​សោយ​អាហារ​មាន​សប្បិ​ទឹក​ឃ្មុំ​ស្ករ​ជា​ដើម ជាមួយ​នឹង​នាង​ទេវី​ដរាប​ដល់​ឆ្អែត ហើយ​ទ្រង់​យក​សំពត់​សាដក​ជ្រលក់​ដោយ​ប្រេង​ពន្ធ​ពាត់​ព្រះ​អង្គ​ឡើង​កាន់​ដង​ក្ដោង យក​សំពត់​ចង​ពាក់​កណ្ដាល​ខ្លួន​នាង​ទេវី ហើយ​ចង​ផ្ជាប់​នឹង​ផែន​ក្ដា​រ​យ៉ាង​មាំ ឈរ​នៅ​លើ​ចុង​ដង​ក្ដោង កាល​បើ​សំពៅ​កំពុង​តែ​លិច​ក្នុង​ទឹក មហា​ជន​ក៏​បាន​ជា​អាហារ​នៃ​ត្រី​និង​អណ្ដើក ដល់​នូវ​សេចក្ដី​វិនាស​អស់​ទៅ។ ចំណែក​ពោធិ​សត្ត​ទ្រង់​ឃើញ​នូវ​ទឹក​មហា​សមុទ្ទ​មាន​ពណ៌​ដូច​លោហិត​ទ្រង់​ព្រះ​ចិន្ដា​ថា ហេតុ​នេះ​មិន​ដែល​កើត​ដល់​យើង​ឡើយ ទើប​កំណត់​នូវ​ទិស​ទាំង​ឡាយ​ព្រះ​ហឫទ័យ​ឆ្ពោះ​ទៅ​ថា នគរ​ពារាណ​សី​និង​មាតា​អញ​នៅ​ក្នុង​ទិស​នេះ​ដូច្នេះ ព្រះ​អង្គ​ក៏​លោត​អំពី​ដង​ក្ដោង រំលង​ត្រី​និង​អណ្ដើក​ទៅ​ធ្លាក់​ចុះ​ក្នុង​ទី​ប្រមាណ​មួយ​ឧសភ ដោយ​ផល​កម្ម​ដែល​ក្សត្រា​ក្សត្រី​ទាំង​នោះ​មួយ​អង្គ​ក៏​បាន​ក្ដា​មួយ​កំណាត់ៗម្នាក់​ហែល​ទឹក​ទៅ ឯ​ក្សត្រា​ក្សត្រី​ដែល​បាន​ផែន​ក្ដា​រ​តោង​ហែល​ទៅ​នោះ​ក៏​អណ្ដែត​ទៅ​ដោយ​ខ្សែ​ទឹក​សោយ​នៅ​សេចក្ដី​ស្រេក​ឃ្លាន​ដ៏​ច្រើន ខ្សឹក​ខ្សួល​គួរ​ស្រណោះ​ក្នុង​កណ្ដាល​សមុទ្ទ​នោះ។ បុប្ផា​សួរ​ថា​អកុសល​កម្ម​ដូច​ម្ដេច ដែល​ក្សត្រ​​ទាំង​ពីរ​ធ្វើ​ក្នុង​ជាតិ​ដ៏​កន្លង​ហើយ​នោះ។

វិសជ្ជនាថា ដូច​បាន​ឮ​ថា​ក្នុង​កាល​កន្លង​ទៅ​យូរ​ហើយ​ក្សត្រី​ក្រត្រា​ទាំង​ពីរ​បាន​កើត​ជា​ប្រពន្ធ​និង​ប្ដី​នៅ​ក្នុង​ស្រុក​មិន​ឆ្ងាយ​អំពី​នគរ​ពារាណសី ក្នុង​ថ្ងៃ​មួយ​នោះ​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ទៅ​កាន់​ឆ្នេរ​ស្ទឹង​ដើម្បី​នឹង​ងូត​ទឹក ក្នុង​កាល​នោះ​មាន​សាមណេរ​តូច​មួយ​អង្គ​ឡើង​ជិះ​ទូក​តូច​អុំ​លេង​ក្នុង​ស្ទឹង ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ឃើញ​សាមណេរ​តូច​ក៏​កញ្ជ្រោក​ទឹក​ឱ្យ​កើត​ជា​លលក​ដោយ​ប្រាថ្នា​លេង​ជា​ល្បែង។ ទូក​តូច​នោះ​កាល​បើ​លលក​ទឹក​ខ្ទាំង​ខ្ទប់​ក៏​លិច​លង់​ទាំង​សាមណេរ សេចក្ដី​ទុក្ខ​ធំ​ក៏​កើត​មាន​ដល់​សាមណេរ​ដែល​លិច​លង់​ក្នុង​ទឹក​ស្ទឹង។ ជន​ប្ដី​ប្រពន្ធ​ឃើញ​សាមណេរ​លង់​ទឹក​នាំ​គ្នា​ទៅ​ត្រកង​ស្រង់​ឡើង។ អកុសល​កម្ម​មាន​ប្រមាណ​ប៉ុណ្ណេះ ដែល​ជន​ពីរ​នាក់​ប្ដី​ប្រពន្ធ​ធ្វើ​ហើយ​ដោយ​ប្រការ​ដូច្នេះ ជន​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នោះ​បាន​ទទួល​ផល​ជា​ទុក្ខ​យ៉ាង​នេះ​ចំនួន ៥០០ ជាតិ។ ហេតុ​នោះ​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​សម្ដែង​ថា បុគ្គល​កុំ​គប្បី​សម្គាល់​មាក់​ងាយ​នូវ​បាប គឺ​កម្ម​លា​មក​ថា​មាន​បន្តិច​បន្តួច មិន​ឱ្យ​ផល​ទេ បាប​តិច​ក៏​គង់​ឱ្យ​ផល​ច្រើន នាំ​មក​នូវ​សេចក្ដី​ទុក្ខ​ធំ ពូជ​គ្រាប់​ឈើ​យ៉ាង​ណា​ដែល​បុគ្គល​ដាំ ពូជ​នោះ​គង់​ចេញ​ផ្លែ​ដូច្នោះ មាន​ឧបមា​ដូច​ម្ដេច កម្ម​ជា​កុសល​ក៏​ឱ្យ​នូវ​ផល​ល្អ កម្ម​លាមក​ក៏​ឱ្យ​នូវ​ផល​អាក្រក់​មាន​ឧបមា​ដូច្នោះ។

ចីរប្បភា​ទេវី​បិវុយ្ហមា​នាង​កំបារំ​សម្បា​បុណិ

ចំណែក​នាង​ចីរប្បភា​ទេវី​អណ្ដែត​ទៅ​បាន​ដល់​នូវ​ឆ្នេរ​សមុទ្ទ​ម្ខាង នាង​ក៏​ឡើង​ចាក​ទី​នោះ​ដើរ​ទៅ​តែ​ម្នាក់​ឯង រឭក​ពោធិ​សត្ត​មិន​ដាច់ ទប់​ទឹក​ភ្នែក​មិន​បាន ទួញ​យំ​ស្រែក​ហៅ​ពោធិ​សត្ត ពោល​ជា​បទ​គាថាថា ខ្ញុំ​​ម្ចាស់​មិន​ឃើញ​ព្រះ​អង្គ​អ្នក​ជា​ទី​ពឹង​របស់​ខ្ញុំ ខ្ញុំ​ព្រាត់​ចាក​ព្រះ​អង្គ​ហើយ​នឹង​រស់​នៅ​ដូច​ម្ដេច​បាន ខ្ញុំ​មិន​ឃើញ​នូវ​ព្រះ​ភក្រ្ត​ព្រះ​អង្គ​ហើយ ជីវិត​ខ្ញុំ​នឹង​មិន​មាន ផល​ទាំង​ពួង​ដែល​មាន​ដល់​ខ្ញុំ​ក្នុង​អត្ត​ភាព​នេះ តើ​ដោយ​កម្ម​ដូច​ម្ដេច ខ្ញុំ​បាន​ទទួល​នូវ​សេចក្ដី​សោក​ក្នុង​អត្ត​ភាព​នេះ ព្រោះ​កម្ម​ទាំង​ឡាយ​នោះ ឥឡូវ​នេះ​នឹង​មាន​អ្នក​ណា​ជួយ​រម្លត់​សោក​ខ្ញុំ ទេវតា​ណា​ស្គាល់​ផ្លូវ​ក្នុង​ព្រៃ​សូម​លោក​ប្រាប់​ផ្លូវ​ដល់​ខ្ញុំ ទេវតា​​ជា​ម្ចាស់​ព្រៃ​នោះ​បើ​មិន​ឃើញ​ខ្ញុំ​ទេ ជីវិត​ខ្ញុំ​នឹង​ស្លាប់​ឥឡូវ​នេះ ខ្ញុំ​ព្រាត់​ចាក​ប្ដី​ហើយ​នឹង​រស់​នៅ​ដូច​ម្ដេច​បាន។ ត្រី​ទាំង​ឡាយ​ស៊ី​ប្ដី​ខ្ញុំ​ទៅ​ហើយ​ឬ មួយ​ទៀត​សត្វ​ឯ​ណា​គឺ​មករ​​ក្រពើ​ដែល​ត្រាច់​ទៅ​ក្នុង​ទឹក សត្វ​នោះ​បរិភោគ​ប្ដី​ខ្ញុំ​ស្លាប់​ទៅ​ហើយ​ដឹង។ នាង​ទេវី​ពោល​រៀប​រាប់​យ៉ាង​នេះ​ហើយ ទើប​យក​សំពត់​ជ្រលក់​ទឹក ដោះ​ព្រះ​ទម្រង់​​បី​វង់​វេច​នឹង​ជាយ​សំពត់ ​នាង​មិន​ស្គាល់​ទិស​ធំ​នឹង​ទិស​តូច​ឡើយ ក៏​ដើរ​ទៅ​ខាង​មុខ​ឃើញ​ផ្លូវ​មួយ​ខំដើរ​ទៅ​តាម​ផ្លូវ​នោះ​អស់​ពីរ​បី​ថ្ងៃ​បាន​ដល់​ទៅ​នគរ​ឥន្ទ​បថ។ នាង​ទេវី​កាល​ចូល​ទៅ​កាន់​នគរ​ក៏​ប្លែង​ខ្លួន​ជា​ស្រី​មាន​មុខ​សៅ​ហ្មង​អាក្រក់​ដើរ​ចូល​ទៅ។ ក្នុង​នគរ​នោះ​មាន​សេដ្ឋី​ធំ​ម្នាក់ មាន​ទ្រព្យ​ហីន​ហោច​អស់ ទៅ​ជា​មនុស្ស​កម្សត់​កាន់​អំបែង​ដើរ​ស្វែង​ភោជន​ចិញ្ចឹម​ជីវិត។ នាង​ទេវី​ទៅ​ដល់​ផ្ទះ​សេដ្ឋី​នោះ​និយាយ​ថា បពិត្រ​អ្នក​ម្ចាស់​អ្នក​ចូរ​អនុគ្រោះ​ឱ្យ​ឱ​កាស​ខ្ញុំ​នៅ​ផង។ សេដ្ឋី​នោះ​តប​ទៅ​ថា ម្នាល​នាង យើង​ជា​មនុស្ស​កម្សត់ នាង​នឹង​នៅ​ក្នុង​ផ្ទះ​នេះ​ដូច​ម្ដេច​បាន នាង​ទេវី​ក៏​ឆ្លើយ​ថា បពិត្រ​អម្ចាស់ ហេតុ​នោះ​លើក​ទុក​ចុះ ខ្ញុំ​ដឹង​ថា​អ្នក​ជា​មនុស្ស​កម្សត់​ហើយ ថា​បើ​សេចក្ដី​ចង្អៀត​ចិត្ត​អ្នក​មិន​មាន​សោត ខ្ញុំ​គង់​បាន​ឱកាស​ក្នុង​ផ្ទះ​នេះ ដោយ​សេចក្ដី​អាសូរ​នៃ​អ្នក។ សេដ្ឋី​ក៏​តប​ថា ម្នាល​នាង ជា​ហើយ នាង​ចូរ​នៅ​តាម​ប្រាថ្នា​ចុះ នាង​ទេវី​បាន​ឱកាស​ហើយ​ក៏​អាស្រ័យ​នៅ​ក្នុង​ផ្ទះ​នោះ។ លុះ​ដល់​ថ្ងៃ​ក្រោយ​នាង​ទេវី​កាន់​យក​ចិញ្ចៀន​​​មួយ​វង់​ទៅ​កាន់​សម្នាក់​មនុស្ស​ចាស់​ម្នាក់​ហើយ​ពោល​ថា អ្នក​ចូរ​លក់​ចិញ្ចៀន​នេះ​ឱ្យ​ខ្ញុំ មនុស្ស​ចាស់​នោះ​ទទួល​ចិញ្ចៀន​ហើយ​គន់​មើល​ខាង​ក្រោម ខាង​លើ ក៏​គិត​ថា ដូច​ជា​អញ​គិត​ទៅ ចិញ្ចៀន​នេះ​មាន​តម្លៃ​ច្រើន​ស្មើ​តម្លៃ​នគរ​ទាំង​មូល។ នាង​ទេវី​និយាយ​នឹង​តាចាស់​ថា បពិត្រ​អ្នក​តា​អ្នក​ចូល​កាន់​យក​នូវ​ប្រាក់ មាស កែវ ដ៏​ពេញ​រទេះ​ចំនួន​តែ​បួន​រទេះ​ចុះ តាចាស់​ក៏​ទទួល​តាម​ពាក្យ​នាង​ទេវី​ហើយ​ក៏​កាន់​យក​ចិញ្ចៀន​នោះ​ទៅ ជន​ទាំង​ឡាយ​ដ៏​ស្ដុក​ស្ដម្ភ​​មាំ​មួន​មាន​ក្នុង​ទី​ឯ​ណា តាចាស់​ក៏​ទៅ​កាន់​សម្នាក់​ជន​នោះ​ក្នុង​ទី​នោះ លក់​ចិញ្ចៀន​បាន​ប្រាក់ មាស កែវ ចំនួន​បួន​រទេះ នាំ​មក​ឱ្យ​នាង​ទេវី។

សាមហល្លកស្ស​ឯក​សក​ដំ​ទត្វា

នាង​ទេវី​នោះ​ក៏​ឱ្យ​នូវ​ប្រាក់​មាស​កែវ ១ រទេះ​ដល់​តា​ចាស់​នាង​កាន់​យក​ប្រាក់​មាស​កែវ​បី​រទេះ​ដើម្បី​ខ្លួន។ លំដាប់​នោះ​នាងទេវី​ក៏​លោះ​ខ្ញុំ​ស្រី​ខ្ញុំ​ប្រុស និង​ទិញ​ស្រូវ​ឧស​ដោយ​មាស​ប្រាំ​រយ​តម្លឹង ជួល​ជាង​ឱ្យ​សង់​សាលា​នឹង​គូរ​​រូប​គំនូរ​ដោយ​មាស​ប្រាំ​រយ​តម្លឹង​ទៀត ហើយ​បង្គាប់​ថា ម្នាល​អ្នក​ទាំង​ឡាយ កាល​បើ​សាលា​អ្នក​ធ្វើ​ស្រេច​ហើយ អ្នក​ចូរ​គូរ​​គំនូរ​​យ៉ាង​នេះៗ មាន​សភាព​ដូច្នេះៗ ក្នុង​សាលា ទើប​ឱ្យ​ជាង​ទៅ​ធ្វើ​សាលា​ធំ​មាន​រូប​គំនូរ​​​ក្នុង​ទី​ប្រជុំ​ជន ទៀប​ផ្លូវ​ថ្នល់​បួន​តំបន់​​ក្នុង​កាល​នោះ។ នាង​ទេវី​បង្គាប់​ជាង​ឱ្យ​គូ​រ​រូប​នោះ ៗ ដោយ​ចិត្ត​កម្ម​មាន​ដូច្នេះ​ជា​ដើម​ក្នុង​សាលា តាំង​អំពី​ដើម​ទី រឿង​មុន​ដំបូង​គឺ​ស្ដេច​ឡើង​គង់​លើ​ខ្នង​សេះ​ហោះ​ទៅ​លើ​អាកាស​ហើយ​ទៅ​ ១ រឿង​ទី​ពីរ គឺ​ពោធិ​សត្ត​បើក​ទ្វារ​ល្វែង​ប្រាសាទ​ចូល​ទៅ​លប​មើល​នាង ១ ទី​បី​ គឺ​ពោធិ​សត្ត​ផ្ទំ​លើ​ក្រឡា​បន្ទំ​ដ៏​មាន​សិរី ១ ទី​ប្រាំ​គឺ​ពោធិ​សត្ត​ចេញ​ចាក​នគរ ១ ទី​ប្រាំ​មួយ គឺ​ពោធិ​សត្ត​ធ្វើ​នូវ​កិច្ច​មាន​ចូល​ទៅ​នៅ​ក្នុង​សាលា​នៃ​ឃន្តារ​យក្ខ​ជា​ដើម​ ១ ទី​ប្រាំពីរ ​គឺ​សេះ​ធ្វើ​ចម្បាំង​ជា​មួយ​នឹង​យក្ខ ១ ទី​ប្រាំ​បី គឺ​ពោធិ​សត្ត​ចេញ​ចាក​សាលា​នោះ​ទៅ​ឡើង​សំពៅទៅ​ជាមួយ​នឹង​ពាណិជ​ទាំង​ឡាយ​ ១ ទី​ប្រាំ​បួន គឺ​ពោធិ​សត្ត​ឈរ​លើ​ចុង​ដង​ក្ដោង​លោត​រំលង​សត្វ​កាច ក្នុង​កាល​សំពៅ​កំពុង​លិច​ចុះ​ក្នុង​មហា​សមុទ្ទ ១ ស្រេច​ហើយ​នាង​ឱ្យ​តម្កល់​ទុក​នូវ​ទាន​វត្ត​ដើម្បី​អ្នក​ដំណើរ​នឹង​សមណៈ​ព្រាហ្មណ៍ ដែល​មក​ដល់​ឈប់​ក្នុង​សាលា​នោះ, នាង​បាន​ផ្ដាំ​អ្នក​បម្រើ​ថា អ្នក​ដំណើ​រ​និង​សមណៈ​ព្រាហ្មណ៍​ទាំង​ឡាយ​ឯ​ណា ៗ ចូល​មក​កាន់​សាលា​នេះ អ្នក​ទាំង​ឡាយ​ចូរ​ញ៉ាំង​ជន​នោះៗ ឱ្យ​បរិភោគ​ហើយ​នាំ​ឱ្យ​មើល​គំនូរ​ បើ​គេ​សួរ​ថា​សាលា​នេះ​អ្នក​ណា​សាង​ចូរ​ប្រាប់​ថា​សាលា​នេះ​នាង​បរិព្វាជី​ឈ្មោះ​ឧម្មាទន្តី​សាង។ សាលា​នោះ​ក៏​មាន​ឈ្មោះ​ល្បី​ទៅ​ថា ឧម្មា​ទន្តី​បរិ​ព្វាជីកា​សាលា ចាប់​ដើម​អំពី​កាល​នោះ​មក។

ឯ​វំ​សា​ពោធិ​សត្ត​ស្សប​វុត្តឹ​វិជាននត្ថាយ

នាង​ទេវី​នោះ​ដែល​ឱ្យ​ជាង​ធ្វើ​សាលា​ដូច្នេះ​ដើម្បី​នឹង​ឱ្យ​ដឹង​នូវ​ដំណឹង​នៃ​ពោធិ​សត្ត ទើប​នាង​ផ្ដាំ​អ្នក​បម្រើ​ថា អ្នក​ដំណើរ​និ​ង​សមណៈ​ព្រាហ្មណ៍​ឯ​ណា​មួយ​ចូរ​មក​កាន់​សាលា អ្នក​ទាំង​ឡាយ​ចូរ​ញ៉ាំង​ជន​នោះ​ឱ្យ​បរិភោគ នាំ​ឱ្យ​មើល​គំនូ​រ​ហើយ​កំណត់​ចាំ​នូវ​ពាក្យ​នៃ​ជន​នោះ​ដែល​ពោល​រៀប​រាប់​ហើយ​មក​ប្រាប់​ដល់​អញ ហេតុ​នោះ​បាន​ជា​នាង​ទេវី​តម្កល់​ទុក​នូវ​ទាន​វត្ត​ដើម្បី​ជន​អ្នក​ដំណើរ​ជា​ដើម​អស់​កាល​ជា​និច្ច ដោយ​ប្រការ​ដូច្នេះ។

ចំណែក​ពោធិ​សត្ត​ដែល​អណ្ដែត​ទឹក​សមុទ្ទ​ទៅ​ដោយ​លំដាប់ៗ ក៏​បាន​ដល់​នៅ​កំពង់​ឈ្មោះ​​អញ្ជនវតី ស្ដេច​ឡើង​ចាក​កំពង់​នោះ​ភ្នក​រឭក​ដល់​នាង​ចីរប្បភា មាន​ព្រះ​នេត្រ​ជោ​ជោក​ដោយ​អស្សុ​ធារា ទ្រង់​យាង​ចូល​ទៅ​ពួន​ក្នុង​ព្រៃ​ចេក​ទៀប​កំពង់​អញ្ជនវតី​នោះ។ គ្រា​នោះ​អញ្ជនវតី​យក្ខនី​និយាយ​នឹង​នាង​ករេណុ​វតី​ថា ម្នាល​នាង​ករេណុ​វតី ​នាង​ចូរ​ទៅ​កាន់​កំពង់​ទឹក​ដង​ទឹក​មក​ឱ្យ​អញ​ ងូត។ នាង​ករេណុ​វតី​ក៏​ហៅ​រាជ​បុត្រី ១៦ នាង​មក​ហើយ ឱ្យ​រាជ​បុត្រី​ដើរ​ទៅ​មុន ខ្លួន​ឯង​ដើរ​ទៅ​កាន់​កំពង់​ទឹក ដោយ​ដំណើរ​យឺត​ពី​ខាង​ក្រោយ។ ចំណែក​ពោធិ​សត្ត​ឃើញ​នាង​ករេ​ណុ​វតី​ក៏​ស្គាល់​ច្បាស់ កាល​បើ​ស្រី​ទាំង​ពួង​ងូត​ទឹក​មុន​ហើយ​ដង​ទឹក​យក​ទៅ ព្រះ​អង្គ​ក៏​ចេញ​ទៅ​អំពី​ព្រៃ​ចេក ហៅ​នាង​ករេណុ​វតី​ដែល​ដើរ​ទៅ​អំពី​ខាង​ក្រោយ​ស្រី​ទាំង​ពួង​ដោយ​ពាក្យ​ថា នែ​នាង​ករេណុ​វតី​ដ៏​ចម្រើន នាង​ករេណុវតី​នោះ​ឮ​ពាក្យ​ពោធិសត្ត ក៏​មើល​ឆ្វេង​ស្ដាំ​ឃើញ​ពោធិ​សត្ត​ហើយ​សួរ​ថា អ្នក​ជា​អ្វី នាង​ពោល​យ៉ាង​នេះ​ហើយ​ដើរ​ទៅ​ជិត​ពោធិ​សត្ត​សួរ​ថា អ្នក​ឈ្មោះ​អ្វី ពោធិ​សត្ត​តប​ទៅ​ថា នាង​ឯង​មិន​ស្គាល់​ឈ្មោះ​យើង​ឬ​ទេ នាង​ករេ​ណុ​វតី​ក៏​តប​ទៅ​ថា បពិត្រ​ម្ចាស់​ខ្ញុំ​មិន​ស្គាល់​ទេ។ មហា​សត្ត​ក៏​ប្រាប់​ឈ្មោះ​ខ្លួន​ដល់​នាង​ករេ​ណុវតី​ថា យើង​ឈ្មោះ​សុតធនុ។ នាង​ករេ​ណុវតី​សួរ​ត​ទៅ​ថា ព្រះ​អង្គ​មក​ក្នុង​ទី​នេះ​ដោយ​ហេតុ​ដូច​ម្ដេច ពោធិ​សត្ត​ក៏​ប្រាប់​ហេតុ​ដែល​ខ្លួន​មក​តាម​លំដាប់​តាំង​អំពី​ដើម​ដល់​នាង​ករេ​ណុវតី​នោះ។ នាង​ករេ​ណុវតី​ឮ​ហេតុ​នោះ​ក៏​យំ​អា​សូរ​ពោធិ​សត្ត​អស់​កាល​បន្តិច លំដាប់​នោះ​ពោធិ​សត្ត​ក៏​ប្រាប់​ទៅ​ថា ម្នាល​នាង​ដ៏​ចម្រើន នាង​ចូរ​កុំ​ប្រាប់​នូវ​ហេតុ​ដែល​យើង មក​ក្នុង​ទី​នេះ​ដល់​អ្នក​ដទៃ​ឱ្យ​សោះ ព្រះ​អង្គ​ហាម​ហើយ​ទ្រង់​ក្រសាល​នឹង​រាជ​បុត្រី​ឈ្មោះ​ករេណុវតី ដោយ​អាការ ១៦ យ៉ាង ​អាការ ១៦ នោះ​ដូច​ម្ដេច។ ពោធិ​សត្ត​បាន​ធ្វើ​នូវ​សេចក្ដី​ស្និទ​ស្នាល​ជាមួយ​នឹង​នាង​ករេណុវតី​នោះ ដោយ​អំណាច​កិលេស អាការ ១៦ នោះ គឺ​ចាប់​ភ្នួង​សក់ ១ ចាប់​ស្លឹក​ត្រចៀក ១ លូក​ប្រហោង​ត្រចៀក ១ ស្ទាប​ក្បាល ១ ស្ទាប​ថ្ងាស ១ ស្ទាប​ចិញ្ចើម ១ លូក​មាត់ ១ ចាប់​ច្រមុះ ១ ស្ទាប​ចង្កា ១ ស្ទាបកណ្ឋ៍ ១ ចាប់​ដោះ ១ ស្ទាប​ផ្នត់​ពោះ ១ ស្ទាប​ពោះ ១ ស្ទាប​ផ្ចិត ១ ស្ទាប​ឆ្អឹង​ជំនីរ ១ ស្ទាប​យោនី ១។ នាង​ករេណុវតី​ក៏​នីយាយ​នឹង​ពោធិ​សត្ត​ដោយ​អំណាច​កិរិយា​សើច​ស្រឡាញ់​ឱ្យ​សប្បាយ​ព្រះ​ហឫទ័យ​ថា បពិត្រ​អម្ចាស់ ព្រះ​អង្គ​នៅ​ក្នុង​ទី​នេះ​សិន​ចុះ កុំ​សម្ដែង​ខ្លួន​ឱ្យ​ដទៃ​ឃើញ​ឡើយ។

សោសាធូតិ​សម្បដិច្ឆិត្វាតត្ថេវនិលិយិ

ពោធិ​សត្ត​នោះ​ទទួល​ដោយ​ពាក្យ​ថា​សាធុ​ហើយ​ក៏​ពួន​នៅ​ក្នុង​ទី​នោះ​ឯង លំដាប់​នោះ​នាង​ក៏​ដង​ទឹក​ទូល​ដើរ​ទៅ​តាម​ក្រោយ​ស្រី​ទាំង​នោះ ក្នុង​កាល​ដែល​នាង​ករេណុវតី​ចូល​ទៅ​កាន់​ប្រាសាទ​ក្លិន​មនុស្ស​ក៏​ផ្សាយ​ទូទៅ។ គ្រា​នោះ​នាង​អញ្ជន​វតី​យក្ខិនី​សួរ​នូវ​ស្រី​ទាំង​ឡាយ​ថា ក្លិន​មនុស្ស​បក់​មក​អំពី​ទី​ឯ​ណា  មនុស្ស​ឯ​ណា​មក​ក្នុង​ទី​នេះ។ ស្រី​ទាំង​ឡាយ​ទូល​ទៅ​ថា បពិត្រ​នាង​ជា​ម្ចាស់​មនុស្ស​គ្មាន​ទេ នាង​អញ្ជនវតី​ពោល​ត​ទៅ​ថា ចុះ​ហេតុ​អ្វី​ក្លិន​មនុស្ស​ទើប​ផ្សាយ​មក​ក្នុង​ទី​នេះ ហើយ​សួរ​ទៅ​ស្រី​គម្រប់​ពីរ​គម្រប់​បី ស្រី​ទាំង​ឡាយ​នោះ​ទូល​ថា មនុស្ស​មិន​មាន​ទេ។ ក្នុង​កាល​ដែល​ទៅ​ដង​ទឹក​ក្រោយ​ទៀត ស្រី​ទាំង​នោះ​ក៏​ប្រជុំ​គ្នា​និយាយ​នឹង​នាង​ករេណុ​វតី​ថា ម្នាល​នាង​ករេណុវតី​ដ៏​ចម្រើន កាល​នាង​ដើរ​ចូល​ទៅ​ក្លិន​មនុស្ស​សោត​ក៏​ប្រាកដ យើង​មាន​រង្កៀស​សង្ស័យ​នឹង​នាង ព្រោះ​ហេតុ​នោះ​ថា​បើ​នាង​មិន​ប្រាប់​នូវ​រឿង​តាម​ពិត​ទេ យើង​ទាំង​អស់​គ្នា​គង់​ដឹង​នូវ​ហេតុ​ភេទ​ដែល​នឹង​ធ្លាក់​ចុះ​លើ​ក្បាល​នាង​ឯង យើង​នឹង​ស្នើ​ទោស​នាង​ឯង​នេះ​ដល់​នាង​យក្ខិនី​ឈ្មោះ​អញ្ជនវតី​ជា​ម្ចាស់​មិន​លែង​ឡើយ។ នាង​ករេណុវតី​ឆ្លើយ​ថា បើ​នាង​ទាំង​អស់​គ្នា​មិន​ប្រាប់​ដល់​អ្នក​ឯ​ណា​នីមួយ ហេតុ​ឯ​ណា​ដែល​មាន​ពិត យើង​នឹង​ប្រាប់​នូវ​ហេតុ​​នោះ ស្រី​ទាំង​អស់​ក៏​ទទួល​ថា យើង​នឹង​មិន​ប្រាប់​ដល់​អ្នក​ដទៃ​ទេ នាង​ចូរ​ប្រាប់​យើង​តាម​ពិត​ចុះ នាង​ករេណុ​វតី​ក៏​ប្រាប់​ថា បើ​ដូច្នោះ​យើង​នឹង​ប្រាប់​នូវ​រឿង​តាម​ពិត​ដល់​នាង​ទាំង​អស់​គ្នា កាល​បើ​ស្រី​ទាំង​ឡាយ​ពោល​ថា ម្នាល​នាង ល្អ​ហើយ​នាង​ចូរ​និយាយ​ចុះ នាង​ករេណុវតី​ក៏​ប្រាប់​នូវ​អាការ​ដែល​មហា​សត្ត​មក​ថា បង​របស់​យើង​ជា​មនុស្ស​មក​នៅ​ក្នុង​ទី​នេះ​ស្រី​ទាំង​ឡាយ​សួរ​ថា បង​នាង​ឈ្មោះ​អ្វី។ នាង​ករេណុវតី​ប្រាប់​ថា បង​យើង​ឈ្មោះ​សុតធនុ​កុមារ។ ស្រី​ទាំង​ពួង​សួរ​ទៅ​ថា ម្នាល​នាង​ខ្លួន​នាង​ពោល​នូវ​ពាក្យ​ឯ​ណា ពាក្យ​នោះ​ជា​ពិត​មែន​ឬ​មិន​មែន​ទេ។ នាង​ករេណុ​វតី​តប​ទៅ​ថា ម្នាល​នាង​ពាក្យ​យើង​ពិត​ប្រាកដ។ ស្រី​ទាំង​ពួង​សួរ​ទៀត​ថា បង​នាង​ឯង​នោះ​រូប​យ៉ាង​ណា សម្បត្តិ​រូប​កាយ​របស់​បង​នាង​តើ​ប្រាកដ​យ៉ាង​ណា​ទៅ។

អថសា​ពោធិ​សត្តំ​សំ​វណ្ណេ​ន្តី​អហ

លំដាប់​នោះ​នាង​ករេណុ​វតី​ពោល​សរសើរ​ពោធិ​សត្ត​ប្រាប់​ស្រី​ទាំង​ពួង​ថា ម្នាល​នាង​ទាំង​ឡាយ បង​យើង​នេះ​ជា​បុរស​ដ៏​ឧត្តម​បរិបូណ៌​ដោយ​យាង​យាស​ដ៏​មាន​សិរី គ្មាន​អ្នក​ឯ​ណា មួយ​ប្រាកដ​ស្មើ​ឡើយ បុគ្គល​សូម្បី​មាន​អណ្ដាត​មួយ​រយ​ឬ​មួយ​ពាន់​ក៏​មិន​អាច​ពោល​សរសើរ​នូវ​រូប​កាយ​សម្បត្តិ​និង​កម្លាំង​តេជះព្យាយាម​ស្មើ​​របស់​បង​យើង​នោះ​អស់​ឡើយ ខ្លួន​យើង​នឹង​អាច​ពោល​សរសើរ​ដោយ​អណ្ដាត​យើង​តែ​មួយ​ម្ដេច​នឹង​អស់​បាន។ ស្រី​ទាំង​ពួង​បាន​ស្ដាប់​រូប​កាយ​សម្បត្តិ​នៃ​ពោធិសត្ត​នោះ​ហើយ​ក៏​មាន​សេចក្ដី​ប្រាថ្នា​ជាមួយ​គ្នា​ដោយ​អំណាច​ឮ​គុណ​សម្បត្តិ​ហើយ​ក៏​ទៅ​ឈរ​ជិត​ពោធិ​សត្ត។ គ្រា​នោះ​ពោធិ​សត្ត​បាន​ធ្វើ​ការ​ចង​ពន្ធ​មួយ​អន្លើ​ដោយ​ស្រី​ទាំង​ឡាយ​នោះ ស្រី​ទាំង​ឡាយ​នោះ​ស្រឡាញ់​រាប់​អាន​ពោធិ​សត្ត​ដោយ​អំណាច​កាយ​សំ​សគ្គរាគ ពោល​សរសើរ​ហើយ នាំ​គ្នា​ទូល​ទឹក​ដើរ​ចេញ​ទៅ។ ក្នុង​កាល​ស្រី​ទាំង​ឡាយ​នោះ​ដើរ​ចូល​ទៅ​កាន់​ប្រាសាទ ក្លិន​មនុស្ស​ក៏​បក់​ផ្សាយ​ពេញ​ទូទាំង​ប្រាសាទ។ លំដាប់​នោះ​នាង​អញ្ជវតី​ធុំ​ក្លិន​មនុស្ស​ហើយ​សួរ​ថា ហេតុ​ដូច​ម្ដេច​បាន​ជា​ធំ​ក្លិន​មនុស្ស​ក្នុង​កាល​ដែល​នាង​ទាំង​ឡាយ​ចូល​មក កាល​បើ​ហេតុ​នេះ​មាន នាង​មិន​ប្រាប់​អញ​តាម​ពិត​ទេ ជីវិត​នាង​រាល់​គ្នា​នឹង​មិន​មាន​ឡើយ នាង​អញ្ជវតី​គំរាម​ដោយ​ពាក្យ​ដូច្នេះ។ គ្រា​នោះ​នាង​ទាំង​ឡាយ​ខ្លាច​ស្លាប់​មិន​អាច​ដើម្បី​លាក់ អង្វរ​សុំ​ទោស​ហើយ​ទូល​តាម​ត្រង់​ថា បពិត្រ​អម្ចាស់ សុតធនុ​កុមារ​បុត្រា​ព្រះ​បាទ​ពារាណ​សី ជា​បង​នាង​ករេណុវតី​មក​នៅ​ក្នុង​ទី​នេះ។ នាង​អញ្ជនវតី​បាន​ឮ​ពាក្យ​ថា « សុតធនុ » បុណ្ណោះ ហាក់​បី​ដូច​ជា​គេ​យក​ទឹក​អម្រឹត​មក​ស្រោច​ដួង​ចិត្ត​ក៏​មាន​បីតិ​សោមស្ស​កើត​ឡើង ហើយ​គិត​ថា បើ​រាជ​កុមារ​ជា​អ្នក​ប្រាជ្ញ​មែន គង់​ដឹង​អធិប្បាយ​អញ​ដោយ​សញ្ញា​នេះ​ពិត គិត​ហើយ​នាង​ក៏​សរសេរ​សំបុត្រ​ដោយ​ម្រាម​ដៃ​ខ្លួន​ប្រគល់​ឱ្យ​នាង​ករេ​ណុវតី ផ្ដាំ​ថា បើ​រាជ​កុមារ​នោះ​ជា​បណ្ឌិត​មែន​គង់​ដឹង​អធិប្បាយ​នេះ​ចូរ​យាង​មក​ក្នុង​ទីនេះ​ចុះ ថា​បើ​មិន​ដឹង​អធិប្បាយ​នេះ​ទេ រាជ​កុមារ​នោះ​នឹង​បាន​ជា​អាហារ​អញ ផ្ដាំ​ដូច្នេះ​ហើយ​ក៏​បញ្ជូន​នាង​ករេណុវតី​ទៅ នាង​ករេណុវតី​ទទួល​សំបុត្រ​ហើយ​យំ​ដើរ​ទៅ​កាន់​សម្នាក់​ពោធិ​សត្ត​ថ្វាយ​បង្គំ​ទូល​ថា បពិត្រ​រាជ​បុត្រ​ថា​បើ​ព្រះ​អង្គ​ជ្រាប​ស្នាម​ក្នុង​សំបុត្រ​នេះ ជីវិត​ព្រះ​អង្គ​នៅ​រស់​ត​ទៅ​បាន ថា​បើ​មិន​ជ្រាប​ទេ ជីវិត​ព្រះ​អង្គ​ច្បាស់​ជា​គ្មាន​ហើយ។ ពោធិ​សត្ត​ឃើញ​ស្នាម​នោះ​ក៏​ជ្រាប​ថា នាង​អញ្ជនវតី​យក្ខិនី​នេះ​ស្រឡាញ់​អញ​ដោយ​សេចក្ដី​តម្រេក ទើប​ត្រាស់​នឹង​នាង​ករេណុវតី​ថា យើង​ដឹង​នូវ​ស្នាម​ក្នុង​សំបុត្រ​នោះ ទើប​ទ្រង់​គូរ​រូប​ព្រះ​អង្គ​បី​ដូច​ជា​ចាប់​ឱប​កណ្ឋ៍​នាង​អញ្ជវតី ហើយ​ប្រគល់​ឱ្យ​នាង​ករេណុវតី​ទ្រង់​បញ្ជូន​ឱ្យ​ទៅ​វិញ។

សាតំអាទាយតស្យា​យក្ខិនិ​យាហត្ថេថ​បេសិ

នាង​ករេណុវតី​កាន់​យក​រូប​នោះ​ទៅ​ថ្វាយ​នាង​អញ្ជនវតី ៗ ឃើញ​រូប​ក៏​ព្រឺ​ព្រួច មាន​ខ្លួន​ពាល់​ត្រូវ​ដោយ​បេតី ៥ ប្រការ​ហើយ​គិត​ថា ហេតុ​នេះ​គួរ​ហើយ ទើប​ម្នី​ម្នា​យក​គ្រឿង​អម្ពរ​សម្រាប់​ប្រដាប់ កម្រង​ផ្កា​និង​គន្ធ​វិលេបនៈសម្រាប់​លាប​ខ្លួន មក​ហុច​ឱ្យ​នាង​ករេណុវតី​បញ្ជូន​ឱ្យ​នាំ​ទៅ​ថ្វាយ​ពោធិ​សត្ត នាង​ករេណុ​វតី​ក៏​នាំ​យក​ទៅ​ថ្វាយ​ពោធិ​សត្ត​ទូល​ថា បពិត្រ​អម្ចាស់ របស់​ទាំង​នេះ​នាង​អញ្ជន​វតី​បញ្ជូន​មក​ថ្វាយ​ព្រះ​អង្គ។ ពោធិ​សត្ត​ឮ​ពាក្យ​នោះ​ក៏​គិត​ថា គួរ​យើង​ទៅ​ឥឡូវ​នេះ ទើប​ស្ដេច​ស្រង់​ទឹក​ប្រដាប់​កាយ មិន​ប្រញាប់​ពេក​ស្ដេច​យាង​ទៅ​ដោយ​សិរិវិលាស​តាម​ប្រក្រតី​ខ្លួន ឡើង​កាន់​ប្រាសាទ​​នាង​ បី​ដូច​ជា​រាជសី​ហ៍ជំទង់​មិត​ពត់ ​ពុំ​នោះ​សោត​បី​ដូច​ព្រះ​ឥន្ទ មាន​ពួក​នាង​នារី​ចោម​រោម​យាង​ឡើង​កាន់​ទេវ​ប្រាសាទ។ ចំណែក​នាង​អញ្ជនវតី​បើក​បង្អួច​ចាំ​មើល​ពោធិ​សត្ត ឃើញ​ពោធិ​សត្ត​យាង​មក​ក៏​ត្រេក​អរ​ថា​រាជ​បុត្រ​នោះ​មក​ហើយ​តើ ទើប​ស្រែក​ហៅ​ថា មហា​បុរស​ចូរ​មក​ឆាប់។ លំដាប់​នោះ​មហា​សត្ត​ចាប់​ដៃ​នាង​អញ្ជនវតី​នោះ​ឱប​អភិរម្យ​ជាមួយ​គ្នា។ ចាប់​ដើម​អំពី​នោះ​មក នាង​អញ្ជនវតី​ក៏​ស្រឡាញ់​ពោធិ​សត្ត​លើស​លន់​គណ​មិនបាន។ កាល​បើ​កាល​កន្លង​ទៅ​យ៉ាង​នេះ ក្នុង​មួយ​ថ្ងៃ​ពោធិ​សត្ត​រឭក​មាតា​ក៏​គិត​ថា អញ​នឹង​បាន​ទៅ​ឃើញ​មាតា​ដោយ​ឧបាយ​ដូច​ម្ដេច​ហ្ន៎​ទើប​ព្រះ​អង្គ​មាន​បន្ទូល​នឹង​នាង​ករេណុវតី​ថា​ម្នាល​នាង​ករេណុ​វតី​ក្រាប​ទូល​ថា បពិត្រ​សម្មតិ​រាជ សេះ​មាន​ក្នុង​ទី​នេះ ពោធិ​សត្ត​សួរ​ថា យើង​នឹង​បាន​នូវ​សេះ​នោះ​ដោយ​ឧបាយ​ដូច​ម្ដេច។ នាង​ករេវតី​ទូល​ថា បពិត្រ​សម្មតិ​រាជ នាង​អញ្ជនវតី​នេះ​ស្រឡាញ់​ព្រះ​អង្គ​ជា​ស្វាមី នាង​ឈរ​ក្ដី អង្គុយ​ក្ដី ដើរ​ក្ដី ក្នុង​ទី​ឯ​ណាៗ រមែង​ពោល​សរសើរ​គុណ​ព្រះ​អង្គ​ក្នុង​ទី​នោះៗ ហេតុ​នោះ​ព្រះ​អង្គ​អាច​បាន​នូវ​សេះ​អំពី​សម្នាក់​នាង​ដោយ​ឧបាយ​ឯ​ណា​នីមួយ​មិន​លែង។ ពោធិ​សត្ត​ថា ឧបាយ​នោះ​មាន​ពិត។ ក្នុង​ថ្ងៃ​មួយ​ជា​ខាង​ក្រោយ ទ្រង់​ធ្វើ​ជា​រឭក​ព្រះ​មាតា​ទ្រង់​ព្រះ​កន្សែង​ក្នុង​បច្ចូស​សម័យ គ្រា​នោះ​នាង​អញ្ជនវតី​ភ្ញាក់​ឡើង​សួរ​ថា ហេតុ​អ្វី​បាន​ជា​ព្រះ​អង្គ​ទ្រង់​ព្រះ​កន្សែង ពោធិ​សត្ត​ទ្រង់​ស្ងៀម។ នាង​​អញ្ជនវតី​សួរ​អស់​វារៈពីរ​ដង​បី​ដង​ដោយ​ប្រការ​ដូច្នេះ ពោធិសត្ត​ក៏​តប​ទៅ​ថា​ម្នាល​នាង​ដ៏​ចម្រើន កាល​មុន​យើង​នៅ​ក្នុង​នគរ​ពា​រាណ​សី​ធ្លាប់​លេង​ល្បែង​ដោយ​សត្វ​មាន​ដំរី​សេះ​ជា​ដើម ដល់​មក​នៅ​ក្នុង​ទី​នេះ​ដោយ​ហោច​ទៅ សូម្បី​តែ​ឃើញ​សត្វ​នីមួយ​យើង​មិន​ដែល​ឃើញ ហេតុ​នោះ​បាន​ជា​យើង​យំ ម្នាល​នាង​ថា​បើ​នាង​មាន​សេចក្ដី​ស្រឡាញ់​យើង នាង​ចូរ​សូម​សេះ​របស់​នាង​ឱ្យ​យើង​ថា​បើ​យើង​មិន​បាន​នូវ​សេះ​នោះ​ទេ ជីវិត​យើង​ក៏​នឹង​មិន​មាន។ នាង​អញ្ជនវតី​ទូល​ថា កាល​បើ​ហេតុ​យ៉ាង​នេះ​មាន ព្រះ​អង្គ​កុំ​គិត​ឡើយ ខ្លួន​ខ្ញុំ​នឹង​ធានា​ឱ្យ​គេ​ទៅ​សូម​សេះ​នោះ​ឱ្យ​បាន​។ លុះ​ដល់​ថ្ងៃ​ក្រោយ នាង​អញ្ជន​វតី ប្រាប់​នាង​ករេណុ​វតី​ឱ្យ​ទៅ​សូម​សេះ​ដោយ​ពាក្យ​ថា ម្នាល​នាង​ករេ​ណុវតី​នាង​ចូរ​ទៅ​សូម​សេះ​អំពី​បង​អញ។

សាសាធុ​អយ្យាតិ​យក្ខស្ស​សន្តិ​កំ​គន្ត្វាវន្ទិត្វា

នាង​ករេណុ​វតី​ទទួល​ថា​សាធុ ហើយ​ដើរ​ទៅ​កាន់​សម្នាក់​យក្ខ​សំពះ​ហើយ​ទូល​នូវ​ហេតុ​នោះ។ ឃន្តារ​យក្ខ​បាន​ស្ដាប់​នៅ​ពាក្យ​នោះ​ក៏​ឆ្លើយ​ថា នាង​កុំ​ពោល​យ៉ាង​នេះ​ឡើយ​ដ្បិត​សេះ​នោះ​កាច​ណាស់ បើ​នាង​ចាប់​យក​ទៅ​ជីវិត​នាង​ឯង​នឹង​ក្ស័យ នាង​ចូរ​ទៅ​ប្រាប់​ប្អូន​ស្រី​អញ​វិញ​ចុះ។ នាង​ករេណុវតី​ក៏​ត្រឡប់​ទៅ​ទូល​ដល់​នាង​អញ្ជនវតី​វិញ នាង​អញ្ជនវតី​ក៏​ទូល​ហេតុ​នោះ​ដល់​ពោធិ​សត្តៗ បាន​ស្ដាប់​ពាក្យ​នោះ​ទ្រង់​ព្រះ​កន្សែង​ទៀត។ លំដាប់​នោះ​នាង​អញ្ជនវតី​អត់​មិន​បាន​នៅ​រឿង​ដែល​ពោធិ​សត្ត​យំ​ក៏​ប្រើ​នាង​ករេណុវតី​ទៅ​ទៀត​ថា​ម្នាល​ករេណុវតី នាង​ចូរ​ទៅ​កុំ​ខ្លាច​ឡើយ ដ្បិត​សេះ​នេះ​បង​អញ​ឱ្យ​ចង​ទុក​មក​យូរ​ហើយ ឥឡូវ​នេះ​ប្រហែល​ជា​បាត់​ស្រវឹង​បាត់​កាច​ហើយ នាង​ចូរ​ទៅ​សុំ​ទៀត។ នាង​ករេណុវតី​ទៅ​កាន់​ដំណាក់​យក្ខ​ម្ដង​ទៀត ទូល​នូវ​ដំណើរ​នោះ យក្ខ​សោត​ក៏​តប​ទៅ​ថា បើ​ដូច្នោះ​នាង​ចូរ​ចាប់​យក​ទៅ​ចុះ។ លំដាប់​នោះ​នាង​ករេណុ​វតី សេះ​គឺ​យក្ខ​ចង​ទុក​ក្នុង​ទី​ឯ​ណា ក៏​ដើរ​ទៅ​កាន់​ទី​នោះ​និយាយ​នឹង​សេះ​ថា ម្នាល​មណិ​កក្ខ ​សុតធនុ​រាជ​កុមារ​ជា​ម្ចាស់​អ្នក​ឯង​មក​នៅ​ក្នុង​ទី​នេះ សេះ​បាន​ឮ​ពាក្យ​នោះ​ក៏​គិត​ថា ម្ចាស់​អញ​មក​នៅ​ក្នុង​ទី​នេះ សេះ​បាន​ឮ​ពាក្យ​នោ​ក៏​គិត​ថា ម្ចាស់​អញ​មក​នៅ​ក្នុង​ទី​នេះ​ទេ​តើ ហើយ​ក៏​សម្រក់​ទឹក​ភ្នែក​ដោយ​រឭក​ម្ចាស់ នឹង​ត្រឡប់​មាន​ចិត្ត​ត្រេក​អរ​វិញ​ដោយ​គិត​ថា អញ​នឹង​បាន​ឃើញ​ម្ចាស់​អញ​ក្នុង​ថ្ងៃ​នេះ សេះ​ក៏​សើច​ដោយ​សំឡេង​ខ្លាំង។ គ្រា​នោះ​នាង​ករេណុ​វតី​ក៏​ស្រាយ​នៅ​ចំណង​សេះ​ដឹក​ទៅ​បញ្ឈរ​ទុក​ខាង​មុខ​ប្រាសាទ​ហើយ​ថ្វាយ​បង្គំ​ឃន្តារ​យក្ខ។ ឃន្តារ​យក្ខ​ឃើញ​សេះ​ហើយ​សួរ​នាង​ករេណុវតី​ថា នាង​ចាប់​សេះ​នេះ​បាន​ដោយ​ឧបាយ​ដូច​ម្ដេច។ នាង​ករេណុវតី​ក្រាប​ទូល​ថា បពិត្រ​ទេវ​យក្ខ​ខ្ញុំ​ម្ចាស់​ចាប់​សេះ​នេះ​បាន​ដោយ​អានុភាព​ប្អូន​ស្រី​ព្រះ​អង្គ។ ឃន្តារ​យក្ខ​ក៏​សួរ​ថា ប្អូន​អញ​ចេះ​មន្ត​ដូច​ម្ដេច​ឬ។ នាង​ករេណុវតី​ទូល​ទៅ​ថា​បពិត្រ​ទេវ​យក្ខ ប្អូន​ព្រះ​អង្គ​មិន​ចេះ​មន្ត​ទេ តែ​ថា​ខ្ញុំ​ចាប់​សេះ​បាន​ដោយ​អានុភាព​នៃ​នាង ហើយ​ក៏​នាំ​សេះ​ទៅ​កាន់​សម្នាក់​ពោធិ​សត្ត​ថ្វាយ​ទត​ព្រះ​នេត្រ។ ចំណែក​ពោធិ​សត្ត​ឃើញ​សេះ ទ្រង់​ឈរ​ទត​សេះ​នោះ​មាន​ព្រះ​នេត្រ​រលីម​រលាម​ដោយ​អស្សុជល​ធារា។ ចំណែក​ឯ​សេះ​ឃើញ​ព្រះ​ពោធិ​សត្ត​ក៏​បង្ហូរ​ទឹក​ភ្នែក​ហើយ​សួរ​ពោធិ​សត្ត​ថា បពិត្រ​មហា​រាជ​នាង​ទេវី​ទៅ​ឯ​ណា។ ពោធិ​សត្ត​ឆ្លើយ​ថា ម្នាល​មណិកក្ខ​ដ៏​ចម្រើន​យើង​មិន​ដឹង​ជា​នាង​ទេវី​ទៅ​ក្នុង​ទី​ឯ​ណា​ឡើយ។ កាល​បើ​ពោធិ​សត្ត​ពោល​យ៉ាង​នេះ សេះ​លួង​លោម​ពោធិ​សត្ត​ថា​បពិត្រ​មហា​រាជ​កាល​បើ​យ៉ាង​នេះ ព្រះ​អង្គ​មិន​គួរ​នៅ​ក្នុង​ទី​នេះ​យូរ​ពេក​ទេ។ ពោធិ​សត្ត​ឆ្លើយ​ថា ហេតុ​នេះ​លើក​ទុក​ហើយ​ព្រះ​អង្គ​ក៏​គង់​នៅ​ក្នុង​ទី​នោះ​អស់​ពីរ​បី​ថ្ងៃ។ ក្នុង​មួយ​ថ្ងៃ​ស្ដេច​មាន​បន្ទូល​នឹង​នាង​អញ្ជន​វតី​ថា យើង​ទាំង​ឡាយ​នឹង​ធ្វើ​មហោស្រព​គឺ​ផឹក​សុរា​ក្នុង​ឧទ្យាន បាន​ជា​យើង​ថា​យ៉ាង​នេះ​ព្រោះ​សេះ​នេះ​យើង​ក៏​បាន​មក​ហើយ យើង​នឹង​ផឹក​នូវ​វិជយ​បាន​ដ៏​ប្រសើរ​ជា​កម្សាន្ត។ នាង​អញ្ជនវតី​ក៏​ធ្វើ​តាម​ពាក្យ​ពោធិ​សត្ត​ឱ្យ​តាក់​តែង​នូវ​សុរា​ដ៏​ច្រើន ទើប​ឱ្យ​ស្រី​បម្រើ​ទាំង​ឡាយ​កាន់​យក​នូវ​សុរា​ដើរ​ទៅ​កាន់​ឧទ្យាន​ហើយ​នាំ​គ្នា​ផឹក​នូវ​សុរា។

តាសព្វាអញ្ជនវតិ​បមុខា​សុរាមទត្តា​អសតី

ស្រី​ទាំង​ពួង​នោះ​មាន​នាង​អញ្ជនវតី​ជា​ប្រធាន មិន​មាន​ស្មារតី​មិន​បាន​ដឹង​ខ្លួន​ប្រាណ​​ព្រោះ​ហេតុ​ស្រវឹង​សុរា ក៏​ចូល​ទៅ​កាន់​ប្រាសាទ​ដេក​លក់​សន្ធឹង​សន្ធៃ។ លំដាប់​នោះ​ពោធិ​សត្ត​មាន​បន្ទូល​នឹង​នាង​ករេណុវតី​ថា ម្នាល​នាង​ករេណុវតី នាង​កុំ​គិត​ឡើយ ចូរ​នាង​នៅ​ក្នុង​ទី​នេះ​សិន​ចុះ មិន​យូរ​ប៉ុន្ម៉ាន​យើង​នឹង​មក​នាំ​នាង​យក​ទៅ។ ពោធិ​សត្ត​ពោល​យ៉ាង​នេះ​ហើយ​ក៏​ឡើង​គង់​លើ​សេះ​ហោះ​ទៅ​កាន់​អាកាស យាង​ទៅ​ដោយ​លំដាប់​ដរាប​ដល់​ឥន្ទបថ​នគរ កាល​ព្រះ​អង្គ​ចូល​ទៅ​ក្នុង​នគរ​នោះ​ហើយ​ក៏​ទ្រង់​ប្លែង​ភេទ​ខ្លួន​ជា​ព្រាហ្មណ៍​ហើយ​មាន​បន្ទូល​នឹង​មណិកក្ខ​ថា ម្នាល​មណិ​កក្ខ អ្នក​ចូរ​នៅ​ក្នុង​ទី​នេះ​ចុះ យើង​នឹង​ដើរ​រក​នាង​ចីរប្បភា​ក្នុង​នគរ​នេះ ព្រះ​អង្គ​ឱ្យ​សេះ​ឈប់​ខាង​ក្រៅ​នគរ​ស្ដេច​យាង​ចូរ​ទៅ​ក្នុង​នគរ​តែ​មួយ​អង្គ​ឯង សួរ​មនុស្ស​ទាំង​ឡាយ​ថា សមណៈ​នឹង​ព្រាហ្មណ៍​ជា​អ្នក​ប្រាជ្ញ​គេ​ធ្លាប់​ប្រជុំ​គ្នា​ក្នុង​ទី​ឯ​ណា។ មនុស្ស​ទាំង​ឡាយ​នោះ​តប​ទៅ​ថា ម្នាល​ព្រាហ្មណ៍​ដ៏​ចម្រើន មាន​នាង​បរិព្វា​ជិកា​ម្នាក់​ឱ្យ​ជាង​ធ្វើ​នូវ​សាលា​មួយ​ឈ្មោះ​ឧម្មាទន្តី​ក្នុង​ទី​ឈ្មោះ​ឯ​ណោះ គួរ​ជា​ទី​ត្រេក​អរ​ក្រៃ​ពេក សមណៈ​និង​ព្រាហ្មណ៍​ទាំង​ឡាយ​ជា​អ្នក​ប្រាជ្ញ​ដ៏​ច្រើន​តែង​មកប្រជុំ​គ្នា​ក្នុង​សាលា​នោះ។ ពោធិ​សត្ត​ក៏​យាង​ទៅ​តាម​ផ្លូវ​ដែល​មនុស្ស​ទាំង​ឡាយ​នោះ​ចង្អុរ​បង្ហាញ លុះ​ទៅ​ដល់​សាលា​នោះ​ក៏​ពោល​នូវ​ពាក្យ​ដ៏​ជា​ទី​នាំ​មក​នូវ​សេចក្ដី​រឭក​ជាមួយ​នឹង​សមណៈ​ព្រាហ្មណ៍​ដែល​ចូល​ទៅ​មុនៗ។​ លំដាប់​នោះ​នាង​ទាសី​ទាំង​ឡាយ​ជា​ស្រី​បម្រើ​នៅ​ក្នុង​សាលា​នោះ កំពុង​អង្គាស​ព្រាហ្មណ៍​កំលោះ​ដែល​ទើប​មក​ថ្មី​ឱ្យ​បរិភោគ​ខាង​ក្រៅ​សាលា ក្នុង​កាល​ព្រាហ្មណ៍​គឺ​ពោធិ​សត្ត​នោះ​ដើរ​ចូល​ទៅ ពួក​នាង​ទាសី​ក៏​និយាយ​ថា បពិត្រ​មហា​ព្រាហ្មណ៍ ធម្មតា​សមណៈ​ព្រាហ្មណ៍​ដែល​ចូល​មក​កាន់​សាលា​នេះ​គប្បី​ដឹង​នូវ​វត្ត ព្រាហ្មណ៍​កំលោះ​ក៏​សួរ​ថា ដូច​បាន​ឮ​ថា សមណៈ​ព្រាហ្មណ៍​ឯ​ណាៗ កាល​ចូល​មក​កាន់​សាលា​នេះ គួរ​រមិល​មើល​រូប​គំនូរ​​ក្នុង​សាលា​នេះ ការ​ដែល​មើល​រូប​គំនូរ​​នេះ​ឯង​ជា​វត្ត​របស់​​សមណៈ​​ព្រាហ្មណ៍​អម្បាល​នោះ ហេតុ​នោះ​ខ្លួន​អ្នក​ត្រូវ​ចូរ​មក​ដើរ​មើល​រូប​គំនូរ​​នេះ​សិន។ កាល​បើ​នាង​ទាសី​ពោល​យ៉ាង​នេះ មហា​បុរស​ក៏​ចូល​ទៅ​កាន់​សាលា​នេះ គួរ​រមិល​មើល​រូប​គំនូរ​​ក្នុង​សាលា​នេះ ការ​ដែល​មើល​រូប​គំនូរ​​នេះ​ឯង​ជា​វត្ត​របស់​សមណៈ​ព្រាហ្មណ៍​អម្បាល​នោះ ហេតុ​នោះ​ខ្លួន​អ្នក​ត្រូវ​ចូរ​មក​ដើរ​មើល​រូប​គំនូ​នេះ​សិន។ កាល​បើ​នាង​ទាសី​ពោល​យ៉ាង​នេះ មហា​បុរស​ក៏​ចូល​ទៅ​កាន់​សាលា​ទត​រូប​គំនូរ​នោះ ៗ រៀង​ទៅ ក៏​ឃើញ​នូវ ​រូប​ភាព​ត្រង់​ដែល​ព្រះ​អង្គ​ចូល​ទៅ​កាន់​ប្រាសាទ​ជា​ដំបូង​ក៏​ទ្រង់​ព្រះ​សម្រួល​ម្ដង ហើយ​យាង​ទត​ដោយ​លំដាប់​ទៅ​ខាង​មុខ​ទៀត ឃើញ​គំនូរ​ត្រង់​ដែល​នាង​ចីរប្បភា​ចាប់​ពាក់​កណ្ដាល​ខ្លួន នាង​បទុមា​ចាប់​ជើង​ក៏​ទ្រង់​ព្រះ​សម្រួល​ខ្លាំង​ជាង​មុន ហើយ​យាង​ទត​ទៅ​ខាង​មុខ​ទៀត ឃើញ​រូប​ត្រង់​រឿង​នោះ ៗ ចាប់​ដើម​អំពី​ព្រះ​អង្គ​ចេញ​ចាក​នគរ​ទៅ​ដរាប​ដល់​ព្រះ​អង្គ​ចូល​ទៅ​ក្នុង​សាលា​ឃន្តារ​យក្ខ ព្រះ​អង្គ​មាន​​ព្រះ​ហឫទ័យ​អន់​គិត​ដល់​ទុក្ខ យាង​ទត​ទៅ​ខាង​មុខ​ទៀត​ក៏​ឃើញ​គំនូរ​ត្រង់​ព្រះ​អង្គ​គង់​ក្រោម​ដើម​ឈើ​ទៀប​ឆ្នេរ​​សមុទ្ទ​ធំ​ហើយ​ចង​ទង់​លើ​ចុង​ឈើ ដល់​មក​ត្រង់​នេះ​ទឹក​ព្រះ​នេត្រ​ក៏​ហៀរ​ហូរ​ចេញ​មក ទត​ទៅ​ខាង​មុខ​ទៀត​ឃើញ​គំនូរ​​ត្រង់​ព្រះ​អង្គ​លោត​អំពី​ដង​ក្ដោង​ក្នុង​កាល​សំពៅ​លិច​ចុះ​ក្នុង​មហា​សមុទ្ទ ហើយ​ឃើញ​រូប​ទេវី​របស់​ព្រះ​អង្គ​មាន​ខ្សែ​ដាច់​ពាក់​កណ្ដាល​ដោយ​ចង​ភ្ជាប់​គ្នា​ក្នុង​កាល​ហែល​ទឹក​សមុទ្ទ ព្រះ​អង្គ​ក៏​ទ្រង់​ព្រះ​កន្សែង​យ៉ាង​ខ្លាំង។

អថតា​បរិចារិកាតំ​ហសន្តញ្ច​រោ​ទន្ត​ព្ចាទិស្វា

លំដាប់​នោះ​ស្រី​បម្រើ​ទាំង​ឡាយ​នោះ​កាល​ឃើញ​ពោធិ​សត្ត​សើច​ផង​យំ​ផង​ដូច្នោះ ក៏​ទៅ​កាន់​សម្នាក់​នាង​ទេវី​ជម្រាប​ថា បពិត្រ​នាង​ជា​ម្ចាស់ មាន​ព្រាហ្មណ៍​កំលោះ​ម្នាក់​ឃើញ​រូប​គំនូរ​ក្នុង​សាលា​បាន​ធ្វើ​នូវ​កិរិយា​យ៉ាង​នេះ​ផង ៗ។ ខណៈ​នោះ​នាង​ចីរប្បភា​នោះ​ក៏​បើក​នូវ​បង្អួច​មើល​មក​ក៏​ស្គាល់​ជា​មហា​សត្ត នាង​មឹន​អាច​នឹង​ទប់​ខ្លួន​បាន ក៏​ទ្រង់​ព្រះ​កន្សែង​យាង​ចុះ​ចាក​ប្រាសាទ មហា​សត្ត​នៅ​ក្នុង​ទី​ឯ​ណា នាង​ទៅ​កាន់​ទី​នោះ លុះ​ចូល​ទៅ​ដល់​ហើយ​ក៏​ក្រាប​ទៀប​ព្រះ​បាទ​ពោធិ​សត្ត​ពោល​រៀប​រាប់​ផ្សេងៗជា​បទ​គាថា​ថា ហឫទ័យ​នៃ​ខ្ញុំ​ដែល​ក្ដៅ​ព្រម​ដោយ​ភ្លើង​គឺ​សេចក្ដី​សោក​ក៏​ត្រឡប់​បាន​ត្រជាក់​ក្នុង​ថ្ងៃ​នេះ បពិត្រ​សម្មតិ​រាជ ខ្លួន​ខ្ញុំ​ឃើញ​ព្រះ​អង្គ​ជា​ស្វាមី ក៏​មាន​សេចក្ដី​សោក​ប្រាស​ចេញ។ ចំណែក​ពោធិ​សត្ត​ក៏​ចរចា​ ដោយ​ពាក្យ​សំណេះ​សំណាល​ទាំង​ឡាយ​ដ៏​ជា​ទី​នាំ​មក​នូវ​សេចក្ដី​ស្រឡាញ់​មាន​ប្រការ​ផ្សេងៗជាមួយ​នឹង​នាង​ចីរប្បភា​នោះ។ គ្រា​នោះ​មនុស្ស​ដែល​នៅ​ក្នុង​នគរ​ក៏​ផ្អើល​ជ្រួល​ជ្រើម​ទៅ​ចោម​រោម​ពោធិ​សត្ត និយាយ​គ្នា​ថា​ដូច​បាន​ឮ​ថា​ព្រាហ្មណ៍​នេះ​ឈ្មោះ​សុតធនុ។ គ្រា​នោះ​ព្រះ​បាទ​មហា​បនារ​ទ​រាជ​មាន​បន្ទូល​នឹង​ពោធិ​សត្ត​ថា ព្រះ​អង្គ​ចូរ​ទទួល​គ្រប់​គ្រង​នៅ​រាជ​សម្បត្តិ​របស់​ខ្ញុំ ហើយ​ក៏​ប្រគល់​រាជ​សម្បត្តិ​ថ្វាយ​ពោធិ​សត្ត ដោយ​ប្រការ​ដូច្នេះ។ ព្រះ​មហា​សត្ត​ទ្រង់​ឃាត់​ទៅ​ព្រះ​បាទ​មហា​បនារទ​រាជ​នោះ​ដោយ​មិន​ប្រាថ្នា​រាជ​សម្បត្តិ ស្ដេច​គង់​នៅ​ក្នុង​នគរ​នោះ​ពីរ​បី​ថ្ងៃ ទ្រង់​លា​ព្រះ​បាទ​មហា​បនារ​ទរាជ​និង​ប្រទាន​ឱវាទ​ដល់​ជន​ទាំង​ពួង​ហើយ​ឡើង​គង់​លើ​សេះ​ដោយ​លីលាស​មាន​ប្រការ​ដ៏​ច្រើន ជាមួយ​នឹង​នាង​ទេវី​យាង​ទៅ​នគរ​ពារាណសី​ដោយ​លំដាប់។ ព្រះ​មាតា​នៃ​មហា​សត្ត​ចាប់​ដើម​អំពី​កាល​បុត្រ​ទៅ មាន​ព្រះ​នេត្រ​ពេញ​ដោយ​អស្សុជល​សព្វ​កាល​វេលា គឺ​វេលា​ថ្ងៃ​យប់​ទ្រង់​ឈរ​នៅ​ទៀប​ទ្វារ​ប្រាសាទ​ទ្រង់​ទន្ទឹង​មើល​ផ្លូវ​ពោធិ​សត្ត​អស់​កាល​ជា​និច្ច។ ចំណែក​ពោធិ​សត្ត​កាល​យាង​មក​ដល់​ក៏​ទ្រង់​ចុះ​ចាក​អាកាស​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះ​បាទ​មាតា​ជាមួយ​នឹង​នាង​ទេវី​ហើយ​ទ្រង់​ព្រះ​កន្សែង។

អថសាតំ​ឧបគយ្ហិត្វាសី​សំចុម្ពិ​ត្វា

លំដាប់​នោះ​ព្រះ​មាតា​កៀក​ឱប​ព្រះ​រាជ​បុត្ត​ថើប​ព្រះ​សិរ​មាន​ព្រះ​សុវណ្ណី​ថា កូន​ណើយ​ចាប់​ដើម​អំពី​អ្នក​ចេញ​ទៅ ខ្លួន​មាតា​កាល​ដើរ​ក្ដី ឈរ​ក្ដី អង្គុយ​ក្ដី​មាន​នយនេត្រ​ពេញ​ដោយ​ទឹក​ភ្នែក​កើត​ទុក្ខ​អស់​កាល​ជា​និច្ច​ដរាប​នោះ ដល់​វេលា​អ្នក​មក​ដល់​ក្នុង​កាល​ឥឡូវ​នេះ​មាតា​មាន​សោក​រលត់​អស់ មាន​ទឹក​ភ្នែក​ប្រាស​ចេញ មាន​មុខ​ថ្លា​ល្អ​មាន​ពណ៌​រស្មី កាល​នាង​ថ្លែង​រៀប​រាប់​នូវ​ពាក្យ​ច្រើន​ប្រការ​ជាមួយ​នឹង​ពោធិ​សត្ត​នោះ​ហើយ ក៏​បញ្ជូន​ព្រះ​រាជ​បុត្ត​ឱ្យ​ទៅ​សម្រាក​ឯ​ប្រាសាទ។

គ្រា​នោះ​អ្នក​នគរ ​ក៏​អញ្ជើញ​ព្រះ​ពោធិ​សត្ត​ឱ្យ​គង់​លើ​គំនរ​កែវ​ជាមួយ​នាង​ទេវី​អភិសេក​ជា​ថ្មី​ម្ដង​ទៀត បាន​ប្រគំតូយ៌​តន្រ្តី​ទាំង​ពួង​មាន​ស្គរ សម្ភោរ បណ្ឌវ សំខ ជាដើម​មាន​សំឡេង​គឹក​កង​រំពង​ទូទាំង​ព្រះ​នគរ។ លុះ​កាល​មក​ខាង​ក្រោយ​អំពី​វេលា​អភិសេក​នោះ ព្រះ​មហា​សត្ត​ទ្រង់​នឹក​រឭក​ដល់​នាង​អញ្ជន​វតី​នឹង​នាង​ករេណុវតី ទើប​ស្ដេច​ឡើង​គង់​លើ​មណិ​កក្ខ​អស្សតរ យាង​ទៅ​ដោយ​លំដាប់​ដរាប​ដល់​ដែន​ឃន្តារ​យក្ខ ទ្រង់​ស្ថិត​នៅ​លើ​អាកាស​អំពី​ខាង​មុខ​ប្រាសាទ​ត្រាស់​បង្គាប់​ទៅ​ឃន្តារ​យក្ខ​ថា​ម្នាល​មហា​យក្ខ អ្នក​ចូរ​ឱ្យ​នាង​អញ្ជនវតី​ជា​ភរិយា​យើង​មក​យើង​ថា ​បើ​អ្នក​មិន​ឱ្យ​មក​យើង​ទេ អធម្ម​ដ៏​ធំ​នឹង​បង្កើត​ដល់​អ្នក​មិន​លែង​ឡើយ។ យក្ខ​បាន​ឮ​ពាក្យ​ពោធិ​សត្ត​នោះ​ក៏​ទៅ​កាន់​សម្នាក់​ប្អូន​ស្រី​ហើយ​សួរ​ថា ស្ដេច​ឈ្មោះ​សុតធនុ​ជា​ប្ដី​នៃ​នាង​ពិត​ឬ  នាង​អញ្ជនវតី​ក៏​ទូល​ថា សុតធនុ​រាជ​ជា​ប្ដី​នៃ​ខ្ញុំ​ពិត​មែន អ្នក​បង។ យក្ខ​ក៏​មាន​ចិត្ត​ជ្រះ​ថ្លា​ក្នុង​ពោធិ​សត្ត ដើរ​ទៅ​កាន់​ទី​ជិត​ពោធិ​សត្ត ហើយ​ទូល​ថា ម្នាល​មហា​បុរស​ដ៏​ចម្រើន​អ្នក​ចូល​មក​ចុះ  យើង​នឹង​ឱ្យ​ប្អូន​ស្រី​យើង​ដល់​អ្នក​ឥឡូវ​នេះ។ លំដាប់​នោះ​មហា​សត្ត​គិត​ថា យក្ខ​នេះ​មាន​ចិត្ត​ទន់​ហើយ គួរ​អញ​ឱ្យ​ស្ថិត​នៅ​ក្នុង​បញ្ចសីល​ក្នុង​កាល​ឥឡូវ​នេះ បើ​យក្ខ​នោះ​ស្ថិត​នៅ​ក្នុង​ឱវាទ​នៃ​អញ​រក្សា​បញ្ចសីល​ហើយ​នឹង​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌​ទេវលោក​ក្នុង​កាល​ជា​ឯ​ក្រោយ ទ្រង់​គិត​ហើយ​ចុះ​ចាក​អាកាស​ចូល​ទៅ​កាន់​ប្រាសាទ​នាង​អញ្ជនវតី​ជាមួយ​នឹង​ឃន្ដារ​យក្ខ​នោះ។

តតោសោ​អត្តនោភវនេ​បរិ​សំ​សន្និបាតាបេត្វា

លំដាប់​នោះ​ឃន្តា​យក្ខ​ក៏​ប្រជុំ​បរិសទ្យ​ក្នុង​ភព​នៃ​ខ្លួន លុះ​បាន​ចួប​ជុំ​ហើយ​ក៏​ធ្វើ​គ្រឿង​សក្ការៈ​​ដ៏​ច្រើន​ដល់​មហា​សត្ត ហើយ​ថ្វាយ​នូវ​ប្អូន​ស្រី​ខ្លួន​ដល់​មហា​សត្ត​នោះ។ ព្រះ​មហា​សត្ត​ក៏​ទទួល​យក​នាង​អញ្ជនវតី ហើយ​ឱ្យ​ឱវាទ​យក្ខ​ថា ម្នាល​មហា​យក្ខ​ដ៏​ចម្រើន ខ្លួន​អ្នក​ក្នុង​កាល​មុន​បាន​បង្កើត​ជា​មនុស្ស ប្រព្រឹត្តនូវ​អំពើ​ទុច្ចរិត​ដោយ​កាយ​ខ្លះ ដោយ​វាចា​ខ្លះ ដោយ​ចិត្ត​ខ្លះ ព្រោះ​ហេតុ​កម្ម​អាក្រក់​នេះ បាន​ជា​អ្នក​មក​កើត​ក្នុង​កំណើត​យក្ខ​កាច​សាហាវ​អាក្រក់​ក្នុង​កាល​ឥឡូវ​នេះ ចាប់​ដើម​អំពី​ថ្ងៃ​នេះ​ទៅ​អ្នក​ចូរ​ប្រព្រឹត្ត​សុចរិត​បី​ប្រការ ចូរ​រក្សា​នូវ​បញ្ច​សីល​ក្នុង​គ្រា​នេះ សីល ៥ នោះ​ដូច​ម្ដេច​ខ្លះ គុណ​ទាំង​ឡាយ​នេះ​បាន​និង​ចេតនា​ដែល​លះ​បង់​នូវ​បាប​ធម៌​គឺ​វៀរ​សម្លាប់​សត្ត ១ វៀ​ចាក​កាន់​យក​នូវ​ទ្រព្យ​អ្នក​ដ៏ទៃ ដែល​គេ​មិន​បាន​ឱ្យ​ដោយ​កាយ​និង​វាចា ១ វៀ​ចាក​ប្រព្រឹត្ត​ខុស​​ក្នុង​កាម​គុណ​ទាំង​ឡាយ ១ វៀរ​ចាក​ពោល​នូវ​ពាក្យ​កុហក ១ វៀរ​ចាក​ហេតុ​នៃ​សេចក្ដី​ប្រមាទ​គឺ​ផឹក​នូវ​ទឹក​ស្រវឹង​គឺ​សុរា និង​មេរ័យ ១ គុណ​ធម៌​ទាំង ៥ នេះ​ឯង​ឈ្មោះ​ថា​បញ្ច​សីល។

ម្នាល​យក្ខ​ដ៏​ចម្រើន ដ្បិត​ថា​បាណាតិបាត​កម្ម​គឺ​បុគ្គល​ឯ​ណា​មួយ​បាន​សេព បាន​ចម្រើន បាន​ធ្វើ​ឱ្យ​ច្រើន​យ៉ាង​នេះ​ហើយ បាណាតិ​បាតកម្ម​នៃ​បុគ្គល​នោះ​រមែង​បណ្តាល​ឱ្យ​មាន ឥន្រ្ទីយ៍​ជា​ទុក្ខ​មាន​ផល​ជា​ទុក្ខ មិន​ជា​ទី​ប្រាថ្នា មិន​ជា​ទី​ត្រេក​អរ តែង​ឱ្យ​បុគ្គល​ធ្លាក់​ទៅ​ក្នុង​អបាយ​ភូមិ​ទាំង​ឡាយ ថា​បើ​បុគ្គល​នោះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ទៅ​ហើយ ត្រឡប់​មក​កាន់​អត្ត​ភាព​ជា​មនុស្ស​នេះ​វិញ ក៏​នឹង​មាន​ទុក្ខ​ច្រើន មាន​ពៀរ​ច្រើន ​មាន​អាពាធ​ច្រើន មាន​អាយុ​ខ្លី​។ ម្នាល​យក្ខ​ បាណាតិបាត​កម្ម​ឯ​ណា​នេះ​ដែល​បុគ្គល​ធ្វើ​ហើយ បាណាតិបាត​កម្ម​នោះ​ប្រព្រឹត្ត​ទៅ​ដើម្បី​អាយុ​ខ្លី។

ម្នាល​យក្ខ​ដ៏​ចម្រើន បុគ្គល​កាន់​នូវ​ទ្រព្យ​ដែល​គេ​មិន​ឱ្យ កាល​ច្យុត​ចាក​អត្ត​ភាព​នោះ​ទៅ បើ​មក​កាន់​មនុស្ស​ជាតិ​នេះ​វិញ ទោះ​ទៅ​កើត​ក្នុង​ទីណាៗ រមែង​មាន​ទុក្ខ​ច្រើន មាន​ផល​ជា​ទុក្ខ​ច្រើន ជា​មនុស្ស​កម្សត់ មាន​សម្បត្តិ​តិច មាន​បាយ​ទឹក​ភោជន​តិច មាន​អន្តរាយ​កើត​ដល់​ទ្រព្យ​មក​អំពី​ស្ដេច​ខ្លះ អំពីរ​ចោរ​ខ្លះ អំពី​ភ្លើង​ខ្លះ អំពី​ទឹក​ខ្លះ អំពី​បិសាច​ខ្លះ អំពី​សេចក្ដី​ត្រេក​អរ​អាក្រក់​ខ្លះ។ ម្នាល​យក្ខ​ដ៏​ចម្រើន អទិន្នា​ទាន​ឯណា​នេះ​ដែល​បុគ្គល​ធ្វើ​ហើយ អទិន្នា​ទាន​នោះ​ប្រព្រឹត្ត​ទៅ ដើម្បី​សេចក្ដី​ទាល់​ក្រ​លំបាក។

ម្នាល​យក្ខ​ដ៏​ចម្រើន ករិយា​ប្រព្រឹត្ត​ខុះ​ក្នុង​កាម​គុណ​ទាំង​ឡាយ​គឺ​បុគ្គល​​ឯ​ណា​មួយ​សេព​ហើយ ចម្រើន​ហើយ ធ្វើ​ឱ្យ​ច្រើន​ហើយ​មិច្ឆាចារ​នោះ​រមែង​បណ្ដាល​ឱ្យ​មាន​ឥន្រ្ទីយ៍​ជា​ទុក្ខ មាន​ផល​ជា​ទុក្ខ ​មិន​ជា​ទី​ប្រាថ្នា ​មិន​ជា​ទី​ត្រេកអរ ប្រព្រឹត្ត​ទៅ​ក្នុង​អបាយ ​គប្បី​មាន​ដល់​បុគ្គល​នោះ។ ម្នាល​យក្ខ ថា​បើ​បុគ្គល​នោះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ហើយ​មក​កាន់​មនុស្ស​ជាតិ​នេះ​វិញ​ទោះ​ទៅ​កើត​ក្នុង​ទី​ឯណាៗជា​ខាង​ក្រោយ រមែង​មាន​ពណ៌​កាយ​អាក្រក់ រូប​អាក្រក់​លាមក​មិន​គួរ​ដល់​ការ​មើល មិន​គួរ​​ដល់​ការ​ឃើញ រមែង​ដល់​នូវ​សភាព​ជា​មនុស្ស​ខ្ទើយ​និង​បណ្ឌក​ជា​ដើម។ ម្នាល​យក្ខ កាមេ​សុមិច្ឆាចារ​​ឯ​ណា​នេះ​ដែល​បុគ្គល​ធ្វើ​ហើយ មិច្ឆាចារ​នោះ​រមែង​ប្រព្រឹត្ត​ទៅ​ដើម្បី​រូប​អាក្រក់។

ម្នាល​យក្ខ កិរិយា​ពោល​នូវ​ពាក្យ​កុហក ដែល​បុគ្គល​ឯ​ណា​មួយ​សេព​ហើយ ចម្រើន​ហើយ ធ្វើ​ឱ្យ​ច្រើន​ហើយ​យ៉ាង​នេះ មុសាវាទ​នោះ​រមែង​បណ្ដាល​ឱ្យ​មាន​ឥន្រ្ទីយ៍​ជា​ទុក្ខ មាន​ផល​ជា​ទុក្ខ​មិន​ជា​ទី​ប្រាថ្នា មិន​ជា​ទី​ត្រេក​អរ ប្រព្រឹត្ត​ទៅ​ដើម្បី​អបាយ ប្រព្រឹត្ត​ទៅ​ដើម្បី​នរក គប្បី​មាន​ដល់​បុគ្គល​នោះ​ដោយ​ពិត។ ម្នាល​យក្ខ ថា​បើ​បុគ្គល​នោះ​ច្យុត​ចាក​អត្ត​ភាព​នោះ​ទៅ ហើយ​មក​កាន់​មនុស្ស​ជាតិ​វិញ​នេះ​វិញ កើត​ក្នុង​ទី​ណាៗជា​ខាង​ក្រោយ កាល​និយាយ​ពាក្យ​អ្វី​ទៅ ​គេ​រមែង​មិន​ជឿ អ្នក​ដទៃ​ត្រឡប់​ពោល​ថា​ប្រយោជន៍​អ្វី​ដោយ​ពាក្យ​អ្នក​នេះ អ្នក​នេះ​ឯង​ពោល​កុហក​ទេ។ ម្នាល​យក្ខ មុសាវាទ​ឯ​ណា​នេះ​ដែល​បុគ្គល​ធ្វើ​ហើយ មុសាវាទ​នោះ​ឯង​ប្រព្រឹត្ត​ទៅ​ដើម្បី​ទោស​មាន​មាត់​ស្ទុយ​ជា​ដើម។

ម្នាល​យក្ខ ហេតុ​នៃ​សេចក្ដី​ប្រមាទ​គឺ​ផឹក​នូវ​ទឹក​ស្រវឹង​គឺ​សុរា​និង​មេរ័យ ដែល​បុគ្គល​ឯណា​មួយ​សេព​ហើយ ចម្រើន​ហើយ ធ្វើ​ឱ្យ​ច្រើន​ហើយ សុរាមេរ័យ​នោះ​រមែង​បណ្ដាល​ឱ្យ​មាន​ឥន្រ្ទីយ៍​ជា​ទុក្ខ​ច្រើន មាន​ផល​ជា​ទុក្ខ​ច្រើន មិន​ជា​ទី​ប្រាថ្នា មិន​ជា​ទី​ត្រេក​អរ មិន​ជា​ទី​គាប់​ចិត្ត ប្រព្រឹត្ត​ទៅ​ដើម្បី​អបាយ​ ប្រព្រឹត្ត​ទៅ​ដើម្បី​នរក គប្បី​​មាន​ដល់​បុគ្គល​នោះ​ដោយ​ពិត។ ម្នាល​យក្ខ ថា​បើ​បុគ្គល​នោះ​ច្យុត​ចាក​អត្តភាព​នោះ​ទៅ​ហើយ​មក​កាន់​មនុស្ស​ជាតិ​នេះ​វិញ ទោះ​ទៅ​កើត​ក្នុង​ទី​ណាៗ ជា​ខាង​ក្រោយ ជា​មនុស្ស​មាន​បញ្ញា​អាក្រក់ កើត​ជា​មនុស្ស​ឆ្កួត​ ដល់​នូវ​សភាព​ជា​មនុស្ស​គរ​ជា​ដើម​ក្នុង​មនុស្ស​លោក​នេះ មាន​វាចា​មិន​បរិបូណ៌ មាន​សតិ​ភ្លេច​ភ្លាំង។ សុរាមេរយ​មជ្ជបមាទ​ដ្ឋាន ឯ​ណា​នេះ​ដែល​បុគ្គល​សេព​ហើយ ម្នាល​យក្ខ​ដ៏​ចម្រើន​សុរា​មេរយ​មជ្ជបមាទដ្ឋាន​នោះ ប្រព្រឹត្ត​ទៅ​ដើម្បី​ទោស​មាន​បញ្ញា​ខ្លៅ​ជាដើម​ដោយ​ប្រការ​ដូច្នេះ។ ម្នាល​យក្ខ បញ្ច​វេរា​ទាំង​ឡាយ ៥ នេះ​មាន​ផល​មិន​ជា​ទី​ប្រាថ្នា មាន​ផល​ជា​ទុក្ខ​មែន​ពិត ដោយ​ចំណែក​មួយ។

ផល​សីល ៥ ដូច​ម្ដេច អានិសង្ឃ​សីល ៥ ដូច​ម្ដេច។ ម្នាល​យក្ខ​ដ៏​ចម្រើន ​បុរស​បុគ្គល​ចំពូក​ខ្លះ​ក្នុង​លោក​នេះ មាន​សទ្ធា​មាន​ចិត្ត​អាណិត មាន​ចិត្ត​ជា​ប្រយោជន៍​អនុគ្រោះ​ដល់​សត្វ​លះ​បង់​នូវ​បាណាតិបាត វៀរ​ចាក​បាណាតិបាត មាន​អាជ្ញា​ដាក់​បង់​ហើយ មាន​គ្រឿង​សាស្រ្ដា​ដាក់​បង់​ហើយ​មិន​បៀត​បៀន​សត្វ​ទាំង​ពួង។ បុរស​បុគ្គល​នោះ​ជា​អ្នក​មាន​សីល​បរិបូណ៌​មាន​សីល​បាន​បំពេញ​ហើយ លុះ​ទម្លាយ​កាយ​ស្លាប់​ទៅ​ខាង​មុខ ក៏​ទៅ​បង្កើត​ក្នុង​សួគ៌​ទេវលោក​ជា​សុគតិ​ភព ថា​បើ​មិន​ទៅ​កើត​ក្នុង​ទេវលោក​នោះ​ទេ ម្នាល​យក្ខ បុគ្គល​នោះ​កាល​ច្យុត​ចាក​អត្ត​ភាព​នោះ​ទៅ ត្រឡប់​មក​កាន់​មនុស្ស​ជាតិ​នេះ​វិញ ទោះ​កើត​ក្នុង​ទី​ឯ​ណាៗ ជា​ខាង​ក្រោយ រមែង​មាន​អាយុ​វែង មិន​មាន​សត្រូវ មិន​មាន​ពៀរ មាន​មិត្ត​ច្រើន មាន​សម្លាញ់​ច្រើន ជា​ទី​ស្រឡាញ់​នៃ​ទេវតា​និង​មនុស្ស​ទាំង​ឡាយ ម្នាល​យក្ខ​ ចេតនា​ដែល​វៀ​រចាក​បាណាតិបាត​នោះ មាន​ផល​ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ផង ប្រព្រឹត្ត​ទៅ​ដើម្បី​គុណ​មាន​អាយុ​វែង​ជា​ដើម​ផង ដោយ​ប្រការ​ដូច្នេះ។

ឥធេកច្ចោ​ខោ​ភោ​យក្ខ​សទ្ធោ​បុរិស​បុគ្គលោ

ម្នាល​យក្ខ បុរស​បុគ្គល​ចំពូក​ខ្លះ​ក្នុង​លោក​នេះ​មាន​សទ្ធា​មិន​បាន​កាន់​យក​នូវ​ទ្រព្យ​ដែល​បុគ្គល​មិន​បាន​ឱ្យ​ដោយ​ចំណែក​ចិត្ត​លួច។ បុគ្គល​នោះ​បំពេញ​សីល​សមា​ទាន​នូវ​សីល​ប្រកប​ដោយ​សម្បត្តិ​គឺ​សីល​យ៉ាង​នេះ បុគ្គល​នោះ​ទម្លាយ​កាយ​ស្លាប់​ទៅ​ខាង​មុខ គប្បី​ទៅ​កើត​ក្នុង​ស្ថាន​ទេវលោក​ជា​សុគតិ​ភព ថា​បើ​មិន​ទៅ​កើត​ក្នុង​ទេវលោក​សោត ច្យុត​ចាក​អត្ត​ភាព​នោះ​មក​កាន់​មនុស្ស​ជាតិ​នេះ​វិញ ទៅ​កើត​ក្នុង​ទី​ឯ​ណាៗ ជា​ខាង​ក្រោយ​រមែង​កើត​ក្នុង​ត្រកូល​ស្ដុក​ស្ដម្ភ ជា​អ្នក​ស្ដុក​ស្ដម្ភ​​មាន​ទ្រព្យ​ច្រើន មាន​សម្បត្តិ​ច្រើន ការ​ខ្ចាត់​ខ្ចាយ​វិនាស​ទ្រព្យ​ទាំង​ឡាយ​នៃ​បុគ្គល​នោះ​រមែង​មិន​មាន ​មក​អំពី​ហេតុ​គឺ​ស្ដេច​ឬ​ចោរ ភ្លើង ទឹក បុគ្គល​មិន​ជា​ទី​ស្រឡាញ់​ញាតិ​ឯ​ណា​នីមួយ​ម្នាល​យក្ខ ចេតនា​ដែរ​វៀរ​ចាក​អទិន្នា​ទាន​ឯ​ណា​នេះ ចេតនា​នោះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ផង ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​មាន​សម្បត្តិ​ច្រើន​ជា​ដើម​ផង ដោយ​ប្រការ​ដូច្នេះ។

ម្នាល​យក្ខ​ដ៏​ចម្រើន បុរស​បុគ្គល​ចំពូក​ខ្លះ​ក្នុង​លោក​នេះ​មាន​សទ្ធា​ដល់​ព្រម​ហើយ​ដោយ​សេចក្ដី​ខ្មាស​បាប​ក្ដៅ​ក្រហាយ​នឹង​បាប ឃើញ​នូវ​ទោស​ក្នុង​កាម​ទាំង​ឡាយ លះ​បង់​នូវ​កិរិយា​ប្រព្រឹត្ត​ខុស​ក្នុង​កាម​គុណ វៀរ​ចាក​កាមេ​សុមិច្ឆាចារ បុគ្គល​នោះ​លុះ​ទម្លាយ​កាយ​ស្លាប់​ទៅ​ខាង​មុខ គប្បី​ទៅ​កើត​ក្នុង​ថាន​សួគ៌​សុគតិ​ភព ថា​បើ​មិន​ទៅ​កើត​ក្នុង​ថាន​សួគ៌​នោះ​ទេ ច្យុត​ចាក​អត្ត​ភាព​នោះ​មក​កាន់​មនុស្ស​ជាតិ​វិញ ទោះ​ទៅ​កើត​ក្នុង​ទី​ឯ​ណាៗជា​ខាង​ក្រោយ រមែង​មាន​រូប​ល្អ​គួរ​ដល់​ការ​ឃើញ​នាំ​មក​នូវ​សេចក្ដី​ជ្រះ​ថ្លា ប្រកប​ដោយ​ពណ៌​កាយ​ដ៏​ឧត្តម ជា​ទី​ស្រឡាញ់​នៃ​ជន​ទាំង​ពួង​មាន​ឥន្រ្ទីយ៍​ពេញ​បរិបូណ៌ ម្នាល​យក្ខ ចេតនា​វៀរ​ចាក​កាមេ​សុមិច្ឆាចារ​ឯ​ណា​នេះ ចេតនា​នោះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌ ប្រព្រឹត្ត​ទៅ​ដើម្បី​គុណ​មាន​រូប​ល្អ​ជា​ដើម​ដោយ​ប្រការ​ដូច្នេះ។

ឥធេកច្ចោ​ខោភោ​យក្ខ​សទ្ធោ​បុរិស​បុគ្គលោ

ម្នាល​យក្ខ​ដ៏​ចម្រើន បុរស​បុគ្គល​ចំពូក​ខ្លះ​ក្នុង​លោក​នេះ​មាន​សទ្ធា លះ​បង់​នៅ​មុសា​វាទ ​វៀរ​ចាក​មុសា​វាទ​ពោល​តែ​ពាក្យ​ពិត មិន​បាន​ពោល​ពាក្យ​ប្រាស​ចាក​សេចក្ដី​ពិត មិន​ឱ្យ​សេចក្ដី​ប្រាថ្នា​របស់​ជន​ដទៃ​កម្រើក មាន​វាចា​គួរ​ជឿ បុគ្គល​នោះ​បំពេញ​សីល​សមា​ទាន​នូវ​សីល​យ៉ាង​នេះ លុះ​ទម្លាយ​កាយ​ស្លាប់​ទៅ​ខាង​មុខ​គប្បី​កើត​ក្នុង​ថាន​សួគ៌​នោះ​ទេ ច្យុត​ចាក​អត្ត​ភាព​នោះ​មក​កាន់​មនុស្ស​ជាតិ​នេះ​វិញ ទោះ​ទៅ​កើត​ក្នុង​ទី​ឯណាៗជា​ខាង​ក្រោយ ក្លិន​ផ្កា​ឧប្បលរ​រមែង​ផ្សាយ​ចេញ​អំពី​មាត់​នៃ​បុគ្គល​នោះៗ មាន​សេចក្ដី​ប្រាថ្នា​សម្រេច​ក្នុង​គន្ធ​ជាតិ មាន​អណ្ដាត​បរិបូណ៌ មាន​អញ្ចាញ​ធ្មេញ​ស្និទ្ធ មាន​សម្ដី​ផ្អែម​ល្ហែម ពោលតែ​ពាក្យ​ដែល​គួរ​និង​ពាក្យ​ដែល​ប្រាស​ចាក​ទោស មាន​ពាក្យ​គួរ​ជន​ដទៃ​ជឿ​បាន កាល​បើ​ជន​ដទៃ​សួរ​ថា ពាក្យ​នេះ​ជា​ពាក្យ​អ្នក​ឯ​ណា ​ជន​ដែល​បាន​ស្ដាប់​ត​មក​នឹង​តប​ទៅ​ថា ពាក្យ​នេះ​ជា​ពាក្យ​នៃ​បុគ្គល​ឈ្មោះ​នេះ ពាក្យ​នេះ​បុគ្គល​នោះ​ពោល ​អ្នក​សួរ​នោះ​នឹង​សរសើរ​ថា ពាក្យ​ឯ​ណា​ជា​ពាក្យ​អ្នក​នោះ​ពាក្យ​នោះ​ជា​ពាក្យ​ពិត​មែន ម្នាល​យក្ខ ចេតនា​ដែល​វៀរ​ចាក​មុសា​វាទ​ឯ​ណា​នេះ ចេតនា​នោះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ផង ​ប្រព្រឹត្ត​ទៅ​ដើម្បី​គុណ​មាន​មាត់​ក្រអូប​ជា​ដើម​ផង ដោយ​ប្រការ​ដូច្នេះ។

ឥធេកច្ចោ​ខោបនភោ​យក្ខ​សទ្ធោ​បុរិស​បុគ្គលោ

ម្នាល​យក្ខ​ដ៏​ចម្រើន មួយ​ទៀត បុគ្គល​ចំពូក​ខ្លះ​ក្នុង​លោក​នេះ មាន​សទ្ធា លះ​បង់​នូវ​ហេតុ​នៃ​សេចក្ដី​ប្រមាទ​គឺ​ផឹក​នូវ​ទឹក​ស្រវឹង​គឺ​សុរា​និង​មេរ័យ វៀរ​ចាក​សុរា​មេរយ​មជ្ជបមាទ​ដ្ឋាន ​មាន​សតិ​ដឹង​ព្រម​ក្នុង​កាល​ទាំង​ពួង មិន​បាន​ប្រមាទ ប្រព្រឹត្ត​ក្នុង​ធម៌​ទាំង​ពួង បុគ្គល​នោះ​រមែង​ទៅ​កាន់​សម្នាក់ សមណៈ​និង​ព្រាហ្មណ៍​ដ៏​ជា​បណ្ឌិត​ប្រកប​ដោយ​ធម៌​អស់​កាល​ដ៏​គួរ កាល​ចូល​ទៅ​អង្គុយ​ជិត​ហើយ​សួរ​ថា បពិត្រលោក​ដ៏​ចម្រើន ធម៌​ដូច​ម្ដេច​មាន​ទោស ធម៌​ដូច​ម្ដេច​មិន​មាន​ទោស ធម៌​ដូច​ម្ដេច​បុគ្គល​គួរ​សេព ធម៌​ដូច​ម្ដេច​បុគ្គល​បុគ្គល​មិន​គួរ​សេព ដោយ​ប្រការ​ដូច្នេះ។ បុគ្គល​នោះ​បំពេញ​នូវ​សីល​សមា​ទាន​នូវ​សីល​យ៉ាង​នេះ កាល​ទម្លាយ​កាយ​ស្លាប់​ទៅ​ខាង​មុខ គប្បី​កើត​ក្នុង​ថាន​សួគ៌​ជា​សុគតិ​ភព ថា​បើ​មិន​ទៅ​កើត​ក្នុង​ថាន​សួគ៌​នោះ​ទេ ច្យុត​ចាក​អត្តភាព​នោះ​មក​កាន់​មនុស្ស​ជាតិ​នេះ​វិញ ទោះ​ទៅ​កើត​ក្នុង​ទី​ឯ​ណាៗជា​ខាង​ក្រោយ​បុគ្គល​នោះ​រមែង​មាន​បុណ្យ បរិបូណ៌​ដោយ​បញ្ញា ដល់​ព្រម​ដោយ​បញ្ញា​ដ៏​ប្រកប​ដោយ​អង្គ ៨ ប្រការ ​មាន​វាចា​ស្រួល​បួល​ផង ពោល​នូវ​ពាក្យ​គួរ​និង​ពាក្យ​ដែល​ប្រាស​ចាក​ទោស​ផង។ ម្នាល​យក្ខ ចេតនា​នោះ​ប្រព្រឹត្ត​ទៅ​ដើម្បី​សួគ៌​ផង ប្រព្រឹត្ត​ទៅ​ដើម្បី​គុណ​មាន​បញ្ញា​ជា​ដើម​ផង​ដោយ​ប្រការ​ដូច្នេះ ម្នាល​មហា​យក្ខ គុណ​ដូច​សម្ដែង​មក​ខាង​ដើម​នេះ ជា​អានិសង្ស​នៃ​សីល​ទាំង ៥ ប្រការ។

ឯ​វំ​មហា​សត្តោ​តស្ស​សីលា​និសំសំកថេត្វា

ព្រះ​មហា​សត្ត​សម្ដែង​នូវ​អានិសង្ឃ​សីល​ដល់​ឃន្តារ​យក្ខ​នោះ​ដោយ​ប្រការ​ដូច្នេះ ហើយ​ទ្រង់​សរសើរ​នូវ​គុណ​នៃ​សីល​នោះ​ទៀត​ពោល​ជា​បទ​គាថា​ថា សីលំអាភរណំ​សេដ្ឋំ សីល​ជា​គ្រឿង​ប្រដាប់​ប្រសើរ​វិសេស សីល​ជា​ស្បៀង​ដ៏​ឧត្ដម សីល​ជា​ទឹក​ស្រោច​ឱ្យ​ត្រជាក់​សប្បាយ សីល​ជា​គោចរ​គឺ​ជា​អារម្មណ៍​នៃ​ព្រះ​ពុទ្ធ​ទាំង​ឡាយ។ ចំណែក​ឃន្តារ​យក្ខ​បាន​ស្ដាប់​ធម្ម​កថា​មហា​សត្ត​ហើយ​មាន​ចិត្ត​ជ្រះ​ថ្លា​ក្រៃលែង​ប្រមាណ ក៏​សរសើរ​មហា​សត្ត​ថា ដូច​យើង​សរសើរ សុតធនុ​រាជ​កុមារ​ឯ​ណា​ចេះ​សម្ដែង​ធម៌​ទេសនា​ដល់​យើង​ជា​សត្វ​វង្វេង កិរិយា​បាន​ស្ដាប់​ធម៌​ទេសនា​នោះ​ជា​លាភ​ដ៏​ប្រពៃ​របស់​យើង​ពិត យើង​បាន​ដោយ​ល្អ​ពិត បុគ្គល​ដែល​ធ្លាប់​ស្គាល់​ផ្លូវ​ប្រាប់​នូវ​ផ្លូវ​ដល់​បុគ្គល​វង្វេង​ផ្លូវ​មាន​ឧបមា​ដូច​ម្ដេច ធម៌​ទេសនា​ដែល​សុតធនុ​រាជ​កុមារ​សម្ដែង​ដល់​យើង​ដោយ​បរិយាយ​ដ៏​ច្រើន​មាន​ឧបមេយ្យដូច្នោះ។ ព្រះ​មហា​សត្ត​ទ្រង់​ទូន្មាន​ឃន្តារ​យក្ខ​ឱ្យ​ស្ថិត​នៅ​ក្នុង បញ្ច​សីល​មិន​ឱ្យ​កាច​ត​ទៅ​ទៀត បី​ដូច​ជា​គោ​ឧសភ​មាន​ស្នែង​បាក់ ឬ​មួយ​បី​ដូច​ជា​ពស់​មាន​ចង្កូម​គឺ​បុគ្គល​ដក​ហើយ​ដូច្នោះ។ ស្រេច​ហើយ​ព្រះ​អង្គ​ក៏​នាំ​នាង​អញ្ជន​វតី នាង​ករេណុ​វតី ត្រឡប់​មក​នគរ​ពារាណ​សី​វិញ ហើយ​ទ្រង់​តម្កល់​ទុក​នូវ​នាង​ទាំង​ពីរ​ក្នុង​ទី​ជា​ធំ​ដោយ​ឥស្សរ ដោយ​ចំណាយ​នូវ​កហាបនៈ ៥ សែន។ ចាប់​ដើម​អំពី​កាល​នោះ​មក​ព្រះ​បាទ​សុតធនុ​រាជ​ទ្រង់​សោយ​នូវ​សម្បត្តិ​ជា​សុខ សោយ​រាជ​ប្រកប​ដោយ​ធម៌​ដ៏​ស្មើ ដរាប​លុះ​អស់​ព្រះ​ជន្មាយុ​ក៏​ទៅ​បង្កើត​ក្នុង​ទេវលោក។

សត្ថា​ឥមំ​ធម្ម​ទេស​នំ​អាហ​វិត្វា ជាតកំ​សមោ​ធានេសិ

ព្រះ​សាស្ដា​ទ្រង់​នាំ​មក​នូវ​ព្រះ​ធម្ម​ទេសនា​នេះ​ហើយ​ទើប​ប្រជុំ​នូវ​ជា​តក​ថា « ម្នាល​ភិក្ខុ​ទាំង​ឡាយ​ស្ដេច​ព្រះ​នាម​ព្រហ្ម​ទត្ត​ក្នុង​កាល​នោះ ចេរ​វិល​ត្រឡប់​ជាតិ​មក បាន​ជា​សុទ្ធោ​ធន​ព្រះ​ពុទ្ធ​បិតា​ក្នុង​កាល​ឥឡូវ​នេះ នាង​ទេវី​ព្រះ​នាម​កេសិនី​ក្នុង​កាល​នោះ​បាន​ជា​នាង​មហា​មាយា​ទេវី ជា​ព្រះ​ពុទ្ធ​មាតា​ក្នុង​កាល​ឥឡូវ​នេះ ព្រះ​បាទ​សេត​រាជ​ក្នុង​កាល​នោះ បាន​ជា​ព្រះ​មោគ្គល្លាន​ថេរ​ក្នុង​កាល​ឥឡូវ​នេះ ព្រះ​បាទ​មហា​បនារទ​រាជ​ក្នុង​កាល​នោះ បាន​ជា​សារិ​បុត្ត​ថេរ​ក្នុង​កាល​ឥឡូវ​នេះ នាង​បទុម​គព្ភា​ទេវី​ក្នុង​កាល​នោះ បាន​ជា​នាង​យសោធ​រាពិម្ពា​ក្នុង​កាល​ឥឡូវ​នេះ នាង​ទាសី​គម​ឈ្មោះ​បទុមា​ក្នុង​កាល​នោះ​បាន​ជា​នាង​ឧប្បល្ល​វណ្ណា​ភិក្ខុនី​ក្នុង​កាល​ឥឡូវ​នេះ មណិកក្ខ​អស្ស​តរ​ក្នុង​កាល​នោះ បាន​ជា​កណ្ឋក​អាជា​នេយ្យ​ក្នុង​កាល​ឥឡូវ​នេះ នាង​អញ្ជន​វតី​យក្ខិនី​ក្នុង​កាល​នោះ បាន​ជា​នាង​ចន្ទ​ថេរី​ភិក្ខុនី​ក្នុង​កាល​ឥឡូវ​នេះ នាង​ករេណុ​វតី​ក្នុង​កាល​នោះ បាន​ជា​នាង​សុន្ធរី​ភិក្ខុនី​ក្នុង​កាល​ឥឡូវ​នេះ ឃន្តារ​យក្ខ​ក្នុង​កាល​នោះ បាន​ជា​កាលាវិរិយ​គឺ​មារា​ធិរាជ​ក្នុង​កាល​ឥឡូវ​នេះ ព្រះ​បាទ​សុតធនុ​រាជ​ក្នុង​កាល​នោះ ចេរ​វិល​ត្រឡប់​ជាតិ​មក បាន​ជា​ព្រះ​សម្មា​សម្ពុទ្ធ​ជា​ទី​ពឹង​នៃ​សត្ត​លោក​ក្នុង​កាល​ឥឡូវ​នេះ។ អ្នក​ទាំង​ឡាយ​ចូរ​ចាំ​ទុក​នូវ​ជាតក​ដោយ​ន័យ ដែល​តថា​គត​ពោល​ហើយ​យ៉ាង​នេះ។

សុតធនុ​ជាតក និដ្ឋិតំ
សម្ដែង​រឿង​សុតធនុ​ជាតក ក្នុង​បាលី​គម្ពីរ​បញ្ញាស​ជាតក
ចប់​សេចក្ដី​តែ​បុណ្ណេះ​ឯង

ប្រភព ៖ ទស្សនាវដ្ដីកម្ពុជសុរិយា  អត្ថបទក្បាលទី២ ខ្សែទី៧-៨-៩-១០-១១-១២ ឆ្នាំទី៤ ព.ស. ២៤៧៣ គ.ស.១៩៣២

កែសម្រួលអក្ខរាវិរុទ្ធដោយ ម.ម.ស.
 
 
Subscribe
Notify of
guest

0 Comments
Inline Feedbacks
View all comments